Monday, November 14, 2016

រដ្ឋាភិបាល​ថា​នៅ​តែ​ស្វាគមន៍​ជន​ភៀស​ខ្លួន​ទោះ​អូស្ត្រាលី​និង​អាមេរិក​មាន​កិច្ចព្រមព្រៀង​ថ្មី

 ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​លើក​បដា​តវ៉ា​មិន​ឲ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Rann Samnang


ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ឲ្យ​ដឹង​ថា អូស្ត្រាលី និង​អាមេរិក បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ ដែល​អាមេរិក ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) និង​កោះ​មែនណឺស (Manus)។ មន្ត្រី​កម្ពុជា មិន​ទាន់​ទទួល​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​អូស្ត្រាលី ស្ដីពី​កិច្ចព្រមព្រៀង​នេះ តែ​នៅ​ស្វាគមន៍​ចំពោះ​ជន​ភៀស​ខ្លួន​នៅ​កោះ​ណាវរូ ដែល​ចង់​មក​រស់នៅ​កម្ពុជា។

មួយ​សប្ដាហ៍​បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ថ្មី​ម្នាក់​មក​ពី​កោះ​ណាវរូ មក​ដល់​កម្ពុជា រដ្ឋាភិបាល​អូស្ត្រាលី ក៏​បាន​ព្រមព្រៀង​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក ថា​នឹង​សម្រេច​បញ្ជូន​ជន​ភៀស​ខ្លួន​នៅ​លើ​កោះ​ទាំង​ពីរ ទៅ​តាំង​ទីលំនៅ​លើ​ទឹក​ដី​អាមេរិក។

បណ្ដាញ​ផ្សព្វផ្សាយ អេ.ប៊ី.ស៊ី (ABC) អូស្ត្រាលី ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា កិច្ចព្រមព្រៀង​នេះ គឺ​អនុវត្ត​លើ​ជន​ភៀស​ខ្លួន​ដែល​កំពុង​ស្ថិត​នៅ​កោះ​ណាវរូ (Nauru) និង​កោះ​មែនណឺស (Manus) ហើយ​ផ្តល់​អាទិភាព​ដល់​អ្នក​ងាយ​រងគ្រោះ​បំផុត ពិសេស​ស្ត្រី និង​កុមារ។ ប្រសិន​បើ​ជន​ភៀស​ខ្លួន​មិន​ចង់​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក ពួក​គេ​អាច​ទទួល​បាន​ទិដ្ឋាការ​រស់នៅ​កោះ​ណាវរូ រយៈពេល ២០​ឆ្នាំ។

កាល​ពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​អូស្ត្រាលី និង​កម្ពុជា បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​តម្លៃ​ជាង ៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នៅ​កោះ​ណាវរូ ដែល​ប្រទេស​អូស្ត្រាលី មិន​ស្វាគមន៍ ឲ្យ​មក​តាំង​ទី​លំនៅ​នៅ​កម្ពុជា។
អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន មិន​ទាន់​ទទួល​ព័ត៌មាន​លម្អិត​ស្ដីពី​កិច្ចព្រមព្រៀង​ថ្មី​រវាង​អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក នេះ​ទេ។ ទោះ​យ៉ាង​ណា លោក​ថ្លែង​ថា នេះ​ជា​សិទ្ធិ​របស់​ភាគី​ទាំង​ពីរ។

ស្រដៀង​គ្នា​នេះ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែម សារិន ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ។ តែ​លោក​យល់​ថា កិច្ចព្រមព្រៀង​នេះ​មិន​ពាក់ព័ន្ធ​នឹង​ភាគី​កម្ពុជា ទេ៖ «»។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​ស្វាគមន៍​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ ដែល​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​កម្ពុជា។

នៅ​កោះ​ណាវរូ មាន​ជន​ភៀស​ខ្លួន​ដែល​រត់​គេច​ពី​ប្រទេស​កំណើត​តាម​សមុទ្រ សរុប​ចំនួន ៤១០​នាក់។ ជន​ភៀស​ខ្លួន​ទាំងនេះ ប្រាថ្នា​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី តែ​រដ្ឋាភិបាល​អូស្ត្រាលី មិន​ស្វាគមន៍ ហើយ​ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​លើ​កោះ​ណាវរូ។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​លំនៅឋាន យល់​ថា សេចក្តី​សម្រេច​របស់​សហរដ្ឋ​អាមេរិក ទទួល​យក​ជន​ភៀស​ខ្លួន​នេះ គឺ​ជា​ជម្រើស​ប្រសើរ ដ្បិត​សហរដ្ឋ​អាមេរិក មាន​សេដ្ឋកិច្ច​រឹងមាំ។ តែ​លោក​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ ខណៈ​ពលរដ្ឋ​កម្ពុជា ជាច្រើន ចំណាក​ស្រុក​ទៅ​បរទេស​ដើម្បី​រក​ការងារ​ធ្វើ ជា​ស្ថានភាព​មួយ​មិន​សូវ​សម​ហេតុផល។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​ការ​អនុវត្ត​ច្បាប់ ប្រព័ន្ធ​យុត្តិធម៌ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ ដើម្បី​ទាក់ទាញ​វិនិយោគិន បង្កើត​ការងារ បង្កើន​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​អាច​ត្រៀម​ខ្លួន​ទទួល​យក​ជន​ភៀស​ខ្លួន។

ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​មក មាន​ជន​ភៀស​ខ្លួន​សរុប ៦​នាក់​ពី​កោះ​ណាវរូ បាន​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា ជន​ភៀស​ខ្លួន ៤​នាក់​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក្រោយ​ស្នាក់នៅ​មួយ​រយៈពេល​នៅ​កម្ពុជា។ សព្វថ្ងៃ​មាន​ជន​ភៀស​ខ្លួន ២​នាក់ គឺ​ជនជាតិ​រូហ៊ីងយ៉ា (Rohingya) ម្នាក់ និង​ជនជាតិ​ស៊ីរី (Syria) ម្នាក់​ដែល​ទើប​មក​ដល់ កំពុង​ស្នាក់នៅ​កម្ពុជា៕

យុវជន​មួយ​ក្រុម​ផ្សព្វផ្សាយ​ឲ្យ​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ក្រុម​យុវជន​នាំ​គ្នា​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី ទៅ​ឲ្យ​អ្នក​មក​លេង​បុណ្យ​អុំ​ទូក នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly

ស្រប​ពេល​ដែល​ពលរដ្ឋ​ភាគច្រើន​កំពុង​ស្រែក​ហោរ​សប្បាយ​នឹង​ការ​ប្រណាំង​ទូក​ង​នៅ​រាជធានី​ភ្នំពេញ ដោយឡែក​យុវជន​មួយ​ក្រុម​នាំ​គ្នា​ឆ្លៀត​ពេល​ផ្សព្វផ្សាយ​សារ​អំពាវនាវ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដល់​ពលរដ្ឋ​ដែល​មក​ទស្សនា​ក្នុង​ពិធី​អុំ​ទូក​ថ្ងៃ​ទី​មួយ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ។

ចាប់​តាំង​ពី​ម៉ោង ៩​ព្រឹក ក្រុម​យុវជន​ជាង ១០០​នាក់​ដែល​គេ​ស្គាល់​ថា​ជា​សកម្មជន​បរិស្ថាន ដឹកនាំ​ដោយ​បង​ប្អូន​ភ្លោះ​ឈ្មោះ ជុំ ហួត និង ជុំ ហួរ យក​ពេលវេលា​ភាគច្រើន​របស់​ខ្លួន​មក​រវល់​នឹង​ការ​ធ្វើ​យុទ្ធនាការ​ចែក​ខិត្តប័ណ្ណ​ព័ត៌មាន អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឯ​ពិធី​ប្រណាំង​ទូក​នៅ​ទន្លេ​ចតុមុខ​រាជធានី​ភ្នំពេញ។

តំណាង​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត ថ្លែង​ថា ដោយសារ​តែ​មាន​ពលរដ្ឋ​ខ្លះ​នៅ​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​នៅ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​លោក​នាំ​គ្នា​ចែក​ខិត្តប័ណ្ណ​អស់​រាប់​ពាន់​សន្លឹក​ដល់​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​នេះ៖ «ឲ្យ​អាជ្ញាធរ​ធ្វើ​ម៉េច​សម្រួល​ឲ្យ​គាត់​ចុះ​ឈ្មោះ​បោះឆ្នោត ក៏ដូចជា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​គាត់​ឆាប់ៗ ព្រោះ​ឥឡូវ​នេះ​សល់​តែ ១៦​ថ្ងៃ​ទៀត​ទេ គឺ​ផុត​កំណត់​ហើយ។ អ៊ីចឹង​គាត់​សំណូមពរ​ពួក​យើង​ជា​យុវជន​ហ្នឹង ឲ្យ​ផ្ញើ (សារ) ទៅ​អាជ្ញាធរ ក៏ដូចជា​រដ្ឋាភិបាល មេត្តា​ធ្វើ​យ៉ាង​ម៉េច​សម្រួល​ឲ្យ​គាត់​ហ្នឹង​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក៏ដូចជា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ឲ្យ​គាត់»។

យុទ្ធនាការ​របស់​ក្រុម​យុវជន​ទាំងនេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​បញ្ហា​អ្វី​ជាមួយ​អាជ្ញាធរ ឬ​កង​សន្តិសុខ​ការពារ​ពិធី​បុណ្យ​អុំ​ទូក​ទេ ថ្វី​បើ​ពួក​គាត់​អះអាង​ថា ពេល​ចាប់​ផ្ដើម​ដំបូង​នៅ​ម៉ោង ៩​ព្រឹក ត្រូវ​បាន​ពួក​សន្តិសុខ​រារាំង និង​សួរ​នាំ​មួយ​រយៈពេល​ខ្លី។ លោក ជុំ ហួត អះអាង​ថា ការ​ដែល​លោក​អាច​ធ្វើ​យុទ្ធនាការ​ទៅ​បាន​នេះ ក៏​ព្រោះ​តែ​ពួក​លោក​មាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ។

លោក ជុំ ហួត ឲ្យ​ដឹង​ថា សារ​ជា​កូន​សៀវភៅ​ដែល​លោក​នាំ​គ្នា​ផ្សព្វផ្សាយ​នោះ គឺ​ជា​សារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​សហការ​ផលិត​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការ​ទាក់ទង​នឹង​ការ​បោះឆ្នោត៖ «ដោយឡែក​តែ​នៅ​ម៉ោង ៩​ព្រឹក ពេល​ដែល​យើង​រៀបចំ​នៅ​វិមាន​ឯករាជ្យ​ជិត​វត្ត​លង្កា ក៏​មាន​អាជ្ញាធរ​ពីរ​បី​ក្រុម​ព័ទ្ធ​ពួក​យើង ហើយ​សាកសួរ​ពួក​យើង​ថា ពួក​យើង​មក​នេះ​មាន​បំណង​អី​គេ? ដោយសារ​តែ​យើង​មាន​លិខិត​ពី​សាលា​ក្រុង ត្រា​ពី គ.ជ.ប ពួក​គាត់​ពិនិត្យ​រួច ក៏​ចេញ​ទៅ​វិញ​ទៅ»។

ក្នុង​ចំណោម​អ្នក​មក​ទស្សនា​បុណ្យ​អុំ​ទូក​ជាច្រើន​នាក់​ដែល​ថ្លែង​ថា ពួក​គាត់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​របស់ គ.ជ.ប ហើយ​នោះ មាន​អ្នក​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល មួយ​រូប គឺ​លោកស្រី ជិន សារឿន មាន​ប្រសាសន៍​ថា លោកស្រី​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ។ លោកស្រី​រង់ចាំ​រហូត​ដល់​បុណ្យ​អុំ​ទូក​ចប់៖ «ខ្ញុំ​បាត់​អត្តសញ្ញាណប័ណ្ណ​មិន​ទាន់​បាន​ទៅ​ចុះ​ទេ ទាល់​តែ​អុំ​ទូក​ហើយ​ទៅ។ បាត់​មុន​ភ្ជុំ (បិណ្ឌ) បាត់​អស់​កាត​អត្តសញ្ញាណប័ណ្ណ។ ខ្ញុំ​ចុះ​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ នៅ​តែ​ខ្ញុំ​មួយ​ហ្នឹង កូន​ចុះ​អស់​ហើយ។ ណា​មួយ​យើង​អត់​មាន​សោហ៊ុយ​ទៅ ចេះ​តែ​នៅ​ចាំៗ​អ៊ីចឹង​ទៅ»។

ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន រំពឹង​ថា ពួក​គាត់​នឹង​ព្យាយាម​ចែក​សារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យ​បាន​ចំនួន ២​ម៉ឺន​ក្បាល​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បង្ហាញ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​១២ វិច្ឆិកា មាន​ពលរដ្ឋ​ចំនួន​ជាង ៧​លាន​នាក់ (៧.០៥២.៤៧៨​នាក់) ដែល​បាន​ទៅ​ចុះ​ឈ្មោះ។ ចំនួន​នេះ គឺ​ក្នុង​ចំណោម​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ជាង ៩​លាន ៦​សែន​នាក់ (៩.៦៦៤.២១៦​នាក់)។ ការ​ចុះ​ឈ្មោះ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី គ.ជ.ប នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា នេះ៕

ពលរដ្ឋ​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​រដ្ឋាភិបាល​រៀបចំ​បុណ្យ​អុំ​ទូក​តែ​នៅ​តែ​បារម្ភ​ពី​សុវត្ថិភាព

ពលរដ្ឋ​ដើរ​កម្សាន្ត​តាម​មាត់​ទន្លេ​មុខ​ព្រះបរមរាជវាំង​កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Sorn Chanratha

នៅ​ពេល​ដែល​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ប្រជាពលរដ្ឋ​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ។ តែ​យ៉ាង​ណា ពួក​គាត់​នៅ​តែ​បារម្ភ​អំពី​សុវត្ថិភាព។ ក្ដី​បារម្ភ កើត​ឡើង​ដោយសារ​ធ្លាប់​មាន​បទពិសោធន៍​ជូរ​ចត់​ចំពោះ​ហេតុការណ៍​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ និង​ហេតុការណ៍​កប៉ាល់​ទេសចរណ៍​បុក​ទូក​ង​ពី​ក្រោយ បណ្ដាល​ឲ្យ​លិច ហើយ​បាត់​ខ្លួន​កីឡាករ​អុំ​ទូក​ពីរ​នាក់​ក្នុង​ចំណោម ៩​នាក់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ក្តី​រំភើប​រីករាយ នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ឡើង​វិញ បន្ទាប់​ពី​ផ្អាក​ចំនួន ៤​ឆ្នាំ។

សាធារណជន​មួយ​ចំនួន​លើក​ឡើង​ថា ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឡើង​វិញ​នេះ ហាក់​ដូចជា​មិន​បាន​ឲ្យ​ពួក​គេ​រំងាប់​នូវ​ភាព​ភ័យ​ខ្លាច​ដោយ​គ្រោះថ្នាក់ ដែល​កើត​ឡើង​ជា​យថាហេតុ​ណា​មួយ​នៅ​ឡើយ។

កំពុង​គយគន់​ទេសភាព​នៅ​មាត់​ទន្លេ​ខាង​មុខ​ព្រះបរមរាជវាំង គឺ​កញ្ញា សៀម ស្រីល័ក្ខ។ កញ្ញា​បាន​និយាយ​ថា នៅ​ពេល​ដែល​ពិធី​បុណ្យ​ដ៏​ធំ​ជា​កេរ​ដំណែល​ដូនតា​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​វិញ​ដូច្នេះ កញ្ញា​មាន​អារម្មណ៍​រំភើប​រីករាយ៖ «»។

ចំណែក​យុវជន​ម្នាក់​ទៀត​ឈ្មោះ ស៊ី វៃ ថ្លែង​ថា ថ្វីត្បិតតែ​លោក​សប្បាយ​ចិត្ត​ដែល​ពិធី​បុណ្យ​អុំ​ទូក​ត្រូវ​បាន​ប្រារព្ធ​ឡើង​វិញ​ក្តី តែ​លោក​នៅ​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ៖ «»។

លោក​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​កង​កម្លាំង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដើម្បី​ធានា​ឲ្យ​ពលរដ្ឋ​បាន​ដើរ​កម្សាន្ត​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច៖ «»។

រីឯ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ មាឃ គឹមឡន ដែល​កំពុង​ដឹក​ដៃ​ចៅ​ដើរ​មើល​កម្សាន្ត​តាម​ដង​ទន្លេ​ចតុមុខ​នោះ ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ លោកស្រី​ហាក់​ដូចជា​មិន​ស្រឡះ​ចិត្ត​សោះ ដូច្នេះ​លោកស្រី​មិន​ហ៊ាន​ដើរ​លេង​យប់​ទេ ប្រហែល​ជា​សុខ​ចិត្ត​នាំ​ចៅ​មក​ដើរ​លេង​នៅ​ពេល​ព្រឹក​ដែល​អាច​មើល​ឃើញ​គ្នា និង​មិន​សូវ​មាន​មនុស្សម្នា​ច្រើន​ផង៖ «»។

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ យុវជន​ម្នាក់​ឈ្មោះ អឿន រាជ កំពុង​អង្គុយ​លើ​ម៉ូតូ​នៅ​ជិត​មាត់​ទន្លេ រៀបរាប់​ថា ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ប្រហែល​ជា​សប្បាយ​ខ្លាំង ដោយសារ​រដ្ឋាភិបាល​ខកខាន​ប្រារព្ធ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ។ ទោះ​យ៉ាង​ណា​ក្តី យុវជន​រូប​នេះ​ប្រាប់​ថា ម្តាយ​របស់​លោក​មិន​អនុញ្ញាត​ឲ្យ​ដើរ​លេង​ទេ ដោយ​គាត់​បារម្ភ​ពី​សុវត្ថិភាព៖ «»។

លើស​ពី​នេះ​ទៀត មូលហេតុ​ដែល​យុវជន​រូប​នេះ​បារម្ភ​នោះ គឺ​ដោយសារ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ ញាំញី​ដោយ​គ្រឿង​ញៀន​គ្រប់​ច្រកល្ហក និង​តែងតែ​មាន​ករណី​ឃាតកម្ម និង​ឆក់​ប្លន់​កើត​ឡើង​ស្ទើរ​រាល់​ថ្ងៃ៖ «»។

នៅ​ក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ លោក ទូច ណារ៉ុថ ដែល​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ​ថា រដ្ឋាភិបាល​បាន​ត្រៀម​កម្លាំង​ប្រដាប់​អាវុធ​គ្រប់គ្រាន់​ហើយ ដើម្បី​ទុក​សម្រាប់​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ជាពិសេស​គឺ​ដើម្បី​ត្រៀម​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ជូន​ពលរដ្ឋ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​ចូល​មក​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នា​ពេល​ខាង​មុខ​ដោយ​ក្ដី​សប្បាយ​រីករាយ៖ «»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​អុំ​ទូក មាន​ព្រឹត្តិការណ៍​ផ្អើល​ជាន់​គ្នា​ស្លាប់​មនុស្ស​ចំនួន ៣៥៣​នាក់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ។ ហើយ​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៦ នេះ គឺ​នៅ​មុន​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ពីរ​ថ្ងៃ ក៏​មាន​ហេតុការណ៍​កប៉ាល់​បុក​ទូក​ង​ពី​ក្រោយ បណ្ដាល​ឲ្យ​លិច​នៅ​មុខ​ព្រះបរមរាជវាំង។ ហេតុការណ៍​ដ៏​កម្រ​នេះ បាន​បាត់​ខ្លួន​កីឡាករ​អុំ​ទូក​ពីរ​នាក់​ក្នុង​ចំណោម ៩​នាក់​នៅ​លើ​ទូក​ង​នោះ។

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​មាន​មតិ​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​មក​ចូលរួម​កាន់​តែ​ច្រើន និង​មាន​ភាព​កុះករ​នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​ធំៗ​ឡើង​វិញ​នោះ អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ពួក​គាត់ ដូចជា​បង្ការ​កុំ​ឲ្យ​មាន​ហេតុការណ៍​កើត​ឡើង​ដល់​អាយុ​ជីវិត ដែល​នាំ​ឲ្យ​ពួក​គេ​រអា និង​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ចូលរួម៕

សហគមន៍​អភិរក្ស​ព្រៃ​ឈើ​ខេត្ត​រតនគិរី​ថា​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​កើន​ឡើង

ដើម​ឈើ​ដែល​ត្រូវ​គេ​លួច​កាប់​ក្នុង​ព្រៃ​ឈើ​សហគមន៍​ឃុំ​កុកឡាក់ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥។ Photo ADHOC


សហគមន៍​ព្រៃ​ឈើ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា សកម្មភាព​កាប់​យក​ឈើ​ក្នុង​ព្រៃ​អភិរក្ស​កើន​ឡើង ខណៈ​ដែល​សមាជិក​សហគមន៍​ខ្លះ នាំ​គ្នា​ចូល​ព្រៃ​លួច​កាប់​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ​ជា​បុគ្គល​មាន​តួនាទី​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​មូលដ្ឋាន។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​បាន​សហការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

សហគមន៍​អ្នក​អភិរក្ស​ព្រៃ​ឈើ​ភូមិ​ឡែ អះអាង​ថា ក្រុម​ល្បាត​សហគមន៍​មិន​មាន​លទ្ធភាព​ទប់ស្កាត់​បាន​ទេ ខណៈ​សកម្មភាព​ល្មើស​កាន់​តែ​កើន ហើយ​ធ្វើ​ឡើង​នៅ​វេលា​យប់ ដែល​ក្រុម​ល្បាត​មិន​អាច​ដើរ​ល្បាត។

ប្រធាន​សហគមន៍​ព្រៃ​ការពារ លោក សល់ ណក បញ្ជាក់​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ថា អ្នក​លួច​កាប់​ឈើ​មួយ​ផ្នែក​ជា​សមាជិក​សហគមន៍​ផ្ទាល់ និង​មួយ​ផ្នែក​ទៀត​ជា​ប្រជាពលរដ្ឋ​សហគមន៍​ជិត​ខាង ដែល​នាំ​គ្នា​ចូល​ព្រៃ​កាប់ ខណៈ​ក្រុម​ល្បាត​មាន​គ្នា​តិចតួច​មិន​អាច​យាម​ល្បាត​គ្រប់​ពេលវេលា​បាន។ លោក​ថា ឈើ​ដែល​កាប់​ពី​ក្នុង​ព្រៃ ត្រូវ​បាន​ឈ្មួញ​ដែល​មាន​តួនាទី​ក្នុង​កង​ប្រដាប់​អាវុធ ដើរ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ​ចូល​ព្រៃ​កាប់​ឈើ​ជា​លក្ខណៈ​គ្រួសារ៖ «»។

ក្រសួង​កសិកម្ម បាន​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ដី​ព្រៃ​ឈើ​ជាង ៥០០​ហិកតារ​ទៅ​ឲ្យ​សហគមន៍​ភូមិ​ឡែ រក្សា​ទុក​ជា​ព្រៃ​ការពារ​គ្រប់គ្រង និង​អាស្រ័យ​ផល​ព្រៃ​ឈើ​តាម​ច្បាប់​កំណត់ ក៏ប៉ុន្តែ​ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក ព្រៃ​ឈើ​ក្នុង​តំបន់​អភិរក្ស​នេះ រង​ការ​កាប់​រាន​យក​ដី​ពី​សំណាក់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​សោមគល់ និង​ការ​កាប់​យក​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ​ជា​លក្ខណៈ​បុគ្គល​ក្នុង និង​ក្រៅ​សហគមន៍។

ចំណែក​មេ​ឃុំ​លំជ័រ លោក សេវ ស្វាន បញ្ជាក់​ដែរ​ថា សហគមន៍ និង​អាជ្ញាធរ​ឃុំ បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​នគរបាល និង​មន្ត្រី​ព្រៃ​ឈើ ក៏ប៉ុន្តែ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ មិន​បាន​ទទួល​ខុស​ត្រូវ​សហការ​ពេញលេញ​ជាមួយ​សហគមន៍​នោះ​ឡើយ។ លោក​កត់​សម្គាល់​ថា អំពើ​ពុក​រលួយ និង​ការ​ឃុបឃិត​របស់​សមត្ថកិច្ច​មូលដ្ឋាន គឺ​ជា​កត្តា​សំខាន់​ដែល​មិន​អាច​បង្ក្រាប​សកម្មភាព​កាប់​ឈើ​នេះ​បាន៖ «»។

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​សុំ​ការ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា កត់​សម្គាល់​ថា តាម​កិច្ចព្រមព្រៀង​រវាង​ក្រសួង​កសិកម្ម និង​សហគមន៍​ការពារ​ព្រៃ​ឈើ បាន​ប្រគល់​ដី​ព្រៃ​ការពារ​ឲ្យ​សហគមន៍​អភិរក្ស ហេតុ​នេះ​សហគមន៍​មាន​តួនាទី​សំខាន់​ក្នុង​កិច្ច​ការពារ​ឈើ​ក្នុង​តំបន់​ខ្លួន​គ្រប់គ្រង។ លោក​ថា​មាន​គម្រោង​បើក​សិក្ខាសាលា ហើយ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ពិភាក្សា​គ្នា​រក​យន្តការ​រួម​គ្នា​ដើម្បី​លុប​បំបាត់​បញ្ហា​នេះ៖ «»។

ទាក់ទិន​ករណី​នេះ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ព្រៃ​ឈើ មន្ត្រី​បរិស្ថាន និង​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លួន។ លោក​ថា លោក​នាយក​រដ្ឋមន្ត្រី​ទើប​ចេញ​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​ចាំបាច់ ក្នុង​ការ​ពង្រឹង និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​បាន​នៅ​គង់វង្ស៖ «»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា បាន​ចេញ​សារាចរ​ណែនាំ​លេខ​០៥ ស្ដីពី​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ជាពិសេស​លើ​វិស័យ​ព្រៃ​ឈើ និង​ជលផល តាម​រយៈ​ការ​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ព្រម​ទាំង​បែងចែក​សមត្ថកិច្ច​គ្រប់គ្រង​ច្បាស់លាស់​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ៕

មន្ត្រី​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​យក​ភាស៊ី​ទូក​ដ

ទូក​ចម្លង​ចត​នៅ​ច្រាំង​ទន្លេ​ផ្សារក្រោម សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha


ជំទប់​ទី​២ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​អ្នក​រត់​ទូក​ចម្លង ឬ​ទូក​ដ និង​ទូក​ម៉ាស៊ីន​ដឹក​ភ្ញៀវ​មួយ​ចំនួន ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​យក​ភាស៊ី​ពី​ទូក​របស់​ពួក​គាត់។ អាជ្ញាធរ​សង្កាត់​មក​ពី​គណបក្ស​ប្រឆាំង ថា​ការ​យក​ភាស៊ី​នេះ​ជា​ការ​ចាត់ចែង​របស់​គណៈកម្មការ​ភូមិ​កណ្ដាល និង​ភូមិ​ចុងកោះ ដោយ​មិន​បាន​គិតគូរ​ច្បាស់លាស់​លើ​ផល​ប៉ះពាល់​ផ្នែក​ជីវភាព​របស់​អ្នក​ចែក​ទូក​ដឹក​ភ្ញៀវ។

ម្ចាស់​ទូក​ក្ដារ និង​ទូក​ស្មាច់​បំពាក់​ដោយ​ម៉ាស៊ីន និង​ច្រវា​ចែវ​ដែល​ចត​ត្រៀបត្រា​ក្បែរ​ផែ​ត្រី​នៅ​ភូមិ​ចុងកោះ ក្បែរ​អាង​ទឹក និង​នៅ​ទំនប់​បារាំង នៃ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ត្អូញត្អែរ​ពី​ការ​យក​ភាស៊ី។ ទូក​ក្ដារ ឬ​ទូក​ស្មាច់​ដែល​បំពាក់​ដោយ​ម៉ាស៊ីន ត្រូវ​បង់​ប្រាក់ ៣​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ និង​ទូក​ចែវ​ដោយ​ដៃ បង់ ១​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ការ​បង់​ភាស៊ី​នេះ ពុំ​មាន​សៀវភៅ​បន្ទុក​ហិរញ្ញវត្ថុ​របស់​សង្កាត់​ឡើយ។

ជំទប់​ទី​២ សង្កាត់​ផ្សារឆ្នាំង លោក មាស លន់ ថ្លែង​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ថា ពលរដ្ឋ​ប្រកប​មុខ​របរ​ចែវ​ទូក​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ ហើយ​ពួក​គេ​មាន​ឱកាស​រក​ប្រាក់​បាន​តែ​នៅ​ក្នុង​រដូវ​ទឹក​ឡើង ព្រោះ​ផ្ទះ​សម្បែង​របស់​អ្នក​ភូមិ​ចុងកោះ និង​ភូមិ​កណ្ដាល ភាគច្រើន​លិច​ទឹក​ក្នុង​រដូវ​វស្សា​ដែល​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ទូក។ លោក​ថា បើ​អាជ្ញាធរ​អាច​បញ្ឈប់​យក​ភាស៊ី​បាន អ្នក​ចែវ​ទូក​នឹង​សប្បាយ​ចិត្ត៖ «អា​ហ្នឹង​សម្រាប់​អ្នក​ដែល​គ្នា​ខ្វះខាត ហើយ​ចង់​ចម្លង​ដើម្បី​យក​ថវិកា​សម្រាប់​ដោះស្រាយ​ជីវភាព ចំពោះ​អ្នក​ដែល​មាន​គេ​មិន​ចម្លង ឬ​មិន​ចែវ​ទេ តែ​អ្នក​ដែល​ចែវ​ហ្នឹង​អ្នក​អត់​មែនទែន​ហើយ។ យក​ហ្នឹង! ដំបូង​នៅ​ដ​ទទឹង​ទេ ពី​ខាង​កំពង់ឆ្នាំង ទៅ​កំពង់បឹង ប៉ុន្តែ​អ្នក​ដែល​យក​ហ្នឹង​ដូច​ថា​វា​ទៅ​អែបអប​ជាមួយ​ដ​ហ្នឹង​ទៅ ហើយ​វា​យក​ឥទ្ធិពល​ដើម្បី​មក​យក​ទូក​តាម​ច្រក​ផ្លូវ​ពេល​ទឹក​ឡើង​ភូមិ​ទាំង​ពីរ​ហ្នឹង»។

ឆ្លើយតប​បញ្ហា​នេះ មេ​ភូមិ​កណ្ដាល លោក ហួន វ៉ន ថា​ការ​យក​ភាស៊ី​ពី​ម្ចាស់​ទូក​នេះ មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​សង្កាត់ ហើយ​បាន​អនុវត្ត​បួន​ទៅ​ប្រាំ​ឆ្នាំ​ហើយ។ ប្រាក់​ដែល​ទទួល​បាន គឺ​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួសជុល​ស្ពាន​ឈើ ផ្លូវ​គ្រួស​ក្រហម​នៅ​រដូវ​ទឹក​ស្រក​វិញ និង​កែលំអ​សាលា​បុណ្យ​ភូមិ។ លោក​ជឿ​ថា ម្ចាស់​ទូក​ខ្លះ​ត្អូញត្អែរ ប៉ុន្តែ​បើ​មិន​ធ្វើ​ដូច្នេះ ជៀស​មិន​ផុត​ពី​រ៉ៃ​ប្រាក់​ពួក​គេ​ដដែល៖ «វា​ម្យ៉ាង​ម្នាក់​ទេ បើ​កាលណា​យើង​បញ្ឈប់​យក​លុយ យើង​នៅ​តែ​រ៉ៃ​លុយ​ពី​ប្រជាជន​មក​ធ្វើ​ស្ពាន​ដដែល ហើយ​បើ​យើង​ធ្វើ​ចឹង​ទៅ យើង​គ្រាន់​តែ​រំខាន​គាត់​បន្តិចបន្តួច ប៉ុន្តែ​យើង​មិន​យក​ច្រើន​ទេ​ក្នុង​ទូក​ចែវ​តែ​មួយ​ថ្ងៃ​មួយ​ពាន់​ទេ។ មាន​ឆ្នាំ​ខ្លះ​អស់​ពីរ​លាន បើ​ឆ្នាំ​ណា​អត់​សូវ​ខូច វា​ខ្ទង់​មួយ​លាន​ចុះ​ក្រោម»។

ម្ចាស់​ទូក​ម៉ាស៊ីន​ខ្នាត​តូច​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ទូក​ដែល​ចត​ទូក​ចាំ​ភ្ញៀវ​នៅ​ក្បែរ​អាង​ទឹក​ប្រមាណ ៣០​គ្រឿង​ផ្សេង​ទៀត គឺ​លោកស្រី ជា ស្រីណេត ឲ្យ​ដឹង​ថា រយៈពេល ៨​ឆ្នាំ​ហើយ​ដែល​គាត់​រត់​ទូក​ដឹក​ភ្ញៀវ​ដោយ​ថ្ងៃ​ខ្លះ​រក​បាន និង​ថ្ងៃ​ខ្លះ​រក​មិន​បាន​លុយ ប៉ុន្តែ​ភាស៊ី​ត្រូវ​បង់​រាល់​ថ្ងៃ។ លោកស្រី​មិន​ជំទាស់​នឹង​ការ​បង់​ប្រាក់​ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ តែ​បើ​អាជ្ញាធរ​មិន​ឲ្យ​បង់​កាន់​តែ​ប្រសើរ៖ «មាន​អ្នក​ដេញ​ពី​លើ​មក បើ​គេ​យក​ប៉ុន្មាន? ខ្ញុំ​បង់​ទៅ​តាម​ចំនួន​គេ​ទារ​យើង​ដូច​គ្នា។ រាល់​ថ្ងៃ​បាន​អា​ហ្នឹង​ហើយ​ចិញ្ចឹម​ឆ្នាំង​បាយ នៅ​តែ​គេ​យក​អ្នក​ណា​ក៏​គេ​យក​ដែរ នៅ​ខាង​នេះ​គេ​ចង់​ដេញ​ថ្លៃ​យក​ដែរ​ហ្នឹង»។

អាជ្ញាធរ​ភូមិ និង​សង្កាត់​ផ្សារឆ្នាំង មិន​អាច​សរុប​ចំនួន​ទូក​ដែល​ត្រូវ​យក​ភាស៊ី​បាន​ទេ ប៉ុន្តែ​ទូក​ដែល​ចត​នៅ​តាម​ទីតាំង​ចម្លង​ភ្ញៀវ ឬ​ដោះដូរ​ទំនិញ​សំខាន់ៗ​នៅ​ក្នុង​សង្កាត់​មាន​ប្រមាណ ៨០​គ្រឿង៕

ប្រវត្តិ​នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក

ក្រុម​កីឡាករ​ប្រណាំង​ទូក សម​ប្រណាំង​ទូក​នៅ​មុខ​ព្រះបរមរាជវាំង​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែល​ជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​យូរ​លង់​ណាស់​មក​ហើយ។ សព្វថ្ងៃ ពិធី​បុណ្យ​នេះ ត្រូវ​បាន​ពលរដ្ឋ​ប្រតិបត្តិ​បន្ត​រាល់​ឆ្នាំ និង​ចាត់​ទុក​ថា​ជា​បុណ្យ​ប្រពៃណី​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ ក្នុង​ចំណោម​ពិធី​បុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត។

ពិធី​នេះ ភាគច្រើន​គេ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចំ​ពេល​រដូវ​ទឹក​សម្រក​ក្នុង​ខែ​កត្តិក ឬ​ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ព្រះចន្ទ​រះ​ពេញ​រង្វង់​មូល ត្រូវ​នឹង​ថ្ងៃ​១៥ កើត ខែ​កត្តិក។

តើ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក មាន​ប្រវត្តិ​យ៉ាង​ណា?

«ភ្លេង​ពិណពាទ្យ»

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក តែង​ប្រព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ​រយៈពេល ៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤ កើត ដល់​ថ្ងៃ​១ រោច ខែ​កត្តិក ដោយ​មាន​បណ្ដែត​ប្រទីប​នៅ​ពេល​យប់ ធ្វើ​នៅ​តាម​ដង​ទន្លេសាប​នា​កំពង់ផែ​មុខ​ព្រះបរមរាជវាំង។

ប្រវត្តិ​នៃ​បុណ្យ​អុំ​ទូក មាន​តាំង​ពី​បរម​បុរាណ​ដ៏​យូរ​លង់​មក​ហើយ ដែល​មាន​ចងក្រង​នៅ​ក្នុង​ឯកសារ​ប្រវត្តិវិទូ និង​មាន​នៅ​តាម​សិលា​ចារឹក​នៃ​ប្រាសាទ​អង្គរ។

បុណ្យ​អុំ​ទូក​មាន​ការ​បកស្រាយ​ប្លែកៗ​គ្នា​ជាច្រើន ហើយ​ពិធី​ធ្វើ​ក៏​ប្លែកៗ​គ្នា​ដែរ។

សៀវភៅ​ជ័យ​វរ្ម័ន​ទី​៧ នៅ​ក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ចងក្រង​ថា នៅ​សម័យ​អង្គរ​នា​គ្រិស្តសករាជ សតវត្ស​ទី​១២ នៅ​កម្ពុជា មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ស្ដេច​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​ដើម្បី​បង្ក្រាប​ពួក​ចាម ដោយ​កងទ័ព​ទូក​ជា​ចម្បាំង​រំដោះ​ក្រុង​កម្ពុជា ឲ្យ​រួច​ផុត​ស្រឡះ​ចេញ​ពី​ខ្មាំង​សត្រូវ​នៅ​គ្រិស្ដសករាជ​១១៧៧ ដល់​ឆ្នាំ​១១៨១ រឿង​ចម្បាំង​គ្រា​នោះ​មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​បន្ទាយឆ្មារ។ ក្នុង​ចម្លាក់​នោះ​មាន​កងទ័ព​ទូក​យ៉ាង​ច្រើន​មហិមា ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ប្រថាប់​ឈរ​លើ​ទីតាំង​នាវា​ចម្បាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​ដ៏​ស្វាហាប់​ក្នុង​ចំណោម​កងទ័ព​ទូក​ទាំងឡាយ។

ចំណែក​ឯកសារ​ល្បែង​ប្រណាំង​ទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ដែល​និពន្ធ​ដោយ​លោក ថាច់ ប៉ែន ហៅ ប៉ាង ជា​អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម បាន​ចែង​ថា សម័យ​លង្វែក ព.ស​២០៧១ គ.ស​១៥២៨ ព្រះបាទ​អង្គចន្ទ​ទី​១ ទ្រង់​តាំង​ពញាតាត ងារ​ជា​ស្និទ្ធ​ភូបា​ជា​ស្ដេចក្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់។ ស្ដេចក្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​ឲ្យ​មាន​ទាហាន​ជើង​ទឹក​ចែក​ជា ៣​ក្រុម។ ក្រុម​ទី​១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង និង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ។ ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ។ ហើយ​ក្រុម​ទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំង ជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ព។

ប្រភព​ឯកសារ​ទាំង​ពីរ​នេះ បាន​សន្និដ្ឋាន​ថា ប្រទេស​កម្ពុជា សម័យ​បុរាណ​ជា​ប្រទេស​មាន​កងទ័ព​ជើង​ទឹក​យ៉ាង​ខ្លាំង​ពូកែ និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព​នេះ ហើយ​អាច​សន្និដ្ឋាន​ទៀត​ថា ប្រទេស​កម្ពុជា ធ្វើ​ពិធី​នេះ​រៀង​រហូត​មក គឺ​ជាប់​តំណ​មក​ពី​សម័យ​សមយុទ្ធ​ក្នុង​សម័យ​បុរាណ​នេះ​ឯង ទើប​មាន​ការ​ប្រកួត​ប្រណាំង​ទូក​ង​ជាប់​មក​ដល់​សព្វថ្ងៃ​នេះ។

«សំឡេង​កីឡាករ​អុំ​ទូក»

អាចារ្យ​ពេលា​ការ​នៅ​រាជធានី​ភ្នំពេញ លោក​អាចារ្យ សេង សយ មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​មាន​ការ​ចងក្រង​ឯកសារ និង​តំណាល​ខុសៗ​គ្នា​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ឲ្យ​តែ​និយាយ​ទៅ​ដល់​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក គឺ​តែង​នឹក​ទៅ​ដល់​ការ​រំឭក​ដល់​គុណ​កងទ័ព​ជើង​ទឹក​ខ្លាំង​ពូកែ​នោះ​ឯង៖ «ក្រុង​កម្ពុជា​យើង​នេះ ទឹកដី​កម្ពុជា​យើង​ពី​ដើម​ពេល​នោះ​នៅ​ក្នុង​ទឹកដី​អយុធ្យា​នៅ​ឡើយ​ទេ។ ប្រទេស​យើង​ធំ​ណាស់! មេ​ទ័ព​ដែល​បាន​ពលី​ដើម្បី​ជាតិ​គ្រប់​បែប​គ្រប់​យ៉ាង គឺ​ថា​នឹក​គុណ​ដល់​មេ​ទ័ព​កាលនោះ​ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រទេស​ជាតិ»។

ពិធី​បុណ្យ​អុំ​ទូក ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក ស្រប​ទៅ​នឹង​រដូវ​ទឹក​ជំនន់​ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ហើយ បាន​ធ្វើ​ឲ្យ​បឹងបួ​ទាំងឡាយ​ក្លាយ​ទៅ​ជា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ហើយ​ក៏​បញ្ជាក់​ថា ពេល​នោះ​ស្រូវ​ស្រែ​កំពុង​ទុំ​ហើយ។ នៅ​ពេល​ដែល​ទឹក​ទន្លេ​មេគង្គ​លិច​ជន់ ខែ​សីហា ដល់​ខែ​វិច្ឆិកា ទឹក​ជំនន់​បាន​ចាក់​ចូល​ស្រោចស្រព​បឹងបួ​តាម​រយៈ​ទន្លេសាប​ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង។ ដល់​រដូវ​ទឹក​សម្រក​ដែល​ចាប់​ផ្ដើម​នៅ​ខែ​វិច្ឆិកា ទឹក​បឹងបួ​ហូរ​ត្រឡប់​តាម​ទន្លេសាប​ដដែល​ពី​ជើង​ទៅ​ត្បូង​វិញ។

ដី​ល្បប់​ដោយសារ​ទឹក​ជំនន់​នៃ​ទន្លេ​បឹងបួ​ទាំងឡាយ បាន​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ។ ដំណាំ​ទាំងឡាយ​ដែល​កសិករ​ធ្វើ​តាម​សង្វាក់​នៃ​ទឹក​សម្រក បាន​ផ្ដល់​ផល​យ៉ាង​ច្រើន រាំង​ស្កាត់​នូវ​គ្រោះ​ទុរភិក្ស។ ដូច្នេះ​ការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នេះ ក៏​ឧទ្ទិស និង​សម្ដែង​នូវ​ការ​ដឹង​គុណ​ទន្លេ​មេគង្គ និង​ទន្លេសាប ដែល​បាន​ផ្ដល់​ជីជាតិ​យ៉ាង​សំខាន់​បម្រើ​ដល់​វិស័យ​កសិកម្ម។

ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ក៏​មាន​ពិធី​មួយ​ដែល​សំខាន់​ជា​អត្តសញ្ញាណ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នេះ​ដែរ គឺ​ការ​បណ្ដែត​ប្រទីប។

ពិធី​បុណ្យ​បណ្ដែត​ប្រទីប ដែល​ជា​ទូទៅ​គេ​តុបតែង​ទូក កប៉ាល់​តូច​ធំ​លំអ​ដោយ​ភ្លើង​ចម្រុះ​ពណ៌ រំលេច​ជា​រូបភាព​ផ្សេងៗ ភ្លឺ​ផ្លេក ហើយ​បណ្ដែត​ឲ្យ​រសាត់​ទៅ​មក​យឺតៗ​នៅ​លើ​ដង​ទន្លេ​ចតុមុខ​ទល់​មុខ​ព្រះបរមរាជវាំង ដោយ​មាន​អបអរ​ដោយ​បាញ់​កាំជ្រួច។

«ភ្លេង​សំឡេង​បណ្ដែត​ប្រទីប»

ពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ខ្លះ ក៏​នៅ​រក្សា​ទំនៀម​ធ្វើ​បុណ្យ​បណ្ដែត​ប្រទីប​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា គឺ​នា​វេលា​យប់​ថ្ងៃ​១៥ កើត ខែ​អស្សុជ។ ពិធី​បុណ្យ​បណ្ដែត​ប្រទីប​នេះ គឺ​គេ​រៀបចំ​ក្បូន​ធ្វើ​ពី​ដើម​ចេក មាន​រាង​ជា​ទូក ឬ​សំពៅ ផ្ទុក​ដោយ​ស្រូវ​អង្ករ ចំណី​អាហារ នំនែក​ផ្លែឈើ​ច្រើន​មុខ។

ក្នុង​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ ពិធី​សំពះ​ព្រះ​ខែ និង​អក​អំបុក ក៏​ត្រូវ​ធ្វើ​ឡើង​ស្រប​គ្នា​ដែរ។

ឯកសារ​ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​បញ្ជាក់​ប្រវត្តិ​ពិធី​សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ធ្វើ​ឡើង​សំដៅ​គោរព​ទៅ​ដល់​ការ​សាង​បារមី​របស់​ព្រះពុទ្ធ កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះពោធិសត្វ​នៅ​ឡើយ ដែល​កាល​នៅ​ក្នុង​ជាតិ​មួយ​នោះ ទ្រង់​កើត​ជា​សត្វ​ទន្សាយ​ឈ្មោះ​ថា «សស​បណ្ឌិត»។ ឯកសារ​ដដែល​ផ្សាយ​ថា នៅ​ថ្ងៃ​ដែល​ព្រះចន្ទ​ពេញបូណ៌មី ឬ​ពេញ​វង់ ទន្សាយ «សស​បណ្ឌិត» បាន​អធិដ្ឋាន​ឧបោសថសីល​របស់​ខ្លួន ដោយ​បំណង​ធ្វើ​ជីវិត​បរិច្ចាគ​ដើម្បី​បំពេញ​នូវ​ពោធិសម្ភារ​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ។

ពិធី​អក​អំបុក​នេះ​វិញ ពេល​ដល់​រដូវ​កាល​ម្តងៗ ពលរដ្ឋ​នៅ​តាម​ជនបទ ស្រែ​ចម្ការ បាន​នាំ​គ្នា​ប្រមូល​ផល​ស្រូវ​ថ្មី មាន​អង្ករ​ដំណើប ឬ​អង្ករ​ខ្សាយ យក​មក​លីង​ដាល់​ជា​អំបុក ដោយ​រួម​គ្នា​ជា​ក្រុម​ក្នុង​ភូមិ​រៀងៗ​ខ្លួន និង​នៅ​តាម​ទី​វត្ត​អារាម ដោយ​ពុំ​សូវ​មាន​គេ​លក់​ដូរ​នោះ​ទេ។

«សំឡេង​អ្នក​ភូមិ​បុក​អំបុក»

ប៉ុន្តែ​បច្ចុប្បន្ន អំបុក​មាន​ការ​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​តាម​ទីប្រជុំជន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ថ្ងៃ​អក​អំបុក សំពះ​ព្រះ​ខែ​នោះ​ដែរ តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ និង​កសិករ នៅ​តែ​មាន​ជំនឿ​តាម​បែប​បុរាណ​នៅ​ឡើយ ក៏​មាន​ពិធី​សម្រក់​ទៀន​មួយ​ទៀត ដើម្បី​ផ្សង​មើល​ពី​ទឹក​ភ្លៀង ជា​ជំនឿ​លើ​ការ​ដាំដុះ និង​ត្រៀម​គ្រាប់​ពូជ​ដំណាំ​ឲ្យ​បាន​ផល​នៅ​ឆ្នាំ​ក្រោយ​ទៀត៕

ទូក​ចំនួន​១៥​គូ​ចូលរួម​ពិធី​ប្រណាំង​រយៈពេល​ពីរ​ថ្ងៃ​នៅ​ស្ទឹង​កណ្ដាល​ទីក្រុង​សៀមរាប

ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth

ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​សៀមរាប បាន​ចាប់​ផ្ដើម​កាល​ពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​វិច្ឆិកា នៅ​ក្នុង​ស្ទឹង​កណ្ដាល​ទីក្រុង​សៀមរាប។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ ក្រោម​អធិបតីភាព​អភិបាល​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា។

អភិបាល​រង​ខេត្ត​សៀមរាប គឺ​លោក គឹម ឆៃហៀង។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៣ វិច្ឆិកា នៅ​មុន​ពេល​ដែល​ពិធី​បុណ្យ​អុំ​ទូក​ចាប់​ផ្ដើម​ថា បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ គឺ​មាន​ទូក​ចំនួន ៣០ ស្មើ​នឹង ១៥​គូ បាន​ចូលរួម​ប្រ​ណាំង។ ក្នុង​ចំណោម​ទូក ១៥​គូ​នោះ គឺ​មាន​ទូក​នារី ១​គូ​ដែរ៖ «ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ហ្នឹង គឺ​មាន​ការ​បាញ់​កាំជ្រួច​ផង ព្រម​ទាំង​ធ្វើ​ពិធី​ប្រកួត​យុវជន​ប្រពៃណី​ដើម្បី​យើង​ជ្រើសរើស​ធ្វើ​ជា​ពិធីករ​ពិធីការនី​ជា​ផ្លូវ​ការ​សម្រាប់​ពេល​មាន​ពិធី​ផ្សេងៗ»។

ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​សៀមរាប ឆ្នាំ​នេះ ក្រៅ​តែ​ពី​មាន​មនុស្ស​ច្រើន​កុះករ​នាំ​គ្នា​ចោមរោម​មើល​ទូក​នៅ​តាម​មាត់​ស្ទឹង ក៏​មាន​ការ​តាំង​ពិព័រណ៍​ទំនិញ​មក​ពី​ប្រទេស​ថៃ បណ្ដាល​ឲ្យ​ដង​ផ្លូវ​មាត់​ស្ទឹង​មាន​មនុស្ស​ច្រើន៕