Sunday, December 4, 2016

ពលរដ្ឋ​ខេត្ត​កំពង់ចាម​បារម្ភ​បាត់បង់​ពូជ​ត្រី​ដោយសារ​បទល្មើស​នេសាទ​ដោយ​អួន​ឆក់​ត្រជាក់


ក្រុម​អ្នក​នេសាទ​កំពុង​អូស​អួន​នៅ​តាម​ដង​ទន្លេ​មេគង្គ ចំណុច​ភូមិសាស្ត្រ​ឃុំ​រកាអារ ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna


ប្រជាពលរដ្ឋ​នៅ​ជាប់​បឹង​ធំ ក្នុង​ស្រុក​ព្រៃឈរ និង​ពលរដ្ឋ​រស់នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម ព្រួយ​បារម្ភ​ចំពោះ​ករណី​បទល្មើស​នេសាទ ពិសេស​អួន​ឆក់​ត្រជាក់​ដែល​ជា​ប្រភេទ​ឧបករណ៍​ទើប​នឹង​បង្កើត​ថ្មី កំពុង​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​ទប់ស្កាត់។ ពលរដ្ឋ​ថា​ឧបករណ៍​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពូជ​ត្រី​កាន់​តែ​ខ្លាំង​ឡើង ពិសេស​ត្រី​តូចៗ​ជាដើម។ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​អះអាង​ថា ពួក​គេ​នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ពិនិត្យ​មើល​ជុំវិញ​បញ្ហា​នេះ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​កងមាស អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី ព្រម​ទាំង​មន្ត្រី​ជំនាញ ជួយ​អន្តរាគមន៍​ករណី​បទល្មើស​នេសាទ​ផ្សេងៗ ពិសេស​អួន​ឆក់​ត្រជាក់​ដែល​កំពុង​កើត​មាន​ក្នុង​មូលដ្ឋាន​ពួក​គាត់​រស់នៅ។

ការ​ស្នើ​នេះ ពីព្រោះ​ពួក​គាត់​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​ពូជ​ត្រី​នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​ឧបករណ៍​ទាំងនោះ​បន្ត​មាន​វត្តមាន​នៅ​ក្នុង​បឹង ឬ​ទន្លេ​ទៀត​នោះ។

ពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ មួយ​រូប លោក រ៉ែន រ៉ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ធ្នូ ថា បទល្មើស​នេសាទ​នៅ​ក្នុង​បឹង​ធំ មាន​ដូចជា​លូ​ស្បៃ​មុង ឆក់ និង​អួន​ឆក់​ត្រជាក់​ជាដើម។ លោក​ថា បទល្មើស​ឆក់​ត្រជាក់​នៅ​ទូទាំង​បឹង អាច​មាន ៦​វង់ ហើយ​ពួក​គេ​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃ​ទាំង​យប់។ លោក​ជឿ​ថា ប្រសិន​បើ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ ពូជ​ត្រី​ជាច្រើន​ប្រភេទ នឹង​ត្រូវ​វិនាស​ជា​មិន​ខាន៖ «ពីព្រោះ​វា​អា​នេះ​ឆក់​មក គឺ​វា​យក​តាំង​ពី​ត្រី​តូចៗ​បំផុត ក៏​មក​ទាំងអស់»។

បឹង​ធំ​ជា​បឹង​មួយ​ដែល​មាន​ទំហំ​ទទឹង​ប្រមាណ ៤​គីឡូម៉ែត្រ និង​បណ្តោយ​ប្រមាណ ៨​គីឡូម៉ែត្រ ជាប់​ស្រុក​ចំនួន​បី​នៅ​ក្នុង​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ។ បឹង​នេះ គឺ​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​រស់​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ។

ពលរដ្ឋ​អះអាង​ថា បទល្មើស​ឆក់​ត្រជាក់​នេះ​មិន​ត្រឹម​តែ​កើត​មាន​នៅ​តាម​តំបន់​បឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តាម​ដង​ទន្លេ​មេគង្គ ក៏​កើត​មាន​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​ឃុំ​រកាអារ និង​ឃុំ​ផ្សេង​ទៀត​ក្នុង​ស្រុក​កងមាស បទល្មើស​អួន​ឆក់​ត្រជាក់ គឺ​កើត​មាន​ស្ទើរ​ជា​រៀង​រាល់​យប់។

ក្រុម​ជន​ល្មើស​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ចន្លោះ​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ១១​យប់ ដោយ​មាន​ទូក​ម៉ាស៊ីន​ពីរ​គ្រឿង បើក​ក្បែរ​ខាង​មួយ​គ្រឿង និង​កណ្ដាល​ទន្លេ​មួយ​គ្រឿង ហើយ​មាន​ភ្លើង​បំភ្លឺ​ចម្ងាយ​ពី​ទូក​ប្រមាណ ៥០ ទៅ ១០០​ម៉ែត្រ ដើម្បី​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ឆក់​របស់​ពួក​គេ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​ថា បទល្មើស​អួន​ត្រជាក់​នៅ​តំបន់​ទាំងនោះ មន្ត្រី​ជំនាញ​ធ្លាប់​បង្ក្រាប​បាន​កាល​ពី​ពេល​កន្លង​ទៅ ហើយ​លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ពិនិត្យ​មើល​តំបន់​នោះ​បន្ថែម​ទៀត។ លោក​អះអាង​ថា បទល្មើស​អូស​អួន​ប្រវែង​លើស​ពី ៥០​ម៉ែត្រ ប្រើ​ម៉ាស៊ីន​កម្លាំង​លើស ១០​សេស នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​ច្បាប់​ហាមឃាត់ គឺ​មិន​មាន​ទេ៖ «បង​ចាំ​មើល ខ្ញុំ​នឹង​ឲ្យ​មន្ត្រី​ផ្នែក​ចុះ​ទៅ​តាម​ចាប់​ណា៎ ប៉ុន្តែ​កន្លង​មក​កន្លែង​ហ្នុង​ក៏​យើង​ធ្លាប់​ចាប់​បាន​ដែរ»។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ដដែល​បញ្ជាក់​ថា គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​បាន​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​ជាង ១០០​ករណី។ ចំនួន​នេះ គឺ​ថយ​ចុះ​ជាង ១០០​ករណី បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​មាន​រហូត​ដល់​ជាង ៣០០​ករណី។ បន្ថែម​ពី​នេះ មន្ត្រី​ជលផល​បាន​បំផ្លាញ​វត្ថុ​តាង​បទល្មើស​នេសាទ​មួយ​ចំនួន និង​លែង​កូន​ត្រី​ចម្រុះ​ជាង ៨​ពាន់​គីឡូក្រាម។ ក្រៅ​ពី​នេះ ខាង​លោក​បាន​បញ្ជូន​ជន​សង្ស័យ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទៅ​តុលាការ​ចំនួន ៤​នាក់​ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា មូលហេតុ​បទល្មើស​នេសាទ​ថយ​ចុះ គឺ​ដោយសារ​ពលរដ្ឋ​ចាប់​ផ្ដើម​យល់​ដឹង​ច្រើន​អំពី​សារសំខាន់​នៃ​ធនធាន​ជលផល និង​ផល​ប៉ះពាល់​នៃ​ការ​នេសាទ​ខុស​ច្បាប់ ព្រម​ទាំង​ត្រី​នៅ​ឆ្នាំ​នេះ​មិន​សូវ​សម្បូរ​ផង។

យ៉ាង​នេះ​ក្តី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នេះ ប្ដេជ្ញា​ខិតខំ​អប់រំ​ប្រជាពលរដ្ឋ ពង្រឹង​ប្រជា​សហគមន៍​នេសាទ​នៅ​ក្នុង​ខេត្ត​បន្ថែម​ទៀត។ លើស​ពី​នេះ នឹង​បន្ត​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​គ្រប់​ប្រភេទ​ទៀត​ផង។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំងនោះ​រួម​មាន កាប់​ឆ្ការ ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង បង្ក​ឲ្យ​ភ្លើង​ឆេះ ឬ​ដុត​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុ​ពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល ជាដើម៕

ពលរដ្ឋ​នៅ​តំបន់​ក្បាលឆាយ​ខេត្ត​ព្រះសីហនុ​តវ៉ា​រឿង​អាជ្ញាធរ​រុះរើ​ផ្ទះ​សម្បែង


ពលរដ្ឋ​នៅ​តំបន់​ក្បាលឆាយ ក្នុង​ក្រុង​ខេត្ត​ព្រះសីហនុ បិទ​ផ្លូវ​ជាតិ​លេខ​៤ តវ៉ា​ទាមទារ​អោយ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ការ​រុះរើ​ផ្ទះ​សម្បែង និង​បំផ្លាញ​ដំណាំ​ពួក​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។  Photo Provided


ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ខេត្ត​ព្រះសីហនុ បាន​នាំ​គ្នា​តវ៉ា​ដុត​កង់​ឡាន​បិទ​ផ្លូវ​ជាតិ​លេខ​៤ ជា​ថ្មី​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី បន្ទាប់​ពី​អាជ្ញាធរ​រុះរើ​ផ្ទះ​សម្បែង​របស់​ពួក​គាត់។ អភិបាល​ខេត្ត​ព្រះសីហនុ ថា​អាជ្ញាធរ​កំពុង​តែ​ដោះស្រាយ និង​បាន​ចោទ​ថា ប្រជាពលរដ្ឋ​តវ៉ា​ដោយ​ខុស​ច្បាប់។

វិវាទ​ដីធ្លី​នៅ​តំបន់​ក្បាលឆាយ​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ នៅ​តែ​ពុះ​កញ្ជ្រោល ខណៈ​អាជ្ញាធរ​កំពុង​បន្ត​សកម្មភាព​ឈូស​ឆាយ​កាយ​ព្រំ​ដី​ព័ទ្ធ​តំបន់​ក្បាលឆាយ ដើម្បី​រក្សា​ដី​តំបន់​ប្រភព​ទឹក​សម្រាប់​បម្រុង​ដល់​ការ​ប្រើប្រាស់។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០​នាក់ បាន​បន្ត​ចុះ​ផ្លូវ​ស្រែក​តវ៉ា​កាន់​ដៃ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៤ និង​ដុត​កង់​ឡាន​នៅ​ចំណុច​មុខ​រោងចក្រ​ស្បែក​ជើង​ញ៉ូវស្តារ (New Star) ក្នុង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ​វិញ ក្រោយ​ពី​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ច្បាប់​ដើម្បី​សម្រួល​ចរាចរណ៍។

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ម្នាក់ គឺ​លោក ម៉ម សុគា រៀបរាប់​ថា ការ​ដែល​ពលរដ្ឋ​តវ៉ា​នោះ ព្រោះ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ច្បាស់លាស់​ឡើយ ពោល​គឺ​តែងតែ​មាន​វិធានការ​រុះរើ​ផ្ទះ​ពលរដ្ឋ​មុន រួច​ទើប​មាន​ដំណោះស្រាយ​តាម​ក្រោយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​នោះ មាន​ប្រមាណ​ជាង ២០០​គ្រួសារ៖ «»។

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ តែងតែ​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​រក្សា​លំនៅឋាន​នៅ​លើ​ទីតាំង​ដើម មិន​ផ្លាស់ប្ដូរ​ទៅ​កាន់​ទីតាំង​ផ្សេង​នោះ​ទេ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អះអាង​ថា រដ្ឋបាល​ខេត្ត​កំពុង​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​យក​ចិត្ត​ទុក​ដាក់ តាម​រយៈ​អនុក្រឹត្យ​លេខ​១១៦ របស់​រដ្ឋាភិបាល ដើម្បី​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ឲ្យ​ទៅ​សង់​លំនៅឋាន​នៅ​ទីតាំង​ផ្សេង​ជំនួស​ទីតាំង​ចាស់។ ចំពោះ​សកម្មភាព​តវ៉ា​បិទ​ផ្លូវ​របស់​ប្រជាពលរដ្ឋ​នោះ លោក​ថា​គឺ​ជា​រឿង​ខុស​ច្បាប់។

អភិបាល​ខេត្ត​ព្រះសីហនុ ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​នេះ ហើយ​ព្រម​ទទួល​យក​ចំណែក​ដី​ដែល​អាជ្ញាធរ​ផ្ដល់​ជូន​ថ្មី ព្រោះ​ទីតាំង​ចាស់ រដ្ឋបាល​ខេត្ត​នេះ​ត្រូវ​ដក​ហូត​ដាច់ខាត និង​ដាំ​ដើម​ឈើ​ឡើង​វិញ​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ទុក​ប្រើប្រាស់​រយៈពេល​យូរ​អង្វែង​នៅ​ខេត្ត​ព្រះសីហនុ កុំ​ឲ្យ​បាត់បង់។ ចំពោះ​អ្នក​ដែល​មិន​សហការ​នោះ អាជ្ញាធរ​ព្រមាន​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់៖ «»។

លោក​បន្ត​ថា ការ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ទទួល​យក​ដំណោះស្រាយ​របស់​រដ្ឋបាល​ខេត្ត​នោះ គឺ​ដោយសារ​ពួក​គាត់​ហាក់​ដូចជា​មាន​ភាព​លោភលន់​ច្រើន៖ «»។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​រុះរើ​លំនៅឋាន​ពលរដ្ឋ បញ្ចេញ​មតិ​ថា ដើម្បី​បញ្ចប់​ការ​តវ៉ា​នោះ គឺ​រដ្ឋ​ត្រូវ​បើក​កិច្ច​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​នៅ​ក្នុង​ព្រំ​ដី​ថ្មី​នៃ​តំបន់​អភិរក្ស​ក្បាលឆាយ​នោះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​សម្រាប់​ទាំងអស់​គ្នា៕

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​បដិសេធ​សំណើ​សុំ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ


ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៦ ទាក់ទិន​នឹង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ RFA/Men Sothyr



ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​ខែត្រ​ស្ទឹងត្រែង បាន​ច្រាន​ចោល​សំណើ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ជា​ថ្មី​ទៀត​របស់​ជនជាតិ​ដើម​ភាគតិច។ ពួក​គាត់​ចោទ​ប្រកាន់​ថា អាជ្ញាធរ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ជ្រោមជ្រែង​បង្កើត​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​នោះ​ទេ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់ក្រមួន អំពាវនាវ​នៅ​ថ្ងៃ​ទី​៤ ធ្នូ សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ប្រញាប់​សហការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់ក្រមួន ស្រប​ច្បាប់ ដើម្បី​ស្រោចស្រង់​ធនធាន​ធម្មជាតិ​នៅ​សេសសល់​ចុង​ក្រោយ។

តំណាង​សហគមន៍​ភូមិ​អន្លង់ក្រមួន លោក ថាន់ វ៉ន ចោទ​ប្រកាន់​មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន ថា បាន​បដិសេធ​សំណើ​សុំ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​បាន​ស្នើសុំ​ជា​លើក​ទី​ពីរ កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​លើក​ហេតុផល​ថា ការ​បង្កើត​សហគមន៍​នឹង​ប៉ះពាល់​ដីធ្លី​របស់​អ្នក​ភូមិ។

លោក​ចោទ​ទៀត​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កាប់​ព្រៃ​រាន​យក​ដី​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍ កាល​ពី​ឆ្នាំ​២០១៣ អស់​រាប់​សិប​ហិកតារ ហើយ​សហគមន៍​បាន​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ឈ្មួញ​ទៅ​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​២០១៤ តែ​ពុំ​ឃើញ​មាន​ចំណាត់ការ។ លោក ថាន់ វ៉ន់ បារម្ភ​ថា ដើម​ឈើ​ផលិត​ជ័រ​ទឹក​រាប់​រយ​ដើម និង​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​មុន​មក កំពុង​រង​ការ​កាប់​បំផ្លាញ​ជាង ៤០០​ហិកតារ។ លោក​រិះគន់​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ព្រៃ​ឈើ កំពុង​មើល​រំលង​បទល្មើស​ទ្រង់ទ្រាយ​ធំ​នេះ៖ «បង្កើត​ច្បាប់​ឲ្យ​គ្នា​ការពារ ដល់​ការពារ​ទៅ​គ្មាន​អ្នក​ណា​មើល​ឃើញ ប្រែ​ជា​អ្នក​ការពារ​ហ្នឹង​ខុស។ ពួក​នេះ​បើ​ក្រៅ​ពី​គណបក្ស​ប្រជាជន​កាប់ វា​ធ្វើ​ហើយ តែ​បើ​ជន​ល្មើស​ខាង​គណបក្ស​ប្រជាជន វា​បិទ​ភ្នែក​ចោល ហើយ​វា​អត់​មើល​ទេ។ ខ្ញុំ​យល់​ឃើញ​ថា វា​ត្រឹម​តែ​ថា​វា​អត់​អនុវត្ត»។

ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន មាន​ផ្ទៃដី​ចំនួន ៨១០​ហិកតារ ឋិត​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ដោយ​ពុំ​ទាន់​ចុះ​បញ្ជី​ជា​ដី​សមូហភាព​សហគមន៍​ស្រប​ច្បាប់​ឡើយ ក៏ប៉ុន្តែ​មាន​តែ​ផែនទី​កំណត់​ទំហំ​ផ្ទៃដី​គ្រប់គ្រង ដែល​រៀបចំ​ឡើង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន បញ្ជាក់​ថា មូលហេតុ​អាជ្ញាធរ​ឃុំ​ពុំ​ឯកភាព​សំណើ​របស់​សហគមន៍ ព្រោះ​បារម្ភ​ខ្លាច​ប៉ះពាល់​ដីធ្លី​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​ថា សហគមន៍​បាន​ធ្វើ​លិខិត​ស្នើសុំ​បង្កើត​សហគមន៍​ផ្អែក​តាម​ផែនទី​ព្រាង​ចាស់ ដែល​មាន​ផ្ទៃដី​ជាង ៨០០​ហិកតារ ប៉ះ​លើ​ដី​អ្នក​ភូមិ​ច្រើន​គ្រួសារ ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ធ្លាប់​វាស់វែង​កន្លង​ទៅ។ លោក​ទទួល​ស្គាល់​ថា ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ពិត​ជា​កើត​មាន ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​ពុំ​ប្រាកដ​ថា បុគ្គល​ណា​កាប់​បំផ្លាញ​នោះ​ទេ ហើយ​ក៏​គ្មាន​លទ្ធភាព​ទប់ស្កាត់​ដែរ៖ «បង្កើត​យុវជន​ស្ម័គ្រ​ចិត្ត​វាស់វែង​ឲ្យ​ប្រជាពលរដ្ឋ​នៅ ហើយ​យក​ផ្ទៃដី​ដដែល​ឲ្យ​ខ្ញុំ​ស៊ីញេ​យ៉ាង​ម៉េច។ ខ្ញុំ​អត់​ហ៊ាន​ស៊ីញេ​ទេ។ ស៊ីញេ​ទៅ​លេង​រឹប​អូស​របស់​ពលរដ្ឋ ដល់​ពេល​ប្រជាពលរដ្ឋ​នៅ​សុទ្ធតែ​ដី​របស់​សហគមន៍​ចាប់​ទាំងអស់»។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា ជនជាតិ​ដើម​ភាគតិច​ត្រូវ​ប្រជុំ​ចងក្រង​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ឲ្យ​ច្បាស់លាស់​ឡើង​វិញ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាយ​តម្លៃ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​មន្ត្រី​ជំនាញ​បាន​វាយ​តម្លៃ​ពី​ស្ថានភាព​ព្រៃ​នៅ​តំបន់​នោះ និង​ព្រម​ឯកភាព​បង្កើត​ព្រៃ​សហគមន៍​នោះ បើ​រក​ឃើញ​ថា​មាន​ប៉ះពាល់​ដីធ្លី​អ្នក​ភូមិ មន្ត្រី​ជំនាញ​នឹង​ឆ្វៀល​ចេញ​ពី​ព្រៃ​សហគមន៍៖ «បើ​សិន​ជា​គាត់​មិន​ចុះ​ហត្ថលេខា​ទៅ​លើ​សំណើ​ហ្នឹង គឺ​យើង​ធ្វើ​ឯកសារ​ជា​ថ្មី​មក។ ធ្វើ​ឯកសារ​ជា​ថ្មី​តាម​លំដាប់លំដោយ​ហូរហែ​មក គេ​នឹង​វាយ​តម្លៃ​តាម​នីតិវិធី​ដែល​បាន​កំណត់​ទៅ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង»។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ជ្រោមជ្រែង​ឲ្យ​សហគមន៍​គ្រប់គ្រង​ដី​ព្រៃ​ស្រប​ច្បាប់ ដើម្បី​ចូលរួម​ការពារ​ព្រៃ​ឈើ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​មាន​កាតព្វកិច្ច​សហការ​ជាមួយ​សហគមន៍ ពលរដ្ឋ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ធ្វើ​យ៉ាង​ណា​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ស្រប​ច្បាប់។ លើស​ពី​នេះ ប្រសិន​អាជ្ញាធរ​រដ្ឋាភិបាល​បដិសេធ​ការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ គឺ​ល្មើស​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល៖ «យើង​សំណូមពរ​ឲ្យ​គាត់​ដើរ​តាម​នីតិវិធី​ឲ្យ​អស់​សិន ទោះ​បី​ឃុំ​មិន​ទទួល​ស្គាល់ នៅ​ស្រុក ស្រុក​ហើយ​ខែត្រ ហើយ​ខ្ញុំ​ជឿ​ថា ដំណាក់​កាល​ចុង​ក្រោយ​ដល់​ពេល​មក​ដល់​ខែត្រ ឯកឧត្តម​នឹង​ធ្វើ​ការ​ពិចារណា​រឿង​ហ្នឹង​ហើយ»។

កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​លេខ​០៥ ស្ដីពី​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុក​រាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៕

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ចាត់​វិធានការ​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​តំបន់​អភិរក្ស


ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ដើម្បី​ដាក់​ញត្តិ​តវ៉ា​រឿង​ដីធ្លី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo ADHOC


អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បង្កើត​ក្រុម​ការងារ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស ដើម្បី​រក្សា​ព្រៃ​ឈើ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ផលិត​កាបូន។ ចំណែក​ជន​ចំណាក​ស្រុក ត្រូវ​បាន​ណែនាំ​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ។

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ដែល​ចូល​ទៅ​កាប់​រាន​ព្រៃ​នៅ​តំបន់​សាយ៉ង់ក្រូច ក្នុង​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា បាន​ចាកចេញ​ទៅ​ស្រុក​កំណើត​វិញ​ហើយ ខណៈ​ក្រុម​ការងារ​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត ដាក់​បម្រាម​មិន​ឲ្យ​ពួក​គេ​កាប់​ឆ្ការ​ព្រៃ​ចាប់​យក​ដី​ធ្វើ​កសិកម្ម​ដោយ​ខុស​ច្បាប់​ត​ទៅ​ទៀត។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សាយ៉ង់ក្រូច សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ចំណាក​ស្រុក​ជាង ៤០​គ្រួសារ​ដែល​ទើប​មក​តាំង​លំនៅ​កាល​ពី​សប្ដាហ៍​មុន​នៅ​តំបន់​ព្រៃ​ចន្លោះ​ភូមិ​ស្រែអណ្តោល និង​ភូមិ​សាយ៉ង់ក្រូច បាន​ចាកចេញ​ជា​បន្តបន្ទាប់ រហូត​មក​ទល់​ថ្ងៃ​នេះ​គ្មាន​សេសសល់​អ្នក​ណា​ម្នាក់​ឡើយ។ ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា ស្ថានភាព​កាប់​បំផ្លាញ​ព្រៃ​បាន​ស្ងប់ស្ងាត់​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​រឹត​បន្តឹង​មិន​ឲ្យ​កាប់​រាន​ព្រៃ​ត​ទៅ​ទៀត៖ «ពួក ៧៧ ឥឡូវ​គេ​ដក​បណ្ដើរ​អស់​ហើយ។ មេ​ឃុំ​គាត់​ឃាត់​អត់​ឲ្យ​ធ្វើ​ស្អី​ទេ ឲ្យ​សម្ងំ​ស្ងៀម​សិន»។

កាល​ពី​ខែ​វិច្ឆិកា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​បង្កើត​ក្រុម​ការងារ​ចុះ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​នៅ​តំបន់​សាយ៉ង់ក្រូច បន្ទាប់​ពី​ប្រជាពលរដ្ឋ ៤៨​គ្រួសារ​នៅ​តំបន់​នោះ​រាយការណ៍​ថា ក្រុម​ទាហាន​ឈរ​ជើង​នៅ​តំបន់​នោះ​វាស់វែង​ដី​ព្រៃ​លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក ទើប​ធ្វើ​ឲ្យ​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​កាប់​រាន​ដើម្បី​យក​ដី។

អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​យក​ដី​នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា បញ្ជាក់​ថា អាជ្ញាធរ​បាន​ចាត់​វិធានការ​ម៉ឺងម៉ាត់​ឲ្យ​បញ្ឈប់​កាប់​រាន​ព្រៃ​ត​ទៅ​ទៀត ពីព្រោះ​ព្រៃ​តំបន់​នោះ​ជា​គម្រប​ព្រៃ​ការពារ និង​ជា​ព្រៃ​ធ្វើ​អាជីវកម្ម​កាបូន​របស់​សហគមន៍​នៅ​តំបន់​នោះ។ លោក​ថា​ដី​ព្រៃ​ដែល​បាន​កាប់​រាន​រួច និង​បាន​ដាំ​ដុះ​ដោយ​ពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន អាជ្ញាធរ​រក្សា​ទុក​ស្ថានភាព​ដដែល និង​រៀបចំ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៖ «ហាម​ដាច់ខាត ព្រោះ​ព្រៃ​ក្នុង​តំបន់​ព្រៃ​កែវសីមា ព្រៃ​ការពារ​ហ្នឹង យើង​លក់​កាបូន​ឲ្យ​គេ។ អ៊ីចឹង​យើង​ត្រូវ​បន្តឹង​ការ​កាប់​ព្រៃ​ហ្នឹង»។

ចាប់​ពី​ខែ​កក្កដា រហូត​មក ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ពី​ខេត្ត​ត្បូងឃ្មុំ ប្រមាណ ៧០​គ្រួសារ បាន​មក​បោះ​រោង​ប្រក់​សំពត់​កៅស៊ូ ហើយ​កាប់​រាន​ព្រៃ​យក​ដី​ចំនួន​បី​លើក ខណៈ​ពួក​គេ​បាន​ធ្វើ​លិខិត​ស្នើសុំ​ដី​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ស្វាគមន៍​ចំណាត់ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ​ថ្មី។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ថ្លែង​ថា អាជ្ញាធរ​គួរ​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​ចំពោះ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន​ដែល​កំពុង​ដាំ​ដុះ​ជាក់ស្តែង​លើ​ដី​នោះ ចៀសវាង​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​ជម្រក និង​ផល​ដំណាំ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ៖ «ត្រូវ​ចរចា​ដោះស្រាយ​គ្នា​យ៉ាង​ណា​ចំពោះ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​ទទួល​បាន​សិទ្ធិ​លំនៅឋាន​បាន​សមរម្យ មាន​ផ្ទះ​សម្បែង មាន​ដី​កសិកម្ម​ដូច​ពលរដ្ឋ​ដទៃ។ ខ្ញុំ​យល់​ថា​សមរម្យ»។

តំបន់​សាយ៉ង់ក្រូច ចាប់​ពី​ឆ្នាំ​២០១២ រហូត​មក ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​បាន​ចូល​កាប់​ឆ្ការ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​អស់​រាប់​រយ​ហិកតារ យក​ដី​ធ្វើ​កសិកម្ម បើ​ទោះ​បី​អាជ្ញាធរ​បង្ក្រាប​ជាច្រើន​លើក​ក្តី។ រហូត​បច្ចុប្បន្ន នៅ​សល់​ចំណាក​ស្រុក​ជិត ៥០​គ្រួសារ កំពុង​តាំង​លំនៅ​លើ​ដី​កាប់​រាន​ព្រៃ​ប្រមាណ​ជិត ២០០​ហិកតារ៕

ពលរដ្ឋ​ឃុំ​ផ្លូវទូក​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​ប្ដឹង​មន្ត្រី​ជលផល​និង​ជន​ប្រព្រឹត្តិ​បទល្មើស​នេសាទ


របាំង​សាច់​អួន​ក្រឡា​ញឹក​ដែល​ក្រុម​ឈ្មួញ និង​ពលរដ្ឋ​មាន​ធនធាន​ដាក់​នៅ​ក្នុង​ទឹក​ដី​ឃុំ​ពោធិ៍ និង​ឃុំ​កំពង់ហាវ ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៤ RFA/Chin Chetha

ពលរដ្ឋ​រស់នៅ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ព្រមាន​ប្ដឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​បី​នាក់ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ទៅ​តុលាការ។ ពលរដ្ឋ​អះអាង​ថា គាត់​ធ្លាប់​ឲ្យ​ម្ចាស់​របាំង​រុះរើ​ចេញ និង​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ភូមិ-ឃុំ ប៉ុន្តែ​អាជ្ញាធរ​មិន​អើពើ ទើប​លោក​ថត​រូប និង​វីដេអូ​បទល្មើស​ត្រៀម​ដាក់​ភស្តុតាង​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ។

របាំង​ដាក់​លប​ចំនួន ៦​ខ្សែ​ដែល​មាន​ប្រវែង​មិន​តិច​ជាង ២​គីឡូម៉ែត្រ​ចាប់​ពី​ចំណុច​ក្បាលកោះ​ស្វាយ​កាប ដល់​ចំណុច​ចុង​កន្ទ្រ នៃ​ឃុំ​ផ្លូវទូក ដែល​ដាក់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៦ មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ឡើយ។ ពលរដ្ឋ​រស់នៅ​ភូមិ​ស្នោឈើទាល នឹង​ពឹងពាក់​ក្រឡាបញ្ជី​ម្នាក់​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​រៀបចំ​បណ្ដឹង​ប្រឆាំង​ជន​ល្មើស និង​អ្នក​ពាក់ព័ន្ធ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ។

ប្រជា​នេសាទ និង​ជា​កសិករ​ធ្វើ​ចម្ការ លោក សេង បឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ថា អ្នក​ដាក់​របាំង​លប​ខុស​ច្បាប់​បី​នាក់​ដែល​នឹង​ត្រូវ​ប្ដឹង​មុន​គេ គឺ​មាន​ឈ្មោះ ឈុន ឈ្មោះ ឡា ឈ្មោះ ស្នា និង​ឈ្មោះ ចាន់ ដែល​ត្រូវ​ជា​កូន​របស់​លោក អៀក ឥដ្ឋ រស់នៅ​ភូមិ​ពាមខ្នង ឃុំ​ផ្លូវទូក។ អ្នក​ដាក់​របាំង​អះអាង​ប្រាប់​លោក​ថា គេ​បាន​បង់​ប្រាក់​ជាច្រើន​លាន​រៀល​ឲ្យ​អង្គភាព​ចំនួន​៦ ជា​ថ្នូរ​នឹង​បាន​ដាក់​របាំង​លប​រហូត​ដល់​សព្វថ្ងៃ៖ «សំណូមពរ​ឲ្យ​លោក​ជលផល ឲ្យ​មើល​ផង​កុំ​ស៊ី​លុយ​ពួក​អា​អស់​ហ្នឹង​ពេក! ខ្ញុំ​យក​ការណ៍​ជាក់ស្ដែង​លើក​ក្រោយ​នេះ ខ្ញុំ​ថត​ម៉ង ទៅ​កាប់​អា​របាំង​កាប៉ិកកាប៉ុកៗ​យក​មក​ថត​ឲ្យ​អ្នក​ធំ​មើល​ទេ ដល់​របាំង​រាប់​គីឡូម៉ែត្រ​អត់​មើល​សោះ។ នៅ​តំបន់​វាលភក់ ម្នាក់ៗ​ដាក់​ចង់​កាត់​ទន្លេ​ជិត​ហើយ រាប់​គីឡូ​ដី គ្រាន់​តែ​ថា អូ! មេ​ចុះ​មក​ហើយ ពន្លិច មក​ហើយ​ពន្លិច​អស់​រលីង»។

លោក សេង បឿន បញ្ជាក់​ថា រូប​លោក និង​កូន​ចៅ​ជាច្រើន​គ្រួសារ​កំពុង​លំបាក​ចិត្ត​ដោយសារ​តែ​របាំង​ទាំងនេះ បាន​ដាក់​ស្ទះ​ផ្លូវ​ទឹក​បង្ក​ឲ្យ​ពើក ឬ​មមោក​ដែល​ដុះ​ក្រាស់​លើ​ផ្ទៃ​ទឹក មិន​អាច​ហូរ​តាម​ទឹក​ចេញ​ពី​ចម្ការ​របស់​គាត់ និង​ចម្ការ​កូន​ចៅ​ជាច្រើន​ហិកតារ​នៅ​រដូវ​ទឹក​ទន្លេ​ស្រក​វិញ។ ដល់​ពេល​នោះ ពួក​គាត់​នឹង​លំបាក​ភ្ជួរ​រាស់​ដី​ព្រោះ​ល្ង និង​ដាំ​ល្ពៅ ជាដើម។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក អៀក ឥដ្ឋ ដែល​ពលរដ្ឋ​ចោទ​ថា​បាន​កាង​បទល្មើស​ឲ្យ​កូន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ អាស៊ីសេរី ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​មិន​ទទួល។

ទោះ​ជា​យ៉ាង​ណា មេ​ឃុំ​ផ្លូវទូក លោក ចេង ភាគ ថ្លែង​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​នៅ​ក្នុង​ឃុំ​របស់​លោក​ពិត​ជា​កើត​មាន​ច្រើន​មែន។ លោក ចេង ភាគ បញ្ជាក់​ថា លោក​ពុំ​មាន​លទ្ធភាព​ទប់ស្កាត់ ឬ​ចុះ​បង្ក្រាប​បទល្មើស​ទាំងនេះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​ណែនាំ​ពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​បទល្មើស​នេសាទ​ដែរ ប៉ុន្តែ​ពលរដ្ឋ​មិន​ស្ដាប់៖ «ប្រជាពលរដ្ឋ​ខ្ញុំ​ដែល​រក​ហ្នឹង​វា​ប្រាកដ​ហើយ វា​ខុស​ច្បាប់​នោះ អា​ហ្នឹង​សម្រេច​លើ​សមត្ថកិច្ច​ទេ ព្រោះ​មាន​សមត្ថកិច្ច​ជា​អ្នក​តម្រឹម និង​កាប់​រុះរើ​អី​ហ្នឹង​មាន។ ហើយ​ទោះ​បី​ជា​យើង​ដាក់​បម្រាម​ដល់​គាត់​អី គាត់​បាន​ត្រឹម​តែ​ស្ដាប់​ទេ​ប្អូន! មាន​មិន​ថា​អត់​ទេ រហូត​ដល់​ចំណុច​វាលភក់​ណោះ»។

លោក សេង បឿន ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​បញ្ជាក់​ជំហរ​ថា បើ​របាំង​លប​ទាំងអស់​មិន​ត្រូវ​បាន​រុះរើ​ចេញ​អស់​ពី​មុខ​ដី​ចម្ការ និង​មាត់​បឹង​ទន្លេសាប​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ​ទេ លោក​នឹង​ពិចារណា​ប្ដឹង​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ដែរ ព្រោះ​ជន​ល្មើស​បាន​ឆ្លើយ​ថា បាន​បង់​ប្រាក់​អស់​ជាច្រើន​លាន​រៀល​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងនោះ។

ច្បាប់​ស្ដីពី​ជលផល​មាត្រា​៤១ ត្រង់​ចំណុច​ទី​៣ បាន​ហាមឃាត់​ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​បម្រុង​ដោយ​ប្រើ​ឧបករណ៍​គ្រប់​ប្រភេទ រួមផ្សំ​ដោយ​របាំង​ព្រួល​ដែល​មាន​បណ្ដោយ​លើស​ពី ៥០​ម៉ែត្រ ឬ​លាត​សន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខ​ទឹក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ជលយាន​គ្រប់​ប្រភេទ។ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នេះ ត្រូវ​ពិន័យ​អន្តរការ​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពី ៥​លាន ដល់ ១០​លាន​រៀល។

ចំណែក​មាត្រា​១០៣ ត្រង់​ចំណុច​ទី​៥ ចែង​ថា ចំពោះ​មន្ត្រី​រដ្ឋបាល​ជលផល​ដែល​មិន​បាន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​បទល្មើស​ថ្នាក់​ទី​១ ដែល​បាន​កើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេលវេលា ត្រូវ​ចាត់​ទុក​ជា​បទល្មើស ហើយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពីរ ១​ឆ្នាំ​ទៅ ៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ​ដល់ ៥០​លាន​រៀល៕

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​លោក គង់ ណៃ ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ទីកន្លែង​សម្រាប់​ប្រគំ​ចាប៉ី


ព្រឹទ្ធាចារ្យ​ផ្នែក​ចាប៉ី​ដង​វែង លោក គង់ ណៃ (វ៉ែនតា​ខ្មៅ) ថត​រូប​អនុស្សាវរីយ៍​ក្នុង​កម្មវិធី​មហោស្រព​សិល្បៈ កំណាព្យ និង​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី​៤ នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha



ព្រឹទ្ធាចារ្យ​ផ្នែក​ចាប៉ី​ដង​វែង លោក គង់ ណៃ ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​បង្កើត​ទីកន្លែង​សម្រាប់​សម្ដែង​ចាប៉ី​ដង​វែង ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​រៀន​ចាប៉ី បាន​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​លើក​ឡើង​នេះ ខណៈ​ក្រុម​ចាប៉ី​ដង​វែង​ប្រមាណ ២០​នាក់ រួម​គ្នា​សម្ដែង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ក្នុង​កម្មវិធី​មហោស្រព​សិល្បៈ កំណាព្យ និង​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី​៤ ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ចំនួន​៤ មាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួង​ព័ត៌មាន ក្រសួង​ទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា។

«ភ្លេង​ចាប៉ី​ដង​វែង»

សំឡេង​ចាប៉ី​ដង​វែង​បាន​បន្លឺ​ឡើង​នៅ​មុខ​អ្នក​ចូលរួម​ទស្សនា​ប្រមាណ ២​ពាន់​នាក់ ក្នុង​សាល​មហោស្រព​កោះ​ពេជ្រ។ អ្នក​លេង​ចាប៉ី​ដង​វែង នៅ​តែ​ចាត់​ទុក​ថា ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មួយ​នេះ នៅ​តែ​មិន​សូវ​មាន​អ្នក​គេ​ស្គាល់ និង​ចាប់​អារម្មណ៍​នៅ​ឡើយ។

ព្រឹទ្ធាចារ្យ​ផ្នែក​ចាប៉ី​ដង​វែង លោក គង់ ណៃ មើល​ឃើញ​ថា បច្ចុប្បន្ន​មាន​អ្នក​ដែល​ស្រឡាញ់ និង​ចូល​ចិត្ត​រៀន​ចាប៉ី​នេះ​តិចតួច​ណាស់។ លោក​ចង់​ឃើញ​រាជ​រដ្ឋាភិបាល និង​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ជួយ​ទំនុក​បម្រុង​ជា​ថវិកា​ទៅ​ដល់​គ្រូ និង​សិស្ស​ដែល​កំពុង​សិក្សា​ផ្នែក​ចាប៉ី​ដង​វែង ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ក្នុង​ការ​ចូលរួម​អភិរក្ស​ឧបករណ៍​ភ្លេង​ខ្មែរ​មួយ​នេះ។

ព្រឹទ្ធាចារ្យ​ផ្នែក​ចាប៉ី​ដង​វែង លោក គង់ ណៃ មាន​ប្រសាសន៍​បន្ត​ថា៖ «មាន​កន្លែង​សម្ដែង មាន​រៀបចំ​ជា​ផ្ទះ​ល្វែង​មួយ​ដែល​ប្រមូល​ចាប៉ីៗ​ហ្នឹង ដើម្បី​ឲ្យ​នៅ​មូល​គ្នា​ម្តុំ។ យើង​នឹង​ប្ដូរ... គេ​ហៅ​ថា​ប្ដូរ​រៀន​សូត្រ​ពី​គ្នា ដូច​ថា​អ្នក​ណា​ដែល​រៀន​មិន​ចេះ យើង​រៀន​សូត្រ​ត​ពី​គ្នា។ ខ្ញុំ​ថា​អា​ហ្នឹង​បែប​បាន​កម្លាំង។ អា​ហ្នឹង​មាន​កម្លាំង អា​ហ្នឹង​តាម​យោបល់​ខ្ញុំ។ ប៉ុន្តែ​ក្រែង​ថា រាជ​រដ្ឋាភិបាល​យើង​លោក​មាន​ការ​ខ្វះខាត លោក​រៀបចំ​ឲ្យ​ខ្ញុំ​មិន​បាន ខ្ញុំ​ក៏​មិន​ដឹង​ដែរ ព្រោះ​ឥឡូវ​នៅ​បែក​គ្នា​អស់​ហើយ ហើយ​ចាប៉ី​ចាស់ៗ​ហ្នឹង​វា​នៅ​តិច​ទៅ​ទៀត នៅ​តែ​ខ្ញុំ (គង់ ណៃ) នៅ​តែ​នាយ ប៉េ នៅ​តែ​បង ប្រាជ្ញ ឈួន។ បង ប្រាជ្ញ ឈួន ឈឺ​ទៅ​ទៀត»។
ចាប៉ី​ដង​វែង ២០១៦ ៨៥៥កម្មវិធី​មហោស្រព​សិល្បៈ កំណាព្យ និង​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី​៤ នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha

ចាប៉ី​ដង​វែង គឺ​ជា​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​សម្រាប់​ចូលរួម​ប្រគំ​ក្នុង​វង់​ភ្លេង​អារក្ស និង​ភ្លេង​ការ។ ចាប៉ី​ដង​វែង​នេះ ក៏​អាច​សម្ដែង​ទោល​តែ​ឯង​ផង​ដែរ​ក្នុង​ពិធី​ជាវ​ខាន់ស្លា ពិធី​កោរ​ជុក បុណ្យ​បំបួស​នាគ និង​បុណ្យ​កឋិន ជាដើម។

ប្រធាន​ក្រុម​សហគមន៍​ចាប៉ី​អមតៈ និង​ជា​សិស្ស​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ គឺ​លោក ពេជ្រ សារ៉ាត់ យល់​ថា ចាប៉ី​ដង​វែង​នៅ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​នៅ​ឡើយ​ទេ។ លោក​ថា សាធារណជន​ខ្លះ​នៅ​តែ​ជឿ​ថា ការ​រៀន​ចាប៉ី​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក ជាដើម ដូច្នេះ​លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ដាក់​បញ្ចូល​មុខវិជ្ជា​ចាប៉ី​ដង​វែង​ទៅ​ក្នុង​កម្មវិធី​សិក្សា និង​រៀបចំ​ឲ្យ​មាន​ទីតាំង​ជាក់លាក់​មួយ​សម្រាប់​សម្ដែង​បង្ហាញ​ទៅ​ដល់​មហាជន៖ «មាន​មហោស្រព​មួយ ថា​រឿង​រាល់​ខែ​ត្រូវ​តែ​ប្រគំ​ចាប៉ី​ដង​វែង ទោះ​បី​ជា​មាន​ភ្ញៀវ​ម្នាក់​ពីរ​នាក់​ក៏ដោយ ត្រូវ​តែ​មាន​ការ​ប្រគំ​ដើម្បី​អី ដើម្បី​ឲ្យ​កូន​ក្មេង​ជំនាន់​ក្រោយ។ គាត់​ថា អឺស! ខ្ញុំ​ចង់​រៀន ដោយសារ​ខ្ញុំ​ពេល​ដែល​រៀន​ចប់ ខ្ញុំ​ទៅ​សម្ដែង​កន្លែង​ហ្នឹង​មួយ​ខែ គេ​សម្ដែង​ម្តង អន្តរជាតិ​មក​គេ​មើល​ទៅ។ ខ្ញុំ​ចង់​បាន​ទីតាំង​មួយ​ជាក់លាក់ ហើយ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន»។

ប្រធាន​ក្រុម​សហគមន៍​ចាប៉ី​អមតៈ លោក ពេជ្រ សារ៉ាត់ បាន​ហៅ​សំឡេង​ចាប៉ី ថា​ជា​សំឡេង​ទិព្វ ដែល​អាច​ធ្វើ​ឲ្យ​មនុស្សម្នា​បាត់​អស់​អារម្មណ៍​តានតឹង នៅ​ពេល​ដែល​ឮ​សំឡេង​របស់​វា។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​នៃ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) បាន​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​របស់​ខ្មែរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបិយ​នៃ​មនុស្ស​ជាតិ។

នៅ​រសៀល​ថ្ងៃ​ទី​៣ ធ្នូ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រៀបចំ​ឲ្យ​មាន​ការ​សម្ដែង​ចាប៉ី​ដង​វែង​ជា​ក្រុម ក្នុង​កម្មវិធី​មហោស្រព​សិល្បៈ​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី​៤ ដែល​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ចូលរួម​បាន​ដឹង​អំពី​ការ​ដាក់​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មួយ​នេះ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ ផង​ដែរ។

និស្សិត​ម្នាក់​ដែល​បាន​ចូលរួម​ទស្សនា​ការ​សម្ដែង​ចាប៉ី​ដង​វែង​ជា​ក្រុម គឺ​កញ្ញា ង៉េត វណ្ណៈ ថ្លែង​ថា កញ្ញា​រីករាយ​ដែល​បាន​ទស្សនា និង​សិក្សា​អំពី​ឧបករណ៍​ភ្លេង ដែល​ជា​សម្បត្តិ​វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ។

កញ្ញា​យល់​ថា ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ គឺ​ជា​រឿង​ល្អ​បំផុត​ដើម្បី​អាច​ជួយ​ឲ្យ​ពិភពលោក​បាន​ស្គាល់​អំពី​វប្បធម៌​របស់​ខ្មែរ៖ «មាន​អត្ថន័យ​ថា ដើម្បី​ឲ្យ​ទូទាំង​ពិភពលោក​ហ្នឹង​ស្គាល់​អំពី​វប្បធម៌ និង​អរិយធម៌​របស់​ប្រទេស​កម្ពុជា ផ្ទាល់»។

ទោះ​យ៉ាង​ណា ប្រធាន​ក្រុម​សហគមន៍​ចាប៉ី​អមតៈ លោក ពេជ្រ សារ៉ាត់ សង្កេត​ឃើញ​ថា មាន​យុវជន​តិចតួច​ណាស់​ដែល​ចាប់​អារម្មណ៍​លើ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មួយ​នេះ។ លោក​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ផ្គត់ផ្គង់​ទៅ​ដល់​គ្រូ សិស្ស​ផ្នែក​ចាប៉ី និង​បង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់​ក្រុម​អ្នក​ផ្សព្វផ្សាយ​ចាប៉ី​ដង​វែង​នេះ​នៅ​តាម​មូលដ្ឋាន​ផង៕

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​ចាប់​ក្រុមហ៊ុន​កែច្នៃ​ឈើ​នៅ​ខេត្ត​ព្រះវិហារ

ឈើ​មូល​របស់​ក្រុមហ៊ុន ហុង សុភាព នៅ​ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided


គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ដឹកនាំ​កង​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ​មួយ គឺ​កម្លាំង​កង​រាជ​អាវុធហត្ថ​ប្រមាណ ២០០​នាក់ ចុះ​ទៅ​ឡោមព័ទ្ធ​ចាប់​ក្រុមហ៊ុន​កែច្នៃ​ឈើ នៅ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ មក​ទល់​យប់​ថ្ងៃ​ទី​៤ ធ្នូ នេះ កង​កម្លាំង​មិន​ទាន់​ដក​ចេញ​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មិន​បាន​បញ្ជាក់​ថា តើ​ក្រុមហ៊ុន​កែច្នៃ​ឈើ​ឈ្មោះ​អ្វី​នោះ​ទេ ដែល​កង​កម្លាំង​បាន​ទៅ​បង្ក្រាប​នោះ? ប៉ុន្តែ​ព័ត៌មាន​ដែល​អាស៊ីសេរី ទទួល​បាន គឺ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ចុះ​ទៅ​ចាប់​ក្រុមហ៊ុន ហុង សុភាព ដែល​ក្រសួង​កសិកម្ម បាន​ផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​តាំង​ពី​ឆ្នាំ​២០១៤ ដើម្បី​កែច្នៃ​ឈើ​នៅ​ស្រុក​ជាំក្សាន្ត នោះ។