Monday, December 12, 2016

មន្ត្រី​ក្រសួង​ទេសចរណ៍​រំពឹង​ថា​ក្រុង​សៀមរាប​នឹង​ឈ្នះ​ការ​ប្រឡង​ទីក្រុង​ទេសចរណ៍​ស្អាត


ភ្ញៀវ​ទេសចរ​ចូល​មើល​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth



រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ទីក្រុង​ចំនួន​៧ ឲ្យ​ចូលរួម​ប្រឡង​ប្រណាំង​យន្តការ​មួយ​ចលនា​មួយ នៃ​ទីក្រុង​ទេសចរណ៍​ស្អាត​ក្នុង​តំបន់​អាស៊ាន ដែល​ការ​ប្រឡង​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ទីក្រុង​របស់​ខ្មែរ​ទាំង​៧ ដែល​ដាក់​ចូលរួម​ប្រឡង​ប្រណាំង​នោះ គឺ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ ក្រុង​កែប ក្រុង​កំពត ក្រុង​កំពង់ចាម និង​ក្រុង​បាត់ដំបង។

មន្ត្រី​ក្រសួង​ទេសចរណ៍ រំពឹង​ថា ក្រុង​សៀមរាប ដែល​ជា​ខេត្ត​ល្បីល្បាញ​ខាង​ប្រាសាទ​បុរាណ និង​សម្បត្តិ​វប្បធម៌ ព្រម​ទាំង​មាន​ធម្មជាតិ​បៃតង​ជាច្រើន​ផង​នោះ អាច​នឹង​ឈ្នះ​ការ​ប្រឡង​ប្រណាំង​ចលនា​ទីក្រុង​ទេសចរណ៍​ស្អាត​ដាច់​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល នា​ពេល​ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ក្នុង​ពេល​ជួប​សម្ភាស​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ជាមួយ​ផ្នែក​ឯកជន​នៅ​ឯ​ខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​ធ្នូ ថា ក្រុម​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​បណ្ដា​ប្រទេស​អាស៊ាន បាន​កំណត់​ស្តង់ដារ​មួយ​ឲ្យ​គ្រប់​ប្រទេស​ដែល​ជា​សមាជិក ត្រូវ​ចូលរួម​ប្រឡង​ប្រណាំង​យន្តការ​មួយ​ចលនា​មួយ នៃ​ទីក្រុង​ទេសចរណ៍​ស្អាត​សម្រាប់​តំបន់។

ការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នោះ គឺ​មាន​លក្ខណៈ​វិនិច្ឆ័យ ដូចជា​ការ​បញ្ចូល​ទៅ​ក្នុង​ព័ត៌មាន​ទេសចរណ៍​បាន​ច្រើន ការ​បម្រើ​សេវា​ទេសចរណ៍​មាន​គុណភាព​ល្អ មាន​ផ្លូវ​ថ្នល់​ស្អាត មាន​បង្គន់​អនាម័យ​សាធារណៈ​ល្អ ព្រម​ទាំង​ទីក្រុង​មាន​ភាព​បៃតង ជា​អេកូ​ទេសចរណ៍ ជាដើម។
រង្វង់​មូល​ព្រះអង្គ​ចេក ព្រះអង្គ​ចម នៅ​កណ្ដាល​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth

លោក ថោង ខុន បញ្ជាក់​ថា កម្ពុជា បាន​ដាក់​ទីក្រុង​ចំនួន​៧ ទៅ​ក្នុង​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នៃ​តំបន់​អាស៊ាន​នេះ មាន​ទីក្រុង​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ ក្រុង​កែប ក្រុង​កំពត ក្រុង​កំពង់ចាម និង​ក្រុង​បាត់ដំបង។ ចំណែក​លទ្ធផល​នៃ​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នេះ នឹង​ប្រកាស​នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «អ៊ីចឹង​សៀមរាប យើង​នេះ យើង​ខិតខំ​រក្សា​កំណើន​បាន​ច្រើន ហើយ​ការ​អភិវឌ្ឍ​ទៅ​ប្រកប​ដោយ​និរន្តរភាព»។

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង បាន​បង្ហាញ​មោទនភាព​ថា លោក​កំពុង​ប្រឹងប្រែង​ធ្វើ​ការងារ​ជាច្រើន ដើម្បី​ឲ្យ​ខេត្ត​សៀមរាប បាន​ឈ្នះ​លើ​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នៅ​ក្នុង​តំបន់។ លោក ឃឹម ប៊ុនសុង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ខេត្ត​សៀមរាប នៅ​សេសសល់​ការងារ​ជាច្រើន​ដែល​មិន​ទាន់​បាន​ធ្វើ ដូចជា​សោភ័ណភាព​ទីក្រុង​ជា​ការ​ចាំបាច់ បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រម​ទាំង​សួនច្បារ​សាធារណៈ ជាដើម ដែល​ត្រូវ​តែ​រៀបចំ​ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ៖ «នៅ​ក្នុង​ខេត្ត​សៀមរាប របស់​យើង បើ​ទោះ​បី​ជា​យើង​មិន​ទាន់​ទទួល​បាន​សោភ័ណភាព​ល្អ​ប្រសើរ​ទាំង​ស្រុង ប៉ុន្តែ​ការ​អភិវឌ្ឍ​ទៅ​រក​ទីក្រុង​ល្អ​ឆើតឆាយ​សម្រាប់​អនាគត យើង​នឹង​គិតគូរ»។

កាល​ពី​ឆ្នាំ​២០១៥ ខេត្ត​សៀមរាប ធ្លាប់​បាន​ជាប់​ចំណាត់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅ​ទូទាំង​ពិភពលោក​ម្ដង​មក​ហើយ។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ​២០១៦ ខេត្ត​សៀមរាប បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១​លាន ៨​សែន​នាក់។ ចំនួន​នេះ គឺ​កើន​ឡើង​ប្រមាណ ៣% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។

មន្ត្រី​មន្ទីរ​ទេសចរណ៍ រំពឹង​ថា ពេញ​មួយ​ឆ្នាំ​២០១៦ នេះ ខេត្ត​សៀមរាប អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៥​លាន​នាក់៕

សហគមន៍​នឹង​ឈប់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​បើ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​តំណាង


តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha



ក្រុម​សហគមន៍​ដែល​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ឬ Black Monday ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា នឹង​បញ្ឈប់​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទៀត ប្រសិន​បើ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា និង​អ្នកស្រី ទេព វន្នី ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ តាម​បែប​ព្រះពុទ្ធសាសនា ដែល​ធ្វើ​ឡើង​នៅ​តំបន់​បឹងកក់។

ការ​ប្រកាស​ថា​ឈប់​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ឬ Black Monday នេះ ធ្វើ​ឡើង​នៅ​មុខ​អ្នក​ចូលរួម​ប្រមាណ ៧០​នាក់​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន​៦ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ។

តំណាង​សហគមន៍​បឹងកក់ និង​ជា​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ លោកស្រី បូវ សោភា ថ្លែង​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ គឺ​រៀបចំ​ឡើង​ដោយសារ​តែ​ក្រុម​សហគមន៍​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ដាក់​ឃុំ​ជាដើម។ លោកស្រី​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។

លោកស្រី បូវ សោភា ថ្លែង​ថា៖ «យើង​មើល​ឃើញ​ហើយ​ថា កម្ដៅ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ថ្នាក់​ដឹកនាំ​ធំៗ​គាត់​បាន​ចាប់​ដៃ​គ្នា​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ហើយ ចឹង​គួរ​តែ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន។ ពួក​ខ្ញុំ​ចង់​បាន​សេរីភាព។ ពួក​ខ្ញុំ​ចង់​មាន​យុត្តិធម៌។ ពួក​ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​នៅ​តំបន់​បឹងកក់។ ពួក​ខ្ញុំ​អត់​ចង់​ពាក់ព័ន្ធ​ទៅ​លើ​រឿង​នយោបាយ ឬ​មួយ​ក៏​ចង់​ដណ្ដើម​តំណែង​របស់​បុគ្គល​ណា​មួយ ឬ​ក៏​ទាញ​បុគ្គល​ណា​មួយ​ធ្លាក់​ពី​លើ​កៅអី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ តែ​អ្នក​ទាំងអស់​ទេ​ដែល​ព្យាយាម​ទាញ​កៅអី​ខ្លួន​ឯង​ធ្លាក់។ ចឹង​នៅ​ក្នុង​សប្ដាហ៍​នេះ គឺ​ជា​សប្ដាហ៍​ចុង​ក្រោយ បើ​សិន​ជា​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី ក៏ដូចជា​សង្គម​ស៊ីវិល​នៅ​ក្នុង​សប្ដាហ៍​នេះ»។

នេះ​ជា​សប្ដាហ៍​ទី​៣ ហើយ​ដែល​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បាន​ងាក​មក​ធ្វើ​តាម​បែប​ព្រះពុទ្ធសាសនា។ អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បាន​និមន្ត​ព្រះសង្ឃ ដើម្បី​រៀបចំ​ពិធី​សូត្រ​មន្ត និង​សម្ដែង​ព្រះធម៌​ទេសនា​អំពី «សិទ្ធិ​មនុស្ស»។

ក្រៅ​ពី​ការ​សូត្រ​មន្ត និង​សម្ដែង​ព្រះធម៌​ទេសនា ក្រុម​សហគមន៍​ក៏​បាន​បង្ហាញ​សារ​តាម​រយៈ​ការ​បំភ្លឺ​ភ្លើង​ទៀន ដែល​តម្រៀប​ចេញ​ជា​អក្សរ «សេរីភាព»។ ពាក្យ «សេរីភាព» នេះ គឺ​ក្រុម​សហគមន៍​ចង់​បង្ហាញ​ទៅ​ដល់​រាជ​រដ្ឋាភិបាល ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សិទ្ធិ​សេរីភាព​មក​វិញ។

នៅ​កន្លែង​ដែល​ក្រុម​សហគមន៍​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ គេ​ឃើញ​មាន​អាជ្ញាធរ​ប្រមាណ ១០​នាក់ ដែល​ឈរ​ឃ្លាំ​មើល​ការ​ប្រារព្ធ​ពិធី​នោះ និង​កត់ត្រា​នូវ​អ្វី​ដែល​ក្រុម​សហគមន៍​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន។

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ អះអាង​ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​មាន​អាជ្ញាធរ​មក​ឃ្លាំ​មើល​ពួក​គេ​រាល់​ពេល​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នោះ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា អះអាង​ថា ប្រសិន​បើ​មិន​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​វិញ​នោះ​ទេ។ ក្រុម​សហគមន៍​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ជា​បន្ត​ទៀត ហើយ​និង​មិន​ធ្វើ​តែ​នៅ​ក្នុង​សហគមន៍​ដូច​រាល់​ដង​នោះ​ឡើយ៕

ការគំរាមកំហែង​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​​ត្រូវ​​​បានដាក់​​​បញ្ចូល​​​​​​ទៅ​​​ក្នុង​​​យុទ្ធនាការ​​​​​​ប្រឆាំងលោក កឹម សុខា

រូបថតកញ្ញា ធី សុវណ្ណថា បាញ់និងភ្ជង់កាំភ្លើងដែលត្រូវបាន ស្រី ចំរើន សកម្មជនគណបក្សប្រជាជនកម្ពុជាដូចគ្នាបង្ហោះលើទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ Facebook




ដោយលោកនាយករដ្ឋមន្ត្រីនៅតែស្ងាត់ស្ងៀមជុំវិញការអះអាងដែលថា លោកបានផ្តល់ប្រាក់១លានដុល្លារទៅឲ្យសកម្មជននយោ បាយដ៏វ័យក្មេងម្នាក់ដែលបានធ្វើយុទ្ធនាការប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិនោះ បក្ខពួករបស់នាងទំនងជាដាក់បញ្ចូលការគំរាមកំហែងដ៏ហិង្សានៅក្នុងយុទ្ធនាការរបស់ពួកគេកាលពីចុងសប្តាហ៍។

កញ្ញា ធី សុវណ្ណថា ដែលបានលេចធ្លោក្នុងនាមជាសកម្មជនតាមបណ្តាញទំនាក់ទំនងសង្គមដ៏វ័យក្មេងដោយសារគាំទ្រគណបក្សសង្គ្រោះជាតិអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣នោះ បានងាកមកវាយបកលើគណ បក្សនេះវិញកាលពីដើមឆ្នាំនេះស្របពេលមានការចោទប្រកាន់ថា លោក កឹម សុខា មាន រឿងស្នេហាលួចលាក់។ ដោយរួមដៃជាមួយអ្នកបង្កបញ្ហាមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ឈ្មោះ ស្រី ចំរើន កញ្ញា បានធ្វើយុទ្ធនាការទាមទារឲ្យលោក កឹម សុខា ចេញ មកនិយាយរឿងពិតបើពុំដូច្នេះទេ សូមចាកចេញពីឆាកនយោបាយ។

នៅក្នុងការសន្ទនាឆ្លងឆ្លើយគ្នាដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់កញ្ញា ធី  សុវណ្ណថា កាលពីចុងខែមុន បុរសម្នាក់ដែលគេហៅថា  “តា” បានសន្យាផ្តល់ប្រាក់១លានដុល្លារទៅឲ្យ “ចៅ” តាមរយៈ “ពូ ហូសុធី ” ជាឈ្មោះដែលសំដៅដល់ប្រធានខុទ្ទកាល័យរបស់លោក ហ៊ុន សែន ។ ខ្លឹមសារផ្សេងៗនៅក្នុងការសន្ទនាឆ្លើយឆ្លងគ្នានេះ ដែលជជែកគ្នាអំពីការធ្វើឲ្យថ្នាក់ដឹកនាំរបស់គណ បក្សសង្គ្រោះជាតិបែកបាក់គ្នានោះបានធ្វើឲ្យមានការសន្និដ្ឋានថា សារទាំងនេះដែលផ្ញើតាមកម្មវិធីឡាញ (LINE) គឺរវាងនាយករដ្ឋមន្ត្រី និងតារាបណ្តាញទំនាក់ទំនងសង្គមដ៏វ័យក្មេងរូបនេះ។

ទោះបីជាលោក ហ៊ុន សែន បានបង្ហាញពីភាពរសើបខ្លាំងចំពោះការអះអាងដែលធ្វើឲ្យលោកខូចឈ្មោះតាមបណ្តាញទំនាក់ទំនងសង្គមក៏ដោយ តែលោកមិនបាននិយាយអ្វីនោះទេអំពីការសន្ទនាឆ្លើយឆ្លងគ្នាដែលបែកធ្លាយនេះកាលពីសប្តាហ៍មុន ហើយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងម្តងទៀតកាលពីថ្ងៃសុក្រអំពីបញ្ហានេះនៅក្នុងសារធ្វីទធ័រមួយអមដោយរូបភាពផ្ទាំងនៃសារដែលសន្យាផ្តល់ប្រាក់១លានដុល្លារ។

លោកបាននិយាយទាក់ទងនឹងមេឃុំគណបក្សប្រឆាំងម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងផ្លូវច្បាប់ប្រឆាំងលោក កឹម  សុខាថា “លោក ស៊ាង ចែត មកពីគណបក្សសង្គ្រោះជាតិត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទសូកប៉ាន់ប្រាក់៥០០ដុល្លារ។ ហ៊ុន សែន ផ្តល់ប្រាក់១លានដុល្លារទៅឲ្យតារាហ្វេសប៊ុក ធី សុវណ្ណថា  ដើម្បីព្យាយាមឲ្យបំបែកបំបាក់គណបក្សសង្គ្រោះជាតិរបស់សម រង្ស៊ី”។

កាលពីថ្ងៃព្រហស្បតិ៍ សារគំរាមលោក  កឹម សុខា បានចាប់ផ្តើមលេចឡើងនៅលើទំព័រហ្វេសប៊ុករបស់ ស្រី ចំរើន បក្ខពួករបស់កញ្ញា ធី សុវណ្ណថា។ ការបង្ហោះទាំងនោះ រួម មានរូបភាពស្តីពីកាំភ្លើង និងកញ្ញា ធី  សុវណ្ណថា  កំពុងបាញ់កាំភ្លើងទាំងនេះអមសារព្រមាន។

សារមួយដែលបង្ហោះនៅថ្ងៃព្រហស្បតិ៍ស្តីពីរូបភាព កញ្ញា ធី សុវណ្ណថា កំពុងហ្វឹកហាត់បាញ់កាំភ្លើងខ្លីនោះមានខ្លឹមសារដូច្នេះថា “ខ្ញុំនឹងធ្វើបាតុកម្មទាមទារ កឹម សុខា សុំទោស ធី សុវណ្ណថា ជាសាធារណៈប្រសិន បើមិនដូច្នេះ?????”។

សារមួយទៀតដែលបង្ហោះកាលពីថ្ងៃសុក្រ អមដោយរូបភាពស្តីពីកាំភ្លើងវែង  កាំភ្លើងខ្លី និងអាវុធយុទ្ធភណ្ឌដែលដាក់នៅលើគ្រែមានខ្លឹមសារបន្តថា “កឹម សុខា ប្រយ័ត្នខ្លួន!!!!!”។

កញ្ញា ធី សុវណ្ណថា កំពុងគំរាមប្តឹងលោក  កឹម សុខា ប្រសិនបើលោកមិនសូមទោសចំពោះការអះអាងដែលចោទប្រកាន់មកលើរូបនាង ទោះបីវាជាការលើកឡើងក្នុងការសន្ទនាឯកជន ដែលមនុស្សជាច្រើនជឿថាត្រូវបានថតទុកដោយខុសច្បាប់ក៏ដោយ។

កញ្ញា ធី សុវណ្ណថា មិនអាចទាក់ទងបានទេ ហើយក៏មិនបានឆ្លើយតបចំពោះសារតាមហ្វេសប៊ុកដែលស្នើសុំឲ្យមានការឆ្លើយតបដែរ។សារមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់នាងកាលពីម្សិលមិញ ប្រាប់ប្រជាពលរដ្ឋកុំឲ្យជឿលើអ្វីដែលគេលើកឡើងអំពីនាងនិង ស្រី ចំរើន ដែលបដិសេធមិនធ្វើអត្ថា     ធិប្បាយអំពីសារគំរាមទាំងនេះពេលទាក់ទងតាមទូរស័ព្ទ។

លោក សម រង្ស៊ី បានលើកឡើងកាលពីម្សិលមិញថា សារផ្សេងៗដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមតំណាងឲ្យស្ទីលគ្រប់គ្រងរបស់លោក ហ៊ុន សែន ។

លោកបានលើកឡើងតាមអុីម៉េលមួយថា “លោក ហ៊ុន សែន តំណាងឲ្យស្តង់ដារពីរនៅក្នុងប្រទេសគ្មានច្បាប់ដែលរដ្ឋាភិបាលគ្រប់គ្រងតាមរយៈការគំរាមកំហែង និងសំណូក”។ លោកបានមានប្រសាសន៍ថា វាគ្មានប្រយោជន៍ទេក្នុងការពិភាក្សាអំពីបញ្ហានេះជាមួយអាជ្ញាធរកម្ពុជា។

លោក គៀត ច័ន្ទថារិទ្ធី អ្នកនាំពាក្យអគ្គ ស្នងការនគរបាលជាតិបាននិយាយថា លោកមិនបានដឹងអំពីការគំរាមលោក កឹម សុខានេះឡើយ។ ដោយបដិសេធមិនបញ្ជាក់ថា តើនគរបាលនឹងពិនិត្យការបង្ហោះទាំងនេះនៅលើទំព័រហ្វេសប៊ុករបស់ស្រី ចំរើន ឬក៏អត់នោះ លោបានមានប្រសាសន៍ថា “ជាធម្មតា ការគំរាមកំហែង និងពាក់ព័ន្ធការល្មើសច្បាប់សមត្ថកិច្ចតែងតែពិនិត្យហើយ”។

លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលដឹកនាំការសើុបអង្កេតលើខ្សែអាត់សំឡេងដែលគេអះអាងថាជារបស់លោក កឹម សុខា ព្រោះខ្សែអាត់សំឡេងទាំងនោះមាននិយាយអំពីការសន្យាផ្តល់ប្រាក់ និងអំណោយជាសម្ភារទៅឲ្យស្រីកំណាន់ម្នាក់នោះ បានលើកឡើងរួចហើយថា លោកគ្មានគម្រោងពិនិត្យការចោទប្រកាន់ ដែលថា លោក ហ៊ុន សែន បានសន្យាផ្តល់ប្រាក់ ១លានដុល្លារទៅឲ្យអ្នកដែលធ្វើការដោយសម្ងាត់ផ្នែកនយោបាយរូបនេះឡើយ។

ពេលថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃសុក្រ លោក ឱម យិុនទៀង បានលើកឡើងម្តងទៀតថា បញ្ហានេះនឹងមិនត្រូវបានសើុបអង្កេតទេ ហើយបានគំរាមអ្នកយកព័ត៌មានដែលបន្តសួរដដែលៗអំពីការសើុបអង្កេតលើលោក កឹម សុខា ។

លោកបានមានប្រសាសន៍ ”ទាំងអស់គ្នានៅតែនិយាយថា ខ្ញុំចាប់រឿងក្តិតអីរបស់គេ  តែរហូតអ៊ីចឹងវាអត់យុត្តិធម៌សម្រាប់ខ្ញុំទេ”។  លោកបានពន្យល់ថា អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនតែអ្នកមានជាប់ពាក់ព័ន្ធពីបទសូកប៉ាន់ដែលទាក់ទិននឹងរឿងអាស្រូវផ្លូវភេទប៉ុណ្ណោះ។

លោកបានប្រាប់អ្នកយកព័ត៌មានទៀតថា ”ប៉ុន្តែ ខ្ញុំអត់ឈឺក្បាលដដែល។តែបើអ្នកឯង មិនផ្តល់យុត្តិធម៌ឲ្យគ្នា ថ្ងៃក្រោយ អ្នកឯងមិនទទួលបានយុត្តិធម៌ខ្លួនឯងដែរ”។

លោកបានបន្ថែមទៀតថា ”អ៊ីចឹងរឿងបែកធ្លាយហ្នឹងពាក់ព័ន្ធស្អីហ្នឹងសមត្ថកិច្ចរបស់យើងខ្ញុំ”។

សារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ ធី សុវណ្ណថា ដែលត្រូវបានដកចេញវិញប៉ុន្តែ មុនពេលវាត្រូវបានចែករំលែកតៗគ្នាតាមបណ្តាញទំនាក់ទំនងសង្គមនោះ ទំនងជាបង្ហាញអំពីការសន្យាផ្តល់ប្រាក់ជាថ្នូរនឹងការតវ៉ាប្រឆាំងមេដឹកនាំគណបក្សប្រឆាំង។

សារមួយដែលគេអះអាងថាជារបស់ ធី សុវណ្ណថា នោះមានខ្លឹមសារថា “ពី មុនខ្ញុំចង់បំបែក សម រង្ស៊ី ពី កឹម សុខា ឲ្យបានជោគជ័យមុនឆ្នាំ២០១៨ ប៉ុន្តែខ្ញុំបានឃើញតាដកកឹម សុខា ចេញពីតំណែងហើយ។ ខ្ញុំបានឃើញមានឱកាសកាន់តែច្រើនឡើងៗក្នុងការបំបែកពួកគេទាំងពីរ”។

សារឆ្លើយតបមានខ្លឹមសារដូច្នេះថា “ពេលនេះឱកាសមានច្រើនជាងមុន។ ចៅអាចជំរុញការងារនេះមុនការកំណត់។ ដោយហេតុនេះ ទើបតាចង់ឲ្យចៅយកថវិកាទុកក្នុងដៃឲ្យហើយ”៕ស៊ុយឈាង

អ្នក​ច្បាប់៖ ចៅ​សង្កាត់​ព្រែកប្រា​វាយ​សន្តិសុខ​មិន​អាច​បញ្ចប់​ដោយ​ទូទាត់​សំណង​ទេ




យុវជន​ឈ្មោះ​មាស ដុំដី សន្តិសុខ​ក្នុង​បុរី​ម្នាក់​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sun Heng


អ្នក​ច្បាប់ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ដូច​គ្នា​ថា សំណុំ​រឿង​ចៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​វាយ​សន្តិសុខ​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់ រហូត​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស តុលាការ​ត្រូវ​ដោះស្រាយ​តាម​ច្បាប់​ចំពោះ​ជន​បង្ក បើ​ទោះ​ជា​ភាគី​ទាំង​ពីរ​បាន​ទូទាត់​ប្រាក់​សំណង ហើយ​គ្រួសារ​ជន​រងគ្រោះ​ថា​រឿង​នេះ​ចប់​ហើយ​ក្ដី។

អ្នក​ច្បាប់ និង​សិទ្ធិ​មនុស្ស​អះអាង​ថា បទល្មើស​ព្រហ្មទណ្ឌ មិន​អាច​ទូទាត់​សំណង​ជា​ប្រាក់ រួច​ហើយ​ថា​ចប់​សំណុំ​រឿង​នោះ​ឡើយ។

ករណី​ចៅ​សង្កាត់​ព្រែកប្រា វាយ​សន្តិសុខ​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​ជាង​មួយ​ខែ​មុន តុលាការ​ពុំ​ទាន់​សម្រេច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​ទេ ចំពោះ​ជន​ប្រព្រឹត្តិ រីឯ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​វិញ អះអាង​ថា ខ្លួន​បាន​ដក​បណ្ដឹង​ពី​តុលាការ​វិញ​ហើយ ក្រោយ​ទទួល​បាន​សំណង។

ទោះ​បី​ជា​បែប​នេះ​ក្ដី មេធាវី​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ហុង គឹមសួន លើក​ឡើង​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​នៃ​ការ​ប្រើ​ហិង្សា រហូត​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់ មិន​អាច​គិតគូរ​បញ្ចប់​រឿង​តាម​រយៈ​ការ​ទូទាត់​សំណង​ជា​ប្រាក់​ឡើយ ព្រោះ​ព្រះរាជអាជ្ញា​ត្រូវ​មាន​ភារកិច្ច​បន្ត​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ស្វែងរក​ខុស​ត្រូវ រួច​ហើយ​ត្រូវ​នាំ​ខ្លួន​ជន​បង្ក​មក​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ចំពោះ​មុខ​ច្បាប់។

លោក​មេធាវី​បន្ត​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ គ្រួសារ​ជន​រងគ្រោះ​គ្មាន​សិទ្ធិ​ដក​ពាក្យ​បណ្ដឹង​អាជ្ញា​ទេ ព្រោះ​ជា​បណ្ដឹង​របស់​ព្រះរាជអាជ្ញា​ដែល​តំណាង​ឲ្យ​រដ្ឋ៖ «បើ​និយាយ​តាម​គោលការណ៍​ច្បាប់ បទល្មើស​ព្រហ្មទណ្ឌ មិន​អាច​ចរចា​សង​លុយ ហើយ​ចប់​រឿង​ទេ...»។
លោក​មេធាវី​អះអាង​ថា គេ​ពុំ​អាច​ទុក​សំណុំ​រឿង​ចោល​បាន​ឡើយ ប៉ុន្តែ​គេ​អាច​ផ្អាក​បាន លុះត្រា​តែ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នោះ​មាន​ភាព​ស្មុគស្មាញ​ច្រើន។

កាល​ពី​ចុង​ខែ​តុលា ចៅ​សង្កាត់​ព្រែកប្រា ឈ្មោះ ហួរ ហួត បាន​វាយ​បុរស​សន្តិសុខ​ម្នាក់​របស់​បុរី​សម្បត្តិ មាន​ហេង ឈ្មោះ មាស ដុំដី បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ចំ​ក្បាល ក្រោយ​មក​ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក គ្រួសារ​បាន​សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម។

មក​ទល់​ពេល​នេះ គ្រួសារ​ជន​រងគ្រោះ​អះអាង​ថា យុវជន មាស ដុំដី បាន​ជា​សះស្បើយ​ហើយ ប៉ុន្តែ​ស្មារតី​មិន​ដូច​មុន​ទេ និង​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​វិញ​ដែរ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​វៀតណាម អះអាង​ថា យុវជន មាស ដុំដី បាន​រង​ប៉ះពាល់​ផ្នែក​សរសៃ​ប្រសាទ។

ម្ដាយ​យុវជន​រងគ្រោះ លោកស្រី អិន សុខា ថ្លែង​ប្រាប់​អាស៊ីសេរី​ថា កូន​របស់​លោកស្រី​ខុស​ប្លែក​ពី​ពេល​មុន ព្រោះ​នៅ​ពេល​លោកស្រី​បាន​ហៅ ឬ​ប្រើប្រាស់​ពាក្យ​សម្ដី​ធ្ងន់​ម្ដងៗ កូន​លោកស្រី​ឆាប់​ខឹង និង​ឆេវឆាវ​ខុស​ពី​ធម្មតា។ លោកស្រី​បន្ត​ថា គ្រួសារ​លោកស្រី​បាន​ដក​ពាក្យ​បណ្ដឹង​វិញ ក្រោយ​ភាគី​ចុង​ចោទ បាន​ផ្ដល់​សំណង​ចំនួន ៣​ពាន់​ដុល្លារ ហើយ​រាល់​ការ​ព្យាបាល គឺ​ម្ចាស់​បុរី​សម្បត្តិ មាន​ហេង ជា​អ្នក​ទទួល​ខុស​ត្រូវ។

ពាក់ព័ន្ធ​សំណុំ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​១២ ធ្នូ ថា តុលាការ​កំពុង​បន្ត​នីតិវិធី​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក​ចៅ​សង្កាត់​ព្រែកប្រា ហួរ ហួត ឲ្យ​ចូល​ខ្លួន​បំភ្លឺ ប៉ុន្តែ​ក្រោយ​មក សំណុំ​រឿង​នេះ​វិវឌ្ឍន៍​ដល់​ណា គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា យល់​ថា ជា​គោលការណ៍​ពាក់ព័ន្ធ​នឹង​ការ​ដក​បណ្ដឹង​ព្រហ្មទណ្ឌ គឺ​មាន​សិទ្ធិ​តែ​ព្រះរាជអាជ្ញា​តែ​មួយ​គត់។ លោក​ថា បើ​សិន​ជា​សំណុំ​ព្រហ្មទណ្ឌ មិន​ត្រូវ​បាន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទេ ដូច្នោះ​អ្នក​មាន​លុយ និង​អំណាច អាច​នាំ​គ្នា​ប្រើប្រាស់​ហិង្សា រួច​ហើយ​យក​លុយ​ទៅ​ដោះស្រាយ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​បញ្ហា​អយុត្តិធម៌ និង​អសន្តិសុខ​សង្គម កើត​ឡើង​អនាធិបតេយ្យ​ជាក់​ជា​មិន​ខាន៖ «សំណុំ​រឿង​ដទៃ​ទៀត ចាត់ការ​ប្រញាប់ប្រញាល់ ហេតុ​អ្វី​រឿង​ហ្នឹង​មិន​ចាត់ការ។ ខ្ញុំ​សង្ឃឹម​ថា ព្រះរាជអាជ្ញា​នឹង​ជំរុញ​សំណុំ​រឿង​នេះ​ឲ្យ​ដំណើរ​ការ...»។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា បើ​សិន​រាជ​រដ្ឋាភិបាល និង​តុលាការ​មិន​ចង់​ទទួល​បាន​ការ​រិះគន់​អាក្រក់​ពី​មហាជន ដូច្នោះ​ត្រូវ​ដោះស្រាយ​រឿង​ចៅ​សង្កាត់​ព្រែកប្រា វាយ​សន្តិសុខ​ឲ្យ​រង​របួស​ធ្ងន់​ឲ្យ​បាន​ឆាប់៕

ហ្វេសប៊ុក​មាន​រូប​កញ្ញា ធី សុវណ្ណថា បង្ហាញ​សារ​ព្រមាន​លោក កឹម សុខា


សារ​ព្រមាន​ដែល​អម​ដោយ​រូបថត​របស់​កញ្ញា ធី សុវណ្ណថា និង​កាំភ្លើង​មួយ​ចំនួន បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) មាន​ឈ្មោះ Thy Sovantha II នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot


អតីត​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​ងាក​មក​ជិតស្និទ្ធ​ជាមួយ​បក្ស​កាន់​អំណាច កញ្ញា ធី សុវណ្ណថា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​គំរាម​ឲ្យ​លោក កឹម សុខា ប្រុង​ប្រយ័ត្ន។ សារ​ព្រមាន​ដែល​អម​ដោយ​រូបថត​របស់​កញ្ញា ធី សុវណ្ណថា និង​កាំភ្លើង​មួយ​ចំនួន​ផង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កញ្ញា ធី សុវណ្ណថា កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ។

បើ​ទោះ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​លើកលែង​ទោស​ឲ្យ​មាន​សេរីភាព​រួច​ហើយ​ក្តី ប៉ុន្តែ​រឿងរ៉ាវ​របស់​លោក​នៅ​តែ​ត្រូវ​បាន​កញ្ញា ធី សុវណ្ណថា លើក​មក​និយាយ​ជា​ហូរហែ។

នៅ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស កញ្ញា ធី សុវណ្ណថា ដែល​គេ​ដឹង​ថា​បាន​ប្ដឹង​លោក កឹម សុខា ពី​បទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ដែល​សង្ស័យ​ថា​ជា​របស់​លោក កឹម សុខា នោះ បាន​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ កញ្ញា​នឹង​ប្ដឹង​លោក កឹម សុខា ទៅ​តុលាការ​ពី​បទ​ផ្សេង​ទៀត ដូចជា​បទ​បរិហារ​កេរ្តិ៍ ពេស្យាចារ ឬ​សូកប៉ាន់​សាក្សី​ជាដើម។ ទោះ​ជា​បែប​នេះ​ក្តី គេ​មិន​ឃើញ​លោក កឹម សុខា ឆ្លើយតប​ចំពោះ​ការ​ទាមទារ​របស់​កញ្ញា ធី សុវណ្ណថា នេះ​ឡើយ។


ក្រៅ​ពី​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​រូប​កញ្ញា ធី សុវណ្ណថា ជា​ម្ចាស់​គណនី បាន​សរសេរ​សារ​គំរាម​ឲ្យ​លោក កឹម សុខា ប្រុង​ប្រយ័ត្ន​វិញ​ម្តង។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ធ្នូ គេ​ឃើញ​មាន​សារ​ដែល​សរសេរ​ថា «សួស្តី កិម សុខា។ មាន​តែ​ពីរ​បី​ទេ កិម សុខា សូម​ប្រុង​ប្រយ័ត្ន»។

ការ​បញ្ចេញ​សារ​ហាក់​ជា​ការ​ព្រមាន​ដល់​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង លោក កឹម សុខា នេះ គឺ​ក្រោយ​ពេល​មាន​ការ​លេច​ធ្លាយ​នូវ​សារ​ជា​អក្សរ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​កញ្ញា ធី សុវណ្ណថា និង​សារ​ឆ្លើយឆ្លង​ជា​សំឡេង​ជាមួយ​កូន​លោក​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា។ ទោះ​ជា​យ៉ាង​ណា ចាប់​តាំង​ពី​មាន​ការ​បែក​ធ្លាយ​សារ​ឆ្លើយឆ្លង​ទាំងនេះ ទាំង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត និង​កញ្ញា ធី សុវណ្ណថា មិន​ឃើញ​បញ្ចេញ​ប្រតិកម្ម​ផ្លូវ​ការ​អ្វី​ឡើយ។

អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ធ្នូ ផ្ញើ​សារ​ទៅ​កាន់​ហ្វេសប៊ុក​កញ្ញា ធី សុវណ្ណថា និង​ទូរស័ព្ទ​ទៅ​កាន់​នាង ដើម្បី​សុំ​ការ​បញ្ជាក់​បំភ្លឺ​បន្ថែម​ជុំវិញ​ការ​ព្រមាន​លោក កឹម សុខា ថា​ពិត​ជា​សារ​គំរាម​របស់​នាង ឬ​យ៉ាង​ណា ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ឡើយ។

ក្រៅ​អំពី​សារ​ព្រមាន​លោក កឹម សុខា គេ​ក៏​ឃើញ​មាន​បង្ហោះ​រូប​កញ្ញា ធី សុវណ្ណថា កាន់​កាំភ្លើង​បាញ់ ព្រម​ទាំង​មាន​រូប​កាំភ្លើង​វែង និង​ខ្លី និង​គ្រាប់​មួយ​ចំនួន​ផង​ដែរ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១២ ធ្នូ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ដែរ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ គណនី​ហ្វេសប៊ុក (Facebook) ដែល​មាន​ឈ្មោះ​ថា ផែង វណ្ណៈ បាន​បង្ហោះ​សារ​គំរាម​សម្លាប់​លោក កឹម សុខា ដោយ​ភ្ជាប់​នូវ​រូបថត​កាំភ្លើង​ខ្លី និង​គ្រាប់​កាំភ្លើង​ចំនួន ៧​គ្រាប់ ក្នុង​នោះ​បាន​រៀបរាប់​ថា ទុក ៧​គ្រាប់​ឲ្យ​លោក កឹម សុខា។ គ្រាប់​ទី​១ បាញ់​យក​ដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​យក​ដៃ​ស្ដាំ គ្រាប់​ទី​៣ បាញ់​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​យក​ជើង​ស្តាំ គ្រាប់​ទី​៥ បាញ់​ពោះ គ្រាប់​ទី​៦ បាញ់​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឲ្យ​ចំ​ក្បាល។

ចំពោះ​ការ​ព្រមាន​លើ​លោក កឹម សុខា នៅ​ពេល​នេះ​វិញ ក៏​ដូច​ពេល​មុន​ដែរ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ហាក់​មិន​សង្ឃឹម​ឡើយ​ថា សមត្ថកិច្ច​នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​កញ្ញា ធី សុវណ្ណថា ព្រោះ​ពួក​គេ​យល់​ថា កញ្ញា ធី សុវណ្ណថា ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច ប៉ុន្តែ​ពួក​គេ​ថា ប្រសិន​បើ​ការ​គំរាម​ធ្វើ​លើ​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​វិញ អ្នក​សរសេរ​ប្រាកដ​ជា​មិន​រួច​ខ្លួន​ឡើយ៕

Sunday, December 11, 2016

ពលរដ្ឋ​ស្រុក​មេមត់​ចោទ​អាជ្ញាធរ​ថា​មិន​អើពើ​ករណី​ក្រុមហ៊ុន​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​ដឹក​កសិផល


ទីតាំង​ដី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ចំណុច​ឃុំ​ជាំក្រវៀន ជាប់​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ប្រជា​សហគមន៍​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided


ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចោទ​អាជ្ញាធរ​ឃុំ ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ពួក​គាត់​ឡើយ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន ម៉ែន សារុន ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ចម្ការ​របស់​ពួក​គាត់ ប៉ុន្តែ​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ទេ។ មេ​ឃុំ​ជាំក្រវៀន អះអាង​ថា បញ្ហា​នេះ​នឹង​អាច​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ។

ប្រជា​សហគមន៍​លើក​ឡើង​ថា ផលិតផល​កសិកម្ម​របស់​ពួក​គាត់​រួម​មាន ស្រូវ ពោត ដំឡូង ជាដើម កំពុង​ប្រឈម​ការ​ខូចខាត​ជា​បណ្ដើរៗ ហើយ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ វា​នឹង​ខូចខាត​កាន់​តែ​ច្រើន​ដោយសារ​មិន​មាន​ផ្លូវ​ដឹក​ជញ្ជូន​ចេញ​មក​ផ្ទះ​សម្បែង​បាន។

បញ្ហា​នេះ កើត​ឡើង​បន្ទាប់​ពី​ភាគី​ក្រុមហ៊ុន ម៉ែន សារុន បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ចម្ការ​របស់​ពលរដ្ឋ​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន បើ​ទោះ​បី​ជា​ប្រជា​សហគមន៍​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ក៏ដោយ។

ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន មួយ​រូប​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​និយាយ​ថា ស្រូវ​របស់​លោកស្រី​ជាច្រើន​ហិកតារ លោកស្រី​បាន​ច្រូត​កាត់​រួច​រាល់​តាំង​ពី​ខែ​វិច្ឆិកា ប៉ុន្តែ​ត្រូវ​រក្សា​ទុក​នៅ​ដី​ស្រែ​នោះ​រហូត​មក ពីព្រោះ​មិន​អាច​ដឹក​ជញ្ជូន​យក​មក​ផ្ទះ​បាន។ លោកស្រី​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​បាន​ទេ ស្រូវ​របស់​គាត់ និង​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត ព្រម​ទាំង​ដំណាំ​ដំឡូង អាច​ត្រូវ​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ​មិន​ខាន៖ «មិន​ដឹង​ធ្វើ​ម៉េច បាន​រាល់​ថ្ងៃ​នៅ​ស្ងៀម​ហ្នឹង ដឹក​មិន​ទាន់​ចេញ មួយៗ​នៅ​គ្រប់​គ្នា»។

តំណាង​សហគមន៍​ឃុំ​ជាំក្រវៀន លោក ផុន សុផល មាន​ប្រសាសន៍​ថា កំណាត់​ផ្លូវ​នៅ​ក្នុង​ក្រុមហ៊ុន ម៉ែន សារុន ចំនួន​បី​កន្លែង ត្រូវ​បាន​ក្រុមហ៊ុន​ជីក​ប្រឡាយ​កាត់​ផ្តាច់ គឺ​មាន​ទទឹង​ជាង ១​ម៉ែត្រ និង​ជម្រៅ​ជាង ១​ម៉ែត្រ។ លោក​ថា ក្រុមហ៊ុន​បាន​ជីក​កាត់​ផ្តាច់​កាល​ពី​ខែ​តុលា គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ដែល​ប្រើប្រាស់​ផ្លូវ​នោះ​ជា​ចាំបាច់​សម្រាប់​ដឹក​ផលិតផល​កសិកម្ម​របស់​ពួក​គាត់។ លោក​យល់​ថា អាជ្ញាធរ​ឃុំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​ឡើយ ម្យ៉ាង​ការ​ជីក​ផ្តាច់​ផ្លូវ​នេះ គឺ​ជា​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​តែ​ម្តង៖ «ក្រុមហ៊ុន​ធ្វើ​បែប​នេះ គឺ​ចង់​បំផ្លាញ ហើយ​ទី​មួយ​គឺ​ចង់​បំបាក់​មុខ​រាជ​រដ្ឋាភិបាល​តែ​ម្តង»។

កាល​ពី​ខែ​វិច្ឆិកា តំណាង​ប្រជាពលរដ្ឋ​ជិត ១០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ដោយ​រៀបរាប់​ថា ក្រុមហ៊ុន ម៉ែន សារុន នៅ​តែ​បន្ត​ជីក​ប្រឡាយ​ព័ទ្ធ​ដី​របស់​ពួក​គាត់​នៅ​ចំណុច​ទួល​គ្រោះ ហើយ​មួយ​ទៀត ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ចម្ការ​បាន។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ទៅ​តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បាន​ទេ​នៅ​ថ្ងៃ​ទី​១១ ធ្នូ។

យ៉ាង​នេះ​ក្តី កាល​ពី​ខែ​វិច្ឆិកា មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​ដែល​ក្រុមហ៊ុន​ជីក​ផ្តាច់​ផ្លូវ​នោះ​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​បាត់​ដំណឹង​សូន្យ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន បញ្ជាក់​ថា បញ្ហា​ទាំងនោះ​លោក​បាន​ដឹង​ហើយ ប៉ុន្តែ​ដោយសារ​លោក​រវល់​ពេក ទើប​មិន​ទាន់​បាន​ហៅ​ភាគី​ក្រុមហ៊ុន​ចូល​មក​ដោះស្រាយ។ តែ​យ៉ាង​ណា បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត៖ «បើ​និយាយ​ពី​រឿង​ត្រឹមត្រូវ គឺ​វា​មិន​ត្រឹមត្រូវ​ទេ»។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ម៉ែន សារុន ជាមួយ​ពលរដ្ឋ គឺ​កើត​ឡើង​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១៤។ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​សរសេរ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ដោយ​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី សម្រេច​ប្រគល់​ដី​ចំនួន​ជិត ២​ពាន់​ហិកតារ (១.៩៦០​ហិកតារ) ដែល​ជា​ដី​ពាក់ព័ន្ធ​ក្រុមហ៊ុន ម៉ែន សារុន ឲ្យ​ទៅ​ពលរដ្ឋ​ជាង ៦០០​គ្រួសារ (៦៤៣​គ្រួសារ) នៅ​ឃុំ​ជាំក្រវៀន ឃុំ​ទន្លូង ឃុំ​ចាន់មូល ឃុំ​រូង ឃុំ​ត្រមូង និង​ឃុំ​ជាំ ក្រោម​ទម្រង់​ដី​សម្បទាន​សង្គមកិច្ច។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដី​ទាំងនោះ​ជា​ផ្លូវ​ការ​ឡើយ ហើយ​ទំនាស់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ជា​អាទិភាព ពុំ​មែន​យក​ហេតុផល​រវល់​មក​ដោះសា​នោះ​ឡើយ៖ «ហើយ​គាត់​ឆ្លើយ​ថា​រវល់ អា​ហ្នឹង​វា​មិន​មែន​ជា​រឿង​មន្ត្រី​រាជការ​ទេ តែ​ជា​រឿង​ថៅកែ​ផ្សេង​ទេ ប៉ុន្តែ​បើ​មន្ត្រី​រាជការ​រវល់ គឺ​រវល់​រឿង​ប្រជាពលរដ្ឋ»។

លោក​យល់​ថា មូលហេតុ​ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​នេះ​មិន​អាច​ដោះស្រាយ​ចប់ ពីព្រោះ​អាជ្ញាធរ​មិន​ហ៊ាន​ដោះស្រាយ​ទេ ដោយ​ខ្លាច​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ខ្លួន។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន រាជ​រដ្ឋាភិបាល​ត្រូវ​ដក​មន្ត្រី​អាជ្ញាធរ​ណា​ដែល​អសកម្ម​ចោល​តែ​ម្តង ហើយ​ដាក់​អ្នក​ថ្មី​ដែល​ធានា​ថា​មិន​ជាប់​ពាក់ព័ន្ធ​ទំនាស់​ផល​ប្រយោជន៍​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន៕

ជនជាតិ​ដើម​ភាគតិច​១២​គ្រួសារ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​យុត្តិធម៌


ដើម​ច្បោះ ឬ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr
ដើម​ច្បោះ ឬ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr




អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​បញ្ជូន​ក្រុម​ការពារ​ពិសេស​ចុះ​ស្រាវជ្រាវ​វិវាទ​ដីធ្លី​នៅ​ឃុំ​អន្លង់ជ្រៃ និង​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ រវាង​ជនជាតិ​ដើម​ភាគតិច ១២​គ្រួសារ ជាមួយ​ពលរដ្ឋ​ចំណូល​ថ្មី។ ការ​ស៊ើប​អង្កេត​នេះ ក្រោយ​ពី​ជនជាតិ​ដើម​ភាគតិច​កួយ ១២​គ្រួសារ បាន​ប្ដឹង​ពលរដ្ឋ​ចំណូល​ថ្មី​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ពួក​គាត់​រាប់​រយ​ដើម។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង សន្យា​ថា​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ១២​គ្រួសារ​ដោយ​យុត្តិធម៌ ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​នៅ​មូលដ្ឋាន និង​សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ ព្រម​ទាំង​ឯកសារ​ពាក់ព័ន្ធ​នានា​ទាក់ទិន​វិវាទ​ដីធ្លី​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ធ្នូ ថា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​ទាក់ទិន​ជម្លោះ​ដីធ្លី​នេះ កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ។ លោក​បញ្ជាក់​ថា ក្រោយ​ពី​ស៊ើប​អង្កេត​បញ្ហា​នេះ​រួច​រាល់ អាជ្ញាធរ​ខែត្រ​នឹង​ពិចារណា​បញ្ហា​នេះ ព្រម​ទាំង​រាយការណ៍​ករណី​នេះ​ជូន​ថ្នាក់​ដឹកនាំ​ខែត្រ។ លោក​បន្ត​ថា ជំហរ​សំខាន់​របស់​អាជ្ញាធរ​ខែត្រ ប្រសិន​បើ​រក​ឃើញ​ថា នៅ​តំបន់​នោះ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ធ្ងន់ធ្ងរ អាជ្ញាធរ​ខែត្រ​អាច​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ផ្ទាល់​នៅ​មូលដ្ឋាន។ លោក​បញ្ជាក់​ថា រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ទាក់ទិន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ការ​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ៖ «រាល់​កិច្ច​ការងារ​ទាំងអស់​របស់​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​អាជ្ញាធរ​ខែត្រ យើង​ត្រូវ​តែ​ដោះស្រាយ​ដោយ​យុត្តិធម៌ ប៉ុន្តែ​យើង​ត្រូវ​ពឹង​ផ្អែក​លើ​ទិន្នន័យ​ជាក់ស្តែង ទើប​យើង​អាច​ធ្វើ​ការ​វិនិច្ឆ័យ​បាន»។

ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

ជនជាតិ​ដើម​ភាគតិច​កួយ ១២​គ្រួសារ បាន​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​សាលា​ខែត្រ​ស្ទឹងត្រែង ចំនួន ៣​លើក គឺ​កាល​ពី​ឆ្នាំ​២០១៤ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦។ ខ្លឹមសារ​ពាក្យ​បណ្ដឹង​នោះ​សរសេរ​ថា សុំ​ឲ្យ​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ​ដោយ​យុត្តិធម៌ ករណី​ក្រុម​គ្រួសារ​លោក សន សូត្រ បាន​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជាង ៣០០​ដើម ដើម្បី​យក​ដី​ប្រើប្រាស់​ជា​កម្មសិទ្ធិ​បុគ្គល កាល​ពី​ឆ្នាំ​២០១៣។ លើស​ពី​នេះ ពួក​គេ​ទាមទារ​ឲ្យ​មាន​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ ដោយ​ផ្តល់​សំណង​ដើម​ច្បោះ ឬ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​មួយ​ដើម​តម្លៃ ១​លាន​រៀល ឬ​ប្រគល់​ដី​ដែល​ពួក​គាត់​ធ្លាប់​ដង​ជ័រ​ទឹក​នៅ​តំបន់​នោះ​ជាង ២០​ហិកតារ ជូន​ជនជាតិ​ដើម​ភាគតិច​វិញ។

ទាក់ទិន​បញ្ហា​នេះ​ដែរ តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ ១២​គ្រួសារ លោកស្រី ចាន់ សុខា ចោទ​ប្រកាន់​ថា ក្រុម​គ្រួសារ​លោក សន សូត្រ និង​លោក សូត្រ សឿន ដែល​ជា​ពលរដ្ឋ​ចំណូល​ថ្មី​មក​ពី​ខែត្រ​កំពង់ចាម ថា​មាន​មហិច្ឆតា​បំពាន​ដី​ព្រៃ​ច្បោះ ឬ​ដើម​ឈើ​ជ័រ​ទឹក ឋិត​នៅ​ឃុំ​សំអាង ជាប់​ព្រំប្រទល់​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ហើយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ នៅ​តែ​បន្ត​កាប់​បំផ្លាញ​ជិត ១០​ដើម​បន្ថែម​ទៀត។ លោកស្រី​ត្អូញ​ថា ដើម​ផលិត​ជ័រ​ទឹក​របស់​ពួក​គាត់​ត្រូវ​គេ​កាប់​បំផ្លាញ​ចោល បង្ក​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច​ធ្ងន់ធ្ងរ ខណៈ​ដើម​ឈើ​ទាំងនោះ​ជាង ៣០០​ដើម អាច​មាន​លទ្ធភាព​ជួយ​សម្រាល​ជីវភាព​អ្នក​ភូមិ​ច្រើន​គ្រួសារ​តាំង​ពី​ដើម​មក។ ក្នុង​មួយ​ខែ ពួក​គេ​អាច​ដង​ជ័រ​ទឹក​បាន​រាប់​រយ​កាន (ក្នុង​មួយ​កាន​មាន ៣០​លីត្រ) ហើយ​ក្នុង​មួយ​កាន​ពួក​គេ​អាច​លក់​បាន ៣​ម៉ឺន​រៀល​ទៅ ៤​ម៉ឺន​រៀល៖ «ក្រុម​ការពារ​ចុះ​ទៅ​វា​រត់​អស់ ហើយ​ពេល​ហៅ​មក​វា​ថា​វា​កាប់​យក​ស្វា។ ខ្ញុំ​ថា​កាប់​យក​ស្វា​របៀប​ម៉េច អស់​រាប់​រយ​ដើម។ អា​លុយ​គេ​ឲ្យ​អា​ដោះស្រាយ ក៏​គេ​មិន​ដោះ​រាល់​ថ្ងៃ​នេះ ចឹង​បាន​ថា​ពួក​ខ្ញុំ​រង​ទុក្ខ​លំបាក​រហូត។ គេ​នៅ​តែ​បើក​ដៃ​ឲ្យ​ពួក​វា​កាប់​រហូត​ទាល់​តែ​អស់​ព្រៃ​ច្បោះ​ហ្នឹង»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​ករណី​នេះ​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ហាក់​ដូចជា​យឺតយ៉ាវ។ ភាព​យឺតយ៉ាវ​នេះ បង្ក​ឲ្យ​ភាគី​ម្ខាង​ដែល​ជា​ពលរដ្ឋ​ចំណាក​ស្រុក នៅ​តែ​បន្ត​កាប់​ទន្ទ្រាន​ដី​ព្រៃ​ពង្រីក​ផ្ទៃដី​ធ្វើ​កសិកម្ម និង​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​ជា​បន្តបន្ទាប់ ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ច្បាប់។ លោក​ផ្តល់​ទស្សនៈ​ថា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ត្រូវ​ប្រកាន់​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌ ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ជនជាតិ​ដើម​ភាគតិច​ដែល​រងគ្រោះ​ដោយ​ការ​បាត់បង់​ធនធាន​ធម្មជាតិ៖ «សំណូមពរ​ទៅ​លោក​អភិបាល​ខែត្រ និង​ស្ថាប័ន​អយ្យការ មេត្តា​ពង្រឹង​ឲ្យ​បាន​មែនទែន​ទៅ​លើ​ផ្លូវ​ច្បាប់​ហ្នឹង។ អ្វី​ដែល​ជា​ច្បាប់ យើង​គោរព​ច្បាប់​ទាំងអស់​គ្នា​ឲ្យ​បាន​ស្មើ​ភាព​គ្នា​ទៅ»។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ មន្ត្រី​ជំនាញ រួម​ទាំង​អាជ្ញាធរ​ស្រុក បាន​កោះ​ប្រជុំ​ភាគី​ទំនាស់ គឺ​ពលរដ្ឋ​ចំណាក​ស្រុក និង​ជនជាតិ​ដើម​ភាគតិច ១២​គ្រួសារ សម្របសម្រួល​ដោយ​តម្រូវ​ឲ្យ​ចែក​ដី​គ្នា​ធ្វើ​កសិកម្ម ក៏ប៉ុន្តែ​ភាគី​ខាង​ពលរដ្ឋ​ចំណាក​ស្រុក មិន​យល់ព្រម។

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​វត្តមាន​ពលរដ្ឋ​ចំណាក​ស្រុក​រាប់​ពាន់​គ្រួសារ​មក​ពី​ខែត្រ​កំពង់ចាម និង​ខែត្រ​ត្បូងឃ្មុំ មក​តាំង​ទីលំនៅ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ តាំង​ពី​ឆ្នាំ​២០១២ រហូត​មក ដី​ព្រៃ​ឈើ និង​ដី​ព្រៃ​អភិរក្ស​របស់​សហគមន៍ ត្រូវ​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​អស់​រាប់​ម៉ឺន​ហិកតារ ជាពិសេស​គឺ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​រាប់​ពាន់​ដើម ត្រូវ​បាន​កាប់​បំផ្លាញ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម និង​ធ្វើ​អាជីវកម្ម។

ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ គឺ​រស់​អាស្រ័យ​អនុផល​ព្រៃ​ឈើ ដូចជា​ការ​រក​វល្លិ ផ្ដៅ បន្លែ ផ្លែ​ឈើ​ព្រៃ ដង​ជ័រ និង​ប្រមាញ់​សត្វ ជាដើម៕