Sunday, December 18, 2016

កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​កើន​៥%​រយៈពេល​១១​ខែ​ក្នុង​ឆ្នាំ​២០១៦


ប្រជា​កសិករ​លើក​ស្រូវ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ម្ដុំ​មុខ​សាលាឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ការ​នាំ​ចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ១១​ខែ​ដើម​ឆ្នាំ​២០១៦ បាន​ជាង ៤៧​ម៉ឺន​តោន។ របាយការណ៍​របស់​ក្រសួង​កសិកម្ម បង្ហាញ​ថា បរិមាណ​នាំ​ចេញ​នេះ គឺ​កើន​ឡើង ៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​យល់​ថា ចំនួន​នេះ​នៅ​តែ​តិចតួច​នៅ​ឡើយ និង​នៅ​តែ​ប៉ះពាល់​ដល់​ការ​វិនិយោគ ប៉ះពាល់​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ ព្រម​ទាំង​កសិករ។

ថ្វីត្បិតតែ​វិស័យ​ស្រូវ​អង្ករ​ជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា ក្តី តែ​វិស័យ​មួយ​នេះ​នៅ​តែ​មិន​ទាន់​រីក​លូតលាស់​ធំធាត់​ដូច​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជា ឡើយ ជាពិសេស​បរិមាណ​នាំ​ចេញ​អង្ករ​នៅ​តែ​មាន​គម្លាត​ឆ្ងាយ​នៅ​ឡើយ​ពី​ទិសដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ថា នៅ​រយៈពេល ១១​ខែ​ឆ្នាំ​២០១៦ នេះ កម្ពុជា នាំ​ចេញ​អង្ករ​បាន​ជាង ៤៧​ម៉ឺន​តោន (៤៧៩.៦៨៩​តោន) គឺ​កើន​ឡើង ៥% លើស​បរិមាណ​នាំ​ចេញ​រយៈពេល ១១​ខែ​ដើម​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​ជាង ៤៥​ម៉ឺន​តោន (៤៥៦.៩១៧​តោន) គឺ​កើន​ជាង ២​ម៉ឺន​តោន (២២.៧៧២​តោន) បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។

របាយការណ៍​នេះ​ក៏​បញ្ជាក់​ទៀត​ថា ក្នុង​រយៈពេល ១១​ខែ​ដើម​ឆ្នាំ​នេះ មាន​ការ​នាំ​ចេញ​ទៅ​កាន់​ទិសដៅ​ចំនួន ៦៤​ប្រទេស តាម​រយៈ​ក្រុមហ៊ុន​ចំនួន​៨៣។ ក្នុង​ចំណោម​ទិសដៅ​នាំ​ចេញ​ទាំងនោះ ឃើញ​មាន​កំណើន​ខ្ពស់​បំផុត​ក្នុង​លំដាប់​លេខ​១ គឺ​ប្រទេស​ចិន លេខ​២ ប្រទេស​បារាំង លេខ​៣ ប្រទេស​ប៉ូឡូញ លេខ​៤ ប្រទេស​ម៉ាឡេស៊ី និង​លេខ​៥ បែលហ្ស៊ិក (Belgium)។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​កើន​ឡើង​នេះ។ ប៉ុន្តែ​លោក​ថា បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​តែ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ និង​ប៉ះពាល់​ដល់​ជីវភាព​កសិករ​ដែល​ពុំ​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ជាដើម។

លោក​ក៏​ព្យាករ​ថា វិស័យ​ស្រូវ​អង្ករ​នឹង​ជួប​ហានិភ័យ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​មិន​ធូរស្រាល។ លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផ្តល់​បច្ចេកទេស និង​ទីផ្សារ​ជូន​កសិករ៖ «រដ្ឋាភិបាល​ត្រូវ​តែ​បញ្ជូន​មន្ត្រី​ជំនាញ ឬ​ធនធាន​មនុស្ស​ផ្នែក​កសិកម្ម ផ្តល់​ប្រាក់​ខែ​សមរម្យ​ទៅ​បង្រៀន​កសិករ​ឲ្យ​កសិករ​ចេះ​ផលិត ចេះ​សហការ អា​ហ្នឹង​ហើយ​វា​ជា​គន្លឹះ​សំខាន់​ជួយ​កសិករ​កម្ពុជា និង​សង្គ្រោះ​ដល់​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ការ​នាំ​ចេញ។ មិន​តែ​ប៉ុណ្ណោះ វា​ជួយ​ឲ្យ​កសិករ​លុប​បំបាត់​បំណុល​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ»។

របាយការណ៍​ស្ដីពី​បញ្ហា​ប្រឈម​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា របស់​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ធ្លាប់​ឲ្យ​ដឹង​ថា ក្រៅ​ពី​បញ្ហា​ខ្ចី​បុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយ​អត្រា​ការប្រាក់​ខ្ពស់​នេះ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម បញ្ហា​ទិន្នផល​ផលិតកម្ម​ទាប ថ្លៃ​ដើម​ផលិតកម្ម​ខ្ពស់ បញ្ហា​ខ្វះខាត​ទឹក ការ​ជ្រើសរើស​ពូជ​ត្រឹមត្រូវ ថ្លៃ​អគ្គិសនី​ខ្ពស់ ខ្វះខាត​កម្លាំង​ពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ខ្ពស់ កំពង់ផែ​នាំ​ចេញ​នៅ​ឆ្ងាយ​ពី​ប្រភព​ផលិតកម្ម ជាដើម។

រដ្ឋាភិបាល​តែងតែ​សន្យា​ថា នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​ទាំង​បរិមាណ និង​គុណភាព ដូចជា​ផ្តល់​ឥណទាន​ដែល​មាន​ការប្រាក់​អនុគ្រោះ​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ ស្វែងរក​ពូជ​ស្រូវ​ល្អៗ បង្កើន​ឃ្លាំង​ស្តុក​ស្រូវ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ។ លើស​ពី​នេះ សន្យា​ថា​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ទីផ្សារ ព្រម​ទាំង​អនុគ្រោះ​ពន្ធ​លើ​តម្លៃ​បន្ថែម​នៃ​ការ​នាំ​ចូល​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​វិស័យ​កសិកម្ម​បាន​ទេ បើ​សិន​គ្រាន់​តែ​ប្រកាស​ជួយ តែ​មិន​មាន​សកម្មភាព​នោះ។

កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​ដាក់​គោលដៅ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​គោល​នយោបាយ​នេះ រដ្ឋាភិបាល​បាន​បរាជ័យ ហើយ​ជាក់ស្ដែង កម្ពុជា នាំ​អង្ករ​ចេញ​បាន​សម្រេច​តែ ៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ៕

សង្គម​ស៊ីវិល​ស្នើ​រក្សា​ទុក​ផ្លូវ​កៅស៊ូ​ដែល​បន្សល់​ពី​សង្គម​រាស្ត្រ​និយម​នៅ​ខេត្ត​ព្រះសីហនុ




គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ប្រប​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ ក្រោម​រូបភាព​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម បាន​រិះគន់​ថា ស្នាព្រះហស្ត​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ស្នាដៃ​នានា​ដែល​ប្រមុខ​ដឹកនាំ​ជំនាន់​មុន​បន្សល់​ទុក ត្រូវ​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ឃុបឃិត​បំផ្លាញ​ភស្តុតាង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន។

សកម្មភាព​បំផ្លាញ​សមិទ្ធផល​ដែល​ថ្នាក់​ដឹកនាំ​ជំនាន់​មុន​បន្សល់​ទុក​នា​មូលដ្ឋាន​នេះ បាន​រង​ការ​រិះគន់​ពី​សាធារណជន​មួយ​ចំនួន ពិសេស​ក្រុម​យុវជន​ដែល​ចូល​ទៅ​ទស្សនា​តាម​តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ នៅ​មុន​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ខាង​មុខ។

មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន បាន​បន្ត​រិះគន់​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​បម្រើ​ការងារ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ដែល​បាន​ឃុបឃិត​បំផ្លាញ​សមិទ្ធផល និង​ទីតាំង​សម្គាល់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​មួយ​ចំនួន ដែល​អតីត​ថ្នាក់​ដឹកនាំ​គ្រប់​ជំនាន់​បន្សល់​ទុក ដើម្បី​បំផ្លាញ​ភស្តុតាង និង​បម្រើ​ឲ្យ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ថា ស្នាដៃ​ផ្សេងៗ​ដែល​សម័យ​សង្គម​រាស្ត្រ​និយម​បន្សល់​ទុក​មាន​ដូចជា ថ្នល់​ក្រាល​កៅស៊ូ​នៅ​ប្រប​ឆ្នេរ​អូរឈើទាល ទល់​មុខ​វិមាន​លំហែ​កាយ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដំណាក់ស្ដេច ត្រូវ​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ និង​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ជាដើម បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឈ្មួញ​ធ្វើ​កម្មសិទ្ធិ​ឯកជន​ទាំង​ស្រុង។ អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ ផ្លូវ​ក្រាល​កៅស៊ូ​ដែល​បន្សល់​ទុក​ពី​ជំនាន់​សម្ដេច​ព្រះ នរោត្តម សីហនុ ដឹកនាំ គឺ​ត្រូវ​គ្រឿងចក្រ​ឈូស​កម្ទេច​ចោល​តឹកតាង​ទាំង​ស្រុង និង​បាន​ហ៊ុមព័ទ្ធ​របង​រឹងមាំ​មិន​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ និង​មនុស្ស​ដើរ​ឆ្លង​កាត់​ទេ។

ជាង​នេះ​ទៀត ភ្នំ​ដំណាក់ស្ដេច ដែល​មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរឈើទាល ក៏​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ភ្នំ​ប៉ុល​សារឿន ហើយ​រាល់​ថ្ងៃ​នេះ ត្រូវ​គេ​ហៅ​ពេញៗ​មាត់​ថា ភ្នំ​ប៉ុល​សារឿនៗ​ថែម​ទៀត។

ត្រង់​ចំណុច​នេះ អ្នកស្រី សុធារី បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជួយ​ទប់ស្កាត់​សកម្មភាព​ឃុបឃិត​បំផ្លាញ​សមិទ្ធផល​នានា​ដែល​ថ្នាក់​ដឹកនាំ​ជំនាន់​មុន ឬ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​កសាង ឬ​បន្សល់​ទុក ឲ្យ​បាន​គង់វង្ស​ទុក​សម្រាប់​ជា​មរតក និង​កេរ​ដំណែល​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់ និង​ចងចាំ​នូវ​ស្នាដៃ​ទាំងនោះ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​សង្កត់​ធ្ងន់​ថា ស្នាដៃ ឬ​ស្នាព្រះហស្ត​របស់​ថ្នាក់​ដឹកនាំ​គ្រប់​ជំនាន់​បន្សល់​ទុក គួរ​ត្រូវ​ថ្នាក់​ដឹកនាំ​បន្ត​វេន រួម​គ្នា​ថែរក្សា និង​អភិរក្ស​ឲ្យ​គង់វង្ស ជា​ជាង​ឃុបឃិត​បំផ្លាញ​ភស្តុតាង​ក្រោម​រូបភាព​ផ្សេងៗ ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ដូច​គ្នា​ដែរ សាធារណជន ពិសេស​ក្រុម​យុវជន​ដែល​បាន​ចូល​មក​ទស្សនា​តាម​តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ បាន​រិះគន់​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក ស្បោង សារ៉ាត់ និង​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក សូ សុខ ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​រួម​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ថ្នល់​ក្រាល​កៅស៊ូ បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដើម្បី​ផ្តល់​ដី​ទីតាំង​នេះ​ជូន​ក្រុមហ៊ុន សុខា អូតែល (Sokha Hotel)។

ក្រុម​យុវជន​ទាំងនោះ​បាន​ថ្កោលទោស​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​ទាំងឡាយ​ណា​ដែល​គ្មាន​ឆន្ទៈ​បម្រើ​ជាតិ​ពិត​ប្រាកដ ហើយ​យក​តួនាទី​ទៅ​បំផ្លាញ​សមិទ្ធផល​នានា និង​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ។

យុវជន​មួយ​ក្រុម​ដែល​បាន​ដើរ​កម្សាន្ត​តាម​ឆ្នេរ​អូរឈើទាល បាន​រិះគន់​រដ្ឋបាល​ខេត្ត​នេះ ដែល​អនុញ្ញាត​ឲ្យ​បុគ្គល ឬ​ក្រុមហ៊ុន​ហ៊ុមព័ទ្ធ​របង​រឹងមាំ​បិទ​ឆ្នេរ​សមុទ្រ​នានា មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់​ជាច្រើន​ទីតាំង ក្នុង​នោះ​មាន​ចុង​ឆ្នេរ​អូរឈើទាល ជាដើម។

ផ្លូវ​ឆ្នេរ​អូរឈើទាល ព្រះសីហនុ ២០១៦ ៨៥៥ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ប្រប​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea 
បញ្ហា​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ទស្សនៈ​ថា ស្នាដៃ​ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​បន្សល់​ទុក គួរ​ត្រូវ​ថ្នាក់​ដឹកនាំ​បន្ត​វេន​ជួយ​ថែរក្សា និង​អភិរក្ស​កែលំអ​ឲ្យ​គង់វង្ស ដោយ​មិន​ត្រូវ​បំផ្លាញ​វត្ថុ​តាង​ទាំងនោះ​ចោល​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​សង្កេត​ឃើញ​គ្រឿងចក្រ​ឈូស​ថ្នល់​ក្រាល​កៅស៊ូ​ដែល​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ មាន​ទីតាំង​នៅ​តាម​ប្រប​ឆ្នេរ​អូរឈើទាល ត្រូវ​គេ​ជីក​កាយ​យក​អាចម៍​ដី​បំផ្លាញ​ស្ទើរ​បាត់​ភស្តុតាង​ទាំង​ស្រុង​មក​ទល់​ពេល​នេះ៖ «ពាក់ព័ន្ធ​ផ្លូវ​ជាតិ​ក្រាល​កៅស៊ូ ដែល​សាងសង់​ដោយ​សម្ដេច​តា នរោត្តម សីហនុ គឺ​ចាប់​ពី​មុខ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​ចុង​ឆ្នេរ​អូរឈើទាល គឺ​ផ្លូវ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ត្រង់​ដី​ក្រុមហ៊ុន សុខា អូតែល ដោយ​បាន​បិទ​របង ហើយ​បាន​ឈូស​ឆាយ​កាយ​ថ្នល់​ក្រាល​កៅស៊ូ​នេះ​មួយ​ចំនួន។ សកម្មភាព​នេះ​ខ្ញុំ​យល់​ថា ជា​ការ​បំផ្លាញ​នូវ​ស្នាដៃ​របស់​អ្នក​ដឹកនាំ​ជំនាន់​មុន ធ្វើ​ឲ្យ​បាត់បង់​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ការ​សម្គាល់​នូវ​ការ​រីក​ចម្រើន​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម»។

ជាង​នេះ​ទៀត លោក ប៊ួន ណារិទ្ធិ ក៏​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ត្រូវ​មាន​វិធានការ​ទៅ​លើ​ការ​ប៉ុនប៉ង​ប្ដូរ​ឈ្មោះ​ទីតាំង​ប្រវត្តិសាស្ត្រ ដី​ភ្នំ និង​ដី​កោះ​ជាដើម​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​រក្សា​ឈ្មោះ​ដើម ព្រោះ​តាម​ការ​សង្កេត​រាល់​ថ្ងៃ​នេះ មាន​ដី​កោះ ភ្នំ និង​តំបន់​ឆ្នេរ​មួយ​ចំនួន ត្រូវ​គេ​ប្ដូរ​ឈ្មោះ​ទៅ​ប្រើ​ភាសា​បរទេស បំបាត់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ជា​បន្តបន្ទាប់​មាន​ដូចជា ឆ្នេរ​កោះ​សំពោច ត្រូវ​គេ​ប្ដូរ​ហៅ​ទៅ​ជា​ឆ្នេរ​សមុទ្រ​ចិន និង​កោះ​អូន​កោះ​បង ត្រូវ​គេ​ហៅ​ជា​ភាសា​ថៃ ថា កោះ​ភីណង ជាដើម៖ «សូម​ស្នើ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​លោក​មេត្តា​ជួយ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ជា​កេរ​ដំណែល​របស់​សម្ដេច​តា នរោត្តម សីហនុ ចាប់​ពី​មុខ​ផ្ទះ​សម្ដេច រហូត​ដល់​ចុង​ឆ្នេរ​អូរឈើទាល ត្រង់​ដំណាក់​ស្ដេច ភ្ជាប់​ទៅ​ឆ្នេរ​អូរត្រេះ ឲ្យ​បាន​ល្អ​ដូច​ពី​ដើម​វិញ»។

រាល់​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​ក្រុម​យុវជន​ដែល​ចូល​ទៅ​ទស្សនា​តាម​តំបន់​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ បាន​បន្ត​រិះគន់​រដ្ឋាភិបាល​ដែល​គ្មាន​លទ្ធភាព​ជួយ​ថែរក្សា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​អតីត​ព្រះមហាក្សត្រ​បន្សល់​ទុក ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន​បំផ្លាញ​ចោល​ទៅ​វិញ។

ពួក​គេ​បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​ឃើញ​សកម្មភាព​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល ឈាន​ដល់​បំផ្លាញ​ថ្នល់​ក្រាល​កៅស៊ូ​ទាំង​ស្រុង​របស់​អតីត​ព្រះមហាក្សត្រ បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរឈើទាល ភ្ជាប់​ពី​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ទល់​មុខ​វិមាន​លំហែ​កាយ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ត្រូវ​គ្រឿងចក្រ​ឈូស​កម្ទេច​ចោល​ភស្តុតាង។

កាល​ពី​ដើម​ខែ​ឧសភា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​តាម​រថភ្លើង​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ លោក​បាន​រំឭក​ពី​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ផ្លូវ​រថភ្លើង មាន​ខ្លឹមសារ​ថា «ផឹក​ទឹក​ត្រូវ​នឹក​ដល់​ប្រភព ទទួល​ទាន​ផ្លែ​ឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ។ កូន​ចៅ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ចងចាំ និង​ដឹង​គុណ​ចំពោះ​ស្នាព្រះហស្ត​អតីត​ព្រះ​មហា​វីរក្សត្រ​កម្ពុជា សម្ដេច​ឪ សម្ដេច​តា សម្ដេច​តា​ទួត​នៃ​យើង ដែល​បាន​កសាង​ផ្លូវ​ដែក​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ ដែល​បាន​បន្សល់​ទុក​ឲ្យ​កម្ពុជា ប្រើប្រាស់​មក​ទល់​សព្វថ្ងៃ​នេះ»។

ត្រង់​ចំណុច​នេះ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក គាំទ្រ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ធានា​ថែរក្សា និង​អភិរក្ស​នូវ​សមិទ្ធផល​នានា​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ បន្សល់​ទុក​ឲ្យ​គង់វង្ស។ ព្រម​គ្នា​នេះ អ្នកស្រី សុធារី ក៏​សំណូមពរ​ជា​ថ្មី​ម្តង​ទៀត​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ពិចារណា​ថែរក្សា​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម ដូច​ប្រមុខ​ដឹកនាំ​បាន​ជួយ​ថែរក្សា និង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ដូច​គ្នា​ដែរ៕

សហគមន៍​ជម្លោះ​ដីធ្លី​នឹង​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទាមទារ​ដោះលែង​មនុស្ស​៦​នា


សហគមន៍​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​តំបន់​បឹងកក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ អះអាង​ថា ពួក​គេ​នឹង​បញ្ឈប់​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទៀត ប្រសិន​បើ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា និង​អ្នកស្រី ទេព វន្នី ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព។ ការ​អះអាង​នេះ ខណៈ​ដែល​ពួក​គេ​គ្រោង​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៣ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ដែល​ធ្វើ​ឡើង​នៅ​តំបន់​បឹងកក់។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​សប្ដាហ៍​ទី​៣៣ នេះ គឺ​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា និង​សហគមន៍​បឹងកក់ នឹង​ប្រារព្ធ​ពិធី​ដោយ​មាន​រូបភាព​ខុស​កាល​ពី​សប្ដាហ៍​មុនៗ ដោយ​ពួក​គេ​រៀបចំ​ធ្វើ​នៅ​សហគមន៍​របស់​ពួក​គេ​រៀងៗ​ខ្លួន ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​សកម្មជន​បឹងកក់ ព្រម​ទាំង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ថា ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ធ្នូ នៅ​តំបន់​បឹងកក់។ លោកស្រី​បន្ថែម​ថា ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៣ នេះ ពួក​គាត់​នឹង​លើក​រូបថត​អ្នក​ជាប់​ឃុំ និង​ដោះ​អាវ​ពណ៌​ខ្មៅ​ចេញ ដែល​ជា​សញ្ញា​បញ្ជាក់​ថា ពួក​គេ​នឹង​បញ្ឈប់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទៀត​ហើយ ប្រសិន​បើ​រដ្ឋាភិបាល​ដោះលែង​តំណាង​របស់​ពួក​គេ​មួយ​រូប គឺ​អ្នកស្រី ទេព វន្នី និង​មន្ត្រី​សង្គម​ស៊ីវិល ៤​រូប ព្រម​ទាំង​មន្ត្រី គ.ជ.ប លោក នី ចរិយា ឲ្យ​មាន​សេរីភាព​វិញ​នោះ៖ «»។

លោកស្រី បូវ សោភា បញ្ជាក់​ថា ការ​ប្រកាស​បញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ ដោយសារ​ពួក​គាត់​រំពឹង​ថា រដ្ឋាភិបាល​នឹង​អាច​ដោះលែង​អ្នក​ទាំង ៦​នាក់​នោះ​វិញ បន្ទាប់​ពី​ស្ថានភាព​នយោបាយ​មិន​សូវ​តានតឹង​ដូច​មុន និង​មាន​ការ​សន្យា​ដោះស្រាយ​បញ្ហា​នេះ​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ៖ «»។

ចំណែក​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា​វិញ ក៏​នឹង​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដែរ ប៉ុន្តែ​មិន​មាន​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន បញ្ជាក់​ថា ទោះ​លំបាក​យ៉ាង​ណា ក៏​លោកស្រី​មិន​ព្រម​បោះបង់ ឬ​បញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ឡើយ។ លោកស្រី​ព្រម​ឈប់ ប្រសិន​បើ​រដ្ឋាភិបាល​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ពួក​គាត់។

រីឯ​ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​សកម្មជន​ដីធ្លី ដូច្នេះ​វា​មិន​មែន​ជា​ចលនា​បដិវត្តន៍​ពណ៌​ទេ គឺ​ជា​ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​វិញ ដែល​គេ​យល់​ថា​អ្នក​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ខុស។

លោក អំ សំអាត រំពឹង​ថា រដ្ឋាភិបាល និង​តុលាការ នឹង​ពិចារណា​ដោះលែង​អ្នក​ជាប់​ឃុំ​ឃាំង​ទាំងអស់​វិញ ព្រោះ​ថា​បើ​មិន​ដោះលែង​ទេ នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ នឹង​អាច​កក្រើក​ឡើង​វិញ ហើយ​រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​រង​ការ​រិះគន់​ខ្លាំងៗ៖ «»។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា អះអាង​ថា ប្រសិន​បើ​មិន​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​វិញ​នោះ​ទេ ក្រុម​សហគមន៍​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ជា​បន្ត​ទៀត ហើយ​និង​មិន​ធ្វើ​តែ​នៅ​ក្នុង​សហគមន៍​ដូច​រាល់​ដង​នោះ​ឡើយ៕

ក្រុម​អ្នក​អភិរក្ស​សិល្បៈ​បុរាណ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ល្ខោន​យីកេ

កម្មវិធី​មូលនិធិ​ក្ដី​សង្ឃឹម​នៃ​អ្នក​អភិរក្ស​ល្ខោន​យីកេ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rach Vingur


ក្រុម​អភិរក្ស​សិល្បៈ​បុរាណ​ខ្មែរ​ព្រួយ​បារម្ភ​ថា ល្ខោន​យីកេ​ដែល​មាន​តាំង​ពី​ដូនតា អាច​នឹង​ត្រូវ​បាត់បង់ ឬ​ក៏​ត្រូវ​បាន​ប្រទេស​ជិត​ខាង​ដណ្ដើម​យក ប្រសិន​បើ​នៅ​តែ​មិន​មាន​ការ​ចូលរួម​គាំទ្រ​ល្ខោន​ប្រភេទ​នេះ។ ការ​ព្រួយ​បារម្ភ​នេះ ព្រោះ​ក្រុម​អភិរក្ស​បញ្ជាក់​ថា មិន​ត្រឹម​តែ​គ្មាន​អ្នក​គាំទ្រ​ទេ សូម្បី​អ្នក​ចង់​អភិរក្ស​ល្ខោន​យីកេ ក៏​ពុំ​សូវ​សម្បូរ​ដែរ។

ក្រុម​អភិរក្ស​សិល្បៈ​បុរាណ​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​អាច​រក​មធ្យោបាយ​ជួយ​ស្រោចស្រង់​ល្ខោន​យីកេ ឲ្យ​ទទួល​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ទេ ល្ខោន​មួយ​នេះ​នឹង​ត្រូវ​បាត់បង់​ជាក់​ជា​មិន​ខាន។

គ្រូ​ផ្នែក​យីកេ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ លោក កើត ថារ៉ាន់ លើក​ឡើង​ថា រយៈពេល​ចុង​ក្រោយ ពុំ​មាន​សិស្ស​និស្សិត​និយម​ទៅ​សិក្សា​រៀនសូត្រ​ការ​សម្ដែង​ល្ខោន​យីកេ​ឡើយ រីឯ​អ្នក​កំពុង​សិក្សា​ល្ខោន​នេះ​វិញ ក៏​នាំ​គ្នា​ឈប់​បណ្ដើរៗ​ដែរ។ លោកគ្រូ​ថា មាន​បញ្ហា​ជាច្រើន​បាន​ជំរុញ​ឲ្យ​ល្ខោន​យីកេ​ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ និង​គាំទ្រ​ដូច​មុន ព្រោះ​អ្នក​ទៅ​រៀន​ល្ខោន​នេះ​ភាគច្រើន ជា​កូន​អ្នក​ក្រីក្រ ហើយ​នៅ​ពេល​ពួក​គេ​បញ្ចប់​ការ​សិក្សា មិន​សង្ឃឹម​ទទួល​បាន​ការងារ​ធ្វើ​សមរម្យ​ឡើយ។ ម្យ៉ាង​វិញ​ទៀត បើ​ពឹង​លើ​ល្ខោន​យីកេ​ដែល​មិន​សូវ​មាន​ប្រជាប្រិយភាព​នេះ គឺ​មិន​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ជីវភាព​ធូរធារ​នោះ​ទេ៖ «កន្លង​មក​អ្នក​រៀន​ហើយ អត់​មាន​ការងារ​ធ្វើ និង​ពុំ​សូវ​មាន​ការ​សម្ដែង ដូច្នោះ​អ្នក​ខ្លះ​ត្រូវ​ទៅ​រក​ការងារ​ផ្សេង​ធ្វើ ដូច្នោះ​វា​ឲ្យ​បែក​ក្រុម»។

លោកគ្រូ កើត ថារ៉ាន់ ព្រួយ​បារម្ភ​ថា ល្ខោន​យីកេ​នឹង​ត្រូវ​បាត់បង់។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​មូលនិធិ​ក្ដី​សង្ឃឹម​នៃ​អ្នក​អភិរក្ស​ល្ខោន​យីកេ ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ធ្នូ ក្រោម​ការ​ផ្ដួចផ្ដើម​ពី​សភា​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ​នេះ។ កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ភាគច្រើន​ជា​សិស្ស​និស្សិត និង​គ្រូបង្រៀន​រាប់​រយ​នេះ គឺ​ក្នុង​គោល​បំណង​រៃអង្គាស​ថវិកា​ជួយ​ទៅ​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​ល្ខោន​យីកេ នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ខណៈ​ពួក​គេ​កំពុង​ជួប​ភាព​ខ្វះខាត​ជាច្រើន។

លោកគ្រូ កើត ថារ៉ាន់ ចង់​ឲ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ចំពោះ​សិស្ស​និស្សិត​ដែល​រៀន​ល្ខោន​យីកេ តាម​រយៈ​ផ្ដល់​ជា​ថវិកា អាហារ និង​កន្លែង​ស្នាក់នៅ​សមរម្យ​ជាដើម។ ជាមួយ​គ្នា​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដូចជា​ទូរទស្សន៍ វិទ្យុ ឬ​កាសែត គួរ​ចុះ​ផ្សាយ​ឲ្យ​បាន​ច្រើន​ទាក់ទង​នឹង​ការ​សម្ដែង​ល្ខោន​យីកេ ទៅ​កាន់​មហាជន។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​អប់រំ គួរ​បញ្ចូល​កម្មវិធី​សិក្សា​ផ្នែក​ល្ខោន​យីកេ ចាប់​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​ឧត្តម ហើយ​បើ​សិន​ជា​មាន​សិស្ស​និស្សិត​ណា​ដែល​បញ្ចប់​ការ​សិក្សា​ល្ខោន​យីកេ គួរ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ក្លាយ​ជា​គ្រូ​យីកេ ដែល​បង្រៀន​តាម​សាលា​រដ្ឋ។

លោកគ្រូ​ផ្នែក​យីកេ​រូប​នេះ​យល់​ថា ការ​ធ្វើ​ដូចនេះ អាច​ជា​វិធីសាស្ត្រ​ល្អ ដើម្បី​អភិរក្ស​ល្ខោន​យីកេ​ឲ្យ​បន្ត​គង់វង្ស​ទៅ​ថ្ងៃ​អនាគត។

ការ​សម្ដែង​ល្ខោន​យីកេ គឺ​គេ​លើក​យក​រឿង​មក​សម្ដែង ហើយ​ភាគច្រើន​គឺ​មាន​លក្ខណៈ​អប់រំ។ ល្ខោន​យីកេ​អាច​សម្ដែង​តាម​ពិធី​បុណ្យ​សាសនា​នានា ដូចជា​ពិធី​បុណ្យ​កថិន បុណ្យ​បច្ច័យ​បួន ឬ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ ជាដើម រីឯ​ការ​សម្ដែង​ទៀតសោត គឺ​ទាមទារ​តួអង្គ​ប្រហែល ៥០​នា​ក់។

ល្ខោន​យីកេ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ល្ខោន​ដទៃ​ទៀត​ដែរ តែ​យីកេ​ខុស​ត្រង់​ថា តួអង្គ​ជា​អ្នក​សម្ដែង​ផង រាំ​ផង និង​ច្រៀង​ផង​ប៉ុណ្ណោះ។

ប្រធាន​សភា​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក ង៉ែត សុខឡា យល់​ថា បើ​សិន​ជា​មាន​ការ​គាំទ្រ​ពេញលេញ​ពី​រដ្ឋាភិបាល ល្ខោន​យីកេ​មិន​បាត់បង់​នោះ​ទេ។ ប៉ុន្តែ​លោក​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ គួរ​នាំ​គ្នា​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​វប្បធម៌ និង​អរិយធម៌​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ ជាក់ស្ដែង​ដូចជា​កេរ​ដំណែល​ល្ខោន​យីកេ ជាដើម ដើម្បី​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​ដូនតា​មួយ​នេះ​បន្ត​ទៅ​កាន់​ខ្មែរ​ក្រោយៗ​ទៀត៖ «សូម្បី​តែ​យើង​នាំ​គ្នា​ច្រៀង​ល្ខោន​យីកេ និង​និយាយ​ថា​យីកេ ក៏​អាច​ចូលរួម​ថែរក្សា​ល្ខោន​យីកេ​ដែរ»។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ទទួល​ស្គាល់​ថា សិស្ស​ដែល​មក​រៀន​ល្ខោន​យីកេ​ក្នុង​សាលា​មធ្យម​វិចិត្រ​សិល្បៈ គឺ​មាន​ចំនួន​ថយ​ចុះ និង​ជួប​ភាព​លំបាក​មែន ប៉ុន្តែ​ក្រសួង​បាន​សម្រួល​ឲ្យ​ពួក​គេ​អាច​ស្នាក់នៅ​ក្នុង​សាលា ចំណែក​ការ​ផ្គត់ផ្គង់​អាហារ​ជាដើម គឺ​ក្រសួង​ពុំ​មាន​លទ្ធភាព​ផ្ដល់​ឲ្យ​ឡើយ៖ «អ្វី​ដែល​ក្រសួង​ធ្វើ​បាន គឺ​ផ្ដល់​កន្លែង​ស្នាក់នៅ​ឲ្យ​កូន​សិស្ស​នៅ​សាលា»។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ បញ្ជាក់​ថា ទោះ​ជា​យ៉ាង​ណា​ក្ដី ល្ខោន​យីកេ​នៅ​តាម​ទី​ជនបទ នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​នៅ​ឡើយ ហើយ​រយៈពេល​កន្លង​មក ក្រសួង​តែងតែ​បញ្ជូន​គ្រូ​ជំនាញ​ដើម្បី​ហ្វឹកហាត់ និង​ពន្យល់​បន្ថែម​ទៅ​ដល់​ក្រុម​សិល្បៈ​ល្ខោន​យីកេ​ទាំងនោះ៕

Saturday, December 17, 2016

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​យល់​ព្រម​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ភ្នំ​ដោះ​ក្រមុំ


គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដែល​អាជ្ញាធរ​កាត់​ទុក​សម្រាប់​សាងសង់​វិទ្យាស្ថាន​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេង​កាត ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal



សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ក្រុង និង​ស្រុក​ចំនួន​៥ នៅ​ខេត្ត​មណ្ឌលគិរី រួម​ទាំង​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ ដើម្បី​អភិរក្ស​ភ្នំ​នេះ​ទុក​ជា​តំបន់​បូជនីយដ្ឋាន​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច និង​ជា​សម្បត្តិ​វប្បធម៌​នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស។

លក្ខខណ្ឌ​ទាំង ៦​ចំណុច ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​សហគមន៍ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ភាគី​ពាក់ព័ន្ធ​រួម​មាន​ដី​តំបន់​ដោះ​ក្រមុំ ត្រូវ​សុំ​ចុះ​បញ្ជី​ជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ និង​ជា​ទុក​ជា​តំបន់​បូជនីយដ្ឋាន​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច។ ការ​ធ្វើ​ផ្លូវ និង​របង​ហ៊ុមព័ទ្ធ​បរិវេណ​តំបន់​បូជនីយដ្ឋាន។ រាល់​ការ​អភិវឌ្ឍ​នានា នៅ​តំបន់​នេះ​ត្រូវ​មាន​ការ​ចូល​រួម​សម្រេច​ពី​សហគមន៍។ រៀបចំ​បង្កើត​គណៈកម្មការ​សហគមន៍​ថ្មី​ឡើង​វិញ និង​បើក​ទីស្នាក់ការ​សហគមន៍​ព្នង ខេត្ត​មណ្ឌលគិរី។

តំណាង​សហគមន៍​ព្នង​ប្រចាំ​ស្រុក និង​ក្រុង​សរុប​៥ នៅ​​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា សហគមន៍​យល់​ព្រម​កាត់​ចេញ​ដី​ប្រមាណ ៨០​អារ ប្រគល់​ទៅ​ឲ្យ​មន្ទីរ​ចំនួន​៤ ប្រើប្រាស់​ជា​កម្មសិទ្ធិ​រដ្ឋ​ចំណែក​អាជ្ញាធរ​បាន​សម្រេច​កាត់​ចេញ​ដី​ដែល​ប្រជាពលរដ្ឋ ១១​គ្រួសារ​ និង​ដី​មួយ​ផ្នែក​របស់​មន្ត្រី​ប៉ូលិស​ដែល​បាន​ធ្វើ​របង​ចូល​បរិវេណ​ដី​ភ្នំ​ដាក់​បញ្ជូន​ជា​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ​វិញ។

លោក​ថា ការ​ព្រមព្រៀង​គ្នា​នេះ​តំណាង​សហគមន៍​បី​នាក់ បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្នុង​កិច្ច​ប្រជុំ​​សម្របសម្រួល​នៅ​សាលា​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ៖ «អ្វី​ដែល​យើង​បាន​ជជែក យើង​ត្រូវ​បញ្ចប់​បញ្ហា​ទាំង​អស់​ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​ចាប់​ដៃ​ជាមួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រសើរ»។

ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំង​នៅ​កណ្ដាល​ក្រុង​សែនមនោរម្យ ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ខេត្ត​មណ្ឌលគិរី។ កាល​ពី​ឆ្នាំ​២០០៤ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​ចាត់​ទុក​តំបន់​ភ្នំ​នេះ​ជា​មជ្ឈមណ្ឌល​​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​មាន​ទំហំ​ដី​ជាង ១០២​ហិកតារ។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី លោក ស្រី ទូច បញ្ជាក់​ដែរ​ថា ក្រសួង​វប្បធម៌ និង​ធ្វើ​របាយការណ៍​ស្ដីពី​កិច្ច​ព្រមព្រៀង​ជាមួយ​សហគមន៍​នេះ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​សុំ​ការ​សម្រេច​មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ។ លោក​បន្ត​ថា ភ្នំ​ដោះ​ក្រមុំ នឹង​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ជា​សារមន្ទីរ​ជាតិ​ពន្ធុ​វិទ្យា​ដើម្បី​រក្សា​នូវ​ស្នាដៃ​សិល្បៈ​សិប្បកម្ម និង​វត្ថុ​បូរាណ​របស់​ជនជាតិ​ដើម​ភាគ​តិច​រួម​ទាំង​កសាង​ផ្ទះ​ស្នាក់​នៅ​គំរូ ជនជាតិ​ដើម​ភាគ​តិច​បង្ហាញ​ពី​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច៖ «លទ្ធផល​ដែល​បាន​ឯកភាព​គ្នា​ដាក់​ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​ស្នើ​សុំ​កាត់​ដី​ទៅ​នាយករដ្ឋមន្ត្រី ពីព្រោះ​អា​ហ្នឹង​ទាក់ទង ស.ជ.ណ។ បើ​សិន​នាយករដ្ឋមន្ត្រី​គាត់​ឯកភាព​ទៅ​លើ​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​បាន​លទ្ធផល ហើយ​បាន​យើង​ចុះ​វាស់វែង​ឡើង​វិញ»។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នានា នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ បន្ទាប់​ពី​សហគមន៍​កាល​ពី​ខែ​សីហា នាំ​គ្នា​តវ៉ា​ទៅ​នឹង​ការ​ឈូស​ឆាយ​ដី​តំបន់​ភ្នំ​ដើម្បី​រៀបចំ​គម្រោង​សាងសង់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ស្រាវជ្រាវ​រ៉ែ និង​ថាមពល និង​ប្រេងកាត​លើក​ដំបូង​នៅ​ក្នុង​ខេត្ត​ដាច់​​ស្រយាល​មួយ​នេះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា សាទរ​ចំពោះ​កិច្ច​​ព្រមព្រៀង​រវាង​សហគមន៍ និង​អាជ្ញាធរ​ថា ជា​កិច្ច​សហការ​ល្អ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​តំបន់​ភ្នំ​នេះ។ លោក​កត់សំគាល់​ថា ភ្នំ​ដោះ​ក្រមុំ ដោះ​ក្រមុំ​ក្រៅ​ពី​ជា​តំបន់​បូជនីយកិច្ច​របស់​ជន​ជាតិ​ដើម​ភាគតិច​ភ្នំ​នេះ ក៏​ជា​តំបន់​ទេសចរណ៍​មាន​ប្រជាប្រិយភាព​ហេតុ​នេះ​សហគមន៍ និង​មន្ទីរ​វប្បធម៌​ត្រូវ​រួម​គ្នា​រៀបចំ​តំបន់​នេះ​ឡើង​វិញ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត៖ «ដែល​គាត់​ថា ទុក​ដី​ភ្នំ​ដោះក្រមុំ ទុក​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ជា​ទី​សក្ការៈ​បូជា​ដែល​ហៅ​ថា សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍​មិន​យក​ទៅ​លក់​ដូរ​មិន​យក​ទៅ​ជា​កម្មសិទ្ធិ​ឯកជន យើង​គាំទ្រ​ចំពោះ​ការ​ដក​ហូត​ដី​មក​ទុក​វិញ»។

តួលេខ​ប៉ាន់​ប្រមាណ​របស់​សហគមន៍​បច្ចុប្បន្ន​ផ្ទៃដី​ភ្នំ​ដោះ​ក្រមុំ នៅ​សល់​ជាង ៧០​ហិកតារ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ អង្គភាព​ទឹក​ស្អាត មន្ទីរ​មុខ​ងារ​សាធារណៈ មន្ទីរ​រ៉ែ និង​ថាមពល រួម​ទាំង​ស្ថានីយ​ទូរទស្សន៍​ឯកជន​បាយ័ន ចូល​ទៅ​តាំង​លំនៅ និង​បោះ​ទីតាំង​នៅ​ទី​នោះ៕

ក្រុម​គ្រូពេទ្យ​ចុះ​ពិនិត្យ​វះកាត់​ជំងឺ​ភ្នែក​និង​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ឥត​គិត​ថ្លៃ


គ្រូពេទ្យ​ជំនាញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សហការ​ជាមួយ​គ្រូពេទ្យ​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea


រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រកាស​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ ឲ្យ​មក​ទទួល​យក​សេវា​ពិនិត្យ ព្យាបាល វះកាត់ ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ និង​ជំងឺ​ទូទៅ​ដទៃ​ទៀត​ពី​គ្រូពេទ្យ​វេជ្ជសាស្ត្រ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​ម៉ាឡេស៊ី នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាន់​ពេល​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ។ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មាន​អ្នក​ជំងឺ​ភ្នែក​រាប់​រយ​នាក់ បាន​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល និង​វះកាត់​នៅ​ថ្ងៃ​ដំបូង​នេះ។

​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក​វេជ្ជបណ្ឌិត សេង ណុង មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​មក​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ ដុះ​កន្ទុយថ្លែន ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ពិនិត្យ​រោគ​ស្ត្រី ពិនិត្យ​អេកូសាស្ត្រ និង​ចែក​វ៉ែនតា​ជូន​ប្រជាពលរដ្ឋ មិន​គិត​លុយ​នា​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។ កម្មវិធី​នេះ​មាន​រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ។

​លោក​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​ទទួល​ពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក​ជូន​ពលរដ្ឋ​ដោយ​គ្រូពេទ្យ​ប្រមុខ​ដឹក​នាំ និង​គ្រូពេទ្យ​មក​ពី​ប្រទេស​ម៉ាឡេស៊ី អាច​មាន​ចំនួន​ពលរដ្ឋ​មក​ទទួល​សេវា​នេះ ចន្លោះ​ពី ១៥០ ទៅ ២០០​នាក់ មក​ទទួល​សេវា​នេះ។ ក្នុង​នោះ​វះកាត់​ជំងឺ​ភ្នែក​អាច​មាន​ចំនួន ៥០​នាក់។

លោក​វេជ្ជបណ្ឌិត សេង ណុង ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ​ដែល​មាន​ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ និង​ជំងឺ​ទូទៅ ត្រូវ​រួសរាន់​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បាន​ទាន់​ពេល​វេលា៖ «ឃើញ​មាន​ប្រជាជន​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ មាន​ចំនួន​ច្រើន និង​បង្ហាញ​ទឹក​មុខ​សប្បាយ​រីករាយ​គ្រប់ៗ​គ្នា។ ខាង​ក្រុម​គ្រូពេទ្យ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ហ្នឹង គេ​វះកាត់​ជំងឺ​ភ្នែក​មាន​ម៉ាស៊ីន​ចំនួន​២ ហើយ​បាន​ធ្វើ​ការ​វះកាត់​ម្តង​អ្នក​ជំងឺ​ចូល ២​នាក់ និង​មាន​ការ​វះកាត់​លឿន។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ទាំង​អ្នក​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជិត​ខាង សូម​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ឲ្យ​បាន​គ្រប់​គ្នា។ ជាង​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ បើ​ពលរដ្ឋ​ណា​មាន​បញ្ហា​ជំងឺ​ទូទៅ ត្រូវ​រួសរាន់​មក​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រមុខ​ដឹកនាំ ជួយ​ពិនិត្យ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ ដើម្បី​កុំ​ជំងឺ​ហ្នឹង​ធ្ងន់ធ្ងរ។ ដូច្នេះ​ត្រូវ​រូតរះ​មក​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា»។

​ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​ធ្នូ នា​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គេ​ឃើញ​សកម្មភាព​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រូពេទ្យ​ពី​ប្រទេស​ម៉ាឡេស៊ី និង​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​មមាញឹក​ក្នុង​ការងារ​ទទួល​ពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​រាប់​រយ​នាក់ ដោយ​បង្ហាញ​ទឹក​មុខ​រួសរាយ​រាក់ទាក់។ បញ្ហា​នេះ​ដែរ ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក ពី​គ្រូពេទ្យ​ជំនាញ​របស់​ប្រមុខ​ដឹក​នាំ​មិន​គិត​ថ្លៃ បាន​បង្ហាញ​អារម្មណ៍​រីករាយ​គ្រប់ៗ​គ្នា។ ជាង​នេះ អ្នក​ជំងឺ​ទាំង​នោះ​ក៏​បាន​ស្នើ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ទាំង​នេះ​ឲ្យ​បន្ត​សកម្មភាព​ចុះ​ពិនិត្យ​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ ដូច​គ្នា​នេះ​ឲ្យ​បាន​ញឹកញាប់ យ៉ាង​ហោច​ឲ្យ​បាន ១​ខែ​ម្ដង ឬ ៣​ខែ​ម្ដង។

តាម​កម្មវិធី ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក្រុម​គ្រូពេទ្យ​ជំនាញ​ត្រូវ​ពិនិត្យ​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ និង​ដុះ​កន្ទុយថ្លែន​ចំនួន ១៥០​នាក់។ ក្នុង​នោះ ពិនិត្យ​ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ពិនិត្យ​រោគ​ស្ត្រី ពិនិត្យ​អេកូសាស្ត្រ​ប្រមាណ​ជាង ១.២០០​នាក់ និង​ចែក​វ៉ែនតា​ជូន​ពលរដ្ឋ​ចំនួន ៣០០​នាក់៕

កម្មករ​ប្រមាណ​៥០​នាក់​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ទាមទារ​ដោះលែង​តៃកុង​ឡាន​២​នាក់


កម្មករ​រោងចក្រ​ឈរ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តៃកុង​ឡាន ២​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha



កម្មករ កម្មការិនី​រោងចក្រ​នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០​នាក់ បាន​អម​ដំណើរ​តៃកុង​ឡាន​របស់​ខ្លួន​ពីរ​នាក់ ដើម្បី​ចូល​បំភ្លឺ​ករណី​ប្រើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត។ កម្មករ​ដែល​មក​ពី​រោងចក្រ​ខេន ស្ពត (Can Sport) និង​រោងចក្រ​ជិន យី (Chin Yi) បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ដឹង​ថា តៃកុង​ឡាន​ត្រូវ​ឃាត់​ខ្លួន។

តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កម្មករ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា ពួកគេ​អាច​នឹង​ត្រឡប់​មក​តុលាការ ឬ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​ម្ដង​ទៀត ដើម្បី​ចង់​ដឹង​ពី​ចំណាត់​ការ​របស់​សមត្ថកិច្ច​មក​លើ​តៃកុង​ឡាន​របស់​ខ្លួន។ កម្មករ​ថា តៃកុង​ឡាន​ជា​ជន​រងគ្រោះ​ត្រូវ​គ្រួសារ​ជនជាតិ​ចាម​បង្ក​រឿង​មុន ហើយ​វាយ​ដំ បែរ​ជា​សមត្ថកិច្ច​ឃាត់​ខ្លួន​ទៅ​វិញ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​រោងចក្រ​ជា​ច្រើន​ទៀត​ដែល​ឈរ​នៅ​ក្បែរ​របង​តុលាការ កញ្ញា មាស ភានី មាន​ប្រសាសន៍​ថា រូប​នាង និង​មិត្ត​រួម​ការងារ​ដទៃ​ទៀត​មិន​ត្រូវ​ជា​សាច់​ឈាម​អ្វី​នឹង​តៃកុង​ឡាន​នោះ​ទេ ប៉ុន្តែ​ពួកគេ​អាណិត​តៃកុង​ឡាន​ដែល​ត្រូវ​គ្រួសារ​ជនជាតិ​ចាម ប្ដឹង​ចោទ​ប្រកាន់ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ព្យាយាម​ចាប់​ខ្លួន​គាត់​កំពុង​បើក​ឡាន​ដឹក​កម្មករ​រយៈ​ពេល​ច្រើន​ថ្ងៃ​ហើយ៖ «គាត់​ជា​ជន​ស្លូត​ត្រង់ ត្រូវ​ជនជាតិ​ចាម មួលបង្កាច់​ធ្វើ​បាប​គាត់! អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​បំភ្លឺ​ក្នុង​រឿង​ក្ដី​នេះ។ ទាំង​បី​នាក់​បង​ប្អូន ត្រូវ​គេ​វាយ​ឡើង​កប់​ទឹក ចង់​សម្លាប់​គាត់​ចោល ឈ្លោះ​គ្នា​ពីរ​បី​ម៉ាត់​ក៏​ខាង​កូន​ចាម ទាញ​កាំបិត ទាញ​ដំបង ដេញ​កាប់ ដេញ​វាយ​ពួកគាត់ ហើយ​ពួកគាត់​រត់​ប្រតាយប្រតប់​គ្នា​ធ្លាក់​ចូល​ទឹក។ ខ្ញុំ​ឃើញ​កូន​ចាម​កាប់​ពូរិទ្ធ មួយ​កាំបិត​ពី​ក្រោយ បន្ទាប់​មក​ខាង​កម្មករ​ចាម​ហ្នឹង វាយ​បង​ប្រុស​គាត់​មួយ​ដំបង​ពី​លើ​ទៀត គាត់​យក​ដៃ​រង​ត្រូវ​ដៃ។ បន្ទាប់​មក​ឃើញ​កូន​ចាម ពីរ​នាក់​ទៀត ទាញ​កាំបិត ទៅ​កាប់​គ្រូ​លន់ ក្នុង​ទឹក ប្រតាយប្រតប់​គ្នា​ក្នុង​ទឹក ពេល​គ្រូ​លន់​ហើប​មក គឺ​រយះ​ក្បាល ហើយ​ពូ​រិទ្ធ ខាង​ខ្នង​គាត់​មាន​ស្នាម​កាំបិត​កាប់»។

តៃកុង​ឡាន​ដែល​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​ប្រើ​ហិង្សា​លើ​គ្រួសារ​ជនជាតិ​ចាម គឺ​ទី​មួយ​ឈ្មោះ ផុន សារិទ្ធ និង​ទី​ពីរ​ឈ្មោះ ផុន សារឿន ដែល​អ្នក​ទាំង​ពីរ​បង​ប្អូន​រស់​នៅ​ភូមិ​ដកស្និត ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច។ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​តំណាង​អយ្យការ​ប្រគល់​អ្នក​ទាំង​ពីរ​ទៅ​មន្ត្រី​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​សាកសួរ​ចម្លើយ ដើម្បី​កសាង​សំណុំ​រឿង។

អ្នក​នាំ​ពាក្យ​អយ្យការ និង​ជា​ព្រះរាជអាជ្ញា​រង​ខេត្ត​កំពង់ឆ្នាំង លោក ឡុង ស៊ីថា បញ្ជាក់​ថា តុលាការ​រង់ចាំ​ទទួល​របាយការណ៍​ពី​ស្នងការដ្ឋាន និង​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​លើ​ករណី​នេះ ដើម្បី​ចាត់ការ​បន្ត។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក លី អូស្មាន់ ដែល​ជា​តំណាង​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។ ប៉ុន្តែ​សមត្ថកិច្ច​ខ្លះ​បង្ហើប​ថា ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នោះ មាន​សមាជិក​គ្រួសារ​ជនជាតិ​ចាម បី​នាក់​រង​របួស​ធ្ងន់ ដោយ​ពីរ​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក និង​ម្នាក់​ទៀត​ទៅ​ព្យាបាល​នៅ​វៀតណាម មិន​ទាន់​ចេញ​នៅ​ឡើយ។

សមត្ថកិច្ច​ស្រុក​កំពង់ត្រឡាច និង​គ្រួសារ​ខ្មែរ​ដែល​ពេល​នេះ ក្លាយ​ជា​ជនសង្ស័យ​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ដែល​កើត​ឡើង​គឺ​ដោយសារ​គំនុំ​រឿង​រក​ស៊ី​រត់​ឡាន​ដឹក​កម្មករ​រោងចក្រ និង​បង្កើត​កំពង់​ចម្លង​ក្បែរ​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ។ សមាជិក​គ្រួសារ​ខ្មែរ​ថា កន្លង​ទៅ​សមាជិក​គ្រួសារ​ជនជាតិ​ចាម ធ្លាប់​ប្រើ​កាំភ្លើង​ខ្លី​បាញ់​លើ​គ្រួសារ​ខ្មែរ ប៉ុន្តែ​បាញ់​មិន​ត្រូវ ហើយ​ករណី​នេះ​បាន​ប្ដឹង​ទៅ​តុលាការ ប៉ុន្តែ​មិន​ឃើញ​ចាត់ការ៕