Monday, December 19, 2016

ក្រុម​ជន​ពិការ​ថា​ពុំ​មាន​ឱកាស​ចូលរួម​កិច្ចការ​សង្គម​ទោះ​បី​ជា​ពួក​គាត់​មាន​សមត្ថភាព​ក្ដី


សិក្ខាសាលា​ស្ដីពី ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rach Vingur


ក្រុម​ជន​ពិការ​អះអាង​ថា ពួក​គាត់​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន​ឯង​ពី​គ្រោះ​មហន្តរាយ​ទេ តែ​ក៏​អាច​ជួយ​ជន​ពិការ​ដូច​គ្នា និង​អ្នក​មាន​អវយវៈ​គ្រប់គ្រាន់ ឲ្យ​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​ដែរ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​កម្មវិធី​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ។ ក្រុម​ជន​ពិការ​ក៏​អះអាង​ថា ថ្វីត្បិតតែ​ពួក​គាត់​មាន​សមត្ថភាព​ក្ដី នៅ​តែ​មិន​មាន​ឱកាស ព្រោះ​ការងារ​នៅ​ក្នុង​សង្គម​ខ្លះ​នៅ​តែ​មាន​ការ​រើសអើង។

ក្រុម​ជន​ពិការ​អះអាង​ថា បើ​សិន​ពុំ​មាន​ការ​រើសអើង ហើយ​បែរ​ជា​ផ្ដល់​ឱកាស​ដល់​ពួក​គាត់​ដូចជា​ជន​មាន​អវយវៈ​ធម្មតា ក្នុង​ការ​បំពេញ​កិច្ច​ការងារ​សង្គម​ផ្សេងៗ ពួក​គាត់​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដទៃ​ទៀត​ដែរ។

បុគ្គលិក​អង្គការ​មូលនិធិ​កុមារ​ពិការ កញ្ញា ហ៊ុន ស្រីណាក់ លើក​ឡើង​ថា ប្រសិន​បើ​ជន​ពិការ​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​បាន​ពេញលេញ​ក្នុង​កិច្ច​ការងារ​ផ្សេងៗ ឬ​ផ្ដល់​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន ពេល​នោះ​គឺ​អាច​លុប​បំបាត់​ការ​រើសអើង​ចំពោះ​ជន​ពិការ ហើយ​ក៏​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ជន​ពិការ​ផ្សេង​ទៀត ឲ្យ​មាន​កម្លាំង​ចិត្ត និង​ចេះ​ពុះពារ​ក្នុង​ឆាក​ជីវិត​ដែរ៖ «ជួនកាល​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន គឺ​នៅ​មាន​ការ​រើសអើង​ពិការភាព»។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ជន​ពិការ​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ធ្នូ។ កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ភាគច្រើន​ជា​ជន​ពិការ​ប្រហែល ៥០​នាក់ មាន​បំណង​ចង់​ផ្សព្វផ្សាយ​ពី​គម្រោង ឬ​ការ​ជំរុញ​ឲ្យ​មាន​ការ​គិតគូរ​ដាក់​បញ្ចូល​ពិការភាព​នៅ​ក្នុង​ផែនការ ឬ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

កញ្ញា ហ៊ុន ស្រីណាក់ បន្ត​ថា បើ​សិន​មាន​ការ​ផ្ដល់​ឱកាស​ដល់​ជន​ពិការ​លើក​ឡើង​អំពី​ទុក្ខ​លំបាក​ផ្សេងៗ​របស់​ពួក​គាត់ ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ថ្នាក់​ភូមិ-ឃុំ នឹង​អាច​មាន​ដំណោះស្រាយ​ទាន់​ពេលវេលា​សម្រាប់​ជន​ពិការ គេច​ពី​ផុត​ពី​គ្រោះ​មហន្តរាយ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ប្រាប់​ទៅ​ដល់​អ្នក​ដទៃ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ក្រុម​ជន​ពិការ​លើក​ឡើង​ថា ពួក​គាត់​នៅ​តែ​ជួប​ប្រទះ​ការ​ខ្វះ​ទី​ជម្រក​អំឡុង​ពេល​មាន​គ្រោះ​មហន្តរាយ រស់នៅ​ក្នុង​ភាព​ក្រីក្រ និង​ពឹងពាក់​ការ​ឧបត្ថម្ភ​ពី​គ្រួសារ ខ្វះ​ឧបករណ៍​ជំនួយ ដូចជា​រទេះ​រុញ ឈើ​ច្រត់ និង​ដៃ​ជើង​សិប្បនិមិត្ត ខ្វះ​មជ្ឈមណ្ឌល ឬ​សាលា​រៀន​ផ្ដល់​វិជ្ជាជីវៈ​ដល់​ជន​ពិការ និង​ខ្វះ​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន បញ្ជាក់​ថា មូលហេតុ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ព្រោះ​ដោយសារ​រយៈពេល​កន្លង​ទៅ ការ​សាងសង់​ទី​ទួល​មាន​សុវត្ថិភាព និង​ជម្រក​សម្រាប់​គេច​ពី​គ្រោះ​ពី​ធម្មជាតិ មិន​បាន​ធ្វើ​ឡើង​ស្រប​តាម​តម្រូវ​ការ​ជន​ពិការ​ឡើយ ហើយ​អាជ្ញាធរ​ខ្លះ​នៅ​តែ​មិន​ទាន់​អាច​បែងចែក​ថា មនុស្ស​ប្រភេទ​ណា​ខ្លះ​ជា​អ្នក​ពិការ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​នៅ​ពេល​កើត​មាន​គ្រោះ​មហន្តរាយ​ម្ដងៗ៖ «អាជ្ញាធរ​ខ្លះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ដែល គ ថ្លង់ និង​ងងឹត​ភ្នែក​ជាដើម ជា​ជន​ពិការ​ទេ ទាល់​តែ​អ្នក​នោះ​ដាច់​ដៃ​ដាច់​ជើង ទើប​ហៅ​ជន​ពិការ»។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា ក៏​បង្ហាញ​ថា នៅ​កម្ពុជា គឺ​មាន​ជន​ពិការ​ប្រហែល ១​ម៉ឺន ៧​ពាន់​នាក់ ដែល​ទាមទារ​ការ​លើក​ទឹក​ចិត្ត និង​ផ្ដល់​តម្លៃ​ចំពោះ​សមត្ថភាព​របស់​ពួក​គាត់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ត្រៀម​ទុក និង​បណ្ដុះបណ្ដាល និង​ជា​ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា អះអាង​ថា នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ចែង​ថា អ្នក​ដែល​ងាយ​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​ជាង​គេ គឺ​ជា​ជន​ពិការ ចាស់​ជរា ស្ត្រី​មេម៉ាយ កុមារ និង​អ្នក​ក្រីក្រ​ជាដើម នឹង​ត្រូវ​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ជា​អាទិភាព៖ «ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ និង​ដ៏​លំបាក​របស់​ជន​ពិការ​ដែល​បង្ក​ពី​គ្រោះ​មហន្តរាយ​កន្លង​ទៅ គឺ​ត្រូវ​គិតគូរ​ឲ្យ​បាន​ជា​អាទិភាព»។

ក្រុម​ជន​ពិការ​រំពឹង​ថា នឹង​មាន​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ នៅ​ពេល​ពួក​គាត់​បន្ត​ស្វែងរក​មតិ​គាំទ្រ​ជាមួយ​អ្នក​តាក់តែង​ច្បាប់ ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រម​ទាំង​ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​ពិការភាព និង​គ្រោះ​មហន្តរាយ​តាម​រយៈ​វិទ្យុ​សំឡេង​ជន​ពិការ និង​កិច្ច​សហប្រតិបត្តិការ​បន្ត​ជាមួយ​អង្គការ​ដៃគូ​ធ្វើ​លើ​ការងារ​អភិបាលកិច្ច​ទឹក និង​គ្រោះ​មហន្តរាយ ជាដើម៕

ពលរដ្ឋ​ស្រុក​ឯកភ្នំ​បារម្ភ​ខ្លាច​អាជ្ញាធរ​សង់​ទំនប់​ស្ទឹង​សង្កែ​មិន​ផ្ដល់​សំណង​ផល​ប៉ះពាល់


ប្រជាពលរដ្ឋ​ពិភាក្សា​គ្នា​ពី​ផល​ប៉ះពាល់​ដី​លំនៅឋាន​របស់​ពួក​គាត់​នៅ​មាត់​ផ្លូវ ទីតាំង​ដែល​អាជ្ញាធរ​ត្រៀម​ធ្វើ​ទំនប់​បិទ​ស្ទឹង​សង្កែ នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ​ខេត្ត​នេះ សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ ប៉ះពាល់​ដី និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ហើយ​ផ្ដល់​សំណង​មិន​សមស្រប​ទៅ​តាម​តម្លៃ​ដី​ពិត​ប្រាកដ។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​ចុះ​វាស់វែង​ដី​ត្រៀម​ជីក​ប្រឡាយ​ពង្វាង​ទឹក ដើម្បី​បិទ​ស្ទឹង​សង្កែ​ធ្វើ​ទំនប់​ទឹក​នៅ​ស្រុក​ឯកភ្នំ ក្នុង​ពេល​ឆាប់ៗ។ ពលរដ្ឋ​មួយ​ចំនួន បាន​ប្រតិកម្ម​នឹង​ការ​ចុះ​វាស់វែង​ដី​ធ្វើ​ទំនប់​នេះ ថា​អាជ្ញាធរ​មិន​ទាន់​ជូន​ដំណឹង​អំពី​សំណង​ប៉ះពាល់​ដល់​ពួក​គាត់​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ប្រមាណ ៤០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ជួបជុំ​ពិភាក្សា​គ្នា​អំពី​ផល​ប៉ះពាល់​ដែល​អាជ្ញាធរ​វាស់វែង​ដីធ្លី​ត្រៀម​ធ្វើ​ប្រឡាយ​ពង្វាង​ទឹក​ចំ​ផ្ទះ និង​ផល​ដំណាំ​របស់​ពួក​គាត់​នៅ​មុខ​ផ្ទះ ជាប់​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាង​លិច​នៃ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ។

អ្នក​ភូមិ​ភាគច្រើន​លើក​ឡើង​ថា ពួក​គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ជីក​ប្រឡាយ​ពង្វាង​ទឹក​នៅ​លើ​ដី​របស់​ពួក​គាត់​នោះ​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​សមរម្យ​នោះ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ព្រែកតាច្រែង លោក យិន វុទ្ធី ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី នៅ​មាត់​ស្ទឹង​សង្កែ​តំបន់​ដី​ដែល​អាជ្ញាធរ​ត្រៀម​សង់​ទំនប់​ទឹក នៅ​ស្រុក​ឯកភ្នំ ថា អាជ្ញាធរ​វាស់វែង​ដី​ជីក​ប្រឡាយ​ពង្វាង​ទឹក​ដើម្បី​សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ ចំ​ផ្ទះ និង​ផល​ដំណាំ​របស់​ខ្លួន​ប្រមាណ ៤៥​ភាគរយ នៃ​ចំនួន​ផ្ទៃដី​ទទឹង​ជាង ៤០​ម៉ែត្រ និង​បណ្ដោយ ៨០​ម៉ែត្រ​នោះ។ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង ពុំ​ទាន់​បញ្ជាក់​អំពី​សំណង​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ៖ «ចង់​ឲ្យ​គាត់​សង​ឲ្យ​មាន​ចំនួន​សមរម្យ ព្រោះ​ដំណាំ​មាន​ក្រូចឆ្មារ ដែល​ផ្ដល់​ផល​អាច​ចិញ្ចឹម​ជីវិត​ខ្ញុំ​បាន ហើយ​មាន​ដើម​គគីរ​ដល់​ទៅ ១០០​ដើម​ឯណោះ។ មាន​ដើម​នាងនួន ដើម​បេង និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត»។

ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ និង​តាម​ភាព​ជាក់ស្ដែង​នៃ​ផល​ដំណាំង​ដែល​មាន​នៅ​លើ​ដី​របស់​ខ្លួន។

ស្ទឹង​សង្កែ បាត់ដំបង ២០១៦ ៨៥៥ទីតាំង​ដែល​អាជ្ញាធរ​ត្រៀម​ធ្វើ​ទំនប់​បិទ​ស្ទឹង​សង្កែ នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦ RFA/Hum Chamroeun


ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោកស្រី ប៊ូយ សាអែម ប្រាប់​អាស៊ីសេរី​នៅ​ខាង​មុខ​ផ្ទះ​ជាប់​មាត់​ស្ទឹង​សង្កែ តំបន់​ដី​ដែល​ត្រៀម​សង់​ទំនប់​ទឹក​នោះ​ថា អាជ្ញាធរ​វាស់វែង​ដី​ចំ​ផ្ទះ​របស់​លោកស្រី​ទាំងមូល​តែ​ម្ដង ហើយ​នឹង​ត្រូវ​រុះរើ​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​នៅ​ពេល​ដែល​អាជ្ញាធរ​ចាប់​ផ្ដើម​សង់​ប្រឡាយ​ពង្វាង​ទឹក​នោះ។ លោកស្រី​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​ទីជម្រក​ស្នាក់នៅ ពីព្រោះ​ជីវភាព​ក្រីក្រ និង​មាន​កូន​ច្រើន​រស់នៅ​ក្នុង​បន្ទុក​គ្រួសារ។ លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ និង​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​យក​ប្រាក់​ទៅ​សង់​លំនៅឋាន​ថ្មី៖ «ខ្ញុំ​គ្មាន​ដី​នៅ​ផ្សេង​ពី​នោះ​ទេ មាន​តែ​ដី​នេះ​ឯង ណា​មួយ​ខ្ញុំ​ចង់​រស់នៅ​ទីកន្លែង​ដើម​នេះ​ឯង។ ខ្ញុំ​មិន​ចង់​រុះរើ​ទៅ​ណា​ទេ»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ធ្នូ។

អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​ដើម្បី​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​នោះ។ លោក​អះអាង​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង គឺ​ប៉ះ​ចំ​ទាំង​ផ្ទះ និង​ដី​ផល​ដំណាំ រួម​មាន​ដើម​ដូង ស្វាយ ល្មុត និង​ក្រូច ជាដើម ពី​ការ​សង់​ទំនប់​ស្ទឹង​សង្កែ​នេះ​ប្រមាណ​ជាង ១០០​គ្រួសារ គឺ​មាន​គណៈកម្មការ​វាយ​តម្លៃ​ផល​ប៉ះពាល់ ដើម្បី​ដោះស្រាយ​ដែល​អាច​ទទួល​យក​បាន។ លោក​បន្ថែម​ថា នៅ​ពេល​សង់​ទំនប់​ទឹក​នោះ​រួច គឺ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​សំខាន់ ៣​យ៉ាង​រួម​មាន ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ទឹង​សង្កែ​របស់​ពលរដ្ឋ​ក្នុង​តំបន់ មាន​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​ដល់​ប្រជា​កសិករ​នៅ​ស្រុក​ថ្មគោល ស្រុក​បវេល និង​ស្រុក​បាណន់ ជាដើម និង​ជា​ទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​តំបន់​នោះ៖ «យើង​មាន​គោលការណ៍​ដោះស្រាយ​តាម​នីតិវិធី​របស់​ក្រុម​ការងារ​អន្តរ​ក្រសួង ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​មក និង​មាន​ក្រុម​ការងារ​ដល់​ទៅ​បី​សម្រាប់​វាយ​តម្លៃ។ ចុង​ក្រោយ យើង​មាន​ក្រុម​ការងារ​ឯករាជ្យ​ដែល​មិន​មែន​រដ្ឋាភិបាល គឺ​ចុះ​សិក្សា​វាយ​តម្លៃ​ជាក់ស្ដែង​ម្ដង​ទៀត បាន​យើង​ចេញ​ចំណង​ជូន​ប្រជាពលរដ្ឋ​តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​មុន​ពេល​សាងសង់ ហើយ​មិន​ត្រូវ​ផ្អាប់​រឿង​មិន​ប្រាប់​ដំណឹង​ដល់​ពួក​គាត់​នោះ​ទេ។ លោក​បន្ថែម​ថា នៅ​ពេល​សង់​ទំនប់​ទឹក​នេះ​រួច នឹង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាង​ក្រោម​ទំនប់​ទឹក​នោះ គឺ​ធ្វើ​ឲ្យ​ពុំ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ដូច​ពេល​មុនៗ៖ «អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​អត់​បាន​យល់​ពី​ច្បាប់​នេះ​ជា​កង្វល់ ដូច្នេះ​អាជ្ញាធរ​ត្រូវ​មាន​តួនាទី​ធ្វើ​ការ​ពន្យល់​ដល់​ពលរដ្ឋ​ឲ្យ​បាន​យល់​ច្បាស់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​មាន​កង្វល់ ដែល​ក្នុង​នាម​តំណាង​ឲ្យ​អាណាព្យាបាល​របស់​ពួក​គាត់​នោះ មិន​អាច​ឆ្លើយ​ថា​មិន​ដឹង ហើយ​នាំ​គ្នា​លាក់​បាំង​បញ្ហា​នេះ គឺ​ខុស​ហើយ»។

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​ជុំវិញ​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម អះអាង​ថា នៅ​ពេល​សង់​ទំនប់​ស្ទឹង​សង្កែ​នោះ​រួច ធ្វើ​ឲ្យ​ផល​ត្រី​នៅ​បឹង​ទន្លេសាប ជាពិសេស​នៅ​តាម​ដង​ស្ទឹង​សង្កែ​ថយ​ចុះ ដោយសារ​គ្មាន​ទឹក​គ្រប់គ្រាន់​ឲ្យ​ត្រី​ធ្វើ​ចរាចរ ហើយ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​លិច​ទឹក ស្រុក​ឯកភ្នំ រាប់​ពាន់​គ្រួសារ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​គិត​ថា​បើ​សិន​ធ្វើ​ទំនប់​ទឹក​នោះ គួរ​តែ​គិត​ដល់​អ្នក​នៅ​ខាង​ក្រោម ជាពិសេស​អ្នក​រស់នៅ​តំបន់​បឹង​ទន្លេសាប គួរ​តែ​គិត​ថា​រយៈពេល បើ​បិទ​ប៉ុន្មាន​ថ្ងៃ គឺ​ត្រូវ​បើក​ទឹក​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​រស់នៅ​ស្រួល​ផង ព្រោះ​ពួក​គាត់​អត់​មាន​ដី​ស្រែ​ចម្ការ​ទេ»។

អាជ្ញាធរ​ស្រុក​ឯកភ្នំ ឲ្យ​ដឹង​ថា ទំនប់​នេះ​ចាប់​ផ្ដើម​សាងសង់​បណ្ដើរៗ​ហើយ ក្នុង​នោះ​ជំហាន​ដំបូង​សង់​ប្រឡាយ​បង្ហូរ​ទឹក​តាម​ដង​ស្ទឹង​សង្កែ​នៅ​តំបន់​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​នៅ​ពេល​ធ្វើ​ទំនប់​ទឹក។ ជំហាន​បន្ទាប់ សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ ដោយ​មាន​ទ្វារ​បង្ហូរ​ទឹក​ចំនួន ៦​កន្លែង និង​មាន​ផ្លូវ​សម្រាប់​ត្រី​ធ្វើ​ចរាចរ​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា។ លោក​បន្ថែម​ថា ថវិកា​សម្រាប់​សាងសង់​ទំនប់​នេះ ជា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំណាយ​អស់​ជាង ៣០​លាន​ដុល្លារ​អាមេរិក ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១៩៕

អ្នក​បឹងកក់​និង​បុរីកីឡា​ប្រកាស​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈពេល


សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang


សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​អ្នក​បុរីកីឡា ប្រកាស​ជំហរ​ថា ពួក​គេ​នឹង​ផ្អាក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ រហូត​ដល់​ដំណាច់​ខែ​ធ្នូ។ ការ​ប្រកាស​ជំហរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ស្ត្រី​បឹងកក់ និង​អ្នក​បុរីកីឡា នាំ​គ្នា​ដោះ​អាវ​ខ្មៅ​ទុក​មួយ​រយៈពេល​សិន ដោយ​រង់ចាំ​មើល​ថា តើ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប មន្ត្រី គ.ជ.ប ១​រូប និង​អ្នកស្រី ទេព វន្នី ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ក្នុង​កំឡុង​ខែ​ធ្នូ នេះ​ឬ​ទេ?

តំណាង​អ្នក​បឹងកក់ អ្នកស្រី បូវ សោភា សង្ឃឹម​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នឹង​គោរព​នូវ​ពាក្យ​សម្ដី​របស់​ខ្លួន ដែល​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​រដ្ឋសភា​កន្លង​ទៅ ថា​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​តំណាង​អ្នក​បឹងកក់ នឹង​ត្រូវ​បាន​ដោះលែង៖ «»។

សហគមន៍​បឹងកក់​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ទាំង ៦​រូប​ដែល​កំពុង​ជាប់​ឃុំ​មិន​ត្រូវ​បាន​គេ​ដោះលែង​ក្នុង​អំឡុង​ខែ​ធ្នូ នេះ​ទេ នោះ​ពួក​គេ​នឹង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៧ និង​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​មហា​អំណាច និង​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន។

គិត​មក​ត្រឹម​ថ្ងៃ​ទី​១៩ ធ្នូ នេះ អគ្គ​លេខាធិការ​រង គ.ជ.ប លោក នី ចិរយា មន្ត្រី​អាដហុក ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដាក់​ពន្ធនាគារ​ជិត ៨​ខែ​ហើយ​ពី​បទ​ផ្សំ​គំនិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ចំណែក​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៤​ខែ​ហើយ ដោយសារ​អ្នកស្រី​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត​កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន ដែល​តុលាការ​ក្រុង​ភ្នំពេញ​សើរើ​ឡើង​វិញ៕

លោក ហ៊ុន សែន ព្រមាន​វាយ​ខ្នោះ​អ្នក​កាសែត​ដែល​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ (១៩៥១-២០១៦) នៃ​ការ​បង្កើត​បក្ស​របស់​ខ្លួន នា​ទីស្នាក់ការ​កណ្ដាល​បក្ស ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev


អ្នក​ជំនាញ​ខាង​កាសែត​ថា ​អ្នក​កាសែត​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដើម្បី​យក​ព័ត៌មាន វា​មិន​ខុស​ទាស់​ទេ បើ​សិន​ជា​អាជ្ញាធរ​លាក់​លៀម​ព័ត៌មាន​ពី​ការ​ជួញដូរ​ឈើ​ប្រណិត ឬ​ជួញដូរ​សត្វ​ព្រៃ​ជាដើម។ ការ​លើក​ឡើង​បែបនេះ នៅ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ឲ្យ​អាជ្ញាធរ​វាយ​ខ្នោះ​ភ្លាមៗ ចំពោះ​អ្នក​កាសែត​ណា​​ប្រព្រឹត្តិ​ខុស ដោយ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ។

បទ​បញ្ជា និង​ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល ឃើញ​មាន​ជា​ហូរហែ​មិន​ថា​លើ​អ្នកកាសែត មន្ត្រី​ក្រោយ​ឱវាទ ឬ​ឈ្មួញ​ប្រព្រឹត្តិ​បទ​ល្មើស​នោះ​ទេ។ ប៉ុន្តែ​ការ​ព្រមាន និង​បទ​បញ្ជា​ខ្លះ​របស់​លោក ហ៊ុន សែន មិន​មែន​សុទ្ធ​តែ​ត្រូវ​អនុវត្ត​ខ្ជាប់​ខ្ជួន​នោះ​ឡើយ។

ជាក់​ស្ដែង​ការ​ព្រមាន​របស់​លោក ចំពោះ​ការ​ដាក់​កុងត្រូល​ជជុះ​យក​លុយ​តាម​ដង​ផ្លូវ ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​ជាដើម ឃើញ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ស្រង់​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ មក​សរសេរ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា បើ​អ្នក​កាសែត​ណា​ប្រព្រឹត្តិ​ខុស ដោយ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ គឺ​អាជ្ញាធរ​ត្រូវ​វាយ​ខ្មោះ​ភ្លាម មិន​មែន​អំពាវនាវ​ទៅ​ក្រសួង​ព័ត៌មាន​ទេ។

អ្នក​ជំនាញ​ខាង​កាសែត​ថា ពួកគេ​គាំទ្រ​​វិធានការ​នេះ បើ​អ្នក​កាសែត​ណា​ដែល​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​លើកឡើង។

ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូណា ថា ​វិធានការ​នេះ​លោក​គាំទ្រ ព្រោះ​វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ចំពោះ​អ្នក​កាសែត​ដែល​ធ្វើ​ខុស​ច្បាប់។ ប៉ុន្តែលោកអំពាវនាវ​ដល់​អាជ្ញាធរ​ជួយ​សម្រួល ដល់​អ្នកកាសែត​​ដែល​ប្រកាន់​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ឲ្យ​ពួកគេ​បាន​បំពេញ​ការងារ​ប្រមូល​ព័ត៌មាន​មក​ផ្សាយ​ឲ្យ​ទូលំទូលាយ៖ «ប៉ុន្តែ​យើង​ត្រូវ​បែងចែក​មួយ​ទៀត គឺ​ក្រុម​អ្នក​កាសែត​មួយ​ចំនួន​តូច ឬ​អ្នក​ខ្លះ​ទៀត​ហាក់​ដូចជា មិន​មែន​អ្នក​កាសែត​ក៏​បាន ដែល​គ្រាន់​តែ​គាត់​មាន​កាន់​កាត​អ្នកកាសែត ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ហូរហែ​កន្លង​មក​ដែល​យើង​ឃើញ​ដែរ។ ដូច្នេះ​ករណី​នឹង កាលណា​យើង​​ទៅ​យក​ព័ត៌មាន​ហើយ​ប្ដូរ​ទៅ​នឹង​លុយ​កាក់​ដើម្បី​ជា​ការ​មិន​ចុះ​ផ្សាយ​ឬ​មួយ​អី​នឹង គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​បើ​ទៅ​ជំរិត​គេ​អី​ទៀត ដូចជា​ការ​ដាក់​កុង​ត្រូល​ដូច​សម្ដេច​នាយករដ្ឋមន្ត្រី​លើក ឬ​ក៏​យើង​ធ្លាប់​ឮ​ជា​ហូរហែ​មក គឺ​ជា​រឿង​ខុស​ច្បាប់​ហើយ​អា​នឹង»។

ចំណែក​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿនឈាន ណារិទ្ធ ទទួល​ស្គាល់​ថា ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​អ្នកកាសែត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូច​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​រដ្ឋបាល​ព្រៃឈើ និង​កងរាជអាវុធហត្ថ​ជាដើម ពិត​ជា​មាន​មែន ប៉ុន្តែ​លោក​ថា មិន​ដឹង​ជា​ការ​ដាក់​ប៉ុស្តិ៍​នេះ​ដើម្បី​ស្កាត់​​រាយការណ៍​ព័ត៌មាន​សុចរិត​ឬ​យ៉ាង​ណា​ទេ។ លោក​បន្ត​ថា បើ​អ្នក​កាសែត​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដើម្បី​យក​ព័ត៌មាន​វា​មិន​ខុស​ទាស់​ទេ បើ​សិន​ជា​អាជ្ញាធរ​លាក់​លៀម​ព័ត៌មាន​ពី​ការ​ជួញដូរ​ឈើ​ប្រណិត ឬ​ជួញដូរ​សត្វ​ព្រៃ​ជាដើម៖ «សំខាន់​​ត្រង់​ថា​តើ​គាត់(អ្នកកាសែត) ដាក់​ប៉ុស្តិ៍​នេះ គាត់​ធ្វើ​ដោយ​ច្បាប់​យ៉ាងម៉េច? តាម​ច្បាប់​សារព័ត៌មាន ឬ​ច្បាប់​ដទៃ​ទៀត មិន​បាន​ហាម​អ្នក​សារព័ត៌មាន​ដាក់​ប៉ុស្តិ៍​អ៊ីចឹង​ទេ។ អ៊ីចឹង​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​អាច​ទុក​ទាក់​ថា ជា​រូបភាព​មួយ​បែប​ស៊ើបអង្កេត។ ព្រោះ​ការ​យក​ព័ត៌មាន​បែប​ស៊ើបអង្កេត យើង​(អ្នកកាសែត) អាច​ធ្វើ​តាមរយៈ​ការ​បន្លំ​ខ្លួន​តាម​គ្រប់​រូបភាព ដើម្បី​ប្រមូល​ព័ត៌មាន​ពិត»។

លោក មឿនឈាន ណារិទ្ធ បន្ត​ថា វិធានការ​នេះ​អាជ្ញាធរ​គួរ​អនុវត្ត​ចំពោះ​មន្ត្រី​របស់​ខ្លួន ដែល​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទារ​ប្រាក់​ពី​ឈ្មួញ​កាប់​ព្រៃ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ដោយ​លោក​ប្រដូច​អាជ្ញាធរ​ដែល​កាក់​ស៊ី​ ពី​ឈ្មួញ​ខុស​ច្បាប់ ជា​ខ្លា​ស៊ី​គោ ហើយ​រួច​ទោស ប៉ុន្តែ​បែរ​ជា​អ្នក​កាសែត​ដែល​យក​ប្រាក់តិចតួច​ពី​អាជ្ញាធរ​នោះ ជា​ថ្នូរ​​លាក់​រឿង​នេះ ប្រៀប​ដូច​ជា​ឆ្មា​លួច​ត្រី​អាំង​ត្រូវ​ទទួល​ទោស៕

ជន​ដៃ​ដល់​សម្លាប់​ប្រពន្ធ​និង​កូន​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត


ខេត្ត​កំពត។ RFA/Rann Samnang


ស្នងការ​នគរបាល​ខេត្ត​កំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ធ្នូ ថា ឈ្មោះ អ៊ុ រស្មី ដែល​ជា​ជន​ដៃ​ដល់​ក្នុង​ករណី​ឃាតកម្ម​វាយ​សម្លាប់​ប្រពន្ធ និង​កូន​តូច​របស់​ខ្លួន​អាយុ ២​ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ហើយ នៅ​ម៉ោង​ប្រមាណ ៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នេះ។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ និង​កសាង​សំណុំ​រឿង បញ្ជូន​ជន​នោះ​ទៅ​តុលាការ​ខេត្ត​កំពត។

កាល​ពី​ម៉ោង ២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​ទ្វីខាងជើង សង្កាត់​អណ្ដូងខ្មែរ ក្រុង​កំពត បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊ុ រស្មី ដែល​ជា​ស្មៀន​ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​បុរស​រូប​នេះ​បាន​វាយ​ប្រពន្ធ និង​កូន​តូច​អាយុ ២​ឆ្នាំ​ម្នាក់​នឹង​ចប​កាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

ក្រោយ​កើត​ហេតុ ជន​នោះ​បាន​បើក​រថយន្ត​រត់​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​បាន​នៅ​ចំណុច​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​អូរឈើទាល នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក។ ជន​ដៃ​ដល់​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ថា មូលហេតុ​នៃ​ការ​សម្លាប់​ប្រពន្ធ និង​កូន​នេះ គឺ​បណ្ដាល​មក​ពី​ខ្លួន​ស្រវឹង​ស្រា។

ក្រោយ​ការ​សាកសួរ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត។ ស្នងការ​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​នៅ​ឡើយ ដោយ​លោក​បញ្ជាក់​ថា កំពុង​សួរ​ចម្លើយ​ជន​នោះ។ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ បញ្ជាក់​ថា ជន​ដៃ​ដល់ អ៊ុ រស្មី ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត៕

Sunday, December 18, 2016

Teen ‘smuggler’ dead

A car carrying timber in Mondulkiri was involved in a crash during a timber raid late on Friday. The crash killed one man. Photo supplied



An alleged teenaged timber smuggler died and another was seriously injured after their pursuit by Forestry Administration and Environment Ministry officials ended in a car crash in Mondulkiri during the early hours of Saturday morning.

A police report identified Yorn Nhanh, 24, as the driver of a car transporting 13 pieces of luxury timber that crashed into the back of an Environment Ministry vehicle that had been chasing him through Keo Seima district, resulting in the death of his assistant, 19-year-old Chey Reaksmey.

The report added that Nhanh claimed to have paid two officials 200,000 riel (about $50) at the scene of the crash.

A complaint filed with the district police by Reaksmey’s father, Chey Seth, on Saturday accuses the Environment Ministry officials of having “unintentionally murdered” his son and calls for their arrest.

However, deputy provincial police chief Ngim Sophoeun said an investigation into the cause of the crash was ongoing and that he was waiting for a report from Keo Seima district police before drawing any conclusions.

“There were 13 pieces of wood in the car . . . The preliminary report concluded that the wood hit them in the backs and [Reaksmey] died on the scene,” Sophoeun said, adding that the authorities had yet to interview the two Environment Ministry officials.

Meanwhile, a string of seizures of luxury timber were made across the country over the weekend.

In Kampong Chhnang province 111 logs of first grade timber were seized by provincial economic crimes police officers from a truck on Thursday night, although both the driver and his assistant escaped before being arrested.

“The timber was from Pursat, be we don’t know where it was going because we had no information about it when the driver and his assistant escaped into the dark,” provincial economic crimes police chief Chin Sophat said, adding that truck and timber had been impounded by the provincial Forestry Administration office while the authorities attempt to identify their owners.

The same night, military police in Pursat’s Krakor district arrested Kampong Speu native Seng Leng, 28, after stopping his Hyundai truck loaded with 28 cubic metres of timber, according to the military police’s Facebook page.

Provincial military police commander Uk Samon declined to comment further on the case yesterday. However, Chea Hean, director of the National Resource and Wildlife Preservation Organization said the timber had been heading to Kampot for sale in Vietnam before it was intercepted

ក្រុមហ៊ុន​សាទរ​ការ​បង្កើត​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​តែ​បារម្ភ​ត្រូវ​បង់​ប្រាក់​ច្រើន


ក្រសួង​មហាផ្ទៃ RFA/Rann Samnang

អ្នក​ច្បាប់ និង​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ជាច្រើន សាទរ​ចំពោះ​ការ​បង្កើត​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន។ ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន បារម្ភ​ដែរ​ថា នាយកដ្ឋាន​ថ្មី​នេះ​អាច​នឹង​តម្រូវ​ឲ្យ​ពួក​គេ​បង់​កម្រៃ​សេវា​ច្រើន។ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា គ្មាន​ការ​យក​កម្រៃ​សេវា​ពី​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ឡើយ។

ក្តី​កង្វល់​របស់​ម្ចាស់​អាជីវកម្ម​ផ្តល់​សេវា​សន្តិសុខ​ឯកជន​នេះ ខណៈ​រាជ​រដ្ឋាភិបាល​នៅ​ពេល​ថ្មីៗ​នេះ បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ចុះ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នេះ ជា​សេនាធិការ​របស់​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ ហើយ​នាយកដ្ឋាន​នេះ​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​សកម្មភាព​របស់​បណ្ដា​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន សហគ្រាស គ្រឹះស្ថាន​សន្តិសុខ​ឯកជន ជាដើម។

ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ស៊ី.យូ.អេស (CUS) មួយ​នៅ​រាជធានី​ភ្នំពេញ លោក ឆែ ចំរើន ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ការ​បង្កើត​នាយកដ្ឋាន​ថ្មី​នេះ។ លោក​បន្ត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សន្តិសុខ​មិន​ស្រប​ច្បាប់​ជាច្រើន ត្រូវ​បាន​បង្កើត​ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​មិន​បាន​បំពេញ​ទៅ​តាម​វិជ្ជាជីវៈ និង​គ្មាន​ការ​បណ្តុះបណ្តាល​ច្បាស់លាស់។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន អិល.អេស.អេស (LSS) គឺ​លោក ស សារិទ្ធ យល់​ថា​ជា​រឿង​ល្អ ដែល​មាន​នាយកដ្ឋាន​មួយ​សម្រាប់​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​សន្តិសុខ​ទូទាំង​ប្រទេស ព្រោះ​អាច​ទប់ស្កាត់​ក្រុមហ៊ុន​ដែល​បើក​អាជីវកម្ម​ដោយ​មិន​ស្រប​ច្បាប់​ខុស​នឹង​នីតិវិធី និង​មិន​មាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ក៏ប៉ុន្តែ​លោក​បារម្ភ​ថា នាយកដ្ឋាន​ថ្មី​នេះ​ទាមទារ​ការ​បង់​កម្រៃ​សេវា​ច្រើន​លើស​ពី​ការ​រំពឹង​ទុក៖ «ខ្ញុំ​គិត​ថា​ធ្វើ​អ៊ីចឹង​ល្អ​ម្យ៉ាង​ដែរ ព្រោះ​គ្រប់​ក្រុមហ៊ុន​សន្តិសុខ​ដែល​បើក​នៅ​ក្នុង​ព្រះរាជាណាចក្រ​យើង គឺ​ស្រប​ច្បាប់​ទាំងអស់ ទើប​អាច​ដំណើរ​ការ​បាន។ កុំ​ឲ្យ​តែ​គាត់​គាប​ពី​លើ​យើង​ថា​ត្រូវ​ផ្តល់​ឲ្យ​គាត់​លើស​ពី​ការ​រំពឹង​ទុក​របស់​យើង។ កាលណា​ខ្ពស់​ពេក យើង​ពិបាក Charge (ទូទាត់) ពី​អតិថិជន ព្រោះ​អតិថិជន​មួយ​ចំនួន​គាត់​ចង់​ចំណាយ​ថវិកា​តិច​ជួល​សេវាកម្ម​របស់​យើង ក៏ប៉ុន្តែ​គាត់​ចង់​បាន​សេវាកម្ម​ល្អ»។

ឆ្លើយតប​នឹង​កង្វល់​របស់​ម្ចាស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា មិន​មាន​ប្រការ​ណា​មួយ​ដែល​តម្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​សន្តិសុខ​បង់​ថ្លៃ​សេវា​ទៅ​ឲ្យ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នោះ​ឡើយ៖ «គ្មាន​ប្រការ​ណា​មួយ​ដែល​ចែង​ថា នាយកដ្ឋាន​ត្រូវ​យក​កម្រៃ​ពី​ក្រុមហ៊ុន ដូច​គ្មាន បាទ! ក្នុង​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​គ្មាន ឬ​ក៏​របស់​ក្រសួង​ក៏​គ្មាន​ដែរ​បាទ»។

លោក ខៀវ សុភ័គ នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ពេលវេលា​ជាក់លាក់​ណា​មួយ ដែល​នាយកដ្ឋាន​នេះ​បង្កើត​ចេញ​ជា​រូបរាង និង​សមាសភាព​ប្រធាន និង​អនុប្រធាន​របស់​នាយកដ្ឋាន​ថ្មី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦។

នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ដែល​ទើប​ប្រកាស​ឲ្យ​បង្កើត​ឡើង​នេះ ក្រៅ​ពី​គ្រប់គ្រង និង​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​បណ្ដា​ក្រុមហ៊ុន ក៏​នៅ​មាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ដល់​កង​កម្លាំង​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំងនោះ​ដោយ​ផ្ទាល់​ផង ហើយ​នាយកដ្ឋាន​ក៏​មាន​កាតព្វកិច្ច​ជំរុញ និង​លើក​កម្ពស់​ឲ្យ​វិស័យ​សន្តិសុខ​ឯកជន មក​ការពារ​សន្តិសុខ និង​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ផង។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន ស្នើ​ឲ្យ​មាន​ការ​កំណត់​តួនាទី​របស់​ក្រុម​សន្តិសុខ​ឯកជន​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​ក្រុម​សន្តិសុខ​ឯកជន​ទាំងនេះ​មក​បម្រើ​ការងារ​បង្ក្រាប​កុប្បកម្ម ឬ​បាតុកម្ម៖ «ខ្ញុំ​គិត​ថា​គេ​អាច​ប្រើ​លាយឡំ។ ចឹង​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ថា ជា​ការ​ប្រសើរ គួរ​តែ​កំណត់​តួនាទី​ឲ្យ​បាន​ច្បាស់លាស់​ហ្នឹង​ណា!»។

ទាក់ទង​នឹង​ការ​តម្រូវ​ឲ្យ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ជំរុញ និង​លើក​កម្ពស់​ឲ្យ​វិស័យ​សន្តិសុខ​ឯកជន មក​ការពារ​សន្តិសុខ និង​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ លោក ខៀវ សុភ័គ បញ្ជាក់​ថា​មិន​មាន​ការ​ស្នើ​ឲ្យ​ក្រុម​សន្តិសុខ​ឯកជន មក​ធ្វើ​អ្វី​ផ្ទុយ​ទៅ​នឹង​ការងារ​របស់​ក្រុមហ៊ុន​ដែល​កំពុង​តែ​ធ្វើ​នោះ​ទេ។ លោក​បន្ថែម​ថា អ្វី​ដែល​នាយកដ្ឋាន​ត្រូវ​ធ្វើ​នោះ គឺ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ចេះ​គ្រប់គ្រង​លិខិត​បទដ្ឋាន របៀប​របប​ការពារ​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ហើយ​ជាពិសេស គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​បំពាក់​អាវុធ​ឡើយ៕