Monday, December 26, 2016

អង្គការ​អាល្លឺម៉ង់​ផ្សព្វផ្សាយ​សៀវភៅ​ស្តីពី​​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើន​ការ​យល់​ដឹង



សៀវភៅស្តីពីរដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ទើប​តែ​ផ្សព្វផ្សាយ​ដោយ​មូលនិធិ​ខុនរ៉ាត ត្រូវ​បាន​គេ​លើកឡើង​ថា​ជាសៀវភៅ​ដែល​​​ជួយ​ឲ្យការ​បកស្រាយ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង នៅ​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦។ (កាន់ ​វិច្ឆិកា/VOA)



ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ដោយ​មូលនិធិ​អាល្លឺម៉ង​ខុនរ៉ាត សៀវភៅ​នេះ​ត្រូវ​បាន​​តាក់តែង​ឡើង​ក្នុង​បំណង​ជួយ​ដល់​សិស្ស ​និស្សិត​ អ្នកច្បាប់ ​និង​អ្នក​ស្រាវជ្រាវ​នានា ​ឲ្យ​ងាយ​យល់​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។

ភ្នំពេញ — សៀវភៅ​ស្តីពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា ​Cambodian Constitutional Law ត្រូវ​បាន​ចងក្រង​ដើម្បី​ជា​ឯកសារ​ជំនួយ​ដល់​អ្នក​ស្រាវជ្រាវ​នានា​ដែល​ចាប់​អារម្មណ៍​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​ សៀវភៅ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​កាល​ពី​សប្តាហ៍​មុន​នៅ​រាជ​ធានី​ភ្នំពេញ។

ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ដោយ​មូលនិធិ​អាល្លឺម៉ង​ខុនរ៉ាត សៀវភៅ​នេះ​ត្រូវ​បានតាក់តែង​ឡើង​ក្នុង​បំណង​ជួយ​ដល់​សិស្ស ​និស្សិត​ អ្នកច្បាប់ ​និង​អ្នក​ស្រាវជ្រាវ​នានា ​ឲ្យ​ងាយ​យល់​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មូលនិធិ​ខុនរ៉ាត​អាឌិន​ណៅអ៊ែរ ​ហៅ​កាត់​ថា​ខុនរ៉ាត ​ដែល​ជា​អ្នក​ឧបត្ថម្ភ​ក្នុង​ការ​បង្កើត​សៀវភៅ​នេះ​ឡើង។

Rene Gradwohl ប្រធាន​មូលនិធិ​ខុនរ៉ាត អាឌិនណៅអ៊ែរ (KAS) ប្រចាំ​កម្ពុជា ប្រាប់ VOA ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​សៀវភៅ​ស្តី​ពី​រដ្ឋធម្មនុញ្ញ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ជា​ច្បាប់​គោល ​ឬ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។ រាល់​ច្បាប់​ ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​ទាំង​អស់​ត្រូវ​ស្រប​តាមរ​ដ្ឋធម្មនុញ្ញ​នេះ។​ សម្រាប់​សៀវភៅ​ស្តីពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ដែល​ទើប​តែ​ផ្សព្វ​ផ្សាយ​ដោយ​មូល​និធិ​ខុនរ៉ាត​ ដែល​ជា​មូលនិធិ​គាំទ្រ​លើ​ផ្នែក​ច្បាប់​នៅ​កម្ពុជា​ គឺជា​ការ​ពន្យល់ ប្រៀបធៀប​ ឆ្លុះ​បញ្ចាំង​ពី​រដ្ឋ​ធម្មនុញ្ញ​មុនៗ​ មក​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣​ ដែល​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​នា​ពេល​សព្វថ្ងៃ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ​និង​អ្នក​សិក្សា​ងាយ​ស្រួល​យល់​ក្នុង​ការ​អនុវត្ត ​និង​ស្រាវជ្រាវ​បន្ថែម ​ពាក់ព័ន្ធ​នឹង​អត្ថបទ​ច្បាប់​ផ្សេងៗ។

ទាំង​អ្នក​សរសេរ​ច្បាប់ ​និង​អ្នក​អនុវត្ត​ច្បាប់​តែង​បកស្រាយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ខុសៗ​ពី​គ្នា។ ​ជារឿយៗ ការ​បកស្រាយ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហាក់​នៅ​មាន​ភាព​មិនជ្រះ​ស្រឡះ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ឃាត់ ​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​រាស្រ្ត​ទាំង​មិន​ទាន់​ដក​អភ័យ​ឯកសិទ្ធិ​ និង​ការ​កំណត់​ពី​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​រប​ស់​ប្រជា​ពលរដ្ឋ ដែល​ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យល់​ថា​ ជា​ការ​រឹត​ត្បិត​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​ជា​ដើម។

ថ្លែង​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​សៀវ​ភៅ​ស្តីពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ដែល​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ កាល​ពី​ថ្ងៃទី​២២ ​ខែ​ធ្នូ​នេះ លោក Rene Gradwohl ​ប្រធាន​មូល​និធិ​ Konrad Adenauer Stiftung (KAS) ប្រចាំ​កម្ពុជា​លើក​ឡើង​ថា​ សៀវភៅ​ស្តីពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​នេះ​នឹង​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។ លោក​បន្ថែម​ថា បើទោះបី​ជា​ការ​យល់​ដឹង​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាន​ការ​វិវត្ត​ទៅ​មុខ​ប្រសើរ​ជាង​មុន​ក្តី កម្ពុជា​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ធំៗ​ ដោយសារ​កម្ពុជា​នៅ​មាន​ភាព​លំបាក​ផ្នែក​នយោបាយ​នៅ​ឡើយ។​
លោក​មាន​ប្រសាសន៍​ថា៖​

«យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នយោបាយ​មួយ​ដែល​ពិបាក​ជាមួយ​នឹង​ការ​បោះឆ្នោត​កាន់​តែ​ជិត​មក​ដល់។ រដ្ឋធម្មនុញ្ញ​នឹង​រង​ការ​វាយ​តម្លៃ ​ដោយ​សារ​តែ​រដ្ឋធម្មនុញ្ញ​ធានា​នូវ​សិទ្ធិ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​គ្រប់​រូប។ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​ទាមទារ​ឲ្យ​មាន​ការ​គោរព និង​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ផង​ដែរ។ ​ដូចនេះ​ ខ្ញុំ​គិត​ថា ​វា​នឹង​ជា​ការ​សាកល្បង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ប្រទេស​កម្ពុជា​ផ្ទាល់ ​ដោយ​សារ​តែ​វា​ជា​ពេល​វេលា​ដ៏​លំបាក​មួយ។ ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​សង្ឃឹម​ថា ​ដោយ​ឃើញ​នូវ​អ្វីៗ​ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ កម្ពុជា​នឹង​ឆ្លង​កាត់​ដំណើរការ​បោះឆ្នោត​នេះ​ដោយ​រលូន»។​

លោក ​Rene ​បន្ថែម​ថា ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ជា​រដ្ឋ​ធម្មនុញ្ញ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ប៉ុន្តែ​លោក​ថា​ អ្វី​ដែល​សំខាន់​គឺ​ការ​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ។​ លោក​សម្គាល់​ឃើញ​ថា​ នៅ​ក្នុង​តុលាការ​ មេធាវី​មួយ​ចំនូន​មិន​បាន​ផ្អែក​មូលដ្ឋាន​លើ​រដ្ឋ​ធម្មនុញ្ញ​ក្នុង​ការ​ការពារ​ក្តី​នោះ​ទេ។

សម្តេច នរោត្តម សិរិវុឌ្ឍ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​ព្រះ​បន្ទូល​ប្រាប់ VOA ក្នុង​ពិធីផ្សព្វ​ផ្សាយ​សៀវភៅស្តីពីរដ្ឋធម្មនុញ្ញ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
សម្តេច​នរោត្តម ​សិរិវុឌ្ឍ ​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​មាន​ព្រះ​បន្ទូល​ប្រាប់ ​VOA​ ថា ការ​យល់​ដឹង​អំពី​រដ្ឋធម្មនុញ្ញ​ និង​ធម្មនុញ្ញ​ភាព​ជា​ចំណុច​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ ជាពិសេស​អ្នក​អនុវត្ត​ច្បាប់​នានា ដើម្បី​ឲ្យ​មាន​ការ​អនុវត្តរដ្ឋធម្មនុញ្ញ​បាន​ត្រឹមត្រូវ។

ព្រះ​អង្គ​បញ្ជាក់​ថា៖

«ការ​រៀប​ចំ​រដ្ឋ ​រចនា​សម្ព័ន្ធ​រដ្ឋ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​រដ្ឋ​ធម្មនុញ្ញ​ទេ។ ​ដូច្នេះ​រដ្ឋ​ធម្មនុញ្ញ​អាច​មាន​ការ​ផ្លាស់ប្តូរ​ មានការ​វិវត្ត​ទៅ​តម្រូវ​ឈរ​លើ​មូលដ្ឋាន​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ ​តុល្យភាព ​ ដូច្នេះ​ហើយ​យើង​ខ្ញុំ​ជឿ​ថា ​បើ​គ្មាន​រដ្ឋ​ធម្មនុញ្ញ ​ហើយ​បើ​ប្រជា​ពលរដ្ឋ​យើង​ខ្វះ​ការ​ចេះ​ដឹង​ មិន​យល់​រដ្ឋ​ធម្មនុញ្ញ នោះ​អនាគត​របស់​ប្រទេស​ហ្នឹង​មិន​សូវ​ល្អ​ទេ»។

ព្រះ​អង្គ​ពន្យល់​ពី​ភាព​ខុសគ្នា​រវាង​រដ្ឋ​ធម្មនុញ្ញ​ និង​សៀវភៅ​ស្តីពី​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ដូច្នេះ៖​

«មួយ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ។ ​នេះ​ជា​សៀវភៅ អ្វីៗ​ដែល​មាន​អត្ថបទ ​និង​ការ​វិភាគ​របស់​រដ្ឋ​ធម្មនុញ្ញ​មួយ​ចំនួន​ ឧទា​ហរណ៍តាំង​ពី​មុន​មក​ ឬ​ការ​ប្រៀបធៀប​ ឬ​ការ​ឲ្យ​យោបល់​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ។ ដូច្នេះ​មួយ​ជា​ច្បាប់ បាន​ន័យ​ថា​ យើង​មិន​អាច​ប៉ះពាល់​បាន​ទេ​ ទាល់​តែ​ធ្វើ​វិសោធន​កម្ម។ ​នេះ​មាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ដែល​គេ​សរសេរ​ពី​ការ​យល់​ឃើញ​របស់​គេ​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​នេះ និង​អាច​ប្រៀបធៀប​ទៅ​ហ្នឹង​រដ្ឋ​ធម្មនុញ្ញ​ពី​មុន​មក។​ អា​នេះ​ខុស​គ្នា ជា​សៀវភៅ​មួយ​លើស​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ»។

បើ​តាម​លោក ​Rene ​សៀវភៅ​ស្តីពី​រដ្ឋ​ធម្មនុញ្ញ​ជា​ភាសា​អង់គ្លេស​នេះ​ត្រូវ​បាន​រៀបចំ​អស់​រយៈពេល​២​ឆ្នាំ។ ​សៀវភៅ​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ចំនួន​១៥០០​ក្បាល ​ហើយ​ត្រូវ​បាន​ផ្តល់​ដោយ​ឥត​គិត​ថ្លៃ​ពី​មូលនិធិ​នេះ ដើម្បី​ដាក់​តាម​មហា​វិទ្យាល័យ​មួយ​ចំនួន​នៅ​កម្ពុជា ​ដើម្បីការ​សិក្សា ​និង​ការ​ស្រាវ​ជ្រាវ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ច្បាប់​នៅ​កម្ពុជា។​ អ្នក​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​នោះ​រំពឹង​ថា ​សៀវភៅ​ស្តីពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​នេះ​នឹង​មាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ឆាប់ៗ ​ដើម្បី​ឲ្យ​សិស្ស​ និស្សិត ​ដែល​មិនង​ចេះ​ភាសា​អង់គ្លេស​អាច​យល់​ដឹង​បាន​ទាំង​អស់​គ្នា៕

Harvests destroyed in fire


Villagers attempt to extinguish a fire in a rice field in Banteay Meanchey province on Sunday. Authorities estimate that 17 hectares of rice fields were accidentally set on fire. Photo supplied



Seventeen hectares of rice fields were consumed by a blaze in Banteay Meanchey province’s O’Chrou district early on Sunday morning, leaving four families without their harvest, officials said.

Changha commune deputy chief Hoeung Yok said local residents initially spotted smoke coming from a rice field that had been harvested in Sisophon town’s M’kak commune at about 8am.

Two hours later, they noticed that the flames had spread to another rice field that had not yet been harvested in Changha, which borders M’kak, he said.

“Luckily, there was a huge canal [near] the fire, so the fire did not spread. Otherwise, thousands of hectares of rice plantations that had not been harvested could have been burnt into ash,” Yok said.

Banteay Meanchy provincial police chief Ath Khem said fire engines were not able to enter the area because it was too muddy, but that firefighters had extinguished the blaze within two hours of it starting.

Khem said authorities will now investigate the cause of the fire. The 17 hectares that burned had belonged to four separate families. Yorn Yet, a 38-year-old whose family lost 10 of the 17 hectares, said he was renting six of those and now was left with nothing.

“Last year, we had a drought and I had much hope for this year, but now it’s another loss,” Yet said. “At the moment, I want to cry, but I have no tears. What I can do is call for support from authorities and donors.”

Seang Vanseth, the director of the provincial department of agriculture, said officials would visit the affected families to deliver food today.

Sunday, December 25, 2016

ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើប​អង្កេត​ករណី​អ្នក​ប្រើ​ហ្វេសប៊ុក​កាត់​ត​រូប​ប្រមាថ​ព្រះមហាក្សត្រ

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ក្នុង​ពេល​ព្រះអង្គ​យាង​ចូល​រួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០១៦ នា​វិមាន​ឯករាជ្យ។ RFA/Brach Chev



ករណី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) កាត់​ត​រូបភាព​ដែល​ជា​ការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ កំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​ជំនាញ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ហើយ។ ចំណែក​អ្នក​វិភាគ និង​សង្គម​ស៊ីវិល គាំទ្រ​ការ​ប្រកាស​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ  លោក ខៀវ សុភ័គ ប្រាប់​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រុម​ជំនាញ​ផ្នែក​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ហ្វេសប៊ុក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​លោក​មិន​ទាន់​ឲ្យ​ដឹង​ពី​តម្រុយ​នៃ​ការ​ស្រាវជ្រាវ​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា នៅ​ពេល​ចាប់​បាន​ជន​ប្រព្រឹត្ត សមត្ថកិច្ច​នឹង​បញ្ជាក់​លំអិត​លើ​ករណី​នេះ៖ «ជា​ទស្សនៈ​ខ្ញុំ​នោះ ខ្ញុំ​នៅ​មាន​ភាព​មន្ទិល​ច្រើន​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច ដោយសារ​តែ​កន្លង​មក​រដ្ឋាភិបាល​ច្រើន​តែ​ចាត់​ការ​រឿង​ដែល​ពាក់ព័ន្ធ​នយោបាយ ជា​ជាង​ការ​ការពារ​ស្ថាប័ន និង​ការ​ការពារ​មុខមាត់​របស់​កម្ពុជា»។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ម្នាក់ ដែល​មាន​គណនី​សរសេរ​ឈ្មោះ​ជា​អក្សរ​ថៃ បាន​បង្ហោះ​រូប​កាត់​ត​មួយ​សន្លឹក​ដាក់​រូប​ព្រះ​ភក្ត្រ​របស់​ព្រះបាទ នរោត្តម សីហមុនី ដែល​ជា​រូបភាព​អាក្រាត​ព្រះ​កាយ។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា បង្ហាញ​ការ​សង្ស័យ​ថា ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​អាច​ពុំ​សូវ​មាន​ប្រសិទ្ធភាព  ព្រោះ​តាម​ការ​សង្កេត​របស់​លោក​កន្លង​មក ក្នុង​ករណី​មាន​ការ​ប្រមាថ​ស្ថាប័ន​របស់​រដ្ឋ ឬ​ការ​គំរាម​មន្ត្រី​​បក្ស​ប្រឆាំង ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ​រឿង​នោះ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​បើ​មាន​ការ​ប្រមាថ​ដល់​អ្នក​នយោបាយ​មក​ពី​សំណាក់​បក្ស​កាន់​អំណាច គឺ​សមត្ថកិច្ច​ចាត់​ការ​បាន​លឿន ហើយ​មាន​ប្រសិទ្ធភាព​ថែម​ទៀង​ផង៖ «ឃើញ​ថា មាន​ឆក​ល្វែង​ដែរ​ចំពោះ​ច្បាប់ ព្រោះ​ថា ច្បាប់​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ប៉ះពាល់​បាន ប៉ុន្តែ​អត់​មាន​ចែង​អំពី​បទល្មើស​អី​ណា​មួយ​ក្នុង​រំលោភ​បំពាន ឬ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ»។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ ប៉ុន្តែ​ច្បាប់​កំពូល​មួយ​នេះ មិន​បាន​ចែង​ពី​ការ​ដាក់​ទោសទណ្ឌ​នរណា​ដែល​រំលោភ​បំពាន​អង្គ​ព្រះមហាក្សត្រ​ឡើយ សូម្បី​តែ​ក្រម​ព្រហ្មទណ្ឌ​ក៏​គ្មាន​មាត្រា​ណា​មួយ​ចែង​ដាក់​ទោស​លើ​បុគ្គល​ដែល​រំលោភ​បំពាន​ព្រះអង្គ​នោះ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ ព្រោះ​ការ​ធ្វើ​បែប​នេះ​លើស​ពី​សេរីភាព​បញ្ចេញ​មតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ខណៈ​ច្បាប់​ហាម។ ប៉ុន្តែ​លោក​យល់​ថា សមត្ថកិច្ច​ពិបាក​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​ដាក់​ទោសទណ្ឌ​ជន​ប្រព្រឹត្ត​ព្រោះ​គ្មាន​ច្បាប់​ណា​មួយ​ចែង​ដាក់​ទោស​ជន​ដែល​រំលោភ​បំពាន​អង្គ​ព្រះមហាក្សត្រ៖ «»។

​ការ​កាត់​ត​រូបភាព​ដែល​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ។ កាល​ពី​ពេល​មុនៗ ក៏​មាន​អ្នក​ប្រើ​ហ្វេសប៊ុក ខ្លះ កាត់​ត​រូបភាព​ប្រមាថ​ព្រះអង្គ​ដែរ ប៉ុន្តែ​គេ​មិន​ឃើញ​ក្រុម​សមត្ថកិច្ច​ចេញ​វិធានការ​ឡើយ។ ប៉ុន្តែ​បើ​មាន​អ្នក​ណា​សរសេរ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​យូរ​ឡើយ សមត្ថកិច្ច​នឹង​ចាប់​បាន​ជន​ប្រព្រឹត្ត៕

យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​របស់​សហគមន៍​ទាំង​បួន​ខេត្ត

សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ឡង់​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr



គិត​មក​ដល់​ថ្ងៃ​ទី​២៤ ធ្នូ យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​របស់​សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ មាន​រយៈពេល ៣​យប់ ៤​ថ្ងៃ​ហើយ។

យុទ្ធនាការ​នេះ​ផ្ដោត​សំខាន់​លើ​ការ​ចុះ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ទប់ស្កាត់​ការ​បរបាញ់​សត្វ​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​មាន​ការ​ចូលរួម​ពី​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម យុវជន និង​មន្ត្រី​បរិស្ថាន។

មូលហេតុ​នៃ​ការ​ជូន​អំណោយ​និង​កាដូ​ក្នុង​ឱកាស​បុណ្យ​គ្រីស្ទម៉ាស


អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល នៅ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng


ឱកាស​មួយ​ខែ​ពេញ​នៅ​អំឡុង​ខែ​ធ្នូ ជា​រដូវ​បុណ្យ​គ្រីស្ទម៉ាស (Christmas) ឬ​បុណ្យ​ណូអែល សម្រាប់​ប្រទេស​អឺរ៉ុប គេ​តែង​ឈប់​សម្រាក​ពី​ការងារ ដែល​គេ​ហៅ​ថា​វ៉ាកង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ហូលីដេ (Holiday)។ វេលា​ឈប់​សម្រាក​នេះ​ហើយ ដែល​អាច​ឲ្យ​ពួក​គេ​ជួបជុំ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ជិត​ឆ្ងាយ ទទួល​ទាន​អាហារ​រួម​គ្នា និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

សម្រាប់​គ្រីស្ទាន (Christian) ឬ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​វិញ ការ​ជូន​កាដូ​គ្នា​នេះ​មាន​អាថ៌កំបាំង​មួយ ដែល​មាន​អត្ថន័យ​សម្រាប់​ពិធី​បុណ្យ​នេះ។

ហេតុ​អ្វី​បាន​ជា​គេ​ជូន​កាដូ និង​អំណោយ​ឲ្យ​គ្នា​នៅ​ក្នុង​ឱកាស​នេះ?

អំណោយ​ស្ករ​សូកូឡា កាដូ និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើន ត្រូវ​បាន​ហាង​ទំនិញ​ដាក់​លក់​យ៉ាង​ព្រោងព្រាត និង​ហាង​ទំនិញ​មួយ​ចំនួន​ដាក់​លក់​បញ្ចុះ​តម្លៃ​ក្នុង​ឱកាស​ខែ​ធ្នូ ដែល​ជា​រដូវ​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល​ចូល​មក​ដល់។

គ្រូ​គង្វាល​ជំនួយ​នៃ​ព្រះវិហារ​បេសកកម្ម​ដំណឹង​ល្អ លោក រ័ត្ន ប៊ុនសំ បាន​ឲ្យ​ដឹង​ថា អាថ៌កំបាំង​មួយ​នៃ​ការ​ជូន​អំណោយ និង​ជូន​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស​នោះ គឺ​បាន​ផ្សារភ្ជាប់​នឹង​ទំនាក់ទំនង​នៃ​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ លោក​ថា ដើម​ចម​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស គឺ​ជា​ការ​រំឭក​ពី​កំណើត​របស់​ព្រះ ដែល​បាន​យាង​មក​ប្រសូត​លើ​ផែនដី ដែល​ជា​កាដូ​សង្គ្រោះ​មនុស្ស​កាល​ពី​ជាង ២​ពាន់​ឆ្នាំ​មុន៖ «ទាក់ទង​នឹង​អំណោយ គឺ​គេ​បង្ហាញ​អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហ្នឹង គឺ​ជា​អំណោយ​ដែល​ព្រះ​បាន​ប្រទាន​មក​ដល់​មនុស្ស​នូវ​សេចក្ដី​សង្គ្រោះ ដែល​ជា​អំណោយ​មួយ​ដ៏​ធំ តាម​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហ្នឹង។ ដូច្នេះ​ហើយ បាន​ជា​រាល់​ពេល​បុណ្យ​ណូអែល គឺ​គេ​ជូន​អំណោយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក រំឭក​អំពី​ការ​ឲ្យ​ដែល​ព្រះ​បាន​ឲ្យ​អំណោយ​ដ៏​ធំធេង​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល»។

ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នេះ នៅ​ប្រទេស​កម្ពុជា មិន​ថា​តែ​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ ដែល​គេ​ធ្វើ​នៅ​តាម​ព្រះវិហារ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​តាម​ក្រុមហ៊ុន ផ្សារ​ទំនើប និង​ហាង​លក់​ដូរ​នានា ក៏​ត្រូវ​បាន​គេ​តុបតែង​ដើម​ឈើ​ស្រល់​យ៉ាង​ធំ​តាំង​លំអ និង​មាន​ដាក់​តាំង​កាដូ​ជាច្រើន និង​ខ្លះ​មាន​ចាក់​បទ​ចម្រៀង​ចាក់​ភ្លេង​លាន់​ឮ​រំពង ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​លក់​បញ្ចុះ​តម្លៃ​ទៀត​ផង។ ចំណែក​នៅ​តាម​សាលា​រៀន​មួយ​ចំនួន ពិសេស​សាលា​អន្តរជាតិ ឬ​សាលា​ឯកជន​វិញ គេ​តែង​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ដែរ ដោយ​មាន​កម្មវិធី​ពិសេស​មួយ គឺ​លេង​ចាប់​កាដូ លេង​ប្ដូរ​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក។

ក្រុម​ជំនុំ​នៃ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ អ្នកស្រី ស៊ឹម មុន្នីសោភា ថ្លែង​ថា ឲ្យ​តែ​ដល់​រដូវ​បុណ្យ​នេះ​ម្ដងៗ អ្នកស្រី​មិន​ដែល​ភ្លេច​ឡើយ​នូវ​ការ​ផ្ដល់​អំណោយ​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នកស្រី ក្នុង​ថ្ងៃ​បុណ្យ​ណូអែល ដែល​គាត់​យល់​ថា​ជា​ថ្ងៃ​ពិសេស៖ «ទិញ​ឲ្យ​កូន​ទាំង​ពីរ​នាក់ ហើយ​និង​ប្ដី [សើច] ដោយសារ​ក្នុង​ឱកាស​បុណ្យ​ណូអែល​នេះ គឺ​ជា​ថ្ងៃ​បុណ្យ​កំណើត​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ថ្ងៃ​បុណ្យ​រំឭក​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​យាង​មក​ផែនដី ដើម្បី​ប្រសូត​ជា​មនុស្ស​លោក ហើយ​សុគត​លើ​ឈើ​ឆ្កាង ដើម្បី​សង​ថ្លៃ​អំពើ​បាប​ដែល​បញ្ជាក់​ថា ជា​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​មួយ​ដ៏​ធំ​សម្រាប់​មនុស្ស។ ដូច្នេះ ទិញ​កាដូ​ឲ្យ​កូន​វា​មាន​អំណរ កាលណា​គឺ​គាត់​បាន​ទទួល​កាដូ​ចឹង ខ្ញុំ​តែង​ទិញ​កាដូ​ជូន​គាត់​ក្នុង​ឱកាស​នេះ គឺ​គាត់​មាន​អំណរ​ជាង​គេ»។

នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​កត់ត្រា​ថា មាន​ប្រព្រឹត្តិការណ៍​នៅ​ភូមិ​បេថ្លេហ៊ឹម ក្នុង​ស្រុក​យូដា ប្រទេស​អ៊ីស្រាអែល ដោយ​ទេព្ដា​បាន​លេច​មក​ប្រាប់​ដល់​អ្នក​គង្វាល​ហ្វូង​ចៀម​នៅ​ពេល​រាត្រី​ត្រជាក់​ថា នឹង​មាន​អង្គ​រាជបុត្រា​មួយ​អង្គ​ព្រះនាម ព្រះ​យេស៊ូវ​គ្រីស្ទ យាង​មក​ប្រសូត​លើ​ផែនដី​នេះ សម្រាប់​ជួយ​មនុស្ស​ឲ្យ​រួច​ពី​អំពើ​បាប​ដែល​ជា​អំណោយ​របស់​ព្រះ​សម្រាប់​មនុស្ស។

«ចម្រៀង Oh holy night»

ទំនាយ​ជាង ៣០០​ទំនាយ ដែល​បាន​ទាយ​ទុក​ដោយ​ហោរា​បាន​សម្រេច​លើ​រូប​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​យាង​មក​ប្រសូត​ជា​មនុស្ស​នៅ​លើ​ផែនដី គឺ​មាន​ចម្លើយ​តែ​មួយ​គត់ ឲ្យ​មនុស្ស​ទទួល​បាន​នូវ​ជីវិត​រួច​ពី​អំពើ​បាប គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច។

«ចម្រៀង Oh holy night»

នៅ​តាម​ព្រះវិហារ​គ្រិស្ត​បរិស័ទ គេ​បាន​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល។

ក្រុម​ជំនុំ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ បាន​ប្រារព្ធ​កាល​ពី​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ នៅ​ក្នុង​ព្រះវិហារ​ជីវិត​ថ្មី នៅ​រាជធានី​ភ្នំពេញ។

«សំឡេង​ច្រៀង ហេភី ប៊ឺសដេ Happy birth day Jesus...!»

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នេះ គេ​តែងតែ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភ្ជាប់​ទៅ​ឆ្នាំ​ថ្មី នៃ​គ្រិស្តសករាជ ដែល​មនុស្ស​នៅ​លើ​ពិភពលោក​បាន​ប្រើប្រាស់ ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

«ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស and Happy New year»

នាង​ខ្ញុំ​សូម​ជូនពរ​ឲ្យ​លោក​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ទាំងអស់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្ដី​សុខសាន្ត សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕

សហគមន៍​ដីធ្លី​នឹង​មិន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទេ​នៅ​ថ្ងៃ​ទី​២៦​ធ្នូ


សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang


ស្ត្រី​តំណាង​សហគមន៍​ដីធ្លី​បឹងកក់ និង​បុរីកីឡា នឹង​មិន​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ទេ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ដែល​ជា​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​ធ្នូ។ ស្ត្រី​ទាំងនេះ​និយាយ​ថា យុទ្ធនាការ​នេះ​នឹង​អាច​ចាប់​ផ្ដើម​ធ្វើ​ឡើង​វិញ​នៅ​ដើម​ខែ​មករា ឆ្នាំ​ក្រោយ។

តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​បឹងកក់ រាជធានី​ភ្នំពេញ លោកស្រី បូវ សោភា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ថា សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​បឹងកក់ និង​សហគមន៍​បុរីកីឡា នឹង​បន្ត​ផ្អាក​ការ​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» មួយ​សប្ដាហ៍​ទៀត​សម្រាប់​ថ្ងៃ​ច័ន្ទ ទី​២៦ ធ្នូ៖ «កម្មវិធី​ហ្នឹង​ចាប់​ផ្ដើម​ពី​ខែ​មួយ​ទៅ​វិញ​ទៀត បើ​គេ​មិន​លែង។ តែ​ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​លែង បើ​សិន​ជា​គេ​ហៅ​ទៅ​តុលាការ​ឲ្យ​មាន​ការ​កាត់​ទោស​ត្រឹម​ថ្ងៃ​២ ថ្ងៃ​៣ អី សឹម​យើង​ធ្វើ»។

ទន្ទឹម​គ្នា​នេះ តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន បញ្ជាក់​បន្ថែម​ថា ការ​ផ្អាក​នេះ គឺ​ជា​ការ​ដក​ឃ្លា​មួយ​រយៈ ដើម្បី​រង់ចាំ​មើល​លទ្ធផល​នៃ​ពាក្យ​លេច​ឮ​ថា តើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី គ.ជ.ប ដែល​កំពុង​ជាប់​មន្ទីរ​ឃុំឃាំង​នោះ នឹង​ត្រូវ​ដោះលែង​នៅ​ដំណាច់​ខែ​ធ្នូ នេះ៖ «យើង​ផ្អាក​ចាំ​មើល​ខាង​រដ្ឋាភិបាល ហើយ​និង​ខាង​តុលាការ​ហ្នឹង គាត់​ដោះស្រាយ​ដោះលែង​អ្នក​សង្គម​ស៊ីវិល និង​អ្នកស្រី ទេព វន្នី ហ្នឹង​ឬ​ក៏​អត់? ចាំ​មើល​តែ​សប្ដាហ៍​ហ្នឹង​ទៀត​ទេ ឲ្យ​ដាច់​ខែ​ហ្នឹង ចូល​ខែ​១ ថ្ងៃ​ច័ន្ទ បន្ត​ទៀត ធ្វើ​សកម្មភាព​ធំ។ យើង​ប្រមូល​គ្នា​គ្រប់​សហគមន៍​ដាក់​ញត្តិ​ដាក់​អី»។

ដោយឡែក​តែ​តំណាង​ក្រុម​អតីត​អ្នក​បឹងកក់ គឺ​កញ្ញា អ៊ឹម ស្រីទូច ថ្លែង​ថា ក្រុម​របស់​កញ្ញា នឹង​នៅ​នាំ​គ្នា​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ធ្នូ ហើយ​នឹង​លើក​គ្នា​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែរ៖ «ទី​មួយ យើង​ត្រូវ​រួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ហ្នឹង ដែល​អត់​ទាន់​មាន​ការ​ដោះលែង​អង្គការ​សង្គម​ស៊ីវិល មន្ត្រី គ.ជ.ប និង​សកម្មជន​ដីធ្លី។ ទី​ពីរ ខ្ញុំ​ទៅ​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ពួក​ខ្ញុំ​អ្នក​បឹងកក់​ហ្នឹង ដោយសារ​ក្រសួង​ដែនដី​ហ្នឹង​បាន​ជំរុញ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ជួប​ក្រុង តែ​ពេល​ពួក​ខ្ញុំ​ទៅ​ជួប​ក្រុង​ហ្នឹង ក្រុង​អត់​បាន​មក​ជួប​ពួក​ខ្ញុំ​ទេ មាន​តែ​ប្រើ​ហិង្សា​រុញ​ច្រាន​ពួក​ខ្ញុំ​ឲ្យ​របួស​គ្រប់​គ្នា»។

យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ឬ​ហៅ​ថា Black Monday ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​ដោយ​ក្រុម​ពលរដ្ឋ​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី ដូចជា​នៅ​តំបន់​បឹងកក់ និង​អ្នក​បុរីកីឡា ជាដើម។ យុទ្ធនាការ​នេះ គឺ​តែង​ភ្ជាប់​ទៅ​នឹង​គោល​បំណង​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប មន្ត្រី គ.ជ.ប ដែល​ជា​អតីត​មន្ត្រី​អង្គការ​អាដហុក ១​រូប និង​អ្នកស្រី ទេព វន្នី ជា​សកម្មជន​ដីធ្លី​នៅ​បឹងកក់។

ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ និង​អ្នក​បុរីកីឡា បាន​ប្រកាស​ផ្អាក​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ចាប់​តាំង​ពី​ថ្ងៃ​ទី​ច័ន្ទ ទី​១៩ សប្ដាហ៍​មុន។ នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ធ្នូ គឺ​ជា​សប្ដាហ៍​ទី​២ ដែល​ស្ត្រី​ទាំងនេះ​រក្សា​ជំហរ​ផ្អាក​យុទ្ធនាការ​រហូត​ដល់​ដំណាច់​ខែ​ធ្នូ។ គម្រោង​ដើរ​ដាក់​ញត្តិ​តាម​ស្ថាប័ន​សំខាន់ៗ​នានា​នៅ​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មករា នឹង​អាច​ជា​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ដំបូង​របស់​ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី សម្រាប់​ឆ្នាំ​២០១៧៕

គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​កម្មករ


រថយន្ត​ដឹក​កម្មករ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។  RFA/Morm Moniroth


អ្នក​ស្លាប់ និង​អ្នក​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​មាន​តួលេខ​ខ្ពស់ បើ​ទោះ​ជា​អត្រា​ស្លាប់ និង​របួស​ធ្លាក់​ចុះ​ជាង​មុន។ បច្ចុប្បន្ន​នេះ តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ច្រើន​ចំពោះ​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ចំពោះ​កម្មករ​ជាប់ៗ​គ្នា​នៅ​ក្នុង​បច្ចុប្បន្ន​នេះ ក្លាយ​ជា​កង្វល់​ខ្លាំង​ចំពោះ​សុវត្ថិភាព​កម្មករ។

ការ​ថ្លែង​របស់​លោក ប៉ាវ ស៊ីណា គឺ​ភ្ជាប់​ទៅ​នឹង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​មួយ​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស ៤៤​នាក់៖ «ឃើញ​ថា​រយៈពេល​ចុង​ក្រោយ​ហ្នឹង វា​ហាក់​ដូច​កើត​ឡើង​សឹង​រៀង​រាល់​ថ្ងៃ ហើយ​រឿង​ដែល​កើត​ឡើង​នោះ ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​រន្ធត់​ចិត្ត។ គាត់​ហាក់​ដូចជា​ស្មារតី​គាត់​នៅ​តែ​ដក់​ជាប់​ហេតុការណ៍ គាត់​តែង​តែ​ឃើញ​ញឹកញាប់ ហើយ​អ្វី​ដែល​សំខាន់ ខ្ញុំ​ឃើញ​ថា វិធានការ​ទប់ស្កាត់​របស់​ក្រសួង​ពាក់ព័ន្ធ​ហ្នឹង ហាក់​ដូចជា​អត់​សូវ​មាន​ប្រសិទ្ធភាព​ទេ»។

លោក ប៉ាវ ស៊ីណា បន្ត​ទៀត​ថា រដ្ឋ​គួរ​តែ​បង្កើត​គោល​នយោបាយ​ថ្មីៗ​ថែម​ទៀត ដើម្បី​បង្កើន​សុវត្ថិភាព​ចំពោះ​កម្មករ៖ «ដូចជា​ការ​ឲ្យ​និយោជក​គាត់​ធានា​រ៉ាប់រង​ដឹក​ជញ្ជូន​កម្មករ​ដោយ​ផ្ទាល់ ឬ​ធ្វើ​ជា​កន្លែង​ស្នាក់នៅ​ដល់​បង​ប្អូន​កម្មករ ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព។ ឧទាហរណ៍​ថា បើ​ក្រុមហ៊ុន​ចេញ​ថ្លៃ​ដឹក​ជញ្ជូន​ឲ្យ ឬ​ផ្ដល់​ការ​ដឹក​ជញ្ជូន មាន​ន័យ​ថា ឡាន​ដែល​គាត់​ជិះ គឺ​វា​អាច​មាន​សុវត្ថិភាព​ជាង ហើយ​ទី​ពីរ គាត់​មិន​ជំរុញ​ចិត្ត​បង្ខំ​ឲ្យ​ម្ចាស់​ឡាន​គាត់​បើកបរ​លឿន ដើម្បី​បាន​ទៅ​ដល់​ទាន់​ម៉ោង​ធ្វើ​ការ កុំ​ឲ្យ​កាត់​លុយ​កាត់​កាក់​អី​ពួក​គាត់។ ទី​ពីរ ប្រសិន​បើ​សង់​ជា​ផ្ទះ​ឲ្យ​ពួក​គាត់​ស្នាក់នៅ គឺ​វា​កាន់​តែ​ល្អ​ប្រសើរ​ទៀត»។

ទាក់ទង​បញ្ហា​នេះ ត្រូវ​បាន​លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​បញ្ជាក់​ថា សម្រាប់​វិធានការ​ពង្រឹង​សុវត្ថិភាព​ចំពោះ​កម្មករ​បច្ចុប្បន្ន​នេះ ខាង​ក្រសួង​លោក​កំពុង​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ជាមួយ​អ្នក​បើកបរ​ដឹក​ជញ្ជូន​កម្មករ​ជា​ញឹកញាប់ តាម​រយៈ​ក្រុម​ការងារ​ឈ្មោះ​ថា ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ៖ «យើង​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ក៏​ដូចជា​សុវត្ថិភាព​ចរាចរណ៍​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ក៏​ដូចជា​បច្ចេកទេស​ថែទាំ​យានយន្ត ចុះ​ទៅ​បណ្ដុះបណ្ដាល​ផ្ដល់​ប័ណ្ណ​បើកបរ ដោយ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ពាក់ព័ន្ធ​ទៅ​នឹង​បង​ប្អូន​ដឹក​ជញ្ជូន​កម្មករ​នេះ ឃើញ​ថា កន្លង​មក មិន​មែន​តែ​គ្រោះថ្នាក់​ដោយសារ​ខ្លួន​គាត់​ទេ ដោយសារ​រថយន្ត​បង្ក​មួយ​ចំនួន​ដែរ។ មាន​ន័យ​ថា គាត់​អាច​បង្ក​គ្រោះថ្នាក់​ខ្លួន​ឯង ហើយ​រថយន្ត​ដទៃ​ក៏​បង្ក​គ្រោះថ្នាក់​មក​ដល់​រថយន្ត​ដឹក​កម្មករ​ដែរ»។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ខ្លួន​ឯង ឬ​សហការ​ជាមួយ​ក្រុមហ៊ុន គួរ​តែ​វិនិយោគ​លើ​មធ្យោបាយ​ដឹក​កម្មករ ឬ​សង់​កន្លែង​ស្នាក់នៅ​សម្រាប់​កម្មករ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់។ ចំណុច​នេះ លោក ជាវ ប៊ុនរិទ្ធ ឆ្លើយតប​ថា រដ្ឋាភិបាល​បាន​ជំរុញ​ហើយ ហើយ​ក្រុមហ៊ុន​ខ្លះ​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ខ្លួន​ឯង​ដែរ៖ «ដូចជា​នៅ​ខាង​ខេត្ត​កោះកុង ក៏​គេ​បាន​រៀបចំ​ឲ្យ​ដឹក​ជញ្ជូន​កម្មករ​ឲ្យ​មាន​សុវត្ថិភាព ហើយ​ជា​បន្តបន្ទាប់​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ក៏​គេ​បាន និង​កំពុង​រៀបចំ​វិនិយោគ​ទៅ​លើ​ឡាន ដើម្បី​ដឹក​បង​ប្អូន​កម្មករ​កម្មការិនី​យើង​ឲ្យ​មាន​សុវត្ថិភាព ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ចរាចរណ៍​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នេះ ឃើញ​ថា គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក​បាន​ចេញ​សេចក្ដី​ណែនាំ ក៏​ដូចជា​សេចក្ដី​ជូន​ដំណឹង ដើម្បី​ឲ្យ​បង​ប្អូន​បើកបរ​ទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បើកបរ ហើយ​ជំរុញ​ឲ្យ​គាត់​ប្ដូរ​រថយន្ត​មួយ​ចំនួន ទៅ​រក​រថយន្ត​មាន​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន​បង​ប្អូន​កម្មករ​យើង»។

លោក​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​កម្មវិធី​ធានា​រ៉ាប់រង​បច្ចុប្បន្ន កម្មករ​ដែល​ទទួល​រង​គ្រោះថ្នាក់​ដូច​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ ជា​បន្ទុក​គាំពារ​របស់​របប​សន្តិសុខ​សង្គម​ក្រសួង​ការងារ៖ «គឺ​គាត់​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ពី​ផ្ទះ​គាត់​ទៅ​កន្លែង​ធ្វើ​ការ​នៅ​រោងចក្រ ហើយ​ពី​រោងចក្រ​ទៅ​ផ្ទះ​គាត់​វិញ។ អ៊ីចឹង​គ្រោះថ្នាក់​នេះ ត្រូវ​បាន​ទទួល​ធានា​រ៉ាប់រង​ពី ប.ស.ស ដូចជា​ការ​ផ្ដល់​ការ​ព្យាបាល​រហូត​ដល់​ជា​សះ​ស្បើយ និង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​របប​សន្តិសុខ​សង្គម ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់»។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ចំពោះ​កម្មករ​មាន​ចំនួន​ច្រើនៗ​ក្នុង​មួយ​ករណី បាន​កើត​ឡើង​ផ្ទួនៗ​ជា​បន្តបន្ទាប់​ក្នុង​ខែ​ធ្នូ នេះ។ កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ឡាន​ដឹក​ឧស​បុក​ឡាន​ដឹក​កម្មករ​កម្មការិនី​នៅ​ខេត្ត​កំពង់ឆ្នាំង បណ្ដាល​ឲ្យ​កម្មករ​កម្មការិនី​ចំនួន ៣២​នាក់​រង​របួស។ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់​ដេរ​មួយ​គ្រឿង បាន​ដាច់​កាឡេ​ក្រឡាប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ត្រពាំងផ្លុង សង្កាត់​បាទី ក្រុង​បាវិត ហើយ​បណ្ដាល​ឲ្យ​អ្នក​របួស​ចំនួន ៤៤​នាក់ ក្នុង​នោះ​អ្នក​របួស​ធ្ងន់​មាន​ចំនួន ១៥​នាក់។

របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​តួលេខ​ថា គ្រាន់​តែ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១០​លើក មនុស្ស​របួស ៦១​នាក់ និង​ស្លាប់ ៤​នាក់។ តួលេខ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៣ ធ្នូ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ២៧៥​លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ១០៨​នាក់ រង​របួស​ចំនួន ៥០៣​នាក់។ នៅ​កម្ពុជា បច្ចុប្បន្ន​នេះ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​ច្រើន​ជាង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម និង​គ្រាប់​មីន​បូក​បញ្ចូល​គ្នា​ទៅ​ទៀត៕