Monday, December 26, 2016

សាលា​ក្រុង​ទុក​ពេល​ឲ្យ​ជនជាតិ​ចាម​បន្ត​ចរចា​រឿង​សង់​ផ្លូវ​កាត់​វិហារ​នៅ​បឹងកក់


ជនជាតិ​ចាម ជួបជុំ​គ្នា​ពិភាក្សា​ពី​ផែនការ​សង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​ចាម​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/San Sel



សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ទុក​ពេល​បន្ថែម​ទៀត​ឲ្យ​ជនជាតិ​ចាម ពិភាក្សា​គ្នា​រឿង​ផែនការ​សង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​មូស្លីម​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ។ ការ​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ កើត​ឡើង​បន្ទាប់​ពី​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា មេ​ដឹកនាំ​វិហារ​នៅ​តាម​ខេត្ត និង​តំណាង​រដ្ឋាភិបាល ជួប​ប្រជុំ​គ្នា​សម្រេច​អនុម័ត​គាំទ្រ​ឲ្យ​ពុះ​ផ្លូវ​ក្នុង​បរិវេណ​វិហារ​ឥស្លាម​បឹងកក់​នេះ។

ហាកឹម ឬ​អ្នក​គ្រប់គ្រង​ភូមិ​ផ្នែក​សាសនា​មក​ពី​ខេត្ត ខ្លះ​បាន​ដឹង​ពី​របៀបវារៈ​នៃ​ការ​ជួបជុំ តែ​ខ្លះ​មិន​បាន​ដឹង​នោះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា គេ​ឲ្យ​មក​ប្រជុំ​ប្រចាំ​ឆ្នាំ។ មេ​វិហារ​ខ្លះ​មិន​ចូលរួម​ប្រជុំ​ទេ ដើម្បី​បង្ហាញ​ពី​ការ​មិន​គាំទ្រ។

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ឲ្យ​ចំណុះ​វិហារ​បឹងកក់​ដែល​ជា​អ្នក​ចេញ​ប្រឆាំង​នឹង​គម្រោង​នេះ ចូល​ប្រជុំ​បញ្ចេញ​យោបល់​លើ​បញ្ហា​នេះ​ឡើយ។

អ្នក​រៀបចំ​ការ​ពិភាក្សា​នេះ ចាត់​ទុក​ថា ចំណុះ​វិហារ​បឹងកក់​ទាំងនេះ​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម ដោយសារ​ពួក​គេ​មិន​ត្រូវ​បាន​តែងតាំង​ដោយ​ថ្នាក់​ដឹកនាំ​សាសនា​ឥស្លាម​នោះ​ទេ។

សាលា​រាជធានី​ភ្នំពេញ និង​អ្នក​គាំទ្រ​គម្រោង​នេះ ដែល​ដឹកនាំ​ដោយ​លោក អូស្មាន ហាស្សាន់ ពន្យល់​ដល់​ហាកឹម ឬ​មេ​វិហារ​នៅ​តាម​មូលដ្ឋាន​មក​ពី​ទូទាំង​ប្រទេស​ជាង ៤០០​នាក់​ថា ការ​ពុះ​វិហារ​ធ្វើ​ផ្លូវ​នេះ ផ្តល់​ប្រយោជន៍​ដល់​សាធារណជន ដូចជា​បើក​ផ្លូវ​ថ្មី​សម្រាប់​ធ្វើ​ដំណើរ កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​សាងសង់​លូ​អម​តាម​ផ្លូវ​កាត់​បន្ថយ​ទឹក​ជន់​លិច។

ក៏ប៉ុន្តែ​អ្នក​តែង​ទៅ​ថ្វាយ​បង្គំ​នៅ​វិហារ​បឹងកក់ ប្រឆាំង​នឹង​គម្រោង​នេះ ដោយ​ពួក​គេ​អះអាង​ថា ការ​សង់​ផ្លូវ​នេះ គឺ​បំពាន​លើ​ដី​របស់​ព្រះ ហើយ​ដី​មួយ​ចំណែក​ដែល​សល់​ពី​ការ​ពុះ​ច្រៀក​ដី​វិហារ អាច​នឹង​ត្រូវ​មេ​ដឹកនាំ​គាំទ្រ​ការ​សង់​ផ្លូវ យក​ទៅ​ធ្វើ​សម្បត្តិ​ឯកជន។ ពួក​គេ​បន្ត​ថា មិន​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ទេ តែ​ចង់​ឃើញ​ការ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព។

ទាំង​លោក ឃួង ស្រេង អភិបាល​ស្តីទី​សាលា​រាជធានី​ភ្នំពេញ និង​លោក អូស្មាន ហាស្សាន់ បញ្ជាក់​ថា ចំណែក​ដី​នៅ​ម្ខាង​នៃ​ផ្លូវ​ថ្មី​ដែល​គ្រោង​សង់​នោះ មិន​បាត់​មួយ​មិល្លីម៉ែត្រ​នោះ​ទេ។ លោក អូស្មាន ឲ្យ​ដឹង​ថា ដី​នោះ​នឹង​ត្រូវ​សាងសង់​ជា​កន្លែង​សម្រាប់​និស្សិត​ស្នាក់នៅ។ ក៏ប៉ុន្តែ​លោក​ធ្លាប់​បញ្ជាក់​ថា ដី​នោះ​នឹង​យក​ទៅ​ធ្វើ​ខុនដូ (Condo)។

លោក ឃួង ស្រេង ថ្លែង​ថា បើ​ទោះ​ជា​ក្រុម​មេ​ដឹកនាំ​សាសនា​ឥស្លាម បាន​អនុម័ត​គាំទ្រ​លើ​គម្រោង​នេះ​ក្តី សាលា​រាជធានី​ភ្នំពេញ​នឹង​បន្ត​ទទួល​យក​បណ្ដឹង​ពី​ក្រុម​អ្នក​ប្រឆាំង​នឹង​គម្រោង​នេះ៕

មាន​ការ​​អះអាង​ថា ​ម្ចាស់​គម្រោង​រុករក​រ៉ែ​ បុក​​ស៊ីត ​​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស


ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​ក្នុង​ពិធី​មួយ​កាលពី​ពេល​កន្លង​មក។ រូបថត សហការី



មណ្ឌលគិរីៈ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន បន្ទាប់ពី​មាន​ការ​បង្ហាញ​ថា​ម្ចាស់​នៃ​គម្រោង​រុករក​រ៉ែ​បុកស៊ីត​ក្នុង​ខេត្ត​មណ្ឌលគិរី​មាន​ប្រវត្តិ​រំលោភ​បំពាន​សិទ្ធិ​នៅ​កន្លែង​អភិវឌ្ឍន៍ និង​កន្លែង​ដទៃៗ​ទៀត​អស់​រយៈកាល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

ក្រសួង​បរិស្ថាន​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​បច្ចុប្បន្ន​នេះ​កំពុង​ពិនិត្យ​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) សម្រាប់​គម្រោង​រុករក​រ៉ែ​ចំនួន ២៦០០០ ហិកតា​ដែល​លាត​សន្ធឹង​ពី​ស្រុក​អូររំាង​រហូត​ដល់​ក្រុង​សែនមនោរម្យ​នៅ​ភាគ​ខាងត្បូង​ខេត្ត​មណ្ឌលគិរី។

មន្រ្តី​ម្នាក់​ពី​នាយកដ្ឋាន​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា​ក្រុមហ៊ុន​នៅ​ពី​ក្រោយ​គម្រោង​អណ្តូង​រ៉ែ​នេះ​គឺ​ក្រុមហ៊ុន Alex Corporation បាន​ផ្តល់​ពាក្យ​សម្តី​ថា​ខ្លួន​នឹង​មិន​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​សហគមន៍​ដែល​រងគ្រោះ​ហើយ​ក៏​មិន​បណ្តេញ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទទួល​យក​សំណង​ចេញ​ពី​ដីធ្លី​ដែរ។

ទោះ​យ៉ាង​ណា​ក្តី​ម្ចាស់​ក្រុមហ៊ុន Alex Corporation មាន​ប្រវត្តិ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​មិន​ត្រឹម​តែ​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​មណ្ឌលគិរី​ទេ​ប៉ុន្តែ​ទូទាំង​ប្រទេស​កម្ពុជា។

សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​លោក ឡាវ ម៉េងឃីន និង​ភរិយា​របស់​លោក​គឺ​លោកស្រី ជឹង សុភាព ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​ឯកសារ​សម្ងាត់​របស់​ស្ថានទូត​អាមេរិក​នៅ​ឆ្នាំ ២០០៧ ថា​ជា «ប្តី​ប្រពន្ធ​មាន​អំណាច» ក្នុង​ប្រទេស​កម្ពុជា។ របាយការណ៍​ឆ្នាំ ២០០៩ របស់​អង្គការ Global Witness បាន​រកឃើញ​ថា​ពួកគេ​កាន់កាប់​សិទ្ធិ​យ៉ាង​ហោច​ណាស់ ៧% នៃ​ដី​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ជា​ចម្បង​តាមរយៈ​ក្រុមហ៊ុន Pheapimex Group ដែល​លោកស្រី សុភាព ជា​ប្រធាន។

កាលពី​ឆ្នាំ ២០០៤ ក្រុមហ៊ុន Pheapimex បាន​ចុះ​ហត្ថលេខា​រកស៊ី​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ចម្ការ​ចិន​មួយ​ឈ្មោះ Wuzhishan។ នៅ​ក្នុង​ឆ្នាំ​នោះ​អ្នក​តវ៉ា​មួយ​ចំនួន​បាន​រងរបួស​ដោយសារ​គ្រាប់បែក​ដៃ​ខណៈ​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ពោធិ៍សាត់​ក្នុង​គម្រោង​វិនិយោគ​រកស៊ី​រួម​គ្នា​នេះ។

នៅ​ឆ្នាំ​បន្ទាប់​ការ​រកស៊ី​រួម​គ្នា​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ៣៣៦ គីឡូម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​មណ្ឌលគិរី។ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​ឆ្នាំ ២០០៧ របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​សេដ្ឋកិច្ច​ជា​ផ្លូវការ​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ការងារ​នៅ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ភាគតិច​ព្នង។ ទ្រង់ទ្រាយ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ​គឺ​ជិត​ដូច​នឹង​ទ្រង់ទ្រាយ​នៃ​តំបន់​ដែល​ក្រុមហ៊ុន Alex Corporation បាន​ស្នើសុំ​ចាប់ផ្តើម​រក​រ៉ែ​បុកស៊ីត​នា​ឆ្នាំ​ក្រោយ។

មិន​មាន​ឯកសារ​បង្ហាញ​ជា​សាធារណៈ​ណា​បង្ហាញ​ច្បាស់​អំពី​ការ​ជាប់​ពាក់ព័ន្ធ​នៃ​ប្តីប្រពន្ធ​មាន​អំណាច​នេះ​ទៅ​នឹង​ក្រុមហ៊ុន Alex Corporation ទេ។

ទោះ​យ៉ាង​ណា​ក្តី Lau Zhong Yao ដែល​ជា​ប្រធាន​ក្រុមហ៊ុន​នេះ​គឺជា​នាយក​ក្រុមហ៊ុន Pheapimex Group, ក្រុមហ៊ុន Wuzhishan និង​គម្រោង​វិនិយោគ​ទី​បី​របស់​ប្តីប្រពន្ធ​មាន​អំណាច​គឺ Cambodia International Investment Development Group (CIIDG)។

ការិយាល័យ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន Alex Corporation គឺ​នៅ​ក្នុង​អគារ​ជាមួយ​គ្នា​នឹង​ក្រុមហ៊ុន CIIDG ហើយ​គណនេយ្យករ​ម្នាក់​ដែល​មាន​អ៊ីមែល​ជា​អាសយដ្ឋាន CIIDG សម្រាប់​ក្រុមហ៊ុន Alex Corporation បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា​អ្នកនាង​បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​នេះ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ហើយ​ថា​វា​ជា​កម្មសិទ្ធិ​របស់​មនុស្ស​ជាមួយ​គ្នា​នឹង​ក្រុមហ៊ុន CIIDG។

តំណាង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​កាលពី​សប្តាហ៍​មុន​បាន​ថ្លែង​ថា​ការ​ជាប់​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន Alex Corporation ទៅ​នឹង​ប្តី​ប្រពន្ធ​មាន​អំណាច​នេះ​គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន។

លោក អៀង វុទ្ធី នាយកប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​បាន​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​លើ​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀត​របស់​ប្តី​ប្រពន្ធ​មាន​អំណាច​នេះ។

ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០០៨ មាន​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​នៅ​ជុំវិញ​តំបន់​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បើក​ផ្លូវ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​របស់​លោក ឡាវ ម៉េងឃីន Shukaku Inc។ គម្រោង​នេះ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ​ខណៈ​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ជាច្រើន​នាក់​នៅ​តែ​គ្មាន​ផ្ទះសម្បែង​ និង​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ។

លោក វុទ្ធី បាន​ថ្លែង​ថា៖ «យើង​ជាប់​ទាក់ទង​នៅ​ក្នុង​ករណី​នេះ​ជាមួយ​លោកស្រី​ [ជឹង សុភាព] និង​លោក ឡាវ ម៉េងឃីន ហើយ​មាន​បញ្ហា​រហូត»។ «ដូច្នេះ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ពួកគេ​ត្រូវ​បង្ហាញ​អ្វីៗ​គ្រប់​យ៉ាង និង​អនុវត្ត​ទៅ​តាម​ច្បាប់​ហើយ​រដ្ឋាភិបាល​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ក្រុមហ៊ុន​គោរព​ច្បាប់ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន»។

លោក ឌុច ពិសិដ្ឋ នាយក​ផ្នែក​តស៊ូមតិ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ឱ្យ​ដឹង​ថា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សង្ឃឹម​ថា​ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន Alex Corporation បាន «រៀនសូត្រ​អ្វី​មួយ​ពី​សកម្មភាព​មិន​ល្អ​របស់​ដៃគូ​ខ្លួន»។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ផ្តល់​មតិយោបល់​យ៉ាង​ច្បាស់​តាមរយៈ​អ៊ីមែល​មួយ​ថា៖ «អ្នកភូមិ​ដែល​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ទាំង​នេះ​គួរ​ទទួល​ស្គាល់​ឥឡូវ​ថា​ប្រសិន​បើ​ក្រុមហ៊ុន Alex Corporation បាន​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​សម្រាប់​គម្រោង​រុករក​រ៉ែ​ដ៏ធំ​នេះ​ប្រវត្តិ​របស់​មនុស្ស​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​នេះ​បង្ហាញ​ថា​អ្នក​ភូមិ​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​របស់​គម្រោង​នេះ​ដោយ​ត្រូវ​លះបង់​ដីធ្លី​របស់​ពួកគេ​មិន​ថា​ពួកគេ​យល់​ស្រប ឬ​មិន​យល់​ស្រប​នោះ​ទេ​ហើយ​ទំនង​ដូចជា​ទទួល​បាន​សំណង​តិចតួច​ប៉ុណ្ណោះ»។

ក្រៅពី​គណនេយ្យករ​របស់​ក្រុមហ៊ុន Alex Corporation គឺ​មាន​អ្នក​តំណាង​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន Pheapimex, CIIDG និង Alex Corporation ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ព្យាយាម​ទាក់ទង​មាន​អ្នក​ខ្លះ​ទាក់ទង​អត់​បាន​ អ្នក​ខ្លះ​ទាក់ទង​បាន​ប៉ុន្តែ​ពួកគេ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ៕

តុលាការ​ចោទ​ប្រកាន់​ ម្ចាស់​ឡាន​ក្នុង​​រឿង​​ដែល​គេ​អះអាង​ថា​ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ធ្វើ​ពុត​ជា​ដួល​​សន្លប់​មុខ​ឡាន


នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​លោក ឈាន ពិសិដ្ឋ ដែល​ត្រូវ​គេ​អះអាង​ថា​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​នៅ​មុខ​ឡាន​លោក ម៉ង់ ពុទ្ធិ។ រូបថត ហ្វេសប៊ុក



បន្ទាយមានជ័យៈ នៅ​​ទីបំផុត​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​​សម្រេច​ធ្វើការ​ចោទប្រកាន់​ និង​បញ្ជូន​​ប្រធាន​សមាគម​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក​ ម៉ង់ ពុទ្ធិ ដែល​​ក៏​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​​ឃាត​ដោយ​ចេតនា​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បើ​ទោះពី​ជា​​មាន​វីដេអូឃ្លីប និង​សាក្សី​​ឃើញ​ផ្ទាល់​ភ្នែក​អះអាង​​ថា ​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​​ជា​ជនរងគ្រោះ​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​​នៅ​​ពី​​មុខ​ឡាន​របស់​សកម្មជន​ដែល​​តែងតែ​សកម្ម​ក្នុង​ការ​ចេញ​មុខ​ជួយ​​ការពារ​កម្មករ​អូស​​រទេះ ​និង​អ្នក​រត់​ម៉ូតូឌុប​ដែល​តែង​ទទួល​​រង​ការ​រំលោភ​​បំពាន​​នៅ​​ក្រុង​ប៉ោយប៉ែត​ក៏ដោយ​។

មិន​​អាច​ទំនាក់ទំនង​​អ្នក​​នាំពាក្យ​​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សុំ​បញ្ជាក់​ពី​ព័ត៌មាន​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។​

ប៉ុន្តែ​ តាម​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​ស្រុក​បាន​​ឲ្យ​ដឹង​ថា​លោក ម៉ង់ ពុទ្ធិ ត្រូវ​បាន​​តុលាការ​ធ្វើការ​ចោទប្រកាន់​ពី​បទ​​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា និង​​​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ខេត្ត​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ ខណៈ​ដែល​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​មាន​អ្នក​រត់​ម៉ូតូ​ឌុប​​ប្រមាណ​ ១០០ ​នាក់​បាន​នាំ​គ្នា​តវ៉ា​​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​រូប​នេះ​។

លោក​ ស៊ុំ ចាន់គា អ្នក​សម្របសម្រួល​សមាគម​អាដហុក​បាន​ឲ្យ​ដឹង​ថា​លោក ម៉ង ពុទ្ធិ​ ត្រូវ​បាន​​បញ្ចូន​​ទៅ​​កាន់​ពន្ធនាគារ​ក្រោយ​​ពី​ការ​ចោទប្រកាន់​ថា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​​ធ្វើ​​ឲ្យ​ប៉ូលិស​ម្នាក់​ដួល​សន្លប់​។

ក្នុង​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook បាន​បង្ហោះ​ និង​ចែកចាយ​​វិដេអូ​​ដែល​បង្ហាញ​ពី​ប៉ូលិស​ដែល​ធ្វើ​ពុធ​ជា​ដួល​សន្លប់​ដោយ​ខ្លួនឯង​នៅ​ពី​មុខ​​រថយន្ត​​ដែល​បើក​ក្នុង​ល្បឿន​យឺតៗ​ហើយ​​គេ​មើល​ពុំ​ឃើញ​​រថយន្ត​បើក​បំបុក​​ប៉ូលិស​រូប​នោះ​​ឡើយ។

អ្នក​បើក​​រថយន្ត​​ និង​​នៅ​ក្នុង​រថយន្ត​​នោះ​គឺ​លោក​ ម៉ង់ ពុទ្ធិ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​ និង​​ក៏​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​​​ប៉ោយប៉ែត​ដែល​តែងតែ​មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​ចេញ​មុខ​ជួយ​តវ៉ា​រក​យុត្តិធម៌​​​ដល់​កម្មករ​អូស​រទេះ និង​ពលករ​ចំណាក​ស្រុក​ដែល​តែងតែ​ទទួល​រង​ការ​រំលោភ​បំពាន​ពី​​​​សមត្ថកិច្ច​នៅ​ច្រក​ទ្វា​​ព្រំដែន​ប៉ោយប៉ែត​ និង​ក៏​ធ្លាប់​មាន​​ជម្លោះ​ជាមួយ​ប៉ូលិស​ដែល​​ធ្វើ​ពុត​ជា​សន្លប់​នោះ​ផង​ដែរ​។

ប៉ូលិស​ដែល​​ត្រូវ​​គេ​អះអាង​ថា ​បាន​ធ្វើ​ពុត​ដួល​សន្លប់​នោះ​គឺ​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ​នាយ​រង​ប៉ុស្តិ៍​​អន្តោប្រវេសន៍​នៅ​ច្រក​ព្រំដែន​ ប៉ោយប៉ែត​។

ប៉ុន្តែ​បើ​​តាម​តាមរ​​បាយការណ៍​ពី​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​​ដឹង​ថា​កាលពី​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​ឆ្នាំ ២០១៦ វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​កម្លាំង​របស់​ប៉ុស្តិ៍​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ជា​នាយរង​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​មុខ​ទីស្នាក់ការ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​បាន​ឃាត់​ម៉ូតូ​ឌុប​មួយ​គ្រឿង​ម៉ាក C-125 ពណ៌​ខ្មៅ​ដែល​បង្ក​ភាព​រញ៉េរញ៉ៃ និង​មិន​ស្តាប់​ការ​ណែនាំ​ពី​សមត្ថកិច្ច។

ខណៈ​ពេល​កំពុង​តែ​ធ្វើការ​ណែនាំ​អប់រំ​អ្នក​រត់​ម៉ូតូឌុប​រូប​នោះ​ក៏​លេច​មុខ​លោក ម៉ង់ ពុទ្ធិ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ជិះ​រថយន្ត Lexus RX-300 ពណ៌​ស្ករ​មក​ចត​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ​ហើយ​លោក​បាន​ដើរ​ទៅ​ទីស្នាក់ការ និង​ដឹកនាំ​គ្នីគ្នា​មក​ដល់​ទីស្នាក់ការ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ស្រែក​ទាមទារ​យក​ម៉ូតូ​ដែល​ឃាត់​មក​វិញ។ ខណៈ​ពេល​ដែល​លោក ម៉ង់ ពុទ្ធិ មក​បង្ក​ចលាចល​ហើយ​ចត​រថយន្ត​ចោល​នៅ​លើ​ស្ពាន។

នៅ​ពេល​នោះ​សមត្ថកិច្ច​ក៏​ហៅ​ឲ្យ​លោក ពុទ្ធិ យក​រថយន្ត​ចេញ​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ព្រោះ​ទី​នេះ​មិន​អាច​ចត​រថយន្ត​បាន​ទេ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​នោះ​លោក ឌិន ពុទ្ធី ហាក់​មាន​កំហឹង​ក៏​ដើរ​សំដៅ​ទៅ​រថយន្ត​ហើយ​បើក​ចេញ​ក៏​ជ្រុល​ទៅ​ប៉ះ​សមត្ថកិច្ច​ម្នាក់​បណ្តាល​ឲ្យ​សន្លប់​បាត់​ស្មារតី​ទៅ។ ភ្លាមៗ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សុខវិសាល​ក្រុង​ប៉ោយប៉ែត។

តែ​ដោយ​ការ​អះអាង​ពី​មន្ទីរពេទ្យ​ថា ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ។

យ៉ាង​ណា​ក្តី​លោក ចៅ វាសនា ចៅ​សង្កាត់​រង​ក្រុង​ប៉ោយប៉ែត​បាន​គូសបញ្ជាក់​ថា​លោក ម៉ង់ ពុទ្ធិ មិន​បាន​បើក​រថយន្ត​បុក​លោក ឈាន ពិសិដ្ឋ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​និយាយ​ថា៖ «មាន​ទាំង​វីដេអូ​មាន​ទាំង​សាក្សី​គាត់​មិន​បាន​បើក​ឡាន​បុក​បណ្តាល​ឲ្យ​លោក​ប៉ូលិស​ដួល​សន្លប់​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ»។

បើ​តាម​លិខិត​បញ្ជាក់​ចេញ​ដោយ​គ្លិនិក សុខវិសាល នៅ​ក្រុង​ប៉ោយប៉ែត​ដែល​ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន​អធិប្បាយ​ថា​មើល​មិន​យល់​នោះ​បាន​រៀបរាប់​ថា​ឈ្មោះ ឈាន ពិសិដ្ឋ ត្រូវ​បាន​សង្រ្គោះ​បឋម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ កាលពី​ម្សិលមិញ ​អ្នក​ទទួល​ខុស​ត្រូវ​នៅ​មន្ទីរពេទ្យ​នេះ​បាន​បដិសេធ​ធ្វើការ​បកស្រាយ​ដោយ​ជំរុញ​ឲ្យ​ទៅ​សួរ​ខាង​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ពុំ​មាន​ប្រភព​អាច​ទាក់ទង។

លោក សេម មករា អនុប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​គ្មាន​ហេតុផល​ណា​ដែល​លោក​ប៉ូលិស​ឈាន ពិសិដ្ឋ ធ្វើ​ពុត​ជា​ដួល​សន្លប់​នៅ​មុខ​មនុស្ស​ជាច្រើន​នោះ​ទេ។

«បើ​ខ្ញុំ​និយាយ​ថា​គាត់​ពិត​ជា​រងគ្រោះ​មែន​គឺ​ថា​ខ្ញុំ​កាន់​ជើង​ប៉ូលិស​តែ​សូម​ពិចារណា​ទាំងអស់​គ្នា​កង់​រថយន្ត​បើក​ប៉ះទង្គិច​ជើង​គាត់​បណ្តាល​ឲ្យ​ដួល​សន្លប់។ បុក​មិន​ខ្លាំង​ទេ​តែ​ងំ​ត្រង់​ដួល​ដូច​មនុស្ស​ចាស់​អ៊ីចឹង​បើ​កាល​ណា​ឈរ​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ដួល​ក្នុង​បន្ទប់​ទឹក គឺ​សន្លប់ និង​រងគ្រោះ​អ៊ីចឹង»។

ប៉ុន្តែ​លោក ញ៉ែម នាង អាយុ ២៩ ឆ្នាំ ដែល​អះអាង​ថា​ខ្លួន​ក៏​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​ធ្នូ​នោះ​បាន​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ប៉ូលិស​បាន​ចាប់​ម៉ូតូ​របស់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ទើប​លោក ម៉ង់ ពុទ្ធិ ប្រធាន​សមាគម IDEA បាន​ចេញ​មុខ​ទៅ​ជួយ​ដោះស្រាយ។ «ខ្ញុំ​នៅ​កន្លែង​កើត​ហេតុ​ហ្នឹង​ខ្ញុំ​ឃើញ​ច្បាស់​រថយន្ត​មិន​បាន​បើក​បុក​លោក​ប៉ូលិស​នោះ​ទេ។ សួរ​ថា​បើ​មនុស្ស​សន្លប់​ហេតុអី​អាច​នៅ​កាន់​អាយកូម និង​ទូរស័ព្ទ​បាន​អ៊ីចឹង!»។

តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ដើម្បី​ចាប់​ខ្លួន និង​បំបាក់​ស្មារតី​លោក ម៉ង់ ពុទ្ធី ម្ចាស់​រថយន្ត និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ប៉ោយប៉ែត ប៉ូលិស ព្រំដែន​មួយ​រូប​បាន​ប្រើ​ល្បិច​យៀកណាម​បង្រៀន​ដែល​គេ​ឲ្យ​ឈ្មោះ​ហៅ​ថា «បង្កើត​ករណី​បង្ក្រាប​ករណី​ដើម្បី​ស្នាដៃ»៕

លោក ហ៊ុន សែន និង​កូន​ប្រុស​បន្ត​នៅ​ស្ងៀម​ទោះ​មាន​អ្នក​ទទួល​ស្គាល់​ពី​ការ​បញ្ចេញ​សារ

ពី​ឆ្វេង៖ លោក ហ៊ុន ម៉ានិត លោក ហ៊ុន សែន និង​កញ្ញា ធីសុវណ្ណថា។ RFA



រឿងរ៉ាវ​ទាក់ទង​នឹង​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ឆ្លើយតប​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​នៅ​ឡើយ។ ការ​ប្រកាន់​ជំហរ​ហាក់​មិន​ឈ្លោះ​មិន​ឆ្លើយ​មិន​ឆ្លង​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក​ពេល​នេះ បើ​ទោះ​ជា​មាន​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន បាន​ប្រកាស​ទទួល​ស្គាល់​ថា ខ្លួន​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា ក៏ដោយ។

ចាប់​តាំង​ពី​ពេល​មាន​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​រវាង​លោក ហ៊ុន សែន និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា ធ្វើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​វិភាគ​ថា តើ​នេះ​គ្រាន់​តែ​ជា​ល្បែង​ថ្មី​មួយ​ទៀត ដែល​បក្ស​កាន់​អំណាច​បង្កើត​ឡើង​ក្នុង​គោល​បំណង​អ្វី​មួយ ឬ​វា​គឺ​ជា​ការ​បែកបាក់​ផ្ទៃ​ក្នុង ឬ​ប្រេះឆា​ទំនាក់ទំនង​ក្នុង​ក្រុម​របស់​កញ្ញា ធី សុវណ្ណថា ដែល​មាន​លោក ផែ សុវណ្ណរិទ្ធ និង​លោក ស្រី ចំរើន នៅ​ក្នុង​ក្រុម​ដែរ​នោះ។

ទោះ​ជា​យ៉ាង​ណា រហូត​មក​ទល់​ពេល​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​មិន​អស់​ចិត្ត​នោះ ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត មិន​មាន​ប្រតិកម្ម​ផ្លូវ​ការ​សូម្បី​បន្តិច​ទៅ​លើ​អ្នក​ដែល​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​ជា​របស់​លោក និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា នោះ។ ការ​នៅ​ស្ងៀម​ដោយ​ប្រើ​យុទ្ធសាស្ត្រ «មិន​៣» គឺ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត ដែល​ជា​យុទ្ធសាស្ត្រ​របស់​លោក កឹម សុខា នេះ ធ្វើ​ឲ្យ​គេ​សង្ស័យ​រឹត​តែ​ខ្លាំង​ថា សារ​នោះ​ពិត​ជា​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​លោក ជាមួយ​កញ្ញា ធី សុវណ្ណថា មែន។ ក្នុង​ពេល​ជាមួយ​គ្នា ក៏​គ្មាន​ស្ថាប័ន ឬ​អង្គភាព​ណា​មួយ​របស់​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​នេះ​ដែរ បើ​ទោះ​ជា​ក្នុង​សារ​ឆ្លើយឆ្លង​នោះ បង្ហាញ​ពី​ការ​ផ្តល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​ពី​តា ដែល​គេ​សង្ស័យ​ថា​ជា​លោក ហ៊ុន សែន ទៅ​ឲ្យ​ចៅ​ដែល​សង្ស័យ​ថា​ជា​កញ្ញា ធី សុវណ្ណថា ដើម្បី​ឲ្យ​ចៅ​ធ្វើ​ការងារ​ឲ្យ​តា ដើម្បី​បំបែក​បំបាក់​បក្ស​ប្រឆាំង​ក្តី។

លើស​ពី​នេះ គេ​ក៏​មិន​ឃើញ​អាជ្ញាធរ​ប្រកាស​ពី​ការ​ស៊ើប​អង្កេត ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ដែល​លួច​បញ្ចេញ​សារ​សម្ងាត់​របស់​គេ​ដែរ បើ​ទោះ​ជា​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន (Srey Chamroeun) ប្រកាស​ទទួល​ស្គាល់​ថា ខ្លួន​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​របស់​កញ្ញា ធី សុវណ្ណថា ក្តី។

កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​តែង​ចេញ​មុខ​តវ៉ា​ប្រឆាំង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ នោះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា រូប​គេ​សម្រេច​ចិត្ត​នឹង​ទម្លាយ​ឯកសារ​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា ក្នុង​អំឡុង​មួយ​រយៈពេល​នេះ។

ម្ចាស់​ហ្វេសប៊ុក​ដដែល​បន្ត​ថា កញ្ញា ធី សុវណ្ណថា មាន​តា​ខ្លាំង​ម្នាក់​នៅ​ពី​ក្រោយ ហើយ​ថា​រូប​គេ​នឹង​បង្ហាញ​ភស្តុតាង​ទាំងនោះ​បន្តិច​ម្តងៗ​រហូត​ដល់​ចប់។ ចង់​ចាប់​គេ​ដាក់​គុក ក៏​គេ​មិន​ខ្លាច​ដែរ។ រូប​គេ​ក៏​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ចំពោះ​រឿងរ៉ាវ​មួយ​រយៈពេល​កន្លង​មក​នេះ។ ក្រៅ​ពី​នោះ ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន បាន​សរសេរ​សារ​មួយ​ចំនួន​ទៀត​វាយ​ប្រហារ​កញ្ញា ធី សុវណ្ណថា និង​ពី​ការ​ឈ្លោះ​គ្នា​រវាង​កញ្ញា ធី សុវណ្ណថា និង​លោក ផែ សុវណ្ណរិទ្ធ រហូត​ដល់​មាន​ភាគី​មិន​សុខ​ចិត្ត ហ៊ាន​បញ្ចេញ​សារ​ឆ្លើយឆ្លង​រវាង​តា និង​ចៅ ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា។

ពីរ​ថ្ងៃ​ក្រោយ​មក កញ្ញា ធី សុវណ្ណថា សរសេរ​នៅ​ហ្វេសប៊ុក​ប្រកាស​ថា កញ្ញា​ឈប់​ទាក់ទង​ជាមួយ​ក្រុម​លោក ស្រី ចំរើន និង​ក្រុម ផែ សុវណ្ណរិទ្ធ ហើយ​ថា​កញ្ញា​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាប់​ខ្លួន​បុគ្គល​ទាំងនោះ​ពី​បទ​ប្រមាថ និង​ទម្លាយ​ឯកសារ​ឯកជន។

អាស៊ីសេរី បាន​ផ្ញើ​សារ​តាម​ហ្វេសប៊ុក​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ធី សុវណ្ណថា និង​លោក ស្រី ចំរើន នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ឡើយ។

ទោះ​ជា​យ៉ាង​ណា បណ្ដាញ​ព័ត៌មាន​ហ្វ្រែសញូវ (Fresh News) បាន​អះអាង​ដោយ​ចុះ​ផ្សាយ​សម្រង់​របស់​កញ្ញា ធី សុវណ្ណថា នៅ​ថ្ងៃ​ទី​២៦ ធ្នូ ថា កញ្ញា​មិន​មាន​ការ​បែកបាក់​ជាមួយ​ក្រុម​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណរិទ្ធ ឡើយ ប៉ុន្តែ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ធី សុវណ្ណថា និង ស្រី ចំរើន វិញ គេ​នៅ​តែ​ឃើញ​មាន​សារ​ឆ្លើយឆ្លង​វាយ​ប្រហារ​គ្នា​ដដែល។

ទាក់ទង​ការ​ប្រកាស​លើ​ហ្វេសប៊ុក​ឈ្មោះ ធី សុវណ្ណថា ថា​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ទម្លាយ​ឯកសារ​ឯកជន ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួង​មិន​ទាន់​ឃើញ​ពាក្យ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា នៅ​ឡើយ។ នៅ​ពេល​សួរ​ថា តើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត មាន​ប្ដឹង​ឲ្យ​ក្រសួង​ចាត់​ការ​អ្នក​បញ្ចេញ​ឯកសារ​ឬ​ទេ? លោក ខៀវ សុភ័គ ថា​ក្រសួង​ក៏​មិន​ទាន់​ឃើញ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា វា​អាច​មាន​ការ​ស៊ើប​អង្កេត​ពី​ថ្នាក់​ក្រោម​ក៏​ថា​បាន៖ «ជួនកាល​គេ​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ខាង​ក្រោម។ វា​មិន​ចាំបាច់​ដល់​ក្រសួង​ទេ។ ជួនកាល​គេ​សម្រេច​នៅ​ថ្នាក់​ក្រោម ទាំង​នគរបាល​យុត្តិធម៌​អាច​ទទួល​ពាក្យ​បណ្ដឹង ទាក់ទង​តុលាការ​បាន គេ​មាន​ប៉ូលិស​យុត្តិធម៌​របស់​គេ»។

ជុំវិញ​រឿង​បញ្ចេញ​សារ​ឆ្លើយឆ្លង​ឯកជន​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង កន្លង​ទៅ​បញ្ជាក់​ថា អង្គភាព​លោក​មិន​មាន​ផែនការ​ស៊ើប​អង្កេត​នោះ​ទេ បើ​ទោះ​ជា​វា​មាន​ពាក់ព័ន្ធ​រឿង​ផ្តល់​លុយ​កាក់​រហូត​ដល់ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្តី ព្រោះ​លោក​ថា វា​គ្មាន​អង្គ​ហេតុ​ណា​សម្រាប់​ស្ថាប័ន​លោក​ត្រូវ​បើក​ការ​ស៊ើប​អង្កេត។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ករណី​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា​ជា​របស់​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី វិញ ក្រោយ​ពី​មាន​បណ្ដឹង តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាត់​ការ​យ៉ាង​ឆាប់​រហ័ស រហូត​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​រង​ការ​ចោទ​ប្រកាន់ និង​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​កាត់​ទោស​ជាប់​ពន្ធនាគារ ក្នុង​នោះ​មាន​ទាំង​លោក កឹម សុខា ផង​ដែរ។ ប៉ុន្តែ​ចំពោះ​អ្នក​បញ្ចេញ​សារ​ឯកសារ​ឯកជន​របស់​លោក កឹម សុខា បែរ​ជា​រួច​ខ្លួន​ទៅ​វិញ។ ក្នុង​សំណុំ​រឿង​ដដែល​នេះ លោក​មេ​ឃុំ ស៊ាង ចែត មន្ត្រី​បក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​សូកប៉ាន់​សាក្សី​ចំនួន​ទឹក​ប្រាក់ ៥០០​ដុល្លារ​អាមេរិក នៅ​ពេល​លោក​មេ​ឃុំ​រូប​នេះ​បាន​ឲ្យ​ម្តាយ​នាង ខុម ចាន់តារាទី ដែល​លោក​អះអាង​ថា​ជា​លុយ​មនុស្សធម៌​ពី​សប្បុរសជន​ក្រៅ​ប្រទេស៕

កម្ពុជា-វៀតណាម-ឡាវ​ បើកកិច្ចប្រជុំ សហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តំបន់ជាប់ព្រំដែន




រតនគិរី៖ នាសាលប្រជុំសណ្ឋាគាររតនៈស៊ីធី ទីរួមក្រុងបានលុង ព្រឹកថ្ងៃទី២៦ ខែធ្នូនេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំ សហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តំបន់ជាប់ព្រំដែន ប្រទេសទាំង៣ កម្ពុជា-វៀតណាម-ឡាវ លើកទី៣( CLV) ក្រោមវត្តមានលោកថង សាវុន អភិបាលខេត្តរតនគិរី, លោកវរសេនីយ៍ទោឈឹម លន់អេង តំណាងអគ្គស្នងការនគរបាលជាតិ, លោកស្នាមផន ​កែវអូប៊ុន អគ្គរងកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ប្រចាំខេត្តស្ទឹងត្រែង។

កិច្ចប្រជុំត្រីភាគីមានចំនួន៦ខេត្ត ដែលក្នុងនោះ ភាគីកម្ពុជាមានខេត្តរតនគិរី, ខេត្តស្ទឹងត្រែង, ឡាវមានខេត្តសេកុង, អត្តពឺ ​និងភាគីវៀតណាម មានខេត្តយ៉ាឡាវ និងខេត្តកន្ទូម។​ ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ លោក​ ថង សាវុន អភិបាលខេត្តរតនគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ព៌ត័មានគ្នាទៅវិញទៅមក រវាងនគរបាលខេត្តទាំង៦ ជាខេត្តជាប់ភូមិផងរបងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារួមគ្នា ​សំដៅរួមចំណែក ក្នុងការពង្រឹងការទំនាក់ទំនង នៃប្រទេសទាំង៣​ ឲ្យមានភាពល្អប្រសើរ ពង្រឹងការការចាត់តាំង អនុវត្តឲ្យចេញជារូបរាង នូវរាល់លទ្ធផល នៃកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នា ក្នុងរយៈពេលកន្លងមក ជាពិសេស ថ្នាក់ដឹកនាំខេត្តទាំង៦ បានអះអាងឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយគ្នា ឲ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ ការទំនាក់ទំនង និងការពង្រឹងកិច្ចសហប្រតិបត្តិការ សម្រាប់កិច្ចអភិវឌ្ឈន៍លើគ្រប់វិស័យ។

ក្រសួង​ការពារ​ជាតិ​បង្ហាញ​មោទនភាព​ពេល​យុវជន​ច្រើន​ប្រឡង​ចូល​សាលា​ទាហាន




ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ធ្នូ បន្ត​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២១ នៅ​ទូទាំង​ប្រទេស​លើ​វិញ្ញាសា​កាយ​សម្បទា បន្ទាប់​ពី​ការ​ប្រឡង​ចំណេះ​ដឹង​ទូទៅ និង​ភាសា​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។

ទីប្រឹក្សា​អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ថ្លែង​ថា លោក​មាន​មោទនភាព​ដែល​មាន​យុវជន​ច្រើន​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ។ លោក​ថា ការ​គាំទ្រ​របស់​យុវជន​នេះ នឹង​ធ្វើ​ឲ្យ​វិស័យ​ការពារ​ជាតិ​កម្ពុជា មាន​ការ​រីក​ចម្រើន៖ «»។

ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នៅ​ឆ្នាំ​នេះ មាន​យុវជន​ដាក់​ពាក្យ​ប្រឡង​ជាង ៤​ពាន់​នាក់ (៤.០១០​នាក់)។

ការ​ប្រឡង​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ គឺ​វិញ្ញាសា​ចំណេះ​ដឹង​ទូទៅ និង​ភាសា​អង់គ្លេស ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ និង​វិញ្ញាសា​កាយ​សម្បទា ឬ​កីឡា ដែល​មាន​រយៈពេល ៣​ថ្ងៃ​តាម​វគ្គ​នីមួយៗ ដូចជា​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២១ ធ្វើ​នៅ​ថ្ងៃ​ទី​២៦ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​៩ ធ្វើ​នៅ​ថ្ងៃ​ទី​២៧ និង​វគ្គ​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១០ ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ខាង​មុខ។ទីប្រឹក្សា​អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បញ្ជាក់​ថា វគ្គ​នាយ​ទាហាន​សកម្ម និង​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​សិក្សា​រយៈពេល ៤​ឆ្នាំ ជា​ថ្នាក់​បរិញ្ញាបត្រ ចំណែក​ឯ​វគ្គ​នាយ​ទាហាន​បន្ត​វេន សិក្សា​រយៈពេល ៦​ខែ៖ «»។

ការ​ប្រឡង​វគ្គ​នាយ​ទាហាន​នៅ​ឆ្នាំ​នេះ​ចែក​ចេញ​ជា ៦​មណ្ឌល គឺ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ទឹងត្រែង កំពត បាត់ដំបង សៀមរាប និង​មណ្ឌល​កំពង់ចាម ហើយ​ការ​ប្រឡង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដូច​គ្នា​នៅ​គ្រប់​មណ្ឌល​ទាំង​៦។ បេក្ខជន ៦២០​នាក់​ដែល​ជាប់​ក្នុង​ការ​ប្រឡង និង​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រៀន​តាម​វគ្គ​សិក្សា​នីមួយៗ​សម្រាប់​ឆ្នាំ​២០១៧។

ថ្លែង​ក្រោយ​ការ​ប្រឡង​កាយ​សម្បទា បេក្ខជន​ម្នាក់ គឺ​កញ្ញា ផាន់ សុខរី បញ្ជាក់​ថា មូលហេតុ​ដែល​នាង​ប្រឡង​ចូល​សាលា​នាយ​ទាហាន​នេះ ដោយសារ​តែ​ចង់​បញ្ចេញ​សមត្ថភាព និង​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​ការពារ​ជាតិ។ នាង​ថ្លែង​ថា នឹង​មិន​រួញរា​ឡើយ​ក្នុង​ការ​ចូល​ប្រយុទ្ធ​នៅ​សមរភូមិ ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន​ពី​បរទេស តែ​នាង​សំណូមពរ​ឲ្យ​មាន​ភាព​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ការពារ​ជាតិ​នេះ៖ «»។

បក្ខជន​ម្នាក់​ទៀត​ឈ្មោះ ឌិន ប្រុស ថ្លែង​ថា រូប​គេ​មិន​មាន​សាច់ញាតិ​ណា​ធ្វើ​ការ​ក្នុង​វិស័យ​ការពារ​ជាតិ​នោះ​ទេ។ អ្វី​ដែល​ជំរុញ​ឲ្យ​រូប​គេ​មក​ប្រឡង​នេះ គឺ​ដោយសារ​បារម្ភ​ពី​ការ​ឈ្លាន​ពាន​ពី​បរទេស ហើយ​ម្យ៉ាង រូប​គេ​ស្រមៃ​ចង់​ធ្វើ​ជា​មន្ត្រី​យោធា​តាំង​ពី​នៅ​វ័យ​កុមារ។ យុវជន ឌិន ប្រុស ប្ដេជ្ញា​ចិត្ត​ថា បើ​សិន​ជា​រូប​គេ​បាន​ជាប់​ជា​មន្ត្រី​យោធា​មែន​នោះ រូប​គេ​នឹង​ខិតខំ​រៀន ហើយ​បំពេញ​តួនាទី​ជា​យោធា​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​ជាតិ​មាតុភូមិ។ យុវជន ឌិន ប្រុស ក៏​ស្រមៃ​ចង់​ឃើញ​វិស័យ​ការពារ​ជាតិ​កម្ពុជា ក្លាយ​ជា​វិស័យ​មួយ​ដែល​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ គ្មាន​ការ​ដំឡើង​ឋានន្តរសក្តិ និង​តួនាទី​តាម​ក្រុម ឬ​បក្ខពួក៖ «»។

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នេះ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ។ បេក្ខជន​ដែល​មាន​ឈ្មោះ​ជាប់ ត្រូវ​ទៅ​ពិនិត្យ​សុខភាព និង​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​យុត្តិធម៌ ថា​មិន​ធ្លាប់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ នៅ​ពេល​ជាប់​ជា​ស្ថាពរ និស្សិត​នាយ​ទាហាន​សកម្ម នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​នាយ​ទាហាន​សកម្ម​នៅ​ត្មាត​ពង ខេត្ត​កំពង់ស្ពឺ។

ចំណែក​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក និង​នាយ​ទាហាន​បន្ត​វេន នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​នៅ​ថ្លុក​តាសេក ខេត្ត​កំពង់ស្ពឺ៕

ពលរដ្ឋ​ខេត្ត​កំពង់ធំ​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ពួក​គាត់


ដី​ចម្ការ​នៅ​តំបន់​សូងសាង ក្នុង​ភូមិ​សែនសិរីមង្គល ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna



ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​តំបន់​បន្ទាយរងៀង កាល​ពី​ឆ្នាំ​២០០៩ ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ ដូចជា​គ្មាន​មុខ​របរ ជំពាក់​បំណុល​គេ និង​ចំណាក​ស្រុក ជាដើម។ បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ពួក​គាត់​មួយ​ចំនួន មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ប្រភេទ​ដី​ចម្ការ​សម្រាប់​បង្កបង្កើនផល​នៅ​ឡើយ។ អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ពួក​គេ​កំពុង​ស្វែងរក​ទីតាំង​ដី​តំបន់​ផ្សេង​ផ្តល់​ជូន​ពលរដ្ឋ​ទាំងនោះ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​សែនសិរីមង្គល ក្នុង​ឃុំ​ក្រយា ជាង ១០០​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ប្រភេទ​ដី​កសិកម្ម​ដល់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

ការ​ស្នើ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​ទន្ទឹង​រង់ចាំ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​រដ្ឋ​អស់​រយៈពេល​ជាង ៧​ឆ្នាំ​មក​ហើយ ដើម្បី​ទទួល​បាន​ដី​ចម្ការ​សម្រាប់​បង្កបង្កើនផល​នឹង​គេ។ អ្នក​ភូមិ​អះអាង​ថា ប្រសិន​បើ​មាន​ដី​ចម្ការ នឹង​អាច​ជួយ​ស្ដារ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ឲ្យ​ប្រសើរ​ជាង​មុន។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​សែនសិរិមង្គល លោក យឿន គឹមហុង មាន​ប្រសាសន៍​ថា ក្រោយ​ពេល​អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ជិត ៦០០​គ្រួសារ​ចេញ​ពី​តំបន់​បន្ទាយរងៀង ឲ្យ​ទៅ​រស់នៅ​តំបន់​ថ្មី អាជ្ញាធរ​ធ្លាប់​សន្យា​ថា នឹង​ប្រគល់​ដី​លំនៅឋាន​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៤០​ម៉ែត្រ ព្រម​ទាំង​ដី​ចម្ការ​ពី ១​ហិកតារ​ទៅ ១​ហិកតារ​កន្លះ ជូន​ពលរដ្ឋ។ លោក​បន្ត​ថា ដី​លំនៅឋាន​ប្រជាពលរដ្ឋ​ទទួល​បាន​គ្រប់​គ្នា ប៉ុន្តែ​ដី​ចម្ការ​វិញ គឺ​អ្នក​ភូមិ​មិន​ទទួល​បាន​គ្រប់​គ្នា​ទេ។ ជាក់ស្តែង​មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​មិន​ទាន់​បាន​ដី​ចម្ការ​ឡើយ ហើយ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ដី​ចម្ការ​កន្លង​មក ពួក​គេ​មួយ​ចំនួន​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​អនាធិបតេយ្យ មិន​អាច​ចូល​ទៅ​បង្កបង្កើនផល​បាន ចំណែក​ការ​ដោះស្រាយ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​ទេ៖ «ក្នុង​ការ​ប្រជុំ​អី ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត​អី អាជ្ញាធរ​ឃុំ​អី ក៏​បាន​សន្យា​ដែរ ប៉ុន្តែ​សន្យា​ខ្យល់ ដូច​ថា​ថ្ងៃ​នេះ​ថ្ងៃ​នោះ​រហូត គឺ​ចេះ​តែ​និយាយ ប៉ុន្តែ​គ្មាន​ការពិត​អី​ផង»។

ពលរដ្ឋ​មួយ​រូប​ទៀត​មាន​វ័យ ៧០​ឆ្នាំ អ្នកស្រី ខៀវ វណ្ណា មាន​ប្រសាសន៍​ថា គ្រា​ដែល​គ្រួសារ​អ្នកស្រី​រស់នៅ​តំបន់​បន្ទាយរងៀង គឺ​មាន​ដី​ចម្ការ​ចំនួន ៥​ហិកតារ​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​បាន ប៉ុន្តែ​ពេល​មក​រស់នៅ​តំបន់​ថ្មី​នេះ គ្រួសារ​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ដី​ចម្ការ​សូម្បី​តែ​មួយ​ចំអាម។ អ្នកស្រី​បញ្ជាក់​ថា ដោយសារ​តែ​មិន​មាន​ដី​សម្រាប់​អាស្រ័យ​ផល ទើប​បណ្ដាល​ឲ្យ​គ្រួសារ​គាត់​ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន៖ «ចា៎! វេទនា​ណាស់ គឺ​ថា​ខ្ញុំ​រស់នៅ​សព្វថ្ងៃ​នេះ កុំ​បាន​អង្គការ​លីកាដូ គាត់​ចេះ​តែ​ផ្តល់​ឲ្យ ហើយ​ដាំ​អី​ក៏​មិន​បាន បើ​គ្មាន​ដី​ចម្ការ​ផង»។

ក្រោយ​ពេល​អាជ្ញាធរ​បណ្ដេញ​ពលរដ្ឋ​ជិត ៦០០​គ្រួសារ​ចេញ​ពី​តំបន់​បន្ទាយរងៀង ដោយ​យក​ដី​តំបន់​នោះ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ តាន បៀង (Tan Bien)។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ដាំ​កៅស៊ូ ហើយ​ផ្តល់​ផល​បី ឬ​បួន​ឆ្នាំ​ទៅ​ហើយ ចំណែក​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ថ្មី​មួយ​ចំនួន​វិញ គឺ​មិន​ទាន់​រក​គោលដៅ​ឃើញ​ផង។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ស្រុក​សន្ទុក និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ដី​សម្បទាន​សង្គមកិច្ច លោក រស់ សារីម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ថា ក្នុង​ចំណោម​ពលរដ្ឋ​ជិត ៦០០​គ្រួសារ​ដែល​ទៅ​រស់នៅ​តំបន់​ថ្មី គឺ​មាន​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​ចំនួន ១១០​គ្រួសារ មិន​ទាន់​បាន​កាន់​កាប់​ដី​កសិកម្ម​ពិត​ប្រាកដ។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ពួក​គាត់​ទាំងនេះ អាជ្ញាធរ​បាន​ប្រគល់​ដី​ជូន​ពលរដ្ឋ ៥៣​គ្រួសារ ប៉ុន្តែ​នៅ​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ក្រុម​អនាធិបតេយ្យ ទើប​ពួក​គាត់​មិន​អាច​ចូល​ទៅ​បង្កបង្កើនផល​បាន។ ចំណែក​ពលរដ្ឋ ៥៧​គ្រួសារ​ទៀត អាជ្ញាធរ​ខេត្ត​កំពុង​ស្វែងរក​ដី​កន្លែង​ផ្សេង​ផ្តល់​ជូន​ពួក​គាត់។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន មើល​ឃើញ​ថា ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ភូមិ​សែនសិរីមង្គល មួយ​ចំនួន​មិន​បាន​ប្រសើរ​ឡើង​ទេ គឺ​ចេះ​តែ​ដុនដាប​ទៅ​វិញ ពីព្រោះ​ពួក​គាត់​គ្មាន​មុខ​របរ ហើយ​គ្មាន​ដី​កសិកម្ម​សម្រាប់​បង្កបង្កើនផល ជាដើម។ ចំណែក​វិធានការ​ដោះស្រាយ​របស់​អាជ្ញាធរ គឺ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ឡើយ៖ «អាជ្ញាធរ​ដែនដី​មិន​មាន​ឆន្ទៈ ឬ​គោលការណ៍​ដោះស្រាយ​ដី​ជូន​ពលរដ្ឋ​ទេ។ អ៊ីចឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ទីនោះ​ប្រឈម​បញ្ហា​ខ្វះខាត​ជីវភាព​ហូប​ចុក​អី»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មើល​ឃើញ​ថា ប្រសិន​បើ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​ទៀត ពួក​គាត់​នឹង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​កាន់​តែ​ធ្ងន់ធ្ងរ។ បន្ថែម​ពី​នេះ ពួក​គេ​នឹង​ប្រឈម​ការ​រឹប​អូស​យក​ផ្ទះ​សម្បែង ឬ​លក់​ដី​លំនៅឋាន​ទាំងនោះ ដើម្បី​យក​ប្រាក់​សង​បំណុល​គេ ម្យ៉ាង​ការ​ចំណាក​ស្រុក​នឹង​កើត​មាន​កាន់​តែ​ច្រើន​ថែម​ទៀត៕