Sunday, November 20, 2016

សហជីព​កម្មករ​ជួប​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​អន្តរជាតិ

សហជីព​កម្មករ​ជួប​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​អន្តរជាតិ

តំណាង​សហជីព​កម្មករ​មូលដ្ឋាន និង​តំណាង​សហភាព​សហព័ន្ធ​សហជីព​ជួប​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​ពាក្យ​បណ្ដឹង ដាក់​ទៅ​អង្គការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly

តំណាង​សហជីព​កម្មករ​មូលដ្ឋាន និង​តំណាង​សហភាព​សហព័ន្ធ​សហជីព​ប្រមាណ ៩០​នាក់ ជួប​គ្នា​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ ការ​ជួបជុំ​គ្នា​នេះ គឺ​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ការងារ​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា។

នៅ​ឯ​វេទិកា​ដែល​មាន​ឈ្មោះ​ពេញ​ថា "ការ​យល់​ដឹង​របស់​សហជីព​កម្មករ​អំពី​ច្បាប់​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការងារ" ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា គឺ​ជា​ការ​ពិនិត្យ​លើ​យន្តការ​ច្បាប់​ការងារ​ជាតិ និង​អន្តរជាតិ ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ស្ដីពី​សិទ្ធិ​ការងារ​ទៅ​អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

អនុប្រធាន​សហភាព​ការងារ​កម្ពុជា លោក ឯក សុភក្ដី ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ ក៏​ព្រោះ​តែ​ខាង​សហជីព​យល់​ឃើញ​ថា សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​របស់​កម្មករ​និយោជិត​ត្រូវ​បាន​បំបិទ ក្រោយ​ពី​រដ្ឋាភិបាល​បាន​អនុវត្ត​ច្បាប់​សហជីព ដែល​រដ្ឋសភា​បាន​អនុម័ត​រយៈពេល ៦​ខែ​កន្លង​ទៅ៖ «»។

ច្បាប់​ស្ដីពី​សហជីព ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដ៏​ចម្រូងចម្រាស​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ ភាគី​សហជីព​កម្មករ មិន​ពេញ​ចិត្ត​ច្បាប់​នេះ​ទាំង​ស្រុង​ទេ ដោយ​គេ​ចាត់​ទុក​ថា ច្បាប់​នេះ​បិទ​សិទ្ធិ​ពួក​គេ។

មន្ត្រី​ជំនាញ​ផ្នែក​បទដ្ឋាន​ការងារ​អន្តរជាតិ និង​ច្បាប់​ការងារ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក អាឡាំង ប៉ិលស៍ (Alain Pelce) មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ គឺ​ពាក់ព័ន្ធ​នឹង​រដ្ឋ​ជា​ភាគី ដែល​មិន​អនុវត្ត​តាម​អនុសញ្ញា​អន្តជាតិ​ស្ដីពី​ការងារ។ ជា​ទូទៅ គឺ​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​តាម។

លោក​ឲ្យ​ដឹង​ថា យន្តការ​នៃ​ការ​ធ្វើ​ពាក្យ​បណ្ដឹង គឺ​អាច​ធ្វើ​បាន ដោយ​រដ្ឋ​ភាគី​ផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា និង​គណៈប្រតិភូ​ដែល​ចូលរួម​មហា​សន្និបាត​របស់​គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​អង្គការ​អន្តរជាតិ​ខាង​ការងារ៖ «»។

លោក​បញ្ជាក់​បន្ថែម​ថា ទោះ​បី​ជា​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៤៤ ក្ដី ក៏​រដ្ឋ​មាន​កាតព្វកិច្ច​ត្រូវ​គោរព​តាម​គោលការណ៍​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​និយោជក និង​តំណាង​អង្គការ​កម្មករ ពេល​ធ្វើ​របាយការណ៍​រាល់ ៣​ឆ្នាំ​ម្ដង​ដាក់​ជូន​គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ជាពិសេស​របាយការណ៍​អំពី​ការ​អនុវត្ត​អនុសញ្ញា​លេខ​៨៧ ស្ដីពី​សេរីភាព​បង្កើត​សមាគម និង​ការ​ការពារ​សិទ្ធិ​បង្កើត​សមាគម ហើយ​និង​អនុសញ្ញា​ស្ដីពី​ការ​អនុវត្ត​គោលការណ៍​នៃ​សិទ្ធិ​បង្កើត​សមាគម និង​សិទ្ធិ​នៃ​ការ​ចរចា​សមូហភាព។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ក្រុម​សហជីព​នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ​ថា នឹង​ត្រូវ​បញ្ចប់​ការ​ធ្វើ​ពាក្យ​បណ្ដឹង​របស់​ខ្លួន​នៅ​ពេល​ណា ហើយ​នឹង​ដាក់​ជូន​គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​ពេល​ណា​ដែរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​លោក ហេង សួរ ដើម្បី​បញ្ជាក់​លើ​បញ្ហា​ទាំងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា។

មន្ត្រី​ជំនាញ​ផ្នែក​បទដ្ឋាន​ការងារ​អន្តរជាតិ និង​ច្បាប់​ការងារ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ លោក អាឡាំង ប៉ិលស៍ (Alain Pelce) ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ តែង​ធ្វើ​សន្និបាត​ពិនិត្យ​របាយការណ៍​របស់​ប្រទេស​នីមួយៗ​រៀង​រាល់​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ។ ឆ្នាំ​នេះ សន្និបាត​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ៕

ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ

ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ

ប៉ូលិស​ស្រុក​អូរយ៉ាដាវ ចុះ​រឹប​អូស​ឈើ​ដែល​កាប់​ពី​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal


សហគមន៍​ជនជាតិ​ដើម​ភាគតិច​គ្រឹង ភូមិ​តឺន ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី អះអាង​ថា ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍ និង​តំបន់​គម្រប​ព្រៃ​ឈើ​អភិរក្ស​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជនជាតិ​ចាម កាប់​រាន​យក​ដី និង​កាប់​យក​ឈើ​មាន​តម្លៃ​លក់​ទៅ​ទីផ្សារ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​តឺន អំពាវនាវ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា សុំ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រញាប់​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដែល​កំពុង​កើត​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​ព្រៃ​អភិរក្ស។

សេចក្តី​រាយការណ៍​របស់​សហគមន៍​ភូមិ​តឺន ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក ជនជាតិ​ចាម ដែល​ចូល​មក​រស់នៅ​ក្នុង​ភូមិ គឺ​ជា​អ្នក​ចូល​ព្រៃ​កាប់​រាន​ព្រៃ​ធ្វើ​ចម្ការ និង​កាប់​ឈើ​មាន​តម្លៃ​បែប​អនាធិបតេយ្យ។

ប្រធាន​សហគមន៍​ភូមិ​តឺន លោក ប៊ុន ស្រួច បញ្ជាក់​ថា ព្រៃ​សហគមន៍ និង​គម្រប​ព្រៃ​ស្រោង​នៅ​ចំណុច​ភ្នំ​កាចាង ត្រូវ​ជនជាតិ​ចាម ចូល​កាប់​រាន​ជា​ថ្មី មិន​ថា​ពេល​យប់ ឬ​ថ្ងៃ​នោះ​ទេ។ លោក​ថា ជនជាតិ​ចាម​ខ្លះ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ចម្ការ ខ្លះ​ទៀត​កាប់​យក​ឈើ​ប្រណិត និង​ឈើ​ប្រភេទ​លេខ​១ ដឹក​ជញ្ជូន​ដោយ​ម៉ូតូ​ច្រើន​ជើង​ក្នុង​មួយ​ថ្ងៃៗ នាំ​ចេញ​ទៅ​លក់​ឲ្យ​ឈ្មួញ​ក្នុង​ក្រុង​បានលុង។ លោក​ថា ជនជាតិ​ចាម ទាំងនោះ មិន​បាន​គោរព​តាម​បទបញ្ជា និង​លក្ខន្តិកៈ​សហគមន៍​ដែល​អភិរក្ស​ព្រៃ​ឈើ​នោះ​ទេ៖ «ជួយ​ចុះ​ផ្ទាល់​មើល​ស្រាវជ្រាវ​ជាក់ស្តែង​មើល បើ​យើង​ថា​រៀប​រាប់​មិន​អស់​ទេ​រាល់​យប់​រាល់​ថ្ងៃ ឈើ​ខ្ទេចខ្ទី​អស់​ហើយ កាប់​ក្នុង​ព្រៃ»។

ព្រៃ​សហគមន៍​ឃុំ​តឺន មាន​ទំហំ​ជាង ៤​ពាន់​ហិកតារ មាន​ទីតាំង​នៅ​ជាប់​នឹង​គម្រប​ព្រៃ​ស្រោង​គ្រប់គ្រង​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ។ កាល​ពី​ឆ្នាំ​២០១២ សហគមន៍​បាន​រក​ឃើញ​ជនជាតិ​ចាម ដូច​គ្នា​ជួល​កម្មករ​កាប់​ឆ្ការ​ព្រៃ និង​កាប់​យក​ឈើ​មាន​តម្លៃ​ពី​ក្នុង​ព្រៃ ទើប​សហគមន៍​សុំ​កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​បាន​ស្ងប់ស្ងាត់​មួយ​រយៈ។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា សហគមន៍​បាន​ផ្តល់​ព័ត៌មាន និង​សុំ​ឲ្យ​សមាគម​ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​ជំនាញ ជួយ​បង្ក្រាប​ករណី​នេះ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ចុះ​ពិនិត្យ​សេចក្តី​រាយការណ៍​របស់​សហគមន៍ ដើម្បី​ចាត់​វិធានការ​បង្ក្រាប ប្រសិន​បើ​មាន​បទល្មើស​ព្រៃ​ឈើ​នោះ​មែន៖ «គាត់​ពុំ​មាន​លទ្ធភាព​ទប់ស្កាត់​ទេ ដោយសារ​មាន​កម្លាំង​ពី​ខាង​ក្រៅ មាន​ឈ្មួញ​ជា​បង្អែក​ក្រោយ​ខ្នង ហើយ​សមត្ថកិច្ច​នៅ​ទីនោះ​មិន​បាន​ទប់ស្កាត់​បាន​ល្អ ហើយ​សហគមន៍​គាត់​អស់​សង្ឃឹម»។

ឆ្លើយតប​សេចក្តី​រាយការណ៍​នេះ មេ​ឃុំ​តឺន លោក តឺន ឡាំឃុន បដិសេធ​ថា​មិន​មាន​បទល្មើស​ព្រៃ​ឈើ​ថ្មី​កើត​មាន​ដូច​សេចក្តី​រាយការណ៍​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ជនជាតិ​ចាម មួយ​ចំនួន​តូច​បាន​ចូល​ព្រៃ​ប្រមូល​ឈើ​ចាស់ៗ​បន្សល់​ចោល​ក្នុង​ព្រៃ​ធ្វើ​ជា​របរ​ចិញ្ចឹម​ជីវិត៖ «ម្នាក់​ពីរ​នាក់​ខ្ញុំ​ឃើញ​មែន។ យើង​មិន​អាច​ថា​គាត់​កាប់​ឈើ​ថ្មី​ក្នុង​ព្រៃ គេ​ដើរ​រើស​អ៊ីចឹង។ ធ្វើ​ម៉េច​ខ្ញុំ​ឃាត់​ដែរ គេ​នៅ​តែ​ចចេស»។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី សុំ​បញ្ជាក់​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា បញ្ជាក់​ដែរ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ៖ «សួរ​ឲ្យ​ច្បាស់​មើល! យ៉ាង​ម៉េច​យើង​ត្រូវ​តែ​ទប់ស្កាត់​ដែរ ឲ្យ​តែ​មាន​រឿង​កាប់»។

ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក បទល្មើស​ព្រៃ​ឈើ​ដែល​ធ្លាប់​មាន​តាម​បណ្ដា​ក្រុមហ៊ុន​សម្បទាន​នៅ​ខេត្ត​រតនគិរី បាន​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​សហគមន៍​អភិរក្ស​ព្រៃ​ឈើ​មួយ​ចំនួន បាន​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ថ្មី​កើន​ឡើង​ក្នុង​ព្រៃ​សហគមន៍​ការពារ។ ជន​ប្រព្រឹត្តិ​ល្មើស​មួយ​ចំនួន​ជា​សមាជិក​ក្នុង​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍ បាន​លួច​កាប់​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ​នាំ​ចេញ​ទៅ​ទីផ្សារ៕

សង្គម​ស៊ីវិល​ថា​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង​មិន​ទាន់​ផ្អាក​សកម្មភាព​បូម​ខ្សាច់

សង្គម​ស៊ីវិល​ថា​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង​មិន​ទាន់​ផ្អាក​សកម្មភាព​បូម​ខ្សាច់

គ្រឿងចក្រ​កាយ​ខ្សាច់​របស់​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម បាន​ចោទ​ថា សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​សមុទ្រ​នៅ​ខេត្ត​កោះកុង បាន​បន្ត​ធ្វើ​សកម្មភាព​បូម​ខ្សាច់ និង​នាំ​ចេញ​ទៅ​កាន់​ក្រៅ​ប្រទេស​មិន​ទាន់​ផ្អាក​សកម្មភាព​ទេ ទោះ​បី​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ផ្អាក​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​បែប​ណា​ក្តី។

អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​ប្រចាំ​ខេត្ត​កោះកុង បាន​អះអាង​ថា អាជីវកម្ម​បូម​ខ្សាច់ និង​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន​មួយ​ចំនួន នៅ​តែ​បន្ត​កើត​មាន​រាល់​ថ្ងៃ​នេះ។ ពួក​គេ​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ពិសេស​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ឲ្យ​ពិចារណា​ឡើង​វិញ​ទៅ​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ដល់​ក្រុមហ៊ុន​បូម​ខ្សាច់​សមុទ្រ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ខេត្ត​កោះកុង ឬ​ឈាន​ដល់​លុប​ចោល​អាជ្ញាប័ណ្ណ ឬ​ច្បាប់​អនុញ្ញាត​ពី​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ ហើយ​ងាក​មក​អភិរក្ស​ធនធាន​ធម្មជាតិ មាន​ខ្សាច់​សមុទ្រ ព្រៃ​កោងកាង និង​ត្រី​សមុទ្រ​ឲ្យ​សម្បូរ​បែប​ដូច​ដើម​វិញ​នា​ថ្ងៃ​អនាគត។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ផ្តល់​សម្ភាស​ឲ្យ​អាស៊ីសេរី នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​វិច្ឆិកា ថា រាល់​ថ្ងៃ​នេះ​សកម្មភាព​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​តាម​តំបន់ ឬ​ស្រុក​មួយ​ចំនួន​នា​មូលដ្ឋាន​នេះ បាន​បន្ត​ធ្វើ​អាជីវកម្ម និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មិន​ទាន់​ផ្អាក​សកម្មភាព​ទេ។ អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​បាន​អះអាង​ថា សព្វថ្ងៃ​នេះ យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​បូម​ខ្សាច់​ចំនួន ៣​ក្រុមហ៊ុន បាន​បន្ត​ធ្វើ​សកម្មភាព​បូម​ខ្សាច់ មិន​ញញើត ឬ​មិន​ខ្វល់​ទៅ​លើ​ចំណាត់​ការ​ផ្សេងៗ​របស់​ក្រសួង​រ៉ែ និង​ថាមពល ឬ​មន្ត្រី​ជំនាញ បាន​ដាក់​ឲ្យ​អនុវត្ត​នោះ​ទេ។

លោក អ៊ិន គង់ជិត កត់​សម្គាល់​ថា រាល់​ថ្ងៃ​នេះ គេ​ឃើញ​មាន​សកម្មភាព​របស់​សាឡង់​បូម​ខ្សាច់​ក្រុមហ៊ុន​មួយ​ចំនួន បាន​បន្ត​ធ្វើ​អាជីវកម្ម​ជា​ធម្មតា ហើយ​សកម្មភាព​ដឹក​ខ្សាច់​ចេញ​ពី​ទីតាំង​មួយ​ទៅ​កាន់​ទីតាំង​ផ្សេង ឬ​ចេញ​ទៅ​ក្រៅ​ប្រទេស ក៏​នៅ​តែ​បន្ត​កើត​មាន​ដែរ៖ «កន្លង​មក​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ដែល​មិន​មាន​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​នៅ​ខេត្ត​កោះកុង នេះ គឺ​បាន​បំផ្លាញ​ដល់​ព្រៃ​កោងកាង ប៉ះពាល់​ដល់​ការ​រក​ធ្វើ​របរ​នេសាទ​របស់​ប្រជា​សហគមន៍​នេសាទ​នៅ​តាម​តំបន់​នានា ដែល​មាន​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ​ចំនួន ហើយ​នាំ​ឲ្យ​ពលរដ្ឋ​នៅ​តាម​សហគមន៍​ទាំងនោះ​បាត់​ចំណូល​ចិញ្ចឹម​ជីវិត​ពី​ការ​ធ្វើ​របរ​នេសាទ​សមុទ្រ»។

ផ្ដើម​ពី​បញ្ហា​នេះ លោក អ៊ិន គង់ជិត អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​កោះកុង បាន​ទទូច​ដល់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិចារណា​ឈាន​ដល់​លុប​ចោល​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​រ៉ែ បាន​ផ្តល់​ជូន​ក្រុមហ៊ុន​កន្លង​មក ហើយ​ងាក​មក​គ្រប់គ្រង​ចំណូល​ដែល​ទទួល​បាន​ពី​ខ្សាច់​សមុទ្រ និង​ថែ​រក្សា​អភិរក្ស​ខ្សាច់​សមុទ្រ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ។

ស្រដៀង​គ្នា​ដែរ អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កោះកុង លោក ញៀប សំអឿន ក៏​បាន​កត់​សម្គាល់​ថា សកម្មភាព​របស់​សាឡង់​បូម​ខ្សាច់​មួយ​ចំនួន ពិត​ជា​បន្ត​ធ្វើ​អាជីវកម្ម​រាល់​ថ្ងៃ​ពិត​មែន។ លោក​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​បូម​ខ្សាច់​ចំនួន ៣​ក្រុមហ៊ុន បាន​បន្ត​បូម​ខ្សាច់​ចេញ​ពី​តាម​ដៃ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​កោះកុង មាន​នៅ​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ និង​ស្រុក​កោះកុង ជាដើម។

លោក ញៀប សំអឿន រិះគន់​ថា បទបញ្ជា ឬ​លិខិត​អន្តរាគមន៍​នានា​របស់​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​ចំនួន ត្រូវ​ធ្វើ​អាជីវកម្ម​ឲ្យ​មាន​បច្ចេកទេស ដោយ​សិក្សា​ពី​ផល​ប៉ះពាល់​អំពី​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ជាដើម នា​ពេល​កន្លង​មក មិន​ត្រូវ​បាន​ក្រុមហ៊ុន​អនុវត្ត​តាម​នោះ​ទេ ហើយ​ក្រសួង​រ៉ែ ក៏​គ្មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​ល្មើស​ទាំងនោះ​ដែរ។

ជាង​នេះ​ទៀត លោក ញៀប សំអឿន ក៏​បាន​ចោទ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ថា​គ្មាន​លទ្ធភាព ឬ​អសមត្ថភាព​ក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងឡាយ​ណា ដែល​មិន​ព្រម​អនុវត្ត​បច្ចេកទេស​បូម​ខ្សាច់​ឲ្យ​ស្រប​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​រ៉ែ បាន​ដាក់​ចេញ​នោះ​ទេ។

កប៉ាល់​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ ក៏​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ ពិចារណា​ទៅ​លើ​ការ​ចេញ​អាជ្ញាប័ណ្ណ​របស់​ក្រសួង​រ៉ែ និង​ថាមពល ឬ​ឈាន​ដល់​លុប​ចោល​ច្បាប់​អនុញ្ញាត​ពី​ក្រុមហ៊ុន​បូម​ខ្សាច់​ដែល​បាន​ធ្វើ​សកម្មភាព​បំផ្លាញ​ដល់​បរិស្ថាន និង​ធនធាន​ធម្មជាតិ ព្រៃ​កោងកាង ខ្សាច់​សមុទ្រ និង​ត្រី​សមុទ្រ​គ្រប់​ប្រភេទ​ជា​ថ្មី​ឡើង​វិញ៖ «យើង​ឃើញ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​លិខិត​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​បូម​ខ្សាច់ ឲ្យ​ផ្អាក​សកម្មភាព​បូម​ជា​បណ្ដោះអាសន្ន​រួច​ហើយ ប៉ុន្តែ​យើង​ឃើញ​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​ដដែល ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​រ៉ែ នោះ​ទេ។ យើង​ជា​សង្គម​ស៊ីវិល នៅ​តែ​មាន​ចម្ងល់​ទៅ​លើ​ចំណាត់​ការ​របស់​ក្រសួង​រ៉ែ ដែល​បង្ហាញ​ពី​ភាព​កំសាក​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​នានា ដែល​បន្ត​ធ្វើ​សកម្មភាព នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ខ្សាច់​សមុទ្រ និង​ពូជ​ត្រី​គ្រប់​ប្រភេទ​នៅ​តាម​តំបន់​នានា​ក្នុង​ខេត្ត​កោះកុង»។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កោះកុង លោក ញៀប សំអឿន បាន​រិះគន់​ថា កន្លង​មក​ចំណាត់​ការ ឬ​សេចក្តី​សម្រេច​ផ្សេងៗ​របស់​ក្រសួង​រ៉ែ និង​ថាមពល ទាក់ទង​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់ ឬ​ការ​នាំ​ចេញ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស នៅ​តែ​មិន​ទាន់​មាន​ការ​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ ឬ​ចេញ​មុខ​បំភ្លឺ​ជា​សាធារណៈ​ឲ្យ​មាន​តម្លាភាព​នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នេះ ទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន បាន​ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ផ្អាក​ធ្វើ​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ឲ្យ​មាន​និរន្តរភាព ពិសេស​ការ​គ្រប់គ្រង​ប្រាក់​ចំណូល​ពី​អាជីវកម្ម​នេះ​ឲ្យ​មាន​តម្លាភាព​ត្រឹមត្រូវ។

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ទាមទារ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ពិចារណា​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន។ ក្នុង​នោះ​ក៏​ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​នេះ ស្រាយ​បំភ្លឺ​ចំពោះ​ចម្ងល់​ទាំងឡាយ​របស់​សង្គម​ស៊ីវិល ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​នានា ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ការ​គ្រប់គ្រង​ប្រាក់​ចំណូល។

សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​រ៉ែ បំភ្លឺ​ទៅ​លើ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស ធ្វើ​ឡើង​នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ក្នុង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

កិច្ច​ប្រជុំ​បិទ​ទ្វារ​រវាង​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល និង​សង្គម​ស៊ីវិល​កាលណោះ បាន​ចំណាយ​ពេល​ជាង ៤​ម៉ោង ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត​ចូលរួម​ស្តាប់ ឬ​យក​ព័ត៌មាន​នោះ​ទេ។

ក្រោយ​កិច្ច​ប្រជុំ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​ផ្តល់​សម្ភាស​ឲ្យ​អ្នក​កាសែត​ថា មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​បកស្រាយ​ឲ្យ​ចំ​បញ្ហា​ដែល​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​បំភ្លឺ​ទៅ​លើ​មន្ទិល​សង្ស័យ ករណី​ប្រទេស​កម្ពុជា បាត់​លុយ​ជាង ៧៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី នោះ​ទេ។

យ៉ាង​នេះ​ក្តី ក្រុម​សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន ដែល​ចូលរួម​កិច្ច​ប្រជុំ​នោះ បាន​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទុក​ពេល​ឲ្យ​ក្រសួង​បំភ្លឺ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស ជូន​សាធារណជន​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន។

បញ្ហា​នេះ អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា ដើម្បី​ស្នើ​ការ​បំភ្លឺ​ទៅ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ ដែល​សង្គម​ស៊ីវិល​ខេត្ត​កោះកុង អះអាង​ថា​បាន​បន្ត​ធ្វើ​អាជីវកម្ម​រាល់​ថ្ងៃ​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​វិច្ឆិកា។

យ៉ាង​នេះ​ក្តី សមាជិក​អង្គការ​មាតា​ធម្មជាតិ លោក សាន់ ម៉ាឡា បាន​អះអាង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា គេ​សង្កេត​ឃើញ​ក្រុមហ៊ុន​សាឡង់​បូម​ខ្សាច់​ខ្លះ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល បាន​ផ្អាក​សកម្មភាព​បូម​ខ្សាច់​ជា​បណ្ដោះអាសន្ន​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ពេល​យប់​ជ្រៅ​ជំនួស​វិញ។

សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ នៅ​តែ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​ខ្សាច់​សមុទ្រ ព្រៃ​កោងកាង និង​ពូជ​ត្រី​សមុទ្រ​គ្រប់​ប្រភេទ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​បូម​ខ្សាច់​របស់​ក្រសួង​រ៉ែ និង​ថាមពល ហើយ​ដែល​ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​មាន​បច្ចេកទេស​ត្រឹមត្រូវ​ជា​មុន ដូច​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​អនាធិបតេយ្យ​រាល់​ថ្ងៃ​នេះ៖ «ថ្មីៗ​នេះ​ដូច​យើង​បាន​ដឹង​ហើយ​ថា វា​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ទាក់ទង​នឹង​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា និង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​កាន់​ក្រៅ​ប្រទេស។ ហើយ​បញ្ហា​នេះ ខាង​ក្រសួង​រ៉ែ ក៏​ចង់​មាន​ពេល​ធ្វើ​ការ​សិក្សា​ស្វែងយល់ និង​ស្រាវជ្រាវ​បន្ថែម​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​កម្ពុជា ហើយ​ក៏​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងអស់​ផ្អាក​សកម្មភាព​បូម​ខ្សាច់​ជា​បណ្ដោះអាសន្ន ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​ជំនាញ​ក្រសួង​មាន​ពេល​ស្រាវជ្រាវ​ទៅ​លើ​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បាត់​ចំណូល​ពី​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បូម​ខ្សាច់ និង​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៀត​នា​ថ្ងៃ​ខាង​មុខ»។

ទោះ​ជា​បែប​ណា​ក្តី អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បាន​ឲ្យ​ដឹង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ថា ក្រសួង​នឹង​សិក្សា​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ស៊ី​ជម្រៅ។ ជាង​នេះ​ទៀត ក្រសួង​ក៏​បាន​ស្នើសុំ​កិច្ច​សហការ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ជួយ​ផ្ដល់​ទិន្នន័យ និង​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​នីមួយៗ​នៅ​តាម​តំបន់ ដែល​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​កន្លង​មក។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា រយៈពេល ៨​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ជិត ៣​លាន​តោន (២.៧៧៤.៦១៣​តោន) គិត​ជា​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៥.៥៥៧.៣៦៩​ដុល្លារ) ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទិន្នន័យ​ដែល​ប្រទេស​សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា វិញ មាន​រហូត​ទៅ​ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨​ដុល្លារ) ឯណោះ។

ផ្ដើម​ពី​ភាព​មិន​ប្រក្រតី​នេះ ក្រុម​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​សប្ដាហ៍​មុន នៅ​តែ​ទទូច​ស្នើ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បកស្រាយ​ឲ្យ​ច្បាស់​ពាក់ព័ន្ធ​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​ដ៏​ចម្រូងចម្រាស​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្បាស់លាស់៕

អ្នក​សារព័ត៌មាន​អាជីព​និង​ពលរដ្ឋ​អ្នក​សារព័ត៌មាន​នៅ​តែ​អះអាង​ថា​ត្រូវ​គេ​គំរាម​កំហែង

អ្នក​សារព័ត៌មាន​អាជីព​និង​ពលរដ្ឋ​អ្នក​សារព័ត៌មាន​នៅ​តែ​អះអាង​ថា​ត្រូវ​គេ​គំរាម​កំហែង

វេទិកា​ប្រចាំ​ឆ្នាំ​ស្ដីពី «ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​សារព័ត៌មាន» នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo: RFA

ក្រុម​អ្នក​សារព័ត៌មាន​អាជីព និង​ពលរដ្ឋ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​អះអាង​ថា ពួក​គេ​នៅ​តែ​ប្រឈម​ការ​គំរាម​កំហែង នៅ​ពេល​ពួក​គេ​ចង់​រាយការណ៍​ព័ត៌មាន​ពិត ហើយ​ជា​ព័ត៌មាន​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម។ ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​ស្ដីពី «ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​សារព័ត៌មាន»។

ក្រុម​អ្នក​សារព័ត៌មាន​អាជីព និង​ពលរដ្ឋ​អ្នក​សារព័ត៌មាន​លើក​ឡើង​ថា ការ​គំរាម​កំហែង​ភាគច្រើន កើត​ឡើង​ដោយសារ​ពួក​គេ​ចង់​ផ្ដល់​ព័ត៌មាន​ពិត​ជុំវិញ​ជម្លោះ​រវាង​អ្នក​ក្រ​ជាមួយ​អ្នក​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ។ ពួក​គេ​បន្ត​ថា ជួនកាល​ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​ផ្ដល់​ព័ត៌មាន​ពិត​ទាំងនោះ​ទៅ​ឲ្យ​អ្នក​សារព័ត៌មាន ដើម្បី​ចុះ​ផ្សាយ​បន្ត​ឡើយ។

ទីប្រឹក្សា​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ធ្វើ​ការ​ទាក់ទង​ស្ត្រី​ឆ្នើម​នៅ​កម្ពុជា និង​បញ្ហា​អាជីវករ​លក់​ដូរ​នៅ​តាម​ដង​ផ្លូវ ដែល​បាន​ចូលរួម​វេទិកា​ស្ដីពី «ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​ព័ត៌មាន» លោកស្រី និល ស្រីល័ក្ខណ។ លោកស្រី​មាន​ប្រសាសន៍​ថា រយៈពេល​កន្លង​មក លោកស្រី​ធ្លាប់​អាជ្ញាធរ​គំរាម​មិន​ឲ្យ​យក​ព័ត៌មាន ហើយ​ក៏​ធ្លាប់​អាជ្ញាធរ​ដកហូត​ឧបករណ៍ ដូចជា​ទូរស័ព្ទ​ដៃ និង​ម៉ាស៊ីន​ថត​ជាដើម។

លោកស្រី​បញ្ជាក់​ថា បញ្ហា​ទាំងនេះ​កើត​ឡើង​ជា​ញឹកញាប់ នៅ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ស្ដីពី​អាជ្ញាធរ​ខ្លះ​ដែល​បាន​វាយ​ដំ​អាជីវករ​លក់​ដូរ​តាម​ដង​ផ្លូវ​មួយ​ចំនួន ដែល​ពួក​គេ​តាំង​លក់​ចំ​មុខ​ផ្ទះ​អ្នក​មាន​អំណាច។ លើស​ពី​នេះ​ទៅ​ទៀត លោកស្រី​បន្ត​ថា ពលរដ្ឋ និង​អាជីវករ​ខ្លះ​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​សិទ្ធិ មិន​ហ៊ាន​ផ្ដល់​ព័ត៌មាន​ឡើយ និង​សុខ​ចិត្ត​លាក់​បាំង​ព័ត៌មាន​នោះ​ទៅ​វិញ។ ជួនកាល ពួក​គេ​សុខ​ចិត្ត​បង់​លុយ​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​ដែល​ជា​អ្នក​មាន និង​មាន​អំណាច ដើម្បី​បញ្ចប់​ជម្លោះ​កុំ​ឲ្យ​វែង​ឆ្ងាយ ហើយ​មិន​ចង់​ប្ដឹងផ្ដល់​គ្នា​ឡើង​តុលាការ ព្រោះ​ពួក​គាត់​អះអាង​ថា ការ​ឡើង​តុលាការ​ត្រូវ​ចំណាយ​លុយ​កាក់​ច្រើន សូកប៉ាន់​តុលាការ ហើយ​ពុំ​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ពី​ភាគី​អ្នក​មាន​អំណាច​នោះ​ទេ៖ «ទី​មួយ យើង​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​ប្រឈម​មុខ​តែ​ម្ដង គឺ​ព័ត៌មាន​ដូច​ដែល​ខ្ញុំ​និយាយ​អ៊ីចឹង គឺ​ប៉ះពាល់​ដល់​អ្នក​មាន​អំណាច គឺ​គាត់ (ពលរដ្ឋ​រងគ្រោះ) អត់​ផ្ដល់​ឲ្យ​យើង។ គេ (អាជ្ញាធរ) មិន​ឲ្យ​យើង​ផ្សាយ​ចេញ ហើយ​គេ​គំរាម​យើង​ទៀត។ គេ​គំរាម​ថា អ្នក​ឯង​ដាក់​រទេះ​លក់​មុខ​ផ្ទះ​គេ ប៉ះពាល់​ផ្ទះ​គេ។ កន្លែង​សម្រាប់​ដាក់​ឡាន អ៊ីចឹង​វ៉ៃ​អត់​ខុស​ទេ»។

វេទិកា​ប្រចាំ​ឆ្នាំ​ស្ដីពី «ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​សារព័ត៌មាន» ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​សាន់វ៉េ (Sunway) រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា គឺ​ជា​ការ​ផ្ដួចផ្ដើម​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ កម្មវិធី​នេះ គឺ​មាន​អ្នក​ចូលរួម​ជា​អ្នក​សារព័ត៌មាន​អាជីព ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​ព័ត៌មាន​ប្រមាណ ១០០​នាក់ និង​មាន​វាគ្មិន​ចំនួន​បី​នាក់​ជា​អ្នក​ព័ត៌មាន​ជើង​ចាស់ ព្រម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ផង។

ពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ចូលរួម​កម្មវិធី​នេះ លោក សូ សុធី។ លោក​សង្កេត​ឃើញ​ថា អ្នក​ព័ត៌មាន​វិជ្ជាជីវៈ​មួយ​ចំនួន​ត្រូវ​បាន​គេ​គំរាម​កំហែង​ដល់​អាយុ​ជីវិត និង​ប្ដឹង​ទៅ​តុលាការ ព្រោះ​ការ​ផ្ដល់​ព័ត៌មាន​ពិត បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​ធន៖ «គាត់ (អ្នក​សារព័ត៌មាន) អាច​មាន​បញ្ហា​ទី​មួយ គឺ​គាត់​អាច​ទទួល​បាន​ការ​ប្ដឹង​ពី​បុគ្គល​ដែល​គាត់​ផ្សាយ​ហ្នឹង។ ហើយ​ទី​ពីរ ដូច​ដែល​យើង​ដឹង​ហើយ​ថា ពួក​គាត់​ត្រូវ​បាន​គុំកួន និង​រហូត​ឈាន​ដល់​អំពើ​ហិង្សា ដែល​យើង​ឃើញ​អ្នក​សារព័ត៌មាន​មួយ​ចំនួន គាត់​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ទាក់ទង​រាងកាយ​រហូត​ដល់​ស្លាប់​ក៏​មាន​ដែរ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទៀត ក៏​ត្រូវ​ប្រកាន់​ភ្ជាប់​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​បន្ត​ទៀត ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ពិត និង​មិន​លម្អៀង ព្រោះ​ផ្សាយ​ព័ត៌មាន​លម្អៀង និង​គាំទ្រ​ភាគី​ម្ខាង អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​គ្នា​ទៅ​វិញ​ទៅ​មក។

ពាក់ព័ន្ធ​បញ្ហា​ផ្ដល់​ព័ត៌មាន​នេះ អតីត​កម្មការិនី​រោងចក្រ និង​បច្ចុប្បន្ន​ជា​មន្ត្រី​សហព័ន្ធ​សហជីព​វាយនភណ្ឌ​នៃ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា លោកស្រី ឆេង ដាណូ។ លោកស្រី​បញ្ជាក់​ថា នៅ​ក្នុង​វិស័យ​កាត់​ដេរ​រយៈពេល​កន្លង​ទៅ បញ្ហា​ប្រឈម​នានា​របស់​កម្មករ​ដែល​ត្រូវ​បាន​ថៅកែ​រោងចក្រ​ធ្វើ​បាប និង​រំលោភ​បំពាន​សិទ្ធិ​ការងារ ដូចជា​ការ​ផ្ដាច់​កិច្ចសន្យា​ការងារ​មិន​សម​ហេតុផល ក៏​ត្រូវ​ថៅកែ​រោងចក្រ​គំរាម​កំហែង​កម្មករ មិន​ត្រូវ​ផ្ដល់​ព័ត៌មាន​នោះ​ចេញ​មក​ខាង​ក្រៅ​ផង​ដែរ ហើយ​បើ​សិន​ហ៊ាន នឹង​ត្រូវ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ការងារ​ភ្លាម៖ «និយាយ​រួម​នៅ​ក្នុង​រោងចក្រ បើ​សិន​ជា​មាន​បញ្ហា​អី គឺ​គេ (ម្ចាស់​រោងចក្រ) ព្យាយាម​មិន​ឲ្យ​យើង​បញ្ចេញ​ព័ត៌មាន ដូចជា​មាន​បញ្ហា​កម្មករ​ឈ្លោះ​គ្នា​ជាមួយ​ចិន អ៊ីចឹង គឺ​ព្យាយាម​មិន​ឲ្យ​យើង​បញ្ចេញ​ព័ត៌មាន ព្រោះ​ខ្លាច​វា​ជា​ការ​អាប់ឱន​ដល់​រោងចក្រ​គេ»។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ លើក​ឡើង​ថា អ្នក​សារព័ត៌មាន​ខ្លះ​ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​វាយ​ដំ​ឲ្យ​របួស​នៅ​ពេល​មាន​បាតុកម្ម​តវ៉ា​កន្លង​មក ដោយសារ​ពួក​គេ​មិន​ទាន់​ចេះ​យក​ព័ត៌មាន ហើយ​បើ​សិន​ជា​ចេះ​យក​ព័ត៌មាន​វិញ ក៏​មិន​ជួប​បញ្ហា​នេះ​ដែរ៖ «បើ​យើង​រៀន​កាសែត​ដំបូង​បំផុត គឺ​អ្នក​កាសែត​ឈរ​នៅ​ខាង​អាជ្ញាធរ ដើម្បី​កុំ​ឲ្យ​មាន​រឿង (អាជ្ញាធរ​វាយ)»។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី។ លោក​អះអាង​ថា បច្ចុប្បន្ន អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ និង​ពលរដ្ឋ​ដែល​ផ្ដល់​ព័ត៌មាន​ពិត នៅ​តែ​ប្រឈម​ការ​គំរាម​កំហែង​ពី​ភាគី​ម្ខាង​ទៀត ដែល​គេ​យល់​ថា​ព័ត៌មាន​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​មាត់ និង​ស្ថាប័ន​របស់​ពួក​គេ៖ «ពាក្យ​ពិត​រែង​ស្លែង វា​ប៉ះពាល់​ដល់​អ្នក​ដទៃ ព្រោះ​ដូច​យើង​អ្នក​សារព័ត៌មាន​អ៊ីចឹង កាលណា​យើង​សរសេរ លុះត្រា​តែ​រឿង​ហ្នឹង​វា​ជា​រឿង​មាន​តម្លៃ​ជា​ព័ត៌មាន អ៊ីចឹង​រឿង​ហ្នឹង​មាន​តម្លៃ​ជា​ព័ត៌មាន វា​មាន​ផល​ប៉ះពាល់​ធំ​ដល់​ប្រជាពលរដ្ឋ។ ហើយ​ផល​ប៉ះពាល់​ធំ ដូចជា​ឧទាហរណ៍​ក្រុមហ៊ុន​វិនិយោគ មក​ដល់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ យើង (អ្នក​សារព័ត៌មាន) ត្រូវ​សរសេរ កាលណា​យើង​សរសេរ​ប៉ះពាល់​ដល់​ភាគី​ម្ខាង​ទៀត ទោះ​បី​យើង​ឈរ​លើ​គោល​ជំហរ​វិជ្ជាជីវៈ​មែន ប៉ុន្តែ​តិច ឬ​ច្រើន គឺ​មាន​ផល​ប៉ះពាល់ ដូចជា​របាយការណ៍​ធំៗ​គេ​ចេញ​មក ប៉ះ​ដល់​មន្ត្រី​អ្នក​កាន់​អំណាច​អ៊ីចឹង​ទៅ គឺ​យើង​ចាំបាច់​ត្រូវ​តែ​សរសេរ​ហើយ ព្រោះ​យើង​ឈរ​លើ​គោលការណ៍​វិជ្ជាជីវៈ ប៉ុន្តែ​យើង​សរសេរ​ទៅ​ប៉ះពាល់​ដល់​មន្ត្រី​ធំៗ»។

ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា បច្ចុប្បន្ន អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ មិន​សូវ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដូច​មុន​ឡើយ។ ថ្វីត្បិតតែ​យ៉ាង​ណា​ក្ដី លោក​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងអស់ ក៏​ត្រូវ​តែ​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​បន្ថែម​ទៀត ហើយ​មិន​ត្រូវ​ផ្សាយ​ព័ត៌មាន​ដែល​លម្អៀង និង​គាំទ្រ​តែ​ភាគី​ម្ខាង ព្រោះ​ការ​ផ្សាយ​ព័ត៌មាន​ចេញ​ពី​ប្រភព​មួយ អាច​ធ្វើ​ឲ្យ​សង្គម​កាន់​តែ​ប្រេះឆា​គ្នា។

វេទិកា​ប្រចាំ​ឆ្នាំ​ស្ដីពី «ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​សារព័ត៌មាន» ត្រូវ​បាន​រៀបចំ​ចំនួន​បី​លើក​រួច​មក​ហើយ។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​សារព័ត៌មាន​អាជីព អ្នក​សារព័ត៌មាន​ពលរដ្ឋ និង​និស្សិត​កំពុង​សិក្សា​ផ្នែក​ព័ត៌មាន បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ឲ្យ​ពួក​គេ​ស្វែងយល់​ពី​គ្នា រួច​ហើយ​ចងក្រង​ជា​បណ្ដាញ​តែ​មួយ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​គ្នា​នា​ពេល​ខាង​មុខ៕

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចាប់​ខ្លួន​ទាហាន​៣​នាក់​និង​ពលរដ្ឋ​២​នាក់​ពាក់ព័ន្ធ​នឹង​ដឹក​ឈើ​គ្រញូង

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចាប់​ខ្លួន​ទាហាន​៣​នាក់​និង​ពលរដ្ឋ​២​នាក់​ពាក់ព័ន្ធ​នឹង​ដឹក​ឈើ​គ្រញូង

នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ នៅ​ខេត្ត​សៀមរាប លោក ម៉ុង ប៊ុនលីម ដក​យក​ឈើ​គ្រញូង​ដែល​គេ​លួច​ដឹក​ក្នុង​ស៊ីទែន​ហ្គាស៍​មក​ពិនិត្យ​មើល​ជាក់ស្ដែង​ក្នុង​ពេល​ចាប់​ខ្លួន​មនុស្ស ៥​នាក់ នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី បាន​ចាប់​ខ្លួន​មនុស្ស ៥​នាក់​ជា​បន្តបន្ទាប់​តាំង​តែ​ពី​យប់​ថ្ងៃ​ទី​១៩ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង​យក​ទៅ​ជួញដូរ​ខុស​ច្បាប់។

ការ​ចាប់​ខ្លួន បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​ចម្រុះ មាន​មេ​ព្រៃ កង​រាជ​អាវុធហត្ថ និង​ទាហាន បាន​ស្ទាក់​ចាប់​បាន​រថយន្ត​ធំ ១​គ្រឿង​កម្ពស់​ជាង ២​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ៥​ម៉ែត្រ បាន​បន្លំ​ធ្វើ​ជា​ដឹក​ហ្គាស៍ ប៉ុន្តែ​លួច​ដាក់​ឈើ​គ្រញូង​ខាង​ក្នុង​ពេញ ហើយ​ដឹក​ចេញ​ពី​ព្រំដែន​ថៃ តាម​ផ្លូវ​ហៃវេយ៍ (Highway) លេខ​៦៧ ឆ្លង​កាត់​តាម​ខេត្ត​សៀមរាប។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប គឺ​លោក ទា គឹមសុទ្ធ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​២០ ខែ​វិច្ឆិកា ថា ឈើ​គ្រញូង​ទាំងនោះ​ត្រូវ​ពួក​ឈ្មួញ​ប្រមូល​មក​ពី​តំបន់​ជាប់​ព្រំដែន​ថៃ ហើយ​ដឹក​ទៅ​ជួញដូរ​នៅ​ប្រទេស​វៀតណាម។ លោក ទា គឹមសុទ្ធ បញ្ជាក់​ថា តាម​ការ​សាកសួរ ឈើ​គ្រញូង​នោះ​មាន​ចំនួន​ប្រហែល​ជាង ៩​តោន ហើយ​ម្ចាស់​របស់​វា​អាច​ជា​ជនជាតិ​វៀតណាម៖ «សមាសភាព​រក​ស៊ី​ចេញ​មក​ពី​ប្រភព​ចម្ការ​ស្វាយ ជើង​ភ្នំ​អន្លង់វែង។ ម្ចាស់​ឈ្មោះ អាញ់ ហា ហ្នឹង​គឺ​គេ​ស្គាល់​ថា​បង​ហា ជា​ជនជាតិ​វៀតណាម»។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស ២​នាក់​ដែល​ជា​អ្នក​បើក​ឡាន​ធំ​ដឹក​ឈើ​គ្រញូង​នោះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ក៏​មាន​បុរស ៣​នាក់​ផ្សេង​ទៀត​បាន​ចេញ​មុខ​រត់ការ​ឲ្យ​ដោះលែង ដោយ​ហ៊ាន​ឲ្យ​លុយ​ទៅ​សមត្ថកិច្ច​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក។ ដោយសារ​មាន​អ្នក​រត់ការ​ដោះលែង​នេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ល្បួង​ចាប់​ខ្លួន​អ្នក​ទាំង ៣​នាក់​ទៀត។ ជន​ទាំង​បី​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ចុង​ក្រោយ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ឈើ​គ្រញូង​នោះ គឺ​ជា​មន្ត្រី​យោធា​នៃ​កងពល​តូច​អន្តរាគមន៍​លេខ​៤ ចំណុះ​ឲ្យ​កងពល​ធំ​អន្តរាគមន៍​លេខ​២៕

ពលរដ្ឋ​ស្រុក​តំបែរ​ប្រកាន់​ជំហរ​បន្ត​ដាំ​ដំណាំ​លើ​ដី​មាន​ទំនាស់​រហូត​មាន​ដំណោះស្រាយ

ពលរដ្ឋ​ស្រុក​តំបែរ​ប្រកាន់​ជំហរ​បន្ត​ដាំ​ដំណាំ​លើ​ដី​មាន​ទំនាស់​រហូត​មាន​ដំណោះស្រាយ

ឡាន​របស់​ក្រុមហ៊ុន​ចិន ហាមីនីវេន អ៊ិនវេសមេន (Hamenivent Investment) ត្រូវ​បាន​អ្នក​ភូមិ​ឃាត់​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដោយសារ​បើកបរ​កិន​លើ​ដំណាំ​អ្នក​ភូមិ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។  Photo provided

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ពួក​គាត់​នឹង​នាំ​គ្នា​បង្កបង្កើនផល​នៅ​លើ​ដី​ទំនាស់​បន្ត​ទៀត។ បន្ថែម​ពី​នេះ អ្នក​ភូមិ​នឹង​បន្ត​ដាំ​ដំណាំ​ផ្សេងៗ​រហូត​ដល់​អាជ្ញាធរ​សម្រេច​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investments) ចប់​ជា​ស្ថាពរ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អាជ្ញាធរ​ស្រុក​បាន​ប្រាប់​អ្នក​ភូមិ​ទាំងនោះ​កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ឲ្យ​បញ្ឈប់​សកម្មភាព​ចូល​ទៅ​បង្កបង្កើនផល​នៅ​លើ​ដី​ទំនាស់​បន្ត​ទៀត ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង អះអាង​ថា ការ​ហាមឃាត់​អ្នក​ភូមិ​មិន​ឲ្យ​ចូល​បង្កបង្កើនផល​នៅ​លើ​ដី​ទំនាស់ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​អាជ្ញាធរ​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​រហូត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​ដី​សម្រាប់​បង្កបង្កើនផល។

ជាង​នេះ​ទៀត អាជ្ញាធរ​តែងតែ​ហាមឃាត់​ភាគី​ពលរដ្ឋ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ចិន នៅ​តែ​អាច​ចូល​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅ​លើ​ដី​ទំនាស់​បាន។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​បុស្នោរ ឃុំ​ត្រពាំងព្រីង លោក ចាន់ សុផល មាន​ប្រសាសន៍​ថា អាជ្ញាធរ​ចេះ​តែ​សន្យា​ថា​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាច្រើន​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investments) ប៉ុន្តែ​មិន​មាន​លទ្ធផល​ល្អ​ឡើយ។ យ៉ាង​នេះ​ក្តី លោក​ថា​ប្រជា​សហគមន៍​នឹង​បង្កបង្កើនផល​លើ​ដី​ទំនាស់​ជាង ២០០​ហិកតារ​បន្ត​ទៀត ពីព្រោះ​អ្នក​ភូមិ​ត្រូវ​ការ​ដាំ​ដំណាំ​ផ្សេងៗ​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ និង​បាន​ប្រាក់​ខ្លះ​គ្រាន់​សង​បំណុល​គេ​ជាដើម៖ «ហាមឃាត់ៗ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ​លើ​ដី​ហ្នឹង​ដោយ​ថា​រង់ចាំ​ការ​ដោះស្រាយ ហើយ​ប្រជាពលរដ្ឋ​រង់ចាំ​គ្នា​ចេះ​តែ​រង់ចាំ។ បើ​មិន​ឲ្យ​គ្នា​ដាំ​ដុះ​គ្រាន់​ដោះស្រាយ​ជីវភាព​ហ្នឹង តើ​គ្នា​សង្ឃឹម​លើ​អី»។

ដី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ភូមិ​បុស្នោរ មាន​ទំហំ​ជាង ២០០​ហិកតារ។ ទំនាស់​នេះ​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើរ​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ដោយ​គ្រាន់​តែ​ផ្ដិត​មេដៃ​ប្រគល់​ប្រាក់ ស្រប​ពេល​ដី​នោះ​ជា​ប្រភេទ​ដី​ព្រៃ​លិច​ទឹក​របស់​ប្រជា​សហគមន៍ ហើយ​កាលណោះ ពលរដ្ឋ​យល់ព្រម​លក់​ដី​ចំនួន ១៧៥​ហិកតារ​ក្នុង​ចំណោម​ដី​សរុប​ជាង ៤០០​ហិកតារ (៤៤៥​ហិកតារ)។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​តំបែរ លោក នាថ រ៉ាវុធ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា អាជ្ញាធរ​ខេត្ត​ជា​អ្នក​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក ប្រាប់​ទៅ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូល​ទៅ​បង្កបង្កើនផល​នៅ​លើ​ដី​ទំនាស់។ លោក​បញ្ជាក់​ថា អាជ្ញាធរ គឺ​ហាមឃាត់​ភាគី​ទាំង​ពីរ ទាំង​ភាគី​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​កាន់​ដី​ទំនាស់​ឡើយ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា តាម​ច្បាប់ គឺ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង និង​បង្កបង្កើនផល​លើ​ដី​នោះ។ លោក​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​កន្លង​ទៅ គឺ​មិន​បាន​ឈរ​នៅ​លើ​គោលការណ៍​ច្បាប់​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ហាក់​លម្អៀង​ទៅ​រក​ភាគី​ក្រុមហ៊ុន​ច្រើន​ជាង​ពលរដ្ឋ៖ «អាជ្ញាធរ​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ គាត់​ធ្វើ​តាម​ច្បាប់​ណា​គាត់ គឺ​គាត់​កំពុង​បំពាន​ច្បាប់។ ចំណែក​ពលរដ្ឋ​ដែល​គាត់​ធ្វើ​តំបន់​នោះ ទី​មួយ​គឺ​គាត់​ជា​អ្នក​ថែរក្សា​នៅ​តំបន់​នោះ»។

កន្លង​ទៅ វិវាទ​ដីធ្លី​ទាំងនេះ ប្រជា​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ចំពោះ​សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃ​សហគមន៍ និង​ព្រៃ​លិច​ទឹក​របស់​ពួក​គាត់​អស់​រាប់​ពាន់​ហិកតារ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​វិធានការ​ឡើយ។

បញ្ហា​នេះ លោក នាង សុវ៉ាត បញ្ជាក់​ថា តុលាការ​ត្រូវ​ចាត់​វិធានការ​ចំពោះ​ជន​ល្មើស និង​ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ជា​គំរូ​ល្អ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ជៀសវាង​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម៕

ពលរដ្ឋ​រស់នៅ​ជិត​ច្រក​តន់ហន់​ជាប់​ព្រំដែន​វៀតណាម​បារម្ភ​ពី​ការ​កើន​ឡើង​អំពើ​ចោរកម្ម

ពលរដ្ឋ​រស់នៅ​ជិត​ច្រក​តន់ហន់​ជាប់​ព្រំដែន​វៀតណាម​បារម្ភ​ពី​ការ​កើន​ឡើង​អំពើ​ចោរកម្ម                                 ច្រក​ទ្វារ​ព្រំដែន​កម្ពុជា នៅ​តំបន់​តន់ហន់ ក្នុង​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥  RFA/Tha Kityaប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​អំពើ​ចោរកម្ម​នៅ​ក្នុង​សហគមន៍​ដាច់ស្រយាល​មួយ​នេះ។ ក្តី​កង្វល់​នេះ ស្រប​ពេល​បន​ល្បែង​កំពុង​កើត​ឡើង​យ៉ាង​ព្រោងព្រាត​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​នៅ​ច្រក​តន់ហន់។