Monday, November 21, 2016

កម្មករ​ចម្ការ​កៅស៊ូ​និង​ថ្មម៉ាប​ខេត្ត​ក្រចេះ​ជាង​៦០០​នាក់​ប្រឈម​នឹង​អស់​សិទ្ធិ​បោះឆ្នោត

ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided


អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ អះអាង​ថា កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ និង​ក្រុមហ៊ុន​ថ្មម៉ាប​ជាង ៦០០​នាក់ ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​គិត​ត្រឹម​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​សល់ ៨​ថ្ងៃ​ទៀត។ ពួក​គេ​ថា ក្រុម​កម្មករ​ទាំងនោះ​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ។

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ អំពាវនាវ​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា សុំ​ឲ្យ គ.ជ.ប និង​អាជ្ញាធរ​ពាក់ព័ន្ធ រក​មធ្យោបាយ​ជំរុញ​ឲ្យ​កម្មករ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ថ្មម៉ាប និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ជាង ៦០០​នាក់ មាន​ឱកាស​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន​ពួក​គេ​រស់នៅ។

ពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ លោក ជុំ សុភី សង្កេត​ឃើញ​ថា ក្រុម​កម្មករ​ទាំងនោះ​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ និង គ.ជ.ប មិន​ប្រញាប់​រក​មធ្យោបាយ​ឲ្យ​ទាន់​ពេល​ទេ។ លោក​បញ្ជាក់​ថា បញ្ហា​នេះ លោក​ពុំ​ដឹង​ប្រាកដ​ថា​មូលហេតុ​មក​ពី​កម្មករ​ទាំងនោះ​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​ខាង​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​មក​ចុះ​ឈ្មោះ​នោះ​ទេ។ លោក​កត់​សម្គាល់​ថា ពួក​គេ​ភាគច្រើន​មក​ពី​ខេត្ត​កំពង់ចាម ព្រៃវែង និង​ខេត្ត​តាកែវ ជាដើម បាន​មក​ធ្វើ​ការ​នៅ​តំបន់​នេះ​ច្រើន​ខែ​មក​ហើយ។ លោក​សន្និដ្ឋាន​ថា ក្រុម​កម្មករ​ទាំងនោះ​អាច​មិន​ទាន់​យល់​ពី​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បញ្ហា​នេះ​កន្លង​មក​របស់​អាជ្ញាធរ​មូលដ្ឋាន ហាក់​មិន​គ្រប់​ជ្រុងជ្រោយ៖ «គាត់​អត់​យល់​ច្បាស់​មើល​ទៅ ដូច​ថា​នៅ​ក្នុង​ភូមិ​គាត់​ធ្លាប់​នៅ​បោះ​នៅ​ភូមិ​គាត់ ដូច​ថា​ឆ្ងាយ។ បើ​ខ្ញុំ​អត់​ទាន់​មាន​សិទ្ធិ​ប្រកាស​ប្រាប់​គាត់ បើ​ខាង​ឃុំ​គាត់​អត់​បាន​ចាត់​តាំង​អី​មក»។
ជំទប់​ទី​១ នៃ​ឃុំ​ស្វាយជ្រះ មក​ពី​គណបក្ស សម រង្ស៊ី លោក គឹម សាន់ កត់​សម្គាល់​ថា កន្លង​ទៅ ក្រុមហ៊ុន​មិន​បាន​ផ្តល់​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ​ឃុំ​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា ក្រុម​កម្មករ​ទាំងនោះ​បង្ហើប​ថា ពួក​គេ​ពុំ​ទាន់​មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ ហើយ​ក៏​ពុំ​ទាន់​ឮ​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ៖ «ខ្ញុំ​ធ្លាប់​ជូន​កម្មករ​ប្រហែល​ជា ២០​នាក់។ យើង​សម្ភាស​ទៅ​គាត់​ថា​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​ក្រុមហ៊ុន​អី​ទេ ព្រោះ​អី​ជា​ធម្មតាៗ​អត់​មាន​ពីណា​និយាយ​អី​ផង។ គាត់​និយាយ​ចឹង»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ថ្មម៉ាប និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ភូរៀង ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា។

ឆ្លើយតប​ការ​លើក​ឡើង​នេះ មេ​ឃុំ​ស្វាយជ្រះ លោក វ៉ាន់ វេត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​អំពាវនាវ​ជា​ហូរហែ ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ពលរដ្ឋ​ចំណូល​ថ្មី ប្រញាប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​បញ្ជាក់​ថា ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង​ដែល​មក​ធ្វើ​ការ​នៅ​តំបន់​នេះ ក៏​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដែរ ដោយ​គ្រាន់​តែ​យក​លិខិត​បញ្ជាក់​អត្តសញ្ញាណ មាន​អត្តសញ្ញាណប័ណ្ណ​ជាដើម មក​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សា​ឃុំ​ដែល​ប្រចាំ​ការ​នៅ​ទីនោះ នឹង​ចេញ​លិខិត​ធានា​ឲ្យ​ពួក​គេ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន៖ «ពួក​ខ្ញុំ​អំពាវនាវ​ខិតខំ​ដែរ​ឲ្យ​ពលរដ្ឋ​មក​ចុះ​ឈ្មោះ។ កន្លែង​នេះ​មាន​ក្រុមប្រឹក្សា​ឃុំ គេ​ចាំ​បញ្ជាក់​ដែរ ពលរដ្ឋ​រស់នៅ​ឃុំ​ថា​គឺ​មក​ជួប​នៅ​កន្លែង​ចុះ​ឈ្មោះ»។

ច្បាប់​បោះឆ្នោត​មាត្រា​៤៦​ថ្មី​ចែង​ថា ដើម្បី​បោះឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​ទី​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ-សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត ពុំ​មែន​ជា​ជន​វិកល​ចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។

តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ស្រុក​ស្នួល បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​ជាង ៣​ម៉ឺន ៤​ពាន់​នាក់ (៣៤.៤៦១​នាក់) ស្មើ​នឹង ៧២% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤​ម៉ឺន ៨​ពាន់​នាក់ (៤៨.១៧៨​នាក់)។ នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ជាង ៥​ពាន់​នាក់ ស្មើ​នឹង ៦៩% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៨​ពាន់​នាក់​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត។

អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ លោក អឿ គឹមហ៊ាន វាយ​តម្លៃ​ថា ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ ជាង ៧​ម៉ឺន​នាក់ នឹង​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត។ លោក​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​ជាង ៧​ម៉ឺន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២៣​ម៉ឺន​នាក់ មិន​ទាន់​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ។ លោក​បារម្ភ​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ថយ​ចុះ​ខ្លាំង និង​មិន​គ្រប់​ចំនួន​កំណត់​ក្នុង​ទិន្នន័យ​របស់ គ.ជ.ប៖ «ខាង​ក្រចេះ យើង​មាន ៥០​ក្រុមហ៊ុន​ជាង។ ដល់​ចឹង កម្មករ​មួយ​ចំនួន​ធំ​គាត់​អត់​បាន​មក​ចុះ​ទេ»។

លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ក្រចេះ លោក អ៊ុង ស៊ីយឿន មាន​ប្រសាសន៍​ថា គ.ជ.ប បាន​ដាក់​ផែនការ​ប្រជុំ​តាម​រយៈ​អាជ្ញាធរ​ខេត្ត ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​រក​មធ្យោបាយ ជំរុញ​ឲ្យ​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ លោក​ថា កម្មករ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ក៏​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន​ពួក​គេ​រស់នៅ​ដែរ។ លោក​បញ្ជាក់​ថា ប្រសិន​បើ គ.ជ.ប ធ្វើ​ការ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទាំងនោះ ហើយ​ជជែក​ពី​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​អាច​នឹង​សម្របសម្រួល​ករណី​នេះ៖ «ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​ឲ្យ​លោក​ជួយ​តាម​រយៈ​ពេល​ចុង​ក្រោយ​នេះ ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ខេត្ត​លោក​ព្រម​សហការ​ជាមួយ​យើង​ដោយ​លោក​ចាត់​វិធានការ​ប្រើ​មធ្យោបាយ​សរុប។ ខាង​អាជ្ញាធរ​ខេត្ត លោក​មាន​វិធានការ​គឺ​ឲ្យ​ចុះ​ទៅ​ដល់​ភូមិ​ស្ទើរ​តែ​គ្រប់​ភូមិ​នៃ​ខេត្ត​ទាំងមូល។ ទី​១ ជំនឿន​ប្រជាជន​ឡើង​វិញ​ថា តើ​នៅ​សល់​ប៉ុន្មាន​នាក់​ដែល​មិន​ទាន់​ចុះ​ឈ្មោះ ដើម្បី​យក​មធ្យោបាយ​ឲ្យ​គាត់​អញ្ជើញ​មក​ចុះ​ឈ្មោះ»។

តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​ជិត ១៦​ម៉ឺន​នាក់ (១៥៨.០០៧​នាក់) ស្មើ​នឹង ៦៧% ក្នុង​ចំណោម​ពលរដ្ឋ​ជិត ២៤​ម៉ឺន​នាក់ (២៣៧.៣៧៥​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ មាន​រយៈពេល ៣​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា៕

លោក ហ៊ុន សែន បញ្ជា​មិន​ឲ្យ​ឡាន​ដឹក​លើស​ចំណុះ​និង​សណ្ដោង​វែង​ធ្វើ​ចរាចរណ៍

ឡាន​យីឌុប​របស់​ប្រជាពលរដ្ឋ​ចូល​ថ្លឹង​ទម្ងន់​នៅ​ស្ថានីយ​ជញ្ជីង​ថ្នល់​កែង ស្ថិត​នៅ​ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​ម្ចាស់​រថយន្ត​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​ថ្លឹង​លើស​ទម្ងន់​ជាក់ស្តែង នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭក​សាជាថ្មី​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ដោយ​ប្រាប់​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ផ្អាក​មិន​ឲ្យ​រថយន្ត​ដឹក​លើស​ចំណុះ និង​រថយន្ត​សណ្ដោង​វែង​ខុស​ពី​ទ្រង់​ទ្រាយ​ដើម​ទាំង​អស់ ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​នានា​បន្ត​ទៀត។

លោក ហ៊ុន សែន ថា បញ្ហា​រថយន្ត​ដឹក​លើស​ទម្ងន់​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​បញ្ហា​រថយន្ត​សណ្ដោង​វែង​ខុស​ពី​ទ្រង់ទ្រាយ​ដើម មិនមែន​ជា​រឿង​ថ្មី​ទេ។ លោកបញ្ជាក់​ថា ​បញ្ហា​នេះ លោក​ធ្លាប់​ស្រែក​បញ្ជាម្ដង​រួច​ទៅ​ហើយ ដោយ​លោក​ប្រៀប​ទៅ​នឹង​ជំងឺ​ដែល​រើ មក​ពី​ការ​ភ្លេច​ខ្លួន​របស់​អាជ្ញាធរ៖ «អ៊ីចឹង​ទេ! អំពាវនាវ​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន មាន​ការ​ធ្វើ​ចរាចរណ៍​ដោយ​គោរព​ច្បាប់​ចរាចរណ៍ មិន​ត្រូវ​ដឹក​លើស​ទម្ងន់ ហើយ​មិន​ត្រូវ​ត​រថយន្ត​នោះ​ទេ។ ឥឡូវ​ចាប់​ទាំងអស់ ប្រមូល​អា​ឡាន​នឹង​កុំ​ឲ្យ​មាន​លើ​ផ្លូវ។ សហការ​ជាមួយ​នគរបាល​ដើម្បី​ប្រមូល​អា​ឡាន​នឹង ហើយ​យក​ទៅ​កាត់ បើ​មិន​កាត់​ទេ ទុក​នៅ​នឹង ទុក​ចោល​ម៉ង​កុំ​ទៅ​ធ្វើ​ខ្វល់​អ្វី! មក​បំផ្លាញ​ផ្លូវ​អា​ម៉េច?»។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បាន​កម្រិត​ប្រាក់​ពិន័យ និង​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​ល្មើស​ច្បាប់​ចរាចរណ៍។ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស​មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ជាដើម ហើយ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ ១៥​លាន​រៀល ឬ​អាច​បន្ថែម​ទោស​ទណ្ឌ​លើស​ពី​នេះ​ទៀត។


កន្លង​មក​លោក ហ៊ុន សែន ធ្លាប់​ចេញ​បញ្ហា​ឲ្យ​​អាជ្ញាធរ ទប់​ស្កាត់​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់ ទោះបីជា​ម្ចាស់​រថយន្ត​ទាំងនោះ មាន​ខ្នង​បង្អែក​ពាក់​ផ្កាយ​បែប​ណា​ក្ដី។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បញ្ហា​ទាំងអស់​នេះ​នៅ​បន្ត​កើត​មាន​នៅ​លើ​ដង​ផ្លូវ​នៅ​ឡើយ៕

មេ​ឃុំ​ព្រែកក្រឹស​ខេត្ត​កំពត​រង​ការ​ចោទ​ថា​ជ្រៀតជ្រែក​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត

សាលា​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth


មេ​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក សេក ឈិន ព្រមាន​ជំទប់​ឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រយ័ត្ន​ខ្លួន និង​គំរាម​មិន​សហការ​ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ឡើយ។

ការ​ព្រមាន​នេះ ដោយសារ​អ្នក​ទាំង​ពីរ​មាន​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២០ វិច្ឆិកា នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​សាលា​ឃុំ​ព្រែកក្រឹស។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ មេ​ឃុំ​ព្រែកក្រឹស ក៏​បាន​ហាមឃាត់​មិន​ឲ្យ​អ្នក​កាសែត​ថត​រូប​នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ឃុំ ដែល​មាន​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​សាលា​ឃុំ​នោះ​ឡើយ។ ជម្លោះ​នេះ មិន​មាន​កិច្ច​អន្តរាគមន៍​រក​ខុស​ត្រូវ​ពី​សមត្ថកិច្ច​ខាង​ណា​មួយ​ឡើយ ដោយ​ក្រោយ​ពី​កើត​មាន​ភាព​ចម្រូងចម្រាស​ដោយ​ពាក្យ​សម្ដី​បាន​ផ្ទុះ​ឡើង​មួយ​សន្ទុះ មេ​ឃុំ​ព្រែកក្រឹស មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក សេក ឈិន បាន​ភៀស​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​នោះ​ទៅ​បាត់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។ RFA/Phann Yasy

ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សល់​រយៈពេល ១​សប្ដាហ៍​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​ដាស់តឿន​ថា ការ​ខកខាន​មិន​បាន​ទៅ​ចុះ​ឈ្មោះ ស្មើ​នឹង​ការ​បោះបង់​ចោល​សិទ្ធិ​បោះឆ្នោត។

ថ្លែង​ពី​ស្រុក​លំផាត់ ខេត្ត​រតនគិរី លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ទទូច​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្លៀត​ពេល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨៖ «នេះ​ជា​ការ​អំពាវនាវ​របស់​ខ្ញុំ ព្រះករុណា​ខ្ញុំ យ៉ាង​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​អំពាវនាវ​ចំពោះ​មន្ត្រី​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ញាប់​ដៃ​ញាប់​ជើង ចុះ​ឈ្មោះ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​របស់​យើង»។

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ វិច្ឆិកា មាន​ប្រជាពលរដ្ឋ​ចំនួន ៧​លាន ៤​សែន​នាក់ (៧.៣៨១.៣១៥​នាក់) ឬ ៧៦% (៧៦,៣៨%)។ ពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​អាច​មាន​សិទ្ធិ​បោះឆ្នោត​មាន​ចំនួន ៩​លាន ៧​សែន​នាក់ (៩.៦៦៤.២១៦​នាក់)។
អង្គការ​ខុមហ្វ្រែល (COMFREL) ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ១​ពាន់​នាក់​ទូទាំង​ប្រទេស។ មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បង្ហាញ​ថា ឧបសគ្គ​ចម្បងៗ​ដែល​មាន​ប្រជាពលរដ្ឋ ១​ភាគ​៤ មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​បញ្ហា​ជន​ចំណាក​ស្រុក​មិន​បាន​ត្រឡប់​មក​ចុះ​ឈ្មោះ និង​បញ្ហា​ខ្វះ​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​ការ​ចុះ​ឈ្មោះ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា មាន​ជន​គ្រប់​អាយុ​ដែល​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ជាង ១​លាន​នាក់។

ជន​ចំណាក​ស្រុក​ទាំងនោះ ត្រូវ​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ប្រសិន​បើ​គេ​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត។ បើ​តាម​ក្រុម​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ក្រៅ​ប្រទេស​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ចំនួន​តិចតួច។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​ថា ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ជា​តួលេខ​ល្អ​ដែល​អាច​ទទួល​យក​បាន៖ «យើង​រំពឹង​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចុះ​ឈ្មោះ​ទៀត ហើយ​នឹង​បន្ថែម​ការ​អប់រំ​ផ្សព្វផ្សាយ​ទៀត»។

ទោះ​បី​ចំនួន​អ្នក​មិន​ទាន់​ចុះ​ឈ្មោះ​មាន​ចំនួន​ច្រើន​ក៏ដោយ ការ​ពន្យារ​ពេល​ចុះ​ឈ្មោះ​មិន​ទាន់​ប្រាកដ​ថា​នឹង​កើត​ឡើង​នោះ​ទេ។ លោក ហង្ស ពុទ្ធា ពន្យល់​ថា ការ​ពន្យារ​ពេល​នេះ អាច​ដឹង​ថា​កើត​មាន ឬ​អត់ លុះត្រា​តែ​ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ តែ​ប្រជាពលរដ្ឋ​ផ្តុំ​គ្នា​មាន​ចំនួន​ច្រើន មិន​ទាន់​បាន​ចុះ​ឈ្មោះ ហើយ​មាន​ឆន្ទៈ​ទៅ​ចុះ​ឈ្មោះ៕

គ្រូពេទ្យ​ខេត្ត​កំពង់ធំ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​ខេត្ត​កំពង់ធំ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

 គ្រូពេទ្យ​ពិនិត្យ​ភ្នែក​ជូន​ពលរដ្ឋ​នា​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ នឹង​ផ្ដល់​ការ​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​២១ ដល់​ថ្ងៃ​សុក្រ ទី​២៥ វិច្ឆិកា។

ប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ វេជ្ជបណ្ឌិត កាក់ កក្កដា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​នៅ​មណ្ឌល​សុខភាព​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ សេវា​មិន​បង់​ប្រាក់​នេះ គ្រូពេទ្យ​នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​គ្រប់​ប្រភេទ ហើយ​ការ​វះ​កាត់ គឺ​ផ្ដោត​លើ​ប្រភេទ​ជំងឺ​ភ្នែក​ឡើង​បាយ៕

សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់​ដែល​ថៅកែ​ថៃ​បាញ់​សម្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌

សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់​ដែល​ថៅកែ​ថៃ​បាញ់​សម្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌

រថយន្ត​ដឹក​សាកសព​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៅកែ​ថៃ បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ ដឹក​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ចាប់​ថៅកែ​ជនជាតិ​ថៃ ដែល​បាញ់​សម្លាប់​ពលករ​ខ្មែរ​ម្នាក់​នៅ​ក្នុង​ទឹកដី​ថៃ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បញ្ជាក់​ថា សមត្ថកិច្ច​នៅ​ពុំ​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ខាង​សាច់ញាតិ​ជន​រងគ្រោះ ដើម្បី​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ឲ្យ​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​នៃ​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ការ​នៅ​ស្រុក​អារាញ់ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ត្រូវ​តែ​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ដើម្បី​មាន​វិធានការ​ចាប់​ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​ពលករ​ខ្មែរ​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា យក​មក​ផ្ដន្ទាទោស​ជា​បន្ទាន់។

លោក​បន្ថែម​ថា ករណី​នេះ​ប្រសិន​បើ​សមត្ថកិច្ច​មិន​ជួយ​សាច់ញាតិ​ជន​រងគ្រោះ​ទេ នោះ​សំណុំ​រឿង​នេះ​នឹង​មិន​អាច​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​បាន​នោះ​ឡើយ៖ «រដ្ឋ​អាជ្ញា​ជា​ដើម​បណ្ដឹង និង​សមត្ថកិច្ច​ដែល​ជា​សេនាធិការ​របស់​ព្រះរាជអាជ្ញា ត្រូវ​ចាត់ការ​ទៅ​តាម​ច្បាប់ ព្រោះ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ បើ​សិន​ជា​រង់ចាំ​ពាក្យ​បណ្ដឹង​ពលរដ្ឋ ហើយ​ពេល​ណា​ទៅ​ទើប​ចាប់​ជន​សង្ស័យ​បាន»។
លិខិត​នាំ​សព​ពលករ​វិល​ត្រឡប់​មក​កម្ពុជា ដែល​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ លោក ង៉ែត ប៊ុនលី ចុះ​ថ្ងៃ​ទី​១៩ វិច្ឆិកា ឲ្យ​ដឹង​ថា កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូង​ម្នាក់​ឈ្មោះ សរ ងី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​តាទយ ឃុំ​ចារឈូក ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ត្រូវ​បាន​ថៅកែ​ជនជាតិ​ថៃ បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយសារ​តែ​រឿង​ទំនាស់​ពាក្យ​សម្ដី។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ស្រុក​អារាញ់ ខេត្ត​ស្រះកែវ ដើម្បី​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា។

ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា ថៅកែ​ជនជាតិ​ថៃ បាន​បាញ់​សម្លាប់​ពលករ​ដក​ដំឡូង​ក្នុង​រឿង​ទំនាស់​ពាក្យ​សម្ដី​នៅ​ក្នុង​ចម្ការ​ដំឡូង​ខេត្ត​ស្រះកែវ កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា ករណី​នេះ​គឺ​សាច់ញាតិ​ជន​រងគ្រោះ​ពុំ​ទាន់​ដាក់​ពាក្យ​បណ្ដឹង​មក​ការិយាល័យ​របស់​លោក ដើម្បី​ជំរុញ​ទៅ​ខាង​សមត្ថកិច្ច​ថៃ ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ថៅកែ​ថៃ នោះ​នៅ​ឡើយ​ទេ៖ «ខាង​ថៃ គេ​ថា​គេ​ចាំ​តែ​សហការ​ជាមួយ​យើង​ទេ ឲ្យ​តែ​មាន​ពាក្យ​បណ្ដឹង ឬ​ក៏​មាន​ឯកសារ​ជាក់លាក់ ព្រោះ​បើ​គ្មាន​ឯកសារ ឬ​ពាក្យ​បណ្ដឹង​ជាក់លាក់​ទេ សមត្ថកិច្ច​យើង​ទៅ​ប្ដឹង គឺ​ដូច​គ្មាន​គោលការណ៍​ច្បាស់លាស់​ដើម្បី​ប្ដឹង​ទៅ​ថៃ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា ពន្យល់​ថា ករណី​នេះ គឺ​ជា​បទល្មើស​ជាក់ស្ដែង​ដែល​សមត្ថកិច្ច​អាច​ចាត់​វិធានការ​ទៅ​លើ​ជន​សង្ស័យ​បាន ដោយ​ពុំ​ចាំបាច់​ឲ្យ​សាច់ញាតិ​ជន​រងគ្រោះ​ដាក់​ពាក្យ​ប្ដឹង​នោះ​ឡើយ៖ «បើ​សិន​ជា​មាន​ការ​សម្លាប់​ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម​បន្ត​ទៀត វា​អាច​នឹង​កើត​មាន​បញ្ហា​រើសអើង​ពូជ​សាសន៍ ដូចជា​ខ្មែរ​ចូល​ទៅ​ត្រូវ​ថៃ ធ្វើ​បាប ហើយ​ថៃ ចូល​មក​ខ្មែរ ក៏​ត្រូវ​ពលរដ្ឋ​ខ្មែរ​វាយ​ធ្វើ​បាប​ដូច​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ហើយ​គឺ​ជា​ការ​មួយ​ដែល​យើង​ព្រួយ​បារម្ភ»។

កន្លង​ទៅ ករណី​ថៅកែ​ជនជាតិ​ថៃ ធ្វើ​ទារុណកម្ម និង​បាញ់​សម្លាប់​ពលករ​ខ្មែរ កើត​មាន​ជាច្រើន​ករណី​មក​ហើយ មាន​ជាអាទិ៍ ករណី​ថៅកែ​កាស៊ីណូ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ វាយ​សម្រាត​ខោ​អាវ​នារី​ខ្មែរ ហើយ​ថែម​ទាំង​បាន​បង្ហោះ​រូបភាព​អាក្រាត​នោះ​តាម​បណ្ដាញ​ហ្វេសប៊ុក (Facebook) កាល​ពី​ឆ្នាំ​២០១៤ និង​ករណី​កម្មករ​សំណង់​ម្នាក់​ទៀត ក៏​ត្រូវ​បាន​ថៅកែ​ថៃ បាញ់​សម្លាប់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កាល​ពី​ឆ្នាំ​២០១៥ ជាដើម។ រហូត​មក​ទល់​ពេល​នេះ ពួក​គេ​នៅ​ពុំ​ទាន់​ទទួល​បាន​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ៕

ក្រុម​អតីត​ស្ត្រី​បឹងកក់​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​រឿង​ផ្ដល់​កម្ចី​ឲ្យ​រដ្ឋាភិបាល

ក្រុម​អតីត​ស្ត្រី​បឹងកក់​ដែល​ត្រូវ​គេ​បណ្ដេញ​ដោយ​បង្ខំ ធ្វើ​ពិធី​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang

ក្រុម​អតីត​ស្ត្រី​បឹងកក់ ដែល​ត្រូវ​គេ​បណ្ដេញ​ដោយ​បង្ខំ​ប្រមាណ ៣០​នាក់ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា នាំ​គ្នា​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) បន្ទាប់​ពី​ដឹង​ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​មិន​ខ្វាយខ្វល់​ពី​ញត្តិ​របស់​ពួក​គេ​ដែល​ដាក់​អស់​ជាច្រើន​ខែ​មក។ ចំណែក​មន្ត្រី​ធនាគារ​ពិភពលោក ឆ្លើយតប​ថា សំណើ​ទាំងនោះ ធនាគារ​ពិភពលោក​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា រួច​រាល់​ហើយ។

ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​នេះ បន្ទាប់​ពី​ពួក​គេ​ដឹង​ថា ធនាគារ​ពិភពលោក​នៅ​តែ​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ថ្មី​ទៀត​នូវ​ទឹកប្រាក់​ប្រមាណ ១៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ពួក​គាត់​យល់​ថា ដោយសារ​តែ​ទឹកប្រាក់​របស់​ធនាគារ​ពិភពលោក ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​យក​មក​អភិវឌ្ឍ​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង និង​មុខ​របរ​ចិញ្ចឹម​ជីវិត រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ការ​ធ្វើ​ពិធី​ដុត​ធូប​ដាក់​បណ្ដាសា​នេះ គឺ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​ក្រុម​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ជាច្រើន​នាក់។

តំណាង​អតីត​ស្ត្រី​នៅ​តំបន់​បឹងកក់ កញ្ញា អ៊ឹម ស្រីទូច និយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​ឈាន​ដល់​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​នៅ​ពេល​នេះ ដោយសារ​តែ​ការ​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​របស់​ស្ថាប័ន​មួយ​នេះ ចូលរួម​ចំណែក​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ច្រើន​ឡើង ជាពិសេស​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី៖ «នៅ​ឆ្នាំ​២០១៣ គាត់​បាន​សន្យា​ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​យើង តែ​មក​ដល់​ឆ្នាំ​២០១៦ ហើយ​អត់​មាន​បាន​ដំណោះស្រាយ​មួយ​គ្រួសារ​ណា​សោះ។ ស្រាប់​តែ​គាត់​បែរ​ជា​ផ្ដល់​លុយ​មក​ឲ្យ​រដ្ឋាភិបាល​ទៀត។ អ៊ីចឹង​ធនាគារ​ពិភពលោក មាន​ចេតនា​សម្លាប់​ពលរដ្ឋ​ខ្មែរ។ ចឹង​យើង​ដាក់​បណ្ដាសា​សូម​ឲ្យ​ធនាគារ​ពិភពលោក ត្រូវ​តែ​វិនាស​រលាយ​ផុត​ពី​ប្រទេស​កម្ពុជា ឆាប់ៗ​ចា៎»។
ឆ្លើយតប​នឹង​ការ​ទាមទារ​នេះ មន្ត្រី​ព័ត៌មាន​ប្រចាំ​ការិយាល័យ​ធនាគារ​ពិភពលោក​នៅ​កម្ពុជា លោក ប៊ូ សារឿន និយាយ​ថា ប្រធាន​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) បាន​ផ្ដល់​ព័ត៌មាន​ពី​រឿង​ញត្តិ​របស់​អ្នក​បឹងកក់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​រួច​ហើយ។ លោក ប៊ូ សារឿន ថា​ការ​ទាមទារ​របស់​អ្នក​បឹងកក់​ដែល​ចង់​ជួប​អ្នកស្រី អ៊ីហ្គូណា ដូប្រាចា មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

លោក ប៊ូ សារឿន ស្នើ​ឲ្យ​អតីត​ស្ត្រី​អ្នក​បឹងកក់​ពិចារណា​ឡើង​វិញ រឿង​ទាមទារ​ឲ្យ​ធនាគារ​ពិភពលោក​ឈប់​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ដល់​កម្ពុជា៖ «បង​ដឹង​ហើយ​បន្ទាប់​ពី​យើង​បាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ប្រជាជន​ជាង ៦០០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​មាន​តម្រូវ​ការ​ច្រើន​ណាស់ មាន​តម្រូវ​ការ​អប់រំ ក្មេងៗ​តាម​ជនបទ​អត់​មាន​សាលា​រៀន ហើយ​អ្នក​ឈឺ​នៅ​តាម​ជនបទ​អត់​មាន​ការ​ព្យាបាល សុទ្ធតែ​ជា​រឿង​មួយ​ដែល​ប្រទេស​ខ្មែរ​ត្រូវ​ការ​ចាំបាច់ ហើយ​បង​កាត់​អា​ហ្នឹង​ដាច់​ប៉ាត់ បង​គិត​មើល! តើ​ប្រជាជន​មាន​បញ្ហា​កម្រិត​ណា? ហើយ​ខ្ញុំ​ដឹង​ថា​រឿង​របស់​បង​ថា​មាន​រឿង​ហើយ»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ធនាគារ​ពិភពលោក​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ដល់​រដ្ឋាភិបាល​កម្ពុជា ចំនួន ១៣០​លាន​ដុល្លារ​លើ​គម្រោង​ចំនួន​៤ រួម​មាន​ផ្លូវ​ថ្នល់ ទឹក កសិកម្ម និង​សុខាភិបាល សម្រាប់​ឆ្នាំ​២០១៦-២០១៧។ កម្មវិធី​ទាំងនោះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ធនាគារ ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​អត្រា​ក្រីក្រ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១% ក្នុង​មួយ​ឆ្នាំៗ។

គម្រោង​ទាំងនោះ​ផ្ដោត​លើ​គម្រោង​សមធម៌ និង​ការ​លើក​កម្ពស់​គុណភាព​សុខភាព គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ គម្រោង​គ្រប់គ្រង​ផ្លូវ​ថ្នល់​ទី​២ ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​លើ​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​កំពត ព្រះសីហនុ ត្បូងឃ្មុំ និង​ខេត្ត​ក្រចេះ គម្រោង​បែងចែក​ដី​សម្រាប់​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ជូន​សម្រាប់​សេវា​បណ្ដុះបណ្ដាល​វិស័យ​កសិកម្ម​ដល់​ប្រជាជន​ក្នុង​សហគមន៍​ចំនួន​១៤ នៅ ៥​ខេត្ត ដែល​មាន​ប្រជាជន​ច្រើន​ជាង ៥.០០០​គ្រួសារ។

កាល​ពី​ឆ្នាំ​២០១១ ធនាគារ​ពិភពលោក បាន​ប្ដេជ្ញា​ថា ខ្លួន​នឹង​អាច​បន្ត​ប្រាក់​ជំនួយ លុះត្រា​តែ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​សំណង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​គំរាម​កំហែង និង​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន។

ទោះ​បី​ជា​មាន​ការ​ពន្យល់​ពី​មន្ត្រី​ធនាគារ​ពិភពលោក ពី​រឿង​ប្រាក់​កម្ចី​នេះ​យ៉ាង​ណា​ក្ដី ក្រុម​អតីត​ស្ត្រី​អ្នក​បឹងកក់​បញ្ជាក់​ថា ពួក​គេ​នឹង​បន្ត​ទាមទារ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ឈប់​ផ្ដល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យខាងតែ​បាន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត៕