Tuesday, November 22, 2016

សាច់ញាតិ​នៅ​តែ​ចង់​ឲ្យ​អាជ្ញាធរ​ស្វែងរក​មូលហេតុ​ពិត​ជុំវិញ​ការ​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ

សាច់ញាតិ​នៅ​តែ​ចង់​ឲ្យ​អាជ្ញាធរ​ស្វែងរក​មូលហេតុ​ពិត​ជុំវិញ​ការ​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ

សាច់​ញាតិ​ជនរងគ្រោះ​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​៦​ឆ្នាំ នៃ​ការ​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ ក្បែរ​កោះពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA

សាច់ញាតិ​ជន​រងគ្រោះ​មួយ​ចំនួន នៅ​តែ​ចង់​ឲ្យ​អាជ្ញាធរ​ភ្នំពេញ បើក​ការ​ស៊ើប​អង្កេត​ដោយ​យក​ចិត្ត​ទុក​ដាក់ ជុំវិញ​ករណី​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​កាល​ពី ៦​ឆ្នាំ​មុន ព្រោះ​ពួក​គេ​យល់​ថា ការ​ស្លាប់​នោះ​មិន​អាច​ជា​ឧបទ្ទវហេតុ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ការ​ស្លាប់​លើ​ស្ពាន​នោះ គឺ​ជា​រឿង​ឧបទ្ទវហេតុ​ដដែល។

រយៈពេល ៦​ឆ្នាំ​ហើយ​ដែល​គេ​នៅ​ចាំ​មិន​ភ្លេច​អំពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មិន​ធ្លាប់​មាន នៃ​ការ​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ។ មក​ទល់​ពេល​នេះ សាច់ញាតិ​ជន​រងគ្រោះ​ខ្លះ​ហាក់​មិន​ទាន់​សះស្បើយ​ក្នុង​ចិត្ត ក្នុង​ការ​បំភ្លេច​ព្រឹត្តិការណ៍​ដ៏​សែន​សង្វេគ​នេះ​បាន​នៅ​ឡើយ​ទេ ហើយ​មាន​សាច់ញាតិ​ជន​រងគ្រោះ​ខ្លះ​ទៀត​អះអាង​ថា រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​អាច​មិន​មែន​ជា​ឧបទ្ទវហេតុ​ដូច​អាជ្ញាធរ​លើក​ឡើង​ឡើយ។

នៅ​កម្មវិធី​បុណ្យ​រាប់បាត្រ​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​អ្នក​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​គម្រប់​ខួប ៦​ឆ្នាំ ដែល​រៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ម្ដាយ​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​សាច់ញាតិ​ជន​រងគ្រោះ​ដទៃ​ទៀត លោកស្រី ម៉េត សុគុណ រស់នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា កូន​លោកស្រី​មាន​អាយុ ១២​ឆ្នាំ គឺ​បាន​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ហើយ​នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​មក​ស្ពាន​នេះ​ម្ដងៗ អារម្មណ៍​នៅ​តែ​នឹក​ស្រមៃ​ជានិច្ច អំពី​ព្រឹត្តិការណ៍​នឹក​ស្មាន​មិន​ដល់​ថា​កូន​ប្រុស​តែ​មួយ ត្រូវ​ស្លាប់​ក្នុង​មួយ​ពព្រិច​ភ្នែក៖ «ហាក់​បី​ដូចជា​មនុស្ស​ឆ្កួត​អ៊ីចឹង! ខ្ញុំ​គិត​អី​ក៏​អត់​ចេញ និយាយ​រួម​ទៅ​ខ្ញុំ​បាន​តែ​យំ​ម៉ា​មុខ។ មាន​អារម្មណ៍​ថា​ឈឺ​ចាប់​សោកស្ដាយ មិន​គួរ​ណា​រឿង​ហ្នឹង​កើត​ឡើង​សម្រាប់​គ្រួសារ​ខ្ញុំ​អ៊ីចឹង»។
លោកស្រី​បន្ត​ថា បើ​សិន​ជា​ចង់​ឲ្យ​លោកស្រី​ឈប់​មាន​មន្ទិល​សង្ស័យ និង​ស្ងប់​ចិត្ត ឈប់​គិត​ស្រណោះ​កូន​ប្រុស សាលា​រាជធានី​ភ្នំពេញ​គួរ​តែ​ស្វែងរក​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ៖ «និយាយ​រួម​ទៅ ស្លាប់​នោះ (កូន​ប្រុស​ស្លាប់) គឺ​គេ (អាជ្ញាធរ​ភ្នំពេញ) គិត​ថា​ជា​ឧបទ្ទវហេតុ អត់​មាន​អ្នក​ណា​បកស្រាយ​ឲ្យ​យើង​អស់​ចិត្ត អស់​មន្ទិល​សង្ស័យ»។

ឆ្លើយតប​នឹង​រឿង​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ត្រឹម​អះអាង​ចំពោះ​មុខ​ក្រុម​សាច់ញាតិ​ជន​រងគ្រោះ​ថា វា​គឺ​ជា​ឧបទ្ទវហេតុ ហើយ​ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់​បែប​នេះ នៅ​ប្រទេស​ផ្សេង​ក៏​មាន​ដែរ វា​អត់​មាន​អ្វី​ចម្លែក​ឡើយ៖ «លោក​អ៊ំ​បង​ប្អូន​ទាំងអស់ ក៏​បាន​ឃើញ​ហើយ​ថា ឧបទ្ទវហេតុ​បែប​នេះ (ជាន់​គ្នា​ស្លាប់) សម្រាប់​នៅ​ស្រុក​គេ គេ​អត់​មាន​អី​ជា​ចម្លែក​ទេ»។

ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ គឺ​ជា​ខួប​គម្រប់ ៦​ឆ្នាំ​ហើយ​នៃ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៣៥៣​នាក់​ស្លាប់ និង ៣៩៣​នាក់​រង​របួស ចំ​ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។ ក្រោយ​ពី​មាន​ករណី​ស្លាប់​ដ៏​ច្រើន​មិន​ធ្លាប់​មាន​នេះ សាលា​រាជធានី​ភ្នំពេញ បាន​សាងសង់​ស្តូប​មួយ​នៅ​កន្លែង​កើត​ហេតុ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ។ ក្រៅ​ពី​នោះ សាលា​រាជធានី​ក៏​តែងតែ​រៀបចំ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ជា​រៀង​រាល់​ឆ្នាំ​ដែរ។

មក​ទល់​ពេល​នេះ គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​នេះ​ទេ ក្រៅ​ពី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ជន​រងគ្រោះ​នោះ។

សាច់ញាតិ​ជន​រងគ្រោះ​ម្នាក់​ទៀត​ដែល​មាន​កូន ៣​នាក់ និង​ប្រពន្ធ​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ លោក យស ចាន់សេរី មក​ពី​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​លាយឡំ​តំណក់​ទឹក​ភ្នែក​ថា ដើមទ្រូង​នៅ​តែ​ចុក​ពើតផ្សារ ភ័យ​រន្ធត់ និង​អាល័យ​ដល់​កូន និង​ប្រពន្ធ​ជានិច្ច ហើយ​ជួនកាល​ដោយសារ​តែ​នឹក​ពេក លោក​មិន​អាច​ចងចាំ និង​ស្ទើរ​តែ​ភ្លេច​អ្វី​ទាំងអស់​នៅ​ជុំវិញ​ខ្លួន។

លោក​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ លោក​ដឹង​ត្រឹម​តែ​ប្រពន្ធ និង​កូន​បាន​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​ប៉ុណ្ណោះ ហើយ​លោក​មិន​ចងចាំ​ថា​ជាន់​គ្នា​ស្លាប់​នោះ​ដែរ៖ «ដឹង​ដែរ ដឹង​ថា​ស្លាប់​នៅ​ស្ពាន​ពេជ្រ»។

ចំណែក​សាច់ញាតិ​ម្នាក់​ទៀត​ដែល​មាន​ប្អូន​ស្រី​ស្លាប់ និង​ជា​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​លើ​ស្ពាន​កោះ​ពេជ្រ​ផ្ទាល់ លោក លឹម ប៉ូលី មក​ពី​អរិយក្សត្រ​ខេត្ត​កណ្ដាល បាន​បញ្ជាក់​ថា មុន​ពេល​មនុស្ស​ចាប់​ផ្ដើម​ជាន់​គ្នា ហើយ​រើ​បម្រះ​ខ្លួន​មិន​ចេញ រហូត​ដល់​អ្នក​ខ្លះ​ស្លាប់ គឺ​មុន​ដំបូង​មាន​មនុស្ស​ស្រែក​ថា​ឆក់​ខ្សែ​ភ្លើង​ជាដើម ប៉ុន្តែ​លោក​អះអាង​ថា នៅ​មុន​កើត​ហេតុ​បន្តិច ពពក​ឡើង​ពណ៌​ខ្មៅ និង​ចង់​រក​ភ្លៀង៖ «ខ្ញុំ​ជាប់​នៅ​ទីនោះ​ដែរ អ្នក​ខ្លះ​ផ្អើល​ថា​ឆក់។ ពេល​ដែល​ជាប់​នោះ មនុស្ស​ដូចជា​ជ្រួលច្របល់ ប៉ុន្តែ​មុន​នឹង​កើត​ហេតុ មេឃ​ឡើង​ខ្មៅ មេឃ​រក​ភ្លៀង និង​ខ្យល់​មក មនុស្ស​លើ​ស្ពាន​ថា​ត្រជាក់​ស្រួល​ណាស់ ស្រាប់​ផុត​ពី​ហ្នឹង​ទៅ មនុស្ស​ចេះ​តែ​ណែន​ទៅៗ​រហូត​ដល់​មាន​រឿង​ស្លាប់​អ៊ីចឹង​ទៅ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជន​រងគ្រោះ​ផ្ទាល់ និង​សាក្សី​រូប​នេះ មិន​ហ៊ាន​បញ្ជាក់​បាន​ទេ​ថា តើ​មូលហេតុ​អ្វី​ពិត​ប្រាកដ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​ច្រើន​បែប​នេះ។

ពិធី​រាប់បាត្រ​ព្រះសង្ឃ​ជាង ៦០​អង្គ ដើម្បី​រំឭក​ការ​ចងចាំ​ទៅ​ដល់​អ្នក​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ គឺ​មាន​មនុស្ស​ចូលរួម​ជាច្រើន​រយ​នាក់ រាប់​ទាំង​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាច់ញាតិ​ជន​រងគ្រោះ​ចំនួន ៩៨​គ្រួសារ។ ថ្វីត្បិតតែ​យ៉ាង​ណា​ក៏ដោយ សាច់ញាតិ​ជន​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ធ្វើ​យ៉ាង​ណា​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​ក្រោយៗ​ទៀត មិន​ត្រូវ​បណ្ដោយ​ឲ្យ​មាន​អ្នក​ស្លាប់​ដូច​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ក្នុង​ឆ្នាំ​២០១០ ឡើយ៕

សង្គម​ស៊ីវិល​នៅ​តែ​ចង់​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ

សង្គម​ស៊ីវិល​នៅ​តែ​ចង់​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ

 ២៣-វិច្ឆិកា-២០១០៖ ប៉ូលិស​ឈរ​មើល​គំនរ​សម្ភារៈ​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០។ Photo: RFA

ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ គឺ​ជា​ខួប ៦​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​ឆ្លង​ទៅ​កោះ​ពេជ្រ ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០។ ហេតុការណ៍​កាលណោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត ៤០០​នាក់​ជាន់​គ្នា​ស្លាប់។ រហូត​មក​ទល់​ពេល​នេះ សង្គម​ស៊ីវិល​នៅ​តែ​ចង់​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ពេល​នោះ។

បើ​ទោះ​ជា​សោកនាដកម្ម​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់​ក្តី រហូត​មក​ទល់​ពេល​នេះ មិន​មាន​អាជ្ញាធរ ឬ​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង​នោះ​ទេ គឺ​ឃើញ​តែ​សម្ដែង​ការ​សោកស្ដាយ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ។

ក្នុង​ខួប ៦​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ សាលា​រាជធានី​ភ្នំពេញ គ្រោង​រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ពេល​នោះ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា សាលា​រាជធានី​ភ្នំពេញ នឹង​និមន្ត​ព្រះសង្ឃ​ចំនួន ៨១​អង្គ​រាប់បាត្រ។ លោក​ថា ក្រៅ​ពី​អាជ្ញាធរ ពលរដ្ឋ​ដែល​ជា​សាច់ញាតិ​ជន​រងគ្រោះ ក៏​នឹង​ចូលរួម​ក្នុង​ពិធី​រាប់បាត្រ​បង្សុកូល​នេះ​ដែរ។ លោក មាន ចាន់យ៉ាដា ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​បង្សុកូល​នេះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ពិធី​បុណ្យ​បង្សុកូល​នេះ​របស់​អាជ្ញាធរ ព្រោះ​លោក​ថា​វា​ជា​ព្រឹត្តិការណ៍​ធំ​មួយ​ដែល​កម្ពុជា គួរ​ចងចាំ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទន្ទឹម​នឹង​ការ​ប្រារព្ធ​ពិធី​ចងចាំ​នេះ លោក យង់ គិមអេង ក៏​ចង់​ឃើញ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង៖ «រឿង​សំខាន់​មួយ​ទៀត​ដែល​យើង​ចង់​ឃើញ​ដែរ ឲ្យ​មាន​ចំណាត់ការ​ច្បាស់លាស់ អ្នក​ណា​ទទួល​ខុស​ត្រូវ អ្នក​ណា​ធ្វេសប្រហែស អ្នក​ណា​ចាត់ការ​រៀបចំ​សន្តិសុខ គួរ​តែ​ធ្វើ​ការ​ពិន័យ ឬ​ដាក់​ទោស​ទណ្ឌ។ យើង​អត់​ទាន់​ឃើញ​មាន តែ​នៅ​ស្រុក​គេ គេ​មាន​ដាក់​ទោស​ទណ្ឌ​ពិន័យ​អ្នក​ទទួល​ខុស​ត្រូវ​ដែល​ធ្វេសប្រហែស​រៀបចំ​មិន​បាន​ស្រួលបួល​ឲ្យ​មាន​ការ​ជាន់​គ្នា»។

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​នោះ​កើត​ឡើង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​សម្ដែង​ការ​សោកស្ដាយ។ លោក ហ៊ុន សែន ថែម​ទាំង​សម្រក់​ទឹក​ភ្នែក​សម្ដែង​ការ​អាណិត​ចំពោះ​ជន​បាត់បង់​ជីវិត​ថែម​ទៀត​ផង។ ប៉ុន្តែ​លោក​មិន​បាន​ស្ដីបន្ទោស​មន្ត្រី ឬ​អ្នក​ក្រោម​បង្គាប់​របស់​លោក​ណា​ម្នាក់​ជា​សាធារណៈ ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ​ឡើយ ដោយ​លោក​គ្រាន់​តែ​ចាត់​ទុក​ថា វា​ជា​ហេតុការណ៍​អាក្រក់​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឲ្យ​កើត​ឡើង​នោះ​ទេ។

ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០១០ នោះ គឺ​មាន​លោក កែប ជុតិមា ធ្វើ​ជា​អភិបាល​ក្រុង និង​លោក ទូច ណារ័ត្ន ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។ ក្រោយ​ព្រឹត្តិការណ៍​នេះ មាន​មតិ​ជាច្រើន​លើក​ឡើង​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដែល​ជា​អ្នក​រៀបចំ​ចាត់ចែង​ពិធី​បុណ្យ និង​ជា​អ្នក​ធានា​នូវ​សុខ​សុវត្ថិភាព​ពលរដ្ឋ គួរ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​សោកនាដកម្ម​ដែល​បាន​កើត​ឡើង ដូចជា​ត្រូវ​ក្លាហាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង​ដូច​នៅ​បរទេស ឬ​រដ្ឋាភិបាល​ត្រូវ​ដាក់​ពិន័យ​រដ្ឋបាល​ចំពោះ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ជាដើម។

លោក យង់ គិមអេង យល់​ឃើញ​ថា ចំពោះ​ការ​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ វា​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់លាស់ រួច​ផ្តល់​របាយការណ៍​ជាក់លាក់​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ និង​ពលរដ្ឋ​ទូទៅ ព្រោះ​លោក​ថា ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច សមត្ថកិច្ច​ក៏​ត្រូវ​មាន​ទោស​ដែរ៖ «ជា​ការ​ពិត​ណាស់ ការ​ផ្តល់​សំណង​ជូន​គាត់ គឺ​រដ្ឋ ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​មាន​ការ​ផ្តល់​សំណង​មួយ​ចំនួន ហើយ​ដល់​ក្រុម​គ្រួសារ​សព ប៉ុន្តែ​សំខាន់​មួយ​ទៀត​គឺ​សំណង​ជា​យុត្តិធម៌​នៃ​ការ​ជាន់​គ្នា​ស្លាប់ ហើយ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​ហ្នឹង យើង​អត់​មាន»។

ប្រហែល​ជា​ដោយសារ​មាន​មេ​រៀន​មិន​ល្អ​ធ្លាប់​កើត​មាន ទើប​គេ​ឃើញ​ថា​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ អាជ្ញាធរ​ហាក់​រៀបចំ​រក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​បាន​ប្រសើរ​ជាង​មុន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​អំឡុង​ពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា កន្លង​ទៅ អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​បាន​តុបតែង​កន្លែង​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៅ​ក្បែរ​ស្ពាន​កោះ​ពេជ្រ​ថ្មី ឲ្យ​ជា​កន្លែង​ជា​ទី​កត់​សម្គាល់​របស់​ពលរដ្ឋ​ចូលរួម​ឡើយ។

គេ​ពុំ​ឃើញ​មាន​ដាក់​កម្រង​ផ្កា ហើយ​នៅ​ពេល​យប់​វិញ ក៏​អាជ្ញាធរ​ពុំ​មាន​ដាក់​ភ្លើង​បំភ្លឺ​ឲ្យ​គេ​បាន​ឃើញ​ស្តូប​ច្បាស់​ឡើយ ហើយ​ក៏​មិន​មាន​សរសេរ​ជា​អក្សរ​ធំៗ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ដឹង​នោះ​ដែរ។ ប្រការ​នេះ ត្រូវ​បាន​គេ​យល់​ថា រដ្ឋាភិបាល​ហាក់​មាន​ចេតនា​មិន​ចង់​ឲ្យ​អ្នក​ចូលរួម​ពិធី​បុណ្យ​អុំ​ទូក​ចងចាំ​អំពី​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​ឆ្នាំ​២០១០។

ពលរដ្ឋ​ឈ្មោះ ទេស ចាន់ថុន ដែល​បាន​មក​ភ្នំពេញ​ដើម្បី​រើស​សម្បក​ដប និង​កំប៉ុង​ក្នុង​អំឡុង​ពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក ហើយ​ដែល​គ្រួសារ​លោក​បាន​យក​ទី​ស្តូប​គោរព​បូជា​ជន​រងគ្រោះ​ធ្វើ​ជា​ទី​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់​នោះ និយាយ​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក លោក​ពុំ​ឃើញ​មាន​មនុស្ស​ចូល​អុជ​ធូប ឬ​ដាក់​ផ្កា​គោរព​បូជា​នៅ​កន្លែង​ស្តូប​នោះ​ទេ។ លោក ទេស ចាន់ថុន យល់​ថា ប្រហែល​ជា​ពលរដ្ឋ​ខ្លះ​មិន​ដឹង​ថា ស្តូប​នោះ​ធ្វើ​សម្រាប់​អ្វី​ផង។ បុរស​រូប​នេះ​ថា​អាជ្ញាធរ​គួរ​ដាក់​ភ្លើង​បំភ្លឺ ឬ​កម្រង​ផ្កា ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយ​កត់​សម្គាល់៖ «ខ្លះ​គេ​ឆ្ងល់​ដែរ គួរ​តែ​ដាក់​ភ្លើង​ឲ្យ​គ្នា​មួយ​សម្រាប់​ឲ្យ​ភ្លឺ មិន​គួរ​វា​ងងឹត​អ៊ីចឹង។ វា​អត់​សម ព្រោះ​យើង​ដាក់​ភ្លើង គឺ​សម្គាល់​ពី​មុន​មក​មាន​អ្នក​ស្លាប់​អ៊ីចឹង ព្រោះ​យើង​អត់​ភ្លើង​ចឹង អ្នក​អត់​ដឹង គេ​មក​អត់​ដឹង​ទេ»។

ចំណែក​កញ្ញា សុង ថារី ដែល​កំពុង​អង្គុយ​លើ​ខឿន​ស្តូប​នៅ​រាត្រី​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ពេល​សួរ​ថា តើ​កន្លែង​កញ្ញា​កំពុង​អង្គុយ​នោះ​ជា​កន្លែង​អ្វី? កញ្ញា សុង ថារី ថា​នាង​មិន​ដឹង​នោះ​ទេ។ តែ​កញ្ញា​ថា វា​ជា​កន្លែង​ព្រហ្ម​មុខ​បួន​កសាង​ឡើង​សម្រាប់​ឲ្យ​ពលរដ្ឋ​សែន​សុំ​សេចក្តី​សុខ​សប្បាយ​ទៅ​វិញ៖ «ខ្ញុំ​គិត​ថា​គួរ​តែ​ដាក់​ភ្លើង​ដែរ សរសេរ​ជា​អក្សរ​ដាក់»។

ខុស​ពី​ពលរដ្ឋ​ដែល​ចង់​ឲ្យ​អាជ្ញាធរ​តុបតែង​ស្តូប​ជន​រងគ្រោះ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​អុំ​ទូក អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​អុំ​ទូក គឺ​ជា​ពេល​ដែល​ពលរដ្ឋ​នាំ​គ្នា​ដើរ​កម្សាន្ត​សប្បាយ។ ម្យ៉ាង​លោក​ថា ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ថ្ងៃ​ទី​២២ វិច្ឆិកា អាជ្ញាធរ​ក៏​នៅ​តែ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​គេ​មិន​គួរ​ធ្វើ​ឲ្យ​វា​ឡូកឡំ​ចូល​គ្នា​នោះ​ទេ៖ «យើង​ចង់​ឲ្យ​ពលរដ្ឋ​មាន​កម្មវិធី​សប្បាយ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ហើយ​ទន្ទឹម​នឹង​ការ​គោរព​វិញ្ញាណក្ខន្ធ យើង​ក៏​មិន​បាន​បំភ្លេច​ដែរ។ នៅ​ពេល​យើង​ធ្វើ គឺ​យើង​ធ្វើ​មិន​ច្របូកច្របល់​ឲ្យ​ចូល​គ្នា​ឲ្យ​មាន​ការ​យល់​ច្រឡំ​លើ​រឿង​ហ្នឹង»។

ទោះ​ជា​យ៉ាង​ណា ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​សាលា​ក្រុង លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព យល់​ថា​ការ​រៀបចំ​តុបតែង​ស្តូប​ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយ​កត់​សម្គាល់​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​អុំ​ទូក ជា​រឿង​ល្អ​ទៅ​វិញ​ទេ។ លោក​ថា វា​ជា​ការ​ពញ្ញាក់​អារម្មណ៍​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន។ លោក​ថា ការ​បង្ក​លក្ខណៈ​ឲ្យ​ពលរដ្ឋ​សប្បាយ​ជា​រឿង​មួយ ប៉ុន្តែ​ការ​ដាស់​ស្មារតី​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​តាម​រយៈ​ការ​ដក​ពិសោធ​ពី​មេ​រៀន​ចាស់ និង​ចងចាំ​អ្នក​ដែល​បាន​ស្លាប់​ពី​មុន ក៏​ជា​រឿង​មិន​គួរ​មើល​រំលង​ដែរ៕

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ប្ដឹង​មន្ត្រី​ស្រុក​អូររាំង​ចោទ​ឈូស​ឆាយ​ដី​តំបន់​សក្ការៈ

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ប្ដឹង​មន្ត្រី​ស្រុក​អូររាំង​ចោទ​ឈូស​ឆាយ​ដី​តំបន់​សក្ការៈ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បង្ហាញ​ទីតាំង​ខ្ទម​អ្នកតា​ដែល​មន្ត្រី​សាលា​ស្រុក​ឈូស​ឆាយ​យក​ដី​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal

ជនជាតិ​ដើម​ភាគតិច​ព្នង ៧៥​គ្រួសារ​នៅ​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) សុំ​ជួយ​អន្តរាគមន៍​ករណី​មន្ត្រី​សាលា​ស្រុក​អូររាំង មួយ​រូប បាន​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​ខ្ទម​អ្នកតា​ដែល​សហគមន៍​គោរព​បូជា​ជាច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ជំនឿ​ប្រពៃណី​អ្នក​ភូមិ។

ជនជាតិ​ដើម​ភាគតិច​ព្នង ប្រមាណ ៤០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា បាន​នាំ​គ្នា​បង្ហាញ​ទីតាំង​ខ្ទម​អ្នកតា​ជា​ទី​សក្ការៈ​របស់​អ្នក​ភូមិ បន្ទាប់​ពី​ទីតាំង​នោះ​ត្រូវ​មន្ត្រី​សាលា​ស្រុក​អូររាំង គឺ​លោក ខៀវ ព្រិល ជួល​គ្រឿងចក្រ​ឈូស​ឆាយ​បំណង​យក​ដី​តំបន់​នោះ​លក់។

ការ​បង្ហាញ​ទីតាំង​ឈូស​ឆាយ​ដី​នេះ ធ្វើ​ឡើង​ខណៈ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ចុះ​អង្កេត​ទីតាំង​នោះ​ផ្ទាល់​តាម​រយៈ​ពាក្យ​ប្ដឹង​របស់​សហគមន៍ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដែល​មាន​ស្នាម​មេដៃ​អ្នក​ភូមិ ៧៥​គ្រួសារ សុំ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ទៅ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ។

ចាស់​ទុំ​ដែល​នាំ​គ្នា​ចង្អុល​បង្ហាញ​ពី​ការ​រំលោភ​ដី លោកស្រី ព្លើយ អើម បញ្ជាក់​ថា ការ​ឈូស​ឆាយ​បំពាន​ទៅ​លើ​ដី​ខ្ទម​អ្នកតា​របស់​សហគមន៍ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ជំនឿ​ប្រពៃណី​វប្បធម៌​សហគមន៍ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

លោកស្រី​កត់​សម្គាល់​ថា តំបន់​ខ្ទម​អ្នកតា​នេះ គឺ​ជា​កន្លែង​គោរព​បូជា​របស់​សហគមន៍ និង​ជា​កន្លែង​ដែល​សហគមន៍​តែង​នាំ​គ្នា​យក​ដង្វាយ​មាន​ជ្រូក មាន់ ស្រា សែនព្រេន​សុំ​សេចក្តី​សុខ​សប្បាយ និង​ការពារ​ឧបទ្រព​ចង្រៃ​ផ្សេងៗ​មាន​ជំងឺ​រាតត្បាត និង​ឧបទ្ទវហេតុ​ចៃដន្យ​ណា​មួយ​ដែល​អ្នក​ភូមិ​ជឿ​ថា បារមី​អ្នកតា​អាច​ជួយ​រំដោះ​គ្រោះ​ភ័យ​ទាំងនោះ​បាន៖ «តាំង​ពី​រំដោះ​រហូត​ឆ្នាំ​១៩៨១ ប្រជាពលរដ្ឋ​មក​រស់នៅ​ភូមិ​ហ្នឹង​សែន​រាល់​ឆ្នាំ កាប់​ជ្រូក​មួយ​សែន ស្រា ២០​ពាង​ទុក​ឲ្យ​កូន​ចៅ​យើង​រក​ស៊ី​មាន​បាន កុំ​ឲ្យ​មាន​បញ្ហា​រន្ទះបាញ់​គោ​ក្របី​ជ្រូក​មនុស្ស បាន​សែន​អ្នកតា​ហ្នឹង»។

នៅ​លើ​ទី​ទួល​នៃ​តំបន់​ភ្នំ​ឋិត​នៅ​ចម្ងាយ​ជាង ១​គីឡូម៉ែត្រ​ពី​ភូមិ​ពូត្រែង គឺ​ជា​កន្លែង​ដែល​គ្រឿងចក្រ​ចាប់​ឈូស​ឆាយ​ដី​កាល​ពី​សប្ដាហ៍​ទី​ពីរ​ក្នុង​ខែ​វិច្ឆិកា នេះ។ នៅ​ទី​ទួល​នោះ មាន​ខ្ទម​អ្នកតា​ទំហំ​មួយ​ម៉ែត្រ​បួន​ជ្រុង ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី សង់​ខ្ពស់​ពី​ដី គឺ​ជា​កន្លែង​សក្ការៈ​របស់​អ្នក​ភូមិ​នៅ​ក្នុង​ភូមិ​នេះ។

នៅ​ចម្ងាយ​ប្រមាណ ២០ ទៅ ៣០​ម៉ែត្រ​ពី​ខ្ទម​អ្នកតា ស្នាម​ឈូស​ឆាយ​ដី និង​ព្រៃ​មាន​សភាព​ថ្មីៗ​នៅ​ឡើយ ខណៈ​គ្រឿងចក្រ​បាន​ឈូស​ឆាយ​ព្រៃ​របោះ​នៅ​តំបន់​នោះ​ដើម្បី​យក​ដី។

ប្រធាន​សហគមន៍​ភូមិ​ពូត្រែង លោក ព្យាន ច្រេន អះអាង​ថា គ្រឿងចក្រ​របស់​មន្ត្រី​សាលា​ស្រុក គឺ​លោក ខៀវ ព្រិល បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​មួយ​ផ្នែក​នៃ​តំបន់​សក្ការៈ ដោយ​សំអាង​ថា​ដី​នោះ​ត្រូវ​មន្ត្រី​នោះ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ។ ក្រៅ​ពី​នោះ ដី​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​នៅ​ជិត​តំបន់​ខ្ទម​អ្នកតា ក៏​ត្រូវ​គ្រឿងចក្រ​ឈូស​ឆាយ​យក​ដោយ​មិន​មាន​ការ​លក់​ដូរ ឬ​យល់ព្រម​ពី​ម្ចាស់​ដី៖ «មេ​ភូមិ​ជូន​លេខ​គាត់ ខ្ញុំ​ទូរស័ព្ទ​ទៅ​គាត់ បើ​បង​ឯង​អត់​មាន​ដោះស្រាយ​ទេ ពួក​ខ្ញុំ​ប្ដឹង​បាតុកម្ម​បង​ឯង។ ប្រហែល ១៥​នាទី ប្រពន្ធ​គាត់​មក​និយាយ​អត់​ស្តាប់​គ្នា ជជែក​ក្នុង​ដី​ហ្នឹង ពួក​ខ្ញុំ​អត់​លក់​ទេ។ ហេតុ​អ្វី​មក​ឈូស​កន្លែង​ហ្នឹង។ គាត់​ថា​ចង់​បាន​ព្រំ​ដី​ត្រង់​កន្លែង​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា អ្នក​ភូមិ​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​រារាំង​គ្រឿងចក្រ​ដែល​កំពុង​ឈូស​ឆាយ​ដី​នៅ​តំបន់​ក្បែរ​ខ្ទម​អ្នកតា និង​សុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ភូមិ ជួយ​ដោះស្រាយ​ការ​ឈូស​ឆាយ​ចូល​តំបន់​ខ្ទម​អ្នកតា​ប្រជាពលរដ្ឋ។

ទាក់ទិន​ការ​ប្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ភូមិ​ពូត្រែង មន្ត្រី​សាលា​ស្រុក​អូររាំង លោក ខៀវ ព្រិល ទទួល​ស្គាល់​ថា ជា​កំហុស​អចេតនា​ដែល​អ្នក​បើក​គ្រឿងចក្រ​បាន​ឈូស​ឆាយ​ចូល​ដី​តំបន់​ខ្ទម​អ្នកតា​ប្រមាណ ៤ ទៅ ៥​ម៉ែត្រ។ លោក​ថា ដី​នៅ​តំបន់​នោះ លោក​បាន​ទិញ​មាន​ឯកសារ​ទិញ​លក់​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី រីឯ​ការ​ឈូស​ឆាយ​ប៉ះពាល់​ដី​ខ្ទម​អ្នកតា លោក​មាន​គម្រោង​សម្របសម្រួល​ជាមួយ​សហគមន៍ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​សែនព្រេន​តាម​ជំនឿ​ប្រពៃណី​អ្នក​ភូមិ៖ «ជាក់ស្តែង គឺ​អត់​មាន​ប៉ះពាល់ គ្រាន់​តែ​ចូល​ព្រំ​ដី​បន្តិច​ទេ។ ចង់​ឲ្យ​មាន​ដំណោះស្រាយ​នៅ​ដី​ថា សហគមន៍​ណា​ធំ​ជាង​គេ ឲ្យ​ចង្អុល​ព្រំ​មើល ខ្ញុំ​នៅ​កន្លែង​ហ្នឹង​យូរ​ធ្លាប់​ទៅ​សែន​កន្លែង​ហ្នឹង​ដែរ»។

របាយការណ៍​របស់​សហគមន៍​ភូមិ​ពូត្រែង ដី​តំបន់​ខ្ទម​អ្នកតា​សហគមន៍​មាន​ទំហំ​ជាង​កន្លះ​ហិកតារ។ បច្ចុប្បន្ន អ្នក​ទិញ​ដី​បាន​ឈូស​ឆាយ​តំបន់​នោះ​អស់​ពាក់​កណ្ដាល ទើប​អ្នក​ភូមិ​ប្ដឹង​តវ៉ា។

ប្រធាន​ភូមិ​ពូត្រែង លោក ប្លង់ សេង ទទួល​ស្គាល់​ថា អ្នក​ភូមិ​បាន​ផ្តល់​ព័ត៌មាន និង​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​ដោយសារ​លោក​ជាប់​រវល់ ទើប​អូស​បន្លាយ​ពេល​ដល់​ថ្ងៃ​នេះ។ លោក​អះអាង​ថា នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​សម្របសម្រួល​នៅ​សប្ដាហ៍​នេះ ដើម្បី​រក​វិធី​បញ្ចប់​ជម្លោះ​នេះ៖ «តាម​ជាក់ស្តែង​វាស់វែង​ទាំងអស់​គ្នា​ទៅ អាង​តែ​ដី​ទូលាយ​ហ្នឹង​ពី​មុន​ចេះ​តែ​ចោល បាន​មាន​បញ្ហា។ ម្ចាស់​ភូមិ​គេ​លក់​ខាង​ក្រោមៗ​ដែរ​ហ្នឹង នៅ​សល់​តែ ៥០​ម៉ែត្រ​បួន​ជ្រុង​ទេ»។

នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​លិខិត​អន្តរាគមន៍​ជូន​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ទាក់ទិន​ពាក្យ​ប្ដឹង​របស់​សហគមន៍​ដែល​បាន​ប្ដឹង​លោក ខៀវ ព្រិល ឲ្យ​សង​សំណង​ខូចខាត​ជា​ប្រាក់ ២​ពាន់​ដុល្លារ ដើម្បី​សែនព្រេន​អ្នកតា និង​ទាមទារ​ឲ្យ​ប្រគល់​ដី​ខ្ទម​អ្នកតា​មក​អ្នក​ភូមិ​គ្រប់គ្រង​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ដី​តំបន់​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ហេតុ​នេះ​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​បន្ទាន់​ចំពោះ​ជន​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​ខូចខាត ជាពិសេស​ដី​តំបន់​សក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិច។ លោក​ថា សហគមន៍​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ភូមិ ប៉ុន្តែ​មិន​បាន​លទ្ធផល ទើប​ប្ដឹង​មក​ការិយាល័យ​សិទ្ធិ​មនុស្ស​ជួយ​រក​យុត្តិធម៌៖ «យើង​ចុះ​មក​ពិត​ជា​មាន​ការ​ឈូស​ឆាយ​ប្រាកដ​មែន។ យើង​នឹង​ផ្ដិត​រូបភាព​នេះ​ភ្ជាប់​ជាមួយ​លិខិត​អន្តរាគមន៍ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ»។

ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូត្រែង រៀង​រាល់​ឆ្នាំ ពួក​គេ​តែងតែ​រួម​គ្នា​រៀបចំ​កាប់​ជ្រូក​មួយ​ក្បាល និង​ស្ងោរ​មាន់ និង​ស្រា​ពាង​តាម​ក្រុម​គ្រួសារ​នីមួយៗ យក​មក​សែន​ខ្ទម​អ្នកតា​ដែល​មាន​ឈ្មោះ​ថា "អ្នកតា​ឡាវ​អន់​យើ ឬ​អ្នកតា​ត្រពាំង​តា​យើ" ដែល​អ្នក​ភូមិ​ជឿ​ថា​បារមី​អ្នកតា​នេះ​ជួយ​ឲ្យ​អ្នក​ភូមិ​ទទួល​បាន​ភោគផល​កសិកម្ម​ល្អ ចៀសវាង​ជួប​ប្រទះ​បាតុភូត​រន្ទះបាញ់ ងាប់​គោ​ក្របី និង​ស្លាប់​អ្នក​ភូមិ ឬ​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ​រាតត្បាត​ក្នុង​ភូមិ និង​ពិសេស​ការពារ​សត្វ​ឃ្មុំ និង​គ្រោះថ្នាក់​ខណៈ​អ្នក​ភូមិ​ស្វែងរក​ឃ្មុំ​ក្នុង​ព្រៃ​ជា​មុខ​របរ៕

អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​ទិញ​ស្រូវ​កសិករ​ក្នុង​តម្លៃ​សមស្រប​ស្តុក​ទុក

អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​ទិញ​ស្រូវ​កសិករ​ក្នុង​តម្លៃ​សមស្រប​ស្តុក​ទុក

 ប្រជា​កសិករ​លើក​ស្រូវ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ម្ដុំ​មុខ​សាលាឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

មន្ត្រី​ជំនាញ​វិស័យ​កសិកម្ម​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​ដើម្បី​បញ្ចេញ​លុយ​មួយ​ចំនួន​ជួយ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ខណៈ​ពួក​គាត់​កំពុង​ជួប​ប្រទះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​ខ្លាំង។ ការ​អះអាង​នេះ ធ្វើ​ឡើង​ភ្លាមៗ​ឆ្លើយតប​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ដល់​កសិករ​មិន​ត្រូវ​ប្រញាប់​លក់​ស្រូវ​លឿន​ពេក​ទេ និង​ត្រូវ​រង់ចាំ​រហូត​តម្លៃ​ស្រូវ​ឡើង​ថ្លៃ​សិន។ ប៉ុន្តែ​ការ​អំពាវនាវ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ក្រៅ​រដ្ឋាភិបាល​យល់​ថា មិន​អាច​ដោះស្រាយ​បញ្ហា​ជូន​កសិករ​ឡើយ។

ស្រប​ពេល​រដូវ​ច្រូត​កាត់​ចូល​ដល់ ហើយ​កសិករ​កំពុង​ជួប​ប្រទះ​បញ្ហា​លំបាក​ខ្លាំង​ដោយ​មិន​អាច​លក់​ស្រូវ​ក្នុង​តម្លៃ​សមរម្យ សម្រាប់​ទូទាត់​តម្លៃ​ដើម ជួនកាល​ត្រូវ​ខាតបង់​ទុន​ទៀត​នោះ បែរ​ជា​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ប្រជា​កសិករ​កុំ​អាល​លក់​ស្រូវ​ទៅ​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់ ត្រូវ​តែ​រក្សា​ស្រូវ​ដែល​ច្រូត​កាត់​ថ្មីៗ​ទុក​មួយ​រយៈពេល​សិន និង​រង់ចាំ​ពេល​ណា​មួយ​ដែល​ស្រូវ​អង្ករ​ឡើង​ថ្លៃ ចាំ​លក់។ ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ខណៈ​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៧៦ នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី នា​ថ្ងៃ​ទី​២១ វិច្ឆិកា៖ «អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ មេត្តា​ខិតខំ​ហាល​ស្រូវ ថែទាំ​ស្រូវ​នេះ​ទុក​សិន នៅ​ពេល​តម្លៃ​ស្រូវ​ឡើង​ថ្លៃ ចាំ​ធ្វើ​ការ​លក់។ កុំ​លក់​ទាំង​ទទឹក ស្រូវ​ទទឹក​ឈ្មួញ​បង្អាប់​ថ្លៃ...»។

លោក ហ៊ុន សែន បន្ត​ថា ស្រូវ​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​នៅ​ពេល​នេះ មិន​មែន​មាន​តែ​នៅ​កម្ពុជា ទេ សូម្បី​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក ក៏​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ ក្រៅ​ពី​នេះ លោក​ក៏​អំពាវនាវ​ឲ្យ​ធនាគារ មីក្រូហិរញ្ញវត្ថុ គួរ​យោគយល់​ដល់​កសិករ​ផង មិន​ត្រូវ​ប្រញាប់​ទារ​លុយ​ពី​ពួក​គាត់​លឿន​ពេក​ទេ បើ​សិន​ជា​ពួក​គាត់​មិន​អាច​លក់​ស្រូវ​បាន​តម្លៃ​ថ្លៃ និង​មិន​បាន​លុយ​យក​ទៅ​សង​ទាន់​ពេលវេលា​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ដែល​ជា​អតីត​ប្រធាន​អង្គការ​សេដាក (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ថា ការ​ឲ្យ​ពលរដ្ឋ​រក្សា​ស្រូវ​ទុក​នោះ មិន​អាច​ជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ឲ្យ​កសិករ​ធ្វើ​តាម​ឡើយ ព្រោះ​នេះ​មិន​មែន​ជា​វិធីសាស្ត្រ​ថ្មី​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ជូន​កសិករ​នោះ​ដែរ។ អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​បញ្ជាក់​ទៀត​ថា វិធីសាស្ត្រ​ល្អ​បំផុត គឺ​រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​បញ្ចេញ​ថវិកា​ជាតិ​ដើម្បី​ជួយ​ទិញ​ស្រូវ​ក្នុង​តម្លៃ​សមរម្យ​ណា​មួយ​ពី​កសិករ យក​មក​ស្ដុក​ទុក​ដោយ​ខ្លួន​ឯង ប្រសើរ​ជា​ជាង​ឲ្យ​កសិករ​ច្រូត​កាត់ ហើយ​ឲ្យ​ពួក​គាត់​រក្សា​ទុក ព្រោះ​ថា​កសិករ​ក្រោយ​ពី​ប្រមូល​ផល ពួក​គាត់​នឹង​ប្រញាប់ប្រញាល់​លក់​ស្រូវ​ទាំងនោះ​ភ្លាម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដោយ​មិន​អាច​រង់ចាំ​ពេល​យូរ​ឡើយ ព្រោះ​ពួក​គាត់​ធ្វើ​ស្រែ មាន​អ្នក​ខ្លះ​ជួល​ដី​គេ ជួល​គេ​ភ្ជួរ​រាស់ ស្ទូង និង​ច្រូត​កាត់​តាម​រយៈ​ម៉ាស៊ីន៖ «គាត់​យក​លុយ​ហ្នឹង​ទៅ​សង​បំណុល​គេ។ មួយ​រដូវ​ហ្នឹង គាត់​ខ្ចី​លុយ​ខ្ចី​កាក់​គេ​ដើម្បី​ធ្វើ​ស្រូវ ដើម្បី​ទុក​ដោះស្រាយ​ជីវភាព។ ទី​ពីរ គាត់​យក​លុយ​ហ្នឹង (លុយ​ទទួល​បាន​ពី​ការ​លក់​ស្រូវ) ចាយវាយ​មួយ​ចំនួន​ទៅ​លើ​តម្រូវ​ការ​ចាំបាច់​ក្នុង​គ្រួសារ។ ទី​បី គាត់​ត្រូវ​សង​គេ​វិញ ដូចជា​តម្លៃ​ជី និង​ពូជ​ជាដើម»។

ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ថ្លៃ​ស្រូវ​នេះ កាល​ពី​ខែ​កញ្ញា កន្លង​ទៅ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​បញ្ជាក់​ថា ដោយសារ​មាន​ការ​ធ្លាក់​ចុះ​ការ​កុម្ម៉ង់​អង្ករ និង​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​បរទេស ប្រទេស​ជិត​ខាង​បាន​កាត់​បន្ថយ​ការ​ទិញ​ស្រូវ​យ៉ាង​ខ្លាំង និង​រោង​ម៉ាស៊ីន​មិន​មាន​ទុន​គ្រប់គ្រាន់​ដើម្បី​ទិញ​ស្រូវ​ឲ្យ​អស់ និង​ពុំ​មាន​ភាព​ច្បាស់លាស់​នៃ​ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាដើម។

លោក​បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា បច្ចុប្បន្ន ស្រូវ​ធម្មតា​មួយ​គីឡូក្រាម​លក់​បាន​ក្រោម ៨០០​រៀល ស្រប​ពេល​តម្លៃ​សមស្រប​ដែល​កសិករ​អាច​ទទួល​យក​បាន គឺ​មួយ​គីឡូក្រាម​ដែល​ពួក​គាត់​សង្ឃឹម​ថា​នឹង​អាច​លក់​ចេញ​ចាប់​ពី ១.០០០​រៀល​ឡើង​ទៅ។ លោក​ថា បើ​សិន​ជា​រដ្ឋាភិបាល​ប្រាកដ​ជា​ចង់​ដោះស្រាយ​បញ្ហា​ធ្លាក់​ថ្លៃ​ស្រូវ​អង្ករ​ជូន​ពលរដ្ឋ​មែន រដ្ឋាភិបាល​អាច​យក​លុយ​ដែល​ទទួល​បាន​ពី​ការ​បង់​ពន្ធ​របស់​ធនាគារ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ដើម្បី​យក​លុយ​នោះ​ខ្លះ​មក​ទិញ​ស្រូវ​ពី​កសិករ៖ «រដ្ឋាភិបាល​យក​ពន្ធ​ប្រាក់​ចំណេញ និង​ពន្ធ​ផ្សេងៗ​ពី​ធនាគារ​ចូល​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ អ៊ីចឹង​យក​ពន្ធ​ប្រាក់​ចំណេញ​ពី​ធនាគារ យក​មក​ជួយ​ដើម្បី​ទ្រទ្រង់​វិស័យ​កសិកម្ម ជាពិសេស​ដើម្បី​ឲ្យ​កសិករ​គាត់​មាន​ចំណូល​គ្រប់គ្រាន់ ដើម្បី​សង​មក​ធនាគារ​វិញ ដើម្បី​គាត់​រក​ស៊ី​ចំណេញ វា​នឹង​ជួយ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​ដើរ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ លោក សុខ ពុទ្ធិវុធ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​នៅ​ពេល​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ប្រមូល​ផល​ស្រូវ​នៅ​ក្នុង​ឆ្នាំ​នេះ ក្រៅ​ពី​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ទុក​សម្រាប់​ធ្វើ​ពូជ​នៅ​ឆ្នាំ​ក្រោយ​ទៀត គឺ​កម្ពុជា នៅ​សល់​ស្រូវ​ប្រហែល ៥​លាន​តោន ដែល​ត្រូវ​ការ​លក់​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​លោក​ថា ប្រទេស​ចិន និង​វៀតណាម ដែល​ជា​ទីផ្សារ​ស្រាប់​របស់​កម្ពុជា នឹង​អាច​ជួយ​ទិញ​ស្រូវ​ទាំងនោះ​បាន​ជាង​ពាក់​កណ្ដាល។

ទោះ​ជា​បែប​នេះ​ក្ដី លោក​បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា នៅ​ពេល​ស្រូវ​លក់​មិន​ចេញ ហើយ​លក់​ចេញ​ក្នុង​តម្លៃ​ថោក​បែប​នេះ នឹង​ធ្វើ​ឲ្យ​កសិករ​ឈប់​ធ្វើ​ស្រែ រួច​ហើយ​នាំ​គ្នា​កាន់​តែ​ច្រើន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ថែម​ទៀត៕

ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ទាហាន​នៅ​ត្បូងឃ្មុំ​១០​គ្រួសារ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ទាហាន​នៅ​ត្បូងឃ្មុំ​១០​គ្រួសារ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ទាហាន​កង​អនុ​សេនា​ធំ​វិស្វកម្ម នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មក​ដាក់​ពាក្យ​បណ្ដឹង និង​ប្រឹក្សា​យោបល់​នៅ​អង្គការ​លីកាដូ (LICADHO) ខេត្ត កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

ប្រជាពលរដ្ឋ ១០​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ទីបញ្ជាការ​កងអនុសេនាធំ​វិស្វកម្ម​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ឡើង​ទៅ​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ហើយ​ពួកគេ​នឹង​យក​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។ ការ​សម្រេច​ឡើង​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ពេល​នេះ ក្រោយ​ពេល​អាជ្ញាធរ​ស្រុក និង​ខេត្ត មិន​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​ឡើយ ហើយ​តែងតែ​រុញ​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

តំណាង​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ពួកគាត់​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់ ១០​គ្រួសារ ជាមួយ​ទីបញ្ជាការ​កង​អនុសេនាធំ​វិស្វកម្ម ចំណុះ​ឱ្យ​កងពលតូច​លេខ​២១។

​អ្នក​ភូមិ​ទាំង​នោះ​បញ្ជាក់​ថា ប្រសិនបើ​អាជ្ញាធរ​ចេះ​តែ​ពន្យារពេល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ​នេះ​បន្ត​ទៀត ពលរដ្ឋ​កាន់​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់​នៅ​មិន​ខាន។

តំណាង​ពលរដ្ឋ​មួយ​រូប​នៅ​ឃុំ​ស្រឡប់ អ្នកស្រី ស៊ាង នួន មាន​ប្រសាសន៍​ថា មូលហេតុ​ពួកគាត់​សម្រេច​នាំ​គ្នា​ឡើង​ទៅ​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពីព្រោះ​ពលរដ្ឋ​អស់​សង្ឃឹម​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ស្រុក និង​ខេត្ត។ អ្នកស្រី​បន្ត​ថា នៅ​ពេល​ជម្លោះ​ដីធ្លី​នេះ មិន​អាច​ដោះស្រាយ​បាន ពលរដ្ឋ​កាន់តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់​នៅ៖ «កិច្ចការ​ហ្នឹង​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ខ្ញុំ​ផង។ ដល់​អ៊ីចឹង​ប្រជាពលរដ្ឋ​ខ្ញុំ​ចេះ​តែ​ដេក​ចាំ រង់ចាំ​មើល ហើយ​គាត់​មិន​ព្រម មិន​ធ្វើ មិន​ដឹង​យ៉ាង​ម៉េច​គាត់»។
ប្រភព​ដដែល​បញ្ជាក់​ថា ពលរដ្ឋ ១០​គ្រួសារ​បាន​កាន់កាប់​ដី​ជិត ៤​ហិកតារ នៅ​ភូមិ​ប្រធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ តាំង​ពី​ទសវត្សរ៍​៨០ មក ប៉ុន្តែ​នៅ​ចុង​ទសវត្សរ៍​ទី​៩០ ទើប​មាន​ទាហាន​ទៅ​សុំ​ដី​អ្នក​ភូមិ​ដាក់​ទីស្នាក់ការ​បណ្ដោះអាសន្ន។ ក្រោយ​មក​ទីបញ្ជាការ​កង​អនុសេនាធំ​វិស្វកម្ម​ចូល​ទៅ​នៅ​បន្ត​ទៀត ហើយ​មិន​ព្រម​ប្រគល់​ឱ្យ​ពួកគាត់​វិញ និង​មាន​ចេតនា​យក​ដី​ពលរដ្ឋ​ចែក​គ្នា​ទៀត​ផង។

ពលរដ្ឋ​មួយ​រូប​ទៀត លោក ស៊ុន ហាន ឱ្យ​ដឹង​ថា ពួកគាត់​បាន​ប្ដឹង​ជំទាស់​រហូត​មក ដោយ​យោង​ទៅ​លើ​លិខិត​កាន់កាប់​របស់​ពួកគាត់​ដែល​មាន។ លោក​មាន​សង្ឃឹម​ថា ការ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី នឹង​មាន​ដំណោះស្រាយ ពីព្រោះ​រយៈពេល​ជា​យូរ​មក​ហើយ​ពួកគាត់​មិន​បាន​ចេញ​ទៅ​ប្រកប​មុខ​របរ​ពេញ​ដៃ​ពេញ​ជើង​ទេ ដោយសារ​តែ​រឿង​ដីធ្លី​មួយ​នេះ៖ «ស្នើ​សុំ​ថា ដោះដូរ​ហ្នឹង ប្រសិនបើ​មាន​ពាក្យ​ដោះដូរ​ឱ្យ​ប្រជាពលរដ្ឋ​ស្រូត​ដំណើរ​តិច​ទៅ»។

ក្នុង​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ១០​គ្រួសារ ដែល​គ្រោង​នឹង​ដាក់​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា បញ្ជាក់​ថា ដី​នោះ​គឺ​ជា​ដី​របស់​ពួកគាត់​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៥ មក ពុំ​មែន​ជា​ដី​បន្ទាយ​ទាហាន​នោះ​ទេ។ លិខិត​បន្ត​ថា ពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក ខេត្ត និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផង ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ឡើយ។

ក្រោយ​មក​ពួកគាត់​សម្រេច​ប្ដឹង​ទៅ​ក្រសួង​ការពារ​ជាតិ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ បន្ត​ទៀត។ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ក្រុម​អធិការកិច្ច​ក្រសួង​បាន​ចុះ​អង្កេត​ និង​សិក្សា​អំពី​ទំនាស់​ដីធ្លី​មួយ​នេះ។

មន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​ពលរដ្ឋ​ថា នឹង​ដោះដូរ​ដី​នៅ​ចំណុច​ជិត​សាលា​ខេត្ត​ត្បូងឃ្មុំ ជូន​ពួក​គាត់​វិញ ពីព្រោះ​ដី​ជិត ៤​ហិកតារ ដែល​មាន​ទំនាស់​នេះ ក្រសួង​បាន​សម្រេច​រក្សាទុក​ជា​អចលនទ្រព្យ​របស់​ក្រសួង​តាំង​ពី​ឆ្នាំ​២០១០។ ជាង​នេះ​ទៀត ក្រសួង​ថែម​ទាំង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ បញ្ជាក់​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ទីបញ្ជាការ​កង​អនុសេនាធំ​វិស្វកម្ម និង​តម្រូវ​ឱ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​ដោះដូរ​ដោយ​ខ្លួន​ឯង។

ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត ប៉ុន្តែ​ត្រូវ​បាន​គេ​បដិសេធ​ក្រោម​ហេតុផល​ថា ពួកគេ​មិន​ហ៊ាន​សម្រេច​ទេ ប្រសិនបើ​គ្មាន​លិខិត ឬ​សេចក្ដី​ជូន​ដំណឹង​ពី​ក្រសួង​នោះ។ ពលរដ្ឋ ១០​គ្រួសារ​បាន​ព្យាយាម​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការពារ​ជាតិ បន្ត​ទៀត ប៉ុន្តែ​ត្រូវ​បាន​ខាង​ក្រសួង​បដិសេធ។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ស្រុក​ត្បូងឃ្មុំ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ លោក រ៉ាន សុភា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា កន្លង​មក​អាជ្ញាធរ​ស្រុក​បាន​ដោះស្រាយ​ទៅ​តាម​នីតិវិធី។ បន្ថែម​ពី​នេះ ខាង​លោក​ក៏​បាន​ព្យាយាម​សម្របសម្រួល​ភាគី​ទាំង​ពីរ​រហូត​មក ប៉ុន្តែ​មិន​អាច​បញ្ចប់​បាន។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ដាក់​លិខិត​ស្នើ​សុំ​ដោះដូរ​មក​អាជ្ញាធរ​ស្រុក​ប្រាកដ​មែន ប៉ុន្តែ​ខាង​លោក​មិន​ហ៊ាន​សម្រេច​ឡើយ ហើយ​សំណុំ​រឿង​នេះ​អាជ្ញាធរ​ស្រុក​បាន​បញ្ជូន​ទៅ​អាជ្ញាធរ​ខេត្ត​បន្ត​ទៀត៖ «ខ្ញុំ​មិន​ហ៊ាន​ទេ ត្រង់​ថា ឱ្យ​ទាហាន​ចេញ​អីៗ។ ខ្ញុំ​គ្រាន់​តែ​ថា មាន​ជា​ឯកសារ​មួយ​រាយការណ៍​ជូន​ខេត្ត»។

ដោយ​ឡែក ប្រជាពលរដ្ឋ​នាំគ្នា​ឡើង​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ណា​នោះ លោក រ៉ាន សុភា ថា​ជា​សិទ្ធិ​របស់​ពួកគាត់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្នុង​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​ដដែល គឺ​ពលរដ្ឋ​ទាំង ១០​គ្រួសារ បាន​អំពាវនាវ​ឱ្យ​ប្រមុខ​ដឹកនាំ​ជួយ​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការ​រំលោភ​បំពាន​យក​ដីចម្ការ​របស់​ពួកគាត់​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម ដែល​បាន​តាមដាន​រឿង​នេះ លោក វ៉ន សេងធុយ មើល​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ លោក​បន្ត​ថា អាជ្ញាធរ​មិន​បាន​ឈរ​លើ​គោលការណ៍​ច្បាប់ និង​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ។ ជាក់ស្ដែង​លិខិត​របស់​ក្រសួង​ដែល​កំណត់​រក្សា​ទុក​ដី​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​របស់​ទីបញ្ជាការ​អនុ​សេនា​ធំ​កង​វិស្វកម្ម​កាល​ពី​ឆ្នាំ​២០១០ គឺ​ក្រោយ​លិខិត​កាន់កាប់​របស់​អ្នក​ភូមិ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​កាល​ពី​ឆ្នាំ​២០០៧៖ «យើង​​មើល​ទៅ​លើ​ផ្លូវ​ច្បាប់ ប្រជាពលរដ្ឋ​គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ដី​របស់​គាត់។ ដោយសារ​តែ​ពួកគាត់​មាន​ប្លង់​បញ្ជាក់​ពី​ការ​កាន់​កាប់​ដី​របស់​ពួកគាត់»។

​លោក​មើល​ឃើញ​ថា ប្រសិនបើ​វិវាទ​ដីធ្លី​មួយ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ចេះ​តែ​បន្ត​រុញ​ដាក់គ្នា​ដោយ​គ្មាន​ការ​ដោះស្រាយ​ទៀត​នោះ ប្រជាពលរដ្ឋ​កាន់តែ​ជួប​ការ​លំបាក ពីព្រោះ​ពួកគាត់​ត្រូវ​ការ​ដី​សម្រាប់​បង្កបង្កើនផល ម្យ៉ាង​អ្នកភូមិ​នឹង​មិន​បាន​ចេញ​ទៅ​ប្រកប​មុខ​របរ​ពេញលេញ​ឡើយ ដោយសារ​ជាប់​រវល់​រឿង​ក្ដី​មួយ​នេះ៕

ស្ត្រី​អូស្ត្រាលី​ម្នាក់​និង​ជនជាតិ​ខ្មែរ​ពីរ​នាក់​ជាប់​ចោទ​ពី​បទ​រក​ស៊ី​ព​ពោះ​ជំនួស

ស្ត្រី​អូស្ត្រាលី​ម្នាក់​និង​ជនជាតិ​ខ្មែរ​ពីរ​នាក់​ជាប់​ចោទ​ពី​បទ​រក​ស៊ី​ព​ពោះ​ជំនួស

សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ RFA/Brach Chev

តុលាការ​បាន​ចោទ​ប្រកាន់​ស្ត្រី​ជនជាតិ​អូស្ត្រាលី ម្នាក់ និង​ជនជាតិ​ខ្មែរ​ពីរ​នាក់ ពី​បទ​ប្រកប​អាជីវកម្ម​ព​ពោះ​ជំនួស។ ការ​មាន​ផ្ទៃពោះ​ជំនួស​នេះ ជា​អំពើ​ខុស​ច្បាប់ ដែល​កម្ពុជា ហាមឃាត់​កាល​ពី​ខែ​តុលា ដោយសារ​តែ​កម្ពុជា បាន​ក្លាយ​ទីកន្លែង​ពេញ​និយម​សម្រាប់​មនុស្ស​ដែល​ចង់​បាន​កូន​រក​ស្ត្រី​ឲ្យ​ព​ពោះ​ជំនួស។

លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី (AP) ដកស្រង់​សម្ដី​ថា អ្នកស្រី ថែមមី ដេវីស ឆាលស៍ (Tammy Davis-Charles) អាយុ ៤៩​ឆ្នាំ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ដោយ​កំបាំង​មុខ ដោយសារ​តែ​អ្នកស្រី​មាន​ជំងឺ​មិន​អាច​មក​តុលាការ​បាន។ ចំណែក​ជនជាតិ​ខ្មែរ​ប្រុស​ស្រី​ពីរ​នាក់​ទៀត ក៏​ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​ផង​ដែរ ពី​បទ​ក្លែង​លិខិត​ស្នាម និង​ជួញដូរ​មនុស្ស។ សមត្ថកិច្ច​បាន​ឃាត់​ជន​សង្ស័យ​ទាំង​បី​នាក់ កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ វិច្ឆិកា សប្ដាហ៍​មុន។

ស្ត្រី​ជនជាតិ​អូស្ត្រាលី រូប​នោះ ធ្លាប់​បើក​របរ​នេះ​នៅ​ប្រទេស​ថៃ ហើយ​ទើប​តែ​បើក​អាជីវកម្ម​របៀប​នេះ​នៅ​កម្ពុជា។ ជន​សង្ស័យ​បាន​យក​ប្រាក់​ប្រហែល ៥​ម៉ឺន​ដុល្លារ​ពី​អ្នក​ចង់​បាន​កូន ប៉ុន្តែ​ឲ្យ​អ្នក​ព​ពោះ​ចំនួន​ប្រហែល ១​ម៉ឺន​ដុល្លារ ទៅ ១​ម៉ឺន ២​ពាន់​ដុល្លារ។

លោក កែវ ធា ឲ្យ​ដឹង​ទៀត​ថា ជន​រងគ្រោះ​ជា​អ្នក​មក​ពី​ជនបទ ត្រូវ​បាន​ចាញ់​បោក​ជន​ល្មើស​ឲ្យ​ព​ពោះ។ សមត្ថកិច្ច​រក​ឃើញ​ថា ស្ត្រី​ស៊ី​ឈ្នួល​ព​ពោះ​បាន​សម្រាល​កូន​បាន ៦​នាក់ ហើយ​ស្ត្រី ២០​នាក់​ផ្សេង​ទៀត​កំពុង​មាន​ទម្ងន់។
ក្រសួង​សុខាភិបាល បាន​ដាក់​ចេញ​បម្រាម​មួយ​នៅ​ក្នុង​ខែ​តុលា ដោយ​ហាមឃាត់​ការ​មិន​ឲ្យ​ប្រកប​របរ​ព​ពោះ​ជំនួស​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​កំណត់​ទោស​ឧក្រិដ្ឋ​ដើម្បី​ផ្ដន្ទាទោស​ជន​ល្មើស​នៅ​ឡើយ​ទេ។

ប្រទេស​កម្ពុជា ក្លាយ​ជា​កន្លែង​សម្រាប់​របរ​ព​ពោះ​ជំនួស​នេះ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា និង​ថៃ បិទ​របរ​នេះ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៥៕