Sunday, November 27, 2016

កម្ពុជាចង់បានការ(មិន)ជ្រៀតជ្រែកពីអ.ស.ប. ក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួន

Source:  wikimedia


ខ្ញុំយល់ជាបឋមថា ប្រសិនបើអង្គការសហប្រជាជាតិទទួលយកការព្រមព្រៀងគ្នា ជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន
ថានឹង(មិន)ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃនយោបាយកម្ពុជា ដោយលេសនៃពាក្យអធិបតេយ្យភាពរបស់រដ្ឋ នោះគឺវា
នឹងមានន័យភ្លាមៗថា អង្គការធំនៃពិភពលោកនេះ នឹងបាត់បង់ទាំងស្រុងនូវអត្ថន័យនៃកំណើតរបស់ខ្លួន នឹងគោល
បំណងនៃចក្ខុវិស័យដែលផ្តួចផ្តើមឱ្យមានកំណើតអង្គការនេះឡើង។ ដូច្នេះកាតព្វកិច្ចរបស់ស្ថាប័នខ្លួន ដែលការពារ
សិទ្ធិមនុស្សនៅទូទាំងពិភពលោកក៏នឹងសាបសូន្យទៅផងដែរ។ អ៊ីចឹង ការទទួលតាមសំណូមពររដ្ឋាភិបាលភ្នំពេញ
ដែលចង់ឱ្យខ្លួនកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ គឺទៅមិនរួចទេព្រោះវាខុសគោលដៅនៃកំណើតខ្លួន។

ឃ្លានៃ(កិច្ចការផ្ទៃក្នុង)គឺវាមានន័យទូលំទូលាយ ដែលរដ្ឋាភិបាលនៃប្រទេសមួយ អាចប្រព្រឹត្តិអំពើអាក្រក់គ្រប់បែប
យ៉ាងបានតាមទំនើងចិត្ត ហើយវានឹង(មិន)កម្រឹតត្រឹមតែរឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែឧក្រឹដ្ឋកម្មផ្សេងៗកើតក្នុង
ប្រទេសនោះ ដែលនឹងប្រព្រឹត្តិដោយរដ្ឋាភិបាល ក៏សុទ្ធសឹងជាកិច្ចការផ្ទៃក្នុងទាំងអស់ បូករួមទាំងការចាប់ផ្ទន្ទាទោស
យ៉ាងឆៅៗចំពោះអស់ទាំងអ្នកនយោបាយ ឬរាស្ត្រសាមញ្ញណាដែលហ៊ានប្រឆាំងចំពោះទំនើងចិត្តរបស់ពួកគេ។

នៅកម្ពុជាកំពុងកើតមានបទឧក្រឹដ្ឋយ៉ាងអយុត្តិធម៌ទាំងនេះ ដែលគេរាល់គ្នាទូទាំងពិភពលោកបានដឹង ហើយដែល
រដ្ឋាភិបាលហ៊ុនសែន មិនព្រមទទួលស្គាល់ជាដាច់ខាត នូវកំហុសតូចធំរបស់ខ្លួន ដែលគេចង្អុលប្រាប់។ រដ្ឋាភិបាល
ទាល់ច្រក រកលេសដោះស្រាយវិបត្តិសង្គមដោយគតិយុត្តិធម៌មិនបាន ក៏តាំងប្រើពាក្យអធិបតេយ្យនៃប្រទេសខ្លួន។
ពេលនេះខ្លួនទទូចសុំកែប្រែជាថ្មី នូវអត្ថន័យត្រង់ចំណុច(អធិបតេយ្យ)ហ្នឹង ហើយសុំឱ្យស្ថាប័នអ.ស.ប.នៅកម្ពុជាទទួលស្គាល់ ហើយឈប់ជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់រដ្ឋ។ បើមិនធ្វើតាម គេនឹងគម្រាមបិទការិយាល័យមួយនេះ។ 

ដល់អ៊ីចឹងទៅ វាបង្កើតជាន័យច្បាស់លាស់ថា អំពើព្រៃផ្សៃទាំងឡាយដែលរដ្ឋាភិបាលនឹងធ្វើចំពោះជនជាតិរបស់ខ្លួន
ទោះជារំលងឬរំលោភយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញនៃប្រទេសរបស់ខ្លួនក្តី គឺលែងមានអ្វីជាឧបស័គ្គរារាំងអំពើនៃទំនើង
ចិត្តរបស់ខ្លួនទៀតហើយ។ ជាទិដ្ឋភាពដែលគេអាចមើលឃើញច្បាស់ចែស(ជាមុន)ថា ក្នុងប្រទេសនោះនឹងមានពោរ
ពេញទៅដោយបទឧក្រឹដ្ឋនយោបាយធំតូចជាហូរហែក្នុងប្រទេស បង្កើតដោយរដ្ឋាភិបាលដែលមានកាតព្វកិច្ច មើល
ការខុសត្រូវ និងសេចក្តីសុខសាន្តក្នុងសង្គមជាតិខ្លួន តែខ្លួនបែរជាប្រភពនៃមហាទុក្ខភ័យដល់អ្នកនយោបាយបក្សដទៃ
និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ទៅវិញ ដែលហ៊ានតវ៉ាចុះឡើងប្រឆាំងនឹងផលប្រយោជន៍គណបក្សខ្លួនឬក្រុមខ្លួន។

នេះជាទិដ្ឋភាពដ៏មហាអាក្រក់ដែលគេអាចមើលឃើញ ហើយរំពឹងទុកជាមុន ប្រសិនបើអង្គការសហប្រជាជាតិ ព្រម
ព្រៀងនឹងឈប់អើពើចំពោះករណីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសណាមួយ។ វានឹងក្លាយជាកំហុសអង្គការមួយ
នេះទៀតផង ដែលការព្រមព្រៀងរបស់ខ្លួន ឈប់រវីរវល់ក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយ ដែលមានន័យស្មើនឹង
ការឱ្យភ្លើងខៀវដល់ឧក្រឹដ្ឋជន ឬការឱ្យដៃដល់ពួកមនុស្សអាក្រក់មានសេរីភាពធ្វើបាបកម្មតាមទំនើងចិត្ត។ ដូច្នេះវា
នឹងក្លាយជាស្ថាប័នតូចទាប គ្មានលទ្ធភាពនឹងសម្រេចកិច្ចការធំតូច តាមកាតព្វកិច្ចនៃកំណើតរបស់ខ្លួន បណ្តោយឱ្យ
មនុស្សអាក្រក់ញាក់ចិញ្ចើមដើរជាន់លើវត្តមានរបស់ខ្លួនបានដោយមិនពិបាក។

ហើយបើអង្គការសហប្រជាជាតិបន្ទន់ឥរិយាបថនៃការមិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយ គឺត្រូវធ្វើដូចគ្នា
ជាទូទៅចំពោះប្រទេសទាំងអស់នៅលើលោកទាំងមូល។ ជារឿងដែលមិនអាចទៅរួច។ បើមិនអ៊ីចឹងទេគឺថាវត្តមានឬ
តួអង្គទាំងមូលនៃអង្គការសហប្រជាជាតិ គឺគ្រាន់តែជារោងកុនរោងល្ខោនគ្មានលទ្ធភាពផ្តល់ក្តីសង្ឃឹមកក់ក្តៅចំពោះ
ជនរងគ្រោះដែលគ្មានលទ្ធភាពនឹងជួយខ្លួនឯងបាន ក្រោមការជិះជាន់តាមទំនើងចិត្តនៃអ្នកនយោបាយចិត្តពាល។

ការដែលស្ថាប័នជាតិនៃរដ្ឋាភិបាលកម្ពុជា កំពុងស្នើអង្គការសហប្រជាជាតិឱ្យគោរពអធិបតេយ្យភាពនៃប្រទេសរបស់
ខ្លួន កុំឱ្យលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខ្ញុំមិនយល់ថាមកពីរដ្ឋាភិបាលនេះ មានចិត្តស្នេហាពេញបន្ទុក
ចំពោះកិត្តិយសជាតិសាសន៍ខ្លួននោះទេ។ តែជាចក្ខុវិស័យអាត្មានិយមសុទ្ធសាធ ចំពោះផលប្រយោជន៍សមាជិកគណ
បក្សនយោបាយរបស់ខ្លួន ច្រើនដងជាងផលប្រយោជន៍និងក្តីសុខក្សេមក្សាន្តចំពោះជនជាតិខ្លួនទាំងផ្ទៃនគរ។

វាខុសគ្នាឆ្ងាយពីចក្ខុវិស័យសហគមន៍អន្តរជាតិ ដែលជួយឈឺឆ្អាលរឿងខ្មែរ ដែល(មិនមែន)ជាទុក្ខវេទនារបស់ផង់គេ
សោះនោះ តែដោយសារគេមានគតិសច្ចៈយុត្តិធម៌ និងដោយសារគេយល់កាតព្វកិច្ចនៃស្ថាប័នរបស់គេ ព្រមទាំងបាន
មើលឃើញច្បាស់នូវសភាវៈដ៏អាក្រក់ នៃការអនុវត្តន៍ច្បាប់អយុត្តិធម៌របស់រដ្ឋាភិបាលហ៊ុនសែនសព្វថ្ងៃ ដែលស្រដៀង
គ្នានឹងរបៀបរបបរស់នៅក្នុងសម័យខ្មែរក្រហមប៉ុលពត ទើបគេមានប្រតិកម្មទាំងនេះឡើងដែលបណ្តាលឱ្យគណបក្ស
កាន់អំណាច មានចិត្តស្អុះស្អាប់ខ្លាំង ពិបាកនឹងធ្វើអ្វីៗតាមទំនើងចិត្តខ្លួន។ បាទទាន! រឿងហ្នឹងវាអ៊ីចឹងទេ។ 

អំពើខុសឆ្គងទាំងហ្នឹង ដែលបាននិងកំពុងអនុវត្តដោយរដ្ឋាភិបាលហ៊ុនសែន វាទើសទាស់ខ្លាំងចំពោះសតិសម្បជញ្ញៈ
របស់គេជាមនុស្សអ្នកសិក្សារៀនសូត្រជ្រៅជ្រះ ទើបបណ្តាលឱ្យគេនៅឈរឱបដៃស្ងៀមឈឹងមិនកើត គេក៏ស្ទុះស្ទារ
ជួយរាស្ត្រខ្មែរ។ អំពើល្អគួរគោរពនេះ ដូចគ្នាបេះបិទនឹងគ្រាដែលសហគមន៍អន្តរជាតិ បានមើលឃើញ(មរណភាព)នៃ
ជនជាតិកម្ពុជា ក្នុងសម័យកាលដែលទាហានយួនទាំងម៉ឺនកំពុងគម្រាមកំហែងអត្តសញ្ញាណខ្មែរ ហើយដែលគេស្រុះ
គ្នាស្ទុះមកជួយខ្មែរ។ ពេលនោះ(អត់មាន)ខ្មែរណាស្រែកជំទាស់សោះថាហេ៎! នែវើយ រឿងខ្មែរទុកឱ្យខ្មែរដោះស្រាយ។

ពេលនេះគណបក្សប្រជាជនហាក់ដូចជា បែរខ្នងដាក់គុណបំណាច់ដ៏ធំនៃថ្ងៃប្រជុំសន្តិភាពក្រុងប៉ារិស ហើយបែរទៅ
លើកតម្កើងថ្ងៃ៧មករា ថាជាថ្ងៃជោគជ័យបំភ្លេចមិនបានរបស់ខ្លួនទៅវិញ។ ត្រង់ចំណុចហ្នឹងមួយ ដែលឆ្លុះបញ្ចាំងពី
ចិត្តគំនិតអាត្មានិយមនៃគណបក្សប្រជាជនហ៊ុនសែន ព្រោះជាថ្ងៃដែលខ្លួនបានគ្រងរាជ្យក្នុងរដ្ឋកម្ពុជារហូតសព្វថ្ងៃ។

នេះ(មិនមែន)ជាចរិតនៃមេដឹកនាំប្រទេសមួយ ប្រកបដោយស្មារតីមានភក្តីភាពចំពោះជនជាតិខ្លួនទាំងនគរនោះទេ។
តែជាចរិតខែងរ៉ែង ហ៊ានទាំងសំឡុតស្ថាប័នអន្តរជាតិមួយនេះ, អ.ស.ប., ឱ្យដកថយចេញពីមុខពីមាត់ខ្លួន ដើម្បីខ្លួន
បានបន្តការធ្វើការសម្រេចបញ្ហាអ្វីៗទាំងឡាយ, ដែលខ្លួនហៅថាជាកិច្ចការផ្ទៃក្នុងប្រទេសរបស់ខ្លួន, តាមតែទំនើង
ចិត្តខ្លួន ចំពោះជនណាដែលតែងតែកោសរូសប្រឆាំងនឹងការដឹកនាំដោយអយុត្តិធម៌របស់ខ្លួន។ មានដូចជាដំណឹង
មួយនេះដែលគេសរសេថា សម្តេចហ៊ុនសែនបានអះអាងជាថ្មី ថានឹងចាប់ដាក់គុកអ្នកណាដែលនិយាយថារដ្ឋាភិបាល
របស់លោក ប្រើផែនទីមិនត្រឹមត្រូវក្នុងការកំណត់ខ្សែផែនទីព្រំប្រទល់ដែនខ្មែរ-យួន។

សុំសួរថា មានប្រទេសប៉ុន្មាននៅលើផែនដីនេះ ដែលមានមេដឹកនាំដូចសម្តេចហ៊ុនសែន ដែលគម្រាមពលរដ្ឋណា
ម្នាក់ដែលនិយាយជ្រៀតជ្រែក ការពារបូរភាពទឹកដីរបស់ខ្លួន? តើនេះមិនមែនជារោគវិកលចរិតទេឬយ៉ាងម៉េចហ៎្ន?

បើគ្រាន់តែមានគេស្រែកថា ផែនទីហ្នុងវាខុសទេ យើងសួរយោបល់គេទៅ ថាខុសយ៉ាងម៉េច? បើគេឆ្លើយរតិបរតុប
មិនច្បាស់លាស់ គ្រាន់តែប្រាប់ថា បានហើយ... អរគុណហើយ... ឈប់មាត់ទៀតទៅ... តែប៉ណ្ណឹងវាចប់រឿង។ តែនេះ
សម្តេចលោកសំឡុតគម្រាមគេ គ្រាន់តែរឿងបញ្ចេញយោបល់ប៉ុណ្ណឹង ចង់ចាប់គេដាក់គុក។ ច្បាប់ចេញពីណាមក
ដែលអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយ មានសិទ្ធិនឹងអនុវត្តវិកលចរិតកម្មនេះ? នេះហើយដែលជាអំពើនៃទំនើងចិត្ត ហើយ
ដែលវត្តមានស្ថាប័នអង្គការសហប្រជាជាតិ បាននិងកំពុងក្លាយជាវិបត្តិឬជាឧបស័គ្គធំចំពោះគណបក្សប្រជាជន។

ទោសទណ្ឌដែលលោកហុងសុខហួរ និងលោកអ៊ុំសំអានបាននិងកំពុងទទួល ជាកសិណសាក្សីនៃអំពើកម្រោលតាម
ទំនើងចិត្តជនពាល តែមិនមែនជារឿងស្របច្បាប់ឯណានោះទេ។ បើមានច្បាប់អ៊ីចឹងគេសរសេរក្នុងសៀវភៅមែននោះ
មនុស្សដែលសរសេរច្បាប់ហ្នឹង សុទ្ធតែជាមនុស្សអាក្រក់សរសេរតាមទំនើងចិត្តខ្លួន ឱ្យត្រូវតាមចិត្តប្រាថ្នារបស់ខ្លួន។
ខ្ញុំមានសង្ឃឹមតែម្យ៉ាងគត់ ចំពោះរឿងខ្មែរ។ ជាក្តីសង្ឃឹមមួយរយភាគរយលើយុត្តិធម៌ចេញពីព្រះអាទិទេព។ គូសថ្ម
ចំណាំទុកចុះ ថ្ងៃនៃសេចក្តីល្អ នឹងមកដល់ចំពោះមនុស្សល្អដែលកំពុងវេទនា ហើយរង់ចាំព្រះ។ អាម៉ែន៕៚  

ពលរដ្ឋ​១៣៧​គ្រួសារ​នៅ​ស្រុក​ត្រាំកក់​បារម្ភ​ខ្លាច​តុលាការ​ដក​ហូត​ដី​លំនៅឋាន​និង​ដី​ដំណាំ


សាលា​ដំបូង​ខេត្ត​តាកែវ រូបថត​ថ្ងៃ​ទី ១៦ ធ្នូ ២០១៤។ Photo: RFA


ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ពលរដ្ឋ ១៣៧​គ្រួសារ បាន​ជួបជុំ​គ្នា​នៅ​ចំណុច​ដី​ទំនាស់ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​តុលាការ​ខេត្ត​តាកែវ ដែល​ថា​គ្រោង​នឹង​ប្រកាស​ដីកា​រក្សា​ការពារ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ខាង​មុខ ឲ្យ​ទុក​ដី​លំនៅឋាន និង​ដី​ដំណាំ​របស់​ពួក​គាត់​តាម​សំណើ​ក្រុមហ៊ុន។ ការ​ព្រួយ​បារម្ភ​នេះ គឺ​ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​មាន​ក្ដីក្ដាំ​ជាមួយ​ក្រុមហ៊ុន និង​បុគ្គល​មាន​លុយ​កាក់​មួយ​ចំនួន​ទៀត។

មេ​ភូមិ អនុ​ភូមិ គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ១២​នាក់ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​ព្រួយ​បារម្ភ​ថា តុលាការ​នឹង​ដក​ហូត​ដីធ្លី​របស់​ពួក​គាត់​រក្សា​ទុក​នៅ​ថ្ងៃ​ទី​១ ធ្នូ។

ប្រធាន​ភូមិ​ស្រែជើងរាស្ត្រ ឃុំ​ត្រពាំងក្រញ៉ូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ឈុន សុំ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ ថ្លែង​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា កាល​ពី​ឆ្នាំ​១៩៩៣ គណៈកម្មការ​ឃុំ​បាន​វាស់វែង​ចែក​ឲ្យ​ពលរដ្ឋ​ចំនួន ១៣៧​គ្រួសារ ជា​អតីត​គ្រួសារ​ទាហាន ជន​ពិការ ពលរដ្ឋ​ក្រីក្រ ដែល​ពេល​នោះ​គាត់​មិន​ទាន់​ក្លាយ​ជា​មេ​ភូមិ​នៅ​ឡើយ ហើយ​កាលនោះ​ដី​នេះ​ស្ថិត​នៅ​ភូមិ​ស្រែជើងរាស្ត្រ ឃុំ​ដំបូករូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្នុង​មួយ​គ្រួសារ ៤០​ម៉ែត្រ​គុណ​នឹង ៣៥៣​ម៉ែត្រ រួច​កាប់​ឆ្ការ​ព្រៃ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​រឿង​ប្ដឹងផ្ដល់​ពលរដ្ឋ​ចាប់​កើត​មាន​ឡើង​នៅ​គ្រា​ដែល​ព្រះរាជក្រឹត្យ​ចេញ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ កាត់​តំបន់​ពួក​គាត់​ចូល​ទៅ​ក្នុង​ទឹកដី​ខេត្ត​តាកែវ។

លោក​ថា មាន​ដើម​បណ្ដឹង​ចំនួន ៣​នាក់​ដែល​ប្ដឹង​ពលរដ្ឋ ១២​នាក់​ទៅ​តុលាការ គឺ​ប្រធាន​ក្រុមហ៊ុន ស៊ុន ហួរ គឺ​លោក ស៊ុន ហួរ លោក ហ៊ុន ចាន់ថុល ដែល​អះអាង​ថា​ជា​ក្មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បុគ្គល​ផ្សេង​ទៀត ដោយ​ចោទ​ពលរដ្ឋ​ថា​កាន់​កាប់​ដី​របស់​ពួក​គេ​សរុប​ចំនួន ១.០០០​ហិកតារ៖ «វា​ដាច់ខាត​ហើយ ព្រោះ​តែ​មក​នៅ​នេះ​ដំណាំ​ហូប​លែង​អស់​ទៅ​ហើយ ខ្នុរ ស្វាយ ផ្លែ​គ្រប់​អស់​ហើយ គេ​មក​ថា​ដី​គេ​ដាច់ខាត​មិន​ឲ្យ​ទេ ពឹង​ផ្អែក​លើ​អាជ្ញាធរ និង​ច្បាប់​ហើយ»។

ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ស៊ិន សុផន ដែល​អះអាង​ថា​កំពុង​កាន់​កាប់​ដី​របស់​ឪពុក​មា​ជា​អតីត​ទាហាន​ចំនួន ៥​ហិកតារ ថ្លែង​ថា នៅ​ថ្ងៃ​ទី​១ ធ្នូ ខាង​មុខ ប្រធាន​តុលាការ​ខេត្ត​តាកែវ គឺ​អ្នកស្រី អ៊ិន មានិត នឹង​ចុះ​ទៅ​ប្រកាស​ដីកា​រក្សា​ការពារ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​មិន​ឲ្យ​រុះរើ​របង និង​រុះរើ​របង​ចេញ​ពី​ដី​ដែល​មាន​នៅ​ចំណុច​ដី​ទំនាស់​ផ្អាក​ជា​បណ្ដោះអាសន្ន រង់ចាំ​ដីកា​សម្រេច​សាជាថ្មី​របស់​តុលាការ។ លោក​ស្នើ​ឲ្យ​តុលាការ ពិចារណា​រឿង​នេះ​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​ឈាន​ទៅ​អនុវត្ត​តាម​សំណើ​របស់​ភាគី​ដើម​បណ្ដឹង៖ «សុំ​ឲ្យ​តុលាការ​គាត់​មើល​ផង កុំ​ឲ្យ​តែ​គេ​ខាង​នោះ​គេ​មាន​លុយ គេ​មាន​អំណាច​ជឿ​តាម​តែ​គេ ហើយ​មក​ធ្វើ​បាប​ប្រជាជន​ដែល​គ្នា​អត់​ក្រីក្រ​នៅ​នេះ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​សាលា​ដំបូង​ខេត្ត​តាកែវ អ្នកស្រី អ៊ិន មានិត ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា។

មន្ត្រី​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​តាកែវ អ្នកស្រី នុត ចំរើន ដែល​ពលរដ្ឋ​ពឹងពាក់​ផ្នែក​ច្បាប់​ថ្លែង​ថា ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ប្រជាពលរដ្ឋ​រស់នៅ​កាន់​កាប់​លើ​ដី​នេះ​ដោយ​ស្រប​ច្បាប់។ អាជ្ញាធរ​បាន​ចែក​ដី​ឲ្យ​កាប់​ឆ្ការ​ព្រៃ​រស់នៅ​តាំង​ពី​គ្មាន​វត្តមាន​របស់​ក្រុមហ៊ុន និង​ដើម​បណ្ដឹង​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ បុគ្គល​មួយ​ចំនួន និង​ក្រុមហ៊ុន ថែម​ទាំង​បាន​ទៅ​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ទៀត​ផង៖ «អ្នក​មាន​អំណាច​កំពុង​តែ​រំលោភ​លើ​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​កាន់​កាប់​ដី​ដែល​ស្រប​ច្បាប់ ដែល​មាន​រដ្ឋ​បាន​ប្រគល់​ឲ្យ​គាត់»។

ប្រជាពលរដ្ឋ​អះអាង​ថា កាល​ពី​ឆ្នាំ​២០១៥ ពលរដ្ឋ​បាន​តវ៉ា​នឹង​ក្រុមហ៊ុន ស៊ុន ហួរ ដែល​បាន​ធ្វើ​ផ្លូវ​លើ​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​សម្របសម្រួល​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​ផ្លូវ​នេះ​បាន​ត្រឹម​តែ​កាយ​ព្រំ​មិន​បាន​ធ្វើ​នោះ​ទេ។ ជុំវិញ​ការ​ប្ដឹង​ផ្ដល់​វិញ កាល​ពី​ខែ​តុលា ប្រជាពលរដ្ឋ ៣០​គ្រួសារ​បាន​នាំ​គ្នា​ទៅ​តុលាការ​គាំទ្រ​អ្នក​ភូមិ​ពីរ​នាក់ គឺ​លោក ហង្ស ឌឿន និង​លោក សៅ សាវ៉ន ដែល​តុលាការ​ហៅ​សាកសួរ​ក្នុង​ចំណោម ១២​នាក់ ពី​បទ​ប្រើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ស្រប​ច្បាប់ គឺ​ពេល​ដែល​ភាគី​ទំនាស់​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ភ្ជួរ​ស្រែ។

កាល​ពី​សប្ដាហ៍​មុន ក្រសួង​ដែនដី ក៏​បាន​ចេញ​លិខិត​មួយ​ឲ្យ​សាលា​ខេត្ត​តាកែវ ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ បន្ទាប់​ពី​ក្រសួង​បាន​ទទួល​ញត្តិ​ពី​ពលរដ្ឋ​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​ដល់​ក្រុមហ៊ុន ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ៕

សមត្ថកិច្ច​រក​ឃើញ​សព​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ប៉ៃលិន

សមត្ថកិច្ច​រក​ឃើញ​សព​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ប៉ៃលិន

គ្រឿងចក្រ​កាយ​រក​សាកសព​ពលរដ្ឋ​ដែល​ត្រូវ​ថ្ម​ភ្នំ​បាក់​សង្កត់​លើ នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided



ថ្ម​ភ្នំ​បាក់​សង្កត់​ពលរដ្ឋ ២​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​ខូច​អេស្កាវាទ័រ​មួយ​គ្រឿង និង​ឡាន​ដឹក​ដី​មួយ​គ្រឿង នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា។ នៅ​យប់​កើត​ហេតុ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ចុះ​ទៅ​ត្រួត​ពិនិត្យ ហើយ​រក​ឃើញ​សព​ម្នាក់​ឈ្មោះ ឆុយ ឆីវ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ជា​កម្មករ​បើក​អេស្កាវាទ័រ។ ចំណែក​សព​ម្នាក់​ទៀត​ឈ្មោះ ធី រដ្ឋា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ដែល​គេ​ទើប​រក​សាកសព​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ក្រោយ​ពី​កាយ។

អធិការ​នគរបាល​ក្រុង​ប៉ៃលិន លោក លឹម វាសនា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា អ្នក​ទាំង​ពីរ​ត្រូវ​ថ្ម​បាក់​សង្កត់ ដោយ​ម្នាក់​បើក​អេស្កាវាទ័រ​កាយ​ថ្ម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ឈ្មោះ ឈុន ឆាង និង​ម្នាក់​ទៀត​ជា​អ្នក​ស្រុក​នៅ​ក្បែរ​នោះ​ទៅ​អង្គុយ​មើល​គេ​កាយ​ថ្ម ហើយ​ក៏​ត្រូវ​ថ្ម​បាក់​សង្កត់​ស្លាប់​តែ​ម្ដង៖ «យប់​មិញ​ឯកឧត្ដម​អភិបាល​ខេត្ត និង​លោក​ស្នងការ បាន​ធ្វើ​រក​សព​ផ្ទាល់​រហូត​ដល់​ម៉ោង ១២​យប់ ដោយ​មាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​តំណាង​ក្រុមហ៊ុន​វាយ​ថ្ម​ចូលរួម ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​យ៉ាង​ណា​រក​សព​ឲ្យ​ឃើញ។ ក្រោយ​មក​ក៏​រក​សព​ឃើញ​នៅ​ម៉ោង​ប្រមាណ​ជាង ៨​ព្រឹក»។

សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទាំង​ពីរ​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា។ លោក លឹម វាសនា បន្ថែម​ថា ម្ចាស់​ក្រុមហ៊ុន​នេះ​ធានា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ទាំងអស់​ជូន​ដល់​សាច់ញាតិ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ដាក់​បន្ទុក​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​បន្ត​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦ ថ្ម​ភ្នំ​បាន​បាក់​សង្កត់​មនុស្ស​ស្លាប់ ៣​នាក់ ខណៈ​ពួក​គេ​កំពុង​បើក​អេស្កាវាទ័រ​កាយ​ថ្ម​នៅ​ភ្នំ​ធំ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ៕

ពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ថវិកា​វត្ត​ប៉ាក់ណាម​ទាក់ទង​រឿង​នយោបាយ

ពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​ថវិកា​វត្ត​ប៉ាក់ណាម​ទាក់ទង​រឿង​នយោបាយ

ទិដ្ឋភាព​បិណ្ឌ​ទី​១១ នៅ​វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA


ប្រជាពលរដ្ឋ​មិន​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល ថ្លែង​សារ​នយោបាយ​នោះ​ទេ​ចំពោះ​ករណី​ចំណាយ​លុយ​កឋិន​សម្រាប់​កសាង​វត្ត​ប៉ាក់ណាម ព្រោះ​លុយ​កឋិន​នោះ​បាន​មក​ពី​កឋិន​សាមគ្គី​របស់​ប្រជាពលរដ្ឋ។ ការ​លើក​ឡើង​នេះ ខណៈ​ដែល​អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​ទៅ​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ប៉ាក់ណាម នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ប៉ាក់ណាម ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ក្រោម​អធិបតីភាព​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ដែល​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ដែល​ធ្វើ​បុណ្យ​កឋិន​ប្រមូល​បច្ច័យ​កសាង​វត្ត​ប៉ាក់ណាម នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ប្រជាពលរដ្ឋ​បាន​បញ្ចេញ​មតិ​លើ​លិខិត​មួយ​ច្បាប់​ថា ពួក​គាត់​ចង់​ឃើញ​ព្រះរាជ​វត្តមាន​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ដើម្បី​មាន​ព្រះរាជ​បន្ទូល​អំពី​ការ​ណែនាំ​ឲ្យ​ព្រះសង្ឃ​អនុវត្ត​នូវ​វិន័យ ក៏ដូចជា​សិទ្ធិ​របស់​ព្រះសង្ឃ រួម​ទាំង​ការ​អភិវឌ្ឍ ដូចជា​ការ​រៀបចំ​បរិវេណ​វត្ត និង​សំណង់​ផ្សេងៗ​ដោយ​ជៀស​ផុត​ពី​ការ​ថ្លែង​បម្រើ​ប្រយោជន៍​គណបក្ស​នយោបាយ។

យ៉ាង​ណា​ក៏ដោយ ក្នុង​លិខិត​នោះ​ឲ្យ​ដឹង​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ខេត្ត​ចូលរួម​នោះ គឺ​សុំ​តែ​ថ្លែង​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដូចជា​ភូមិ-ឃុំ​មាន​សុវត្ថិភាព ហាម​មិន​ឲ្យ​មាន​ការ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​រស់នៅ​តាម​ព្រំដែន ជាពិសេស​ភូមិ​ប៉ាក់ណាម ការ​កសាង​ផ្លូវ និង​មាន​វិធានការ​ចំពោះ​ជន​អន្តោប្រវេសន៍​រស់នៅ​ខុស​ច្បាប់ ព្រម​ទាំង​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ជាដើម។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ជាច្រើន​លើក តែ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​អភិបាល​ស្រុក​កោះធំ លោក អេង មោក្ខ វិញ​ប្រាប់​ថា ជាប់​រវល់​ប្រជុំ​រហូត និង​បិទ​ទូរស័ព្ទ។

រីឯ​ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម ព្រះ​ភិក្ខុ ចាប់ ឡាយស៊ែ មាន​ថេរ​ដីកា​ថា ពិធី​បញ្ចុះ​បឋម​សិលា​នោះ គឺ​មាន​អភិបាល​ខេត្ត និង​មន្ត្រី​រាជការ​មក​ពី​គ្រប់​មន្ទីរ​ស្ថាប័ន​នៅ​ក្នុង​ខេត្ត​កណ្ដាល ព្រម​ទាំង​មាន​ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់​ចូលរួម​ដែរ។ ព្រះអង្គ​បន្ត​ថា ចំពោះ​សុន្ទរកថា​យ៉ាង​ណា​នោះ ព្រះអង្គ​ពុំ​បាន​ស្តាប់​នោះ​ទេ ព្រោះ​ព្រះអង្គ​បាន​និមន្ត​មក​វត្ត​ឆាន់​ចង្ហាន់​វិញ ខណៈ​ដែល​ពិធី​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​នៅ​លើ​ដង​ផ្លូវ​ជាតិ​ជិត​ស្ពាន​មួយ ដែល​មាន​ផ្លូវ​តូច​បត់​ចូល​ទៅ​វត្ត​ប៉ាក់ណាម មាន​ចម្ងាយ​ប្រហែល​ជា​ពីរ​គីឡូម៉ែត្រ។ យ៉ាង​នេះ​ក្តី ព្រះអង្គ​មាន​ថេរ​ដីកា​ថា ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ខ្លោងទ្វារ​វត្ត​ដែល​ចំណាយ​លុយ​កឋិន​នោះ គឺ​មិន​ប្រើ​ឈ្មោះ​គណបក្ស ឬ​បុគ្គល​ណា​នោះ​ទេ គឺ​ជា​របស់​វត្ត និង​ពលរដ្ឋ​ខ្មែរ ហើយ​វត្តមាន​អភិបាល​ខេត្ត​ចូលរួម​នោះ គឺ​ជា​ការ​អញ្ជើញ​របស់​ចៅហ្វាយ​ស្រុក ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី៖ «»។

ព្រះចៅ​អធិការ​វត្ត​ប៉ាក់ណាម បន្ត​ថា អភិបាល​ខេត្ត​កណ្ដាល មិន​ចុះ​ទៅ​ពិនិត្យ​មើល​វត្ត​ប៉ាក់ណាម ដោយ​ផ្ទាល់​នោះ​ទេ គឺ​លោក​នៅ​តែ​កន្លែង​ពិធី​បញ្ចុះ​បឋម​សិលា​ដែល​នៅ​ឆ្ងាយ​ពី​វត្ត។ ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​សាងសង់​ពង្រីក​ផ្លូវ​ចូល​វត្ត និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​ជា​ប្រយោជន៍​ការពារ​ព្រំដែន​ខ្មែរ​ដែរ៖ «»។

បច្ច័យ​ដែល​ប្រមូល​បាន​ពី​បុណ្យ​កឋិន​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​ចំនួន​ជាង ៤​ម៉ឺន​ដុល្លារ ហើយ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ប៉ាក់ណាម មាន​គម្រោង​កសាង​ប្រាសាទ​តម្កល់​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ កសាង​រូប​សំណាក​ព្រះអង្គ​ចេក​ព្រះអង្គ​ចម កសាង​រូប​សំណាក​ពុទ្ធ​ប្រវត្តិ​មាន​ព្រះអង្គ​ចេញ​បួស និង​ព្រះអង្គ​ទត​សួន និង​ទីធ្លា​វត្ត​កំពុង​ចាក់​សាប​ជាដើម។ ព្រះអង្គ​ក៏​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដែនដី ជួយ​បង្ហាញ​ផែនទី​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ថា​បច្ចុប្បន្ន ដី​វត្ត​ហាក់​កាន់​តែ​រួម​តូច​ដោយសារ​ផ្ទះ​ជនជាតិ​វៀតណាម ចាក់​គ្រឹះ​ហ៊ុមព័ទ្ធ​ជុំវិញ​នោះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី លើក​ឡើង​ថា ករណី​អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​បញ្ចុះ​បឋម​សិលា​នោះ មិន​ខុស​ទាស់​អ្វី​នោះ​ទេ ឲ្យ​តែ​មាន​សុទ្ធចិត្ត​ពិត និង​ចង់​អភិវឌ្ឍ​តំបន់​ព្រំដែន ជាពិសេស​វត្ត​ប៉ាក់ណាម សម្រាប់​ការពារ​ព្រំដែន​នោះ៖ «»។

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ពិធី​បុណ្យ​កឋិន​ទៅ​វត្ត​ប៉ាក់ណាម មួយ​រូប​ដែរ​នោះ ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​ដង្ហែ​កឋិន​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា បច្ច័យ​ដែល​បាន​មក​ពី​កឋិន​នោះ គឺ​ជា​កឋិន​សាមគ្គី​ខ្មែរ មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ខពួក​នោះ​ឡើយ ក្នុង​បំណង​អភិវឌ្ឍ​វត្ត​ប៉ាក់ណាម ឲ្យ​ក្លាយ​ជា​និមិត្តរូប​ការពារ​ព្រំដែន​ដ៏​រឹងមាំ៕

មន្ត្រី​សុខាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត


មន្ត្រី​សុខាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត

មន្ត្រី​ក្រសួង​សុខាភិបាល បង្ហាញ​ពី​មូលហេតុ​នាំ​ឲ្យ​កើត​មាន​មូស​ខ្លា ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា (ZIKA) ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly


មន្ត្រី​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ហ្ស៊ីកា (ZIKA) ដល់​អ្នក​កាសែត​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា។ ការ​ផ្សព្វផ្សាយ​នេះ ដើម្បី​បន្ត​ទៅ​ពលរដ្ឋ គឺ​នៅ​ក្រោយ​ពេល​ដែល​បណ្ដាញ​ព័ត៌មាន​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​ករណី​ជំងឺ​ហ្ស៊ីកា​មួយ​ករណី​ថ្មី​កាល​ពី​សប្ដាហ៍​មុន ហើយ​បន្ទាប់​មក ក្រសួង​សុខាភិបាល កែ​តម្រូវ​ថា​មិន​មាន​ករណី​នេះ​ទៅ​វិញ។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា វេជ្ជបណ្ឌិត វិកគី ហ៊ូស៊ែរ (Vicky Houssiere) ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា ទោះ​ជា​ពេល​នេះ​កម្ពុជា មិន​ទាន់​មាន​ករណី​ហ៊្សីកា​ថ្មី​ក្ដី ក៏​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត មាន​សារសំខាន់​ដើម្បី​ផ្សាយ​ព័ត៌មាន​បន្ត​ទៅ​ពលរដ្ឋ​ទូទៅ ឲ្យ​គេ​ចេះ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ពី​ជំងឺ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​នេះ។

វេជ្ជបណ្ឌិត វិកគី ហ៊ូស៊ែរ ថ្លែង​បន្ត​ថា៖ «ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ថា ជំងឺ​ហ្ស៊ីកា​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ កំពុង​បន្ត​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន​៧៥ ហើយ។ ក្នុង​ចំណោម​ប្រទេស​ទាំង​៧៥ មាន​ប្រទេស​ចំនួន​២៨ ដែល​បាន​រាយការណ៍​អំពី​ករណី​ទារក​កើត​មក​មាន​ទំហំ​ក្បាល​តូច ដែល​ជា​ផល​វិបាក​បណ្ដាល​មក​ពី​មេរោគ​វីរុស​ហ្ស៊ីកា។ មាន​ប្រទេស​ចំនួន​១៩ ទៀត រាយការណ៍​ថា​មាន​ករណី​ទន់​ដៃ​ទន់​ជើង ដែល​បណ្ដាល​មក​ជំងឺ​ហ្ស៊ីកា»។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​កើត​មាន​ករណី​ជំងឺ​ហ្ស៊ីកា​មក មាន​អ្នក​ជំងឺ​ស្លាប់​តិចតួច​ណាស់ ប្រៀបធៀប​នឹង​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​គ្រុន​ឈីក (CHIK)។ ប៉ុន្តែ​មូលហេតុ​ដែល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ព្រួយ​បារម្ភ គឺ​ផល​វិបាក​ធ្ងន់ធ្ងរ​ពី​ជំងឺ​នេះ៖ «តាម​ពិត​ជំងឺ​ទាំង​បី ជំងឺ​ហ្ស៊ីកា​ស្រាល​ជាង​គេ ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​ករណី​តិចតួច​ណា​មួយ​នោះ ផល​វិបាក​វា​ធ្ងន់។ ផល​វិបាក​យូរ​អង្វែង ដូចជា​កុមារ​ក្បាល​តូច។ ទារក​ក្បាល​តូច​ហ្នឹង​ធ្វើ​ឲ្យ​បញ្ញា​មិន​ល្អ ហើយ​អាច​អត់​រស់​រាន​មាន​ជីវិត ហើយ​អ្នក​ខ្លះ​ដែល​ទន់​អវយវៈ​ហ្នឹង អាច​អចិន្ត្រៃយ៍។ ដៃ ឬ​ក៏​ជើង»។

ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា​ដល់​អ្នក​កាសែត​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង វេជ្ជបណ្ឌិត តេង ស្រី បង្ហាញ​ថា មេរោគ​វីរុស​ហ្ស៊ីកា ឆ្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី​ខាំ។ ជា​ធម្មតា​ខាំ​នៅ​ពេល​ព្រឹក ថ្ងៃ​ជ្រេ​រសៀល និង​ល្ងាច។ មេរោគ​នេះ​ចូល​ទៅ​នៅ​ក្នុង​ខ្លួន​មនុស្ស​ពី ២ ទៅ ១២​ថ្ងៃ ទើប​មាន​រោគ​សញ្ញា។

ចំពោះ​រោគ​សញ្ញា​វិញ វេជ្ជបណ្ឌិត តេង ស្រី បញ្ជាក់​ថា មាន​គ្រុន​ក្ដៅ​ស្ទេញ ឈឺ​ក្បាល កន្ទួល​ក្រហម​លើ​ស្បែក ភ្នែក​ក្រហម និង​ឈឺ​សន្លាក់ ស្រដៀង​គ្នា​គ្រុន​ឈាម និង​គ្រុន​ឈីក​ដែរ។ ប៉ុន្តែ​ជាង ៨០% (៨១,៥%) មិន​បង្ហាញ​រោគ​សញ្ញា​ទេ៖ «»។

អ្នកស្រី​ណែនាំ​ថា គូស្រករ​ដែល​មាន​គម្រោង​មាន​កូន គួរ​តែ​ប្រុង​ប្រយ័ត្ន​ការ​ឆ្លង​មេរោគ​វីរុស​ហ្ស៊ីកា ដោយសារ​មូស​ខ្លា​ខាំ ជាពិសេស​មេរោគ​វីរុស​ហ្ស៊ីកា ក៏​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ដែរ និង​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​ទៅ​តំបន់ ឬ​ប្រទេស​ណា​ដែល​មាន​ករណី​ជំងឺ​នេះ​ផ្ទុះ​ឡើង។ ទោះ​ជា​យ៉ាង​ណា​ក្ដី ទាំង​អ្នកស្រី និង​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា នៅ​ពេល​នេះ ប្រទេស​កម្ពុជា មិន​មាន​ករណី​កើត​ជំងឺ​ហ្ស៊ីកា​ទេ ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​វៀតណាម មាន​ករណី​ទារក​ក្បាល​តូច​ពី​ជំងឺ​ហ្ស៊ីកា ចំនួន ៣​ករណី៕

គ្រូពេទ្យ​នៅ​ខេត្ត​កណ្ដាល​នឹង​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​នៅ​ខេត្ត​កណ្ដាល​នឹង​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​ពិនិត្យ​ភ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៣។  RFA/Uon Chhin

គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ជ័យជម្នះ ខេត្ត​កណ្ដាល ជូន​ដំណឹង​ថា ក្រុម​គ្រូពេទ្យ​ភ្នែក​នៃ​មន្ទីរពេទ្យ​នេះ នឹង​ផ្ដល់​ការ​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៥​ថ្ងៃ។

ប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ វេជ្ជបណ្ឌិត លន់ ណារ៉ា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ជា​កិច្ច​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ពី​ប្រទេស​អូស្ត្រាលី ដែល​មាន​ឈ្មោះ​ថា មូលនិធិ ហ្វ្រេដ ហាលឡូ (Fred Hollows Foundation) ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​២៧ វិច្ឆិកា ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ធ្នូ សម្រាប់​អ្នក​មាន​ជំងឺ​ភ្នែក​ទូទៅ៖ «ជំងឺ​ដែល​យើង​ត្រូវ​ធ្វើ​ការ​វះកាត់​ហ្នឹង ដូចជា​ភ្នែក​ជំងឺ​ភ្នែក​ឡើង​បាយ​មនុស្ស​ចាស់ ភ្នែក​កន្ទុយ​ថ្លែន ឬ​មួយ​ក៏​ឡើង​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ធ្ងន់ធ្ងរ។ យើង​ធ្វើ​ការ​វះ​កាត់​ជូន​ដោយ​ឥត​គិត​ថ្លៃ។ ដំបូង​ឡើង គាត់​អញ្ជើញ​មក​ដល់។ យើង​ចាប់​ផ្ដើម​មើល ហើយ​ជំងឺ​ដែល​ថា​យើង​ត្រូវ​ធ្វើ​ការ​វះ​កាត់​ថ្ងៃ​ហ្នឹង​បាន យើង​រៀបចំ​គាត់ ហើយ​ក្រោយ​ប៉ុន្មាន​ម៉ោង​មក យើង​ធ្វើ​ការ​វះ​កាត់​ជូន​រហូត​ទៅ​ដល់​យប់​ជ្រៅ​អី​ក៏​មាន​ដែរ​ពេល​ខ្លះ។ បន្ទាយមានជ័យ អី គាត់​អញ្ជើញ​មក។ អ៊ីចឹង​ដាក់​លេខ​ទូរស័ព្ទ​ខ្ញុំ​ហ្នឹង​តែ​ម្ដង»។

វេជ្ជបណ្ឌិត លន់ ណារ៉ា បញ្ជាក់​ថា កម្មវិធី​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ធ្វើ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ ប្រសិន​បើ​លោក​អ្នក​ពិបាក​រក​ទីតាំង​មន្ទីរពេទ្យ​ស្រុក​ខ្សាច់កណ្ដាល សម្រាប់​ទៅ​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ លោក​អ្នក​អាច​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​ទូរស័ព្ទ​លេខ ១១ ២១៣ ២៣២៕

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ចោទ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ថា​មិន​បង្ក្រាប​បទល្មើស​នេសាទ

ពលរដ្ឋ​រស់នៅ​ភូមិ​ស្នោឈើទាល ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង លោក សេង បឿន ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha


ពលរដ្ឋ​រស់នៅ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង រិះគន់​មន្ត្រី​រដ្ឋបាល​ជំនាញ​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន ថា​មិន​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​នាំ​ឲ្យ​ហិនហោច​ធនធាន​មច្ឆជាតិ និង​រំខាន​ដល់​ការ​បង្កបង្កើនផល​កសិកម្ម​តាម​មាត់​ទន្លេ។ អាជ្ញាធរ​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ពិត​ជា​កើត​មាន​ច្រើន​នៅ​ឃុំ​ផ្លូវទូក ហើយ​ទប់ស្កាត់​ពុំ​មាន​ប្រសិទ្ធភាព។

របាំង​ដាក់​លប​ចំនួន ៦​ខ្សែ​ដែល​មាន​ប្រវែង​មិន​តិច​ជាង ២​គីឡូម៉ែត្រ​ចាប់​ពី​ចំណុច​ក្បាល​កោះ​ស្វាយ​កាប ដល់​ចំណុច​ចុង​កន្ទ្រ នៃ​ឃុំ​ផ្លូវទូក មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ឡើយ។ ពលរដ្ឋ​ថា របាំង​ទាំងនេះ​បាន​ដាក់​ស្ទះ​ផ្លូវ​ទឹក​បង្ក​ឲ្យ​ពើក ឬ​មមោក​ដែល​ដុះ​ក្រាស់​លើ​ផ្ទៃ​ទឹក មិន​អាច​ហូរ​តាម​ទឹក​ចេញ​ពី​ចម្ការ​របស់​ពលរដ្ឋ​នៅ​រដូវ​ទឹក​ស្រក​វិញ ហើយ​កសិករ​នឹង​លំបាក​ភ្ជួរ​ដី​ព្រោះ​ល្ង និង​ដាំ​ល្ពៅ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ស្នោឈើទាល ឃុំ​ផ្លូវទូក លោក សេង បឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា ម្ចាស់​របាំង​ដាក់​លប​ឡុក​ទាំង​៦ ដែល​បាន​ដាក់​តាំង​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ មិន​ព្រម​រុះរើ​របាំង​របស់​ខ្លួន​ចេញ​ពី​ក្បែរ​ចម្ការ​លោក​ឡើយ ដោយ​អះអាង​ថា​បាន​បង់​ប្រាក់​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ហើយ។ បញ្ហា​នេះ លោក​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​ភូមិ និង​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​គេ​មិន​អើពើ៖ «ភូមិ-ឃុំ​ថា​គេ​អត់​មាន​លទ្ធភាព​ធ្វើ​ការ​ទេ ព្រោះ​អា​ហ្នឹង​ខាង​ជលផល។ ចុះ​បើ​ខាង​ជលផល​ទៅ​រាល់​ដង ធ្មេច​តែ​ភ្នែក​សោះ របាំង​រាប់​គីឡូ​ដី សូម្បី​តែ​មើល​ទៅ​តាម​ព្រែក​ក៏​ឃើញ​ច្រូងច្រាង​ដែរ។ ប៉ះពាល់​ធ្វើ​ចម្ការ​អត់​កើត ព្រោះ​មាន​ពើក មួយ​របាំងៗ​រាប់​គីឡូ​ដី​ចុះ​ទៅ​ខាង​កើត​ក្នុង​ព្រៃ​ស្រោង ហើយ​ព្រៃ​ហ្នឹង​ព្រៃ​អភិរក្ស​ទៀត (ព្រៃ​លិច​ទឹក)»។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។ ចំណែក​មេ​ឃុំ​ផ្លូវទូក លោក ចេង ភាគ ថ្លែង​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ក្នុង​ឃុំ​លោក​ពិត​ជា​កើត​មាន​ច្រើន ប៉ុន្តែ​លោក​ពុំ​មាន​សមត្ថកិច្ច​ទៅ​បង្ក្រាប ឬ​កាង​បទល្មើស​នោះ​ទេ ដោយ​គ្រាន់​តែ​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​បញ្ឈប់ តែ​ពួក​គេ​ភាគច្រើន​មិន​ស្ដាប់៖ «ប្រជាពលរដ្ឋ​ខ្ញុំ​ដែល​រក​ហ្នឹង​វា​ប្រាកដ​ហើយ វា​ខុស​ច្បាប់​នោះ អា​ហ្នឹង​សម្រេច​លើ​សមត្ថកិច្ច​ទេ ព្រោះ​មាន​សមត្ថកិច្ច​ជា​អ្នក​តម្រឹម និង​កាប់​រុះរើ​អី​ហ្នឹង​មាន។ ហើយ​ទោះ​បី​ជា​យើង​ដាក់​បម្រាម​ដល់​គាត់​អី គាត់​បាន​ត្រឹម​តែ​ស្ដាប់​ទេ​ប្អូន! មាន​មិន​ថា​អត់​ទេ រហូត​ដល់​ចំណុច​វាល​ភក់​ណោះ»។

មន្ត្រី​សម្របសម្រួល​សហគមន៍​របស់​អង្គការ​ហ្វេកខ៍ (Fact) ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក សុផាត ថ្លែង​ថា បទល្មើស​នេសាទ​ដែល​កើត​មាន​នៅ​ឃុំ​ផ្លូវទូក បង្ក្រាប​មិន​ចេះ​អស់ ប៉ុន្តែ​កន្លង​ទៅ​ខាង​លោក និង​មន្ត្រី​ជលផល ក៏​ធ្លាប់​រួម​គ្នា​ដោះស្រាយ​ដែរ។ លោក​នឹង​រាយការណ៍​រឿង​នេះ​ទៅ​ជំនាញ​ជលផល និង​អាជ្ញាធរ​ដើម្បី​ដោះស្រាយ តែ​លោក​យល់​ថា​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​បទល្មើស​ភាគច្រើន​កើត​ឡើង​ជា​ប្រព័ន្ធ៖ «ខ្ញុំ​ធ្លាប់​ទទួល​បាន​ដំណឹង​នេះ​ដែរ គឺ​ថា​បទល្មើស​នៅ​ផ្លូវ​ទូក​ហ្នឹង​ឯង វា​ទៅ​ជា​ប្រព័ន្ធ ដូច​ថា​បទល្មើស​មាន​ច្រើន​អ៊ីចឹង អា​បញ្ហា​ហ្នឹង​ដោះស្រាយ​អត់​ចប់ ដោះស្រាយ​ហើយ​កើត​វិញ»។

ច្បាប់​ស្ដីពី​ជលផល​មាត្រា​៤១ ត្រង់​ចំណុច​ទី​៣ បាន​ហាមឃាត់​ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​បម្រុង​ដោយ​ប្រើ​ឧបករណ៍​គ្រប់​ប្រភេទ រួម​ផ្សំ​ដោយ​របាំង​ព្រួល​ដែល​មាន​បណ្ដោយ​លើស​ពី ៥០​ម៉ែត្រ ឬ​លាត​សន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខ​ទឹក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ជលយាន​គ្រប់​ប្រភេទ។ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នេះ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពី ៥​លាន ដល់ ១០​លាន​រៀល៕