Thursday, December 15, 2016

កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ផ្ទុះ​ការ​តវ៉ា​ក្រោយ​ថៅកែ​កូរ៉េ​គេច​ខ្លួន


កម្មករ​រោងចក្រ​កាត់ដេរ​ស៊ីរ៉ាតិច (Seratex) ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​នៅ​មុខ​រោងចក្រ​នា​ភូមិ​ចម្ការឪឡឹក សង្កាត់​ក្បាលដំរី ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha
កម្មករ​រោងចក្រ​កាត់ដេរ​ស៊ីរ៉ាតិច (Seratex) ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​នៅ​មុខ​រោងចក្រ​នា​ភូមិ​ចម្ការឪឡឹក សង្កាត់​ក្បាលដំរី ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha




កម្មករ​រោងចក្រ​កាត់ដេរ​ស៊ីរ៉ាតិច (Seratex) ប្រមាណ ១០០​នាក់ នៅ​ភូមិ​ចម្ការឪឡឹក សង្កាត់​ក្បាលដំរី ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ផ្ទុះ​ការ​តវ៉ា​ក្រោយ​ថៅកែ​ជនជាតិ​កូរ៉េ គេច​ខ្លួន​មិន​បើក​ប្រាក់ខែ​ចុង​ក្រោយ​ដល់​ពួកគេ។

គិត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នេះ ការ​តវ៉ា​របស់​ពួកគេ​មាន​រយៈពេល​ជិត​មួយ​សប្ដាហ៍​ហើយ ក្រោយ​ពី​ថៅកែ​រោងចក្រ​នេះ​គេច​ខ្លួន មិន​បើក​ប្រាក់​ខែ​វិច្ឆិកា ដល់​ពួកគេ។

ក្រៅ​ពី​ទាមទារ​ប្រាក់ខែ ពួកគេ​ក៏​ទាមទារ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ខណៈ​កម្មករ​ខ្លះ​បាន​​អះអាង​ថា ពួកគេ​ធ្វើ​ការ​នៅ​រោងចក្រ​នេះ ប្រមាណ ១០​ឆ្នាំ​មក​ហើយ។

រោងចក្រ​នេះ​មាន​កម្មករ​ប្រមាណ ១​ពាន់​នាក់ ​ភាគ​ច្រើន​នៃ​ពួកគេ​បាន​ត្រឡប់​ទៅ​ផ្ទះ​ខ្លះ​ហើយ ដោយសារ​គ្មាន​ការងារ​ធ្វើ និង​ចំ​រដូវ​ចម្រូត ហើយ​អ្នក​ខ្លះ​ទៀត​អត់​មាន​ប្រាក់​ឲ្យ​ថ្លៃ​ជួល​ផ្ទះ​គេ​ជាដើម។

ពលរដ្ឋ​នៅ​ស្រុក​ថាឡាបរិវ៉ាត់​ខេត្ត​ស្ទឹងត្រែង​បារម្ភ​រឿង​ខ្វះ​មណ្ឌលសុខភាព


អ្នក​ភូមិ​សំអាង ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក មេស ហ៊ី ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​ខ្វះ​មណ្ឌល​សុខភាព កាល​ពី​ថ្ងៃ​ទី​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr



ពលរដ្ឋ​រស់​នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ខ្វះ​មណ្ឌល​សុខភាព​នៅ​តំបន់​ពួកគេ​រស់​នៅ ដោយសារ​តែ​ឃុំ​មិន​មាន​មណ្ឌល​សុខភាព​សម្រាប់​ព្យាបាល​ជំងឺ និង​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ នៅ​គ្រា​ដែល​ពលរដ្ឋ​មាន​បញ្ហា​សុខភាព​ជាយថាហេតុ។ អ្នក​ភូមិ​ថា កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​ខ្លាំង​ផ្នែក​បញ្ហា​សុខភាព ហើយ​ក៏​មាន​ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​បាន​ស្លាប់​ដោយសារ​បញ្ជូន​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មិន​ទាន់។

ការ​ត្អូញត្អែរ​នេះ ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ស្ទឹងត្រែង ដែល​ប្រារព្ធ​ឡើង​នៅ​បរិវេណ​ប្រសាទ​ព្រះគោ នៃ​ស្រុក​ថាឡាបរិវ៉ាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។

អ្នកភូមិ​សំអាង លោក មេស ហ៊ី ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ពន្លឿន​ការ​ផ្តល់​សេវា​សុខាភិបាល ឬ​មណ្ឌល​សុខភាព​នៅ​មូលដ្ឋាន​ពួកគេ​រស់​នៅ​ដើម្បី​សម្រួល​ការ​លំបាក​របស់​ពលរដ្ឋ។ លោក​ថា កំណើត​ប្រជាពលរដ្ឋ​កាន់តែ​កើន​ឡើង ហើយ​នៅ​គ្រា​ដែល​អ្នក​ភូមិ​មាន​បញ្ហា​សុខភាព ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ជាង ៣០​គីឡូម៉ែត្រ មក​ព្យាបាល​នៅ​ទី​រួម​ខេត្ត។ លោក​រំឭក​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បាន​ស្លាប់​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​គោយន្ត​មក​មន្ទីរពេទ្យ​ខេត្ត​មិន​ទាន់។ លើស​ពី​នេះ ក៏​មាន​អ្នកភូមិ​មួយ​ចំនួន​មាន​ជីវភាព​ក្រីក្រ មាន​ជំងឺ​ត្រូវ​ដេក​ស្លាប់​នៅ​ផ្ទះ ដោយសារ​គ្មាន​ប្រាក់​គ្រប់គ្រាន់ ធ្វើ​ដំណើរ​មក​ព្យាបាល​នៅ​ទី​រួម​ខេត្ត៖ «នៅ​ទី​នោះ​ប្រជាពលរដ្ឋ​ក៏​ច្រើន​ដែរ ដល់​ពេល​ឈឺ​គ្រុន​រងា​មួយ​សាៗ យប់​ព្រលប់​អី​ពិបាក​ណាស់ មាន​ម្នាក់​ហើយ ដោយសារ​ឈឺ​ មក​ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ជាង ៣០​គីឡូ​ដី អត់​មាន​អី​ជិះ ជិះ​គោយន្ត​ទម្រាំ​មក​ដល់​តាម​ផ្លូវ កើត​តាម​ផ្លូវ​អី​ក៏​មាន»។

​បុរស​ដដែល​បន្ត​ថា ពួកគេ​កំពុង​រង់ចាំ​មណ្ឌល​សុខភាព ដែល​អាជ្ញាធរ​សន្យា​ថា នឹង​ផ្ដល់​ជូន​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​ពេល​ឃោសនា​បោះឆ្នោត ក៏ប៉ុន្តែ​ការ​បោះឆ្នោត​ជា​ច្រើន​អាណត្តិ​មក​ហើយ នៅ​តែ​ពុំ​ទាន់​ឃើញ​មាន​មណ្ឌល​សុខភាព​ទៀត។ លោក​សង្កត់​ធ្ងន់​ថា ស្ត្រី និង​កុមារ​គឺ​ជា​អ្នក​ប្រឈម​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព ហើយ​ស្ត្រី​នៅ​ឃុំ​នេះ​មួយ​ចំនួន​មាន​ជីវភាព​ខ្វះខាត មិន​អាច​មាន​លទ្ធភាព​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​បាន​ឡើយ ព្រោះ​ពួកគេ​ពុំ​មាន​ប្រាក់​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ។
ឆ្លើយតប​ការ​លើក​ឡើង​នេះ អនុ​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ស្ទឹងត្រែង អ្នកស្រី ឃុត ធីណា បញ្ជាក់​យ៉ាង​ខ្លី​ថា កន្លង​មក​មន្ទីរ​ជំនាញ​បាន​លើក​គម្រោង​ស្នើ​ទៅ​ថ្នាក់​ជាតិ​នូវ​មណ្ឌល​សុខភាព ចំនួន ៥​ឃុំ​ផ្សេង​គ្នា ហើយ​ជា​រៀង​រាល់​ឆ្នាំ​មន្ទីរ​សុខាភិបាល​បាន​ដាក់​គម្រោង​ស្នើ​សុំ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លទ្ធផល​មិន​អនុលោម​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​នោះ​ទេ។ តែ​យ៉ាង​ណា មន្ទីរ​សុខាភិបាល​នឹង​ព្យាយាម​ស្នើ​គម្រោង​បន្ត​ទៀត​សម្រាប់​ឃុំ​សំអាង៖ «ឥឡូវ​នេះ​យើង​មាន​គម្រោង​៥ ដាក់​ទៅ​ហើយ ហើយ​យើង​នឹង​ធ្វើ​បន្ថែម​ទៀត​នៅ​ឃុំ ដែល​អស់​លោក​បាន​សំណូមពរ»។

មេ​ឃុំ​សំអាង លោក ញៀន ផុន  ទទួល​ស្គាល់​ថា ខ្វះ​មណ្ឌល​សុខភាព បង្ក​ការ​លំបាក​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ។ តែ​យ៉ាង​លោក​បាន​រាយការណ៍​ករណី​នេះ​ជូន​ថ្នាក់លើ​ច្រើន​សា​មក​ហើយ​ដែរ។ លោក​ទទូច​ឲ្យ​ក្រសួង​សុខាភិបាល ជួយ​ពិនិត្យ​ផ្ដល់​មណ្ឌល​សុខភាព ជូន​ពលរដ្ឋ​ឃុំ​សំអាង និង​ឃុំ​ជិត​ខាង ព្រោះ​សេវា​ថែទាំ​សុខភាព​សាធារណៈ​នៅ​ឃុំ​ទាំង​នេះ​​មាន​ភាព​យ៉ាប់យ៉ឺន​ខ្លាំង៖ «ប៉ុន្តែ​បើ​ឲ្យ​ឆ្វាំង ទៅ​សុខភាព​អន្លង់ជ្រៃ មិន​អាច​ទៅ​បាន​ទេ ពីព្រោះ​ជំងឺ​ធ្ងន់​យើង​នឹង​បក​មក​វិញ អ៊ីចឹង​លំបាក​ហើយ»។

ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ឋិត​នៅ​ទិស​ខាង​ជើង​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជាង ៣០​គីឡូម៉ែត្រ ពលរដ្ឋ​រស់​នៅ​ទី​នោះ​មាន​ចំនួន ១.២៥៩​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ជិត ៥​ពាន់​នាក់ (៤.៧៤៨)។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ កត់សម្គាល់​ក្រសួង​សុខាភិបាល​នៅ​តែ​ប្រើ​រូបមន្ត​ចាស់ ដោយ​កំណត់​ចំនួន​គ្រួសារ ទើប​ផ្ដល់​មណ្ឌល​សុខភាព​ក្នុង​មួយ​ឃុំ​ចំនួន​មួយ។ លោក​ថា នៅ​តំបន់​ដែល​មាន​ជនជាតិ​ដើម​ភាគតិច​រស់​នៅ ឬ​តំបន់​ដែល​មាន​ភូមិសាស្ត្រ​ជួប​ការ​លំបាក​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ ក្រសួង​សុខាភិបាល គួរ​តែ​កុំ​អនុវត្ត​គម្រោង​កំណត់​ស្តង់ដារ គួរ​តែ​កំណត់​តំបន់​នោះ​ជា​តំបន់​អាទិភាព​ក្នុង​ការ​ផ្ដល់​មណ្ឌល​សុខភាព និង​សេវា​សុខាភិបាល​ចាំបាច់​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល៖ «បណ្ដាល​មក​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​វិស័យ​សុខាភិបាល ព្រោះ​ក្រសួង​សុខាភិបាល ជា​ក្រសួង​ទទួល​ខុស​ត្រូវ​លើ​សុខុមាលភាព​ប្រជាពលរដ្ឋ និង​អាយុ​ជីវិត​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​កំណែ​ទម្រង់​យឺតយ៉ាវ ជាពិសេស​គឺ​របៀប​នៃ​ការ​ពង្រាយ​មណ្ឌល​សុខភាព​ឃើញ​ថា ពួកគេ​អត់​មានបាន​កែ​លម្អ​ទាល់​តែ​សោះ ក្រៅ​ពី​ប្រើ​រូបមន្ត​ចាស់​ដដែល»។

មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ម្នាក់ សុំ​មិន​ប្រាប់​ឈ្មោះ បាន​បង្ហើប​ថា ការ​បង្កើត​មណ្ឌល​សុខាភិបាល មួយ​បាន​អាស្រ័យ​ចំនួន​ប្រជាជន​នៅ​ឃុំ​នោះ​ចាប់​ពី ៨​ពាន់​នាក់ ទៅ​ជាង ១​ម៉ឺន ២​ពាន់​នាក់​ឡើង។ ក្រៅ​ពី​នេះ មណ្ឌល​សុខភាព​មួយ​ត្រូវ​មាន​គ្រូពេទ្យ​ជំនាញ និង​ទីតាំង​សមរម្យ​ទើប​អាច​ដំណើរ​ការ​បាន។

មណ្ឌល​សុខភាព​មាន​តួនាទី​ផ្ដល់​សេវា​សុខភាព ដូចជា​ពិនិត្យ និង​ពិគ្រោះ​ជំងឺ ជំងឺ​សួត និង​ព្យាបាល​រលាក​បំពង់ក ពិនិត្យ​ព្យាបាល​រោគ​របេង ពិនិត្យ និង​ព្យាបាល​គ្រុនចាញ់​កម្រិត​ស្រាល។ សេវា​ថែទាំ​សុខភាព​មាតា និង​ទារក​មុន​សម្រាល ពេល​សម្រាល ក្រោយ​សម្រាល។ វះកាត់​តូច​ដូចជា បូស និង​ដេរ​របួស លាង​របួស​ជាដើម។ នៅ​ស្រុក​ថាឡាបរិវ៉ាត់ មាន​ឃុំ​ចំនួន ១១ ហើយ​មាន​មណ្ឌល​សុខភាព​ចំនួន​៣៕

ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់​ត្រៀម​ប្ដឹង​ក្រុមហ៊ុន​ម៉ែនសារុន​រឿង​ផ្ដាច់​ផ្លូវ​សាធារណៈ


ស្រូវ​របស់​ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់​ផ្ដើម​ដុះ ដោយសារ​មិន​មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​ស្រែ ឬ​យក​ម៉ាស៊ីន​ទៅ​បោកបែន​នៅ​ទី​នោះ​បាន ព្រោះ​ក្រុមហ៊ុន ម៉ែន សារុន បាន​ជីក​ផ្ដាច់​ផ្លូវ​ធ្វើ​ដំណើរ។ រូបថត​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo provided



ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​រៀបចំ​ឯកសារ​ត្រៀម​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​អាជ្ញាធរ​តែម្ដង ព្រោះ​បាន​បង្ក​ការ​ខូចខាត​ផលិតផល​កសិកម្ម​របស់​ពួកគាត់។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ប្រជា​សហគមន៍​មិន​មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ចេញ​ពី​ដី​ចម្ការ​របស់​ពួកគាត់​បាន​ឡើយ ក្រោយ​ពេល​ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន។ បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​យល់​ថា ការ​សម្រេច​ប្ដឹង​ទៅ​ក្រុមហ៊ុន​យ៉ាង​ណា គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ។

ស្រូវ​របស់​ប្រជា​កសិករ​នៅ​ឃុំ​ជាំក្រវៀន មួយ​ចំនួន​ចាប់​ផ្ដើម​ដុះ​ជា​បន្តបន្ទាប់ ក្រោយ​ពេល​ពួកគេ​ច្រូត​កាត់​រួចរាល់​ហើយ ប៉ុន្តែ​មិន​មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​យក​មក​ផ្ទះសម្បែង ឬ​យក​ម៉ាស៊ីន​ទៅ​បោកបែន​នៅ​ទី​នោះ​បាន។ បន្ថែម​ពី​នេះ ដំឡូង​របស់​អ្នកភូមិ​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​រលួយ​មើម ដោយសារ​មិន​អាច​ដក​ឱ្យ​ទាន់​ពេលវេលា ព្រោះ​ភ្លៀង​ធ្លាក់​ជាច្រើន​ផ្ទួនៗ​គ្នា ម្យ៉ាង​មិន​មាន​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​ដីចម្ការ​បាន ពីព្រោះ​ផ្លូវ​ដែល​ពលរដ្ឋ​ធ្លាប់​ធ្វើ​ដំណើរ​ដឹក​ផលិតផល​កសិកម្ម​ឆ្លង​កាត់​រាល់​ដង ត្រូវ​បាន​ខាង​ភាគី​ក្រុមហ៊ុន ម៉ែន សារុន ជីក​ផ្ដាច់​កាល​ពី​ពេល​កន្លង​ទៅ។

តំណាង​សហគមន៍​ឃុំ​ជាំក្រវៀន មួយ​រូប លោក ផុន សុផល ឱ្យ​ដឹង​ថា ពួកគាត់​កំពុង​ប្រមូល​ឯកសារ ហើយ​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ ការ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ពីព្រោះ​ដើម្បី​ឱ្យ​ខាង​ក្រុមហ៊ុន​ដោះស្រាយ​ការ​ខូចខាត​ផលិតផល​កសិកម្ម​របស់​ពួកគាត់​ដែល​បណ្ដាល​មក​ពី​ការ​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​សាធារណៈ​ពី​សំណាក់​ភាគី​ក្រុមហ៊ុន​កាល​ពី​ខែ​តុលា៖ «អ៊ីចឹង​ហើយ​គោលការណ៍​របស់​សហគមន៍​ក្នុង​ពេល​ឥឡូវ​ហ្នឹង ប្រសិនបើ​មេ​ឃុំ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​ដោះស្រាយ​ទេ ក៏​ដូចជា​ក្រុមហ៊ុន ប្រជាពលរដ្ឋ​នឹង​ប្ដឹង​តវ៉ា»។

​កាល​ពី​ខែ​វិច្ឆិកា តំណាង​ប្រជាពលរដ្ឋ​ជិត ១០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ដោយ​រៀបរាប់​ថា ក្រុមហ៊ុន ម៉ែន សារុន នៅ​តែ​បន្ត​ជីក​ប្រឡាយ​ព័ទ្ធ​ដី​របស់​ពួកគាត់​នៅ​ចំណុច​ទួលក្រួស ហើយ​មួយ​ទៀត ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​ដីចម្ការ​បាន។ តំណាង​សហគមន៍​ដដែល​អះអាង​ថា ការ​ជីក​ផ្ដាច់​ផ្លូវ​នោះ គឺ​បណ្ដាល​ពលរដ្ឋ​ជាង ១០០​គ្រួសារ​រង​ផល​ប៉ះពាល់។
អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​លោក​ចុច​បិទ​ទៅ​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​ឃុំ​ជាំក្រវៀន ធ្លាប់​ប្រាប់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា បញ្ហា​នេះ លោក​នឹង​ហៅ​ភាគី​ក្រុមហ៊ុន​មក​សម្របសម្រួល​ក្នុង​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​ក្រោយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ទៅ​លើ​ក្រុមហ៊ុន​នៅ​ឡើយ​ទេ មក​ទល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។

មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ថា លោក​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ហា​នេះ​ទេ ដោយសារ​ជាប់​រវល់​ពេក ហើយ​ការ​សម្រេច​របស់​ប្រជា​សហគមន៍​ថា នឹង​ប្ដឹង​ក្រុមហ៊ុន​យ៉ាង​ណា គឺ​ជា​រឿង​របស់​ពួកគេ៖ «នៅ​ទេ! ខ្ញុំ​មិន​ទាន់​បាន​ហៅ​មក​ផង បើ​រវល់​តែ​យ៉ាង​នេះ»។

​ចម្លើយ​របស់​អាជ្ញាធរ​ឃុំ​បែប​នេះ ទើប​ធ្វើ​ប្រជា​សហគមន៍​យល់​ថា អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ឡើយ។

​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​ប្ដឹង​ក្រុមហ៊ុន គឺ​ជា​រឿង​ត្រឹមត្រូវ។ បន្ថែម​ពី​នេះ អាជ្ញាធរ​ឃុំ ស្រុក ខេត្ត ក៏​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ដំណាំ​របស់​ពលរដ្ឋ​ដែរ ពីព្រោះ​មិន​ព្រម​ចាត់​វិធានការ​ឱ្យ​ទាន់​ពេល​វេលា រហូត​បណ្ដាល​ឲ្យ​ផលិតផល​របស់​ប្រជា​សហគមន៍​រង​ការ​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ៖ «ប្រជាពលរដ្ឋ​គួរ​ប្ដឹង​ទាំង​ពីរ​ហ្នឹង ទី​មួយ​ក្រុមហ៊ុន ទី​ពីរ ប្ដឹង​មេ​ឃុំ និង​ទី​បី ប្ដឹង​ទាំង​អភិបាល​ស្រុក»។

​មន្ត្រី​សង្គម​ស៊ីវិល​ដដែល​បញ្ជាក់​ថា ការ​ជីក​ផ្ដាច់​ផ្លូវ​សាធារណៈ ពុំ​មែន​រួច​ខ្លួន​ត្រឹមតែ​ផ្ដល់​សំណង​ការ​ខូចខាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន រាជរដ្ឋាភិបាល​ត្រូវ​ដក​មន្ត្រី​អាជ្ញាធរ​ណា​ដែល​អសកម្ម​ចោល​តែម្ដង ហើយ​ដាក់​អ្នក​ថ្មី​ដែល​ធានា​ថា មិន​ជាប់​ពាក់ព័ន្ធ​ទំនាស់​ផលប្រយោជន៍​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន៕

កម្ពុជា​ប្រារព្ធ​កម្មវិធី​រត់​ប្រណាំង​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព


ជន​ពិការ​ចូល​រួម​ក្នុង​កម្មវិធី​រត់​ប្រណាំង​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។



ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ជិត ២​ពាន់​នាក់។ កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​អបអរ​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៨ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ ក្រោម​ប្រធានបទ "ផ្ដល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព"។

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​សហព័ន្ធ​យុវជន​កម្ពុជា អះអាង​ថា កម្ពុជា​ប្រារព្ធ​កម្មវិធី​រត់​ប្រណាំង​នេះ គឺ​ចង់​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ផ្ដល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​កម្ពុជា។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក ឯម ច័ន្ទមករា ឲ្យ​ដឹង​ថា កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព​នេះ មាន​អ្នក​ចូលរួម​ប្រមាណ​ជិត ២​ពាន់​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ពិការ​គ្រប់​ប្រភេទ​មក​ពី​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ ដើម្បី​ប្រកួត​ប្រជែង​វិញ្ញាសា​ចំនួន ១៥​សំខាន់ៗ៖ «គឺ​យើង​នឹង​រៀបចំ​កម្មវិធី​រត់​ប្រណាំង ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព ដោយ​មាន​ការ​ចូលរួម​ពី​សាធារណៈ និង​បងប្អូន​ជន​ពិការ​ប្រមាណ ១.៥០០​នាក់ ដោយ​យើង​នឹង​ការ​បែង​ចែក​វិញ្ញាសា​ធំ​ចំនួន ១៥​វិញ្ញាសា ក្នុង​នោះ​មាន​វិញ្ញាសា​រទេះ​រវៃ​ដោយ​ដៃ វិញ្ញាសា​រទេះ​ច្រវាក់ វិញ្ញាសា​រត់​រវៃ​ដោយ​ដៃ វិញ្ញាសា​រត់​ក្រោម​ចង្កេះ​បុរស ស្ត្រី វិញ្ញាសា​រត់​លើ​ជង្គង់​បុរស នារី ពិការ​លើ​ជង្គង់ វិញ្ញាសា​រត់​ជន​ពិការ​ដៃ បុរស នារី វិញ្ញាសា​ពិការ​ភ្នែក​បុរស នារី និង​វិញ្ញាសា​រត់​រួម​គ្នា»។

  ខ្មែរ | ព័ត៌មាន​ថ្មីៗ | សិទ្ធិ​មនុស្ស កម្ពុជា​ប្រារព្ធ​កម្មវិធី​រត់​ប្រណាំង​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព ដោយ អ៊ុំ រង្សី 2016-12-15 Tweet អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព      បោះពុម្ព     ចែករំលែក     មតិ     អ៊ីម៉ែល  ជន​ពិការ​ចូល​រួម​ក្នុង​​កម្មវិធី​រត់​ប្រណាំង​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។

ជា​អ្នក​ចូលរួម​ម្នាក់ និង​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ធនធាន​មនុស្ស យុវជន ឯក ច័ន្ទគ្រិស្នា យល់​ថា កម្មវិធី​នេះ​ល្អ ព្រោះ​គឺ​ជា​ចំណែក​មួយ​ជួយ​ជំរុញ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នៅ​កម្ពុជា។

យុវជន​រូប​នេះ​យល់​ថា ជន​ពិការ​មិន​មែន​ជា​បន្ទុក​សម្រាប់​សង្គម​ទេ បើ​សិន​មាន​ការ​បើក​ឱកាស​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ណា​មួយ ឬ​សម្របសម្រួល និង​យក​ចិត្ត​ទុក​ដាក់​លើ​ពួកគេ៖ «ខ្ញុំ​សូម​សំពះ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ស្ថាប័ន មិន​ថា​ថ្នាក់​លើ មិន​ថា​ថ្នាក់​ក្រោម​ទេ ឲ្យ​គាត់​ជួយ​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​កុំ​ឲ្យ​គាត់​បាក់​ទឹក​ចិត្ត ព្រោះ​គាត់​ក៏​ជា​មនុស្ស ហើយ​កន្លែង​ក៏​គាត់​មាន​សមត្ថភាព​ជាង​យើង​ផង»។

​កម្មវិធី​រត់​ប្រណាំង​សង្គម​មួយ​គ្មាន​ពិការភាព នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដែល​រៀបចំ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៩​ព្រឹក ដោយ​មាន​ជន​ពិការ​ចំនួន ២៨០​នាក់ ចូល​រួម​ប្រកួត​ប្រជែង។

ជា​ជន​ពិការ​ជើង​ទាំង​សង​ខាង​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ កញ្ញា ឈឿន គឹមហេង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ និយាយ​ថា កញ្ញា​រីករាយ​នៅ​ពេល​ដែល​ឃើញ​សាធារណជន​ចូលរួម​ប្រារព្ធ​កម្មវិធី​នេះ។ ប៉ុន្តែ​កញ្ញា​នៅ​តែ​ទទូច​ឲ្យ​បណ្ដា​អ្នក​ពាក់ព័ន្ធ​គិតគូរ​ដល់​សិទ្ធិ​របស់​យុវជន​ពិការ ពិសេស​ជន​ពិការ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ឲ្យ​ទទួល​បាន​ឱកាស​ការងារ​ដើម្បី​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៖ «ប្រសិនបើ​ជន​ពិការ​មាន​ឱកាស​ទៅ​សាលា​ចូលរួម​សកម្មភាព​សង្គម គាត់​អាច​មាន​សមត្ថភាព​ដូច​គ្នា​ហ្នឹង ព្រោះ​សមត្ថភាព​ខួរក្បាល​ជន​ពិការ​មួយ​ចំនួន​ក៏​គាត់​អាច​ធ្វើ​បាន​ដូច​មនុស្ស​ទូទៅ​អ៊ីចឹង ហេតុ​នេះ​សូម​ជួយ​ផ្ដល់​ឱកាស​ដូច​មនុស្ស​ទូទៅ​ដែរ»។

អ្នក​ចូល​រួម​ក្នុង​កម្មវិធី​រត់​ប្រណាំង​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។

​ចំណែក​ជន​ពិការ​ពិការ​ជើង​ម្នាក់​ទៀត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ លោក ជឹម ផាន គាំទ្រ​កម្មវិធី​នេះ។ លោក​ថា ទោះ​ជា​កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​ចែង​ច្បាប់​ជួយ​ការពារ​ជន​ពិការ​ក្ដី ប៉ុន្តែ​ជន​ពិការ​នៅ​មាន​ការ​រើសអើង​នៅ​ឡើយ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ការងារ​ដល់​ជន​ពិការ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​កុំ​ឲ្យ​ពួក​គាត់​បន្ត​សុំទាន​គេ៖ «បើ​ជន​ពិការ ពិការ​ក្មេង សូម​រដ្ឋាភិបាល​ជួយ​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​បាន​ទៅ​រៀន​សូត្រ ដើម្បី​ឲ្យ​ពួកគាត់​រៀន​ចប់​អាច​រក​ការងារ​ធ្វើ​បាន កុំ​ឲ្យ​​ពួកគាត់​ទៅ​សុំ​ទាន​គេ វា​អត់​ល្អ​ទេ។ បើ​ជន​ពិការ​ណា​ដែល​គាត់​មាន​សមត្ថភាព​ខាង​កីឡា​ស្រាប់ សូម​ជួយ​ផ្ដល់​ជា​សម្ភារៈ និង​ថវិកា​ដល់​ពួក​គាត់​ផង»។

​ក្រសួង​សង្គមកិច្ច ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ និង​សហព័ន្ធ​យុវជន​កម្ពុជា អះអាង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​ប្រារព្ធ​កម្មវិធី​ថ្នាក់​ជាតិ​រត់​ប្រណាំង​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព។លទ្ធផល​ការ​ប្រ​កូត​ប្រជែង​រត់​ប្រណាំង​ក្នុង​ចំនួន​ជន​ពិការ​ជាង ២៨០​នាក់ បាន​រក​ឃើញ​អ្នក​ឈ្នះ​ចំនួន ៤០​នាក់។

អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ដែរ​ថា នឹង​បន្ត​រៀប​កម្មវិធី​នេះ​នៅ​ឆ្នាំ​ក្រោយ​ទៀត ព្រម​ទាំង​បង្កើត​កម្មវិធី​ផ្តល់​ឱកាស​ឲ្យ​ជន​ពិការ​អាច​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ផង​ដែរ៕

ក្រុម​ការងារ​សិទ្ធិមនុស្ស​ចុះ​តាមដាន​សិទ្ធិ​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគិរី


ជនជាតិ​ដើម​ភាគ​តិច​ភូមិ​កាណាតធំ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ដែល​ជួប​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​នៃ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ទាក់ទិន​ជម្លោះ​ដី​សហគមន៍ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal

សហគមន៍​ភូមិ​កាណាតធំ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ជំរុញ​ឲ្យ​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ (Hoang Anh Gia Lai=HAGL) និង​ភាគី​ពាក់ព័ន្ធ​ប្រញាប់​ដោះស្រាយ​ការ​តវ៉ា​ដីធ្លី​សហគមន៍​​ដែល​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ឈូស​ឆាយ​យក​ជា​ដី​សម្បទាន​សេដ្ឋកិច្ច។ ចំណែក​ក្រុម​ការងារ​អង្គការ​សិទ្ធិមនុស្ស​មួយ​ក្រុម​ចាត់​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​សហគមន៍​ថា នឹង​ជួយ​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​បាន​កាន់​តែ​ប្រសើរ។

មន្ត្រី​ក្រុម​ការងារ​សិទ្ធិមនុស្ស​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ប្រញាប់​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​រវាង​ជនជាតិ​ដើម​ភាគតិច​ភូមិ​កាណាតធំ ជាមួយ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ នៃ​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ របស់​វៀតណាម ដើម្បី​សហគមន៍​មាន​លទ្ធភាព​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុម​ការងារ​អនុ​គណៈកម្មការ​ស៊ើប​អង្កេត​នៃ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ បាន​ចុះ​តាម​ដាន​ជម្លោះ​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​កាណាតធំ ជា​លើក​ទី​២ ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ពាក់ព័ន្ធ​សិទ្ធិ​ដីធ្លី​របស់​អ្នក​ភូមិ។

ប្រធាន​ក្រុម​ការងារ លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ការ​ឃ្លាំមើល​របស់​ក្រុម​សិទ្ធិមនុស្ស​ឃើញ​ថា ការ​ស្វែង​រក​ដំណោះស្រាយ​ការ​តវ៉ា​ដីធ្លី​របស់​ជនជាតិ​ដើម​ភូមិ​កាណាតធំ ហាក់​ដូច​មិន​បាន​ដំណើរ​ការ​ល្អ​តាម​បំណង​ប្រាថ្នា​របស់​សហគមន៍​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត​ការ​អូស​បន្លាយ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​យូរ​ឆ្នាំ​នឹង​ធ្វើ​ឲ្យ​សហគមន៍​មាន​កង្វល់​កាន់​តែ​ច្រើន​ទាក់ទិន​ការ​បាត់បង់​ដី​ស្រែ​ចម្ការ ដី​គោរព​បូជា និង​ដី​ត្រៀម​បម្រុង​សហគមន៍៖ «មាន​វគ្គ​ផ្សព្វផ្សាយ ឬ​ចុះ​ទៅ​ពន្យល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឲ្យ​គាត់​មាន​ការ​យល់​ដឹង​ពី​នីតិវិធី​តើ​ពេល​ណា​ថ្ងៃ​ណា​ពី​ដំណើរ​ការ​ហ្នឹង​តែ​បញ្ចប់​ដោយ​របៀប​ណា​ដើម្បី​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត​ថា អ្វី​ដែល​គាត់​កំពុង​ទាមទារ​គេ​នឹង​រក​ដំណោះស្រាយ​ជូន​គាត់»។

ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ រួម​មាន ក្រុមហ៊ុន ហេង ប្រាឌ័រ (Heng Brother) ស៊ី.អ.ឌី (CRD) ក្រុង​ប៉ុក (Krong Pok) និង​ក្រុមហ៊ុន វាសនា អ៊ិនវេសមែន (Veasna Investment) កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​ព្រមព្រៀង​ជាមួយ​អ្នក​ភូមិ​ រួម​មាន ភូមិ​កែត ភូមិ​ណាយ ភូមិ​កាជូត ក្នុង​ឃុំ​ញ៉ាង និង​ភូមិ​កាណាត ក្នុង​ឃុំ​តាឡាវ ថា​មិន​ឈូស​ឆាយ​អភិវឌ្ឍន៍​ជ្រៀតជ្រែក​ទន្ទ្រាន​យក ឬ​ប៉ះពាល់​ដី​របស់​អ្នក​ភូមិ​រួម​ទាំង​ដី​សហគមន៍​ប្រើប្រាស់ និង​ចេញចូល​តាម​ទំនៀមទម្លាប់​ប្រពៃណី​ទោះ​តាម​វិធី​ណា​ក៏ដោយ។ ទោះជា​យ៉ាង​នេះ​ក្ដី តំណាង​សហគមន៍​នៅ​តំបន់​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សុទ្ធតែ​បាន​អះអាង​ថា ក្រុមហ៊ុន​បាន​រំលោភ​បំពាន​ទៅ​លើ​ដី​ចម្ការ​វិល​ជុំ​សហគមន៍​តំបន់​កប់​សព​ព្រៃ​សក្ការៈ និង​ព្រៃ​​អភិរក្ស​របស់​អ្នក​ភូមិ។

ក្រុម​ការងារ​នៃ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ជួប​ពិភាក្សា​ជាមួយ​នឹង​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​កាណាតធំ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ទាក់ទិន​ជម្លោះ​ដី​សហគមន៍​ជាមួយ​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ (Hoang Anh Gia Lai) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal
ប្រធាន​សហគមន៍​ភូមិ​កាណាតធំ លោក សល់ ហ្នើច បញ្ជាក់​ថា រហូត​បច្ចុប្បន្ន សហគមន៍​នៅ​តែ​មាន​កង្វល់​ចំពោះ​ការ​តវ៉ា​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ និង​មិន​ឃើញ​មាន​ដំណោះស្រាយ​សមស្រប​អាច​សហគមន៍​ទទួល​យក​បាន។ លោក​កត់សំគាល់​ថា រហូត​មក​ទល់​នឹង​បច្ចុប្បន្ន គម្រោង​ចុះ​បញ្ជី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​បាន​ជាប់​គាំង​ដោយសារ​ជម្លោះ​ទាមទារ​ដី​នេះ​មិន​ទាន់​ដោះស្រាយ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គូស​ផែនទី​ព្រាង​ដី​សហគមន៍​ត្រូវ​ជាប់​គាំង៖ «ជាមួយ​ក្រុមហ៊ុន ហ័ង អាញ់ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ កាល​មុន​គាត់​ឲ្យ​តែ​លុយ ៥០០​ដុល្លារ និង​គោ ៤០០​គីឡូក្រាម គាត់​ថា សុំ​ទោស​ដែល​គាត់​ឈូស​ព្រៃ​អារក្ស ផ្នូរ​ខ្មោច ព្រៃ​បម្រុង​ទុក​តែប៉ុណ្ណឹង។ ក្រៅ​ពី​ហ្នឹង ដែល​យើង​ព្រាង​ឲ្យ​គាត់​ជួយ​សហគមន៍​ដូចជា​ផ្លូវ សាលារៀន តាំង​ពី​លូ អត់​ឃើញ​ធ្វើ​ទេ»។


​ជនជាតិ​ដើម​ភាគតិច​កាចក់ ភូមិ​កាណាតធំ ជិត ២០០​គ្រួសារ ក្នុង​នោះ ៩៩​ភាគរយ បាន​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​ឯកជន​កាល​ពី​ឆ្នាំ​២០១២ តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល។ បន្ទាប់​ពី​ការ​ចុះ​បញ្ជី​ដី​នោះ​មក ការ​បាត់បង់​ដីធ្លី​របស់​អ្នក​ភូមិ​នៅ​តែ​បន្ត​កើត​មាន ដោយសារ​តែ​អ្នក​ភូមិ​ខ្លះ​ខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ​បាន​យក​ដី​នោះ​លក់ ឬ​បញ្ចាំ​ទៅ​ឲ្យ​អ្នក​ក្រៅ​សហគមន៍ ខណៈ​ដី​សហគមន៍​កាន់​តែ​រួម​តូច ដោយសារ​ដី​តំបន់​នោះ​មួយ​ផ្នែក​ធំ​រដ្ឋ​ប្រគល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។

សមាជិក​សហគមន៍ លោក យ៉ា ហេម បញ្ជាក់​ថា សហគមន៍​កន្លង​ទៅ​នេះ​តំណាង​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ បាន​ធ្វើ​ពិធី​សុំ​ទោស​ផ្លូវការ រួម​ទាំង​សង​សំណង​មាន​ក្របី​មួយ​ក្បាល និង​ប្រាក់ ៥០០​ដុល្លារ សម្រាប់​សហគមន៍​សែន​ព្រេន​តាម​ជំនឿ​ប្រពៃណី រួម​ទាំង​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​ពាក់ព័ន្ធ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន​ការ​សន្យា​នោះ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។

លោក​អំពាវនាវ​ឲ្យ​ធនាគារ​ពិភពលោក​ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជំរុញ​ក្រុមហ៊ុន​ឲ្យ​គោរព​ការ​សន្យា​នេះ៖ «ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ ឈូស​អស់​រលីង អត់​មាន​ដី​នៅ សល់​តែ​ភ្នំ​នេះ។ ក្រៅ​ពី​នេះ មាន​ក្រុមហ៊ុន​ក្រុងប៉ុក ក្រុមហ៊ុន​វាសនា។ មុន​គេ​ចែក​ដី មុន​និស្សិត​វាស់វែង គេ​ឈូស​ក្រឡឹង​ភ្នំ​អស់​បាន​គេ​ចែក​ក្រោយ អា​ហ្នឹង​បាន​គ្រោះថ្នាក់​សហគមន៍»។


អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ក៏ប៉ុន្តែ​មន្ត្រី​គម្រោង​ចុះ​បញ្ជី​ដី​សហគមន៍​នៃ​សមាគម​ខ្មែរ​លើ លោក ញាន នា បញ្ជាក់​ថា ដំណោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍​កំពុង​ឋិត​ក្នុង​ការ​សម្របសម្រួល​រវាង​ភាគី​ក្រុមហ៊ុន ​និង​សហគមន៍ ក៏ប៉ុន្តែ​លោក​បដិសេធ​មិន​បញ្ជាក់​ពី​នីតិវិធី​នៃ​ការ​សម្របសម្រួល​នោះ​ទេ។

លោក​ថា ដំណោះស្រាយ​អាច​សម្រេច​បាន​អាស្រ័យ​លើ​ភាគី​ទាំង​ពីរ​មាន​ការ​ឯកភាព​គ្នា​បាន​ឆាប់៖ «យើង​មិន​ប្រាកដ​ថា លឿន ឬ​យូរ​ទេ អា​ហ្នឹង​វា​អាស្រ័យ​លើ​ឆន្ទៈ​ភាគី​ទាំង​ពីរ អា​ហ្នឹង​អត់​អាច​មួយ​ភាគី​​បាន​ទេ​រឿង​ហ្នឹង។ យើង​កំពុង​ដំណើរ​ការ​ចរចា​ផ្សះផ្សា​រឿង​ហ្នឹង អ៊ីចឹង​កំពុង​ឋិត​ក្នុង​ដំណើរការ»។

​ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​តាឡាវ លោក ថា ប៊ុនឡត ថ្លែង​ថា កន្លង​ទៅ​នេះ​អាជ្ញាធរ​ខេត្ត​បាន​ចូល​រួម​ដោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍​កាណាត ទាក់ទិន​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ចំការ​ប្រជាពលរដ្ឋ ៤៩​គ្រួសារ​ដោយ​ប្រជាពលរដ្ឋ ៤៧​គ្រួសារ​ទទួល​យក​សំណង​ជា​ប្រាក់។ ដោយ​ឡែក​ទាក់ទិន​ការ​តវ៉ា​ផ្សេង​ទៀត លោក​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ និង​ដៃគូ​ពាក់ព័ន្ធ​ប្រញាប់​ដោះស្រាយ​បញ្ចប់​ដើម្បី​សហគមន៍​រៀបចំ​ឯកសារ​ស្នើ​សុំ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សហគមន៍​កាណាត នៅ​តែ​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជាមួយ​ក្រុមហ៊ុន ប្រញាប់​​ដោះស្រាយ​បញ្ចប់​ការ​តវ៉ា​ដីធ្លី​សហគមន៍ និង​ចូល​រួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​តាម​កិច្ច​ព្រមព្រៀង​វិនិយោគ​ដី​សម្បទាន​របស់​ក្រុមហ៊ុន៕

ប្រធាន​មន្ទីរ​អប់រំ​​នៅ​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​មិន​ចាត់ការ​នាយក​វិទ្យាល័យ​ពុករលួយ


វិទ្យាល័យ​សិរីសោភ័ណ នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided


ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ រិះគន់​ប្រធាន​មន្ត្រី​អប់រំ​យុវជន និង​កីឡា​​ខេត្ត​ថា យឺតយ៉ាវ​ក្នុង​ការ​ចាត់​វិធានការ​ដក​នាយិកា​វិទ្យាល័យ​នេះ​ចេញ​ពី​តំណែង។ នាយិកា​វិទ្យាល័យ​សិរីសោភ័ណ ត្រូវ​បាន​ក្រុម​គ្រូបង្រៀន​ផ្ដិត​មេដៃ​ដក​ពី​តំណែង​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ប្រើ​ពាក្យ​អសុរោះ​ទៅ​លើ​ពួកគាត់។ ប៉ុន្តែ​ប្រធាន​មន្ទីរ​អប់រំ ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​លើ​ការងារ​នេះ។

ក្រុម​គ្រូបង្រៀន​នៅ​​វិទ្យាល័យ​សិរីសោភ័ណ​ បន្ត​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ ចាត់​វិធាន​ការ​តាម​សំណើ​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស។

លោកគ្រូ អ្នកគ្រូ មួយ​ចំនួន​​នៅ​វិទ្យាល័យ​សិរីសោភ័ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ថា ពួកគាត់​ផ្ដិត​ស្នាម​មេដៃ​បាន​ចំនួន ៤៥​នាក់​​ដាក់​ទៅ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​​បន្ទាយមានជ័យ​ ស្នើ​ដក​នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​ គឺ​អ្នកស្រី​ ណាត ស៊ីឡាយ​ ចេញ​ពី​តំណែង​ ជិត​មួយ​ខែ តែ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។ ក្រុម​គ្រូបង្រៀន​អះអាង​ថា ពួកគាត់​គ្មាន​កម្លាំង​ចិត្ត​បង្រៀន​សិស្ស​នោះ​ទេ ប្រសិន​បើ​ក្រសួង​អប់រំ មិន​ដក​នាយិកា​រូប​នេះ​ចេញ​ពី​តំណែង​នោះ៖ «បើ​ទុក​គាត់​នៅ ឬ​ពន្យារ​ពេល​នៃ​ការ​ដោះស្រាយ​គឺ​ការ​បង្រៀន​មិន​បាន​ល្អ​ទេ ព្រោះ​យើង​នៅ​តែ​គិត និង​ខ្វល់ខ្វាយ​ចំពោះ​គាត់​ដដែល។ ខ្ញុំ​អន់​ចិត្ត​ខ្លាំង​ណាស់​ដែល​រំពឹង​លើ​មន្ទីរ និង​ក្រសួង​អប់រំ​ជួយ​ពន្លឿន​ការងារ​នេះ​ទុក​ឲ្យ​អូស​បន្លាយពេល​យូរ។ ខ្ញុំ​ឲ្យ​ដក​ចេញ​តែម្ដង គឺ​យើង​អត់​អាច​ធ្វើ​ការ​ជាមួយ​គាត់​បាន​ទេ​ ព្រោះ​ខ្ញុំ​ជួប​ការ​លំបាក​ជាង ១០ឆ្នាំ​​ហើយ​ គឺ​គាត់​អត់​មាន​កែប្រែ​អី​សោះ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ លោក ស្ដើង តុងហឹង មាន​ប្រសាសន៍​ថា ខាង​មន្ទីរ​បាន​បញ្ជូន​សំណុំ​រឿង​​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​រួច​មក​ហើយ៖ «សាលា​ខេត្ត​គេ​កំពុង​តែ​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់​លើ​ហើយ។ គេ​មិន​មែន​ទុក​រឿង​ចោល​មិន​ធ្វើ​នោះ​ទេ ព្រោះ​យឺតយ៉ាវ​ដោយសារ​ការងារ​គេ​មាន​ច្រើន​ត្រូវ​ដោះស្រាយ»។
ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​គ្រូបង្រៀន​លើក​ឡើង​ថា ខាង​មន្ទីរ និង​អាជ្ញាធរ​ខេត្ត​ មាន​​វិធានការ​យឺតយ៉ាវ​ដោយសារ​នាយិកា​រូប​នេះ​មាន​សែ​ក្រាស គឺ​បង​ប្រុស​ឈ្មោះ​ ណាត ប៊ុនរឿន ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា។​​​​​​​​​​​​

​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បើ​ទោះ​មាន​សែ​ធំ​យ៉ាង​នេះ​ក៏​ដោយ​ ប្រសិន​បើ​រក​ឃើញ​ថា​ នាយិកា​រូប​​នេះ​មាន​កំហុស​ប្រាកដ​មែន​ គឺ​ខាង​ក្រសួង​អប់រំ​ និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​ពន្លឿន​​ដោះស្រាយ​បញ្ហា​នេះ​ជូន​គ្រូបង្រៀន​ឲ្យ​បាន​ឆាប់រហ័ស៖ «ព្រោះ​ថា​មាន​ការ​លេច​ឡើង​នូវ​បទល្មើស​នៅ​ក្នុង​ហើយ​ ដើម្បី​ស៊ើបអង្កេត​ដាក់​បន្ទុក​ និង​ដាក់​ទោស​ទៅ​លើ​ជន​ដែន​ប្រព្រឹត្ត។ បើ​សិន​តែ​ការ​ប្ដឹង​ទៅ​មិន​មាន​ការ​ដោះស្រាយ​ អ៊ីចឹង​ហាក់​ដូច​ជា​ប្រទេស​លែង​​មាន​ច្បាប់​ទម្លាប់​ហើយ»។

នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​ អ្នកស្រី​ ណាត ស៊ីឡាយ​ ត្រូវ​បាន​ក្រុម​គ្រូបង្រៀន​ចោទ​ប្រកាន់​ថា កិបកេង​ប្រាក់ ភី.ប៊ី (P.B) ដែល​ជា​ថវិកា​របស់​​​ក្រសួង​អប់រំ ប្រគល់​ទៅ​​​​ឲ្យ​សាលា​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​ និង​ថវិកា​សម្រាប់​អភិវឌ្ឍន៍​របស់​សាលា​​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ​ គ្រូបង្រៀន​​អះអាង​ថា នាយិកា​រូប​នេះ​ និយាយ​គំរោះគំរើយ និង​ជេរដាក់​​បណ្ដាសា​ដល់​ពួកគាត់​ជា​ប្រចាំ​ ដែល​មិន​​សម​ជា​អ្នក​គ្រប់គ្រង​ក្នុង​វិស័យ​អប់រំ​ឡើយ។ ប៉ុន្តែ​អ្នកស្រី ណាក ស៊ីឡាយ​ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​មួលបង្កាច់​គ្មាន​ការពិត​របស់​ក្រុម​គ្រូបង្រៀន​មួយ​ក្ដាប់​តូច​ ដើម្បី​រក​លេស​ចង់​ទម្លាក់​អ្នកស្រី​ចេញ​ពី​តំណែង។

វិទ្យាល័យ​មួយ​នេះ​​មាន​សិស្ស​កំពុង​សិក្សា​ជាង ១​ពាន់​នាក់ និង​មាន​គ្រូបង្រៀន​ចំនួន ៦៧​នាក់។ ក្នុង​ចំណោម​នោះ​មាន​គ្រូបង្រៀន​ចំនួន ៤៥​​នាក់​ ​បាន​ផ្ដិត​ស្នាម​មេដៃ​ស្នើ​ដក​នាយិកា​ចេញ​ពី​តំណែង។ក្រុម​​គ្រូបង្រៀន​សង្កត់​ធ្ងន់​ថា​ ប្រសិនបើ​ក្រសួង​អប់រំ មិន​ដក​នាយិកា​ពី​ចេញ​តំណែង​ទេ គឺ​ពួកគាត់​នឹង​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​នៅ​ក្នុង​ពេល​ឆាប់ៗ៕

ការ​ស្វះស្វែង​យក​ដី​ចម្ការ​អំពៅ​មក​វិញ ​អាច​នឹង​ខក​ចិត្ត


ឡាន​កំពុង​ចាក់​អំពៅ​ចូល​រោងចក្រ​នៅ​កោះកុង​កាលពី​ឆ្នាំ ២០១០។ ហេង ជីវ័ន


ភ្នំពេញៈ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សហគមន៍​មួយ​ចំនួន​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ដោយសារ​ក្រុមហ៊ុន​យក​ដី​ពួកគេ​ដាំ​អំពៅ​បាន​ប៉ុនប៉ង​ទាមទារ​យក​ដី​នោះ​មក​វិញ​ដោយ​កំណត់​ទិសដៅ​ទៅ​លើ​វិនិយោគិន​ដំណាំ​អំពៅ និង​អ្នក​បញ្ជា​ទិញ​នៅឯ​ក្រៅ​ប្រទេស​ប៉ុន្តែ​ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​បែប​នេះ​អាច​នឹង​ទទួល​បាន​ការ​ខក​ចិត្ត។

លោក យ៉ង់ សុភា អ្នក​និពន្ធ​របាយការណ៍​នេះ​កត់សម្គាល់​ឃើញ​ថា​ជាច្រើន​ឆ្នាំ​មក​នេះ ​មាន​ទាំង​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ដោយ​ហិង្សា​ពី​សមាជិក​សហគមន៍​ទាំង​នោះ​ ប៉ុន្តែ​ ជា​និច្ចកាល​ពួកគេ​តែងតែ​ត្រូវ​បាន​បង្ក្រាប​ដោយ​រដ្ឋាភិបាល និង ក្រុមហ៊ុន។ ដូច្នេះ​ហើយ​ទើប​សមាជិក​សហគមន៍​ទាំង​នោះ​ដោយ​មាន​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​នាំ​យក​ការ​តវ៉ា​ទាមទារ​របស់​ពួកគេ​ទៅ​ក្រៅ​ប្រទេស​ដោយ​សំដៅ​ទៅ​លើ​ក្រុមហ៊ុន​នានា និង​ទីផ្សារ​បញ្ជា​ទិញ​ស្ករស​ពី​ចម្ការ​អំពៅ​នេះ​តាមរយៈ​មធ្យោបាយ​មួយ​ចំនួន​រាប់​ចាប់​ពី​ការ​តស៊ូ​មតិ​រហូត​ដល់​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​អង់គ្លេស​ផង​ដែរ។

លោក សុភា បាន​រកឃើញ​ថា ​ការ​ឧបត្ថម្ភ​ផ្នែក​នយោបាយ​បាន​ផ្តល់​ភាព​អនុគ្រោះ​ដល់​ដំណាំ​ដាំដុះ​នោះ​ដែល​បាន​ការពារ​ពួកគេ​ពី​វិធានការ​ជាច្រើន​ដែល​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ។

លោក​ក៏​បាន​រកឃើញ​ផង​ដែរ​ថា​ការ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប (EU) គឺជា​ការ​ឆ្លើយតប​នៅ​មាន​កម្រិត​ទោះបី​ក្នុង​នាម​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ក្តី។


លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​បាន​ដាក់​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​នៅ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប។

ដោយ​បាន​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន និង​សហគមន៍​ដែល​រង​ផលប៉ះពាល់​លោក​បាន​ស្វែងរក​ឲ្យ​មាន​ការ​បញ្ចុះបញ្ចូល​ប្លុក​ពាណិជ្ជកម្ម​នេះ​ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង EBA (អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ) ជាមួយ​ប្រទេស​កម្ពុជា។

កិច្ចព្រមព្រៀង EBA នេះ​អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​បាន​កូតា​នាំ​ចូល​ដោយ​ឥត​គិត​ថ្លៃ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​សម្រាប់​គ្រប់​ផលិតផល​ទាំង​អស់​លើក​លែង​តែ​អាវុធ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​ឲ្យ​សហភាព​អឺរ៉ុប​លុប​ចោល​កិច្ទព្រមព្រៀង EBA របស់​កម្ពុជា​រហូត​ដល់​បញ្ហា​សិទ្ធិ​មនុស្ស និង បញ្ហា​កម្មសិទ្ធិ​ដីធ្លី​ត្រូវ​បាន​ដោះស្រាយ។

លោក សុភា បាន​កត់សម្គាល់​ឃើញ​ថា​សហភាព​អឺរ៉ុប​គំរាម​ដក​ចេញ​ទាំង​ស្រុង​នូវ​កិច្ចព្រមព្រៀង EBA ជាមួយ​នឹង​ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​កាលពី ២ ឆ្នាំ​មុន​ការ​សម្រុះ​សម្រួល​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ដាក់​ជូន​ដើម្បី​ឲ្យ​មាន​សវនករ​មូលនិធិ​សហភាព​អឺរ៉ុប​មក​ពិនិត្យ​មើល​ការ​អះអាង​ពី​ករណី​រំលោភ​បំពាន និង ការ​ដកហូត។

លោក វុទ្ធី បាន​ថ្លែង​ថា​ទោះ​ជា​យ៉ាង​ណា​ទាំង​រូប​លោក និង​សហគមន៍​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​លំនៅ​ទូទាំង​ប្រទេស​ពិត​ជា​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​សវនករ​មូលនិធិ​សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​បាន​មក​ដល់។ លក្ខខណ្ឌ​សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​គេ​ទុក​ចោល​នៅឯ​គណៈកម្មាធិការ​អន្តរ​ក្រសួង​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​មុន​ពេល​ដែល​វា​ត្រូវ​នាំ​ទៅ​កាន់​ការិយាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ប្រាំ​មួយ​ខែ​មុន។

លោក វុទ្ធី ឲ្យ​ដឹង​ថា៖ «យើង​បាន​ចូលរួម​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ឥឡូវ​នេះ​យើង​កំពុង​ជាប់គាំង​នៅ​ទី​នេះ។ យើង​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ជឿ​ថា​ធ្វើ​តាម​វិធី​នេះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ប្រភេទ​នៃ​ដំណោះស្រាយ​ជា​ប្រព័ន្ធ​មួយ​ប៉ុន្តែ​ឥឡូវ​នេះ​វា​ជាប់​គាំង​ដូច្នេះ​តើ​យើង​អាច​ជឿ​យ៉ាង​ម៉េច​បាន?»។

នៅក្នុង​អ៊ីមែល​មួយ​កាលពី​ថ្ងៃ​អង្គារ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក George Edgar ថ្លែង​ថា «លោក​នៅ [បន្ត] រង់ចាំ​មើល​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​សវនកម្ម​ដែល​បាន​ស្នើ​ឡើង​នោះ» និង​សាកសួរ​ទៅ​ក្រសួង​ពាណិជ្ជកម្ម។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី សឿង សុផារី បាន​ថ្លែង​ថា​ការ​ពន្យារពេល​នេះ​គឺ​ដើម្បី​ស្វែងរក​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​លើ «បញ្ហា​ចម្រូង​ចម្រាស​នេះ»។

សម្រាប់​ព័ត៌មាន​បន្ថែម​លោកស្រី​បញ្ជាក់​ថា​នឹង​ត្រូវ​ស្វែងរក​ពី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខណៈ​ដែល​តំណាង​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន៕