Wednesday, December 21, 2016

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev 



មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ ជួប សម្លាប់ បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ មាន​ចេតនា​ឆ្លើយ​បំភ្លៃ​សមត្ថកិច្ច។ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រោយ​ពី​ស៊ើប​អង្កេត និង​សួរ​ចម្លើយ​ឃើញ​ថា ចម្លើយ​សារភាព​របស់ ជួប សម្លាប់ មិន​មែន​ជា​ការ​ពិត។

ការ​បង្ហើប​ឲ្យ​ដឹង​ពី​ករណី ជួប សម្លាប់ មាន​ចេតនា​ឆ្លើយ​សារភាព​កុហក​សមត្ថកិច្ច​នេះ នៅ​ស្រប​ពេល​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​កោះ​ហៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​សួរ​នាំ​អំពី​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ ជួយ​ផ្ដល់​ព័ត៌មាន​ទៅ​ក្រសួង​មហាផ្ទៃ ជុំវិញ​ករណី​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា។ លោក​បញ្ជាក់​ថា ជួប សម្លាប់ ដែល​កំពុង​តែ​ជាប់​ឃុំ​នោះ បាន​ឆ្លើយ​សារភាព​បំភ័ន្ត​សមត្ថកិច្ច។

លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា ក្រោយ​ពី​ការ​សួរ​ចម្លើយ និង​ការ​សារភាព​របស់​ជន​សង្ស័យ ជួប សម្លាប់ លោក​មិន​ជឿ​ថា​ចម្លើយ​សារភាព​ជា​ការ​ពិត​ទេ៖ «យើង​បាន​សន្និដ្ឋាន​ថា ជន​ល្មើស​នេះ​មាន​ចេតនា​ឆ្លើយ​បំភ័ន្ត​សមត្ថកិច្ច មិន​និយាយ​ការពិត។ យើង​មិន​ជឿ​ថា ជន​ល្មើស​នេះ​ឈ្មោះ ជួប សម្លាប់ មិន​ជឿ​ថា​ជន​ល្មើស​នេះ​ឲ្យ​លុយ កែម ឡី ខ្ចី ៣​ពាន់។ (លោក យ៉ង ចាន់តារា សួរ៖លោក​ពូ​អាច​បញ្ជាក់​ហេតុ​អី​បាន​សមត្ថកិច្ច​មិន​ជឿ​នេះ?) លោក ខៀវ សុភ័គ៖ យើង​មើល​ទី​១ ជួប សម្លាប់ វា​មិន​ដែល​ខ្មែរ​យើង​អ្នក​ណា​ឈ្មោះ ជួប សម្លាប់ ទេ អា​សម្លាប់ អា​ងាប់​ទេ។ ទី​២ កែម ឡី ជំពាក់​លុយ​គេ ៣​ពាន់ គឺ​អត់​មាន​សោះ។ ទី​៣ ឈ្មោះ អាលីស លក់​កាំភ្លើង​ឲ្យ​វា ថា​តម្លៃ ៣​ពាន់​ដុល្លារ​ដែរ ហើយ​ថា​ឈ្មោះ​ប៉ូលិស​នៅ​ថៃ ទៅ​រក​ឯណា​ឃើញ? មិន​ប្រាប់​ទីកន្លែង»។

ប្រជាពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ ជួប សម្លាប់ នៅ​ពេល​នេះ ត្រូវ​បាន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ព្រួយ​បារម្ភ​ខ្លាច​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ដូច​ករណី​លោក ជា វិជ្ជា ដែល​មក​ទល់​ពេល​នេះ អាជ្ញាធរ​រក​ឃាតក​មិន​ទាន់​ឃើញ​នៅ​ឡើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បញ្ហា​សំខាន់​ដែល​ក្រសួង​មហាផ្ទៃ ត្រូវ​បង្ហាញ​នោះ គឺ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​មហាជន​បាន​ដឹង​ច្បាស់​ថា អ្នក​ណា​ជា​ឃាតក​ពិត​ប្រាកដ៖ «មាន​ករណី​ផ្សេង​ទៀត ករណី​បាញ់​សម្លាប់​ប្អូន​តារា​ចម្រៀង ឬ​បាញ់​សម្លាប់​លោក​ឧកញ៉ា អឹង ម៉េងជឺ អី​ឃើញ​ថា មាន​បញ្ចេញ​កាមេរ៉ា​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ​ចាប់​ខ្លួន​បាន​តែ​រឿង​លោក​បណ្ឌិត កែម ឡី។ ហេតុ​អី​បាន​ជា​អាជ្ញាធរ​មិន​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព?»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន ឆេវ​រ៉ុន (Chevron) បង្ហាញ​ពី​វីដេអូ​ឃ្លីប​ដែល​លោក សម រង្ស៊ី ជឿជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត​កាល់តិច ក្បែរ​ស្តុប​បូកគោ ដែល​ជា​កន្លែង​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​លោក ដាក់​ទៅ​តុលាការ​អាមេរិក​ថា អំពើ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​លោក​វិភាគ​លើ​របាយការណ៍​ដ៏​ស៊ី​ជម្រៅ​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់​អង្គការ គ្លបល វីនេស (Global Witness) ស្ដីពី​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។

ទាក់ទង​នឹង​ករណី​នេះ​ដែរ គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណៈកម្មការ​ទី​១ នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ចំនួន​ពីរ​មក​សួរ​នាំ​ពី​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ ធ្នូ នេះ គណៈកម្មការ​សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​កោះ​ហៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​សួរ​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ អំពី​ដំណើរ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា វិញ នឹង​ត្រូវ​កោះ​ហៅ​នៅ​ពេល​បន្ទាប់៖ «យុត្តិធម៌​ជា​រឿង​សំខាន់ ព្រោះ​យើង​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​គ្រប់​រូប គឺ​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​គ្រប់​រឿង​ទាំងអស់ មិន​មែន​តែ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នោះ​ទេ។ ឃាតកម្ម​ទាំងអស់ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នឹង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ពេល​ខាង​មុខ។

ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​លោក​មិន​ទាន់​រក​មេធាវី​នៅ​ឡើយ នៅ​ខណៈ​ប្រពន្ធ​កូន​លោក​បណ្ឌិត កែម ឡី បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​សុវត្ថិភាព និង​រង់ចាំ​ទៅ​ប្រទេស​ទី​បី​នោះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​២១ ធ្នូ យ៉ាង​ខ្លី​ថា សំណុំ​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​ចំណាត់​ការ​ស៊ើប​សួរ​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ព្រួយ​បារម្ភ​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​តែ​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ព្រោះ​ថា បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត ដោយសារ​តែ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ឬ​បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​របស់​អ្នក​មាន​អំណាច។ ជន​រងគ្រោះ​ទាំងនោះ រួម​មាន​អ្នក​សារព័ត៌មាន សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី សហជីព កម្មករ​រោងចក្រ និង​ករណី​ចុង​ក្រោយ គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត កែម ឡី៕

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង​ខេត្ត​រតនគិរី​អះអាង​ថា​ទេសចរ​ចុះ​ថយ

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង ឋិត​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​ឧទ្យាន​ជាតិ​វីរជ័យ សហការ​លើ​វិស័យ​មគ្គុទ្ទេសក៍​ទេសចរណ៍​រួម​ជាមួយ​សហគមន៍ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​ភាព​ប្រសើរ និង​ធានា​សុវត្ថិភាព​ជូន​អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។

ទំនាស់​ទាក់ទិន​ការ​គ្រប់គ្រង​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ បាន​ធ្វើ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​អភិរក្ស​តំបន់​ការពារ ត្អូញត្អែរ​ថា បរិមាណ​ភ្ញៀវ​ទេសចរ​ថយ​ចុះ​នៅ​ឆ្នាំ​២០១៦។

តួលេខ​ប៉ាន់​ប្រមាណ​របស់​សហគមន៍​អូរ​ទុង យ៉ាង​ហោច​ណាស់​មាន​ទេសចរ​បរទេស​ប្រមាណ​ជាង ១០០​នាក់​ទៅ ២០០​នាក់ នាំ​គ្នា​មក​កម្សាន្ត​នៅ​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង​ក្នុង​មួយ​ឆ្នាំៗ ក៏ប៉ុន្តែ​ចាប់​ពី​ដើម​ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន តួលេខ​នេះ​បាន​ថយ​ចុះ ក្រោយ​ពី​មន្ត្រី​អនុរក្ស​ចាប់​អ្នក​ទេសចរ​ផាក​ពិន័យ​ជា​ប្រាក់​ប្រមាណ ១០​ម៉ឺន​រៀល​ទៅ ១០០​ដុល្លារ ប្រសិន​អ្នក​ទេសចរ​ចូល​កម្សាន្ត​ព្រៃ​តាម​រយៈ​មគ្គទេសក៍​ទេសចរណ៍​ជា​លក្ខណៈ​បុគ្គល មិន​មាន​ការ​អនុញ្ញាត​ពី​ឧទ្យានុរក្ស​នៃ​ឧទ្យាន​ជាតិ។

អនុប្រធាន​សហគមន៍​តំបន់​ការពារ​អូរ​ទុង លោក ស៊ុត វើល កត់​សម្គាល់​ថា ភាព​អនាធិបតេយ្យ​ទាក់ទិន​មគ្គុទ្ទេសក៍​ទេសចរណ៍ គឺ​ជា​បញ្ហា​ដែល​នាំ​ឲ្យ​អ្នក​ទេសចរ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ។ លោក​ថា សមាជិក​សហគមន៍​ខ្លះ​បាន​ជូន​ដំណើរ​អ្នក​ទេសចរ​ចូល​ព្រៃ​កម្សាន្ត ដោយ​បង្កើត​មគ្គុទ្ទេសក៍​ទេសចរណ៍​ផ្ទាល់​ខ្លួន មិន​សហការ​ជាមួយ​សហគមន៍ និង​ឧទ្យានុរក្ស ហេតុ​នេះ​អ្នក​ទេសចរ​ខ្លះ​ត្រូវ​ឧទ្យានុរក្ស​ឃាត់​ខ្លួន និង​ផាក​ពិន័យ​ជា​ប្រាក់ ធ្វើ​ឲ្យ​អ្នក​ទេសចរ​ខ្លះ​ភ័យ​ខ្លាច៖ «អ្នក​ខ្លះ​ខ្លាច ព្រោះ​គាត់​ដឹង​ថា​អ្នក​មុនៗ​គេ​ចាប់។ ពួក​ខ្ញុំ​ចង់​បញ្ចូល​អេកូ​ទេសចរណ៍​ហ្នឹង​ឲ្យ​ពួក​គាត់​មក​ពី​ខេត្ត មក​យក​សំបុត្រ​ពី​សហគមន៍ លុយ​ហ្នឹង​ចំណូល​សហគមន៍​ទាំងអស់​គ្នា កុំ​ឲ្យ​ជូន​រញ៉េរញ៉ៃ កុំ​ឲ្យ​ពិបាក​គ្រប់គ្រង»។

ក្រសួង​បរិស្ថាន បាន​កាត់​ចេញ​ដី​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ ជិត​មួយ​ម៉ឺន​ហិកតារ បង្កើត​ជា​តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង ចាប់​ពី​ឆ្នាំ​២០១៤ រហូត​មក ក៏ប៉ុន្តែ​សហគមន៍​ដែល​អភិរក្ស​តំបន់​នោះ​បាន​ប្រើប្រាស់​តំបន់​ធម្មជាតិ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍។

មេ​ឃុំ​កុកឡាក់ លោក ផុន សឿង ទទួល​ស្គាល់​ថា ភាព​អនាធិបតេយ្យ​នៃ​ការ​រក​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​របស់​សហគមន៍ គឺ​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​កើត​មាន​ទំនាស់​ផល​ប្រយោជន៍​រវាង​សហគមន៍ និង​សហគមន៍ និង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ខ្វះ​សុវត្ថិភាព។ លោក​ថា ដោយសារ​តំបន់​នោះ​ឋិត​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍ ហេតុ​នេះ​ការ​គ្រប់គ្រង​អ្នក​ទេសចរ គួរ​ឲ្យ​ក្រុម​ឧទ្យានុរក្ស​ប្រគល់​សិទ្ធិ​មក​ឲ្យ​សហគមន៍ ដើម្បី​ប្រមូល​ប្រាក់​ចំណូល​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កើត​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ឯកជន គ្មាន​ការ​ទទួល​ខុស​ត្រូវ​ជាក់លាក់៖ «ឲ្យ​គណៈកម្មការ ព្រោះ​គណៈកម្មការ​ធ្វើ​ការ​គ្មាន​ថវិកា ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត។ អ៊ីចឹង​លុយ​កាក់​ហ្នឹង​ការងារ​ល្បាត​គ្រប់គ្រង​ជាមួយ​សហគមន៍ ធ្វើ​អ៊ីចឹង​បាន​ល្អ»។

តំបន់​ការពារ​ធម្មជាតិ​អូរ​ទុង សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ និង​តំបន់​ទឹកជ្រោះ​កម្សាន្ត​បែប​ធម្មជាតិ។ អ្នក​ទេសចរ​ភាគច្រើន​ជា​ជន​បរទេស ចូល​ចិត្ត​ទៅ​កម្សាន្ត​នៅ​តំបន់​ព្រៃ​ភ្នំ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ឬ​ទៅ​មួយ​សប្ដាហ៍​ក៏​មាន។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ ទទួល​ស្គាល់​ថា ទំនាស់​ផល​ប្រយោជន៍​ទាក់ទិន​ប្រាក់​ចំណូល​ផ្នែក​ទេសចរណ៍​របស់​សហគមន៍​អូរ​ទុង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ និង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត។ លោក​ថា នឹង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​តំបន់​អភិរក្ស រក​លទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ៖ «បើ​យើង​មិន​រក​ដំណោះស្រាយ​ឲ្យ​គាត់​ប៉ះពាល់​ទាំង​សងខាង បើ​សិន​គាត់​មិន​បើក​ឲ្យ​ចូល ចំណូល​ក៏​គាត់​រក​មិន​បាន​ពី​វិស័យ​ទេសចរណ៍​ដែរ ហើយ​ទេសចរ បិទ​ថា​មិន​ទៅ​លេង​គាត់​ក៏​ខាត​ចំណូល​ដែរ។ ខ្ញុំ​ជឿ​ថា​អាច​ប៉ះពាល់ ប៉ុន្តែ​មិន​អាច​ថា​ដោះស្រាយ​មិន​បាន​ទេ»។

ក្រសួង​បរិស្ថាន បាន​ទទួល​ស្គាល់​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៥ នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ រួម​មាន​តំបន់​ការពារ​ធម្មជាតិ​អូរ​ចាយ អូរ​តាបូក មណ្ឌល​យ៉ន អូរ​ខាំផា និង​អូរ​ទុង ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី រួម​ទាំង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ពីរ​ទៀត ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ គឺ​តំបន់​ការពារ​ធម្មជាតិ​អូរ​គគីរ និង​តំបន់​ការពារ​ធម្មជាតិ​សេដា។

តាម​គោលការណ៍​របស់​ក្រសួង​បរិស្ថាន មន្ត្រី​ឧទ្យានុរក្ស គឺ​ជា​អ្នក​គ្រប់គ្រង​អ្នក​ទេសចរ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​តំបន់​ការពារ​ណា​មួយ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ហេតុ​នេះ​អ្នក​ទេសចរ​ត្រូវ​ទិញ​សំបុត្រ​ជា​កញ្ចប់​មាន​តម្លៃ​ប្រមាណ ២០​ម៉ឺន​រៀល​ឡើង​ទៅ ដើម្បី​ឆ្មាំ​អនុរក្ស​ឧទ្យាន​ជាតិ សហការ​ជាមួយ​សហគមន៍​រៀបចំ​មគ្គុទ្ទេសក៍​ជូន​ដំណើរ​ការ​ហូប​ចុក រួម​ទាំង​ការពារ​សុវត្ថិភាព​អ្នក​ទេសចរ​ទាំងនោះ​ផង។ ចំណូល​ពី​ការ​លក់​សំបុត្រ​មួយ​ផ្នែក ត្រូវ​បង់​ចូល​ថវិកា​ជាតិ និង​ចំណូល​មួយ​ផ្នែក ត្រូវ​បែងចែក​ជូន​សហគមន៍​នៃ​តំបន់​អភិរក្ស​ផ្ទាល់ ដើម្បី​ប្រើប្រាស់​ទៅ​លើ​ការងារ​អភិរក្ស​សហគមន៍។

នាយក​ឧទ្យាន​ជាតិ​វីរជ័យ លោក ព្រិន សំបូរ បញ្ជាក់​ថា នេះ​ជា​គោលការណ៍​កំណត់​របស់​ក្រសួង​បរិស្ថាន ពីព្រោះ​ឆ្មាំ​អនុរក្ស​ឧទ្យាន​ជាតិ​មាន​ភារកិច្ច​គ្រប់គ្រង​ឧទ្យាន​ជាតិ និង​ការពារ​សុវត្ថិភាព​ជូន​អ្នក​ទេសចរ ហេតុ​នេះ​អ្នក​ទេសចរ​ត្រូវ​ទិញ​សំបុត្រ​ចូល​កម្សាន្ត​ក្នុង​ឧទ្យាន​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ឧទ្យានុរក្ស។ លោក​ថា នឹង​រៀបចំ​ការ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​សហគមន៍ ដើម្បី​ពន្យល់​សហគមន៍ រួម​ទាំង​ដោះស្រាយ​លុប​បំបាត់​មគ្គុទ្ទេសក៍​ទេសចរណ៍​អនាធិបតេយ្យ៖ «រឿង​អ្នក​ទេសចរ​គាត់​ចូល​តួ​ខាង​ក្រៅ​ទេ ដែល​គាត់​មាន​បញ្ហា​អ៊ីចឹង បើ​គាត់​ចូល​ខាង​វីរជ័យ ទី​១ សន្តិសុខ​សុវត្ថិភាព យើង​មាន​ឆ្មាំ​ជូន»។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អនុប្រធាន​សហគមន៍ លោក ស៊ុត វើល ទទូច​ឲ្យ​ក្រសួង​បរិស្ថាន ពិចារណា​ប្រគល់​សិទ្ធិ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មក​សហគមន៍​គ្រប់គ្រង​វិញ ពីព្រោះ​ប្រាក់​ចំណូល​ដែល​ឧទ្យានុរក្ស​ផ្តល់​ឲ្យ​សហគមន៍​មាន​ចំនួន​តិចតួច​បំផុត មិន​អាច​ឲ្យ​សហគមន៍​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ ដើម្បី​អភិវឌ្ឍ​អេកូ​ទេសចរណ៍​នៅ​តំបន់​នោះ​បាន​ប្រសើរ​ឡើយ៕

ឈើ​មូល​រាប់​ម៉ឺន​ដើម​ត្រូវ​បាន​គេ​កាប់​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់

ឈើ​មូល​ប្រភេទ​ផ្ចឹក សុក្រំ រាប់​ម៉ឺន​ដើម ត្រូវ​បាន​គេ​កាប់​នាំ​ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​លំផាត់ លក់​ទៅ​​ឲ្យ​ក្រុមហ៊ុន​សម្បទាន​វៀតណាម ហ័ង អាញ់ លំផាត់ (Hoang Anh Lumphat) ដើម្បី​ធ្វើ​ជន្លង់​ដើមស្រកានាគ។ មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វព្រៃ​លំផាត់ និង​ក្រុមហ៊ុន​ត្រូវ​បាន​សហគមន៍​អះអាង​ថា ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នេះ។

មន្ត្រី​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សមាគម​អាដហុក (ADHOC) អំពាវនាវ​សុំ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​​បន្ទាន់​ទៅ​លើ​សកម្មភាព​កាប់​ឈើ​មូល​មិន​ទាន់​គ្រប់​អាយុ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ រាប់​ម៉ឺន​​ដើម។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​គគីរ រាយការណ៍​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មាន​ទី​តាំង​នៅ​ជាប់​នឹង​ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់ និង​មន្ត្រី​អនុរក្ស​ជាប់​ពាក់ព័ន្ធ​សង្ស័យ​ឃុបឃិត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ ហើយ​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ គឺ​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ដើម្បី​ធ្វើ​ជន្លង់​ដើម​ស្រកានាគ។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​គគីរ លោក ផាត់ សាវុន កត់សំគាល់​ថា ជាង ៦​ខែ​ហើយ​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ជិត​តំបន់​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ នាំ​គ្នា​កាប់​យក​ដើម​ផ្ចឹក និង​សុក្រំ មុខ​កាត់ ២​តឹក ប្រវែង ២​ម៉ែត្រ​រាប់​ម៉ឺន​ដើម​ហើយ​ដឹក​ជញ្ជូន​មក​លក់​ឲ្យ​ក្រុមហ៊ុន​ចាំ​ប្រមូល​ទិញ​ធ្វើ​ជន្លង់​ដើម​ស្រកានាគ។

លោក​បន្ត​ថា ឈើ​នោះ​អ្នក​ភូមិ​កាប់​នៅ​តំបន់​ព្រៃ​ដែន​ជម្រក​ក្រៅ​បរិវេណ​តំបន់​ការពារ​ធម្មជាតិ ចំណែក​មន្ត្រី​អនុរក្ស​មិន​បាន​ទប់ស្កាត់​ករណី​នេះ​ទេ។ លោក​បន្ត​ថា គោយន្ត​ប្រភេទ​កាឡេថង ត្រូវ​បាន​អ្នក​ភូមិ​ប្រើប្រាស់​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​មក​ស្តុក​ទុក​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ជា​អ្នក​ប្រមូល​ទិញ​ក្នុង​តម្លៃ​មួយ​ដើម ២​ពាន់​រៀល៖ «ធ្វើ​ហ្នឹង​នៅ​ក្នុង​តំបន់​ឧទ្យានុរក្ស​ការពារ​មិន​បាន​ធ្វើ​នៅ​តំបន់​សហគមន៍​ទេ។ ពេល​សហគមន៍​ចុះ​ម្តងៗ​ច្រើន​ខាង​បរិស្ថាន​ទូរស័ព្ទ​ប្រាប់​ថា សហគមន៍​ចុះ​ហើយ​កម្លាំង​សហគមន៍​ច្រើន​គេ​ខ្លាច»។

​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ២៥​ម៉ឺន​ហិកតារ។ កន្លង​ទៅ​នេះ ក្រសួង​បរិស្ថាន បាន​ផ្តល់​សម្បទាន​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន​៦ វិនិយោគ​ដំណាំ​កសិ-ឧស្សាហកម្ម​លើ​ផ្ទៃដី​អស់​ជាង ៣​ម៉ឺន​ហិកតារ។

មេការ និង​ជា​អ្នក​បកប្រែ​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ ឈ្មោះ ថា ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​ទិញ​កូនឈើ​ពី​ប្រជាពលរដ្ឋ​កាប់​ពី​ក្នុង​ព្រៃ​ដែន​ជម្រក ក៏​ប៉ុន្តែ​បុរស​ឈ្មោះ ថា មិន​អត្ថាធិប្បាយ​ទាក់​ទិន​ផល​​ប៉ះពាល់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ ដោយ​ថា ចាំ​ផ្តល់​ព័ត៌មាន​ទៅ​នាយក​ក្រុមហ៊ុន។

ចំណែក​នាយក​រង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ លោក សាន សានី បញ្ជាក់​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​នេះ​ទេ។ លោក​ជំរុញ​ឲ្យ​សួរ​ទៅ​សហគមន៍​អូរទុង ពីព្រោះ​តំបន់​ព្រៃ​ដែល​ជាប់​នឹង​ក្រុមហ៊ុន ហ័ង អាញ់ គឺ​ជា​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​អូរទុង ដែល​អភិរក្ស​ដោយ​សហគមន៍​អូរទុង៖ «ខ្ញុំ​សាកសួរ​ទៅ​ប្រធាន​ស្នាក់ការ​នៅ​ហ្នឹង​ដែរ ខ្ញុំ​អត់​បាន​ដឹង​ផង។ អូរ​គគីរ មិន​មែន​នៅ​ក្រៅ​ទេ នៅ​ក្នុង​សហគមន៍​ហើយ»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា លោក​ក៏​បាន​ទទួល​សេចក្ដី​រាយការណ៍​នេះ​ដែរ ក៏ប៉ុន្តែ​មន្ត្រី​លោក​មិន​ទាន់​បាន​ចុះ​ស៊ើបអង្កេត​ករណី​នេះ​នៅ​ឡើយ។ លោក​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​ករណី​កាប់​កូន​ឈើ​ធ្វើ​ជន្លង់​ដើម​ស្រកានាគ​ដើម្បី​រក្សា​កូន​ឈើ​ដែល​នៅ​សេសសល់​នេះ៖ «នេះ​ជា​ក្ដី​ព្រួយបារម្ភ បើ​មិន​មាន​ការ​ទប់ស្កាត់​យើង​គិត​ថា ក្រុមហ៊ុន​​ជា​អ្នក​ទិញ​ពី​ពលរដ្ឋ ឬ​ជា​អ្នក​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​ព្រៃ​កាប់»។

កាល​ពី​ឆ្នាំ​២០១៥ សហគមន៍​ស្រែ​អង្គ្រង និង​មន្ត្រី​អាដហុក ខេត្ត​រតនគិរី រក​ឃើញ​ឈើ​មាន​តម្លៃ រួម​ទាំង​ឈើ​ប្រណិត និង​ដើម​ឈើ​ផលិត​ជ័រទឹក​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ត្រូវ​បាន​គេ​លួច​កាប់​រាប់​រយ​ដើម​ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​ក្រុមហ៊ុន​សម្បទាន​នៅ​ក្បែរ​ព្រៃ​នោះ៕

ពលរដ្ឋ​ជិត​២០០​គ្រួសារ​នៅ​បាត់ដំបង​ចោទ​អាជ្ញាធរ​ក្រុង​ថា​បណ្ដេញ​ពួកគាត់​ឲ្យ​ចេញ​ពី​ដី​ទាំង​បង្ខំ

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​​​ជិត ២០០​គ្រួសារ នៅ​ក្នុង​ភូមិ​ចំនួន​៣ នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​នេះ​ថា ឃុបឃិត​គ្នា​ប្រើ​ច្បាប់​ព្រៃ​បណ្ដេញ​ពួកគាត់​ឲ្យ​ចេញ​ពី​ដី​ទាំង​បង្ខំ ដើម្បី​យក​ដី​ទៅ​លក់ និង​​បែងចែក​​ឲ្យ​អ្នក​មាន​ទ្រព្យធន​ដោយ​ខុសច្បាប់។ ប៉ុន្តែ​អភិបាល​រង​ក្រុង​បាត់ដំបង បញ្ជាក់​ថា ​អាជ្ញាធរ​រៀបចំ​សណ្ដាប់ធ្នាប់​​​នៅ​ក្នុង​ក្រុង​ដើម្បី​អភិវឌ្ឍន៍​ឲ្យ​មាន​របៀបរៀបរយ។

​​​​​​​​​​​​​​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​​នៅ​ក្រុង​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ខ្លាច​ អាជ្ញាធរ​នាំ​សមត្ថកិច្ច​រុះរើ​​ផ្ទះសម្បែង​របស់​ពួកគាត់​បង្ខំ​យក​ដី ហើយ​គ្មាន​ទី​កន្លែង​ស្នាក់​នៅ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​អូរខ្ជាយ សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង​ លោកស្រី ធឿន សាវេត ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ចិញ្ចើម​ផ្លូវ​តំបន់​ដី​ទំនាស់​​ភូមិ​អូរខ្ជាយ ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា ដី​របស់​លោកស្រី​ទទឹង ៦​ម៉ែត្រ​ និង​បណ្ដោយ ១៦​ម៉ែត្រ​​ រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨៨ មក។ លោកស្រី​អះអាង​ថា អាជ្ញាធរ​ក្រុង​បាត់ដំបង ឃុបឃិត​ជាមួយ​ចៅ​សង្កាត់​ព្រែកព្រះស្ដេច នាំ​សមត្ថកិច្ច​បណ្ដេញ​អ្នកស្រី​​ឲ្យ​ចេញ​ពី​ដី​នោះ​ទាំង​បង្ខំ​ជា​ច្រើន​លើក​មក​ហើយ​ ដើម្បី​យក​ដី​ទៅ​លក់​ក្នុង​រូបភាព​យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង៖ «អាជ្ញាធរ​ក្រុង​បាត់ដំបង ប្រើ​អំណាច​ផ្ដាច់ការ​យក​ដី​ពី​ប្រជាពលរដ្ឋ​ខ្លាំង​ជាង​កាល​ពី​សម័យ​ខ្មែរ​ក្រហម​ទៅ​ទៀត។ កាល​ពី​សម័យ​ខ្មែរ​ក្រហម គេ​មាន​ឲ្យ​បាយ​ពលរដ្ឋ​ហូប​ខ្លះ តែ​គាត់​បណ្ដេញ​ពលរដ្ឋ​ទាំង​បង្ខំ»។

ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ចំការឫស្សី សង្កាត់​ព្រែកព្រះស្ដេច លោកស្រី ហេង ណារី ដែល​កំពុង​ជជែក​គ្នា​នៅ​តំបន់​ដី​ទំនាស់​នោះ​ដែរ​ថ្លែង​ថា ដី​របស់​អ្នកស្រី​ទទឹង ២៣​ម៉ែត្រ​ និង​បណ្ដោយ ៣០​ម៉ែត្រ រស់​នៅ​តាំង​ពី​១៩៨៥ មក ប៉ុន្តែ​អាជ្ញាធរ​ក្រុង​បង្ខំ​ឲ្យ​អ្នកស្រី​ចាកចេញ​ពី​ដី​នេះ។

លោកស្រី​អះអាង​ថា សព្វ​ថ្ងៃ​លោកស្រី​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះសម្បែង​​នោះ​ទេ​ ពីព្រោះ​​​ខ្លាច​អាជ្ញាធរ​នាំ​កម្លាំង​ទៅ​​រុះរើ​ផ្ទះ​របស់​ខ្លួន​​យក​ដី ហើយ​គ្មាន​ទី​កន្លែង​ស្នាក់​នៅ៖ «អាជ្ញាធរ​ពុក​រលួយ​យក​ដី​ពួក​ខ្ញុំ​ដែល​រស់​នៅ​ពិត​ប្រាកដ​មិន​ចែក​ឲ្យ​ទេ តែ​ទៅ​ចែក​ឲ្យ​អ្នក​ដែល​មាន​ឡាក​ជិះ​ទំនើបៗ​មក​ពី​ឆ្ងាយ​ទៅ​វិញ»។

​​​​​​​​​​​​​​​​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ក្រុង​បាត់ដំបង​ លោក ឌី ពៅ​ មាន​ប្រសាសន៍​ថា​ ដី​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​នោះ​ដើម​ឡើយ​ជា​ដី​សួន​សាធារណៈ ក្រោយ​មក​អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ​មក​ធ្វើ​​ជា​ដី​​ឯកជន​របស់​ខេត្ត​ដើម្បី​បែងចែក​ឲ្យ​ពលរដ្ឋ​ក្រីក្រ ហើយ​ពលរដ្ឋ​មួយ​ចំនួន​បាន​រស់​នៅ​លើ​ដី​នោះ​ដោយ​ខុស​ច្បាប់។ លោក​បន្ថែម​ថា​​ អាជ្ញាធរ​មិន​បាន​យក​ដី​នោះ​ទៅ​លក់​នោះ​ទេ​ គឺ​ដោយសារ​រៀប​ចំ​សណ្ដាប់ធ្នាប់​ក្រុង ហើយ​​ត្រូវ​បាន​ចែង​ចែក​ដី​នោះ​ស្នើៗ​គ្នា ទាំង​អ្នក​​​​រស់​នៅ​ថ្មី អ្នក​ដែល​ធ្លាប់​កាន់កាប់​ពី​មុន​មក៖ «ហើយ​ដល់​តែ​គាត់​ចេះ​តែ​កៀរគរ​អ្នក​ផ្សេង​មក​លើស​ពី​ដែល​យើង​ចងក្រង​សហគមន៍​ឆ្នាំ​២០០៧ គឺ​វា​ក្រៅ​ច្បាប់។ អ្នក​ណា​ទៅ​ដោះស្រាយ​ឲ្យ​គាត់​បាន។ ហើយ​ខ្លះ​មាន​ឈ្មោះ​នៅ​ក្នុង​សហគមន៍​ហើយ មក​ទាមទារ​ដី​របស់​ខេត្ត​សម្រាប់​ទុក​ឲ្យ​កូន​ទុក​ឲ្យ​ចៅ។ អ្នក​ណា​គេ​មាន​ដី​ឲ្យ​គាត់​នោះ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ត្រូវ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដី​នោះ​ឡើយ។ ម្យ៉ាង​ទៀត​លោក​បន្ថែម​ថា អាជ្ញាធរ​​​គួរ​តែ​បែងចែក​ដី​ទៅ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅ​ពី​មុន​​ច្រើន​ជាង​អ្នក​ចំណូល​ថ្មី​ ព្រោះ​ពួកគាត់​បាន​កាន់កាប់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «កាលណា​យើង​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​អាជីវកម្ម ហ្នឹង​ហើយ​ជា​អំពើ​ពុក​រលួយ​នោះ។ អ៊ីចឹង​ដើម្បី​បង្ហាញ​តម្លាភាព យើង​សហការ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​ដី​ធ្លាក់​ទៅ​លើ​អ្នក​មាន ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ហ្នឹង មក​ពី​គាត់​មិន​អស់​ចិត្ត។ គាត់​គិត​ថា​ការ​អនុវត្ត​សង្គមកិច្ច​មិន​បាន​ដល់​អ្នក​ក្រ​ពិត​ប្រាកដ»។

​​​​​​​​ផ្ទៃដី​មាន​ទំនាស់​ប្រវែង ១.៧៦០​ម៉ែត្រ ទទឹង​កន្លែង​ខ្លះ​ពី ២០​ម៉ែត្រ​ ទៅ​ជាង ៣០​ម៉ែត្រ​ នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​អូរខ្ជាយ ១៣មករា និង​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង។ អាជ្ញាធរ​បាន​អង្កន់​ដី​នេះ​ទទឹក ៤​ម៉ែត្រ​កន្លះ​ និង​បណ្ដោយ ១៦​ម៉ែត្រ ​បាន​ជាង ៦០០​ឡូត៍ ដើម្បី​បែងចែក​ទៅ​ឲ្យ​ពលរដ្ឋ​ជាង ៦០០​គ្រួសារ។ ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់​ពី​មុន​មក​ចំនួន ១៦៣​គ្រួសារ​បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នេះ​ជា​បន្ត​បន្ទាប់៕

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​សម្រុក​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ពី​ក្រសួង​រៀបចំ​ដែនដី

ពលរដ្ឋ​ជាង ១០០​នាក់​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើ (Kohkong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Kohkong Plantation) មក​ពី​ខេត្ត​កោះកុង នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ទាមទារ​ដំណោះស្រាយ។ រីឯ​ក្រសួង​រៀបចំ​ដែនដី សន្យា​ដោះស្រាយ​ជូន​ពួក​គាត់។

«សំឡេង​ស្រែក​តវ៉ា​របស់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី»

នេះ គឺ​ជា​សម្រែក​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ របស់​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង ១០០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​សរុប​ចំនួន ១៤៧​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៧ នៅ​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ខន ផុន រៀបរាប់​ថា ការ​ដែល​ពួក​គាត់​មក​ប្រមូល​ផ្តុំ​នេះ គឺ​ដើម្បី​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ជួយ​ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​តាម​ការ​សន្យា បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​កាល​ពី​ខែ​កក្កដា កន្លង​ទៅ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ្មាន​ដំណោះស្រាយ​ជូន​ពួក​គាត់៖ «ឲ្យ​អាជ្ញាធរ​ជួយ​ជំរុញ​យក​ដី​ពី​ក្រុមហ៊ុន លី យ៉ុងផាត់ មក​វិញ​មក ព្រោះ​ឥឡូវ​នេះ​លំបាក​ណាស់ ហើយ​គ្មាន​ដី​គ្មាន​ទឹក​ទេ​សម្រាប់​ធ្វើ​អី​ហូប​ទេ»។

ប្រជាពលរដ្ឋ​អះអាង​ថា ដីធ្លី​ពួក​គេ​មាន​ទាំង​ដី​លំនៅឋាន និង​ដី​ចម្ការ ត្រូវ​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើ និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន ឈូស​ឆាយ​រំលោភ​យក​ជា​ហូរហែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦។

ពួក​គាត់​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ទទួល​បាន​ដីធ្លី​មក​អាស្រ័យ​ផល​ឡើង​វិញ ព្រោះ​បច្ចុប្បន្ន​នេះ ពួក​គាត់​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ និង​វិបត្តិ​ផ្លូវ​ចិត្ត៖ «ធ្វើ​បាប​ប្រជាពលរដ្ឋ​ណាស់! ខ្ញុំ​អត់​មាន​ផ្ទះ​នៅ​ទេ! រាល់​ថ្ងៃ​រស់នៅ​ប្រក់​តង់​ជាង ១០​ឆ្នាំ​ហើយ តាំង​ពី​គេ​ឈូស​ឆាយ​យក​ដីធ្លី​នោះ​មក គឺ​ហូប​តែ​ដំឡូង​ព្រៃ ហើយ​កូន​ប្រាំបួន​នាក់​អត់​បាន​រៀន​ទេ ព្រោះ​អត់​លុយ។ កាល​ដែល​ក្រុមហ៊ុន​មិន​ទាន់​យក​លុយ​ខ្ញុំ​នោះ គឺ​ធ្វើ​ក្នុង​មួយ​ឆ្នាំ​បាន​បី​លាន ហើយ​អត់​ជំពាក់​អង្គការ​ណា​ទេ។ តែ​ឥឡូវ​ជំពាក់​អង្គការ ព្រោះ​យក​លុយ​ទិញ​អង្ករ​ហូប»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​បាន​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ខាង​រដ្ឋសភា និង​ក្រសួង​បរិស្ថាន ដែរ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​ឡើយ ហើយ​មិន​តែ​ប៉ុណ្ណោះ ពួក​គាត់​រៀបរាប់​ថា ក្រសួង​បរិស្ថាន ក៏​បាន​ដឹក​ពួក​គាត់​យក​ទៅ​ចាក់​ចោល​នៅ​លើ​គំនរ​សំរាម​ក្បែរ​វត្ត​សាមគ្គីរង្សី។ ពួក​គាត់​គ្មាន​អាហារ​បរិភោគ និង​ត្រូវ​ដេក​ផ្ទាល់​ដី និង​សំរាម ព្រម​ទាំង​មូស​ខាំ​យ៉ាង​ខ្លោចផ្សា​ពេញ​មួយ​យប់​ទៀត​ផង៖ «មក​ល្ងាច​មិញ គេ​ធ្វើ​បាប​ណាស់! គេ​យក​ទៅ​ចាក់​ចោល​លើ​គំនរ​សំរាម អត់​បាន​ដេក​មួយ​យប់​ទល់​ភ្លឺ ហើយ​អត់​បាយ​ហូប តែ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ឲ្យ​មី​ហូប​ម្នាក់​មួយ​កញ្ចប់ អត់​មាន​លុយ​ទិញ​បាយ​ហូប​ទេ លំបាក​ណាស់!»។

ក្នុង​ការ​តវ៉ា​នៅ​ថ្ងៃ​នេះ ពួក​គាត់​នាំ​គ្នា​លើក​បដា និង​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ ពួក​គាត់​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ដែរ​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ដោយ​អាជ្ញាធរ​រុញ​ច្រាន​ពួក​គាត់​ឲ្យ​ត្រឡប់​ថយ​ក្រោយ ហាម​មិន​ឲ្យ​ជួប​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី ប៉ុន្តែ​ពុំ​បាន​សម្រេច។ មក​ដល់​មុខ​ក្រសួង​រៀបចំ​ដែនដី ពួក​គាត់​ស្រែក​យំ និង​លុត​ជង្គង់​ថ្វាយ​បង្គំ​ក្រសួង​រៀបចំ​ដែនដី ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់ ដែល​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង​សម្រាប់​ចិញ្ចឹម​ជីវិត។ ពួក​គាត់​រៀបរាប់​ថា អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ជួយ​ពួក​គាត់​ទេ តែ​ថែម​ទាំង​ចោទ​ប្រកាន់​ផ្ដេសផ្ដាស និង​តាម​ជិះជាន់​ធ្វើ​បាប​លើ​ពួក​គាត់​បន្ថែម​ទៀត​ផង៖ «ទោះ​បី​ជា​គេ​ធ្វើ​បាប ចង់​កាប់ និង​ចង់​បាញ់​សម្លាប់​ចោល​ក៏ដោយ ក៏​មិន​រាថយ​ដែរ ប្ដេជ្ញា​បូជា​ជីវិត​ដើម្បី​បាន​ដី​ត្រឡប់​មក​វិញ​ទុក​សម្រាប់​កូន​ចៅ»។

ក្រោយ​ពី​អង្គុយ​ស្រែក​តវ៉ា តំណាង ៧​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​អគារ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី។

បន្ទាប់​ពី​ជួប​ពិភាក្សា​ប្រហែល​ពីរ​ម៉ោង អ្នក​តំណាង​ដែល​ចេញ​មក​វិញ គឺ​លោកស្រី ណុំ វណ្ណារី បាន​និយាយ​ថា ខាង​ក្រសួង​សន្យា​ជាមួយ​ពួក​គាត់​ថា នឹង​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ ១៥​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា ហេង ហ៊ុយ និង​ពលរដ្ឋ ១៤៧​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់។ លោកស្រី​បន្ថែម​ថា ខាង​ក្រសួង​នឹង​ផ្តល់​ដំណឹង​ជូន​ពលរដ្ឋ​វិញ​ក្នុង​រយៈពេល ៣​ថ្ងៃ​ខាង​មុខ​ទៀត បន្ទាប់​ពី​ក្រសួង​ណាត់​ជួប​ជជែក​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ៖ «ក្រសួង​គ្រោង​ជួប​ក្រុមហ៊ុន​ទាំង​ពីរ គឺ​ក្រុមហ៊ុន ហ៊ុយ ហេង និង​ក្រុមហ៊ុន លី យ៉ុងផាត់»។

ក្រៅ​តែ​ពី​សម្រែក​តវ៉ា​របស់​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង ក៏​មាន​សម្រែក​ទាមទារ​ដំណោះស្រាយ​ដីធ្លី​របស់​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ប្រមាណ​ជិត ១០០​នាក់​ដែរ​មក​ពី​ខេត្ត​ព្រះវិហារ។ អតីត​អ្នក​ភូមិ​ស្វាយជ្រុំ នៃ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត បាន​កាន់​បដា និង​ឈរ​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​ភូមិ​ចាស់​មក​ពួក​គេ​កាន់​កាប់​វិញ បន្ទាប់​ពី​អ្នក​ភូមិ​ទាំងនោះ ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បង្ខំ​ឲ្យ​ចាកចេញ ដោយ​ការ​ដោះដូរ​ដី​កន្លែង​ផ្សេង​ឲ្យ​រស់នៅ​រយៈពេល ៤​ឆ្នាំ​មក​ហើយ​គិត​តាំង​ពី​ឆ្នាំ​២០១២។ ពួក​គាត់​ថា សព្វថ្ងៃ ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង បន្ទាប់​ពី​ផ្ទះ​របស់​ពួក​គាត់ រួម​ទាំង​វត្ត​អារាម នៅ​ភូមិ​ស្វាយជ្រុំ នោះ ត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​វាយ​កម្ទេច។

ចំពោះ​ជម្លោះ​ដីធ្លី​នេះ ត្រូវ​បាន​ប្រធាន​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​៣៥ នៃ​ក្រសួង​រៀបចំ​ដែនដី លោក ហេង រ៉ាន់ សន្យា​ថា នឹង​ពិនិត្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ៖ «ក្រសួង​នៅ​តែ​មាន​ជំហរ​ដោះស្រាយ​រហូត យើង​មិន​ធ្វើ​ឲ្យ​ប្រជាជន​មក​ដាក់​ញត្តិ​នេះ​ខក​ចិត្ត​ទេ ព្រោះ​រដ្ឋមន្ត្រី​គាត់​មិន​ចង់​ឲ្យ​មាន​បាតុកម្ម​មក​ដល់​កន្លែង​នេះ​ទេ អ៊ីចឹង​អ្វី​ដែល​យើង​ដោះស្រាយ​នោះ ដោះស្រាយ​រហូត ទល់​តែ​ទី​បញ្ចប់​ទូទាំង​ប្រទេស»។

ការ​សន្យា​នេះ បាន​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ ស្ងប់​ចិត្ត​បន្តិច ហើយ​នាំ​គ្នា​ទះ​ដៃ​សាទរ​ដោយ​សង្ឃឹម​ថា ពួក​គាត់​អាច​នឹង​ទទួល​បាន​ដំណោះស្រាយ។

ចំណែក​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ ដែល​មក​ពី​សហគមន៍​ភ្នំ​បាត អ្នក​បុរីកីឡា និង​សហគមន៍​ថ្មគោល ជាដើម ក៏​មាន​វត្តមាន​ស្រែក​តវ៉ា​សុំ​ដំណោះស្រាយ​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី ដែរ ប៉ុន្តែ​ពួក​គាត់​មិន​ត្រូវ​បាន​ខាង​ក្រសួង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ឡើយ ដោយ​តម្រូវ​ឲ្យ​ពួក​គាត់​រង់ចាំ ហើយ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ខេត្ត​មុន។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នេះ​លើក​ឡើង​ថា ពួក​គាត់​នឹង​នៅ​តែ​បន្ត​តវ៉ា​ទៀត​ដោយ​មិន​រាថយ​ឡើយ ជាពិសេស​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង អះអាង​ថា ពួក​គាត់​នឹង​មិន​ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ដោយ​ពួក​គាត់​នឹង​បន្ត​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ដទៃ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​ថា បើ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​ទាំង​គ្មាន​ដោះស្រាយ​ដីធ្លី​នោះ គឺ​ពួក​គាត់​នឹង​ត្រូវ​ដាច់​ពោះ​ស្លាប់​ដូច​គ្នា ដោយសារ​គ្មាន​ដី​អាស្រ័យ​ផល និង​ទី​ជម្រក​ពិត​ប្រាកដ៕

អាជ្ញាធរ​មិន​ទាន់​មាន​ដំណឹង​ពី​ប៉ូលិស​ស្រុក​ស្អាង​បី​នាក់​ដែល​ព្រួត​វាយ​បុរស​ម្នាក់​ស្លាប់

ភរិយា​ជនរងគ្រោះ​ដែល​ស្លាប់ អ្នកស្រី ឃួន ស្រីមុំ (ស្ដាំ) និង​ជន​ដែល​រង​ការ​វាយ​ដំ ឈ្មោះ ទិត លាភ ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦។ RFA/Ou Banung



ទាំង​អាជ្ញាធរ​នគរបាល និង​មន្ត្រី​តុលាការ នៅ​តែ​មិន​ទាន់​មាន​ដំណឹង​ពី​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៣​នាក់ ដែល​រង​ការ​ចោទ​ថា បាន​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ឲ្យ​ស្លាប់​កាល​ពី​ខែ​តុលា នៅ​ឡើយ​ទេ។ រហូត​មក​ដល់​ពេល​នេះ ករណី​វាយ​សម្លាប់​នេះ មន្ត្រី​តុលាការ​អះអាង​ថា នៅ​បន្ត​នីតិវិធី​របស់​ខ្លួន។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក សំរឹទ្ធ វាសនា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា ខាង​លោក​បាន​បញ្ចប់​ការ​សាកសួរ​សាច់ញាតិ​ភាគី​ជន​រងគ្រោះ ដែល​ត្រូវ​នគរបាល​វាយ​សម្លាប់​នោះ​ហើយ៖ «មក​តែ​ខ្លួន​គាត់ គឺ​ប្រពន្ធ​អ្នក​ស្លាប់ ហើយ​អ្នក​ដែល​ត្រូវ​គេ​វាយ​ហ្នឹង ដែល​ជិះ​ជាមួយ​អ្នក​ស្លាប់​ឆ្លើយ​រួច​ហើយ។ សួរ​ហើយ»។

លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល ដែល​តាម​ស្វែងរក​នាយ​នគរបាល​ស្រុក​ស្អាង បី​នាក់ ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ឈ្មោះ ចំរើន សីហា ឲ្យ​ស្លាប់​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។

ទាក់ទង​នឹង​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៣​នាក់​នោះ ត្រូវ​បាន​អធិការ​នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល លោក សេង សុជាតិ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ដដែល​ថា ខាង​លោក​កំពុង​បន្ត​ស្វែងរក​នគរបាល ៣​រូប ដែល​កំពុង​គេច​ខ្លួន​នោះ។ លោក​បញ្ជាក់​ថា នគរបាល​ទាំងនោះ​មិន​បាន​ចូល​កន្លែង​ធ្វើ​ការ​ចាប់​តាំង​ថ្ងៃ​ទី​២២ ខែ​តុលា មក៖ «ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ និង​ស្ថានភាព​បែប​ណា ឯកឧត្ដម​ស្នងការ​ក៏​លោក​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​អនុវត្ត​តាម​វិធាន​ច្បាប់​ដែរ។ បុគ្គល​ណា​ប្រព្រឹត្ត​ខុស​ច្បាប់ បុគ្គល​នោះ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​ពេល​នេះ​អត់​ទាន់​ឃើញ​ចូល​មូលដ្ឋាន​ទេ ហើយ​ខ្ញុំ​បាន​ឲ្យ​កម្លាំង​ស៊ើប​មើល​ម្ដុំ​លំនៅឋាន​គាត់​ដែរ អត់​ឃើញ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ប្រពន្ធ​ជន​រងគ្រោះ​ឈ្មោះ ចំរើន សីហា បាន​ទេ នៅ​ថ្ងៃ​ទី​២១ ធ្នូ។ ម្ដាយ​ក្មេក​ជន​រងគ្រោះ​ដែល​ទទួល​ទូរស័ព្ទ​ថ្លែង​ថា កូន​របស់​លោកស្រី​កំពុង​នៅ​ខូច​ចិត្ត​ខ្លាំង​នៅ​ឡើយ។ លោកស្រី​ថ្លែង​ថា កូន​ប្រសា​របស់​លោកស្រី​ជា​មនុស្ស​ល្អ​ម្នាក់៖ «ស្ដាយ​ណាស់! កូន​ប្រសា​ខ្ញុំ​រក​អត់​បាន​ទេ។ មនុស្ស​ទៀង​ត្រង់ មនុស្ស​ដឹង​តែ​ធ្វើ​បុណ្យ​ទាន»។

កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ប្រពន្ធ​ជន​រងគ្រោះ គឺ​លោកស្រី ឃួន ស្រីមុំ មាន​ប្រសាសន៍​ថា លោកស្រី​ព្រម​ទទួល​យក​ទឹក​ប្រាក់ ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក តាម​រយៈ​មេធាវី​ចុង​ចោទ​ដែល​សង​ជា​សំណង​រដ្ឋប្បវេណី ដើម្បី​បញ្ចប់​រឿង​ក្ដី​នេះ។ លោកស្រី​ថា លោកស្រី​មិន​ចង់​បន្ត​រឿង​ក្ដី​នេះ​វែង​ឆ្ងាយ​ត​ទៅ​ទៀត​ទេ ហើយ​លោកស្រី​ក៏​មិន​មាន​មេធាវី​ដែរ។

លោកស្រី ឃួន ស្រីមុំ បញ្ជាក់​ថា ចំនួន​ទឹក​ប្រាក់​សំណង​នេះ​មិន​គ្រប់​តាម​ការ​ទាមទារ​ដំបូង​ទេ៖ «បាន​តែ​ជំងឺ​ចិត្ត​ខ្ញុំ​ទេ។ ពី​មុន​ខ្ញុំ​ទាមទារ ៦​ម៉ឺន ៥​ពាន់​ដុល្លារ។ គាត់​ហ៊ាន​ឲ្យ​ខ្ញុំ​តែ ២​ម៉ឺន​ហ្នឹង​ទេ។ ទាំងអស់​គ្នា»។

ទោះ​ជា​មាន​ការ​សង​សំណង​នេះ​ក៏ដោយ ក៏​ខាង​អ្នក​ច្បាប់ និង​តុលាការ នៅ​តែ​ចង់​បន្ត​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ស្វែងរក​ការ​ពិត​ក្នុង​បទ​ព្រហ្មទណ្ឌ​ដដែល ព្រោះ​សំណង​នោះ​គ្រាន់​តែ​ជា​ការ​ជួសជុល​ការ​ខូចខាត​ផ្នែក​រដ្ឋប្បវេណី​ប៉ុណ្ណោះ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា បុរស​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​តាខ្មៅ គឺ​ក្រោយ​ពេល​គេ​ចោទ​ថា នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ៣​នាក់ ព្រួត​គ្នា​វាយ។ អ្នក​ជិះ​ម៉ូតូ​ជាមួយ​អ្នក​ស្លាប់​ម្នាក់ គឺ​លោក ទិត្យ លាភ អាយុ ២២​ឆ្នាំ បាន​របួស​ធ្ងន់​ពី​ការ​វាយ​ដំ​នោះ​ដែរ។ បញ្ហា​នេះ​កើត​ចេញ​ពី​ជម្លោះ​ជិះ​ម៉ូតូ​ជែង​គ្នា​មួយ ហើយ​ត្រូវ​នគរបាល​ទាំងនោះ​ចោទ​បុរស​ទាំង​ពីរ​នាក់​ថា​ជា​ចោរ​ប្លន់។

នគរបាល​ដែល​ជាប់​ចោទ​នោះ​មាន​ឈ្មោះ ឆៃ ស៊ីណា ជា​នាយ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ស្រុក ឈ្មោះ ភក្ដី វិទូ ជា​អធិការ​រង​នគរបាល​ស្រុក និង ឃាង សុថេង ជា​នាយ​រង​នគរបាល​បច្ចេកទេស​ស្រុក៕

ប្រទេស​កូរ៉េ​ខាង​ត្បូង​ដាក់​ស្ថាន​កុងស៊ុល​លើក​ដំបូង​នៅ​ខេត្ត​សៀមរាប


មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង រួម​គ្នា​កាត់​ខ្សែ​បូ​បើក​សម្ពោធ​ស្ថាន​កុងស៊ុល​កូរ៉េ​ខាង​ត្បូង នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth


កូរ៉េ​ខាង​ត្បូង ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា រយៈពេល ២០​ឆ្នាំ​មក​ហើយ ចង់​បង្ហាញ​ថា មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​មិន​ថយ​ចុះ​ទេ គឺ​កាន់​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា​កាន់​តែ​ច្រើន​វិស័យ​ថែម​ទៀត។

ការ​មើល​ឃើញ​ចំណង​មិត្តភាព​ការទូត​ជាមួយ​កម្ពុជា កាន់​តែ​រីក​ចម្រើន​នេះ សាធារណរដ្ឋ​កូរ៉េ បាន​ឈាន​ដល់​ការ​ពង្រីក​ស្ថាន​កុងស៊ុល​នៅ​តាម​តំបន់ បន្ថែម​ពី​លើ​ស្ថានទូត​របស់​ខ្លួន​ដែល​កំពុង​តែ​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា ដែល​តំណាង​ឲ្យ​ក្រសួង​ការ​បរទេស​របស់​ខ្លួន បាន​ចូលរួម​ជា​អធិបតី​បើក​សម្ពោធ​ស្ថាន​កុងស៊ុល​នៅ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ល្បីល្បាញ​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែ​ធ្នូ។

មន្ត្រី​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ស្ថាន​កុងស៊ុល​ដំបូង​គេ​បំផុត ដែល​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ខេត្ត​ភាគ​ឧត្តរ​របស់​ប្រទេស​កម្ពុជា។

អគ្គ​កុងស៊ុល​កូរ៉េ ប្រចាំ​នៅ​ខេត្ត​សៀមរាប គឺ​លោក ប៉ាក សឹងឃ្យូ (Park Seung Gyoo)។ លោក​ថ្លែង​ក្នុង​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ស្ថាន​កុងស៊ុល នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែ​ធ្នូ ថា ចាប់​តាំង​ពី ២​ឆ្នាំ​មុន គឺ​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ជាច្រើន បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បើក​ស្ថាន​កុងស៊ុល​នៅ​ក្នុង​ខេត្ត​សៀមរាប។ លោក​ជឿជាក់​ថា ការ​បើក​ស្ថាន​កុងស៊ុល​ពេល​នេះ គឺ​ពិត​ជា​អាច​ជួយ​សម្របសម្រួល​បញ្ហា​នានា ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ចំពោះ​ជនជាតិ​កូរ៉េ ដែល​កំពុង​មក​រក​ស៊ី និង​ធ្វើ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ជនជាតិ​កូរ៉េ ដែល​រស់នៅ​ទីនេះ​ទាំងអស់ សូម​ព្យាយាម​រស់នៅ និង​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ខ្មែរ​ដោយ​អំពើ​ល្អ និង​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក»។

ចំណែក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​កម្ពុជា លោក គឹម វុន ជីន (Kim Weon Jin) ថ្លែង​ថា លោក​មាន​ជំនឿ​ថា ស្ថាន​កុងស៊ុល​ថ្មី​នេះ នឹង​ប្រឹងប្រែង​ធ្វើ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​នាំ​ទំនាក់ទំនង​រវាង​កម្ពុជា-កូរ៉េ​ខាង​ត្បូង ឲ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំងក្លា និង​វិសេសវិសាល​ថែម​ទៀត។ លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់​ថា រយៈពេល ២០​ឆ្នាំ​នៃ​ការទូត​កម្ពុជា-កូរ៉េ​ខាង​ត្បូង គឺ​មាន​ការ​រីក​ចម្រើន​រហូត​ដល់ ៣០០​ដង ផ្នែក​ការទូត និង​កិច្ច​សហប្រតិបត្តិការ ដែល​ជា​សញ្ញា​វិសេសវិសាល​សម្រាប់​យើង​ទាំងអស់​គ្នា។

ស្ថាន​កុងស៊ុល​របស់​កូរ៉េ​ខាង​ត្បូង ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប សម្រាប់​ជួយ​សម្របសម្រួល​ការងារ និង​ដោះស្រាយ​បញ្ហា​នានា​របស់​ជនជាតិ​កូរ៉េ ដែល​ស្នាក់នៅ​ក្នុង​ខេត្ត​ចំនួន​៦ របស់​កម្ពុជា មាន​ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ខ្មែរ លោក ឡុង វិសាលោ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ប្រឹងប្រែង​ធ្វើ​ការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​ស្ថាន​កុងស៊ុល​នៅ​ពេល​នេះ។ លោក ឡុង វិសាលោ ចាត់​ទុក​ថា វត្តមាន​ស្ថាន​កុងស៊ុល​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ខេត្ត​សៀមរាប ពេល​នេះ ពិត​ជា​មាន​សារសំខាន់​យ៉ាង​ខ្លាំង៖ «វា​មិន​ត្រឹម​តែ​ពង្រឹង​មិត្តភាព​កម្ពុជា-កូរ៉េ ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​ជា​ការ​ការពារ​ផល​ប្រយោជន៍​ជនជាតិ​កូរ៉េ ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ចូល​មក​ធ្វើ​ទេសចរណ៍ និង​រក​ស៊ី​នៅ​ក្នុង​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ»។

មន្ត្រី​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ប្រមាណ ៤០​ម៉ឺន​នាក់ បាន​មក​ទស្សនា​អង្គរវត្ត​ក្នុង​មួយ​ឆ្នាំៗ ហើយ​មាន​ប្រជាជន​កូរ៉េ​ប្រមាណ ២