Monday, January 9, 2017

កម្មករ​សំណង់​១១​នាក់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ជួយ​អន្តរាគមន៍​បើក​ប្រាក់​ឈ្នួល

                                                                                                                                                                កម្មករ​ចំនួន ១១​នាក់​ដែល​ធ្វើ​ការ​សំណង់​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​មួយ​នេះ ចេញ​ធ្វើ​អន្តរាគមន៍​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពួក​គាត់ បន្ទាប់​ពី​មេការ​ម៉ៅ​សំណង់​មិន​ព្រម​បើក​ប្រាក់​ថ្លៃ​ពលកម្ម​ជាច្រើន​ខែ។ កម្មករ​ទាំងនេះ​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​អំពាវនាវ​ដល់​អាជ្ញាធរ​នេះ ស្រប​ពេល​ពួក​គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​រឹត​តែ​ខ្លាំង និង​មិន​មាន​លុយ​សង​បំណុល។

អស់​រយៈពេល​ជាច្រើន​ខែ​ហើយ​ដែល​អ្នក​ម៉ៅការ​សំណង់​ឈ្មោះ សុ វិចិត្រ បាន​រក​លេស​មិន​បើក​ប្រាក់​ថ្លៃ​ពលកម្ម​ឲ្យ​កម្មករ​សំណង់​ចំនួន ១១​នាក់ ថ្វីត្បិតតែ​មក​ដល់​ពេល​នេះ កម្មករ​ទាំងនេះ​កំពុង​ប្រឈម​ការ​លំបាក​គ្មាន​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំង​ក្ដី។

ស្ត្រី​កម្មករ​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង លោកស្រី ហ៊ួន ជា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៨ មករា ថា លោកស្រី​បាន​មក​បម្រើ​ការ​ជា​កម្មករ​សំណង់​ជាមួយ​កូនៗ​ចាប់​ពី​ខែ​សីហា លុះ​ដល់​ខែ​វិច្ឆិកា ចំ​រដូវ​ភ្ជុំ​បិណ្ឌ លោកស្រី​បាន​ទៅ​សុំ​បើក​ប្រាក់​ថ្លៃ​ពលកម្ម ដើម្បី​ទៅ​លេង​ស្រុក​កំណើត ប៉ុន្តែ​ត្រូវ​បាន​អ្នក​ម៉ៅការ​ឈ្មោះ សុ វិចិត្រ សន្យា​ថា​នឹង​បើក​ប្រាក់​សរុប​ឲ្យ ប៉ុន្តែ​ក្រោយ​មក​បែរ​ជា​ឲ្យ​ខ្ចី​លុយ​ចំនួន ៣០​ម៉ឺន​រៀល​ទៅ​វិញ ហើយ​ដែល​ជា​ទឹក​ប្រាក់​ដែល​មិន​គ្រប់គ្រាន់​សម្រាប់​លោកស្រី​នាំ​កូនៗ​ទៅ​ធ្វើ​បុណ្យ​ក្នុង​រដូវ​ភ្ជុំ​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ៖ «ប្រាក់​ថ្លៃ​ឈ្នួល​មិន​ទាន់​ឲ្យ​ខ្ញុំ គឺ​មាន​ជាង ១​លាន​រៀល​ទៀត រីឯ​កូន​ខ្ញុំ​វិញ​ពីរ​នាក់​ប្ដី​ប្រពន្ធ គឺ​មាន​ជាង ២​លាន»។

លោកស្រី ហ៊ួន ជា បញ្ជាក់​ថា មូលហេតុ​នាំ​ឲ្យ​ពួក​គាត់​លើក​គ្នា​មក​ស៊ី​ឈ្នួល​ធ្វើ​សំណង់​នៅ​ទីក្រុង​បែប​នេះ ព្រោះ​តែ​គ្មាន​ចំណេះ​ដឹង និង​មិន​ដឹង​ថា​រក​អ្វី​ផ្សេង​ធ្វើ ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត ហើយ​អ្នក​ខ្លះ​មិន​មាន​ដី​ស្រែ ជាដើម។ រយៈពេល​កន្លង​មក លោកស្រី​ធ្លាប់​ទៅ​និយាយ​រឿង​ថ្លៃ​ឈ្នួល​ពលកម្ម​ជាមួយ​លោក សុ វិចិត្រ ប៉ុន្តែ​លោក សុ វិចិត្រ បាន​ឆ្លើយ​ឲ្យ​រង់ចាំ​ប៉ុណ្ណោះ។

លោកស្រី ហ៊ួន ជា បញ្ជាក់​ថា បច្ចុប្បន្ន​ក្រៅ​ពី​គ្មាន​លុយ​ទិញ​អង្ករ​ចិញ្ចឹម​ជីវិត លោកស្រី និង​កូនៗ​កំពុង​ពិបាក​ចិត្ត​រឿង​ជំពាក់​លុយ​ធនាគារ​ថែម​ទៀត។


បច្ចុប្បន្ន កម្មករ​ទាំង ១១​នាក់​ដែល​ទាមទារ​ប្រាក់​ថ្លៃ​ពលកម្ម​ទាំងនេះ​បញ្ជាក់​បន្ថែម​ថា ពួក​គាត់​កំពុង​ស្នាក់នៅ​ក្នុង​កន្លែង​កម្មករ​មួយ​កន្លែង​ស្ថិត​ក្បែរ​ក្រុមហ៊ុន​រតនា​ឧកញ៉ា​ម៉េង នៅ​សង្កាត់​សែនសុខ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ទូទាត់​ប្រាក់​ថ្លៃ​ពលកម្ម​ពី​អ្នក​ម៉ៅការ ប៉ុន្តែ​មក​ដល់​ពេល​នេះ ហាក់​ស្ងាត់​ឈឹង។ កម្មករ​អះអាង​ថា មេការ​ឈ្មោះ សុ វិចិត្រ គឺ​ជា​អ្នក​ម៉ៅការ​សាងសង់​វីឡា​ឯកជន។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អ្នក​ម៉ៅការ​ឈ្មោះ សុ វិចិត្រ បាន​ទេ​នៅ​ថ្ងៃ​ទី​៨ មករា ថ្វីត្បិតតែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល។

កម្មករ​សំណង់​ម្នាក់​ទៀត លោក ចាន់ សុខុន មក​ពី​ខេត្ត​បាត់ដំបង បញ្ជាក់​ថា អ្នក​ម៉ៅការ​សំណង់​បាន​ឲ្យ​ថ្លៃ​ឈ្នួល​លោក​មួយ​ថ្ងៃ​ប្រហែល ៤​ម៉ឺន​រៀល​សម្រាប់​អ្នក​ដែល​អាច​រៀប​ឥដ្ឋ ឬ​បូក​ជញ្ជាំង ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ដើម្បី​ផ្ញើ​ទៅ​គ្រួសារ​នៅ​ឯ​ស្រុក​ឡើយ ស្រប​ពេល​ប្រពន្ធ​ចោទ​ថា​លោក​កំពុង​ផិត​ក្បត់​នៅ​ពេល​មិន​ឃើញ​មាន​ប្រាក់​ផ្ញើ​ទៅ​ឲ្យ៖ «មេការ​បញ្ជាក់​ថា រង់ចាំ​សិន​ទៅ ទម្រាំ​គាត់​ដក​បាន ដក​ឯណា​ទៀត បើ​គាត់​ដក​អស់​ហើយ​ហ្នឹង ព្រោះ​ខ្ញុំ​បាន​ទៅ​សួរ​ម្ចាស់​ផ្ទះ»។

កម្មករ​រូប​នេះ​អះអាង​បន្ត​ថា ខាង​កម្មករ​ទាំង ១១​នាក់​ហាក់​អស់​សង្ឃឹម ដោយសារ​កន្លង​មក ការ​ពឹងពាក់​ឲ្យ​អាជ្ញាធរ​ក្នុង​ខណ្ឌ និង​សង្កាត់​សែនសុខ ជួយ​រក​អន្តរាគមន៍ ប៉ុន្តែ​អាជ្ញាធរ​ហាក់​ព្រងើយ​កន្តើយ។ ទោះ​បី​ជា​យ៉ាង​ណា កម្មករ​ចំណាក​ស្រុក​ទាំងនេះ​បញ្ជាក់​ថា មាន​តែ​អាជ្ញាធរ​ទេ​ដែល​អាច​ជួយ​ពួក​គាត់ ដើម្បី​ដោះស្រាយ​ភាព​លំបាក​នៅ​ពេល​នេះ​បាន។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ខណ្ឌ​សែនសុខ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៨ មករា។

សៀវភៅ​កម្រង​ទស្សនៈ​សង្គម និង​នយោបាយ​របស់​លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា ជំរឿន​ពលរដ្ឋ​ឆ្នាំ​២០០៨ និង​ពាក់​កណ្ដាល​ជំរឿន​ឆ្នាំ​២០១៣ បង្ហាញ​ថា យុវជន ១៨,១​ភាគរយ បាន​ធ្វើ​ការងារ​ជា​កម្មករ​នៃ​ចំនួន​យុវជន​សរុប។ សៀវភៅ​នេះ​បន្ត​ថា យុវជន​ភាគច្រើន​ធ្វើ​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មិន​បាន​អនុវត្ត​ច្បាប់​ការងារ និង​មិន​មាន​សហជីព​គាំទ្រ គឺ​មាន​តែ ៣,៥​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​សហជីព។ ជា​រួម យុវជន​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ និង​អត់​ការងារ​ធ្វើ។

ថ្វីត្បិតតែ​អាជ្ញាធរ​ព្រងើយ​កន្តើយ​បែប​ណា​ក្ដី ក៏​កម្មករ​ទាំង ១១​នាក់​ដែល​ទាមទារ​ប្រាក់​ថ្លៃ​ឈ្នួល​ពលកម្ម​នេះ នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែនសុខ ឬ​លោក​នាយក​រដ្ឋមន្ត្រី​តែ​ម្ដង នៅ​ពេល​ដឹង​រឿង​នេះ គួរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ផល​លំបាក​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ផង និង​មិន​ត្រូវ​ទុក​ឲ្យ​ពួក​គាត់​ជា​ពលរដ្ឋ​សាមញ្ញ​បន្ត​រង​ភាព​អយុត្តិធម៌​បែប​នេះ​ទៀត​ទេ៕

កម្ពុជា​នាំ​ចេញ​អង្ករ​មាន​កំណើន​តិចតួច​នៅ​ឆ្នាំ​២០១៦​ខណៈ​ចិន​ជា​ទីផ្សារ​ទី​១

                                                                                                                                                                ទិន្នន័យ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ពេញ​មួយ​ឆ្នាំ​២០១៦ ការ​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​កំណើន​តិចតួច បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៥។ អ្នក​ជំនាញ​វិស័យ​ស្រូវ​អង្ករ ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​ដល់​កសិករ និង​អ្នក​នាំ​ចេញ​បន្ថែម​ទៀត ដើម្បី​សម្រេច​គោលដៅ​នាំ​ចេញ​ឲ្យ​បាន ១​លាន​តោន។

ការ​នាំ​អង្ករ​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៥៤​ម៉ឺន​តោន (៥៤២.១៤៤​តោន) ឬ​កំណើន ០,៧០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ (៥៣៨.៣៩៦​តោន)។

អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក ហ៊ាន វណ្ណហន ពន្យល់​ថា តួលេខ​នៃ​ការ​កើន​ឡើង​តិចតួច​នេះ ប្រាប់​ឲ្យ​ដឹង​ថា វិស័យ​នេះ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់។

ទោះ​បី​ជា​យ៉ាង​ណា លោក វណ្ណហន មើល​ឃើញ​ថា និន្នាការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​២០១៦ កើត​ឡើង​លើ​ទីផ្សារ​អង្ករ​អន្តរជាតិ ដោយ​តម្លៃ​អង្ករ​ចុះ​ថោក។ លោក​ថា វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា ខណៈ​កម្ពុជា មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់។ សមត្ថភាព​ដែល​លោក វណ្ណហន ថ្លែង គឺ​សំដៅ​លើ​កង្វះ​ទុន និង​ការ​គ្រប់គ្រង​របស់​អ្នក​នាំ​ចេញ និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ។

លោក​បន្ថែម​ថា យុទ្ធសាស្ត្រ​នៃ​គោល​នយោបាយ​ឆ្នាំ​២០១០ របស់​រដ្ឋាភិបាល ដែល​ប្ដេជ្ញា​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​នោះ កំពុង​កែ​សម្រួល ហើយ​លោក​ចង់​ឲ្យ​ការ​កែ​សម្រួល​នេះ​ឆាប់​ចប់៖ «មក​ដល់​ពេល​នេះ យើង​មិន​ទាន់​បាន​ឃើញ​ថា តើ​គោល​នយោបាយ​ដែល​បាន​កែ​ហើយ បាន​អនុម័ត​នៅ​ឡើយ​ទេ។ អ៊ីចឹង​ចាំបាច់​ណាស់ គួរ​តែ​រូតរះ​ដើម្បី​បង្ហើយ​នូវ​ការ​កែ ពិនិត្យ​សម្រួល​នូវ​គោល​នយោបាយ​នេះ។ បើ​មិន​អ៊ីចឹង​ទេ យើង​ពិបាក​ទទួល​បាន​គោល​បំណង ១​លាន​តោន​នេះ»។

ប្រទេស​ចិន ជា​ទិសដៅ​នាំ​ចេញ​ធំ​ជាង​គេ (១២៧.៤៦០​តោន)។ បន្ទាប់​មក​មាន​បារាំង (៧៨.៣២៩​តោន) ប៉ូឡូញ (៦៤.០៣៥​តោន) សម្រាប់​ទិសដៅ​នៅ​ទ្វីប​អឺរ៉ុប។ ចំណែក​នៅ​អាស៊ាន​វិញ ម៉ាឡេស៊ី ជា​អតិថិជន​លំដាប់​ទី​១ ដែល​កម្ពុជា នាំ​ចេញ​អង្ករ​ទៅ​ផ្គត់ផ្គង់​ចំនួន​ជិត ៣៩​ម៉ឺន​តោន (៣៨.៨៧៧​តោន)។
ថ្មីៗ​នេះ ប្រទេស​ចិន ប្រកាស​ថា​នឹង​ទទួល​យក​អង្ករ​កម្ពុជា ចំនួន ២០​ម៉ឺន​តោន​សម្រាប់​ឆ្នាំ​២០១៧។

ក្រៅ​ពី​បង្កើន​ចំនួន​កូតា​ទៅ​ប្រទេស​ចិន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា ក្រសួង​ពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ នឹង​ចុះ​កិច្ចព្រមព្រៀង​នាំ​ចេញ​អង្ករ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ចំនួន ១០​ម៉ឺន​តោន ប្រទេស​ហ្វីលីពីន ចំនួន ១០​ម៉ឺន​តោន ប្រទេស​វៀតណាម ប្រមាណ​ជិត ៤០​ម៉ឺន​តោន និង​ប្រទេស​ទីម័រ​ខាង​កើត​ប្រមាណ ២០​ម៉ឺន​តោន សម្រាប់​នាំ​ចេញ​នៅ​ឆ្នាំ​២០១៧ នេះ។

អង្ករ​ដែល​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​អង្ករ​ម្លិះ អង្ករ​រំដួល អង្ករ​សូម៉ាលី អង្ករ​សរីរាង្គ ជាដើម។ សម្រាប់​វិស័យ​ស្រូវ​អង្ករ​ឆ្នាំ​២០១៦ កសិករ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ចាក់​ស្រូវ​ចោល​នៅ​លើ​ផ្លូវ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក បន្ទាប់​ពី​ស្រូវ​លក់​មិន​បាន ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ចំណែក​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន ត្អូញត្អែរ​ពី​ការ​ខ្វះ​ទុន​ដើម្បី​ទិញ​ស្រូវ​កិន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

អ្នក​ឃ្លាំ​មើល​វិស័យ​ស្រូវ​អង្ករ​ខ្លះ​បាន​អះអាង​ថា ការ​ហូរ​ចូល​ស្រូវ​អង្ករ​ពី​ប្រទេស​ជិត​ខាង ក៏​រង្គោះរង្គើ​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា។

បញ្ហា​ខ្វះ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​ស្រូវ ក៏​ជា​ឧបសគ្គ​រារាំង​ដល់​ការ​នាំ​អង្ករ​ចេញ។

រដ្ឋាភិបាល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​សម្រេច​បង្កើត​គម្រោង​វិនិយោគ​តម្លៃ ១០​លាន​ដុល្លារ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​បង្កើត​ឃ្លាំង​ដែល​មាន​លទ្ធភាព​ស្តុក​ស្រូវ ២០​ម៉ឺន​តោន និង​ឡ​សម្ងួត ៣​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ​នៅ​ខេត្ត​បាត់ដំបង។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម លោក យ៉ង សាំងកុមារ យល់​ថា តម្លៃ​អង្ករ​កម្ពុជា ថ្លៃ​ជាង​ប្រទេស​ជិត​ខាង ដែល​លំបាក​ប្រកួត​ប្រជែង​លើ​ទីផ្សារ ដោយសារ​ថ្លៃ​ដឹក​ជញ្ជូន និង​អគ្គិសនី​ថ្លៃ​ខ្ពស់ ហើយ​រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​ធារាសាស្ត្រ ស្ដារ​ប្រឡាយ​ទឹក​ឡើង​វិញ ព្រម​ទាំង​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​នៅ​តំបន់​ណា​ដែល​មិន​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ដើម្បី​ធានា​ថា​មាន​ស្រូវ​គ្រប់គ្រាន់​សម្រាប់​កិន​នាំ​ចេញ។

រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ជោគជ័យ៕

ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៣៧​​ទាមទារ​សំណង


                                                                                                                                                             ប្រជាពលរដ្ឋ​ប្រមាណ ១៥​នាក់ តំណាង​ឲ្យ​ជាង ៥០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មករា បន្ត​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ធ្វើ​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់។

ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​សំណង​ផល​ប៉ះពាល់​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ជា​លើក​ទី​៣៧ ហើយ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​នៅ​ឡើយ។

តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់ លោក សែន សុផុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មករា ថា ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ហាក់​អស់​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ ដែល​គេច​យក​រួច​ខ្លួន​មិន​ព្រម​ចេញ​មក​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់​ចំនួន​ជាង ៥០​គ្រួសារ​នោះ។

លោក​បន្ថែម​ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា ដោយសារ​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​ជិត​ដល់​ទីតាំង​ដែល​ពួក​គាត់​រស់នៅ​ក្នុង​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ហើយ តែ​ពុំ​ទាន់​ទទួល​បាន​សំណង​បន្តិច​ណា​ពី​អាជ្ញាធរ​នៅ​ឡើយ។ លោក​បន្ត​ថា ពួក​គាត់​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​នៅ​ពេល​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​ប៉ះ​ចំ​ផ្ទះ និង​ដី ធ្វើ​ឲ្យ​មិន​អាច​រស់នៅ​បន្ត​ទៀត​បាន៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​អត់​មាន​ដី​នៅ ហើយ​មិន​ដឹង​ទៅ​រស់នៅ​កន្លែង​ណា តែ​អាជ្ញាធរ​ក្រុង​គាត់​ជា​អាណាព្យាបាល​របស់​ពួក​គាត់ តែ​បែរ​ជា​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ តើ​ឲ្យ​ខ្ញុំ​ទៅ​រំពឹង​អ្នក​ណា? ខ្ញុំ​តូច​ចិត្ត​ណាស់ ដែល​ខ្លួន​ខ្ញុំ​មិន​ស្មើ​នឹង​ជន​អន្តោប្រវេសន៍​មក​រស់នៅ​លើ​ទឹក​ដី​ខ្មែរ គេ​មាន​ដី​ស្នាក់នៅ»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៩ មករា។ ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ។ ម្យ៉ាង​ទៀត​លោក​អះអាង​ថា ក្រុម​អ្នក​តវ៉ា​ពុំ​បាន​ស្ថិត​នៅ​ក្នុង​គម្រោង​ប៉ះពាល់​ដែល​ត្រូវ​ដោះស្រាយ​សំណង​ជូន​នោះ​ទេ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន កត់​សម្គាល់​ថា ក្រុម​អ្នក​តវ៉ា​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់។ លោក​បន្ថែម​ថា ផល​ប៉ះពាល់​សំខាន់​របស់​ប្រជាពលរដ្ឋ គឺ​ពួក​គាត់​រស់នៅ​គ្មាន​សុវត្ថិភាព នៅ​ពេល​ដែល​ផ្លូវ​រថភ្លើង​ដំណើរ​ការ ដូចជា​ការ​រំខាន​ដោយ​សំឡេង និង​គ្មាន​ច្រក​ចេញ​ចូល​ទៅ​ផ្ទះ​របស់​ពួក​គាត់ ជាដើម៖ «កន្លង​មក​នេះ យើង​មើល​ឃើញ​ថា ប្រហែល​ជា​អាជ្ញាធរ​គាត់​គិត​ថា​ប្រជាពលរដ្ឋ​តវ៉ា​ដដែលៗ​ច្រើន​លើក​មក​ហើយ បាន​ជា​គាត់​មិន​ចាប់​អារម្មណ៍។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ នេះ​ជា​បញ្ហា​ដែល​យូរ ឬ​ឆាប់​ក៏​មិន​អាច​គេចវេះ​មិន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ដែរ»។

ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ។ ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​ទៅ​វិញ បន្ទាប់​ពី​ពួក​គាត់​សម្ដែង​មតិ​នៅ​មុខ​សាលា​ក្រុង​ប្រមាណ ១​ម៉ោង​កន្លះ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ម្នាក់​ចេញ​ទៅ​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​ឡើយ។

នេះ​ជា​លើក​ទី​៣៧ ហើយ​ដែល​ពួក​គាត់​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ តែ​ពុំ​ទទួល​បាន​លទ្ធផល ហើយ​ពួក​គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពួក​គាត់​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ដែល​អាច​ទទួល​យក​បាន​ទេ នោះ​ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

ពលរដ្ឋ​១​គ្រួសារ​នៅ​ខេត្ត​ស្វាយរៀង​ថា​វៀតណាម​មិន​ឲ្យ​បន្ត​ធ្វើ​ស្រែ​លើ​ដី​ពួក​គាត់v


ត្រាក់ទ័រ​របស់​ជនជាតិ​វៀតណាម កំពុង​ភ្ជួរ​ដី​ស្រែ​ដែល​ជួល​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន ឋិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​តែងម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​វៀតណាម ជាច្រើន​នាក់​បាន​ចូល​មក​ហាមឃាត់​ពួក​គាត់​មិន​ឲ្យ​បង្កបង្កើនផល​ស្រូវ​លើ​ដី​ស្រែ​ពួក​គាត់ និង​បាន​រឹប​អូស​យក​ពូជ​ស្រូវ​ពួក​គាត់​ថែម​ទៀត។ ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​នេះ​បន្ត​ថា ដី​ស្រែ​នោះ គឺ​ពួក​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​តាំង​ពី​ឆ្នាំ​១៩៩៣ តែ​បែរ​ជា​នៅ​ឆ្នាំ​២០១៧ គឺ​អាជ្ញាធរ​វៀតណាម បាន​ចូល​មក​ហាមឃាត់​ទៅ​វិញ។

អាជ្ញាធរ​ប្រដាប់​អាវុធ​វៀតណាម ប្រមាណ ២០​នាក់ បាន​ចូល​មក​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​តែងម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង មិន​ឲ្យ​បន្ត​សាបព្រោះ​ស្រូវ​លើ​ដី​ស្រែ​ពួក​គាត់ ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​នេះ​អះអាង​ថា ដី​ស្រែ​នោះ គឺ​កាន់​កាប់​មុន​ឆ្នាំ​១៩៩៣ និង​ចាប់​ផ្ដើម​បង្កបង្កើនផល​លើ​ដី​ស្រែ​នេះ​ចាប់​ពី​ឆ្នាំ​១៩៩៣ មក។

ពលរដ្ឋ​ម្ចាស់​ដី​ស្ថិត​ក្នុង​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា លោកស្រី កែវ សានា អះអាង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ មករា ថា នៅ​ឆ្នាំ​២០០៩ ភាគី​ខ្មែរ-វៀតណាម បាន​សម្រេច​បោះ​បង្គោល​លេខ​១៩៨ ហើយ​បង្គោល​នេះ គឺ​ចូល​ដី​ស្រែ​លោកស្រី​ប្រហែល ២០​ម៉ែត្រ តែ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា ពលរដ្ឋ​ទាំង​សង​ខាង គឺ​អាច​បន្ត​ធ្វើ​ស្រែ​បាន​ដូច​ដើម​តាម​ទម្លាប់ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៧ គឺ​អាជ្ញាធរ​វៀតណាម ប្រដាប់​ដោយ​អាវុធ បែរ​ជា​ចូល​មក​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ទៅ​វិញ ស្រប​ពេល​លោកស្រី​បាន​ភ្ជួរ​រាស់ និង​សាបព្រោះ​បាន​ជាង ៦០​ភាគរយ​ទៅ​ហើយ​ក្ដី៖ «ថ្វីត្បិត​គេ​បោះ​បង្គោល​ចូល​ក៏ដោយ ក៏​ខ្ញុំ​នៅ​តែ​ធ្វើ​រហូត តែ​ឥឡូវ​លែង​ឲ្យ​ធ្វើ​ហើយ ថែម​ទាំង​ប្រុង​វាយ​កូន​ស្រី​ខ្ញុំ​ទៀត»។

ម្ចាស់​ដី​ស្រែ​រូប​នេះ​បញ្ជាក់​ថា ដី​ស្រែ​ទាំង ៣​ហិកតារ​របស់​លោកស្រី គឺ​មាន​ប្លង់​ដី​ត្រឹមត្រូវ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​សាលា​ស្រុក​ចន្ទ្រា។

បន្ទាប់​ពី​ឃើញ​អាជ្ញាធរ​វៀតណាម បាន​ចូល​មក​ហាមឃាត់​ពលរដ្ឋ​ខ្លួន​បែប​នេះ ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ដី​អះអាង​ថា អាជ្ញាធរ​យាម​ព្រំដែន​ខ្មែរ​ក៏​បាន​ទៅ​ចរចា​ជាមួយ​អាជ្ញាធរ​វៀតណាម ដែរ និង​ក្រោយ​ពី​ការ​ចរចា​គ្នា គឺ​អាជ្ញាធរ​វៀតណាម ស្នើ​ឲ្យ​ផ្អាក​មួយ​រយៈពេល​សិន និង​រង់ចាំ​ការ​បោះឆ្នោត​ជាតិ​ចប់​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។


ប្ដី​លោកស្រី កែវ សានា ដែល​ជា​មន្ត្រី​រាជការ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា វា​គឺ​ជា​រឿង​គួរ​ឲ្យ​ឆ្ងល់ ស្រប​ពេល​ដី​ស្រែ​ពួក​គាត់​នៅ​ជាប់​បង្គោល​ព្រំដែន​លេខ​១៩៨ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​តាម​ទម្លាប់ តែ​បែរ​ជា​អាជ្ញាធរ​វៀតណាម ចូល​មក​ហាមឃាត់​ទៅ​វិញ ផ្ទុយ​ស្រឡះ​ពី​ពលរដ្ឋ​វៀតណាម ដែល​មាន​ដី​ស្រែ​ជាប់​ព្រំដែន​ដែរ គេ​អាច​ធ្វើ​ស្រែ​តាម​ទម្លាប់​ធម្មតា និង​មិន​មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​ខ្មែរ ឬ​វៀតណាម ឡើយ។ លោក​បន្ត​ថា ថ្វីត្បិតតែ​មាន​ការ​ស្នើសុំ​ផ្អាក​ពី​អាជ្ញាធរ​ព្រំដែន​វៀតណាម បែប​នេះ​ក្ដី ក៏​លោក​នឹង​បន្ត​ធ្វើ​ស្រែ​លើ​ដី​នោះ​ដដែល៖ «ដី​ហ្នឹង​គឺ​មាន ៣​ហិកតារ ហើយ​បើ​ទោះ​ជា​វៀតណាម ហាម​មិន​ឲ្យ​ធ្វើ​ក្ដី ក៏​គ្រួសារ​ខ្ញុំ​នៅ​តែ​ធ្វើ​ដែរ ព្រោះ​ជា​ដី​ខ្ញុំ​គ្រប់គ្រង​យូរ​ឆ្នាំ​ហើយ»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បាន​ប្រាប់​អាស៊ីសេរី​ថា តាម​គោលការណ៍ គឺ​មិន​ត្រូវ​ហាមឃាត់​ពលរដ្ឋ​ដែល​មាន​ទម្លាប់​ធ្វើ​ស្រែ​តាំង​ពី​ដើម​មក​ឡើយ។ ជាមួយ​គ្នា​នោះ លោក​ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ក្រុម​ការងារ​នៅ​ខេត្ត​ស្វាយរៀង នៅ​ឡើយ​ទេ»។

លោក វ៉ា គឹមហុង បន្ថែម​ថា លោក​នឹង​ឲ្យ​មន្ត្រី​ព្រំដែន​ចុះ​ទៅ​មើល​អំពី​មូលហេតុ​ដែល​វៀតណាម ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ធ្វើ​ស្រែ​បែប​នេះ។

ជាមួយ​គ្នា​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ខ្មែរ-វៀតណាម នៅ​ស្រុក​ចន្ទ្រា លោក គឹម សុខ បញ្ជាក់​ថា ប្រទេស​វៀតណាម តែងតែ​រៀបចំ​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​យ៉ាង​ណា​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​បន្តិច​ម្ដងៗ​នៅ​តាម​តំបន់​ព្រំដែន៖ «បោះ​បង្គោល​តម្រុយ​ចូល ជីក​ស្រះ​ចូល កសាង​អគារ​ចូល និង​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត ហើយ​គ្មាន​ប្រតិកម្ម​ខ្លាំងក្លា​ទេ គេ​យក​តែ​ម្ដង និង​ឈប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ធ្វើ​ស្រែ​លើ​ដី​គាត់​តែ​ម្ដង»។

លោក គឹម សុខ បន្ត​ថា ដើម្បី​ការពារ​ដី​ស្រែ​របស់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​កុំ​ឲ្យ​បាត់បង់​ទៅ​ប្រទេស​វៀតណាម ត​ទៅ​ទៀត គឺ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​តែ​មាន​ស្មារតី​ពិត​ប្រាកដ ដើម្បី​អនុវត្ត​ទៅ​តាម​ផែនទី ហើយ​ក្នុង​ករណី​ខ្លះ រដ្ឋាភិបាល​ក៏​អាច​ពឹង​បរទេស​ឲ្យ​មក​សង្កេត​នៅ​តាម​ព្រំដែន​ក៏​ថា​បាន៕

អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ជួយ​ពលករ​ខ្មែរ​ពីរ​នាក់​មក​កម្ពុជា​វិញ

                                                                                                                                                                           អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី ឲ្យ​ដឹង​ថា អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ជួយ​ពលករ​ខ្មែរ​ចំនួន​ពីរ​ករណី។

លោក ជុំ សុន្ទរី ឲ្យ​ដឹង​តាម​លិខិត​នៅ​ថ្ងៃ​ទី​៩ មករា ថា ករណី​ទី​១ អគ្គ​កុងស៊ុល​ខ្មែរ​បាន​បញ្ជូន​ពលករ​ខ្មែរ​ពីរ​នាក់​មក​ស្រុក​កំណើត​វិញ​នៅ​ខែត្រ​បាត់ដំបង និង​ខែត្រ​បន្ទាយមានជ័យ ព្រោះ​ថា​ពលករ​ទាំង​ពីរ​នាក់​ត្រូវ​បាន​មេ​ខ្យល់​ល្បួង​ឲ្យ​មក​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ក្រុង​បាងកក ដោយ​គេ​សន្យា​ថា នឹង​ឲ្យ​ប្រាក់​ឈ្នួល ៣០០​បាត​ក្នុង​មួយ​ថ្ងៃ តែ​ជាក់ស្ដែង​ធ្វើ​ការ ១​ខែ​ដំបូង គេ​បើក​ប្រាក់​ឈ្នួល​ឲ្យ​តែ ២៧០​បាត​ទេ​ក្នុង​មួយ​ថ្ងៃ។

ចាប់​ពី​ខែ​បន្ទាប់ គេ​មិន​បើក​ប្រាក់​ឈ្នួល​ជូន​ពលករ​ទាំង​ពីរ​នាក់​នេះ​ទេ ក្រោយ​មក​ពួក​គាត់​ទាំង​ពីរ​រត់​ចេញ​ទៅ​សុំ​ជ្រក​កោន​នៅ​វត្ត​មួយ​ក្នុង​ក្រុង​បាងកក ហើយ​ត្រូវ​បាន​ព្រះសង្ឃ​ថៃ ជួយ​បញ្ជូន​តាម​តាក់ស៊ី​មក​ស្ថានទូត​ខ្មែរ។ បន្ទាប់​មក ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំ​នៅ​ខែត្រ​ស្រះកែវ ជួយ​បញ្ជូន​ពលករ​ទាំង​ពីរ​ត្រឡប់​មក​កម្ពុជា វិញ​កាល​ពី​ថ្ងៃ​ទី​៤ មករា។

ករណី​ទី​២ ស្ថានទូត​បាន​ទទួល​ព័ត៌មាន​ថា នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦ ពលករ​អាយុ ២៤​ឆ្នាំ​មក​ពី​ស្រុក​កំពង់ត្រាច ខែត្រ​កំពត ធ្វើ​ការ​ផ្នែក​នេសាទ​នៅ​ខែត្រ​ត្រាត ក្រោយ​មក​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​បាងកក ត្រូវ​បាន​ពលករ​ថៃ ព្រួត​វាយ និង​កាប់​ឲ្យ​របួស​ធ្ងន់។ ស្ថានទូត​បាន​ចាត់​តំណាង​ទៅ​សួរ​សុខ​ទុក្ខ​ពលករ​រងគ្រោះ​នៅ​មន្ទីរពេទ្យ​រ៉ាចវិធី។ ថ្លៃ​ព្យាបាល​បី​ថ្ងៃ​អស់​ចំនួន ៣​សែន ១​ពាន់​បាត ជន​រងគ្រោះ​មាន​លុយ​តែ ១​ម៉ឺន ២ពាន់​បាត ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ថៅកែ​ភោជនីយដ្ឋាន​ឲ្យ​ជួយ​ចេញ​ថ្លៃ​ព្យាបាល​បង្គ្រប់។ នៅ​ថ្ងៃ​ទី​៤ មករា សាច់ញាតិ​ជន​រងគ្រោះ​បាន​នាំ​ទៅ​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខែត្រ​ច័ន្ទបុរី វិញ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ព្យាបាល និង​គ្រោង​វិល​ត្រឡប់​មក​កម្ពុជា ក្រោយ​ពី​បាន​ជាសះស្បើយ៕

លោក កឹម សុខា ប្តេជ្ញា​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​ កែម ឡី

                                                                                                                                                              តាកែវៈ ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា មាន​ឱកាស​បាន​​ទៅ​​គោរព​វិញ្ញណក្ខន្ធ​លោក​ បណ្ឌិត ​កែម ឡី នៅឯ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ​ចាប់​តាំងពី​ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​ទាំង​កណ្តាល​​ថ្ងៃ​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា​ឆ្នាំ​មុន​ជាមួយ​នឹង​ការ​ប្តេជ្ញា​ថា ​នឹង​បន្ត​ស្វែងរក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​អ្នក​វិភាគ​ល្បី​ឈ្មោះ​រូប​នេះ​ ខណៈ​មតិ​សាធារណជន​ជាច្រើន​ និង​ក្រុម​គ្រួសារ​មិន​មាន​​ជំនឿ​លើ​​តុលាការ និង​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ឃាតករ​ពិត​នៅ​ពី​ក្រោយ​​អំពើ​ឃាតកម្ម​ដ៏ព្រៃផ្សៃ​នេះ​។

លោក កឹម សុខា បាន​សរសេរ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​រប​ស់​លោក​កាលពី​ថ្ងៃ​សៅរ៍​ថា​ជា​លើក​ដំបូង​ដែល​លោក​បាន​មក​​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ​ផ្ទាល់​នៅ​ផ្នូរ​របស់​លោក​នៅឯ​​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

លោក​បន្ត​ថា៖ «សូម​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី បាន​ទៅ​ដល់​ឋាន​សុគតិភព​ហើយ​យើង​ខ្ញុំ​នៅ​តែ​បន្ដ​ស្វែងរក​យុត្ដិធម៌​ជូន​លោក​បណ្ឌិត ទោះបី​ពេល​នេះ​មិន​ទាន់​មាន​ពន្លឺ​ក៏ដោយ ក៏​យើង​ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​ក្រោយ​លោក​បណ្ឌិត​នឹង​ទទួល​បាន​យុត្ដិធម៌​ពិត»។

បើ​តាម​ លោក​ កឹម​ សុខា លោក​ធ្លាប់​បាន​ពិភាក្សា​​​​ជាមួយ​លោក កែម ឡី ពី​បញ្ហា​ប្រទេស​ជាតិ​មួយ​ចំនួន​។ «ខ្ញុំ​​នៅ​​ចងចាំ​ជានិច្ច​នូវ​អ្វី​ដែល​យើង​ធ្លាប់​បាន​ពិភាក្សា​គ្នា​កន្លង​មក​អំពី​បញ្ហា​ប្រទេស​ជាតិ បញ្ហា​សង្គម និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ជាពិសេស​ចុងក្រោយ​នេះ​យើង​បាន​ជួប​គ្នា និង​ប្រើ​ពេល​យ៉ាង​យូរ​ពិភាក្សា​គ្នា​លើ​គោលនយោបាយ​វិមជ្ឈការ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​ ២០១៧​។ លើស​ពី​នេះ​លោក​បណ្ឌិត​បាន​ផ្ដល់​យោបល់​មក​ខ្ញុំ​ថា​ដើម្បី​វិមជ្ឈការ​អំណាច​ជូន​ដល់​ប្រជាពលរដ្ឋ​គឺ​យើង​ត្រូវ​ធ្វើ​វិមជ្ឈការ​ថវិកា វិមជ្ឈការ​ធនធាន​មនុស្ស និង​វិមជ្ឈការ​សេវា​សាធារណៈ»។

លោក កែម រិទ្ធីសិទ្ធិ ត្រូវ​ជា​ប្អូនប្រុស​លោក កែម ឡី ដែល​បាន​ទទួល​ស្វាគមន៍​លោក កឹម សុខា ចូល​គោរព​វិញ្ញាណក្ខន្ធ​បាន​ថ្លែង​ថា​លោក​សម្តែង​ការ​សប្បាយ​ចិត្ត​នៅ​ពេល​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​បាន​ចុះ​មក​គោរពវិញ្ញាណក្ខន្ធ​ដោយ​ផ្ទាល់​ហើយ​បាន​សន្យា​ថា​នឹង​ស្វែងរក​យុត្តិធម៌​ឱ្យ​បងប្រុស​របស់​លោក​។
លោក​ថា៖ «គាត់​បាន​មក​អុជធូប​ហើយ​មាន​ឆន្ទៈ​ហើយ​​យើង​នឹក​គុណ​ដល់​គាត់​ដែល​ខំ​ចំណាយ​ពេលវេលា​មក​»​។

តែ​យ៉ាង​ណា​ក៏ដោយ​លោក​ថា​មាន​តែ​​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ប្រទេស​ទេ​ទើប​យុត្តិធម៌​មាន​ពិតប្រាកដ​សម្រាប់​​បងប្រុស​របស់​​លោក​ដែល​​ត្រូវ​បាន​បាញ់​សម្លាប់​ទាំង​អយុត្តិធម៌។

លោក​ថា៖ «គាត់ (កឹម សុខា) សន្យា​ជា​​រឿង​បុគ្គល​តែ​សំខាន់​យុត្តិធម៌​មិន​ចាំបាច់​អ្នក​ណា​រក​ទេ​ព្រោះ​​ប្រទេស​មាន​ច្បាប់ បើ​សិន​ជា​រដ្ឋាភិបាល អ្នក​ដែល​មាន​សមត្ថកិច្ច​មិន​បញ្ចេញ​សកម្មភាព​រឿង​យុត្តិធម៌​ក៏​មិន​អាច​រក​ឃើញ​ដែរ​ទោះបី​ជា​ខ្ញុំ​ដឹកនាំ​ប្រជាជន​រក​យុត្តិធម៌​ក៏​ធ្វើ​មិន​បាន​ដែរ​បើ​​រដ្ឋាភិបាល​មិន​មាន​ចេតនា​ធ្វើ»​។

លោក​បន្ថែម​​ថា៖ «យើង​រង់ចាំ​មើល​ទៀត​សិន​ព្រោះ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ទោះ​យើង​ប្តឹង​ទៅ​ដល់​ណា​ក៏​ដោះស្រាយ​មិន​បាន​ដែរ ...​អ៊ីចឹង​យើង​អាច​រង់ចាំ​ដល់​មាន​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ...»។

ចាប់​តាំងពី​ឃាតករ​​បាន​បាញ់​សម្លាប់​លោក កែម ឡី នៅ​ក្នុង​ស្តាម៉ាត​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​បូកគោ​កាលពី​ថ្ងៃ​ទី ១០ កក្កដា ឆ្នាំ ២០១៦ មក​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​ឈ្មោះ ជួប សម្លាប់ ដែល​សមត្ថកិច្ច​អះអាង​​ថា​ឃាតករ​បាញ់​សម្លាប់​លោក កែម ឡី។ ប៉ុន្តែ​មតិសាធារណៈ​ និង​ក្រុម​គ្រួសារ​ចាត់​ទុក​បុរស​ជួប​សម្លាប់​មិនមែន​ជា​ឃាតករ​ពិតប្រាកដ​នោះ​ទេ​ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង និង​​​ស្នើ​ឱ្យ​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​តែ​សមត្ថកិច្ច​បដិសេធ​បង្ហាញ​ដោយ​អះអាង​​​ថា​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​។

កាលពី​ថ្ងៃ​ទី​ ២៣ ​ខែ​ធ្នូ ឆ្នាំ​ ២០១៦ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​​លោក សេងលាង បាន​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំ​រឿង​ឃាតកម្ម​លោក កែម ឡី នេះ​ប៉ុន្តែ​មិន​បាន​ឲ្យ​ដឹង​ថា តើ​តុលាការ​នឹង​បើក​សវនាការ​នៅ​ពេល​ណា​នោះ​ទេ​។

លិខិត​សរសេរ​ថា​៖ «ក្រោយ​ពី​បាន​ស៊ើបសួរ​ប្រមូល​ភ័ស្តុតាង​ទាក់ទិន​ហើយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ចប់​បិទ​ការ​ស៊ើបសួរ​លើ​សំណុំ​រឿង​​នេះ​។ ហេតុ​នេះ​សាលា​ដំបូង​រាជធានី​សូម​ជូន​ព័ត៌មាន​ដល់​ឈ្មោះ ប៊ូ រចនា ភេទ​ស្រី អាយុ ៣៦ ឆ្នាំ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​»​។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​លោក លី សុផាណា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ចៅក្រម​ស៊ើបសួរ​បាន​បញ្ជូន​សំណុំ​រឿង​ទាំង​មូល​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើ​ដីកា​សន្និដ្ឋាន​ស្ថាពរ​ហើយ។

លោក​ថា៖ «យើង​កំពុង​ធ្វើ​ចំណាត់ការ​បិទ​ការ​ស៊ើបសួរ​យើង​មាន​ពេល ១៥ ថ្ងៃ​ដើម្បី​សម្រេច​ពី​បញ្ហា​នេះ»៕

ប្រធានាធិបតី​សិង្ហបុរី​ផ្ដើម​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា


ប្រធានាធិបតី​ប្រទេស​សិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) (ឆ្វេង) ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen Facebook's Page


នៅ​ថ្ងៃ​ទី​៩ មករា ប្រធានាធិបតី​​សិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) បាន​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី បន្ទាប់​មក​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤​ថ្ងៃ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​៨ ដល់​ទី​១១ មករា លោក តូនី តាន់ កេងយាំ និង​លោក ហ៊ុន សែន ធ្វើ​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​អប់រំ និង​សុខាភិបាល។

តើ​ទំនាក់ទំនង​កម្ពុជា-សិង្ហបុរី វិវឌ្ឍន៍​យ៉ាង​ណា​ខ្លះ?

ដំណើរ​ទស្សនកិច្ច​របស់​លោក តូនី តាន់ កេងយាំ លើក​ទី​មួយ​នៅ​កម្ពុជា ក្រោយ​ពី​កាន់​តំណែង​ជា​ប្រធានាធិបតី​សិង្ហបុរី នៅ​ពេល​នេះ កើត​ឡើង​ខណៈ​ក្រុម​សង្គម​ស៊ីវិល​កម្ពុជា គ្រោង​ប្ដឹង​រដ្ឋាភិបាល​សិង្ហបុរី ពី​បទ​នាំ​ចូល​ខ្សាច់​កម្ពុជា ដែល​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សិង្ហបុរី មក​កម្ពុជា នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​សិង្ហបុរី កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន គឺ​ចូលរួម​ព្រឹត្តិការណ៍ «កិច្ច​ពិភាក្សា​សាហ្គ្រីឡា (Shangri-La Dialogue) លើក​ទី​១៥» ដែល​ជា​ជំនួប​កំពូល​ផ្នែក​សន្តិសុខ​សំខាន់​មួយ​នៅ​តំបន់​អាស៊ី។

ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា លោក សាយ សំអាល់ ក៏​បាន​ទស្សនកិច្ច​នៅ​សិង្ហបុរី ក្នុង​កម្មវិធី «ផ្លាស់ប្ដូរ​បទពិសោធន៍ លី ក្វាន់ យូ»។
បន្ថែម​ពី​នេះ កាល​ពី​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ទស្សនកិច្ច​ប្រទេស​សិង្ហបុរី ពីរ​ដង។ នៅ​ខែ​មីនា លោក​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​ស្ថាបនិក​ប្រទេស​សិង្ហបុរី លោក លី ក្វាន់ យូ ហើយ​នៅ​កន្លះ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ​សីហា លោក​បាន​អញ្ជើញ​ទៅ​សិង្ហបុរី ម្តង​ទៀត​ដើម្បី​ចូលរួម​បុណ្យ​ជាតិ​ខួប​ទី​៥០ នៃ​ការ​បង្កើត​ប្រទេស​សិង្ហបុរី។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ សមាជិក​សភា​សិង្ហបុរី លោក ហាលីម៉ះ យ៉ាក់កុប (Halimah Yacob) ធ្លាប់​មក​ទស្សនកិច្ច​នៅ​កម្ពុជា ៥​ថ្ងៃ។

ក្រសួង​ការ​បរទេស​សិង្ហបុរី អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សិង្ហបុរី ដើរ​ដោយ​រលូត ទាំង​កម្រិត​ទ្វេ​ភាគី តំបន់ និង​ពហុ​ភាគី។

កាល​ពី ៥២​ឆ្នាំ​មុន ពោល​នៅ​ឆ្នាំ​១៩៦៥ សិង្ហបុរី បាន​ប្រកាស​ឯករាជ្យ​ពី​ម៉ាឡេស៊ី ហើយ​កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ ដែល​ប្រកាស​ទទួល​ស្គាល់​ឯករាជ្យ​សិង្ហបុរី ដំបូង​គេ។

ឯកអគ្គរដ្ឋទូត​សិង្ហបុរី ប្រចាំ​កម្ពុជា កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ បាន​ហៅ​ទំនាក់ទំនង​ទ្វេ​ភាគី​នេះ​ថា​ល្អ​ឥត​ខ្ចោះ។

សារព័ត៌មាន ឆេនណល ញូវ អេស៊ា (Channel News Asia) រាយការណ៍​ថា ប្រធានាធិបតី​សិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) កាល​ពី​ថ្ងៃ​ទី​៨ មករា ក្នុង​ពេល​ជួប​ជាមួយ​ប្រជាជន​សិង្ហបុរី ដែល​កំពុង​រស់នៅ​កម្ពុជា បាន​ថ្លែង​ថា សិង្ហបុរី ប្ដេជ្ញា​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​កម្ពុជា បន្ថែម​ទៀត។ លោក​បន្ត​ថា ចំណង​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ មាន​សុខភាព​ល្អ ខណៈ​សិង្ហបុរី ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី​៨ របស់​កម្ពុជា និង​ជា​អ្នក​បណ្ដាក់​ទុន​លំដាប់​ទី​៣ កាល​ពី​ឆ្នាំ​២០១៦។

ទិន្នន័យ​របស់​ស្ថានទូត​សិង្ហបុរី ប្រចាំ​កម្ពុជា បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០១៥ ការ​ផ្ដោះ​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​ជាង ១.១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​គម្រោង​វិនិយោគ​របស់​វិនិយោគិន​សិង្ហបុរី តម្លៃ​សរុប ១០០​លាន​ដុល្លារ ត្រូវ​បាន​អនុម័ត​ឲ្យ​រក​ស៊ី​នៅ​កម្ពុជា។

ការ​បណ្ដាក់​ទុន​របស់​សិង្ហបុរី នៅ​កម្ពុជា មាន​ច្រើន​វិស័យ រាប់​ចាប់​ពី​អចលនទ្រព្យ ហិរញ្ញវត្ថុ ថាមពល កសិកម្ម ការ​ដឹក​ជញ្ជូន និង​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​មួយ​ទៀត​ដែល​សាធារណជន​កំពុង​ចាប់​អារម្មណ៍ គឺ​ការ​ជួញដូរ​ខ្សាច់។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា សិង្ហបុរី បាន​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ជាង ៧៣​លាន​តោន​ក្នុង​រយៈពេល ៨​ឆ្នាំ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ តែ​តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា វិញ ថា​មាន​តែ​ជាង ១៦​លាន​តោន​ប៉ុណ្ណោះ។ តួលេខ​នេះ បើ​គិត​ជា​ទឹក​ប្រាក់ ខុស​គ្នា​ជាង ៧០០​លាន​ដុល្លារ​អាមេរិក៕