Monday, January 16, 2017

ពលរដ្ឋ​សង្កាត់​អូរចារ​ក្រុង​បាត់ដំបង​​តវ៉ា​ប្រឆាំង​នឹង​ការ​កាត់​ដី​សាលា​ឲ្យ​ឯកជន

ពលរដ្ឋ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង​តវ៉ា​ប្រឆាំង​នឹង​ការ​ចាក់​រំលោភ​យក​ដី​ក្នុង​បរិវេណ​អតីត​សាលា​មត្តេយ្យ មុខ​សាលាសង្កាត់​អូរចារ នៃ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hum Chamroeun



ពលរដ្ឋ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង​ប្រមាណ​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា តវ៉ា​ប្រឆាំង​នឹង​ការ​ចាក់​រំលោភ​យក​ដី​ក្នុង​បរិវេណ​អតីត​សាលា​មត្តេយ្យ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ។ ការ​តវ៉ា​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​ការ​ចាក់​ដី​ដោយ​ម្ចាស់​កម្មសិទ្ធិ​ឯកជន ដែល​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

ពលរដ្ឋ​តវ៉ា​បញ្ជាក់​ថា ខ្លួន​មិន​ចង់​ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​សាធារណៈ​នេះ ទៅ​ឯកជន​ទេ ទោះបីជា​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ មាន​ដីកា​អនុញ្ញាត​កម្មសិទ្ធិ​ពី​តុលាការ​ក្ដី។ ពួកគេ​នៅ​ទាមទារ​ឲ្យ​រក្សា​ដី​នេះ ទុក​ជាសម្បត្តិ​សាធារណៈ ដូចជា​សាលារៀន ឬ​មន្ទីរពេទ្យ​ជាដើម។

យ៉ាងណាក៏ដោយ ចៅ​សង្កាត់​អូរចារ លោក ហោ ឃឿន ដែល​ចុះ​សម្របសម្រួល​នៅ​ពេល​តវ៉ា​នោះ បញ្ជាក់​ថា លោក​ពុំ​បាន​ដឹង​ពី​សាច់​រឿង ដែល​ដី​ក្នុង​បរិវេណ​អតីត​សាលា​មត្តេយ្យ​អូរចារ ទំហំ​៤០​ម៉ែត្រ គុណ​៤០​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​អតីត​មន្ត្រី​ប៉ូលិស​ក្នុង​សង្កាត់​នេះ​ពី​មុខ​ទេ។ តែ​លោក​ថា នឹង​ហៅ​ភាគី​ពាក់ព័ន្ធ​មក​ជួប​ដោះស្រាយ​ជាមួយ​ពលរដ្ឋ។

ពលរដ្ឋ​ខេត្ត​បាត់ដំបង​ចោទ​សមត្ថកិច្ច​ថា​មិន​ទប់ស្កាត់​បទល្មើស​នេសាទ

                                                                                                                                                                                             ប្រជា​នេសាទ​នៅ​ខេត្ត​បាត់ដំបង អះអាង​ថា បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់ និង​កាប់​ព្រៃ​ឈើ​លិច​ទឹក​ដាក់​សម្រាស់​ទ្រង់ទ្រាយ​ធំ ដើម្បី​ចាប់​យក​ត្រី​នៅ​តំបន់​ឡូ​នេសាទ​ស្រុក​ឯកភ្នំ កំពុង​កើត​មាន​ពេញ​បន្ទុក ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នៅ​ឡើយ។ អ្នក​ភូមិ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ក្រែង​ហិនហោច​មច្ឆជាតិ​នៅ​ពេល​ខាង​មុខ ហើយ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។

ប្រជា​នេសាទ​នៅ​ខេត្ត​បាត់ដំបង លើក​ឡើង​ថា បញ្ហា​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ទាំងអស់​នេះ នឹង​មិន​កើត​មាន​ដោយ​ងាយ​ស្រួល​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នោះ។

ប្រជា​នេសាទ​នៅ​ភូមិ​អណ្ដូងចេញ សង្កាត់​អូរចារ ក្រុង​បាត់ដំបង លោក ឈុន សារ៉ន អះអាង​ថា ក្រុម​អ្នក​មាន​លុយ​ជាច្រើន​នាក់​បាន​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន កាប់​ដើម​ឈើ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង យក​ទៅ​ដាក់​សម្រាស់​ក្នុង​ព្រែក​នន់ និង​បឹង​អាប្រា​តូច អាប្រា​ធំ និង​បឹង​ក្បាល​ដំរី ជាដើម ដើម្បី​ឲ្យ​ត្រី​ចូល​ទៅ​នៅ​ច្រើន រួច​យក​អួន​ទៅ​ហ៊ុម​ចាប់​យក​ត្រី​ទាំង​តូច​ធំ​គ្មាន​សល់។ លោក​បន្ថែម​ថា ក្រៅ​អំពី​នេះ ពួក​គេ​ក៏​បាន​យក​ឧបករណ៍​ឆក់​ត្រី​នៅ​តំបន់​នោះ​យ៉ាង​គគ្រឹកគគ្រេង​រៀង​រាល់​ថ្ងៃ គ្មាន​អាជ្ញាធរ​ទប់ស្កាត់​នោះ​ទេ៖ «ក្នុង​មួយ​បឹង​យ៉ាង​តិច​គេ​ដាក់​សម្រាស់​ពី ៥ ទៅ ៦​កន្លែង ហើយ​មិន​អាច​ធ្វើ​នេសាទ​បាន​ទេ ហើយ​ពេល​យើង​យក​សំណាញ់​បង់​ត្រី​គ្នា​កាន់​តែ​ច្រើន ត្រី​រត់​ចូល​សម្រាស់​គេ​អស់ ហើយ​ម្ចាស់​គេ​មក​ហ៊ុម​ចាប់​ត្រី​ភ្លាម​មួយ​រំពេច»។

លោក ឈុន សារ៉ន បន្ត​ថា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​នេះ គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​អើពើ​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​នេះ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​ធ្វើ​ស្រែ ហើយ​ពឹង​ផ្អែក​ទៅ​លើ​របរ​ធ្វើ​នេសាទ មិន​អាច​ទៅ​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន៖ «ខ្ញុំ​អំពាវនាវ​សុំ​ឲ្យ​ថ្នាក់​លើ​ចាត់​វិធានការ​ផង ព្រោះ​យើង​ខ្លាច​បាត់បង់​ពូជ​ត្រី ព្រោះ​គេ​ឆក់​ផង ដាក់​ថ្នាំ​ដេញ​ត្រី​ឲ្យ​ចូល​សម្រាស់​គេ​ផង ព្រោះ​ត្រី​មួយ​ចំនួន​ជិត​ផុត​ពូជ​អស់​ហើយ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង លោក ជួង សុភា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​កាប់​ព្រៃ​ដាក់​សម្រាស់​យក​ត្រី និង​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​ព្រៃចាស់ នោះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ទទួល​ស្គាល់​ថា នៅ​តំបន់​ព្រៃ​លិច​ទឹក​ស្រុក​ឯកភ្នំ ពិត​ជា​មាន​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​ឆក់​ត្រី និង​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ផ្សេងៗ​មែន ប៉ុន្តែ​លោក​អះអាង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​ឃុបឃិត​ជាមួយ​ពលរដ្ឋ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ការ​ធ្វើ​នេសាទ​នេះ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ជាពិសេស​នៅ​ខែ​ប្រាំង​នេះ វា​មាន​តែ​បូម និង​បាច ហើយ​និង​ឆក់​ទេ ចំពោះ​ការ​បរ​ណររ៉ាវ វា​សឹង​មិន​មាន​ទេ ព្រោះ​វា​គោក​ទឹក​អស់​ហើយ។ ហើយ​កាល​ពី​ថ្ងៃ​មុន ខ្ញុំ​ក៏​បាន​ប្រជុំ​រួច​មក​ហើយ​ដែរ។ ទី​មួយ​ការ​ឆក់​បូម និង​កាប់​រាន​ព្រៃ​លិច​ទឹក គឺ​បើ​ពួក​គាត់​ធ្វើ​ជា​លក្ខណៈ​ជា​អាជីវកម្ម យើង​ត្រូវ​ហាមឃាត់​ហើយ»។
លោក ជួង សុភា ស្នើ​ឲ្យ​ប្រជា​នេសាទ ប្រសិន​បើ​ឃើញ​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ណា​មួយ​ក្នុង​ស្រុក​ឯកភ្នំ នេះ ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ឬ​ទាក់ទង​លោក​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ ០៩៧ ៧៦ ៦០៣ ១៦០ ដើម្បី​ទប់ស្កាត់​បាន​ទាន់​ពេល​វេលា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​ហាក់​គ្មាន​ជំនឿ​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​ឡើយ ពីព្រោះ​កន្លង​មក បទល្មើស​នេសាទ​កើត​មាន​ច្រើន ហើយ​ពួក​គាត់​ក៏​ធ្លាប់​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ទប់ស្កាត់​ដែរ ក៏ប៉ុន្តែ​ភាគច្រើន​ធ្វើ​ឡើង​បែប​គោះ​ទឹក​បង្អើល​ត្រី ហើយ​គ្មាន​ប្រសិទ្ធភាព​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ជុំវិញ​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ការ​កាប់​ព្រៃ​រនាម​ដាក់​សម្រាស់​ឲ្យ​ត្រី​ចូល គឺ​ជា​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ធ្ងន់ធ្ងរ ព្រោះ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង ហើយ​ធ្វើ​ឲ្យ​ទឹក​បឹង​ដង​អូរ​តំបន់​នេសាទ​នោះ​កាន់​តែ​រាក់ ដោយសារ​កាក​សំណល់​ពី​មែក​សម្រាស់​ជាដើម។ អ្នកស្រី​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​បញ្ហា​នេះ​ជា​បន្ទាន់ និង​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ថែ​រក្សា​សម្បត្តិ​ធនធាន​មច្ឆជាតិ និង​ព្រៃ​ឈើ​នៅ​តំបន់​នោះ ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ឃើញ និង​ប្រើប្រាស់​ជា​សម្បត្តិ​រួម​នៅ​ថ្ងៃ​ខាង​មុខ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​តួនាទី​មក​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នក​គ្រប់គ្រង​ការពារ​អភិរក្ស​ធនធាន​ជលផល ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន ជាពិសេស​មន្ទីរ​កសិកម្ម​តែ​ម្ដង ដូច​ជលផល​យើង​អាច​អនុវត្ត​ទាំងអស់​គ្នា។ ម្យ៉ាង​ទៀត ប្រជាពលរដ្ឋ​ខ្លួន​ឯង​សូម​កុំ​បំផ្លាញ​ធនធាន​ជលផល​ដោយ​ខ្លួន​ឯង​ទៀត»។

កន្លង​មក លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ធ្លាប់​មាន​ប្រសាសន៍​ថា បញ្ហា​ត្រី​នៅ​បឹង​ទន្លេសាប ប្រឈម​នឹង​ការ​បាត់បង់​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាង​មុខ ដែល​បញ្ហា​នេះ​ផ្ដើម​ចេញ​ពី​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់។ លោក ស ខេង ក៏​បាន​ព្រមាន​ដក​អភិបាល​ខេត្ត​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ចេញ​ពី​តំណែង ប្រសិន​បទល្មើស​នេសាទ​នៅ​តែ​បន្ត​កើត​មាន​ធ្ងន់ធ្ងរ​ទៅ​មុខ​ទៀត។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំងនោះ​រួម​មាន នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុ​ពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ។ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជីវចម្រុះ ជាដើម៕

ពលរដ្ឋ​រស់នៅ​តំបន់​ក្បាល​ឆាយ​ខេត្ត​ព្រះសីហនុ​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍

                                                                                                                                                                                     ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​ក្បាល​ឆាយ​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ​ដែល​ត្រូវ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រុះរើ​ផ្ទះ​ចេញ​ពី​ទីតាំង​ចាស់ បង្ខំ​ឲ្យ​ផ្លាស់​ទៅ​រស់នៅ​ទីតាំង​ថ្មី បន្ត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គេ​បាន​រស់នៅ​លើ​ទីតាំង​ដើម​វិញ។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​នេះ ក៏​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួយ​ពិចារណា​ទៅ​លើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ ដើម្បី​ឈាន​ដល់​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​នេះ​ដោយ​សន្តិវិធី ស្រប​តាម​គោល​នយោបាយ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត។

ពលរដ្ឋ​ខេត្ត​កណ្ដាល​និង​ខេត្ត​កំពង់ស្ពឺ​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ធ្វើ​ផ្លូវ​លេខ​៥១

                                                                                                                                                                                     ពលរដ្ឋ​ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥១ ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​សិទ្ធិ​ស្ដារ​ឡើង​វិញ​លើ​កំណាត់​ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ ពន្លឿន​ការ​ស្ថាបនា​ផ្លូវ និង​ធានា​គុណភាព​ផ្លូវ​ជាប់​ប្រើ​បាន​យូរ។

ពលរដ្ឋ និង​អ្នក​ដំណើរ​ត្អូញត្អែរ​ថា ស្ថានភាព​ផ្លូវ​កាន់​តែ​យ៉ាប់​ខ្លាំង ដោយ​មាន​ជង្ហុក​ជ្រៅៗ និង​ធូលី​ដី​ហុយ​ខ្លាំង​នៅ​រដូវ​ប្រាំង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ។

កម្ពុជា-ថៃ​កំពុង​ពិភាក្សា​លើ​ការ​បញ្ឈប់​លក់​សំបុត្រ​ចូល​ផ្សារ​រ៉ុងក្លឿ​ប្រទេស​ថៃ

                                                                                                                                                                          អាជ្ញាធរ​កម្ពុជា និង​ថៃ មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​លើ​ការ​បញ្ឈប់​លក់​លិខិត​អនុញ្ញាត​បណ្ដោះអាសន្ន​តម្លៃ ១​ពាន់​រៀល ឬ​ស្មើ​ប្រហែល ១០​បាត​លុយ​ថៃ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​អាច​ចេញ​ចូល​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ ដោយ​មិន​បាច់​ចំណាយ​លុយ​នៅ​ឡើយ​ទេ។

កម្ពុជា បាន​សម្រេច​ឯកតោ​ភាគី​ជា​មុន​ថា ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​ចូល​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ មិន​បាច់​ចំណាយ​លុយ​ទិញ​សំបុត្រ​ទៀត​ទេ។

មាន​ការ​រាយការណ៍​ថា ​មន្ត្រី​​ជួប​ឃាតករ​ មុន​ពេល​សម្លាប់​ កែម ​ឡី

                                                                                                                                                                                          ភ្នំពេញៈ អឿត អាង អតីត​ទាហាន​​ និង​ធ្លាប់​បួស​ជា​​សង្ឃ​ដែល​​​ត្រូវ​បាន​ចោទប្រកាន់​​​​ពី​បទ​ធ្វើ​ឃាត​​​អ្នក​វិភាគ​នយោបាយ​​ លោក កែម ឡី បាន​​ជួប​ជាមួយ​មន្រ្តី​​​ខណ្ឌ​​ និង​មន្រ្តី​យោធា​ប្រហែល​មួយ​សប្តាហ៍​ពី​មុន​​ពេល​ឃាតកម្ម​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Al Jazeera។

នៅក្នុង​របាយការណ៍​វីដេអូ​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សារព័ត៌មាន Al Jazeera បាន​និយាយ​ថា​ខ្លួន​បាន​និយាយ​ទៅ​កាន់​ប្រភព​ជាច្រើន​នៅក្នុង​ខេត្ត​​សៀមរាប​ដែល​ជា​ទីកន្លែង​កំណើត​របស់ អឿត អាង ​ដែល​បាន​និយាយ​ថា​ជនសង្ស័យ​ត្រូវ​បាន​ហៅ​​ឲ្យ​ទៅ​ជួប​ជាមួយ​​មន្រ្តី​ «ស្រុក​​ និង​មន្រ្តី​យោធា​ជាន់ខ្ពស់​» ​ប្រហែល​មួយ​សប្តាហ៍​ពី​មុន​ពេល​លោក កែម ឡី ត្រូវ​បាន​​បាញ់​សម្លាប់​​នៅ​ក្នុង​ការ៉ាស់សំាង​​កាល់តិច​បូកគោ​ក្នុង​រាជធានី​ភ្នំពេញ​​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា។ ​

របាយការណ៍​នេះ​ដែល​និយាយ​ថា​ ប្រភព​​នានា​បាន​បដិសេធ​មិន​​បង្ហាញ​ខ្លួន​នៅ​ក្នុង​កាមេរ៉ា​បាន​រាយការណ៍​ថា​៖ «​​បន្ទាប់ពី​​ការ​ជួប​​នោះ​ [អឿត អាង]​ ត្រូវ​បាន​ដាក់​ចូល​ក្នុង​ឡាន​​​ និង​ដឹក​​ចេញ​ពី​តំបន់​នោះ​​»។

បើ​ទោះបី​ជា​មាន​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ ៦ ​ខែ​ដែល​បាន​បិទ​ការ​ស៊ើបអង្កេត​កាលពី​ខែ​ធ្នូ​មក​នោះ​ក្តី​នគរបាល​បរាជ័យ​មិន​អាច​ផ្តល់​នូវ​ការ​បំភ្លឺ​ណា​មួយ​​​អំពី​ស្ថានភាព​ជុំវិញ​ករណី​ឃាតកម្ម​នេះ​រួម​ទាំង​របៀប​ដែល​ អឿត​ អាង ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​​ឃុំ​​នគរ​ភៀស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប​​មក​រាជធានី​ភ្នំពេញ​។

សារព័ត៌មាន Al Jazeera បាន​និយាយ​​​ជាមួយ​អ្នក​បើក​តាក់ស៊ី​ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ចុងក្រោយ​ដែល​​បាន​ឃើញ​ អឿត​ អាង ​​នៅ​ក្នុង​ខេត្ត​សៀមរាប​។ បុរស​ម្នាក់​នេះ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​​ថា​ឈ្មោះ ឌឹក ឌៀន បាន​ថ្លែង​ថា​គាត់​បាន​ដឹក​ជនសង្ស័យ​​​ទៅ​បេនឡាន​នៅ​ជាយ​ក្រុង​សៀមរាប​ពី​កន្លែង​ដែល​គាត់​​បាន​​ចុះ​​ពី​​​​ឡាន​ឡិចស៊ីស​។ ​អ្នក​បើក​តាក់ស៊ី​ម្នាក់​នេះ​​ថ្លែង​​ថា​៖ ​«​​គាត់​ស្ថិត​​ក្នុង​ស្ថានភាព​ប្រញាប់​ប្រញាល់​គាត់​ថែម​ទាំង​មិន​បាន​​​ឲ្យ​ថ្លៃ​តាក់ស៊ី​​​របស់​ខ្ញុំ​ផង​»។
អឿត អាង ត្រូវ​បាន​ចាប់​ខ្លួន​ប្រហែល ១,៥ គីឡូម៉ែត្រ​ពី​កន្លែង​ឃាតកម្ម​។ ​នគរបាល​ភ្លាមៗ​​នោះ​បាន​​បញ្ចេញ​នូវ​វីដេអូ​សារភាព​របស់​​ឃាតករ​ដែល​ក្នុង​នោះ​ឃាតករ​​បាន​អះអាង​ថា​ខ្លួន​បាន​​សម្លាប់​លោក កែម ឡី​ ដោយសារ​​តែ​ជំពាក់​ប្រាក់ ៣០០០ ​ដុល្លារ​​។

ការ​សារភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​មាន​​ការ​សង្ស័យ​​​ពី​មជ្ឈដ្ឋាន​ជាច្រើន​​។ អ្នក​ដែល​នៅ​ជិតស្និទ្ធ​​នឹង​លោក កែម ឡី ​និង​​​ឃាតករ​​បាន​និយាយ​ថា​ពួកគេ​មិន​ដែល​បាន​ជួបគ្នា​ពី​មុន​​មក​ទេ​ហើយ​មជ្ឈដ្ឋាន​ជាច្រើន​បាន​អះអាង​ថា អឿត អាង ជា​មនុស្ស​​​ក្រីក្រ​មាន​លុយ​តិចតួច​ហើយ​មជ្ឈដ្ឋាន​ជាច្រើន​ជឿ​ថា​​ករណី​ឃាតកម្ម​របស់​លោក កែម ឡី ជា​​​ករណី​ឃាតកម្ម​នយោបាយ​។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​​អធិការ​នគរបាល​ស្រុក​អង្គរជុំ លោក ម៉ាន់ សុខាត់ បាន​បដិសេធ​ថា​មិន​មាន​ការ​ជួប​ណា​មួយ​​​រវាង​ អឿត អាង និង​មន្រ្តី​យោធា​ ឬ​មន្រ្តី​រដ្ឋាភិបាល​នោះ​ទេ​។

លោក សុខាត់ បាន​ថ្លែង​ថា​ក្នុង​នាម​ជា​លោក សង្ឃ អឿត អាង ​កាលពី​មុន​ធ្លាប់​ធ្វើ​ដំណើរ​​ទៅ​រាជធានី​​ភ្នំពេញ​​​ដើម្បី​យក​បច្ច័យ​​ជួសជុល​វត្ត​​ ​ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​តើ​នរណា​ជា​អ្នក​​ឧបត្ថម្ភ​បច័្ចយ​នោះ​ទេ​។

លោក​ សុខាត់ បាន​ថ្លែង​បន្ត​​ទៀត​ថា​៖ «​យើង​គ្រាន់​តែ​ដឹង​ថា​គាត់​បាន​ទៅ​​រាជធានី​ភ្នំពេញ​ហើយ​បាន​ក្លាយ​ជា​ឃាតករ​»៕ 

គ.ជ.ប សម្រេច​លុប​ឈ្មោះ​វៀតណាម​២​នាក់​ក្នុង​ចំណោម​បណ្ដឹង​សុំ​លុប​ឈ្មោះ​១៨១​នាក់

                                                                                                                                                                              ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ២​នាក់​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ក្នុង​ចំណោម​បណ្ដឹង​តវ៉ា​សុំ​លុប​ឈ្មោះ ១៨១​នាក់។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​យប់​ថ្ងៃ​ទី​១៦ មករា ថា ក្នុង​ចំណោម​បណ្ដឹង​តវ៉ា​សុំ​លុប​ឈ្មោះ​ជន​បរទេស ១៨១​នាក់ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គ.ជ.ប សម្រេច​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ២​នាក់​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦។

លោក​ថា ដោយឡែក គ.ជ.ប សម្រេច​ដក​ឈ្មោះ ១៤​នាក់​ផ្សេង​ទៀត​ដែល​ដើម​បណ្ដឹង​ប្ដឹង ដោយសារ គ.ជ.ប រក​ឃើញ​នៅ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ។ លោក ស៊ិក ប៊ុនហុក បញ្ជាក់​ទៀត​ថា គ.ជ.ប ទុក​ពេលវេលា ៥​ថ្ងៃ ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​ដើម​បណ្ដឹង​ប្ដឹង​ទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​សេចក្ដី​សម្រេច​នេះ។

បណ្ដឹង​ចំនួន​៧ ទាក់ទង​នឹង​ការ​សុំ​លុប​ឈ្មោះ​ជន​បរទេស ដែល​គេ​សំដៅ​ទៅ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន ៦​បណ្ដឹង​ពី​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ និង ១​បណ្ដឹង​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​សុំ​លុប​ឈ្មោះ​ជន​បរទេស​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​ថ្មី និង​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រើប្រាស់​ឯកសារ​អត្តសញ្ញាណប័ណ្ណ​មិន​ត្រឹមត្រូវ។

ជុំវិញ​ការ​ប្រកាស​លទ្ធផល​នេះ នៅ​មិន​ទាន់​ដឹង​ថា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្ដឹង​ទាស់ ឬ​យ៉ាង​ណា​នៅ​ឡើយ៕