Sunday, January 22, 2017

ACU ថា​មាន​មន្ត្រី​ជិត​១​ម៉ឺន​៥​ពាន់​នាក់​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល


៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ Photo: RFA

 

នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​សេចក្ដី​ប្រកាស​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ មករា មាន​មន្ត្រី​មក​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ជិត ១​ម៉ឺន ៥​ពាន់​នាក់ (១៤.៦៧១​នាក់)។

លិខិត​ពី​ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល លោក ចេង ប៊ុនឃៀង ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៤ នៃ​ដំណើរ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ដែល​ចាប់​ផ្ដើម​រយៈពេល ៣១​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ មករា។ នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ក្នុង​រយៈពេល​មួយ​ខែ​នេះ ទទួល​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​មិន​ឈប់​សម្រាក​ថ្ងៃ​សៅរ៍ អាទិត្យ ឬ​ថ្ងៃ​បុណ្យ​ទេ៕

លោក ជា មុនី រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​នឹង​អាច​រក​ឃើញ​ឃាតក​សម្លាប់​លោក ជា វិជ្ជា

ពិធី​ដាក់​កម្រង​ផ្កា​រំឭក​ខួប ១៣​ឆ្នាំ វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rach Vingur

 

ប្អូន​ប្រុស​លោក ជា វិជ្ជា អតីត​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី ១៣​ឆ្នាំ​មុន គឺ​លោក ជា មុនី រំពឹង​ទុក​ថា ឃាតក​បាញ់​សម្លាប់​បង​ប្រុស​របស់​លោក និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង នឹង​អាច​រក​ឃើញ ប្រសិន​បើ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី។

ថ្វីត្បិតតែ​លោក ជា មុនី រំពឹង​ទុក​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ក្រុម​សហជីព កម្មករ និង​ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​លោក ជា វិជ្ជា នៅ​តែ​ផ្ដល់​ក្ដី​សង្ឃឹម​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​រក​ឃើញ​ឃាតក ប្រសិន​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ។

ថ្វីត្បិតតែ​ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​ដ៏​ល្បីល្បាញ​បំផុត មិន​ទាន់​រក​ឃើញ​ថា​ជា​នរណា ហើយ​រយៈពេល ១៣​ឆ្នាំ​មក​នេះ ពលរដ្ឋ​ភាគច្រើន​នៅ​តែ​ទទូច​ចង់​ដឹង​អំពី​មុខ​មាត់​ពិត​របស់​ឃាតក​ក្ដី ប៉ុន្តែ​សាច់ញាតិ និង​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា បែរ​ជា​គ្មាន​ជំនឿ​ទៅ​វិញ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​នឹង​មិន​អាច​ស៊ើប​អង្កេត​ដើម្បី​វែក​មុខ​ឃាតក​ពិត​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​រំពឹង​ថា ឃាតក​ពិត​នឹង​រក​ឃើញ​នៅ​ពេល​ដែល​កម្ពុជា មាន​រដ្ឋាភិបាល​ថ្មី​មួយ​ផ្សេង​ទៀត។

ប្អូន​ប្រុស​លោក ជា វិជ្ជា គឺ​លោក ជា មុនី អះអាង​នៅ​ក្នុង​កម្មវិធី​រំឭក​ខួប ១៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧ ថា តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សេចក្ដី​សម្រេច​មួយ​លេខ ៧៣ ស.ស.រ ដើម្បី​បង្កើត​ក្រុម​ស៊ើប​អង្កេត​ជំនាញ​មក​ពី​អន្តរ​ក្រសួង និង​ដឹកនាំ​ដោយ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ជិត ៣​ឆ្នាំ​នៃ​ការ​បង្កើត​សេចក្ដី​សម្រេច​នេះ គឺ​ពុំ​មាន​សកម្មភាព​ស៊ើប​អង្កេត និង​បង្ហាញ​លទ្ធផល​អ្វី​ឡើយ៖ «គ្មាន​សង្ឃឹម និង​ជំនឿ​ឲ្យ​រដ្ឋាភិបាល​សព្វថ្ងៃ​ធ្វើ​ទៀត​ទេ យើង​មាន​សង្ឃឹម​លើ​រដ្ឋាភិបាល នឹង​រក​ឃើញ​ឃាតក​ពិត»។

លោក ជា មុនី បញ្ជាក់​ថា មូលហេតុ​ដែល​លោក​សង្ឃឹម​លើ​រដ្ឋាភិបាល​ថ្មី ដែល​មិន​មែន​ជា​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ ថា​នឹង​រក​ឃើញ​ទាំង​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​បង​ប្រុស​លោក គឺ​ដោយសារ​តាម​ផ្លូវ​ច្បាប់ បទល្មើស​ព្រហ្មទណ្ឌ​គឺ​មាន​អាជ្ញាយុកាល​ស៊ើប​អង្កេត​តែ​រយៈពេល ១៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បើ​អំឡុង​ពេល​នេះ​មិន​បាន​ស៊ើប​អង្កេត​រក​ឃាតក​ពិត គឺ​គេ​នឹង​បិទ​សំណុំ​រឿង​នេះ​ចោល​វិញ​មិន​ខាន។

ក្រៅ​ពី​ថ្លែង​អស់​ជំនឿ​ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ជា មុនី ក៏​អះអាង​ថា ក្រុម​គ្រួសារ​លោក​ជា​ជន​រងគ្រោះ តាម​ពិត​គឺ​ដឹង​អំពី​បុគ្គល​នៅ​ពី​ខាង​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប៉ុន្តែ​ការ​ចង្អុល​បង្ហាញ​របស់​លោក​កន្លង​មក ត្រូវ​បាន​សមត្ថកិច្ច​បដិសេធ។ លើស​ពី​នេះ លោក​ថា​ដើម្បី​រឹត​តែ​ដឹង​ច្បាស់​អំពី​អ្នក​នៅ​ពី​ក្រោយ​នៃ​ករណី​ឃាតកម្ម​នេះ ទាល់​តែ​សួរ​លោក ហេង ពៅ ដែល​ជា​អតីត​ស្នងការ​រង​រាជធានី​ភ្នំពេញ ព្រោះ​លោក ហេង ពៅ ធ្លាប់​បញ្ជាក់​ថា សុខ សំអឿន និង ប៊ន សំណាង ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ធ្លាប់​ចាប់​ខ្លួន និង​ចោទ​ថា​ជា​ឃាតក តាម​ពិត​មិន​មែន​ជា​ឃាតក​ពិត​ឡើយ។

ទោះ​ជា​មាន​ការ​លើក​ឡើង​ពី​ប្អូន​ប្រុស​លោក ជា វិជ្ជា បែប​នេះ​ក្ដី តំណាង និង​ជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​មួយ​កន្លែង​នៅ​សង្កាត់​ចាក់អង្រែក្រោម អ្នកស្រី មឿន សារ៉េត រំឭក​ថា លោក ជា វិជ្ជា ជា​បុគ្គល​ម្នាក់​ហ៊ាន​ទាំង​ការ​លះបង់​ជីវិត និង​គ្មាន​នរណា​ហ៊ាន​លះបង់​ដូច​គាត់​ឡើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៅ​តាម​រោងចក្រ គេច​ផុត​ពី​ការ​ជិះជាន់​របស់​ថៅកែ​រោងចក្រ ជាពិសេស​លោក​ជា​អ្នក​ទាមទារ​ដំបូង​គេ​ឲ្យ​ប្រាក់​ខែ​កម្មករ​ចាប់​ពី ២០​ដុល្លារ​ក្នុង​មួយ​ខែ ឡើង​មក​ដល់ ៤០​ដុល្លារ។ បន្ទាប់​មក ប្រាក់​ខែ​កម្មករ​បាន​ឡើង​ជា​បន្តបន្ទាប់ ថ្វីត្បិតតែ​លោក ជា វិជ្ជា បាន​ស្លាប់​អស់​រយៈពេល ១៣​ឆ្នាំ​ក្ដី។ ជាមួយ​គ្នា​នោះ អ្នកស្រី មឿន សារ៉េត សង្ស័យ​ថា ហេតុ​អ្វី​បាន​រដ្ឋាភិបាល​មិន​អាច​ស្វែងរក​ឃាតក​ពិត​ដែល​សម្លាប់​លោក ជា វិជ្ជា ស្រប​ពេល​ករណី​ឃាតកម្ម​ខ្លះ អាជ្ញាធរ​រដ្ឋាភិបាល​អាច​វែក​មុខ​ឃាតក​ពិត​ក្នុង​រយៈពេល​ដ៏​ខ្លី​បាន?៖ «ត្រូវ​តែ​រង​ការ​រិះគន់​អ៊ីចឹង​ហើយ ប្រសិន​បើ​រដ្ឋាភិបាល​រក​មិន​ឃើញ ជា​រឿង​ធម្មតា»។

នៅ​ក្នុង​កម្មវិធី​ជិត​មួយ​ព្រឹក​ដើម្បី​រំឭក​នៃ​ការ​ចងចាំ​ថ្ងៃ​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្កា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ មាន​ការ​ចូលរួម​ពី​សហជីព កម្មករ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រំឭក​អំពី​ករណី​បាញ់​ប្រហារ​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​មិន​អាច​រក​ឃាតក​ឃើញ ដូចជា​ប្រធាន​សហជីព តារា​ចម្រៀង តារា​សម្ដែង ព្រះសង្ឃ និង​ករណី​ឃាតកម្ម​ចុង​ក្រោយ​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ឯករាជ្យ​ដ៏​ល្បី ជាដើម។

អតីត​សហការី​របស់​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ សង្ស័យ​ថា អ្នក​ដែល​សម្លាប់​លោក ជា វិជ្ជា អាច​ជា​ថៅកែ​រោងចក្រ ឬ​ជា​មន្ត្រី​មាន​អំណាច​ណា​មួយ​ដែល​យល់​ថា លោក ជា វិជ្ជា ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ និង​ប្រជាប្រិយភាព​ពួក​គេ។ លោក​បន្ត​ថា នៅ​ពេល​រដ្ឋាភិបាល​មិន​អាច​ស្វែងរក​ឃាតក​ពិត មិន​មែន​ជា​រឿង​អយុត្តិធម៌​សម្រាប់​តែ​លោក ជា វិជ្ជា ទេ ប៉ុន្តែ​អំពើ​និទ្ទណ្ឌភាព​នៅ​បន្ត​មាន ហើយ​បុគ្គល​ដែល​ចូល​ចិត្ត​បាញ់​បោះ​សម្លាប់​មនុស្ស នឹង​កាន់​តែ​សម្បូរ​នៅ​ក្នុង​សង្គម​ខ្មែរ៖ «រដ្ឋាភិបាល​ត្រូវ​បន្ត​ចាប់​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស ឲ្យ​សម​ទៅ​នឹង​តួនាទី​រដ្ឋ និង​ច្បាប់​រដ្ឋធម្មនុញ្ញ»។

អ្នក​ជិតស្និទ្ធ​របស់​លោក ជា វិជ្ជា រូប​នេះ​រំឭក​ថា នៅ​អំឡុង​ឆ្នាំ​២០០០ សហការី​របស់​លោក ជា វិជ្ជា បាន​ចាប់​ផ្ដើម​តស៊ូ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​សិទ្ធិ​ផ្សេងៗ​ជូន​កម្មករ។ កាល​នោះ កម្មករ​កម្មការនី​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជួប​ភាព​លំបាក​ខ្លាំង ព្រោះ​ត្រូវ​ថៅកែ​ប្រើ​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ ហើយ​ប្រសិន​ពួក​គេ​ធ្វើ​ការ​លើស​ម៉ោង​រហូត​ធ្លាក់​ខ្លួន​ឈឺ ត្រូវ​គេ​បញ្ឈប់​ចោល និង​អ្នក​ខ្លះ​ស្លាប់​វិញ គឺ​គ្មាន​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ៕

សហគមន៍​និង​អាជ្ញាធរ​ក្រុង​សែនមនោរម្យ​គ្រោង​ពិនិត្យ​កន្លែង​ដែល​គេ​លួច​កាប់​ឈើ​ច្បោះ


មន្ត្រី​សាលា​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី កោះ​ហៅ​តំណាង​សហគមន៍​ឡៅកា ចូល​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​លួច​កាប់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ដើម​ច្បោះ​របស់​អ្នក​ភូមិ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ជា​ចំណុច​វិជ្ជមាន​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រួម​ចំណែក​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​អភិរក្ស។

អាជ្ញាធរ​ក្រុង​សែនមនោរម្យ បាន​សម្របសម្រួល​ឲ្យ​ដើម​បណ្ដឹង និង​ចុង​ចោទ​ករណី​កាប់​ឈើ​ច្បោះ​សហគមន៍​ភូមិ​ឡៅកា យោគយល់​គ្នា មុន​នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ដោយសារ​ភាគី​ទាំង​ពីរ​ជា​ជនជាតិ​ដើម​ភាគតិច​មិន​មាន​ការ​យល់​ដឹង​ផ្លូវ​ច្បាប់។

តំណាង​សហគមន៍​ឡៅកា​ជាង ១០​នាក់ បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​មុខ​មន្ត្រី​ជំនាញ​សាលា​ក្រុង​សែនមនោរម្យ នៅ​ថ្ងៃ​ទី​២០ ខែ​មករា និង​មាន​មន្ត្រី​អង្គការ​អាដហុក (ADHOC) ចូលរួម​ជា​អ្នក​សង្កេតការណ៍។

តំណាង​សហគមន៍​ឡៅកា លោកស្រី ផ្លឹក ណាវី កត់​សម្គាល់​ថា អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បណ្ដឹង​របស់​ពលរដ្ឋ ខណៈ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ។ លោកស្រី​បន្ត​ថា មន្ត្រី​សាលា​ក្រុង​បាន​សុំ​ឲ្យ​សហគមន៍​បញ្ជាក់​ពី​អង្គ​ហេតុ ទាក់ទិន​ពាក្យ​បណ្ដឹង​សហគមន៍​ចោទ​មនុស្ស ៤​នាក់ ជាប់​ពាក់ព័ន្ធ​កាប់​ដើម​ច្បោះ​អ្នក​ភូមិ និង​វត្ថុ​តាង​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ការ​កាប់​ដើម​ឈើ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​តាម​ប្រពៃណី៖ «ពួក​ខ្ញុំ​ដែល​ចុះ​ទៅ​ល្បាត គាត់​ឃើញ​រហូត​ខាង​ក្រុង​គេ​ថា​គេ​នឹង​ចូលរួម​ទប់ស្កាត់ និង​ល្បាត។ យើង​អាច​មាន​ជំនឿ​ទៅ​លើ​ពួក​គាត់ គេ​ថា​ថ្ងៃ​ច័ន្ទ​នេះ​គេ​នឹង​ចុះ​ជាមួយ​ពួក​ខ្ញុំ»។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា បាន​អន្តរាគមន៍​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ឡៅកា ជូន​អាជ្ញាធរ​ក្រុង​ដោះស្រាយ ខណៈ​សហគមន៍​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​លួច​កាប់​ដើម​ច្បោះ​អ្នក​ភូមិ និង​ឈ្មោះ​ជន​ពាក់ព័ន្ធ​ដែល​សហគមន៍​បាន​ប្ដឹង​ចំ​ឈ្មោះ ថា​ជា​អ្នក​លួច​កាប់​ឈើ​នោះ។ ជន​សង្ស័យ​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ឡៅកា រួម​មាន​ឈ្មោះ ច្រើង ខែន មែវ ចន្ថា ញាន ថៃ ជា​សមាជិក​សហគមន៍​ឡៅកា និង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ឈ្មោះ តា សឿន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឡៅកា។

អភិបាល​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល ថ្លែង​ថា អាជ្ញាធរ​រក​ឃើញ​ថា ពិត​ជា​មាន​ការ​រំលោភ​កាប់​ដើម​ច្បោះ​សហគមន៍​ដូច​ពាក្យ​ប្ដឹង​មែន ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ព្យាយាម​ឲ្យ​ភាគី​ទាំង​ពីរ​យោគយល់​គ្នា ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា មុន​នឹង​ឈាន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ពីព្រោះ​ពួក​គាត់​ជា​ជនជាតិ​ដើម​ភាគតិច​រស់នៅ​សហគមន៍​តែ​មួយ។ លោក​បន្ត​ថា ចុង​ចោទ​បាន​ទទួល​ស្គាល់​កំហុស ក៏ប៉ុន្តែ​ប្រសិន​ភាគី​ទាំង​ពីរ​មិន​អាច​រក​ដំណោះស្រាយ​សន្តិវិធី​បាន​នោះ អាជ្ញាធរ​នឹង​ដាក់​បណ្ដឹង​នេះ​ទៅ​មន្ត្រី​ជំនាញ ឬ​ទៅ​តុលាការ​ដោះស្រាយ​បន្ត៖ «ដោយសារ​ភាគី​ទាំង​ពីរ​សុទ្ធ​សឹង​ជនជាតិ​ទាំង​ពីរ​អ៊ីចឹង យើង​ចង់​ឲ្យ​គាត់​ជជែក​គ្នា​ឲ្យ​បាន​ច្រើន មុន​ឈាន​ទៅ​ដាក់​បន្ទុក​ផ្លូវ​ច្បាប់។ កន្លង​ទៅ បង​ប្អូន​កាលណា​តឹងតែង​ពេក គាត់​ផ្ដិត​មេដៃ​ដាក់​ញត្តិ​តវ៉ា​សុំ​នៅ​ក្រៅ​ឃុំ ឬ​ដោះលែង»។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា សមាជិក​សហគមន៍​ឡៅកា ១០​នាក់ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ពីរ​នាក់ បាន​ធ្វើ​ដំណើរ​ចូល​ព្រៃ​ដែន​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ នា​សង្កាត់​សុខដុម ស្ថិត​នៅ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ក្រុង​សែនមនោរម្យ ចំណុច​អូរ​ចុងចារ ដើម្បី​ពិនិត្យ​មើល​វត្ថុ​តាង​ទាក់ទិន​ជន​ល្មើស​កាប់​យក​ឈើ​មូល ជា​ដើម​ច្បោះ​របស់​សហគមន៍​រក្សា​ទុក​ប្រកប​របរ​ដង​ជ័រ​ទឹក។ ជាក់ស្តែង គេ​បាន​រក​ឃើញ​គល់​ឈើ​ប្រមាណ ៣០​គល់ រួម​ទាំង​ឈើ​មូល​ប្រមាណ ២០​ដើម​បន្សល់​ចោល​នៅ​ក្នុង​ព្រៃ។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​វិធានការ​របស់​អាជ្ញាធរ​ក្រុង​សែនមនោរម្យ ថា​ជា​សញ្ញា​ល្អ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ។ លោក​ថា យន្តការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​អាជ្ញាធរ​ព្យាយាម​យក​មក​ដោះស្រាយ​រឿង​ក្តី​សហគមន៍​នេះ គួរ​កំណត់​ឲ្យ​ភាគី​ចុង​ចោទ​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ព្រៃ​ឈើ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ប្រសិន​មិន​រាងចាល ដើម្បី​ជា​គំរូ​សម្រាប់​សហគមន៍​ផ្សេង​ទៀត៖ «ឲ្យ​ជន​ប្រព្រឹត្តិ​ដែល​គាត់​បាន​កាប់​ប៉ុន្មាន​ដើម ចុះ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ ហើយ​បញ្ឈប់​រាល់​សកម្មភាព​កាប់​ឈើ ដឹក​ជញ្ជូន និង​ប្រមូល​អនុផល​ព្រៃ​ឈើ​ខុស​ច្បាប់»។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ មករា ដែរ​ថា មន្ត្រី​ព្រៃ​ឈើ​ទទួល​ស្គាល់​ថា ដើម​ច្បោះ​អ្នក​ភូមិ​ពិត​ជា​ត្រូវ​គេ​លួច​កាប់ ក៏ប៉ុន្តែ​មិន​មាន​លក្ខណៈ​ធំ​ដុំ​នោះ​ទេ។ លោក​ថា សហគមន៍​ជា​ម្ចាស់​ដើម​ច្បោះ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ដែល​សហគមន៍​មាន​សំអាង​ថា ជា​ជន​សង្ស័យ​កាប់​ឈើ​នោះ​មក​សមត្ថកិច្ច​ព្រៃ​ឈើ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​ដើម​ចោទ​មិន​យល់ព្រម​ដោះ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​សហគមន៍៖ «អារ​ធ្វើ​ផ្ទះ​គ្នា​គាត់​ហ្នឹង​ណា! ខ្ញុំ​ប្រាប់​មេ​ភូមិ​ហើយ​ឲ្យ​ម្ចាស់​ដើម​ច្បោះ​ដាក់​ពាក្យ​ប្ដឹង​មក​រដ្ឋបាល​ព្រៃ​ឈើ​មក ដើម្បី​ខ្ញុំ​បញ្ជូន​ទៅ​លើ​ទៀត»។

ពាក្យ​បណ្ដឹង​របស់​ភាគី​ដើម​ចោទ លោកស្រី ផ្លឹក ណាវី ទាមទារ​សំណង​ដើម​ច្បោះ​មួយ​ដើម ១​លាន​រៀល និង​សុំ​ឲ្យ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​ល្មើស​តាម​ច្បាប់។

តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយ មន្ត្រី​អាជ្ញាធរ​ក្រុង​សែនមនោរម្យ រួម​ជាមួយ​សហគមន៍​ឡៅកា ទាំង​ចុង​ចោទ ដើម​ចោទ នឹង​នាំ​គ្នា​ទៅ​ពិនិត្យ​កន្លែង​កាប់​ឈើ​ច្បោះ​សហគមន៍​ឡើង​វិញ ដើម្បី​វាយ​តម្លៃ​ការ​ខូចខាត​សម្រាប់​ជា​មូលដ្ឋាន​នៃ​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ៕

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ចំពោះ​បទល្មើស​នេសាទ


សម្រាស់ និង​របាំង​អួន​ក្រឡា​ញឹក​នៅ​តំបន់​ព្រែក​អភិរក្ស ឬ​បឹង​អភិរក្ស​ប៉ព្រេង នៅ​ក្នុង​ភូមិ​បុស្នោរ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided



ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ថា ទិន្នផល​ត្រី​ក្នុង​បឹង និង​ព្រែក នឹង​ត្រូវ​ថយ​ចុះ ដោយសារ​បទល្មើស​នេសាទ​កើត​មាន​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​ទប់ស្កាត់។ បន្ថែម​ពី​នេះ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទៀត​ផង ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បណ្តោយ​ឲ្យ​សកម្មភាព​ទាំងនោះ​កើត​ឡើង​បន្ត​ទៀត។

ប្រជា​សហគមន៍​ឃុំ​ត្រពាំងព្រីង ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​លើ​ករណី​បទល្មើស​នេសាទ​នៅ​តំបន់​ព្រែក​អភិរក្ស​ប៉ព្រេង ឬ​បឹង​អភិរក្ស​ប៉ព្រេង ក្នុង​ភូមិ​បុស្នោរ ឲ្យ​បាន​ឆាប់​រហ័ស។

បទល្មើស​នេសាទ​ទាំងនោះ​មាន​ដូចជា ការ​ឆក់ ដាក់​របាំង​អួន​សាច់​ក្រឡា​ញឹក​ស្ទើរ​ពេញ​ផ្ទៃ​ព្រែក ព្រម​ទាំង​ការ​ដាក់​សម្រាស់​ជាច្រើន​កន្លែង​ទៀត​ផង។ ប្រជា​សហគមន៍​បាន​ត្រឹម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​វិធានការ​ណា​មួយ​ឡើយ បើ​ទោះ​បី​ជា​សកម្មភាព​ទាំងនោះ​កើត​ឡើង​ជា​យូរ​ណាស់​មក​ហើយ​ក្តី។

ប្រជា​សហគមន៍​ភូមិ​បុស្នោរ ឃុំ​ត្រពាំងព្រីង លោក ផុន ឈឿន មាន​ប្រសាសន៍​ថា ក្នុង​ផ្ទៃ​ព្រែក​ប៉ព្រេង ឬ​បឹង​អភិរក្ស​ប៉ព្រេង ស្ទើរ​តែ​ទាំងអស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់​ប៉ុណ្ណោះ។ លោក​បន្ត​ថា ពួក​គេ​គ្រប់គ្រង​តាម​រយៈ​ធ្វើ​អាជីវកម្ម​នេសាទ​របស់​ខ្លួន ដូចជា​កាប់​ឫស្សី​ដែល​មាន​ដុះ​នៅ​ក្បែរៗ​មាត់​ព្រែក​ដាក់​សម្រាស់​ផ្តាច់​មុខ​ដែល​មាន​ជិត ២០​កន្លែង។ បន្ថែម​ពី​នេះ ពួក​គេ​ដាក់​របាំង​អួន​កាត់​ទទឹង​លើ​ផ្ទៃ​ព្រែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៀត​ផង។ បញ្ហា​នេះ លោក​បារម្ភ​ថា​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក និង​បាក់​ច្រាំង​ព្រែក ជាដើម៖ «បារម្ភ​បំផុត​ខ្លាច​ទៅ​ថ្ងៃ​ក្រោយ​ទេ ត្រី​សាច់​ហ្នឹង​ប្រជាជន​ចេះ​តែ​ខ្វះខាត ហើយ​ប្រជាជន​ហ្នឹង​ចេះ​តែ​មាន​គំនុំ​គុំកួន ហើយ​គាត់​ចង់​ទៅ​ហ្នឹង​យក​ស្បៃ​អួន​ប្រុង​នាំ​គ្នា​យក​ទៅ​ដុត​ចោល ដែល​នាំ​ឲ្យ​មាន​កើត​អំពើ​ហិង្សា»។

ព្រែក​អភិរក្ស​ប៉ព្រេង មាន​បណ្តោយ​ជិត ១​ពាន់​ម៉ែត្រ និង​ទទឹង​ជិត ១០០​ម៉ែត្រ ដែល​ហូរ​ចាក់​ពី​ព្រែក​ឆ្លូង ខេត្ត​ក្រចេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ ជា​ពលរដ្ឋ​មក​ពី​ភូមិ​ផ្សេង ដែល​គេ​ដឹង​ថា​មាន​សែស្រឡាយ​ជាប់​ជាមួយ​មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​ស្រុក​តំបែរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ត្រពាំងព្រីង និង​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ បាន​ទេ​នៅ​ថ្ងៃ​ទី​២១ មករា។

ចំណែក​មន្ត្រី​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ ដែល​បាន​តាមដាន​ករណី​នេះ មាន​ប្រសាសន៍​ថា ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍ ឬ​របៀប​នេសាទ​បែប​នេះ​ក្នុង​តំបន់​បឹង ឬ​ព្រែក​អភិរក្ស គឺ​ជា​រឿង​ខុស​ច្បាប់។ ករណី​នេះ គឺ​ទាមទារ​ឲ្យ​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​អាច​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​ល្មើស​ទាំងនោះ៖ «បាទ! ច្បាស់​ណាស់! ព្រោះ​បទល្មើស​ហ្នឹង​កើត​ឡើង​យូរ​មក​ហើយ ហើយ​នៅ​ពេល​ប្រជាពលរដ្ឋ​គាត់​បាន​ប្ដឹង គាត់​បាន​រាយការណ៍​មក​តាម​រយៈ​តំណាង​សហគមន៍​របស់​ពួក​គាត់​ហ្នឹង មិន​មាន​ការ​ដោះស្រាយ គឺ​ប្រាកដ​ជា​ប្រជាពលរដ្ឋ​គាត់​យល់​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ណា​មួយ​ហើយ»។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដោយ​ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំងនោះ​រួម​មាន នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុ​ពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ។ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល ជាដើម៕

សង្គម​ស៊ីវិល​គាំទ្រ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចុះ​បង្ក្រាប​ការ​រត់​ពន្ធ​ទូរស័ព្ទ​ដៃ​ទំនើបៗ


មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​ទំនិញ​គេច​ពន្ធ​នៅ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided


អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម គាំទ្រ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ដែល​សហការ​គ្នា​ចុះ​បង្ក្រាប​ការ​រត់​ពន្ធ​ទូរស័ព្ទ​ដៃ​ទំនើប និង​កុំព្យូទ័រ​នៅ​ច្រក​កំពង់ផែ​ទំនប់​រលក។ អភិបាល​ខេត្ត​ព្រះសីហនុ លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​នេះ ឲ្យ​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​កំណើន​ចំណូល​ថវិកា​ជាតិ​នា​ថ្ងៃ​អនាគត​កើន​ខ្ពស់។

ការ​ចុះ​បង្ក្រាប​ការ​រត់​ពន្ធ​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​ស៊េរី​ទំនើបៗ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ឬ​គយ​ចល័ត​ជាដើម ដែល​បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ និង​កម្លាំង​ជំនាញ​ច្រើន​ស្ថាប័ន​ទៀត ចាប់​បាន​ទំនិញ​គេច​ពន្ធ​ទាំងនេះ​រាប់​រយ​គ្រឿង នៅ​ចំណុច​ច្រក​កំពង់ផែ​គមនាគមន៍ ឬ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​កត់​សម្គាល់​ថា បន្ទាប់​ពី​ខេត្ត​នេះ​បាន​ផ្លាស់ប្ដូរ​តួនាទី​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ថ្មី​កាល​ពី​ដើម​ខែ​មករា នេះ បាន​បង្ហាញ​សកម្មភាព​ការងារ​ជា​វិជ្ជមាន​ក្នុង​ការងារ​ចុះ​បង្ក្រាប​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​តាម​កំពង់ផែ​ផ្លូវ​ទឹក​នា​មូលដ្ឋាន​នេះ។ ទន្ទឹម​គ្នា​នេះ អ្នកស្រី​ក៏​ស្នើ​ឲ្យ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក ទុំ ណូ ដែល​ទើប​ទទួល​បាន​តំណែង​ថ្មី​នេះ ត្រូវ​បន្ត​សកម្មភាព​បង្ក្រាប​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ប្រមូល​កំណើន​ថវិកា​ជាតិ​ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​ខាង​មុខ៖ «សូម​ឲ្យ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ថ្មី​ហ្នឹង មាន​វិធានការ​រឹត​បន្តឹង​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ទំនិញ​គ្រប់​បែប​យ៉ាង​ទាំងអស់ នៅ​តាម​កំពង់ផែ​ឡើង​ទំនិញ​នានា​នៅ​មូលដ្ឋាន​នេះ។ ការ​នាំ​ចូល​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​វត្ថុ ឬ​សម្ភារ​ប្រើប្រាស់​ក្លែងក្លាយ ក៏​ឃើញ​មាន​សកម្មភាព​នាំ​ចូល​ច្រើន​ដែរ​នៅ​ច្រក​កំពង់ផែ​ខ្លះ​នា​មូលដ្ឋាន​នេះ»។

សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​នៅ​តាម​កំពង់ផែ​ទំនប់​រលក​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​សុក្រ ទី​២០ ខែ​មករា កម្លាំង​ជំនាញ​ចាប់​បាន​ប្រភេទ​ទូរស័ព្ទ​ដៃ​ទំនើបៗ មាន​ទូរស័ព្ទ​អាយហ្វូន​ស៊ិច និង​អាយហ្វូន​សេវិន​ផ្លឹស (IPhone6-7 Plus) ទូរស័ព្ទ​ស៊េរី​ខ្ពស់​ប្រភេទ​ហ៊ួវ៉ៃ (Huawel Mate9) ទូរស័ព្ទ​ម៉ូត​ថ្មី​ម៉ាក​សូនី (Sony Xperia) និង​កុំព្យូទ័រ​យួរ​ដៃ ឬ​លេបថប (Laptop) រាប់​រយ​គ្រឿង ព្រម​ទាំង​សម្ភារ​អេឡិចត្រូនិក​ជាច្រើន​ប្រភេទ​ទៀត​សរុប​មាន​ចំនួន ១៣​កេស​ធំៗ​នៅ​លើ​ទូក​ដឹក​ទំនិញ​លេខ កក 8223 ចូល​តាម​ច្រក​កំពង់ផែ​ទំនប់​រលក។

មន្ត្រី​សាខា​គយ និង​រដ្ឋាករ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទំនិញ​គេច​ពន្ធ​ទាំង ១៣​កេស បាន​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ឬ​រង់ចាំ​ម្ចាស់​មក​បង់​ពន្ធ​ជូន​រដ្ឋ​ទៅ​លើ​មុខ​ទំនិញ​ទាំងនេះ​ឲ្យ​ស្រប​តាម​ច្បាប់។

អ្នកស្រី សុធារី ក្នុង​នាម​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ទើប​មក​ទទួល​តំណែង​ថ្មី ត្រូវ​បង្ហាញ​ពី​សមត្ថភាព​ការងារ​ប្រមូល​ពន្ធ​រដ្ឋ​ពី​ការ​នាំ​ចូល​ទំនិញ​នៅ​តាម​ច្រក​កំពង់ផែ​នានា​ក្នុង​ខេត្ត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​អំពើ​ពុក​រលួយ​ផ្សេងៗ ដែល​អាច​នឹង​កើត​មាន​ឡើង នាំ​ឲ្យ​បាត់បង់​ចំណូល​ថវិកា​ជាតិ៖ «ប្រភព​ចំណូល​ថវិកា​ជាតិ​របស់​កម្ពុជា គឺ​បាន​កើន​ឡើង​តាម​ការ​នាំ​ចូល​បង់​ពន្ធ​ទៅ​លើ​មុខ​ទំនិញ​ផ្សេងៗ។ ប្រសិន​បើ​ក្រុមហ៊ុន​នាំ​ចូល​ដែល​មាន​ការ​បន្លែបន្លំ​ដូច្នេះ គួរ​តែ​មន្ត្រី​ជំនាញ​ធ្វើ​ការ​ផ្សព្វផ្សាយ ព្រមាន​ជា​សាធារណៈ ដើម្បី​ជា​ការ​ព្រមាន និង​កុំ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​អនុវត្ត​តាម​ទៀត។ ខ្ញុំ​ជឿ​ថា ក្រុមហ៊ុន​នាំ​ចូល​ទំនិញ​ទាំងនេះ​មិន​មែន​គេ​មិន​បង់​ជូន​មន្ត្រី​ជំនាញ​ទេ​កន្លង​មក គឺ​មាន​ការ​បង់ ប៉ុន្តែ​វា​មិន​បាន​ចូល​ទៅ​ថវិកា​ជាតិ បែរ​ជា​ចូល​ទៅ​ក្នុង​ហោប៉ៅ​ឯកជន​ទៅ​វិញ»។

ចំណែក​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏​គាំទ្រ​សកម្មភាព​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចម្រុះ​គ្រប់​ស្ថាប័ន ដែល​បាន​សហការ​ចុះ​បង្ក្រាប​បទល្មើស​ទំនិញ​គេច​ពន្ធ មាន​ទូរស័ព្ទ​ដៃ​ទំនើបៗ​រាប់​រយ​គ្រឿង​នៅ​ច្រក​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក​នេះ​ដែរ។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​កម្លាំង​ជំនាញ ពិសេស​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ត្រូវ​ចុះ​អនុវត្ត​ការងារ​បង្ក្រាប​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​តាម​ផ្លូវ​សមុទ្រ ចូល​មក​កំពង់ផែ​សមុទ្រ​នានា​នៅ​ក្នុង​ខេត្ត​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង។

មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក ប៊ួន ណារិទ្ធិ កត់​សម្គាល់​ថា សកម្មភាព​រត់​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ​នៅ​តាម​កំពង់ផែ​ផ្លូវ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ មិន​មែន​ជា​រឿង​ទើប​កើត​មាន​ថ្មីៗ​នោះ​ទេ ប៉ុន្តែ​បទល្មើស​ទាំងនេះ​បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​ថា កន្លង​មក​បទល្មើស​នេះ​អាច​ទំនង​ដោយសារ​តែ​បុគ្គល​ជា​អ្នក​អនុវត្ត​ច្បាប់​នៅ​តាម​ស្ថាប័ន​ខ្លះ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ល្មើស​ជា​ថ្នូរ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​គ្មាន​សកម្មភាព​បង្ក្រាប​ការ​រត់​ពន្ធ​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​តាម​ច្រក​កំពង់ផែ​ខ្លះ ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ៖ «ពាក់ព័ន្ធ​បញ្ហា​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ និង​ការ​មិន​បង់​ពន្ធ​ជូន​រដ្ឋ​នេះ គឺ​ស្ថិត​នៅ​លើ​សមត្ថកិច្ច​ស្ថាប័ន​គយ និង​រដ្ឋាករ ហើយ​សង្ឃឹម​ថា​នៅ​ពេល​មាន​ការ​ចាប់​បង្ក្រាប​ការ​រត់​ពន្ធ​ទំនិញ នៅ​តាម​កំពង់ផែ​ទំនប់​រលក​ពេល​នេះ រំពឹង​ថា ចំណូល​ថវិកា​ជាតិ​នឹង​បាន​កើន​ច្រើន​ពី​ច្រក​សេដ្ឋកិច្ច​ប្រចាំ​ខេត្ត​ព្រះសីហនុ យើង​មួយ​នេះ។ យើង​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ​ទំនិញ​សព្វសារពើ គឺ​បាន​នាំ​ចូល​តាម​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក​នេះ។ ការ​នាំ​ចូល​ទំនិញ​តាម​ច្រក​កំពង់ផែ​នេះ គឺ​មាន​អ្នក​រក​ស៊ី​មួយ​ចំនួន មាន​អ្នក​ខ្លះ​បាន​បង់​ពន្ធ​ពាក់​កណ្ដាល និង​មិន​បាន​បង់​ពន្ធ​ចំនួន​ពាក់​កណ្ដាល​នៃ​ការ​នាំ​ចូល​ទំនិញ​របស់​ខ្លួន។ ហើយ​ក៏​មាន​ពួក​គេ​បាន​រក​ចំណូល​ពី​ការ​នាំ​ទំនិញ​ពី​ក្រៅ​ប្រទេស​ចូល​តាម​កំពង់ផែ​ទំនប់​រលក​ចូល​មក​កម្ពុជា ដោយ​មិន​បាន​បង់​ពន្ធ​អ្វី​ទាំងអស់ ដោយ​ពួក​គេ​មាន​ខ្សែ​បក្ស​ពួក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផ្សេងៗ»។

យ៉ាង​ណា​ក៏ដោយ​ចុះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​កោត​សរសើរ​ចំពោះ​សកម្មភាព​ជា​វិជ្ជមាន​របស់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ មាន​សាខា​គយ និង​រដ្ឋាករ និង​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាដើម ដែល​បាន​សហការ​ចុះ​បង្ក្រាប និង​ចាប់​បាន​ទំនិញ​គេច​ពន្ធ​មាន​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើបៗ និង​កុំព្យូទ័រ​យួរ​ដៃ ព្រម​ទាំង​សម្ភារ​អេឡិចត្រូនិក​មួយ​ចំនួន​ទៀត សរុប​មាន​ចំនួន ១៣​កេស​នា​ពេល​នេះ។ លោក យន្ត មីន លើក​ទឹក​ចិត្ត​ឲ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ឲ្យ​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​សកម្មភាព​រត់​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឈាន​ដល់​រក​ចំណូល​ថវិកា​ជាតិ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​បណ្ដា​ឆ្នាំ​ខាង​មុខ៕

សហគមន៍​ស្រុក​មេមត់​ថា​ក្រុមហ៊ុន ម៉ែន សារុន នៅ​តែ​បន្ត​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម

១០-មករា-២០១៦៖ ចម្ការ​របស់​ជនជាតិ​វៀតណាម នៅ​ចំណុច​ទួល​គ្រោះ ក្នុង​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ដី​របស់​ក្រុមហ៊ុន ម៉ែន សារុន ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម ដាំ​អំពៅ។  រូបថត​សហគមន៍

 

ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ចំពោះ​សកម្មភាព​ជួល​ដី​ថ្មីៗ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម។ ពួក​គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន ម៉ែន សារុន បាន​ជួល​ដី​មួយ​ចំនួន​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម បន្ថែម​ទៀត ដែល​ផ្ទុយ​ទៅ​នឹង​សារាចរ​របស់​រាជ​រដ្ឋាភិបាល​ដែល​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ ឬ​ក្រុមហ៊ុន​ជួល​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង​ទៀត​នោះ។ តំណាង​ក្រុមហ៊ុន ម៉ែន សារុន អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម ឡើយ។

បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ និង​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត ថា​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ ឬ​ក្រុមហ៊ុន​ជួល​ដី​ក្បែរ​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​យ៉ាង​ណា​ក៏ដោយ ក៏​សកម្មភាព​នោះ​នៅ​តែ​កើត​មាន។ ជាក់ស្តែង ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ អះអាង​ថា ក្រុមហ៊ុន ម៉ែន សារុន បន្ត​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម សម្រាប់​វិនិយោគ​ដាំ​អំពៅ​ជា​ហូរហែ។ ក្នុង​ចម្ការ​ខ្លះ​គេ​ទើប​នឹង​ដាំ​អំពៅ​ថ្មីៗ ខ្លះ​ទៀត​ដុះ​លូតលាស់ ហើយ​ខ្លះ​ទៀត​អាច​ទទួល​ផល ជាដើម។

ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ លោក កាង ឈាង មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​ឃើញ​ជនជាតិ​វៀតណាម នៅ​តែ​បន្ត​ចូល​មក​ដាំ​អំពៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន ម៉ែន សារុន បន្ថែម​ទៀត។ លោក​មិន​បាន​ដឹង​ថា ផ្ទៃដី​ដែល​ក្រុមហ៊ុន​បាន​ជួល​ឲ្យ​ទៅ​ជនជាតិ​វៀតណាម មាន​ចំនួន​ប៉ុន្មាន​ហិកតារ​នោះ​ទេ ប៉ុន្តែ​លោក​ដឹង​ថា មាន​មេការ​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ តេវ បាន​ជួល​ដី​ពី​តំណាង​ក្រុមហ៊ុន ឈ្មោះ វាសនា ក្នុង​តម្លៃ​មួយ​ហិកតារ​ពី ១​លាន​រៀល​ឡើង​ទៅ​ក្នុង​មួយ​ឆ្នាំ។

លោក​ថា ឈ្មោះ តេវ បាន​យក​ដី​ដែល​ជួល​ពី​ក្រុមហ៊ុន ទៅ​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម បន្ត​ទៀត ហើយ​ថ្មីៗ​នេះ​ឃើញ​មាន​ពលរដ្ឋ​វៀតណាម ជាច្រើន​ក្រុម បាន​ចូល​ទៅ​មើល​ទីតាំង​ដី​ក្នុង​ក្រុមហ៊ុន ដើម្បី​ដាំ​អំពៅ​បន្ថែម​ទៀត៖ «សម្ដី​មាស​របស់​សម្ដេច​ប៉ុណ្ណឹង​គេ​មិន​ស្តាប់​ផង ចុះ​ទម្រាំ​ពលរដ្ឋ​ធម្មតា។ អ៊ីចឹង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​អនាគត​ទៅ ខ្លាច​តំបន់​ហ្នឹង​មិន​មែន​ក្រុមហ៊ុន​ជួល​ឲ្យ​វៀតណាម យូរៗ​ទៅ​ក្លាយ​ជា​របស់​វៀតណាម តែ​ម្តង​ក៏​ថា​បាន»។

កាល​ពី​ថ្ងៃ​ទី​១៦ មករា ប្រជា​សហគមន៍​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ជុំវិញ​ករណី​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​សាធារណៈ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​មិន​អាច​ឆ្លង​កាត់​ទៅ​កាន់​ដី​ចម្ការ​របស់​ខ្លួន​បាន។ ក្នុង​ពាក្យ​បណ្ដឹង​បញ្ជាក់​ថា ថ្មីៗ​នេះ​មេការ​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បាន​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម ជាច្រើន​ហិកតារ។ ក្នុង​ពាក្យ​បណ្ដឹង​អះអាង​ថា តំណាង​ក្រុមហ៊ុន​បាន​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម ពី ៣ ទៅ ៤​ឡូត៍ ដោយ​ក្នុង​មួយ​ឡូត៍ៗ​មាន​ផ្ទៃដី​ពី ២០ ទៅ ២៥​ហិកតារ។ ករណី​នេះ គឺ​ផ្ទុយ​ទៅ​នឹង​សារាចរ​របស់​រាជ​រដ្ឋាភិបាល ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ណែនាំ​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​បន្ត​ជួល​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង​ឡើយ។

ចម្ការ​អំពៅ​វៀតណាម ក្រុមហ៊ុន ម៉ែន សារុន ៨៥៥ចម្ការ​អំពៅ​របស់​ជនជាតិ​វៀតណាម នៅ​លើ​ដី​ដែល​បាន​ជួល​​ពី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ក្នុង​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna 

ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ មករា ថា ខាង​ក្រុមហ៊ុន​មិន​បាន​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម ដូច​ការ​លើក​ឡើង​ទេ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​គ្រាន់​តែ​សហការ​ជាមួយ​អ្នក​ជំនាញ​ជនជាតិ​វៀតណាម ក្នុង​ការ​ដាំ​អំពៅ ហើយ​បាន​ផល គឺ​លក់​ឲ្យ​វៀតណាម ប៉ុណ្ណោះ៖ «ស្នា! តាម​ពិត​ដី​យើង​ហ្នឹង​ដាំ​អំពៅ​ទេ​ខាង​យើង ទទួល​លក់​អំពៅ​នៅ​ពេល​បាន​ផល។ យើង​លក់ មិន​មែន​យើង​ជួល​ទេ»។

បើ​ទោះ​បី​ជា​មាន​ការ​ច្រាន​ចោល​បែប​នេះ​ក្តី ប៉ុន្តែ​ប្រជា​សហគមន៍​យល់​ថា នេះ​គ្រាន់​តែ​ជា​ការ​ដោះសា​ប៉ុណ្ណោះ។

អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ មករា ថា កាល​ពី​សប្ដាហ៍​មុន ក្រុម​ការងារ​ខេត្ត និង​ក្រុម​ការងារ​អន្តរ​ក្រសួង បាន​ចុះ​ពិនិត្យ​បញ្ហា​នេះ​ដល់​ទីតាំង​ក្រុមហ៊ុន ម៉ែន សារុន ប៉ុន្តែ​រក​មិន​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម ទេ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ជួល​ដី​ក្បែរ​ព្រំដែន​ទៅ​ឲ្យ​ជន​បរទេស អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «យើង​ចុះ​ពិនិត្យ​មើល​លើ​ការងារ​ហ្នឹង គឺ​អត់​បាន​ស្រាវជ្រាវ​រក​ករណី​ហ្នឹង គឺ​អត់​មាន​ជួល​ឲ្យ​ក្រុមហ៊ុន​វៀតណាម ទេ​ដី​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ព្រំដែន ឲ្យ​បញ្ឈប់​ការ​ជួល​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង ទោះ​បី​ក្នុង​រូបភាព​ណា​ក៏ដោយ ក៏ប៉ុន្តែ​ក្នុង​សារាចរ​បញ្ជាក់​ថា ប្រសិន​បើ​ដី​ជួល​ទាំងនោះ​មិន​ទាន់​បញ្ចប់​កិច្ចសន្យា​ដែល​មាន​ឯកសារ​គតិយុត្តិ​ត្រឹមត្រូវ គឺ​ពួក​គេ​អាច​បន្ត​រហូត​ផុត​កំណត់​បាន។ ជាង​នេះ​ទៀត រាជ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ផ្ញើ​លិខិត​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោយ​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រជាពលរដ្ឋ​ខ្លួន​ក្នុង​ការ​ជួល​ដី​ខ្មែរ​បន្ត​ទៀត។

បន្ថែម​ពី​នេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ ប្រមុខ​រាជ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ក្រើន​រំឭក​អំពី​បម្រាម​ជួល​ដី​ទៅ​ឲ្យ​បរទេស រួម​មាន​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឡាវ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​អាជ្ញាធរ​គ្រប់​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ថា “ហាម​ដាច់ខាត​ចំពោះ​ការ​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម”។

ទោះ​បី​ជា​មាន​សារាចរ និង​បម្រាម​ចេញ​ដោយ​ប្រមុខ​ដឹកនាំ​ម្តង​ហើយ​ម្តង​ទៀត​ក៏ដោយ ប៉ុន្តែ​ព័ត៌មាន​ស្ដីពី​ការ​ជួល​ដី​ឲ្យ​ប្រទេស​ជិត​ខាង ពិសេស​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ហាក់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​នេះ ពីព្រោះ​មិន​បាន​យក​សារាចរ​ទាំងនោះ​ទៅ​អនុវត្ត​ទេ​មក​ដល់​ពេល​បច្ចុប្បន្ន។ រីឯ​សកម្មភាព​ជួល​ដី​បន្ត​កើត​មាន​ទាំង​ក្រុមហ៊ុន​ស្រប​ច្បាប់ និង​ក្រុមហ៊ុន​មិន​ស្រប​ច្បាប់៖ «ហើយ​ខ្ញុំ​មើល​ទៅ មិន​មែន​ថា​រដ្ឋាភិបាល​មិន​ដឹង មិន​មែន​អាជ្ញាធរ​ស្រុក មិន​មែន​មេ​ឃុំ​មិន​ដឹង​ទេ។ ដឹង​ទាំងអស់ ប៉ុន្តែ​នេះ​គេ​ហៅ​ថា​គ្មាន​ឆន្ទៈ​ក្នុង​ការ​បញ្ឈប់ បើ​មាន​ឆន្ទៈ​រឿង​អី​ថា​បញ្ឈប់​មិន​បាន»។

លោក នាង សុវ៉ាត មើល​ឃើញ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​យក​ច្បាប់​មក​អនុវត្ត គួបផ្សំ​នឹង​ឆន្ទៈ​ពិត​ប្រាកដ​របស់​រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ថា បើ​រាជ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ទេ បើ​ទោះ​បី​ជា​ច្បាប់ ឬ​សារាចរ​ណែនាំ​នោះ​ល្អ​ប៉ុណ្ណោះ​ក៏ដោយ ក៏​គ្មាន​ប្រយោជន៍ ប៉ុន្តែ​បើ​មាន​ប្រយោជន៍ គឺ​សម្រាប់​ពលរដ្ឋ​តូចតាច ឬ​ពលរដ្ឋ​ទន់​ខ្សោយ​ប៉ុណ្ណោះ៕

បក្ស​ប្រឆាំង​ស្នើ​អភិបាល​ខេត្ត​ស្វាយរៀង​អន្តរាគមន៍​រឿង​វៀតណាម​ជួល​ដី​ជាង​១​ពាន់​ហិកតារ


ពលរដ្ឋ​រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បង្ហាញ​ទីតាំង​ដី​ស្រែ​ដែល​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Yeang Socheameta



មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​អភិបាល​ខែត្រ​ស្វាយរៀង ជួយ​អន្តរាគមន៍​លើ​ករណី​វៀតណាម ដាំ​ដំណាំ​ស្រូវ​ជាប់​បង្គោល​ព្រំដែន​លេខ​១៨៩ និង​ករណី​អ្នក​មាន​អំណាច​ក្នុង​ខេត្ត​ស្វាយរៀង ជួល​ដី​ស្រែ​ឲ្យ​វៀតណាម ជាង ១​ពាន់​ហិកតារ។ ជុំវិញ​បញ្ហា​នេះ អភិបាល​ខេត្ត​ថា​នឹង​ចាត់​ឲ្យ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ដោះស្រាយ។

ថ្វីត្បិតតែ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​មិន​ឲ្យ​មាន​ករណី​ជួល​ដី​ជាប់​ព្រំដែន​នៅ​តាម​បណ្តោយ​ព្រំដែន​ក្តី តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​ប្រជាពលរដ្ឋ​ផង នៅ​តែ​រាយការណ៍​ថា ករណី​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម នៅ​តែ​កើត​មាន​ដដែល ហើយ​ពលរដ្ឋ​វៀតណាម នៅ​តែ​មាន​សេរីភាព​ធ្វើ​ស្រែ​ជាប់​បង្គោល​ព្រំដែន ឬ​តំបន់​ស​ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ។

ក្នុង​ពាក្យ​បណ្ដឹង​របស់​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​ចូល​សាលា​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​វៀតណាម បាន​ដាំ​ដំណាំ​ស្រូវ​ជាប់​បង្គោល​ព្រំដែន​លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ដូនទៃ ឃុំ​ទួលស្តី ស្រុក​ចន្ទ្រា។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​វិញ ត្រូវ​អាជ្ញាធរ​វៀតណាម ហាមឃាត់ និង​តម្រូវ​ឲ្យ​ដាំ​ស្រូវ​ឃ្លាត​ពី​បង្គោល​ចម្ងាយ ៥០​ម៉ែត្រ។ ពាក្យ​បណ្ដឹង​នោះ​បង្ហាញ​ទៀត​ថា អ្នក​មាន​អំណាច​ក៏​បាន​ជួល​ដី​ឲ្យ​វៀតណាម សរុប​ប្រមាណ ១.០៤៧​ហិកតារ ក្នុង​នោះ​នៅ​ភូមិ​កោះឫស្សី ឃុំ​ទួលស្តី ចំនួន ៥៦០​ហិកតារ។ រីឯ​ភូមិ​គោកតែក ចំនួន ២៤៧​ហិកតារ និង​ភូមិ​តែងម៉ៅ ២៤០​ហិកតារ ស្ថិត​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខ្មែរ​នៅ​មូលដ្ឋាន​ភូមិ-ឃុំ​ខាង​លើ មិន​អើពើ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ទេ ថែម​ទាំង​ការពារ និង​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចេញ​ចូល​តាម​អំពើ​ចិត្ត​ទាំង​គ្មាន​លិខិត​ឆ្លង​ដែន​មក​ជួល​ដី និង​ធ្វើ​ស្រែ​នៅ​លើ​ទឹកដី​ខ្មែរ​តាម​បណ្តោយ​ព្រំប្រទល់​កម្ពុជា-វៀតណាម នៃ​ខេត្ត​ស្វាយរៀង៖ «ជាក់ស្តែង​យើង​បាន​ចុះ​ទៅ​ឃើញ​សុទ្ធតែ​ជនជាតិ​វៀតណាម តែ​ម្តង ដែល​មក​សាបព្រោះ និង​ធ្វើ​ស្រូវ​លើ​ដី​ខ្មែរ។ តែ​ពេល​យើង​ចុះ​ទៅ​ដូច​មាន​អ្នក​រាយការណ៍​ប្រាប់​យួន​មុន​ចឹង គឺ​ពួក​គេ​ចេញ​អស់​ទៅ ពោល​គឺ​នៅ​សល់​តែ​ដំណាំ​ស្រូវ គ្រាប់​ពូជ និង​ឧបករណ៍​ធ្វើ​ស្រែ​ដូចជា​ត្រាក់ទ័រ​ជាដើម នៅ​ពេញ​ទីនោះ»។

លោក គង់ ម៉ាស់ ឲ្យ​ដឹង​ដែរ​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​ដើម្បី​ឲ្យ​អភិបាល​ខេត្ត​ស្វាយរៀង អន្តរាគមន៍ និង​ឆ្លើយតប​ជា​សាធារណៈ​ចំពោះ​ករណី​វៀតណាម ធ្វើ​ស្រែ និង​ជួល​ដី​នេះ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​កុំ​ឲ្យ​បាត់បង់​ទៅ​ថ្ងៃ​ខាង​មុខ។ លោក​ថា បើ​ពុំ​មាន​ដំណោះស្រាយ​ទេ​នោះ លោក​នឹង​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត៖ «យើង​ព្រួយ​បារម្ភ​ខ្លាច​ដេញ​មិន​ទៅ ហើយ​យូរៗ​ទៅ​ជា​ទម្លាប់ ដូច្នេះ​យើង​ខ្លាច​បាត់បង់​ដី»។

ទាក់ទិន​ករណី​នេះ អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​ពាក្យ​បណ្ដឹង​នោះ​ឡើយ​ទេ ដោយសារ​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មករា លោក​ជាប់​រវល់​នៅ​ទីក្រុង​តៃនិញ ប្រទេស​វៀតណាម។ ទោះ​យ៉ាង​ណា​ក្តី លោក​បញ្ជាក់​ថា នឹង​ចាត់​ឲ្យ​គណៈកម្មការ​ខេត្ត​ពិនិត្យ​មើល​លើ​បញ្ហា​នេះ៖ «ចាំ​ឲ្យ​គេ​ចុះ​ពិនិត្យ​ជាក់ស្តែង​មើល ព្រោះ​ថា​ខាង​វៀតណាម ខ្ញុំ​បាន​និយាយ​ជាមួយ​គេ​ច្បាស់​ណាស់ ថា​កន្លែង​ណា​អាស្រ័យ​ផល គឺ​អាស្រ័យ​ផល​កន្លែង​នោះ​សិន ទម្រាំ​រដ្ឋាភិបាល​ប្រគល់ និង​បោះ​បង្គោល​ព្រំដែន​រៀប​ម៉េចៗ​ចឹង​នោះ។ ឥឡូវ​ពាក្យ​បណ្ដឹង​នោះ ចាំ​មើល​ខ្ញុំ​ឲ្យ​គណៈកម្មការ​ចុះ​មើល​កន្លែង​ណា​អី​កន្លែង​ណា»។

កន្លង​មក ថ្នាក់​ដឹកនាំ​ខេត្ត​ធ្លាប់​ចុះ​ទៅ​ស្រាវជ្រាវ​ដែរ ប៉ុន្តែ​រក​ពុំ​ឃើញ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ និង​បក្ស​ប្រឆាំង​ឡើយ។ ចំណែក​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ជាដើម សុទ្ធតែ​អះអាង​ថា ករណី​វៀតណាម ជួល​ដី​នេះ គឺ​ជា​រឿង​ពិត ដោយ​គ្រាន់​តែ​ដូរ​រូបភាព​ការ​ជួល​ដី​ប៉ុណ្ណោះ​ដែល​ឲ្យ​ខ្មែរ​ឈរ​ឈ្មោះ​ជា​តំណាង ហើយ​ម្យ៉ាង​វិញ​ទៀត ពលរដ្ឋ​ថា​ថ្នាក់​ខេត្ត​ក៏​មិន​ត្រូវ​ជឿ​លើ​របាយការណ៍​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ខ្លាំង​ពេក។

រីឯ​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ករណី​វៀតណាម ធ្វើ​ដំណាំ​ផ្សេង​នៅ​ជាប់​បង្គោល​ព្រំដែន គឺ​ជា​រឿង​ពិត​ជាក់ស្តែង ដែល​ធ្លាប់​ចុះ​ទៅ​ឃើញ​ផ្ទាល់​ដែរ។ រីឯ​ករណី​វៀតណាម ជួល​ដី​នោះ លោក​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ចាត់​ឲ្យ​ក្រុម​ការងារ​ពិនិត្យ​លើ​លិខិត​ស្នាម​ជួល​ដី​នោះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បកស្រាយ​ឲ្យ​បាន​ច្បាស់៖ «យើង​ឃើញ​ជាក់ស្តែង គេ​ដាំ​ដល់​បង្គោល​មែន បើ​ដាំ​ដំឡូង​ដាំ​បង្គោល ហើយ​បើ​ដាំ​ស្រូវ​ដាំ​ដល់​បង្គោល​តែ​ម្តង តែ​កម្ពុជា មិន​អាច​ធ្វើ​ដល់​បង្គោល​បាន​ទេ»។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ដែល​ធ្លាប់​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា-វៀតណាម កាល​លោក​នៅ​មាន​ជីវិត​នោះ ចាត់​ទុក​ថា បញ្ហា​ជួល​ដី​នេះ គឺ​ជា​អាណានិគម​បែប​ថ្មី ដែល​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បូរណភាព​ទឹកដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង​តាម​រយៈ​យុទ្ធសាស្ត្រ​ច្រែះ​ស៊ី​ដែក ដែល​បាន​រៀបចំ​ទុក​ជា​យូរ​ណាស់​មក​ហើយ។

លោក​បណ្ឌិត កែម ឡី បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​ស្គាល់​ការពិត ហើយ​ចាប់​ផ្តើម​អភិវឌ្ឍ ឬ​បំពេញ​បន្ថែម​នូវ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ខ្មែរ​តាម​ព្រំដែន ដើម្បី​ឲ្យ​ពួក​គាត់​ងាយ​ស្រួល​បង្កបង្កើនផល និង​ចូលរួម​ការពារ​ព្រំដែន​យ៉ាង​មាន​ប្រសិទ្ធភាព៕