Tuesday, January 24, 2017

ពលរដ្ឋ​ជាង​៦០​នាក់​តវ៉ា​មុខ​សាលា​ខេត្ត​មណ្ឌលគិរី​សុំ​ឲ្យ​អាជ្ញាធរ​គោរព​កិច្ចសន្យា

ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត និង​សាលា​ដំបូង​ខេត្ត ដើម្បី​តវ៉ា​ដីកា​តុលាការ​កោះ​ហៅ​តំណាង​ពួក​គាត់ ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo ADHOC



ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ក្នុង​ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ជាង ៦០​នាក់ នាំ​គ្នា​មក​សាលា​ខេត្ត​តវ៉ា​ឲ្យ​អាជ្ញាធរ​គោរព​កិច្ចសន្យា​ដែល​បាន​ធ្វើ​ជាមួយ​ពលរដ្ឋ ពាក់ព័ន្ធ​បណ្ដឹង​ចោទ​ប្រកាន់​តំណាង​ប្រជាពលរដ្ឋ ៣​នាក់ ដែល​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ដាយ​ណាម (Day Nam) ឈូស​ឆាយ​ប៉ះពាល់​ដី​ព្រៃ​អារក្ស​ប្រជាពលរដ្ឋ។

មន្ត្រី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​បី​នាក់​រស់នៅ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ក្នុង​ឃុំ​ពូជ្រៃ ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទ​ចោទ​ប៉ុនប៉ង​ឃាតកម្ម។

ការ​សម្របសម្រួល​នេះ ធ្វើ​ឡើង​ខណៈ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ក្នុង​ឃុំ​ពូជ្រៃ ជាង ៦០​នាក់ នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ខេត្ត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ដោយសារ​តែ​អ្នក​ភូមិ​ភ័យ​ខ្លាច​តុលាការ ចាប់​ខ្លួន​តំណាង​ពួក​គាត់​ដែល​បាន​តវ៉ា​រឿង​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ប៉ះពាល់​ព្រៃ​អភិរក្ស​អ្នក​ភូមិ។

កាល​ពី​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ រាប់​រយ​នាក់ បាន​ចាប់​ឃាត់​គ្រឿងចក្រ​ឈូស​ដី​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ដាយ​ណាម ដែល​កំពុង​ឈូស​ឆាយ​ដី​សម្បទាន​រំលោភ​ចូល​ព្រៃ​គោរព​បូជា​របស់​អ្នក​ភូមិ។ ក្រោយ​ពី​អ្នក​ភូមិ​ឃាត់​គ្រឿងចក្រ​នេះ តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​អ្នក​ភូមិ​ពីរ​នាក់ និង​មេ​ភូមិ ពី​បទ​លួច និង​ប្រើ​អំពើ​ហិង្សា ប៉ុន្តែ​អ្នក​ភូមិ​រាប់​រយ​នាក់ បាន​នាំ​គ្នា​មក​តវ៉ា​នៅ​សាលា​ខេត្ត ទើប​អាជ្ញាធរ​ខេត្ត​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​បញ្ចប់​ការ​តវ៉ា ដោយ​សន្យា​ថា​នឹង​បញ្ចប់​រឿង​ចោទ​ប្រកាន់​អ្នក​ភូមិ​នេះ។
តំណាង​អ្នក​ភូមិ លោក សុខ តឿ បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ខែ​មករា ឆ្នាំ​២០១៧ តុលាការ​ចេញ​ដីកា​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ និង​មេ​ភូមិ​ជា​ថ្មី ឲ្យ​ចូល​ខ្លួន​ឲ្យ​ចៅក្រម​ស៊ើបសួរ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម។ ហេតុ​នេះ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​សាលា​ខេត្ត​ជា​ថ្មី ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​អនុវត្ត​តាម​ការ​សន្យា​ដែល​បាន​ធ្វើ​ជាមួយ​ពលរដ្ឋ។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ចូល​ជួប​ពិភាក្សា​គ្នា និង​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​អនុវត្ត​តាម​នីតិវិធី​នៃ​ការ​កោះ​ហៅ និង​សន្យា​មិន​មាន​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​នោះ​ទេ៖ «ចោទ​ហ្នឹង​ដើម្បី​ដាក់​ឃុំ​ខ្លួន​ពួក​ខ្ញុំ​ហ្នឹង​ណា! ដល់​ចុង​ក្រោយ គេ​សម្រួល​គ្នា​ទៅ​គេ​មិន​ឲ្យ​ឃុំ​ខ្លួន​ទេ គេ​ឲ្យ​ចូល​ខ្លួន​ទៅ​បំពេញ​បែបបទ គេ​ធ្វើ​បែបបទ​បញ្ចប់​ឲ្យ»។

តំណាង​អ្នក​ភូមិ​ដែល​តុលាការ​កោះ​ហៅ​រួម​មាន ឈ្មោះ សុខ តឿ និង យ៉ែម ថា ឲ្យ​ចូល​ខ្លួន​ទៅ​ការិយាល័យ​ចៅក្រម​ស៊ើបសួរ​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា។ ចំណែក​ប្រធាន​ភូមិ​ឈ្មោះ គ្រឿន ប៊ុនធឿន ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ក៏ប៉ុន្តែ​ប្រធាន​ភូមិ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៥ បាត់​ទៅ​ហើយ។

អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ចឹង សុចន្ថា មាន​ប្រសាសន៍​បញ្ជាក់​ថា រឿង​ក្តី​នេះ​ជា​រឿង​ចាស់ ដែល​ក្រុមហ៊ុន​បាន​ប្ដឹង​ប្រជាពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​បញ្ចប់​រឿង​នេះ​តាំង​ពី​ឆ្នាំ​២០១៤។ លោក​ថា ដោយសារ​រាជ​រដ្ឋាភិបាល​បាន​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​នេះ​កាល​ពី​ឆ្នាំ​២០១៥ ទើប​ក្រុមហ៊ុន​ចាកចេញ​ដោយ​មិន​បាន​ដក​ពាក្យ​បណ្ដឹង​ប្រជាពលរដ្ឋ ទើប​ចៅក្រម​តុលាការ​កោះ​ហៅ​មក​សាកសួរ ដើម្បី​បំពេញ​នីតិវិធី​តែ​ប៉ុណ្ណោះ៖ «ឥឡូវ​ខ្ញុំ​បាន​ជម្រាប​គាត់​ហើយ​ថា គេ​ហៅ​ដើម្បី​សួរ​យើង​ទេ បើ​យើង​មិន​ធ្វើ​ខុស ខ្លាច​ចូល​ទៅ បង្ហាញ​ខ្លួន​ទៅ ខ្លាច​ស្អី? វា​ចប់​ហើយ»។

នៅ​រសៀល​ម៉ោង ២ ថ្ងៃ​ទី​២៤ ខែ​មករា តំណាង​អ្នក​ភូមិ​ទាំង​ពីរ​នាក់ បាន​ចូល​ខ្លួន​ទៅ​កាន់​ការិយាល័យ​ចៅក្រម​ស៊ើបសួរ​តាម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ត។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​អម​ដំណើរ​តំណាង​របស់​គេ បាន​រង់ចាំ​នៅ​មុខ​សាលា​ដំបូង ឃ្លាំ​មើល​ការ​សាកសួរ​នេះ។

អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស ថ្លែង​បញ្ជាក់​ថា នេះ​ជា​ការ​អនុវត្ត​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ ខណៈ​រឿង​ក្តី​នេះ​កំពុង​ឋិត​ក្នុង​ចំណាត់ការ​ចៅក្រម​ស៊ើបសួរ។ លោក​ថា ការ​ចូល​ខ្លួន​បំភ្លឺ​របស់​ពលរដ្ឋ គឺ​ជា​ការ​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា ហើយ​ការ​សម្រេច​យ៉ាង​ណា ឋិត​លើ​ចៅក្រម​ស៊ើបសួរ​ដែល​កាន់​សំណុំ​រឿង​ក្តី​ប្រជាពលរដ្ឋ​នេះ៖ «គាត់​នៅ​ឆ្លើយ​បំភ្លឺ​នៅ​បន្ទប់​ចៅក្រម​ខាង​លើ ទើប​ឆ្លើយ​បាន​ម្នាក់​ហ្នឹង​តាម​ដីកា​កោះ​ហៅ​ហ្នឹង។ គាត់​ចេះ​តែ​មក​ខ្លាច​គ្នា​គាត់ ប៉ុន្តែ​ចៅក្រម​មិន​ទាន់​សម្រេច​អ្វី​ទេ កំពុង​ស៊ើបសួរ»។

ក្រុមហ៊ុន ដាយ​ណាម កាល​ពី​ឆ្នាំ​២០១៤ បាន​ដាក់​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ពី​បទ​លួច និង​ប្រើ​អំពើ​ហិង្សា​ចាប់​យក​គ្រឿងចក្រ​ក្រុមហ៊ុន​ដែល​កំពុង​ឈូស​ឆាយ​ដី​សម្បទាន។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ គឺ​ជា​រឿង​ត្រឹមត្រូវ​តាម​នីតិវិធី​តុលាការ។ លោក​ថា ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ថា តើ​ប្រជាពលរដ្ឋ​មាន​កំហុស ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​លទ្ធផល​ស៊ើប​អង្កេត​របស់​ចៅក្រម​ស៊ើបសួរ ចំណែក​មន្ត្រី​អាដហុក នឹង​បន្ត​ឃ្លាំ​មើល​បញ្ហា​នេះ៖ «ករណី​នេះ​ចៅក្រម​លោក​មាន​តួនាទី​ក្នុង​ការ​ស៊ើបសួរ​ភាគី​ពាក់ព័ន្ធ បើ​សិន​រក​ឃើញ គាត់​មាន​សិទ្ធិ​បន្ត​នីតិវិធី ប្រសិន​រក​មិន​ឃើញ អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​ចៅក្រម​ដោយ​ផ្អែក​លើ​វិធាន​ច្បាប់»។

រហូត​មក​ទល់​នឹង​ម៉ោង ៥​រសៀល​ថ្ងៃ​ដដែល ចៅក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការ​សាកសួរ និង​អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ទាំង​ពីរ​នាក់​វិល​ទៅ​លំនៅឋាន​វិញ៕

ប្រធាន​សហជីព​ដែល​ថៅកែ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​បញ្ឈប់​ពី​ការងារ​ស្វែង​រក​អន្តរាគមន៍

                                                                                                                                                                                  ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា ប្រចាំ​នៅ​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុង​ប៉ោយប៉ែត ដែល​ត្រូវ​បាន​ថៅកែ​កាស៊ីណូ បញ្ឈប់​ពី​ការងារ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​​ ទទូច​ជា​ថ្មី​សុំ​ឲ្យ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ ជួយ​អន្តរាគមន៍​ដើម្បី​​ផ្ដល់​យុត្តិធម៌​ដល់​រូប​គេ​បាន​ចូល​ធ្វើការ​វិញ​ឲ្យ​បាន​ឆាប់។ ការ​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សហជីព​រូប​នេះ ទន្ទឹង​រង់ចាំ​ឲ្យ​ភាគី​​កាស៊ីណូ​ដោះស្រាយ​អត្ថប្រយោជន៍​ការងារ​ដល់​​រូប​គេ​អស់​ជា​ច្រើន​ខែ​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

​​​​​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា ប្រចាំ​នៅ​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ក្រុង​ប៉ោយប៉ែត​ លើក​ឡើង​ថា​ ថៅកែ​កាស៊ីណូ​មួយ​នេះ បណ្ដេញ​រូប​គាត់​ចេញ​ពី​ការងារ​ដោយ​គ្មាន​កំហុស​ឡើយ។

អតីត​បុគ្គលិក​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ក្រុង​ប៉ោយប៉ែត លោក​ ប៊ុន សុធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ថា​ ចាប់​តាំង​ពី​ថៅកែ​ក្រុម​ហ៊ុន​កាស៊ីណូ​មួយ​នេះ បញ្ឈប់​រូប​​លោក​​ពី​ការងារ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក គឺ​ខាង​ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ការងារ​ដល់​រូប​គេ​មួយ​រៀល​នៅ​ឡើយ។ លោក​អះអាង​​ថា ក្រុមហ៊ុន​នេះ​បញ្ឈប់​លោក​ដោយសារ​មិន​ពេញ​ចិត្ត​រូប​​គាត់​ធ្វើ​ជា​ប្រធាន​សហជីព​នៅ​ក្នុង​កាស៊ីណូ​មួយ​នេះ​ ដែល​ជា​ឆ្អឹង​ទទឹង​ក ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គាបសង្កត់​បុគ្គលិក៖ «»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ហ្គ្រែន ដាយម៉ុន ស៊ីធី ក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា។

ចំណែក​អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​បន្ទាយមានជ័យ​ លោក​ ហុង ប្រកប មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល​ដើម្បី​ដោះស្រាយ​បន្ត​ហើយ​ បន្ទាប់​ពី​​លោក​ហៅ​ភាគី​ទាំង​សង្ខាង​ទៅ​សម្រុះសម្រួល ​ ក៏​ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល៖ «»។
​​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា​ បញ្ហា​នេះ​ប្រសិន​បើ​ខាង​ក្រុមហ៊ុន​នៅ​តែ​ប្រកាន់​ជំហរ​បញ្ឈប់​មន្ត្រី​សហជីព គឺ​ត្រូវ​ផ្ដល់​​អត្ថប្រយោជន៍​ការងារ​ដល់​លោក ប៊ុន សុធី តាម​ផ្លូវ​ច្បាប់​ការងារ៖ «»។

​​​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ប៉ោយប៉ែត ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ឆ្នាំ​២០០២​ និង​មាន​បុគ្គលិក​បម្រើ​ការងារ​ប្រហែល​ជិត ៣​ពាន់​នាក់។

លោក​ ប៊ុន សុធី​ អះអាង​ថា ប្រសិន​បើ​ខាង​ក្រុមហ៊ុន​បន​ល្បែង​មួយ​នេះ​​ និង​មន្ត្រី​ពាក់ព័ន្ធ​មិន​អាច​ដោះស្រាយ​ឲ្យ​លោក​ចូល​ធ្វើ​ការ​វិញ​ ឬ​ផ្ដល់​សំណង​សមរម្យ​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ​ ​បុគ្គលិក​​កាស៊ីណូ​ប្រមាណ ១​ពាន់​នាក់​ នឹង​ធ្វើ​កូដកម្ម​នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ​ដើម្បី​ជួយ​លោក​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌៕

អ្នក​បឹងកក់​ហៅ​ការ​កោះ​ហៅ​ពួក​គាត់​ចូល​តុលាការ​បន្តបន្ទាប់​ជា​ការ​គំរាម​កំហែង




ចាប់​តាំង​ពី​មាន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ក្រុម​ស្ត្រី​បឹងកក់​ជាច្រើន​នាក់​ដែល​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ជា​បន្តបន្ទាប់។ អ្នក​បឹងកក់​ថា ការ​សើរើ​សំណុំ​រឿង​ពួក​គាត់​ខ្លះ​កាល​ពី​ជាង ២ ឬ ៤​ឆ្នាំ​មុន​ឡើង​វិញ គឺ​ជា​ការ​គំរាម​កំហែង​លើ​ពួក​គាត់។

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំម៉ី យល់​ថា ចំណាត់ការ​របស់​តុលាការ​នៅ​ពេល​នេះ គឺ​ជា​ការ​ដាក់​គំនាប​មក​លើ​ពួក​គាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​តវ៉ា​នានា​ក្នុង​សង្គម និង​ខាតបង់​ពេលវេលា​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

លោកស្រី ង៉ែត ឃុន អះអាង​ថា ខ្លួន​មិន​ត្រឹម​តែ​ជា​អ្នក​រងគ្រោះ​ពី​អំពើ​ហិង្សា​បង្ក​ដោយ​លោកស្រី តល់ ស្រីពៅ ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​រង​បណ្ដឹង​បក​វិញ​ថា បង្ក​ហិង្សា​ដោយ​ចេតនា​លើ​លោកស្រី តល់ ស្រីពៅ បន្ថែម​ទៀត។ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​ថា​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោកស្រី៖ «»។

លោកស្រី គង់ ចន្ថា ដែល​ជា​សាក្សី​ម្នាក់​ក្នុង​សំណុំ​រឿង​លោកស្រី ង៉ែត ឃុន ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​លោកស្រី ង៉ែត ឃុន ដែល​ដាក់​ប្ដឹង​កាល​ពី​ឆ្នាំ​២០១៤ នោះ តុលាការ​ក្រុង​ភ្នំពេញ​មិន​មាន​ចំណាត់ការ​ទេ បែរ​ជា​ធ្វើ​ការ​លើ​បណ្ដឹង​បក​លោកស្រី ង៉ែត ឃុន ពី​លោកស្រី តល់ ស្រីពៅ ទៅ​វិញ។
លោកស្រី​យល់​ថា ការ​ប្ដឹង​ផ្ដល់​រវាង​អ្នក​បឹងកក់​នេះ មិន​មែន​កើត​ចេញ​ពី​អ្នក​បឹងកក់​នោះ​ទេ គឺ​មាន​អាជ្ញាធរ​នៅ​ពី​ក្រោយ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​បែកបាក់​សាមគ្គី​គ្នា​រឿង​តវ៉ា​ទាមទារ​ដីធ្លី​ពី​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku)៖ «»។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អតីត​តំណាង​អ្នក​បឹងកក់ លោកស្រី តល់ ស្រីពៅ បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា។

ចំណែក​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស ត្រូវ​បាន​គេ​នាំ​មក​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មករា ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ លោក អ៊ី ថាវរៈ ក្នុង​នាម​ជា​សាក្សី​ឲ្យ​លោកស្រី ង៉ែត ឃុន ដែល​រង​បណ្ដឹង​ពី​អតីត​តំណាង​អ្នក​បឹងកក់ លោកស្រី តល់ ស្រីពៅ ដែល​ប្ដឹង​ថា លោកស្រី ង៉ែត ឃុន ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤ នៅ​តំបន់​បឹងកក់។

បើ​ទោះ​ជា​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្នក​បឹងកក់​នៅ​តែ​មាន​សង្ឃឹម​ថា យុត្តិធម៌​ពិត​ប្រាកដ​នឹង​មាន​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ចំពោះ​ពួក​គាត់ បើ​សិន​មាន​ការ​ផ្លាស់ប្ដូរ​សង្គម​ជាតិ​មួយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ។ អ្នក​បឹងកក់​យល់​ថា តុលាការ​មិន​គួរ​លើក​យក​រឿងរ៉ាវ​កន្លង​ផុត​ជាច្រើន​ឆ្នាំ ដើម្បី​ដាក់​សម្ពាធ​ពួក​គេ​មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នោះ​ទេ។ ពួក​គេ​នៅ​តែ​បន្ត​យុទ្ធនាការ​នោះ​ដដែល លុះត្រា​តែ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប។

លោកស្រី ង៉ែត ឃុន ដែល​ត្រូវ​ជា​ចុង​ចម្លើយ​ក្នុង​សំណុំ​រឿង នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា៕

ABC វាយប្រហារ​អាស៊ី​សេរី

ឡានរបស់វិទ្យុ ABC ដែលសរសេរពាក្យប្រឆាំង​វិទ្យុអាស៊ី​សេរី។ រូបថត ហ្វេសប៊ុក


ភ្នំពេញៈ ក្រុម​ការងារ​វិទ្យុ ABC ពី​ម្សិលមិញ​បាន​អំពាវនាវ​​​​ពលរដ្ឋ​ឲ្យ​ចូលរួម​ប្រឆាំង​វិទ្យុ​អាស៊ីសេរី​យ៉ាង​ហោច​ ២ ​លើក​ដោយ​ចោទ​វិទ្យុ​នេះ​ថា​មាន​ចេតនា​ទប់ស្កាត់​អាមេរិក​មិន​ឲ្យ​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ជាង​ ៣០០ ​លាន​ដុល្លារ​ក្នុង​ជំនាន់ ​លន់ នល់។

កាលពី​ថ្ងៃ​ទី​ ២១ ខែ​មករា វិទ្យុ​អាស៊ី​សេរី​បាន​ផ្សាយ​ពត៌មាន​មាន​ចំណង​ជើង​ថា «លោក ហ៊ុន សែន អះអាង​ជាថ្មី​ថា ​​នឹង​​ស្នើ​​ឲ្យ​​ប្រធានាធិបតី​​អាមេរិក​​ថ្មី​​លុប​បំណុល​ចាស់​​ចោល​»។

ខ្លឹមសារ​នៃ​ព័ត៌មាន​នេះ​គឺ «លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ជាថ្មី​ថា​លោក​នឹង​ស្នើ​ឱ្យ​លោក ដូណាល់ ត្រាំ ដែល​ទើប​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​ក្នុង​សម័យ​លោក លន់ នល់។ ប៉ុន្តែ​ អ្នក​វិភាគ​យល់​ថា​ ដរាប​ណា​អាមេរិក​នៅ​តែ​ចាត់ទុក​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​ដរាប​នោះ​អាមេរិក​នឹង​មិន​សម្រេច​​លុប​ចោល​បំណុល​នោះ​ឡើយ»។

ដោយ​លើក​ពី​ចំណុច​នេះ​ក្រុម​ការងារ​ ABC ដែល​ពេល​ព្រឹក​ធ្វើ​យុទ្ធនាការ​នៅ​មុខ​វត្ត​ចាក់អង្រែ​ក្រោម និង​ពេល​រសៀល​នៅ​​ផ្លូវ​វេងស្រេង​បាន​ចោទ​​វិទ្យុ​អាស៊ីសេរី​ និង​អ្នក​វិភាគ​ថា​មិន​ចង់​ឲ្យ​អាមេរិក​លុប​បំណុល​នេះ​ក្នុង​សម័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ចាំ​ឲ្យ​លុប​ពេល​លោក សម រង្ស៊ី​ ឡើង​កាន់​អំណាច​វិញ។


ទាក់ទង​នឹង​យុទ្ធនាការ​នេះ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​លោក មឿន ឈានណារិទ្ធិ ​មើល​ឃើញ​ថា​ ​នេះ​​​ជា​រលក​វាយប្រហារ​គ្នា​ជាថ្មី​រវាង​ស្ថាប័ន​សារព័ត៌មាន​ដូច​គ្នា​ដែល​ឥរិយាបថ​បែប​នេះ​ធ្លាប់​កើត​​ច្រើន​​មក​ហើយ​ក្នុង​ទសវត្សរ៍​ទី ៩០។

លោក​ថា​ការ​ធ្វើ​បែប​នេះ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និង​ធ្វើឲ្យ​ស្ថាប័ន​ ABC ខ្លួនឯង​ចុះ​ទន់ខ្យោយ​ទៅវិញ​ទេ។

លោក​ថា៖ «តាមពិត​ទៅ​នេះ​ជា​ចំណុច​ខ្សោយ​មួយ​របស់​វិទ្យុ​ ABC ទេ​គ្រប់​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​អះអាង​ថា​ឯករាជ្យ អព្យាក្រឹត និង​ដើរ​តួនាទី​មួយ​ជូន​ព័ត៌មាន​ដល់​ពលរដ្ឋ​ហើយ​ការ​ធ្វើ​នេះ​វា​មិនមែន​ជា​តួនាទី​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ទេ»៕

កម្មករ​រោងចក្រ​ក្បាលកោះ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​សម្រាប់​ខែ​ធ្នូ




កម្មករ​រោងចក្រ​ក្បាលកោះ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជិត ៣០០​នាក់ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា លើក​គ្នា​មក​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រក​អន្តរាគមន៍​បើក​ប្រាក់​ឈ្នួល​ដែល​ពួក​គាត់​មិន​បាន​ទទួល​សម្រាប់​ខែ​ធ្នូ។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បញ្ជូន​ករណី​នេះ​ទៅ​ដោះស្រាយ​ក្រសួង​ការងារ​វិញ។

នៅ​ពេល​ដែល​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ប្រាប់​កម្មករ​ឲ្យ​ទៅ​ដោះស្រាយ​នៅ​ក្រសួង​ការងារ​នោះ តំណាង​កម្មករ​រោងចក្រ​ក្បាលកោះ អ្នកស្រី អុល វណ្ណា មាន​ប្រសាសន៍​ថា អ្នកស្រី​អស់​សង្ឃឹម​ពេល​​ស្វែង​រក​អន្តរាគមន៍​រយៈ​ពេល​ជាង ១០​ថ្ងៃ​មក​នេះ ក្រុម​កម្មករ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ៖ «»។

អ្នកស្រី​ថ្លែង​ថា អ្នកស្រី និង​កម្មករ​ផ្សេង​ទៀត កំពុង​ជួប​ការ​លំបាក​ខ្វះ​លុយ​ចំណាយ​សម្រាប់​កូន​ទៅ​រៀន និង​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ពេល​ដែល​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​នេះ។

តំណាង​កម្មករ កម្មការិនី​មួយ​រូប​ទៀត គឺ​កញ្ញា នៀង សោភា បន្ទរ​ថា កម្មករ​ខ្លះ​មិន​មាន​ប្រាក់​នៅ​សល់​សម្រាប់​ទិញ​បាយ​ទេ៖ «ពួក​ខ្ញុំ​ពិបាក គឺ​ពិបាក​សព្វ​ផ្លូវ ទាំង​ថ្លៃ​ផ្ទះ​ជួល សូម្បី​តែ​ថ្លៃ​ឡាន ថ្លៃ​រ៉ឺម៉ក​ម៉ូតូ ដែល​គាត់​ឌុប​មក​ធ្វើ​ការ​រាល់​ថ្ងៃ ក៏​គាត់​ទារ​លុយ ហើយ​ពួក​ខ្ញុំ​ត្រូវ​ការ​ចំណាយ​ញ៉ាំ​រាល់​ថ្ងៃ ដឹង​ស្រាប់​ហើយ ផ្ទះ​ជួល ហើយ​ពិសេស​ជាង​គេ​បង​ប្អូន​កម្មករ​ភាគ​ច្រើន គឺ​គាត់​ជំពាក់​ធនាគារ»។

កម្មករ​កម្មការិនី​ទាំង​ជិត ៣០០​នាក់​នេះ មក​ពី​រោងចក្រ​ក្បាលកោះ ផាដា (Pada) និង​ថប់វើល (Top World) ដែល​មាន​ថៅកែ​តែមួយ។ រោងចក្រ​នេះ​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ភូមិ​ជ្រោយអម្ពិល២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

កម្មការិនី​ផ្នែក​ដេរ​នៃ​រោងចក្រ​ថប់វើល (Top World Garment) មួយ​រូប គឺ​កញ្ញា ចំរើន នួន ដែល​ធ្វើ​ការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក ថ្លែង​ថា រោងចក្រ​នេះ​ចាប់​ផ្ដើម​មាន​បញ្ហា​តាំង​ពី​ដើម​ឆ្នាំ​២០១៦ មក ដែល​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ម្ដង​បន្តិចៗ ឲ្យ​កម្មករ៖ «មួយ​ឆ្នាំ​ជាង​ហើយ គាត់​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​ខ្ញុំ​ហ្នឹង មួយ​ខែ​បើក​បួន​ប្រាំ​ដង ២០​រៀល ១០​រៀល ៣០​រៀល ៥០​អ៊ីចឹង​ទៅ តាម​តែ​គាត់​ស្នើសុំ​ឲ្យ​កម្មករ​ទទួល​យក។ កម្មករ​ទទួល​យក​រហូត តែ​ដល់​ពេល​ប្រាក់​ខែ ១២ នេះ គាត់​អត់​បាន​បើក​ឲ្យ​តែ​ម្ដង»។

កម្មករ កម្មការិនី​ចាប់​ផ្ដើម​ការ​តវ៉ា និង​ដាក់​ញត្តិ​រក​អន្តរាគមន៍​តាម​ស្ថាប័ន​ផ្សេងៗ នៅ​ថ្ងៃ​ទី​១១ មករា គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​រង់ចាំ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ឲ្យ ហើយ​ថៅកែ​រោងចក្រ​នេះ​មិន​បើក​ឲ្យ។ កម្មករ​អះអាង​ថា ថៅកែ​ជំរុញ​ឲ្យ​កម្មករ​តវ៉ា​តាម​ផ្លូវ​ច្បាប់។

ប័ណ្ណ​ប៉ាតង់​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា ថៅកែ​រោងចក្រ​នេះ​ឈ្មោះ ជឹង ជុនហ្វាត (Cheung Chun Fat)។ ប៉ុន្តែ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​បញ្ជាក់​ពី​ខាង​ថៅកែ​រោងចក្រ​បាន​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកស្រី អុល វណ្ណា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដោះស្រាយ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រយៈ​ពេល ៣​ម៉ោង នៅ​ល្ងាច​ថ្ងៃ​ទី​២៤ មករា មិន​មាន​ដំណោះស្រាយ​ទេ ព្រោះ​ភាគី​តំណាង​កម្មករ និង​សហជីព មិន​ចរចា​ជា​មួយ​មេធាវី ដែល​អះអាង​ថា បាន​ទទួល​សិទ្ធិ​ពី​ថៅកែ​រោងចក្រ។ ការ​មិន​ទទួល​ស្គាល់​មេធាវី​នោះ ព្រោះ​មេធាវី​មិន​បង្ហាញ​លិខិត​ផ្ទេរ​សិទ្ធិ​ពី​ថៅកែ។

ក្រុម​កម្មករ​នាំ​គ្នា​ត្រឡប់​ទៅ​រោងចក្រ​វិញ ហើយ​សន្យា​ថា នឹង​ពិភាក្សា​គ្នា​រក​មធ្យោបាយ​ស្វែង​រក​កិច្ច​អន្តរាគមន៍​បន្ត​ទៀត៕

Monday, January 23, 2017

ពលរដ្ឋ​ថា​អាជ្ញាធរ​បរាជ័យ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹង​ស្នេហ៍​ខេត្ត​ព្រៃវែង


សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Tha Kitya
 

បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ស្នេហ៍ ប៉ែក​ខាង​ត្បូង​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ និង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង កំពុង​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក ដោយ​ពលរដ្ឋ​ថា​ពុំ​មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​នោះ​ឡើយ។ សង្គម​ស៊ីវិល និង​ពលរដ្ឋ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង បញ្ចេញ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀង​រលឹម។

«សំឡេង​ទូក»

នេះ​គឺ​ជា​សំឡេង​ទូក​ម៉ាស៊ីន​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​មើល​បទល្មើស​នេសាទ។ សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ ទិដ្ឋភាព​នេសាទ​ខុស​ច្បាប់​ទាំងនោះ មាន​បង្គោល​ឫស្សី​ខ្ពស់​ទាប​នៅ​លើ​ផ្ទៃ​ទឹក ដែល​ហ៊ុមព័ទ្ធ​ដោយ​ស្បៃ​មុង​ដែល​មាន​ក្រឡា​យ៉ាង​ល្អិត ត្រូវ​គេ​រាយ​បណ្ដាក់​ជា​ជួរៗ​កាត់​មុខ​ទឹក​យ៉ាង​ស្អេកស្កះ ស្ទើរ​រក​ផ្លូវ​ទឹក​ដើម្បី​ចែវ ឬ​អុំ​ទូក​មិន​រួច​ផង។

បុគ្គលិក​អង្គការ​នារី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​អនាម័យ ឬ​ហៅ​ថា​អង្គការ Women និង​ជា​អនុប្រធាន​សហគមន៍​នេសាទ​តំបន់​បឹង​ស្នេហ៍ លោក ស សាវន។ លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ជំនាញ​របស់​រដ្ឋាភិបាល នៅ​តែ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​បន្ត​ដុះ​ស្លែ​ដូចនេះ​ទៀត នោះ​មនុស្ស​ជំនាន់​ក្រោយ​នឹង​លែង​ស្គាល់​ត្រី​ធម្មជាតិ ហើយ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា ប្រជា​នេសាទ​នៅ​តំបន់​នេះ គឺ​ពុំ​ដែល​បាន​គិត​ពី​រដូវ​ហាមឃាត់ ឬ​រដូវ​បើក​នេសាទ​នោះ​ឡើយ៖ «បើ​នៅ​តែ​ដាក់​ចឹង​ទៀត អស់​ហើយ​ត្រី​នៅ​តំបន់​បឹង​ស្នេហ៍​នោះ គឺ​រក​លែង​បាន។ ឥឡូវ​នេះ​មាន​តែ​សំណូមពរ​ឲ្យ​ថ្នាក់​ដឹកនាំ ជាពិសេស​បង​ជំនាញ​ជលផល សូម​ឲ្យ​គាត់​ចុះ​មើល​ផ្ទាល់ ហើយ​អន្តរាគមន៍​កុំ​ឲ្យ​មាន​ស្បៃ​មុង ឬ​សៃយ៉ឺន​ផង»។

អង្គការ Women បាន​ចាប់​ផ្ដើម​គម្រោង​អភិរក្ស​ផ្ទៃ​បឹង​ស្នេហ៍​ដែល​មាន​ទំហំ ៥​ពាន់​ហិកតារ ចាប់​តាំង​ពី​ឆ្នាំ​២០១១ ហើយ​បាន​បន្ត​ពង្រីក​គម្រោង​អភិរក្ស​នៅ​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ឬ​ខ្សាច់​ស​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ប៉ុន្តែ​បុគ្គលិក​អង្គការ Women ថា​រហូត​មក​ដល់​ពេល​នេះ ការ​អភិរក្ស​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ពុំ​ទាន់​ទទួល​បាន​ជោគជ័យ​ឡើយ ដោយសារ​ខ្វះ​កិច្ច​សហការ​ពី​ខាង​អាជ្ញាធរ​មូលដ្ឋាន។

នេសាទ ព្រៃវែង ២០១៧ ៨៥៥សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Tha Kitya 

លោក ទី ផន អ្នក​សម្របសម្រួល​កម្មវិធី​របស់​អង្គការ​ស្ត្រី​ប្រចាំ​នៅ​ខេត្ត​ព្រៃវែង លើក​ឡើង​ថា អាជ្ញាធរ​បាន​ដឹង​ដែរ​អំពី​បទល្មើស​នេសាទ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ប៉ុន្តែ​ហាក់​មិន​ចាប់​អារម្មណ៍​ចូលរួម​ទប់ស្កាត់​ឡើយ៖ «យើង​មើល​ដូច​អត់​ឃើញ​មាន​សកម្មភាព​បង្ក្រាប​អី​ទៅ​តាម​ច្បាប់​ជលផល​អី​កើត​ផង ព្រោះ​បើ​តាម​ច្បាប់​ជលផល គឺ​ឲ្យ​ដាក់​រក​ត្រី​មួយ​ភាគ​បី​នៃ​ផ្ទៃ​ទឹក តែ​បើ​ដាក់​នៅ​ទីនេះ គឺ​បឹង​ប្រវែង​ប៉ុន្មាន ដាក់​ស្បៃ​មុង​ប្រវែង​ហ្នុង​ដែរ គឺ​កាត់​ទទឹង​បឹង​តែ​ម្តង។ ដាក់​នេះ យើង​ឃើញ​ខួប​ប្រាំង​ខួប​វស្សា​តែ​ម្តង ដូច្នេះ​ត្រី​មិន​អាច​កើត​ទៀត​ទេ»។

លោក ទី ផន បញ្ជាក់​ថា កន្លង​ទៅ ពេល​លោក​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​ម្តងៗ​នៅ​តំបន់​បឹង​ស្នេហ៍​នោះ គឺ​មាន​តែ​ទាហាន​ម្នាក់​ពីរ​នាក់​ប៉ុណ្ណោះ​ចូលរួម ដូច្នេះ​ពុំ​មាន​កម្លាំង​គ្រប់គ្រាន់​ឡើយ បណ្ដាល​ឲ្យ​ពួក​លោក​ជួប​ការ​លំបាក​ច្រើន ដោយសារ​ប្រជា​នេសាទ​ពុំ​ខ្លាចរអា ហើយ​ថែម​ទាំង​ឡោមព័ទ្ធ​ទូក​របស់​លោក​ទៀត​ផង ដោយ​ម្នាក់ៗ​បិទ​មុខ និង​មាន​អ្នក​បញ្ជា​ត្រឹមត្រូវ។ ប្រជា​នេសាទ​ខុស​ច្បាប់​ទាំងនោះ ប្រហែល​ជា​គិត​ថា ពួក​លោក​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​ឡើយ ពោល​គឺ​មាន​តែ​ខាង​ជំនាញ​ជលផល​មួយ​ប៉ុណ្ណោះ៖ «ពេល​ចុះ​ល្បាត​ម្តងៗ​យើង​ជួប​ហានិភ័យ​ណាស់ ព្រោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ គេ​ថា​យើង​ទៅ​បំផ្លាញ​របស់​គេ​ហើយ ដូច្នេះ​គេ​មក​ព័ទ្ធ​យើង​តែ​ម្តង»។

ប្រជា​នេសាទ​ម្នាក់​ដែល​បាន​សង់​ខ្ទម​ជាប់​មាត់​បឹង ដើម្បី​ធ្វើ​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​នោះ​លើក​ឡើង​ថា ធនធាន​ត្រី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ការ​ដាក់​ពង្រាយ​ស្បៃ​មុង​ខុស​ច្បាប់​ច្រើន​ឥត​គណនា នៅ​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង​នោះ។ លោក​អះអាង​ថា មិន​ដែល​ឃើញ​អាជ្ញាធរ​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ដល់​ទីនោះ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា អាជ្ញាធរ​ទទួល​សំណូក​ពី​ប្រជា​នេសាទ​ណា​ម្នាក់​ដែរ៖ «ពី​មុន​មក​រក​បាន ៤ ទៅ ៥​គីឡូ​ដែរ ក្នុង​រយៈពេល ១​យប់ ១​ថ្ងៃ តែ​ឥឡូវ​បាន​តែ ១​គីឡូ ឬ​ជាង ១​គីឡូ។ ដើម្បី​រក​បាន​វិញ ទាល់​តែ​បិទ​កុំ​ឲ្យ​មាន​ស្បៃ​មុង»។

មេ​បញ្ជាការ​រង​ក្រុង​ព្រៃវែង លោក នួន សារ៉េត ដែល​ទទួល​បន្ទុក​សហការ​ជាមួយ​ក្រុម​អភិរក្ស​តំបន់​បឹង​ស្នេហ៍ មាន​ប្រសាសន៍​ថា ខាង​លោក និង​អង្គការ Women បាន​រួម​គ្នា​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ស្នេហ៍​បឹង​ខាង​ជើង ទទួល​បាន​ជោគជ័យ តែ​លោក​សោកស្ដាយ​ដែល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ព្រោះ​ថា​អាជ្ញាធរ​ដែនដី​មិន​សូវ​ចូលរួម៖ «គាត់​សហការ​ដែរ ប៉ុន្តែ​សហការ​មិន​រលូន ពោល​គឺ​មាន​ការ​រអាក់រអួល​ច្រើន។ នេះ​ហើយ​ជា​ផល​លំបាក។ ក្នុង​នាម​ខ្ញុំ​មក​ពី​ខាង​ខេត្ត​គ្រាន់​តែ​សំណូមពរ​ថា អាជ្ញាធរ​ដែនដី​នេះ​មេត្តា​ចូលរួម​សហការ​ជាមួយ​អភិរក្ស ឬ​ជាមួយ​សហគមន៍ ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ»។

លោក ទី ផន បញ្ជាក់​ថា ដើម្បី​ឲ្យ​ធនធាន​មច្ឆជាតិ​សម្បូរ​ឡើង​វិញ​ដូច​នៅ​តំបន់​ស្នេហ៍​ប៉ែក​ខាង​ជើង ឬ​នៅ​ប៉ែក​ខាង​លើ​នោះ ប្រជា​នេសាទ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ជលផល​ដោយ​អនុញ្ញាត​ឲ្យ​រក​ត្រី​លើ​ផ្ទៃ​ទឹក​មួយ​ភាគ​បី។ ទន្ទឹម​គ្នា​នេះ លោក​ថា​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​គ្នា​ឲ្យ​បាន​ជា​ធ្លុង​មួយ ដើម្បី​ទប់ស្កាត់​ប្រជា​នេសាទ​ណា​ដែល​មិន​គោរព​ច្បាប់។

ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍​របស់​អាស៊ីសេរី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​ព្រៃវែង លោក អូន ស៊ីណាត បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ខែ​មករា លោក​បាន​បញ្ជូន​កម្លាំង​ចុះ​ទៅ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​មាន​បញ្ហា​នោះ​ហើយ។ ទោះ​យ៉ាង​ណា លោក អូន ស៊ីណាត ហាក់​មិន​សប្បាយ​ចិត្ត​ចំពោះ​អ្នក​ដែល​រាយការណ៍​មក​អាស៊ីសេរី អំពី​បទល្មើស​នេសាទ និង​អ្នក​ដែល​បាន​ចោទ​ថា វិធានការ​របស់​អាជ្ញាធរ​ជលផល​ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទៀត៖ «សំខាន់​ឲ្យ​តែ​ខាង​សហគមន៍​រាយការណ៍​ថា កន្លែង​ណា​មាន​បទល្មើស​នោះ យើង​ទៅ​ជួយ​ហើយ ព្រោះ​ថា​កម្លាំង​យើង​តិច យើង​មិន​អាច​ទៅ​ល្បាត​ដោយ​ខ្វះ​ព័ត៌មាន​បាន​ទេ។ ឥឡូវ​នេះ យើង​ធ្វើ​ការ​ហើយ កន្លង​មក​យើង​ក៏​បាន​ធ្វើ​ការ​ដែរ»។

ប្រជាពលរដ្ឋ និង​បុគ្គលិក​អង្គការ Women ឲ្យ​ដឹង​ដែរ​ថា នៅ​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង​នោះ ក៏​មាន​ប្រជា​នេសាទ​មួយ​ចំនួន​បាន​ជីក​បៀ ឬ​ស្រះ​នៅ​បាត​បឹង​នៅ​រដូវ​ទឹក​រីង ដើម្បី​ប្រមូល​ពូជ​ត្រី​គ្រប់​ប្រភេទ។ ចំណែក​ពលរដ្ឋ​ដែល​មាន​ទ្រព្យ​ធន និង​មាន​អំណាច​មួយ​ចំនួន​ទៀត ក៏​បាន​លើក​ភ្លឺ​ទប់​បឹង​ម្ខាង ដើម្បី​បូម​ទឹក​ឲ្យ​រីង ហើយ​ពង្រោះ​ស្រូវ​ប្រាំង​ទៀត​ផង ដែល​បញ្ហា​នេះ​នាំ​ឲ្យ​ផ្ទៃ​បឹង​ទាំងមូល​កាន់​តែ​រួម​តូច​ទៅៗ។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំងនោះ​រួម​មាន នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុ​ពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ។ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល ជាដើម៕

ពលរដ្ឋ​២​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​ស្នើ​ជួយ​សង្គ្រោះ​កូន​ស្រី​នៅ​ចិន​និង​ម៉ាឡេស៊ី

ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ឈ្មោះ ប្រុញ ម៉ុម (រូប​ឆ្វេង និង​កណ្ដាល) សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អាដហុក (ADHOC) លោក ហូ សំអុល (រូប​ស្ដាំ) នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។ Photo ADHOC



ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​សង្គ្រោះ​កូន​ស្រី​របស់​ខ្លួន ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ត្រូវ​បុរស​ជនជាតិ​ចិន បង្ខំ​ឲ្យ​បម្រើ​សេវា​ផ្លូវ​ភេទ បង្គាប់​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ និង​បំបិទ​សិទ្ធិ​សេរីភាព ជាដើម។ ការ​អំពាវនាវ​នេះ ក្រោយ​ពី​ជន​រងគ្រោះ​បាន​ផ្តល់​ដំណឹង​តាម​រយៈ​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ។

ជនជាតិ​ដើម​ភាគតិច កំពុង​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​កូន​ស្រី​ដែល​បាន​ចាកចេញ​ពី​ស្រុក​កំណើត ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន ជាង​កន្លះ​ឆ្នាំ​មក​ហើយ។ ពួក​គាត់​សង្ស័យ​ថា ករណី​នេះ​ជា​ការ​ចាញ់​បោក​មេ​ខ្យល់​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន។

បុរស​ជា​ឪពុក​ស្ត្រី​រងគ្រោះ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ គឺ​លោក អ៊ុក ជា រៀបរាប់​នៅ​ថ្ងៃ​ទី​២២ មករា ថា កូន​ស្រី​របស់​លោក​ឈ្មោះ ប្រុញ ម៉ុម អាយុ ២៧​ឆ្នាំ ត្រូវ​បាន​មេ​ខ្យល់​លួងលោម​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ដោយ​សន្យា​ថា ផ្តល់​ការងារ​ល្អ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ តែ​ផ្ទុយ​ទៅ​វិញ កូន​ស្រី​លោក​ត្រូវ​គេ​បង្គាប់​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន បង្ខំ​ឲ្យ​បម្រើ​សេវា​ផ្លូវ​ភេទ ធ្វើ​ការងារ​ធ្ងន់ បំបិទ​សិទ្ធិ​សេរីភាព និង​អាហារ​ហូប​ចុក​មិន​គ្រប់គ្រាន់។

លោក​កត់​សម្គាល់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ មករា មាន​បុរស​ម្នាក់​ដោយ​លោក​មិន​ស្គាល់​អត្តសញ្ញាណ ទូរស័ព្ទ​មក​លោក ដោយ​បង្គាប់​ឲ្យ​លោក​ផ្ញើ​ប្រាក់​ឲ្យ​គេ ៣​លាន​រៀល ដោយ​អះអាង​ថា ជា​ថ្លៃ​សេវា​ធ្វើ​ដំណើរ​ឲ្យ​កូន​ស្រី​របស់​លោក​វិល​ត្រឡប់​ទៅ​ស្រុក​វិញ៖ «គ្រាន់​តែ​ខល​មក​ប្រាប់​ថា ពុក​អើយ​ឲ្យ​អង្គការ និង​រាជ​រដ្ឋាភិបាល​ជួយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​គេ​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ណាស់។ ខ្ញុំ​ចាញ់​បោក​គេ។ គេ​ឲ្យ​យក​ប្ដី ហើយ​ប្ដី​ធ្វើ​បាប​សម្បើម​ដៃ​ណាស់ គឺ​រឿង​ផ្លូវ​ភេទ​ផង និង​ធ្វើ​ការងារ​ធ្ងន់»។

លោក អ៊ុក ជា បន្ថែម​ថា លោក​បាន​ដាក់​ញត្តិ​សុំ​ការ​អន្តរាគមន៍​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជាង​មួយ​ខែ​មក​ហើយ នៅ​តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។

មេ​ឃុំ​សំអាង លោក ញៀន ផុន ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ទេ។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​គ្រួសារ​ជន​រងគ្រោះ ប្ដឹង​មក​អាជ្ញាធរ ដើម្បី​ឲ្យ​លោក​រាយការណ៍​ទៅ​ថ្នាក់​ស្រុក និង​ខែត្រ រក​វិធានការ​ដោះស្រាយ​បញ្ហា​នេះ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ កម្មការិនី ៧​នាក់​រស់នៅ​ឃុំ​សំអាង បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ក្នុង​នោះ​មាន ៦​នាក់​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ នៅ​សល់​តែ​ស្ត្រី​បាន​បាត់​ដំណឹង ៦​ឆ្នាំ​ហើយ៖ «៦ ទៅ ៧​នាក់​ដែរ តែ​បាន​មក​វិញ​អស់​ហើយ នៅ​សល់​តែ ជិន អាន់ មួយ​ទេ តែ​ស្រី​ម៉ុម មិន​ដឹង​រឿង​ទេ»។

ដោយឡែក​អ្នក​ភូមិ​ជា​ជនជាតិ​ដើម​ភាគតិច​កួយ លោក អ៊ុក ម៉ៅ កត់​សម្គាល់​ថា អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ក្រីក្រ​នោះ​ទេ ទាក់ទិន​បាត់​កូន​ស្រី ពោល​គឺ​ពាក្យ​បណ្ដឹង​របស់​គ្រួសារ​ស្ត្រី​រងគ្រោះ ត្រូវ​កប់​ចោល។

លោក​កត់​សម្គាល់​ថា ជាក់ស្តែង​កម្មការិនី​ម្នាក់​ឈ្មោះ ជិន អាន់ បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ៦​ឆ្នាំ​ហើយ បាត់​ដំណឹង​ឈឹង​មិន​ដឹង​ថា​ស្លាប់ ឬ​រស់​ទេ ហើយ​ក្រុម​គ្រួសារ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ច្រើន​លើក ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​មក​សួរនាំ​នោះ​ទេ៖ «មេ​ឃុំ​អី​មិន​ដែល​ថា​ដោះស្រាយ​ដើម្បី​ជួយ​អំពាវនាវ​ឲ្យ​រក​មនុស្ស​អី​ទេ។ និយាយ​មួយ​ម៉ាត់​គេ​មិន​សូវ​ឈឺ​ឆ្អាល​តែ​ម្តង។ ជីវភាព​គាត់​ខ្វះខាត​ណាស់ ប៉ះ​ពេល​ណា​អត់​អី​ហូប​ដែរ​ហ្នឹង យើង​មិន​មែន​ថា​លុយ​ទិញ​ម្ហូប​ទេ សូម្បី​តែ​បាយ​ក៏​ខ្វះខាត​ដែរ»។

សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា តាំង​ពី​ឆ្នាំ​២០១៥ រហូត​ដល់​បច្ចុប្បន្ន សមាគម​ទទួល​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ចំនួន ៩​ករណី ក្នុង​នោះ​ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ចំនួន ៣​ករណី ស្រុក​សៀមប៉ាង ៥​ករណី និង​ស្រុក​សៀមបូក ១​ករណី។ ក្នុង​ចំណោម ៩​ករណី មាន ៣​ករណី​ដែល​កម្មការិនី​ពុំ​ទាន់​វិល​មក​ស្រុក​កំណើត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​បញ្ជាក់​ថា សមាគម​អាដហុក​ខែត្រ​ស្ទឹងត្រែង បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ដែរ និង​បាន​រាយការណ៍​ទៅ​អាដហុក​ស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​អន្តរាគមន៍​បន្ត​ទៀត ដោយសារ​ករណី​នេះ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​បរទេស។ លោក​ថា មូលហេតុ​ដែល​ស្ត្រី​ខ្មែរ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដោយសារ​ជីវភាព​ខ្វះខាត ខ្វះ​ចំណេះ​ដឹង ជំពាក់​បំណុល​គេ និង​ទីផ្សារ​ការងារ​ក្នុង​ស្រុក​តូច​ចង្អៀត។

លោក​កត់​សម្គាល់​ថា កម្មការិនី​ដែល​វិល​មក​ស្រុក​កំណើត​បាន គឺ​ភាគច្រើន​ពួក​គេ​ព្យាយាម​តស៊ូ​មក​ស្រុក​ដោយ​ខ្លួន​ឯង ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី​ក្រុម​គ្រួសារ៖ «ខាង​ទូត​នៅ​ម៉ាឡេស៊ី ហ្នឹង គេ​ក៏​បាន​សហការ​ជាមួយ​សមាគម​អាដហុក​យើង​ដែរ។ ឧទាហរណ៍​ថា ឲ្យ​តែ​ដឹង​ថា​នារី​នៅ​ម៉ាឡេ​មាន​បញ្ហា គេ​ចង់​ឲ្យ​នារី​ហ្នឹង​មក​ដល់​ស្ថានទូត​គេ បាន​គេ​ជួយ​មក​តែ​ម្តង ប៉ុន្តែ​ប្រសិន​ជា​ស្ថានទូត​ទាក់ទង​ទៅ​នារី​រស់នៅ​វា​លំបាក»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ដើម្បី​កាត់​បន្ថយ​ពលរដ្ឋ​ចំណាក​ស្រុក រដ្ឋាភិបាល​មាន​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ដូចជា រក្សា​តុល្យភាព​តម្លៃ​ស្រូវ ឬ​អង្ក និង​បន្លែ ផ្លែ​ឈើ ផ្តល់​ការងារ​ក្នុង​ស្រុក​មាន​ប្រាក់ខែ​សមរម្យ ជាដើម៕