លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រកាសផ្ទេរអំណាចឲ្យលោក ដូណាល់ ត្រាំ ដោយរលូន
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលពេលនេះបានក្លាយទៅជាប្រធានាធិបតីចាំផ្ទះ ប្រកាសមួយថ្ងៃក្រោយពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតភ្លាមថា លោកនឹងធានាឲ្យបាននូវការផ្ទេរអំណាចមួយដោយរលូន និងដោយសន្តិវិធី។
លោក ដូណាល់ ត្រាំ (Donald Trump) ដែលទើបនឹងជាប់ឆ្នោត ចូលជួបពិភាក្សាគ្នាអំពីការផ្ទេរអំណាចជាមួយលោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅថ្ងៃព្រហស្បតិ៍ ទី១០ វិច្ឆិកា នេះ នៅសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតុន (Washington)។
លោកប្រធានាធិបតីចាំផ្ទះ បារ៉ាក់ អូបាម៉ា ដែលបានទូរស័ព្ទទៅអបអរសាទរលោក ដូណាល់ ត្រាំ ភ្លាម បន្ទាប់ពីបានដំណឹងពីការជាប់ឆ្នោតនេះ បញ្ជាក់ថា លោកនឹងរៀបចំការផ្ទេរអំណាចជូនលោក ត្រាំ ដោយរលូន ថ្វីត្បិតតែលោកទាំងពីរធ្លាប់មានការខ្វែងគំនិតគ្នាជាច្រើនអន្លើក៏ដោយ៖ «វាមិនមែនជាការសម្ងាត់ទេ ដែលលោកប្រធានាធិបតីទើបនឹងជាប់ឆ្នោត និងខ្ញុំ មានទស្សនៈខុសគ្នាមួយចំនួន ដែលគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែកាលពី ៨ឆ្នាំមុន លោកប្រធានាធិបតី ហ្សក ប៊ូស (George W. Bush) និងខ្ញុំ ក៏មានទស្សនៈខុសគ្នាច្រើនដែរ ក៏ប៉ុន្តែក្រុមរបស់លោកប្រធានាធិបតី ហ្សក ប៊ូស រៀបចំទទួលយើងប្រកបដោយវិជ្ជាជីវៈ និងស្មោះស្ម័គ្រ ដើម្បីធានាឲ្យបានថាមានការផ្ទេរអំណាចមួយដោយរលូន ដែលអនុញ្ញាតឲ្យក្រុមរបស់យើងអាចចាប់ផ្ដើមធ្វើការភ្លាម»។
លោកប្រធានាធិបតី អូបាម៉ា ក៏បានទូរស័ព្ទទៅអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែរ ដើម្បី សម្ដែងការកោតសរសើររបស់លោក ចំពោះការខិតខំឃោសនារកសំឡេងឆ្នោតដ៏ស្វាហាប់របស់អ្នកស្រី។
រីឯអ្នកស្រី ហ៊ីលឡារី គ្លីនតុន វិញ ទោះបីជាអ្នកស្រីធ្លាប់ប្រឈមមុខជាមួយនឹងលោក ដូណាល់ ត្រាំ ដែលពេលខ្លះប្រកែកគ្នាតឹងសរសៃក ក្នុងរយៈកាលនៃការឃោសនារកសំឡេងឆ្នោតក៏ដោយ ពេលដែលអ្នកស្រីដឹងថាអ្នកស្រីចាញ់ឆ្នោតហើយ អ្នកស្រីរូតរះអំពាវនាវប្រាប់អ្នកគាំទ្ររបស់អ្នកស្រី ឲ្យគោរពនូវលទ្ធផលឆ្នោត និងឲ្យបើកបេះដូងទទួលយកលោក ដូណាល់ ត្រាំ ជាមេដឹកនាំរបស់ខ្លួន៖ «លោក ដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតីរបស់យើង។ យើងត្រូវបើកទ្រូងទទួលគាត់ និងផ្តល់ឱកាសជូនគាត់ក្នុងការដឹកនាំប្រទេស។ រដ្ឋធម្មនុញ្ញនៃប្រទេសយើង តម្រូវឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី។ ហើយយើងមិនត្រឹមតែគោរពតាមច្បាប់កំពូលនេះទេ យើងការពារដោយប្រយ័ត្នប្រយែងបំផុត»។
ដូចគ្នាដែរ លោក ដូណាល់ ត្រាំ ដែលធ្លាប់ជាគូប្រឆាំងនឹងអ្នកស្រី ប្រឆាំងនឹងក្រុមគាំទ្រគណបក្សប្រជាធិបតេយ្យពេលដឹងថាលោកឈ្នះឆ្នោតភ្លាម លោកសច្ចាជាសាធារណៈថា លោកនឹងធ្វើជាប្រធានាធិបតីសម្រាប់ពលរដ្ឋអាមេរិកាំងទាំងអស់៖ «ចំពោះអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ និងគណបក្សឯករាជ្យនៅទូទាំងប្រជាជាតិទាំងមូល ខ្ញុំសូមជម្រាបថា គឺដល់ពេលដែលយើងរួបរួមគ្នាជាមនុស្សតែមួយហើយ»។
ទន្ទឹមគ្នានោះដែរ លោកអំពាវនាវដល់អ្នកដែលមិនគាំទ្រលោក ឲ្យជួយផ្តល់យោបល់ជូនលោក ដើម្បីឲ្យលោកអាចរួមដៃជាមួយគ្នាបាន៖ «ចំពោះលោកអ្នកដែលមិនបានបោះឆ្នោតគាំទ្រខ្ញុំ ខ្ញុំសូមបោះដៃទៅកាន់លោកអ្នក ដើម្បីសូមឲ្យលោកអ្នកជួយណែនាំឲ្យខ្ញុំដឹងថា តើខ្ញុំត្រូវធ្វើបែបណា ដើម្បីឲ្យយើងអាចធ្វើការជាមួយគ្នាបាន ដើម្បីបង្រួបបង្រួមប្រទេសជាតិដ៏រុងរឿងរបស់យើង»។
គឺបរិយាកាសបោះឆ្នោតដោយគ្មានការគំរាមកំហែង ការផ្ទេរអំណាចដោយសន្តិវិធី និងស្មារតីបង្រួបបង្រួមជាតិនេះហើយ ដែលមានភាពខុសគ្នាស្រឡះពីកម្ពុជា។ គេនៅចាំបានថា កាលពីឆ្នាំ២០១៣ នៅយប់រាប់សន្លឹកឆ្នោត រដ្ឋាភិបាលបានចល័តរថក្រោះ និងកងកម្លាំងប្រដាប់អាវុធពេញទីក្រុង។ អ្នកក្រុងភ្នំពេញជ្រួលច្របល់ នាំគ្នាវេចបង្វេចស្វះស្វែងប្រមូលកូនប្រមូលចៅ។ អ្នកខ្លះនាំគ្នាទិញស្បៀងអាហារត្រៀមទុក ខ្លាចមានការបាញ់បោះទៀតផង។ ស្ថានការណ៍ពេលនោះ ត្រឡប់ទៅជាធូរស្រាលវិញ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលប្រកាសថា គណបក្សកាន់អំណាចទទួលបានសំឡេងឆ្នោតលើសគណបក្សប្រឆាំង។
អ្នកវិភាគនយោបាយ បណ្ឌិត មាស នី សង្ឃឹមថា រដ្ឋាភិបាលនឹងមិនធ្វើអំពើដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទៀតទេ នៅក្នុងការបោះឆ្នោតនៅឆ្នាំខាងមុខនេះនៅកម្ពុជា៖ «ខ្ញុំសង្ឃឹមថានៅក្នុងការបោះឆ្នោតឆ្នាំ២០១៧-២០១៨ នេះ ប្រហែលជារថក្រោះអីត្រូវជួសជុលឲ្យ ហើយពីឥឡូវទៅ ហើយយកទៅទុកឲ្យស្រួលទៅ។ ហើយក្នុងការចល័តទាហានអី អាចរុះរើទីតាំងអី រុះរើឲ្យហើយទៅ។ កុំនាំធ្វើក្នុងពេលបោះឆ្នោតអី ព្រោះអីវាផ្តល់ឲ្យមានការភ័យខ្លាចសម្រាប់ពលរដ្ឋច្រើនណាស់។ ត្រង់ហ្នឹងហើយដែលពលរដ្ឋចេះតែមានការគិតថា តាមដែលលោក កែម ឡី បាននិយាយថា កុំលេងខាំស្លឹកត្រចៀកគ្នា។ បើសិនជាធ្វើនយោបាយឲ្យវាស្មើភាពគ្នាទៅ។ អាហ្នឹងវាជារឿងមួយសំខាន់»។
ងាកមកការបោះឆ្នោតនៅសហរដ្ឋអាមេរិកវិញម្តង អ្នកចាញ់ឆ្នោតតែងមានទម្លាប់ឡើងថ្លែងសុន្ទរកថាទទួលយល់ព្រមចុះចាញ់ ហើយប្រកាសទទួលយកលទ្ធផលឆ្នោត និងស្វាគមន៍អ្នកដែលជាប់ឆ្នោត។ នៅក្នុងការបោះឆ្នោតឆ្នាំនេះ ក៏មិនខុសពីការបោះឆ្នោតចំនួន ៤៥ដងរួចមកហើយនោះទេ ថ្វីត្បិតតែអ្នកស្រី ហ៊ីលឡារី ទទួលបានសំឡេងឆ្នោត ឬដែលហៅថា Popular Votes ច្រើនជាងលោក ដូណាល់ ត្រាំ ក្តី តែដោយគោរពតាមច្បាប់រដ្ឋធម្មនុញ្ញដែលយកសំឡេងប្រតិភូតំណាង ឬដែលហៅថា Electoral Votes ជាផ្លូវការ អ្នកស្រី និងគណបក្សប្រជាធិបតេយ្យរបស់អ្នកស្រី បានប្រកាសទទួលយកលទ្ធផលឆ្នោត និងធានាថានឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្ទេរអំណាចទៅឲ្យអ្នកឈ្នះដោយរលូន និងដោយសន្តិវិធី។
លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោត និងក្រុមការងាររបស់លោក មានពេលប្រមាណ ១០សប្ដាហ៍រាប់ពីពេលនេះទៅក្នុងការត្រៀមរៀបចំខ្លួន ដើម្បីស្បថចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក។ ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕
No comments:
Post a Comment