Monday, December 19, 2016

ស្ត្រី​បម្រើ​សេវា​កម្សាន្ត​និង​ស្ត្រី​រោងចក្រ​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី​បន្ថែម​ទៀត


ស្ត្រី​សម្ដែង​សិល្បៈ​នៅ​ក្នុង​កម្មវិធី​វេទិកា​សិល្បៈ​ស្ត្រី ក្រោម​ប្រធានបទ វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច នា​សាល​មហោស្រព​ចេនឡា ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rach Vingur


ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ សេវា​កម្សាន្ត និង​ស្ត្រី​បម្រើ​ការ​តាម​រោងចក្រ អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី​បន្ថែម​ទៀត ស្រប​ពេល​ពួក​គាត់​នៅ​តែ​ប្រឈម​នឹង​បញ្ហា​រើសអើង​នៅ​ក្នុង​សង្គម និង​ត្រូវ​គេ​ជេរ​ប្រមាថ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​កម្មវិធី​វេទិកា​សិល្បៈ​ស្ត្រី ក្រោម​ប្រធានបទ «វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច»។ ក្រុម​ស្ត្រី​ក៏​បញ្ជាក់​ថា ការ​ឲ្យ​តម្លៃ​ចំពោះ​ស្ត្រី​ប្រកប​មុខ​របរ​រក​ស៊ី​ផ្លូវ​ភេទ និង​បម្រើ​សេវា​កម្សាន្ត ហើយ​ស្ត្រី​កម្មការិនី​រោងចក្រ ព្រោះ​ពួក​គាត់​ជា​អ្នក​រួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ។

បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ចាត់​ទុក​ស្ត្រី​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ស្ត្រី​ដែល​ប្រកប​មុខ​របរ​ផ្លូវ​ភេទ និង​ស្ត្រី​ដែល​បម្រើ​ការ​តាម​រោងចក្រ នៅ​តែ​ទទួល​រង​អំពើ​ហិង្សា​ផ្សេងៗ ដូចជា​ត្រូវ​បាន​គេ​រើសអើង និង​ត្រូវ​បាន​គេ​ជេរ​ប្រមាថ​ដដែល។

អ្នក​តំណាង​កម្មវិធី​ចងក្រង​ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​បម្រើ​សេវា​កម្សាន្ត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង ៨​ខេត្ត-ក្រុង ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ថា ពួក​គាត់​មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ ដូចជា​រំលោភ​បូក និង​អំពើ​ហិង្សា​វាយ​ធ្វើ​បាប​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ប្រឈម​នឹង​ការ​រើសអើង​នៅ​ក្នុង​សង្គម​ថែម​ទៀត៖ «ការ​ប្រកប​របរ​ផ្លូវ​ភេទ ដូចជា​ត្រូវ​ភ្ញៀវ​រំលោភ​បូក វាយ​ធ្វើ​បាប និង​វាយ​យក​លុយ ជាដើម»។

អ្នក​តំណាង​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​ស្ត្រី​ខ្លះ​ជ្រើសរើស​ប្រកប​មុខ​របរ​ផ្លូវ​ភេទ និង​សេវា​កម្សាន្ត ដោយសារ​អ្នក​ខ្លះ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​បែកបាក់​គ្រួសារ ពុំ​មាន​ការ​អប់រំ​ជ្រៅជ្រះ ហើយ​ការងារ​ផ្សេង​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន ជាដើម។ បច្ចុប្បន្ន នៅ​កម្ពុជា ស្ត្រី​ដែល​ប្រកប​មុខ​របរ​ផ្លូវ​ភេទ និង​បម្រើ​សេវា​កម្សាន្ត​មាន​ចំនួន​ប្រហែល ៤​ម៉ឺន​នាក់។ ក្រុម​ស្ត្រី​ទាំងនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រោះ​ប្រាក់​ខែ​ជា​មធ្យម​ចំនួន ១៦៥​ដុល្លារ​ក្នុង​មួយ​ខែ គឺ​ពួក​គាត់​បាន​ចំណាយ​លើ​សម្លៀកបំពាក់ ៣៧% ផ្ញើ​ប្រាក់​ទៅ​គ្រួសារ ២៧% ការ​ស្នាក់នៅ និង​ប្រើប្រាស់​ផ្សេងៗ ២៧% និង​ការ​ចំណាយ​លើ​សុខភាព ៩%។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​កម្មវិធី​វេទិកា​សិល្បៈ​ស្ត្រី​ក្រោម​ប្រធានបទ «វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច» ដែល​ប្រារព្ធ​នៅ​សាល​មហោស្រព​ចេនឡា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ធ្នូ។ កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ប្រហែល ៥០០​នាក់ គឺ​មាន​អ្នក​តំណាង​ក្រសួង​កិច្ចការ​នារី អាជ្ញាធរ​មូលដ្ឋាន សិស្ស និស្សិត សិល្បករ កម្មការិនី និង​ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម មាន​គោល​បំណង​ឆ្លុះ​បញ្ចាំង​ពី​វីរភាព ការ​តស៊ូ សាមគ្គីភាព និង​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​របស់​ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​បម្រើ​សេវា​កម្សាន្ត ព្រម​ទាំង​ស្ត្រី​កម្មការិនី​រោងចក្រ​ដែល​បាន​ដើរ​តួនាទី​ក្នុង​វិស័យ​សេដ្ឋកិច្ច ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ។

ចំណែក​អ្នក​តំណាង​កម្មការិនី​រោងចក្រ​ម្នាក់ កញ្ញា ព្រឿង សុខអ៊ាន់ លើក​ឡើង​ថា ក្រុម​កម្មការិនី​ខ្លះ​នៅ​តែ​ត្រូវ​បាន​ថៅកែ​រោងចក្រ​ប្រើប្រាស់​ពាក្យ​អសុរោះ និង​ជេរ​ប្រមាថ ជាពិសេស​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួស​ម៉ោង​ជាដើម។ កញ្ញា​បញ្ជាក់​ថា ទោះ​ជា​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​ម៉ោង​ក្ដី ក៏​មិន​អាច​ទទួល​បាន​ប្រាក់​ខែ​គ្រប់គ្រាន់ ដើម្បី​បង់​ថ្លៃ​ទឹក ភ្លើង និង​ផ្ទះ​ជួល​នោះ​ដែរ ហើយ​សល់​ប្រាក់​តិចតួច​ប៉ុណ្ណោះ ត្រូវ​ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត៖ «បើ​សិន​កម្មករ​ដេរ​អត់​គ្រប់​ចំនួន​ដែល​គេ​កំណត់​ទេ ពួក​គាត់​ត្រូវ​បាន​គេ​ជេរ និង​គំរាម​បញ្ឈប់​ពី​ការងារ​ជាដើម»។

អ្នក​តំណាង​កម្មការិនី​រូប​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ការងារ គួរ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​អំពី​ទុក្ខ​លំបាក​នៃ​ការ​ប្រឈម​របស់​ពួក​គាត់ ជាពិសេស​ត្រូវ​ចុះ​ទៅ​ណែនាំ​ដល់​ម្ចាស់​រោងចក្រ ឲ្យ​ឈប់​រំលោភ​សិទ្ធិ​កម្មករ និង​ឈប់​ប្រើប្រាស់​ពាក្យ​អសុរោះ​ត​ទៅ​ទៀត។

ក្រុម​ស្ត្រី​បម្រើ​ការ​តាម​រោងចក្រ​អះអាង​ថា ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់ គឺ​ជា​រឿង​ចាំបាច់​មួយ ព្រោះ​ស្ត្រី​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​មាន​ប្រហែល ៧​សែន​នាក់ គឺ​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ចំនួន​ប្រមាណ ២​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥។

មន្ត្រី​សម្របសម្រួល​សម្ព័ន្ធ​បង​ប្អូន​ស្ត្រី អ្នកស្រី អុល ពុទ្ធាវី បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​សេវា​កម្សាន្ត ព្រម​ទាំង​កម្មការិនី​រោងចក្រ នៅ​តែ​ប្រឈម​នឹង​ការ​មិន​ផ្ដល់​តម្លៃ បើ​ទោះ​ជា​ពួក​គាត់​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​សេដ្ឋកិច្ច​យ៉ាង​ណា​ក្ដី៖ «ភាគច្រើន​ស្ត្រី​បម្រើ​ផ្លូវ​ភេទ បម្រើ​សេវា​កម្សាន្ត កម្មការិនី​រោងចក្រ និង​ស្ត្រី​មេ​ផ្ទះ ត្រូវ​បាន​គេ​មិន​ផ្ដល់​តម្លៃ»។

ក្រុម​ស្ត្រី​ទាំងនេះ​បញ្ជាក់​ថា ការ​គោរព​សិទ្ធិ​ស្ត្រី​មាន​លក្ខណៈ​ល្អ​តិចតួច​ប៉ុណ្ណោះ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ និង​ច្បាប់​នានា​មក។ ជាមួយ​គ្នា​នោះ ការ​ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​អាច​បម្រើ​ការងារ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល ក៏​នៅ​តែ​តិចតួច​នៅ​ឡើយ។ ពួក​គាត់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល គួរ​តែ​ដាក់​ចេញ​វិធានការ​បន្ថែម​ទៀត ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្ដល់​តម្លៃ​ដល់​ស្ត្រី និង​ការ​គោរព​សិទ្ធិ​ស្ត្រី៕

ពលរដ្ឋ​១៨​សហគមន៍​ប្រមូល​ផ្ដុំ​មុខ​តុលាការ​និង​សាលា​ខេត្ត​ព្រះសីហនុ​ស្នើ​ជួយ​រក​យុត្តិធម៌


អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន (កាន់​ក្បាល​មេក្រូ) ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី ១៨​សហគមន៍​នៅ​មុខ​សាលា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រាប់​រយ​នាក់​មក​ពី ១៨​សហគមន៍​នា​ខេត្ត​ព្រះសីហនុ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង និង​សាលា​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីមួយៗ ជួយ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ជូន​ពួក​គេ​ឲ្យ​ទទួល​បាន​យុត្តិធម៌ ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​បោះឆ្នោត​សភា។

មន្ត្រី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ជួប​សវនាការ និង​សន្យា​ជួយ​ពន្លឿន​សំណុំ​រឿង​ដីធ្លី​នៅ​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​ឆាប់។

តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាង ៣០០​នាក់​មក​ពី ១៨​សហគមន៍​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ និង​សាលា​ខេត្ត​នេះ រំពឹង​ថា ការ​សន្យា​របស់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ទាំង​ពីរ នឹង​មាន​ការ​អនុវត្ត​ពិត​ប្រាកដ ហើយ​នឹង​ឈាន​ដល់​ផ្តល់​យុត្តិធម៌​ដោះស្រាយ​បញ្ហា​ដីធ្លី​ពិត​ប្រាកដ​ជូន​សហគមន៍​នីមួយៗ។

ការ​ប្រមូល​ផ្តុំ​គ្នា​នេះ ពួក​គេ​បាន​លើក​បដា​តវ៉ា​មាន​សរសេរ​អក្សរ​ដូចជា គ្មាន​ដី​គ្មាន​ជីវិត ឬ​គ្មាន​ដី​គ្មាន​ទីផ្សារ ពិសេស​មាន​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​អ្នកស្រី ប៊ុន រ៉ានី ជាច្រើន​ផ្ទាំង​ផង។ ឱកាស​នោះ តំណាង​ពលរដ្ឋ​បាន​លើក​ដៃ​សំពះ​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ ជួយ​រក​យុត្តិធម៌​ករណី​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដែល​ពលរដ្ឋ​ចោទ​ថា ឈ្មួញ​មាន​លុយ​មាន​អំណាច ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ ពិសេស​ប្រព័ន្ធ​តុលាការ​ប្លន់​ដី​លំនៅឋាន និង​ដី​កសិកម្ម​ពួក​គេ ហើយ​ចាប់​ពលរដ្ឋ​ដាក់​គុក​ច្រវាក់​ទៀត​ផង។

ប្រធាន​សហគមន៍​អូរ​ដំរី លោក ម៉ន ស៊ីណា បាន​រិះគន់​ថា មន្ត្រី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ មួយ​ចំនួន​នា​អាណត្តិ​កន្លង​ទៅ ថា​សម្រេច​ក្តី​លើ​វិវាទ​ដីធ្លី​មិន​យុត្តិធម៌ និង​គាំទ្រ​តែ​ភាគី​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច។ ប៉ុន្តែ​ពេល​នេះ តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ទាំង ១៨​សហគមន៍ រំពឹង​ថា ប្រធាន​តុលាការ និង​មន្ត្រី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ អាណត្តិ​នេះ ពិសេស​ប្រមុខ​ដឹកនាំ នឹង​ជួយ​ផ្តល់​យុត្តិធម៌​លើ​វិវាទ​ដីធ្លី​ជូន​សហគមន៍​នីមួយៗ​ឲ្យ​ទទួល​បាន​យុត្តិធម៌​ឡើង​វិញ៖ «សម្ដេច​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​រងគ្រោះ​នីមួយៗ​ឡើង​វិញ។ ជាង​នេះ ស្នើ​ឲ្យ​សម្ដេច​ជួយ​ពិនិត្យ​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ធ្វើ​បាប និង​ប្លន់​ដី​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ ហើយ​បាន​រាយការណ៍​បំផ្លើស​ការ​ពិត​ជូន​ប្រមុខ​ដឹកនាំ​ថា​ល្អៗ​ទៅ​វិញ ប៉ុន្តែ​ធាតុ​ពិត ពួក​គេ​បាន​ប្រព្រឹត្ត​ទង្វើ​អាក្រក់​នៅ​ថ្នាក់​ក្រោម​ជាតិ»។

ជម្លោះ​ដីធ្លី ព្រះសីហនុ ២០១៦ ៨៥៥ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី ១៨​សហគមន៍​ក្នុង​ខេត្ត​ព្រះសីហនុ ប្រមូល​ផ្ដុំ​មុខ​សាលា​ដំបូង និង​សាលា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១៨​សហគមន៍​ទាំងនេះ​មក​ពី​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ និង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ តំណាង​ពលរដ្ឋ ឲ្យ​ដឹង​ថា ជម្លោះ​ដីធ្លី​នៅ​តាម​សហគមន៍​ខ្លះ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​មាន​យុត្តិធម៌​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ។

បញ្ហា​នេះ​ដែរ អនុប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ប្រចាំ​ខេត្ត​ព្រះសីហនុ លោក យូ វាសនា បញ្ជាក់​ថា គោល​បំណង​របស់​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១៨​សហគមន៍ ជួបជុំ​គ្នា​នៅ​មុខ​សាលា​ដំបូង និង​សាលា​ខេត្ត​ព្រះសីហនុ ប្រយោជន៍​ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​កំពុង​ជាប់​គាំង​នៅ​ប្រព័ន្ធ​តុលាការ និង​វិវាទ​កើត​មាន​ថ្មីៗ។ លោក​បន្ត​ថា ថ្មីៗ​នេះ​នៅ​តាម​សហគមន៍​មួយ​ចំនួន គឺ​មាន​ឈ្មួញ និង​ក្រុមហ៊ុន​ខ្លះ​បាន​ដាក់​ពង្រាយ​កម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ គំរាម​សម្លាប់ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី​កំពុង​រស់នៅ មាន​ដូចជា​នៅ​សហគមន៍​អូរ​ខ្សាច់ និង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​ជាដើម៖ «សូម​សម្ដេច​ជួយ​ដាក់​បទបញ្ជា​ដល់​ថ្នាក់​ក្រោម​ជាតិ ឲ្យ​ជួយ​ពន្លឿន​ដោះស្រាយ​នូវ​វិវាទ​ដីធ្លី​នៅ​តាម​សហគមន៍​នីមួយៗ ឲ្យ​ទទួល​បាន​យុត្តិធម៌​ឲ្យ​បាន​ឆាប់ៗ​នេះ»។

ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ប្រជាពលរដ្ឋ​ទាំង ១៨​សហគមន៍​នៅ​មុខ​សាលា​ខេត្ត​ព្រះសីហនុ រសៀល​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ធ្នូ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​ជួប​ប្រជាពលរដ្ឋ​ដែល​អង្គុយ​រង់ចាំ​រូប​លោក​នៅ​ខាង​ក្រៅ​របង។ លោក​ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ចំនួន ១៨​រូប ចូល​ជួប​លើក​ពី​កង្វល់​នានា​នៅ​ក្នុង​បន្ទប់​ប្រជុំ ហើយ​បាន​សន្យា​ជួយ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​សហគមន៍​នីមួយៗ​ទៅ​តាម​លទ្ធភាព​របស់​រដ្ឋបាល​ខេត្ត ប៉ុន្តែ​សម្រាប់​វិវាទ​ដីធ្លី​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ រដ្ឋបាល​ខេត្ត​មិន​អាច​លូក​ដៃ​ចូល​បាន​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក ញ៉ិល ភាព អ្នក​សម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​តាម​អង្កេត​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​ទាំង ១៨​សហគមន៍ បាន​ឲ្យ​ដឹង​ថា បើ​គ្មាន​ដំណោះស្រាយ​ដីធ្លី​ពី​ប្រព័ន្ធ​តុលាការ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជូន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងនេះ​ឲ្យ​មាន​យុត្តិធម៌​ទេ ពលរដ្ឋ​នៅ​តាម​សហគមន៍​ទាំងនេះ​នឹង​មាន​គម្រោង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់​ទៀត៖ «តំណាង​សហគមន៍​ទាំងនោះ​ទាមទារ​ឲ្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ជួយ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់​នៅ​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​ឆាប់ និង​ស្នើ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តំណាង​ពលរដ្ឋ​នៅ​តាម​សហគមន៍​ខ្លះ ដែល​តុលាការ​ចោទ​ប្រកាន់​ជាប់​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដីធ្លី​កន្លង​មក ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ​ចោល»។

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រមូល​ផ្តុំ​គ្នា​របស់​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១៨​សហគមន៍​នៅ​ពី​មុខ​សាលា​ដំបូង និង​សាលា​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​មន្ត្រី​នៅ​តាម​ស្ថាប័ន​ទាំង​ពីរ​ទទួល​ជួប​សវនាការ និង​បាន​សន្យា​នៅ​ចំពោះ​មុខ​តំណាង​ពលរដ្ឋ​ទាំងនោះ​ថា នឹង​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​បាន​មក​ដល់​ដៃ​តុលាការ ឲ្យ​បាន​ឆាប់​ស្រប​ទៅ​តាម​ច្បាប់​កំណត់។

ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ប្រជាពលរដ្ឋ មិន​កើត​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​នោះ​ទេ ទោះ​មាន​កម្លាំង​នគរបាល និង​កម្លាំង​កង​រាជ​អាវុធហត្ថ​មួយ​ចំនួន បាន​បង្ហាញ​វត្តមាន​នៅ​ជិត​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​បែប​ណា​ក្តី។ ផ្ទុយ​ទៅ​វិញ កម្លាំង​ជំនាញ​ទាំងនោះ​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួបជុំ​គ្នា​នេះ៕

អ្នក​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក​ក្រុង​ប៉ោយប៉ែត​បន្ត​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង


ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តវ៉ា​នៅ​មុខ​សាលា​ក្រុង​ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided



ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់ តំណាង​ឲ្យ ៥០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ តវ៉ា​ជា​ថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។ អាជ្ញាធរ​ពុំ​បាន​ចេញ​ទៅ​ជួប​ក្រុម​អ្នក​តវ៉ា ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ឡើយ។

ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ក្រុង​នេះ ដែល​មិន​គិតគូរ​ចេញ​មក​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល លោក វន វ័ន អះអាង​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត គេច​យក​រួច​ខ្លួន ដោយ​មិន​ព្រម​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់ ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​នោះ​ទេ។ លោក​បន្ថែម​ថា ពួក​គាត់​នឹង​មិន​តវ៉ា​នោះ​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ថា ពួក​គាត់​ពិត​ជា​បាន​ប៉ះពាល់ ឬ​មិន​ប៉ះពាល់ ហើយ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ឲ្យ​បាន​ច្បាស់លាស់​នោះ។

លោក​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ដល់​ទី​កន្លែង ហើយ​វាយ​តម្លៃ​ការ​ប៉ះពាល់​ទៅ​តាម​ការ​ជាក់ស្ដែង ដើម្បី​ដោះស្រាយ​ពី​ផល​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស៖ «ដល់​ពេល​គាត់​ធ្វើ​របាយការណ៍​ទៅ​ខេត្ត ហើយ​ដាក់​បញ្ជា​មក​ឲ្យ​រុះរើ​ផ្ទះ​ទៅ​តាម​តែ​របាយការណ៍ អាជ្ញាធរ​ក្រុង​ទេ។ អាជ្ញាធរ​ក្រុង​គាត់​មិន​ទទួល​ខុស​ត្រូវ​ប្រជាពលរដ្ឋ​ទេ ហើយ​ថែម​ទាំង​បាន​ជំរុញ​ពួក​គាត់ ខ្ញុំ​ទៅ​តវ៉ា​នៅ​កន្លែង​ផ្សេង​ទៀត​ផង»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ ធ្នូ។ ប៉ុន្តែ​កន្លង​ទៅ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​តវ៉ា​នោះ​ពុំ​មែន​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ដែល​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា ពលរដ្ឋ​ដែល​តវ៉ា​ភាគច្រើន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ស្ថិត​នៅ​ក្នុង​គម្រោង​សង់​ផ្លូវ​រថភ្លើង ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត នៅ​តែ​ប្រកាន់​ជំហរ​ឆ្លើយ​បដិសេធ ដោយ​មិន​ចេញ​ទៅ​ជួប​ដោះស្រាយ​ជាមួយ​ពលរដ្ឋ គឺ​អាច​ធ្វើ​ឲ្យ​បញ្ហា​រីក​រាលដាល​កាន់​តែ​ធំ​ឡើង​នៅ​ថ្ងៃ​ខាង​មុខ៖ «បញ្ហា​ទាំងអស់​នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​កាល​ពី​ឆ្នាំ​២០១៥ កន្លង​មក ធ្លាប់​ក្រុម​កម្មករ​អូស​រទេះ​តវ៉ា​រហូត​មាន​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ដាក់​គ្នា​ម្ដង​រួច​មក​ហើយ ដោយសារ​តែ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពួក​គាត់»។

ក្រុម​អ្នក​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ និង​ទៅ​តាម​ការ​ជាក់ស្ដែង​ដែល​រង​ផល​ប៉ះពាល់។

នេះ​ជា​លើក​ទី​៣២ ហើយ ដែល​ក្រុម​អ្នក​តវ៉ា​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង ដោះស្រាយ​សំណង​ជូន​ពួក​គាត់​នោះ។ ការ​តវ៉ា​ដែល​ប្រើ​រយៈពេល​ជាង ១​ម៉ោង​កន្លះ​នេះ ពុំ​មាន​ដំណោះស្រាយ​ទេ។ ក្រុម​អ្នក​តវ៉ា​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

ប្រាសាទ​បុរាណ​មួយ​ក្នុង​វត្ត​ប្រាសាទ​ត្រាំ​នាគ​ត្រូវ​គេ​ជីក​កកាយ​សង់​សំណង់​ថ្មី


ក្រុម​ជាង​កំពុង​ជីក​ដី​បាត​ប្រាសាទ​បុរាណ ដើម្បី​ធ្វើ​សំណង់​ថ្មី​ជំនួស​វិញ នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth


ប្រាសាទ​បុរាណ​មួយ​ដែល​ស្ថិត​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កំពុង​ទទួល​រង​ការ​ជីក​កកាយ ដើម្បី​សាងសង់​សំណង់​ថ្មី​នៅ​ទីនោះ​ជំនួស​វិញ។ ការ​ជីក​កកាយ​ដី​ដើម្បី​ធ្វើ​សំណង់​ថ្មី​នោះ បាន​ធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​បុរាណ​ជាច្រើន​ដុំ​ដែល​នៅ​សេសសល់​ធ្លាក់​រាយប៉ាយ និង​ខ្លះ​ត្រូវ​ទទួល​រង​ការ​បាក់បែក ដោយសារ​តែ​ឧបករណ៍​សំណង់​ជីក​ប៉ះ។

ជាង​សំណង់​មួយ​ក្រុម កំពុង​តែ​នាំ​គ្នា​ជីក​ដី ហើយ​បណ្ដុះ​សសរ​ស៊ីម៉ងត៍​ដើម្បី​ចាក់​ធ្វើ​សំណង់​ថ្មី​នៅ​លើ​ទី​ទួល​ប្រាសាទ​បុរាណ ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ នា​សង្កាត់​ស្លក្រាម ធ្វើ​ឲ្យ​ថ្ម​ប្រាសាទ​បុរាណ​ជាច្រើន​ដុំ​នៅ​រាយប៉ាយ ហាក់​ដូចជា​មិន​ខ្លាច​ញញើត​ចំពោះ​ច្បាប់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ទេ។

ការ​ជីក​កន្លែង​ប្រាសាទ​បុរាណ ដើម្បី​សាងសង់​សំណង់​ថ្មី​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ប្រមាណ ១០​ថ្ងៃ​មក​ហើយ ក៏ប៉ុន្តែ​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អាជ្ញាធរ​អប្សរា សុទ្ធតែ​មិន​បាន​ដឹង​អ្វី​ទាំងអស់។

អ្នក​មើល​ខុស​ត្រូវ​ការដ្ឋាន​សំណង់​នៅ​កន្លែង​ប្រាសាទ​បុរាណ​នោះ គឺ​លោក ម៉េង លី។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ធ្នូ ថា លោក​ដឹង​ថា​កន្លែង​ដែល​រូប​លោក​កំពុង​សាងសង់​នេះ គឺ​ជា​ប្រាសាទ​បុរាណ ប៉ុន្តែ​លោក​មិន​ដឹង​ច្បាស់​ថា តើ​ការ​សាងសង់​នេះ​មាន​ច្បាប់​ដែរ ឬ​ក៏​យ៉ាង​ណា​ទេ? ពីព្រោះ​លោក​មិន​មែន​ជា​អ្នក​ម៉ៅការ​សំណង់ ដោយ​គ្រាន់​តែ​គេ​ជួល​ពី​ទីក្រុង​ភ្នំពេញ ឲ្យ​មក​គ្រប់គ្រង​ការដ្ឋាន​ប៉ុណ្ណោះ។

លោក ម៉េង លី បញ្ជាក់​ថា ក្រុម​ជាង​របស់​លោក​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​សំណង់​ថ្មី​នៅ​លើ​ប្រាសាទ​បុរាណ​នេះ​រយៈពេល ១០​ថ្ងៃ​មក​ហើយ៖ «ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ ពីព្រោះ​ខ្ញុំ​អត់​ដឹង។ គេ​ថា​ធ្វើ​ប្រាសាទ​ថ្មី ប៉ុន្តែ​គេ​ឲ្យ​ប្លង់​មក​ខ្ញុំ​ធ្វើ​ម្ដង​បន្តិចៗ​ទេ គឺ​ជើង​ក្រោម​បន្តិច​ទៅ ពីព្រោះ​គេ​គូរ​មិន​ទាន់​ហើយ»។

ទី​ទួល​ប្រាសាទ​បុរាណ​នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ នោះ មាន​ទទឹង​ប្រហែល ២០​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ៣០​ម៉ែត្រ ដែល​ខ្ពស់​ជាង​ដី​ធម្មតា​ប្រមាណ ២​ម៉ែត្រ។ បច្ចុប្បន្ន ទីនោះ​នៅ​សល់​ថ្ម​បុរាណ​ជាច្រើន ខ្លះ​ជា​វត្ថុ​សក្ការបូជា​តាម​បែប​ព្រហ្មញ្ញ​សាសនា និង​ខ្លះ​ទៀត​ជា​ថ្ម​ដែល​មាន​ក្បាច់​ចម្លាក់​ផ្កាភ្ញី​នៅ​រាយប៉ាយ​ជាច្រើន​ដុំ។ ការ​ជីក​ដី​ប្រាសាទ ដើម្បី​សាងសង់​សំណង់​ថ្មី​នៅ​លើ​នោះ បាន​ធ្វើ​ឲ្យ​ថ្ម​បុរាណ​ខ្លះ​បាក់​ឆែប ដោយសារ​តែ​ការ​ជីក​ចំ និង​ថ្ម​បុរាណ​ខ្លះ​ទៀត​ត្រូវ​គេ​គាស់​ចេញ​ពី​ទីតាំង​ដើម​របស់​វា។

ព្រះសង្ឃ​ដែល​ជា​ចៅ​អធិការ និង​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំ​នាគ បាន​និយាយ​ខុស​គ្នា​អំពី​សំណង់​ដែល​កំពុង​តែ​ធ្វើ​នៅ​លើ​ទី​ប្រាសាទ​បុរាណ​នោះ។

ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំ​នាគ លោក អោក សំអឿន មាន​ប្រសាសន៍​ថា សំណង់​នោះ គឺ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ជា​អ្នក​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​ត្រឹមត្រូវ​អស់​ហើយ។ ប្រធាន​គណៈកម្មការ​វត្ត​ដដែល​បញ្ជាក់​ថា ម្ចាស់​កសាង​សំណង់​នេះ​គឺ​ជា​ជំទាវ​ម្នាក់ ដែល​មាន​អំណាច​ធំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល៖ «ធ្វើ​ជា​ប្រាសាទ​វិញ ប៉ុន្តែ​ប្រាសាទ​ថ្មី គឺ​ធ្វើ​ពី​ស៊ីម៉ងត៍​ទេ។ ចំណែក​ខ្ញុំ​គ្រាន់​តែ​ការពារ​កាលណា​គេ​គាស់ ឃើញ​វត្ថុ​អ្វី​គឺ​យក​មក​រក្សា​ទុក ខ្ញុំ​មិន​មាន​សិទ្ធិ​ហាមឃាត់​គេ​មិន​ឲ្យ​ធ្វើ​នោះ​ទេ»។

បើ​តាម​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំ​នាគ ឲ្យ​ដឹង​ថា រយៈពេល ១០​ថ្ងៃ​មក​នេះ គឺ​នៅ​ពេល​ដែល​ជាង​សំណង់​ជីក​ដី​បាត​ប្រាសាទ​បុរាណ គេ​បាន​ប្រទះ​ឃើញ​រូប​ចម្លាក់​នាគរាជ​ធ្វើ​ពី​ថ្ម​ភក់​ចំនួន ២​ដុំ ដែល​គណៈកម្មការ​វត្ត​បាន​យក​ទៅ​ទុក​នៅ​ក្នុង​កន្លែង​ព្រះ​ចៅ​អធិការ​វត្ត ក៏ប៉ុន្តែ​ចៅ​អធិការ​វត្ត​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​ថត​រូប ដើម្បី​ផ្សព្វផ្សាយ​ឡើយ។

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ប្រាសាទ​ត្រាំ​នាគ ភិក្ខុ ស រ៉ា មាន​ព្រះ​ថេរ​ដីកា​ថា គឺ​ព្រះអង្គ​ជា​អ្នក​សម្រេច​ព្រះទ័យ​ផ្ទាល់​ឲ្យ​ជាង​សាងសង់​សំណង់​ថ្មី​នៅ​លើ​កន្លែង​ប្រាសាទ​បុរាណ ដែល​នៅ​សេសសល់​ស្លាកស្នាម​ជាច្រើន​នោះ។ ចៅ​អធិការ​វត្ត​ដដែល​បញ្ជាក់​ថា មាន​ពុទ្ធបរិស័ទ​ជាច្រើន​ដែល​ចូល​មក​វត្ត​នេះ គឺ​មាន​ជំនឿ​ទៅ​លើ​ស្ដេច​នាគ ទើប​ព្រះអង្គ​សម្រេច​ថា​ត្រូវ​តែ​កសាង​ប្រាសាទ​មួយ​នៅ​លើ​កន្លែង​ប្រាសាទ​បុរាណ​នោះ ថ្វាយ​ស្ដេច​នាគ។ ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ទៅ​លើ​កន្លែង​ប្រាសាទ​បុរាណ​នោះ​ថា​ជា​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​ត្រូវ​ការពារ​អ្វី​ឡើយ៖ «ការ​កសាង​ប្រាង្គ​ប្រាសាទ​ធ្វើ​ពី​ស៊ីម៉ងត៍​នេះ នៅ​លើ​អាត្មាភាព​ទាំង​ស្រុង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ អាត្មា​ខ្វះ​ពាក្យ​ស្នើសុំ​ច្បាប់ ហើយ​កំពុង​តែ​រត់​ច្បាប់​ទៅ​អាជ្ញាធរ​អប្សរា ដើម្បី​សាងសង់​សំណង់​លើ​កន្លែង​ប្រាសាទ​បុរាណ​នោះ»។

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​របស់​អាជ្ញាធរ​អប្សរា អ្នកស្រី ចៅស៊ុន កិរិយា ដើម្បី​សុំ​ប្រតិកម្ម​ចំពោះ​ការ​ធ្វើ​សំណង់​ថ្មី​នៅ​លើ​កន្លែង​ប្រាសាទ​បុរាណ ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ។

ចំណែក​មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បាន​ឆ្លើយតប​ថា លោក​មិន​ទាន់​បាន​ដឹង​ជុំវិញ​រឿង​សាងសង់​សំណង់​ថ្មី​នៅ​លើ​កន្លែង​ប្រាសាទ​បុរាណ​នោះ​យ៉ាង​ណា​ទេ៖ «ខ្ញុំ​មិន​ដឹង​ឆ្លើយ​ថា​យ៉ាង​ម៉េច​ទេ ពីព្រោះ​ខ្ញុំ​មិន​ទាន់​ដឹង ហើយ​ខាង​ជំនាញ​ដែល​ការពារ​ប្រាសាទ​នោះ គឺ​ទាក់ទង​មិន​បាន»។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប លោក សុខ គឹមសេង ឲ្យ​ដឹង​ថា លោក​ទើប​តែ​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​ជីក​ដី​ប្រាសាទ​បុរាណ​ដើម្បី​សាងសង់​សំណង់​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​លោក​មាន​គម្រោង​នឹង​ចុះ​ពិនិត្យ ព្រម​ទាំង​សួរ​ដេញដោល​អាជ្ញាធរ​ក្រុង និង​ខេត្ត​សៀមរាប ឲ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ៖ «ក្រុមប្រឹក្សា​មាន​តួនាទី​សួរ​នាំ​ទៅ​គណៈ​អភិបាល ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​ក៏ដូចជា​ទាក់ទង​ទៅ​អាជ្ញាធរ​អប្សរា ដើម្បី​ឲ្យ​ឆ្លើយ​បំភ្លឺ​រឿង​ហ្នឹង»។

មន្ត្រី​អាជ្ញាធរ​អប្សរា​ឲ្យ​ដឹង​ថា ព្រះរាជក្រម​ស្ដីពី​កិច្ច​ការពារ​បេតិកភណ្ឌ បាន​ចាត់​ទុក​ថ្ម​របស់​ប្រាសាទ​បុរាណ ឬ​ក៏​ទីតាំង​បុរាណ​ដ្ឋាន គឺ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ និង​ពិភពលោក ដែល​ត្រូវ​ការពារ និង​ថែរក្សា មិន​អាច​ជន​ណា​ប៉ះពាល់ ឬ​ក៏​បំផ្លាញ​បាន​ទេ ក៏ប៉ុន្តែ​ករណី​ទី​ទួល​ប្រាសាទ​បុរាណ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ នេះ គឺ​នៅ​មាន​ថ្ម​ប្រាសាទ​បុរាណ​ជាច្រើន​សម្រាប់​សម្គាល់​នៅ​ឡើយ ក៏ប៉ុន្តែ​វា​ហាក់​ដូចជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដោយ​មិន​ការពារ ឬ​ក៏​ថែរក្សា​ទុក​អ្វី​ឡើយ៕

ក្រុម​ជន​ពិការ​ថា​ពុំ​មាន​ឱកាស​ចូលរួម​កិច្ចការ​សង្គម​ទោះ​បី​ជា​ពួក​គាត់​មាន​សមត្ថភាព​ក្ដី


សិក្ខាសាលា​ស្ដីពី ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rach Vingur


ក្រុម​ជន​ពិការ​អះអាង​ថា ពួក​គាត់​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន​ឯង​ពី​គ្រោះ​មហន្តរាយ​ទេ តែ​ក៏​អាច​ជួយ​ជន​ពិការ​ដូច​គ្នា និង​អ្នក​មាន​អវយវៈ​គ្រប់គ្រាន់ ឲ្យ​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​ដែរ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​កម្មវិធី​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ។ ក្រុម​ជន​ពិការ​ក៏​អះអាង​ថា ថ្វីត្បិតតែ​ពួក​គាត់​មាន​សមត្ថភាព​ក្ដី នៅ​តែ​មិន​មាន​ឱកាស ព្រោះ​ការងារ​នៅ​ក្នុង​សង្គម​ខ្លះ​នៅ​តែ​មាន​ការ​រើសអើង។

ក្រុម​ជន​ពិការ​អះអាង​ថា បើ​សិន​ពុំ​មាន​ការ​រើសអើង ហើយ​បែរ​ជា​ផ្ដល់​ឱកាស​ដល់​ពួក​គាត់​ដូចជា​ជន​មាន​អវយវៈ​ធម្មតា ក្នុង​ការ​បំពេញ​កិច្ច​ការងារ​សង្គម​ផ្សេងៗ ពួក​គាត់​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដទៃ​ទៀត​ដែរ។

បុគ្គលិក​អង្គការ​មូលនិធិ​កុមារ​ពិការ កញ្ញា ហ៊ុន ស្រីណាក់ លើក​ឡើង​ថា ប្រសិន​បើ​ជន​ពិការ​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​បាន​ពេញលេញ​ក្នុង​កិច្ច​ការងារ​ផ្សេងៗ ឬ​ផ្ដល់​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន ពេល​នោះ​គឺ​អាច​លុប​បំបាត់​ការ​រើសអើង​ចំពោះ​ជន​ពិការ ហើយ​ក៏​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ជន​ពិការ​ផ្សេង​ទៀត ឲ្យ​មាន​កម្លាំង​ចិត្ត និង​ចេះ​ពុះពារ​ក្នុង​ឆាក​ជីវិត​ដែរ៖ «ជួនកាល​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន គឺ​នៅ​មាន​ការ​រើសអើង​ពិការភាព»។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ជន​ពិការ​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ធ្នូ។ កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ភាគច្រើន​ជា​ជន​ពិការ​ប្រហែល ៥០​នាក់ មាន​បំណង​ចង់​ផ្សព្វផ្សាយ​ពី​គម្រោង ឬ​ការ​ជំរុញ​ឲ្យ​មាន​ការ​គិតគូរ​ដាក់​បញ្ចូល​ពិការភាព​នៅ​ក្នុង​ផែនការ ឬ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

កញ្ញា ហ៊ុន ស្រីណាក់ បន្ត​ថា បើ​សិន​មាន​ការ​ផ្ដល់​ឱកាស​ដល់​ជន​ពិការ​លើក​ឡើង​អំពី​ទុក្ខ​លំបាក​ផ្សេងៗ​របស់​ពួក​គាត់ ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ថ្នាក់​ភូមិ-ឃុំ នឹង​អាច​មាន​ដំណោះស្រាយ​ទាន់​ពេលវេលា​សម្រាប់​ជន​ពិការ គេច​ពី​ផុត​ពី​គ្រោះ​មហន្តរាយ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ប្រាប់​ទៅ​ដល់​អ្នក​ដទៃ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ក្រុម​ជន​ពិការ​លើក​ឡើង​ថា ពួក​គាត់​នៅ​តែ​ជួប​ប្រទះ​ការ​ខ្វះ​ទី​ជម្រក​អំឡុង​ពេល​មាន​គ្រោះ​មហន្តរាយ រស់នៅ​ក្នុង​ភាព​ក្រីក្រ និង​ពឹងពាក់​ការ​ឧបត្ថម្ភ​ពី​គ្រួសារ ខ្វះ​ឧបករណ៍​ជំនួយ ដូចជា​រទេះ​រុញ ឈើ​ច្រត់ និង​ដៃ​ជើង​សិប្បនិមិត្ត ខ្វះ​មជ្ឈមណ្ឌល ឬ​សាលា​រៀន​ផ្ដល់​វិជ្ជាជីវៈ​ដល់​ជន​ពិការ និង​ខ្វះ​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន បញ្ជាក់​ថា មូលហេតុ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ព្រោះ​ដោយសារ​រយៈពេល​កន្លង​ទៅ ការ​សាងសង់​ទី​ទួល​មាន​សុវត្ថិភាព និង​ជម្រក​សម្រាប់​គេច​ពី​គ្រោះ​ពី​ធម្មជាតិ មិន​បាន​ធ្វើ​ឡើង​ស្រប​តាម​តម្រូវ​ការ​ជន​ពិការ​ឡើយ ហើយ​អាជ្ញាធរ​ខ្លះ​នៅ​តែ​មិន​ទាន់​អាច​បែងចែក​ថា មនុស្ស​ប្រភេទ​ណា​ខ្លះ​ជា​អ្នក​ពិការ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​នៅ​ពេល​កើត​មាន​គ្រោះ​មហន្តរាយ​ម្ដងៗ៖ «អាជ្ញាធរ​ខ្លះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ដែល គ ថ្លង់ និង​ងងឹត​ភ្នែក​ជាដើម ជា​ជន​ពិការ​ទេ ទាល់​តែ​អ្នក​នោះ​ដាច់​ដៃ​ដាច់​ជើង ទើប​ហៅ​ជន​ពិការ»។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា ក៏​បង្ហាញ​ថា នៅ​កម្ពុជា គឺ​មាន​ជន​ពិការ​ប្រហែល ១​ម៉ឺន ៧​ពាន់​នាក់ ដែល​ទាមទារ​ការ​លើក​ទឹក​ចិត្ត និង​ផ្ដល់​តម្លៃ​ចំពោះ​សមត្ថភាព​របស់​ពួក​គាត់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ត្រៀម​ទុក និង​បណ្ដុះបណ្ដាល និង​ជា​ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា អះអាង​ថា នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ចែង​ថា អ្នក​ដែល​ងាយ​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​ជាង​គេ គឺ​ជា​ជន​ពិការ ចាស់​ជរា ស្ត្រី​មេម៉ាយ កុមារ និង​អ្នក​ក្រីក្រ​ជាដើម នឹង​ត្រូវ​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ជា​អាទិភាព៖ «ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ និង​ដ៏​លំបាក​របស់​ជន​ពិការ​ដែល​បង្ក​ពី​គ្រោះ​មហន្តរាយ​កន្លង​ទៅ គឺ​ត្រូវ​គិតគូរ​ឲ្យ​បាន​ជា​អាទិភាព»។

ក្រុម​ជន​ពិការ​រំពឹង​ថា នឹង​មាន​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ នៅ​ពេល​ពួក​គាត់​បន្ត​ស្វែងរក​មតិ​គាំទ្រ​ជាមួយ​អ្នក​តាក់តែង​ច្បាប់ ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រម​ទាំង​ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​ពិការភាព និង​គ្រោះ​មហន្តរាយ​តាម​រយៈ​វិទ្យុ​សំឡេង​ជន​ពិការ និង​កិច្ច​សហប្រតិបត្តិការ​បន្ត​ជាមួយ​អង្គការ​ដៃគូ​ធ្វើ​លើ​ការងារ​អភិបាលកិច្ច​ទឹក និង​គ្រោះ​មហន្តរាយ ជាដើម៕

ពលរដ្ឋ​ស្រុក​ឯកភ្នំ​បារម្ភ​ខ្លាច​អាជ្ញាធរ​សង់​ទំនប់​ស្ទឹង​សង្កែ​មិន​ផ្ដល់​សំណង​ផល​ប៉ះពាល់


ប្រជាពលរដ្ឋ​ពិភាក្សា​គ្នា​ពី​ផល​ប៉ះពាល់​ដី​លំនៅឋាន​របស់​ពួក​គាត់​នៅ​មាត់​ផ្លូវ ទីតាំង​ដែល​អាជ្ញាធរ​ត្រៀម​ធ្វើ​ទំនប់​បិទ​ស្ទឹង​សង្កែ នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hum Chamroeun


ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អាជ្ញាធរ​ខេត្ត​នេះ សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ ប៉ះពាល់​ដី និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ហើយ​ផ្ដល់​សំណង​មិន​សមស្រប​ទៅ​តាម​តម្លៃ​ដី​ពិត​ប្រាកដ។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​ចុះ​វាស់វែង​ដី​ត្រៀម​ជីក​ប្រឡាយ​ពង្វាង​ទឹក ដើម្បី​បិទ​ស្ទឹង​សង្កែ​ធ្វើ​ទំនប់​ទឹក​នៅ​ស្រុក​ឯកភ្នំ ក្នុង​ពេល​ឆាប់ៗ។ ពលរដ្ឋ​មួយ​ចំនួន បាន​ប្រតិកម្ម​នឹង​ការ​ចុះ​វាស់វែង​ដី​ធ្វើ​ទំនប់​នេះ ថា​អាជ្ញាធរ​មិន​ទាន់​ជូន​ដំណឹង​អំពី​សំណង​ប៉ះពាល់​ដល់​ពួក​គាត់​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ប្រមាណ ៤០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ជួបជុំ​ពិភាក្សា​គ្នា​អំពី​ផល​ប៉ះពាល់​ដែល​អាជ្ញាធរ​វាស់វែង​ដីធ្លី​ត្រៀម​ធ្វើ​ប្រឡាយ​ពង្វាង​ទឹក​ចំ​ផ្ទះ និង​ផល​ដំណាំ​របស់​ពួក​គាត់​នៅ​មុខ​ផ្ទះ ជាប់​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាង​លិច​នៃ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ។

អ្នក​ភូមិ​ភាគច្រើន​លើក​ឡើង​ថា ពួក​គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ជីក​ប្រឡាយ​ពង្វាង​ទឹក​នៅ​លើ​ដី​របស់​ពួក​គាត់​នោះ​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​សមរម្យ​នោះ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ព្រែកតាច្រែង លោក យិន វុទ្ធី ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី នៅ​មាត់​ស្ទឹង​សង្កែ​តំបន់​ដី​ដែល​អាជ្ញាធរ​ត្រៀម​សង់​ទំនប់​ទឹក នៅ​ស្រុក​ឯកភ្នំ ថា អាជ្ញាធរ​វាស់វែង​ដី​ជីក​ប្រឡាយ​ពង្វាង​ទឹក​ដើម្បី​សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ ចំ​ផ្ទះ និង​ផល​ដំណាំ​របស់​ខ្លួន​ប្រមាណ ៤៥​ភាគរយ នៃ​ចំនួន​ផ្ទៃដី​ទទឹង​ជាង ៤០​ម៉ែត្រ និង​បណ្ដោយ ៨០​ម៉ែត្រ​នោះ។ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង ពុំ​ទាន់​បញ្ជាក់​អំពី​សំណង​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ៖ «ចង់​ឲ្យ​គាត់​សង​ឲ្យ​មាន​ចំនួន​សមរម្យ ព្រោះ​ដំណាំ​មាន​ក្រូចឆ្មារ ដែល​ផ្ដល់​ផល​អាច​ចិញ្ចឹម​ជីវិត​ខ្ញុំ​បាន ហើយ​មាន​ដើម​គគីរ​ដល់​ទៅ ១០០​ដើម​ឯណោះ។ មាន​ដើម​នាងនួន ដើម​បេង និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត»។

ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ និង​តាម​ភាព​ជាក់ស្ដែង​នៃ​ផល​ដំណាំង​ដែល​មាន​នៅ​លើ​ដី​របស់​ខ្លួន។

ស្ទឹង​សង្កែ បាត់ដំបង ២០១៦ ៨៥៥ទីតាំង​ដែល​អាជ្ញាធរ​ត្រៀម​ធ្វើ​ទំនប់​បិទ​ស្ទឹង​សង្កែ នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦ RFA/Hum Chamroeun


ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោកស្រី ប៊ូយ សាអែម ប្រាប់​អាស៊ីសេរី​នៅ​ខាង​មុខ​ផ្ទះ​ជាប់​មាត់​ស្ទឹង​សង្កែ តំបន់​ដី​ដែល​ត្រៀម​សង់​ទំនប់​ទឹក​នោះ​ថា អាជ្ញាធរ​វាស់វែង​ដី​ចំ​ផ្ទះ​របស់​លោកស្រី​ទាំងមូល​តែ​ម្ដង ហើយ​នឹង​ត្រូវ​រុះរើ​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​នៅ​ពេល​ដែល​អាជ្ញាធរ​ចាប់​ផ្ដើម​សង់​ប្រឡាយ​ពង្វាង​ទឹក​នោះ។ លោកស្រី​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​ទីជម្រក​ស្នាក់នៅ ពីព្រោះ​ជីវភាព​ក្រីក្រ និង​មាន​កូន​ច្រើន​រស់នៅ​ក្នុង​បន្ទុក​គ្រួសារ។ លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ និង​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​យក​ប្រាក់​ទៅ​សង់​លំនៅឋាន​ថ្មី៖ «ខ្ញុំ​គ្មាន​ដី​នៅ​ផ្សេង​ពី​នោះ​ទេ មាន​តែ​ដី​នេះ​ឯង ណា​មួយ​ខ្ញុំ​ចង់​រស់នៅ​ទីកន្លែង​ដើម​នេះ​ឯង។ ខ្ញុំ​មិន​ចង់​រុះរើ​ទៅ​ណា​ទេ»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ធ្នូ។

អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​ដើម្បី​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​នោះ។ លោក​អះអាង​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង គឺ​ប៉ះ​ចំ​ទាំង​ផ្ទះ និង​ដី​ផល​ដំណាំ រួម​មាន​ដើម​ដូង ស្វាយ ល្មុត និង​ក្រូច ជាដើម ពី​ការ​សង់​ទំនប់​ស្ទឹង​សង្កែ​នេះ​ប្រមាណ​ជាង ១០០​គ្រួសារ គឺ​មាន​គណៈកម្មការ​វាយ​តម្លៃ​ផល​ប៉ះពាល់ ដើម្បី​ដោះស្រាយ​ដែល​អាច​ទទួល​យក​បាន។ លោក​បន្ថែម​ថា នៅ​ពេល​សង់​ទំនប់​ទឹក​នោះ​រួច គឺ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​សំខាន់ ៣​យ៉ាង​រួម​មាន ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ទឹង​សង្កែ​របស់​ពលរដ្ឋ​ក្នុង​តំបន់ មាន​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​ដល់​ប្រជា​កសិករ​នៅ​ស្រុក​ថ្មគោល ស្រុក​បវេល និង​ស្រុក​បាណន់ ជាដើម និង​ជា​ទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​តំបន់​នោះ៖ «យើង​មាន​គោលការណ៍​ដោះស្រាយ​តាម​នីតិវិធី​របស់​ក្រុម​ការងារ​អន្តរ​ក្រសួង ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​មក និង​មាន​ក្រុម​ការងារ​ដល់​ទៅ​បី​សម្រាប់​វាយ​តម្លៃ។ ចុង​ក្រោយ យើង​មាន​ក្រុម​ការងារ​ឯករាជ្យ​ដែល​មិន​មែន​រដ្ឋាភិបាល គឺ​ចុះ​សិក្សា​វាយ​តម្លៃ​ជាក់ស្ដែង​ម្ដង​ទៀត បាន​យើង​ចេញ​ចំណង​ជូន​ប្រជាពលរដ្ឋ​តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​មុន​ពេល​សាងសង់ ហើយ​មិន​ត្រូវ​ផ្អាប់​រឿង​មិន​ប្រាប់​ដំណឹង​ដល់​ពួក​គាត់​នោះ​ទេ។ លោក​បន្ថែម​ថា នៅ​ពេល​សង់​ទំនប់​ទឹក​នេះ​រួច នឹង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាង​ក្រោម​ទំនប់​ទឹក​នោះ គឺ​ធ្វើ​ឲ្យ​ពុំ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ដូច​ពេល​មុនៗ៖ «អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​អត់​បាន​យល់​ពី​ច្បាប់​នេះ​ជា​កង្វល់ ដូច្នេះ​អាជ្ញាធរ​ត្រូវ​មាន​តួនាទី​ធ្វើ​ការ​ពន្យល់​ដល់​ពលរដ្ឋ​ឲ្យ​បាន​យល់​ច្បាស់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​មាន​កង្វល់ ដែល​ក្នុង​នាម​តំណាង​ឲ្យ​អាណាព្យាបាល​របស់​ពួក​គាត់​នោះ មិន​អាច​ឆ្លើយ​ថា​មិន​ដឹង ហើយ​នាំ​គ្នា​លាក់​បាំង​បញ្ហា​នេះ គឺ​ខុស​ហើយ»។

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​ជុំវិញ​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម អះអាង​ថា នៅ​ពេល​សង់​ទំនប់​ស្ទឹង​សង្កែ​នោះ​រួច ធ្វើ​ឲ្យ​ផល​ត្រី​នៅ​បឹង​ទន្លេសាប ជាពិសេស​នៅ​តាម​ដង​ស្ទឹង​សង្កែ​ថយ​ចុះ ដោយសារ​គ្មាន​ទឹក​គ្រប់គ្រាន់​ឲ្យ​ត្រី​ធ្វើ​ចរាចរ ហើយ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​លិច​ទឹក ស្រុក​ឯកភ្នំ រាប់​ពាន់​គ្រួសារ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​គិត​ថា​បើ​សិន​ធ្វើ​ទំនប់​ទឹក​នោះ គួរ​តែ​គិត​ដល់​អ្នក​នៅ​ខាង​ក្រោម ជាពិសេស​អ្នក​រស់នៅ​តំបន់​បឹង​ទន្លេសាប គួរ​តែ​គិត​ថា​រយៈពេល បើ​បិទ​ប៉ុន្មាន​ថ្ងៃ គឺ​ត្រូវ​បើក​ទឹក​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​រស់នៅ​ស្រួល​ផង ព្រោះ​ពួក​គាត់​អត់​មាន​ដី​ស្រែ​ចម្ការ​ទេ»។

អាជ្ញាធរ​ស្រុក​ឯកភ្នំ ឲ្យ​ដឹង​ថា ទំនប់​នេះ​ចាប់​ផ្ដើម​សាងសង់​បណ្ដើរៗ​ហើយ ក្នុង​នោះ​ជំហាន​ដំបូង​សង់​ប្រឡាយ​បង្ហូរ​ទឹក​តាម​ដង​ស្ទឹង​សង្កែ​នៅ​តំបន់​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​នៅ​ពេល​ធ្វើ​ទំនប់​ទឹក។ ជំហាន​បន្ទាប់ សង់​ទំនប់​ទឹក​ស្ទឹង​សង្កែ ដោយ​មាន​ទ្វារ​បង្ហូរ​ទឹក​ចំនួន ៦​កន្លែង និង​មាន​ផ្លូវ​សម្រាប់​ត្រី​ធ្វើ​ចរាចរ​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា។ លោក​បន្ថែម​ថា ថវិកា​សម្រាប់​សាងសង់​ទំនប់​នេះ ជា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំណាយ​អស់​ជាង ៣០​លាន​ដុល្លារ​អាមេរិក ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១៩៕

អ្នក​បឹងកក់​និង​បុរីកីឡា​ប្រកាស​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈពេល


សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang


សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​អ្នក​បុរីកីឡា ប្រកាស​ជំហរ​ថា ពួក​គេ​នឹង​ផ្អាក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ រហូត​ដល់​ដំណាច់​ខែ​ធ្នូ។ ការ​ប្រកាស​ជំហរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ស្ត្រី​បឹងកក់ និង​អ្នក​បុរីកីឡា នាំ​គ្នា​ដោះ​អាវ​ខ្មៅ​ទុក​មួយ​រយៈពេល​សិន ដោយ​រង់ចាំ​មើល​ថា តើ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប មន្ត្រី គ.ជ.ប ១​រូប និង​អ្នកស្រី ទេព វន្នី ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ក្នុង​កំឡុង​ខែ​ធ្នូ នេះ​ឬ​ទេ?

តំណាង​អ្នក​បឹងកក់ អ្នកស្រី បូវ សោភា សង្ឃឹម​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នឹង​គោរព​នូវ​ពាក្យ​សម្ដី​របស់​ខ្លួន ដែល​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​រដ្ឋសភា​កន្លង​ទៅ ថា​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​តំណាង​អ្នក​បឹងកក់ នឹង​ត្រូវ​បាន​ដោះលែង៖ «»។

សហគមន៍​បឹងកក់​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ទាំង ៦​រូប​ដែល​កំពុង​ជាប់​ឃុំ​មិន​ត្រូវ​បាន​គេ​ដោះលែង​ក្នុង​អំឡុង​ខែ​ធ្នូ នេះ​ទេ នោះ​ពួក​គេ​នឹង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៧ និង​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​មហា​អំណាច និង​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន។

គិត​មក​ត្រឹម​ថ្ងៃ​ទី​១៩ ធ្នូ នេះ អគ្គ​លេខាធិការ​រង គ.ជ.ប លោក នី ចិរយា មន្ត្រី​អាដហុក ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដាក់​ពន្ធនាគារ​ជិត ៨​ខែ​ហើយ​ពី​បទ​ផ្សំ​គំនិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ចំណែក​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៤​ខែ​ហើយ ដោយសារ​អ្នកស្រី​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត​កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន ដែល​តុលាការ​ក្រុង​ភ្នំពេញ​សើរើ​ឡើង​វិញ៕

លោក ហ៊ុន សែន ព្រមាន​វាយ​ខ្នោះ​អ្នក​កាសែត​ដែល​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខុស​ច្បាប់


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ (១៩៥១-២០១៦) នៃ​ការ​បង្កើត​បក្ស​របស់​ខ្លួន នា​ទីស្នាក់ការ​កណ្ដាល​បក្ស ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev


អ្នក​ជំនាញ​ខាង​កាសែត​ថា ​អ្នក​កាសែត​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដើម្បី​យក​ព័ត៌មាន វា​មិន​ខុស​ទាស់​ទេ បើ​សិន​ជា​អាជ្ញាធរ​លាក់​លៀម​ព័ត៌មាន​ពី​ការ​ជួញដូរ​ឈើ​ប្រណិត ឬ​ជួញដូរ​សត្វ​ព្រៃ​ជាដើម។ ការ​លើក​ឡើង​បែបនេះ នៅ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ឲ្យ​អាជ្ញាធរ​វាយ​ខ្នោះ​ភ្លាមៗ ចំពោះ​អ្នក​កាសែត​ណា​​ប្រព្រឹត្តិ​ខុស ដោយ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ។

បទ​បញ្ជា និង​ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល ឃើញ​មាន​ជា​ហូរហែ​មិន​ថា​លើ​អ្នកកាសែត មន្ត្រី​ក្រោយ​ឱវាទ ឬ​ឈ្មួញ​ប្រព្រឹត្តិ​បទ​ល្មើស​នោះ​ទេ។ ប៉ុន្តែ​ការ​ព្រមាន និង​បទ​បញ្ជា​ខ្លះ​របស់​លោក ហ៊ុន សែន មិន​មែន​សុទ្ធ​តែ​ត្រូវ​អនុវត្ត​ខ្ជាប់​ខ្ជួន​នោះ​ឡើយ។

ជាក់​ស្ដែង​ការ​ព្រមាន​របស់​លោក ចំពោះ​ការ​ដាក់​កុងត្រូល​ជជុះ​យក​លុយ​តាម​ដង​ផ្លូវ ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​ជាដើម ឃើញ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ស្រង់​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ មក​សរសេរ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា បើ​អ្នក​កាសែត​ណា​ប្រព្រឹត្តិ​ខុស ដោយ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ គឺ​អាជ្ញាធរ​ត្រូវ​វាយ​ខ្មោះ​ភ្លាម មិន​មែន​អំពាវនាវ​ទៅ​ក្រសួង​ព័ត៌មាន​ទេ។

អ្នក​ជំនាញ​ខាង​កាសែត​ថា ពួកគេ​គាំទ្រ​​វិធានការ​នេះ បើ​អ្នក​កាសែត​ណា​ដែល​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​លើកឡើង។

ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូណា ថា ​វិធានការ​នេះ​លោក​គាំទ្រ ព្រោះ​វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ចំពោះ​អ្នក​កាសែត​ដែល​ធ្វើ​ខុស​ច្បាប់។ ប៉ុន្តែលោកអំពាវនាវ​ដល់​អាជ្ញាធរ​ជួយ​សម្រួល ដល់​អ្នកកាសែត​​ដែល​ប្រកាន់​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ឲ្យ​ពួកគេ​បាន​បំពេញ​ការងារ​ប្រមូល​ព័ត៌មាន​មក​ផ្សាយ​ឲ្យ​ទូលំទូលាយ៖ «ប៉ុន្តែ​យើង​ត្រូវ​បែងចែក​មួយ​ទៀត គឺ​ក្រុម​អ្នក​កាសែត​មួយ​ចំនួន​តូច ឬ​អ្នក​ខ្លះ​ទៀត​ហាក់​ដូចជា មិន​មែន​អ្នក​កាសែត​ក៏​បាន ដែល​គ្រាន់​តែ​គាត់​មាន​កាន់​កាត​អ្នកកាសែត ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ហូរហែ​កន្លង​មក​ដែល​យើង​ឃើញ​ដែរ។ ដូច្នេះ​ករណី​នឹង កាលណា​យើង​​ទៅ​យក​ព័ត៌មាន​ហើយ​ប្ដូរ​ទៅ​នឹង​លុយ​កាក់​ដើម្បី​ជា​ការ​មិន​ចុះ​ផ្សាយ​ឬ​មួយ​អី​នឹង គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​បើ​ទៅ​ជំរិត​គេ​អី​ទៀត ដូចជា​ការ​ដាក់​កុង​ត្រូល​ដូច​សម្ដេច​នាយករដ្ឋមន្ត្រី​លើក ឬ​ក៏​យើង​ធ្លាប់​ឮ​ជា​ហូរហែ​មក គឺ​ជា​រឿង​ខុស​ច្បាប់​ហើយ​អា​នឹង»។

ចំណែក​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿនឈាន ណារិទ្ធ ទទួល​ស្គាល់​ថា ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​អ្នកកាសែត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូច​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​រដ្ឋបាល​ព្រៃឈើ និង​កងរាជអាវុធហត្ថ​ជាដើម ពិត​ជា​មាន​មែន ប៉ុន្តែ​លោក​ថា មិន​ដឹង​ជា​ការ​ដាក់​ប៉ុស្តិ៍​នេះ​ដើម្បី​ស្កាត់​​រាយការណ៍​ព័ត៌មាន​សុចរិត​ឬ​យ៉ាង​ណា​ទេ។ លោក​បន្ត​ថា បើ​អ្នក​កាសែត​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដើម្បី​យក​ព័ត៌មាន​វា​មិន​ខុស​ទាស់​ទេ បើ​សិន​ជា​អាជ្ញាធរ​លាក់​លៀម​ព័ត៌មាន​ពី​ការ​ជួញដូរ​ឈើ​ប្រណិត ឬ​ជួញដូរ​សត្វ​ព្រៃ​ជាដើម៖ «សំខាន់​​ត្រង់​ថា​តើ​គាត់(អ្នកកាសែត) ដាក់​ប៉ុស្តិ៍​នេះ គាត់​ធ្វើ​ដោយ​ច្បាប់​យ៉ាងម៉េច? តាម​ច្បាប់​សារព័ត៌មាន ឬ​ច្បាប់​ដទៃ​ទៀត មិន​បាន​ហាម​អ្នក​សារព័ត៌មាន​ដាក់​ប៉ុស្តិ៍​អ៊ីចឹង​ទេ។ អ៊ីចឹង​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​អាច​ទុក​ទាក់​ថា ជា​រូបភាព​មួយ​បែប​ស៊ើបអង្កេត។ ព្រោះ​ការ​យក​ព័ត៌មាន​បែប​ស៊ើបអង្កេត យើង​(អ្នកកាសែត) អាច​ធ្វើ​តាមរយៈ​ការ​បន្លំ​ខ្លួន​តាម​គ្រប់​រូបភាព ដើម្បី​ប្រមូល​ព័ត៌មាន​ពិត»។

លោក មឿនឈាន ណារិទ្ធ បន្ត​ថា វិធានការ​នេះ​អាជ្ញាធរ​គួរ​អនុវត្ត​ចំពោះ​មន្ត្រី​របស់​ខ្លួន ដែល​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទារ​ប្រាក់​ពី​ឈ្មួញ​កាប់​ព្រៃ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ដោយ​លោក​ប្រដូច​អាជ្ញាធរ​ដែល​កាក់​ស៊ី​ ពី​ឈ្មួញ​ខុស​ច្បាប់ ជា​ខ្លា​ស៊ី​គោ ហើយ​រួច​ទោស ប៉ុន្តែ​បែរ​ជា​អ្នក​កាសែត​ដែល​យក​ប្រាក់តិចតួច​ពី​អាជ្ញាធរ​នោះ ជា​ថ្នូរ​​លាក់​រឿង​នេះ ប្រៀប​ដូច​ជា​ឆ្មា​លួច​ត្រី​អាំង​ត្រូវ​ទទួល​ទោស៕

ជន​ដៃ​ដល់​សម្លាប់​ប្រពន្ធ​និង​កូន​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត


ខេត្ត​កំពត។ RFA/Rann Samnang


ស្នងការ​នគរបាល​ខេត្ត​កំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ធ្នូ ថា ឈ្មោះ អ៊ុ រស្មី ដែល​ជា​ជន​ដៃ​ដល់​ក្នុង​ករណី​ឃាតកម្ម​វាយ​សម្លាប់​ប្រពន្ធ និង​កូន​តូច​របស់​ខ្លួន​អាយុ ២​ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ហើយ នៅ​ម៉ោង​ប្រមាណ ៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នេះ។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ និង​កសាង​សំណុំ​រឿង បញ្ជូន​ជន​នោះ​ទៅ​តុលាការ​ខេត្ត​កំពត។

កាល​ពី​ម៉ោង ២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​ទ្វីខាងជើង សង្កាត់​អណ្ដូងខ្មែរ ក្រុង​កំពត បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊ុ រស្មី ដែល​ជា​ស្មៀន​ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​បុរស​រូប​នេះ​បាន​វាយ​ប្រពន្ធ និង​កូន​តូច​អាយុ ២​ឆ្នាំ​ម្នាក់​នឹង​ចប​កាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

ក្រោយ​កើត​ហេតុ ជន​នោះ​បាន​បើក​រថយន្ត​រត់​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​បាន​នៅ​ចំណុច​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​អូរឈើទាល នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក។ ជន​ដៃ​ដល់​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ថា មូលហេតុ​នៃ​ការ​សម្លាប់​ប្រពន្ធ និង​កូន​នេះ គឺ​បណ្ដាល​មក​ពី​ខ្លួន​ស្រវឹង​ស្រា។

ក្រោយ​ការ​សាកសួរ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត។ ស្នងការ​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​នៅ​ឡើយ ដោយ​លោក​បញ្ជាក់​ថា កំពុង​សួរ​ចម្លើយ​ជន​នោះ។ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ បញ្ជាក់​ថា ជន​ដៃ​ដល់ អ៊ុ រស្មី ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត៕