រដ្ឋាភិបាល គណបក្សប្រឆាំង និងសង្គមស៊ីវិល បានរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបទី៦៨ រៀងៗខ្លួន។ អង្គការសមាគម សហគមន៍ដីធ្លី កសិករ យុវជន និងកម្មករកម្មការិនី រាប់រាយនាក់បានជួបជុំគ្នាប្រារព្ធទិវានេះ នៅឯទីលានប្រជាធិបតេយ្យ។ ក្នុងការប្រារព្ធពិធីនេះពួកគេបានទាមទារឲ្យរដ្ឋាភិបាលមានការគោរពសិទ្ធិមនុស្ស លើកស្ទួយសេរីភាពបញ្ចេញមតិ និងការជួបជុំ។ ជាងនេះទៅទៀត ពួកគេបានស្នើឲ្យរដ្ឋាភិបាលដោះស្រាយការរំលោភដីធ្លី ទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី រួមទាំងទាមទារឲ្យរដ្ឋាភិបាលវែកមុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
«សំឡេងស្រែកអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ»
ថ្លែងនៅក្នុងការប្រារព្ធទិវាសិទ្ធិមនុស្ស ក្រោមប្រធានបទស្ដីពីការលើកកម្ពស់សិទ្ធិសេរីភាព បញ្ចេញមតិ និងការជួបជុំ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានវាយតម្លៃថា ការយល់ដឹង និងការចូលរួមពីសិទ្ធិរបស់ប្រជាពលរដ្ឋមានការកើនឡើងជាងមុន ប៉ុន្តែអាជ្ញាធរមានការព្រួយបារម្ភអំពីការប្រើប្រាស់សិទ្ធិដោយរដ្ឋាភិបាលបានរៀបចំច្បាប់ដើម្បីកម្រិតសិទ្ធិឲ្យស្ថិតនៅក្នុងកម្រិតមួយដែលរដ្ឋាភិបាលចង់បាន។ បញ្ហានេះបានធ្វើឲ្យសកម្មភាពនៃការអនុវត្តសិទ្ធិមានការរឹតត្បិត និងមានការយឺតយ៉ាវ៖ «យើងចង់ឲ្យសិទ្ធិសេរីភាពសហជីព សិទ្ធិកម្មករ ប្រជាពលរដ្ឋ និងសិទ្ធិមនុស្សនេះវាទៅជារឿងធំមួយរឿងទូទៅនៃប្រទេសកម្ពុជារបស់យើង វាទើបឲ្យមានការអភិវឌ្ឍនៅក្នុងប្រទេសយើងប្រកបដោយចីរភាព ហើយអ្នកមានអ្នកក្រមានសិទ្ធិដូចគ្នា អ្នករងអំពើអយុត្តិធម៌ត្រូវបានទទួលយុត្តិធម៌ ហើយអ្នករំលោភគេត្រូវបានកាត់ក្ដីដោយយុត្តិធម៌នេះយើងចង់បានសម្រាប់ថ្ងៃអនាគត»។
អតីតអ្នកបឹងកក់ លោកស្រី ស៊ា ណារ៉េត ពាក់មួកស្លឹកត្នោត មានបិទស្ទិកឃ័រ (Sticker) ១០ ធ្នូ នៅលើថ្ពាល់ ឈរលើកបដា ថ្លែងថា សូមឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឈប់ធ្វើការអភិវឌ្ឍរំលោភសិទ្ធិពលរដ្ឋ ដោយដោះស្រាយបញ្ហាដីធ្លី និងដោះលែងអ្នកជាប់ឃុំដែលមានអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី រួមទាំងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី៖ «ចង់បានប្រជាពលរដ្ឋត្រូវមានសិទ្ធិលំនៅឋានសមរម្យគឺប្រជាពលរដ្ឋមួយៗត្រូវតែមានសិទ្ធិក្នុងការជួបជុំប្រមូលផ្ដុំបញ្ចេញមតិ ហើយនិងមានសិទ្ធិមានលំនៅឋានសមរម្យ សូមឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ព្រោះទិវាសិទ្ធិមនុស្សរាល់ដងយើងមិនដែលបានមានឃើញរដ្ឋាភិបាលចូលរួមឲ្យបានពេញលេញទេ។ សូមផ្ញើសារនេះទៅរដ្ឋាភិបាលសូមឲ្យលោកគោរពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យ ដូចជាបាញ់នៅស្ពានអាកាសដែលគាត់ចាប់កម្មករទៅដាក់គុក ចំពោះបណ្ឌិតកែម ឡី គាត់រកមិនឃើញទេ ឃាតកនៅពីក្រោយខ្នង ជួប សម្លាប់ នេះ»។
កម្មការិនី យ៉ាត ស្រីមុំ មកពីរោងចក្រស៊ូព្រីមៀ ថ្លែងថា គាត់សប្បាយចិត្តដែលបានចូលរួមទិវានេះ។ គាត់ស្នើឲ្យថៅកែរោងចក្រគោរពសិទ្ធិកម្មករ។ រដ្ឋាភិបាលផ្ដល់ការគាំទ្រដំឡើងប្រាក់ឈ្នួលជូនពួកគាត់និងមិនភ្លេចទេសុំឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិដីធ្លីដែលពុំទាន់មានដំណោះស្រាយ៖ «ទាមទារឲ្យប្រាក់ខែក្នុងមួយឆ្នាំឡើង ១០ដុល្លារ ដូចដែលពួកខ្ញុំតវ៉ាសាមុនអ៊ីចឹងណា។ ខ្ញុំចង់បានយុត្តិធម៌ជួយសហគមន៍ខាងដីធ្លី និងប្រាក់ខែរោងចក្រគ្រប់គ្នាទាំងអស់»។
នៅក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សនេះដែរ ផ្នែកម្ខាងទៀតនៃទីលានប្រជាធិបតេយ្យ មានក្រុមមិត្ត ១០ ធ្នូ ដែលមានសហគមន៍ កសិករ យុវជន និងកម្មករកម្មការិនី និងសមាគមអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបពាក់មួយស្លឹកត្នោត បង់កក្រមា លើកបដា កាន់ផ្កាឈូក និងបង្ហោះប៉េងប៉ោង ក្រោមប្រធានបទ "យុត្តិធម៌ ២០១៦"។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ថ្លែងថា ក្រុមមិត្ត ១០ ធ្នូ ពិនិត្យឃើញថា ក្នុងរយៈកាល ៥ឆ្នាំកន្លងមកនេះ ការរំលោភសិទ្ធិមនុស្សលើសកម្មជនដីធ្លីទៅលើកម្មករ យុវជន ពិសេសអ្នកការពារសិទ្ធិមនុស្សមានការគំរាមកំហែងខ្លាំងរហូតទៅមានការបាញ់សម្លាប់ ចាប់ដាក់ពន្ធនាគារ និងជាប់បណ្ដឹងជាច្រើននៅតុលាការ ដោយសារការតវ៉ា និងការសម្ដែងមតិ។
ដោយឡែក រដ្ឋាភិបាលប្រារព្ធទិវាអន្តរជាតិសិទ្ធិមនុស្សនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមប្រធានបទ "សិទ្ធិមនុស្សនិងការអភិវឌ្ឍ"។
ប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា លោក កែវ រ៉េមី បានឆ្លើយតបថា នៅកម្ពុជាបច្ចុប្បន្នសេរីភាពបញ្ចេញមតិពេញលេញ ដោយបានសម្ដែងមតិដោយផ្ទាល់ៗ រវាងពលរដ្ឋជាមួយនាយករដ្ឋមន្ត្រីតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ទៀតផង៖ «ខ្ញុំយល់ឃើញថា មហាល្អអស់ប៉ុណ្ណឹងហើយ បងប្អូនយើងរួមគ្នាជាមួយរដ្ឋាភិបាល សំខាន់បំផុតទាក់ទងការលើកស្ទួយថែរក្សាសិទ្ធិមនុស្សដែលយើងមានបច្ចុប្បន្ននិងបន្តទៅទៀត»។
សាលារាជធានីភ្នំពេញ បានបដិសេធទៅនឹងសេចក្ដីជូនដំណឹងរបស់សង្គមស៊ីវិលដែលថា នឹងប្រារព្ធពិធីនៅទីលានប្រជាធិបតេយ្យ។ ប៉ុន្តែនៅថ្ងៃដដែល មានមន្ត្រីសមត្ថកិច្ចប្រាប់ទៅអ្នករៀបចំកម្មវិធីឲ្យធ្វើបានតែមិនអនុញ្ញាតឲ្យហែក្បួន។ ទោះជាយ៉ាងណាការប្រារព្ធទិវាសិទ្ធិមនុស្សនៅឆ្នាំ២០១៦នេះ ស្ថិតនៅក្រោមការឃ្លាំមើលរបស់កម្លាំងសមត្ថកិច្ច។
នៅឯស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលប្រារព្ធទិវានេះ។ លោក កឹម សុខា បានអំពាវនាវឲ្យពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួនដោយចេញទៅបោះឆ្នោត៕