Thursday, December 8, 2016

ពលរដ្ឋ​នៅ​ផ្សារ​ព្រំ​ខេត្ត​​ប៉ៃលិន​ត្អូញត្អែរ​អំពី​​​ក្រុមហ៊ុន​ចាក់​សំរាម​ក្បែរ​ផ្ទះ​​ប៉ះពាល់​សុខភាព


គំនរ​សំរាម​របស់​ក្រុមហ៊ុន​នៅ​ផ្សារ​ព្រំ ដែល​ដឹក​យក​ចាក់​ចោល​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៦។ Photo provided



ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ជាប់​ព្រំដែន​ថៃ ក្នុង​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​ ត្អូញត្អែរ​អំពី​បញ្ហា​ក្លិន​ស្អុយ​គំនរ​សំរាម​របស់​ក្រុមហ៊ុន​ផ្សារ​ព្រំ​ ដែល​បាន​យក​ទៅ​ចោល​​ក្បែរ​ផ្ទះ​របស់​អ្នក​ស្រុក ហើយ​បាន​​ប៉ះពាល់​ដល់​សុខភាព និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។ អ្នក​ភូមិ​អះអាង​ថា​ ពួកគាត់​ធ្លាប់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ និង​មន្ត្រី​ពាក់​ព័ន្ធ​ឲ្យ​បញ្ឈប់​ចោល​សំរាម​ទី​នោះ​​ជា​ច្រើន​លើក​មក​ហើយ​ តែ​ពុំ​មាន​ដំណោះស្រាយ។

​​​​​​​ពលរដ្ឋ​រស់​នៅ​ផ្សារ​ព្រំ ស្រុក​សាលាក្រៅ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ក្លិន​ស្អុយ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​​សុខភាព​​ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន យក​សំរាម​ចេញ​ពី​កន្លែង​រស់​នៅ​ជា​បន្ទាន់។

ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​​ជាប់​គំនរ​សំរាម​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ ថ្លែង​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ថា ក្រុមហ៊ុន​ផ្សារ​ព្រំ​បាន​ដឹក​សំរាម​យក​ទៅ​ចាក់​ក្បែរ​ផ្ទះ​របស់​អ្នក​ស្រុក​ គឺ​ចម្ងាយ​ប្រមាណ ៥​ម៉ែត្រ និង​មាន​ក្លិន​ស្អុយ​រយៈ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ។

អ្នក​ភូមិ​បន្ថែម​ថា​ រយៈ​ពេល​ប្រមាណ​ជាង ១​ខែ​មក​នេះ​ ក្លិន​ស្អុយ​កាន់​តែ​ខ្លាំង និង​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម ជា​ពិសេស​គឺ​នៅ​ពេល​រសៀល​ដែល​មាន​ខ្យល់​បក់​តែម្ដង៖ «ខ្ញុំ​ចង់​ធ្វើ​មិច​យក​សំរាម​ចេញ​ពី​កន្លែង​នោះ​ឲ្យ​លឿន ព្រោះ​ពេល​ដុត​សំរាម​ផ្សែង​ហុយ​ប៉ះពាល់​ខ្លាំង​ដល់​ការ​ដកដង្ហើម​របស់​ក្មេងៗ ចំពោះ​យើង​មនុស្ស​ចាស់​ជិត​ស្លាប់​ហើយ​មិន​អី​ទេ។ ផ្ទះ​ខ្ញុំ​បើ​គេ​ដុត​សំរាម​នៅ​ខែ​នេះ​អី​ គឺ​ខ្យល់​បក់​មក​ចំ​ពេញ​តែ​ម្ដង មិន​អាច​នៅ​ក្នុង​ផ្ទះ​បាន​ទេ»។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ​​អ្នក​គ្រប់គ្រង​ផ្សារ​ព្រំ លោក​ សេង ហ៊ុយ មាន​ប្រសាសន៍​ថា ក្លិន​ស្អុយ​គំនរ​សំរាម​ដែល​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ ​ទើប​តែ​​ប្រមាណ ២​ខែ​ប៉ុណ្ណោះ ​ហើយ​ប៉ះពាល់​សុខភាព​តិចតួច។

លោក​អះអាង​ថា​ ខាង​ក្រុម​ហ៊ុន​កំពុង​ពិភាក្សា​ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ ដើម្បី​ដោះស្រាយ និង​​ប្ដូរ​ទីតាំង​ដាក់​សំរាម​ថ្មី​ក្នុង​ពេល​ឆាប់ៗ៖ «ខ្ញុំ​បាន​ប្រាក់​មេភូមិ​ អាជ្ញាធរ​ស្រុក​ និង​មន្ត្រី​បរិស្ថាន​ខេត្ត​អស់​ហើយ​ ថា​យើង​មិន​បាន​ទុក​ចោល​មិន​ដោះស្រាយ​នោះ​ទេ។ យើង​បាន​សន្យា​ថា នឹង​សំរាម​ចេញ​ពី​កន្លែង​នោះ​ ហើយ​យើង​នឹង​ធ្វើ​ការងារ​នេះ​ប្រមាណ ៣​ថ្ងៃ​ខាង​មុខ»។

​​​​​​​​លោក​បន្ថែម​ថា​ ទីតាំង​ដាក់​សំរាម​ថ្មី​ នៅ​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ស្រុក​ ហើយ​មិន​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

​​​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​កម្មវិធី​បរិស្ថាន​ និង​សុខភាព​អង្គការ​សេដាក (CEDAC) លោក គាម មករាឌី មាន​ប្រសាសន៍​ថា​ ក្លិន​ស្អុយ​គំនរ​សំរាម​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​ ជា​ពិសេស​ គឺ​ប្រព័ន្ធ​ដកដង្ហើម​និង​រោគ​សើស្បែក។ លោក​សង្កត់​ធ្ងន់​ថា​ ករណី​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន​ ត្រូវ​រក​ទី​តាំង​ដាក់​សំរាម​ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស៖ «ប្រសិន​ជា​មាន​ភ្លៀង​ធ្លាក់​ ធ្វើ​គំនរ​សំរាម​នោះ​វា​នឹង​រលួយ ស្អុយ​ ហើយ​ហូរ​ចូល​ទៅ​ក្នុង​ទឹក​ធ្វើ​ឲ្យ​ខូច​ទឹក​មិន​អាច​យក​មក​ប្រើប្រាស់​បាន​ទេ»។

អ្នក​ស្រុក​ឲ្យ​ដឹង​ថា គំនរ​សំរាម​ដែល​​​​​ក្រុមហ៊ុន​ផ្សារ​ជាប់​ព្រំដែន​ថៃ មួយ​នេះ ​យក​ទៅ​ចោល​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​​នោះ គឺ​ដឹក​ចេញ​​ពី​ផ្សារ​ព្រំ​តែម្ដង។ ម្យ៉ាង​ទៀត​​ក្រុមហ៊ុន​​មួយ​នេះ ក៏​​ពុំ​បាន​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ចំណែក​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ទីតាំង​ដាក់​សំរាម​ ​ដែល​ប៉ះពាល់​ខ្លាំង​មាន​ប្រមាណ ៧០​គ្រួសារ៕

សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨


ប្រជា​សហគមន៍​ជាច្រើន​ឃុំ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo LICADHO


ប្រជា​សហគមន៍​ជាច្រើន​ឃុំ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រមាណ ៥០០​នាក់ ដែល​ភាគច្រើន​ជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ។ ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ផ្សព្វផ្សាយ​ពី​សិទ្ធិ​សេរីភាព​ដល់​អ្នក​ភូមិ​ផ្សេង​ទៀត ព្រម​ទាំង​យុត្តិធម៌​សង្គម ជាដើម។

ប្រជា​សហគមន៍​នាំ​គ្នា​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ឃុំ​ជាំក្រវៀន ក្រោម​ប្រធានបទ «យុត្តិធម៌​ឆ្នាំ​២០១៦»។ ប្រជា​សហគមន៍​អះអាង​ថា ប្រធានបទ​នេះ គឺ​ដោយសារ​កន្លង​ទៅ ពលរដ្ឋ​ទន់​ខ្សោយ​អាច​ទទួល​បាន​យុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ គឺ​តិចតួច​ណាស់។ រឿង​ក្តី​ខ្លះ ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ជន​រងគ្រោះ​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌។ រឿង​ក្តី​ទាំងនោះ​ដូចជា ករណី​ប៉ុនប៉ង​មនុស្ស​ឃាត​នៅ​ស្រុក​តំបែរ ការ​បាញ់​សម្លាប់​យុវជន​ម្នាក់​នៅ​វង់​ជល់​មាន់​នៅ​ស្រុក​មេមត់ ពី​សំណាក់​សមត្ថកិច្ច ព្រម​ទាំង​ជម្លោះ​ដីធ្លី​មួយ​ចំនួន​នៅ​មិន​ទាន់​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ពួក​គេ​ស្ងប់​ចិត្ត​ឡើយ។

ប្រជា​សហគមន៍​នៅ​ឃុំ​ចាន់មូល លោក អាន សាអ៊ុន មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​បង្ហាញ​ដល់​មនុស្ស​ទូទៅ ព្រម​ទាំង​រាជ​រដ្ឋាភិបាល​ឲ្យ​ជួយ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត។ លើស​ពី​នេះ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​តម្លៃ​សិទ្ធិ​ជា​មូលដ្ឋាន​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដល់​ប្រជាពលរដ្ឋ​កុមារ ស្ត្រី ជាដើម៖ «កន្លង​មក​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង អ្នក​ខ្លះ​គ្រាន់​តែ​បាន​ដឹង​បាន​ឮ ប៉ុន្តែ​មិន​ទាន់​បាន​អនុវត្ត និង​មិន​ទាន់​បាន​ស្គាល់​មិន​ទាន់​បាន​ដឹង»។
ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ គឺ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៤៨ ក្រោយ​ពេល​សង្គ្រាម​លោក​លើក​ទី​២ បញ្ចប់​បាន​រយៈពេល ៣​ឆ្នាំ។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​នៅ​ឃុំ​ចាន់មូល មួយ​រូប​ទៀត លោក សេង កុន មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​លោក ត្រូវ​រង់ចាំ​យុត្តិធម៌​រហូត​មក បន្ទាប់​ពី​កូន​ប្រុស​របស់​គាត់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​មេមត់ បាញ់​ស្លាប់​កាល​ពី​ឆ្នាំ​២០១៤ នៅ​កន្លែង​ជល់​មាន់។ បញ្ហា​នេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ផ្លូវ​ចិត្ត​របស់​ពួក​គាត់ និង​បង្ហាញ​ថា សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់​សម្រាប់​គ្រួសារ​ក្រីក្រ និង​ទន់​ខ្សោយ​ដូច​ពួក​លោក មិន​មាន​ឡើយ៖ «រឿង​កូន​ខ្ញុំ​ហ្នឹង​ការ​បាញ់​សម្លាប់ គឺ​វា​ពីរ​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ណា​រក​ខុស​រក​ត្រូវ​ឲ្យ​គ្នា​ទេ។ អ៊ីចឹង​បាន​ថា​ការ​រំលោភ​សិទ្ធិ គឺ​មាន​កម្រិត​ធ្ងន់​ណាស់​មក​លើ​ក្រុម​គ្រួសារ​ខ្ញុំ»។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ដែល​រៀបចំ​ឡើង​នៅ​ឃុំ​ជាំក្រវៀន ពេល​នេះ គឺ​មាន​ការ​ចូលរួម​ពី​ប្រជា​សហគមន៍ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មន្ត្រី​អង្គការ​លីកាដូ (LICADHO) មន្ត្រី​សមាគម​អាដហុក (ADHOC) ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ជាដើម។

អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុណ្ណារ៉ា និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ចំពោះ​ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​ប្រជា​សហគមន៍​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ធ្នូ។

រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣១ ចែង​ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ស្រប​ទៅ​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។

ជាង​នេះ​ទៀត មាត្រា​៣១ ក៏​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ គឺ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​ដោយ​មិន​ប្រកាន់​ពូជ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា និន្នាការ​នយោបាយ វណ្ណៈ ឬ​ធនធាន ជាដើម។ ប៉ុន្តែ​កន្លង​ទៅ មន្ត្រី​សង្គម​ស៊ីវិល​ក្តី ឬ​អ្នក​វិភាគ​ក្តី នៅ​តែ​ចាត់​ទុក​ថា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា គឺ​មាន​ស្តង់ដារ​ពីរ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​ប្រជា​សហគមន៍ គឺ​ដំណើរ​ការ​ល្អ​ប្រសើរ ដោយ​មិន​មាន​ការ​រារាំង​ទេ។ លោក​បន្ត​ថា កន្លង​មក ការ​ដោះស្រាយ​បញ្ហា​ប្រឈម ឬ​ការ​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ គឺ​មិន​ទាន់​បាន​គ្រប់គ្រាន់​ឡើយ។ ជាក់ស្តែង​សំណុំ​រឿង​មួយ​ចំនួន ពលរដ្ឋ​នៅ​តែ​រង់ចាំ​យុត្តិធម៌​រហូត​មក៖ «យុត្តិធម៌​២០១៦ ហ្នឹង គឺ​កន្លង​មក​បាន​ខ្លះ និង​មិន​បាន​ខ្លះ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មើល​ឃើញ​ថា ការ​រៀបចំ​របស់​ប្រជា​សហគមន៍ គឺ​ជា​រឿង​មួយ​ល្អ ដើម្បី​ពន្យល់​ពលរដ្ឋ​ផ្សេង​ទៀត​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន និង​ដាស់​ស្មារតី​ដល់​ប្រជា​សហគមន៍​ទាំងឡាយ ឲ្យ​ហ៊ាន​ក្រោក​ឈរ​ឡើង​តស៊ូ​មតិ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​គ្រប់គ្រាន់​នៅ​ក្នុង​សង្គម៕

មនុស្ស​១៣​ស្លាប់​និង​៦២​នាក់​ឈឺ​ធ្ងន់​ដោយ​សង្ស័យ​ពុល​ស្រា​ស​នៅ​ខេត្ត​កំពង់ឆ្នាំង


អ្នក​ភូមិ​នៃ​ឃុំ​ក្រាំងស្គា ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​សង្ស័យ​ថា ពុល​ស្រា​ស កំពុង​សម្រាក​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha


មន្ត្រី​ជំនាញ​សុខាភិបាល​នៅ​តែ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ចំនួន ១៣​នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ទៀត​មាន​អាការ​ពុល​ជាតិ​មេតាណុល ឬ​ស្រា​ស នៅ​ភូមិ​ក្ដុល និង​ភូមិ​ដំណាក់​អំពិល នៃ​ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង នៅ​ឡើយ។ គិត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ចំនួន​អ្នក​ពុល​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ៦២​នាក់។

មន្ត្រី​ជំនាញ​សុខាភិបាល និង​អាជ្ញាធរ កំពុង​អនុវត្ត​វិធានការ​បន្ទាន់​បី គឺ​ទី​មួយ ព្យាបាល ឬ​សង្គ្រោះ​បន្ទាន់​លើ​ជន​រងគ្រោះ។ ទី​ពីរ បញ្ជូន​មន្ត្រី​សុខាភិបាល​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​ដែល​សង្ស័យ​ថា​ពុល​ស្រា​ស និង​វិធានការ ទី​៣ មន្ត្រី​សុខាភិបាល​សហការ​ជាមួយ​តំណាង​អយ្យការ ចុះ​ស៊ើប​អង្កេត​រក​ប្រភព​ចែកចាយ​ស្រា​ស និង​ប្រមូល​សំណាក​ស្រា​ស ដើម្បី​ត្រួត​ពិនិត្យ​រក​ជាតិ​ពុល។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​នៃ​ឃុំ​ក្រាំងស្គារ ដែល​កំពុង​សង្គ្រោះ ខ្លះ​មាន​អាការ​ធ្ងន់ធ្ងរ បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ខ្លះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។ លោក​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​ធ្នូ មាន​មនុស្ស​ពីរ​នាក់​ទៀត​បាន​ស្លាប់ ដោយ​ម្នាក់​នៅ​ពាក់​កណ្ដាល​ផ្លូវ និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត៖ «ក្រុម​គ្រូពេទ្យ​របស់​យើង​នឹង​ប្រជុំ​ពិភាក្សា​គ្នា​អំពី​គ្រប់គ្រង និង​ព្យាបាល​ករណី​ជំងឺ​នេះ ហើយ​ករណី​ជំងឺ​ទាំងអស់​នេះ យើង​អត់​យក​ថវិកា​ទេ ហើយ​យើង​ជួយ​សម្រួល​ការ​ព្យាបាល​ជូន​ពួក​គាត់។ ករណី​ធ្ងន់​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន យើង​បាន​ទាក់ទង​ទៅ​កាកបាទ​ក្រហម​ជាតិ​កម្ពុជា ហើយ ដើម្បី​ជួយ​ទទួល​ការ​ព្យាបាល​បន្ត ព្រោះ​ករណី​ខ្លះ​ធ្ងន់​ត្រូវ​ការ​លាង​ឈាម»។
លោក ប្រាក់ វ៉ុន បញ្ជាក់​ថា ក្រោយ​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ថា ពលរដ្ឋ​ទាំង​ពីរ​ភូមិ​មាន​អាការ​សង្ស័យ​ថា​បាន​ពុល​ស្រា ឬ​មេតាណុល​កម្រិត​ខ្ពស់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប៉ុន្តែ​អាការ​ពុល​ទើប​ស្ដែង​ចេញ។

អ្នក​ជំងឺ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ លោក ជួង ធឿន ឲ្យ​ដឹង​ថា លោក និង​អ្នក​ភូមិ​ដំណាក់អំពិល បី​នាក់​ផ្សេង​ទៀត បាន​ផឹក​ស្រា​ស​អស់​ប្រហែល​ពីរ​លីត្រ ក្នុង​ពិធី​កំដរ​រោង​បុណ្យ​សព​បុរស​ម្នាក់​ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ដោយ​សង្ស័យ​ថា​បាន​ពុល​ស្រា​ដែរ​នោះ។

ចាប់​តាំង​ពី​ពេល​នោះ​មក បុរស​ម្នាក់​ដែល​ផឹក​ជាមួយ​លោក​បាន​ស្លាប់ ហើយ​លោក​ចាប់​ផ្ដើម​មាន​អាការ​ពុល​ខ្លាំង​នៅ​យប់​ថ្ងៃ​ទី​៧ ខែ​ធ្នូ៖ «ឡើង​មក​ពី​ច្រូត​ស្រាប់​តែ​ថប់​ដង្ហើម អស់​កម្លាំង រមូល​ក្អួត​ចង្អោរ ហើយ​វិល​ភ្នែក​អស់​រលីង ហើយ​អ្នក​ហូប​ជាមួយ​ខ្ញុំ​ស្លាប់​ល្ងាច​មិញ​ម្នាក់​បាត់​ហើយ។ កន្លង​មក​មិន​ដែល​ហូប​នៅ​ទី​ហ្នឹង​ទេ ទាល់​តែ​មាន​កម្មវិធី​បាន​ហូប។ លោក ជិន ជេដ្ឋា៖ ស្រា​ហ្នឹង​យក​ពី​ណា​មក? ស្រា​ហ្នឹង​អ្នក​ដំណាក់អំពិល​ហ្នឹង​ម៉ង គេ​ដើរ​ចាត់ចែង​លក់​អីវ៉ាន់​នៅ​កន្លែង​ក្បែរ​ហ្នឹង​អ៊ីចឹង​ទៅ​ណា​បង»។

អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុខាភិបាល​អះអាង​ថា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​លិខិត​បញ្ឈប់​ការ​លក់​ដូរ​ស្រា​ស​បណ្ដោះអាសន្ន​នៅ​ទូទាំង​ឃុំ​ក្រាំងស្គារ ក្រោយ​រឹប​អូស​សំណាក​ស្រា​ស​ចំនួន​បួន​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​នេះ ដើម្បី​ទុក​ធ្វើ​ជា​ភស្តុតាង និង​វិភាគ​រក​ជាតិ​ពុល។ សំណាក​ស្រា​ស​នេះ បាន​បញ្ជូន​ទៅ​ពិសោធ​នៅ​ភ្នំពេញ និង​អាច​មាន​លទ្ធផល​ឆាប់ៗ៕

សហគមន៍​ថ្មគោល​ចង់​បាន​ព័ត៌មាន​ជាក់លាក់​ពី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ


 ពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) រស់នៅ​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដាក់​ញត្តិ​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ស៊ី (IFC) នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA/Ouk Savborey



ពលរដ្ឋ​សហគមន៍​ថ្មគោល រស់នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រមាណ​ជិត ៥០​នាក់ បាន​រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ។

តំណាង​សហគមន៍​ថ្មគោល លោក គង់ ផល្លា មាន​ប្រសាសន៍​ថា ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ពួក​គាត់​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ដក​ផ្ទាំង​ប៉ាណូ​ដែល​ដាក់​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​នោះ ចេញ​ពី​តំបន់​ពួក​គេ​រស់នៅ​វិញ។ លើស​ពី​នេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ព្រម​ទាំង​កោះ​ប្រជុំ​ជា​សាធារណៈ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ច្បាស់​ថា ឈប់​អភិវឌ្ឍ ឬ​យ៉ាង​ណា។ លោក​ថា ធ្វើ​បែប​នេះ គឺ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជួប​ហានិភ័យ និង​ភ័យ​ខ្លាច​ទៀត ព្រោះ​ថា លិខិត ស.ជ.ណ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ចេញ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ នោះ គ្រាន់​តែ​បញ្ជាក់​ថា ផ្អាក​សិន​ប៉ុណ្ណោះ មិន​ដឹង​ថា​គេ​យក​ដី​ហ្នឹង​ទៅ​អភិវឌ្ឍ​វិញ​ថ្ងៃ​ណា​ទេ៖ «គេ​គ្រាន់​តែ​ចេញ​លិខិត​ឲ្យ​យើង​ផ្អាក​សិន ប៉ុន្តែ​មិន​ដឹង​ថ្ងៃ​ណា​គេ​យក​វិញ​ទេ ព្រោះ​អី​យើ​ង​មាន​ការ​ភិតភ័យ។ អ៊ីចឹង​ហើយ​បាន​ជា​ឲ្យ​រដ្ឋាភិបាល​ហៅ​ភាគី​ទាំងអស់​ប្រជុំ​ជា​សាធារណៈ​ម្តង​ទៀត ដើម្បី​ឲ្យ​ប្រជាជន​បាន​ដឹង»។

ពលរដ្ឋ​ទាំងនោះ​កំពុង​រស់នៅ​ជុំវិញ​តំបន់​សន្តិសុខ និង​សុវត្ថិភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​តម្រូវ​កាត់​ដី ឬ​ផ្ទះ​ទំហំ ៥​ម៉ែត្រ​ពី​របង​ព្រលាន​យន្តហោះ ដើម្បី​ពង្រីក​ឲ្យ​ព្រលាន​យន្តហោះ​មាន​ស្តង់ដារ​អន្តរជាតិ។

ពលរដ្ឋ​អះអាង​ថា ជិត ៤​ឆ្នាំ​ហើយ ដែល​ពួក​គាត់​រង់ចាំ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នេះ ព្រោះ​គ្រួសារ​ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ដីធ្លី​មិន​អាច​សាងសង់​ផ្ទះ​បាន និង​អ្នក​ដែល​មាន​ផ្ទះ ក៏​មិន​អាច​ជួសជុល​លក់ និង​បញ្ចាំ​បាន ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជំពាក់​បំណុល​គេ និង​កាន់​តែ​ធ្លាក់​ខ្លួន​ក្រ​ទៅៗ៕

កសិករ​និង​អ្នក​ប្រកួត​កីឡា​ចំបាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​ចង់​អភិរក្ស​ស្គរ​ចំបាប់


 ស្គរ​ចំបាប់​របស់​លោក សូរ សូល ដែល​ជា​កសិករ និង​ជា​អ្នក​ផលិត​ស្គរ​នៅ​ភូមិ​អណ្ដូងឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha



កសិករ និង​អ្នក​ប្រកួត​កីឡា​បោក​ចំបាប់​តាម​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​កំពង់ឆ្នាំង ចង់​អភិរក្ស​ស្គរ​ចំបាប់ និង​បំផុស​សកម្មភាព​ប្រកួត​កីឡា​ប្រភេទ​នេះ​ឲ្យ​កាន់​តែ​រស់​រវើក ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ចង់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​ដឹង និង​អភិរក្ស​បន្ត។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មាន​លទ្ធភាព​តិចតួច​ជួយ​អ្នក​ចង់​អភិរក្ស ឬ​និយម​លេង​កីឡា​ចំបាប់។

«...សំឡេង​ភ្លេង...» សំឡេង​ស្គរ​រន្ថើន​លាន់​ឮ​រំពង​ចេញ​ពី​ផ្ទះ​របស់​កសិករ​ម្នាក់​នៅ​ភូមិ​អណ្ដូងឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ គឺ​ជា​ការ​លេង​សាកល្បង​របស់​បុរស​វ័យ​ក្មេង​ពីរ​នាក់ ដែល​ស្រឡាញ់​ឧបករណ៍​ភ្លេង​បុរាណ និង​កីឡា​ចំបាប់​ដូច​គ្នា។ ពួក​គេ​ទាំង​ពីរ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត ក៏​ស្រឡាញ់ ឬ​និយម​ប្រកួត​កីឡា​ចំបាប់​ក្នុង​ពិធី​បុណ្យ​ឡើង​អ្នកតា កឋិនទាន អក​អំបុក សំពះ​ព្រះ​ខែ និង​បុណ្យ​ចូល​ឆ្នាំ ជាដើម។

អ្នក​ផលិត​ស្គរ​ចំបាប់​ដែល​តែងតែ​ផ្ដួចផ្ដើម​ឲ្យ​អ្នក​ភូមិ​ប្រកួត​កីឡា​ចំបាប់ ពេល​មាន​បុណ្យ​ទាន​ម្ដងៗ​នៅ​វត្ត​អារាម លោក សូរ សូល មាន​ប្រសាសន៍​ថា ម្ដាយ និង​ប្រពន្ធ បាន​ស្ដី​បន្ទោស​លោក​ស្ទើរ​រាល់​ថ្ងៃ ដោយសារ​តែ​លោក​ខ្វល់ខ្វក់​នឹង​រឿង​ស្គរ​ចំបាប់​ច្រើន​ជាង​ការងារ​ដទៃ​ទៀត។ ប៉ុន្តែ​ដោយ​ហេតុ​តែ​ស្រឡាញ់​ស្គរ និង​កីឡា​ចំបាប់ លោក​ក៏​ធ្វើ​មិន​ឮ​មិន​ដឹង​ចំពោះ​ការ​ស្ដី​បន្ទោស​ទាំងនោះ៖ «វា​ស្រឡាញ់​សឹង​ថា​ដូច​ជីវិត​ទៅ​ហើយ ស្គរ​ហើយ​នឹង​ខ្ញុំ​នោះ។ ខ្ញុំ​ស្រឡាញ់​មែន​តើ! ខ្ញុំ​ឈូស ខ្ញុំ​ធ្វើ​ខ្ញុំ​ដូច​អត់​ចេះ​អស់​កម្លាំង​ដោយសារ​ស្គរ​ហ្នឹង។ លោក ជិន ជេដ្ឋា៖ មូលហេតុ​អី​ដែល​បង​ចាប់​អារម្មណ៍​ឃើញ​មាន​ចំណុច​ពិសេស​អ្វី​មួយ ឬ​ក៏​យ៉ាង​ម៉េច​បាទ? ខ្ញុំ​នឹក​ឃើញ​ថា ខ្ញុំ​ធ្វើ​កើត​ទៅ​ក្រែងលោ​ខាង​ជនជាតិ​គេ​ចូល​ចិត្ដ​អ៊ីចឹង​ទៅ ហើយ​យក​ខ្ញុំ​ទៅ​លេង»។


ការ​ចូល​ចិត្ត និង​ក្ដី​ស្រមៃ​របស់​លោក សូល ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹក​ចិត្ត​របស់​អ្នក​ភូមិ និង​មិត្តភ័ក្ដិ​របស់​លោក​ខ្លះ​ដែល​ចូល​ចិត្ត​វិស័យ​នេះ​ដែរ ប៉ុន្តែ​ពុំ​មាន​ឱកាស​ពេញលេញ​សម្រាប់​លេង ឬ​ទស្សនា។ ពលរដ្ឋ​ថា​ការ​បំផុស​ឲ្យ​ចូលរួម និង​លេង​កីឡា​ចំបាប់ ដោយ​ប្រើ​ស្គរ​ជា​ភ្លេង​ក្នុង​ពេល​ថ្វាយ​បង្គំ​គ្រូ និង​ពេល​ប្រកួត​ជាក់ស្ដែង​នោះ គឺ​ប្រសើរ​ជាង​ការ​ចងក្រង​ឯកសារ ប៉ុន្តែ​មិន​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ។

បុរស​វ័យ​ជាង ៤០​ឆ្នាំ​ដែល​ពិការ​ភ្នែក​ទាំង​សង​ខាង​ដោយសារ​ជំងឺ លោក ស៊ុន ផុន អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ទំនុក​បម្រុង​ផ្នែក​ថវិកា និង​បច្ចេកទេស​បន្ថែម​ទៅ​លើ​ការ​វាយ​ស្គរ និង​បង្ហាត់​វិធី​បោក​ចំបាប់​ថ្មីៗ​ដល់​អ្នក​ដែល​ចង់​លេង​កីឡា​នេះ។ លោក​ថា បើ​ទៅ​អនាគត​មាន​ក្រុម​វាយ​ភ្លេង ឬ​កីឡាករ​បោក​ចំបាប់​ត្រឹមត្រូវ លោក​ជា​ជន​ពិការ​ក៏​មាន​មុខ​របរ​មួយ​ដែរ៖ «ខ្ញុំ​មាន​តែ​វាយ​ស្គរ​ហ្នឹង​ហើយ ជួយ​រឹត​ស្គរ​គាត់​អ៊ីចឹង​ទៅ។ ភ្នែក​ពិការ​នេះ​អត់​មាន​មុខ​របរ​អី​ទេ។ អ៊ីចឹង​ខ្ញុំ​ចង់​ពឹង​ដល់​អង្គការ ឬ​ស្ថាប័ន​ណា​មួយ​មក​ជួយ​ពួក​ខ្ញុំ​ផង ហើយ​ខ្ញុំ​ចង់​បាន​ឲ្យ​គេ​ជួល​ទៅ​គ្រាន់​បាន​លុយ​កាក់»។

ស្គរ​សម្រាប់​លេង​ក្នុង​ពិធី​ប្រកួត​កីឡា​ចំបាប់​មាន​វត្តមាន​តាំង​ពី​សម័យ​អង្គរ ប៉ុន្តែ​បច្ចុប្បន្ន កីឡា​ចំបាប់​មិន​សូវ​ពេញ​និយម​ដូចជា​កីឡា​ប្រដាល់​ខ្មែរ​បុរាណ និង​កីឡា​បាល់​ទាត់​ឡើយ ហើយ​ការ​ប្រើប្រាស់​ស្គរ​នេះ ក៏​មិន​សូវ​ពេញ​និយម​ទៅ​តាម​នោះ​ដែរ។ នៅ​ខេត្ត​កំពង់ឆ្នាំង ការ​ប្រកួត​កីឡា​ចំបាប់ គេ​តែងតែ​រៀបចំ​ឡើង​ពេល​មាន​បុណ្យ​ទាន​តាម​វត្ត​អារាម ដូចជា​វត្ត​អណ្ដូងឫស្សី និង​វត្ត​ត្រពាំងស្នោ ជាដើម។

អ្នក​ផលិត​ស្គរ​ចំបាប់ លោក សូរ សូល ឲ្យ​ដឹង​ថា ស្គរ​ចំបាប់​មាន​រាងរៅ និង​ស្បែក​គោះ​ទាំង​សង​ខាង​ស្រដៀង​សម្ភោរ​ដែរ ហើយ​ប្រភេទ​ឈើ​ដែល​គេ​និយម​យក​មក​ធ្វើ​ដើម្បី​មាន​សំឡេង​ល្អ​នោះ គឺ​ដើម​តាឡាត និង​ដើម​ខ្នុរ។ ប៉ុន្តែ​សម្រាប់​លោក​ដែល​ពុំ​មាន​លទ្ធភាព​រក​ឈើ​ទាំង​ពីរ​មុខ​នេះ​បាន ទើប​យក​ដើម​ត្នោត​ធ្វើ​ជំនួស​វិញ ដ្បិត​វា​ធ្ងន់​ដោយ​មួយ​ទម្ងន់​ប្រហែល ៣០​គីឡូក្រាម ប៉ុន្តែ​គុណភាព​សំឡេង​ល្អ៖ «គេ​យក​ស្គរ​ហ្នឹង​ទៅ​លេង​នៅ​ខេត្ត គេ​ឲ្យ​ខ្ញុំ​បង្កើត ហើយ​ខ្ញុំ​បង្កើត​យ៉ាង​ម៉េច​បើ​អត់​មាន​កន្លែង​មាន​អី​លេង​អ៊ីចឹង។ គេ​នៅ​ស្រុក​នេះ​មាន​អ្នក​ចង់​ហាត់​ចង់​រៀន​មាន​ច្រើន គ្រូ​បង្ហាត់​ណោះ​ក៏​មាន​ច្រើន​ដែរ វា​ខ្វះ​កន្លែង​លេង»។

ស្គរ​ចំបាប់​របស់​លោក សូរ សូល ដែល​ជា​កសិករ និង​ជា​អ្នក​ផលិត​ស្គរ​នៅ​ភូមិ​អណ្ដូងឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha

បច្ចុប្បន្ន លោក សូរ សូល និង​លោក ស៊ុន ផុន ដែល​ថ្នឹក​នឹង​ការ​វាយ​ស្គរ​ចំបាប់ ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​វាយ​ស្គរ​ញឹកញាប់​ដែរ​នៅ​តាម​វត្ត​អារាម ដោយ​គិត​កម្រៃ​ចន្លោះ​ពី​ពីរ​ទៅ​បី​ម៉ឺន​រៀល​ក្នុង​មួយ​យប់ ឬ​មួយ​កម្មវិធី។ ជាទូទៅ អ្នក​ប្រគំ​ភ្លេង​ក្នុង​កម្មវិធី​រំឭក​គុណ​គ្រូ ឬ​ប្រកួត​កីឡា​ចំបាប់ ត្រូវ​មាន​មនុស្ស​បី​នាក់ គឺ​ម្នាក់​មាន​តួនាទី​កាន់​ស្គរ​មេ ម្នាក់​កាន់​ស្គរ​កូន និង​ម្នាក់​ទៀត​មាន​តួនាទី​ជា​អ្នក​ផ្លុំ​ប៉ី​អម​ជាមួយ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង លោក សុខ ធូក ថ្លែង​ថា ស្គរ​ចំបាប់​ជា​ឧបករណ៍​ភ្លេង​ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់។ ស្គរ​នេះ​មាន​តួនាទី​សំខាន់​ពីរ គឺ​លេង​ពេល​កីឡាករ​រំឭក​គុណ​គ្រូ ឬ​ហៅ​ថា​ភ្លេង​យ៉ូន និង​លេង​ពេល​ប្រកួត ឬ​ហៅ​ថា​ភ្លេង​ផ្លែន។ លោក​ថា ពេល​មាន​បុណ្យ​ទាន​ម្ដងៗ កីឡា​ចំបាប់ ឬ​ការ​ប្រើ​ឧបករណ៍​ភ្លេង​ប្រភេទ​នេះ​នៅ​តែ​ពេញ​និយម​នៅ​ឡើយ៖ «ចំពោះ​ស្ថានភាព​កីឡា​ចំបាប់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង យើង​នេះ គឺ​មាន​សស្រាក់សស្រាំ​រីក​ដុះដាល​នៅ​តាម​ភូមិ-ឃុំ​មួយ​ចំនួន ពិសេស​នៅ​តាម​វត្ត​អារាម។ ដែល​យើង​ថា​មាន​លក្ខណៈ​រីក​ចម្រើន​ដោយសារ​នៅ​ក្នុង​ប្រពៃណី​ពិធី​បុណ្យ​មួយ គឺ​តែងតែ​មាន​ចំបាប់​នេះ​ចូលរួម​ជា​រៀង​រាល់​ពេល។ យើង​បាន​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ទុក​ជា​ឯកសារ ព្រោះ​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​ខ្មែរ​យើង​ទាំង​មូល មិន​មែន​សម្រាប់​តែ​អ្នក​កំពង់ឆ្នាំង ទេ»។

លោក សុខ ធូក បញ្ជាក់​ថា លោក​បាន​ចងក្រង​ឯកសារ​សិល្បៈ​ក្បាច់គុន​បុរាណ​ខ្មែរ ក្នុង​នោះ​ក៏​មាន​កីឡា​ចំបាប់​ដែរ ហើយ​បាន​យក​ទៅ​តម្កល់​នៅ​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ក្រៅ​ពី ការ​ចងក្រង​ឯកសារ និង​ផ្សព្វផ្សាយ​តាម​រយៈ​កម្មវិធី​ផ្សេងៗ មន្ទីរ​ពុំ​មាន​គម្រោង​ថវិកា​សម្រាប់​ជួយ​ទំនុក​បម្រុង​ដល់​កីឡាករ ឬ​ក្រុម​ភ្លេង​នោះ​ទេ ប៉ុន្តែ​អាច​នឹង​ជួយ​ផ្នែក​បច្ចេកទេស បើ​មាន​ការ​ស្នើសុំ។

ចំណែក​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក ធិន វិចិត្រ មាន​ប្រសាសន៍​ថា បើ​ពលរដ្ឋ​ចង់​ចងក្រង​ក្រុម​កីឡាករ​ចំបាប់ ឬ​ក្រុម​លេង​ភ្លេង​កីឡា​ចំបាប់​នោះ ពួក​គេ​ត្រូវ​ធ្វើ​លិខិត​ស្នាម​ដោយ​ភ្ជាប់​ឈ្មោះ​សមាជិក​ក្នុង​ក្រុម​ច្បាស់លាស់ ដើម្បី​សុំ​ចូល​ជា​សមាជិកភាព​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ទើប​សហព័ន្ធ​អាច​រក​ជំនួយ​ក្នុង​ការ​ដំណើរ​ការ​ក្រុម​បាន៖ «កាលណា​គាត់​ជា​សមាជិកភាព​របស់​សហព័ន្ធ ហើយ​គាត់​មាន​សកម្មភាព​ចូលរួម​ជាមួយ​សហព័ន្ធ​អ៊ីចឹង។ យើង​នឹង​រៀបចំ​រក​ជំនួយ។ កីឡាករ​យើង​ទាំង​បុរាណ និង​សម័យ​មាន​ប្រហែល​ជា ៣០០​នាក់​ដែរ​សព្វថ្ងៃ ប៉ុន្តែ​កីឡាករ​យើង​ជា​កីឡាករ​ស្ម័គ្រ​ចិត្ត​កីឡាករ​បុរាណ វា​មិន​មែន​ជា​កីឡាករ​អាជីព​ប្រដាល់​សេរី​ដែល​គេ​មាន​ក្លឹប​ហើយ គេ​ត្រូវ​ហាត់​ដោយ​ខ្លួន​ឯង ហើយ​ធ្វើ​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍ យើង​អត់​មាន​ទេ តែ​យើង​បាន​ប្រឹងប្រែង​រៀបចំ​ការ​ប្រកួត​យ៉ាង​តិច​បាន​បី​ដង»។

លោក សូរ សូល និង​ដៃគូ​លេង​ភ្លេង​ប្រកួត​កីឡា​ចំបាប់​នៅ​ភូមិ​អណ្ដូងឫស្សី ចង់​បង្កើត​ក្រុម​កីឡាករ និង​ក្រុម​លេង​ភ្លេង​តូច​មួយ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ផ្ទាល់ ដោយ​លោក​មើល​ឃើញ​ថា ភូមិ​អណ្ដូងឫស្សី សម្បូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ការ​ស្មូន​ក្អម​ឆ្នាំង និង​ការ​ឡើង​ត្នោត ហើយ​ស្រប​ពេល​គ្នា​នេះ លោក​ក៏​ចង់​ឲ្យ​ភ្ញៀវ​ទាំងនោះ​បាន​ដឹង ឬ​ស្គាល់​ច្បាស់​ពី​ការ​លេង​ភ្លេង និង​កីឡា​ចំបាប់៕

អភិបាល​ខេត្ត​ព្រះសីហនុ​ថា​ការ​ស្ថាបនា​ឆ្នេរ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​សម្រេច​បាន​៩៥%


អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន (ស្ដាំ) ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea



រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​មមាញឹក​ការងារ​ស្ថាបនា និង​អភិវឌ្ឍន៍​មូលដ្ឋាន ពិសេស​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​មាន​សោភណភាព ដើម្បី​ត្រៀម​រៀបចំ​ស្វាគមន៍​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២ ដែល​ខេត្ត​នេះ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រយៈពេល ៣​ថ្ងៃ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។

អ្នក​ឃ្លាំ​មើល​សង្គម និង​វិស័យ​ឯកជន គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន និង​តំបន់​ឆ្នេរ​សមុទ្រ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រៀម​អបអរ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ឲ្យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន​រួម​មាន លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី និង​លោក ឱ សារឿន ប្រធាន​មន្ទីរ​ព័ត៌មាន​ជាដើម ចុះ​ពិនិត្យ​ផ្ទាល់​ទៅ​លើ​ការងារ​ស្ថាបនា​ទីតាំង​មួយ​ចំនួន ពិសេស​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នេរ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​ធ្នូ។

លោក យន្ត មីន ផ្តល់​សម្ភាស​ថា ការងារ​ស្ថាបនា​តំបន់​ឆ្នេរ និង​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦ ពេល​នេះ​ក្រុម​ការងារ ស្ថាបនា​បាន​ចន្លោះ​ពី ៩០% ទៅ ៩៥% ហើយ ហើយ​ការងារ​ស្ថាបនា​នេះ​នឹង​រួច​រាល់​តាម​ផែនការ​កំណត់។ លោក​បង្ហាញ​មោទនភាព​ថា មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​នា​ពេល​បច្ចុប្បន្ន គឺ​មាន​សួនច្បារ​ស្រស់​បំព្រង ផ្លូវ​ធ្វើ​ដំណើរ​ទូលាយ និង​មាន​បំពាក់​ភ្លើង​បំភ្លឺ បង្ហាញ​ពី​សោភ័ណភាព​ស្រស់​បំព្រង​ស្ទើរ​គ្រប់​ច្រកល្ហក ពិសេស​តំបន់​ឆ្នេរ​ឯករាជ្យ។

ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea

លោក យន្ត មីន ស្នើ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត សូម​ចូលរួម​ថែ​រក្សា​អនាម័យ បរិស្ថាន​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន​ឲ្យ​មាន​សោភ័ណភាព​ល្អ និង​ត្រូវ​ចូលរួម​សហការ​គាំទ្រ​ការងារ​រៀបចំ​បុណ្យ​សមុទ្រ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៖ «ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ជក់​ចិត្ត​មក​លេង​កម្សាន្ត​ម្តង​ហើយ ចង់​មក​ម្តង​ទៀត គឺ​រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​ប្រតិបត្តិករ​ទេសចរ​បម្រើ​សេវា​ទេសចរណ៍​ទាំងអស់ ឲ្យ​កំណត់​តម្លៃ​សេវា​ទាំង​ការ​ស្នាក់នៅ ទាំង​សេវា​ចំណី​អាហារ និង​សេវា​ផ្សេងៗ​ទៀត ឲ្យ​មាន​តម្លៃ​សមរម្យ ឬ​ឲ្យ​មាន​ការ​កែលំអ​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន។ បញ្ហា​នេះ​កន្លង​មក រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ និង​សំណូមពរ​អំពាវនាវ​រហូត​បាន​អញ្ជើញ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​មក​ណែនាំ និង​ផ្តល់​ការ​អប់រំ​អំពី​របៀប​ទទួល​ភ្ញៀវ​នៅ​តាម​ទីតាំង​បម្រើ​សេវា​ទាំងនោះ មាន​ដូចជា​នៅ​តាម​សណ្ឋាគារ ត្រូវ​រៀបចំ​ការ​ទទួល​ភ្ញៀវ​របៀប​ម៉េច​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​ជក់​ចិត្ត​ពី​ភ្ញៀវ​ទេសចរ ដែល​មក​រក​សេវា​បម្រើ ស្នាក់នៅ ឬ​សេវា​ចំណី​អាហារ​ជាដើម។ ជាង​នេះ ក៏​បាន​ណែនាំ​អំពី​ការ​ថែ​រក្សា​អនាម័យ​បរិស្ថាន បង្គន់​អនាម័យ​ត្រូវ​តែ​មាន​ការ​សម្អាត​ឲ្យ​មាន​អនាម័យ​ល្អ និង​ការ​ស្លៀកពាក់​របស់​បុគ្គលិក​នៅ​តាម​ទីតាំង​នីមួយៗ ត្រូវ​ឲ្យ​បាន​ស្អាត​បាត​ជាដើម។ ក្នុង​នោះ​សម្រាប់​សេវា​បម្រើ​វិស័យ​ទេសចរណ៍​របស់​ក្រុម​ប្រតិបត្តិករ​នៅ​តាម​តំបន់​ឆ្នេរ ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ពិសេស​ការ​កំណត់​តម្លៃ​ម្ហូប​អាហារ និង​តុ​អង្គុយ​ជាដើម»។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ភាគច្រើន​នា​មូលដ្ឋាន​នេះ បាន​គាំទ្រ​ការ​ត្រៀម​លក្ខណៈ​ជា​មុន និង​សកម្មភាព​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ពិសេស​តំបន់​ឆ្នេរ​សមុទ្រ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ ចូល​មក​ទស្សនា​ពិធី​បុណ្យ​សមុទ្រ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពេល​នេះ។

ទន្ទឹម​គ្នា​នេះ អ្នក​ឃ្លាំ​មើល​សង្គម​មួយ​ចំនួន បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​នេះ​ត្រូវ​បង្កើត​ចំណត​យានយន្ត ធុង​សំរាម ពិសេស​បន្ទប់​ទឹក ឬ​បង្គន់​អនាម័យ​ឲ្យ​បាន​ច្រើន ទុក​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​ក្នុង​ឱកាស​ពិធី​បុណ្យ​សមុទ្រ ដើម្បី​រួម​គ្នា​ថែ​រក្សា​អនាម័យ​បរិស្ថាន​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំងអស់​គ្នា ព្រោះ​តាម​ការ​សង្កេត​កន្លង​មក ភ្ញៀវ​ទេសចរ​បាន​រអ៊ូរទាំ​ថា ខេត្ត​ទេសចរណ៍​មួយ​នេះ​មិន​មាន​ធុង​សំរាម បន្ទប់​ទឹក ឬ​បង្គន់​អនាម័យ​សម្រាប់​ផ្តល់​ជូន​ពួក​គេ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់​ចំនួន​ទេ។

គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​បាន​ប្រកាស​ថា បុណ្យ​សមុទ្រ​ជុំ​ទី​២ ឆ្នាំ​២០១៦ នេះ គឺ​មាន​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ក្រោម​ប្រធានបទ «ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវ​ស្រងាត់»។ ពិធី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី នឹង​ចូលរួម​ជា​កិត្តិយស​បើក​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ទីតាំង​ប្រារព្ធ​ពិធី​នា​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់​ខេត្ត​ព្រះសីហនុ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ប្រកាស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​ទិសទី​ទូទាំង​ប្រទេស​កម្ពុជា សូម​អញ្ជើញ​មក​ចូលរួម​កម្សាន្ត​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដោយ​សមត្ថកិច្ច​ជំនាញ​មក​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ បាន​ត្រៀម​កម្លាំង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕

សត្វ​ផ្សោត​​​មួយ​ចំនួន​នៅ​ស្ទឹងត្រែង​​​ត្រូវ​បាន​រក​ឃើញ​ថា​បន្លាស់​ទី​​ទៅ​រស់​នៅ​តំបន់​ព្រំដែន​ឡាវ


ពលរដ្ឋ​ឡាវ នេសាទ​នៅ​ជាប់​អន្លង់​អភិរក្ស​ផ្សោត ឬ​អន្លង់​ឈើទាល ក្នុង​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr



ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ក្ដី​បារម្ភ​ពី​ការ​បន្លាស់​ទី​របស់​សត្វ​ផ្សោត​ពី​អន្លង់​អភិរក្ស​ឈើទាល ទៅ​រស់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ព្រំដែន​ប្រទេស​ឡាវ មាន​ចម្ងាយ​ជាង ៣​គីឡូម៉ែត្រ។ ការ​បន្លាស់​ទី​បែប​នេះ បង្ក​ឧបសគ្គ​ច្រើន​ដល់​សត្វ​ផ្សោត ខណៈ​ច្រក​សំខាន់ៗ​ដែល​ផ្សោត​ធ្វើ​ដំណើរ សំបូរ​ប្រជាជន​ឡាវ នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់។

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​យ៉ាង​គំហុក ដោយសារ​គ្មាន​វត្តមាន​សត្វ​ផ្សោត​នៅ​អន្លង់​អភិរក្ស​ឈើទាល។ ពួកគេ​អះអាង​ថា ការ​បន្លាស់​ទី​របស់​សត្វ​ផ្សោត​ដោយសារ​ការ​រំខាន​ដោយ​សំឡេង​រំញ័រ និង​បំផ្ទុះ​ថ្ម​នៃ​ការដ្ឋាន​សាងសង់​ទំនប់​ដនសាហុង (Don Sahong) នៅ​ក្បែរ​នោះ។

សហគមន៍​ឃុំ​ព្រះ​រំកិល ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ជា​ថ្មី​ទៀត ដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ស្រាវជ្រាវ​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​រក​មធ្យោបាយ​អភិរក្ស​សត្វ​ផ្សោត​រស់​នៅ​តំបន់​នោះ​ឲ្យ​គង់វង្ស ដើម្បី​បម្រើ​វិស័យ​ទេសចរ​ក្នុង​តំបន់។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ក្រោយ​ពី​រក​ឃើញ​ថា ផ្សោត​ចរាចរ​ពី​អន្លង់​អូរឈើទាល ទៅ​កាន់​អន្លង់​អភិរក្ស​កន្ទុយ​កោះ​ល្បាក់ និង​អន្លង់​អភិរក្ស​ភ្នំ​បន្ទំចេក រយៈពេល ៣​ខែ​មក​ហើយ។

គំរូ​ប្លង់​ទំនប់​វារីអគ្គិសនី​ដនសាហុង។ RFA/Men Sothyr
​គណៈកម្មការ​អេកូទេសចរណ៍​ឃុំ​ព្រះរំកិល លោក ផយ វណ្ណា ចាត់​ទុក​ការ​បន្លាស់​ទី​របស់​សត្វ​ផ្សោត​ថា ជា​សញ្ញា​បង្ហាញ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ជាក់ស្ដែង បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រាក់​ចំណូល សេដ្ឋកិច្ច​របស់​សហគមន៍ និង​ទេសចរ។ លោក​ថា ត្រី​ផ្សោត​រស់​នៅ​អន្លង់​អូរឈើទាល ៣​ក្បាល បាន​បង្ខំ​ចិត្ត​ទៅ​រស់​នៅ​ខ្សែ​ទឹក​ខាង​លើ​ឆ្ងាយ​ពី​អន្លង់​អភិរក្ស​ឈើទាល ជាង ៣​គីឡូម៉ែត្រ តំបន់​នោះ​សំបូរ​ដោយ​អ្នក​នេសាទ​ច្រើន។

លោក​សង្កេត​ឃើញ​ថា ការ​បន្លាស់​ទី​សត្វ​ផ្សោត​ពី​អន្លង់​អូរ​ឈើទាល ដោយ​ការ​រំខាន​ដោយសារ​សំឡេង​បំផ្ទុះ​ថ្ម​ទាំង​យប់​ថ្ងៃ បង្ហូរ​កាកសំណល់​គីមី​ចូល​ទន្លេ និង​ប្រើប្រាស់​ភ្លើង​អគ្គិសនី​នៅ​ពេល​យប់​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង បង្ក​ភាព​ភ័យ​ខ្លាច​ដល់​សត្វ​ផ្សោត​ដែល​រស់​នៅ​តំបន់​នោះ៖ «ខ្ញុំ​សំណូម​ពរ​ដល់​នាយករដ្ឋមន្ត្រី​ផ្ទាល់ ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល ឲ្យ​មាន​ជំនាញ​ចុះ​មក​សិក្សា​បន្ថែម​ទៀត ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធ្វើ​ឲ្យ​ឡាវ មាន​ការ​ទទួល​ខុស​ត្រូវ បញ្ហា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ព្រោះ​អី​ខ្ញុំ​ដែល​ជា​សហគមន៍​នៅ​ទី​នេះ គឺ​ឃើញ​ផ្ទាល់​ភ្នែក​ការ​ប៉ះពាល់»។

លោក ផយ វណ្ណា រំឭក​ថា លោក​មាន​ការ​ខក​ចិត្ត​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា កម្ពុជា​បាន​ចុះ​ពិនិត្យ​ស្ថានភាព​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង រួចរាល់​ហើយ ពុំ​មាន​បញ្ហា​ចោទ​នោះ​ទេ។ លោក​កត់សម្គាល់​ថា នៅ​ពេល​ដែល​សត្វ​ផ្សោត​បន្លាស់​ទី​ទៅ​រស់​នៅ​កន្លែង​ថ្មី មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ដែល​ចង់​ទស្សនា​ផ្សោត​នៅ​អន្លង់​ឈើទាល ខក​បំណង។

លោក​ត្អូញ​ថា មុន​ពេល​គេ​មិន​ទាន់​សាងសង់​ទំនប់​ដនសាហុង សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល លក់​សំបុត្រ​មួយ​ថ្ងៃ បាន​ពី ៥០០​ដុល្លារ ដល់ ១.០០០​ដុល្លារ តែ​បច្ចុប្បន្ន​ការ​លក់​សំបុត្រ​មិន​បាន ១០០​ដុល្លារ​ផង៖ «ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ខាង​ឡាវ និង​មក​ពី​ខាង​ខ្មែរ​ដែល​គាត់​ចង់​មើល​ផ្សោត​នៅ​អន្លង់​យើង​នេះ គឺ​អត់​ឃើញ​ទេ។ យើង​បាត់បង់​ថវិកា​ទាំង​ស្រុង​នៅ​រយៈពេល ៣​ខែ»។

ពលរដ្ឋ​ឡាវ នេសាទ​នៅ​ជាប់​អន្លង់​អភិរក្ស​ផ្សោត ឬ​អន្លង់​ឈើទាល ក្នុង​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

ពលរដ្ឋ​រស់​នៅ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ គឺ​លោក ហួត សេង ក៏​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ដែរ ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​ព្រះរំកិល រាប់​ពាន់​គ្រួសារ​ភាគ​ច្រើន​រក​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដូចជា​លក់​សម្ភារ​អនុស្សាវរីយ៍​ផ្ដល់​កន្លែង​ស្នាក់​នៅ និង​លក់​ចំណី​អាហារ​ជាដើម។ លើស​ពី​នេះ ពលរដ្ឋ​រស់​នៅ​តំបន់​នេះ​មាន​ទម្លាប់​នេសាទ​លក្ខណៈ​គ្រួសារ កំពុង​ប្រឈម​ការ​បាត់បង់​ជា​បណ្ដើរៗ​ដោយសារ​តំបន់​នេសាទ​សំខាន់ៗ ត្រូវ​បាន​ប្រជាជន​ឡាវ សម្រុក​មក​នេសាទ​ក្នុង​ដែនទឹក​របស់​ខ្មែរ ព្រោះ​នៅ​ច្រក​ដនសាហុង ដែល​ប្រជាជន​ឡាវ ធ្លាប់​នេសាទ ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ បិទ​ទាំង​ស្រុង។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​ជាតិ និង​អន្តរជាតិ រក​មធ្យោបាយ​ដាក់​សម្ពាធ​ឲ្យ​ឡាវ ទទួល​ខុសត្រូវ​ពី​ផល​ប៉ះពាល់​នេះ៖ «អត់​មាន​ការ​សិក្សា​ឆ្លងដែន​អី​បន្តិច​សោះ ស្រាប់តែ​ឃើញ​គេ​ធ្វើ​ទំនប់​វារីអគ្គិសនី​ដនសាហុង បណ្ដោយ។ បើ​មាន​ការ​ប៉ះពាល់​របៀប​នេះ​មិន​ដឹង​ពី​ណា​អ្នក​ទទួល​ខុស​ត្រូវ»។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ជំនួប​ប្រជុំ​កំពូល​កម្ពុជា ឡាវ និង​វៀតណាម ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ នៅ​ខេត្ត​សៀមរាប ដោយ​បញ្ជាក់​ថា កម្ពុជា​បាន​ពិនិត្យ​ទិដ្ឋភាព​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង រួច​ហើយ​រក​ឃើញ​ថា ពុំ​មាន​ប៉ះពាល់​ចលនា​របស់​ត្រី និង​កង្វះខាត​ទឹក​នោះ​ទេ។ ការ​ថ្លែង​បែប​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ហាក់​កំពុង​បំបាក់​ទឹក​ចិត្ត​ដល់​អ្នក​ការពារ​បរិស្ថាន និង​មិន​បាន​លើក​ទឹក​ចិត្ត​ចំពោះ​សំឡេង​របស់​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​សម្ដែង​ពី​កង្វល់​របស់​ខ្លួន​ចំពោះ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។

ទិដ្ឋភាព​សំណង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ដែល​ឡាវ កំពុង​សាងសង់​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គលេខាធិការ​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ រំហូរ​ទឹក​ខុស​ប្រក្រតី​នៅ​អន្លង់​អភិរក្ស​ផ្សោត​ព្រះ​រំកិល បណ្ដាល​ឲ្យ​កើត​មាន​បាតុភូត​គ្រោះ​ធម្មជាតិ​បាក់​ច្រាំងទន្លេ​ទល់​មុខ​អន្លង់ផ្សោត ជម្រៅ​ជាង ១០​ម៉ែត្រ និង​បណ្តោយ​ជាង ១០​ម៉ែត្រ​ បង្ក​ខូចខាត​ទ្រព្យ​សម្បត្តិ​សហគមន៍​រាប់​ពាន់​ដុល្លារ។ បាតុភាព​នេះ មន្ត្រី​ជំនាញ​បរិស្ថាន​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​ទឹក​នៅ​តំបន់​ផ្សេងៗ​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​ឡាវ បិទ​ច្រក​ហ៊ូសាហុង (Hu Sahong) ទាំង​ស្រុង ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) បង្ក​ឲ្យ​ចរន្ត​ទឹក​ហូរ​កួច​ខ្លាំង​នៅ​អន្លង់​អភិរក្ស​ផ្សោត។

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ដែល​តាមដាន​ស្ថានភាព​ទន្លេ​មេគង្គ កត់​សង្កេត​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដនសាហុង បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់ ជាពិសេស​នៅ​ដំណាក់កាល​សាងសង់​បង្ក​គ្រោះថ្នាក់​ដល់​ធនធាន​ធម្មជាតិ​ដូចជា ការ​បិទ​ច្រក​ចេញចូល​របស់​ត្រី រាំង​ខ្ទប់​ត្រី​មិន​ឲ្យ​ឡើង​ចុះ​បាន​ទាំង​ប្រាំង និង​វស្សា ជាពិសេស​បង្ក​ការ​រំខាន​ដល់​លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វ​ផ្សោត​នៅ​ក្បែរ​នោះ។

លោក​ពន្យល់​ថា សត្វ​ផ្សោត​រស់​នៅ​អន្លង់​ខ្សែ​ទឹក​ខាង​លើ​ប្រឈម​គ្រោះថ្នាក់​ដោយសារ​អន្លង់​នោះ​មាន​លក្ខណៈ​តូច​ចង្អៀត​លំបាក​ស្វែង​រក​ចំណី។ ក្រៅ​ពី​នេះ ក៏​បង្ក​ការ​លំបាក​ដល់​សហគមន៍​ក្នុង​ការ​អភិរក្ស​ផ្សោត​ទាំង​នោះ​ដែរ ព្រោះ​អន្លង់​អភិរក្ស​ដែល​ផ្សោត​ជ្រក​បច្ចុប្បន្ន​នេះ ឋិត​នៅ​ព្រំដែន​ប្រទេស​ឡាវ គ្រប់គ្រង៖ «ហានិភ័យ​ចំពោះ​សត្វ​ផ្សោត​ដែល​ឡើង​ទៅ​ពូន​នៅ​អន្លង់​តូច​មួយ​ហ្នឹង​វា​មាន​ច្រើន។ យើង​ដឹង​ហើយ​ថា តំបន់​ហ្នឹង​មិន​មែន​ជា​តំបន់​អភិរក្ស​ទេ ហើយ​ប្រជាជន​ឡាវ ដែល​រស់​នៅ​តំបន់​កោះ​ខន​ហ្នឹង​គាត់​ទៅ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​តំបន់​ហ្នឹង»។

ទិដ្ឋភាព​សំណង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ដែល​ឡាវ កំពុង​សាងសង់​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

​មន្ត្រី​សម្របសម្រួល​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) លោក ឯក ចំរើន សង្កេត​ឃើញ​ថា សហគមន៍​នេសាទ ពលរដ្ឋ និង​សង្គម​ស៊ីវិល កំពុង​ខ្វល់ខ្វាយ​ពី​ជោគវាសនា​ធនធាន​ជលផល​នៅ​ទន្លេ ជាពិសេស​សត្វ​ផ្សោត​អាច​នឹង​ផុត​ពូជ​នៅ​គ្រា​ដែល​មាន​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ​មេគង្គ។ លោក​ក៏​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កន្លង​មក​ដែល​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ពុំ​មាន​ផល​ប៉ះពាល់។

លោក​កត់សម្គាល់​ថា អង្គការ​របស់​លោក​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​បញ្ហា​នេះ​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​ក៏​ពុំ​ឃើញ​មាន​ការ​ផ្សាយ​របាយការណ៍​ស្ដីពី​ការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ដែរ។ លោក​យល់​ថា បើ​ទោះ​បី​ជា​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ ឋិត​ក្នុង​អធិបតេយ្យភាព​របស់​ឡាវ ក្តី តែ​ទំហំ​ផល​ប៉ះពាល់​មាន​លក្ខណៈ​ឆ្លង​ដែន។

លោក​ចាត់​ទុក​គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ជា​គម្រោង​ដ៏​គ្រោះថ្នាក់​ចំពោះ​សន្តិសុខ​ស្បៀង និង​ជីវភាព​ប្រជាជន​រាប់​លាន​នាក់​នៅ​តាម​ដង​ទន្លេ​មេគង្គ៖ «ក្រោយ​ពី​បាន​ស្ដាប់​ឮ​គាត់ (ហ៊ុន សែន) មាន​ប្រសាសន៍​ថា អត់​មាន​ផល​ប៉ះពាល់​អី​ហ្នឹង​យើង​គិត​ថា ទាំង​អស់​គ្នា​ហ្នឹង​យើង​មិន​ទាន់​បាន​សម្រេច​ចិត្ត​ដូច​គាត់​ថា​ហ្នឹង​ទេ ព្រោះ​ការ​ព្រួយ​បារម្ភ​របស់​យើង​ពី​ផល​ប៉ះពាល់​ហ្នឹង​ឃើញ​ទិដ្ឋភាព​ការ​អនុវត្ត​ជាក់ស្ដែង​ហ្នឹង​ទៅ​ខាង​មុខ​ទៀត​យើង​ឃើញ​ថា មាន​ផល​ប៉ះពាល់»។

ទេសចរ​ជាតិ អន្តរជាតិ ទស្សនា​កម្សាន្ត​នៅ​អន្លង់​អភិរក្ស​សត្វ​ផ្សោត កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

​ប្រទេស​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ទាំង​យប់​ថ្ងៃ​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៥ រហូត​មក​ទល់​ពេល​នេះ សម្រេច​បាន​ជាង ៤០​ភាគរយ។ ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First Corporation Berhad) ទទួល​បន្ទុក​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង មាន​កម្ពស់​ពី ៣០​ម៉ែត្រ ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧​គីឡូម៉ែត្រ។ ចំណែក​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី គឺ​មាន​ចាប់​ពី ២៤០​មេហ្គាវ៉ាត់ ទៅ ៣៦០​មេហ្គាវ៉ាត់។ ទំនប់​នេះ​មាន​ចម្ងាយ ១​គីឡូម៉ែត្រ​កន្លះ (១.៥០០) ពី​ព្រំដែន​ខេត្ត​ស្ទឹងត្រែង។

​តំបន់​នោះ​ជា​តំបន់​ល្បាក់ខោន នៅ​ជិត​តំបន់​រ៉ាំសា ដែល​ផ្ដល់​ប្រភព​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង​ដល់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​រាប់​លាន​នាក់។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ធ្លាប់​មាន​ប្រសាសន៍​ថា ប្រសិនបើ​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល​ផុត​ពូជ​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​សហគមន៍​ទេសចរ​ព្រះរំកិល បាត់បង់​ប្រាក់​ចំណូល​មាន​ជា​អាទិ៍ ការ​លក់​សំបុត្រ​ចូល​ទស្សនា​សត្វ​ផ្សោត ការ​បម្រើ​សេវា​ដឹក​ជញ្ជូន​អ្នក​ទេសចរ ការ​លក់​ម្ហូប​អាហារ និង​សម្ភារៈ​អនុស្សាវរីយ៍​ជាដើម។

កាល​ពី​មុន​ឆ្នាំ​២០១០ សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល មាន ៨​ក្បាល ក៏​ប៉ុន្តែ​សត្វ​កម្រ​ទាំង​នេះ​បាត់បង់​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នៅ​សល់​ផ្សោត​ធំៗ​ប្រមាណ ៣​ក្បាល បន្ត​រស់​នៅ​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍ និង​ឆ្មាំ​ទន្លេ។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ធ្វើ​ការ​ស្រាវជ្រាវ និង​រក​មូលហេតុ​ជុំវិញ​បញ្ហា​នេះ ដើម្បី​ធ្វើ​កំណត់​ហេតុ​ស្ដីពី​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឆ្លង​ដែន​ក្នុង​គោលបំណង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ឡាវ៕

ទិដ្ឋភាព​សំណង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ដែល​ឡាវ កំពុង​សាងសង់​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

កម្ពុជា​កំពុង​ចរចា​ជាមួយ​វៀតណាម​ជុំវិញ​ការ​កាត់​ទោស​ជន​សង្ស័យ​ធ្វើ​ទារុណកម្ម​កុមារ


ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែល​គេ​សង្ស័យ​ថា​ប្រើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ ដោយ​ប្រើ​ឧបករណ៍​ឆក់ នៅ​ខេត្ត​មណ្ឌលគិរី។ Photo courtesy of Thanh Nien


អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ដោះលែង​ជនជាតិ​ខ្មែរ ២​នាក់​ក្នុង​ចំណោម​បុរស ៣​នាក់ ដែល​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ក្នុង​សំណុំ​រឿង​ទារុណកម្ម និង​រំលោភ​កុមារ​អាយុ ២​ឆ្នាំ ប្រព្រឹត្ត​នៅ​ខេត្ត​មណ្ឌលគិរី។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​មនុស្ស ៣​នាក់​ដែល​មាន​ជនជាតិ​ហូល្លង់ដ៍ ម្នាក់ និង​បុរស​ខ្មែរ ២​នាក់ រួច​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ ស្រប​គ្នា​នេះ អាជ្ញាធរ​ក្នុង​ប្រទេស​វៀតណាម បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម ម្នាក់ ដែល​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា កំពុង​ចរចា​ជាមួយ​ភាគី​វៀតណាម ជុំវិញ​ការ​កាត់​ទោស​ជន​សង្ស័យ​ជនជាតិ​វៀតណាម ដែល​ប្រើ​ទារុណកម្ម និង​រំលោភ​កុមារ​អាយុ ២​ឆ្នាំ ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​មណ្ឌលគិរី។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា ភាគី​កម្ពុជា កំពុង​រង់ចាំ​ចម្លើយ​ពី​ភាគី​វៀតណាម ចំពោះ​ការ​ស្នើសុំ​ជនជាតិ​វៀតណាម ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​ទារុណកម្ម​លើ​កុមារ មក​ជំនុំ​ជម្រះ​ទោស៖ «យើង​កំពុង​ស្នើសុំ​ខាង​វៀតណាម ដែរ តែ​មិន​ទាន់​ច្បាស់លាស់ កំពុង​ធ្វើ​ការ​លើ​រឿង​នេះ»។

ការ​លើក​ឡើង​នេះ នៅ​គ្រា​ដែល​សមត្ថកិច្ច​វៀតណាម បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម ម្នាក់ ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែល​គេ​សង្ស័យ​ថា​ប្រើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ ដោយ​ប្រើ​ឧបករណ៍​ឆក់ ហើយ​អាច​នឹង​មាន​អំពើ​រំលោភ​ផង ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ពូក្រូច ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី រួច​រត់​គេច​ទៅ​ប្រទេស​វៀតណាម។
សមត្ថកិច្ច​បាន​ស្រាវជ្រាវ​សំណុំ​រឿង​នេះ បន្ទាប់​ពី​មាន​ការ​ចែក​រំលែក​រូបភាព​វីដេអូ​នៃ​ការ​ធ្វើ​ទារុណកម្ម​កុមារ​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

នៅ​ថ្ងៃ​ទី​៨ ធ្នូ សមត្ថកិច្ច​ខេត្ត​កំពង់ចាម បាន​បញ្ជូន​មនុស្ស ៣​នាក់ ដែល​មាន​ជនជាតិ​ហូល្លង់ដ៍ ម្នាក់ អាយុ ៥៣​ឆ្នាំ ឈ្មោះ ស្តេសហ្វាន ស្ទូអិក (Stefan Struik) ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចម្ការ​កាកាវ និង​ចម្ការ​អំពៅ​ក្នុង​ខេត្ត​កំពង់ចាម មាន​សញ្ជាតិ​ខ្មែរ និង​មាន​ឈ្មោះ​ខ្មែរ​ហៅ​ថា លី ហេង រួម​ទាំង​បុរស​ខ្មែរ ២​នាក់​ទៀត រួច​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​មន្ត្រី​សាលា​ដំបូង​ខេត្ត​អះអាង​ថា បាន​ដោះលែង​ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​វិញ ដោយ​រក​ឃើញ​ថា​គ្មាន​កំហុស។

ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ឡុង ហុកម៉េង មាន​បញ្ជាក់​ថា បុរស​ខ្មែរ​ទាំង​ពីរ​នាក់​នោះ គឺ​ជា​អ្នក​បកប្រែ និង​ជា​កម្មករ​របស់​ជនជាតិ​ហូល្លង់ដ៍ នោះ សមត្ថកិច្ច​បាន​ដោះលែង​វិញ បន្ទាប់​ពី​បញ្ជូន​មក​ដល់​ខេត្ត​មណ្ឌលគិរី។ លោក​បន្ត​ថា ដោយឡែក​ជនជាតិ​ហូល្លង់ដ៍ នោះ បាន​បញ្ជូន​ដល់​សាលា​ដំបូង កំពុង​បើក​ការ​ស៊ើបសួរ ហើយ​នៅ​ថ្ងៃ​ទី​៩ ធ្នូ នឹង​អាច​ដឹង​ថា​តើ​ត្រូវ​សម្រេច​ឃុំ​ខ្លួន ឬ​យ៉ាង​ណា?៖ «បញ្ជូន​ទៅ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ៣​នាក់ ប៉ុន្តែ ២​នាក់​នោះ​អត់​មាន​ពាក់ព័ន្ធ​ទេ ដោយសារ​ជន​បរទេស​នេះ​មក​ជួប​គ្នា​នៅ​កំពង់ចាម ទេ»។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​គាំពារ​កុមារ និង​សិទ្ធិ​មនុស្ស និង​សាធារណជន កំពុង​តាមដាន​ការ​វិវឌ្ឍន៍​នៃ​សំណុំ​រឿង​នេះ។ អង្គការ​ការពារ​កុមារ (Child Protection Unit) បាន​ផ្ដល់​ការ​គាំពារ​ដល់​កុមារ​រងគ្រោះ ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី និង​ស្ថាប័ន​ឯកជន​មាន​ការ​គាំទ្រ​ផ្នែក​ច្បាប់ និង​ផ្ដល់​ការ​ព្យាបាល​ដល់​កុមារ​នេះ។

ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ជន​ប្រព្រឹត្តិ​អំពើ​ទារុណកម្ម​លើ​កុមារ​នេះ​ដែរ និង​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕