Sunday, November 13, 2016

អត្ថន័យ និង​ជំនឿ​ក្នុង​ការ​ដាក់​ឈ្មោះ​ទូក​ង

ទូក​ង​ឈ្មោះ ព្រះ​ទីនាំង​ឫទ្ធី​ក្លាហាន របស់​វត្ត​ព្រែកសំរោង ឋិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


ទូក​ង​ដែល​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ប្រណាំង​ទូក ជា​ប្រភេទ​ទូក​ដែល​ខុស​ប្លែក​ពី​ទូក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។ ក្រៅ​ពី​រូបរាង​ដែល​ខុស​ប្លែក ទូក​ង​តែង​មាន​ឈ្មោះ ហើយ​ភាគច្រើន​ទូក​ង​នោះ​មាន​ឈ្មោះ​វែងៗ។ ទាក់ទង​នឹង​ឈ្មោះ​ទូក​ង​ទាំងនោះ ពលរដ្ឋ​ខ្មែរ​តែង​និយាយ​សើច​លេង​ជា​រឿយៗ​ចំពោះ​មនុស្ស​ណា​ដែល​មាន​ឈ្មោះ​វែងៗ​ថា មាន​ឈ្មោះ​ដូច​ទូក​ង។

តើ​ការ​ដាក់​ឈ្មោះ​ទូក​ង​ទាក់ទង​យ៉ាង​ណា​ខ្លះ​នឹង​ជំនឿ​ខ្មែរ?

សំឡេង​សំបូងសង្រូង​ហៅ​ព្រលឹង​ទូក ត្រូវ​អាចារ្យ​ធ្វើ​ពិធី​ប្រកូក​ប្រកាស​នៅ​ក្នុង​បរិវេណ​វត្ត​ព្រែកសំរោង នា​ក្រុង​តាខ្មៅ នៅ​ពេល​រសៀល គឺ​នៅ​ពី​មុខ​ទូក​ង ដែល​ត្រូវ​ចូលរួម​ប្រកួត។

«សំឡេង​ហៅ​ព្រលឹង​ទូក»

វង់​ភ្លេង​ប្រពៃណី ក៏​ចាប់​ផ្ដើម​ប្រគំ​តាម​ការ​ប្រកូក​ប្រកាស​របស់​អាចារ្យ​ដែរ។

«សំឡេង​ភ្លេង​ប្រពៃណី»

អស់​បារមី​ស័ក្ដិសិទ្ធិ ត្រូវ​កោះ​អញ្ជើញ​ឲ្យ​ចេញ​មក​ឲ្យ​ពរ​ឲ្យ​ជ័យ​ដល់​ទូក និង​កីឡាករ​ដែល​ចូលរួម​ប្រណាំង។

លោក​អាចារ្យ ហ៊ុល ភន មាន​ប្រសាសន៍​ថា ទូក​ត្រូវ​ចាត់​ទុក​ដូចជា​ភាវៈ​មាន​ជីវិត​ដទៃ​ទៀត​ដែរ ដ្បិត​មាន​ខ្លួន មាន​ឈ្មោះ និង​មាន​ព្រលឹង។ លោក​អាចារ្យ​រំឭក​ពី​ជំនឿ​របស់​ពលរដ្ឋ​ចំពោះ​ទូក​ង​ដែល​មាន​ឈ្មោះ​ព្រះទីនាំង​ឥន្ទ្រីយ៍​ក្លាហាន នៅ​ក្នុង​វត្ត​ព្រែកសំរោង៖ «បើ​តាម​ជំនឿ​របស់​ប្រជាជន គេ​ថា​ទូក​ហ្នឹង​សុទ្ធតែ​មាន​បារមី​គេ​ថែ​រក្សា។ ចឹង​ខ្ញុំ​និយាយ​ប្រវត្តិ​ថា ឥន្ទ្រីយ៍ (ទូក​ព្រះទីនាំង​ឥន្ទ្រីយ៍​ក្លាហាន) ពី​មុន មុន​នឹង​ចុះ​ចំពោះ​មនុស្ស​ដែល​មាន​ផ្ទៃពោះ អត់​ឲ្យ​ដើរ​កាត់​បាន​ទេ មាន​បញ្ហា​ចំពោះ​រូប​អ្នក​ដែល​មាន​ផ្ទៃពោះ។ ចឹង​ពី​ដើម​ខ្លាំង​ណាស់! ហើយ​គ្រាន់​តែ​ថា​ធ្វើ​ពិធី​ក្រុង​ពាលី​ហ្នឹង និយាយ​ពី​ញ័រ​សាច់​ទូក​ញ័រ​ខ្លួន​ឯង។ បាទ! ដូចជា​មាន​ស្អី​កាន់ មាន​ស្អី​អង្រួន​ដូច​ថា​ចង់​ចុះ​ចឹង​ណាស់។ បាទ! មាន​ខ្លួន​មាន​ព្រលឹង»។

នៅ​ពេល​ចូលរួម​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៤ ទូក​ក្នុង​វត្ត​ព្រែកសំរោង មាន​ចំនួន​៣ គឺ​ទូក​ព្រះទីនាំង​ឫទ្ធី​ក្លាហាន ទូក​សំរោង​តេជោ​សែន​ជ័យ និង​ទូក​ឥន្ទ្រីយ៍​ក្លាហាន។

ព្រះតេជព្រះគុណ ខឹម ប៊ុណ្ណា ព្រះចៅ​អធិការ​វត្ត​ព្រែកសំរោង មាន​ថេរ​ដីកា​បញ្ជាក់​ថា ឈ្មោះ​ទូក​ទាំង​បី​ក្នុង​វត្ត​ព្រែកសំរោង នេះ បាន​ដូរ​ទៅ​តាម​ការ​ផ្លាស់ប្ដូរ​ពេលវេលា៖ «ឈ្មោះ​ដើម​របស់​ទូក​ហ្នឹង​ដូច​សំរោង​ចឹង ពី​មុន​ឈ្មោះ​សំរោង​សែន​ជ័យ។ ពេល​ក្រោយ​មក កីឡាករ​ក្តី អាជ្ញាធរ​ក្តី គិត​ថា​សំរោង​ទទេ​ដូចជា​ខ្លី​ពេក ណា​មួយ​ឲ្យ​សម​នឹង​ងារ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​គាត់​ដឹកនាំ ចឹង​ទៅ មាន​ឈ្មោះ​តេជោ​សែន​ជ័យ។ ចឹង​ក៏​ស្នើសុំ​ឲ្យ​ឈ្មោះ​ហ្នឹង​ឲ្យ​វែង​បន្តិច ឈ្មោះ​ថា សំរោង​តេជោ​សែន​ជ័យ ឲ្យ​វែង​តិច​ថែម​លើ​ឈ្មោះ​ចាស់»។

កីឡាករ​ចំណុះ​ឲ្យ​ទូក​ង​ដែល​ចូលរួម​ប្រកួត​តែង​លើក​ឡើង​ថា ពួក​គេ​ជឿ​ថា ទូក​នីមួយៗ​មាន​ព្រលឹង ឬ​បារមី​កាន់ ដែល​ធ្វើ​ឲ្យ​ទូក​មាន​កម្លាំង​ទៅ​តាម​បារមី​ទាំងនោះ។

នៅ​រាជធានី​ភ្នំពេញ ភ្នំ​ដូនពេញ ដែល​គេ​ជឿ​ថា​មាន​បារមី​ថែ​រក្សា ក៏​ត្រូវ​យក​មក​ដាក់​ជា​ឈ្មោះ​ទូក​ង​ដែរ។

អ្នក​គ្រប់គ្រង​ទូក​ឈ្មោះ​ដូនពេញ​សែន​ជ័យ​របស់​ខណ្ឌ​ដូនពេញ លោក ផាន់ គី មាន​ប្រសាសន៍​ថា ឈ្មោះ​ទូក​នេះ​បាន​ប្ដូរ​ជាច្រើន​លើក​ដែរ ដោយ​ដើម​ឡើយ​មាន​ឈ្មោះ​ថា ដូនពេញ​មាន​ជ័យ ហើយ​ចុង​ក្រោយ​នេះ​មាន​ឈ្មោះ​ដូនពេញ​សែន​ជ័យ ដ្បិត​ទូក​នេះ​បាន​ការ​ឧបត្ថម្ភ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ខណ្ឌ​ដូនពេញ៖ «»។

ទាក់ទិន​នឹង​ជំនឿ​ការ​ដាក់​ឈ្មោះ​ទូក អ្នក​ស្រាវជ្រាវ​អារ្យធម៌​ខ្មែរ​លើក​ឡើង​ថា កាល​ដើម​ឡើយ ការ​ដាក់​ឈ្មោះ​ទូក គឺ​ច្រើន​ទាក់ទង​នឹង​ព្រលឹង​ទូក ដែល​សំដៅ​ដល់​ព្រាយ​ដែល​កាន់​ទូក។ អ្នក​ស្រាវជ្រាវ លោក​បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​ថា ពី​ដើម​រៀង​មក ឈ្មោះ​ទូក​តែង​ទាក់ទង​នឹង​ឈ្មោះ​ស្រី៖ «ដូច​ថា​អព្ភូត​អ្វី​មួយ​ទៅ​កាន់​ទូក​ហ្នឹង ជា​ខ្មោច​ភេទ​ស្រី ជាពិសេស​ជា​ប្រភេទ​ខាង​ព្រាយ ព្រោះ​ព្រាយ​ពូកែ​ខាង​មន្ត​អាគម។ ដោយសារ​អ្វី​បាន​ជា​គេ​ត្រូវ​ការ​មន្ត​អាគម ពីព្រោះ​ថា​គេ​ត្រូវ​ការ​ប្រណាំង ដល់​ត្រូវ​ការ​ប្រណាំង យើង​ចង់​ឲ្យ​លឿន​ជាង​គេ ចង់​ឈ្នះ​គេ ដូច្នេះ​ក្រៅ​ពី​កម្លាំង​បាយ​របស់​យើង​ជា​អ្នក​អុំ និង​អ្នក​ចែវ​នេះ ក្រៅ​ពី​បច្ចេកទេស​យើង​ប៉ិនប្រសព្វ​យ៉ាង​ម៉េចៗ គេ​ទៅ​រក​កម្លាំង​មក​បន្ថែម​ទៀត គឺ​ថា​គេ​ចូល​ទៅ​ក្នុង​រឿង​មន្ត​អាគម​ហ្នឹង។ ចឹង​ទាក់ទង​នឹង​រឿង​ព្រាយ​ហ្នឹង។ អ្នក​ខ្លះ​គេ​ហៅ​ថា​ព្រាយ​ក្បាល​ទូក​អី​ក៏​មាន​ដែរ​ណាស់។ ដូច្នេះ​ហើយ បាន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​គេ​មិន​ឲ្យ​ដើរ​កាត់​រោង​ទូក ព្រោះ​ថា​ព្រាយ​ជា​សត្រូវ​របស់​ស្រី​មាន​ផ្ទៃពោះ​នេះ​មួយ ស្រី​ដែល​កំពុង​ឆ្លង​ទន្លេ​នេះ​មួយ»។

លោក​បណ្ឌិត អាំង ជូលាន បន្ត​ថា ស្រប​ពេល​គ្នា​នោះ ឈ្មោះ​ទូក​ក៏​មាន​រួម​បញ្ចូល​ឈ្មោះ​ក្នុង​រឿង​ព្រេង និង​ឈ្មោះ​វត្ត​ជាដើម៖ «ជួនកាល​ដាក់​ឈ្មោះ​តួអង្គ​ក្នុង​រឿង​រាម​កេរ្តិ៍ មាន​ខ្លះ​ថា​ជម្ពូពាន កំហែង​មាន​ឫទ្ធិ​អី​អ៊ីចឹង​ទៅ។ កំហែង​ហ្នឹង​មាន​ន័យ​ថា​ហនុមាន ដែល​ជាប់​នឹង​រឿង​ទូក​ហ្នឹង គឺ​សុទ្ធតែ​បរម​បូរាណ​រឿង​ទាក់ទង​នឹង​ជំនឿ​អី​ហ្នឹង ព្រោះ​ហនុមាន​ជា​បុត្រ​ព្រះពាយ។ ព្រះពាយ​គឺ​ថា​ល្បឿន ចឹង​បាន​គេ​ចូល​ចិត្ត​យក​ហនុមាន ឬ​ក៏​តួអង្គ​យក្ស ឬ​តួអង្គ​អី​ណា​ឯ​ទៀតៗ​ដែល​ហោះ មក​ពី​ក្នុង​រឿង​អស់​នោះ​គេ​ហោះ តែ​ហោះ​គឺ​វា​លឿន ព្រោះ​ទូក​វា​ត្រូវ​ការ​លឿន។ ជួនកាល​ដាក់​តែ​ឯង ជួនកាល​បញ្ចូល​គ្នា ២ ទៅ ៣ វា​ទៅ​ជា​វែង​ចឹង​ទៅ»។

ក្នុង​ពេល​បច្ចុប្បន្ន ឈ្មោះ​ទូក​ភាគច្រើន​ត្រូវ​រួម​បញ្ចូល​ឈ្មោះ​មនុស្ស អាច​ជា​ថ្នាក់​ដឹកនាំ​ប្រទេស អាច​ជា​អ្នក​មាន​ធនធាន​ឧបត្ថម្ភ​ទូក។

លោក​បណ្ឌិត អាំង ជូលាន បញ្ជាក់​ថា ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្ដូរ​ក្នុង​សង្គម៖ «ព្រោះ​ពី​មុន​មក ទូក​គឺ​ថា​វា​កម្រ​នឹង​ធ្វើ​បាន​មួយៗ​ណាស់ ព្រោះ​អី​វា​ថ្លៃ ដូច​សាង​ព្រះវិហារ​ណាស់ ខ្លះ​សាង​តាំង​ពី​ជំនាន់​ឪពុក​ទៅ​ទាល់​តែ​ឪពុក​ស្លាប់​ទៅ កូន​ធំ​មាន​ប្រពន្ធ​ហើយ​ទម្រាំ​ធ្វើ​ហើយ។ តែ​ឥឡូវ​ធ្វើ​ទៅ​វា​ហើយ​ព្រឹបៗ​ភ្លាម​ក្នុង​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ ដោយសារ​មាន​អ្នក​មក​ពី​ក្រៅ​វា​មាន​ការ​ឧបត្ថម្ភ​ពី​ក្រៅ​មក ពី​អ្នក​មាន ឬ​អ្នក​ធំ ឬ​អ្នក​ដែល​ថា​មាន គឺ​អ្នក​ដែល​មាន​ធនធាន​ណាស់។ ទូក​ក៏​ដូច​គ្នា​ចឹង ដល់​ចឹង​ទៅ​វា​លែង​ទៅ​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​ដូច​ថា​ពិគ្រោះ​យោបល់​អី​ហ្នឹង​ប៉ុន្មាន​ហើយ នេះ​ពេល​ធ្លាក់​លុយ​មក ក៏​ចេញ​ជា​ទូក​ចឹង​ទៅ ក៏​ដាក់​ឈ្មោះ​អ្នក​ដែល​គេ​ផ្តល់​ថវិកា​ហ្នឹង​ម៉ោ ដាក់​ឈ្មោះ​ដាក់​អី​គេ​ទៅ​វា​ជា​រឿង​ធម្មតា​ទេ​រឿង​ហ្នឹង»។

ទាក់ទង​នឹង​ឈ្មោះ​ទូក​ង​ក្នុង​វត្ត​ព្រែកសំរោង លោក​អាចារ្យ ហ៊ុល ភន លើក​ឡើង​ថា នៅ​ពេល​មួយ​ដែល​ទូក​វត្ត​ព្រែកសំរោង ត្រូវ​កែប្រែ​ឲ្យ​ត្រូវ​តាម​ខ្នាត ដើម្បី​បាន​ចូល​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ទូក​នេះ​ក៏​ត្រូវ​បន្ថែម​ឈ្មោះ​តាម​ប្រមុខ​ដឹកនាំ ដែល​បាន​អនុញ្ញាត​ឲ្យ​វត្ត​អាច​រក​ឈើ​មក​ធ្វើ​ទូក​ឲ្យ​ត្រូវ​ខ្នាត៖ «ដូច​យើង​ដាក់​ថា ឥន្ទ្រីយ៍​សែន​ជ័យ ឬ​ក៏​តេជោ​សែន​ជ័យ ហ្នឹង​ជា​ឈ្មោះ​របស់​ប្រធាន​រដ្ឋ។ ពេល​ដែល​យើង​ចង់​បាន​ឈើ​ឲ្យ​វា​ត្រូវ​នឹង​ខ្នាត​ដែល​ត្រូវ​ប្រណាំង​ហ្នឹង យើង​ត្រូវ​ការ​ឈើ​វែង។ អ៊ីចឹង​ក្រោយ​មក គណៈកម្មការ​ហើយ​និង​អាចារ្យ លោក​សុំ​ពី​សម្ដេច​តេជោ។ ចឹង​ទូក​ហ្នឹង​ដាក់​តេជោ​សែន​ជ័យ​អ៊ីចឹង​ទៅ។ បាទ! ទាក់ទង​នឹង​ជំនួយ​ឈើ»។

បើ​ទោះ​ជា​មាន​ការ​ផ្លាស់ប្ដូរ​របត់​សង្គម​ក៏ដោយ ក៏​ជំនឿ​ចំពោះ​ព្រលឹង​ទូក​នៅ​មិន​ទាន់​ផ្លាស់ប្ដូរ​នៅ​ឡើយ​ទេ គឺ​គេ​នៅ​ជឿ​ថា ទូក​នីមួយៗ​នៅ​តែ​មាន​ព្រលឹង​សណ្ឋិត៕

អ្នក​ភូមិ​បារម្ភ​ខ្លាច​ជន​ខិលខូច​លួច​គាស់​យក​គល់​គ្រញូង​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ

ក្រុម​និស្សិត និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ឈរ​មើល​គល់​គ្រញូង​ដែល​អាជ្ញាធរ​អប្សរា​កាប់​រំលំ ឋិត​នៅ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth

រហូត​មក​ដល់​ពេល​នេះ រឿង​ឈើ​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​កាប់​រំលំ​នោះ គឺ​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​នគរក្រៅ និង​ប្រជាពលរដ្ឋ ព្រម​ទាំង​និស្សិត​មក​ពី​ច្រើន​មជ្ឈដ្ឋាន នៅ​តែ​នាំ​គ្នា​ទៅ​មើល​គល់​គ្រញូង ហើយ​ថត​យក​រូបភាព​បង្ហោះ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​អ្នក​ខ្លះ​ទៀត​យក​ទៅ​ចងក្រង​ធ្វើ​ជា​ឯកសារ​ទៀត​ផង។

តើ​ក្រុម​ប្រជាពលរដ្ឋ​យល់​យ៉ាង​ណា​ចំពោះ​ការ​កាប់​រំលំ​ដើម​គ្រញូង ១​ដើម​នោះ?

ក្រុម​អ្នក​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ព្រម​ទាំង​និស្សិត​មក​ពី​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន ព្រួយ​បារម្ភ​ខ្លាច​គល់​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ​ដែល​នៅ​ជាប់​នឹង​ដី​ក្នុង​តំបន់​ឧទ្យាន​អង្គរធំ ត្រូវ​ជន​ខិលខូច​លួច​បាត់​នៅ​ពេល​ណា​មួយ ខណៈ​ដែល​ដើម​របស់​វា​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​ទៅ​ហើយ​នោះ។

ប្រជាពលរដ្ឋ និង​និស្សិត​យល់​ឃើញ​ដូច​គ្នា​ថា ប្រសិន​បើ​ជន​ខិលខូច​លួច​ទៅ​គាស់​គល់​គ្រញូង​នោះ​យក​ទៅ​ជួញដូរ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់​កន្លែង​សម្គាល់​របស់​ឈើ​ដ៏​មាន​តម្លៃ​នោះ​ទេ គឺ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខូចខាត​ទៅ​ដល់​ថ្ម​បុរាណ​ជាច្រើន​ដុំ​ដែល​នៅ​ជាប់​គ្នា​នោះ​ដែរ។

ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​គល់​គ្រញូង ១​ដើម​នោះ ជា​រៀង​រាល់​ថ្ងៃ ទាំង​អ្នក​ភូមិ​នគរក្រៅ និង​មហាជន​មក​ពី​ឆ្ងាយ តែង​នាំ​គ្នា​ចូល​ទៅ​មើល​គល់​គ្រញូង​នោះ​ជា​ហូរហែ។

បុរស​អ្នក​ភូមិ​នគរក្រៅ ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត​ដែល​ឧស្សាហ៍​ទៅ​អង្គុយ​មើល​គល់​គ្រញូង​នោះ គឺ​លោក កុយ ម៉ុម។ លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​គេ​កាប់​ដើម​គ្រញូង​ដែល​ពួក​លោក​តែង​គោរព​បូជា​មក គឺ​លោក​សម្រាន្ត​ពេល​យប់​មិន​ដែល​លក់​ទេ ចេះ​តែ​នឹក​មមៃ​ទៅ​ដល់​គល់​គ្រញូង​ដែល​សល់​នៅ​នឹង​មាត់​កស្សិណ​អង្គរធំ​នោះ។ លោក​ខ្លាច​ជន​ខិលខូច​នាំ​គ្នា​ទៅ​លួច​គាស់​យក​ទៅ​លក់​បាត់​ទៀត៖ «អត់​ដែល​ដេក​លក់​ទេ ខ្ញុំ​គ្រុន​ឡើង​ស្គម​ដោយសារ​តែ​ឈើ​នេះ។ ខ្ញុំ​ចង់​ឲ្យ​សមត្ថកិច្ច ឬ​ក៏​អាជ្ញាធរ​ជួយ​ធ្វើ​ជា​រោង​នៅ​កន្លែង​គល់​គ្រញូង​នោះ ដើម្បី​ការពារ​វា»។

ប្រភព​ពី​អ្នក​ធ្លាប់​ជួញដូរ​ឈើ​គ្រញូង​ឲ្យ​ដឹង​ថា គល់​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ​ដែល​នៅ​ជាប់​នឹង​ដី​នោះ ប្រសិន​បើ​ជន​ខិលខូច​លួច​គាស់​យក​ទៅ​លក់ យ៉ាង​ហោច​ណាស់​ក៏​មាន​តម្លៃ​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

និស្សិត​ខ្លះ​មក​ពី​សាកលវិទ្យាល័យ បៀល ប្រាយ (Build Bright) ក្នុង​ខេត្ត​សៀមរាប បាន​នាំ​គ្នា​ទៅ​ពិនិត្យ​មើល​គល់​គ្រញូង​ដែល​នៅ​សេសសល់​នោះ។ ពួក​គេ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​ឈើ​ពិសិដ្ឋ ១​ដើម​នេះ​បាន​ដុះ​នៅ​ជាប់​គ្នា​នឹង​ថ្ម​បុរាណ​ជាច្រើន​ដុំ។

និស្សិត​ផ្នែក​ទេសចរណ៍​មក​ពី​សាកលវិទ្យាល័យ បៀល ប្រាយ (Build Bright) លោក លាក់ តុលា មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​កាប់​បំផ្លាញ​គ្រញូង ១​ដើម​ដែល​មាន​អាយុ​ជាង ២០០​ឆ្នាំ​នេះ ហើយ​លោក​ក៏​ព្រួយ​បារម្ភ​ចំពោះ​គល់​របស់​វា​ដែល​នៅ​ក្នុង​ព្រៃ​នៅ​ឡើយ​ដែរ៖ «បេតិកភណ្ឌ​មួយ​ហ្នឹង គឺ​វា​មាន​អាយុកាល​ច្រើន​មែន​ទែន ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ក្នុង​នាម​ជា​អាជ្ញាធរ​ជា​ប៉ូលិស ហេតុ​អ្វី​បាន​ជា​ដើម​ឈើ​មួយ​ការពារ​មិន​បាន ចុះ​ទម្រាំ​ប្រទេស​ជាតិ​អាច​ការពារ​បាន​ដែរ?»។

ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ និង​និស្សិត​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា ១​ក្រុម បាន​ទៅ​កាប់​រំលំ​ដើម​គ្រញូង​នេះ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា កន្លង​ទៅ ក្រោម​ហេតុផល​ថា ដោយសារ​តែ​ជន​ខិលខូច​បាន​លួច​ទៅ​អារ​ជិត​ដាច់​ទៅ​ហើយ ខ្លាច​ក្រែង​រលំ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ។

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទេសចរណ៍​នៃ​សាកលវិទ្យាល័យ បៀល ប្រាយ ម្នាក់​ទៀត លោក សេង ស៊ុនថៃ មាន​ប្រសាសន៍​ថា គ្រញូង គឺ​ជា​ប្រភេទ​ឈើ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​ផែនដី​ទៅ​ហើយ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​ព្រួយ​បារម្ភ​ចំពោះ​គល់​គ្រញូង​ដែល​នៅ​សេសសល់​ទៀត​នោះ គឺ​គួបផ្សំ​ជាមួយ​នឹង​ថ្ម​ប្រាសាទ​បុរាណ​ដែល​នៅ​ជាប់​គ្នា​នេះ។ លោក សេង ស៊ុនថៃ ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ជន​ខិលខូច​លួច​គាស់​យក​គល់​គ្រញូង​នេះ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​បុរាណ​ជាច្រើន​ដុំ​ទៀត ប្រសិន​បើ​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ការពារ​ឲ្យ​ដិតដល់​ទេ៖ «តាម​បទពិសោធន៍​ដែល​ខ្ញុំ​បាន​សិក្សា​ផ្នែក​ទេសចរណ៍ គឺ​ថ្ម​ប្រាសាទ និង​ឈើ​ធម្មជាតិ វា​មាន​ការ​ទំនាក់ទំនង​គ្នា មិន​អាច​អត់​មួយ​ណា​បាន​ទេ បើ​បាត់​គល់​គ្រញូង​នេះ គឺ​ប្រាកដ​ជា​ខូចខាត​ថ្ម​ប្រាសាទ»។

តាំង​តែ​ពី​ឈើ​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​មក ឈើ​ជាច្រើន​កំណាត់​ត្រូវ​អាជ្ញាធរ​ខេត្ត​សៀមរាប ដឹក​យក​ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ភូមិ​នគរក្រៅ វិញ ដោយ​រក្សា​ទុក​នៅ​ក្នុង​ទី​វត្ត​ដំរីសែនជ័យ។ បច្ចុប្បន្ន ទាំង​កំណាត់ និង​គល់​ឈើ​គ្រញូង​នោះ សុទ្ធតែ​ត្រូវ​អ្នក​ភូមិ​ទៅ​អុជ​ធូប​គោរព​សក្ការៈ។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ឲ្យ​ដឹង​ថា បច្ចុប្បន្ន អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង បាន​បញ្ជា​ឲ្យ​ប្រជា​ការពារ និង​នគរបាល​ប៉ុស្តិ៍​គោកចក ត្រូវ​យាម​ការពារ​គល់​គ្រញូង​នៅ​ពេល​យប់ ចំណែក​ឯ​ពេល​ថ្ងៃ គឺ​ប្រគល់​តួនាទី​ទៅ​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ដើរ​ល្បាត​ការពារ។ លោក គឹម ឆៃហៀង បញ្ជាក់​ទៀត​ថា តាម​អាជ្ញាធរ​ខេត្ត​សៀមរាប គឺ​មាន​គម្រោង​សាងសង់​ជា​អាសនៈ​ព័ទ្ធ​ដោយ​របង​នៅ​កន្លែង​គល់​គ្រញូង​នោះ ដើម្បី​ទុក​ឲ្យ​អ្នក​ភូមិ​ទៅ​គោរព​បូជា ក៏ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា គម្រោង​ធ្វើ​អាសនៈ​នោះ​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​ណា​ច្បាស់លាស់​ទេ៖ «អភិបាល​ខេត្ត​សៀមរាប លោក​បាន​លើក​ឡើង​ថា​នឹង​ធ្វើ​អាសនៈ ហើយ​នឹង​យក​កំណាត់​ឈើ​គ្រញូង​នោះ ២​កំណាត់​ទៅ​ឆ្លាក់​ធ្វើ​ជា​ព្រះ​បដិមា​យក​ទៅ​ដាក់​នៅ​កន្លែង​គល់ ទុក​ឲ្យ​អ្នក​ភូមិ​គោរព​ផង»។

បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​កាប់​ឈើ​គ្រញូង ១​ដើម​នោះ​មក កន្លែង​ដើម​គ្រញូង​នោះ​ត្រូវ​បាន​គេ​បង្ហូរ​ទឹក​ចូល​ទៅ​លិចលង់​កន្លែង​ដែល​ដើម​គ្រញូង​រំលំ​ដួល​នោះ​អស់​ហើយ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ក្រោយ​ពី​មាន​ការ​កាប់​រំលំ​ឈើ​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​បាន​រយៈពេល ៤​ថ្ងៃ​មក តុលាការ​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន ព្រម​ទាំង​ចោទ​ប្រកាន់​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​ម្នាក់ ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌​ម្នាក់ ព្រម​ទាំង​បុគ្គលិក​របស់​អាជ្ញាធរ​អប្សរា ៣​នាក់​ផ្សេង​ទៀត ពី​បទ​ប្រមូល​ផល អនុផល​ព្រៃ​ឈើ​ជាប់​លំដាប់ ដែល​មិន​ទាន់​គ្រប់​ទំហំ​ឲ្យ​កាប់​រំលំ និង​បំផ្លាញ​ប្រភេទ​ឈើ​ដែល​កម្រ​តាម​មាត្រា​៩៨ ចំណុច​៥ នៃ​ច្បាប់​ស្ដីពី​ព្រៃ​ឈើ ព្រម​ទាំង​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​៥ នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន៕

ព្រះមហាក្សត្រ​នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ទី​១ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev

ព្រះមហាក្សត្រ នរោត្ដម សីហមុនី ទ្រង់​យាង​ទត​ព្រះរាជ​ពិធី​ប្រណាំង​ទូក នៅ​ល្ងាច​ថ្ងៃ​ទី​១៣ វិច្ឆិកា ដែល​ជា​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក។ ក្នុង​ពិធី​នេះ ក៏​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ចូលរួម​ដែរ។
ពិធី​បុណ្យ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​យូរ​លង់​ណាស់​មក​ហើយ​នោះ ប្រារព្ធ​ឡើង​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា។ ក្រុម​កីឡាករ​ប្រណាំង​ទូក​មក​ពី​រាជធានី-ខេត្ត និង​ពលរដ្ឋ សម្ដែង​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​ជួបជុំ​គ្នា​នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ប្រកួត​ដណ្ដើម​ជ័យលាភី ក្រោយ​ពី​រដ្ឋាភិបាល​បាន​ផ្អាក​ពិធី​បុណ្យ​នេះ​អស់​រយៈពេល ៤​ឆ្នាំ។

ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ម្នាក់​ថា​ការ​ដក​តំណែង​លោក​ជា​រឿង​នយោបាយ

ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង លោក សុខ វាសនា ដែល​ក្រសួង​ដក​តំណែង និង​ប្ដូរ​ភារកិច្ច។ រូបថត​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​សម្រេច​ដក​តំណែង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង លោក សុខ វាសនា ឲ្យ​ទៅ​បម្រើ​ការងារ​ជា​មន្ត្រី​រដ្ឋបាល​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កោះកុង វិញ។ ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង បាន​ប្រតិកម្ម​ចំពោះ​សេចក្តី​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។

មន្ត្រី​រដ្ឋបាល​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ចំពោះ​វិធានការ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក អ៊ុក រ៉ាប៊ុន ដែល​សម្រេច​ដក​តំណែង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង មួយ​រូប​កាល​ពី​ថ្ងៃ​ទី​២៦ តុលា។

ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង លោក សុខ វាសនា ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ និង​បង្ខំ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ជា​មន្ត្រី​រាជការ​ស៊ីវិល ខណៈ​លោក​បាន​បម្រើ​ការងារ​ជា​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​នេះ​រយៈពេល ១៨​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា លោក​បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ រួច​ហើយ ដើម្បី​សុំ​ឲ្យ​មាន​ការ​បកស្រាយ​ឲ្យ​ច្បាស់លាស់​ជុំវិញ​សេចក្តី​សម្រេច​នេះ តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយតប។ លោក សុខ វាសនា ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់៖ «ការ​ដក​តួនាទី​របស់​ខ្ញុំ ឬ​ផ្ទេរ​តួនាទី​របស់​ខ្ញុំ គឺ​ជា​អំពើ​មួយ​ខុស​ច្បាប់។ ខ្ញុំ​ចង់​សួរ​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែរ ថា​តើ​ការ​ដក​តួនាទី​ខ្ញុំ​នេះ ឬ​ផ្ទេរ​តួនាទី​ខ្ញុំ​នេះ​យោង​លើ​មូលដ្ឋាន​អី?»។

លោក​កត់​សម្គាល់​ថា លោក​ពុំ​បាន​ដឹង​មុន​ទាល់​តែ​សោះ​ចំពោះ​ការ​ដក​តំណែង និង​ផ្ទេរ​ភារកិច្ច​នេះ ហើយ​លោក​ក៏​មិន​ដែល​ទទួល​បាន​លិខិត​ណែនាំ ឬ​ក៏​កំណត់​ហេតុ​អ្វី​មួយ ដែល​បញ្ជាក់​ពី​កំហុស​របស់​លោក​ដែរ។ លោក​ចាត់​ទុក​ការ​ដក​តំណែង និង​ផ្ទេរ​ភារកិច្ច​នេះ ក្រោម​ហេតុផល​នយោបាយ៖ «យោង​តាម​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ទាល់​តែ​មន្ត្រី​នោះ​ធ្វើ​ខុស ហើយ​មាន​ការ​ណែនាំ ឬ​មាន​កំណត់​ហេតុ​ត្រឹមត្រូវ បាន​យើង​អាច​ទម្លាក់​តួនាទី​គេ​បាន។ តែ​មក​ទល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ថា យើង​មាន​កំហុស​អី​ផង? រឿង​ផ្ទេរ​ជា​រឿង​មួយ តែ​ចាំបាច់​អី​បាន​ដក​តួនាទី​មួយ​ទៀត។ ចឹង​មាន​ន័យ​ថា យើង​អត់​មាន​កំហុស​អី​សោះ បាន​ជា​គេ​ដក​តួនាទី​យើង»។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៦ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក សុខ វាសនា បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង ឲ្យ​ទៅ​បម្រើ​ការងារ​ជា​មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កោះកុង វិញ។

ប្រធាន​ស្តីទី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង លោក សយ គា មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ពុំ​បាន​ដឹង​រឿងរ៉ាវ​អ្វី​ទាំងអស់​ករណី​នេះ៖ «អូ! អត់​ដឹង​ផង។ ខ្ញុំ​អត់​ដឹង​ទេ»។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក អ៊ុក រ៉ាប៊ុន បដិសេធ​មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ ដោយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី សុំ​សួរ​អំពី​ករណី​នេះ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ប្រសិន​បើ​ការ​សម្រេច​របស់​ក្រសួង​ធ្វើ​ឡើង​ដោយ​លម្អៀង និង​រើសអើង​និន្នាការ​នយោបាយ បង្ក​ឲ្យ​ប៉ះពាល់​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ថែម​ទាំង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​នីតិរដ្ឋ​របស់​កម្ពុជា ផង។ លោក​ថា បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ទេ វា​នឹង​នាំ​ឲ្យ​កើត​មាន​ភាព​អយុត្តិធម៌​ដល់​រដ្ឋបាល​សាធារណៈ និង​ឈាន​ទៅ​រក​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ផង៖ «បើ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ធ្វើ​ឡើង​ដោយ​មាន​ភាព​លម្អៀង ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ច្បាប់​នៅ​កម្ពុជា មាន​វិបត្តិ ព្រោះ​ថា​បើ​អ្នក​ឯង​ចូល​គណបក្ស​កាន់​អំណាច​អត់​អី​ទេ ឧទាហរណ៍ តែ​បើ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​អា​ហ្នឹង​មាន​បញ្ហា»។

លោក សុខ វាសនា បាន​បម្រើ​ការងារ​ជា​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង នៅ​ឆ្នាំ​១៩៩៦ និង​ធ្វើ​ជា​ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​១៩៩៨ មក។

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល មាត្រា​៦ និង​មាត្រា​៧ ចែង​ថា អ្នក​រាជការ​ម្នាក់ៗ​មាន​សិទ្ធិ​សុំ​មើល​កំណត់​ត្រា និង​ឯកសារ​ផ្សេងៗ​ដែល​ជា​សំណុំ​រឿង​ផ្ទាល់​ខ្លួន មុន​នឹង​ទទួល​ខុស​ត្រូវ​ទណ្ឌកម្ម​ខាង​វិន័យ ឬ​មុន​នឹង​ត្រូវ​ផ្លាស់​មុខងារ​ដោយ​បង្ខំ។ អ្នក​រាជការ​ក្របខ័ណ្ឌ អាច​ដាក់​ឲ្យ​ទៅ​បម្រើ​ការ ឬ​មុខងារ​ក្រៅ​ក្របខ័ណ្ឌ​ដើម​របស់​ខ្លួន​បាន ក្នុង​ករណី​ចាំបាច់ និង​មាន​ការ​យល់ព្រម​ពី​សាមី​ខ្លួន។ អ្នក​រាជការ​ក្របខ័ណ្ឌ មាន​សិទ្ធិ​សុំ​ផ្លាស់​កន្លែង​ធ្វើ​ការ​ទៅ​តាម​ប្ដី ឬ​ប្រពន្ធ​បាន៕

អាជ្ញាធរ​នៅ​ខេត្ត​ពោធិ៍សាត់​ព្រមាន​ប្រើ​វិធានការ​ច្បាប់​លើ​អ្នក​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ


អាជ្ញាធរ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ​ចាកចេញ​ដោយ​សន្តិវិធី មុន​ឈាន​ដល់​ដំណាក់កាល​ប្រើ​វិធានការ​ច្បាប់។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ ប៉ុន្តែ​មិន​ត្រូវ​អនុវត្ត​ដោយ​រំលោភ​សិទ្ធិ ឬ​អមនុស្សធម៌​នោះ​ឡើយ។

អាជ្ញាធរ​ស្រុក​វាលវែង បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ទន្ទ្រាន​ដី​ព្រៃ​ការពារ​នៅ​តំបន់​ស្រែ​យក្ស ឋិត​នៅ​ចន្លោះ​ព្រំប្រទល់​ឃុំ​ក្រពើពីរ និង​ឃុំ​ប្រមោយ ថា​គ្មាន​អ្នក​ណា​ម្នាក់​អាច​យក​ដី​នៅ​តំបន់​នេះ​ទៅ​ធ្វើ​កម្មសិទ្ធិ​បាន​ទេ។ ប៉ុន្តែ​បើ​ពលរដ្ឋ​អត់​មាន​ដី​ពិត​ប្រាកដ អាច​ស្នើ​ទៅ​អាជ្ញាធរ​ដើម្បី​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​កន្លែង​ផ្សេង ដោយ​មិន​ត្រូវ​ចាប់​ដី​រដ្ឋ​ខុស​ច្បាប់​ឡើយ។

អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រមាណ ១០​គ្រួសារ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ធ្វើ​ខ្ទម​លើ​ដី​ព្រៃ​របស់​រដ្ឋ​ខុស​ច្បាប់ ក្រៅ​ពី​នោះ​បាន​ស្ម័គ្រចិត្ត​ចាក​ចេញ​អស់​ហើយ។ លោក​ថា នៅ​ដំណាក់កាល​ចុង​ក្រោយ គឺ​ជៀស​មិន​ផុត​ពី​ការ​ប្រើ​វិធានការ​ច្បាប់​ឡើយ បើ​ពលរដ្ឋ​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​ចាកចេញ​ពី​លើ​ដី​រដ្ឋ តាម​ការ​អប់រំ​ណែនាំ​របស់​អាជ្ញាធរ៖ «ខ្ញុំ​ធ្លាប់​បាន​ឲ្យ​ភ្នាក់ងារ​ដែល​ធ្លាប់​ទៅ​ត្រង់​ហ្នឹង ឲ្យ​ទៅ​ផ្សព្វផ្សាយ​ពួកគាត់​ឡើង​វិញ! ហើយ​បើ​សិន​ថា វា​លំបាក​យើង​ប្រើ​ជម្រើស​ចុង​ក្រោយ (ច្បាប់) គ្រាន់​សំខាន់​យើង​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះពាល់​បង​ប្អូន ព្រោះ​ខ្លះ​គាត់​គ្រាន់​តែ​ជា​ជន​រងគ្រោះ​ទេ គាត់​មក​ជឿ​តាម​ការ​ញុះញង់​របស់​គេ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ដែល​ចូល​ចាប់​ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ស្រែ​យក្ស​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត លោក នាង ហ៊ាន ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​នៅ​មាន​ខ្ទម​ជាង ២០០​ខ្នង​ទៀត ដែល​សង់​នៅ​លើ​ដី​ចម្ការ​របស់​ពួកគេ​ដែល​បាន​ចាប់​ចែក​គ្នា។ លោក​ថា មាន​ពលរដ្ឋ​ខ្លះ​រស់​នៅ​ក្នុង​ខ្ទម និង​ខ្លះ​ទៀត​ចេញ​ទៅ​រក​ស៊ី​ឈ្នួល​គាស់​ដំឡូង​គេ ហើយ​តែងតែ​ចេញ​ចូល​ឃ្លាំមើល​រោង​ចាំ​ដី​របស់​ពួកគេ​ជា​ប្រចាំ៖ «ខ្ញុំ​ថា បើ​ដី​នេះ​អត់​ពិត​ប្រាកដ​ទេ សូម​ឲ្យ​រដ្ឋអំណាច​ថា ដី​នេះ​នៅ​អត់​បាន​ទេ ព្រោះ​ដី​នេះ​មាន​មុខ​ការ​ចេះៗ អ៊ីចឹង​អត់​បាន​ជូន​ប្រជាពលរដ្ឋ​ទេ​អ៊ីចឹង​ស្រួល ខ្ញុំ​សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ។ ចុះ​កន្លង​មក​គេ​អត់​ដែល​ប្រាប់​ពូ​ទេ? គេ​ប្រាប់​ពេល​ទៅ​គ្នា បី​នាក់​ហ្នឹង​យក​ឈ្មោះ និង​លេខ​ទូរស័ព្ទ​ខ្ញុំ ហើយ​គាត់​ឲ្យ​លេខ​ទូរស័ព្ទ​មក​ដែរ​ហ្នឹង ហើយ​គាត់​ថា អ្ហឺ..! យើង​កុំ​យក​អីវ៉ាន់​ទៅ​ច្រើន​នៅ​តាម​រោង យើង​ទៅ​តែ​ខ្លួន​បណ្ដោះអាសន្ន​សិន​ទៅ​បើ​ម៉េចៗ​យើង​ស្រួល»។

សមត្ថកិច្ច​ធ្លាប់​ចុះ​ដុត​កម្ទេច​ខ្ទម​ពលរដ្ឋ​ជា​ច្រើន​ដង ហើយ​ចាប់​បាន​មេខ្យល់​ម្នាក់​ទាក់ទង​នឹង​ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​នៅ​តំបន់​ស្រែ​យក្ស រួច​បញ្ជូន​ទៅ​តុលាការ​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦។

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ពេល​ចុះ​អនុវត្ត​ច្បាប់​ត្រូវ​គិតគូរ​ពី​សិទ្ធិ និង​មាន​មនុស្ស​ធម៌​ក្នុង​ខ្លួន។

លោក​ថា កន្លង​ទៅ​សមត្ថកិច្ច​ធ្លាប់​ដុត និង​កាប់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រក​តែ​ពួកគាត់​យក​អង្ក ឬ​សំលៀក​បំពាក់​ចេញ​ពី​ផ្ទះ​មិន​ទាន់​ដែល​មើល​ទៅ​គ្មាន​មនុស្ស​ធម៌ ឬ​ដូចជា​សត្រូវ​នឹង​គ្នា​តាំង​ពេល​ណា​មក៖ «មួយ​ទៀត​សុំ​យ៉ាង​ទទូច​ដី​ដែល​ជា​ដី​ព្រៃ​របស់​រដ្ឋ សុំ​ឲ្យ​ដក​ហូត​បាន​ហើយ​ត្រូវ​ថែរក្សា​ដី​នោះ​ឲ្យ​បាន​គង់វង្ស កុំ​ឲ្យ​ដក​តែ​មនុស្ស​មួយ​ក្រុម តែ​បែរ​ជា​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុម ឬ​បុគ្គល​ណា​ផ្សេង​ទៀត វា​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​មាន​ជំនឿ​ទេ។ យើង​មាន​ជា​ឧទាហរណ៍​ស្រាប់ មនុស្ស​មួយ​ក្រុម​អាច​នៅ​បាន ហើយ​មួយ​ក្រុម​អត់​អត់​បាន ដូច​អនុវត្ត​ស្តង់ដារ​ពីរ»។

ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​របស់​ក្រសួង​បរិស្ថាន ឆ្នាំ​២០០៨ ត្រង់​មាត្រា​៥៩ ចំណុច​ទី​១ ចែង​ថា ជន​ណា​ដែល​បាន​កាប់​គាស់​រំលើង កាប់​រំលំ រុករាន​ដី​ព្រៃ គ្រៀវ ចង​រឹត ប្រមូល​បំផ្លាញ​ធនធាន​ធម្មជាតិ ត្រូវ​ទទួល​ការ​ពិន័យ​អន្តរការ​ជា​ប្រាក់​ពី​មួយ​លាន​រៀល ទៅ​ដល់​ដប់​លាន​រៀល ឬ​ត្រូវ​ធ្វើ​ការ​ជួសជុល ស្ដារ​ការ​ខូចខាត និង​រឹប​អូស​វត្ថុតាង​ជា​សម្បត្តិ​រដ្ឋ៕