Saturday, November 26, 2016

រូបថត​លោក កែម ឡី ភ្ជាប់​សារ​​៥​ម៉ឺន​សន្លឹក​នឹង​ត្រូវ​បោះ​ពុម្ព​ចែក​ចាយ​ដើម្បី​ទាមទារ​យុត្តិធម៌


ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី បាន​កប់​បាត់​ស្រមោល​​ជាង ៤​ខែ​មក​ហើយ​គិត​មក​ដល់​ពេល​នេះ។  អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ បាន​អះអាង​ថា ចៅក្រម​ស៊ើបសួរ លោក សេង លាង នៅ​តែ​បន្ត​ការ​នីតិវិធី​នេះ​នៅ​ឡើយ។ គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បញ្ជាក់​ជំហរ​ថា នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ គេ​នឹង​បោះពុម្ព​រូបថត​លោក​បណ្ឌិត កែម ឡី ភ្ជាប់​សារ​ជាមួយ​ផង ដើម្បី​​ចែកចាយ​ជា​សាធារណៈ។

រូបថត​លោក​បណ្ឌិត កែម ឡី ចំនួន ៥​ម៉ឺន​សន្លឹក​ដែល​ភ្ជាប់​សារ​ដាក់​ថា "ស្វែង​រក​យុត្តិធម៌" នឹង​ត្រូវ​ចែកចាយ​ឲ្យ​ពលរដ្ឋ​នៅ​មុន​យុទ្ធនាការ​បោះឆ្នោត​ទាំង​ពីរ​លើក គឺ​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​សាកល​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

ការ​បញ្ជាក់​ដូច​នេះ របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​យុត្តិធម៌​ចំពោះ​ឃាតកម្ម​ប្រឆាំង​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ស្ទើរ​កប់​បាត់​ស្រមោល​អស់​ពេល​ជាង ៤​ខែ​មក​ហើយ។ ព្រះអង្គ​បន្ត​ថា រូបថត​លោក​បណ្ឌិត កែម ឡី ប្រមាណ ៥​ម៉ឺន​សន្លឹក​នេះ នឹង​ត្រូវ​ចែកចាយ​ដល់​ដៃ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​ជា​ការ​រំលឹក​ឡើង​វិញ​ផង​អំពី​ឃាតកម្ម​ដែល​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​ដឹង​ពី​ពន្លឺ​យុត្តិធម៌​ថែម​ទៀត​ផង៖ «យើង​នឹង​បោះពុម្ព​រូប កែម ឡី ដែល​យើង​ធ្លាប់​ចែក​ពី​ថ្ងៃ​បុណ្យ​នោះ​ចំនួន ៥​ម៉ឺន​សន្លឹក​ត​ទៅ​ទៀត ហើយ​ក្នុង ៥​ម៉ឺន​សន្លឹក​​ហ្នឹង គឺ​យើង​សរសេរ​សារ​ភ្ជាប់​នៅ​ក្នុង​ហ្នឹង ហើយ​គូរ​កន្លែង​ធិក (Tick) បួនជ្រុង​សម្រាប់​ចុច​គូស សម្រាប់​ប្រាប់​អ្នក កែម ឡី និយម​ទាំង​អស់​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ យើង​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​រួម​គ្នា​ដែល​សរសេរ​ថា សូម​ប្រជាពលរដ្ឋ​គ្រប់​រូប​មេត្តា​ទៅ​បោះ​ឆ្នោត​ហ្នឹង​រឿង​មួយ។ បោះ​ឆ្នោត​ដើម្បី​យុត្តិធម៌ ហើយ​យើង​ដាក់​សញ្ញា​គ្រីស​ហ្នឹង​នៅ​នឹង​មុខ​ដែល​លោក កែម ឡី គាត់​ញញឹម​ទៅ​រក​ហ្នឹង»។

យុទ្ធការ​ចែកចាយ​រូបថត​លោក​បណ្ឌិត កែម ឡី ដែល​ភ្ជាប់​នឹង​សារ​ដាក់​ថា "ទាមទារ​យុត្តិធម៌" នេះ​ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា នៅ​មិន​ទាន់​ប្រាកដ​ថា​អាច​ផ្ដល់​នៅ​ក្នុង​ទីក្រុង ឬ​ជនបទ​ប៉ុន្មាន​សន្លឹក​នៅ​ឡើយ​ទេ។

មក​ដល់​ពេល​នេះ សំណុំរឿង​នៃ​បទឧក្រិដ្ឋ​នេះ បាន​ចូល​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង ហើយ។ គិត​ពី​ថ្ងៃ​ឃាតក​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា និង​ពី​ថ្ងៃ​ដែល​នគរបាល​អះអាង​ថា បាន​ប្រគល់​ភស្តុតាង​ឲ្យ​តុលាការ​នោះ គឺ​មាន​រយៈពេល ៤​ខែ​កន្លះ​មក​ហើយ ប៉ុន្តែ​ភាគី​ខាង​តុលាការ​បាន​ត្រឹម​បញ្ជាក់​ថា កំពុង​បន្ត​នីតិវិធី​ស៊ើប​អង្កេត។

មាន​សំណុំរឿង​ជា​ច្រើន​ដែល​ធ្លាក់​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នក​ការពារ​បរិស្ថាន និង​មេដឹកនាំ​សហជីព ទាំង​សមត្ថកិច្ច និង​តុលាការ​បាន​បាន​ត្រឹម​អះអាង​ថា នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ ហើយ​សំណុំ​រឿង​គឺ​មិន​ទាន់​បិទ​ទៀត​ផង។ បើ​ទោះ​ជា​សំណុំរឿង​ទាំង​នោះ​មិន​ទាន់​បញ្ចប់ ប៉ុន្តែ​គេ​នៅ​តែ​ពុំ​ឃើញ​តុលាការ​អាច​រក​ឃាតក​ពិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ ជា​អាទិ​ករណី លោក ជា វិជ្ជា និង​លោក ឈុត វុទ្ធី ជាដើម។

ទាក់ទិន​សំណុំរឿង​លោក​បណ្ឌិត កែម ឡី នេះ​វិញ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក ទី រិន ធ្លាប់​បញ្ជាក់​ថា ចៅក្រម​ស៊ើប​លោក សេង លាង នៅ​តែ​បន្ត​នីតិវិធី​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ពុំ​បាន​ស៊ីជម្រៅ​ថា តើ​លោក សេង លាង បន្ត​ដល់​ដំណាក់​កាល​ណា​ទៅ​ហើយ​ទេ។

ជុំវិញ​រឿង​នេះ អាស៊ីសេរី ពុំ​អាច​សុំ​ការ​បញ្ជាក់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

ដោយ​ឡែក ការ​រៀបចំ​ចេតិយ និង​ទីតាំង​តម្កល់​រូប​សំណាក់​លោក​បណ្ឌិត កែម ឡី នៅ​ស្រុក​កំណត់​ក្នុង​ខេត្ត​តាកែវ វិញ លោក​បណ្ឌិត មាស នី ឲ្យ​ដឹង​ថា គម្រោង​ប្លង់​នេះ​អាច​នឹង​ព្រាង​រួច​រាល់​ក្នុង​រយៈពេល ៣​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ។ លោក​បន្ត​ថា ក្នុង​ដំណាក់កាល​នេះ​ក្រុម​បច្ចេកទេស​កំពុង​សិក្សា​ពី​ទីតាំង​តម្កល់​រូប​សំណាក​ដោយ​របៀប​ណា និង​រចនាបថ​នៃ​ចេតិយ។ ជាង​នេះ​ទៀត ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​សាងសង់​អាច​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១០​ម៉ឺន​ដុល្លារ៖ «កំពុង​ធ្វើ​ការ​សស្រោកសស្រាំ​ជាមួយ​ក្រុម​ស្ថាបត្យករ​ដើម្បី​ឲ្យ​គេ​ជួយ​គូស​ប្លង់​ផង ហើយ​គណៈកម្មការ​នឹង​ជជែក​ជាមួយ​ក្រុម​ដទៃ​ទៀត ទៅ​លើ​ការ​សម្រេច​ចិត្ត​ថា តើ​នៅ​ក្នុង​រឿង​ហ្នឹង​ស្ថាបត្យកម្ម​ណា​មួយ​ដែល​ល្អ ដែល​យើង​ពេញចិត្ត ហើយ​សម្រេច​យក​អា​ហ្នឹង»។

ក្នុង​ដំណាក់កាល​នៃ​ការ​រង់ចាំ​យុត្តិធម៌​ជាង ៤​ខែ​មក​នេះ គឺ​មាន​តែ​ជនសង្ស័យ​ម្នាក់​នៅ​ឡើយ​ដែល​សមត្ថកិច្ច​ចាប់​បាន​ភ្លាមៗ ក្រោយ​ថ្ងៃ​កើត​ហេតុ គឺ​ឈ្មោះ  ជួប សម្លាប់ ដែល​គេ​ស្គាល់​ថា មាន​ឈ្មោះ​ពិត អឿត អាង។ អង្គការ​សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​របស់​សមត្ថកិច្ច និង​តុលាការ​ក្នុង​រឿង​ក្ដី​នេះ​ថា នៅ​តែ​មាន​ភាព​យឺតយ៉ាវ​បើ​ធៀប​ទៅ​នឹង​រឿង​ក្ដី​ដទៃ​ទៀត និង​ហាក់​មាន​ភាព​លាក់លៀម​ក្នុង​សំណុំ​រឿង​ដ៏​ឧក្រិដ្ឋ​មួយ​នេះ៕

"ស្ត្រី​​ភាគច្រើន​រង​អំពើ​ហិង្សា​ដោយសារ​គ្រឿង​ស្រវឹង"



ក្រុម​ស្ត្រី​ជួប​ពិគ្រោះ​គ្នា​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Leng Maly


ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងស្រវឹង កំពុង​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​អ្នក​ធ្វើ​ការ​ខាង​សុខភាព និង​សង្គម។ ប៉ះពាល់​ទាំង​នេះ ក៏​ទាញ​ការ​ចាប់​អារម្មណ៍​ដល់​ស្ត្រី​ឲ្យ​ចាប់​ផ្ដើម​គិត​គូរ​រក​ដំណោះស្រាយ។

តំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រឹទ្ធ​សភា និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជិត ១០០​នាក់ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ស្ត្រី សុខភាព នយោបាយ និង​សង្គម ជួប​ពិគ្រោះ​យោបល់​គ្នា​ក្នុង​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ស្ដីពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បី​រក​វិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់។

ក្នុង​សិក្ខាសាលា​នេះ អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​បង្ហាញ​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​បង្ក​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន​ដល់​សុខភាព និង​សង្គម ហើយ​ក៏​ផ្ដល់​ផល​អវិជ្ជមាន​ចំពោះ​ស្ត្រី និង​កុមារី។

រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគម​នារី​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ អ្នកស្រី ម៉ែន សំអន ថ្លែង​ថា ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន​នេះ កំពុង​ជួប​ប្រទះ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដូច​ជា​ការ​សេព​សុរា និង​ស្រាបៀរ ដែល​បង្ក​ឲ្យ​មាន​វិបត្តិ និង​ផល​អវិជ្ជមាន​ជា​ច្រើន។ ស្ត្រី និង​កុមារី​ជា​ច្រើន ត្រូវ​ទទួល​រង​អំពើ​ហិង្សា​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​នេះ។

អ្នកស្រី ម៉ែន សំអន៖ «គ្រឿង​ស្រវឹង​ពិត​ជា​នាំ​មក​នូវ​ផល​វិបាក​ជា​អវិជ្ជមាន​ច្រើន​ណាស់​ដល់​ផល​ប្រយោជន៍​បុគ្គល ផល​ប្រយោជន៍​សាធារណៈ និង​សង្គម​ជាតិ។ ជាក់​ស្ដែង គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ជីវិត រង​របួស និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​បុគ្គល និង​សាធារណៈ ភាគ​ច្រើន​លើស​លុប​បណ្ដាល​មក​ពី​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង។ ចំណែក​ឯ​អំពើ​ហិង្សា​នានា ជា​ពិសេស​អំពើ​ហិង្សា​លើ​ស្ត្រី​ភាគ​ច្រើន ក៏​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង​ដែរ»។

អ្នក​ជំនាញ​ដែល​ចូល​រួម​ការ​ពិគ្រោះ​យោបល់​នេះ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា គឺ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​យន្តការ​ច្បាប់​សម្រាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​នៅ​ឡើយ។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទូលំទូលាយ ហើយ​ទាក់ទាញ​អ្នក​ប្រើប្រាស់​ច្រើន។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា វេជ្ជបណ្ឌិត មុំ គង់ បង្ហាញ​តួលេខ​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​កត្តា​ប្រឈម​បញ្ហា​សុខភាព​ចម្បង​មួយ​ក្នុង​ចំណោម​កត្តា​ហានិភ័យ​ចម្បង​បួន ដែល​គ្រឿង​ស្រវឹង ថ្នាំ​ជក់ កង្វះ​ការ​ហាត់ប្រាណ និង​របប​អាហារ​ដែល​កត្តា​ទាំង​នេះ បណ្ដាល​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​នោះ​កើត​ជំងឺ​មិន​ឆ្លង​ប្រមាណ​ជាង ២០០​ប្រភេទ មាន​ជាអាទិ៍ ជំងឺ​មហារីក ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម ដាច់​សរសៃ​ខួរក្បាល។ ជំងឺ​មិន​ឆ្លង​ទាំង​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​លើ​ពិភពលោក​ប្រមាណ ៣៦​លាន​នាក់​រៀងរាល់​ឆ្នាំ៖ «គ្រឿង​ស្រវឹង ថ្នាំ​ជក់ គឺ​ទាក់ទង​នឹង​ការ​ប្រើប្រាស់។ របប​អាហារ គឺ​សំដៅ​របប​អាហារ​សម្បូរណ៍​ជាតិ​ខ្លាញ់ ជា​ប្រេង ឬ​ប្រៃ​ខ្លាំង ឬ​ផ្អែម​ខ្លាំង។ ខ្វះ​កាយ​វប្បកម្ម​សំដៅ​លើ​ការ​ខ្វះ​ការ​ចលនា​រាង​កាយ ពីព្រោះ​យើង​នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​អ្នក​ធ្វើការ​នៅ​ការិយាល័យ​ភាគ​ច្រើន ធ្វើ​ការ​ច្រើន​ម៉ោង​នៅ​ការិយាល័យ ក៏​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​មាន​ជំងឺ​មិន​ឆ្លង​ដែរ។ ការ​ស្រាវជ្រាវ​នេះ គឺ​ធ្វើ​ឡើង​ដោយ​សកល​វិទ្យាល័យ​ភ្នំពេញ ហើយ​អ្នក​ចូលរួម​របស់​យើង​ហ្នឹង ៥៤% គាត់​បាន​ឆ្លើយ​ថា គាត់​បាន​ទទួល​ទាន​គ្រឿងស្រវឹង​យ៉ាង​តិច​ម្ដង ក្នុង​រយៈ​ពេល ១២​ខែ​ចុង​ក្រោយ​នេះ ហើយ​ក្នុង​ចំណោម ៥៤% ហ្នឹង មាន​ប្រុស ៧៣% ហើយ​មាន​ស្រី ២៣%។ អ៊ីចឹង​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​ក្នុង​ស្ត្រី ក៏​កំពុង​បញ្ជាក់​ថា​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ ប្រសិន​បើ​យើង​មិន​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ»។

របាយការណ៍​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ទាំង​នេះ រក​ឃើញ​ថា អ្នក​ដែល​ប្រឈម​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ស្ត្រី​លក់​ស្របៀរ ដែល​ក្រុមហ៊ុន​ដាក់​កំណត់​ចំនួន​លក់​ឲ្យ​បាន ហើយ​ភ្ញៀវ​បង្ខំ​ឲ្យ​ផឹក។

ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី កេត ម៉ារឌី បង្ហាញ​ថា ស្ត្រី ៦៦% ដែល​ជួប​អំពើ​ហិង្សា ប៉ះពាល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ខ្លាំង។ ស្ត្រី​ទាំង​ជក់​បារី បរិភោគ​គ្រឿង​ស្រវឹង​ញឹកញាប់ មាន​ផ្ទៃពោះ​មិន​បាន​គ្រោង​ទុក និង​ចង់​សម្លាប់​ខ្លួន៖ «គ្រឿង​ស្រវឹង និង​អំពើ​ហិង្សា​នេះ គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​គ្នា​បាន​ទេ។ អ៊ីចឹង​បាន​ន័យ​ថា គ្រួសារ​ដែល​គាត់​ធំធាត់​ឡើង​នៅ​ក្នុង​គ្រួសារ ដែល​សេព​គ្រឿង​ស្រវឹង​ហ្នឹង គឺ​ថា ជា​បទពិសោធន៍​មាន​ការ​រំលោភ​បំពាន​ផ្លូវ​កាយ ផ្លូវ​ចិត្ត ឬ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់ ហ្នឹង​ក៏​ជា​សាក្សី​នៃ​អំពើ​ហិង្សា​ដែរ។ អ៊ីចឹង​យើង​ដឹង​ហើយ​ថា កូន​ដែល​រស់​នៅ​ក្រោម​បន្ទុក​គ្រួសារ​គឺ​ថា ពេល​ណា​ដែល​គាត់​រស់​នៅ​ក្នុង​គ្រួសារ​ណា​ដែល​គាត់​សេព​គ្រឿង​ស្រវឹង​ហ្នឹង តែង​តែ​ជួប​នូវ​ផល​ប៉ះពាល់​ជា​ដើម។ អ៊ីចឹង​ក៏​ជា​មេរៀន​មួយ​បង្រៀន​ដល់​ពួក​គាត់​ដែរ»។

មន្ត្រី​អង្គការ​សុខភាព​ពិភព​លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មាន​ប្រសាសន៍​ថា វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់ និង​ផល​ប៉ះពាល់​អវិជ្ជមាន​នានា គឺ​ចាំបាច់​ប្រទេស​កម្ពុជា ត្រូវ​មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ដាក់​វិធានការ​កំណត់​អាយុ​អ្នក​ប្រើប្រាស់​លើស​ពី ១៨​ឆ្នាំ និង​គ្រប់គ្រង​កន្លែង​លក់​ឲ្យ​បាន​ត្រឹមត្រូវ៖ «គឺ​យើង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ដែល​ជា​វិធានការ​មាន​ប្រសិទ្ធភាព​បំផុត ដែល​យើង​ឃើញ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​ស្រុក​ខ្មែរ​យើង នៅ​តែ​មាន​ទំហំ​ធំធេង ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ហើយ​អាច​ជា​បញ្ហា​មួយ​លើក​ទឹក​ចិត្ត​ឲ្យ​ក្មេង​ប្រើប្រាស់​គ្រឿង​ស្រវឹង។ អ៊ីចឹង កាល​ណា​យើង​មាន​វិធានការ​ហាមឃាត់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នេះ វា​ជា​ការ​លើក​ទឹក​ចិត្ត​ការពារ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ថា ការ​ហាមឃាត់​ដោយសារ​ថា គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព។ អ៊ីចឹង​វា​ជា​ជំហាន​ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង»។

លោក​បញ្ជាក់​បន្ថែម​ថា ការ​បង្កើន​ពន្ធអាករ​លើ​ការ​ប្រើប្រាស់​ស្រាបៀរ ក៏​ជា​វិធានការ​មាន​ប្រសិទ្ធភាព​មួយ​ដែរ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់។ លោក​ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​បាន​បង្កើន​ពន្ធអាករ​ពិសេស​ពី ២០% ទៅ ២៥%។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ពន្ធ​នេះ​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បង្ហាញ​តួលេខ​ថា ជា​រៀងរាល់​ឆ្នាំ គ្រឿង​ស្រវឹង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ៣​លាន ៣​សែន​នាក់​នៅ​លើ​ពិភពលោក។ ចំនួន​នេះ​គឺ​ស្មើ​នឹង ៥.៩% នៃ​អត្រា​ស្លាប់​សរុប​ទូទាំង​ពិភពលោក។

អ្នក​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​យល់​ស្រប​ថា ​ការ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង នឹង​អាច​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ខាតបង់​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ជំងឺ​មិន​ឆ្លង​ជាង ២០០​មុខ៕

នាយករដ្ឋមន្ត្រី​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ផ្ដល់​អាទិភាព​និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ

ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ស្តុប​អាងទឹក​អូឡាំពិក នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។  RFA/Um Raingsy


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ផ្ដល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​កម្ពុជា។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​មុន​ការ​ប្រារព្ធ​ទិវា​ជន​ពិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ខាង​មុខ។

​​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ទិវា​ជន​ពិការ​អន្តរជាតិ និង​ខួប​លើក​ទី​១៨ ទិវា​ជន​ពិការ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦ នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «ផ្ដល់​អាទិភាព​និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ​ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព»។

​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សារាចរ​ណែនាំ​ស្ដីពី​ការ​ចាត់​តាំង​ខួប​លើក​ទី​៣៤ ទិវា​ជន​ពិការ​អន្តរជាតិ និង​ខួប​លើក​ទី​១៨ ទិវា​ជន​ពិការ​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​តាម​សារាចរ​ណែនាំ​នេះ​ថា កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ជន​ពិការ​នេះ​ឡើង ដើម្បី​រំលឹក​ដល់​ការ​អនុវត្ត​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​ជន​ពិការ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ពិការភាព ជាពិសេស​សុខុមាលភាព​របស់​ជន​ពិការ​កម្ពុជា ស្រប​តាម​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​ពិការ​ទសវត្ស​ជន​ពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក និង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព​ឆ្នាំ​២០១៤-​២០១៨។

​នៅ​ក្នុង​សារាចរ​ណែនាំ​ដដែល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែ​នាំ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ប្រារព្ធ​កម្ម​ពិធី​អបអរ​ទិវា​នេះ ព្រមទាំង​ផ្សព្វផ្សាយ និង​សរសេរ​ពាក្យ​ស្លោក ធ្វើ​យ៉ាង​ណា​ផ្ដល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ ដើម្បី​សង្គម​មួយ​គ្មាន​ពិការភាព ពិសេស​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ជន​ពិការ​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ការងារ​ស្មើ​គ្នា។

​ទាក់ទិន​នឹង​ការ​ជំរុញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នៅ​ពេល​នេះ ត្រូវ​បាន​នាយក​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះ ប៉ុន្តែ​លោក​ថា សព្វ​ថ្ងៃ​នេះ​ជន​ពិការ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ទេ។ លោក​ថា ស្ថានភាព​រស់​នៅ​របស់​ជន​ពិការ​កម្ពុជា មាន​ភាព​ក្រខ្សត់ និង​ទុរភិក្ស។

​លោក ងិន សៅរ័ត្ន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បន្ត​ជួយ​គិតគូរ​ពី​ជីវភាព​រស់​នៅ និង​សិទ្ធិ​ជន​ពិការ​ឲ្យ​បាន​ច្រើន​ថែម​ទៀត៖ «»។

​ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល និង​តំណាង​ជន​ពិការ​នៅ​តែ​យល់​ថា ទោះ​ជា​សិទ្ធិ​ជន​ពិការ​មាន​ចែង​នៅ​ក្នុង​មាត្រា​១ នៃ​សេចក្ដី​ប្រកាស​ជា​សកល​ឆ្នាំ​១៩៤៨ របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិមនុស្ស ហើយ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន តែង​ជំរុញ​ឲ្យ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ក្តី ផ្ទុយ​ទៅ​វិញ ជន​ពិការ​កម្ពុជា នៅ​តែ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ឱកាស​ស្មើ​គ្នា​ដូច​មនុស្ស​ទូទៅ​នៅ​ឡើយ។

​បន្ថែម​លើ​នេះ សង្គម​ស៊ីវិល និង​ជន​ពិការ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​អនុវត្ត​ច្បាប់​ជន​ពិការ និង​អនុសញ្ញា​សិទ្ធិ​ជន​ពិការ ដើម្បី​ធានា​នូវ​សិទ្ធិ និង​ការ​រស់​នៅ​របស់​ជន​ពិការ​ឲ្យ​មាន​សេចក្ដី​ថ្លៃថ្នូរ និង​ស្មើភាព​គ្នា​ក្នុង​សង្គម៕

អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​កែច្នៃ​វល្លិ​រមៀត​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង

ទីតាំង​កែច្នៃ​វល្លិ​រមៀត​មួយ​កន្លែង នៅ​ឃុំ​ឫស្សីជ្រំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៦.  RFA/Ou Banung


អាជ្ញាធរ​ពាក់ព័ន្ធ​ពី​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ចុះ​ពិនិត្យ​ទីតាំង​កែច្នៃ​វល្លិ​រមៀត​មួយ​កន្លែង​នៅ​ឃុំ​ឫស្សីជ្រំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ការ​ចុះ​ពិនិត្យ​នេះ ក្រោយ​ពី​ក្រសួង​បរិស្ថាន កាល​ល្ងាច​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា បាន​បញ្ជា​ឲ្យ​ផ្អាក​ទីតាំង​កែច្នៃ​នោះ​ជា​បន្ទាន់។

ទោះ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អាជ្ញាធរ​ដែល​ចុះ​ទៅ​ទីតាំង​នោះ​ផ្ទាល់ ពុំ​បាន​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី ថា​តើ​អាជ្ញា​ធរមាន​វិធានការ​យ៉ាង​ណា​ចំពោះ​ជន​ជាតិ​ចិន មួយ​ក្រុម​ដែល​ជា​ម្ចាស់​ទីតាំង​កែច្នៃ​វល្លិ​រមៀត ស្ថិត​នៅ​ក្រោយ​សាលា​ស្រុក​ថ្មបាំង នេះ​នៅ​ឡើយ។

លិខិត​របស់​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ក្រសួង​បាន​រក​ឃើញ​ការ​សាងសង់​ទីតាំង​កែច្នៃ និង​គម្រោង​ប្រមូល​វល្លិ​រមៀត នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​នេះ ដោយ​ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន ជីនយ័ន ហ្វីងលាន ត្រេដីង (Jinyian Huanglian Trading) និង​ក្រុមហ៊ុន ឆៃ ជីងហ៊ង គ្រុប (Chhay Ching Heang Group)។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទីតាំង​នោះ សុទ្ធតែ​បាន​ដឹង​ពី​ការ​រៀបចំ​ទីតាំង​ផលិត និង​កែច្នៃ​វល្លិ​រមៀត​នេះ។ ពលរដ្ឋ​ទាំង​នោះ ហាក់​មិន​ហ៊ាន​បញ្ចេញ​ព័ត៌មាន​ទាក់ទិន​អាជីវកម្ម​នោះ​ទេ ដោយ​គ្រាន់តែ​អោយ​អាស៊ីសេរី ដឹង​ថា ទីតាំង​ដែល​អាជ្ញាធរ​ទើប​ចុះ​ទៅ​ពិនិត្យ​នេះ​ជា​របស់​ក្រុមហ៊ុន​ចិន ដែល​ទើប​នឹង​រៀបចំ​បង្កើត​ថ្មីៗ ប្រមាណ​ជាង ១​ខែ​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​រូប​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​អោយ​អាស៊ីសេរី ដឹង​ថា អាជ្ញាធរ​ស្រុក ពិត​ជា​បាន​ដឹង​ពី​ការ​រៀបចំ​ទីតាំង ត្រៀម​នឹង​ផលិត និង​កែច្នៃ​វល្លិ​រមៀត​នេះ​មែន។ ប៉ុន្តែ​ពលរដ្ឋ​នោះ​មិន​បាន​ដឹង​ថា ទីតាំង​នោះ​បើក​ស្រប​ច្បាប់ ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​គាត់​មិន​ដែល​បាន​ចូល​ទៅ​ទីតាំង​នោះ​ឡើយ ដោយ​ទីតាំង​នោះ​មាន​អ្នក​យាម និង​មិន​អនុញ្ញាត​អោយ​នរណា​ចូល​ឡើយ។

យោង​តាម​លិខិត​សុំ​ផ្អាក​របស់​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ការ​កែច្នៃ​វល្លិ​រមៀត​ជា​អំពើ​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ហើយ​ការ​ប្រមូល និង​កែច្នៃ​វល្លិ​រមៀត និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន សង្គម ធនធាន​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី។

ទាក់ទង​នឹង​វល្លិ​រមៀត​នេះ​ដែរ កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១២ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​ប៉េអឹម​ស៊ី​ឈ្នួល​យាម​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) បាញ់​សម្លាប់​នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅ​ពេល​ដែល​លោក និង​អ្នក​កាសែត​ពីរ​នាក់ ចុះ​ទៅ​ថត​គំនរ​វល្លិ​រមៀត​ក្នុង​បរិវេណ​ក្រុមហ៊ុន។ ក្រុមហ៊ុន ធីមប៊ី ហ្គ្រីន នោះ ជា​របស់​ឧកញ៉ា ទ្រី ភាព ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន និង​ជា​អ្នក​ទទួល​សិទ្ធិ​កាប់​ព្រៃ​សម្អាត​អាង​ទំនប់​វារីអគ្គិសនី​តាតៃ។ ​

តាម​ព័ត៌មាន​ស៊ើប​អង្កេត​មួយ ផលិត​ដោយ​ម្ចាស់​ជំនួយ​របស់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ បង្ហាញ​ថា វល្លិ​រមៀត​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ផ្សំ​ជា​ថ្នាំ​អំហ្វេតាមីន (Amphetamine) ឬ​ថ្នាំញៀន។ព័ត៌មាន​នោះ​សន្និដ្ឋាន​ថា លោក ឈុត វុទ្ធី ត្រូវ​បាន​សម្លាប់ ដោយសារ​តែ​លោក​បើក​កកាយ​បទល្មើស​ចម្រាញ់​វល្លិ​រមៀត ឬ​ប៉ះពាល់​ដល់​មូលដ្ឋាន​ផលិត និង​ឈ្មួញ​អំហ្វេតាមីន នៅ​កម្ពុជា។ ដើម្បី​ចម្រាញ់​វល្លិ​រមៀត​បាន អ្នក​ចម្រាញ់​ចាំបាច់​ត្រូវ​មាន​ឧបករណ៍​ទំនើបៗ និង​គ្រឿង​ផ្សំ​សំខាន់ៗ​មួយ​ចំនួន​ទៀត​រួម​មាន អាស៊ីដ អំបិល និង​ថ្នាំ​គីមី ជាដើម៕

ប្រធាន​សភា​កម្ពុជា-​ឡាវ​ពិភាក្សា​ពី​ការ​ជំរុញ​កិច្ច​សហការ​និង​បោះ​បង្គោល​ព្រំដែន

លោក ហេង សំរិន ប្រធាន​រដ្ឋសភា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។  RFA/Brach Chev


ប្រធាន​រដ្ឋ​សភា​កម្ពុជា និង​ឡាវ​ ពិភាក្សា​គ្នា​ក្នុង​ការ​ជំរុញ​អោយ​រដ្ឋាភិបាល​ពង្រឹង​កិច្ចសហការ​តាម​ព្រំដែន និង​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​២។

សេចក្ដី​ប្រកាស​ពី​លទ្ធផល​ជំនួប​រវាង​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន និង​ប្រធាន​រដ្ឋ​សភា​ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ (PanyYathotou) នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា នេះ អោយ​ដឹង​ថា ភាគី​ទាំង​២​បាន​ពិភាក្សា​ការងារ​មួយ​ចំនួន​ចាប់​តាំង​ពី​កិច្ច​សហការ​រវាង​សភា​នៃ​ប្រទេស​ទាំង​២ ការ​ពង្រឹង​ទំនាក់​ទំនង បង្កើន​សមត្ថភាព​សមាជិក​សភា ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​២ រហូត​ដល់​ទំនាក់​ទំនង​ព្រំដែន។

ប្រធាន​សភា​ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ បាន​សំណូមពរ​ដល់​រដ្ឋសភា​កម្ពុជា អោយ​លើក​កម្ពស់​ទំនាក់ទំនង​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អ​បន្ថែម​ទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌។

ចំណែក​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន បាន​តប​វិញ​ពី​សារសំខាន់​នៃ​ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន​តាម​បណ្ដោយ​ព្រំដែន និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ។

លោក ហេង សំរិន បន្ថែម​ថា រដ្ឋសភា​ប្រទេស​ទាំង​ពីរ​គួរ​ជំរុញ​រដ្ឋាភិបាល​រៀងៗ​ខ្លួន ពិភាក្សា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ឈាន​ទៅ​បញ្ចប់​ការ​បោះ​បង្គោល​​ព្រំដែន​ឲ្យ​បាន​ឆាប់ ដើម្បី​ប្រែក្លាយ​ព្រំដែន​នៃ​ប្រទេស​​ទំាង​ពីរ​ជា​ព្រំដែន​មិត្តភាព សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។

ប្រធាន​រដ្ឋសភា​ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ បាន​ដឹកនាំ​ប្រតិភូ​មក​ទស្សនកិច្ច​កម្ពុជា ពី​ថ្ងៃ​ទី​២៥ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា៕

លោក ហ៊ុន សែន ថា​​ការ​កែប្រែ​ខ្នាត​ផែនទី​​ដើម្បី​ងាយ​ស្រួល​បោះ​បង្គោល​ព្រំដែន

នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។  RFA/Ratha Visal


ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​កែប្រែ​ខ្នាត​ផែនទី​បោន (Bonne) ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) មក​ជា​ខ្នាត​ផែនទី យូ.ធី.អឹម (UTM) ១/៥០.០០០ (មួយ​លើ​ហាសិប​ពាន់) វិញ គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​កំណត់​ទីតាំង​បោះ​បង្គោល​ព្រំដែន។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សួរ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ឈ្មោះ Seangmeng Chhe លោក ហ៊ុន សែន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ត្រូវ​ការ​បម្លែង​ខ្នាត​ផែនទី​ឲ្យ​បាន​កាន់​តែ​ធំ​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ពិបាក​ក្នុង​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​លោក​ថា ខ្នាត​ផែន​ទី ១​លើ ១០០​ពាន់ គឺ​លំបាក​រក​ចំណុច​ដើម្បី​បោះ​បង្គោល​ព្រំដែន ព្រោះ​វា​តូច​ពេក។ ដូច​នេះ​ត្រូវ​ផ្ទេរ​មក​ផែនទី យូ.ធី.អឹម ខ្នាត ១​លើ ៥០​ពាន់​វិញ ទើប​ងាយ​ស្រួល​វាស់វែង និង​រក​ចំណុច​ដើម្បី​បោះ​បង្គោល​ព្រំដែន។ លោក​បញ្ជាក់​​ថា ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​ទើប​ភាគី​កម្ពុជា និង​វៀតណាម ឯកភាព​​សរសេរ​លិខិត​រួម​គ្នា​សុំ​ជំនាញ​ការ​​របស់​បារាំង មក​ជួយ​ផ្ទេរ​ខ្នាត​ផែនទី​នេះ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​បារាំង បាន​យល់​ព្រម​តាម​សំណើ​សុំ​របស់​លោក​ហើយ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​ពន្យល់​យ៉ាង​ពិស្ដារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ពី​របៀប​នៃ​ការ​បង្រួញ​ខ្នាត​ផែនទី​ដែល​គេ​អាច​ផ្ទេរ​ខ្នាត​ផែនទី​នេះ រហូត​ដល់ ១ លើ ១០​ពាន់​ក៏​មាន​ដែរ។ ការ​ពង្រីក​ផែនទី​ឲ្យ​កាន់​តែ​ធំ​នេះ គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​កំណត់​ទីតាំង​បោះបង្គោល​ព្រំដែន។

ទាក់ទង​នឹង​រឿង​នេះ​ដែរ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា បាន​ថ្លែង​គាំទ្រ​គំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​ផ្លាស់ប្ដូរ​ខ្នាត​ផែនទី​នេះ។ លោក​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង គឺ​ជា​បំណង​ប្រាថ្នា​ដែល​លោក​តែង​តែ​គិត​ចង់​បាន​ដែរ៕