Friday, November 18, 2016

ទេសចរ​ជិត​៩​ម៉ឺន​នាក់​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​ក្នុង​អំឡុង​ពេល​បុណ្យ​អុំ​ទូក

ទេសចរ​ត្រៀម​ឡើង​កប៉ាល់​ដើម្បី​ចេញ​ទៅ​កម្សាន្ត​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​អំឡុង​ពេល​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៦។ RFA/Den Ayuthyea

អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ចំនួន​ទេសចរ​ជាតិ-​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ រយៈពេល ៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ មាន​ចំនួន​ជិត ៩​ម៉ឺន​នាក់។  ​នគរបាល​ជំនាញ​អះអាង​ថា ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​នេះ​ក៏​មិន​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ទេសចរ​នោះ​ដែរ។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​អុំ​ទូក ប្រពៃណី​ជាតិ​ឆ្នាំ​នេះ គឺ​មាន​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ពិសេស​ភ្ញៀវ​ជាតិ បាន​ចូល​មក​ទស្សនា​ខេត្ត​នេះ​​ប្រហាក់​ប្រហែល​គ្នា​ឆ្នាំ​មុន​ដែរ។ លោក​ឲ្យ​ដឹង​ថា ទេសចរ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​តាម​ទូក​ទេសចរណ៍​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា មាន​កោះរ៉ុង​សន្លឹម និង​កោះរ៉ុង ជាដើម។

​លោក យន្ត មីន បាន​វាយ​តម្លៃ​ថា បញ្ហា​សន្តិសុខ និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ទេសចរ​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ទាំង​កម្សាន្ត​នៅ​តាម​ឆ្នេរ​លើ​ដី​គោក និង​កម្សាន្ត​នៅ​លើ​ដី​កោះ គឺ​មាន​សន្តិសុខ និង​សុវត្ថិភាព​ល្អ។

​ប្រធាន​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដ បូត កម្ពុជា (GTVC Speed Boat) លោក​ឧកញ៉ា ទៀ វិចិត្រ ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ផ្សេង​ទៀត ក៏​បាន​កត់សម្គាល់​ថា ពិធី​បុណ្យ​អុំទូក ៣​ថ្ងៃ សង្កេត​ឃើញ​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ឡើង​វិញ បន្ទាប់ពី​ចំនួន​ទេសចរ​បាន​ធ្លាក់​ចុះ​កាល​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ។

​លោក ទៀ វិចិត្រ បង្ហាញ​ការ​ព្រួយ​បារម្ភ​នៅ​គ្រា​ចំនួន​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ថយ​ចុះ​រយៈពេល ៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ជា​ហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​ទូក​ដឹក​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​របស់​លោក បាន​សម្រេច​បញ្ចុះ​តម្លៃ​លក់​សំបុត្រ​ធ្វើ​ដំណើរ​ចេញ​ពី​ដី​គោក ទៅ​ដី​កោះ​នានា មាន​កោះរ៉ុង​សន្លឹម និង​កោះរ៉ុង ជាដើម ដែល​តម្លៃ​សំបុត្រ​ទៅ​មក ១​សន្លឹក មាន​តម្លៃ ២០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​បញ្ចុះ​មក​តម្លៃ​ត្រឹម ១២​ដុល្លារ​វិញ។

​លោក ទៀ វិចិត្រ បញ្ជាក់​ថា មូលហេតុ​ដែល​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដ បូត កម្ពុជា សម្រេច​បញ្ចុះ​តម្លៃ​លក់​សំបុត្រ​ជូន​ទេសចរ​ពេល​នេះ ប្រយោជន៍​ដើម្បី​ចូល​រួម​កៀរគរ​ទេសចរ​ជាតិ អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​ច្រើន​ឡើង​វិញ៖ «ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​រយៈពេល ៣​ថ្ងៃ គឺ​មាន​ចំនួន​ច្រើន​ណាស់។ សម្រាប់​អូប័រ​របស់​ក្រុមហ៊ុន​ខ្ញុំ​ដែល​មាន​ចំណុះ ៥០​កៅអី គឺ​ដាក់​មនុស្ស​ពេញ​ទាំង ៥០​កន្លែង យើង​អត់​ដាក់​ឲ្យ​លើស​ពី​ហ្នឹង​ទេ ហើយ​ក្រុមហ៊ុន​មាន​បំពាក់​អាវ​ពោង​គ្រប់​ចំនួន​មនុស្ស​ជិះ​ទាំង ៥០​នាក់ ដើម្បី​ការពារ​សុវត្ថិភាព។ ក្នុង​នោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ ក្រុមហ៊ុន​មិន​យក​លុយ​ទេ»។

​បញ្ហា​នេះ​ដែរ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា បុណ្យ​អុំទូក​រយៈពេល ៣​ថ្ងៃ សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​កម្លាំង​នគរបាល​ជាដើម បាន​សហការ​រក្សា​ការពារ​សន្តិសុខ​ជូន​ទេសចរ​ទាំង​នៅ​លើ​ដី​គោក និង​នៅ​លើ​ដី​កោះ មាន​សុវត្ថិភាព​ល្អ។  ​លោក​ថា បុណ្យ​អុំទូក ៣​ថ្ងៃ​នៅ​ខេត្ត​ព្រះសីហនុ កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២​លើក ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ។ ក្នុង​នោះ​ក៏​មាន​ក្មេងៗ​ស្ទាវ ២​ក្រុម​ផ្សេង​គ្នា បាន​បង្ក​ជម្លោះ​មួយ​ករណី​ដែរ ប៉ុន្តែ​មិន​រំខាន ឬ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ទេសចរ ដែល​ចូល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​នានា​នោះ​ទេ៖ «សុវត្ថិភាព​សន្តិសុខ គឺ​កម្លាំង​យើង​បាន​ការពារ​សុវត្ថិភាព​ជូន​ទេសចរ​បាន​ល្អ និង​មិន​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ទេ គឺ​មាន​តែ​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​កើត​ឡើង​តែប៉ុណ្ណោះ​នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ»។

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ខេត្ត​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត និង​ម៉ូតូ​កើត​មាន​ចំនួន ២​លើក។ គ្រោះថ្នាក់​នេះ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​ចំនួន ៤​នាក់ និង​ខូចខាត​យានយន្ត​ចំនួន ៤​គ្រឿង ហើយ​មូលហេតុ​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​បើកបរ​ជែង​គ្នា​ក្នុង​ល្បឿន​លឿន នៅ​លើ​ទីតាំង​ផ្លូវ​មាន​ស្ថានភាព​គ្រោះថ្នាក់៕

មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​ជួយ​កុមារ​នៅ​តំបន់​ដាច់​ស្រយាល​នា​ខេត្ត​ភាគ​ឦសាន

សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ ជួយ​កសាង​សាលា​អនុវិទ្យាល័យ​ព្រៃចាស់សាមគ្គី ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Men Sothyr

សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ (KHK) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក កំពុង​អនុវត្ត​គម្រោង​របស់​ខ្លួន​លើ​វិស័យ​អប់រំ​សិក្សាធិការ​នៅ​តំបន់​ដាច់ស្រយាល នា​ខេត្ត​ភាគ​ឦសាន។ បេសកកម្ម​នេះ ផ្ដោត​សំខាន់​ជួយ​កុមារ និង​យុវជន​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៅ​ខេត្ត​ស្ទឹងត្រែង ឲ្យ​មាន​លទ្ធភាព​សិក្សា​បាន​គ្រប់គ្រាន់​នៅ​មូលដ្ឋាន​ពួកគេ​រស់​នៅ។

​មន្ត្រី​អង្គការ​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​សង្កេត​ឃើញ​ថា កុមារ​រស់​នៅ​តំបន់​ដាច់ស្រយាល​ភាគ​ច្រើន​ប្រឈម​បោះបង់​ការ​សិក្សា ដោយសារ​ខ្វះ​សាលារៀន ឬ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ និង​ខ្វះ​អគារ​សិក្សា​ជាដើម។ បញ្ហា​នេះ​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​សហការ​ជាមួយ​ធនាគារ​ពិភពលោក និង​អង្គការ អេស.អេ.ជី (SAJ=SCHOOL AID JAPAN) របស់​ជប៉ុន បាន​អនុវត្ត​គម្រោង​របស់​ខ្លួន​ជា​លើក​ដំបូង​ទាក់ទិន​វិស័យ​អប់រំ តាំង​ពី​ឆ្នាំ​២០១៣ ឋិត​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​២០ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។

​ប្រធាន​ប្រតិបត្តិ​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ លោក ស៊ឹម សាខន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា ស្ថានភាព​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​នៅ​ខេត្ត​ស្ទឹងត្រែង ភាគ​ច្រើន​ក្រីក្រ ហើយ​ពុំ​មាន​លទ្ធភាព​បញ្ជូន​កូន​ចៅ​ទៅ​រៀន​នៅ​សាលា​អនុវិទ្យាល័យ​ក្បែរ​ទី​រួម​ខេត្ត ដោយសារ​សាលា​ឆ្ងាយ​ពី​ផ្ទះ​ពួកគេ​រស់​នៅ​ជិត ២០​គីឡូម៉ែត្រ។

អង្គការ​លោក​សហការ​ជាមួយ​ធនាគារ​ពិភពលោក និង​អង្គការ អេស.អេ.ជី របស់​ជប៉ុន សាងសង់​អគារ​សិក្សា​ពីរ​ខ្នង មាន ១០​បន្ទប់។ លោក​ថា អង្គការ​លោក​បាន​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​កុមារ​ទាំង​នោះ ដូចជា​កង់ សម្ភារៈ​កីឡា បង្គន់​អនាម័យ អណ្ដូង​ទឹក និង​សាងសង់​ផ្ទះ​ជូន​អ​នា​ព្យាបាល​សិស្ស​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​កន្លង​មក។ សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​គ្រោង​នឹង​បើក​មណ្ឌល​មនុស្ស​ចាស់ នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ជួយ​ផ្គត់ផ្គង់​មនុស្ស​ចាស់​ដែល​គ្មាន​ទី​ពឹង៖ «បញ្ហា​ទាំង​អស់​នេះ​ខ្ញុំ​សូម​អំពាវនាវ​អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សប្បុរសជន​នានា មេត្តា​បន្ត​ការ​ជួយ​ផ្ដល់ ឧបត្ថម្ភ​គាំទ្រ​តាម​រយៈ​អង្គការ KHK ឬ​ដល់​សាលា​នេះ​ផ្ទាល់។ សូម​ឲ្យ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​ទំនុក​បម្រុង​ដល់​សាលា​ឆ្ងាយៗ​ដូចជា​សាលា​ដាច់ស្រយាល​នេះ​ដែរ។ សូម​ឲ្យ​គាត់​ជួយ​មើល​ដល់​ក្រុម​ការងារ​របស់​ក្រសួង និង​មន្ទីរ​ផង»។

​ដូច​គ្នា​នេះ​ដែរ នាយក​សាលា​អនុវិទ្យាល័យ​ព្រៃ​ចាស់​សាមគ្គី លោក ប៉ាល់ សុវណ្ណារ៉ា កត់សម្គាល់​ថា កត្តា​ជីវភាព រួម​ផ្សំ​សាលារៀន​ឆ្ងាយ​ពី​ផ្ទះ​ផង​នោះ សិស្ស​នៅ​តំបន់​នេះ បាន​បោះបង់​ការ​សិក្សា​ជាង ២០០​នាក់ ហើយ​សិស្ស​ដែល​មក​រៀន​ទៀង​ទាត់​មាន ១៧៩​នាក់ ក្នុង​ឆ្នាំ​សិក្សា ២០១៥-​២០១៦ នេះ។ លោក​កត់សម្គាល់​ទៀត​ថា កន្លង​ទៅ​សិស្ស​នៅ​តំបន់​នេះ​ភាគ​តិច​ណាស់​មាន​លទ្ធភាព​បន្ត​សិក្សា​ថ្នាក់​អនុវិទ្យាល័យ​បាន ពោល​ពួកគេ​អាច​សិក្សា​ត្រឹម​ថ្នាក់​បឋម​សិក្សា។ ហេតុ​នេះ​គម្រោង​បង្កើត​អនុវិទ្យាល័យ​នៅ​តំបន់​នេះ និង​ការ​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្ស​របស់​អង្គការ​សង្គម​ស៊ីវិល អាច​ជា​ផ្នែក​មួយ​ទប់ស្កាត់​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស និង​ចូល​រួម​លើ​ស្ទួយ​វិស័យ​អប់រំ​ជាមួយ​រដ្ឋាភិបាល។

លោក ប៉ាល់ សុវណ្ណារ៉ា៖ «កសាង​សាលា​មាន​អត្ថប្រយោជន៍​ណាស់ ធ្វើ​ឲ្យ​កុមារ​គាត់​មាន​ទឹក​ចិត្ត មាន​កន្លែង​រៀន​ដែល​ត្រឹមត្រូវ​មិន​ក្ដៅ​ដូច​សព្វ​ថ្ងៃ។ សាលា​ស័ង្កសី​ដល់​ខែ​៤ ទៅ​ខែ​៥ គឺ​ក្ដៅ​ហើយ​ជូន​ណា​ដល់​ម្លប់​ក៏​មាន​ដែរ។ តែ​ឥឡូវ​យើង​រៀបចំ​បាន​សាលា​ថ្មី ហើយ​ខែ​មួយ​ទៅ​ខែ​ពីរ​យើង​បាន​រៀបចំ​មក​សិក្សា​ហើយ​យើង មាន​ភាព​កក់​ក្ដៅ ហើយ​លោកគ្រូ អ្នកគ្រូ​ក៏​ចង់​មក​ចូល​សាលា​នេះ​ដែរ»។

​គ្រូបង្រៀន​សាលា​បឋមសិក្សា​ព្រៃ​ចាស់ គឺ​កញ្ញា អ៊ូ គន្ធធាវី កត់សម្គាល់​ថា មុន​ឆ្នាំ​២០១៣ សាលា​នេះ​មាន​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង ប្រក់​ស្លឹក ហើយ​ខ្វះ​ជញ្ជាំង និង​ខ្វះខាត​សម្ភារៈ​សិក្សា​ច្រើន​ដែល​ជា​ឧបសគ្គ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស។ ក្រោយ​មក​នៅ​ឆ្នាំ​២០១៣ សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ បាន​ផ្តល់​សម្ភារៈ​សិក្សា​ជា​ហូរហែ។ កញ្ញា​សង្កេត​ឃើញ​ថា សិស្សានុសិស្ស រីករាយ​យ៉ាង​ខ្លាំង​នៅ​គ្រា​ដែល​ពួកគេ​ទទួល​បាន​សម្ភារៈ​សិក្សា អគារ​សិក្សា​ថ្មី និង​បរិយាកាស​សាលា​រៀន​ប្រសើរ​ជាង​មុន​ច្រើន៖ «មាន​អនុវិទ្យាល័យ​គឺ​មាន​ភាព​ងាយ​ស្រួល​ដល់​គាត់ គឺ​គាត់​មិន​ត្រូវ​ចាំបាច់​ថា ចំណាយ​ថវិកា​ច្រើន ឬ​ក៏​ពិបាក​ក្នុង​ការ​ត្រូវ​ការ​យានជំនិះ​ត្រូវ​ជិះ​ទៅ​ខេត្ត​អ៊ីចឹង»។

​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​របស់​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ មាន​បេសកកម្ម​ជួយ​ដល់​កុមារ និង​ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​ទៀត ដូចជា ខេត្ត​​កំពង់ចាម ព្រៃវែង សៀមរាប បន្ទាយមានជ័យ បាត់ដំបង កណ្ដាល  និង​ខេត្ត​កំពង់ស្ពឺ។

​របាយការណ៍​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ ឲ្យ​ដឹង​ថា ធនាគារ​ពិភពលោក និង​អង្គការ អេស.អេ.ជី របស់​ជប៉ុន បាន​ឧបត្ថម្ភ​អគារ​សិក្សា​ពីរ​ខ្នង មួយ​ខ្នង​មាន ៥​បន្ទប់ ចំណាយ​ថវិកា​អស់​ជិត ១៣​ម៉ឺន​ដុល្លារ (១២៧.១៣៥) ហើយ​សម្ភារៈ​សិក្សា​មាន​បង្គន់ ស្រះ​ទឹក និង​កង់​ជាដើម ជា​ជំនួយ​របស់​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ជិត ១០​ម៉ឺន​ដុល្លារ៕

ក្រសួង​សុខាភិបាល​រក​ឃើញ​ជំងឺ​ហ្សីកា​ដំបូង​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦

សកម្មភាព​បាញ់​ថ្នាំ​សម្លាប់​មូស​ក្នុង​សាលា​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo AFP

ក្រសួង​សុខាភិបាល ​រក​ឃើញ​ជំងឺ​ហ្សីកា (Zika) ដំបូង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៦ ដែល​កើត​ឡើង​លើ​បុរស​អាយុ ៤៤​ឆ្នាំ​ម្នាក់ នៅ​ភូមិ​តាមាង ឃុំ​កោះរកា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ចុះ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា ការ​រក​ឃើញ​នេះ​បន្ទាប់​ពី​បុរស​រូប​នោះ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ក្នុង​ស្ថានភាព​សង្ស័យ​ថា មាន​ជំងឺ​គ្រុន​ឈាម ហើយ ​៤​ថ្ងៃ​ក្រោយ​មក បុរស​នោះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។

លុះ​ដល់​ថ្ងៃ​ទី​១១ ខែ វិច្ឆិកា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទើប​រក​ឃើញ​​វីរុស​ហ្ស៊ីកា​វិជ្ជមាន នៅ​ក្នុង​ឈាម​របស់​បុរស​នោះ។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា នេះ​ជា​ករណី​​ទី​៨ សម្រាប់​កម្ពុជា ដែល​​​មាន​វីរុស​​ហ្ស៊ីកា​វិជ្ជមាន តាំង​ពី​ឆ្នាំ​២០០៧។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ករណី​ទាំង​៨​នេះ ត្រូវ​បាន​ជា​សះស្បើយ។

ជំងឺ "ហ្ស៊ីកា" ជា​ប្រភេទ​ជំងឺ​ឆ្លង​ដែល​បង្ក​ដោយ​ពពួក​វីរុស​ហ្ស៊ីកា ហើយ​ភ្នាក់ងារ​ចម្លង​ជា​ប្រភេទ​សត្វ​មូស​ខ្លា​ដែល​ដូច​គ្នា​ទៅ​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ។ អ្នក​ជំងឺ​ប្រមាណ​៧០ ទៅ​ ៨០% ពុំ​មាន​ស្ដែង​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ តែ​រោគ​សញ្ញា​អាច​កើត​មាន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​សាច់​ដុំ និង​សន្លាក់​ដៃជើង ស្នាម​ក្រហម​អុច​លើ​ស្បែក ភ្នែក​ឡើង​ក្រហម​ជា​ដើម។

ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ជំងឺ​ហ្សីកា​នេះ​ធ្វើ​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​ទារក​កើត​មក​បាន​តែ​មាន​សភាព​ក្បាល​មិន​ប្រក្រតី​ដែល​ភាគ​ច្រើន​កើត​ឡើង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​កំឡុង​ត្រីមាស​ទី១ និង​ទី​២ នៃ​គភ៌។

កន្លង​មក​ក្រសួង​សុខាភិបាល​ធ្លាប់​ណែនាំ​ឲ្យ​ពលរដ្ឋ​ទូទៅ​បង្កើន​ការ​យក​ចិត្ដ​ទុកដាក់ និង​យល់​ដឹង​ពី​ជំងឺ​ហ្ស៊ីកា។ ក្រសួង​សុខាភិបាល​ថា បើ​ពលរដ្ឋ​មាន​រោគ​សញ្ញា​សង្ស័យ​សូម​ស្វែង​រក​សេវា​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​ ឬ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​១១៥ ឬ​០១២ ៨២៥ ៤២៤ ដើម្បី​សួរ​នូវ​រាល់​ចម្ងល់​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ហ្ស៊ីកា​នេះ និង​សម្រាប់​ព័ត៌មាន​បន្ថែម​ផ្សេង​ៗ​ស្ដីពី​ជំងឺ​ឆ្លង៕

អតីត​អ្នក​បើក​រថយន្ត​ក្រុង​កាពីតូល​ស្វែង​រក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង​ក្រុមហ៊ុន​កាពីតូល (CAPITOL) ប្រមាណ ៣០​នាក់ នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ឲ្យ​បាន​ចូល​បម្រើ​ការងារ​វិញ ព្រមទាំង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​រំលឹក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Sorn Chanratha

អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង​ឱ្យ​ក្រុមហ៊ុន​កាពីតូល (CAPITOL) ប្រមាណ ៣០​នាក់ នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ឱ្យ​ពួកគេ​ទាំង ៤៥​នាក់ បាន​ចូល​បម្រើ​ការងារ​វិញ ព្រមទាំង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​រំលឹក​ផង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។ ករណី​នេះ សហជីព​មាន​ជំនឿ​ថា អតីត​អ្នក​បើក​បរ​អោយ​ក្រុមហ៊ុន​កាពីតូល នឹង​ទទួល​បាន​ដំណោះស្រាយ ប្រសិនបើ​មាន​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​ការ​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​នេះ ដោយសារ​តែ​ការ​តវ៉ា​របស់​ពួកគេ​ជាង​មួយ​ឆ្នាំ​នៅ​មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ។

​​បើ​ទោះ​ជា​យ៉ាង​ណា ការ​ដង្ហែ​គ្នា​មក​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​នេះ ត្រូវ​បាន​រំសាយ​ទៅ​វិញ ទាំង​មិន​ទាន់​មាន​លទ្ធផល​ដោយសារ​តែ​ចំនួន​ស្នាម​មេដៃ​របស់​អ្នក​តវ៉ា​មាន​ត្រឹម ៣២ នៅ​មិន​ទាន់​គ្រប់​ទៅ​នឹង​ចំនួន​នៃ​អ្នក​ស្នើ​សុំ​មាន​រហូត​ដល់​ទៅ ៤៥​នាក់។

​អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា លោក អៀន គឹមហ៊ុន បញ្ជាក់​ថា មូលហេតុ​ដែល​អវត្តមាន​អ្នក​តវ៉ា​ផ្សេង​ទៀត​មិន​បាន​ផ្ដិត​មេ​ដៃ​លើ​ញត្តិ​នេះ ដោយសារ​តែ​អ្នក​ខ្លះ​មាន​ទីលំនៅ​ឆ្ងាយ និង​ខ្លះ​ទៀត​កំពុង​មាន​ជំងឺ​ផង។ លោក​បន្ថែម​ថា ទោះ​យ៉ាង​ណា កន្លង​មក​ក្រុម​លោក​បាន​ដាក់​លិខិត​មក​បញ្ជាក់​ថា ចំនួន ៣២​នាក់​នេះ គឺ​ជា​តំណាង​របស់​អ្នក​តវ៉ា​ទាំង ៤៥​នាក់​នោះ៖ «»។

​ក្នុង​ញត្តិ​នេះ ក្រុម​អ្នក​តវ៉ា​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​កាពីតូល ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគេ​ទាំង ៤៥​នាក់ បាន​ចូល​ធ្វើ​ការ​វិញ និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​រំលឹក ដោយ​បញ្ឈប់​ការ​រើសអើង​សហជីព។

​អតីត​អ្នក​បើក​រថយន្ត​ក្រុង​កាពីតូល​ម្នាក់ គឺ​លោក មុំ ប៊ុនធឿន អះអាង​ថា លោក​មាន​អារម្មណ៍​ថា មិន​អស់​ចិត្ត​នោះ​ទេ បើ​សិន​គ្មាន​ដំណោះស្រាយ​មួយ​សមរម្យ។ លោក​បន្ថែម​ថា នឹង​មិន​ស្វែង​រក​ការងារ​ថ្មី​ណា​ផ្សេង​ទេ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​កាពីតូល ឱ្យ​រួចរាល់​សិន៖ «»។

​អតីត​អ្នក​បើកបរ​រថយន្តក្រុង​កាពីតូល ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ​កាល​ពី​ចុង​ឆ្នាំ​២០១៥ ដោយសារ​ពួកគេ​បង្កើត​សហជីព និង​ចោទ​ពី​បទ​រំលោភ​កិច្ច​សន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន​រំលោភ​បទបញ្ជា​ផ្ទៃក្នុង​ដែល​បាន​លួច​កិបកេង​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន និង​រំលោភ​ច្បាប់​ការងារ។

​លោក ប៉ាវ ស៊ីណា យល់​ថា វិវាទ​រវាង​អតីត​អ្នក​បើក​រថយន្ត​ក្រុង​ជាមួយ​នឹង​ក្រុមហ៊ុន​កាពីតូល គឺ​ជា​ការ​ប្រកួត​ប្រជែង​យក​ឈ្នះ​ចាញ់​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ដែល​អាច​ទទួល​យក​បាន​ទាំង​សង្ខាង។ ​លោក​ផ្ដល់​អនុសាសន៍​ថា ភាគី​ទាំង​ពីរ​គួរ​មាន​មាន​លក្ខខណ្ឌ​រួម​មួយ ដើម្បី​បញ្ចៀស​ការ​គុំកួន​គ្នា​នៅ​ពេល​ចូល​ធ្វើ​ការងារ​វិញ។ ក្នុង​កិច្ច​ព្រមព្រៀង​នោះ ក៏​ត្រូវ​មាន​ភាគី​ទី​បី​ដែល​មាន​អាជ្ញាធរ ក្រសួង​ការងារ និង​អ្នក​ច្បាប់​ឱ្យ​ជួយ​ដឹង​ឮ​ផង​ដែរ៖ «»។

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ជំនឿ​ថា ​វិវាទ​រវាង​អតីត​អ្នក​បើក​រថយន្ត​ក្រុង​ជាមួយ​នឹង​ក្រុមហ៊ុន​កាពីតូល ដែល​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​នេះ អាច​នឹង​ដោះស្រាយ​បាន ប្រសិនបើ​មាន​អន្តរាគមន៍​ពី​ប្រមុខ​ដឹក​នាំ​ប្រទេស៕

គណៈមេធាវី​អាមេរិក​រិះគន់​ការ​កាត់​ទោស​លោក​ នី ​ចរិយា

លោក​ នី ចរិយា នៅ​សាលា​ឧទ្ធរណ៍​នា​ពេល​កន្លង​មក​។ ហេង ជីវ័ន

ភ្នំពេញៈ គណៈ​មេធាវី​អាមេរិក​បាន​រិះគន់​​ការ​កាត់ទោស​កាលពី​ខែ​កញ្ញា​ទៅ​លើ​អតីត​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​លោក នី ចរិយា ​ដោយ​​ហៅ​នីតិវិធី​របស់​តុលាការ​កម្ពុជា​​​ថា​ជា​ការ​​រំលោភ​​បំពាន​​​សិទ្ធិ​របស់​គាត់​ «​​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​» និង​​ការ​មិន​បាន​បំពេញ​​ទៅ​តាម​ស្តង់ដារ​​​ច្បាប់​អន្តរជាតិ​។

លោក នី ចរិយា ​​ដែល​ឥឡូវ​នេះ​ជា​​​អគ្គលេខាធិការរង​នៃ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​គជប ត្រូវ​បាន​កាត់​ទោស​​កាលពី​ខែ​កញ្ញា​ពី​បទ​បរិហារ​កេរ្តិ៍​​ទៅ​លើ​​មន្រ្តី​តុលាការ​​ខេត្ត​សៀមរាប​ពីរ​រូប​ហើយ​ត្រូវ​បាន​កាត់​ទោស​​ឲ្យ​​​ជាប់​ពន្ធនាគារ​​រយៈពេល​ ៦ ​ខែ និង​ពិន័យ​ជា​ប្រាក់​​ចំនួន​ ៦ ​លាន​រៀល​ (​ប្រហែល​ ១៤៦០ ​ដុល្លារ) ​​ដោយ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ឃី ឆ័យ នៅ​ក្នុង​​សំណុំ​រឿង​មួយ​ដែល​ត្រូវ​​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំ​ទូលាយ​ថា​​ជា​ការ​យាយី​ពី​តុលាការ​ទៅ​លើ​ក្រុម​សិទ្ធិ​មនុស្ស​។ សំណុំ​រឿង​នេះ​កើត​ចេញ​ពី​​ការ​រិះគន់​​របស់​​លោក នី ចរិយា ​ដែល​បាន​​ចាក់​ផ្សាយ​ក្នុង​អំឡុង​សន្និសីទ​កាសែត​​មួយ​ទៅ​លើ​​ចៅក្រម​ស៊ើបសួរ​លោក ​គី រិទ្ធី ​និង​ព្រះរាជ​អាជ្ញារង​លោក សុខ កែវបណ្ឌិត ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់​ពាក់ព័ន្ធ​នៅក្នុង​​ជម្លោះ​ដីធ្លី​​​មួយ​នៅ​ក្នុង​ខេត្ត​​​​សៀមរាប​។

នៅក្នុង​របាយការណ៍​អង្កេតការណ៍​​លើ​ការ​ជំនុំ​ជម្រះ​ដែល​ចេញ​កាលពី​ម្សិលមិញ​មជ្ឈមណ្ឌល​​ដើម្បី​សិទ្ធិ​មនុស្ស​​របស់​គណៈ​មេធាវី​អាមេរិក​បាន​​​រកឃើញ​ថា​​ការ​ជំនុំ​ជម្រះ​លើ​ករណី​លោក ចរិយា គឺ​ពោរពេញ​ទៅ​ដោយ​ការ​ធ្វេសប្រហែស​នៃ​នីតិវិធី​​ដូចជា​ការ​សន្មត​ជា​មុន​ថា​មាន​ទោស​កំហុស​អវត្តមាន​នៃ​​​ម្ចាស់​ពាក្យ​បណ្តឹង​ទំាង​លោក​ គី រិទ្ធី ​និង​ កែវ បណ្ឌិត ដែល​មិន​បាន​ចូលរួម​នៅ​ក្នុង​សវនាការ​ដូច​​ដែល​ពួកគាត់​​បាន​ចូលរួម​​ក្នុង​អំឡុង​សវនាការ​កាលពី​ខែ​កក្កដា។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​​ដោយសារ​អវត្តមាន​ភាគី​​ដែល​ប្តឹង​​វា​​​​ហាក់បី​ជា​សម​ហេតុផល​​ក្នុង​ការ​ស្នើ​​​លើក​​ចោល​បទ​ចោទប្រកាន់​ ឬ​​បន្ត​បង្ខំ​ឲ្យ​​​មាន​វត្តមាន​»។

របាយការណ៍​នេះ​ក៏​បាន​រិះគន់​​​ផង​ដែរ​​ចំពោះ​ការ​ខ្វះខាត​ការ​លើក​ហេតុផល​ដោយ​លោក​ចៅក្រម ឆ័យ ដែល​បាន​ចំណាយ​​ពេល​តែ​​ ១៥ ​នាទី​​ដើម្បី​ពិចារណា​​លើ​​អង្គ​សេចក្តី​នៃ​​សំណុំ​រឿង​​នោះ​សម្រាប់​ការ​ចេញ​សេចក្តី​សម្រេច​។

របាយការណ៍​នេះ​បន្ត​ថា​៖ «​​លោក [ឆ័យ​] ​មិន​បាន​ឆ្លើយតប​នឹង​ក្តី​បារម្ភ​ដែល​​លើក​ឡើង​ដោយ​​​មេធាវី​ការពារ​ក្តី​​អំពី​​ការ​ខកខាន​របស់​ព្រះរាជ​អាជ្ញា​ដែល​​មិន​បាន​អះអាង​អំពី​​បន្ទុក​នៃ​ការ​ផ្តល់​ភ័ស្តុតាង​សិទ្ធិ​តទល់​ជាមួយ​សាក្សី​ ​ឬ​ការ​​អះអាង​​ដែល​ធ្វើ​ឡើង​ដោយ​​ចុង​ចោទ​ថា​​​ពិតប្រាកដ​នោះ​ទេ»។

លោក​មេធាវី​ សំ សុគង់ ដែល​តំណាង​ឲ្យ​លោក ចរិយា បាន​យល់ស្រប​​ជាមួយ​​​របាយការណ៍​វាយតម្លៃ​នេះ​។

លោក​បាន​បន្ថែម​ថា​​ភាព​អសមត្ថភាព​​ក្នុង​ការ​ពិនិត្យ​​​ទៅ​​លើ​​ដើម​បណ្តឹង​​​បាន​ធ្វើឲ្យ​ប៉ះពាល់​ការ​​​ការពារ​ក្តី​​របស់​លោក​សម្រាប់​លោក ចរិយា។

លោក​បាន​បន្ត​ថា​៖ «​​នេះ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ខ្ញុំ​ជា​មេធាវី​ការពារ​ក្តី»។ «​​ជាមួយ​នឹង​របាយការណ៍​វាយតម្លៃ​នេះ​ខ្ញុំ​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​​នឹង​រៀបចំ​សវនាការ​​ដោយ​យក​ចិត្ត​ទុក​​ដាក់​ដើម្បី​​​កុំ​ឲ្យ​មាន​ការ​រិះគន់​»។

ខណៈ​បទ​ចោទប្រកាន់ «​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​»​​ មិន​មាន​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​អ្នក​ជំនាញ​ច្បាប់​​លោក សុក សំអឿន ​បាន​ថ្លែង​ថា​​ជា​ញឹកញាប់​​ការ​ភ្ជាប់​​បទ​បរិហារកេរ្តិ៍​ជាមួយ​​បទល្មើស​ធ្ងន់ធ្ងរ​ដទៃៗ​នៅក្នុង​​ករណី​​របស់​លោក​ ចរិយា រិះគន់​តុលាការ​អាច​ធ្វើ​ឲ្យ​​​ព្រះរាជ​អាជ្ញា​​ជំរុញ​ឲ្យ​មាន​ការ​​ដាក់​ពន្ធនាគារ​។ ​

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​​បើ​​តែ​បទ​បរិហារកេរ្តិ៍​ចុងចោទ​​នឹង​មិន​ភ័យ​​ខ្លាច​ទេ​។ «​ពួកគេ​ [ព្រះរាជ​អាជ្ញា​] ​នឹង​ជ្រើសរើស​​បទ​ចោទប្រកាន់​ដទៃៗ​ទៀត​​ដើម្បី​ឲ្យ​ពួកគេ​អាច​យក​អ្នក​ទៅ​ដាក់​គុក​បាន​»។

ជាមួយ​នឹង​​បញ្ហា​កំណែ​ទម្រង់​​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​លោក​ សំអឿន ​បាន​ថ្លែង​ថា​ការ​ខ្វះខាត​អ្នក​ជំនាញ​ច្បាប់​ដែល​មាន​គុណវុឌ្ឍិ​នៅ​ក្រសួង​​យុត្តិធម៌​​ ​និង​ការ​ច្រាន​ចោល​​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រិះគន់​តុលាការ​គឺ​វា​រារាំង​មិន​ឲ្យ​មាន​ភាព​​ផ្លាស់ប្តូរ​។ លោក​បន្ត​ថា​​៖ «​រដ្ឋាភិបាល​​​ត្រូវ​តែ​យល់​ថា​កំណែ​ទម្រង់​នេះ​​គឺ​ត្រូវ​ការ​ឲ្យ​មាន​»​​។ «​​ប៉ុន្តែ​​ប្រសិន​បើ​អ្នក​រិះគន់​តុលាការ​​អ្នក​​នឹង​ត្រូវ​ជាប់​គុក​»។

កាលពី​​ឆ្នាំ​មុន​គណៈមេធាវី​​អាមេរិក​បាន​ចេញ​​របាយការណ៍​រិះគន់​ខ្លាំងៗ​​មួយ​ទៅ​លើ​​តុលាការ​កម្ពុជា​​ដោយ​ហៅ​តុលាការ​កម្ពុជា​ថា​ពោរពេញ​ដោយ​អំពើ​ពុករលួយ សូកប៉ាន់ ​និង​ឥទ្ធិពល​នយោបាយ។

ខណៈ​អំពើ​ពុករលួយ​​ និង​ការ​សូកប៉ាន់​​ត្រូវ​បាន​រកឃើញ​នៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​របស់​កម្ពុជា។ ​​របាយការណ៍​នោះ​​ក៏​បាន​ចង្អុល​បង្ហាញ​​​​ដែរ​ថា​ច្បាប់​ទាំង​បី​ស្តីពី​តុលាការ​​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១៤​ គឺជា​ការ​ពង្រឹង​​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​​ទៅ​លើ​​តុលាការ​។

លោក Kingsley Abbot ​ទីប្រឹក្សា​ច្បាប់​អន្តរជាតិ​ជាន់​ខ្ពស់​នៅ​​គណៈកម្មការ​​អ្នក​ច្បាប់​អន្តរជាតិ​​និយាយ​ថា​ភាព​ប្រសើរ​ឡើង​នៃ​នីតិវិធី​ជំនុំជម្រះ​​​​គឺ​រង​ឥទ្ធិពល​​ពី​រដ្ឋាភិបាល​។

លោក​ថា​៖ «​​បញ្ហា​ពិតប្រាកដ​​គឺ​​​វិសាលភាព​ដែល​ចៅក្រម​អាច​​ធ្វើ​ការងារ​របស់​​ខ្លួន​ដោយ​​​មិន​មាន​​ការ​ជ្រៀតជ្រែក​ពី​តុលាការ​ជាពិសេស​នៅ​ក្នុង​សំណុំ​រឿង​នយោបាយ​»​។

លោក ចរិយា បច្ចុប្បន្ន​​គឺ​កំពុង​ជាប់​ឃុំ​មុន​ការ​ជំនុំជម្រះ​​​ក្នុង​សំណុំ​រឿង​សូកប៉ាន់​​​​សាក្សី​ពាក់ព័ន្ធ​នឹង​ករណី​​រឿង​​អាស្រូវ​ផ្លូវភេទ​​របស់​លោក កឹម សុខា ​ប្រធាន​ស្តីទី​នៃ​គណបក្ស​ប្រឆាំង​ជាមួយ​នឹង​នារី​កាត់​សក់​ម្នាក់​។ ​បុគ្គលិក​​អង្គការ​អាដហុក​គឺ​លោក យី សុខសាន លោកស្រី​ លឹម មុនី លោក​ នី សុខា និង​លោក ណៃ វ៉ាន់ដា ក៏​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​នេះ​ដែរ៕PS

ក្រុម​ការងារ​ហ្វេសប៊ុក​ក្រសួង​ធម្មការ​គ្មាន​លុយ​តាមដាន​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី

ទំព័រ​ហ្វេសប៊ុក (Facebook page) របស់​ក្រសួង​ធម្មការ និង​សាសនា. RFA Screenshot


ក្រុម​ការងារ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​ធម្មការ និង​សាសនា ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា ពួកគេ​មិន​មាន​លុយ​បង់ថ្លៃ​អ៊ីនធឺណិត (Internet) ដើម្បី​តាម​ដាន​ទំព័រ​ហ្វេសប៊ុក របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ការ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​កន្លង​ទៅ​នោះ​ទេ។

​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​អួត​ក្ដែងៗ​ពី​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ដើម្បី​ធ្វើ​ការងារ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ឬ​ដែល​រដ្ឋាភិបាល​តែង​ហៅ​ថា អ៊ី-ហ្កាវើនមិន (E-Government) នោះ ក្រុម​ការងារ​តាមដាន​ហ្វេសប៊ុក របស់​ក្រសួង​ធម្មការ​រអ៊ូរទាំ​ថា ពួកគេ​គ្មាន​លុយ​បង់​សេវា​អ៊ីនធឺណិត ដើម្បី​តាមដាន​ទំព័រ​ហ្វេសប៊ុក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ឡើយ។

​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា លោក មាស សំណាង ដែល​អះអាង​ថា ជា​ប្រធាន​ក្រុម​ការងារ​យុវជន​ហ្វេសប៊ុក ក្រសួង​ធម្មការ និង​សាសនា សរសេរ​ថា ទំព័រ​ហ្វេសប៊ុក (Page) ក្រសួង​ធម្មការ និង​សាសនា អាច​នឹង​ត្រូវ​បិទ​មួយ រយៈ ឬ​ត្រូវ​បិទ​ការ​ផ្សាយ​ទាំង​ស្រុង​នូវ​សកម្មភាព​ការងារ​ក្រសួង ព្រោះ​ថា កន្លង​ទៅ​ក្រុម​ការងារ​នេះ​បាន​ការ​ជួយ​ឧបត្ថម្ភ​ថ្លៃ​អ៊ីនធឺណិត និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ពី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ គឺ​លោក មិន ឃិន ចំនួន ៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ។ ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្រុម​ការងារ​តាមដាន​ទំព័រ​ហ្វេសប៊ុក នាយករដ្ឋមន្ត្រី​មួយ​នេះ ពុំ​ដែល​ទទួល​បាន​អ្វី​ទាំង​អស់ សូម្បី​តែ​លុយ​សម្រាប់​បង់​សេវា​អ៊ីនធឺណិត ក៏​ពួកគេ​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ដែរ។ ក្រុម​ការងារ​នេះ​បញ្ជាក់​ថា ពួកគេ​នឹង​សម្រាក ឬ​ឈប់​ទាំង​ស្រុង​ក្នុង​ករណី​រក​ថវិកា​មិន​បាន។

​ព័ត៌មាន​ចុង​ក្រោយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ធម្មការ និង​សាសនា គឺ​បង្ហាញ​ពី​ព្រឹត្តិការណ៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី មក​ពី​ទូទាំង​ប្រទេស​នៅ​សាលសន្និសីទ​ចតុមុខ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ទទួល​ស្គាល់​ថា លោក មាស សំណាង ពិត​ជា​ក្រុម​ការងារ​ហ្វេសប៊ុក​របស់​ក្រសួង​ធម្មការ និង​សាសនា មែន។ ទោះជា​យ៉ាង​ណា​លោក​ថា កន្លង​ទៅ​ក្រសួង​ពុំ​មាន​កញ្ចប់​ថវិកា​ដាច់​ដោយ​ឡែក​សម្រាប់​ក្រុម​ការងារ​ហ្វេសប៊ុក នោះ​ទេ គឺ​វា​អាស្រ័យ​លើ​ការ​បរិច្ចាគ ឬ​ឧបត្ថម្ភ​របស់​រដ្ឋមន្ត្រី។

លោក សេង សុមុនី បញ្ជាក់​ថា តាម​ព័ត៌មាន​ខ្លះៗ​ដែល​លោក​ទទួល​បាន គឺ​រដ្ឋមន្ត្រី​ថ្មី​លោក ហ៊ឹម ឆែម គ្រោង​បង្កើត​ក្រុម​ការងារ​ថ្មី​ដើម្បី​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក របស់​ក្រសួង។ ម្យ៉ាង​លោក​ថា សមាជិក​ក្រុម​ការងារ​ចាស់​មួយ​ចំនួន​ក៏​បាន​ឈប់​ពី​ក្រុម​ការងារ​ហ្វេសប៊ុក បច្ចុប្បន្ន​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ដែរ៖ «ឥឡូវ​ខ្ញុំ​កំពុង​ជួប​គាត់ មិន​ដឹង​ថា គាត់​មាន​ការ​អី ទន្ទឹម​នឹង​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ថ្មី ខ្ញុំ​មិន​ទាន់​បាន​ឃើញ​សេចក្ដី​សម្រេច​ចែង​នៅ​ឡើយ​ទេ ប៉ុន្តែ​ឮ​សូរ​ខាង​ខុទ្ទកាល័យ​ប្រាប់​ថា ឯកឧត្ដម​រដ្ឋមន្ត្រី​ថ្មី លោក​រៀបចំ​ក្រុម​ការងារ​ថ្មី​ដើម្បី​បង្កើត​ផេក​ថ្មី​ឡើង​វិញ»។

​រហូត​មក​ទល់​ពេល​នេះ ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន មាន​មនុស្ស​ចូល​ចុច Like កើន​ឡើង​ជាង ៦​លាន​នាក់​ហើយ គឺ​ច្រើន​ជាង​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដោយសារ​លោក ហ៊ុន សែន គិត​ថា ហ្វេសប៊ុក អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឆាប់រហ័ស លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​បណ្ដា​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំង​អស់​បង្កើត​ក្រុម​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ដើម្បី​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​លោក រួច​ឆ្លើយ​តប​ដោះស្រាយ​បញ្ហា​បើ​សិន​ពលរដ្ឋ​លើក​ឡើង​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រសួង​របស់​ពួកគេ។

​ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ក្រសួង​នីមួយៗ​បាន​បង្កើត​ក្រុម​ការងារ​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ ប៉ុន្តែ​ករណី​របស់​ក្រសួង​ធម្មការ​ពេល​នេះ គឺ​ជា​ស្ថាប័ន​រដ្ឋ​ទី​១​ហើយ​ដែល​ប្រកាស​ថា ក្រុម​ការងារ​ហ្វេសប៊ុក គ្មាន​ប្រាក់​ដើម្បី​បង់​សេវា​អ៊ីនធឺណិត តាម​ដាន​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រុមការងារ​ហ្វេសប៊ុក នៅ​ក្រសួង​ស្ថាប័ន​ផ្សេង​ទៀត មាន​បញ្ហា​ដូច​គ្នា ឬ​យ៉ាង​ណា​នោះ​ទេ។

​ប៉ុន្តែ​កន្លង​ទៅ ដោយ​មិន​និយាយ​ដល់​ទំព័រ​ហ្វេសប៊ុក របស់​ក្រសួង​ស្ថាប័ន​រដ្ឋ គេ​សង្កេត​ឃើញ​ថា គេហទំព័រ​របស់​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ហាក់​ពុំ​សូវ​មាន​សកម្មភាព​ឡើយ មាន​ន័យ​ថា គេ​ពុំ​អាច​ចូល​ដើម្បី​ស្វែង​រក​ព័ត៌មាន​របស់​ស្ថាប័ន​ទាំង​នោះ​បាន​ឡើយ។ គេហទំព័រ​ស្ថាប័ន​ខ្លះ​មាន​តែ​ព័ត៌មាន​ចាស់ៗ មិន​ដែល​ធ្វើ​បច្ចុប្បន្នភាព ខណៈ​ដែល​ស្ថាប័ន​ផ្សេង​ទៀត​ប្រាប់​ថា គេហទំព័រ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ការ​កែលំអ​នៅ​ឡើយ៕