ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងពេលព្រះអង្គយាងចូលរួមទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៦ នាវិមានឯករាជ្យ។ RFA/Brach Chev |
ករណីអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) កាត់តរូបភាពដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រ កំពុងស្ថិតក្នុងដៃសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ស៊ើបអង្កេតហើយ។ ចំណែកអ្នកវិភាគ និងសង្គមស៊ីវិល គាំទ្រការប្រកាសចំណាត់ការរបស់សមត្ថកិច្ចនៅពេលនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ឲ្យដឹងថា ពេលនេះក្រុមជំនាញផ្នែកនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុក ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប៉ុន្តែលោកមិនទាន់ឲ្យដឹងពីតម្រុយនៃការស្រាវជ្រាវនេះនៅឡើយទេ ដោយលោកបញ្ជាក់ថា នៅពេលចាប់បានជនប្រព្រឹត្ត សមត្ថកិច្ចនឹងបញ្ជាក់លំអិតលើករណីនេះ៖ «ជាទស្សនៈខ្ញុំនោះ ខ្ញុំនៅមានភាពមន្ទិលច្រើនចំពោះការអនុវត្តការងាររបស់សមត្ថកិច្ច ដោយសារតែកន្លងមករដ្ឋាភិបាលច្រើនតែចាត់ការរឿងដែលពាក់ព័ន្ធនយោបាយ ជាជាងការការពារស្ថាប័ន និងការការពារមុខមាត់របស់កម្ពុជា»។
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុក ម្នាក់ ដែលមានគណនីសរសេរឈ្មោះជាអក្សរថៃ បានបង្ហោះរូបកាត់តមួយសន្លឹកដាក់រូបព្រះភក្ត្ររបស់ព្រះបាទ នរោត្តម សីហមុនី ដែលជារូបភាពអាក្រាតព្រះកាយ។
ចំណែកអ្នកវិភាគនយោបាយ លោក សូ ចន្ថា បង្ហាញការសង្ស័យថា ការអនុវត្តការងាររបស់សមត្ថកិច្ចអាចពុំសូវមានប្រសិទ្ធភាព ព្រោះតាមការសង្កេតរបស់លោកកន្លងមក ក្នុងករណីមានការប្រមាថស្ថាប័នរបស់រដ្ឋ ឬការគំរាមមន្ត្រីបក្សប្រឆាំង ការអនុវត្តការងាររបស់សមត្ថកិច្ចដើម្បីស្រាវជ្រាវរឿងនោះពុំសូវមានប្រសិទ្ធភាពទេ ប៉ុន្តែបើមានការប្រមាថដល់អ្នកនយោបាយមកពីសំណាក់បក្សកាន់អំណាច គឺសមត្ថកិច្ចចាត់ការបានលឿន ហើយមានប្រសិទ្ធភាពថែមទៀងផង៖ «ឃើញថា មានឆកល្វែងដែរចំពោះច្បាប់ ព្រោះថា ច្បាប់ចែងថា ព្រះមហាក្សត្រមិនអាចប៉ះពាល់បាន ប៉ុន្តែអត់មានចែងអំពីបទល្មើសអីណាមួយក្នុងរំលោភបំពាន ឬប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ»។
មាត្រា៧ នៃរដ្ឋធម្មនុញ្ញចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ប៉ុន្តែច្បាប់កំពូលមួយនេះ មិនបានចែងពីការដាក់ទោសទណ្ឌនរណាដែលរំលោភបំពានអង្គព្រះមហាក្សត្រឡើយ សូម្បីតែក្រមព្រហ្មទណ្ឌក៏គ្មានមាត្រាណាមួយចែងដាក់ទោសលើបុគ្គលដែលរំលោភបំពានព្រះអង្គនោះដែរ។
មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍ចំណាត់ការរបស់សមត្ថកិច្ចនៅពេលនេះ ព្រោះការធ្វើបែបនេះលើសពីសេរីភាពបញ្ចេញមតិដែលធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ ខណៈច្បាប់ហាម។ ប៉ុន្តែលោកយល់ថា សមត្ថកិច្ចពិបាកនឹងធ្វើការចោទប្រកាន់ ឬដាក់ទោសទណ្ឌជនប្រព្រឹត្តព្រោះគ្មានច្បាប់ណាមួយចែងដាក់ទោសជនដែលរំលោភបំពានអង្គព្រះមហាក្សត្រ៖ «»។
ការកាត់តរូបភាពដែលប្រមាថដល់អង្គព្រះមហាក្សត្រនៅពេលនេះ មិនមែនជាលើកទីមួយនោះទេ។ កាលពីពេលមុនៗ ក៏មានអ្នកប្រើហ្វេសប៊ុក ខ្លះ កាត់តរូបភាពប្រមាថព្រះអង្គដែរ ប៉ុន្តែគេមិនឃើញក្រុមសមត្ថកិច្ចចេញវិធានការឡើយ។ ប៉ុន្តែបើមានអ្នកណាសរសេរផ្ដួលរំលំរដ្ឋាភិបាល ឬប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនយូរឡើយ សមត្ថកិច្ចនឹងចាប់បានជនប្រព្រឹត្ត៕