រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ក្រសួងបានផ្អាកមិនឲ្យក្រុមហ៊ុននានា ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល បូមខ្សាច់នៅក្នុងឃុំកោះកាពិ ស្រុកកោះកុង និងផ្អាកការនាំខ្សាច់ចេញទៅក្រៅប្រទេស។ ប្រជាសហគមន៍ឃុំកោះកាពិ ស្រុកកោះកុង បានស្នើឲ្យលោករដ្ឋមន្ត្រីត្រូវបញ្ឈប់ ឬដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនមិនឲ្យធ្វើសកម្មភាពជាស្ថាពរនៅតំបន់នេះនៅថ្ងៃអនាគតទៀត ព្រោះការបូមខ្សាច់នេះបានបំផ្លាញដល់ធនធានធម្មជាតិ មានខ្សាច់សមុទ្រ មច្ឆាសមុទ្រ និងព្រៃកោងកាង ជាដើម។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានប្រកាសនៅចំពោះមុខប្រជាពលរដ្ឋរាប់រយនាក់រស់នៅសហគមន៍ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុក និងខេត្តកោះកុង នៅរសៀលថ្ងៃអង្គារ ទី៦ ខែធ្នូ ក្នុងពិធីសំណេះសំណាល និងចុះពិនិត្យការដ្ឋានបូមខ្សាច់ថា ក្រសួងបានប្រកាសផ្អាកមិនឲ្យក្រុមហ៊ុនចំនួន៣ ដែលក្រសួងបានផ្ដល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មបូមខ្សាច់នៅឃុំកោះកាពិ ជាបណ្ដោះអាសន្ន និងផ្អាកការនាំខ្សាច់ចេញទៅក្រៅប្រទេស។ លោកអំពាវនាវថា បើប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ឃើញក្រុមហ៊ុននានា នៅបន្តបូមខ្សាច់ ឬបន្តនាំខ្សាច់ចេញទៅក្រៅប្រទេសទៀត សូមផ្ដល់ព័ត៌មានមកក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល តាមរយៈលេខទូរស័ព្ទ ០៩៥ ៧២៧ ៧២៧ ដើម្បីក្រសួងមានវិធានការតាមផ្លូវច្បាប់។
បន្ថែមលើនេះ លោក ស៊ុយ សែម ក៏បានប្រកាសថា ចាប់ពីពេលនេះតទៅ ក្រសួងក៏បញ្ឈប់ការចេញអាជ្ញាប័ណ្ណជូនក្រុមហ៊ុនផ្សេងទៀតដែលសុំអាជ្ញាប័ណ្ណថ្មី ធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង នេះទៀតទេ។ ប៉ុន្តែសម្រាប់តំបន់ផ្សេងៗ នាខេត្តកោះកុង នៅដំណើរការជាធម្មតា។
ទោះយ៉ាងណា ប្រជាសហគមន៍មានគ្នារាប់រយនាក់ដែលចូលរួមស្ដាប់លោក ស៊ុយ សែម បានស្នើដល់រដ្ឋមន្ត្រីរូបនេះឲ្យបញ្ឈប់ ឬដកអាជ្ញាប័ណ្ណដែលក្រសួងបានផ្ដល់ជូនក្រុមហ៊ុននានា ឲ្យធ្វើអាជីវកម្មនៅក្នុងមូលដ្ឋានឃុំកោះកាពិ ស្រុកកោះកុង លែងឲ្យធ្វើសកម្មភាពជាស្ថាពរនៅថ្ងៃខាងមុខទៀត ព្រោះពួកគេយល់ថា ការធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុនទាំងនោះបានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវចម្រុះនៅក្នុងសមុទ្រ។
ពលរដ្ឋមួយចំនួនបានសង្កត់ធ្ងន់ថា សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនមួយចំនួនដែលទទួលបានអាជ្ញាប័ណ្ណនៅមូលដ្ឋាននេះ បានបំផ្លាញព្រៃកោងកាង ជម្រកត្រីសមុទ្របន្តពូជ បាក់ច្រាំងសមុទ្រ ពិសេសពួកគេធ្វើរបរនេសាទមិនទទួលបានផលជាដើម៖ «នាងខ្ញុំមិនទទួលយកក្រុមហ៊ុនបូមខ្សាច់ឲ្យធ្វើអាជីវកម្មនៅឃុំកោះកាពិ ខេត្តកោះកុង នេះទៀតទេនៅថ្ងៃខាងមុខ។ នាងខ្ញុំស្នើសុំឲ្យឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ឈប់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុននានា ពីតំបន់នេះ ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ តទៅ»។
លោក ស៊ុយ សែម បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា នៅក្នុងកាលៈទេសៈនេះ ក្រសួងអាចធ្វើអន្តរាគមន៍ឲ្យក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងនៅពេលកន្លងមក ត្រឹមផ្អាកសកម្មភាពបូមខ្សាច់ និងនាំខ្សាច់ចេញទៅក្រៅប្រទេសជាបណ្ដោះអាសន្នសិន ឯរឿងផ្សេងក្រសួងត្រូវសិក្សាផ្លូវច្បាប់ ឲ្យបានល្អិតល្អន់ជាមុនសិន។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ដែលបានអមដំណើររដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចុះទៅពិនិត្យការដ្ឋានរបស់ក្រុមហ៊ុនបូមខ្សាច់ដល់កោះកាពិ ស្រុក និងខេត្តកោះកុង នេះដែរ បានស្វាគមន៍ចំពោះចំណាត់ការផ្អាកសកម្មភាព និងការនាំចេញខ្សាច់ពីក្រុមហ៊ុនចំនួន២ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងធ្វើអាជីវកម្មខ្សាច់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ពេលនេះ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមរូបនេះ នឹងបន្តតាមដានទៅលើសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុននានា ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល អំពីផលប៉ះពាល់បរិស្ថាន ពិសេសការរស់នៅរបស់ប្រជាពលរដ្ឋជាបន្តទៀតនៅថ្ងៃខាងមុខ។ ជាងនេះទៀត លោក សន ជ័យ ប្រកាសសហការជាមួយថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើយ៉ាងណាឲ្យមានភាពចំណេញទាំងអស់គ្នា ឬចំណេញទាំងក្រុមហ៊ុនបូមខ្សាច់ ចំណេញទាំងប្រជាពលរដ្ឋ រស់នៅតាមសហគមន៍នានា និងរដ្ឋាភិបាល៖ «យើងចង់ឲ្យមានវិធានការឆ្លើយតបពីរាជរដ្ឋាភិបាលទៅលើអ្វីដែលប្រជាពលរដ្ឋនៅក្នុងសហគមន៍ឃុំកោះកាពិ ស្រុកកោះកុង បានលើកឡើងពីកង្វល់ ឬផលប៉ះពាល់នៃសកម្មភាពបូមខ្សាច់ ព្រោះកន្លងមករដ្ឋាភិបាលបានឆ្លើយតបមកកាន់ប្រជាពលរដ្ឋទាក់ទងកង្វល់បូមខ្សាច់ហាក់មានការយឺតយ៉ាវ ហើយនៅពេលមានការឆ្លើយតបយឺតយ៉ាវពីរដ្ឋាភិបាលវាគឺជាឱកាសដល់អ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិនានា»។
សមាជិកអង្គការមាតាធម្មជាតិ លោក សាន់ ម៉ាឡា និងតំណាងអង្គការច្រើនទៀត ក៏បានចុះពិនិត្យការដ្ឋានបូមខ្សាច់ នៅឃុំកោះកាពិ ស្រុកកោះកុង ជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃអង្គារ ទី៦ ខែធ្នូ ដែរ។ លោក សាន់ ម៉ាឡា បានលើកឡើងពីផលប៉ះពាល់ពីការបូមខ្សាច់របស់ក្រុមហ៊ុនចំនួន២ ដែលធ្វើសកម្មភាពនៅមូលដ្ឋាននេះ នាំឲ្យបំផ្លាញព្រៃកោងកាង ជាជម្រកត្រីសមុទ្រ បាក់ច្រាំងសមុទ្រ និងប្រជានេសាទនៅសហគមន៍នេះរករបរនេសាទមិនបានជាដើម។
ទាក់ទិនបញ្ហាខ្សាច់នេះដែរ ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ប្រទេសកម្ពុជា បាននាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារសហរដ្ឋអាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលប្រទេសសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជា វិញ មានរហូតទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨) ឯណោះ។
ផ្ដើមពីភាពមិនប្រក្រតីនេះ ក្រុមសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងជាដើម នៅតែទទូចឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បកស្រាយឲ្យច្បាស់ពាក់ព័ន្ធភាពខុសគ្នានៃទិន្នន័យដ៏ចម្រូងចម្រាសពីការនាំចេញខ្សាច់ចេញទៅក្រៅប្រទេសនេះឲ្យបានច្បាស់លាស់៕