Monday, December 5, 2016

អភិបាល​រាជធានី​ភ្នំពេញ​ព្រមាន​ផាក​ពិន័យ​អ្នក​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ


ទិដ្ឋភាព​សំរាម​នៅ​សួន​ច្បារ​ខាង​មុខ​វត្ត​បទុមវតី។ រូបថត​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth



អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ព្រមាន​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ពលរដ្ឋ​ណា​ដែល​មិន​ចូលរួម​អនុវត្ត​សេចក្ដី​ណែនាំ​ទាក់ទង​នឹង​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ដោយសារ​ពលរដ្ឋ​ខ្លះ​នៅ​តែ​ទុក​ដាក់​សំរាម​ពាសវាលពាសកាល ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​មាន​បញ្ហា​កកស្ទះ​សំរាម និង​ធុំ​ក្លិន​ស្អុយ។

ការ​ទុក​ដាក់​សំរាម​មិន​ដឹង​ពេលវេលា គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​រថយន្ត​ប្រមូល​សំរាម ពិបាក​ប្រមូល​សំរាម​ទាំងនោះ​ឲ្យ​អស់​ពី​តាម​កន្លែង​ទុក​ដាក់​សំរាម​ខ្លះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា និង​បើក​ការដ្ឋាន​កែ​សម្រួល​ស្ពាន​អាកាស​ក្បាលថ្នល់ ច្បារអំពៅ នៅ​ថ្ងៃ​ទី​៤ ធ្នូ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស អះអាង​ថា នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ក្នុង​រយៈពេល​មួយ​ថ្ងៃ គឺ​មាន​កាក​សំណល់ និង​សំរាម​ប្រមាណ ២​ពាន់​តោន។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ពលរដ្ឋ​ដែល​មិន​ព្រម​អនុវត្ត​សេចក្ដី​ណែនាំ​ទាក់ទង​នឹង​ការ​ទុក​ដាក់​កាក​សំណល់ និង​សំរាម​វេច​ខ្ចប់​ត្រឹមត្រូវ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ងាយ​ស្រួល​ប្រមូល​សំរាម​ទាំងនោះ។

អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ទៀត​ថា មុន​នឹង​ដល់​ដំណាក់​ការ​ប្រើប្រាស់​វិធានការ​ច្បាប់ អាជ្ញាធរ​នៅ​តែ​បន្ត​ចុះ​អប់រំ​ពលរដ្ឋ​ជា​មុន​សិន អំពី​របៀប​វេច​ខ្ចប់​សំរាម ការ​ញែក​សំរាម​រឹង និង​រាវ និង​ការ​យក​សំរាម​ទៅ​ដាក់​ឲ្យ​ចំ​គោលដៅ ដែល​រថយន្ត​សំរាម​មក​ប្រមូល​ជា​ប្រចាំ៖ «ប៉ុន្តែ​តាម​យើង​មើល​ទៅ ប្រហែល​យើង​ចៀស​មិន​ផុត​ពី​ការ​ប្រើ​វិធានការ​រដ្ឋបាល​ច្បាប់ ផាក​ពិន័យ​ចំពោះ​អ្នក​មាន​កំហុស...»។
រយៈពេល​កន្លង​ទៅ ជាពិសេស​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បញ្ហា​សំរាម​ពាសវាលពាសកាល និង​ការ​ទុក​ដាក់​សំរាម​ពុំ​បាន​ត្រឹមត្រូវ ត្រូវ​បាន​ពលរដ្ឋ​ខ្លះ​រិះគន់​អាជ្ញាធរ​ភ្នំពេញ ថា​ខ្វះ​សមត្ថភាព​គ្រប់គ្រង​សំរាម។

ទោះ​ជា​យ៉ាង​ណា លោក ប៉ា សុជាតិវង្ស អះអាង​ថា សាលា​រាជធានី​ភ្នំពេញ​ទើប​ទទួល​បាន​គោលការណ៍​ថ្មី​ពី​រដ្ឋាភិបាល ស្ដីពី​ការ​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​ឲ្យ​ក្លាយ​ជា​ជីកំប៉ុស ឬ​ក៏​ក្លាយ​ជា​ថាមពល​អគ្គិសនី ព្រម​ទាំង​មាន​ការ​កែប្រែ​កន្លែង​ដាក់​សំរាម ដែល​លោក ប៉ា សុជាតិវង្ស ចាត់​ទុក​ថា គឺ​ជា​វិធីសាស្ត្រ​អាច​ដោះស្រាយ​បញ្ហា​សំរាម​បាន។

ពាក់ព័ន្ធ​បញ្ហា​កាក​សំណល់​សំរាម​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព អះអាង​ថា ក្រសួង​បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពី​ចុង​ឆ្នាំ​២០១៥ ដើម្បី​ផ្ទេរ​ភារកិច្ច​ទទួល​បន្ទុក​ខាង​សំរាម ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នក​ដោះស្រាយ​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន។ លោក​ថា អនុក្រឹត្យ​នោះ មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហាក់​មិន​ទាន់​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ៖ «រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជាពិសេស​នៅ​តាម​បណ្ដា​ខណ្ឌ-សង្កាត់​នានា បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​អនុវត្ត​ភារកិច្ច​ដូច​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ»។

លោក​បន្ត​ថា នៅ​ភ្នំពេញ​ដែល​ជួប​បញ្ហា​កក​ស្ទះ​សំរាម​កន្លង​ទៅ ដោយសារ​ទីតាំង​ខ្លះ​តូច​ចង្អៀត រថយន្ត​ប្រមូល​សំរាម​មិន​អាច​ចូល​ទៅ​ដល់ ដូច្នោះ​លោក​អំពាវនាវ​ឲ្យ​តាម​បណ្ដា​ខណ្ឌ​ទាំងអស់ ត្រូវ​ធ្វើ​យ៉ាង​ណា​កំណត់​ទីតាំង​ច្បាស់លាស់​ណា​មួយ​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រមូល​ផ្ដុំ​សំរាម​នៅ​ទីនោះ ដើម្បី​បង្ក​ការ​ងាយ​ស្រួល​ឲ្យ​រថយន្ត​សំរាម​អាច​ប្រមូល​បាន។ ម្យ៉ាង​វិញ​ទៀត លោក​ថា​បញ្ហា​សំរាម​នេះ កើត​ឡើង​ក៏​ដោយសារ​ផ្នត់​គំនិត​ពលរដ្ឋ​ខ្លះ មិន​ទាន់​ចូលរួម​ទុក​ដាក់​សំរាម​ត្រឹមត្រូវ ហើយ​ទាមទារ​ការ​អប់រំ​បន្ថែម​ពី​អាជ្ញាធរ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍ (CSARO) លោក ហេង យ៉ុនគូរ៉ា បញ្ជាក់​ថា បញ្ហា​ទុក​ចោល​សំរាម​គ្មាន​ការ​ប្រមូល ឬ​យក​ទៅ​កប់​ចោល​ក្នុង​ដី និង​បោះ​ចូល​ក្នុង​ទឹក ជាដើម គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​សោភណភាព​ទីក្រុង​យ៉ាង​ធ្ងន់ធ្ងរ។ មិន​ត្រឹម​ប៉ុណ្ណោះ នៅ​ពេល​កាក​សំណល់ និង​សំរាម​ទាំងនោះ​នៅ​ជាមួយ​ទឹក និង​ដី គឺ​ធ្វើ​ឲ្យ​ទឹក ដី និង​ខ្យល់ ដែល​ស្ថិត​នៅ​ជុំវិញ​ខ្លួន​មនុស្ស សម្បូរ​ទៅ​ដោយ​ក្លិន​អាក្រក់ និង​មាន​សារធាតុ​ពុល ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស។

លោក​បន្ត​ថា នៅ​រាជធានី​ភ្នំពេញ មាន​ត្រឹម​ក្រុមហ៊ុន​ប្រមូល​សំរាម មិន​ទាន់​គ្រប់គ្រាន់​ទេ ដូច្នោះ​អាជ្ញាធរ​គួរ​បង្កើត​ឲ្យ​មាន​ក្រុម​អនាម័យ ឬ​ក្រុម​ប្រមូល​សំរាម​បឋម​នៅ​តាម​សង្កាត់​នីមួយៗ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម​ដែល​មិន​អាច​ចូល​ទៅ​យក​សំរាម​នៅ​ទីកន្លែង​ខ្លះ​ដែល​តូច​ចង្អៀត៖ «តាម​ខណ្ឌ-សង្កាត់ ត្រូវ​មាន​ក្រុម​អនាម័យ ហើយ​ក្រុម​អនាម័យ​ត្រូវ​ទទួល​ខុស​ត្រូវ​ជួយ​ប្រមូល​សំរាម​គ្រប់​ច្រកល្ហក ដែល​រថយន្ត​សំរាម​មិន​អាច​ចូល​ដល់»។

លោក ហេង យ៉ុនគូរ៉ា អំពាវនាវ​ឲ្យ​អាជ្ញាធរ គួរ​បង្កើត​ធុង​សំរាម​បន្ថែម​នៅ​តាម​ទី​សាធារណៈ រីឯ​ពលរដ្ឋ​បើ​សិន​ជា​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កន្លែង​ណា​មួយ មិន​ត្រូវ​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស​ទៀត​ទេ៕

គ្រូពេទ្យ​នៅ​ខេត្ត​កំពង់ធំ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ


គ្រូពេទ្យ​ពិនិត្យ​ភ្នែក​ជូន​ពលរដ្ឋ​នា​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Den Ayuthyea



គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក នៃ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ នឹង​ផ្ដល់​ការ​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៥ ដល់​ថ្ងៃ​សុក្រ ទី​៩ ខែ​ធ្នូ។

ប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ វេជ្ជបណ្ឌិត កាក់ កក្កដា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​នឹង​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​គ្រើល ក្នុង​ស្រុក​បារាយ ខេត្ត​កំពង់ធំ។

លោក​ឲ្យ​ដឹង​ទៀត​ថា សេវា​មិន​បង់​ប្រាក់​នេះ គ្រូពេទ្យ​នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​គ្រប់​ប្រភេទ ហើយ​ការ​វះ​កាត់ គឺ​ផ្ដោត​លើ​ប្រភេទ​ជំងឺ​ភ្នែក​ឡើង​បាយ៕

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កំណត់​ជា​ថ្មី​ឲ្យ​ម្ចាស់​ទូក​ទេសចរណ៍​បង់​ប្រាក់​៣​ដុល្លារ​ក្នុង​១​សំបុត្រ


ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នៅ​ខេត្ត​ព្រះសីហនុ តាម​កំពង់ផែ​ឆ្នេរ​អូរឈើទាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea


រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំណត់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​ទាំងអស់​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​នេះ ត្រូវ​បង់​ថវិកា ៣​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​មួយ​សន្លឹក ជូន​រដ្ឋបាល​ខេត្ត ដើម្បី​យក​ទៅ​អភិវឌ្ឍ​តំបន់​ឆ្នេរ​ឲ្យ​មាន​សោភណភាព។

បញ្ហា​នេះ ត្រូវ​ម្ចាស់​ក្រុមហ៊ុន​ទូក​ទេសចរណ៍​មួយ​ចំនួន បាន​រិះគន់​រដ្ឋបាល​ខេត្ត​នេះ​ពី​ការ​យក​លុយ ៣​ដុល្លារ ថា​ធ្វើ​ឡើង​តាម​របៀប​ផ្ដាច់ការ និង​ធ្វើ​នំ​អត់​ម្សៅ។

ការ​ដាក់​វិធានការ​កំណត់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​បង់​ថវិកា ៣​ដុល្លារ​សហរដ្ឋ​អាមេរិក​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ពេល​នេះ តាម​រយៈ​ការ​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា មាន​បោះ​ត្រា និង​ចុះ​ហត្ថលេខា​លោក សុខ ផន អភិបាល​រង​ខេត្ត​ព្រះសីហនុ។

លិខិត​ជូន​ដំណឹង​នេះ​យោង​ទៅ​តាម​ស្មារតី​អង្គ​ប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​បាន​រំឭក​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​ទូក​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា អំពី​ការ​កំណត់​តម្លៃ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ និង​កំណត់​ថវិកា​បង់​ជូន​រដ្ឋបាល​ខេត្ត សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ។

លិខិត​ចេញ​ថ្មី​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ពេល​នេះ បាន​ចោទ​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា ថា​មាន​ភាព​មិន​ប្រក្រតី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​ដូចជា ក្រុមហ៊ុន​បាន​បញ្ចុះ​តម្លៃ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទាប​ពេក និង​ដណ្ដើម​ភ្ញៀវ​គ្នា បង្ក​ឲ្យ​មាន​ភាព​មិន​ល្អ និង​បង្ក​ភាព​អវិជ្ជមាន​ក្នុង​មុខ​របរ​ប្រកប​អាជីវកម្ម បង្កើត​ជា​ភាព​អនាធិបតេយ្យ​ក្នុង​វិជ្ជាជីវៈ ជាដើម។

ក្នុង​ន័យ​នេះ ដើម្បី​ឲ្យ​ការ​ប្រកប​មុខ​របរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា​បាន​ល្អ​ប្រសើរ និង​មាន​របៀប​រៀបរយ​ឡើង​វិញ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​ចេញ​នូវ​វិធានការ ៧​ចំណុច​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់​រួម​មាន៖

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នៅ​ខេត្ត​ព្រះសីហនុ តាម​កំពង់ផែ​ឆ្នេរ​អូរឈើទាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea

  • ត្រូវ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ម្នាក់​តម្លៃ ២០​ដុល្លារ​សហរដ្ឋ​អាមេរិក
  • ក្រុមហ៊ុន​ត្រូវ​បង់​ថ្លៃ​លក់​សំបុត្រ​មួយ​សន្លឹក​ចំនួន ៣​ដុល្លារ​ជូន​រដ្ឋបាល​ខេត្ត​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ
  • ក្រុមហ៊ុន និង​ម្ចាស់​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​ចងក្រង​ជា​សមាគម
  • ត្រូវ​រៀបចំ​ពេលវេលា​ចេញ​ដំណើរ និង​ពេលវេលា​វិល​វិញ​ឲ្យ​បាន​ច្បាស់លាស់ ឬ​ចែក​វេន និង​លេខ​រៀង​ទូក​កំណត់​ដោយ​ក្រុម​ការងារ​ចម្រុះ​ខេត្ត​ព្រះសីហនុ
  • ក្រុមហ៊ុន ឬ​សេវាករ​ទាំងអស់ ត្រូវ​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវ​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​នៃ​ច្បាប់​ចរាចរណ៍
  • ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ណា​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវ​ទឹក មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ទេ
  • ជាង​នេះ ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ណា​ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ដោយ​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ ឬ​លុប​ចោល​អាជ្ញាប័ណ្ណ​មិន​ឲ្យ​ប្រកប​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​ត​ទៅ​ទៀត​ទេ។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​បង់​ប្រាក់ ៣​ដុល្លារ​ថ្លៃ​លក់​សំបុត្រ ១​សន្លឹក​ជូន​រដ្ឋបាល​ខេត្ត និង​ការ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ ត្រូវ​ដំឡើង​តម្លៃ​លក់​សំបុត្រ ដែល​ក្រុមហ៊ុន​ខ្លះ​បាន​បញ្ចុះ​តម្លៃ​ជូន​ភ្ញៀវ​មក​ត្រឹម ១២​ដុល្លារ ហើយ​តម្រូវ​ឲ្យ​ដំឡើង​ដល់ ២០​ដុល្លារ​វិញ បាន​រង​ការ​រិះគន់​ពី​ម្ចាស់​ក្រុមហ៊ុន និង​សាធារណជន​ទូទៅ។

នៅ​ក្នុង​លិខិត​ចំហ​មួយ​ច្បាប់​ដែល​ម្ចាស់​ក្រុមហ៊ុន​ទូក​ទេសចរណ៍​មួយ​ចំនួន ផ្ញើ​ជូន​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ប្រចាំ​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ផ្សព្វផ្សាយ ហើយ​ដែល​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​សុក្រ ទី​២ ខែ​ធ្នូ ម្ចាស់​ក្រុមហ៊ុន​ខ្លះ​បាន​សរសេរ​សារ​រិះគន់​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ដែល​កំណត់​ឲ្យ​ពួក​គេ​បង់​លុយ ៣​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ទូក​ជូន​ភ្ញៀវ​ទេសចរ ១​សន្លឹក​ជូន​រដ្ឋបាល​ខេត្ត។ ម្ចាស់​ក្រុមហ៊ុន​ខ្លះ​បាន​ប្រដូច​ការ​កំណត់​យក​លុយ​ពី​ពួក​គេ ៣​ដុល្លារ ថា​ធ្វើ​ឡើង​តាម​របៀប​ផ្ដាច់ការ ឬ​ធ្វើ​នំ​អត់​ម្សៅ និង​គ្មាន​ការ​ឯកភាព​ពី​ពួក​គេ​នោះ​ទេ។

ម្ចាស់​ក្រុមហ៊ុន​ខ្លះ បាន​ចាត់​ទុក​ការ​តម្រូវ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំណត់​ឲ្យ​ក្រុមហ៊ុន​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ ត្រូវ​ដំឡើង​តម្លៃ​លក់​សំបុត្រ​ដល់ ២០​ដុល្លារ និង​ត្រូវ​បង់ ៣​ដុល្លារ​ជូន​រដ្ឋបាល​ខេត្ត​នេះ ថា​បាន​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ។ ជាង​នេះ​ទៀត ចំពោះ​ការ​កំណត់​តម្លៃ​លក់​សំបុត្រ​ខ្ពស់​ហួសហេតុ​ពេក គឺ​បារម្ភ​ខ្លាច​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​លែង​ចាប់​អារម្មណ៍​ធ្វើ​ដំណើរ​មក​ទស្សនា​ខេត្ត​នេះ​នៅ​ថ្ងៃ​អនាគត។

ត្រង់​ចំណុច​នេះ ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​មក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​កំណត់​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទាំងអស់​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា តម្រូវ​ឲ្យ​ដំឡើង​តម្លៃ​លក់​សំបុត្រ និង​ជំរិត​ឲ្យ​ក្រុមហ៊ុន​ត្រូវ​តែ​បង់​ប្រាក់ ៣​ដុល្លារ​ឲ្យ​រដ្ឋបាល​ខេត្ត​ជា​ដាច់ខាត​នោះ​ជា​ថ្មី​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​កំណើន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ខាង​មុខ។

ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម ព្រួយ​បារម្ភ​ខ្លាច​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​និយម​ទៅ​កម្សាន្ត​តាម​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ថយ​ចុះ ដោយសារ​ក្រុមហ៊ុន​ដំឡើង​តម្លៃ​សំបុត្រ​ទូក​ពី​ភ្ញៀវ​ទេសចរ ដើម្បី​យក​លុយ ៣​ដុល្លារ​បង់​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្ថិត​ក្នុង​ចំណោម​មន្ត្រី​សង្គម​ស៊ីវិល​ច្រើន​ស្ថាប័ន​ទៀត បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ចំនួន​ភ្ញៀវ​ទេសចរ​ថយ​ចុះ ពិសេស​ភ្ញៀវ​អន្តរជាតិ​ដែល​និយម​ទៅ​កម្សាន្ត​តាម​កោះ​នានា​នៅ​ថ្ងៃ​ខាង​មុខ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ទាំងអស់ ត្រូវ​បង់​លុយ​ចំនួន ៣​ដុល្លារ​ទៅ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រាប់​ទ្រទ្រង់​ដល់​ការ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​តំបន់​ឆ្នេរ និង​កោះ​នានា ហើយ​ក្រុមហ៊ុន​បាន​ដំឡើង​តម្លៃ​លក់​សំបុត្រ​ពី​ភ្ញៀវ​ទេសចរ៖ «កន្លង​មក​នេះ មាន​ម្ចាស់​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​បញ្ចុះ​តម្លៃ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ ដើម្បី​ទាក់ទាញ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ថយ​ចុះ ឲ្យ​ងាក​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ឡើង​វិញ។ ប៉ុន្តែ​ឥឡូវ​នេះ យើង​ឃើញ​ថា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា តម្រូវ​ឲ្យ​ម្ចាស់​ទូក​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​តែ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ក្នុង​តម្លៃ ២០​ដុល្លារ​សហរដ្ឋ​អាមេរិក ដូច​ពី​មុន​ឡើង​វិញ ដោយ​មិន​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ទេ ក្នុង​នោះ ក្រុមហ៊ុន​នីមួយៗ​ត្រូវ​បង់​ថវិកា ៣​ដុល្លារ​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។ ដូច្នេះ​ការ​កំណត់​តម្លៃ​របស់​រដ្ឋបាល​ខេត្ត​ពេល​នេះ ដូចជា​មាន​តម្លៃ​ថ្លៃ​ពេក»។

ទាក់ទិន​បញ្ហា​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ពន្យល់​ថា ការ​យក​លុយ ៣​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ទូក​ទេសចរណ៍ ១​សន្លឹក​ពី​ក្រុមហ៊ុន​ទូក​ទេសចរណ៍ នឹង​មិន​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ទេ ហើយ​ថវិកា​នេះ គឺ​ទុក​សម្រាប់​ការងារ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​នៅ​លើ​កោះ​នានា​ឲ្យ​មាន​អនាម័យ និង​មាន​សោភណភាព ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត​ទៅ​វិញ​ទេ៖ «ជា​គោលការណ៍​រួម យើង​ចង់​តម្រូវ​ឲ្យ​ម្ចាស់​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ទៅ​កាន់​កោះ​រ៉ុង ត្រូវ​បង់​លុយ ៣​ដុល្លារ​ជូន​រតនាគារ​ជាតិ ដើម្បី​យក​ទៅ​អភិវឌ្ឍ​ឆ្នេរ​នានា ឬ​ការពារ​បរិស្ថាន​នៅ​លើ​កោះ​រ៉ុង​ឲ្យ​មាន​សោភណភាព និង​មាន​អនាម័យ ប្រយោជន៍​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ គឺ​មិន​មែន​យក​លុយ​នេះ​សម្រាប់​បម្រើ​ឲ្យ​ប្រយោជន៍​បុគ្គល​ណា​ម្នាក់​នោះ​ទេ គឺ​ទុក​បម្រើ​ឲ្យ​ផល​ប្រយោជន៍​រួម​ទាំងអស់​គ្នា»។

ត្រង់​ចំណុច​នេះ ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កំណត់​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​កំណត់​ដាច់ខាត​ឲ្យ​ពួក​គេ​បង់​លុយ ៣​ដុល្លារ​ពី​ការ​លក់​សំបុត្រ​នេះ​ជូន​រដ្ឋបាល​ខេត្ត និង​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍៕

កសិករ​មក​ពី​៨​ប្រទេស​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​ទីផ្សារ​កសិផល​នៅ​ខេត្ត​បាត់ដំបង


កសិករ​មក​ពី ៨​ប្រទេស ជួប​សន្ទនា​ផ្លាស់ប្ដូរ​គំនិត​គ្នា​ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​កសិករ និង​កសិករ រៀបចំ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun


កសិករ​មក​ពី ៨​ប្រទេស​លើ​ពិភពលោក​ប្រមាណ ១០០​នាក់ ជួប​សន្ទនា​គ្នា​រយៈពេល ៥​ថ្ងៃ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ខេមរា​បាត់ដំបង​២ នា​ក្រុង​បាត់ដំបង ដើម្បី​ផ្លាស់ប្ដូរ​គំនិត និង​បង្កើន​សាមគ្គីភាព​រវាង​កសិករ និង​កសិករ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល និង​រឹងមាំ។ ពួក​គាត់​រក​ឃើញ​ថា បញ្ហា​សំខាន់​របស់​កសិករ​ខ្មែរ គឺ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល។

កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​សមាគម​គំនិត​ផ្ដួចផ្ដើម​នៃ​ការ​ផ្លាស់ប្ដូរ (ICA) សហការ​ជាមួយ​អង្គការ​មូលនិធិ​សម្រាប់​យុត្តិធម៌ សន្តិភាព និង​អភិវឌ្ឍន៍ និង​សហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា។

កម្មវិធី​នេះ​មាន​កសិករ​មក​ពី​ប្រទេស​អូស្ត្រាលី កាណាដា សហគមន៍​អឺរ៉ុប ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា តៃវ៉ាន់ និង​ប្រទេស​កម្ពុជា ក្នុង​នោះ​ប្រទេស​ខ្លះ​មាន​តំណាង​ចូលរួម​ម្នាក់ ពីរ​នាក់ និង ៤​នាក់​ជាដើម ចំណែក​កសិករ​ខ្មែរ​មក​ពី​តាម​បណ្ដា​ខេត្ត​ប្រមាណ ៧០​នាក់។

កសិករ​ម្នាក់​មក​ពី​ខេត្ត​សៀមរាប លោកស្រី សេង ចាន់នាង ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា បញ្ហា​សំខាន់​ដែល​ពួក​គាត់​ជួប​ប្រទះ គឺ​ពិបាក​រក​ទីផ្សារ​លក់​កសិផល។ លោកស្រី​បន្ថែម​ថា កសិផល​គ្រប់​ប្រភេទ ជាពិសេស​ដំណាំ​ស្រូវ និង​បន្លែ​ជាដើម នៅ​ពេល​ដែល​ពួក​គាត់​ផលិត​បាន​ហើយ ត្រូវ​ឈ្មួញ​បង្អាប់ និង​ឲ្យ​តម្លៃ​ថោក ហើយ​លក់​មិន​បាន​ចំណេញ​ឡើយ៖ «កុំ​ឲ្យ​គេ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​មក​កម្ពុជា ច្រើន​ពេក ព្រោះ​របស់​គេ​ថោក​ជាង​យើង។ ដល់​ពេល​គេ​នាំ​ចូល​មក​ច្រើន ធ្វើ​ឲ្យ​ទំនិញ​របស់​កសិករ​យើង​លក់​មិន​ដាច់»។
លោកស្រី​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​ឃ្លាំង​ស្តុក​ស្រូវ​នៅ​តាម​មូលដ្ឋាន ដើម្បី​ប្រមូល​ទិញ​កសិផល​របស់​ពួក​គាត់​ក្នុង​តម្លៃ​សមរម្យ។

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​មក​ពី​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង គឺ​លោក ណុប នុន ថ្លែង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​រក​ទីផ្សារ​លក់​កសិផល​ជូន​ពួក​គាត់​ទេ នឹង​មិន​អាច​ដោះស្រាយ​ជីវភាព​របស់​កសិករ​ខ្មែរ​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នោះ​ទេ។ លោក​អះអាង​ថា នៅ​ពេល​ប្រមូល​ស្រូវ ស្ទើរ​តែ​រៀង​រាល់​ឆ្នាំ គឺ​តែងតែ​ជួប​ការ​លំបាក​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​ជា​ប្រចាំ។ លោក​បន្ថែម​ថា ក្រោយ​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​រវាង​កសិករ​ពិភពលោក​ហើយ នឹង​ធ្វើ​ឲ្យ​លោក​មាន​ភាព​ក្លាហាន​ហ៊ាន​និយាយ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​បាន​ដឹង និង​ជួយ​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស៖ «ព្រោះ​ទី​១ ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​ថ្មី ដែល​ខ្ញុំ​គិត​ថា​នៅ​តំបន់​ខ្ញុំ​ធ្វើ​រាល់​ដង ដូចជា​ធំ​អស្ចារ្យ តែ​តាម​ពិត​ទៅ​គេ​ជឿនលឿន​ជាង​យើង​ច្រើន​ណាស់»។

ទាក់ទង​នឹង​បញ្ហា​នេះ កសិករ​មក​ពី​តាម​ប្រទេស​ផ្សេងៗ ភាគច្រើន​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​ត្រូវ​ចេះ​ច្នៃប្រឌិត​កសិផល​ឲ្យ​មាន​គុណភាព​ល្អ ហើយ​មិន​ត្រូវ​ដាំ​ដំណាំ​ដូច​គ្នា​ក្នុង​រដូវ​តែ​មួយ​ច្រើន​លើសលប់ ដែល​នាំ​ឲ្យ​តម្លៃ​ចុះ​ថោក និង​លក់​មិន​បាន​ប្រាក់​ចំណេញ។

ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក លោក ប៉ុល ហំម មាន​ប្រសាសន៍​ថា ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ​បាន គឺ​កសិករ​ត្រូវ​ពង្រឹង​គុណភាព​កសិផល​របស់​ខ្លួន​ឲ្យ​មាន​គុណភាព​ខ្ពស់ ដូចជា​ការ​ជ្រើស​ពូជ​ស្រូវ​ដែល​មាន​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​ជាដើម។ លោក​អះអាង​ថា បញ្ហា​មួយ​ទៀត​ដែល​កសិករ​លក់​ស្រូវ​មិន​បាន​ចំណេញ ដោយសារ​ជី​ដាក់​ស្រូវ​របស់​ពួក​គាត់ ភាគច្រើន​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​មាន​តម្លៃ​ខ្ពស់៖ «កុំ​ថា​ឡើយ​ខេត្ត​ដែល​ធ្វើ​ស្រែ​ច្រើន​ដូចជា​នៅ​ខេត្ត​បាត់ដំបង តាកែវ និង​ព្រៃវែង នោះ។ ខ្ញុំ​ទៅ​ធ្វើ​ទស្សនកិច្ច​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ខ្ញុំ​មិន​នឹកស្មាន​ថា​មាន​កសិករ​មក​តវ៉ា​ពី​ការ​រក​ទីផ្សារ​មិន​បាន​ទេ។ ឥឡូវ​នេះ​នៅ​ខេត្ត​កំពង់ធំ ស្រូវ​ច្រូត​ហើយ តែ​អត់​មាន​អ្នក​ណា​ទិញ​ទេ គឺ​ទុក​ឲ្យ​សល់​សិន​បាន​គេ​ទម្លាក់​តម្លៃ​តាម​ក្រោយ»។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង លោក ឈឹម វជិរា មាន​ប្រសាសន៍​ថា កន្លង​ទៅ កសិករ​ពុំ​មែន​ខ្វះ​ទីផ្សារ​លក់​កសិផល​របស់​ពួក​គាត់​នោះ​ទេ។ លោក​អះអាង​ថា រឿង​កសិផល​ចុះ​ថោក ជាពិសេស​ស្រូវ​តែ​ម្ដង គឺ​ចុះ​ទៅ​តាម​តម្លៃ​ទីផ្សារ​ពិភពលោក៖ «សំខាន់​គឺ​កែប្រែ​ទម្លាប់​ឲ្យ​គាត់ គឺ​ឲ្យ​គាត់​បញ្ចុះ​ថ្លៃ​ដើម​ផលិត ព្រោះ​ឆ្នាំ​នេះ​ទិន្នផល​កើន​ឡើង​ច្រើន ហើយ​ផល​ចំណេញ​របស់​គាត់ គឺ​នៅ​តែ​មាន​អ៊ីចឹង។ នៅ​ពេល​គាត់​បញ្ចុះ​ថ្លៃ​ដើម​អ៊ីចឹង​ទៅ គាត់​លក់​បាន​ចំណេញ​ច្រើន»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​សមាគម​គំនិត​ផ្ដួចផ្ដើម​នៃ​ការ​ផ្លាស់ប្ដូរ អ្នកស្រី ស្រឿន ដានី មាន​ប្រសាសន៍​ថា ក្រោយ​ពី​បញ្ចប់​ការ​សន្ទនា​របស់​កសិករ​ពិភពលោក​រយៈពេល ៥​ថ្ងៃ រក​ឃើញ​ថា បញ្ហា​សំខាន់​ដែល​កសិករ​ខ្មែរ​លក់​កសិផល​មិន​បាន​ប្រាក់​ចំណេញ​មាន ៣​យ៉ាង គឺ​បញ្ហា​គ្មាន​ទីផ្សារ​លក់​កសិផល ខ្វះ​ព័ត៌មាន​ផ្នែក​កសិកម្ម​ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ ដើម្បី​ឲ្យ​ពួក​គាត់​ជ្រើស​យក​មុខ​ដំណាំ និង​ការ​បង្រៀន​កសិករ​ឲ្យ​ចេះ​ដាំ​ដុះ​ទៅ​តាម​តម្រូវការ​ទីផ្សារ។ បញ្ហា​ចុង​ក្រោយ គឺ​គ្មាន​អ្នក​ចាំ​សម្រួល​ទិញ​កសិផល​ដែល​កសិករ​ផលិត​បាន ដើម្បី​យក​ទៅ​លក់​បន្ត ជាដើម៖ «អ៊ីចឹង​ដើម្បី​ពង្រឹង​ទីផ្សារ​កសិកម្ម​គាត់​នោះ ថា​តើ​អ្នក​ណា​ជា​អ្នក​ពាក់ព័ន្ធ​ខ្លះ​ដែល​អាច​ចូលរួម​ដោះស្រាយ​បាន? ខ្ញុំ​ជឿ​ថា មាន​ច្រើន​ភាគី​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នោះ ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​កសិកម្ម ជាដើម នឹង​អាច​ជួយ​ពួក​គាត់​បាន»។

អ្នកស្រី​បន្ថែម​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​កសិករ​ខ្មែរ​បាន​សន្ទនា​ជាមួយ​កសិករ​មក​ពី​បណ្ដា​ប្រទេស​ជឿនលឿន​នៅ​ក្នុង​ពិភពលោក។ អ្នកស្រី​អះអាង​ថា កន្លង​ទៅ កម្មវិធី​នេះ​តែងតែ​រៀបចំ​នៅ​ប្រទេស​ដែល​មាន​កិច្ច​សហការ​គ្នា​ជាមួយ​អង្គការ ដោយ​ផ្លាស់ប្ដូរ​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ជា​បន្តបន្ទាប់។

អ្នកស្រី​មាន​ក្ដី​រំពឹង​ថា កសិករ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ពួក​គាត់​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ពី​កសិករ​ពិភពលោក និង​ពី​វាគ្មិន​ដែល​បាន​បកស្រាយ​ពន្យល់ ដើម្បី​យក​ទៅ​កែច្នៃ​ការ​ដាំដុះ​របស់​ពួក​គាត់​បាន​ប្រសើរ​ឡើង៕

ពលរដ្ឋ​១៣​គ្រួសារ​នៅ​ខែត្រ​ក្រចេះ​ចោទ​មន្ត្រី​យោធា​ម្នាក់​ថា​រំលោភ​យក​ដីធ្លី​ពួក​គាត់


គ្រឿងចក្រ​របស់​មន្ត្រី​យោធា​ឈ្មោះ ទិត្យ សាម៉េង ដែល​ពលរដ្ឋ​ចោទ​ថា​ឈូស​ឆាយ​ដី​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided



ពលរដ្ឋ​ជាង ១០​គ្រួសារ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ ចោទ​មន្ត្រី​យោធា​ម្នាក់​ថា​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួក​គាត់​ជាច្រើន​ហិកតារ ដើម្បី​គ្រប់គ្រង​ជា​សម្បត្តិ​បុគ្គល និង​ធ្វើ​អាជីវកម្ម។ អ្នក​ភូមិ​ចោទ​ថា អាជ្ញាធរ​មិន​បាន​អើពើ​ករណី​នេះ​ទេ បើ​ទោះ​បី​ជា​ពួក​គាត់​ធ្លាប់​រាយការណ៍​ជាច្រើន​សា​ក្តី។

ពលរដ្ឋ ១៣​គ្រួសារ​រស់នៅ​ភូមិ​ស្រែរនាម ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ កំពុង​ស្វែងរក​ការ អន្តរាគមន៍​ពី​អាជ្ញាធរ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ករណី​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ទិត្យ សាម៉េង មក​ពី​កង​អនុសេនាធំ​លេខ​២ ឋិត​នៅ​តំបន់​ភ្នំ​ព្រិច បាន​ប្រើប្រាស់​តួនាទី​ជា​ទាហាន​បំពាន​ដីធ្លី​ពួក​គាត់​ជាង ៣០​ហិកតារ។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែរនាម លោក ធុយ ស៊ីនីន ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ១០​គ្រួសារ​មាន​ដី​ប្រភេទ​កសិកម្ម​ក្នុង​មួយ​គ្រួសារ​ចាប់​ពី​មួយ​ហិកតារ​ដល់ ៦​ហិកតារ គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០០៦ ឋិត​នៅ​ចំណុច​ច្រក​ព្រៃ​ទទឹង ត្រូវ​បាន​មន្ត្រី​យោធា​ឈ្មោះ ទិត្យ សាម៉េង យក​គ្រឿងចក្រ​ពីរ​គ្រឿង ឈូស​ឆាយ​រំលោភ​យក​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦។ លោក​កត់​សម្គាល់​ថា មន្ត្រី​យោធា​រូប​នោះ​គ្រោង​លក់​ដី​មាន​វិវាទ​ទាំងនោះ​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ាន់ សាលី ក្រោយ​ពី​ឈូស​ឆាយ​រួច។

លោក​ត្អូញ​ថា ពលរដ្ឋ​ធ្លាប់​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​បរិស្ថាន ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ តែ​ពុំ​មាន​ដំណោះស្រាយ៖ «ការ​ប្រើ​អំណាច​រំលោភ​ពលរដ្ឋ វា​មាន​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់។ ពលរដ្ឋ​គាត់​ស្តាប់​តាម​អាជ្ញាធរ បើ​អាជ្ញាធរ​ថា​ឲ្យ​ពលរដ្ឋ​នៅ​ស្ងៀម គាត់​នៅ​ស្ងៀម។ បើ​ពួក​គាត់​ថា​មក ម្យ៉ាង​គាត់​នៅ​តែ​បន្ត​ការ​កាប់ និង​ការ​ឈូស​ឆាយ»។
អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​យោធា​ឈ្មោះ ទិត្យ សាម៉េង ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៥ ធ្នូ ដោយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី ទូរស័ព្ទ​ចូល។

មេ​ភូមិ​ស្រែរនាម លោក កែវ ណែត ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ហើយ តែ​ពុំ​អាច​ឆ្លើយ​ថា​យ៉ាង​ណា​នោះ​ទេ ដោយសារ​ការ​ដោះស្រាយ​បញ្ហា​នេះ​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ភូមិ។ លោក​ថា ដី​នៅ​តំបន់​នោះ អាជ្ញាធរ​មូលដ្ឋាន​ពុំ​ទាន់​ចេញ​លិខិត​ស្នើសុំ​កាន់​កាប់​ដីធ្លី​ឲ្យ​ទៅ​បុគ្គល​ណា​មួយ​នោះ​ទេ៖ «បើ​សមត្ថកិច្ច ខ្ញុំ​ត្រឹម​ឃុំ ខ្ញុំ​ធ្វើ​ម៉េច​ចេញ ធ្វើ​មិន​ចេញ​ទេ​រឿង​ហ្នឹង។ ខ្ញុំ​បាន​ប្រាប់​គាត់​ផ្ទាល់​ហើយ ខ្ញុំ​ថា​ជួប​លោក​អភិបាល​រង​ទៅ»។

អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​មិន​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​ទេ។ តែ​យ៉ាង​ណា លោក​នឹង​ជំរុញ​ឲ្យ​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យ​ករណី​នេះ។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​រឿង​នេះ យក​ឯកសារ​ពាក់ព័ន្ធ​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ស៊ើប​អង្កេត៖ «ឲ្យ​គាត់​ចូល​មក ហើយ​បង្ហាញ​មក​ថា​មាន​អី​ខ្លះ ដើម្បី​ឲ្យ​អាជ្ញាធរ​គាត់​ត្រួត​ពិនិត្យ​មើល។ មក​ដល់​ពេល​នេះ គឺ​អាជ្ញាធរ​ស្រុក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ»។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សម្ដែង​ក្តី​បារម្ភ​ចំពោះ​ពលរដ្ឋ​ដែល​ចូល​កាន់​កាប់​ដី​ព្រៃ​ឈើ ដែល​អាច​រង​សម្ពាធ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ក្រោម​បទ​ចោទ​ថា ពលរដ្ឋ​កាន់​កាប់​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ខុស​ច្បាប់។ លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​រដ្ឋាភិបាល​មាន​ស្តង់ដារ​ពីរ ដែល​លោក​កម្រ​ឃើញ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​មាន​អំណាច ដូចជា​មន្ត្រី​យោធា និង​ឧកញ៉ា​ជាដើម ឃើញ​តែ​អនុវត្ត​ច្បាប់​បាន​តែ​ពលរដ្ឋ​ទន់​ខ្សោយ៖ «ចំពោះ​ពលរដ្ឋ​ក្រីក្រ បើ​សិន​ជា​រដ្ឋ​យើង​ដំណើរ​ការ​សម្បទាន​សង្គមកិច្ច​ឲ្យ​បាន​លឿន ម្ល៉េះ​លោក​នឹង​មិន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ។ តាម​ពិត​នេះ​ជា​កំហុស​មួយ​របស់​រដ្ឋ​យើង​ដែរ ក្នុង​ការ​គិតគូរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ក្រីក្រ»។

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា លោក ទិត្យ សាម៉េង និង​លោក ទិត្យ សាម៉េត ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត​ធ្លាប់​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង ១០​គ្រួសារ​ក្នុង​ទំហំ​ដី​បណ្តោយ​ជាង ១​ពាន់​ម៉ែត្រ និង​ទទឹង ១​ពាន់​ម៉ែត្រ កាល​ពី​ឆ្នាំ​២០១៤។ ក្រោយ​មក ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ដោះស្រាយ​បញ្ហា​នេះ ដោយ​តម្រូវ​ឲ្យ​មន្ត្រី​យោធា​ទាំងនោះ​ឈ្នះ​ក្តី ហើយ​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​ចាញ់​ក្តី​នេះ អាជ្ញាធរ​ស្រុក​គ្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ផ្សេង​ទៀត​ឲ្យ​ពលរដ្ឋ​ទាំងនោះ។ ក្រោយ​ពី​ដោះស្រាយ​ករណី​នេះ​ហើយ ពួក​គេ​បាន​លក់​ដី​ទាំងនោះ​ឲ្យ​ឈ្មួញ​នៅ​ខែត្រ​ក្រចេះ ឈ្មោះ ម៉ាន់ សាលី ហើយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ លោក ទិត្យ សាម៉េង បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ជាង ៣០​ហិកតារ​ផ្សេង​ទៀត​ប៉ះ​លើ​ដី​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​កំពុង​មាន​វិវាទ​នេះ៕

ពលរដ្ឋ​ជាង​៤០០​នាក់​មក​ពី​៦​ខេត្ត​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​និង​ក្រសួង​មួយ​ចំនួន


 ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី និង​បញ្ហា​ខ្វះ​ទីផ្សារ​កសិកម្ម​មក​ពី ៦​ខេត្ត រួម​គ្នា​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា និង​ក្រសួង​ស្ថាប័ន​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ou Banung


ប្រជា​កសិករ​ដែល​អះអាង​ថា​ជា​អ្នក​រងគ្រោះ​ដោយ​អំពើ​រំលោភ​ដីធ្លី និង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ទីផ្សារ​កសិកម្ម​ជាង ៤០០​នាក់​មក​ពី​ខេត្ត​ចំនួន​៦ បាន​រួម​គ្នា​ដើរ​ដង្ហែ​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​កសិកម្ម និង​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​ជូន​ពួក​គាត់។

មន្ត្រី​សម្របសម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ញ៉ិល ភាព ដែល​ឃ្លាំ​មើល​ផ្ទាល់​នូវ​ការ​ដង្ហែ​ដាក់​ញត្តិ​នេះ បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​១ របស់​ប្រជាពលរដ្ឋ​ដែល​យក​ញត្តិ​មក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​ដំណោះស្រាយ​ដល់​ពួក​គាត់​នោះ​ទេ។ លោក​ថា ប្រជា​កសិករ​ទាំងនោះ​ប្រឈម​នឹង​វិបត្តិ​រំលោភ​ដីធ្លី និង​មិន​មាន​ទីផ្សារ​កសិកម្ម​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

លោក ញ៉ិល ភាព ថ្លែង​ថា៖ «បង​ប្អូន​ដែល​អញ្ជើញ​មក​នេះ សុទ្ធតែ​មាន​បញ្ហា​ដីធ្លី​ទាំងអស់។ ដីធ្លី​របស់​ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​រំលោភ​យក ហើយ​បញ្ហា​ដីធ្លី​នេះ​ទៀតសោត ការ​រំលោភ​យក​នេះ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​ហើយ ១០​ឆ្នាំ​ជាង​ហើយ អត់​មាន​ដំណោះស្រាយ​អី​សោះ ព្រោះ​យើង​ឃើញ​ថា ការ​រំលោភ​ដីធ្លី​នេះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ»។

ការ​ដាក់​ញត្តិ និង​ដើរ​ដង្ហែ​របស់​ប្រជាពលរដ្ឋ​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ទៀត និង​បន្ត​ទៅ​រដ្ឋសភា មិន​មាន​ការ​រារាំង ឬ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​មាន​ប៉ូលិស​ជាច្រើន​រូប​បាន​ពង្រាយ​គ្នា​តាម​ដង​ផ្លូវ ពិសេស​កែង​ផ្លូវ​ដែល​ពលរដ្ឋ​ដើរ​ដង្ហែ។


ទាំង​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម មាន​តំណាង​ចេញ​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ ដោយឡែក​ចំពោះ​រដ្ឋសភា​វិញ គឺ​បាន​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍ ៦​រូប​ចូល​ទៅ​ដាក់​ញត្តិ​ដល់​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ហើយ​គណៈកម្មការ​បាន​សន្យា​ថា នឹង​ប្រគល់​ញត្តិ​ប្រជាពលរដ្ឋ​ដល់​ដៃ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។

ប្រជា​កសិករ​ដែល​មក​ពី​ខេត្ត​ចំនួន​៦ រួម​មាន ខេត្ត​កោះកុង ព្រះសីហនុ តាកែវ កណ្ដាល ស្វាយរៀង និង​ខេត្ត​ព្រៃវែង។ ពួក​គាត់​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្រសួង និង​រដ្ឋសភា មិន​ផ្តល់​ដំណោះស្រាយ​ដល់​ពួក​គាត់​ក្នុង​រយៈពេល​មួយ​ខែ​ទេ ពួក​គាត់​នឹង​នាំ​គ្នា​មក​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់៕

ម្ចាស់​ដី​មួយ​ចំនួន​កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​​ពី​ការ​បាត់បង់​ដីធ្លី​ដោយសារ​តែ​ការ​អភិវឌ្ឍ


លោក ជា សុផាត ចង្អុល​​ទៅ​កាន់​ដីស្រែ​របស់​លោក​ដែល​កំពុង​មាន​ជម្លោះ​នៅ​ជ្រោយចង្វារ​​។ ហុង មិនា



ភ្នំពេញៈ លោក ជា សុផាត កំពុង​ឈរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រួស​ក្រហម​មួយ​កន្លែង​នៅ​សង្កាត់​ជ្រោយចង្វារ​ដោយ​លោក​បាន​ចង្អុល​ទៅ​កាន់​ដីស្រែ​របស់​លោក​មាន​ផ្ទៃក្រឡា ៤០០០ ម៉ែត្រ​ការ៉េ​ដែល​កំពុង​មាន​ជម្លោះ​ក្រោម​ហេតុផល​អភិវឌ្ឍន៍។

បុរស​ដែល​មាន​វ័យ ៦៣ ឆ្នាំ​រូប​នេះ​ជា​អ្នក​រស់នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​កំពុង​​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង។ លោក​ថ្លែង​ថា៖ «ដី​នោះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​កសិកម្ម​មុន​ពេល​ដែល​ក្រុមហ៊ុន​ចាក់ដី​ខ្យាច់​លុប​បំពេញ។ ឥឡូវ​នេះ​ខ្ញុំ​មិន​អាច​ប្រើ​វា​ដើម្បី​ធ្វើ​ស្រែ​បាន​ទៀត​ទេ​ដោយ​លោក​ចង្អុល​ទៅ​កាន់​ពំនូក​ខ្សាច់​ដែល​គេ​ចាក់​ពាសពេញ​ដី​របស់​លោក​។ ដី​របស់​លោក​ សុផាត​ គឺ​កំពុង​ប្រឈម​ហានិភ័យ​​ដោយ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយ​ចង្វារ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ​។ ដី​អភិវឌ្ឍន៍​ដែល​មាន​ទំហំ ៣៨៧ ហិកតា​គ្រោង​នឹង​សាងសង់​ផ្ទះ​វីឡា អគារ ខុនដូ និង​អគារ​លំនៅឋាន​ទំនើបៗ​ដែល​មាន​រួម​ទាំង​កីឡដ្ឋាន សង្កាត់​អាជីវកម្ម និង ស្ពាន​ថ្មី​មួយ​ដែល​នឹង​តភ្ជាប់​រវាង​ទីក្រុង​នេះ​ផង​ដែរ។

គម្រោង​នេះ​នឹង​ពង្រីក​ទៅ​ភាគ​ខាង​ជើង​រង្វង់មូល​ជ្រោយចង្វារ​ដែល​នៅ​ចន្លោះ​ផ្លូវ​ជាតិ​លេខ ៦ និង​បឹង​ទន្លេសាប។ ទោះ​ជា​យ៉ាង​ណា​ដូច​គម្រោង​អភិវឌ្ឍន៍​ធំៗ​មួយ​ចំនួន​ទៀត​ដែរ​តែងតែ​មាន​ការ​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​ឥឡូវ​នេះ​ទាំង​លោក​ សុផាត និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​មាន​​បញ្ហា​ជម្លោះ​ដីធ្លី​​ជាមួយ​សាលា​រាជធានី​ដើម្បី​រក្សា​ដីធ្លី​របស់​ពួកគេ។
នៅ​ក្នុង​ឆ្នាំ ១៩៩៤ រដ្ឋាភិបាល​បាន​ហាមឃាត់​មិន​ឲ្យ​សាងសង់​​ផ្ទះ​នៅ​លើដី​នោះ​ទេ​ដោយ​កាលណោះ​មាន​នាយក​រដ្ឋមន្ត្រី​​​ទី​មួយ​គឺ​ព្រះ​អម្ចាស់​នរោត្តម រណឫទ្ធិ បាន​កំណត់​តំបន់​នោះ​ទុក​សម្រាប់​សកម្មភាព​អភិវឌ្ឍន៍។

ទោះបី​យ៉ាង​ណា​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ១៩៩៨ នាយក​រដ្ឋមន្ត្រី​ទី​ពីរ​លោក​ ហ៊ុន សែន បាន​សន្យា​ថា​ម្ចាស់​ដី​ដែល​បាន​រស់នៅ​លើ​តំបន់​នោះ​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំ​ឆ្នាំ​នឹង​មិន​ត្រូវ​បាន​បណ្តេញ​ចេញ​ទេ​ហើយ​ការ​ប្រកាស​នេះ​បាន​ធ្វើឲ្យ​ស្ងប់​នូវ​ការ​ភ័យខ្លាច​ណា​មួយ​ចំពោះ​ការ​បណ្តេញ​ចេញ។

ខណៈ​ដែល​អ្នកភូមិ​មួយ​ចំនួន​រស់នៅ​ចម្ងាយ​តែ​ប្រមាណ ១០០ ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវជាតិ​លេខ ៦ ​និង​ច្រាំង​បឹង​ទន្លេសាប​បាន​ទទួល​ផលប្រយោជន៍​ពី​ការ​សន្យា​នេះ​ហើយ​ត្រូវ​បាន​ដក​ចេញ​ពី​ទីតាំង​នៃ​គម្រោង​អភិវឌ្ឍន៍​នេះ​។ គ្រួសារ​លោក​ សុផាត​ និង​ប្រមាណ​ជាង ២០០ គ្រួសារ​ទៀត​ដែល​រស់នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​គឺ​ហាក់​ដូចជា​ពុំ​សូវ​មាន​សំណាង​នោះ​ទេ។

លោក​ សុផាត ​ថ្លែង​ថា៖ «សាលា​រាជធានី​​គឺ​ដូចជា​ឪពុក​ម្តាយ​​របស់​យើង​ទាំងអស់​គ្នា​ដែល​ជា​ប្រជាពលរដ្ឋ​ប៉ុន្តែ​ឪពុកម្តាយ​នេះ​មិន​បាន​ខ្វល់ខ្វាយ​អំពី​កូន​របស់​ខ្លួន​នោះ​ទេ។ តើ​គេ​បង្ខំ​ឱ្យ​យើង​ទទួល​យក​យ៉ាង​ម៉េច​បើ​គេ​ធ្វើ​ខុស?»។

បច្ចុប្បន្ន​សាលា​រាជធានី​បាន​​ចូល​ប្រឡូក​នៅក្នុង​ការ​ប្រយុទ្ធ​តស៊ូ​ជាមួយ​នឹង​អ្នក​ភូមិ​ជ្រោយចង្វារ​ដើម្បី​ទទួល​បាន​មក​វិញ​នូវ​អ្វី​ដែល​ខ្លួន​អះអាង​ថា​ជា​ដី​របស់​រដ្ឋ។ នៅ​ក្នុង​ខែ​កញ្ញា​អាជ្ញាធរ​បាន​បែងចែក​ដី​ឲ្យ​អ្នក​ភូមិ​ដែល​ជា​ឱសានវាទ​ចុងក្រោយ​ថា​ដី​ចំនួន​ ៩០ ​ភាគរយ​សម្រាប់​សាលា​រាជធានី​ភ្នំពេញ ​និង ១០ ភាគរយ​សម្រាប់​ម្ចាស់​ ឬ​ក៏​ទិញ​ក្នុង​តម្លៃ​ដើម ១៥ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ការ​ជួប​ប្រជុំ​ និង​ការ​ចរចា​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​នេះ​គឺ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំងអស់​ក្នុង​ដំណើរការ​ស្វែងរក​ឆន្ទៈ​ក្នុង​ការ​សម្របសម្រួល​ហើយ​ឥឡូវ​នេះ​ថ្ងៃ​កំណត់​ដើម្បី​ទទួល​យក​ការ​ផ្តល់​ឲ្យ​នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​ហើយ​ភាព​មិន​ប្រាកដប្រជា​នៅ​តែ​មាន​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំង​នោះ​ដដែល​។

លោក​ សុផាត ​ថ្លែង​ថា៖ «ខ្ញុំ​មិន​ទាន់​ឃើញ​មាន​អ្វី​កើតឡើង​នៅ​លើ​ដី​នោះ​នៅ​ឡើយ​ទេ​អ្វីៗ​គ្រប់​យ៉ាង​គឺ​នៅ​ដដែល។ យើង​មិន​ទាន់​មាន​កិច្ចប្រជុំ​ជាមួយ​សាលា​រាជធានី​​នៅ​ឡើយ​ទេ»​។ លោក​ សុផាត ​បាន​ជិះ​ម៉ូតូ​ជុំវិញ​ដី​នោះ​ដោយ​មាន​ស្ពាយ​កាបូប​មួយ​ដាក់​ពេញ​ដោយ​ឯកសារ​ផ្សេងៗ។ លោក​​បាន​រើ​ឯកសារ​នោះ​ចេញ​ហើយ​បាន​លើក​យក​ឯកសារ​មួយ​ដែល​បាន​ចេញ​ឲ្យ​​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ទទួល​ស្គាល់​ម្ចាស់​ដី​ក៏​ដូចជា​ឯកសារ​វិក្កយបត្រ​បង់ពន្ធ​ដី​ផង​ដែរ។ លោក​​ថ្លែង​ថា៖ «សាលា​រាជធានី​ភ្នំពេញ​អាច​សាកល្បង​យក​ដី​របស់​ខ្ញុំ​ប៉ុន្តែ​ខ្ញុំ​មាន​ឯកសារ​ដើម្បី​បញ្ជាក់​ថា​វា​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ»។ សូម្បី​តែ​ក្នុង​អំឡុង​ពេល​ប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​លោក​ សុផាត​ និយាយ​ថា​ពួកគេ​តែងតែ​សំដៅ​​ទៅ​លើ​ក្រុម​ម្ចាស់​ដី។ លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​លិខិត​ផ្ញើ​មក​ឱ្យ​ពួក​យើង​គេ​បាន​ហៅ​យើង​ថា​ជា​ម្ចាស់​ដី។ ពួកគេ​បាន​កោះ​ហៅ​យើង​ចូលរួម​ប្រជុំ​ដោយ​សំដៅ​ទៅ​ពួកយើង​ដែល​ជា​ម្ចាស់​ដី។ ប្រសិន​បើ​យើង​ជា​ម្ចាស់​ដី​ហេតុ​អ្វី​បាន​ជា​​ពួកគេ​ជជែក​គ្នា​ពី​ដី​របស់​ពួក​យើង?»។

លោក ណាន អូនី មន្ត្រី​សម្របសម្រួល​នៃ​សិទ្ធិ​លំនៅឋាន​របស់​អង្គការ NGO Forum បាន​ឱ្យ​ដឹង​ថា​ជម្លោះ​ដីធ្លី​នេះ​គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ជម្លោះ​ដីធ្លី​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​ដូចជា​តំបន់​បឹងកក់​ និង​បុរី​កីឡា​ជាដើម​ដោយសារ​តែ​អ្នកភូមិ​ភាគច្រើន​ពួកគាត់​មាន​ទម្រង់​ឯកសារ​ផ្លូវការ​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ពី​ភាព​ជា​ម្ចាស់​នៅ​លើ​ដី​នោះ។ លោក​ថ្លែង​ថា៖ «​ពួកគេ​មាន​ឯកសារ​ច្បាប់​ផ្សេងៗ​ពី​គ្នា​ដូចជា​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី វិក្កយបត្រ​បង់​ពន្ធ​ដី​ សៀវភៅ​គ្រួសារ និង​អាសយដ្ឋាន​ទីលំនៅ​របស់​ពួកគេ​ជាដើម»។ «ពួកគេ​មាន​ឯកសារ​ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ដែរ»។ លោក​បញ្ជាក់​ថា​ខណៈ​ដែល​ការ​ចំណាយ​លើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជា​ញឹកញាប់​គឺ​មាន​តម្លៃ​ថ្លៃ​ពិបាក​ធ្វើ និង​មាន​រយៈពេល​យូរ​នោះ​ឯកសារ​ដែល​បាន​បញ្ជាក់​ដោយ​មន្ត្រី​ឃុំ​សង្កាត់​គឺ​មិន​គួរ​ត្រូវ​បាន​ដក​ចេញ​នោះ​ទេ។ លើស​ពី​នេះ​ទៀត​លោក​ថ្លែង​ថា​ទាំង​ក្រុមហ៊ុន​វិនិយោគទុន​ អាណិកជន​កម្ពុជា (OCIC) និង​សាលា​រាជធានី​បាន​ទទួល​ស្គាល់​វត្តមាន «ភូមិ​ចាស់​» ​ចំនួន​ប្រាំ​ដែល​មាន​ដូចជា​ភូមិ​ដង្កោ​ខាង​ជើង​ និង​ខាង​ត្បូង​ ភូមិ​ព្រែកលាភ ភូមិ​កៀនឃ្លាំង និង​ភូមិ​កៀនឃ្លាំង​ ៦ អា​ដោយ​មិន​រាប់​បញ្ចូល​អ្នកភូមិ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ប៉ុន្តែ​បាន​ធ្វើឲ្យ​អ្នក​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​ច្បាស់លាស់។ លោក​ថ្លែង​ថា​៖«នៅពេល​ដែល​​អ្នក​ទទួល​ស្គាល់​ភូមិ​នោះ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​​ទី​នោះ? នេះ​គឺជា​សំណួរ​ដ៏ជាក់លាក់​មួយ​ដែល​ត្រូវ​ពិចារណា។

ថ្លែង​មក​កាន់​កាសែត​ភ្នំពេញប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​លោក​អូនី​និយាយ​ថា​ទំនង​ជា​មិន​មាន​ការ​បណ្តេញ​ដោយ​អំពើ​ហិង្សា​នៅ​លើ​ដីធ្លី​នេះ​ទេ។ លោក​បញ្ជាក់​ថា៖ «យើង​មិន​ចង់​ឃើញ​ការ​បណ្តេញ​ចេញ​ទេ។ យើង​បាន​ឃើញ​ផលវិបាក​ពី​ការ​បណ្ដេញ​ចេញ​នា​ពេល​កន្លង​មក​ហើយ [ប្រសិន​បើ​វា​កើតឡើង] គឺ​វា​គ្រាន់​តែ​បង្ហាញ​ថា​រដ្ឋាភិបាល​មិន​បាន​រៀនសូត្រ​ពី​បទពិសោធ​ដែល​ធ្លាប់​កើតឡើង​ពី​មុន​តែ​ប៉ុណ្ណោះ។

គ្មាន​ដំណោះស្រាយ
ខណៈ​ដែល​ថ្ងៃ​ផុត​កំណត់​បាន​មក​ដល់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​លោក​ មាន ចាន់យ៉ាដា ​បាន​ស្នើ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​សំណើ​ដែល​បាន​ស្នើ​នោះ ឬ​ក៏​ពួកគេ​ត្រូវ​ទទួល​យក​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​វា​មិនមែន​ជា​ការ​គំរាម​នោះ​ទេ​។ នៅពេល​ទាក់ទង​កាល​ពី​សប្តាហ៍​មុន​លោក​ ចាន់យ៉ាដា បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ដោយ​បាន​សួរ​ពី​គោលបំណង​របស់​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

លោក​ ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ថ្លែង​ថា​រដ្ឋាភិបាល​ធ្វើ​សមហេតុ​ផល​ហើយ​មិន​ដាក់​បញ្ចូល​អ្នកភូមិ​មួយ​ចំនួន​នោះ​ទេ​ដោយ​លោក​បាន​ហៅ​អ្នក​ដែល​បាន​ប្រឆាំង​តវ៉ា​ទៅ​នឹង​សំណើ​របស់​សាលា​រាជធានី​ថា​ជា «អ្នកមាន»។ ដោយ​បដិសេធ​​ទទួល​ស្គាល់​ឯកសារ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​លោក​ ហួត បាន​អះអាង​ថា​អ្នកភូមិ​មួយ​ចំនួន​បាន​មក​កាន់​កាប់​ដីធ្លី​ទាំង​នោះ​គឺ​បន្ទាប់ពី​ក្រុមហ៊ុន OCIC បាន​ចាប់​ផ្តើម​ចាក់ដី​ខ្សាច់​បំពេញ។ លោក​ថ្លែង​ថា៖ «​នៅ​ពេល​ដែល​ដី​នេះ​ត្រូវ​បាន​ទឹក​ជន់​លិច​គ្មាន​នរណា​ម្នាក់​ចេញ​មក​អះអាង​ថា​ជា​ដី​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់ពី​​វា​ត្រូវ​បាន​ចាក់​បំពេញ​ហើយ​នៅ​ពេល​ដែល​ពួកគេ​បាន​មើល​ឃើញ​ថា​តម្លៃ​ដី​នោះ​ [កើនឡើង] ទើប​ពួកគេ​ចេញ​មក​អះអាង​ថា​ជា​កម្មសិទ្ធិ​របស់​ពួកគេ»។

បើ​ទោះបី​ជា​មាន​ភាព​តានតឹង​រវាង​សាលា​រាជធានី​ ​និង​ប្រជាពលរដ្ឋ​ក្តី​ក៏​ក្រុមហ៊ុន OCIC នៅ​តែ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​ដើម្បី​ចាប់ផ្តើម​គម្រោង​របស់​ខ្លួន។ មាន​ការ​​រារាំង​ជាច្រើន​លើក​ពី​ប្រជាពលរដ្ឋ​ដែល​បាន​លើក​គ្នា​មក​ទប់ស្កាត់​មិន​ឲ្យ​មាន​គ្រឿងចក្រ​ជីក​យក​​​អាចម៍​ដី​ចេញ​ពី​ដី​ស្រែ​របស់​ពួកគេ​ប៉ុន្តែ​សកម្មភាព​អភិវឌ្ឍន៍​នៅ​លើ​ទីតាំង​នោះ​គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ។

អ្នក​គ្រប់គ្រង​គម្រោង​ក្រុមហ៊ុន OCIC លោក​ ទូច​ សំណាង បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​អំពី​លទ្ធភាព​នៃ​ដំណោះស្រាយ​ណា​មួយ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ទាំងអស់​ដែល​ទាក់ទង​ទៅ​នឹង​ជម្លោះ​ដីធ្លី​នេះ​​ទៅ​សាលា​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា៖ «វា​គឺជា​តួនាទី​របស់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ជាមួយ​ប្រជាជន​ទាំង​នោះ។ ពួកគេ​កំពុង​ធ្វើការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ហើយ​យើង​កំពុង​រង់ចាំ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ​ដី​នោះ»។

ទោះ​យ៉ាង​ណា​លោក​ សំណាង បាន​សំដៅ​ទៅ​ដល់​អ្នក​ភូមិ​ទាំង​នោះ​ថា​ជា «អ្នក​ក្រៅ» ដោយ​អះអាង​ថា​ពួកគេ​បាន​ទិញ​ដី​នោះ​ក្នុង​គោលបំណង​តែ​​មួយ​គត់​គឺ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​តម្លៃ​ដី​ដែល​កំពុង​ឡើង​ថ្លៃ​នៅ​តំបន់​នោះ។ លោក​​បន្ថែម​ថា​អ្នក​ដែល «រង​ផលប៉ះពាល់​ពិតប្រាកដ» ​ដោយ​គម្រោង​នេះ​បាន​ទទួល​កញ្ចប់​មួយ​​ដាច់​ដោយ​ឡែក​រួច​ហើយ​ដែល​ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន OCIC គឺ​ផ្ទះ​ល្វែង​មួយ​នៅ​បុរី​រុងរឿង​នៅ​លើ​ទីតាំង​នោះ​ព្រម​ទាំង​តូប​លក់ដូរ​មួយ​នៅ​ឯ​ទីផ្សារ​មូលដ្ឋាន​ផង​ដែរ។ លោក​ថ្លែង​ថា៖ «អ្នក​មក​ពី​ខាង​ក្រៅ​នៅ​ចង់​រក្សា​ការ​ចរចា។ ប៉ុន្តែ​អ្នក​ដែល​រង​ផលប៉ះពាល់​ពិតប្រាកដ​បាន​ទទួល​យក​សំណង​រួច​ហើយ ហើយ​ពួកគេ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ជាមួយ​នឹង​ការ​អភិវឌ្ឍ​​របស់​យើង​នេះ»។

ដោយ​សំដៅ​ទៅ​លើ​កញ្ចប់​នេះ​លោក​ អូនី មន្ត្រី​អង្គការ NGO Forum បាន​ថ្លែង​ថា​អ្នកភូមិ​បាន​បដិសេធ​ទទួល​យក​​វា​ព្រោះ​វា​មិន​សម​នឹង​ទំហំ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួកគេ​ដែល​តម្លៃ​មិន​សមស្រប​សម្រាប់​ដំណោះស្រាយ។

ថ្លែង​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​តាម​ទូរស័ព្ទ​លោក​ សុផាត ​បញ្ជាក់​ថា​នៅ​ពុំ​ទាន់​មាន​ការ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឡើយ​ទេ​ហើយ​អ្នកភូមិ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា​តើ​ពួកគេ​អាច​ស្វែងរក​ដំណោះស្រាយ​បាន​ដែរ​ឬ​ទេ?

បើ​ទោះ​បី​ជា​មាន​ភាព​ធូរស្រាល​ និង​មាន​ទំនុក​ចិត្ត​កាល​ពីរ​សប្តាហ៍​មុន​តែ​ឥឡូវ​នេះ​លោក​​ សុផាត​ ហាក់​ដូចជា​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ឡើង​ពី​អនាគត​ដីធ្លី​របស់​លោក​។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ខំ​សន្សំ​លុយ​របស់​ខ្ញុំ​ទាំងអស់​យក​មក​ទិញ​ដី​នេះ​ចង់​ទុក​ឲ្យ​កូន​របស់​ខ្ញុំ។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ត្រូវ​តែ​ទទូច​សុំ​ឲ្យ​ដីធ្លី​របស់​យើង​មាន​សុវត្ថិភាព»៕ NS

ប្រជាពលរដ្ឋ​ដង្ហែ​ក្បួន​តវ៉ា​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​ដែល​រ៉ាំរ៉ៃ


ប្រជាពលរដ្ឋ​ព្រម​ទាំង​ក្មេងៗ​មកពី​សហគមន៍​ឡពាង​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ហែក្បួន​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត អង្គការ​លីកាដូ

ភ្នំពេញ: ប្រជាពលរដ្ឋ​ប្រមាណ ៤០០ នាក់​មកពី​សហគមន៍​ឡពាង​ដែល​មាន​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើការ​ហែ​ក្បួន​មួយ​កាលពី​ម្សិលមិញ​នៅ​មុន​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ក្នុង​សប្តាហ៍​នេះ​ដោយ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ពី​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ឲ្យ​បាន​ឆាប់​រហ័ស។

អ្នក​ភូមិ​ដែល​មកពី​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​បាន​ដើរ​ក្បួន​ចម្ងាយ ៥ គីឡូ​ម៉ែត្រ និង​បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​ដោយ​បាន​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ពី​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ដែល​មាន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយ​នឹង​ក្រុមហ៊ុន KDC អន្តរជាតិ​ដែល​ជា​ក្រុមហ៊ុន​របស់​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម។

លោក អ៊ុំ សុភី តំណាង​សហគមន៍​នេះ​បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​និយាយ​ថា​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកយើង​ទេ​ហើយ​ក្រុមហ៊ុន KDC បាន​រំលោភ​ផ្ទះ និង​ដីធ្លី​របស់​យើង»។

លោក សុភី បាន​ឱ្យ​ដឹង​ថា​អាជ្ញាធរ​មូលដ្ឋាន និង​ប៉ូលិស​មិន​បាន​រារាំង​ក្រុម​អ្នក​ភូមិ​ក្នុង​ការ​ហែ​ក្បួន​ទេ​ផ្ទុយ​មក​វិញ​ពួកគេ​បាន​ជួយ​សម្រួល​ចរាចរណ៍ និង​បាន​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ។ អ្នក​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​នេះ​លោក គង់ ចាន់មុន្នី បាន​ថ្លែង​ថា​ការ​ហែ​ក្បួន​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ឧប្បត្តិ​ហេតុ​ណា​មួយ​កើតឡើង​នោះ​ទេ​ហើយ​ក្រុម​សិទ្ធិ​មនុស្ស​មាន​វត្តមាន​គ្រាន់​តែ​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​ប៉ុណ្ណោះ។


ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​គ្រោង​នឹង​ធ្វើការ​ដង្ហែ​ក្បួន​ផង​ដែរ​នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ​ខាង​មុខ​ដើម្បី​ជា​ការ​រំឭក​ដល់​ការ​អនុម័ត​នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ ១៩៤៨។

ទោះ​ជា​យ៉ាង​ណា​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ផ្តល់​ការ​អនុញ្ញាត​ដល់​ក្រុម​នេះ​ទេ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ពួកគេ​បាន​ប្តេជ្ញា​ថា​នឹង​នៅ​តែ​ធ្វើការ​ហែក្បួន​នេះ​ដដែល៕ NS

One injured in Siem Reap blaze


Smoke billows from a fire in the Garden Village Guesthouse in Siem Reap yesterday. NATIONAL POLICE



A man was left with burns and a damaged spine yesterday after a fire broke out in the Garden Village Guesthouse in Siem Reap due to an “electrical malfunction”, police said.

The town’s acting police chief, Da Chamroeun, said the fire had sent columns of smoke billowing out of the guesthouse and destroyed the upper portions and roofs of three of the guesthouse’s buildings.

“A manager of the guesthouse, Tep Kemkhen, 35, injured his arm, back and face,” Chamroeun said, adding that no one else was injured, but that Kemkhen had hurt himself badly in a fall while fighting the fire.

“According to the victim, the blaze happened because of an electrical malfunction, and because the upper parts of the buildings are made of thatch and palm leaves.”

Van Yuthea, 35, the son of the guesthouse’s owner and Kemkhen’s brother-in-law, said the man was sent to a hospital in Vietnam for operations after an X-ray examination revealed a cracked backbone.


“When the fire started, Kemkhen tried to use the fire extinguisher to put out the fire but it was not successful because the walls of the building are made of leaves,” he said. “When the fire got bigger, he jumped from the second floor of the building.”

“We laid out a cushion on the first floor but it was not enough to cushion his fall,” he added. “Blood started coming out from his mouth and nose.”