សាច់ញាតិសពកីឡាករទូកងដែលត្រូវកប៉ាល់ទេសចរណ៍បុក អំពាវនាវរកយុត្តិធម៌
ក្រុមសាច់ញាតិសពជាកីឡាករទូកងដែលបានស្លាប់បណ្ដាលមកពីកប៉ាល់ទេសចរណ៍ បុកទូកងកាលពីថ្ងៃទី១១ វិច្ឆិកា នោះ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ ពួកគេអំពាវនាវឲ្យរដ្ឋាភិបាល ជួយស្វែងរកយុត្តិធម៌សមស្របណាមួយសម្រាប់ពួកគាត់ឲ្យបានឆាប់ និងជំរុញឲ្យម្ចាស់ក្រុមហ៊ុនកប៉ាល់ទេសចរណ៍ដែលគេសង្ស័យថាជាកប៉ាល់មកពីប្រទេសវៀតណាម ត្រូវទទួលខុសត្រូវលើករណីស្លាប់នេះ។
គិតចាប់តាំងពីការបាត់ខ្លួនកីឡាករទូកងពីរនាក់ ហើយបន្ទាប់មកត្រូវបានគេប្រទះឃើញសាកសពអណ្ដែតទឹក ដោយសារកប៉ាល់ទេសចរណ៍វៀតណាម ទំហំធំមួយគ្រឿង បានបើកបុកទូកងឈ្មោះ "រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ" បណ្ដាលឲ្យលិចក្នុងទន្លេចតុមុខនោះ មកទល់នឹងពេលនេះ ក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
សាច់ញាតិ និងត្រូវជាម្ដាយជនរងគ្រោះម្នាក់ក្នុងចំណោមពីរនាក់ លោកស្រី រា ចន្នា មានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរៀបរាប់ទាំងអួលដើមកម្ដងៗថា លោកស្រីស្ទើរស្ទះដង្ហើម និងយំសោកអស់ទឹកភ្នែកពីខ្លួនទៅហើយ បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់មិននឹកស្មានដល់ ថាកូនប្រុសជាទីស្រឡាញ់ បានស្លាប់ក្រោយពីបានបាត់ខ្លួននៅក្នុងទឹកទន្លេ។
អ្វីដែលធ្វើឲ្យលោកស្រីមិនអាចទទួលយកបានទៅទៀតនោះ គឺការជួបទុក្ខធ្ងន់ ស្របពេលគេសប្បាយអឺងកងគ្រប់គ្នាក្នុងព្រះរាជពិធីបុណ្យអុំទូក រីឯខាងគ្រួសារលោកស្រីត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ និងរៀបចំបុណ្យសពយ៉ាងសោកសង្វេគទៅវិញ៖ «ចង់ស្ទះដង្ហើមងាប់ហើយរាល់ថ្ងៃ មិនដឹងថាធ្វើម៉េចទេ? ខ្ញុំយំឡើងឆ្អែត យំឡើងអស់ពីពោះ... លេបអត់ចូល! អត់បាយបួនយប់បីថ្ងៃមកហើយ។ ខ្ញុំអត់មានហូបបាយអីសោះ»។
លោកស្រីរៀបរាប់ទៀតថា ដោយសារកូនប្រុស គឺជាមនុស្សស្លូតបូត និងសុភាពរាបសា ទើបលោកស្រីស្រណោះកូនជាទីស្រឡាញ់។ លោកស្រីបញ្ជាក់ថា មុនកើតហេតុ លោកស្រីក៏បានហាមឃាត់កូនប្រុសយ៉ាងទទូច មិនឲ្យទៅចូលរួមធ្វើជាកីឡាករទូកងដែរ ក៏ប៉ុន្តែកូនប្រុសលោកស្រីនៅតែមានះ ហើយទៅចូលរួមធ្វើជាកីឡាករទូកងជាមួយគេឯង ទាំងដែលខ្លួនមិនធ្លាប់ធ្វើជាកីឡាករទូកងកាលពីមុនមកផង។
លោកស្រី ចន្នា អះអាងថា ការទទូចមិនឲ្យកូនទៅនោះ ដោយសារសង្កេតឃើញថា អាការៈកូនប្រុសនៅពេលនោះ គឺមានសភាពស្លេកស្លាំង និងហាក់មិនមានអារម្មណ៍ និងកម្លាំងកំហែងក្នុងខ្លួនទាល់តែសោះ ហើយអ្វីដែលរឹតតែសង្ស័យមិនឲ្យកូនចេញទៅធ្វើជាកីឡាករទូកងទៀតនោះ គឺកូនប្រុសលោកស្រីបានដើរលា និងសងលុយកាក់ទៅមិត្តភ័ក្ដិទាំងអស់ រួចហើយប្រាប់មិត្តភ័ក្ដិទាំងអស់នោះថា «គ្នាទៅហើយ និងមិនត្រឡប់មកវិញទេ»។
លោកស្រីបញ្ជាក់ថា កូនប្រុសលោកស្រីស្លាប់ក្នុងករណីកប៉ាល់ទេសចរណ៍បើកបុកទូកងនោះ គឺមានឈ្មោះថា សុខ ចន្ទចេស្ដា អាយុ ១៨ឆ្នាំ និងជាសិស្សថ្នាក់ទី៩ នៃសាលាព្រែកថ្មី ស្ថិតក្នុងខណ្ឌច្បារអំពៅ។ លោកស្រី រា ចន្នា អះអាងថា ក្រោយពីកូនប្រុសស្លាប់ទៅ ឃើញមានសប្បុរសជន ចៅសង្កាត់ព្រែកថ្មី និងខាងគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានឧបត្ថម្ភថវិកាមួយចំនួន ស្របពេលគ្រួសារលោកស្រីពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើបុណ្យសពឲ្យកូនប្រុស។
លោកស្រី រា ចន្នា និងគ្រួសារបានអំពាវនាវឲ្យរដ្ឋាភិបាលខ្មែរ ធ្វើយ៉ាងណាជួយស្វែងរកយុត្តិធម៌ឲ្យគ្រួសាររបស់លោកស្រីផង ព្រោះកប៉ាល់ទេសចរណ៍ដែលបានបើកបុកទូកងកូនលោកស្រី នៅពុំទាន់ចេញមុខទទួលខុសត្រូវនៅឡើយ៖ «ហ្អែង! មុខស្លេកស្លាំង កូនហ្អា៎! កុំទៅមើលអុំទូក កុំទៅអុំទូក កូនៗឯងអត់មានកម្លាំងទេ ហើយឪវាក៏និយាយដែរ ថាហ្អែងកុំទៅ ទូកហ្នឹងហ្អែងទៅធ្វើអី? ហើយវាមិនស្ដាប់យើង វាទៅ ឃាត់ដែរ តែវាមិនស្ដាប់។ ខ្ញុំធ្វើម៉េចអូនអើយ! ឲ្យសម្ដេចជួយកូនចៅផង សូមឲ្យជួយរកយុត្តិធម៌ឲ្យកូនខ្ញុំផង»។
ចំណែកក្រុមគ្រួសារជនរងគ្រោះម្នាក់ទៀត អាស៊ីសេរី ពុំអាចស្វែងរកប្រភពទាក់ទងបាននៅឡើយនៅថ្ងៃទី១៤ វិច្ឆិកា។
កាលពីថ្ងៃទី១១ វិច្ឆិកា មុនពីរថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក គឺកប៉ាល់ទេសចរណ៍មួយគ្រឿងកម្ពស់បីជាន់ ដែលគេសង្ស័យថាជាកប៉ាល់មកពីប្រទេសវៀតណាម បានបើកបុកទូកងផ្ទុកមនុស្ស ៩នាក់មួយគ្រឿងឈ្មោះ "រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ" បណ្ដាលឲ្យលិចនៅក្នុងទន្លេចតុមុខ បណ្ដាលឲ្យបុរសពីរនាក់បាត់ខ្លួនរហូតដល់ថ្ងៃទី១៣ ទើបគេរកសាកសពឃើញ ដែលសាកសពមួយអណ្ដែតរហូតទៅដល់ស្រុកស្អាង និងសពមួយទៀតបានអណ្ដែតទៅដល់ស្រុកល្វាឯម ខេត្តកណ្ដាល។
សាក្សី និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទូកងជួបគ្រោះថ្នាក់ទាំង ៩នាក់ យុវជន ស៊ុន ចាន់ណា អះអាងថា ទូកងដែលអាចដាក់ចំណុះទូកជាង ៥០នាក់ ត្រូវបានសណ្ដោងចេញពីវត្តអម្ពវ័ន ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ វិច្ឆិកា យកមកកាន់ទន្លេចតុមុខនៅខាងមុខព្រះបរមរាជវាំង ដើម្បីត្រៀមខ្លួនប្រកួតជាមួយទូកងដទៃទៀត។ ប៉ុន្តែស្របពេលកំពុងសណ្ដោងនោះ ស្រាប់តែកប៉ាល់ទេសចរណ៍ដែលគេសង្ស័យថាមកពីវៀតណាម បានបត់ក្បាល ហើយសំដៅមកបុកចំកន្ទុយទូកងរបស់ខ្លួន បណ្ដាលឲ្យក្រឡាប់លិចតែម្ដង។ ក្រោយពីលិចទូក មនុស្ស ៧នាក់ក្នុងចំណោម ៩នាក់នៅលើទូក បានប្រញាប់លោតទឹក ហើយហែលគេចចេញពីកប៉ាល់ទេសចរណ៍នោះ ខណៈមនុស្សពីរនាក់ដែលស្ថិតនៅកន្ទុយទូក ប្រហែលជាមិនអាចលោតចេញពីទូកទាន់ ហើយត្រូវស្រូបចូលទៅក្រោមកប៉ាល់ទេសចរណ៍បាត់ទៅ៖ «ឆ្ងាយគ្នារាងឆ្ងាយដែរហ្នឹងបង! តែទូកហ្នឹង (កប៉ាល់ទេសចរណ៍) អត់បន្ថយល្បឿនទេ បន្ថយដែរតែទូកហ្នឹងជិតមកដល់ហើយហ្នឹង វាបន្ថយឲ្យខ្ញុំចៀស។ ដល់ចៀសក៏ចៀសឥតផុតដែរ។ ពេលដែលក្រឡាប់ទូក ពួកខ្ញុំលោតទាំងទាំងអស់ តែបងពីរហ្នឹង (ជនរងគ្រោះដែលស្លាប់) ខ្លាចតែអត់បានលោតពីទូក ហើយណាទូក (កប៉ាល់) ហ្នឹងវាស្រូប ហើយវាបុក គឺបុកចំកន្លែងមនុស្សអង្គុយតែម្ដង»។
យុវជនដដែលអះអាងថា លោក និងជនរងគ្រោះស្លាប់ឈ្មោះ សុខ ចន្ទចេស្ដា គឺជាមិត្តភ័ក្ដិជិតស្និទ្ធនឹងគ្នា ហើយបាននាំគ្នាចុះឈ្មោះធ្វើជាកីឡាករទូកងនៅឆ្នាំនេះ។ យុវជនរូបនេះបញ្ជាក់ថា ការចុះឈ្មោះធ្វើជាកីឡាករទូកង ដោយសារស្រឡាញ់ការប្រណាំងទូកង និងចង់រក្សាប្រពៃណីដូនតា ហើយចង់បានប្រាក់ឧបត្ថម្ភដែរ។ ប៉ុន្តែចាប់តាំងពីទូកជួបគ្រោះថ្នាក់ មិនបានចូលរួមប្រកួត កីឡាករដែលជួបគ្រោះថ្នាក់ទាំង ៧នាក់ ពុំទទួលបានប្រាក់សំណង និងប្រាក់ឧបត្ថម្ភអ្វីឡើយ។
សាក្សី និងជាជនរងគ្រោះរួចផុតពីការបាត់បង់ជីវិតរូបនេះបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយ លោកស្នើឲ្យរដ្ឋាភិបាលរកខុសត្រូវចំពោះករណីនេះ។ ក្រៅពីនេះទៀត ត្រូវស្វែងរកយុត្តិធម៌ជូនកីឡាករទាំងពីរនាក់ដែលស្លាប់។
អាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីឲ្យឆ្លើយបំភ្លឺជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៤ វិច្ឆិកា ប៉ុន្តែអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ លោក ឈិន កេតនា បានអះអាងថា គណៈកម្មាធិការបានប្រគល់ប្រាក់ជូនគ្រួសារសពកីឡាករទូកងទាំងពីរក្នុងមួយគ្រួសារ ៨លានរៀល។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី រា ចន្នា ដែលត្រូវជាម្ដាយសពយុវជន សុខ ចន្ទចេស្ដា អះអាងថា គ្រួសាររបស់លោកស្រីត្រូវបានគេមកប្រាប់ថានឹងអាចពិភាក្សាគ្នា ជុំវិញការស្លាប់កូនរបស់លោកស្រី នៅថ្ងៃទី១៥ វិច្ឆិកា៕