ពលរដ្ឋសង្កាត់អូរចារ ក្រុងបាត់ដំបងតវ៉ាប្រឆាំងនឹងការចាក់រំលោភយកដីក្នុងបរិវេណអតីតសាលាមត្តេយ្យ មុខសាលាសង្កាត់អូរចារ នៃខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។ RFA/Hum Chamroeun |
ពលរដ្ឋសង្កាត់អូរចារ ក្រុងបាត់ដំបងប្រមាណ៥០នាក់ នៅព្រឹកថ្ងៃទី១៦ មករា តវ៉ាប្រឆាំងនឹងការចាក់រំលោភយកដីក្នុងបរិវេណអតីតសាលាមត្តេយ្យក្នុងមូលដ្ឋានរបស់ពួកគេ។ ការតវ៉ានេះ ធ្វើឡើងភ្លាមៗក្រោយពីការចាក់ដីដោយម្ចាស់កម្មសិទ្ធិឯកជន ដែលមានការអនុញ្ញាតពីតុលាការ។
ពលរដ្ឋតវ៉ាបញ្ជាក់ថា ខ្លួនមិនចង់ឲ្យអាជ្ញាធរប្រគល់ដីសាធារណៈនេះ ទៅឯកជនទេ ទោះបីជាម្ចាស់កម្មសិទ្ធិដីនេះ មានដីកាអនុញ្ញាតកម្មសិទ្ធិពីតុលាការក្ដី។ ពួកគេនៅទាមទារឲ្យរក្សាដីនេះ ទុកជាសម្បត្តិសាធារណៈ ដូចជាសាលារៀន ឬមន្ទីរពេទ្យជាដើម។
យ៉ាងណាក៏ដោយ ចៅសង្កាត់អូរចារ លោក ហោ ឃឿន ដែលចុះសម្របសម្រួលនៅពេលតវ៉ានោះ បញ្ជាក់ថា លោកពុំបានដឹងពីសាច់រឿង ដែលដីក្នុងបរិវេណអតីតសាលាមត្តេយ្យអូរចារ ទំហំ៤០ម៉ែត្រ គុណ៤០ម៉ែត្រ ជាកម្មសិទ្ធិរបស់អតីតមន្ត្រីប៉ូលិសក្នុងសង្កាត់នេះពីមុខទេ។ តែលោកថា នឹងហៅភាគីពាក់ព័ន្ធមកជួបដោះស្រាយជាមួយពលរដ្ឋ។