
ពលរដ្ឋរស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ចោទប្រកាន់នាយកសាលាបឋមសិក្សាខ្សាច់លាវ ថាមានចេតនាពន្យារពេលមិនដោះស្រាយបញ្ហាខ្វះគ្រូបង្រៀនក្នុងមូលដ្ឋាននេះ ដែលកំពុងបង្កការប៉ះពាល់ដល់គុណភាពបង្រៀន និងចំណេះដឹងរបស់កុមារធ្ងន់ធ្ងរ ហើយអាចជំរុញឲ្យកុមារមួយចំនួនបោះបង់ការសិក្សា។ ប៉ុន្តែនាយកសាលាបឋមសិក្សាខ្សាច់លាវ បដិសេធការចោទប្រកាន់នេះ។
ពលរដ្ឋរស់នៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង សង្កេតឃើញថា មានកត្តាច្រើនបង្កការលំបាកដល់ការសិក្សារបស់កុមារនៅជនបទ ដូចជា ថ្នាក់រៀនមិនគ្រប់គ្រាន់ ខ្វះសម្ភារសិក្សា បរិយាកាសសិក្សា និងខ្វះគ្រូបង្រៀន ជាដើម។ បញ្ហានេះជាផ្នែកមួយជំរុញឲ្យកុមាររស់នៅតំបន់ដាច់ស្រយាលមួយចំនួន មិនចេះអាន និងមិនចេះសរសេរ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតថ្លែងសុំមិនបញ្ចេញឈ្មោះ សង្កេតឃើញថា សាលាបឋមសិក្សាខ្សាច់លាវ មាន ៦ថ្នាក់ មានគ្រូបង្រៀនពីរនាក់។ ចំណែកសិស្សកាន់តែកើនឡើង បន្ទប់ចង្អៀត និងការបង្រៀន គឺលាយឡំចូលគ្នា មានន័យថាសិស្សថ្នាក់ទី១ រៀនជាមួយថ្នាក់ទី២ ថ្នាក់ទី៣ ជាមួយថ្នាក់ទី៤ និងថ្នាក់ទី៥ ជាមួយថ្នាក់ទី៦។ លោកស្រីសង្កត់ធ្ងន់ថា អ្នកភូមិជាច្រើនគ្រួសារ គ្រោងផ្ដិតមេដៃប្ដឹងករណីនេះទៅស្ថាប័នពាក់ព័ន្ធ។ លោកស្រីបារម្ភថា ការបង្រៀនលាយឡំបែបនេះ បណ្ដាលឲ្យអារម្មណ៍សិស្សរៀនមិនមូល និងរញ៉េរញ៉ៃ ធ្វើឲ្យប៉ះពាល់ការសិក្សារបស់ពួកគេ៖ «ច្រើនតែមានអ្នកចំណូលថ្មីចូលមក មានអ្នកចេះអក្សរខ្លះ បើថាអ្នកស្រុកហ្នឹងគឺអត់មានអ្នកណាចេះអក្សរទេ គឺមានចេះដែរ តែចេះតិចតួច បើនិយាយពីរឿងក្មេងៗជំនាន់ឥឡូវ គ្មានពីណាចេះអក្សរទេ»។
អ្នកភូមិចោទប្រកាន់ថា នាយកសាលាបឋមសិក្សាខ្សាច់លាវ លោក ស្រេង ម៉េងហុង មានចេតនាបង្អាក់ការបញ្ជូនគ្រូទៅបង្រៀននៅសាលានោះ ព្រោះខ្លាចក្រែងប៉ះពាល់ប្រយោជន៍បុគ្គល បើទោះបីជាសាលានេះបានបើកការជ្រើសរើសគ្រូនៅឆ្នាំសិក្សា២០១៦-២០១៧ ក្តី។ លើសពីនេះ ក៏មានគ្រូបង្រៀនមួយចំនួនបានដាក់ពាក្យស្នើសុំបង្រៀននៅសាលានេះដែរ តែត្រូវបាននាយកសាលាបដិសេធ ដោយលើកហេតុផលថា គ្រូមានគ្រប់គ្រាន់ហើយ៖ «គ្រូណាសុំចូល គាត់មិនឲ្យចូល។ គេថាគ្រូសាលាហ្នឹងគ្រូគ្រប់គ្រាន់ហើយ។ តាមការពិត គ្រូមិនមានគ្រប់គ្រាន់ទេ។ ៦ថ្នាក់បង្រៀនគ្រូពីរនាក់ រួចថ្នាក់ទី១ និងទី២ បូកចូលគ្នាទាំងអស់។ បើនិយាយការចេះដឹង ច្រើនណាស់ក្មេងស្រុកហ្នឹងអត់មានអ្នកចេះអក្សរទេ»។
សាលាបឋមសិក្សាខ្សាច់លាវ មានមួយខ្នង ៣បន្ទប់ មានសិស្សសិក្សាចំនួន ១៦០នាក់ និងមានគ្រូបង្រៀនពីរនាក់ក្នុងឆ្នាំសិក្សា២០១៦-២០១៧។ លើសពីនេះ អង្គការមិនមែនរដ្ឋាភិបាល បានផ្តល់អគារសិក្សា ១ខ្នងបន្ថែមទៀតដល់សាលានោះ ហើយក៏កំពុងសាងសង់។
ឆ្លើយតបការលើកឡើងនេះ នាយកសាលាបឋមសិក្សាខ្សាច់លាវ លោក ស្រេង ម៉េងហុង ចាត់ទុកអ្នកដែលចោទប្រកាន់លោក ថាពុំយល់ពីនីតិវិធីរដ្ឋបាលសេវាអប់រំ។ លោកបញ្ជាក់ថា នាយកសាលាពុំមានសិទ្ធិជ្រើសរើសគ្រូនោះទេ ហើយបញ្ហានេះជាកាតព្វកិច្ចរបស់មន្ទីរអប់រំខេត្តជាអ្នកសម្រេចផ្អែកតាមគោលការណ៍របស់ក្រសួងកំណត់។ លោកថា ផ្អែកតាមគោលការណ៍របស់ក្រសួងអប់រំ សាលាបឋមមានថ្នាក់រៀនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ត្រូវមានគ្រូបង្រៀនយ៉ាងហោចណាស់ ៦នាក់ ក៏ប៉ុន្តែដោយសារសាលាបឋមសិក្សាខ្សាច់លាវ នៅតំបន់ដាច់ស្រយាលមានសិស្សតិច ក្រសួងក៏បង្កើតកម្មវិធីតម្រូវឲ្យគ្រូបង្រៀនពីរពេលក្នុងមួយថ្ងៃ ពោលគឺបង្រៀនទាំងព្រឹក និងល្ងាច។ លោកថា ការបង្រៀនសិស្សចូលគ្នាបែបនេះជាកម្មវិធីរបស់ក្រសួងអប់រំ អនុលោមតាមបរិបទតំបន់ និងផ្អែកតាមចំនួនសិស្ស៖ «ចង់និយាយថាចេញមកតម្រូវការអត់គ្រប់ គឺនៅស្រុកសំបូរ របស់យើង គឺសាលាច្រើនតែគ្រូតិច ហើយជាក់ស្តែង សាលាខ្ញុំបានគ្រូក្របខ័ណ្ឌរដ្ឋពីរនាក់ គឺពិសេសហើយសម្រាប់សាលាជនបទ ហើយតំបន់យើង គឺសិស្សតិចយើងផ្គួប មើលទៅចង់និយាយថាមួយថ្នាក់ដូចថ្នាក់ទី៥ វាជាង ១០នាក់ទៅ ១៥នាក់ ចឹងពីរថ្នាក់ហ្នឹងបានតែ ៣០នាក់ គឺស្មើតំបន់ប្រជុំជន»។
ប្រធានមន្ទីរអប់រំខេត្តក្រចេះ លោក ឡាយ ប៊ូរា បដិសេធមិនធ្វើអធិប្បាយករណីនេះទេ ដោយលោកថាកំពុងជាប់រវល់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ធ្លាប់បញ្ជាក់ថា តំបន់ដាច់ស្រយាល ក្រសួងបានកំណត់ទិសដៅជាអាទិភាព ហើយក្រសួងកំពុងដំណើរការអភិវឌ្ឍតាមកម្រិតកញ្ចប់ថវិកាជាតិ។ លោកថា យន្តការនេះ គឺជាយន្តការស្នើសុំតាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងអស់ ហើយក្រសួងនឹងពិនិត្យទៅតាមតំបន់អាទិភាពចាំបាច់ជាងគេ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងបញ្ជាក់ថា ពលរដ្ឋមានបញ្ហានេះអាចផ្ដិតមេដៃប្ដឹងមកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយសមាគមនឹងអន្តរាគមន៍ទៅក្រសួងអប់រំ។ លោកស្រីមើលឃើញថា ការវាយតម្លៃផលប៉ះពាល់ជាក់ស្តែងពីបញ្ហាខ្វះគ្រូបង្រៀននៅតំបន់ដាច់ស្រយាលរបស់ស្ថាប័នពាក់ព័ន្ធ ហាក់មិនគ្រប់ជ្រុងជ្រោយ និងមិនបានបំពេញតម្រូវការអភិវឌ្ឍន៍ផ្អែកតាមកំណើនសិស្ស។ អ្នកស្រីសង្កត់ធ្ងន់ថា បញ្ហានេះនឹងជំរុញឲ្យគុណភាពអប់រំចុះខ្សោយ ដែលនឹងរុញច្រានឲ្យសិស្សានុសិស្សបោះបង់ការសិក្សាកាន់តែកើនឡើង ប្រសិនបើក្រសួងអប់រំពន្យារពេលមិនដោះស្រាយបញ្ហានេះ៖ «ការដែលមានបញ្ហានេះកើតឡើង ខ្ញុំសូមអំពាវនាវដល់ក្រសួងក៏ដូចជារាជរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះខេត្ត-ក្រុងណាដែលកំពុងតែជួបប្រទះនូវវិបត្តិ គឺសិស្សានុសិស្សមិនបានទទួលការអប់រំគ្រប់គ្រាន់»។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា បញ្ហានេះអាចបណ្ដាលមកពីការបែងចែកគ្រូទៅបង្រៀននៅជនបទរបស់ក្រសួងអប់រំ នៅមិនទាន់បំពេញតម្រូវការបានគ្រប់គ្រាន់ផ្អែកតាមបរិបទតំបន់ មានន័យថា ក្រសួងនៅតែខ្វះលទ្ធភាពក្នុងការបញ្ជូនគ្រូទៅបង្រៀននៅជនបទ ឬតំបន់ដាច់ស្រយាល។ លោកចាត់ទុកវប្បធម៌បង្រៀនចូលគ្នា ប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាពនៃការបង្រៀន និងប៉ះពាល់ដល់ចំណេះដឹងរបស់សិស្សផង។ លោកផ្តល់ទស្សនៈថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំ ត្រូវចាត់វិធានការដោយបញ្ជូនគ្រូបង្រៀនទៅទីជនបទ និងផ្តល់ប្រាក់បន្ថែមដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀន ដែលធានាថាពួកគេអាចរស់នៅក្នុងជីវភាពល្អប្រសើរ៖ «យើងនៅតែចង់ឃើញការចាត់វិធានការមួយរបស់ក្រសួង ដើម្បីធ្វើម៉េចធានាថា មានសាលារៀនមានគ្រូបង្រៀន ហើយពួកគេនឹងទៅបំពេញការងារនៅទីនោះបានជាប់លាប់តាមរយៈការលើកទឹកចិត្ត ឬក៏យន្តការលើកទឹកចិត្តនានារបស់ក្រសួងហ្នឹង ជាពិសេសគឺរឿងផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជាការលើកទឹកចិត្តដល់គ្រូបង្រៀនដែលចុះទៅបង្រៀននៅជនបទ»។
ប្រធានកម្មវិធីអប់រំ នៃអង្គការ Save the Children លោក អ៊ុត សារ៉ង ធ្លាប់ថ្លែងថា ការស្រាវជ្រាវរបស់លោកបង្ហាញថា សិស្សថ្នាក់ទី៣ ចំនួនពី ៣០% ទៅ ៦០% មិនចេះអាន និងសរសេរ។ លោកថា មានកត្តាជាច្រើនដែលនាំឲ្យមានបញ្ហានេះ រួមផ្សំនឹងគ្រូមួយចំនួនបង្រៀនបែបបុរាណដែរ។
ក្រសួងអប់រំ មានគោលនយោបាយផ្តល់ឱកាសឲ្យកុមារគ្រប់រូបទទួលបានសេវាអប់រំបានចូលរៀននៅបឋមសិក្សា មធ្យមសិក្សា ទុតិយភូមិ និងមានឱកាសបន្តការសិក្សាទៅមុខទៀត។ ចំពោះកុមារពុំមានលទ្ធភាពចូលរៀនក្នុងប្រព័ន្ធ ក្រសួងនឹងផ្តល់លទ្ធភាពឲ្យអ្នកទាំងនោះទទួលបានការអប់រំ ការបង្កើនចំនួនកុមារ និងយុវជនឲ្យទទួលបានការអប់រំគ្រប់កម្រិតផ្ដោតលើសមធម៌ តំបន់ និងក្រុមកុមារជួបការលំបាក បង្កើនឱកាសដល់សិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឲ្យទទួលចំណេះដឹង ជំនាញក្នុងការគិត និងហេតុផល ហើយអាចជាមូលដ្ឋានបន្តការសិក្សាទាក់ទិនការបណ្ដុះបណ្ដាលបច្ចេកទេស និងឧត្ដមសិក្សាតទៅទៀត។ កុមារ និងយុវជនគ្រប់រូប ទទួលបានការអប់រំប្រកបដោយគុណភាព ដែលអាចឲ្យពួកគេចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ៕