សាច់ញាតិនៅតែចង់ឲ្យអាជ្ញាធរស្វែងរកមូលហេតុពិតជុំវិញការជាន់គ្នាស្លាប់លើស្ពានកោះពេជ្រ
សាច់ញាតិជនរងគ្រោះមួយចំនួន នៅតែចង់ឲ្យអាជ្ញាធរភ្នំពេញ បើកការស៊ើបអង្កេតដោយយកចិត្តទុកដាក់ ជុំវិញករណីជាន់គ្នាស្លាប់លើស្ពានកោះពេជ្រកាលពី ៦ឆ្នាំមុន ព្រោះពួកគេយល់ថា ការស្លាប់នោះមិនអាចជាឧបទ្ទវហេតុទេ។ ទោះជាយ៉ាងណាក៏ដោយ អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ការស្លាប់លើស្ពាននោះ គឺជារឿងឧបទ្ទវហេតុដដែល។
រយៈពេល ៦ឆ្នាំហើយដែលគេនៅចាំមិនភ្លេចអំពីព្រឹត្តិការណ៍ដ៏រន្ធត់មិនធ្លាប់មាន នៃការជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ។ មកទល់ពេលនេះ សាច់ញាតិជនរងគ្រោះខ្លះហាក់មិនទាន់សះស្បើយក្នុងចិត្ត ក្នុងការបំភ្លេចព្រឹត្តិការណ៍ដ៏សែនសង្វេគនេះបាននៅឡើយទេ ហើយមានសាច់ញាតិជនរងគ្រោះខ្លះទៀតអះអាងថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ ព្រោះអាចមិនមែនជាឧបទ្ទវហេតុដូចអាជ្ញាធរលើកឡើងឡើយ។
នៅកម្មវិធីបុណ្យរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនចំពោះអ្នកស្លាប់លើស្ពានកោះពេជ្រគម្រប់ខួប ៦ឆ្នាំ ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញនៅថ្ងៃទី២២ វិច្ឆិកា ម្ដាយជនរងគ្រោះម្នាក់ក្នុងចំណោមសាច់ញាតិជនរងគ្រោះដទៃទៀត លោកស្រី ម៉េត សុគុណ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានលើកឡើងថា កូនលោកស្រីមានអាយុ ១២ឆ្នាំ គឺបានស្លាប់នៅលើស្ពានកោះពេជ្រ ហើយនៅពេលដែលលោកស្រីធ្វើដំណើរមកស្ពាននេះម្ដងៗ អារម្មណ៍នៅតែនឹកស្រមៃជានិច្ច អំពីព្រឹត្តិការណ៍នឹកស្មានមិនដល់ថាកូនប្រុសតែមួយ ត្រូវស្លាប់ក្នុងមួយពព្រិចភ្នែក៖ «ហាក់បីដូចជាមនុស្សឆ្កួតអ៊ីចឹង! ខ្ញុំគិតអីក៏អត់ចេញ និយាយរួមទៅខ្ញុំបានតែយំម៉ាមុខ។ មានអារម្មណ៍ថាឈឺចាប់សោកស្ដាយ មិនគួរណារឿងហ្នឹងកើតឡើងសម្រាប់គ្រួសារខ្ញុំអ៊ីចឹង»។
លោកស្រីបន្តថា បើសិនជាចង់ឲ្យលោកស្រីឈប់មានមន្ទិលសង្ស័យ និងស្ងប់ចិត្ត ឈប់គិតស្រណោះកូនប្រុស សាលារាជធានីភ្នំពេញគួរតែស្វែងរកពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់លើស្ពានកោះពេជ្រ៖ «និយាយរួមទៅ ស្លាប់នោះ (កូនប្រុសស្លាប់) គឺគេ (អាជ្ញាធរភ្នំពេញ) គិតថាជាឧបទ្ទវហេតុ អត់មានអ្នកណាបកស្រាយឲ្យយើងអស់ចិត្ត អស់មន្ទិលសង្ស័យ»។
ឆ្លើយតបនឹងរឿងនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានត្រឹមអះអាងចំពោះមុខក្រុមសាច់ញាតិជនរងគ្រោះថា វាគឺជាឧបទ្ទវហេតុ ហើយឧបទ្ទវហេតុជាន់គ្នាស្លាប់បែបនេះ នៅប្រទេសផ្សេងក៏មានដែរ វាអត់មានអ្វីចម្លែកឡើយ៖ «លោកអ៊ំបងប្អូនទាំងអស់ ក៏បានឃើញហើយថា ឧបទ្ទវហេតុបែបនេះ (ជាន់គ្នាស្លាប់) សម្រាប់នៅស្រុកគេ គេអត់មានអីជាចម្លែកទេ»។
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជាខួបគម្រប់ ៦ឆ្នាំហើយនៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ យ៉ាងហោចណាស់មនុស្សចំនួន ៣៥៣នាក់ស្លាប់ និង ៣៩៣នាក់រងរបួស ចំថ្ងៃទីបីនៃព្រះរាជពិធីបុណ្យអុំទូក។ ក្រោយពីមានករណីស្លាប់ដ៏ច្រើនមិនធ្លាប់មាននេះ សាលារាជធានីភ្នំពេញ បានសាងសង់ស្តូបមួយនៅកន្លែងកើតហេតុ ដើម្បីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ។ ក្រៅពីនោះ សាលារាជធានីក៏តែងតែរៀបចំពិធីរាប់បាត្រព្រះសង្ឃជារៀងរាល់ឆ្នាំដែរ។
មកទល់ពេលនេះ គ្មានអាជ្ញាធរណាម្នាក់ទទួលខុសត្រូវលើការស្លាប់នេះទេ ក្រៅពីផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះនោះ។
សាច់ញាតិជនរងគ្រោះម្នាក់ទៀតដែលមានកូន ៣នាក់ និងប្រពន្ធស្លាប់នៅលើស្ពានកោះពេជ្រ លោក យស ចាន់សេរី មកពីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលើកឡើងលាយឡំតំណក់ទឹកភ្នែកថា ដើមទ្រូងនៅតែចុកពើតផ្សារ ភ័យរន្ធត់ និងអាល័យដល់កូន និងប្រពន្ធជានិច្ច ហើយជួនកាលដោយសារតែនឹកពេក លោកមិនអាចចងចាំ និងស្ទើរតែភ្លេចអ្វីទាំងអស់នៅជុំវិញខ្លួន។
លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ លោកដឹងត្រឹមតែប្រពន្ធ និងកូនបានស្លាប់នៅស្ពានកោះពេជ្រប៉ុណ្ណោះ ហើយលោកមិនចងចាំថាជាន់គ្នាស្លាប់នោះដែរ៖ «ដឹងដែរ ដឹងថាស្លាប់នៅស្ពានពេជ្រ»។
ចំណែកសាច់ញាតិម្នាក់ទៀតដែលមានប្អូនស្រីស្លាប់ និងជាអ្នកស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់លើស្ពានកោះពេជ្រផ្ទាល់ លោក លឹម ប៉ូលី មកពីអរិយក្សត្រខេត្តកណ្ដាល បានបញ្ជាក់ថា មុនពេលមនុស្សចាប់ផ្ដើមជាន់គ្នា ហើយរើបម្រះខ្លួនមិនចេញ រហូតដល់អ្នកខ្លះស្លាប់ គឺមុនដំបូងមានមនុស្សស្រែកថាឆក់ខ្សែភ្លើងជាដើម ប៉ុន្តែលោកអះអាងថា នៅមុនកើតហេតុបន្តិច ពពកឡើងពណ៌ខ្មៅ និងចង់រកភ្លៀង៖ «ខ្ញុំជាប់នៅទីនោះដែរ អ្នកខ្លះផ្អើលថាឆក់។ ពេលដែលជាប់នោះ មនុស្សដូចជាជ្រួលច្របល់ ប៉ុន្តែមុននឹងកើតហេតុ មេឃឡើងខ្មៅ មេឃរកភ្លៀង និងខ្យល់មក មនុស្សលើស្ពានថាត្រជាក់ស្រួលណាស់ ស្រាប់ផុតពីហ្នឹងទៅ មនុស្សចេះតែណែនទៅៗរហូតដល់មានរឿងស្លាប់អ៊ីចឹងទៅ»។
ទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះផ្ទាល់ និងសាក្សីរូបនេះ មិនហ៊ានបញ្ជាក់បានទេថា តើមូលហេតុអ្វីពិតប្រាកដដែលធ្វើឲ្យមនុស្សស្លាប់លើស្ពានកោះពេជ្រច្រើនបែបនេះ។
ពិធីរាប់បាត្រព្រះសង្ឃជាង ៦០អង្គ ដើម្បីរំឭកការចងចាំទៅដល់អ្នកស្លាប់លើស្ពានកោះពេជ្រ នៅព្រឹកថ្ងៃទី២២ វិច្ឆិកា នេះ គឺមានមនុស្សចូលរួមជាច្រើនរយនាក់ រាប់ទាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងសាច់ញាតិជនរងគ្រោះចំនួន ៩៨គ្រួសារ។ ថ្វីត្បិតតែយ៉ាងណាក៏ដោយ សាច់ញាតិជនរងគ្រោះបានអំពាវនាវឲ្យអាជ្ញាធរក្រុងភ្នំពេញ ធ្វើយ៉ាងណារៀបចំពិធីបុណ្យអុំទូកឆ្នាំក្រោយៗទៀត មិនត្រូវបណ្ដោយឲ្យមានអ្នកស្លាប់ដូចនៅលើស្ពានកោះពេជ្រក្នុងឆ្នាំ២០១០ ឡើយ៕