សាច់ញាតិ និងអ្នកគាំទ្រលោក ឌិន ពុទ្ធី តវ៉ាឲ្យតុលាការខេត្តបន្ទាយមានជ័យ ដោះលែងជនត្រូវចោទនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ RFA/Hum Chamroeun |
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់នៅក្នុងសំណុំរឿងដែលក្រសួងមហាផ្ទៃ អះអាងថាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី បានបើកឡានបុកនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកប៉ោយប៉ែតម្នាក់ឲ្យរងរបួសនោះ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យកោះហៅទៅបំភ្លឺនៅព្រឹកថ្ងៃទី១០ មករា។
ការកោះហៅទៅបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសាក្សីចំនួន ៣នាក់បានដាក់ពាក្យស្នើទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ មករា កន្លងទៅ ដើម្បីចូលបំភ្លឺដោះបន្ទុកពីការចោទប្រកាន់មកលើលោក ឌិន ពុទ្ធី។
សាក្សីម្នាក់ឈ្មោះ អ៊ុន ជីវ័ន្ត ដែលស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់ក្នុងសំណុំរឿងជម្លោះរវាងលោក ឌិន ពុទ្ធី និងនាយរងប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ មករា ថា មន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យ បានទូរស័ព្ទមកប្រាប់ពួកគាត់ទាំង ៣នាក់ ឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងនេះនៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១០ មករា។
លោកអះអាងថា សាក្សីទាំង ៣នាក់នោះរួមមាន រូបលោក លោក ញ៉ែត នាង និងលោក ហ៊ុន សេងអឿន រស់នៅសង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបន្ថែមថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទៅបកស្រាយការពិតនៅចំពោះមុខមន្ត្រីតុលាការដោយមិនលម្អៀងឡើយ។ លោកសង្កត់ធ្ងន់ថា លោក ឌិន ពុទ្ធី មិនបានបើកឡានបុកមន្ត្រីប៉ូលិសអន្តោប្រវេសន៍ឈ្មោះ ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះទេ៖ «បាទ! ខ្ញុំហ៊ានអះអាងរឿងនេះ ព្រោះខ្ញុំបានឈរនៅកន្លែងនោះដែរ ហើយខ្ញុំបានឃើញផ្ទាល់ភ្នែកតែម្ដង។ បាទ ខ្ញុំហ៊ានស្បថចំពោះតុលាការ ថាឡានមិនបានបុកប៉ូលិសឡើយ»។
ទោះជាយ៉ាងនេះក្ដី ប្អូនប្រុសបង្កើតជនត្រូវចោទ លោក ឌិន ធីរិទ្ធ ស្នើឲ្យសាលាដំបូងខេត្តបន្ទាយមានជ័យ ពន្លឿនដោះស្រាយ និងផ្ដល់យុត្តិធម៌ជូនលោក ឌិន ពុទ្ធី ឲ្យបានឆាប់រហ័ស។ លោកសង្កត់ធ្ងន់ថា ប្រសិនបើតុលាការមិនផ្ដល់យុត្តិធម៌ដើម្បីឲ្យលោក ឌិន ពុទ្ធី មានសេរីភាពឡើងវិញទេ គឺសាច់ញាតិ និងអ្នកគាំទ្រលោក ឌិន ពុទ្ធី នឹងដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្ត ដើម្បីតវ៉ាទ្រង់ទ្រាយធំរកយុត្តិធម៌នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងយូរនៅថ្ងៃទី១៧ មករា ខាងមុខ៖ «ដោយសាររឿងនេះមានភាពអយុត្តិធម៌មកលើក្រុមគ្រួសារខ្ញុំ និងភរិយារបស់លោក ឌិន ពុទ្ធី ព្រោះគាត់មិនបានធ្វើអីខុសនោះទេ ហើយអ្នកឃើញហេតុការណ៍ផ្ទាល់ និងអ្នកមើលវីដេអូឃ្លីប ក៏បានដឹងថាដែរ វាជារឿងអយុត្តិធម៌មកលើគាត់តែម្ដង»។
អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៨ មករា។
ប៉ុន្តែកន្លងទៅ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់អះអាងថា ការសន្និដ្ឋានបឋមរបស់តុលាការខេត្តបន្ទាយមានជ័យ រកឃើញថា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ដែលត្រូវបានប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បើករថយន្តបុកឲ្យរងរបួសដួលសន្លប់ គឺជាការពិត។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា ការសន្និដ្ឋាននេះ គឺតុលាការហាក់ធ្វើការស្រាវជ្រាវដោយផ្អែកទៅលើសាក្សីតែម្ខាងយកមកបង្ហាញ ចំណែកសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ជាច្រើននាក់ទៀតដែលចង់ឆ្លើយដោះបន្ទុកឲ្យជនត្រូវចោទនោះ គឺមិនទាន់សាកសួរពួកគាត់នៅឡើយ។ លោកសង្ឃឹមថា សាក្សីទាំង ៣នាក់ដែលចូលបំភ្លឺតុលាការនៅថ្ងៃទី១០ មករា នោះ នឹងឆ្លើយបំភ្លឺជួយដោះបន្ទុកឲ្យលោក ឌិន ពុទ្ធី បាន៖ «ការឃុំខ្លួននេះបានប៉ះពាល់យ៉ាងខ្លាំងមកលើជីវភាពរបស់ក្រុមគ្រួសារលោក ឌិន ពុទ្ធី ព្រោះលោកគ្មានអំណាច ដែលគួរឲ្យភ័យព្រួយក្នុងនីតិវិធីរបស់តុលាការនោះទេ។ អ៊ីចឹងគួរតែឲ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីពិចារណាផ្ដល់យុត្តិធម៌ជូនភាគីទាំងសងខាងជាការប្រសើរជាង»។
លោក ឈាន ពិសិដ្ឋ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងស្រុក រហូតទៅដល់ប្រទេសថៃ ប៉ុន្តែប្រមាណមួយសប្ដាហ៍ក្រោយមក ស្រាប់តែអ្នកលេងហ្វេសប៊ុក (Facebook) នាំគ្នាបង្ហោះឃ្លីបវីដេអូចំនួន ៣ឃ្លីនព្រោងព្រាតបន្តបន្ទាប់គ្នា បង្ហាញអំពីសកម្មភាពលោក ឈាន ពិសិដ្ឋ កំពុងដើរចេញពីផ្ទះសំណាក់មួយកន្លែងនៅប្រទេសថៃ ជាមួយនារីម្នាក់ដែលគេពុំឃើញស្នាមរបួសជើង ឬក នោះឡើយ។ អ្នកដែលបានថតឃ្លីបវីដេអូបង្ហោះកាលពីចុងខែធ្នូ កន្លងទៅ ថែមទាំងចោទសួរថា តើឯណាទៅដែលលោក ឈាន ពិសិដ្ឋ បានរងរបួសក និងជើង ហើយកំពុងសម្រាកព្យាបាលនៅប្រទេសថៃ តែបែរជាអាចដើរដូចមនុស្សធម្មតានៅក្នុងផ្ទះសំណាក់ទៅវិញ?
ការចេញឃ្លីបវីដេអូនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងច្រើន និងបញ្ចេញមតិបន្ថែមថា លោក ឈាន ពិសិដ្ឋ សម្ដែងធ្វើពុតជាដួលសន្លប់ ហើយជារឿងអយុត្តិធម៌សម្រាប់លោក ឌិន ពុទ្ធី ដែលត្រូវបានគេចាប់ខ្លួន។
ពាក់ព័ន្ធការបែកធ្លាយវីដេអូនេះ លោក ស ខេង ធ្លាប់បានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតស្វែងរកអ្នកដែលបញ្ចេញឃ្លីបវីដេអូនេះហើយ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានជំនឿថា តុលាការនឹងកាត់ក្ដីនៅក្នុងសំណុំរឿងនេះ ប្រកបដោយសុក្រឹត និងយុត្តិធម៌ ហើយអាចនឹងផ្ដល់ឲ្យជនត្រូវចោទបាននៅក្រៅឃុំបណ្ដោះអាសន្ននាពេលខាងមុខ៖ «យើងសំណូមពរធ្វើម៉េចសុំឲ្យតុលាការពន្លឿនការស៊ើបអង្កេតឲ្យបានកាន់តែប្រសើរជាងនេះបន្ថែមទៀត ព្រោះរឿងនេះមានមន្ទិលសង្ស័យច្រើនពីមហាជន ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលោក ឌិន ពុទ្ធី។ អ៊ីចឹងទោះបីតុលាការមានសិទ្ធីឃុំខ្លួនបណ្ដោះអាសន្នក៏ដោយ ក៏ប៉ុន្តែបើចុងក្រោយរកមិនឃើញថាជននោះមិនបានប្រព្រឹត្តដូចការចោទប្រកាន់មែន វានាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរមនុស្សជាខ្លាំង»។
កាលពីថ្ងៃទី២៩ ធ្នូ សាច់ញាតិ និងអ្នកគាំទ្រលោក ឌិន ពុទ្ធី បានលើកគ្នាតវ៉ាបិទផ្លូវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទាមទារឲ្យតុលាការដោះលែងជនត្រូវចោទឲ្យមានសេរីភាពឡើងវិញ ព្រោះពួកគាត់យល់ឃើញថា ការឃុំខ្លួនលោក ឌិន ពុទ្ធី ដោយអយុត្តិធម៌។ ម្យ៉ាងវិញទៀត ក្រុមអ្នកតវ៉ាអះអាងថា លោក ឈាន ពិសិដ្ឋ ដួលនៅមុខឡានរបស់លោក ឌិន ពុទ្ធី នោះ គឺមានវីដេអូឃ្លីបឃើញច្បាស់ពីសកម្មភាពដួលនោះដែរ ហើយមានទាំងសាក្សីជាច្រើននាក់អះអាងថា ឡានលោក ឌិន ពុទ្ធី មិនបានបើកបុកលោក ឈាន ពិសិដ្ឋ នោះទេ គឺលោក ឈាន ពិសិដ្ឋ ដួលដោយខ្លួនឯងទៅវិញទេ។
សាច់ញាតិ និងអ្នកគាំទ្រអះអាងថា នៅពេលដែលពួកគាត់តវ៉ាសាជាថ្មីនោះ គឺធ្វើឡើងជាបន្តបន្ទាប់ដូចភ្លៀងរលឹម រហូតទាល់តែតុលាការផ្ដល់យុត្តិធម៌ជូនលោក ឌិន ពុទ្ធី។ ចំណែកលោក ឈាន ពិសិដ្ឋ រហូតមកពេលនេះ ពុំដឹងថាសម្រាកព្យាបាលជំងឺនៅប្រទេសថៃ ឬត្រឡប់មកកម្ពុជា វិញនោះឡើយ៕