Saturday, January 21, 2017

ក្រុម​យុវជន​នឹង​ពិភាក្សា​អំពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ

ក្មេងៗ​កំពុង​លេង​ទឹក​នៅ​ចំណុច​ភូមិ​កោះត្នោត ស្រុក​សំបូរ ខេត្ត​ក្រចេះ ជា​ទី​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​វារីអគ្គិសនី​សំបូរ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៦។  រូបថត​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ



ក្រុម​​យុវជន​នឹង​រៀបចំ​​​​វេទិកា​ពិភាក្សា​អំពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ នៅ​ថ្ងៃ​ទី​២២ ខែ​​មករា។

កិច្ច​ពិភាក្សា​នេះ ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​យុវជន​អំពី​ការ​គ្រប់គ្រង​ទឹក និង​បញ្ហា​ប្រឈម​​​​​​នៃ​​​​​ការ​​​​សាង​​​​សង់​​​​ទំនប់​វារីអគ្គិសនី​​នៅ​​​លើ​​​ដង​​​ទន្លេ តាម​រយៈ​ការ​ជជែក​ដេញដោល​គ្នា​របស់​ក្រុម​​​​យុវជន​​​ដែល​បាន​​ចុះ​​កម្មសិក្សា​​នៅ​តំបន់​​ទំនប់​វារីអគ្គិសនី​កាល​ពី​ពេល​កន្លង​ទៅ។

ប្រធាន​​​បណ្តាញ​​​យុវជន​​​កម្ពុជា​ ​​លោក​ ទឹម ម៉ាឡៃ ឱ្យ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ​​ថា ក្រុម​​យុវជន​នឹង​ជជែក​គ្នា​ជុំវិញ​អ្វី​ដែល​ពួកគេ​បាន​សិក្សា និង​សង្កេត​ឃើញ ដើម្បី​ថ្លឹងថ្លែង​អំពី​​​​​ផល​ប្រយោជន៍ និង​​​ផល​​ប៉ះ​ពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ។

ប្រធាន​​បណ្តាញ​​យុវជន​​កម្ពុជា ​​លោក​ ទឹម ម៉ាឡៃ ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​នេះ ក្រុម​យុវជន​​​នឹង​​យក​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ដែល​យុវជន​បាន​រក​ឃើញ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ទៅ​ដាក់​ជូន​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​កំពុង​ធ្វើ​ការ​លើ​គម្រោង​សាងសង់​ទំនប់​​វារីអគ្គិសនី​នេះ​ដើម្បី​យក​ទៅ​ពិចារណា។

ប្រធាន​អង្គការ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​​លោក​​បារម្ភ​​ខ្លាំង​ចំពោះ​​ការ​​សាងសង់​​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) របស់​ប្រទេស​ឡាវ និង​​មួយ​​ទៀត​គឺ​​ទំនប់​​វារីអគ្គិសនី​​សំបូរ ខេត្ត​ក្រចេះ៕

មន្ត្រី​រដ្ឋាភិបាល​ថា​ពលករ​ខ្មែរ​នៅ​កូរ៉េ​ជួយ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ

គ្រួសារ​របស់​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង អង្គុយ​រង់ចាំ​សាច់ញាតិ​របស់​ខ្លួន​ដែល​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ RFA

 

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ពលករ​ចំណាក​ស្រុក​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​បច្ចុប្បន្ន បាន​ជួយ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​យ៉ាង​ច្រើន។ ទន្ទឹម​នឹង​គ្នា​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ពលករ​ចំណាក​ស្រុក ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​យន្តការ​ច្បាប់​គាំពារ​ពលករ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស ដើម្បី​កាត់​បន្ថយ​ហានិភ័យ និង​ការ​រំលោភ​សិទ្ធិ​ការងារ។ ដោយ​ឡែក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​ការងារ​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​មួយ​ទទួល​ពលករ​ខ្មែរ​ក្នុង​ចំណោម​ពលករ​ពី​ប្រទេស​ដទៃ​ទៀត បាន​ផ្ដល់​ចំណាត់​ថ្នាក់​លេខ​១ ដល់​ពលករ​កម្ពុជា ថា​ជា​ពលករ​មាន​អត្តចរិត​អត់ធ្មត់ តស៊ូ និង​មាន​ភាព​អំណត់​ក្នុង​ការងារ។

មួយ​ឆ្នាំៗ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ផ្ញើ​លុយ​មក​ឲ្យ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា មិន​តិច​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ចំណោម​ពលករ​ជាង ៥​ម៉ឺន​នាក់។

ឯក​អគ្គរាជ​ទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ បាន​ផ្ដល់​សម្ភាសន៍​ពី​ប្រទេស​កូរ៉េ មក​ដោយ​អះអាង​ថា ជា​មធ្យម​ពលករ​ខ្មែរ​ម្នាក់​បាន​ផ្ញើ​លុយ​មក​អ្នក​ផ្ទះ​យ៉ាង​ហោច ៥០០​ដុល្លារ​ក្នុង​មួយ​ខែ។ លោក​ថា នេះ​ជា​ចំនួន​ដ៏​ច្រើន​ដែល​អាច​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​ជួយ​សម្រួល​ដល់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួកគេ។ លោក​ថា ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស មិន​មែន​ជា​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​បម្រើ​ប្រទេស​ជាតិ​គេ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ កម្ពុជា​បាន​ទទួល​ផល​ប្រយោជន៍​ជា​រួម​យ៉ាង​ច្រើន​មក​វិញ៖ «ចាក់​ចូល​ទៅ​ក្នុង​ថវិកា​នៅ​ក្នុង​ស្រុក បង្កើន​ជីវភាព​គ្រួសារ បង្កើត​ជីវភាព​ជួយ​ខ្លួន​គាត់។ ទី​២ ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ធនធាន​មនុស្ស និង​វិជ្ជាជីវៈ​របស់​គាត់»។

លោក​ឯក​អគ្គរាជ​ទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ចំនួន ៥៣.០០០​នាក់ និង​ពលករ​មិន​ស្រប​ច្បាប់​ប្រមាណ​ជា ៣​ពាន់ ទៅ ៤​ពាន់​នាក់​ផ្សេង​ទៀត។ ពួកគេ​ទាំង​នោះ​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សំណង់។ ដោយ​ឡែក ក៏​មាន​ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ ជាង ១​ម៉ឺន​នាក់ និង​និស្សិត ៤០០​នាក់​កំពុង​សិក្សា និង​រស់​នៅ​ប្រទេស​កូរ៉េ។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា ថ្លែង​ថា លោក​មិន​បដិសេធ​ទេ​ថា តាម​រយៈ​ការ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ពិត​ណាស់​កម្ពុជា នឹង​បាន​ទទួល​ចំណូល ប៉ុន្តែ​បើ​គិត​ពី​មួយ​ជ្រុង​ទៅ​ទៀត​នោះ តើ​ពលករ​ខ្មែរ​បាន​ជួយ​អ្វី​ខ្លះ​ទៅ​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ម្ចាស់​ផ្ទះ​ ដែល​ពួកគេ​ទៅ​បម្រើការ​នោះ? លោក​បាន​ឲ្យ​ឧទាហរណ៍​ថា នៅ​ប្រទេស​ថៃ ពលករ​ខ្មែរ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ថៃ រាប់​កោដ្ឋ​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ បើ​សិន​ជា​រដ្ឋាភិបាល​អាច​ផ្ដល់​ជម្រើស​ការងារ​ដែល​ធ្វើ​បាន​នៅ​ក្នុង​ស្រុក ពលករ​ក៏​មិន​ចាំបាច់​ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​ពេល​នោះ សេដ្ឋកិច្ច​ជាតិ​នឹង​ល្អ​ប្រសើរ​ជាង។

លោក មឿន តុលា៖ «យើង​មើល​ឃើញ​ពលករ​ខ្មែរ​យើង និង​ពលរដ្ឋ​ខ្មែរ​យើង​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ហ្នឹង នៅ​ក្នុង​ការងារ​ដែល​គាត់​អាច​ធ្វើ​បាន​នៅ​ក្នុង​ប្រទេស។ ឧទាហរណ៍​ថា នៅ​ថៃ គាត់​ទៅ​ធ្វើ​ការ​នៅ​វិស័យ​កសិកម្ម ទៅ​ដាំ​បន្លែ​ឲ្យ​គេ ទៅ​បេះ​បន្លែ​ផ្លែ​ឈើ ទៅ​មើល​ចម្ការ​ឲ្យ​គេ ។ល។ ហើយ​ទៅ​ធ្វើ​ការ​នៅ​សំណង់។ បើ​សិន​ជា​យើង​ជួយ​ពលរដ្ឋ​យើង ជួយ​កសិករ​ឲ្យ​មាន​របប​នៅ​ក្នុង​ស្រុក​ហ្នឹង ខ្ញុំ​គិត​ថា យើង​ជួយ​សេដ្ឋកិច្ច​ក្នុង​ស្រុក​យើង​ច្រើន​ជាង ជា​ជាង​បញ្ជូន​ពលរដ្ឋ​យើង​ទៅ»។

ប្រភព​ពី​ពលករ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ បាន​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​នេះ អាច​បាន​ប្រាក់​ខែ​ក្នុង​មួយ​ខែ​ពី ៧០០​ដុល្លារ ដល់ ១.៣០០​ដុល្លារ។ ចំណែក​អ្នក​ធ្វើ​ផ្នែក​ឧស្សាហកម្ម​អាច​បាន​ពី ១.៥០០​ដុល្លារ ដល់ ២.៥០០​ដុល្លារ​ក្នុង​មួយ​ខែ។

ពលករ​មួយ​រូប​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ខាង​ផ្នែក​កសិកម្ម គឺ​យុវជន ពៅ មីណា ថ្លែង​ថា គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នេះ​ជាង ៣​ឆ្នាំ​មក​ហើយ។ ជា​រៀងរាល់​មួយ​ខែ ឬ ៣​ខែ​ម្ដង គាត់​តែង​ផ្ញើ​ប្រាក់​ឈ្នួល​មក​ឲ្យ​ម្ដាយ​របស់​គាត់​នៅ​ស្រុក​ខ្មែរ។ លោក​ទទួល​ស្គាល់​ថា ក្រៅ​អំពី​ប្រាក់​ឈ្នួល​ខ្ពស់ កូរ៉េ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ច្រើន ប៉ុន្តែ​ជៀស​មិន​រួច​ពី​ថៅកែ​កេង​ប្រវ័ញ្ច​កម្លាំង​ពលករ​ឡើយ។

លោក​បន្ត​ថា នៅ​ពេល​ជួប​ទុក្ខ​លំបាក​ក្នុង​ការងារ លោក​ពិបាក​នឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ណាស់។ ជាង​នេះ​ទៅ​ទៀត ប្រសិន​ជា​មាន​សហជីព​ក្នុង​រោងចក្រ ឬ​ស្ថាប័ន​ការងារ​នោះ​អាច​នឹង​ជួយ​សម្រួល​ដល់​ពួកគេ​ថែម​ទៀត៖ «ជួយ​ដោះស្រាយ​បញ្ហា ដូច​ជាំ​​ថៅកែ​ធ្វើបាប កេង​កិប​លុយ វាយដំ​អី​ទៅ តេ​ទៅ​គឺ​ក្រសួង ដោះស្រាយ​អត់​ចេញ​ហ្មង តែ​បាន​ពួក​កូរ៉េ ជឿ​ព្រះ​យេស៊ូ​អី​នៅ​ព្រះវិហារ គេ​ខំ​ប្ដឹងផ្ដល់​ឲ្យ​យើង​ជាង​អាច​ឈ្នះ​ក្ដី។ សំណូមពរ​ដាក់​ក្រសួង​ការងារ​ខ្មែរ​មួយ​មក​បាន​ហើយ ព្រោះ​ខ្ញុំ​ទៅ​ដូរ​ការងារ​ម្ដងៗ ពិបាក​ណាស់ អត់​មាន​ខ្មែរ​ទៅ​បក​ប្រែ​ឲ្យ​ទេ ទៅ​ទាំង​ងងឹតងងល់​ហ្មង។ ថៅកែ​ធ្វើ​បាប​ភាគ​ច្រើន​គឺ​ស្រីៗ​ហ្មង»។

ជុំវិញ​ដំណើរ​ការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​កូរ៉េ​នេះ ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា មើល​ឃើញ​ថា ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ មាន​ចំណុច​ល្អ​ត្រង់​ថា ជា​ការ​បញ្ជូន​តាម​រយៈ​ប្រព័ន្ធ​រដ្ឋ​និង​រដ្ឋ ដែល​ជា​ប្រព័ន្ធ​ច្បាស់លាស់ មាន​ការ​ប្រឡង​ភាសា និង​ធ្វើ​តេស្ត​ត្រឹមត្រូវ ដែល​ការ​ធ្វើ​ដូច្នេះ នាំ​ឲ្យ​ហានិភ័យ​នៃ​ការ​កេងប្រវ័ញ្ច ការ​រំលោភ​បំពាន និង​ការ​ធ្វើ​បាប​មាន​កម្រិត​តិចតួច​ជាង​ប្រទេស​ដែល​បញ្ជូន​ពលករ​តាម​ភាគី​ទី​៣ គឺ​មាន​ន័យ​ថា រដ្ឋ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ជា​អ្នក​បញ្ជូន​ទៅ​ប្រទេស​ភាគី​ទី​៣។

លោក មឿន តុលា អះអាង​ថា ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កូរ៉េ ល្អ​ច្រើន សូម្បី​តែ​ប្រាក់​ឈ្នួល​ក៏​បាន​ខ្ពស់ គឺ​នៅ​សេសសល់​ចំណុច​ខ្វះ​ចន្លោះ​តិចតួច​ដែល​គួរ​កែលំអ​ដើម្បី​ជួយ​ឲ្យ​លក្ខខណ្ឌ​ការងារ​នៅ​ទីនោះ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត ដូចជា​ពលករ​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​សហជីព។

លោក​ថា សង្គម​ស៊ីវិល​កំពុង​ធ្វើការ​ជាមួយ​សហជីព​នៅ​ប្រទេស​កូរ៉េ ដើម្បី​ឆ្លើយ​តប​ពី​សិទ្ធិ​ដែល​ថា កម្មករ ពលករ​ចំណាក​ស្រុក​ត្រូវ​មាន​សិទ្ធិ​ចូល​រួម​សហជីព​ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ក្នុង​ការ​ចរចា​ជាមួយ​ថៅកែ​ពាក់ព័ន្ធ​នឹង​ម៉ោង​ធ្វើការ និង​ប្រាក់​ឈ្នួល​របស់​ពួកគេ៖ «សិទ្ធិ​ក្នុង​ការ​ចូល​រួម​សហជីព​នៅ​ក្នុង MOU ហ្នឹង ហើយ​នៅ​ក្នុង​កិច្ច​សន្យា​ជាមួយ​ជន​អន្តោប្រវេសន្ត​របស់​គេ​ហ្នឹង ពលករ​ចំណាក​ស្រុក គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​សហជីព​ទេ កន្លែង​ហ្នឹង​ដែល​ខាង​សហជីព​គេ​កំពុង​តែ​តស៊ូ​មតិ​ដើម្បី​ទាមទារ​សិទ្ធិ។ នៅ​កូរ៉េ​ខាង​ត្បូង​នេះ សហជីព​នៅ​កូរ៉េ​ខ្លាំង​ដែរ សហជីព​គេ​មិន​ដូច​នៅ​ម៉ាឡេស៊ី នៅ​ថៃ អី​ទេ។ ទោះ​បី​ជា​ច្បាប់​ហាមឃាត់​ក៏​ដោយ មាន​ពេល​ខ្លះ​ក៏​សហជីព​អាច​ជួយ​បាន​ដែរ អ៊ីចឹង​បាន​ជា​ចេះ​តែ​ព្យាយាម​ភ្ជាប់ (Connect) សហជីព​នៅ​កូរ៉េ​ហ្នឹង​ទៅ។ ពេល​ខ្លះ​ក៏​យើង​ពឹង​ឲ្យ​គេ​ជួយ​ទៅ ពួក​ហ្នឹង​ក៏​អាច​ជួយ​បាន​ខ្លះ​ដែរ។ ឥឡូវ​គេ​កំពុង​តែ​ទម្លុះ​ឧបសគ្គ​មួយ​ដែល​ហាម​ឃាត់​ពលករ​ចំណាក​ស្រុក​ក្នុង​ការ​ចូលរួម​សហជីព​ហ្នឹង»។

តែ​ទោះ​ជា​យ៉ាង​ណា ដំណើរ​ការ​នៃ​ការ​តស៊ូ​មតិ​ឲ្យ​អាច​បង្កើត​សហជីព​ក្នុង​រោងចក្រ​នោះ ឯក​អគ្គរាជ​ទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ យល់​ឃើញ​ថា ការ​ទាមទារ​ខ្លះ អាច​នាំ​ឲ្យ​កូរ៉េ​អាច​នឹង​កាត់​កូតា​ក្នុង​ការ​ផ្ដល់​ពលករ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ ដែល​ឆ្នាំ​២០១៧ នេះ មាន​ពលករ​ឡាវ ទើប​បាន​បញ្ចូល​ទៀត។ លោក​ថា កម្ពុជា​នៅ​ឆ្នាំ​២០១៦ មាន​កូតា​ជិត ១​ម៉ឺន​នាក់ ដែល​លោក​បារម្ភ​ថា នៅ​ឆ្នាំ​២០១៧ កម្ពុជា​អាច​ធ្លាក់​កូតា​ក្រោម ៩​ពាន់​នាក់ ដោយសារ​មាន​ពលករ​បរទេស​ប្រទេស​ថ្មីៗ​ទៀត​ចូល​មក។

ក្រៅ​អំពី​បាន​ចំណូល​ខ្ពស់ លោក​មាន​មោទនភាព​ថា ក្នុង​ចំណោម​ពលករ​ពី​ប្រទេស​ចំនួន​១៥ ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​ការងារ​កូរ៉េ បាន​ចាត់​ទុក​ពលករ​កម្ពុជា ជា​ពលករ​លេខ​១ ដែល​ថៅកែ និង​មេការ​រោងចក្រ​ជា​ទូទៅ គេ​ចូល​ចិត្ត​ពលករ​កម្ពុជា ទាំង​អត្តចរិត ការ​អត់ធ្មត់ តស៊ូ និង​មាន​ភាព​អំណត់​ក្នុង​ការងារ៖ «មាន​ការ​អី ជួយ​ជំរុញ​គ្នា​ជាមួយ​ស្ថានទូត​មក ដើម្បី​ជួយ​ជីវភាព និង​ជួយ​បញ្ហា​របស់​ពលករ​កើត​ឡើង សុំ​ធ្វើ​បែប​ហ្នឹង»។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ឲ្យ​ដឹង​កាល​ពី​ចុង​ឆ្នាំ​២០១៦ ថា ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​បរទេស​មាន ១,១​លាន​នាក់ ក្នុង​នោះ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ច្រើន​ជាង​គេ​មាន​ប្រមាណ ១​លាន​នាក់ បន្ទាប់​មក​គឺ​នៅ​កូរ៉េ និង​នៅ​ម៉ាឡេស៊ី ជប៉ុន និង​ប្រទេស​សិង្ហបុរី។

នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៦ របស់​ក្រសួង​ការងារ លោក អ៊ិត សំហេង អះអាង​ថា នៅ​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ ជា​ការ​ប៉ាន់​ប្រមាណ​ដោយ​សុទិដ្ឋិនិយម មិន​ខ្ពស់​ពេក មិន​ទាប​ពេក ចំណូល​ដែល​ពលករ​បាន​សន្សំ​ពី​ការងារ​ហើយ​ផ្ញើ​មក​ប្រទេស​វិញ ផ្ញើ​មក​ក្រុម​គ្រួសារ​សរុប​ទៅ​ប្រហែល​ជា​ជាង ១​ពាន់​លាន​ដុល្លារ៕

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ស្នើ​អាជ្ញាធរ​ដោះស្រាយ​សំណង​សែន​ព្រេន​ដី​ខ្ទម​អ្នក​តា

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បង្ហាញ​ទីតាំង​ខ្ទម​អ្នកតា​ដែល​មន្ត្រី​សាលា​ស្រុក​ឈូស​ឆាយ​យក​ដី​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦

 

សហគមន៍​ព្នង​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​សមស្រប​ទាក់ទិន​ការ​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​ទួល​អ្នក​តា ទីសក្ការៈ​របស់​សហគមន៍​នៅ​ឡើយ។ អ្នក​ភូមិ​បដិសេធ​ការ​សម្របសម្រួល​ផ្ដល់​សំណង​សែន​ព្រេន​ដែល​អាជ្ញាធរ​ភូមិ ឃុំ​សម្រេច​​ដោយ​គ្មាន​ការ​ចូល​រួម​ពី​តំណាង​សហគមន៍។

តំណាង​សហគមន៍​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​សំណង​សែនព្រេន​ជំនឿ​ប្រពៃណី​ពាក់ព័ន្ធ​មន្ត្រី​អាជ្ញាធរ​ស្រុក​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​ខ្ទម​អ្នក​តា​សហគមន៍។

ប្រធាន​សហគមន៍ លោក ព្យាន ច្រែន បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ថា សហគមន៍​បដិសេធ​មិន​ទទួល​​យក​ការ​សម្របសម្រួល​រៀបចំ​ឡើង​ដោយ​មន្ត្រី​ភូមិ​ឃុំ​ទេ ពីព្រោះ​មិន​មាន​វត្តមាន​តំណាង​សហគមន៍​ និង​ចាស់​ទុំ​ចូលរួម​សម្រេច។ លោក​កត់សំគាល់​ថា ស្ត្រីៗ​ជា​សមាជិក​សហគមន៍​ប្រមាណ ១០​នាក់​ត្រូវ​​បាន​អាជ្ញាធរ​អញ្ជើញ​ចូល​រួម​សម្របសម្រួល​ទទួល​ប្រាក់​សំណង ក៏​ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​បដិសេធ​​មិន​ទទួល​យក​ដំណោះស្រាយ​នោះ​ទេ៖ «មក​ពី​ភ្នំពេញ ដល់​ផ្ទះ​កូន​ខ្ញុំ​ប្រាប់​ថា គេ​ដោះស្រាយ​ឲ្យ ១០០ ​កាល​នោះ​ខ្ញុំ​ទារ ២​ពាន់​ដុល្លារ ខ្ញុំ​ថា​អត់​​ចង់​ទេ យើង​អត់​ព្រម​ទេ ប្រាក់​ផាក​ពិន័យ​ផ្សេង សែន​ព្រេន​ផ្សេង»។

​សហគមន៍​ភូមិ​ពូត្រែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បាន​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​សាលា​ស្រុក​អូររាំង លោក ខៀវ ព្រិល ពី​បទ​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​សក្ការៈ​សហគមន៍ និង​ទាមទារ​សំណង​សែន​ព្រេន ២​ពាន់​ដុល្លារ។ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៦ មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ បាន​សម្របសម្រួល​ឲ្យ​ភាគី​ចុង​ចោទ​ផ្ដល់​សំណង​សែនព្រេន​ខ្ទម​អ្នក​តា​ជា​ប្រាក់ ១០០​ដុល្លារ ក៏​ប៉ុន្តែ​ចាស់​ទុំ និង​តំណាង​​សហគមន៍​មិន​យល់​ស្រប។

ប្រធាន​ភូមិ​ពូត្រែង លោក ប្លង់ សេង បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​សហគមន៍​បដិសេធ​នោះ​មក ដំណោះ​ស្រាយ​ការ​តវ៉ា​របស់​សហគមន៍​អូស​បន្លាយ​រហូត​បច្ចុប្បន្ន ដោយសារ​តែ​ភាគី​ទាំង​ពីរ​មិន​បាន​​ជួប​ដោះស្រាយ​គ្នា​បន្ត​ឡើយ។ លោក​ថា អាជ្ញាធរ​ភូមិ​ឃុំ និង​រៀបចំ​គម្រោង​ជួបជុំ​គ្នា​នេះ​ជា​ថ្មី ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ឡើង​វិញ៖ «ចាស់​ទុំ​បន្ទោស​គ្នា​គេ​ទៀត​ថា ដោះស្រាយ​តែ​ម្នាក់​គាត់​ថា​ឲ្យ ១០០ បើ​ត្រឹម ៥០០​អត់​ស្អី​ទេ ចាំ​​ជួយ​ដោះស្រាយ​ក្រោយ​ទៀត»។

​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ សហគមន៍​ពូត្រែង ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​រារាំង​គ្រឿងចក្រ​របស់​មន្ត្រី​សាលា​ស្រុក​ដែល​ព្យាយាម​ឈូស​ឆាយ​ដី​បំពាន​លើ​ដី​តំបន់​ខ្ទម​អ្នក​តា​សហគមន៍​មាន​ទំហំ​ប្រមាណ​កន្លះ​ហិកតារ​នៅ​លើ​ដី​ទួល​នៃ​តំបន់​ភ្នំ ឋិត​នៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​​ពី​ភូមិ​ពូត្រែង។

អភិបាល​ស្រុក​អូររាំង លោក ឆេង ទុនណារី បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​សម្របសម្រួល​សង​សំណង​សែនព្រេន​នេះ​ជូន​សហគមន៍​ឲ្យ​បាន​សមស្រប ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​លទ្ធផល​នៃ​ការ​សម្របសម្រួល​នោះ​ទេ។

លោក​ថា ប្រសិន​សហគមន៍​មិន​យល់​​ស្រប​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ភូមិ​ឃុំ អាជ្ញាធរ​ស្រុក​នឹង​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួបជុំ​ដោះស្រាយ​​បញ្ហា​នេះ​ជា​ថ្មី​ទៀត៖ «កន្លង​ទៅ​ខ្ញុំ​បាន​ទុក​ពេល​ឲ្យ​គាត់​ជជែក​គ្នា​ដោយសារ​បង​ប្អូន​ដែល​ទាមទារ​អត់​ទាន់​សម្រេច​ថា ត្រូវ​ទាមទារ​យ៉ាង​ម៉េច»។

​ជំនឿ​របស់​ជនជាតិ​ព្នង ភូមិ​ពូត្រែង រៀង​រាល់​ឆ្នាំ​ពួកគេ​តែង​រួម​គ្នា​រៀបចំ​កាប់​ជ្រូក​មួយ​ក្បាល ស្ងោរ​មាន់ និង​ស្រា ពាង​តាម​ក្រុម​គ្រួសារ​នីមួយៗ យក​មក​សែន​ខ្ទម អ្នក​តា​ដែល​មាន​ឈ្មោះ​ថា អ្នក​តា​ឡាវអន់យើ ឬ​អ្នកតា​​ត្រពាំងតាយើ ដែល​អ្នក​ភូមិ​ជឿ​ថា បារមី​អ្នក​តា​នេះ​ជួយ​ឲ្យ​អ្នក​ភូមិ​ទទួល​បាន​ភោគផល​កសិកម្ម​ល្អ ចៀស​ផុត​បាតុភូត​រន្ទះ​បាញ់ ងាប់​គោ ក្របី និង​ស្លាប់​អ្នក​ភូមិ ឬ​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ​​រាតត្បាត​ក្នុង​ភូមិ ពិសេស​គឺ​ការពារ​សត្វ​ឃ្មុំ និង​គ្រោះថ្នាក់ ខណៈ​អ្នក​ភូមិ​ស្វែង​រក​ឃ្មុំ​ក្នុង​ព្រៃ​ជា​​មុខ​របរ។

តំណាង​សហគមន៍​បញ្ជាក់​ថា អ្នក​ភូមិ​នឹង​យល់​ព្រម​សម្របសម្រួល ប្រសិន​អ្នក​ឈូស​ឆាយ​ដី​សង​សំណង​សែនព្រេន​ជា​ប្រាក់ ២​លាន​រៀល និង​ជ្រូក​​​មួយ​ក្បាល មាន់​១ និង​ស្រា​ពីរ​ពាង៕

ក្រសួង​ព្រម​ស្រាវជ្រាវ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​​អត្តសញ្ញាណប័ណ្ណ​តាម​សំណើ​គ.ជ.ប


ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នៅ​ឃុំ​រកាអារ ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ខែ​សីហា ២០១៥។  RFA/Saut Sokprathna



ក្រសួង​មហាផ្ទៃ យល់​ព្រម​ចុះ​សិក្សា​ដល់​ទីតាំង​ផ្ទាល់​ដើម្បី​ស្រាវជ្រាវ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តប​តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ចំណែក​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាដើម​បណ្ដឹង​ទាមទារ​ឲ្យ​មាន​ការ​សើរើ​នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ស្វាគមន៍​ចំពោះ​ចំណាត់​ការ​នេះ ប៉ុន្តែ​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ត្រូវ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​គ្រប់​ករណី​ដល់​ទី​តាំង​ពិត។

ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ចំនួន ១៧៩ ដែល​ដើម​បណ្ដឹង​ប្ដឹង​មក គ.ជ.ប ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ជា​ជនបរទេស ឬ​ជា​ជនជាតិ​វៀតណាម ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ មិន​ត្រឹមត្រូវ​តាម​ច្បាប់ រហូត​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ ជា​លទ្ធផល ក្រសួង​មហាផ្ទៃ សម្រេច​ស្រាវជ្រាវ​ទៅ​ដល់​មូលដ្ឋាន​លើ​អត្តសញ្ញាណប័ណ្ណ​ចំនួន ២៧។

​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត អ្នកស្រី ម៉េង សុធារី ដែល​អ្នកស្រី​ជា​តំណាង​ឲ្យ​ដើម​បណ្ដឹង​មួយ​ចំនួន​ក្នុង​សំណុំរឿង​ប្ដឹង​ទៅ គ.ជ.ប យល់​ថា ការ​ឆ្លើយ​តប​របស់​ក្រសួង​មហាផ្ទៃ បែប​នេះ មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ដោយ​អ្នកស្រី​ទាមទារ​ស៊ើប​អង្កេត​ឈ្មោះ​ចំនួន ១៧៩ ដល់​ទី​កន្លែង​ទាំង​អស់។ ជាង​នេះ​ទៅ​ទៀត អ្នកស្រី​ទាមទារ​ក្រសួង​មហាផ្ទៃ មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ផ្ដល់​ឯកសារ និង​អត្តសញ្ញាណប័ណ្ណ មិន​ត្រឹមត្រូវ​ដល់​ជនជាតិ​វៀតណាម៖ «»។

​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ស៊ិក ប៊ុនហុក ចុះ​ថ្ងៃ​ទី​២០ ខែ​មករា ឲ្យ​ដឹង​ថា សំណុំរឿង​ទាំង​៧ ដែល​ត្រូវ​ស្នើ​ឲ្យ​លុប​ឈ្មោះ​ចំនួន ១៧៩ នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ហើយ​ត្រូវ​បាន គ.ជ.ប ផ្ញើ​ទៅ​ក្រសួង​ឲ្យ​ស្រាវជ្រាវ​នោះ រក​ឃើញ​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ១៥២ ជា​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ត្រឹមត្រូវ និង​មាន​ទិន្នន័យ​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​មេ (Sever) របស់​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ រី​ឯ​អត្តសញ្ញាណប័ណ្ណ​ចំនួន ២០​ទៀត ជា​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់ គ្មាន​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង និង​រក្សា​ទុក​ក្នុង​ទិន្នន័យ ដូច្នេះ​តម្រូវ​ឲ្យ​មាន​ពេល​វេលា​សមស្រប និង​មន្ត្រី​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង។ ចំណែក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ចំនួន ៧ តម្រូវ​ឲ្យ​មាន​ពេលវេលា​សមស្រប និង​មន្ត្រី​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​ផ្ទាល់។

​លិខិត​របស់​លោក ស ខេង ដដែល​មិន​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់លាស់​នៃ​ការ​ស្រាវជ្រាវ​នេះ​នៅ​ឡើយ​ទេ។ អាស៊ីសេរី មិន​ទាន់​អាច​សុំ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មករា។

ចំណែក​សមាជិក គ.ជ.ប លោក មាន សទិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ អាច​ដឹង​នៅ​ចុង​ឆ្នាំ​២០១៧។ លោក​ដឹង​ដែរ​ថា ក្នុង​បញ្ជី​ឈ្មោះ​ដែល គ.ជ.ប បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ ក្នុង​ករណី​ក្រសួង​រក​មិន​ទាន់​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ គ.ជ.ប នៅ​តែ​រក្សា​ឈ្មោះ​ទាំង​នោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដដែល។

ចំណែក​អ្នក​នាំ​ពាក្យ គ.ជ.ប  លោក ហង្ស ពុទ្ធា យល់​ថា ការ​ឆ្លើយ​តប​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ អាច​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​ការងារ គ.ជ.ប ទាក់ទង​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​មហាផ្ទៃ។

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ដែរ​ថា គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​មករា គ.ជ.ប ទទួល​បាន​បណ្ដឹង​ចំនួន ២១៣ ដែល​ស្នើ​លុប​ឈ្មោះ​មនុស្ស​ជាង ២.០០០​នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​ចោទ​ប្រកាន់​ថា ជា​ជនបរទេស ឬ​ជា​ជនជាតិ​វៀតណាម៖ «»។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ទទួល​ពាក្យ​បណ្ដឹង​របស់ ពលរដ្ឋ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​មករា ដំណាល​គ្នា​នឹង​ទទួល​ពាក្យ​បណ្ដឹង​នេះ គ.ជ.ប ក៏​ដោះស្រាយ​ពាក្យ​បណ្ដឹង​ជា​ហូរហែ​ដែរ ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ស្ថាប័ន​បោះឆ្នោត​មួយ​នេះ​នឹង​បញ្ចប់​ការ​ស្រាយ​ពាក្យ​របស់​ខ្លួន។ តាម​រយៈ​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​កន្លង​មក ដើម​បណ្ដឹង​ដែល​ជា​ពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង គ.ជ.ប ឲ្យ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​បោះឆ្នោត​ដំបូង ដោយ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ពាក់ព័ន្ធ មិន​ត្រឹមត្រូវ​តាម​ច្បាប់៕

សង្គម​ស៊ីវិល​និង​ជន​ពិការ​ស្នើ​​សាលា​រាជធានី​ផ្ដល់​ទីតាំង​ជន​ពិការ​ប្រគំ​តន្ត្រី​ឲ្យ​បាន​ច្រើន​កន្លែង


ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ស្តុប​អាងទឹក​អូឡាំពិក នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។  RFA/Um Raingsy


សាលា​រាជធានី​ភ្នំពេញ បាន​ផ្ដល់​ទីតាំង​គ្រោង​រៀបចំ​ឆាក​ចំនួន ៣​កន្លែង ឲ្យ​ជន​ពិការ​ប្រគំ​តន្ត្រី ដើម្បី​បញ្ចប់​ការ​ច្រៀង​នៅ​តាម​ទី​សាធារណៈ​នានា ក្នុង​រាជធានី​ភ្នំពេញ។ ជុំវិញ​ការ​ផ្ដល់​ទីតាំង​នេះ ក្រុម​ជន​ពិការ​មួយ​ចំនួន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ​នៅ​តែ​ក្ដី​ព្រួយ​បារម្ភ​ខ្លះ។

សង្គម​ស៊ីវិល​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ជន​ពិការ និង​ជន​ពិការ ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ផ្ដល់​ទីតាំង​ឲ្យ​ជន​ពិការ​ប្រគំ​តន្ត្រី​ចំនួន ៥​ទីតាំង ឬ​ច្រើន​ជាង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ប្រទាញប្រទង់។

សមាជិក​ក្រុម​តន្ត្រី​ក្ដី​សង្ឃឹម​ថ្មី​នៃ​ជន​ពិការ លោក ឡុង ប៊ុនរ័ត្ន ថ្លែង​ថា លោក​សប្បាយ​ចិត្ត​ដែល​សាលា​រាជធានី​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ទីកន្លែង​ប្រគំ​តន្ត្រី​ចំនួន​៣ សម្រាប់​ជន​ពិការ ៥​ក្រុម។ លោក​បន្ត​ថា ការ​ផ្ដល់​ទីតាំង​ឲ្យ​ពួកគាត់​ប្រគំ​តន្ត្រី​តែ ៣​ទីតាំង​ដូច្នេះ គឺ​មាន​ការ​ពិបាក​ចំពោះ​បែង​ចែក​ផល​លាភ ដោយសារ​ពួកគាត់​ក្នុង​មួយ​ក្រុមៗ​មាន​ចំនួន​ច្រើន។ លោក​បារម្ភ​ទៀត​ថា តើ​ការ​ចែក​វេន​គ្នា ឬ​ដាក់​កាលវិភាគ​ប្រគំ​យ៉ាង​ដូចម្ដេច៖ «»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​បើក​កិច្ច​ប្រជុំ​មួយ​ ជាមួយ​ជន​ពិការ​ដែល​ច្រៀង​តាម​ទី​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ​ទីតាំង និង​រៀបចំ​ឆាក​ជូន​ពួកគាត់​ឲ្យ​បាន​សមស្រប។

លោក ប៉ា សុជាតិវង្ស បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា អង្គ​ប្រជុំ​បាន​សម្រេច​ចំនួន ៣​ចំណុច ទី​១ ឯកភាព​បញ្ចប់​ការ​ច្រៀង​តាម​ទី​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ជំនួស​វិញ​នូវ​ការ​ច្រៀង​តាម​ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ជូន​ចំនួន ៣​ទីតាំង ដែល​មាន​រមណីយដ្ឋាន​វត្តភ្នំ សួន​អតីត​ទីលាន​ប្រជាធិបតេយ្យ និង​សួន​ច្បារ​មុខ​វត្ត​បទុមវតី។ ទី​២ មន្ទីរ​សង្គមកិច្ច​រាជធានី ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ជន​ពិការ និង​ទី​៣ មន្ទីរ​សង្គមកិច្ច ត្រូវ​ជួប​ជាមួយ​ជន​ពិការ ស្វែង​យល់​អំពី​សមត្ថភាព​ចំណេះ​ជំនាញ​ដើម្បី​មាន​លទ្ធភាព​ផ្ដល់​ការងារ​ជូន​ពួកគាត់។

ជន​ពិការ​ច្រៀង​តាម​ទី​សាធារណៈ​បច្ចុប្បន្ន​មាន ២១​ក្រុម សរុប​ចំនួន ១៩៤​នាក់ ដោយ​បាន​បែងចែក​ជា​ក្រុម​ប្រគំ​តន្ត្រី​ជា ៥​ក្រុម។

ទាក់ទង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មើល​ឃើញ​ថា ទីតាំង​ទាំង​៣ ដែល​សាលា​រាជធានី​រៀបចំ​ឲ្យ​នៅ​មាន​បញ្ហា​ខ្លះ ជាង​នេះ​ទៅ​ទៀត លោក​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​អនុវត្ត​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា នឹង​ឧបត្ថម្ភ​ឲ្យ​ជន​ពិការ​ទាំង​ឧបករណ៍​តន្ត្រី រថយន្ត និង​ស្បៀង​អាហារ​ជា​ជំនួយ​ផ្សេងៗ​ទៀត ទើប​អាច​បញ្ចប់​ការ​ច្រៀង​តាម​ទី​សាធារណៈ​របស់​ជន​ពិការ​បាន ពីព្រោះ​ពួកគាត់​ប្រកប​របរ​នេះ​សម្រាប់​តែ​ក្រពះ៖ «»។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ថ្លែង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ដោយ​ផ្ដល់​ទីតាំង ៣​សិន ហើយ​២ ទីតាំង​ដែល​សុំ​បន្ថែម​ទៀត​នោះ​សាលា​រាជធានី​នឹង​ពិចារណា​នៅ​ពេល​ក្រោយ។ លោក​មិន​ទាន់​អាច​កំណត់​ពេល​វេលា​ថា នឹង​ដំណើរ​ការ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ ពីព្រោះ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ដែល​សាលា​រាជធានី​ត្រូវ​ធ្វើ​ដូច​ជា​ការ​រៀបចំ​ឆាក ឧបករណ៍​តន្ត្រី និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​ជន​ពិការ នឹង​ត្រូវ​ឧបត្ថម្ភ​ប្រចាំ​ខែ​ក្នុង​មួយ​ក្រុម ១​លាន​រៀល។

មួយ​សប្ដាហ៍​ក្រោយ ​សាលា​រាជធានី​នឹង​ជួប​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ជន​ពិការ ដើម្បី​ជជែក​លើ​កិច្ចការ​លំអិត​ផ្សេង​ទៀត ក្រោយ​ពី​ការ​កំណត់​ទីតាំង​រួច​នេះ៕

អ្នក​ភូមិ​នៅ​​ស្ទឹងត្រែង​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​ដើម្បី​អភិរក្ស​ជីវចម្រុះ​នៅ​ទន្លេ​


ទិដ្ឋភាព​រមណីយដ្ឋាន​អេកូទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ ស្ថិត​ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr


ពលរដ្ឋ​រស់​នៅ​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ស្នើ​សុំ​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ។ ការ​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ ប្រយោជន៍​គាំពារ​បរិស្ថាន​ធម្មជាតិ និង​ទាញ​យក​ប្រយោជន៍​ពី​ទេសភាព​ធនធាន​ធម្មជាតិ​មក​បម្រើ​វិស័យ​ទេសចរណ៍ ដែល​ជា​ផ្នែក​មួយ​រួម​ចំណែក​ការពារ​ប្រព័ន្ធ​ជីវចម្រុះ​ទន្លេ​មេគង្គ និង​បង្កើន​ការងារ​ដល់​សហគមន៍។

តើ​នៅ​តំបន់​នោះ​មាន​សក្ដានុពល​ធម្មជាតិ​អ្វី​ខ្លះ បាន​ជា​ពលរដ្ឋ​រួម​គ្នា​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ?

​តំបន់​ទេសចរណ៍​ធម្មជាតិ នៅ​តាម​ដង​ទន្លេ​មេគង្គ​មាន​លក្ខណៈ​ខុសប្លែក​ពី​តំបន់​ផ្សេងៗ កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ សក្ដានុពល​ធម្មជាតិ​នៅ​តំបន់​នោះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផ្ដួចផ្ដើម​ស្នើ​សុំ​បង្កើត​សហគមន៍​ទេសចរ​ឈ្មោះ "សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ"។ អ្នក​ភូមិ​បាន​រៃ​អង្គាស​ប្រាក់​គ្នា សាងសង់​ផ្ទះ​ទឹក ទិញ​ទូក​ដឹក​ជញ្ជូន​ភ្ញៀវ  និង​សម្ភារៈ​ផ្សេងៗ​ដែល​បម្រើ​ឲ្យ​ភ្ញៀវ​ទេសចរ។

សមាជិក​សហគមន៍ លោក ប៉ាល់ សុវណ្ណារ៉ា ឲ្យ​ដឹង​ថា គោលបំណង​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ រួម​គ្នា​ថែរក្សា​អន្លង់​អភិរក្ស​ថ្មបាំង ឬ​អភិរក្ស​ជលផល ទប់ស្កាត់​បទល្មើស​នេសាទ ថែរក្សា​តំបន់​រ៉ាំសា និង​អភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ។ លោក​បន្ត​ថា លក្ខណៈ​ពិសេស​នៅ​រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ គឺ​មាន​រុក្ខជាតិ​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក​រំលេច​ឫស​ឈើ​ស្រស់​ស្អាត អម​ដោយ​ឆ្នេរ​ខ្សាច់​ធម្មជាតិ និង​មាន​ទឹក​ទន្លេ​មេគង្គ​ហូរ​ថ្លា​ឆ្វេង។ ក្រៅ​ពី​នេះ សហគមន៍​បាន​ត្រៀម​លក្ខណៈ​ស្វាគមន៍​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវទេសចរ ដូចជា​មាន​កាណូត និង​ទូក លក់​ម្ហូប​អាហារ​ជាដើម៖ «គឺ​ថា​យើង​មិន​ឲ្យ​គេ​មក​ឆក់ ឬ​មួយ​គប់​គ្រាប់បែក​ទេ។ គោលបំណង​របស់​យើង​គឺ​យើង​ថែរក្សា​កន្លែង​ហ្នឹង។ ចង់​ធ្វើ​ឲ្យ​ប្រជាជន​យើង​មាន​មុខ​របរ មាន​ការងារ​ធ្វើ ហើយ​តម្លៃ​សមរម្យ​បំផុត​គឺ​នៅ​ទី​នេះ»។

​ប្រធាន​សហគមន៍ លោក ហ្វយ ប៊ុនវី កត់សម្គាល់​ថា នៅ​តំបន់​នោះ​សំបូរ​ដោយ​បទល្មើស​នេសាទ​ច្រើន លំបាក​នឹង​ទប់ស្កាត់​ទើប​អ្នក​ភូមិ​មូល​មតិ​គ្នា​បង្កើត​សហគមន៍​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​នោះ និង​ការពារ​សត្វ​ស្វា​ជាង ២០​ក្បាល​ដែល​កំពុង​រស់​នៅ​លើ​កោះ​នោះ។ ក្រៅ​ពី​នេះ ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​នៅ​ដើម​ខែ​មីនា រហូត​ដល់​ខែ​វិច្ឆិកា មាន​សត្វ​ក្អែក​ទឹក និង​សត្វ​ស្មោញ បាន​មក​រស់​នៅ​តំបន់​នោះ​រាប់​ម៉ឺន​ក្បាល។

លោក​រំពឹង​ថា ការ​បង្កើត​អេកូ​ទេសចរណ៍​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​អភិរក្ស​ធនធាន​ធម្មជាតិ​កាន់​តែ​ប្រសើរ​ជាង​មុន៖ «ទី​មួយ​ខ្ញុំ​ចង់​ឲ្យ​មាន​ការងារ​ធ្វើ​នៅ​ហ្នឹង​ទៅ​កុំ​ឲ្យ​វា​ដើរ​សេព​គ្រឿង​ញៀន​ដើរ​លេង​បន​ល្បែង​ពាលាអាវ៉ាសែ។ ខ្ញុំ​ចង់​ឲ្យ​ប្អូនៗ​ដឹង​អំពី​អភិរក្ស​សត្វព្រៃ និង​តំបន់​រ៉ាំសា របស់​យើង​ហ្នឹង កុំ​ឲ្យ​មាន​ជន​ខិលខូច​មក​កាប់ យើង​ថែរក្សា​ដើម្បី​ត​ទៅ​អនាគត​កូន​ចៅ​យើង​ជំនាន់​ក្រោយ»។

ទិដ្ឋភាព​រមណីយដ្ឋាន​អេកូទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ ស្ថិត​ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr 

រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ ឋិត​នៅ​ផ្នែក​មួយ​ដៃ​កោះ​ហាន នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ឋិត​នៅ​ទិស​ខាង​ជើង​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង ៣០​គីឡូម៉ែត្រ។ តំបន់​នោះ​ជា​តំបន់​រ៉ាំសា មាន​ដើម​ឈើ​ច្រើន​ប្រភេទ​ដុះ​បញ្ចេញ​ឫស​ខែ​ប្រាំង ដូច​ជា​ដើម​កញ្ច្រែង ដើម​រាំង និង​ដើម​ពោធិ៍ ជាដើម។ រុក្ខជាតិ​ទាំង​នោះ​ជា​ជម្រក​សត្វ​ត្រី​ពង​កូន និង​កន្លែង​អភិរក្ស​ជីវចម្រុះ​ធម្មជាតិ​របស់​សហគមន៍។

ពលរដ្ឋ​រស់​នៅ​ភូមិ​ខេ លោក អ៊ិន ជឿន  កត់សម្គាល់​ថា អ្នក​ភូមិ​រស់​នៅ​តំបន់​នោះ​មាន​ទម្លាប់​អាស្រ័យផល​នេសាទ​លក្ខណៈ​គ្រួសារ កម្រ​ទិញ​ម្ហូប​អាហារ​ពី​ផ្សារ​លើកលែងតែ​រដូវ​បិទ​នេសាទ។ លោក​ថា នៅ​រដូវ​ប្រាំង​កោះ​តំបន់​នោះ​មាន​ចំនួន​ប្រហែល​ជាង ៥០​កោះ ហើយ​ត្រូវ​លិច​ស្ទើរ​ទាំង​អស់​នៅ​ខែ​វស្សា គេ​ឃើញ​នៅ​សេសសល់​តែ​កោះ​ធំៗ។ លោក​មាន​បំណង​ចង់​ឲ្យ​សហគមន៍​មាន​លទ្ធភាព បង្កើត​អេកូ​ទេសចរណ៍ និង​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ដោយ​មិន​ចង់​ឲ្យ​មាន​អ្នក​វិនិយោគ​គ្រប់គ្រង​តំបន់​នោះ ព្រោះ​ខ្លាច​ក្រែង​ការ​គ្រប់គ្រង និង​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ​មិន​ច្បាស់លាស់៖ «ដល់​ពេល​ខែ​ប្រាំង​ពួក​ខ្ញុំ​ចង់​ធ្វើ​កន្លែង​លេង​ធម្មតា​ដល់​ពេល​ចាប់​ពី​ខែ ៦ ទៅ​ទឹក​លិច​អស់ ព្រោះ​ពួក​ខ្ញុំ​ប្រមូល​ទៅ​វិញ​អស់​ហើយ​អីវ៉ាន់។ ទឹក​លិច​អស់​វា​ជា​ជម្រក​សត្វ​ពង​ត្រី​ដែល​ពង​នៅ​ហ្នឹង​មាន​ត្រី​ក្អែក ត្រី​ក្របី ត្រី​ក្រពើ»។

​ដូច​គ្នា​នេះ​ដែរ អ្នក​ទេសចរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទេសចរ​ច្រើន​ទៀត ដែល​កំពុង​កម្សាន្ត​នៅ​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ គឺ​កញ្ញា ម៉ា ឡេនី មាន​ចំណាប់​អារម្មណ៍​ថា មូលហេតុ​ដែល​កញ្ញា​មក​កម្សាន្ត​នៅ​តំបន់​នោះ ដោយសារ​ទទួល​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ កញ្ញា​ចង់​ឲ្យ​សហគមន៍​មាន​គោល​ជំហរ​ច្បាស់លាស់​គ្រប់គ្រង និង​ការ​ទាញ​ប្រយោជន៍​ពី​អ្នក​ទេសចរ មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ ជាពិសេស​មាន​ការ​គ្រប់គ្រង​កាក​សំណល់​ត្រឹមត្រូវ៖ «ខ្ញុំ​មិន​ចង់​ឲ្យ​គេ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទេ យើង​ជួយ​ថែរក្សា​ធម្មជាតិ ឬ​រុក្ខជាតិ​នៅ​ប្រទេស​យើង​ឲ្យ​បាន​ល្អ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ»។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​សហគមន៍​អេកូ​ទេសចរ​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​លោក​ថា ការ​បង្កើត​អេកូ​ទេសចរណ៍​លក្ខណៈ​សហគមន៍​ត្រូវ​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មការ​រចនាសម្ព័ន្ធ លក្ខន្តិកៈ និង​បែង​ចែក​ផលប្រយោជន៍​ច្បាស់លាស់ ដោយ​មាន​មន្ទីរ​ទេសចរណ៍​ទទួល​ស្គាល់​នូវ​លក្ខន្តិកៈ​របស់​សហគមន៍​ផង។ លោក​ថា មន្ទីរ​ជំនាញ​នឹង​ផ្តិតផ្តូង​ជំរុញ​ឲ្យ​មាន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត ផ្ដោត​សំខាន់​ពង្រឹង​ផលិតផល​ទេសចរណ៍ ការ​ផ្ដល់​សេវាកម្ម និង​គ្រប់គ្រង​កាកសំណល់​ឲ្យ​បាន​ត្រឹមត្រូវ។

លោក អ៊ន់ ប៉ោសឿន បញ្ជាក់​ថា មន្ទីរ​ជំនាញ​នឹង​ចុះ​អប់រំ​ណែនាំ​សហគមន៍​ផ្ទាល់​ពី​គុណភាព​សេវាកម្ម សុខ​សុវត្ថិភាព គ្រប់គ្រង​សំរាម និង​កំណត់​តម្លៃ​សេវាកម្ម​ជាដើម៖ «មន្ទីរ​ទេសចរណ៍​មិន​មែន​ជា​កម្មសិទ្ធិ​តំបន់​ណា​មួយ​នោះ​ទេ។ មន្ទីរ​ទេសចរណ៍​ជា​ស្ថាប័ន​ជំនាញ​មួយ​ជួយ​ពង្រឹង​គុណភាព​នៃ​សេវាកម្ម ប្រសិន​មាន​ការ​វិនិយោគ។ ពាក់ព័ន្ធ​តំបន់​រ៉ាំសា ពាក់ព័ន្ធ​ជាមួយ​មន្ទីរ​បរិស្ថាន​ទៀត ព្រោះ​គេ​មាន​ចេញ​អនុក្រឹត្យ​នៅ​តំបន់​ហ្នឹង ព្រោះ​កា​ណា​គេ​កំណត់​កន្លែង​លេង​យ៉ាង​ម៉េច​អី​ម៉េច? ព្រោះ​វា​អាច​ប៉ះពាល់​ជីវចម្រុះ​នៅ​តំបន់​ហ្នឹង។ បំពង​សំឡេង​ខ្លាំង​ពេក​វា​អាច​ប៉ះពាល់​ដល់​សត្វ​នៅ​តំបន់​ហ្នឹង អ៊ីចឹង​មន្ទីរ​បរិស្ថាន​គេ​អាច​នឹង​ចុះ​ទៅ​វាយ​តម្លៃ​បន្ថែម​ទៀត​ដែរ គួរ​កំណត់​ឲ្យ​បាន​នៃ​ការ​រៀបចំ»។

​ខេត្ត​ស្ទឹងត្រែង មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ចំនួន ២៧​កន្លែង ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ៧​កន្លែង ដែល​ផ្ដល់​សក្ដានុពល​ខ្លាំង គឺ​រមណីយដ្ឋាន​ធម្មជាតិ​បុប្ផា​ភ្លុក រមណីយដ្ឋាន​អូរឫស្សី​កណ្ដាល សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល សហគមន៍​អេកូ​ទេសចរណ៍​បូរីអូរស្វាយ រមណីយដ្ឋាន​អេកូ​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ សហគមន៍​អេកូ​ទេសចរណ៍​វើនសៀន និង​សហគមន៍​អេកូ​ទេសចរណ៍​អាហារ​ត្មាត៕