Tuesday, December 27, 2016

សង្គម​ស៊ីវិល​គ្រោង​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់​ពិភាក្សា​រឿង​បទល្មើស​ព្រៃ​ឈើ​នៅ​ភ្នំ​ក្រវ៉ាញ


​ក្រុម​ជន​ល្មើស​លាក់​ទុក​នៅ​ចំណុច​អូរ​ទឹក​ក្រហម ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided
គំនរ​ឈើ​ដែល​ក្រុម​ជន​ល្មើស​លាក់​ទុក​នៅ​ចំណុច​អូរ​ទឹក​ក្រហម ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided


ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល នៅ​តែ​រង​ការ​កាប់​បំផ្លាញ​រាល់​ថ្ងៃ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ទប់ស្កាត់​ពុំ​មាន​ប្រសិទ្ធភាព ជាពិសេស​នៅ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល​ភាគ​ខាង​ជើង ឋិត​នៅ​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ។ តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​លើ​វិស័យ​ព្រៃ​ឈើ គ្រោង​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់ និយាយ​ពី​បញ្ហា​នេះ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បន្ទាប់​ពី​ក្រុម​ការងារ​របស់​អង្គការ​នេះ ចុះ​ល្បាត​ព្រៃ​តាម​ជួរ​ភ្នំ​ក្រវ៉ាញ រយៈពេល​បី​ថ្ងៃ ថា បទល្មើស​ឈើ​ប្រណីត​ដោយ​ម៉ាស៊ីន​រ៉ៃ និង​ម៉ាស៊ីន​ត្រង់តឺន័រ នៅ​តែ​បន្ត​កើត​មាន​ដដែល។ ឈើ​ប្រណីត​ជាច្រើន​គំនរ​ដែល​អារ​បួន​ជ្រុង​ចន្លោះ​ពី ៣ ទៅ ៥​ម៉ែត្រ​គូប ត្រូវ​ជន​ល្មើស​លាក់​ទុក​ក្នុង​ព្រៃ។

ប្រធាន​អង្គការ​ការពារ​ព្រៃ​ឈើ លោក ជា ហ៊ាន បញ្ជាក់​ថា ឈើ​ប្រណីត​ទាំងនេះ ត្រូវ​ជន​ល្មើស​កាប់ និង​អារ​ច្រៀក​ជា​ស្រេច រួច​ដឹក​តាម​រទេះ​គោ​ទៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ឈើ​មួយ​ចំនួន​ទៀត ត្រូវ​ជន​ល្មើស​ដឹក​ទៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ដឹក​តាម​ឡាន​បន្ត​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទាន់ហន់ ខេត្ត​កំពត។ រូបភាព​បទល្មើស​ខ្លះ លោក​មិន​ទាន់​អាច​បញ្ចេញ​បាន ប៉ុន្តែ​លោក​នឹង​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់ និយាយ​ពី​បទល្មើស​នេះ៖ «នៅ​សល់​តិចតួច​បំផុត​ព្រៃ​ឈើ (តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល) បើ​រាជ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ រយៈពេល​បី​ឆ្នាំ​ទៀត គឺ​រលាយ​ហើយ។ ហើយ​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ខាង​មុខ​នេះ ខ្ញុំ​នឹង​ជួប​ជាមួយ​លោក​អភិបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​គាត់​សហការ​បង្ក្រាប ហើយ​ក្នុង​ករណី​មិន​បង្ក្រាប​ទេ ខ្ញុំ​នឹង​ធ្វើ​របាយការណ៍​មួយ​ទៅ​ស្ថាប័ន​រដ្ឋាភិបាល»។

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ ថា​អាជ្ញាធរ​តែងតែ​សហការ​ជាមួយ​សង្គម​ស៊ីវិល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស ដោយ​ផ្អែក​លើ​ច្បាប់។ លោក​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ពង្រឹង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ជាពិសេស​ក្រោយ​មាន​បទបញ្ជា​លេខ​០៥ របស់​ប្រមុខ​រដ្ឋាភិបាល ទាក់ទង​នឹង​វិធានការ​ចាំបាច់​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ៖ «សូម្បី​តែ​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២២ នោះ ក៏​បាន​ជួប​ជាមួយ​បណ្ដា​សង្គម​ស៊ីវិល​នៅ​ទីស្ដីការ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេជោ​ដែរ។ អ៊ីចឹង​ឲ្យ​តែ​សង្គម​ស៊ីវិល​ឃើញ​មាន​កន្លែង​ណា ហើយ​ស្នើសុំ​កិច្ច​សហការ យើង​ផ្ដល់​ជូន​ភ្លាម»។

រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​បរិស្ថាន បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៤​សែន​ហិកតារ (៤០១.៣១៣​ហិកតារ)។ តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវ៉ាញ នេះ ឋិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ៕

សហគមន៍​ព្នង​ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀ​លើក​ទី​២

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមាណ ៣០​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀ ជា​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ។ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី និង​អ្នក​សារព័ត៌មាន ក៏​បាន​រួម​ដំណើរ​ទៅ​ទីតាំង​កាប់​ឈើ​នោះ ដើម្បី​ពិនិត្យ​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​នោះ​ដែរ។

ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៣៤​ទាមទារ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង


ង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តវ៉ា​មុខ​សាលា​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តវ៉ា​មុខ​សាលា​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided



ប្រជាពលរដ្ឋ​ជាង ២០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ បន្ត​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​ទៅ​ជួប​ពួក​គាត់ ដើម្បី​ពិភាក្សា​ដោះស្រាយ​ឡើយ។

នេះ​ជា​លើក​ទី​៣៤ ហើយ​ដែល​ក្រុម​អ្នក​តវ៉ា ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ជូន​ពួក​គាត់​នោះ។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ ហាក់​មិន​អើពើ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់ ដែល​ជា​ពលរដ្ឋ​ក្រីក្រ​នោះ​ទេ។ លោក​អំពាវនាវ​សាជាថ្មី សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

លោក​បន្ថែម​ថា ពួក​គាត់​មិន​ហ៊ាន​ចេញ​ទៅ​រក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង ហើយ​រំលោភ​លើ​ដី និង​ផ្ទះ​របស់​ពួក​គាត់៖ «ពួក​គាត់ ខ្ញុំ​អត់​មាន​ភាព​កក់ក្ដៅ​ទេ ព្រោះ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​តាម​ការ​ទាមទារ។ ពួក​គាត់​តវ៉ា​ថ្ងៃ​នេះ​ដាក់​ឆ្នាំង​បាយ មាន​កន្ទេល មាន​ខ្នើយ ដាក់​រួម​គ្នា​ដើរ​អូស​តាម​ផ្លូវ​ទៅ​មក​មុខ​សាលា​ក្រុង គឺ​ឲ្យ​តំណាង​ឲ្យ​ជា​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ក្រោយ»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ធ្នូ។
កន្លង​មក លោក ម៉ែន សុភ័ណ ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​មិន​អាច​ដោះស្រាយ​ជូន​ពួក​គាត់​បាន​ទេ ដោយសារ​ពួក​គាត់​ភាគច្រើន​មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ដែល​ត្រូវ​ដោះស្រាយ។ លោក​ថា ពលរដ្ឋ​បន្ត​រស់នៅ​លើ​ដី​នោះ​បណ្ដោះអាសន្ន​បាន ហើយ​ប្រសិន​បើ​សង់​ផ្លូវ​រថភ្លើង​ប៉ះពាល់ គឺ​អាជ្ញាធរ​នឹង​ពិនិត្យ​ដោះស្រាយ​នៅ​ពេល​ក្រោយ។

ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ពួក​គាត់​ទុក​ជា​ឯកសារ​បង្ហាញ​នៅ​ថ្ងៃ​ក្រោយ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន កត់​សម្គាល់​ថា ពលរដ្ឋ​ដែល​តវ៉ា គឺ​ភាគច្រើន​រស់នៅ​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់។ លោក ភុន ឈិន បន្ថែម​ថា បញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​ទុក​ចាំ​ដោះស្រាយ​ពេល​ក្រោយ គឺ​មិន​ល្អ​ឡើយ ព្រោះ​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​ដូច​គ្នា៖ «កន្លង​មក​យើង​ឃើញ​ថា ខាង​សាលា​ក្រុង​តែងតែ​ធ្វើ​លិខិត​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ទាំងអស់​នោះ​រុះរើ​ផ្ទះ​ចាកចេញ ថ្វី​បើ​មិន​ប៉ះពាល់ តែ​គេ​ឲ្យ​ចាកចេញ។ អ៊ីចឹង​ការ​ជូន​ដំណឹង​មាន​ភាព​ជា​សាធារណៈ​ពេក ដែល​នាំ​ឲ្យ​អ្នក​រស់នៅ​នោះ​គាត់​នៅ​តែ​មាន​ការ​បារម្ភ និង​ភ័យ​ខ្លាច។ អ៊ីចឹង​ដើម្បី​ឲ្យ​បាន​ច្បាស់លាស់ សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចេញ​លិខិត​ឲ្យ​ចំៗ​ឈ្មោះ​បុគ្គល​ដែល​នៅ​ទីនោះ​តែ​ម្ដង​ទៅ ដើម្បី​ឲ្យ​ពួក​គាត់​នោះ​ដឹង​ថា ពួក​គាត់​រង​ផល​ប៉ះពាល់ ឬ​មិន​ប៉ះពាល់»។

ក្រុម​អ្នក​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ ឬ​តាម​ការ​ជាក់ស្ដែង​ដែល​អាច​ទទួល​យក​បាន។ ពលរដ្ឋ​បាន​រំសាយ​ការ​តវ៉ា​ទៅ​វិញ បន្ទាប់​ពី​ពួក​គាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​នៅ​មុខ​សាលា​ក្រុង​ប្រមាណ​ជាង ១​ម៉ោង​កន្លះ ហើយ​ពុំ​ទទួល​បាន​លទ្ធផល។

ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពួក​គាត់​នោះ៕

ជន​សង្ស័យ​ផលិត​គ្រឿង​ញៀន​៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ


ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស លោក ស៊ុន សុផាត (ឆ្វេង) បង្ហាញ​មុខ​ជន​សង្ស័យ​ជា​ជន​បរទេស ៥​នាក់​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea




កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនាការ​បង្ក្រាប​កន្លែង​ផលិត​គ្រឿង​ញៀន និង​ឃាត់​ខ្លួន​ជន​បរទេស ៥​នាក់ ដែល​សង្ស័យ​ក្នុង​ករណី​ផលិត និង​កែច្នៃ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នា​មូលដ្ឋាន​ក្រុង​ព្រះសីហនុ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ គាំទ្រ​សកម្មភាព​ចុះ​បង្ក្រាប​គ្រឿង​ញៀន​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះសីហនុ នៅ​ពេល​នេះ។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត បាន​បង្ហាញ​មុខ​ជន​សង្ស័យ​ជា​ជន​បរទេស​ចំនួន ៥​នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​ផលិត​កែច្នៃ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ចុះ​បង្ក្រាប កាល​ពី​ថ្ងៃ​ទី​២៤-២៥ ខែ​ធ្នូ។

លោក​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង ៥​នាក់​នោះ​មាន​ស្ត្រី​ចំនួន ៣​នាក់ និង​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា​រួម​មាន ជនជាតិ​អ៊ុយក្រែន (Ukraine) ជនជាតិ​ឆេកូ (Czech Republic) ជនជាតិ​ហ្វាំងឡង់ដ៍ (Finland) ជនជាតិ​រុស្ស៊ី និង​ជនជាតិ​អាមេរិក ជា​មេ​ខ្លោង​ផលិត​គ្រឿង​ញៀន។

លោក ស៊ុន សុផាត ដែល​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ផង​នោះ ឲ្យ​ដឹង​ថា ការ​ឈាន​ដល់​ចាប់​ឃាត់​ខ្លួន​ជន​បរទេស​ជាប់​សង្ស័យ​ផលិត កែច្នៃ និង​ចែកចាយ​គ្រឿង​ញៀន​ទាំង ៥​នាក់ ដោយសារ​មាន​កិច្ច​សហការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នា​មូលដ្ឋាន​ក្រុង​ព្រះសីហនុ។

លោក​បន្ត​ថា យុទ្ធនាការ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​កន្លែង​ផលិត​គ្រឿង​ញៀន​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ម៉ាស៊ីន​សម្រាប់​ផលិត​គ្រឿង​ញៀន​ចំនួន ១​គ្រឿង ម្សៅ​មាន​ពណ៌​ផ្សេងៗ​គ្នា​ជាច្រើន​ពណ៌ ដែល​សង្ស័យ​ថា​ជា​សារធាតុ​ផ្សំ​ថ្នាំ​ញៀន​ជាច្រើន​កញ្ចប់ និង​កំប៉ុង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង​ញៀន និង​សារធាតុ​ផ្សំ​ថ្នាំ​ញៀន ព្រម​ទាំង​សម្ភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត។
លោក ស៊ុន សុផាត ឲ្យ​ដឹង​ថា បច្ចុប្បន្ន ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ផលិត កែច្នៃ និង​ចែកចាយ​គ្រឿង​ញៀន​ទាំង ៥​នាក់ ត្រូវ​កម្លាំង​ជំនាញ​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ទៅ​កាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ។ លោក​សង្កត់​ធ្ងន់​ថា យុទ្ធនាការ​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​បង្ក្រាប​កន្លែង​គ្រឿង​ញៀន និង​បទល្មើស​ផ្សេងៗ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ របស់​កម្លាំង​នគរបាល​ជំនាញ នឹង​បន្ត​ជា​បន្តបន្ទាប់​នា​ថ្ងៃ​អនាគត៖ «ឲ្យ​តែ​មាន​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ទីនេះ គឺ​មិន​លើកលែង​ជា​ដាច់ខាត​នូវ​បទល្មើស​គ្រឿង​ញៀន​នា​មូលដ្ឋាន​ខេត្ត​នេះ។ ករណី​នេះ ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏ដូចជា​កម្លាំង​ជំនាញ​របស់​យើង​ដែរ គឺ​បាន​ប្ដេជ្ញា​ចិត្ត​ប្រឆាំង​ដាច់ខាត​នូវ​ករណី​ជួញ​ដូរ ឬ​រក្សា​ទុក​នូវ​សារធាតុ​គ្រឿង​ញៀន​គ្រប់​ប្រភេទ ដែល​មាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទាំង​មូល»។

សកម្មភាព​ចុះ​បង្ក្រាប​ទីតាំង​ផលិត និង​ចែកចាយ​គ្រឿង​ញៀន​មាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កង​រាជ​អាវុធហត្ថ​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ គាំទ្រ​សកម្មភាព​ចុះ​បង្ក្រាប និង​ចាប់​ជន​ល្មើស​គ្រឿង​ញៀន បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់ ពិសេស​នៅ​ឆ្នាំ​២០១៦ មាន​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​កត់​សម្គាល់។ ទន្ទឹម​គ្នា​នេះ លោក​កត់​សម្គាល់​ថា មេ​ឈ្មួញ​គ្រឿង​ញៀន​ធំៗ សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​បាន​ច្រើន​ទេ គឺ​បង្ក្រាប​បាន​តែ​អ្នក​ចែកចាយ​តូចតាច​ប៉ុណ្ណោះ។

ក្នុង​នាម​អ្នក​ឃ្លាំ​មើល​សង្គម លោក ប៊ួន ណារិទ្ធិ សំណូមពរ​ដល់​ស្ថាប័ន​តុលាការ ធ្វើ​យ៉ាង​ណា​ត្រូវ​ផ្ដន្ទាទោស​ជន​ល្មើស​លើ​សំណុំ​រឿង​គ្រឿង​ញៀន​ឲ្យ​បាន​ធ្ងន់ធ្ងរ ព្រោះ​ពួក​នេះ​នៅ​ពេល​រួច​ផុត​ពី​ការ​ជាប់​ក្នុង​ពន្ធនាគារ ជន​ធ្លាប់​ប្រព្រឹត្ត​ល្មើស​គ្រឿង​ញៀន​ភាគច្រើន បាន​បន្ត​សកម្មភាព​ចែកចាយ​គ្រឿង​ញៀន​នេះ​ជា​បន្ត​ទៀត៖ «ស្ថាប័ន​តុលាការ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​នេះ មេត្តា​ចាត់​វិធានការ​ផ្ដន្ទាទោស​ដល់​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ទាំងអស់​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ពីព្រោះ​កន្លង​មក ពួក​គេ​តែងតែ​រត់​ការ​បាន​នៅ​ក្រៅ​ឃុំ ហើយ​បាន​មក​លក់​គ្រឿង​ញៀន​បន្ត​ទៀត មាន​ន័យ​ថា ចេញ​ពី​ពន្ធនាគារ​មក ជន​គ្រឿង​ញៀន​ទាំងនេះ​មិន​រាង​ចាល​ទេ ហើយ​បាន​មក​លក់​ដូរ​គ្រឿង​ញៀន​ដដែល គឺ​លក់​ស្ដារ​ដើម។ អ៊ីចឹង​ហើយ​បាន​ជា​ឈ្មួញ​គ្រឿង​ញៀន​ទាំង​ហ្នឹង វា​មិន​ខ្លាច​រអា​ច្បាប់​នោះ​ទេ»។

របាយការណ៍​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ​២០១៦ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​បាន​ចំនួន ៨៥​ករណី ក្នុង ១៥២​មុខ​សញ្ញា និង​មាន​ស្ត្រី​ចំនួន ២៣​នាក់។

ករណី​ជួញ​ដូរ និង​ចែកចាយ​គ្រឿង​ញៀន​មាន​ចំនួន ៦៣​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ១៥២​នាក់ មាន​ស្ត្រី ២១​នាក់។ ករណី​រក្សា​ទុក​សារធាតុ​ញៀន និង​ការ​ដឹក​ជញ្ជូន​មាន ១៥​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ២៣​នាក់ មាន​ស្ត្រី ១​នាក់។ ករណី​ប្រើប្រាស់​គ្រឿង​ញៀន​មាន​ចំនួន ១៧​ករណី មាន​ស្ត្រី ១​នាក់៕

ជនរងគ្រោះ​ដីធ្លី​ព្រមាន ​ហែញត្តិ​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ​ជួយ


ប្រជាពលរដ្ឋ​កោះកុង​ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គ័រ និង​ក្រុមហ៊ុន ហេង ហ៊ុយ ថែ្លង​ក្នុង​សន្និសីទ​កាសែត​ដែល​បាន​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ។ ពួកគេ​ព្រមាន​ហែ​ញត្តិ​ទៅ​ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​សប្ដាហ៍​នេះ។ ផា លីណា


ភ្នំពេញ: ប្រជាពលរដ្ឋ​ជិត ២០០ នាក់​តំណាង​ឱ្យ ១៤៧ គ្រួសារ​មកពី​ខេត្ត​កោះកុង​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គ័ររបស់ លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន ហេង ហ៊ុយ ខាល់ឆ័រគ្រុប កំពុង​ស្នាក់នៅ​វត្ត​សាមគ្គីរង្ស៊ី រាជធានី​ភ្នំពេញ​បាន​ព្រមាន​ហែ​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ជិត ១០ ឆ្នាំ​ខណៈ​មន្ត្រី​ដោះស្រាយ​ការងារ​នេះ​ស្នើ​ពលរដ្ឋ​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ដែល​កំពុង​ធ្វើ​លើ​រឿង​នេះ។

អ្នក​រងគ្រោះ​ទាំង​នោះ​មកពី​ភូមិ​រួម​មាន ភូមិតាធង ព្រះអង្គកែវ ឃុំ​ដងពែង ភូមិ​ត្រពាំងកណ្តាល ភូមិជីខ ឃុំ​ជីខលើ និង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ភូមិ​កណ្តាល ឃុំ​កណ្តាល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

តំណាង​សហគមន៍​ដីធ្លី​អ្នកស្រី ផាវ ញើង បាន​ថ្លែង​ថា​កាលពី​ថ្ងៃ​ទី ២០ ក្រុម​គាត់​បាន​ទៅ​រដ្ឋសភា និង​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ពន្លឿន​ដំណោះស្រាយ​តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ឡើយ​ខណៈ​ដែល​មន្ត្រី​នៅ​មូលដ្ឋាន​មិន​មាន​ចេតនា​ដោះស្រាយ។

អ្នកស្រី​បន្ថែម​ថា​ដោយសារ​អស់​ជំនឿ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ក្រុម​គាត់​នឹង​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ​ម្តង​ដើម្បី​ជួយ​ដោះស្រាយ​លើ​បញ្ហា​ដ៏រ៉ាំរ៉ៃ​នេះ។
អ្នកស្រី​ថា៖ «បើ​នៅ​តែ​អត់​មាន​ដំណោះស្រាយ​ពីរ​ថ្ងៃ​ទៀត​ពួកខ្ញុំ​ទៅ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន ដោយសារ​យើង​អត់​មាន​ជម្រើស​ទៀត​ទេ​ខ្ញុំ​ជឿ​សម្តេច​នាយក​ប្រហែល​ជា​ដឹង​រឿង​នេះ​ព្រោះ​លោក​សមាជិក​ព្រឹទ្ធ​សភា​លោក លី យ៉ុងផាត់​ ជា​អ្នក​យក​ដី​នេះ​តែ​ប្រហែល​ជា​លោក​មិន​ដាក់​ចំណាត់ការ​ឱ្យ​លឿន​អ៊ីចឹង​យើង​នឹង​ទៅ​រក​គាត់​ជំរុញ​ឱ្យ​ដោះស្រាយ​លឿន​បំផុត»។

សមាជិក​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​គណៈកម្មការ​ទី ៨ នៃ​ក្រសួង​ដែនដី​លោក អេ ប៊ុនធឿន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កន្លង​ទៅ​ក្រសួង​បាន​ចុះ​វាស់វែង​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ និង​យក​មក​ផ្ទៀងផ្ទាត់​ទើប​មាន​វិធានការ​តាម​ក្រោយ។ ហើយ​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​អត់ធ្មត់​រង់ចាំ​ការ​ដោះស្រាយ​ដោយ​អះអាង​ថា​បញ្ហា​ដីធ្លី​មាន​ភាព​ស្មុគស្មាញ។

លោក​បញ្ជាក់​ថា៖ «គាត់​ចេះ​តែ​ចង់​ឱ្យ​យើង​ដោះស្រាយ​លឿន តែ​យើង​មាន​នីតិវិធី​ក្នុង​ការ​ពិនិត្យ និង​ស្រាវជ្រាវ​ព្រោះ​យើង​មិន​ធ្វើ​តែ​រឿង​គាត់​មួយ​ទេ​នៅ​មាន​រឿង​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​អ៊ីចឹង​វា​មិន​បាន​ឆាប់​ទេ​ណា​មួយ​ទៀត​ពួកគាត់​មាន​ច្រើន​គ្រួសារ​ឥឡូវ​យើង​មិន​ទាន់​សម្រេច​យ៉ាង​ម៉េច​ទេ​ព្រោះ​យើង​នៅ​បន្ត​ស្រាវជ្រាវ​ពី​អត្តសញ្ញាណ​គាត់​ ទីតាំង​ដី យើង​ចង់​ធ្វើ​ម្តង​ឱ្យ​ចប់​យើង​មិន​អាច​សន្យា​ថា​ដោះស្រាយ​ពេល​ណា​ចប់​ទេ អាស្រ័យ​លើ​ការ​សហការ​ពី​ភាព​ស្មោះត្រង់​ពួកគាត់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​យើង​ដែរ​ព្រោះ​កន្លង​ទៅ​គ្នា​គាត់​ចេះ​តែ​ថា​ទំហំ​ដី​ធំ អ្នក​ខ្លះ​មិន​មាន​ដី​ថា​មាន​ដី​ដែរ​ហើយ​អ្នក​ខ្លះ​ជា​សមាសភាព​ដែល​ក្រុមហ៊ុន​ធ្លាប់​ដោះស្រាយ​ហើយ​តែ​នៅ​បន្ត​ទាមទារ​ទៀត​រឿង​ហ្នឹង​យើង​ត្រូវ​វែកញែក​ឱ្យ​ច្បាស់លាស់»។

ពលរដ្ឋ​មកពី​ខេត្ត​កោះកុង​គ្រោង​ហែ​ញត្តិ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ជួយ​រក​ដំណោះស្រាយ​ដីធ្លី។ ផា លីណា

យ៉ាង​ណា​ក៏​លោក​បញ្ជាក់​ថា​ក្រសួង​មិន​ដែល​យក​សំណើ​របស់​ប្រជាពលរដ្ឋ​មក​ទុកចោល​នោះ​ទេ​ហើយ​នឹង​បន្ត​ធ្វើ​តាម​នីតិវិធី​ច្បាប់។

បើ​តាម​លោក​ អេ ប៊ុនធឿន បន្ទាប់ពី​ពិនិត្យ​ចប់​សព្វ​គ្រប់​ចំនួន ១៥ គ្រួសារ​ដែល​ធ្លាប់​បាន​វាស់វែង​ក្រសួង​នឹង​ចុះ​ពិនិត្យ​ទីតាំង​មាន​ជម្លោះ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

កន្លង​ទៅ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋសភា​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា​រដ្ឋសភា​បាន​បញ្ជូន​លិខិត​អន្តរាគមន៍​របស់​ពលរដ្ឋ​ទៅ​កាន់​ក្រសួង​បរិស្ថាន​ដើម្បី​ពិនិត្យ​លើ​សំណើ​របស់​ពលរដ្ឋ​រួច​ហើយ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​នេះ ក្រោយ​ពី​ទទួល​បាន​ញត្តិ​ភ្លាម។

តែ​កាលពី​ថ្ងៃ​ទី ២០ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត បញ្ជាក់​ថា​ក្រសួង​ពុំ​មាន​សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ដីធ្លី​ទាក់ទង​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ​ដោយ​បង្វែរ​ទៅ​ក្រសួង​កសិកម្ម​វិញ។

បើ​តាម​ពលរដ្ឋ​ពួកគេ​ភាគ​ច្រើន​រស់នៅ​តាំង​ពី​ឆ្នាំ ១៩៧៩ និង​អ្នក​ខ្លះ​តាំង​ពី​ឆ្នាំ ១៩៩៣ មក​បាន​បង្ក​បង្កើន​ផល​រួម​មាន ស្រូវ ពោត ដំឡូង ចេក កៅស៊ូ ស្វាយ ទុរេន ក្រូច សាវម៉ាវ ព្រម​ទាំង​ដាំ​បន្លែ និង​រក​អនុផល​ឈើ​នៅ​ទី​នោះ។

តែ​លុះ​ដល់​ឆ្នាំ ២០០៦ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​យក​គ្រឿង​ចក្រ​ចូល​មក​ឈូសឆាយ​បំផ្លាញ​គ្មាន​សល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កន្លង​មក និង​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​ចាប់​ ឬ​សម្លាប់​សត្វ​គោក្របី​របស់​អ្នកភូមិ​ទៀត​ផង។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ឧកញ៉ា ហេង ហ៊ុយ ម្ចាស់​ក្រុមហ៊ុន ហេង ហ៊ុយ និង​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ​របស់​លោក លី យ៉ុងផាត់ បាន​នៅ​ឡើយ​ទេ៕

សកម្មជន​ការពារ​ព្រៃ​ឡង់​ម្នាក់​របួស​ភ្នែក​ពេល​ចូលរួម​យុទ្ធនាការ​ល្បាត​ព្រៃ​រយៈពេល​៥​ថ្ងៃ


សកម្មជន​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ លោក នន់ ឆិល ដែល​មាន​របួស​ភ្នែក​ពេល​ល្បាត​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr


សកម្មជន​ការពារ​ព្រៃ​ឡង់​ម្នាក់​បាន​រង​របួស​ភ្នែក​ធ្ងន់ធ្ងរ នៅ​គ្រា​ដែល​ចូលរួម​យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ហើយ​រហូត​មក​ទល់​ពេល​នេះ ជន​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ទី​រួម​ខែត្រ​ក្រចេះ។ ក្រុម​គ្រួសារ​ជន​រងគ្រោះ ព្រួយ​បារម្ភ​ពី​ជីវភាព​ខ្វះខាត​គ្មាន​ប្រាក់​ចំណាយ​ថ្លៃ​ព្យាបាល។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ និង​សកម្មជន​ការពារ​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី​២៧ ធ្នូ អំពាវនាវ​ឲ្យ​សប្បុរសជន និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​សង្គ្រោះ​ដល់​សកម្មជន​ការពារ​ព្រៃ​ឡង់​ម្នាក់​ឈ្មោះ នន់ ឆិល ដែល​បាន​រង​របួស​ភ្នែក ដោយសារ​សត្វ​ហើរ​ចូល​ភ្នែក និង​ត្រូវ​ឈើ​វៃ​ចំ​ភ្នែក​នៅ​គ្រា​ដែល​ចុះ​ល្បាត​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ធ្នូ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ លោក ឯក សុវណ្ណា ឲ្យ​ដឹង​ថា គ្រូពេទ្យ​ភ្នែក​នៅ​ខែត្រ​ក្រចេះ បញ្ជាក់​ថា ជន​រងគ្រោះ​បាន​ដាច់​សរសៃ​ប្រស្រី​ភ្នែក​បន្តិច ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ។ លោក​បារម្ភ​ថា ពួក​គេ​កំពុង​ខ្វះខាត​ថវិកា​សម្រាប់​បង់​ថ្លៃ​ព្យាបាល ម្យ៉ាង​គ្រួសារ​ជន​រងគ្រោះ​គ្មាន​ប្រាក់​បង់​ថ្លៃ​ព្យាបាល​នោះ​ទេ។ ប៉ុន្តែ​អង្គការ​ស្ពាន​សន្តិភាព (DPO) បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ជន​រងគ្រោះ​បាន​ព្យាបាល​នៅ​ខែត្រ​ក្រចេះ មិន​ជា​សះ​ស្បើយ​ទេ គេ​នឹង​ធានា​រ៉ាប់រង​ឲ្យ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ។

លោក​បន្ថែម​ថា អង្គការ ឌី.អេ.អិន មិសិន (DAN Mission) ក៏​កំពុង​តែ​ពិចារណា​រក​ដំណោះស្រាយ​លើ​ការ​ចំណាយ​ថ្លៃ​ព្យាបាល​នេះ​ដែរ តែ​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។ លោក ឯក សុវណ្ណា មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​គ្រូពេទ្យ​យក​ថ្លៃ​ព្យាបាល​ប៉ុន្មាន​ក្នុង​ការ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ៖ «វា​ដាច់​សរសៃ​ខាង​ក្នុង​ភ្នែក​បន្តិច​ចឹង អា​សរសៃ​ខ្មៅ​អី​គេ​ហ្នឹង។ ចឹង​វា​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ខ្លាំង។ ឥឡូវ​បច្ចុប្បន្ន​គាត់​ថា​គាត់​អស់​លុយ​រលីង​ដែរ ហើយ​គាត់​នៅ​ម្នាក់​ឯង​ទៀត។ ចឹង​បាន​ថា​ខ្ញុំ​ថា​នឹង​ឡើង​ទៅ»។

ជន​រងគ្រោះ​ជា​សកម្មជន​ការពារ​ព្រៃ​ឡង់ រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ លោក នន់ ឆិល បាន​ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ថា ផ្អែក​លើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ លោក​ពុំ​មាន​ប្រាក់​សម្រាប់​បង់​ថ្លៃ​ព្យាបាល​នោះ​ទេ គឺ​មាន​តែ​លក់​ទ្រព្យ​សម្បត្តិ ដូចជា​ដី​ស្រែ និង​ម៉ូតូ ដើម្បី​បង់​ថ្លៃ​ព្យាបាល ហើយ​បច្ចុប្បន្ន លោក​រស់នៅ​តែ​ម្នាក់​ឯង​ក្រោយ​ពី​មាន​បញ្ហា​ជាមួយ​គ្រួសារ។ លោក​ថា ភ្នែក​របស់​លោក ពុំ​អាច​បើក​ជាច្រើន​ថ្ងៃ​មក​ហើយ ហើយ​ប្រសិន​បើ​លោក​បើក​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​ខ្លាំង៖ «បើ​ភ្នែក​ខ្ញុំ​ងងឹត ម្យ៉ាង​បើ​អាច​មើល​ឃើញ ម្យ៉ាង​ក៏​ពិបាក​រស់នៅ​ដែរ។ ពេល​ធ្វើ​ដំណើរ ខ្ញុំ​ជិះ​ពី​ក្រោយ​គេ ភ្នែក​ខ្ញុំ​មើល​ឃើញ​តិចៗ​ព្រិលៗ ឈឺ បើ​យើង​បើក​មក​ដូច​មាន​ភ្លើង​ក្នុង​ភ្នែក​ចង់​ផ្ទុះ​ចេញ»។

មេ​ឃុំ​កំពង់ចាម លោក ឈិត ណន បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ តែ​យ៉ាង​ណា អាជ្ញាធរ​ឃុំ​នឹង​ជួយ​កៀងគរ​ថវិកា​ពី​សប្បុរសជន និង​ជូន​ដំណឹង​ទៅ​កាកបាទ​ក្រហម ឲ្យ​រក​មធ្យោបាយ​ជួយ​សម្រាល​ការ​លំបាក​ដល់​ពលរដ្ឋ​ក្រីក្រ។ លោក​សម្ដែង​ការ​គាំទ្រ​ចំពោះ​បេសកកម្ម​ការពារ​ព្រៃ​ឡង់​របស់​ពលរដ្ឋ និង​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែរ ក្នុង​ការ​រួម​ចំណែក​ការពារ​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ៖ «មាន​កាកបាទ​ក្រហម មាន​ទាំង​ស្រុក និង​ខែត្រ យើង​ធ្វើ​សំណើ​តាម​រយៈ​កាកបាទ​ក្រហម។ លទ្ធភាព​យ៉ាង​ម៉េច ក្រែង​កាកបាទ​ក្រហម​ជួយ​បាន។ គ្រោះថ្នាក់​ប៉ុណ្ណា​ចាំ​មើល មិន​ទាន់​បាន​ឃើញ​ផង»។


កាល​ពី​ថ្ងៃ​ទី​២១ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ សកម្មជន​ព្រៃ​ឡង់​ទាំង​បួន​ខែត្រ មាន​ខែត្រ​ក្រចេះ កំពង់ធំ ស្ទឹងត្រែង និង​ខែត្រ​ព្រះវិហារ បាន​ធ្វើ​យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​រយៈពេល ៤​យប់ ៥​ថ្ងៃ ដែល​មាន​ការ​ចូលរួម​ពី​សកម្មជន​ការពារ​បរិស្ថាន និង​សហគមន៍​រាប់​រយ​នាក់ ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​ចូលរួម​ដែរ។ យុទ្ធនាការ​នោះ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​តាមដាន​ពី​ទិដ្ឋភាព​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់។ សកម្មភាព​ចុះ​ល្បាត​នោះ ពួក​គេ​ប្រទះ​ឃើញ​បទល្មើស​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ដូចជា ការ​កាប់​ឈើ​មាន​តម្លៃ ការ​កាប់​ព្រៃ​រាន​យក​ដី និង​ការ​បរបាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​នោះ៕

WWF រក​ឃើញ​សត្វ​ផ្សោត​នៅ​ទន្លេ​មេគង្គ​កើន​ឡើង​១០​ក្បាល​នៅ​ឆ្នាំ​២០១៦


សត្វ​ផ្សោត​ហែល​នៅ​ក្នុង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ AFP PHOTO / Gerry Ryan / WWF-Cambodia



អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំ​កម្ពុជា (WWF-Cambodia) រក​ឃើញ​ថា សត្វ​ផ្សោត​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៅ​ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង កើន​ឡើង ១០​ក្បាល​ក្នុង​ឆ្នាំ​២០១៦ ក្នុង​នោះ ៧​ក្បាល​នៅ​ខែត្រ​ក្រចេះ និង ៣​ក្បាល​ទៀត​នៅ​ខែត្រ​ស្ទឹងត្រែង។

របាយការណ៍​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំ​កម្ពុជា (WWF-Cambodia) បង្ហាញ​ថា អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​នៅ​ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ នៅ​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ និង​ថយ​ចុះ ៦៨​ភាគរយ​បើ​ធៀប​កាល​ពី​ឆ្នាំ​២០០៦។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំ​កម្ពុជា លោក ឆេង សំបូរ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ចំនួន​សត្វ​ផ្សោត​នៅ​ឆ្នាំ​២០១៦ នេះ​កើន​ឡើង​ក្តី ក៏ប៉ុន្តែ​ការ​ប្រឈម​គ្រោះថ្នាក់​របស់​សត្វ​ផ្សោត​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ដូចជា​បទល្មើស​នេសាទ​ឋិត​ក្នុង​តំបន់​ហាមឃាត់​នៅ​រដូវ​ប្រាំង ឬ​ឋិត​ក្នុង​ទីតាំង​សត្វ​ផ្សោត​រស់នៅ និង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ បណ្ដាល​ឲ្យ​ប្រែប្រួល​គុណភាព​ទឹក ហើយ​អាច​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​សត្វ​ផ្សោត៖ «សត្វ​ផ្សោត​រស់នៅ​ក្នុង​អន្លង់​មាន​ទឹក​ជ្រៅ នៅ​ពេល​ដែល​គុណភាព​ទឹក​ប្រែប្រួល ធ្វើ​ឲ្យ​សត្វ​ផ្សោត​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ។ ចឹង​ផ្សោត​ច្បាស់​ជា​មិន​នៅ​មួយ​កន្លែង​ទេ ហើយ​កន្លែង​ដែល​មួយ​ហ្នឹង មិន​មែន​តែ​ផ្សោត​នៅ​ទេ ច្បាស់​ជា​មាន​ត្រី​ផ្សេងៗ​នៅ​ហ្នឹង ដែល​ផ្តល់​ឱកាស​ងាយ​ស្រួល​ដល់​អ្នក​នេសាទ​ទៅ​ចាប់​ត្រី ទៅ​យក​ត្រី។ បញ្ហា​ទាំងអស់​ហ្នឹង​ជា​ក្តី​បារម្ភ​មួយ​ដែល​ខាង​អង្គការ​សង្គម​ស៊ីវិល​យើង​កំពុង​ព្រួយ​បារម្ភ»។

លោក ឆេង សំបូរ បន្ថែម​ថា តួលេខ​ចុង​ក្រោយ​ដែល​រក​ឃើញ​ដោយ​អង្គការ WWF ឲ្យ​ដឹង​ថា សត្វ​ផ្សោត​នៅ​ទន្លេ​មេគង្គ​នៅ​ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង មាន​ចំនួន ៨០​ក្បាល ហើយ​ចំនួន​នេះ​ក៏​ងាយ​នឹង​ជិត​ផុត​ពូជ​ផង​ដែរ។ អង្គការ WWF ចាត់​ទុក​សត្វ​ផ្សោត​ជា​ប្រភព​ប្រាក់​ចំណូល​យ៉ាង​សំខាន់​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សហគមន៍ តាម​រយៈ​វិស័យ​ទេសចរណ៍៕