Monday, November 21, 2016
កម្មករចម្ការកៅស៊ូនិងថ្មម៉ាបខេត្តក្រចេះជាង៦០០នាក់ប្រឈមនឹងអស់សិទ្ធិបោះឆ្នោត
អ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ អះអាងថា កម្មករដែលធ្វើការនៅក្រុមហ៊ុនចម្ការកៅស៊ូ និងក្រុមហ៊ុនថ្មម៉ាបជាង ៦០០នាក់ ប្រឈមអស់សិទ្ធិបោះឆ្នោត ខណៈការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីគិតត្រឹមថ្ងៃទី២១ វិច្ឆិកា នៅសល់ ៨ថ្ងៃទៀត។ ពួកគេថា ក្រុមកម្មករទាំងនោះមិនទាន់ទៅចុះឈ្មោះបោះឆ្នោតនៅឡើយទេ ដោយសារតែអាជ្ញាធរពាក់ព័ន្ធមិនទាន់រកមធ្យោបាយដោះស្រាយបញ្ហានេះ។
អ្នកធ្វើការពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ អំពាវនាវនៅថ្ងៃទី២១ វិច្ឆិកា សុំឲ្យ គ.ជ.ប និងអាជ្ញាធរពាក់ព័ន្ធ រកមធ្យោបាយជំរុញឲ្យកម្មករធ្វើការនៅក្រុមហ៊ុនថ្មម៉ាប និងក្រុមហ៊ុនចម្ការកៅស៊ូជាង ៦០០នាក់ មានឱកាសទៅចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានពួកគេរស់នៅ។
ពលរដ្ឋរស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ លោក ជុំ សុភី សង្កេតឃើញថា ក្រុមកម្មករទាំងនោះប្រឈមអស់សិទ្ធិបោះឆ្នោត ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ និង គ.ជ.ប មិនប្រញាប់រកមធ្យោបាយឲ្យទាន់ពេលទេ។ លោកបញ្ជាក់ថា បញ្ហានេះ លោកពុំដឹងប្រាកដថាមូលហេតុមកពីកម្មករទាំងនោះមិនបានមកចុះឈ្មោះបោះឆ្នោត ឬខាងក្រុមហ៊ុនមិនអនុញ្ញាតឲ្យមកចុះឈ្មោះនោះទេ។ លោកកត់សម្គាល់ថា ពួកគេភាគច្រើនមកពីខេត្តកំពង់ចាម ព្រៃវែង និងខេត្តតាកែវ ជាដើម បានមកធ្វើការនៅតំបន់នេះច្រើនខែមកហើយ។ លោកសន្និដ្ឋានថា ក្រុមកម្មករទាំងនោះអាចមិនទាន់យល់ពីនីតិវិធីចុះឈ្មោះបោះឆ្នោតថ្មី ខណៈការផ្សព្វផ្សាយព័ត៌មានបញ្ហានេះកន្លងមករបស់អាជ្ញាធរមូលដ្ឋាន ហាក់មិនគ្រប់ជ្រុងជ្រោយ៖ «គាត់អត់យល់ច្បាស់មើលទៅ ដូចថានៅក្នុងភូមិគាត់ធ្លាប់នៅបោះនៅភូមិគាត់ ដូចថាឆ្ងាយ។ បើខ្ញុំអត់ទាន់មានសិទ្ធិប្រកាសប្រាប់គាត់ បើខាងឃុំគាត់អត់បានចាត់តាំងអីមក»។
ជំទប់ទី១ នៃឃុំស្វាយជ្រះ មកពីគណបក្ស សម រង្ស៊ី លោក គឹម សាន់ កត់សម្គាល់ថា កន្លងទៅ ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មាននេះជូនអាជ្ញាធរឃុំនោះទេ។ លោកសង្កេតឃើញថា ក្រុមកម្មករទាំងនោះបង្ហើបថា ពួកគេពុំទាន់មានការអនុញ្ញាតពីក្រុមហ៊ុន ឲ្យទៅចុះឈ្មោះបោះឆ្នោតដែរ ហើយក៏ពុំទាន់ឮព័ត៌មានពីអាជ្ញាធរមូលដ្ឋានស្ដីពីការចុះឈ្មោះបោះឆ្នោតនៅឡើយទេ៖ «ខ្ញុំធ្លាប់ជូនកម្មករប្រហែលជា ២០នាក់។ យើងសម្ភាសទៅគាត់ថាគ្មានការអនុញ្ញាតពីអាជ្ញាធរ ឬក្រុមហ៊ុនអីទេ ព្រោះអីជាធម្មតាៗអត់មានពីណានិយាយអីផង។ គាត់និយាយចឹង»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុនថ្មម៉ាប និងក្រុមហ៊ុនចម្ការកៅស៊ូភូរៀង ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី២១ វិច្ឆិកា។
ឆ្លើយតបការលើកឡើងនេះ មេឃុំស្វាយជ្រះ លោក វ៉ាន់ វេត មានប្រសាសន៍ថា អាជ្ញាធរឃុំអំពាវនាវជាហូរហែ ដោយជំរុញឲ្យពលរដ្ឋនៅមូលដ្ឋាន និងពលរដ្ឋចំណូលថ្មី ប្រញាប់មកចុះឈ្មោះបោះឆ្នោត។ លោកបញ្ជាក់ថា ពលរដ្ឋមកពីខេត្តផ្សេងដែលមកធ្វើការនៅតំបន់នេះ ក៏អាចចុះឈ្មោះបោះឆ្នោតបានដែរ ដោយគ្រាន់តែយកលិខិតបញ្ជាក់អត្តសញ្ញាណ មានអត្តសញ្ញាណប័ណ្ណជាដើម មកការិយាល័យចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំដែលប្រចាំការនៅទីនោះ នឹងចេញលិខិតធានាឲ្យពួកគេចុះឈ្មោះបោះឆ្នោតបាន៖ «ពួកខ្ញុំអំពាវនាវខិតខំដែរឲ្យពលរដ្ឋមកចុះឈ្មោះ។ កន្លែងនេះមានក្រុមប្រឹក្សាឃុំ គេចាំបញ្ជាក់ដែរ ពលរដ្ឋរស់នៅឃុំថាគឺមកជួបនៅកន្លែងចុះឈ្មោះ»។
ច្បាប់បោះឆ្នោតមាត្រា៤៦ថ្មីចែងថា ដើម្បីបោះឆ្នោតបាន ពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានអាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត មានទីលំនៅឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត មិនស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវដកសិទ្ធិបោះឆ្នោត ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច។
តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ឲ្យដឹងថា ពលរដ្ឋនៅស្រុកស្នួល បានចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី២១ វិច្ឆិកា បានជាង ៣ម៉ឺន ៤ពាន់នាក់ (៣៤.៤៦១នាក់) ស្មើនឹង ៧២% ក្នុងចំណោមពលរដ្ឋជាង ៤ម៉ឺន ៨ពាន់នាក់ (៤៨.១៧៨នាក់)។ នៅឃុំស្វាយជ្រះ ស្រុកស្នួល ពលរដ្ឋចុះឈ្មោះបោះឆ្នោតបានជាង ៥ពាន់នាក់ ស្មើនឹង ៦៩% ក្នុងចំណោមពលរដ្ឋជាង ៨ពាន់នាក់ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត។
អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ លោក អឿ គឹមហ៊ាន វាយតម្លៃថា ពលរដ្ឋរស់នៅខេត្តក្រចេះ ជាង ៧ម៉ឺននាក់ នឹងប្រឈមអស់សិទ្ធិបោះឆ្នោត។ លោកថា មកទល់ពេលនេះ ពលរដ្ឋជាង ៧ម៉ឺននាក់ក្នុងចំណោមពលរដ្ឋជាង ២៣ម៉ឺននាក់ មិនទាន់បានមកចុះឈ្មោះបោះឆ្នោតនៅឡើយ។ លោកបារម្ភថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានថយចុះខ្លាំង និងមិនគ្រប់ចំនួនកំណត់ក្នុងទិន្នន័យរបស់ គ.ជ.ប៖ «ខាងក្រចេះ យើងមាន ៥០ក្រុមហ៊ុនជាង។ ដល់ចឹង កម្មករមួយចំនួនធំគាត់អត់បានមកចុះទេ»។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ លោក អ៊ុង ស៊ីយឿន មានប្រសាសន៍ថា គ.ជ.ប បានដាក់ផែនការប្រជុំតាមរយៈអាជ្ញាធរខេត្ត ដោយតម្រូវឲ្យអាជ្ញាធរមូលដ្ឋានខិតខំរកមធ្យោបាយ ជំរុញឲ្យពលរដ្ឋមកចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ លោកថា កម្មករធ្វើការក្នុងក្រុមហ៊ុនក៏អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានពួកគេរស់នៅដែរ។ លោកបញ្ជាក់ថា ប្រសិនបើ គ.ជ.ប ធ្វើការទាក់ទងទៅក្រុមហ៊ុនទាំងនោះ ហើយជជែកពីបញ្ហានេះ តំណាងក្រុមហ៊ុនអាចនឹងសម្របសម្រួលករណីនេះ៖ «ខ្ញុំបានពិភាក្សាជាមួយអាជ្ញាធរខេត្ត ដើម្បីឲ្យលោកជួយតាមរយៈពេលចុងក្រោយនេះ ដើម្បីជំរុញប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តលោកព្រមសហការជាមួយយើងដោយលោកចាត់វិធានការប្រើមធ្យោបាយសរុប។ ខាងអាជ្ញាធរខេត្ត លោកមានវិធានការគឺឲ្យចុះទៅដល់ភូមិស្ទើរតែគ្រប់ភូមិនៃខេត្តទាំងមូល។ ទី១ ជំនឿនប្រជាជនឡើងវិញថា តើនៅសល់ប៉ុន្មាននាក់ដែលមិនទាន់ចុះឈ្មោះ ដើម្បីយកមធ្យោបាយឲ្យគាត់អញ្ជើញមកចុះឈ្មោះ»។
តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី២០ វិច្ឆិកា បានជិត ១៦ម៉ឺននាក់ (១៥៨.០០៧នាក់) ស្មើនឹង ៦៧% ក្នុងចំណោមពលរដ្ឋជិត ២៤ម៉ឺននាក់ (២៣៧.៣៧៥នាក់) ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ មានរយៈពេល ៣ខែ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា៕
លោក ហ៊ុន សែន បញ្ជាមិនឲ្យឡានដឹកលើសចំណុះនិងសណ្ដោងវែងធ្វើចរាចរណ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកសាជាថ្មីនៅថ្ងៃទី២១ វិច្ឆិកា ដោយប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យផ្អាកមិនឲ្យរថយន្តដឹកលើសចំណុះ និងរថយន្តសណ្ដោងវែងខុសពីទ្រង់ទ្រាយដើមទាំងអស់ ធ្វើចរាចរណ៍លើផ្លូវនានាបន្តទៀត។
លោក ហ៊ុន សែន ថា បញ្ហារថយន្តដឹកលើសទម្ងន់ជារឿងម្យ៉ាង ប៉ុន្តែបញ្ហារថយន្តសណ្ដោងវែងខុសពីទ្រង់ទ្រាយដើម មិនមែនជារឿងថ្មីទេ។ លោកបញ្ជាក់ថា បញ្ហានេះ លោកធ្លាប់ស្រែកបញ្ជាម្ដងរួចទៅហើយ ដោយលោកប្រៀបទៅនឹងជំងឺដែលរើ មកពីការភ្លេចខ្លួនរបស់អាជ្ញាធរ៖ «អ៊ីចឹងទេ! អំពាវនាវឲ្យមានការដឹកជញ្ជូន មានការធ្វើចរាចរណ៍ដោយគោរពច្បាប់ចរាចរណ៍ មិនត្រូវដឹកលើសទម្ងន់ ហើយមិនត្រូវតរថយន្តនោះទេ។ ឥឡូវចាប់ទាំងអស់ ប្រមូលអាឡាននឹងកុំឲ្យមានលើផ្លូវ។ សហការជាមួយនគរបាលដើម្បីប្រមូលអាឡាននឹង ហើយយកទៅកាត់ បើមិនកាត់ទេ ទុកនៅនឹង ទុកចោលម៉ងកុំទៅធ្វើខ្វល់អ្វី! មកបំផ្លាញផ្លូវអាម៉េច?»។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកម្រិតប្រាក់ពិន័យ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរសម្រាប់អ្នកដែលល្មើសច្បាប់ចរាចរណ៍។ ជនណាបើកបរដោយធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចជាដើម ហើយបណ្ដាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១៥លានរៀល ឬអាចបន្ថែមទោសទណ្ឌលើសពីនេះទៀត។
កន្លងមកលោក ហ៊ុន សែន ធ្លាប់ចេញបញ្ហាឲ្យអាជ្ញាធរ ទប់ស្កាត់រថយន្តខុសលក្ខណៈបច្ចេកទេសទាំងអស់ ទោះបីជាម្ចាស់រថយន្តទាំងនោះ មានខ្នងបង្អែកពាក់ផ្កាយបែបណាក្ដី។ ប៉ុន្តែយ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះនៅបន្តកើតមាននៅលើដងផ្លូវនៅឡើយ៕
មេឃុំព្រែកក្រឹសខេត្តកំពតរងការចោទថាជ្រៀតជ្រែកការងារចុះឈ្មោះបោះឆ្នោត
មេឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត មកពីខាងគណបក្សប្រជាជនកម្ពុជា លោក សេក ឈិន ព្រមានជំទប់ឃុំមកពីគណបក្សសង្គ្រោះជាតិ ឲ្យប្រយ័ត្នខ្លួន និងគំរាមមិនសហការជាមួយមន្ត្រីគណបក្សប្រឆាំងរូបនេះឡើយ។
ការព្រមាននេះ ដោយសារអ្នកទាំងពីរមានជម្លោះពាក្យសម្ដីជាមួយគ្នាកាលពីថ្ងៃអាទិត្យ ទី២០ វិច្ឆិកា នៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសាលាឃុំព្រែកក្រឹស។
នៅក្នុងពេលជាមួយគ្នានោះដែរ មេឃុំព្រែកក្រឹស ក៏បានហាមឃាត់មិនឲ្យអ្នកកាសែតថតរូបនៅខាងក្រៅបរិវេណសាលាឃុំ ដែលមានការិយាល័យបោះឆ្នោតនៅក្នុងសាលាឃុំនោះឡើយ។ ជម្លោះនេះ មិនមានកិច្ចអន្តរាគមន៍រកខុសត្រូវពីសមត្ថកិច្ចខាងណាមួយឡើយ ដោយក្រោយពីកើតមានភាពចម្រូងចម្រាសដោយពាក្យសម្ដីបានផ្ទុះឡើងមួយសន្ទុះ មេឃុំព្រែកក្រឹស មកពីខាងគណបក្សប្រជាជនកម្ពុជា លោក សេក ឈិន បានភៀសខ្លួនចេញពីកន្លែងកើតហេតុនោះទៅបាត់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត
ខណៈការចុះឈ្មោះបោះឆ្នោតនៅសល់រយៈពេល ១សប្ដាហ៍ទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត។ លោកដាស់តឿនថា ការខកខានមិនបានទៅចុះឈ្មោះ ស្មើនឹងការបោះបង់ចោលសិទ្ធិបោះឆ្នោត។
ថ្លែងពីស្រុកលំផាត់ ខេត្តរតនគិរី លោក ហ៊ុន សែន នៅថ្ងៃទី២១ វិច្ឆិកា ទទូចឲ្យពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្លៀតពេលទៅចុះឈ្មោះបោះឆ្នោត ដើម្បីធានាសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៨៖ «នេះជាការអំពាវនាវរបស់ខ្ញុំ ព្រះករុណាខ្ញុំ យ៉ាងទទូចឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងអំពាវនាវចំពោះមន្ត្រីធ្វើការចុះឈ្មោះបោះឆ្នោតដោយញាប់ដៃញាប់ជើង ចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋរបស់យើង»។
ដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
តួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ វិច្ឆិកា មានប្រជាពលរដ្ឋចំនួន ៧លាន ៤សែននាក់ (៧.៣៨១.៣១៥នាក់) ឬ ៧៦% (៧៦,៣៨%)។ ពលរដ្ឋអាយុ ១៨ឆ្នាំឡើងអាចមានសិទ្ធិបោះឆ្នោតមានចំនួន ៩លាន ៧សែននាក់ (៩.៦៦៤.២១៦នាក់)។
អង្គការខុមហ្វ្រែល (COMFREL) ដាក់ពង្រាយអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតចំនួន ១ពាន់នាក់ទូទាំងប្រទេស។ មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស បង្ហាញថា ឧបសគ្គចម្បងៗដែលមានប្រជាពលរដ្ឋ ១ភាគ៤ មិនទាន់បានចុះឈ្មោះបោះឆ្នោតដោយបញ្ហាជនចំណាកស្រុកមិនបានត្រឡប់មកចុះឈ្មោះ និងបញ្ហាខ្វះការអប់រំផ្សព្វផ្សាយអំពីសារសំខាន់នៃការចុះឈ្មោះ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា មានជនគ្រប់អាយុដែលចំណាកស្រុកទៅក្រៅប្រទេសជាង ១លាននាក់។
ជនចំណាកស្រុកទាំងនោះ ត្រូវត្រឡប់មកប្រទេសកម្ពុជា វិញ ប្រសិនបើគេចង់ចុះឈ្មោះបោះឆ្នោត។ បើតាមក្រុមអង្កេតរបស់អង្គការខុមហ្វ្រែល ប្រជាពលរដ្ឋចំណាកស្រុកក្រៅប្រទេសត្រឡប់មកចុះឈ្មោះបោះឆ្នោត មានចំនួនតិចតួច។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ថា ចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោត ជាតួលេខល្អដែលអាចទទួលយកបាន៖ «យើងរំពឹងថានឹងមានប្រជាពលរដ្ឋចូលរួមចុះឈ្មោះទៀត ហើយនឹងបន្ថែមការអប់រំផ្សព្វផ្សាយទៀត»។
ទោះបីចំនួនអ្នកមិនទាន់ចុះឈ្មោះមានចំនួនច្រើនក៏ដោយ ការពន្យារពេលចុះឈ្មោះមិនទាន់ប្រាកដថានឹងកើតឡើងនោះទេ។ លោក ហង្ស ពុទ្ធា ពន្យល់ថា ការពន្យារពេលនេះ អាចដឹងថាកើតមាន ឬអត់ លុះត្រាតែចប់ការចុះឈ្មោះបោះឆ្នោតហើយ តែប្រជាពលរដ្ឋផ្តុំគ្នាមានចំនួនច្រើន មិនទាន់បានចុះឈ្មោះ ហើយមានឆន្ទៈទៅចុះឈ្មោះ៕
គ្រូពេទ្យខេត្តកំពង់ធំផ្ដល់ការព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល៥ថ្ងៃ
គ្រូពេទ្យខេត្តកំពង់ធំផ្ដល់ការព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល៥ថ្ងៃ
គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យខេត្តកំពង់ធំ នឹងផ្ដល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ទី២១ ដល់ថ្ងៃសុក្រ ទី២៥ វិច្ឆិកា។
ប្រធានផ្នែកជំងឺភ្នែកនៅមន្ទីរពេទ្យខេត្តកំពង់ធំ វេជ្ជបណ្ឌិត កាក់ កក្កដា មានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺនៅមណ្ឌលសុខភាពសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ សេវាមិនបង់ប្រាក់នេះ គ្រូពេទ្យនឹងពិនិត្យព្យាបាលជំងឺភ្នែកគ្រប់ប្រភេទ ហើយការវះកាត់ គឺផ្ដោតលើប្រភេទជំងឺភ្នែកឡើងបាយ៕
សាច់ញាតិពលករខ្មែរម្នាក់ដែលថៅកែថៃបាញ់សម្លាប់ស្នើឲ្យអាជ្ញាធរជួយរកយុត្តិធម៌
សាច់ញាតិពលករខ្មែរម្នាក់ដែលថៅកែថៃបាញ់សម្លាប់ស្នើឲ្យអាជ្ញាធរជួយរកយុត្តិធម៌
មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យសមត្ថកិច្ចខ្មែរជំរុញទៅខាងភាគីថៃ ចាប់ថៅកែជនជាតិថៃ ដែលបាញ់សម្លាប់ពលករខ្មែរម្នាក់នៅក្នុងទឹកដីថៃ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ជាក់ថា សមត្ថកិច្ចនៅពុំទាន់បានទទួលពាក្យបណ្ដឹងពីខាងសាច់ញាតិជនរងគ្រោះ ដើម្បីជំរុញទៅខាងភាគីថៃ ឲ្យចាត់វិធានការចំពោះករណីនេះនៅឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំនៅខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍នៅថ្ងៃទី២១ វិច្ឆិកា ថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីនៃស្ថានកុងស៊ុលខ្មែរប្រចាំការនៅស្រុកអារាញ់ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវតែជំរុញទៅខាងភាគីថៃ ដើម្បីមានវិធានការចាប់ជនសង្ស័យដែលបានបាញ់សម្លាប់ពលករខ្មែរម្នាក់កាលពីថ្ងៃទី១៨ វិច្ឆិកា យកមកផ្ដន្ទាទោសជាបន្ទាន់។
លោកបន្ថែមថា ករណីនេះប្រសិនបើសមត្ថកិច្ចមិនជួយសាច់ញាតិជនរងគ្រោះទេ នោះសំណុំរឿងនេះនឹងមិនអាចរកយុត្តិធម៌ជូនអ្នកស្លាប់បាននោះឡើយ៖ «រដ្ឋអាជ្ញាជាដើមបណ្ដឹង និងសមត្ថកិច្ចដែលជាសេនាធិការរបស់ព្រះរាជអាជ្ញា ត្រូវចាត់ការទៅតាមច្បាប់ ព្រោះបទល្មើសព្រហ្មទណ្ឌដែលប៉ះពាល់ដល់ពលរដ្ឋខ្មែរ បើសិនជារង់ចាំពាក្យបណ្ដឹងពលរដ្ឋ ហើយពេលណាទៅទើបចាប់ជនសង្ស័យបាន»។
លិខិតនាំសពពលករវិលត្រឡប់មកកម្ពុជា ដែលចុះហត្ថលេខាដោយមន្ត្រីស្ថានកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ លោក ង៉ែត ប៊ុនលី ចុះថ្ងៃទី១៩ វិច្ឆិកា ឲ្យដឹងថា កម្មករស៊ីឈ្នួលដកដំឡូងម្នាក់ឈ្មោះ សរ ងី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាទយ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានថៅកែជនជាតិថៃ បាញ់សម្លាប់កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារតែរឿងទំនាស់ពាក្យសម្ដី។
អាស៊ីសេរី ពុំអាចទាក់ទងអគ្គកុងស៊ុលខ្មែរប្រចាំនៅស្រុកអារាញ់ ខេត្តស្រះកែវ ដើម្បីអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ វិច្ឆិកា។
ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍ថា ថៅកែជនជាតិថៃ បានបាញ់សម្លាប់ពលករដកដំឡូងក្នុងរឿងទំនាស់ពាក្យសម្ដីនៅក្នុងចម្ការដំឡូងខេត្តស្រះកែវ កាលពីថ្ងៃទី១៨ វិច្ឆិកា។ ទោះជាយ៉ាងនេះក្ដី លោកអះអាងថា ករណីនេះគឺសាច់ញាតិជនរងគ្រោះពុំទាន់ដាក់ពាក្យបណ្ដឹងមកការិយាល័យរបស់លោក ដើម្បីជំរុញទៅខាងសមត្ថកិច្ចថៃ ឲ្យចាត់វិធានការតាមផ្លូវច្បាប់ទៅលើថៅកែថៃ នោះនៅឡើយទេ៖ «ខាងថៃ គេថាគេចាំតែសហការជាមួយយើងទេ ឲ្យតែមានពាក្យបណ្ដឹង ឬក៏មានឯកសារជាក់លាក់ ព្រោះបើគ្មានឯកសារ ឬពាក្យបណ្ដឹងជាក់លាក់ទេ សមត្ថកិច្ចយើងទៅប្ដឹង គឺដូចគ្មានគោលការណ៍ច្បាស់លាស់ដើម្បីប្ដឹងទៅថៃ»។
ទោះបីជាយ៉ាងនេះក្ដី លោក ស៊ុំ ច័ន្ទគា ពន្យល់ថា ករណីនេះ គឺជាបទល្មើសជាក់ស្ដែងដែលសមត្ថកិច្ចអាចចាត់វិធានការទៅលើជនសង្ស័យបាន ដោយពុំចាំបាច់ឲ្យសាច់ញាតិជនរងគ្រោះដាក់ពាក្យប្ដឹងនោះឡើយ៖ «បើសិនជាមានការសម្លាប់ការវាយដំធ្វើទារុណកម្មបន្តទៀត វាអាចនឹងកើតមានបញ្ហារើសអើងពូជសាសន៍ ដូចជាខ្មែរចូលទៅត្រូវថៃ ធ្វើបាប ហើយថៃ ចូលមកខ្មែរ ក៏ត្រូវពលរដ្ឋខ្មែរវាយធ្វើបាបដូចគ្នាទៅវិញទៅមក។ នេះហើយគឺជាការមួយដែលយើងព្រួយបារម្ភ»។
កន្លងទៅ ករណីថៅកែជនជាតិថៃ ធ្វើទារុណកម្ម និងបាញ់សម្លាប់ពលករខ្មែរ កើតមានជាច្រើនករណីមកហើយ មានជាអាទិ៍ ករណីថៅកែកាស៊ីណូនៅទីក្រុងបាងកក ប្រទេសថៃ វាយសម្រាតខោអាវនារីខ្មែរ ហើយថែមទាំងបានបង្ហោះរូបភាពអាក្រាតនោះតាមបណ្ដាញហ្វេសប៊ុក (Facebook) កាលពីឆ្នាំ២០១៤ និងករណីកម្មករសំណង់ម្នាក់ទៀត ក៏ត្រូវបានថៅកែថៃ បាញ់សម្លាប់នៅក្នុងការដ្ឋានសំណង់កាលពីឆ្នាំ២០១៥ ជាដើម។ រហូតមកទល់ពេលនេះ ពួកគេនៅពុំទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ៕
ក្រុមអតីតស្ត្រីបឹងកក់ដាក់បណ្ដាសាធនាគារពិភពលោករឿងផ្ដល់កម្ចីឲ្យរដ្ឋាភិបាល
ក្រុមអតីតស្ត្រីបឹងកក់ ដែលត្រូវគេបណ្ដេញដោយបង្ខំប្រមាណ ៣០នាក់ នៅថ្ងៃទី២១ វិច្ឆិកា នាំគ្នាធ្វើពិធីដាក់បណ្ដាសាធនាគារពិភពលោកប្រចាំកម្ពុជា (World Bank) បន្ទាប់ពីដឹងថា ស្ថាប័នអន្តរជាតិមួយនេះមិនខ្វាយខ្វល់ពីញត្តិរបស់ពួកគេដែលដាក់អស់ជាច្រើនខែមក។ ចំណែកមន្ត្រីធនាគារពិភពលោក ឆ្លើយតបថា សំណើទាំងនោះ ធនាគារពិភពលោកដាក់ជូនរដ្ឋាភិបាលកម្ពុជា រួចរាល់ហើយ។
ការធ្វើពិធីដាក់បណ្ដាសានេះ បន្ទាប់ពីពួកគេដឹងថា ធនាគារពិភពលោកនៅតែផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ឲ្យរដ្ឋាភិបាលកម្ពុជា ជាថ្មីទៀតនូវទឹកប្រាក់ប្រមាណ ១៣០លានដុល្លារសហរដ្ឋអាមេរិក។ ពួកគាត់យល់ថា ដោយសារតែទឹកប្រាក់របស់ធនាគារពិភពលោក ឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីយកមកអភិវឌ្ឍនោះហើយ ទើបធ្វើឲ្យពួកគាត់បាត់បង់ដីធ្លី ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិត រហូតមកដល់សព្វថ្ងៃនេះ។ ការធ្វើពិធីដុតធូបដាក់បណ្ដាសានេះ គឺស្ថិតក្រោមការឃ្លាំមើលពីក្រុមកងសន្តិសុខខណ្ឌដូនពេញ ជាច្រើននាក់។
តំណាងអតីតស្ត្រីនៅតំបន់បឹងកក់ កញ្ញា អ៊ឹម ស្រីទូច និយាយថា មូលហេតុដែលនាំឲ្យពួកគាត់ឈានដល់ដាក់បណ្ដាសាធនាគារពិភពលោកនៅពេលនេះ ដោយសារតែការផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់របស់ស្ថាប័នមួយនេះ ចូលរួមចំណែកបង្កឲ្យមានការរំលោភសិទ្ធិមនុស្សកាន់តែច្រើនឡើង ជាពិសេសពលរដ្ឋរងគ្រោះពីជម្លោះដីធ្លី៖ «នៅឆ្នាំ២០១៣ គាត់បានសន្យាដោះស្រាយបញ្ហាឲ្យពួកយើង តែមកដល់ឆ្នាំ២០១៦ ហើយអត់មានបានដំណោះស្រាយមួយគ្រួសារណាសោះ។ ស្រាប់តែគាត់បែរជាផ្ដល់លុយមកឲ្យរដ្ឋាភិបាលទៀត។ អ៊ីចឹងធនាគារពិភពលោក មានចេតនាសម្លាប់ពលរដ្ឋខ្មែរ។ ចឹងយើងដាក់បណ្ដាសាសូមឲ្យធនាគារពិភពលោក ត្រូវតែវិនាសរលាយផុតពីប្រទេសកម្ពុជា ឆាប់ៗចា៎»។
ឆ្លើយតបនឹងការទាមទារនេះ មន្ត្រីព័ត៌មានប្រចាំការិយាល័យធនាគារពិភពលោកនៅកម្ពុជា លោក ប៊ូ សារឿន និយាយថា ប្រធានការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) បានផ្ដល់ព័ត៌មានពីរឿងញត្តិរបស់អ្នកបឹងកក់ជាមួយមន្ត្រីរដ្ឋាភិបាលរួចហើយ។ លោក ប៊ូ សារឿន ថាការទាមទាររបស់អ្នកបឹងកក់ដែលចង់ជួបអ្នកស្រី អ៊ីហ្គូណា ដូប្រាចា មិនមែនជារឿងថ្មីនោះទេ។
លោក ប៊ូ សារឿន ស្នើឲ្យអតីតស្ត្រីអ្នកបឹងកក់ពិចារណាឡើងវិញ រឿងទាមទារឲ្យធនាគារពិភពលោកឈប់ផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ដល់កម្ពុជា៖ «បងដឹងហើយបន្ទាប់ពីយើងបានធ្វើការពិគ្រោះយោបល់ប្រជាជនជាង ៦០០នាក់នៅក្នុងប្រទេសកម្ពុជា វាមានតម្រូវការច្រើនណាស់ មានតម្រូវការអប់រំ ក្មេងៗតាមជនបទអត់មានសាលារៀន ហើយអ្នកឈឺនៅតាមជនបទអត់មានការព្យាបាល សុទ្ធតែជារឿងមួយដែលប្រទេសខ្មែរត្រូវការចាំបាច់ ហើយបងកាត់អាហ្នឹងដាច់ប៉ាត់ បងគិតមើល! តើប្រជាជនមានបញ្ហាកម្រិតណា? ហើយខ្ញុំដឹងថារឿងរបស់បងថាមានរឿងហើយ»។
កាលពីថ្ងៃទី៩ ខែមិថុនា ធនាគារពិភពលោកសម្រេចផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ដល់រដ្ឋាភិបាលកម្ពុជា ចំនួន ១៣០លានដុល្លារលើគម្រោងចំនួន៤ រួមមានផ្លូវថ្នល់ ទឹក កសិកម្ម និងសុខាភិបាល សម្រាប់ឆ្នាំ២០១៦-២០១៧។ កម្មវិធីទាំងនោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារ ដើម្បីបង្កើតការងារឲ្យបានច្រើន និងកាត់បន្ថយអត្រាក្រីក្រយ៉ាងហោចណាស់ឲ្យបាន ១% ក្នុងមួយឆ្នាំៗ។
គម្រោងទាំងនោះផ្ដោតលើគម្រោងសមធម៌ និងការលើកកម្ពស់គុណភាពសុខភាព គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ គម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២ ដើម្បីធ្វើឲ្យកាន់តែប្រសើរលើផ្លូវជាតិក្នុងខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តក្រចេះ គម្រោងបែងចែកដីសម្រាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ជូនសម្រាប់សេវាបណ្ដុះបណ្ដាលវិស័យកសិកម្មដល់ប្រជាជនក្នុងសហគមន៍ចំនួន១៤ នៅ ៥ខេត្ត ដែលមានប្រជាជនច្រើនជាង ៥.០០០គ្រួសារ។
កាលពីឆ្នាំ២០១១ ធនាគារពិភពលោក បានប្ដេជ្ញាថា ខ្លួននឹងអាចបន្តប្រាក់ជំនួយ លុះត្រាតែរដ្ឋាភិបាលដោះស្រាយបញ្ចប់សំណងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារដែលត្រូវបានគំរាមកំហែង និងបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ខ្លួន។
ទោះបីជាមានការពន្យល់ពីមន្ត្រីធនាគារពិភពលោក ពីរឿងប្រាក់កម្ចីនេះយ៉ាងណាក្ដី ក្រុមអតីតស្ត្រីអ្នកបឹងកក់បញ្ជាក់ថា ពួកគេនឹងបន្តទាមទារឲ្យស្ថាប័នអន្តរជាតិមួយនេះ ឈប់ផ្ដល់ប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជា ឲ្យខាងតែបាននៅឆ្នាំបន្តបន្ទាប់ទៀត៕
ឈើខ្មែរនៅតែត្រូវគេនាំចេញយ៉ាងគំហុកទៅ វៀតណាម
ភ្នំពេញៈ បើទោះបីជាមានការបង្កើតក្រុមការងារពិសេសប្រឆាំងនឹងការកាប់ឈើ និងអនុវត្តការហាមប្រាមមិនឲ្យមានការនាំចេញឈើក៏ដោយក៏កម្ពុជាបាននាំចេញឈើចំនួន ១២១ លានដុល្លារទៅកាន់ប្រទេសវៀតណាមក្នុងរយៈកាល ៩ ខែដំបូងនៃឆ្នាំនេះ។ នេះបើតាមទិន្នន័យគយវៀតណាមដែលបានចែករំលែកជាមួយកាសែតភ្នំពេញប៉ុស្តិ៍ដោយអង្គការ Forest Trends។
ក្រុមអ្នកសង្កេតការណ៍បានថ្លែងថាទិន្នន័យនេះបង្ហាញពីការកុហកចំពោះការអះអាងជាដដែលៗរបស់រដ្ឋាភិបាលនាឆ្នាំនេះថាការកាប់ឈើទ្រង់ទ្រាយធំ និងការនាំចេញទៅវៀតណាមត្រូវបានបញ្ចប់ហើយនៅក្នុងប្រទេសកម្ពុជា។
លោក Marcus Hardtke អ្នកអភិរក្សបរិស្ថានបានថ្លែងតាមអ៊ីមែលកាលពីម្សិលមិញថា៖ «ឧកញ៉ារកស៊ីឈើដែលមានទំនាក់ទំនងជាមួយអ្នកមានអំណាចកំពុងមានរោងចក្រអារឈើ និងទិញឈើយ៉ាងច្រើន»។ លោកនិយាយថា៖«វាជាការរៀបចំ និងមានលក្ខណៈជាប្រព័ន្ធដែលជាការប៉ះពាល់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងព្រៃឈើ»។
ការថ្លែងរបស់លោកត្រូវបានបន្ទរដោយលោក អ៊ូច ឡេង អ្នកអភិរក្សដែលឈ្នះរង្វាន់បុរសមាសដែលបានសរសេរតាមអ៊ីមែលថា៖ «ខ្ញុំបានរកឃើញថាអាជីវកម្មនេះគឺមានអាទិភាពជាងការការពារព្រៃឈើ។ អ្វីដែលពួកគេគិតគឺត្រូវរកលុយពីឈើ»។
Julian Newman ប្រធានយុទ្ធនាការនៅទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដែលបានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីការកាប់ឈើខុសច្បាប់នៅក្នុងតំបន់មេគង្គបានសរសេរតាមអ៊ីមែលថាវាមិនអាចទៅរួចទេដែលការកាប់ឈើទ្រង់ទ្រាយតូចអាចបង្កើតឲ្យមានការនាំចេញឈើតម្លៃ ១២១ លានដុល្លារក្នុងរយៈកាល ៩ ខែ «លុះត្រាតែវាជាឈើប្រណីតតម្លៃខ្ពស់»។
នៅពេលទាក់ទងកាលពីល្ងាចម្សិលមិញអ្នកនាំពាក្យក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានថ្លែងថាខណៈលោកមិនអាចធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីទិន្នន័យគយវៀតណាមដោយមិនទាន់ធ្វើការផ្ទៀងផ្ទាត់ជំហរផ្លូវការរបស់រដ្ឋាភិបាលគឺថាការនាំចេញឈើទ្រង់ទ្រាយធំទាំងអស់ក្នុងប្រទេសកម្ពុជាគឺត្រូវបានបញ្ចប់ហើយ។
លោក សុផល្លែត បន្តថា៖ «តាមដែលយើងដឹងការកាប់ឈើធំៗទាំងអស់ត្រូវបានបញ្ចប់ក្នុងរយៈកាលប៉ុន្មានខែចុងក្រោយដោយក្រុមការងារពិសេសប្រឆាំងការកាប់ឈើ»។
លោក អេង ហ៊ី អ្នកនាំពាក្យក្រុមការងារពិសេសប្រឆាំងការកាប់ឈើដែលត្រូវបានបង្កើតឡើងនាឆ្នាំនេះក្រោមការបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីលុបបំបាត់ការកាប់ឈើខុសច្បាប់បានបដិសេធធ្វើអត្ថាធិប្បាយអំពីទិន្នន័យនេះកាលពីម្សិលមិញ។
ទិន្នន័យនេះគឺគ្របដណ្តប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ។ ក្នុងអំឡុងពេលនោះអាជ្ញាធរគយវៀតណាមបានចុះបញ្ជីឈើចំនួន ១១៥៦៩៤ ម៉ែត្រគុបនៃឈើដែលត្រូវបានអារនៅតម្លៃ ១០៥,៩ លានដុល្លារដែលនាំចូលពីកម្ពុជា និង ៥៩១២៨ ម៉ែត្រគិបនៃកំណាត់ឈើដែលមានតម្លៃ ១៥,៥ លានដុល្លារ។
លោក Hardtke ដែលជាអ្នកអភិរក្សបានកត់សម្គាល់ថាការនាំចេញឈើពីកម្ពុជាគឺខុសច្បាប់ដោយសារវាត្រូវបានហាមប្រាមកាលពីពាក់កណ្តាលខែមករា។
លោក Hardtke បានសរសេរថា៖ «ប្រសិនបើយើងមើលទៅឈើពីព្រៃធម្មជាតិវាគឺត្រូវបានធ្វើឡើងដោយមានការឃុបឃិតពីអាជ្ញាធរក្នុងប្រទេសកម្ពុជា ឬខាង [វៀតណាម] គឺបញ្ចូលឈើរត់ពន្ធទៅក្នុងទិន្នន័យរបស់ពួកគេ»។
លោក Newman នៅអង្គការ EIA បានថ្លែងថាការទទួលយករបស់វៀតណាមចំពោះឈើកម្ពុជាបើទោះបីជារដ្ឋាភិបាលកម្ពុជាហាមឃាត់មិនឲ្យមានការនាំចេញឈើមានន័យថាវៀតណាមត្រូវមានការទទួលខុសត្រូវមួយចំនួនចំពោះការកាប់ឈើក្នុងប្រទេសកម្ពុជា។ «ខ្លួនគួរតែគោរពច្បាប់ និងបទប្បញ្ញតិ្តរបស់ប្រទេសជិតខាង»។
ទាំងលោក Newman និង លោក ឡេង ដែលជាអ្នកអភិរក្សឈ្នះពានរង្វាន់បុរសមាសខាងបរិស្ថានបានក្រើនរំឭកឲ្យមានការប្រុងប្រយ័ត្នថាសហភាពអឺរ៉ុបផងដែរអាចនឹងមានហានិភ័យនៃការជាប់ក្នុងការឃុបឃិតនៅក្នុងពាណិជ្ជកម្មឈើរបស់កម្ពុជាប្រសិនបើខ្លួនមិនប្រុងប្រយ័ត្ន។
លោក Newman បន្តថា៖ «វៀតណាមបច្ចុប្បន្ននេះកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឈើជាមួយសហភាពអឺរ៉ុប»។ «អង្គការ EIA កំពុងជំរុញឲ្យមានការធានាថាក្រោមកិច្ចព្រមព្រៀងនេះវៀតណាមត្រូវតែមិនរួមបញ្ចូលឈើខុសច្បាប់ពីទីផ្សាររបស់ខ្លួន»។
ការនាំចូលឈើបានកើនឡើងខ្លាំងក្នុងខែមេសា និងឧសភាដោយសរុបទៅមានចំនួន ២៧ លានដុល្លារគឺជិតមួយភាគបួននៃការនាំចូលឈើក្នុងរយៈកាល ៩ ខែ។
លោក Hardtke បានសរសេរទៀតថា៖ «វាអាចជាឈើដែលត្រូវបានរឹបអូសក្នុងអំឡុងការចុះបង្ក្រាបក្នុងតំបន់ភាគខាងកើតនៃប្រទេសកម្ពុជាដែលកំពុងដឹកឆ្លងដែនរួចហើយ»៕ PS
គណបក្សពីរជំរុញឲ្យពលរដ្ឋចុះឈ្មោះ
ភ្នំពេញ: មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាពីព្រោះការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ២៩ ខែវិច្ឆិកានេះ បើទោះបីអ្នកមានសិទ្ធិចុះឈ្មោះប្រមាណមួយលាននាក់ជាងត្រូវបានប៉ាន់ស្មានថានឹងមិនបានចុះឈ្មោះក្នុងចំណោមអ្នកមានសិទិ្ធចុះឈ្មោះ ៩ លាននាក់ជាង។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតបានថ្លែងកាលពីម្សិលមិញថា៖ «តាមការប៉ាន់ស្មានជាបឋមអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតជាងមួយលាននាក់នឹងខកខានមិនបានចុះឈ្មោះទាន់តាមពេលវេលាដែលបានកំណត់ដោយសារតែបញ្ហាចំណាកស្រុកស្វែងរកការងារ»។
លោក ពុទ្ធា ថ្លែងបើទោះបីជាមានការខកខានមិនបានចុះឈ្មោះក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់សម្រេចនៅឡើយទេថាតើនឹងមានការពន្យារពេលការចុះឈ្មោះបោះឆ្នោតនៅឡើយទេ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងដំណើរចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងកាលពីថ្ងៃសុក្របានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានបន្តពន្យល់ និងជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ត្រូវបន្តពន្យល់ និងជំរុញប្រជាពលរដ្ឋឲ្យបានទៅចុះឈ្មោះបោះឆ្នោតឲ្យបានឆាប់រហ័ស និងគ្រប់គ្នាព្រោះនឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះហើយ»។ «សំខាន់ខ្លាំងណាស់គឺនៅសល់តែ ១០ ថ្ងៃទៀតទេ! សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ កន្លែងចុះឈ្មោះបោះឆ្នោតគឺបើកធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ»។
ចំណែកលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសបានសរសេរសារជាបន្តបន្ទាប់តាំងពីដើមខែវិច្ឆិកាមកគឺមានទាំងសារសរសេរជាអក្សរ និង ជាវីដេអូឃ្លីបដែលបានរៀបរាប់ពីផលប្រយោជន៍នៃការចុះឈ្មោះ និង ការបោះឆ្នោត។
លោក លោក សម រង្ស៊ី បានថ្លែងថា៖ «ខ្ញុំអំពាវនាវដល់កម្មកររោងចក្រ និងកម្មករទាំងអស់មកពីជនបទហើយធ្វើការតាមទីប្រជុំជនធំៗដូចជាក្នុងទីក្រុងភ្នំពេញត្រូវតែទៅចុះឈ្មោះបោះឆ្នោត បើសិនចង់បានប្រាក់ខែខ្ពស់ជាងពេលបច្ចុប្បន្នហើយនឹងធ្វើឲ្យប្រសើរឡើងដល់លក្ខខណ្ឌការងារ និងជីវភាពល្អប្រសើរដែលគណបក្សសង្គ្រោះជាតិអាចធ្វើបាននៅពេលដឹកនាំរដ្ឋាភិបាលហើយនឹងប្ដេជ្ញាចិត្តបំបាត់អំពើពុករលួយ និងជំរុញយុត្តិធម៌សម្រាប់សង្គម»។
កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៩០ ថ្ងៃគឺចាប់ពីថ្ងៃទី ១ កញ្ញា រហូតដល់ថ្ងៃទី ២៩ វិច្ឆិកា។ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិការនេះនៅសល់ប្រជាពលរដ្ឋជាង ២ លាននាក់ទៀតដែលគ្រប់អាយុតែមិនបានទៅចុះឈ្មោះឆ្នោត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍នេះដែរបានថ្លែងសំណេះសំណាលទៅកាន់ក្រុមទ្រទ្រង់ចលនាយុវជន និងចលនាស្ត្រីខេត្តកំពង់ចាមដោយបានរៀបចំយុទ្ធនាការដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដោយផ្ដោតទៅលើឃុំ សង្កាត់ណាដែលអ្នកចុះឈ្មោះបោះឆ្នោតនៅចំនួនតិចនៅឡើយ។
លោក សុខា ក៏បានថ្លែងថាគណបក្សត្រៀមរៀបចំប្រកាសជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ដោយផ្ដោតលើបេក្ខជនដែលមានគុណភាព ប្រជាប្រិយភាព និងភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋហើយគណបក្សប្រឆាំងនឹងបន្ថែមលើការរិះគន់រាជរដ្ឋាភិបាលដើម្បីចូលរួមដោះស្រាយបញ្ហារបស់ពលរដ្ឋ៕
តុលាការនឹងបញ្ចប់សំណុំរឿងទី២នៃរឿងក្ដីក្ដាំអតីតមេដឹកនាំខ្មែរក្រហមនៅថ្ងៃទី២៣វិច្ឆិកា
សាលាក្ដីខ្មែរក្រហម ធ្វើសន្និសីទកាសែតបញ្ជាក់នៅថ្ងៃទី២១ វិច្ឆិកា ថា តុលាការកំពូលនឹងប្រកាសសាលដីកាស្ថាពរលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង០០២ វគ្គ១ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន និង នួន ជា នៅថ្ងៃពុធ ទី២៣ វិច្ឆិកា សប្ដាហ៍នេះ។
ការប្រកាសសាលដីកាស្ថាពររបស់តុលាការកំពូល នៅថ្ងៃពុធ ទី២៣ វិច្ឆិកា គឺជាការបញ្ចប់សំណុំរឿងទី២ នៃរឿងក្ដីក្ដាំរបស់អតីតមេដឹកនាំខ្មែរក្រហម។
សាលដីកាស្ថាពរនោះ គឺសម្រេចអំពីការមិនសុខចិត្តរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងសំណុំរឿងលេខ០០២ វគ្គ១ ក្រោយពេលធ្វើសវនាការអស់រយៈពេល ២២២ថ្ងៃ។ អង្គជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ហើយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ សម្រេចផ្ដន្ទាទោសជនជាប់ចោទទាំងពីរជាប់ពន្ធនាគារអស់មួយជីវិត។
ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២១ វិច្ឆិកា មន្ត្រីផ្នែកច្បាប់នៃសាលាក្ដីខ្មែរក្រហម លោក ឡាស អូលសិន (Lars Olsen) រំឭកឡើងវិញថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន ជំទាស់ការផ្ដន្ទាទោសនេះថាខុសអង្គហេតុ និងអង្គច្បាប់ ហើយធ្វើបណ្ដឹងសាទុក្ខទៅអង្គជំនុំជម្រះតុលាការកំពូល ឲ្យពិនិត្យមើលឡើងវិញ ឬត្រូវដោះលែងពួកគាត់៖ «»។
ក្រៅពីការមិនសុខចិត្តរបស់ភាគីជនជាប់ចោទ ភាគីសហព្រះរាជអាជ្ញា ក៏បានប្ដឹងសាទុក្ខទៅតុលាការកំពូលដែរ ដោយសុំសាលាក្ដីនេះ ពង្រីកការអនុវត្តទម្រង់សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” ដើម្បីឲ្យអ្នកក្នុងក្រុមប្រព្រឹត្តបទឧក្រិដ្ឋ អាចជាប់ពាក់ព័ន្ធការទទួលខុសត្រូវ ហើយយកមកជំនុំជម្រះក្ដីបាន។
ជនជាប់ចោទ ខៀវ សំផន ដែលជាអតីតប្រធានគណៈប្រធានរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា ត្រូវបានសាលាដំបូងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ប្រព្រឹត្តនៅក្នុងអំឡុងពេលជម្លៀសពលរដ្ឋនៅទីក្រុងភ្នំពេញយ៉ាងហោច ២លាននាក់ កាលពីខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
ការប្រកាសសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូល នៅថ្ងៃពុធ ទី២៣ វិច្ឆិកា គឺជាការប្រកាសលទ្ធផលនៃបណ្ដឹងសាទុក្ខរបស់ភាគីទាំងពីរ ហើយក៏ជាការប្រកាសបិទផ្លូវតវ៉ាទាំងអស់សម្រាប់ការជំនុំជម្រះវគ្គ១ នៃសំណុំរឿង០០២។ មន្ត្រីសាលាក្ដីខ្មែរក្រហម នៅមិនទាន់អាចបញ្ជាក់បានទេថា ជនជាប់ចោទទាំងពីរនឹងត្រូវគេយកទៅឃុំឃាំងនៅឯណានៅឡើយទេ គឺត្រូវរង់ចាំរហូតដល់ក្រោយការសម្រេចរបស់តុលាការកំពូលសិន។
កាលពីសំណុំរឿង០០១ ដែលមានបណ្ដឹងសាទុក្ខដូចគ្នា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានសាលាក្ដីខ្មែរក្រហម ប្រគល់ឲ្យក្រសួងមហាផ្ទៃ យកទៅឃុំឃាំងនៅគុកខេត្តកណ្ដាល រហូតមកដល់សព្វថ្ងៃនេះ៕
Subscribe to:
Posts (Atom)