Wednesday, November 30, 2016

អភិបាល​ខេត្ត​កំពង់ចាម​ប្រាប់​មន្ត្រី​នគរបាល​ឲ្យ​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​សីលធម៌​និង​ច្បាប់


មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស ដែល​ត្រៀម​សម្ដែង​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា​នូវ​ជំនាញ​មួយ​ចំនួន នា​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna



អាជ្ញាធរ​ខេត្ត​កំពង់ចាម ផ្ដាំ​ផ្ញើ​ទៅ​មន្ត្រី​នគរបាល​ដែល​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ថា ពួក​គេ​គប្បី​ត្រូវ​យក​ចំណេះ​ដឹង​របស់​ខ្លួន​ទៅ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ក្រម​សីលធម៌ និង​អនុវត្ត​ទៅ​តាម​ច្បាប់។ ការ​លើក​ឡើង​នេះ ក្នុង​ពិធី​បិទ​បញ្ចប់​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា។

ជំនាញ​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​កង​អន្តរាគមន៍​ពិសេស​ចំនួន ១០៥​នាក់​រួម​មាន​ជំនាញ​ទប់ទល់​បាតុកម្ម កូដកម្ម ជំនាញ​បង្ការ និង​ពន្លត់​អគ្គិភ័យ ជំនាញ​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ ដូចជា​ខ្យល់​គ លង់​ទឹក ស្ទះ​ផ្លូវ​ដង្ហើម គ្រោះ​មហន្តរាយ​ផ្សេងៗ ដើម្បី​ធានា​ឲ្យ​បាន​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង។

វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាំងនេះ​បាន​ដំណើរ​ការ​អស់​រយៈពេល​ចំនួន ៤៥​ថ្ងៃ​សម្រាប់​កង​អន្តរាគមន៍​ពិសេស​នៅ​ខេត្ត​កំពង់ចាម ហើយ​បាន​បិទ​បញ្ចប់​ក្រោម​អធិបតីភាព​របស់​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ និង​អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ។

អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ទៅ​មន្ត្រី​នគរបាល​ទាំងនោះ​ថា ពួក​គេ​ត្រូវ​យក​ជំនាញ និង​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​ទៅ​បម្រើ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​គុណធម៌ និង​យុត្តិធម៌។ លើស​ពី​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ទឹកដី​នៃ​ខេត្ត​មួយ​នេះ​ប្រកប​ទៅ​ដោយ​សុខ​សន្តិភាព​គ្រប់គ្រាន់ ដែល​ជា​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ។ លោក​ថា មន្ត្រី​នគរបាល​ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​កាន់​តែ​រីក​ចម្រើន៖ «អ៊ីចឹង​ទេ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​យក​ចំណេះ​ដឹង​នេះ​ទៅ​អនុវត្ត​ប្រកប​ដោយ​គុណធម៌​ប្រកប​ដោយ​យុត្តិធម៌ និង​ដើម្បី​សម្រេច​គោលដៅ​ចុង​ក្រោយ​នោះ គឺ​ការពារ​ប្រទេស​ជាតិ ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ការពារ​ព្រះមហាក្សត្រ​របស់​យើង»។
មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស ដែល​ត្រៀម​សម្ដែង​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា​នូវ​ជំនាញ​មួយ​ចំនួន នា​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

ក្នុង​ពិធី​បិទ​វគ្គ​បំពាក់បំប៉ន​នេះ​ដែរ គឺ​មាន​ការ​ចូលរួម​ពី​ស្នងការ​នគរបាល​ខេត្ត​ជិត​២០ នៅ​ទូទាំង​ប្រទេស ដើម្បី​បាន​ស្វែង​យល់ និង​រៀន​សូត្រ​តាម។ ជាមួយ​គ្នា​នេះ ជំនាញ​មួយ​ចំនួន​ត្រូវ​បាន​យក​មក​បង្ហាញ​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា ដូចជា​ជំនាញ​ទប់ទល់ ឬ​រំសាយ​ក្រុម​បាតុកម្ម។ សកម្មភាព​នេះ ប្រៀប​ដូចជា​ហេតុការណ៍​កើត​ឡើង​ជាក់ស្តែង ដោយ​មាន​កម្លាំង​ទប់ទល់ មាន​ខែល ដំបង គ្រាប់​បែក​ផ្សែង ឡាន​ទឹក ជាដើម។ ចំណែក​ក្រុម​ដើរ​តួនាទី​ជា​បាតុករ​វិញ គឺ​មាន​ដំបង មាន​ដប​ទឹក​ច្រក​ខ្សាច់ តំណាង​ឲ្យ​ដប​សាំង​សម្រាប់​តតាំង​ជាមួយ​សមត្ថកិច្ច។

អភិបាល​ខេត្ត​ដដែល​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​ពុំ​មែន​ដើម្បី​ត្រៀម​បង្ក្រាប​បាតុកម្ម​ណា​មួយ​នោះ​ឡើយ ប៉ុន្តែ​ជា​ការ​លើក​កម្ពស់​សមត្ថភាព​របស់​មន្ត្រី​នគរបាល ហើយ​លោក​ថា​ប្រទេស​ណា​ក៏​មាន​វគ្គ​បណ្ដុះបណ្ដាល​បែប​នេះ​ដែរ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក បែន រ័ត្ន ដែល​ជា​អ្នក​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស​នេះ​ឡើង មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា គោល​បំណង គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ព្រម​ទាំង​ការពារ​ស្ថាប័ន​របស់​ជាតិ។ លោក​បញ្ជាក់​ថា ខេត្ត​កំពង់ចាម ជា​ខេត្ត​ទី​មួយ​ដែល​រៀបចំ​ឲ្យ​មាន​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស​បែប​នេះ៖ «ពីព្រោះ​យើង​បាន​ទទួល​អំណាច​ពី​រាជ​រដ្ឋាភិបាល​តែ​មួយ​គត់ គឺ​អំណាច​បម្រើ​ប្រជាពលរដ្ឋ»។

លោក​បង្ហាញ​ពី​មោទនភាព​ចំពោះ​ការ​បញ្ចប់​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស​នេះ​ទៀត​ផង។ ជាមួយ​គ្នា​នោះ លោក​ថែម​ទាំង​លើក​ឡើង​អំពី​ជោគជ័យ​ក្នុង​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​ចុង​ក្រោយ ព្រម​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​មន្ត្រី​នគរបាល​បាន​បម្រើ​ប្រជាពលរដ្ឋ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ស្នងការ​នគរបាល​ខេត្ត​រូប​នេះ​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ទៅ​ធ្វើ​ជា​ស្នងការ​នៅ​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក ម៉ៅ ពៅ ហើយ​ពិធី​ផ្ទេរ​តំណែង​ជា​ផ្លូវ​ការ គឺ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ យល់​ថា កង​កម្លាំង​ទាំងនេះ គឺ​តែងតែ​បង្កើត​ឲ្យ​មាន​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​មើល​ឃើញ​ថា កន្លង​មក​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ​លើ​ក្រុម​បាតុករ គឺ​មាន​ភាព​សាហាវ ពិសេស​នៅ​រាជធានី​ភ្នំពេញ។ ចំណែក​ការ​បណ្តុះបណ្តាល​វគ្គ​នេះ លោក​ថា​ពុំ​គួរ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង ឬ​ទីប្រជុំជន​ឡើយ ពីព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ ពិសេស​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច៖ «ភ័យ​ខ្លាច​ត្រង់​ណា​ប្រហែល​ជា​នៅ​ខេត្ត​កំពង់ចាម ឬ​សភាពការណ៍​នៅ​ថ្ងៃ​ខាង​មុខ​អី ប្រាកដ​ជា​មាន​បាតុកម្ម​ផ្ទុះ​ឡើង ហើយ​មាន​កម្លាំង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ​ខេត្ត​ជា​អ្នក​បង្ក្រាប»។

លោក​បន្ថែម​ថា ដើម្បី​ឲ្យ​ការ​បណ្តុះបណ្តាល​វគ្គ​ទាំងនេះ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិត​ប្រាកដ មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ទទួល​ការ​អប់រំ​បន្ថែម​ទៀត ទាំង​ផ្នែក​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស ពិសេស​អប់រំ​ដល់​មន្ត្រី​ដែល​មាន​តួនាទី​ធំៗ ព្រោះ​ជា​អ្នក​បញ្ជា​នៅ​ពេល​មាន​ហេតុការណ៍​ណា​មួយ​កើត​ឡើង៕

គ.ធ.ខ.ប ថែម​កុំព្យូទ័រ​៣​គ្រឿង​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​សង្កាត់​ប៉ោយប៉ែត

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បន្ត​សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ចុង​ក្រោយ នៅ​ការិយាល័យ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ (គ.ធ.ខ.ប) បាន​បញ្ជូន​ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ៣​គ្រឿង​បន្ថែម​ទៀត​ទៅ​ឲ្យ​ការិយាល័យ​សង្កាត់​នេះ ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​ឲ្យ​បាន​ឆាប់​រហ័ស។
ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

ក្រសួង​ពីរ​នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​សារ​សន្ទនា​រវាង​លោក ហ៊ុន មានិត និងធី សុវណ្ណថា

លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន​។ រូបថត ហ្វេសប៊ុក



ភ្នំពេញៈ មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ម្សិលមិញ​ថា ក្រុម​អាជ្ញាធរ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​សារ​ទូរស័ព្ទ​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​បង្ហាញ​ពី​ ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​កូន​ប្រុស​ទី​ ២ របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ និង​ជា​ប្រធាន​​អង្គភាព​ចារកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ​គឺ លោក ហ៊ុន មានិត ជាមួយ​​តារា​បណ្តាញ​​ផ្សព្វ​ផ្សាយ​សង្គមគឺ កញ្ញា​ ធី សុវណ្ណថា ក្នុង​​អត្ថន័យ​រៀប​ចំ​ផែន​ការ​បង្ខូច​ឈ្មោះ​ លោក កឹម សុខា ប្រធាន​ស្តីទី​​គណបក្ស​ប្រឆាំង។

ការ​សន្យា​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​លោក ឈុំ សុជាតិ ​ត្រូវ​បានធ្វើ​ឡើង បន្ទាប់​ពី​គណនី​ Facebook​ របស់ កញ្ញា ធី សុវណ្ណ​ថា បាន​បង្ហោះ​រូប​ថត​ចេញ​ពី​អេក្រង់​ទូរស័ព្ទ​ជាង ៤០០ សន្លឹក ដែល​បង្ហាញ​ពី​ការ​ឆ្លើយ​ឆ្លង​របស់​នាង ជាមួយ​​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ផ្ទាល់​តែ​ម្តង។

លោក ឈុំ សុជាតិ ថ្លែង​ថា លោកពុំ​បាន​ដឹង​ពី​សារ​ឆ្លង​ឆ្លើយ​រវាង ​ធី សុវណ្ណថា ជាមួយ​​​លោក ហ៊ុន សែន នោះ​ទេ ក៏​ប៉ុន្តែបាន​អះអាងថា ក្រុម​អ្នក​ជំនាញ​មក​ពី​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​នឹង​ធ្វើការ​ស៊ើបអង្កេត​លើភាព​ពិត​ប្រាកដ​នៃ​សារ​បែក​ធ្លាយ​ដែល​មាន​ទាក់​ទង​ជាមួយ​លោក ហ៊ុន មានិត ជា​ឧត្តមសេនីយ៍​ទោ និង​ទើប​ដំឡើង​ឋានៈ​ជា​ប្រធាន​​អង្គភាព​ចារកម្ម​​​កាល​ពី​ឆ្នាំ​មុន។

លោក​អះអាង​ថា ការ​រកឃើញ​ណាមួយ​គឺជា «បញ្ហា​ចារកម្ម​សម្ងាត់» និង​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ​ឡើយ។

លោក​និយាយថា៖ «យើង​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា វា​ជា​ការ​ពិតឬ​ក៏អត់​បាន​នោះទេ... ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​នឹង​បើក​ការ​ស៊ើប​អង្កេត​ស្តី​ពី​ព័ត៌មាន​នេះ»។

កញ្ញា​ ធី សុវណ្ណថា ចូលរួម​ក្នុងវេទិកា​បរិស្ថានដែល​មានវត្តមាន​របស់នាយករដ្ឋមន្រ្តី នៅវិមាន​សន្តិភាព នៅ​ឆ្នាំ​នេះ។ ហេង ជីវ័ន

ត្រូវ​បាន​ទាក់ទង​ទៅ​កាល​ពី​ម្សិលមិញ​តាម​រយៈ Facebook លោកឧត្តមសេនីយ៍ទោ ហ៊ុន មានិត ពុំ​បាន​បដិសេធ​​សារ​ឆ្លង​ឆ្លើយ​របស់​លោក​ជាមួយ​​កញ្ញា​ ធី សុវណ្ណថា នោះទេ ក៏ប៉ុន្តែ​លោក​ក៏ពុំ​បាន​ឆ្លើយ​សំណួរ​ស្តី​ពីភាព​ពិត​​របស់​សារ​ទាំង​នោះ​ដែរ។

លោក ហ៊ុន មានិត សរសេរ​ថា៖ «ប្រហែល​ជា​អ្នក (អ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍) អាច​ជួយ​ខ្ញុំ​រក​ឲ្យ​ឃើញ​ថា ហេតុអ្វី​បាន ជា​វីដេអូ និងប្រធានបទ​ប្រភេទ​នេះត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម»។

លោក​ពុំ​បាន​ធ្វើ​ការ​ឆ្លើយតបទៅ​នឹង​បណ្តាសំណួរបន្ទាប់​មក​ទៀត​ទាក់​ទិន​នឹង​ទំនាក់ទំនង​របស់​កញ្ញា ធី សុវណ្ណថា ជាមួយ​នឹង​ឪពុក​របស់​លោក​នោះទេ។

សារ​នៃ​ការ​​សន្ទនាទាំង​ពីរ បាន​លេច​ចេញ​ជា​លើក​ដំបូង​នៅ​លើ​គណនី Facebook របស់ឈ្មោះ ផែ សុវណ្ណារិទ្ធិ ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​ ធី សុវណ្ណថា និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប កាល​ពី​ចុង​សប្តាហ៍​មុន។

ជា​សញ្ញា​នៃ​ការ​ពាក់ព័ន្ធរបស់​ Hacker មួយ​រូប​នៅ​ក្នុង​រឿង​នេះ អ្នក​ប្រើប្រាស់​ម្នាក់នៃ​គណនីឈ្មោះ ផែ សុវណ្ណា​រិទ្ធិ ដែល​បាន​ឆ្លងឆ្លើយ​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃ​​អាទិត្យ​បាន​បញ្ជាក់​ថា រូប​គេ​មិន​មែន​ជា ផែ សុវណ្ណារិទ្ធិ ទេ តែ​គេ​ជា​ «អ្នក​ផ្សេង​ទៀត» ដែលកំពុង «ព្យាយាម​បកអាក្រាត​ពី​ការ​ពិត»។

កាល​ពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង លោក ផែ សុវណ្ណារិទ្ធិ ឬ កញ្ញា ធី សុវណ្ណថា បាន​ឡើយ។

សូម​បញ្ជាក់​ថា កញ្ញា ធី សុវណ្ណថា ធ្លាប់​ជា​សកម្មជន​ដ៏​ខ្លាំង​ក្លា​មួយ​រូប​របស់​គណបក្ស​សង្គ្រោះជាតិ ក៏​ប៉ុន្តែ​បាន​មាន​ទំនាស់​ជាមួយ​គណបក្ស​នេះ និង​បាន​ក្លាយ​ជា​អ្នក​រិះគន់​គណបក្ស​សង្រ្គោះជាតិ​មិន​សំចៃមាត់ ជា​ពិសេស​ប្រឆាំង​នឹង​លោក​ កឹម សុខា។ ​

នៅ​ក្នុង​ចំណោម​​សញ្ញា​ចម្លែក​ទាំង​អស់​ដែល​លេច​ឡើង​ស្រប​គ្នា​នឹងរឿង​បែក​ធ្លាយ​សារ​សន្ទនា​នេះ មានសេចក្តី​បង្ហោះ​មួយនៅលើគណនី Facebook របស់​កញ្ញា ធី សុវណ្ណថា កាល​ពី​ថ្ងៃ​អាទិត្យ ដែល​មាន​អត្ថន័យ​សុំ​អភ័យ​ទោស​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ឆ្នាំ​នេះ តារា​បណ្តាញសង្គម​បាន​អនុវត្ត​នូវ​យុទ្ធនាការ​ដាក់​សម្ពាធ​លើ​លោក កឹម សុខា ជុំវិញ​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​​នារី​ម្នាក់ ជា​ជាង​ធ្វើ​សក់​​​ដែល​គេ​សង្ស័យ​ថា ជា​ស្រីស្នេហ៍​របស់លោក។ ធី សុវណ្ណថា ធ្លាប់​ទាំង​បាន​ប្តឹង​អ្នក​នយោបាយ​រូប​នេះ​ ដោយ​ទារ​ជម្ងឺ​ចិត្ត ១ លាន ដុល្លារ ចំពោះ​ការ​និយាយ​បន្ទុះបង្អាប់​រូប​នាង​នៅ​ក្នុង​ខ្សែ​អាត់​សម្លេង​សន្ទនាទូរស័ព្ទរវាង​លោក​ កឹម សុខា ជាមួយ​នារី​ដែល​គេ​សង្ស័យ​ថា ជា​ស្រីស្នេហ៍​របស់​លោក​នេះ។

ការ​សន្ទនា​គ្នា​ដែល​គេ​សង្ស័យ​ថា ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក ហ៊ុន មានិត និង​កញ្ញា ធី សុវណ្ណថា ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ក្នុង Youtube មួយ ដែល​មាន​បង្ហាញទាំង​សម្លេង​និង​សារ​ជា​អក្សរ និយាយ​អំពីផែនការ​ធ្វើ​បាតុកម្ម​ប្រឆាំង និងបង្ខូច​ឈ្មោះ​លោក កឹម សុខា ដែល​ត្រូ​វ​បាន​គាំទ្រ​ដោយ លោក ហ៊ុន មានិត។​

នៅ​ក្នុង​ការ​សន្ទនា​កាល​ពី​ខែមីនា កូន​ប្រុស​របស់​នាយក​រដ្ឋមន្រ្តីបាន​ហៅ​បាតុកម្ម​ទាំង​នោះ​ថា «ត្រឹមត្រូវ និង​ត្រូវ​បាន​រៀប​ចំ​ឡើង​បាន​យ៉ាង​ល្អ» និង​បាន​លើកទឹកចិត្ត​ ធី សុវណ្ណថា ឲ្យ «រំខាន​ហើយ​រំខាន​ទៀត» និង​«សុំឲ្យ​បាន​ចម្លើយ​ថា​ពិត​ឬ​ក៏អត់»។ លោក​បាន​បន្ថែម​ថា លោក មាន​មោទនភាព​ចំពោះ​ក្រុម​បាតុករ​នេះ។​

នៅ​ក្នុង​សារ​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា កញ្ញា​ ធី​ សុវណ្ណថា បាន​សុំ​សមាជិក ៥០ នាក់​ពី​ក្រុម​យុវជន​របស់​លោក​ ហ៊ុន មានិត ឲ្យ​ចូល​រួម​ធ្វើ​ការ​តវ៉ា​នៅ​ផ្ទះ​លោក កឹម សុខា។

សារ​ឆ្លើយតប​នឹង​សារ​ខាង​លើ ដែល​ត្រូវ​បាន​សង្ស័យ​ថា ជា​របស់​លោក ហ៊ុន មានិត ​មាន​សេចក្តីថា៖ « បង​​អត់​​ឲ្យ​​ពួក​គាត់​​ចូលរួម​​ទេ មិន​​ចង់​​ឲ្យ​​បែកការ​​ទេ កម្លាំង​​បង​​រក្សា​ទុក​ទាល់​​តែ​​ពេល​ចាំបាច់​បាន​ប្រើ​គាត់»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឲ្យដឹងថា លោក​ជឿជាក់​ថា ការពិភាក្សា​គ្នា​រវាង​អ្នក​ទាំង​ពីរ​នេះ​គឺជា​ការ​ពិត ហើយ​ត្រូវ​បាន​ទទួល​ដោយ​ជន​ណា​ម្នាក់​ដែល​បាន​ទិញ​ទូរស័ព្ទ​ចាស់​របស់​ធី សុវណ្ណថា។

លោក​ថ្លែងថា៖ «គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភនោះទេ ព្រោះ​ករណី​នេះ​គឺ​ជា​រឿងរបស់​បុគ្គល មិន​មាន​បញ្ហា​អ្វី ហើយ​ក៏​មិន​មាន​ការ​ប៉ះពាល់​លើ​សិទ្ធិ​​អ្នក​ដទៃ​ដែរ»។

លោក​បន្ថែម​ទៀត​ថា លោកមិន​បាន​ដឹង​ពីសារសន្ទនា​ទាក់ទង​នឹង​លោក ហ៊ុន សែន​ នោះ​ឡើយ។

សារ​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ទម្រង់​ជា​រូប​ភាព​ថត​ចេញ​ពី​អេក្រង់ទូរស័ព្ទត្រូវ​បាន​បង្ហោះ​នៅ​លើគណនី Facebook របស់ កញ្ញា ធី សុវណ្ណថា កាល​ពី​​ម្សិលមិញ អម​នឹង​សេចក្តី​ដែល​ត្រូវ​បាន​សរសេរ​ថា៖ «ខ្ញុំ​ចង់​បង្ហាញ​ពីការពិត​នៃ​រឿង​រវាង​ជីតា និង​ចៅស្រី» ជា​ពាក្យ​​ដែល​ដៃ​គូរ​សន្ទនាទាំង​ពីរ​ហៅ​គ្នា​ទៅ​វិញ​ទៅ​មុខ​នៅ​ក្នុង​សារ​ទាំង​នោះ។

សារ​សន្ទនា​នេះ​មាន​សេចក្តី​ថា លោក​ ហ៊ុន សែន ផ្តល់​ប្រាក់ ១ លាន​ដុល្លារទៅ​ឲ្យ​ ធី សុវណ្ណថា សម្រាប់​ទ្រទ្រង់​សកម្មភាព​របស់​នាង ព្រម​ទាំង​មាន​ការ​ពិភាក្សា​ពី​ការ​បាញ់​កាំភ្លើង និង​និយាយ​ពី​គម្រោង​កម្ទេចគណបក្ស​សង្គ្រោះ​ជាតិ​ថែម​ទៀត​ផង។

ទោះបីជា​យ៉ាងណា ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​បញ្ជាក់​ភាព​ពិត​នៃ​ការ​សន្ទនា​នេះ​បាន​ទេ ហើយ​មន្រ្តី​នាំពាក្យ​របស់​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ក៏​មិ​នច្បាស់​ពី​ភាព​ពិត​របស់​សារ​ទាំង​នេះ​ដែរ។

លោក​និយាយថា៖ «ប្រសិនជា​វា​ជា​ការ​ពិត ឬ​មិន​ពិត យើង​ត្រូវ​រង់ចាំ​ម្ចាស់​ទំព័រ Facebook ទាំង​នោះ​សិន ថា តើ​ធី សុវណ្ណថា និយាយ​ថាម៉េច ឬសម្តេច​នាយករដ្ឋ​មន្រ្តី​និយាយ​ថា​ម៉េច បើ​មិន​អ៊ីចឹងទេ វា​គ្រាន់​តែ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ។​ ខ្ញុំ​មិន​បារម្ភ​ច្រើន​ពី​រឿង​នេះទេ វា​អាច​ជា​ការពិត ឬ​ជា​ការ​ក្លែងក្លាយ»។

នៅពេល​ត្រូវ​បាន​ទាក់​ទង​ទៅ​ កាល​ពី​ម្សិលមិញ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ ដោយ​គ្រាន់​តែ​និយាយថា៖​ «យើង​ចង់​ឲ្យ​នយោបាយ​នៅ​កម្ពុជា​មាន​​ភាព​ស្អាត​ស្អំ​សម្រាប់​ជំនាន់​ក្រោយ»៕TN

ផែនទីបោន ផែនទីយូធីអឹម តើវាខុសគ្នាយ៉ាងណាដែរ?

ចំណែក​មួយ​នៃ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang



ខ្ញុំអាចសារភាពជាចំហថា ខ្ញុំអៀនខ្មាស់បន្តិចដែរ ដែលខ្ញុំក៏(អត់យល់)ជម្លោះរវាងខ្មែរនិងខ្មែរពីរឿងផែនទីបោនខ្នាតមួយ
លើ១០០ពាន់ និងផែនទី UTM ខ្នាត១លើ៥០ពាន់។ ជម្លោះដដែលៗនេះ ខ្ញុំបានឮយូរយាំងណាស់មកហើយ តាំងពីការបក
ស្រាយដូចៗគ្នារបស់ខ្មែរជាច្រើន មានដូចជាលោកស៊ានប៉េងសែ អតីតអ្នកមុខអ្នកការដ្ឋផ្នែងខាងព្រំដែន, លោកលីឌៀប,
ខ្មែរដទៃ, និងពេលថ្មីៗប៉ុន្មានថ្ងៃកន្លងទៅនេះ លោកថាច់សេដ្ឋា, ដែលអស់លោកអះអាងថាការប្រើប្រាស់ផែនទីយូធីអឹម
គឺខុសច្បាប់ ហើយវានឹងធ្វើឱ្យខ្មែរខាតបង់ទឹកដីខ្លួន ទៅក្នុងដៃយួន។ ខ្ញុំអត់យល់ជម្លោះរវាងខ្មែរនិងខ្មែរត្រង់ចំណុចហ្នឹង។

ចំណែកឯសម្តេចតេជោហ៊ុនសែន និងលោកសមរង្ស៊ី បានបញ្ជាក់ដូចគ្នាថា ការប្រើផែនទីយូធីអឹម គឺ(វាគ្រាន់តែ)មានរូប
ខ្សែផែនទីធំហើយច្បាស់ជាងផែនទីបោនខ្នាត១លើ១០០ពាន់តែប៉ុណ្ណោះ។ ប៉ុន្តែជា(ផែនទីដដែល)តែមួយ។ គឺគ្មានការ
គូរវាសជាថ្មីដោះដូរចំណុចត្រង់ណា ឱ្យខុសពីសំណៅដើមនៃផែនទីបោនខ្នាត១លើ១០០ពាន់នោះទេ។ អត់ទេ។

ដូច្នេះខ្ញុំចង់សួរបញ្ជាក់ថា តើអ្នកដែលយល់ថា ការផ្តោះប្តូរនិងប្រើប្រាស់ផែនទីយូធីអឹមហ្នឹង វាខុសគ្នាយ៉ាងណាពីការប្រើ
ប្រាសផែនទីបោនខ្នាត១លើ១០០ពាន់ ហើយវានឹងធ្វើឱ្យខ្មែរបាត់បង់ដីជាបន្ថែមទៅយួន ដោយសារអ្វីដែរ បើខ្មែរនឹងប្រើ
ផែនទីយូធីអឹមខ្នាត១លើ៥០ពាន់នេះ? ខ្ញុំមិនយល់ជម្លោះខ្មែរត្រង់ចំណុហ្នឹង ហើយក៏(មិនដែល)បានឮឬអានការបកស្រាយ
ច្បាស់លាស់ម្តងណា ពីខ្មែរណាម្នាក់សោះឡើយ។ សួថា តើយើងចេះតែនិយាយតៗគ្នា ដោយព្រួយបារម្មណ៍ពីរឿងបាត់ដី
ខ្លាំងពេកទេឬយ៉ាងម៉េច? ខ្ញុំនឹងសាកល្បងសរសេរអ៊ីមែល ផ្ញើជូននិងសួរនាំ ឯ.ឧ. ថាច់សេដ្ឋាពីចំណុចនេះ។

ខ្ញុំខ្លួនឯងក៏យល់ដូច្នេះដែរ គឺថា ផែនទីបោននិងផែនទីយូធីមឹន គឺជាDVDតែមួយ ដែលគេបញ្ចាំងក្នុងទូរទស្សន៍ មានទំហ៊ំ
ធំឬតូចជាងគ្នាតែប៉ុណ្ណោះ ប៉ុន្តែរូបភាពវានៅដដែលទាំងអស់ មិនប្រែប្រួលក្រឡៃខុសពីសំណៅដើមនោះទេ។ តែខ្មែរអ្នក
ជាតិនិយមដែលតែងតែអះអាងតៗគ្នាថា វាគ្រាន់តែជាករណីកិច្ច(បំពេញបន្ថែម) ឱ្យស្របតាមសន្ធិសញ្ញាបំពេញបន្ថែម
រវាងខ្មែរនិងយួននោះ គួរតែឆ្លៀតពេលសរសេរ ឬនិយាយ(បំភ្លឺឱ្យច្បាស់) ត្រង់ចំណុចដែលអស់លោក ទទូចជាដដែលៗ
ថានឹងធ្វើឱ្យខ្មែរ ត្រូវបាត់បង់ដីទៅយួន ដោយការប្រើផែនទីយូធីអឹមខ្នាត១លើ៥០ពាន់នេះ។

(សូមឈប់) និយាយដដែលៗបើយើងមិនអាចពន្យល់បាន នូវចំណុចនៃការអះអាងរបស់យើងនោះទេ។  ប៉ុន្តែបើយល់
សូមសរសេរ ឬនិយាយពន្យល់ឱ្យបានល្អក្បោះក្បាយ ពីការយល់ឃើញជាក់ច្បាស់ តាមចំណេះដឹងពិតប្រាកដរបស់អស់
លោក។ ធ្វើអ៊ីចឹងទើបយើងអាចបញ្ចប់ជម្លោះវែងឆ្ងាយ ដ៏ឥតប្រយោជន៍នេះបាន។