ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។ RFA/Brach Chev |
ប្រមុខដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួន បានស្នើឲ្យតុលាការអាមេរិក អន្តរាគមន៍ទៅទីចាត់ការធំនៃក្រុមហ៊ុនសាំងកាល់តិច (Caltex) នៅសហរដ្ឋអាមេរិកឈ្មោះ ឆេវរ៉ុន (Chevron) ឲ្យក្រុមហ៊ុននេះបង្ហាញភស្តុតាងរូបភាពដែលថតដោយកាមេរ៉ាសុវត្ថិភាព ក្នុងព្រឹត្តិការណ៍បាញ់ប្រហារលោកបណ្ឌិត កែម ឡី។ បើទោះជាបែបណា ភាគីក្រុមហ៊ុនសាំងកាល់តិច ដែលកំពុងធ្វើអាជីវកម្មនៅស្រុកខ្មែរនេះ ធ្លាប់បានបដិសេធម្ដងរួចមកហើយ ក្នុងការផ្ដល់ព័ត៌មានលម្អិតជុំវិញកាមេរ៉ាសុវត្ថិភាពនេះ។
មន្ត្រីតុលាការក្រុងភ្នំពេញ ដែលបានទទួលសំណុំរឿងនេះបន្តពីនគរបាលយុត្តិធម៌ទៅចាត់ការនោះ នៅមិនទាន់អាចបញ្ជាក់បានពីពេលវេលាជាក់លាក់ដែលអាចឈានទៅដល់បើកការជំនុំជម្រះបាននៅឡើយទេ ដោយអះអាងថា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតបន្ត។
ស្របពេលនេះ ប្រមុខដឹកនាំបក្សប្រឆាំងវិញ បានលើកយកករណីនេះមកសើរើដែរ។ លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួន បានផ្ញើលិខិតទៅតុលាការសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យក្រុមហ៊ុន ឆេវរ៉ុន បង្ហាញពីវីដេអូឃ្លិបដែលលោក សម រង្ស៊ី ជឿជាក់ថា ក្រុមហ៊ុននេះបានថតដោយកាមេរ៉ាសុវត្ថិភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារលោកបណ្ឌិត កែម ឡី។
លោក សម រង្ស៊ី បង្ហោះសារ និងឯកសារថតចម្លងនៃបណ្ដឹងទៅតុលាការសហរដ្ឋអាមេរិកនោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកផ្ទាល់ នៅថ្ងៃទី១៦ ខែធ្នូ នៅក្រោយពេលលោកបានដាក់បណ្ដឹងកាលពីថ្ងៃទី១៣ ខែធ្នូ ដដែល។
ជុំវិញរឿងនេះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ក្រុមហ៊ុនកាល់តិច ដែលជាប្រតិបត្តិករដ៏ធំរបស់ក្រុមហ៊ុនឆេវរ៉ុន នៅក្នុងទីក្រុងភ្នំពេញ បានបដិសេធក្នុងការផ្ដល់ចម្លើយមកអ្នកយកព័ត៌មានអាស៊ីសេរីម្ដងរួចមកហើយ ពាក់ព័ន្ធអំពើឃាតកម្មនេះ ដោយចាត់ទុកថា រាល់សំណួរដែលបានលើកឡើងជុំវិញបទឧក្រិដ្ឋនេះ សុទ្ធតែជារឿងចចាមអារ៉ាម និងជាសំណួរមិនប្រាកដប្រជា។ បន្ថែមពីលើនេះ តំណាងក្រុមហ៊ុនកាល់តិច បានបង្វែរសំណុំរឿងនេះឲ្យទៅសួរសមត្ថកិច្ចវិញចុះ។
ទិដ្ឋភាពភាពនៅខាងមុខ ស្ដារ ម៉ាត (Star Mart) ស្ដុបបូកគោ ក្រោយពេលលោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។ RFA/Uon Chhin |
បើទោះជាយ៉ាងណា អ្នកវិភាគសង្គម និងនយោបាយ លោក គឹម សុខ យល់ឃើញថា រឿងកិច្ចអន្តរាគមន៍របស់បក្សប្រឆាំងក្នុងរឿងក្តីនេះ ចៀសមិនផុតពីការជជែកដេញដោលរវាងតុលាការអាមេរិក និងក្រុមហ៊ុន ឆេវរ៉ុន ទេ។ ម្យ៉ាងវិញទៀត មានហេតុផលខ្លះដែលនាំឲ្យតុលាការស្រុកខ្មែរយឺតយ៉ាវក្នុងការស្វែងរកអ្នកពាក់ព័ន្ធបន្តទៀតនោះ ប្រាកដណាស់រឿងក្ដីគឺស្ថិតក្រោមឥទ្ធិពលរបស់បុគ្គលមានអំណាចណាម្នាក់នៅកម្ពុជា៖ «»។
លោក សម រង្ស៊ី បានសរសេរនៅក្នុងរបាយការណ៍របស់លោកទៅតុលាការអាមេរិកថា អំពើឃាតកម្មលើអ្នកវិភាគសង្គមដ៏មានប្រជាប្រិយភាពនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ ពេលលោកវិភាគលើរបាយការណ៍ដ៏ស៊ីជម្រៅទៅលើការស្រាវជ្រាវរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ស្ដីពីក្រុមគ្រួសារត្រកូល "ហ៊ុន"។
ព្រឹត្តិការណ៍បាញ់ប្រហារលោកបណ្ឌិត កែម ឡី លើកនេះ មិនខុសពីអំពើឃាតកម្មមុនៗឡើយ ពីខាងរដ្ឋាភិបាលតែងបង្ហាញជំហរស្ងប់ស្ងាត់។ ស្ថិតក្រោមទិដ្ឋភាពនេះហើយ ដែលក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់ថា រដ្ឋាភិបាលមិនដែលឈឺឆ្អាល ហើយរឹតតែពុំមានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅថែមទៀតផង រាល់ឃាតកម្មលើអ្នកតស៊ូមតិដើម្បីឲ្យមានយុត្តិធម៌សង្គម។
បច្ចុប្បន្នសំណុំរឿងនៃបទឧក្រិដ្ឋនេះ កំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក សេង លាង។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ ធ្លាប់បញ្ជាក់ជំហរថា រឿងក្ដីនេះ ចៅក្រមកំពុងតែបន្តនីតិវិធី ហើយក៏មិនទាន់បានកំណត់ពេលជំនុំជម្រះដែរ។ ក្រោយអំពើឃាតកម្មបានកើតឡើង មានរយៈពេលជាង ៥ខែមកហើយនេះ គឺមានជនជាប់ចោទម្នាក់ប៉ុណ្ណោះ ត្រូវចាប់ឃុំខ្លួន៕