Saturday, November 12, 2016

ពលរដ្ឋ​១៦​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ​ស្នើ​អាជ្ញាធរ​ពន្លឿន​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី

លោកស្រី ឡុច ទូច តំណាង​ពលរដ្ឋ ១៦​គ្រួសារ​នៅ​សហគមន៍​អូរខ្សាច់ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់ ខេត្ត​ព្រះសីហនុ បាន​ទទូច​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​ពន្លឿន​កាត់​ឆ្វៀល​ដី​ឈាន​ដល់​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។ ទន្ទឹម​គ្នា​នេះ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​មន្ត្រី​មាន​អំណាច​ដែល​បាន​ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន​ពួកគាត់ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង​តាម​គ្រប់​រូបភាព។

តំណាង​ប្រជាពលរដ្ឋ ១៦​គ្រួសារ រស់​នៅ​សហគមន៍​អូរ​ខ្សាច់ មាន​ទីតាំង​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោកស្រី ឡុច ទូច ស្នើ​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​សម្របសម្រួល និង​ជួយ​ពន្លឿន​សកម្មភាព​ចុះ​វាស់​ចំណែក​ក្បាល​ដី​ដែល​នៅ​សេសសល់​មិន​ជាប់​ពាក់ព័ន្ធ​បណ្ដឹង​នៅ​តុលាការ ដើម្បី​ឈាន​ដល់​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​បាន​ប្រើប្រាស់​ស្រប​ច្បាប់​ឲ្យ​បាន​ឆាប់។

​លោកស្រី ឡុច ទូច អះអាង​ថា កន្លង​មក​ពលរដ្ឋ​រស់​នៅ​សហគមន៍​អូរ​ខ្សាច់ ធ្លាប់​មាន​ទំនាស់​ប្តឹងផ្តល់​គ្នា​នៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ជាមួយ​ភាគី លោក ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។

តំណាង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ អះអាង​ថា កន្លង​មក ពលរដ្ឋ​សហគមន៍​នេះ ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៤ ស្នើ​សុំ​មោឃៈ និង​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ពលរដ្ឋ​សហគមន៍​នេះ​ចោទ​ថា ត្រូវ​ភាគី​ទំនាស់ លោក ប៉ុន សារឿន និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃ​ទៀត ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​យក​ដី​ពលរដ្ឋ​ទាំង ១៦​គ្រួសារ មាន​ផ្ទៃដី​សរុប​ចំនួន ២៧​ហិកតារ។

លោកស្រី ឡុច ទូច បាន​ចោទ​ថា ភាគី​លោក ប៉ុន សារឿន ថា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មួយ​ចំនួន​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ​ក្នុង​សហគមន៍ មាន​ទីតាំង​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ទាំង​ពលរដ្ឋ​មិន​ដឹង​ខ្លួន៖ «លោក ប៉ុន សារឿន ពី​មុន​គាត់​ធ្វើការ​នៅ​សង្កាត់​លេខ​១ ប៉ុន្តែ​បច្ចុប្បន្ន​ធ្វើ​ការ​នៅ​ក្រសួង​បរិស្ថាន​វិញ។ គាត់​ឡើង​ធ្វើ​ធំ​ខ្លាំង គាត់​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លាំង ពលរដ្ឋ​ក្រីក្រ អត់​មាន​អី​ទីពឹង​ទេ មាន​តែ​ពឹង​សម្ដេច ហ៊ុន សែន ឲ្យ​ជួយ​ទេ»។

អ្នក​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​តាម​ឃ្លាំមើល​វិវាទ​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់ និង​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​ដី​ជាក់ស្ដែង បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ពន្លឿន​សកម្មភាព​ចុះ​វាស់​ចំណែក​ដី​ដែល​មិន​ជាប់​ពាក់ព័ន្ធ​រឿង​ក្ដី​នៅ​ប្រព័ន្ធ​តុលាការ​ជូន​ពលរដ្ឋ​រស់​នៅ​សហគមន៍​អូរខ្សាច់ បាន​ប្រើប្រាស់​ស្រប​ច្បាប់ ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ដីធ្លី​នៅ​ថ្ងៃ​ខាង​មុខ៖ «ខ្ញុំ​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សូម​មេត្តា​ជួយ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​អូរ​ខ្សាច់ ផង ពីព្រោះ​ក្នុង​ចំណោម​ដី​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា ២៧​ហិកតារ​នេះ គឺ​មាន​ទំនាស់​តែ​ប្រមាណ ១០​ហិកតារ​ទេ ជាមួយ​ប្រព័ន្ធ​តុលាការ ហើយ​ចំណែក​ដី​ដែល​នៅ​សេសសល់ គឺ​អាច​ឲ្យ​អាជ្ញាធរ​ចុះ​វាស់​ចំណែក​ក្បាល​ដី​ឈាន​ដល់​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​បាន»។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ប៉ុន សារឿន បច្ចុប្បន្ន​មាន​ឋានៈ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដែល​ពលរដ្ឋ​សហគមន៍​អូរខ្សាច់ ចោទ​ថា បាន​ឃុបឃិត​ធ្វើ​ប្លង់​រំលោភ​យក​ដីធ្លី​របស់​គាត់​ទាំង ១៦​គ្រួសារ តាម​ទូរស័ព្ទ​បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​វិច្ឆិកា។ ប៉ុន្តែ​តាម​ឯកសារ​បង្ហាញ​ថា ភាគី​លោក ប៉ុន សារឿន តែង​បាន​ឈ្នះ​ក្ដី​ទៅ​លើ​សំណុំរឿង​ដីធ្លី​ជាមួយ​ពលរដ្ឋ​ទាំង ១៦​គ្រួសារ​នេះ ជា​រហូត ចាប់​ពី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បន្ត​ដល់​សាលា​កំពូល។

ជាង​នេះ លោក ប៉ុន សារឿន ក៏​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រជាពលរដ្ឋ​ចំនួន ៤​នាក់ ដែល​តវ៉ា​ការពារ​ដីធ្លី​របស់​ខ្លួន​នៅ​សហគមន៍​អូរខ្សាច់ ទៅ​កាន់​សាលាដំបូង​ខេត្ត​នេះ ហើយ​ត្រូវ​តុលាការ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ទុច្ចរិត​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ ប្រព្រឹត្ត​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០០៨។ ពលរដ្ឋ​ទាំង ៤​នាក់​នោះ​មាន​ឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង កៅ ហួរ។ ពលរដ្ឋ​ទាំង ៤​នាក់​នេះ ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំង ១៦​គ្រួសារ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ភាគី​លោក ប៉ុន សារឿន ដែល​ពលរដ្ឋ​ចោទ​ថា លោក ប៉ុន សារឿន បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​លំនៅឋាន និង​ដីចម្ការ​ពួកគាត់។ មនុស្ស ៤​នាក់​ដែល​លោក ប៉ុន សារឿន ប្ដឹង​ទៅ​កាន់​តុលាការ​កាល​ណោះ​មាន ៣​នាក់ ជា​មនុស្ស​ស្រី និង​ជា​ស្ត្រី​មេម៉ាយ ហើយ​បច្ចុប្បន្ន​មាន​អាយុ​ជាង ៥០​ឆ្នាំ ហើយ​អ្នក​ខ្លះ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​នេះ បាន​បែងចែក​ក្រុម​ការងារ​ឲ្យ​ចុះ​ពិនិត្យ និង​វាស់ដី​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​មួយ​ចំនួន និង​ទទួល​បាន​លទ្ធផល​ជា​បន្តបន្ទាប់​រួច​ហើយ។ លោក​បន្ត​ថា ចំពោះ​ដីធ្លី​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ប្រព័ន្ធ​តុលាការ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​អាច​លូកដៃ​ចូល​បាន​ទេ៕

កម្មករ​រោងចក្រ​ផលិត​ស្បែក​ជើង​នៅ​ខេត្ត​តាកែវ​តវ៉ា​បិទ​ផ្លូវ​ជាតិ​៣



កម្មករ​រោងចក្រ​ផលិត​ស្បែក​ជើង វីនម៉ាក ស៊ូ (WINMAG SHOES) រាប់​រយ​នាក់ ស្ថិត​ក្នុង​ស្រុក​តាំកក់ ខេត្ត​តាកែវ បាន​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​៣ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ជូន​ពួកគាត់។ ការ​តវ៉ា​បិទ​ផ្លូវ​ដោយ​ក្រុម​កម្មករ​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​មក​ហើយ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

ការ​តវ៉ា​របស់​កម្មករ​នេះ បន្ទាប់​ពី​ថៅកែ​រោងចក្រ វីនម៉ាក បាន​បញ្ឈប់​កម្មករ​ជា​ច្រើន​រយ​នាក់​ជា​បន្តបន្ទាប់ ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ច្បាស់លាស់​ជាមុន​ឡើយ។

កម្មការិនី ជេត វីនដា អះអាង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ថា តំណាង​រោងចក្រ​បាន​ហៅ និង​បង្ខំ​ឱ្យ​កម្មករ​ជា​បន្តបន្ទាប់​ទៅ​ផ្ដិត​មេដៃ រួច​ហើយ​ឱ្យ​ពួកគេ​ឈប់​ពី​ការងារ ដោយ​មិន​ប្រាប់​ពី​ហេតុផល​នោះ​ទេ។ កម្មការិនី​រូប​នេះ​អះអាង​បន្ត​ថា សូម្បី​កម្មករ​ខ្លះ​ដែល​ធ្លាប់​ធ្វើ​ការងារ​ឱ្យ​រោងចក្រ​អស់​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ ក៏​រោងចក្រ​បង្ខំ​ឱ្យ​ផ្ដិត​មេដៃ​ឈប់​ពី​ការងារ​ដែរ។ កម្មការិនី​ដដែល​យល់​ថា ទង្វើ​របស់​រោងចក្រ​នៅ​ពេល​នេះ គឺ​ជា​ការ​ធ្វើ​បាប​ពួកគាត់ ព្រោះ​នៅ​ពេល​បាត់បង់​ការងារ​នៅ​រោងចក្រ​ទៅ កម្មករ​ដែល​ខ្លះ​ថែម​ទាំង​មាន​ផ្ទៃ​ពោះ និង​មាន​វ័យ​ចំណាស់ មិន​ដឹង​ជា​ពឹង​ពាក់​អ្វី និង​រក​ការងារ​ឯ​ណា​ផ្សេង​ធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត​បន្ត​ទៅ​មុខ​ទៀត​ឡើយ។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា កម្មករ​រោងចក្រ វីនម៉ាក ស៊ូ ដែល​មាន​ចំនួន​រាប់​រយ​នាក់ បាន​លើក​គ្នា​តវ៉ា ដោយ​អ្នក​ខ្លះ​មិន​ព្រម​ចូល​បំពេញ​ការងារ ហើយ​ខ្លះ​ទៀត​បាន​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បណ្ដាល​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​នោះ។ ចំណែក​កម្មការិនី​ម្នាក់​ទៀត ឈ្មោះ ង៉ែត រ៉ាំ ចង់​ឱ្យ​ភាគី​រោងចក្រ វីនម៉ាក ស៊ូ ធ្វើ​យ៉ាង​ណា​ត្រូវ​ឈប់​ហៅ​កម្មករ​មក​ផ្ដិត​មេដៃ រួច​ហើយ​បញ្ឈប់​ពី​ការងារ​ត​ទៅ​ទៀត ជា​ពិសេស​ត្រូវ​ផ្ដល់​ការងារ​ជូន​ពួកគាត់​ធ្វើ​ឡើង​វិញ​ដូច​ធម្មតា៖ «»។

ការ​តវ៉ា​ទាមទារ​រហូត​ឈាន​ទៅ​ដល់​បិទ​ផ្លូវ​ជាតិ​៣ បែប​នេះ ក៏​បាន​ធ្វើ​ឱ្យ​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន បង្ខំ​ជួប​ពិភាក្សា​ដោះស្រាយ​គ្នា​មួយ​ព្រឹក​ផង​ដែរ ក៏ប៉ុន្តែ​កិច្ច​ពិភាក្សា​គ្នា​នោះ ពុំ​ចេញ​ជា​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ បាន​ត្រឹមតែ​ការ​ជជែក​តឹង​សរសៃ​ក​ដាក់​គ្នា​ប៉ុណ្ណោះ។ ​

អ្នក​តំណាង​ឱ្យ​កម្មករ​រោងចក្រ វីនម៉ាក ស៊ូ ឈ្មោះ ង៉ែត រេម ដែល​ចូល​រួម​ពិភាក្សា​ដោះស្រាយ​ជាមួយ​អ្នក​តំណាង​ក្រុមហ៊ុន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បាន​អះអាង​ថា អ្វី​ដែល​ខាង​កម្មករ​ទាមទារ គឺ​ខាង​រោងចក្រ​មិន​ត្រូវ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​ហេតុផល​ទៀត​ឡើយ រោងចក្រ​ក៏​ត្រូវ​មាន​កិច្ច​សន្យា​ការងារ​ជាមួយ​កម្មករ​ពី​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ហើយ​រោងចក្រ​ត្រូវ​ប្ដូរ​មន្ត្រី​រដ្ឋបាល​ខ្លួន​ចេញ ព្រោះ​មន្ត្រី​រដ្ឋបាល​រូប​នេះ​តែងតែ​ហៅ​កម្មករ​ទៅ​គំរាម​ដើម្បី​ឱ្យ​ផ្ដិត​មេដៃ​បញ្ឈប់​ពី​ការងារ ព្រមទាំង​ការ​ទាមទារ​ផ្សេង​ទៀត ដូចជា​ថ្លៃ​បាយ និង​ទឹក​ជា​ដើម។

ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រុម​កម្មករ​ថា មាន​ការ​គំរាម​កំហែង​យ៉ាង​ណា​ក្ដី តំណាង​រោងចក្រ ឈ្មោះ ង៉ូវ ហួយហួង បាន​អះអាង​ថា ខ្លួន​មិន​បាន​គំរាមកំហែង និង​បង្ខំ​ឱ្យ​កម្មករ​ផ្ដិត​មេដៃ​ឈប់​ពី​ការងារ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ខ្លួន​ធ្វើ គឺ​ទៅ​តាម​គោលការណ៍​របស់​រោងចក្រ​ប៉ុណ្ណោះ ដែល​ត្រូវ​តែ​បញ្ឈប់​កម្មករ​ខ្លះ ខណៈ​រោងចក្រ​ពុំ​មាន​ការងារ​ឱ្យ​កម្មករ​ធ្វើ៖ «»។

អ្នក​តំណាង​រោងចក្រ​រូប​នេះ​អះអាង​បន្ត​ថា រោងចក្រ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល និង​មិន​ទទួល​យក​ការ​ទាមទារ​ពី​ក្រុម​កម្មករ​នោះ​ទេ។ សម្រាប់​ក្រុម​កម្មករ​រោងចក្រ វីនម៉ាក ស៊ូ វិញ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ការងារ ត្រូវ​ជួប​និយាយ​ជាមួយ​រោងចក្រ ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ស្វែង​រក​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួកគាត់​ដែល​កំពុង​ជួប​ផលវិបាក បើ​មិន​ដូច្នោះ​ទេ ពួក​កម្មករ​នឹង​បន្ត​លើក​គ្នា​តវ៉ា​រហូត​ទទួល​បាន​ដូច​ការ​ទាមទារ៕

ក្រុម​កីឡាករ​ប្រណាំង​ទូក​បាន​មក​ដល់​ភ្នំពេញ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត

កីឡាករ​អុំ​ទូក​ឈ្មោះ​ចេស្ដា​មហា​ពញ្ញាចក្រី​បារមី​ស្វាយសាច់ភ្នំ មក​ពី​ខេត្ត​កំពង់ចាម មក​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​ត្រៀម​ប្រកួត។ RFA/Khe Sonorng

មុន​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​មួយ​ថ្ងៃ កីឡាករ​ប្រណាំង​ទូក​មក​ពី​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ដណ្ដើម​យក​ជយលាភី​ក្នុង​ឱកាស​អបអរ​សាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

កីឡាករ​ប្រណាំង​ទូក​បាន​នាំ​គ្នា​ហាត់​សម​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ​ហែង ដើម្បី​ត្រៀម​លក្ខណៈ​ប្រកួត​ប្រជែង​នា​ឱកាស​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ដែល​នឹង​ចូល​មក​ដល់​ចំ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​វិច្ឆិកា។

កីឡាករ​ទូក​អុំ ដូនពេញ​សែនជ័យ របស់​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ លោក ទួត សារ៉ែន ថ្លែង​ថា ចំណុះ​ទូក​របស់​គាត់​មក​ពី​ខេត្ត​ព្រៃវែង មាន​គ្នា​ចំនួន ៦៧​នាក់ បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​ប្រកួត ព្រោះ​គាត់​បាន​អុំ​ហាត់​សម​ចំនួន ១៥​ថ្ងៃ​រួច​មក​ហើយ៖ «កីឡាករ​ប្រឹង​ការ​ហូប​ចុក​ថែ​ទាំ​សុខភាព ដេក​ពួន​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ថ្ងៃ​ប្រកួត​យក​ជ័យជំនះ។ ...ទូក​នេះ​មិន​ដែល​មាន​ប្រវត្តិ​ចាញ់​ផង ដល់​ឆ្នាំ​នេះ​ពួក​កីឡាករ​ខ្ញុំ​សង្ឃឹម ១០០%»។

មិន​ខុស​គ្នា​នោះ​ទេ កីឡាករ ហ៊ន សៀងហាក់ ដែល​ក្រុម​កីឡាករ​របស់​គាត់​ពាក់អាវ​យឺត​ពណ៌ស្វាយ​មក​ពី​ឃុំ​ស្វាយសាច់ភ្នំ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ជា​កីឡាករ​ទូក​អុំ "ចេស្ដា​មហា​ពញ្ញាចក្រី​បារមី​ស្វាយសាច់ភ្នំ" បាន​ថ្លែង​ថា ពួកគាត់​បាន​នាំ​គ្នា​ហាត់​សម​អុំ​សាក​កម្លាំង​នៅ​លើ​ដង​ទន្លេសាប​មុន​ថ្ងៃ​ប្រកួត​មក​ដល់។

កីឡាករ​អុំ​ទូក​ព្រះ​អណ្ដូងសែនជ័យ មក​ពី​ភូមិ​ព្រះអណ្ដូង ខេត្ត​កំពង់ចាម បរិភោគ​អាហារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Khe Sonorng

លោក​ថា កីឡាករ​ទាំង​អស់​បាន​នាំ​គ្នា​ថែទាំ​សុខភាព​ទាំង​ការ​ហូប​ចុក និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ដណ្ដើម​យក​ជាយ​លាភី។ ចំណែក​កន្លែង​ស្នាក់​នៅ​វិញ ពួក​គាត់​បាន​បោះតង់​នៅ​ត្រើយ​ម្ខាង​ក្នុង​សង្កាត់​ជ្រោយចង្វារ៖ «ត្រៀម​ខ្លួន​ប្រយុទ្ធ​យក​ជ័យជំនះ​ហាត់​បន្តបន្ទាប់​ហ្មង អុំ​ទៅ​អុំ​មក​តែ​យើង​មិន​មែន​អុំ​ជាមួយ​គូ។ សង្ឃឹម​យក​ជ័យជំនះ ៩០%»។

កីឡាករ​មក​ពី​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​បាន​ស្នាក់នៅ​ហូប​ចុក នៅ​កន្លែង​មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ ក្នុង​សង្កាត់​វត្តភ្នំ និង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​វត្ត​អារាម ជា​ដើម ដែល​ជា​ទីតាំង​នៅ​ក្បែរ​ដង​ទន្លេសាប និង​នៅ​ត្រើយម្ខាង។ រី​ឯ​កីឡាករ​មួយ​ចំនួន​ទៀត ស្នាក់​នៅ​ក្រោម​ប៉ាតង់​ដែល​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ រៀបចំ​ឲ្យ​នៅ​ក្នុង​ទីតាំង​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ។

ជា​ចុងភៅ​ដាំ​ស្ល​ឲ្យ​កីឡាករ មក​ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម លោកស្រី បិ សាលាត មាន​ប្រសាសន៍​ថា លោកស្រី​បាន​ស្ម័គ្រចិត្ត​ដោយ​រីករាយ​ក្នុង​ការ​ធ្វើ​ម្ហូប​ជូន​កីឡាករ​ក្នុង​ភូមិ​ស្រុក​របស់​លោកស្រី ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នា​ឆ្នាំ​នេះ៖ «ផ្គត់ផ្គង់​គាត់​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​មាន​កម្លាំង​អុំ​ទូក ចង់​បាន​កីឡាករ​ឈ្នះ​ទៅ​វិញ បាន​មាន​មុខ​មាន​មាត់»។

ទូក​អុំ​ព្រះ​អណ្ដូងសែនជ័យ មក​ពី​ភូមិ​ព្រះអណ្ដូង ខេត្ត​កំពង់ចាម ឧបត្ថម្ភ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ កីឡាករ ដុង ចាន់ថុល ដែល​កំពុង​អង្គុយ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ក្រោម​រោង​ប្រក់​ប៉ាតង់ នៅ​ក្នុង​កំពង់ផែ​ស្វយ័ត រាជធានី​ភ្នំពេញ ថ្លែង​សរសើរ​មិន​ដាច់​ពី​មាត់​ថា គាត់​មាន​ភាព​ងាយ​ស្រួល​ទាំង​កន្លែង​ស្នាក់​នៅ​ការ​ហូប​ចុក និង​បង្គន់​អនាម័យ​នៅ​ឆ្នាំ​នេះ៖ «ឆ្ងាញ់​ណាស់ ស្ងោរ​ឆៃថាវ ចំ​ជំនាញ​ខ្ញុំ​ចូលចិត្ត​ទៀត។ ឡើង​មក​ជា​ឆ្នាំ​ទី​១០​ហើយ មាន​ឈ្នះ​មាន​ចាញ់ កីឡាករ​នៅ​តែ​មក។ ការ​ហូប​ចុក​រស់​នៅ​ស្រួល បាន​កន្លែង​នៅ​រង​សុវត្ថិភាព មាន​បង្គន់​អនាម័យ​ស្រួល​ជាង​រាល់​ឆ្នាំ»។

នៅ​ក្នុង​កំពង់ផែ​ស្វយ័ត រាជធានី​ភ្នំពេញ ដែល​គេ​រៀបចំ​រោង​ប្រក់​ប៉ាតង់ ឲ្យ​កីឡាករ​អុំ​ទូក ក៏​មាន​រោង​ប៉ាតង់ សុខាភិបាល​របស់​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ត្រៀម​ជួយ​សង្គ្រោះ និង​ផ្ដល់​ថ្នាំ​សង្កូវ​ឲ្យ​កីឡាករ និង​អ្នក​ដើរ​កម្សាន្ត​បុណ្យ​អុំ​ទូក។

នៅ​ក្នុង​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នៅ​ឆ្នាំ​២០១៦ នេះ មាន​ទូក​មក​ពី​បណ្ដា​ខេត្ត​ក្រុង រាជធានី ចូល​រួម​ប្រកួត​ចំនួន ២៥៦​ទូក។

រដ្ឋាភិបាល​បាន​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ចំនួន ៤​ឆ្នាំ​មក​ហើយ គិត​តាំង​ពី​ឆ្នាំ​២០១០ មក ដោយ​ហេតុផល​កាល​ពី​ឆ្នាំ​២០១០ មាន​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ ដោយសារ​គ្រោះ​ទឹក​ជំនន់ និង​ដោយ​អតីត​ព្រះ​មហាក្សត្រ​ព្រះ​បរម​រតនកោដ្ឋ​ទ្រង់​យាង​ចូល​ទិវង្គត៕

អាជីវករ​រំពឹង​ថា​សាធារណជន​ចាប់​អារម្មណ៍​ផលិតផល​ក្នុង​ពិព័រណ៍​បុណ្យ​អុំ​ទូក

ស្តង់​ពិព័រណ៍​ទំនិញ​នៅ​កោះពេជ្រ ត្រៀម​សម្រាប់​ពិធី​បុណ្យ​អុំ​ទូក។ រូប​ថត​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Raingsy

អាជីវករ និង​ក្រុមហ៊ុន​ដែល​ដាក់​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ពិព័រណ៍​នា​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ រំពឹង​ថា នឹង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​មក​ចូលរួម ព្រមទាំង​ចាប់​អារម្មណ៍​ផលិតផល​ទាំង​នោះ។

គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ នៅ​តាម​កន្លែង​សំខាន់ៗ គិត​ចាប់​ពី​រមណីយដ្ឋាន​វត្តភ្នំ បរិវេណ​សួន​ច្បារ​វត្ត​បទុមវតី ក្បែរ​ព្រះបរមរាជវាំង ពិសេស​បរិវេណ​ទីក្រុង​រណប​កោះ​ពេជ្រ នា​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជីវករ និង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​រៀបចំ​ត្រៀម​ស្តង់​តាំង​ពិព័រណ៍ ដើម្បី​ដាក់​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​បី​ថ្ងៃ​នេះ។

តំណាង​ក្រុមហ៊ុន ជីង ថៃ លក់​ខ្នើយ និង​កម្រាល​ពូក អ្នកស្រី អេង លាង និយាយ​ថា អ្នកស្រី​បាន​ជួល​ស្តង់​រយៈពេល​បី​ថ្ងៃ ក្នុង​តម្លៃ ៥០០​ដុល្លារ។ អ្នកស្រី​រំពឹង​ថា នឹង​មាន​ប្រជាពលរដ្ឋ​ទាំង​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ មក​ចូល​រួម ហើយ​ចាប់អារម្មណ៍​ផលិតផល​តាំង​ពិព័រណ៍​ច្រើន បន្ទាប់​ពី​កម្ពុជា បាន​ផ្អាក​ពិធី​បុណ្យ​នេះ​ជា​ច្រើន​ឆ្នាំ៖ «»។

​ទន្ទឹម​គ្នា​នេះ​ដែរ ជា​ម្ចាស់​ស្តង់​លក់​នាឡិកាដៃ លោក សុខ ភាព នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​ដាក់​លក់​ចំនួន ៤​ថ្ងៃ។ លោក​ថា ផលិតផល​ដែល​ដាក់​លក់​សម្រាប់​បុណ្យ​អុំ​ទូក លោក​នាំ​ចូល​ពី​ប្រទេស​ថៃ និង​សិង្ហបុរី។ លោក​ក៏​រំពឹង​ថា នឹង​រក​ចំណូល​បាន​ច្រើន​ពី​ការ​តាំង​ពិព័រណ៍​នេះ។ លោក​ក៏​អំពាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ទាំង​សម្ភារៈ និង​លុយ​កាក់​នា​ឱកាស​ចូល​រួម​ពិធី​បុណ្យ​នេះ៖ «»។

​ចំណែក​ម្ចាស់​ស្តង់​ពិព័រណ៍​លក់​សម្ភារៈ​ផ្ទះបាយ លោក មាស សុវណ្ណារ៉ា មិន​រំពឹង​ថា នឹង​រក​ចំណូល​បាន​ច្រើន​ពី​ពិធី​តាំង​ពិព័រណ៍​នេះ​ប៉ុន្មាន​នោះ​ទេ។ លោក​យល់​ថា ប្រជាពលរដ្ឋ​អាច​នឹង​នៅ​ភ័យ​ខ្លាច​ព្រឹត្តិការណ៍​ស្លាប់​មនុស្ស​នៅ​ស្ពាន​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ ខណៈ​កសិករ​ជា​ច្រើន​ជួប​វិបត្តិ​ធ្លាក់​ថ្លៃ​ស្រូវ និង​រក​ចំណូល​មិន​បាន។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រៀម​កម្លាំង​ការពារ​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ដែល​ចូល​រួម​ពិធី​បុណ្យ​នេះ។

គិត​ចាប់​ពី​រមណីយដ្ឋាន​វត្តភ្នំ បរិវេណ​សួនច្បារ​វត្ត​បទុមវតី ក្បែរ​ព្រះបរមរាជវាំង ពិសេស​បរិវេណ​នាទី​ក្រុង​រណប​កោះ​ពេជ្រ នា​រាជធានី​ភ្នំពេញ មាន​ស្តង់​ពិព័រណ៍​ផលិតផល​ប្រើប្រាស់ រួម​មាន​សំលៀកបំពាក់ គ្រឿង​សំអាង ម្ហូប​អាហារ ព្រម​ទាំង​ឧបករណ៍ និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ស្តង់​ពិព័រណ៍​ផលិតផល​ស្រាបៀរ បាន​តាំង​បង្ហាញ​មាន​លក្ខណៈ​លេច​ធ្លោ​ធំដុំ និង​មាន​ចំនួន​ច្រើន​ជាង​គេ​រហូត​មាន​ការ​ប្រគំតន្ត្រី និង​ផ្ដល់​ជា​រង្វាន់ ថែម​ទាំង​បញ្ចុះ​តម្លៃ​ចំពោះ​ផលិត​របស់​ខ្លួន​ថែម​ទៀត។ ករណី​នេះ ត្រូវ​បាន​ពលរដ្ឋ និង​សង្គម​ស៊ីវិល បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សុខភាព និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ដែល​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ។

ករណី​នេះ​ត្រូវ​បាន​ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ថា ជា​ការ​កត់សម្គាល់​ក្នុង​ពិធី​បុណ្យ​ជាតិ​ម្ដងៗ លោក​តែង​ឃើញ​ក្រុមហ៊ុន​ស្រាបៀរ​ដាក់​តាំង​ពិព័រណ៍ និង​ឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ​របស់​ខ្លួន​តាម​រូបភាព​ផ្សេងៗ និង​ចំណាយ​ធំដុំ​លើ​សកម្មភាព​នេះ។ លោក​ថា បញ្ហា​នេះ​ដោយសារ​កម្ពុជា មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង។

​លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គួរ​ត្រៀម​កម្លាំង​ចុះ​រឹត​បន្តឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់ និង​របួស​ជាង ៩០% កើត​ឡើង​មក​ពី​បើកបរ​មិន​គោរព​ច្បាប់​ក្នុង​ល្បឿន​លឿន  និង​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង៖ «»។

​ឆ្លើយ​តប​នឹង​ការ​តាំង​ពិព័រណ៍​នេះ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី មិន​បាន​បញ្ជាក់​ច្បាស់​ពី​ចំនួន​ក្រុមហ៊ុន​តាំង​ពិព័រណ៍​មាន​ប៉ុន្មាន និង​មាន​ផលិតផល​អ្វី​ខ្លះ​នា​ពិធី​បុណ្យ​នេះ​នៅ​ឡើយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​ថា រាល់​ការ​តាំង​ពិព័រណ៍​ផលិតផល​ស្រាបៀរ គឺ​ជា​ទម្លាប់ និង​ដើម្បី​អបអរ​ពិធី​បុណ្យ​ធំៗ​ប៉ុណ្ណោះ មិន​មែន​ក្រសួង​ពាណិជ្ជកម្ម​ជា​អ្នក​បើកដៃ​ឲ្យ​តាំង​ពិព័រណ៍​នោះ​ទេ។ ទោះ​យ៉ាង​ណា អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ព័ត៌មាន​ទៅ​សមត្ថកិច្ច​ភ្លាមៗ នៅ​ពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក៕

ទស្សនៈ​យុវជន​ខ្មែរ​អំពី​ភូមិ​ប៉ាក់ណាម​ជាប់​ព្រំដែន​វៀតណាមក្រុម​យុវជន​ដែល​ចុះ​ទៅ​សិក្សា​នៅ​តំបន់​ព្រំដែន​ស្ថិត​នៅ​ភូមិ​ប៉ាក់ណាម ខេត្ត​កណ្ដាល ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Tha Kitya

 ក្រុម​យុវជន​ខ្មែរ​ជា​ច្រើន​នាក់ បាន​រក​ឃើញ​បញ្ហា​ថ្មីៗ​ជា​ច្រើន​នៅ​ភូមិ​ប៉ាក់ណាម ឃុំ​ព្រែកជ្រៃ ខេត្ត​កណ្ដាល។ ពួកគេ​ព្រួយ​បារម្ភ​អំពី​បូរណភាព​ទឹក​ដី​នៅ​ពេល​អនាគត ដោយសារ​ជនជាតិ​វៀតណាម ចេះ​តែ​ចូល​មក​រស់​នៅ​ច្រើន ចំណែក​ពលរដ្ឋ​ខ្មែរ​ចេះ​តែ​ដក​ថយ។
ក្រុម​យុវជន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កុំ​ឲ្យ​ធ្លាក់​ចូល​កណ្ដាប់ដៃ​វៀតណាម។

ខ្មែរ​ក្រោម​ត្រៀម​លក្ខណៈ​ជា​ស្រេច​​ដើម្បី​ចូល​រួម​ប្រណាំង​ទូកង

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជា លោក តាំង សារៈ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៥។ RFA/Morm Moniroth



ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទុក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ឆ្នាំ​នេះ ខ្មែរ​ក្រោម​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត​ទូកង​ជាមួយ​ទូកង​មក​ពី​តាម​បណ្ដា​ខេត្ត​នានា។ អ្នក​គ្រប់គ្រង​ទូកង​ខ្មែរ​កម្ពុជា​ក្រោម លើក​ឡើង​ថា បើ​ការ​ប្រកួត​ទទួល​បាន​ជ័យជំនះ វា​ជា​មោទនភាព​របស់​ខ្មែរ​ក្រោម តែ​បើ​មិន​បាន​ជយលាភី​ទេ​វា​ក៏​ជា​ការ​រួម​ចំណែក​ថែរក្សា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​មួយ​នេះ​ដែរ។

ទូកង​របស់​ខ្មែរ​ក្រោម​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ"។ ទូកង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​បាន​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​តាំង​ពី​ឆ្នាំ​២០០១ មក។

ប្រធាន​គណៈកម្មការ​ទូ​ក​ង "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក តាំង សារៈ។ លោក​ឲ្យ​ដឹង​ថា ដោយសារ​ពិធីបុណ្យ​ប្រណាំង​ទូក​គឺ​ជា​ទំនៀមទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ដោយ​ឡែក​នៅ​ដែនដី​កម្ពុជា ក្រោម​ឯ​ណោះ ពលរដ្ឋ​ខ្មែរ​ក្រោម ក៏​បាន​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក​នេះ​ជា​រៀង​រាល់​ឆ្នាំ​ដែរ លោក តាំង សារៈ ថា ការ​បង្កើត​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺ​ខ្មែរ​ក្រោម​មាន​បំណង​ចូល​រួម​ក្នុង​ការ​ថែរក្សា​ទំនៀមទម្លាប់​នេះ​ឲ្យ​គង់វង្ស​ត​ទៅ​ទៀត។

លោក តាំង សារៈ៖ «យើង​យល់​ឃើញ​ថា យើង​ខ្ញុំ​ដែល​ជា​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ គិត​ថា នេះ​ជា​ប្រពៃណី​ដែល​ខ្មែរ​កម្ពុជា​ក្រោម តែង​ប្រកាន់​ខ្ជាប់​មក​ដែរ ហេតុ​ដូច្នេះ​នៅ​ពេល​ខ្មែរ​កម្ពុជា​ក្រោម បាន​មក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​គួរ​តែ​មាន​ទូក​ដើម្បី​ចូលរួម​ប្រណាំង​ដើម្បី​រក្សា​នូវ​ទំនៀម​ទម្លាប់​នោះ ហើយ​ម្យ៉ាង​ទៀត ដូចជា​ឯកសារ​ផ្សេងៗ​បាន​បញ្ជាក់​ហើយ​ថា ការ​ប្រណាំង​ទូក គឺ​ជា​ពិធី​មួយ​ដែល​មាន​ប្រភព​មក​ពី​ដែនដី​កម្ពុជា​ក្រោម​នេះ​ឯង គឺ​មក​ពី​ខេត្ត​បាសាក់ សព្វថ្ងៃ​គឺ​ខេត្ត​ឃ្លាំង​នេះ​ឯង»។

និមិត្តសញ្ញា​នៃ​ទូកង "ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ" គឺ​រូប​រាហូ​ចាប់​ច័ន្ទ រំលេច​ទៅ​ដោយ​ទង់​ពណ៌​ខៀវ លឿង ក្រហម ដែល​ជា​ទង់​ជាតិ​របស់​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ សម្រាប់​សម្លៀក​បំពាក់​របស់​កីឡាករ​នៅ​ឆ្នាំ​នេះ លោក តាំង សារៈ បញ្ជាក់​ថា គឺ​មាន​មួក​ពណ៌​ខៀវ អាវ​ពណ៌​លឿង និង​ខោ​ពណ៌​ក្រហម ដែល​ជា​ពណ៌​នៃ​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដែរ។

បច្ចុប្បន្ន​ទូកង "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី នា​រាជធានី​ភ្នំពេញ។ ទូក​នេះ គឺ​ជា​ប្រភេទ​ទូក​ប្រណាំង​អន្តរជាតិ​មាន​ចំណុះ ២២​នាក់ ប៉ុន្តែ​បើ​រាប់​បញ្ចូល​ទាំង​កីឡាករ​បម្រុង និង​ក្រុម​ការងារ​ផ្សេង​ទៀត មាន​គ្នា​ទាំង​អស់​ចំនួន ២៨​នាក់។

លោក តាំង សារៈ ឲ្យ​ដឹង​ថា កីឡាករ​នៃ​ទូក "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" ទាំង​អស់ គឺ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​ក្នុង​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ។ ពួកគេ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ទី​នោះ តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា និង​ត្រូវ​ឡើង​មក​ហាត់​សម​ជា​មួយ​ទូកង​មក​ពី​បណ្ដា​ខែត្រ​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ក្រោយ​ពី​ទូក "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" នឹង​ត្រូវ​ធ្វើ​ពិធី​ក្រុង​ពាលី​ដង្ហែ​ទៅ​កាន់​ទន្លេ​ចតុមុខ នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ដដែល។

លោក តាំង សារៈ បញ្ជាក់​ថា ការ​សម្រេច​ជ្រើស​រើស​យក​កីឡាករ​ខ្មែរ​ក្រោម​ចេញ​ពី​ខេត្ត​តាកែវ តែ​មួយ​នៅ​ឆ្នាំ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ៖ «ពី​មុន​យើង​បាន​យក​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​នៅ​រាជធានី​ភ្នំពេញ តែ​វា​ជួប​ការ​លំបាក​ដោយ​ហេតុ​ថា ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ដែល​ហ្វឹកហាត់​យើង​ត្រូវ​មាន​រថយន្ត​ដើរ ប្រមូល​ពួក​គាត់​ទម្រាំ​គ្រប់​ចំនួន យើង​ត្រូវ​ចំណាយ​ច្រើន»។

ខុស​ពី​ទូកង​នៅ​កម្ពុជា មួយ​ចំនួន​ដែល​មាន​អ្នក​មាន​ទ្រព្យសម្បត្តិ និង​យសស័ក្ដិ​ជួយ​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ឬ​សម្ភារៈ​ផ្សេងៗ​ក្នុង​ពេល​ហ្វឹកហាត់ និង​ក្នុង​អំឡុង​ពេល​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ទូកង​ខ្មែរ​ក្រោម​ពុំ​សូវ​មាន​អ្នក​ធំ​ណា​ជួយ​ឧបត្ថម្ភ​ឡើយ។ លោក តាំង សារៈ អះអាង​ថា ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០១ មក គឺ​មាន​តែ​ពលរដ្ឋ ជា​ពិសេស​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លួន​ឯង​ដែល​ជា​អ្នក​ចូលរួម​ជ្រោមជ្រែង​ឧបត្ថម្ភ​តាម​ការ​អំពាវនាវ​របស់​គណៈកម្មការ​ទូក។

សម្រាប់​ឆ្នាំ​នេះ លោក តាំង សារៈ ថា កីឡាករ​ទូកង​ខ្មែរ​ក្រោម​ទាំង​អស់​នឹង​មក​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ក្នុង​អំឡុង​ពេល​នៃ​ការ​ហ្វឹកហាត់ និង​ការ​ប្រណាំង​ទូក​នៅ​ភ្នំពេញ៖ «នៅ​ថ្ងៃ​អុំ​ពេល​ព្រឹក​ត្រូវ​មាន​រថយន្ត​ដឹក​គាត់​ពី​វត្ត​សាមគ្គីរង្សី ចូល​មក​ហូប​បាយ​នៅ​ផ្ទះ​ខ្ញុំ តែ​មិន​មែន​មាន​ន័យ​ថា ផ្ទះ​របស់​ខ្ញុំ​ជា​អ្នក​ទទួល​រ៉ាប់រង​ទេ ប៉ុន្តែ​ថវិកា​យក​មក​ឲ្យ​គ្រួសារ​ខ្ញុំ​ជា​អ្នក​ធ្វើ»។

ព្រះរាជ​ពិធី​បុណ្យ​អុំទូក ត្រូវ​បាន​រដ្ឋាភិបាល​អាក់​ខាន​រៀបចំ​មិន​ទៀង​ទាត់​ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក ដោយ​ហេតុផល​ផ្សេងៗ។ សម្រាប់​ឆ្នាំ​នេះ ពិធី​បុណ្យ​អុំ​ទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។ រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​នេះ​មាន​ទូកង​ជិត ៣០០ នឹង​ចូល​រួម​ប្រណាំង។

លោក តាំង សារៈ រម្លឹក​ថា តាំង​ពី​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​២០០១ មក ទូក "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" មិន​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង​ផែន​លេខ​១ នោះ​ទេ គឺ​ជាប់​ត្រឹម​ចំណាត់​ថ្នាក់​មធ្យម​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក តាំង សារៈ អះអាង​ថា ក្នុង​កីឡា រឿង​ការ​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា។ លោក​ថា បើ​ឈ្នះ​វា​ជា​កិត្តិយស​របស់​ខ្មែរ​ក្រោម តែ​បើ​ចាញ់​វិញ វា​​ក៏​បាន​បង្ហាញ​ថា ការ​ចូលរួម​ប្រណាំង​របស់​ខ្មែរ​ក្រោម​គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ខ្មែរ​ឲ្យ​គង់វង្ស​ឋិតថេរ​ត​រៀង​ទៅ៕

ជនជាតិ​ដើម​ភាគ​តិច​មួយ​ភូមិ​ថ្មី​ទៀត​នៅ​រតនគិរី​អនុម័ត​លក្ខន្តិកៈ​បង្កើត​សហគមន៍

ជនជាតិ​ដើម​ភាគតិច​ទំពួន នៅ​ភូមិ​ស៊ើង ឃុំ​ស៊ើង ស្រុក​បរកែវ ខេត្ត​រតនគិរី នាំ​គ្នា​លើក​ដៃ​អនុម័ត​លក្ខន្តិកៈ​សហគមន៍​ដើម្បី​ត្រៀម​សុំ​ចុះ​បញ្ជី​ជា​សហគមន៍​នីតិបុគ្គល​នៅ​ក្រសួង​​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal


ជនជាតិ​ដើម​ភាគតិច​ទំពួន រស់​នៅ​ភូមិ​ស៊ើង ឃុំ​ស៊ើង ស្រុក​បរកែវ ខេត្ត​រតនគិរី មួយ​ភូមិ​ថ្មី​ទៀត នាំ​គ្នា​ប្រជុំ​អនុម័ត​លក្ខន្តិកៈ​សហគមន៍​ដើម្បី​ត្រៀម​សុំ​ចុះ​បញ្ជី​ជា​សហគមន៍​នីតិបុគ្គល​នៅ​ក្រសួង​​មហាផ្ទៃ។ គម្រោង​បង្កើត​សហគមន៍​ផ្លូវ​ការ​នេះ ក៏​ដើម្បី​ឈាន​ទៅ​អនុវត្ត​គោលនយោបាយ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​កម្មសិទ្ធិ​សមូហភាព។

ការ​ពង្រឹង​សមត្ថភាព និង​ភាព​ជា​ម្ចាស់​សហគមន៍​ក្នុង​គោលបំណង​គ្រប់គ្រង អភិវឌ្ឍន៍ ថែរក្សា​វប្បធម៌​ប្រពៃណី ទំនៀម​ទម្លាប់ អត្តសញ្ញាណ​ដីធ្លី ព្រៃឈើ ធនធាន​ធម្មជាតិ​ឲ្យ​នៅ​គង់វង្ស​ត្រូវ​បាន​ជនជាតិ​ទំពួន​ជាង ១០០​គ្រួសារ​នៅ​ភូមិ​ស៊ើង កំណត់​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​បាន​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​សហគមន៍​នៅ​ឯ​ភូមិ​ស៊ើង នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

លក្ខន្តិកៈ​សហគមន៍​ភូមិ​ស៊ើង មាន ៧​ជំពូក និង ២៦​ប្រការ នឹង​ត្រូវ​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ដើម្បី​ចុះ​បញ្ជី​​ទទួល​ស្គាល់​សហគមន៍​នេះ​ផ្លូវការ​ក្រោយ​ពេល​អ្នក​ភូមិ​អនុម័ត​រួច។

ប្រធាន​សហគមន៍​ភូមិ​ស៊ើង ដែល​ទើប​ជ្រើសរើស លោក រម៉ាម ជ្រី បញ្ជាក់​ថា កិច្ច​ការពារ​ដីធ្លី​​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​គឺ​ជា​ឆន្ទៈ​នៃ​ជនជាតិ​ដើម​ភាគតិច​ទំពួន​ភូមិ​ស៊ើង ដែល​ត្រៀម​រៀបចំ​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព។

ជនជាតិ​ដើម​ភាគតិច​ទំពួន នៅ​ភូមិ​ស៊ើង ឃុំ​ស៊ើង ស្រុក​បរកែវ ខេត្ត​រតនគិរី ធ្វើ​ពិធី​ជប់​លៀង​អបអរ​ការ​​អនុម័ត​លក្ខន្តិកៈ​សហគមន៍​ដើម្បី​ត្រៀម​សុំ​ចុះ​បញ្ជី​ជា​សហគមន៍​នីតិបុគ្គល កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal RFA/Ratha Visal
លោក​ថា ជនជាតិ​ដើម​ភាគតិច​រស់​នៅ​​ពឹង​អាស្រ័យ​លើ​ដីធ្លី និង​ធនធាន​ធម្មជាតិ​ជា​សំខាន់ និង​ជា​អាយុ​ជីវិត​អ្នក​ភូមិ ហេតុ​នេះ​ប្រសិន​អ្នក​ភូមិ​បាត់បង់​ដី និង​គ្មាន​ធនធាន​ធម្មជាតិ​អាស្រ័យផល វប្បធម៌ ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច នឹង​ត្រូវ​សាបសូន្យ​ផង​ដែរ៖ «គ្រប់គ្រង​សហគមន៍​ភូមិ​សឺង ដី​ព្រៃ​ឈើ​ឲ្យ​នៅ​គង់វង្ស ការ​សាមគ្គី​រវាង​ភូមិ​និង​ភូមិ​ឲ្យ​មាន​ការ​សាមគ្គី​គ្នា។ ចំពោះ​គណៈកម្មាធិការ​ក្នុង​មួយ​ខែ​ប្រជុំ​ឲ្យ​បាន​ម្ដង​ទាន់​ពេល​វេលា»។

សហគមន៍​ភូមិ​ស៊ើង ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ធ្វើស្រែ​ចម្ការ ដាំ​ដំណាំ​រួម​ផ្សំ ប្រមាញ់​សត្វ ចិញ្ចឹម​សត្វ នេសាទ​ត្រី​បែប​ប្រពៃណី ប្រមូល​អនុផល​ព្រៃឈើ និង​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ប្រពៃណី​ដែល​នឹង​ក្លាយ​ទៅ​ជា​គណៈកម្មាធិការ​សហគមន៍​ក្រោយ​ពេល​អនុម័ត​លក្ខន្តិកៈ​សហគមន៍​រួច។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស៊ើង អ្នកស្រី ម៉ឹង កាស បង្ហាញ​អារម្មណ៍​រីករាយ ខណៈ​អ្នក​ភូមិ​បាន​មូល​មតិ​បង្កើត​បាន​លក្ខន្តិកៈ​សហគមន៍​ដើម្បី​អនុវត្ត​វិធាន​ផ្ទៃក្នុង​សហគមន៍​ឲ្យ​ប្រសើរ ជាពិសេស​ការ​អនុម័ត​លក្ខន្តិកៈ​សហគមន៍​នៅ​ពេល​នេះ គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​ដើម្បី​លុបបំបាត់​បញ្ហា​ទន្ទ្រាន​កាប់​​ដី និង​ការ​លក់​ដី​សហគមន៍​ច្រើន​កន្លង​ទៅ​នេះ។

អ្នកស្រី​កត់សំគាល់​ថា កន្លង​ទៅ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ទំនាស់​លក់ដូរ​ដី​សហគមន៍ ក៏​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​ដីធ្លី​ប្រកប​របរ​កសិកម្ម និង​ជីវភាព​រស់​នៅ​កាន់​តែ​ធ្លាក់​ចុះ៖ «កុំ​ឲ្យ​កាប់​ព្រៃឈើ​យើង​ការពារៗ​គ្រប់​គ្នា អ្នក​ចូល​រួម​ក្នុង​សហគមន៍​អ្នក​មាន​វត្តមាន​ថ្ងៃ​នេះ​យើង​ត្រូវ​ការពារ​ទាំង​អស់​គ្នា។ បើ​ការពារ​ម្នាក់ៗ​វា​អត់​សម្រេច»។

គណៈកម្មាធិការ​សហគមន៍​ភូមិ​ស៊ើង មាន​សមាសភាព ១៣​នាក់ គឺ​ជា​តំណាង​ស្រប​ច្បាប់ និង​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ​សហគមន៍​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស ឬ​ឯកភាព​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​សហគមន៍​ដោយ​មាន​សំឡេង ២​ភាគ​បី​នៃ​សមាជិក​គាំទ្រ។ គណៈកម្មាធិការ​នេះ​ដឹកនាំ​ដោយ​ប្រធាន​អនុ​ប្រធាន​លេខាធិការ និង​ហិរញ្ញិក រួម​ទាំង​សមាជិក ៩​នាក់ ដើម្បី​សម្របសម្រួល​ដោះស្រាយ​វិវាទ​លើ​គម្រោង​ផែនការ​អភិវឌ្ឍន៍​អភិរក្ស​អត្តសញ្ញាណ​វប្បធម៌ ប្រពៃណី របាំ​តន្ត្រី​គ្រប់គ្រង​ប្រើប្រាស់​ដីធ្លី​ធនធាន​ធម្មជាតិ​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​នានា ដែល​រាជរដ្ឋាភិបាល​បាន​កំណត់។

អភិបាល​រង​ស្រុក​បរកែវ លោក មាស សារ៉េត មាន​ប្រសាសន៍​ថា ការ​ចងក្រង​សហគមន៍​ផ្លូវ​ការ​នេះ គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ជនជាតិ​ដើម​ភាគតិច និង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ជាពិសេស​លុបបំបាត់​សកម្មភាព​លក់​ដូរ​ដី​សហគមន៍។ លោក​បន្ត​ថា សហគមន៍​ត្រូវ​អនុវត្ត​លក្ខន្តិកៈ​សហគមន៍ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​រាល់​បាតុភាព​កើត​មាន​ក្នុង​សហគមន៍៖ «បើ​យើង​ចងក្រង​សហគមន៍​នេះ យើង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​សមូហភាព។ សូម្បី​គ្នា​យើង​ចូល​រួម ក៏​មាន​ន័យ​ទៅ​ថ្ងៃ​មុខ​ទៅ អ៊ីចឹង​ជា​សមូហភាព​ទាំង​អស់​គ្នា​គ្រប់គ្រង​រួម»។

​នៅ​ខេត្ត​រតនគិរី ចាប់​ពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន​ជន​ជាតិ​ដើម​ភាគ​តិច ៦៥​ភូមិ បាន​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល​ទទួល​ស្គាល់​ផ្លូវការ​ដោយ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​ដែរ សហគមន៍​ចំនួន ៥ បាន​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​ទទួល​ស្គាល់​ដោយ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​បរកែវ លោក សុខ ប៊ុនថន រំពឹង​ថា ក្រោយ​ពី​សហគមន៍​ភូមិ​សឺង បាន​អនុម័ត​លក្ខន្តិកៈ​រួច​រាល់​នោះ​សមាជិក​សហគមន៍ នឹង​បន្ត​អនុវត្ត​ការងារ​អភិរក្ស​ដីធ្លី​ធនធាន​ធម្មជាតិ​បាន​កាន់តែ​ប្រសើរ និង​ចៀសវាង​ប្រព្រឹត្ត​ខុស​លក្ខន្តិកៈ​សហគមន៍​កំណត់៖ «បងប្អូន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​អនុម័ត​សេចក្ដី​ព្រោង និង​អនុវត្ត​លក្ខន្តិកៈ​នេះ​ឲ្យ​បាន​ជោគជ័យ។ សង្ឃឹម​ថា បង​ប្អូន​នឹង​អនុវត្ត​គោលការណ៍​របស់​យើង​បន្ត​ទៅ​ថ្ងៃ​ក្រោយ»។

​សហគមន៍​ភូមិ​ស៊ើង មាន​ជំនឿ​លើ​វិញ្ញាណ​និយម​ដូចជា​ជំនឿ​លើ​ខ្មោច អារក្ស​ព្រៃ អារក្ស​ភូមិ សែន​ចម្ការ និង​ជឿ​លើ​សុបិន។ ខ្មោច​ស្លាប់​តៃហោង​មិន​ឲ្យ​យក​ចូល​ភូមិ និង​ឆ្លង​កាត់​ភូមិ។ ស្រី​មាន​ផ្ទៃពោះ​ដោយ​គ្មាន​ប្ដី​ត្រូវ​ផាក​ឲ្យ​សែន​ក្របី និង​ស្រា​ពាង។ សហគមន៍​នេះ​ប្រើប្រាស់​ភាសា​ទំពួន​ទំនាក់ទំនង​ក្នុង​សហគមន៍ គ្មាន​គំនូស​អក្សរ និង​ប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ​សម្រាប់​ទំនាក់ទំនង​ផ្លូវការ៕