Thursday, December 29, 2016

សហគមន៍​រក​ឃើញ​កន្លែង​កាប់​រាន​ព្រៃ​បន្ថែម​ទៀត​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ



សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀ លើក​ទី​ពីរ ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal




សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមាណ ៣០​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀ ជា​លើក​ទី​ពីរ​ដើម្បី​កំណត់​ពី​ទំហំ​ផល​ប៉ះពាល់​ស្ដីពី​ការ​កាប់​រាន​ព្រៃឈើ​នេះ។

​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ មន្ត្រី​មូលដ្ឋាន មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី និង​អ្នក​​សារព័ត៌មាន​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​នោះ​ដែរ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ សុទ្ធសឹងតែ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​រាន​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ប្រាកដ​មែន។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ក្រុម​ល្បាត​សហគមន៍​ប្រមាណ ៣០​នាក់ រួម​ដំណើរ​ដោយ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក បាន​ធ្វើ​ដំណើរ​ជា​លើក​ទី​ពីរ ទៅ​កាន់​តំបន់​កាប់​រាន​ព្រៃ​យក​ដី​នៅ​ចន្លោះ​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧ និង​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ទួល​ស្វាយ ឬ​ប៉ុស្តិ៍​លេខ​៨ ក្នុង​ខេត្ត​មណ្ឌលគិរី។


តំណាង​សហគមន៍ លោក ថ្លាង ថូ កត់សំគាល់​ថា រោង​ប្រក់​សំពត់​កៅស៊ូ​ចំនួន​ពីរ​កន្លែង​នៅ​ក្បែរ​តំបន់​​កាប់​រាន​ព្រៃ​ដែល​សហគមន៍​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ត្រូវ​បាន​រុះរើ​មិន​មាន​សមត្ថកិច្ច​ស្នាក់នៅ​ទី​នោះ​ទៀត​ឡើយ។ លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​ដែល​ចាក​ចេញ​ពី​រោង​នេះ​បន្ទាប់​ពី​សហគមន៍​រក​ឃើញ​ទីតាំង​កាប់​រាន​ព្រៃ​យក​ដី​ចំណែក​ក្រុម​ប៉ូលិស​ឈរ​ជើង​នៅ​រោង​នោះ​សហគមន៍​សង្ស័យ​ថា ជា​អ្នក​យាម​ការពារ​សកម្មភាព​កាប់​រាន​ព្រៃ​នេះ៖ «គេ​រុះ​មួយ​សប្ដាហ៍​ហ្នឹង​បែក​រឿង​ពេល​យើង​ដាក់​ពាក្យ​ប្ដឹង។ ប៉ូលិស​ទាហាន ៦​នាក់​គេ​ដាក់​ចាំ​អ្នក​កាប់​ផង​ចាំ​យួន​ដឹក​ឈើ​ផង»។

​ដំណើរ​ល្បាត​ព្រៃ​លើក​ទី​ពីរ​នេះ សហគមន៍​បាន​រក​ឃើញ​កន្លែង​កាប់​រាន​ព្រៃ​ឈើ​ថ្មីៗ​ទៀត នៅ​ចំណុច​ជា​ច្រើន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ចន្លោះ​ព្រំប្រទល់​ស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង ជិត​​តំបន់​ភូមិ​ជនជាតិ​ចាម តាំង​លំនៅឋាន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក សុក រដ្ឋា កត់សំគាល់​ដែរ​ថា កន្លែង​សកម្មភាព​កាប់​រាន​ព្រៃ​ដែល​ក្រុម​ល្បាត​ប្រទះ​ឃើញ​មាន​ច្រើន​កន្លែង និង​មាន​ទំហំ​ខ្លះ​ពីរ​ហិកតារ និង​ខ្លះ​ទៀត​ពី ៥ ទៅ ១០​ហិកតារ ព្រៃ​ឈើ​ខ្លះ​ត្រូវ​គេ​កាប់​រាន​ថ្មីៗ​នៅ​ឡើយ។ តាម​ការ​ប៉ាន់​​ប្រមាណ​ព្រៃឈើ​ដែល​រង​ការ​ខូចខាត​ពី​ការ​កាប់​រាន​នេះ​មាន​ទំហំ​ប្រមាណ ១​ពាន់​ហិកតារ។

លោក​ថ្លែង​ថា ក្រុម​មន្ត្រី​អនុរក្ស​គួរ​សហការ​ជាមួយ​សហគមន៍​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​រួមគ្នា​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ឡើង​វិញ៖ «សកម្មភាព​កាប់​រាន​ហ្នឹង​គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​មិន​ត្រូវ​មាន​ការ​លើកលែង​ជន​ប្រព្រឹត្ត ហើយ​និង​អ្នក​​ពាក់ព័ន្ធ ហើយ​អ្នក​បាន​ដឹង​រឿង​ហ្នឹង​ហើយ​មិន​បាន​ប្ដឹង​បរិហារ​សុទ្ធសឹងតែ​អ្នក​ទទួល​ខុស​ត្រូវ។ ប្រជាពលរដ្ឋ​ជា​កម្លាំង​ស្នូល​មួយ​ចូល​រួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាមួយ​មន្ត្រី​សាធារណៈ​​របស់​រដ្ឋ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត»។

​របាយការណ៍​របស់​មន្ត្រី​មូលដ្ឋាន​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៨ រហូត​បច្ចុប្បន្ន ជនជាតិ​ចាម​ចំណាក​ស្រុក​​បាន​ចូល​មក​កាប់​ឆ្ការ​ព្រៃ​សង់​លំនៅឋាន​ប្រកប​របរ​កសិកម្ម​កើន​ឡើង​ជិត ២០០​គ្រួសារ និង​បង្កើត​ជា​រដ្ឋបាល​ភូមិ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ក្បែរ​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៨ ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ព្រំដែន​វៀតណាម។

ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ស្ដីទី លោក ហាន ខន ដែល​ដឹកនាំ​ក្រុម​អនុរក្ស​ត្រួត​ពិនិត្យ​បញ្ហា​​នេះ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​រាន​ព្រៃ ក៏ប៉ុន្តែ​ការ​កាប់​រាន​ព្រៃ​នេះ​មាន​ទ្រង់ទ្រាយ​តូចៗ ដែល​​មន្ត្រី​អនុរក្ស​មិន​ទាន់​ប្រមូល​ទិន្នន័យ​ជាក់លាក់​នៅ​ឡើយ។ លោក​ថា ការ​តាំង​លំនៅ​របស់​ប្រជាពលរដ្ឋ​​ចំណាក​ស្រុក គឺ​ជា​ហេតុផល​នាំ​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​ជា​បន្តបន្ទាប់៖ «យើង​មិន​អាច​សន្និដ្ឋាន​បាន​ទេ ព្រោះ​យើង​មិន​មាន​លទ្ធភាព​ដោះស្រាយ​យើង​មាន​តែ​របាយការណ៍​ទៅ​ថ្នាក់លើ​តែ​ប៉ុណ្ណឹង»។

​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ម្នាក់​មាន​ទីលំនៅ​ឋិត​ក្នុង​តំបន់​រដ្ឋបាល​ភូមិ​ចាម ឈ្មោះ ម៉ាត់ បដិសេធ​ថា មិន​បាន​ដឹង​ពី​អត្តសញ្ញាណ​អ្នក​កាប់​រាន​ព្រៃ​ទាំង​នោះ​ទេ។

សហគមន៍​ព្នង ឃុំ​ប៊ូស្រា មាន​ប្រជាពលរដ្ឋ ៧​ភូមិ កំពុង​រៀបចំ​ឯកសារ​ចុះ​បញ្ជី​បង្កើត​សហគមន៍​ផ្លូវ​ការ​ដើម្បី​សុំ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

ចាស់​ទុំ​ភូមិ​ពូលុ លោក ស្រង ជ្រឿន បញ្ជាក់​ថា ការ​កាប់​រាន​ព្រៃឈើ​យក​ដី​ថ្មី​នេះ ប៉ះពាល់​តំបន់​ព្រៃ​អារក្ស ព្រៃ​កប់​សព ដែល​សហគមន៍​ត្រៀម​បម្រុង​សុំ​ចុះ​បញ្ជី​ដី​នេះ។ លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ឈប់​ការ​កាប់​រាន​ព្រៃ​នេះ ដើម្បី​រក្សា​ធនធាន​ធម្មជាតិ​សម្រាប់​សហគមន៍​ប្រើប្រាស់ និង​អាស្រ័យ​ផល​តាម​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគ​តិច៖ «ព្រៃ​ហ្នឹង​សហគមន៍​ទុក​ជា​ព្រៃ​បម្រុង​ទុក ឥឡូវ​គេ​កាប់​ទន្ទ្រាន​អស់។ ឲ្យ​រាជរដ្ឋាភិបាល​យើង​​គាំទ្រ​អន្តរាគមន៍​ការពារ​ព្រៃ​ឈើ​នេះ»។

​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ណាំលៀ គឺ​ជា​ដែន​ជម្រក​សត្វព្រៃ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ ត្រូវ​គេ​កាប់​យក​បែប​អនាធិបតេយ្យ។ មាន​ករណី​ខ្លះ​ទៀត ជនជាតិ​វៀតណាម ជា​ក្រុម​បាន​នាំ​គ្រឿងចក្រ​មាន​ត្រាក់ទ័រ ម៉ាស៊ីន​កាត់​ឈើ និង​អាវុធ​ចូល​អា​រំលំ​ឈើ​មូល ហើយ​ជ្រៀត​ជា​ឈើ​ជ្រុង​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ទៀត​ផង។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័គ បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ចេញ​ដី​ដែល​ពលរដ្ឋ​ចំណាក​ស្រុក​កាប់​រាន​ព្រៃ​តាំង​លំនៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ នោះ​ហើយ។ លោក​ថា មន្ទីរ​បរិស្ថាន​នឹង​រៀបចំ​កសាង​សំណុំរឿង​កាន់​រាន​ព្រៃ​ថ្មី​នេះ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​បី​រក​ឃើញ ឬ​មិន​ឃើញ​អត្តសញ្ញាណ​ជន​ពាក់ព័ន្ធ​ក៏ដោយ៖ «ខ្ញុំ​ធ្វើ​របាយការណ៍​ហើយ​យក​ទីតាំង​នោះ​ផ្ទៀងផ្ទាត់​មើល​អស់​ទំហំ​ប៉ុន្មាន។ បើ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ ក៏​យើង​ចងក្រង​សំណុំ​រឿង​ចោល​ដើម្បី​ការពារ​ថ្ងៃ​ក្រោយ»។

​ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ តំណាង​សហគមន៍​ឃុំ​ប៊ូស្រា លោក ថ្លាង ថូ បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ទាំង ៧​ភូមិ​ក្នុង​សហគមន៍ នឹង​ប្រមូល​ស្នាម​មេដៃ​ធ្វើ​ពាក្យ​ប្ដឹង​បរិហារ​មន្ត្រី​អភិរក្ស​ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ និង​មន្ត្រី​មូលដ្ឋាន​ទាក់ទិន​ការ​កាប់​រាន​ព្រៃ​ថ្មី​នេះ៕

អ្នក​លក់​ដូរ​តាម​កញ្ច្រែង​នៅ​ផ្សារ​ដើមគ​ថា​ពួកគាត់​នៅ​តែ​ត្រូវ​បង់​លុយ​ដើម្បី​បាន​លក់​ដូរ


អ្នក​លក់​ដូរ​បន្លែ​​​នៅ​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev



ក្រុម​ពលរដ្ឋ​លក់​ដូរ​បន្លែ​តាម​កញ្ច្រែង​តិចតួច​នៅ​ម្ដុំ​ផ្សារ​ដើមគ រិះគន់​សារាចរ​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​លុបចោល​ការ​យក​ភាស៊ី​ពី​អ្នក​លក់ដូរ​តាម​កញ្ច្រែង​ថា គ្មាន​ប្រសិទ្ធភាព។

ក្រុម​អាជីវករ​ទាំង​នោះ​អះអាង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន មិន​ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ឡើយ។ ទាក់ទង​ករណី​នេះ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លើក​ឡើង​ថា ក្រុម​អ្នក​រិះគន់​នោះ​មិន​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ពលរដ្ឋ​ដែល​ទទួល​បាន​ការ​អនុគ្រោះ​តាម​សារាចរ​ស្ដីពី​ការ​លុប​ចោល​ការ​បង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ឡើយ។

បើ​ទោះ​ជា​សារាចរ​ស្ដីពី​ការ​លុប​ការ​បង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី បាន​ចូល​ជា​ធរមាន​ជាង ២០​ថ្ងៃ​ហើយ​ក្ដី ប៉ុន្តែ​ការ​អនុវត្ត​របស់​មន្ត្រី​ថ្នាក់​ក្រោម​នៅ​តែ​រង​ការ​រិះគន់​ពី​ក្រុម​ពលរដ្ឋ​ថា នៅ​តែ​មាន​អ្នក​មក​យក​ថ្លៃ​ភាស៊ី និង​ថ្លៃ​សេវា​ផ្សេងៗ​ដដែល។  ការ​ងាក​មក​គិតគូរ​ដល់​ពលរដ្ឋ​រក​ស៊ី​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ចិញ្ចឹម​ក្រពះ​ពី​សំណាក់​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ប្រទេស​ជាង ៣០​ឆ្នាំ​មក​ហើយ​នេះ ត្រូវ​អ្នក​វិភាគ​សង្គម​យល់​ថា គឺ​បក្ស​កាន់​អំណាច​ព្យាយាម​ចង់​បាន​ប្រជាប្រិយភាព​របស់​ខ្លួន​ពី​ពលរដ្ឋ​ក្រីក្រ ខណៈ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​នេះ​បាត់​កៅអី​អស់ ២២​កៅអី។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ការ​ភ្ញាក់​ខ្លួន​នេះ ដូចជា​ចង់​យឺត​ពេល​ទៅ​ហើយ។

អ្នក​លក់​ដូរ​ខ្ទឹម អំបិល ម្ទេស ក្រោម​ឆត្រ​នៅ​ផ្សារ​ដើមគ លោកស្រី ឈឺ ម៉ៅ  និយាយ​ថា លោកស្រី​ដឹង​ថា ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ថា អ្នក​លក់​ដូរ​ដូច​លោកស្រី​មិន​តម្រូវ​បង់​ភាស៊ី​ទេ ប៉ុន្តែ​ដើម្បី​លោកស្រី​អាច​លក់​ដូរ​នៅ​ទី​នេះ​បាន លោកស្រី​ត្រូវ​បង្ខំ​ចិត្ត​បង់​លុយ​ប្រចាំថ្ងៃ​អស់​មួយ​ថ្ងៃ ១​ពាន់​រៀល និង​បង់​លុយ​ប្រចាំ​ខែ​ចំនួន​ពីរ​ម៉ឺន​រៀល​ដូច​មុន​ដដែល៖ «»។

តាម​រយៈ​ការ​សម្ភាស​ក្រុម​ពលរដ្ឋ​ទោះ​តិច ឬ​ច្រើន ពួកគេ​នៅ​តែ​ត្រូវ​បង់​ប្រាក់​ទៅ​សន្តិសុខ​ផ្សារ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​អាច​លក់​ដូរ​នៅ​ទី​នេះ​បាន​សុខ។ ពួកគេ​មាន​តូប ឬ​កន្លែង​លក់ដូរ​ធំ​ដុំ អ្នក​ខ្លះ​លក់​ក្រោម​ឆត្រ និង​អ្នក​ខ្លះ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ជា​រឿយ​ក្រុម​ពលរដ្ឋ​ត្រូវ​ក្រុម​សន្តិសុខ​ផ្សាយ​បណ្ដេញ​ចេញ ឬ​ចាប់​លើក​បន្លែ​លើ​រទេះ​ក្រោម​ហេតុផល​ថា រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ៖ «»។


អ្នក​លក់​ដូរ​បន្លែ​ម្នាក់​ទៀត​នៅ​ផ្សារ​ដើមគ លោកស្រី  សុខ សារ៉ាន និយាយ​ថា ក្នុង​មួយ​ថ្ងៃៗ​លោកស្រី​ត្រូវ​បង់​ប្រាក់​ទៅ​សន្តិសុខ​ផ្សារ លុយ​ភាស៊ី ថ្លៃ​អនាម័យ។ លោកស្រី​ថា ប្រសិនបើ​លោកស្រី​មិន​បង់​លុយ​ទេ នឹង​ត្រូវ​ក្រុម​ទាំង​នេះ​ចាក់​បន្លែ​គាត់​ចោល៖ «»។

​ក្រុម​ពលរដ្ឋ​និយាយ​ថា មិន​ដែល​មាន​សន្តិសុខ​ផ្សារ ឬ​អ្នក​គ្រប់គ្រង​ផ្សារ​មក​ប្រាប់​ថា មាន​ប្រកាស​ពី​នាយករដ្ឋមន្ត្រី​ឲ្យ​ឈប់​យក​ភាស៊ី​ពី​អ្នក​លក់​ដូរ​តិចតួច​តាម​កញ្ច្រែង ល្អី ឬ​ថ្លែង​សេវា​ផ្សេងៗ​ទៀត​នោះ​ឡើយ ប៉ុន្តែ​ពួកគាត់​គ្រាន់​តែ​ដឹង​ពី​ការ​ប្រកាស​នេះ​តាម​សារព័ត៌មាន​ប៉ុណ្ណោះ។

មិន​ខុស​គ្នា​ពី​អ្នក​លក់​បន្លែ អ្នក​លក់​ពង​ទា​តាម​កង់​ម្នាក់ លោក សុខា ដែល​បណ្ដើរ​កង់​លក់​ជុំវិញ​ផ្សារ​ដើមគ និង​នៅ​តាម​រោងចក្រ​ដែល​នៅ​តែ​បង់​លុយ​ភាស៊ី​រាល់​ថ្ងៃ​ស្នើ​ឲ្យ​ទៅ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ពី​សារាចរ​នៃ​ការ​លុប​ការ​បង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី៖ «»។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គ្រប់គ្រង​ផ្សារ​ដើមគ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រុម​ពលរដ្ឋ ប៉ុន្តែ​គ្មាន​អ្នក​ណា​ចេញ​មុខ​បំភ្លឺ។

ក្រុម​ពលរដ្ឋ​ដែល​លក់​ដូរ​បន្លែ​តិចតួច​នៅ​ផ្សារ​ដើមគ មាន​ការ​ខកចិត្ត និង​អស់​សង្ឃឹម​ចំពោះ​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ថា នឹង​មិន​យក​ថ្លៃ​ភាស៊ី ឬ​ថ្លៃ​សេវា​ផ្សេងៗ​ពី​ពួកគាត់​នោះ ដោយសារ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់​ថា ទោះ​ការ​លក់​ដូរ​នោះ ដាក់​កញ្ច្រែង ឬ​ល្អី​ក្ដី ប៉ុន្តែ​មាន​ទីតាំង​ពិត​ប្រាកដ គឺ​ត្រូវ​បង់លុយ​ភាស៊ី និង​ថ្លៃ​សេវា​ផ្សេងៗ​ដូច​ពេល​មុន​ដដែល។

លោក​បញ្ជាក់​ថា សាលាក្រុង​បាន​ប្រជុំ​ជាមួយ​តំណាង​ផ្សារ​នានា​នៅ​ភ្នំពេញ ចំនួន​ពីរ​ដង​មក​ហើយ ដើម្បី​កំណត់​ថា តើ​អ្នក​លក់​ដូរ​បែប​ណា​ខ្លះ​ដែល​ត្រូវ​រាប់​បញ្ចូល​ក្នុង​សារាចរ​របស់​រដ្ឋាភិបាល​ស្ដីពី​ការ​អនុគ្រោះ​មិន​យក​ភាស៊ី និង​ថ្លៃ​សេវា​ផ្សេងៗ​ទៀត​នោះ ដែល​លទ្ធផល​នឹង​ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ៖ «»។

អ្នកនាំពាក្យ​សាលាក្រុង​ដដែល​បញ្ជាក់​ថា  ផ្សារ​នៅ​ភ្នំពេញ ជួប​បញ្ហា​ខ្លះៗ​ដែល​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា តើ​អ្នក​លក់​ប្រភេទ​ណា​ត្រូវ​រាប់​បញ្ចូល​ជា​អ្នក​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ដែល​ត្រូវ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ប្រចាំថ្ងៃ ឬ​ភាស៊ី​នេះ៖ «»។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​ថា បើ​អ្នក​មក​យក​ថ្លៃ​ភាស៊ី ឬ​សេវា​ផ្សេងៗ ពី​ក្រុម​​អ្នក​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី  នោះ​គឺ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់។ លោក​បន្ត​ថា ពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​ប្រធាន​ផ្សារ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ៖ «»។

សារាចរ​ស្ដីពី​ការ​លុប​ការ​បង់​ថ្លៃ​ភាស៊ី​ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ សម្រេច​លុប​ការ​បង់​ភាស៊ី និង​ថ្លៃ​ផ្សេងៗ​ទៀត​ចំពោះ​ការ​លក់​ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង ល្អី នៅ​តាម​ផ្សារ​ទូទាំង​ប្រទេស។

សារាចរ​ដដែល​បញ្ជាក់​ន័យ​របស់​ការ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ថា គឺ​សំដៅ​ដល់​ការ​លក់​ដូរ​តិចតួច​នៅ​កន្លែង​លក់​ដូរ និង​នៅ​ទីផ្សារ​ទូទាំង​ប្រទេស។ លក់​កសិផល​ពី​ដំណាំ​ដាំ​ដុះ និង​ផល​ពី​ដំណាំ​ធម្មជាតិ ឬ​កន្លែង​លក់​ដូរ​មាន​លក្ខណៈ​បណ្ដោះអាសន្ន។

​ការ​ផ្ដល់​ការ​អនុគ្រោះ​នេះ សំដៅ​បញ្ឈប់​ការ​បង់​ភាស៊ី និង​រាល់​ការ​បង់​ថ្លៃ​ទាំង​ឡាយ​ណា​ពី​កន្លែង​លក់​ដូរ និង​តាម​ទីផ្សារ​ទាំង​អស់។ ពួកគេ​នៅ​តែ​ទទួល​បាន​ការ​ធានា​សន្តិសុខ សុវត្ថិភាព អនាម័យ និង​បរិស្ថាន​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោក ហ៊ុន សែន ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលា​រាជធានី ខេត្ត និង​អ្នក​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី គាំទ្រ​សារាចរ​ស្ដីពី​ការ​លុប​ការ​បង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី​ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។  ប៉ុន្តែ​លោក​យល់​ថា រឿង​នេះ​ត្រូវ​ធ្វើ​យូរ​មក​ហើយ មិន​មែន​ទើប​តែ​ធ្វើ​ក្នុង​ពេល​នេះ​ទេ។

លោក មាស នី យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ក្រុម​វាយ​តម្លៃ ឬ​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​សារាចរ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ទោះ​បញ្ជា​នេះ​ត្រូវ​បាន​អនុវត្ត​ក្ដី ក៏​ពលរដ្ឋ​ក្រីក្រ​មិន​ទទួល​បាន​ផល​ពី​សារាចរ​នេះ​ដែរ ហើយ​រដ្ឋាភិបាល​ក៏​មិន​ចំណេញ ឬ​ទទួល​បាន​ប្រជាប្រិយភាព​ពី​ការ​អនុគ្រោះ​នេះ​ដែរ៖ «»។

លោក​បណ្ឌិត មាស នី ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​សារាចរ​ស្ដីពី​ការ​លុប​ការ​បង់​ថ្លៃ​ភាស៊ី​ទៅ​លើ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ថា​អាច​ត្រូវ​បរាជ័យ ជាពិសេស​គឺ​ការ​អនុវត្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​លើក​ឧទាហរណ៍​ថា រដ្ឋាភិបាល​សព្វថ្ងៃ កំណត់​ថ្លៃ​ផ្ញើ​ម៉ូតូ​តម្លៃ ៣០០​រៀល​សម្រាប់​ម៉ូតូ​មួយ​គ្រឿង ប៉ុន្តែ​កន្លែង​ផ្ញើ​ម៉ូតូ​ទាំង​នៅ​ផ្សារ​របស់​រដ្ឋ និង​ផ្សារ​ឯកជន យក​លើស​រហូត​ដល់ ១.០០០​រៀល ឬ​លើស​ពី​នេះ  ហើយ​រដ្ឋាភិបាល​គ្មាន​វិធានការ​បង្ក្រាប ឬ​ទប់ស្កាត់​បញ្ហា​ទាំង​នោះ​បាន​ឡើយ៕

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រៀបចំ​កម្មវិធី​កម្សាន្ត​ស្វាគមន៍​ទេសចរ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល


ទិដ្ឋភាព​ត្រៀម​រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល នា​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea


រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម បាន​រៀបចំ​កម្មវិធី​កម្សាន្ត និង​តាំង​ពិព័រណ៍​ទំនិញ​ទាំង​ផលិត​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​រាប់​រយ​ស្តង់ ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត​នា​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៦-២០១៧។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក សុខ ផន ដែល​ចូលរួម​ធ្វើ​ពិធី​ក្រុង​ពាលី​រៀបចំ​ពិធី​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នា​ឆ្នេរ​អូរឈើទាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា បន្ទាប់​ពី​ពិធី​បុណ្យ​សមុទ្រ​បាន​បញ្ចប់ រដ្ឋបាល​ខេត្ត និង​សភា​ពាណិជ្ជកម្ម​ខេត្ត​នេះ បាន​បន្ត​រៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេងៗ មាន​ប្រគំ​តន្ត្រី និង​ដាក់​តាំង​ទំនិញ​ជាដើម ដើម្បី​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៦-២០១៧ ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

លោក សុខ ផន ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​គ្រប់​ទិសទី ឲ្យ​ចូល​មក​ទស្សនា​នៅ​តាម​តំបន់​ឆ្នេរ​នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឲ្យ​បាន​ច្រើន​កុះករ ព្រោះ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ ព្រះមហាក្សត្រ​ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​យាង​មក​ទត​ខេត្ត​ព្រះសីហនុ ផង​ដែរ៖ «ខេត្ត​បាន​រៀបចំ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍ និង​ការ​ប្រគំ​តន្ត្រី ដោយ​មាន​សិល្បករ​ល្បីៗ​មក​ពី​ព្រះរាជាណាចក្រ​កម្ពុជា យើង ដើម្បី​សម្ដែង​ជូន​ទស្សនា ហើយ​នៅ​ពេល​យប់​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ នឹង​មាន​ពិធី​បាញ់​កាំជ្រួច ដើម្បី​កម្សាន្ត​សប្បាយ​ថែម​ទៀត»។

ប្រធាន​សភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡាវ កាំង ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ​មាន​ប្រសាសន៍​ថា គោល​បំណង​បង្កើត​កម្មវិធី​កម្សាន្ត​ដោយ​មាន​ប្រគំ​តន្ត្រី និង​តាំង​ពិព័រណ៍​ទំនិញ​គ្រប់​ប្រភេទ ព្រម​ទាំង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត ប្រយោជន៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ លោក​ថា​នឹង​មាន​ភាព​សប្បាយ​រីករាយ​ទ្វេដង នៅ​ពេល​ភ្ញៀវ​ទេសចរ​ជ្រើស​យក​ខេត្ត​ព្រះសីហនុ សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ​នេះ៖ «ការ​រៀបចំ​កម្មវិធី​កម្សាន្ត​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នា​ឱកាស​នេះ គឺ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្លែក ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន និង​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​នា​មូលដ្ឋាន​នេះ​ផង»។

ទោះ​ជា​បែប​នេះ​ក្តី សាធារណជន​បាន​រិះគន់​ថា តម្លៃ​សេវា​ម្ហូប​អាហារ និង​សេវា​ស្នាក់នៅ​នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជាដើម គឺ​ត្រូវ​ប្រតិបត្តិករ​ទេសចរ ដំឡើង​តម្លៃ​ខ្ពស់​ហួស​ហេតុ​ពេក ជា​ហេតុ​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប មិន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ នោះ​ទេ។


ភ្ញៀវ​ទេសចរ​ភាគច្រើន បាន​រអ៊ូរទាំ​ថា ពួក​គេ​មាន​ការ​ខ្លាចរអា​ចំពោះ​ការ​ដំឡើង​តម្លៃ​សេវា​ស្នាក់នៅ ថ្លៃ​ជួល​ទីកន្លែង​អង្គុយ និង​តម្លៃ​ម្ហូប​អាហារ ដែល​ក្រុម​អាជីវករ​កំណត់​តម្លៃ​ខ្ពស់​ខុស​ពី​ថ្ងៃ​ធម្មតា​មួយ​ជា​ពីរ ឬ​ជា​ប្រាំ នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ឬ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល​មក​ដល់​ម្តងៗ។

បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​រិះគន់​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​នា​ពិធី​បុណ្យ​ជាតិ​ធំៗ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជា​រៀង​រាល់​ឆ្នាំ​នា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ដែរ។ អ្នក​ឃ្លាំ​មើល​សង្គម​ទាំងនោះ ព្រួយ​បារម្ភ​ចំពោះ​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​របស់​ប្រតិបត្តិករ​ទេសចរ ខ្ពស់​ហួស​ហេតុ​ពេក ខ្លាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ ហើយ​ពួក​គេ​ខ្លាចរអា​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​នា​ថ្ងៃ​ខាង​មុខ​ទៀត។

ទោះ​ជា​បែប​នេះ​ក្តី ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៦-២០១៧ កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន មាន​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាដើម បាន​អះអាង​ថា បាន​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ មិន​ធ្វេសប្រហែស​ទេ ជាពិសេស​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​តាម​តំបន់​ឆ្នេរ និង​ដី​កោះ​ជាដើម ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​និយម​ចូល​ទៅ​កម្សាន្ត៕

សហគមន៍​ព្រៃ​ឡង់​ដុត​បំផ្លាញ​ឈើ​ប្រណីត​និង​សត្វ​ព្រៃ​ដែល​រឹប​អូស​បាន​ពី​ឈ្មួញ


ក្រុម​ល្បាត​ដុត​បំផ្លាញ​គំនរ​ឈើ​ដែល​រឹប​អូស​បាន​ពី​ជន​ល្មើស​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr



សហគមន៍​ការពារ​ព្រៃ​ឈើ​ទាំង​បួន​ខែត្រ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ យុវជន និង​មន្ត្រី​បរិស្ថាន បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ទ្រង់ទ្រាយ​ធំ​រយៈពេល ៤​យប់ ៥​ថ្ងៃ ដើម្បី​តាមដាន​ពី​ទិដ្ឋភាព​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ រួម​ទាំង​ការ​បរបាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​ផង។

យុទ្ធនាការ​នោះ សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ បាន​ប្រើប្រាស់​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ដោយ​ផ្ដើម​ពី​ចំណុច​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ និង​កំណត់​ទិសដៅ​ជួប​គ្នា​ជាមួយ​សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង ៣​ខែត្រ​ផ្សេង​ទៀត នៅ​ចំណុច​វាលលិញ ខែត្រ​ព្រះវិហារ ជាប់​ព្រំប្រទល់​ខែត្រ​កំពង់ធំ។

តើ​សហគមន៍​ការពារ​ព្រៃ​ឡង់ ប្រទះ​ឃើញ​អ្វី​ខ្លះ​ក្នុង​យុទ្ធនាការ​នោះ?

សហគមន៍ ពលរដ្ឋ និង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ទទួល​ស្គាល់​ថា បទល្មើស​ព្រៃ​ឈើ​ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់ នៅ​តែ​បន្ត​កើត​មាន​ទាំង​ការ​បរបាញ់​សត្វ​ព្រៃ ការ​ដឹក​ជញ្ជូន​ឈើ​មាន​តម្លៃ និង​ការ​កាប់​ឈើ​រាន​យក​ដី​ជា​សម្បត្តិ​ឯកជន ជាដើម។ បញ្ហា​ទាំងនេះ ពួក​គេ​កំពុង​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​រក​មធ្យោបាយ​បញ្ឈប់​ជា​បន្ទាន់ ដើម្បី​ស្រោចស្រង់​ធនធាន​ធម្មជាតិ និង​ប្រព័ន្ធ​ជីវចម្រុះ​ដែល​នៅ​សេសសល់​ចុង​ក្រោយ។

ពួក​គេ​បាន​សហការ​គ្នា​ចុះ​ល្បាត​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ធ្នូ ដោយ​ប្រើប្រាស់​ម៉ូតូ ៣២​គ្រឿង ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ និង​បាន​បោះ​ជំរំ​ស្នាក់នៅ​ក្នុង​ព្រៃ។ យុទ្ធនាការ​នោះ​មាន​ព្រះសង្ឃ​ចូលរួម ៧​អង្គ បាន​សូត្រ​មន្ត​តាម​បែប​ព្រះពុទ្ធសាសនា​ចំពោះ​ដើម​ឈើ​ធំៗ​មាន​អាយុ​រាប់​រយ​ឆ្នាំ និង​បួងសួង​ឲ្យ​ដើម​ឈើ​នោះ​គង់វង្ស ព្រម​ទាំង​ឧទ្ទិស​ឋាន​ដល់​ដើម​ឈើ​ណា​ដែល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ។
សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ណាំ ចាន់ថេន សង្កេត​ឃើញ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នៅ​ខែត្រ​ក្រចេះ ហាក់​ដូចជា​ស្ងប់ស្ងាត់​បន្តិច​មែន​ក្តី ក៏ប៉ុន្តែ​ចលនា​កាប់​បំផ្លាញ​ព្រៃ​ឡង់​នៅ​ខែត្រ​កំពង់ធំ ខែត្រ​ព្រះវិហារ នៅ​តែ​កើត​មាន​ដដែល ដូចជា​ការ​កាប់​ឈើ​រាន​យក​ដី​អស់​រាប់​ពាន់​ហិកតារ ឋិត​នៅ​ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ។

បញ្ហា​នេះ​មាន​ន័យ​ថា ការ​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​តំបន់​ព្រៃ​ឡង់ ហាក់​មាន​កម្រិត​ទន់​ជ្រាយ​នៅ​ឡើយ៖ «សូម​សម្ដេច​ត្រូវ​ដាក់​វិធានការ​ចំពោះ​មន្ត្រី​ខាង​ក្រសួង​ពាក់ព័ន្ធ ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ សុំ​ឲ្យ​សម្ដេច​មើល​ចំពោះ​មន្ត្រី​ហ្នឹង​ផង។ ពួក​មន្ត្រី​ទាំងនេះ​ហាក់​ដូចជា​មិន​បាន​អនុវត្ត​គោល​នយោបាយ​មិន​បាន​ពេញលេញ​ទេ»។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ លោក ថៃ ប៊ុនលៀង ឲ្យ​ដឹង​ថា យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ឡង់​នេះ សហគមន៍​បាន​រឹប​អូស​ឈើ​ប្រភេទ​សុក្រំ​ពី​ឈ្មួញ​បាន​ជិត ១​ម៉ែត្រ​គូប និង​ដុត​បំផ្លាញ​សត្វ​ព្រៃ ដូចជា មាន់​ព្រៃ មាន់​ទោល ខ្លា​ត្រី និង​សត្វ​ត្រង ដែល​ឈ្មួញ​លួច​បរបាញ់​ខុស​ច្បាប់ និង​បាន​ឃាត់​ខ្លួន​ជន​ល្មើស​ម្នាក់​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់។ លោក​បារម្ភ​ថា ជន​ល្មើស​នឹង​នៅ​តែ​បន្ត​លួច​ឆ្មក់​ចូល​កាប់​ឈើ​ដដែល ខណៈ​វិសាលភាព​ព្រៃ​ឈើ​ធំធេង ហើយ​ក្រុម​ល្បាត​របស់​សហគមន៍​មាន​គ្នា​តិចតួច មិន​អាច​បង្ក្រាប​បទល្មើស​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។

លោក ប៊ុនលៀង ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ម៉ាស៊ីន​អារ​ឈើ​ស្វ័យ​ប្រវត្តិ ឬ​ត្រង់ស៊ឺន័រ ដែល​កំពុង​ចរាចរណ៍​លក់​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​ទីផ្សារ និង​បញ្ឈប់​ការ​នាំ​ចូល​គ្រឿង​បន្លាស់​ម៉ាស៊ីន​ទាំងនោះ។ លោក​ចាត់​ទុក​ម៉ាស៊ីន​អារ​ឈើ​ទាំងនោះ​ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ឲ្យ​តឹងរ៉ឹង ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រង់ស៊ឺន័រ​អារ​ឈើ​គ្រប់​ប្រភេទ។ លោក​ថា មក​ទល់​ពេល​នេះ សហគមន៍​ពុំ​ទាន់​មាន​ជំនួយ​គាំទ្រ​ថវិកា​ជា​ដុំ​កំភួន​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​ឡង់​នោះ​ទេ មាន​តែ​ដើរ​កៀងគរ​ថវិកា​ពី​សប្បុរសជន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​គ្រា​ចុះ​ល្បាត​ព្រៃ​ម្តងៗ៖ «ចង់​ការពារ​ព្រៃ​ឲ្យ​បាន គឺ​មាន​តែ​បិទ​ត្រង់ស៊ឺន័រ​ចោល បើ​បិទ​មិន​បាន​ទេ គឺ​បិទ​គ្រឿង​បន្លាស់​នាំ​ចូល។ ចឹង​កាលណា​វា​ប្រើ​អស់ វា​អត់​មាន​ច្នៃ​អី​កើត​ទៀត​ទេ»។

សកម្មជន​ការពារ​ព្រៃ​ឡង់​ម្នាក់​ទៀត​រស់នៅ​ភូមិ​អាចេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ គឺ​លោក សំ ណូ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន ឈុន ហុង និង​ក្រុមហ៊ុន​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដែល​មាន​ផ្ទៃដី​ជាង ៣​ម៉ឺន ៤​ពាន់​ហិកតារ (៣៤.០០៧​ហិកតារ) កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​អស់​រាប់​ពាន់​ដើម។

លោក​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំងនោះ​ទេ ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ អាច​នឹង​វិនាស​នៅ​ពេល​ខ្លី​ខាង​មុខ៖ «ខ្ញុំ​ចង់​ទទូច​ឲ្យ​រដ្ឋាភិបាល​សហការ​ជាមួយ​សហគមន៍​ព្រៃ​ឡង់ អនាគត​ទៅ​មុខ ព្រៃ​ឡង់​អាច​នៅ​ឋិតថេរ បើ​សិន​ជា​រដ្ឋាភិបាល​ធ្វើ​ដោយ​ប្រយោល សហគមន៍​ព្រៃ​ឡង់​ខ្ញុំ​មិន​អាច​ការពារ​បាន​ទេ ព្រោះ​សហគមន៍​ព្រៃ​ឡង់​ខ្ញុំ​គ្រាន់​តែ​មាន​កាតព្វកិច្ច​ការពារ​សម្បត្តិ​របស់​រដ្ឋ​ទេ»។

យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ឡង់​ដែល​ដឹកនាំ​ដោយ​ក្រុម​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ចំនួន ៧​អង្គ អម​ដោយ​មន្ត្រី​បរិស្ថាន​ពីរ​រូប​ប្រដាប់​ដោយ​អាវុធ​ការពារ​សុវត្ថិភាព និង​បង្ក្រាប​បទល្មើស​ផ្សេង ដែល​ពួក​គេ​ជួប​ប្រទះ។

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ណាំ ចាន់ថេន សម្លឹង​ឃើញ​ថា សហគមន៍​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​ឡង់​នៅ​ឆ្ងាយ​ពី​លំនៅឋាន​ចាប់​ពី​ជាង ១០​គីឡូម៉ែត្រ រហូត​ដល់​រាប់​រយ​គីឡូម៉ែត្រ ដូចជា​ខូចខាត​ម៉ូតូ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ជួសជុល និង​ខ្វះខាត​ម្ហូប​អាហារ សម្ភារ​ចុះ​ល្បាត ជាដើម។ បញ្ហា​ទាំងនេះ ពួក​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​សម្រួល​ការ​លំបាក​របស់​ពួក​គេ និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​បេសកកម្ម​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ពលរដ្ឋ៖ «ចុះ​ល្បាត​ព្រៃ​ឈើ​មាន​ភាព​លំបាក​ខ្លាំង​ណាស់ រុក​ព្រៃ​ឆ្លង​អូរ​ឆ្លង​ស្ទឹង តាម​រយៈ​ម៉ូតូ ឬ​ដើរ​ដោយ​ថ្មើរ​ជើង។ សុំ​ឲ្យ​សម្ដេច​យល់​អាណិត​ពួក​គាត់​ផង។ ទី​១ សុំ​ឲ្យ​មន្ត្រី​បរិស្ថាន​សហការ​ឲ្យ​ខ្ជាប់។ ផល​វិបាក​របស់​គាត់​នៅ​ពេល​ដែល​គាត់​ចុះ​ល្បាត​នោះ ខ្លាច​បំផុត​រឿង​ក្រុម​ប្រព្រឹត្ត​បទល្មើស​វាយ​តប​មក​វិញ»។

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន ដូចជា​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣.១៨៣​ហិកតារ) ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ខ្លឹមសារ​អនុក្រឹត្យ​នោះ​បញ្ជាក់​ថា ក្រសួង​បរិស្ថាន មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ។

មន្ត្រី​បរិស្ថាន​នៅ​ខែត្រ​ក្រចេះ ដែល​ចូលរួម​យុទ្ធនាការ​នោះ​ដែរ គឺ​លោក ថន សំណាង ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ខែត្រ​ក្រចេះ កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​សហគមន៍​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ជា​ហូរហែ។ លោក​ប្ដេជ្ញា​ថា នឹង​ព្យាយាម​ការពារ​សម្បត្តិ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ និង​អនុក្រឹត្យ ដោយ​សហការ​ជាមួយ​សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​នៅ​តំបន់​នោះ។ លោក​អះអាង​ថា បទល្មើស​ភាគច្រើន គឺ​ឈ្មួញ​មក​ពី​ខែត្រ​កំពង់ធំ លួច​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ខែត្រ​ក្រចេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​ទន្សោងធ្លាក់ ឃុំ​កំពង់ចាម លោក យ៉ា ស្ម័គ្រ កត់​សម្គាល់​ថា ដើម​ឈើ​ដែល​មាន​មុខ​កាត់​ធំៗ ពុំ​សូវ​មាន​វត្តមាន​ក្នុង​តំបន់​ព្រៃ​ឡង់​ទេ ព្រោះ​ត្រូវ​ឈ្មួញ និង​ក្រុមហ៊ុន​លួច​កាប់​ជា​បន្តបន្ទាប់ ហើយ​នៅ​សេសសល់​ដើម​ឈើ​ប្រភេទ​លេខ​១ មាន​តិចតួច។ លោក​បារម្ភ​ថា ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​អ្នក​ភូមិ​ដែល​ធ្លាប់​ប្រមូល​ផល​ចាប់​ពី ២០​ដើម​ដល់ ៤០០​ដើម ក៏​កំពុង​រង​ការ​គំរាម​កំហែង​ដែរ ខណៈ​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន បាន​លួច​កាប់​ជា​បន្តបន្ទាប់៖ «ព្រួយ​បារម្ភ​ថា ប្រសិន​បើ​សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខែត្រ​នេះ​ធ្វើ​ដោយ​ឯងៗ ដោយ​រដ្ឋាភិបាល​ធ្វើ​ប្រយោល ហើយ​រដ្ឋាភិបាល​គិត​ខ្លួន​ឯង​ថា មតិ​របស់​គាត់​ត្រឹមត្រូវ​ហើយ តែ​ខាង​ក្រោម​គេ​មិន​អនុវត្ត​តាម​ទេ»។

សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ សង្កេត​ឃើញ​ថា សត្វ​ដំរី​មាន​វត្តមាន​ក្នុង​តំបន់​ព្រៃ​ឡង់​ប្រហែល ៣០​ក្បាល សត្វ​ខ្ទីង​ចាប់​ពី ៥០ ទៅ ៦០​ក្បាល សត្វ​ទន្សោង​ចាប់​ពី ២០ ទៅ ៣០​ក្បាល និង​សត្វ​ខ្លា​ដំបង​មាន​ប្រហែល ២ ទៅ ៤​ក្បាល ហើយ​សត្វ​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​សត្វ​ជ្រូក​ព្រៃ និង​សត្វ​ឈ្លូស។ ក្រៅ​ពី​នេះ មាន​សត្វ​ជាច្រើន​ប្រភេទ​ដែល​សហគមន៍​ពុំ​បាន​ជួប​ប្រទះ ហើយ​សង្ស័យ​ថា​អាច​នឹង​ដាច់​ពូជ ដូចជា​សត្វ​គោ​ព្រៃ សត្វ​ខ្លា​រខិន ខ្លា​ឃ្មុំ និង​សត្វ​រមាស ជាដើម។

សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ អះអាង​ថា ព្រៃ​ឡង់​ឋិត​ក្នុង​ស្រុក​ព្រែកប្រសព្វ មាន​ផ្ទៃដី​ជាង ៣​ពាន់​ហិកតារ ក៏​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​អាជីវកម្ម ដោយ​អ្នក​មាន​ឥទ្ធិពល​អស់​ជាង ១​ពាន់​ហិកតារ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខែត្រ ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​បោះ​បង្គោល​កំណត់​ព្រំប្រទល់​ព្រៃ​ឡង់​ជា​ព្រៃ​អភិរក្ស​ទាំង​បួន​ខែត្រ​ឲ្យ​ច្បាស់លាស់ ប្រយោជន៍​បង្ក​លក្ខណៈ​ងាយ​ស្រួល​អភិរក្ស។

រដ្ឋាភិបាល​គ្រោង​បញ្ជូន​មន្ត្រី​បរិស្ថាន ១៥​នាក់​បន្ថែម​ទៀត​ទៅ​ការពារ​ព្រៃ​ឡង់​នៅ​ខែត្រ​ក្រចេះ ២០​នាក់​ទៅ​ខែត្រ​ស្ទឹងត្រែង ២០​នាក់​ទៅ​ខែត្រ​កំពង់ធំ និង ២០​នាក់​ទៀត​ទៅ​ខែត្រ​ព្រះវិហារ អំឡុង​ឆ្នាំ​២០១៧។ ទោះ​ជា​យ៉ាង​ណា ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ព្រួយ​បារម្ភ​ថា ចំនួន​មន្ត្រី​បរិស្ថាន​ទាំងនោះ មិន​អាច​បំពេញ​តម្រូវ​ការ​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ព្រៃ​ឡង់​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ៕

ពលរដ្ឋ​រស់នៅ​លើ​ដី​មាត់​ទន្លេ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​គ្មាន​ទីលំនៅ​ពិត​ប្រាកដ


ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​លើ​ដី​មាត់​ទន្លេ​ផ្សារ​ក្រោម ក្នុង​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha



អ្នក​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​មាន​ផ្ទះ​ជាប់​មាត់​ទន្លេ កំពុង​ខ្វល់​ចិត្ត​រឿង​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គេ​រុះរើ​ផ្ទះ​សម្បែង ទៅ​តាំង​ទីលំនៅ​កន្លែង​ថ្មី ដើម្បី​យក​ដី​ទៅ​អភិវឌ្ឍ​ច្រាំង​ទន្លេ និង​សួនច្បារ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​រុះរើ​ផ្ទះ​ទៅ​កន្លែង​ថ្មី គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត គ្មាន​ការ​បង្ខិត​បង្ខំ និង​ចង់​ឲ្យ​ពលរដ្ឋ​រស់នៅ​មាន​សណ្ដាប់ធ្នាប់ និង​ជីវភាព​គ្រាន់​បើ​ជាង​នេះ។

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ភូមិ​ចុងកោះ ប្រមាណ ២១០​គ្រួសារ ដែល​ត្រូវ​រុះរើ​ផ្ទះ​ចេញ​ពី​លើ​ដី​ចំណី​មាត់​ទន្លេ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា បើ​អាជ្ញាធរ​បង្ខំ​ឲ្យ​ពួក​គេ​រុះរើ​ផ្ទះ ហើយ​តម្រូវ​ឲ្យ​ទិញ​ដី​សង់​ផ្ទះ​កន្លែង​ថ្មី​ក្នុង​តម្លៃ ៣.៤០០​ដុល្លារ​ក្នុង​មួយ​ប្លង់​នោះ គឺ​ពួក​គេ​ភាគច្រើន​ពុំ​មាន​លទ្ធភាព​ឡើយ។ ក្រុម​ពលរដ្ឋ​បារម្ភ​ពី​បញ្ហា​នេះ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​ទទួល​ដំណឹង​ថា គេ​តម្រូវ​ឲ្យ​រុះរើ​ក្នុង​ខែ​មករា ឆ្នាំ​២០១៧។

ពលរដ្ឋ​ម្នាក់ លោក ម៉ៅ ណេន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់ បាន​និយាយ​តៗ​គ្នា​ពី​ពេលវេលា​រុះរើ​ផ្ទះ​ចេញ ដោយ​អ្នក​ខ្លះ​ថា​ត្រូវ​រុះ​ឲ្យ​អស់​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៦ និង​ខ្លះ​ទៀត​ថា នឹង​ចាប់​ផ្ដើម​ឲ្យ​រុះរើ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ ប៉ុន្តែ​ពេលវេលា​ជាក់លាក់​ពុំ​ទាន់​មាន​អ្នក​ភូមិ​ណា​ម្នាក់​បាន​ដឹង​ច្បាស់​នៅ​ឡើយ ដោយ​គ្រាន់​តែ​បាន​ដេក​ព្រួយ​ខ្លាច​អត់​កន្លែង​រស់នៅ​ប៉ុណ្ណោះ៖ «ប្រជាពលរដ្ឋ​នៅ​ចុងកោះ ដូច​ខ្ញុំ​អី​នេះ អត់​មាន​លុយ! អ្ហឺស! រក​លុយ​បាន​មួយ​ម៉ឺន​ចង់​ប្រឹង​ផង​រាល់​ថ្ងៃ​នោះ មុខ​របរ​នេសាទ សែង​ត្រី​នៅ​ផែ​បន្តិចបន្តួច ណា​មួយ​កូន​រៀន​ផង ណា​មួយ​ជំពាក់​គេ​ផង មិន​ធម្មតា​ណា។ ជួនកាល​បាន​ល្ងាច​ខ្វះ​ព្រឹក។ ខ្ញុំ​នៅ​នេះ​ជិត ២០​ឆ្នាំ​ហើយ បង្ខំ​ក៏​ខ្ញុំ​មិន​ទាន់​ទៅ​ដែរ ណោះ​រក​ដី​ឲ្យ​ខ្ញុំ​អត់​ទាន់​បាន​ផង​ហ្នឹង»។


ចំណែក​ស្ត្រី​វ័យ ៦៤​ឆ្នាំ កំពុង​ឈរ​ជជែក​ជាមួយ​ពលរដ្ឋ​ប្រមាណ ១០​នាក់​ផ្សេង​ទៀត​នៅ​ក្បែរ​កាំ​ជណ្ដើរ​ផ្ទះ​របស់​ខ្លួន គឺ​លោកស្រី អ៊ុន ញ៉ ត្អូញ​ថា រយៈពេល​ជាង ២០​ឆ្នាំ​ដែល​លោកស្រី​រស់នៅ​មាត់​ទន្លេ​នេះ គឺ​វា​លំបាក​ណាស់​ទៅ​ហើយ តែ​បើ​ឲ្យ​គាត់​ទៅ​នៅ​កន្លែង​ថ្មី​ដោយ​ទិញ​ដី​រស់នៅ​ខ្លួន​ឯង​នោះ ប្រហែល​ពីរ​ជីវិត​គាត់​ទៀត ក៏​មិន​អាច​រក​លុយ​បាន​ជាង ៣​ពាន់​ដុល្លារ ដើម្បី​ទិញ​ដី​នោះ​រស់នៅ​ដែរ៖ «មាន​លុយ​ណា​ទិញ​ដី​ចៅ​ហើយ! សុំ​តែ​ដី​នៅ​មួយ​ផ្ទះ​មក! មួយ​បន្លោះ​ផ្ទះ​ក៏​យក​ដែរ ឲ្យ​យាយ​ទិញ​ដី យាយ​គ្មាន​លុយ​ទិញ​ទេ។ ដើរ​តែ​បោក​ខោ​អាវ​តិចតួច កោស​ខ្យល់​អី​ហ្នឹង។ មើល​ផ្ទះ​បាក់​កន្ទោក​អស់​ហើយ អត់​កូន ហើយ​ចិញ្ចឹម​ចៅ​ទៀត​នេះ ប្អូន​ឆ្កួត​ណោះ​ដើរ​បាត់​ហើយ»។

ឆ្លើយតប​នឹង​ក្ដី​បារម្ភ​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​ផ្សារ​ក្រោម លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា ជំហាន​ទី​១ មាន​ម្ចាស់​ផ្ទះ​ចំនួន ៣៤​ខ្នង បាន​ព្រមព្រៀង​រុះរើ​ផ្ទះ​ទៅ​កន្លែង​ថ្មី​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៦ ខែ​មករា។ រីឯ​ជាង ១០០​ខ្នង​ទៀត នឹង​ត្រូវ​រុះរើ​ចេញ​ដែរ​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៧ តែ​គេ​ត្រូវ​រង់ចាំ​ប្រព័ន្ធ​ទឹក និង​ភ្លើង​រៀបចំ​រួច៖ «យើង​មិន​ចេះ​តែ​យក​គាត់​ទៅ​ទេ។ យើង​រៀបចំ​ឲ្យ​ស្អាត​ទាំងអស់ ហើយ​បាន​យើង​ឲ្យ​គាត់​ចេញ​ទៅ។ ក្នុង​ករណី​អ្នក​ដែល​អត់​មាន​លទ្ធភាព ដូច​ថា​ក្រីក្រ យើង​អាច​ឲ្យ​គាត់​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ទៅ ហើយ​យើង​ឲ្យ​គាត់​ជួយ​គាត់​បង់​រំលស់។ អ៊ីចឹង​ប្រាក់​ពី​មុន​ថា​បង់​នេះ​ហ្នឹង ឥឡូវ​សល់​តែ​បន្តិច​ហ្នឹង មាន​ន័យ​ថា ដូច​យើង​ជួយ​ចេញ​ចាក់​ដី​ខ្លួន​ឯង​អ៊ីចឹង​ទៅ​ណា ព្រោះ​ចាក់​ជម្រៅ ៥​ម៉ែត្រ​ណោះ​ហ្នឹង»។

លោក​បន្ថែម​ថា ចំពោះ​ពលរដ្ឋ​ដែល​មិន​ទទួល​យក​សំណង ហើយ​ចង់​បាន​ដី​ដោះដូរ​នៅ​កន្លែង​ថ្មី​ទំហំ​ទទឹង ៥​ម៉ែត្រ និង​បណ្ដោយ ២០​ម៉ែត្រ ត្រូវ​ចំណាយ​ប្រាក់​ក្នុង​មួយ​ខ្នង​ផ្ទះ ១​ពាន់​ដុល្លារ ដើម្បី​ចំណាយ​លើ​ការ​ចាក់​ដី។ លោក​ថា ការ​បង់​ផ្ដាច់ ឬ​បង់​រំលស់​នេះ គឺ​ទាប​ជាង​មុន​ឆ្ងាយ ដោយ​ពី​មុន ក្រុមហ៊ុន​តម្រូវ​ឲ្យ​បង់​ជាង ៣​ពាន់​ដុល្លារ ប៉ុន្តែ​ដោយ​ឃើញ​ពលរដ្ឋ​ខ្វះខាត ទើប​អាជ្ញាធរ​សម្រួល​លើ​បញ្ហា​នេះ។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​រៀបចំ​សណ្ដាប់ធ្នាប់ និង​អភិវឌ្ឍ​ច្រាំង​ទន្លេ​ផ្សារ​ក្រោម​ប្រវែង​ជិត ៣​គីឡូម៉ែត្រ​ចេញ​ពី​មុខ​វត្ត​យាយទេព រហូត​ដល់​អាង​ទឹក​អានកូ ឋិត​នៅ​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង។ អាជ្ញាធរ​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​បង្កើត​ផ្សារ និង​ផ្ទះ​ថ្មី​នៅ​ក្នុង​សង្កាត់​ខ្សាម ដើម្បី​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន ២១០​ខ្នង​ផ្ទះ និង​ម្ចាស់​តូប​លក់​ដូរ ២០៣​តូប បាន​រស់នៅ និង​លក់​ដូរ​កន្លែង​ថ្មី៕