យុទ្ធនាការរើសសំរាមក្នុងក្រុងស្ទឹងត្រែង កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ដែលរៀបចំដោយអាជ្ញាធរក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ RFA/Men Sothyr
អាជ្ញាធរក្រុងស្ទឹងត្រែង គ្រោងផាកពិន័យ និងអនុវត្តច្បាប់ចំពោះពលរដ្ឋ អាជីវករ និងបុគ្គលដែលចោលកាកសំណល់សំរាមគ្មានសណ្ដាប់ធ្នាប់។ អាជ្ញាធរក្រុងស្ទឹងត្រែង រកឃើញថា បច្ចុប្បន្ន អាជីវករ និងពលរដ្ឋមួយចំនួននៅតែបន្តចោលកាកសំណល់រឹងតាមផ្លូវ និងតាមទីសាធារណៈបែបអនាធិបតេយ្យ បើទោះបីអាជ្ញាធរក្រុងបានបង្កើតទីតាំងចាក់សំរាមជាច្រើនកន្លែងក្តី។
អាជ្ញាធរក្រុងស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី២៨ វិច្ឆិកា ថា រដ្ឋបាលខេត្តស្ទឹងត្រែង គ្រោងបង្កើតក្រុមការងារគ្រប់គ្រងសំណល់សំរាមនៅទីប្រជុំជន ដោយគ្របដណ្ដប់ចំនួន ៣សង្កាត់នៃក្រុងស្ទឹងត្រែង ដើម្បីតាមដាន និងអនុវត្តការពិន័យបែបអន្តរកាលផ្អែកតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល ប្រយោជន៍លើកស្ទួយបរិស្ថាននៅក្រុងស្ទឹងត្រែង។
អភិបាលរងក្រុងស្ទឹងត្រែង លោក លី មីនា មានប្រសាសន៍ថា ជំហានដំបូង អាជ្ញាធរមានវិធានការជូនដំណឹងតាមរយៈអាជ្ញាធរភូមិ និងផ្សព្វផ្សាយជូនពលរដ្ឋស្ដីពីការទុកដាក់សំរាម និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ។ លោកបញ្ជាក់ថា ក្រោយពីអាជ្ញាធររៀបចំទីតាំងលក់ដូរថ្មីជូនអាជីវករនៅផ្សារថ្មីរួចរាល់ មន្ត្រីជំនាញនឹងផ្ដើមអនុវត្តវិធានការពិន័យដោយមិនរើសមុខ។ លោកកត់សម្គាល់ថា អាជ្ញាធរក្រុងបានបង្កើតធុងសំរាមធំៗចំនួន ៣ទីតាំងផ្ទុកសំរាមបាន ៧ ទៅ ៨ម៉ែត្រគូប ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករវេចខ្ចប់ទុកដាក់សំរាមឲ្យត្រឹមត្រូវ តែផ្ទុយទៅវិញ អាជីវករមួយចំនួននៅតែបោះសំរាមចោលនៅលើផ្លូវសាធារណៈដដែល។ លោកថា វិធានការច្បាប់ និងការផាកពិន័យ នឹងផ្ដើមនៅដើមឆ្នាំ២០១៧ ខាងមុខ ផ្អែកតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល ដែលជំរុញឲ្យភាគីពាក់ព័ន្ធទទួលខុសត្រូវក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់នៅទីប្រជុំជន។ លោកថា ប្រសិនបើខ្វះការចូលរួមពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន ផែនការគ្រប់គ្រងបញ្ហាអនាម័យ និងសុខភាពក្នុងសង្គមរបស់មន្ត្រីជំនាញ មិនទទួលបានជោគជ័យនោះទេ៖ «សេចក្តីសម្រេចហ្នឹងបានចេញរួចហើយ គ្រាន់ថាយើងរៀបចំកិច្ចប្រជុំ ថាតើយើងនឹងអនុវត្តកិច្ចការហ្នឹងនៅពេលណា? បើតាមអ្វីដែលយើងចង់ធ្វើ យើងត្រៀមធ្វើឆាប់ៗនេះ។ ចំពោះអ្វីដែលយើងធ្វើជំហានដំបូង គឺការអប់រំផ្សព្វផ្សាយសិន ពីព្រោះច្បាប់ហ្នឹងការអប់រំត្រូវដើរទន្ទឹមគ្នា»។
តួលេខប៉ាន់ប្រមាណរបស់អាជ្ញាធរក្រុងស្ទឹងត្រែង បង្ហាញថា ប្រជាពលរដ្ឋក្រុងស្ទឹងត្រែង បញ្ចេញចោលកាកសំណល់ និងសំរាមជាង ៣០តោនក្នុងមួយថ្ងៃៗ។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង កញ្ញា ឈុំ កន្និកា មើលឃើញថា ពលរដ្ឋមួយចំនួនមិនចាប់អារម្មណ៍ការទុកដាក់សំរាមត្រឹមត្រូវ ដោយអាជីវករខ្លះបោះចោលសំរាមតាមផ្លូវ និងទីសាធារណៈ បង្កជះក្លិនស្អុយដល់អ្នកធ្វើដំណើរ និងប៉ះពាល់សោភ័ណភាពក្រុង។ កញ្ញាសម្ដែងការគាំទ្រចំពោះវិធានការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលគ្រោងផាកពិន័យ និងអនុវត្តច្បាប់ចំពោះបញ្ហានេះ។ ក៏ប៉ុន្តែនាងបារម្ភខ្លាចក្រែងវិធានការនេះបានតែមួយឆាវ ឬភ្លើងចំបើង ជាពិសេសការអនុវត្តច្បាប់មិនមានតម្លាភាព៖ «ប្រជាពលរដ្ឋយើងនៅពេលដែលគាត់លក់អីៗហើយ គឺគាត់មិនបានវេចខ្ចប់សំរាមដាក់ក្នុងទុងសំរាម ជាពិសេសមុខផ្សារហ្នឹងតែម្តង ពេលដែលជិះម៉ូតូកាត់ ឬដើរកាត់ជះក្លិនស្អុយ ជាពិសេសគឺក្បែរមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង សំរាមគរពេញហ្នឹង»។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបៀលប្រាយ (BBU) សាខាខេត្តស្ទឹងត្រែង ដែលដឹកនាំក្រុមនិស្សិតរើសសំរាម លោក សាន់ តុលា មានចំណាប់អារម្មណ៍ថា ប្រសិនបើពលរដ្ឋប្ដូរឥរិយាបថទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នឹងផ្តល់សារប្រយោជន៍ ៣យ៉ាងសំខាន់ៗ គឺសុខភាព សោភ័ណភាព និងសេចក្តីថ្លៃថ្នូរ។ លើសពីនេះទៀត ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែធ្វើឲ្យប្រទេសជាតិមានភាពស្រស់ស្អាតនោះទេ បញ្ហានេះវាក៏បញ្ជាក់ពីភាពថ្លៃថ្នូររបស់ពលរដ្ឋដែរ៖ «ក្នុងនាមជាប្រជាពលរដ្ឋមួយដែលស៊ីវិល័យ យើងត្រូវមានសណ្ដាប់ធ្នាប់តាំងពីការរស់នៅចឹងឡើង ជាពិសេសគឺបណ្ដុះស្មារតីឲ្យប្អូនៗយុវជនគាត់មានគំនិតចូលរួមសង្គម។ នេះជារឿងសំខាន់»។
អនុក្រឹត្យលេខ១១៣ របស់រដ្ឋាភិបាលចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ បង្គាប់ឲ្យស្ថាប័នជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកំណត់វិធានការចាំបាច់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន។ លើកកម្ពស់ការយល់ដឹងសាធារណៈ ជំរុញឲ្យមានការចូលរួមពីពលរដ្ឋ ត្រូវហាមឃាត់ដាច់ខាតនូវការបោះចោលសំរាម ឬការដុតសំរាម សំណល់រឹងនៅទីប្រជុំជន នៅតាមផ្លូវ និងទីសាធារណៈ ជាដើម។ ចំពោះបុគ្គលដែលបោះចោលសំរាមនៅតាមដងផ្លូវ ត្រូវទទួលការផាកពិន័យអន្តរកាល ២ម៉ឺនរៀលសម្រាប់អ្នកដំណើរ និងទេសចរ ជាដើម ពិន័យ ៥ម៉ឺនរៀលចំពោះអ្នកលក់ដូរ ឬអាជីវករ ពិន័យ ១៥ម៉ឺនរៀលចំពោះអ្នកលក់ដូរតាមផ្លូវ ភោជនីយដ្ឋាន និងទីកម្សាន្ត៕