Wednesday, September 7, 2016

តុលាការ​ខេត្ត​សៀមរាប​ដោះលែង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បើក​ឡាន​បុក​មនុស្ស​ស្លាប់

តុលាការ​ខេត្ត​សៀមរាប​ដោះលែង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បើក​ឡាន​បុក​មនុស្ស​ស្លាប់

តុលាការ​ខេត្ត​សៀមរាប។ RFA/Hang Savyouth



តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​សៀមរាប ដែល​កាន់​សំណុំ​រឿង​ក្ដី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​សម្រេច​ដោះលែង លោក យ៉ាន់ ស៊ីវ៉ាត់ ដែល​ជា​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយលើ ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

ការ​ដោះលែង​បាន​ធ្វើ​ឡើង ១​ថ្ងៃ ក្រោយ​ពី​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​បើក​រថយន្ត​ម៉ាក​លិចស៊ីស (Lexus RX330) ១​គ្រឿង បុក​ប្រជា​ការពារ​ភូមិ​ម្នាក់​ស្លាប់​នៅ​លើ​ដង​ផ្លូវ​មក។

អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប គឺ​លោក យិន ស្រាង។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា ករណី​របស់​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយលើ​នោះ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ព្រះរាជអាជ្ញា​សាកសួរ​នៅ​ឡើយ។

លោក យិន ស្រាង បញ្ជាក់​ថា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រូប​នោះ ត្រូវ​តំណាង​អយ្យការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​យោង​ទៅ​លើ​មូលហេតុ​មួយ​ចំនួន ដូចជា​គាត់​បាន​ចេញ​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ គាត់​មាន​ទីលំនៅ​ច្បាស់លាស់ ព្រមទាំង​មាន​ការងារ​ត្រឹមត្រូវ ប៉ុន្តែ​គាត់​ត្រូវ​រង់ចាំ​ចំណាត់​ការ​ទាក់ទង​នឹង​រឿង​ព្រហ្មទណ្ឌ​នៅ​ឡើយ៖ «ខ្ញុំ​គ្រាន់តែ​ដឹង​ថា ដំណាក់កាល​ព្រះរាជអាជ្ញា គេ​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​សិន ពីព្រោះ​គាត់​បាន​សង​សំណង​ដល់​គ្រួសារ​អ្នក​រងគ្រោះ​រួច​ហើយ»។

លោក យ៉ាន់ ស៊ីវ៉ាត់ បាន​បើក​រថយន្ត​បុក​បុរស​ម្នាក់​ឈ្មោះ ឈួន ចាន់រស្មី អាយុ​ជាង ៤០​ឆ្នាំ ដែល​ជា​ប្រជា​ការពារ​ភូមិ​ជ្រៃ ឃុំ​កណ្ដែក នៃ​ស្រុក​ប្រាសាទបាគង បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​កញ្ញា កន្លង​ទៅ ព្រមទាំង​បើក​រថយន្ត​រត់​គេច​ខ្លួន​បាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ ពី​កន្លែង​កើត​ហេតុ​ផង៕