ឧទ្យានុរក្សថាព្រៃឈើនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតត្រូវគេលួចកាប់អំឡុងបុណ្យអុំទូក
មន្ត្រីការពារព្រៃឈើអង្គការ អិម.ជេ.ភី (MJP) ប្រចាំការនៅតំបន់ព្រៃឈើនៃស្រុកសំឡូត និងខេត្តប៉ៃលិន ឬហៅថាតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ព្រួយបារម្ភខ្លាចក្រែងហិនហោចព្រៃឈើ ដោយសារពលរដ្ឋលួចទៅកាប់ឈើតំបន់ហាមឃាត់នេះ ក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក។
ការព្រួយបារម្ភនេះ បន្ទាប់ពីពួកគាត់ប្រទះឃើញព្រៃជាច្រើនហិកតារនៅតំបន់ឧទ្យាននោះ ត្រូវគេលួចកាប់ជាបន្តបន្ទាប់។
មន្ត្រីយាមការពារព្រៃឈើនៃអង្គការ អិម.ជេ.ភី (MJP) ប្រចាំការនៅតំបន់ព្រៃឈើស្រុកសំឡូត និងខេត្តប៉ៃលិន អះអាងថា យ៉ាងហោចណាស់ព្រៃឈើប្រមាណ ១០ហិកតារបន្ថែមទៀត ត្រូវបានគេលួចកាប់អំឡុងថ្ងៃឈប់សម្រាកបុណ្យអុំទូក។
មន្ត្រីយាមការពារព្រៃឈើនៃអង្គការ អិម.ជេ.ភី (MJP) ប្រចាំការនៅតំបន់ព្រៃឈើស្រុកសំឡូត និងខេត្តប៉ៃលិន លោក ប៊ូ ស៊ីណា មានប្រសាសន៍នៅថ្ងៃទី១៥ វិច្ឆិកា ថា ជនដែលលួចកាប់ឈើនោះ ធ្វើឡើងក្នុងរូបភាពជួលប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់ឧទ្យានស្រុកសំឡូត និងខេត្តប៉ៃលិន ទៅកាប់ទន្ទ្រានព្រៃយកដី ខណៈដែលមន្ត្រីអង្គការ អិម.ជេ.ភី (MJP) ឈប់សម្រាកថ្ងៃបុណ្យអុំទូក។
លោកអះអាងថា ចំណុចដែលគេលួចកាប់ទន្ទ្រានថ្មីនោះ នៅម្ដុំភ្នំដំបង ក្នុងទឹកដីខេត្តប៉ៃលិន និងអូរស្លេវ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ លោកបន្ថែមថា ករណីនេះ ប្រសិនបើឧទ្យានុរក្សរបស់រដ្ឋាភិបាលដែលបានដាក់ការិយាល័យប្រចាំការនៅតំបន់នោះជួយការពារបន្ថែម នឹងអាចកាត់បន្ថយមិនឲ្យមានជនខិលខូចលួចកាប់ឈើបានមួយកម្រិត៖ «ក្រុមអ្នកលួចកាប់ឈើនេះ គឺពុំមែនជាកាប់ធម្មតាឡើយ ព្រោះអីគេប្រើរណារយន្តក្នុងការអារផ្ដួលរំលំ ហើយពេលខ្លះគាត់លួចកាប់យប់ទៀត បើនិយាយរួមទៅ ពួកគាត់ឆ្លៀតឱកាសគ្រប់បែបយ៉ាង ឲ្យតែក្រុមការងាររបស់យើងមិននៅ គឺគាត់ឆ្លៀតតែម្ដង»។
ឆ្លើយតបនឹងបញ្ហានេះ នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត លោក ថន គីមហុង មានប្រសាសន៍ថា អំឡុងពេលឈប់សម្រាកថ្ងៃបុណ្យអុំទូក មានទាហានមួយក្រុមមកពីខេត្តប៉ៃលិន ទៅយាមការពារនៅតំបន់ឧទ្យានប្រើប្រាស់ច្រើនយ៉ាងសំឡូតនោះហើយ។ លោកមានជំនឿថា ប្រជាពលរដ្ឋ គឺមិនអាចចូលទៅលួចកាប់ឈើក្នុងតំបន់ហាមឃាត់នោះបានដោយងាយស្រួលដូចពេលមុននោះឡើយ៖ «បាទ! ប៉ុន្តែអង្គការ អិម.ជេ.ភី ក៏គាត់មិនការពារបានទាំងអស់ដែរ។ ហើយខាងយើងបើទោះជាអត់ពីអង្គការនេះទៅ ក៏យើងនៅតែការពារព្រៃឈើនោះបានដែរ»។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីអង្គការ អិម.ជេ.ភី (MJP) ម្នាក់ទៀតសុំមិនឲ្យបញ្ចេញសំឡេងអះអាងថា មន្ត្រីបរិស្ថានរបស់រដ្ឋាភិបាលដែលដាក់ប៉ុស្តិ៍យាមការពារតំបន់ឧទ្យាននោះ មានតែអគារ ក៏ប៉ុន្តែគ្មានមនុស្សប្រចាំការនោះទេ។ មន្ត្រីរូបនេះបន្ថែមថា ទាហានប្រមាណ ២០នាក់ដែលបានបញ្ជូនមកពីខេត្តប៉ៃលិន ឲ្យទៅការពារព្រៃឈើនៅថ្ងៃឈប់សម្រាកនោះ គឺពុំបានចុះទៅល្បាតឲ្យបានគ្រប់ជ្រុងជ្រោយ ដូចការអះអាងរបស់នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនោះឡើយ។
អ្នកការពារព្រៃឈើសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនបានយកចិត្តទុកដាក់ការពារព្រៃឈើនៅតំបន់ឧទ្យាននោះឲ្យបានដិតដល់ទេ គឺមិនយូរឡើយ ព្រៃឈើនៅតំបន់នោះនឹងក្លាយជាវាលរហោឋាននៅពេលខាងមុខជាពុំខាន។
តំបន់ការពារព្រៃឈើប្រើប្រាស់ច្រើនយ៉ាងសំឡូត មានផ្ទៃដីប្រមាណ ៤ម៉ឺនហិកតារ គឺមួយផ្នែកស្ថិតនៅខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង៕