លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ ជួប សម្លាប់ បាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មានចេតនាឆ្លើយបំភ្លៃសមត្ថកិច្ច។ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រោយពីស៊ើបអង្កេត និងសួរចម្លើយឃើញថា ចម្លើយសារភាពរបស់ ជួប សម្លាប់ មិនមែនជាការពិត។
ការបង្ហើបឲ្យដឹងពីករណី ជួប សម្លាប់ មានចេតនាឆ្លើយសារភាពកុហកសមត្ថកិច្ចនេះ នៅស្របពេលគណៈកម្មការទី១ នៃរដ្ឋសភា បានកោះហៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅសួរនាំអំពីការស៊ើបអង្កេតលើករណីឃាតកម្មនេះ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អំពាវនាវឲ្យអ្នកពាក់ព័ន្ធ ជួយផ្ដល់ព័ត៌មានទៅក្រសួងមហាផ្ទៃ ជុំវិញករណីឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា។ លោកបញ្ជាក់ថា ជួប សម្លាប់ ដែលកំពុងតែជាប់ឃុំនោះ បានឆ្លើយសារភាពបំភ័ន្តសមត្ថកិច្ច។
លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី២១ ធ្នូ ថា ក្រោយពីការសួរចម្លើយ និងការសារភាពរបស់ជនសង្ស័យ ជួប សម្លាប់ លោកមិនជឿថាចម្លើយសារភាពជាការពិតទេ៖ «យើងបានសន្និដ្ឋានថា ជនល្មើសនេះមានចេតនាឆ្លើយបំភ័ន្តសមត្ថកិច្ច មិននិយាយការពិត។ យើងមិនជឿថា ជនល្មើសនេះឈ្មោះ ជួប សម្លាប់ មិនជឿថាជនល្មើសនេះឲ្យលុយ កែម ឡី ខ្ចី ៣ពាន់។ (លោក យ៉ង ចាន់តារា សួរ៖លោកពូអាចបញ្ជាក់ហេតុអីបានសមត្ថកិច្ចមិនជឿនេះ?) លោក ខៀវ សុភ័គ៖ យើងមើលទី១ ជួប សម្លាប់ វាមិនដែលខ្មែរយើងអ្នកណាឈ្មោះ ជួប សម្លាប់ ទេ អាសម្លាប់ អាងាប់ទេ។ ទី២ កែម ឡី ជំពាក់លុយគេ ៣ពាន់ គឺអត់មានសោះ។ ទី៣ ឈ្មោះ អាលីស លក់កាំភ្លើងឲ្យវា ថាតម្លៃ ៣ពាន់ដុល្លារដែរ ហើយថាឈ្មោះប៉ូលិសនៅថៃ ទៅរកឯណាឃើញ? មិនប្រាប់ទីកន្លែង»។
ប្រជាពលរដ្ឋចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។ RFA/Chuop Sereyroth |
ការបង្ហើបឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មិនជឿលើចម្លើយសារភាពរបស់ជនសង្ស័យ ជួប សម្លាប់ នៅពេលនេះ ត្រូវបានមន្ត្រីការពារសិទ្ធិមនុស្ស ព្រួយបារម្ភខ្លាចករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ដូចករណីលោក ជា វិជ្ជា ដែលមកទល់ពេលនេះ អាជ្ញាធររកឃាតកមិនទាន់ឃើញនៅឡើយ។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាសំខាន់ដែលក្រសួងមហាផ្ទៃ ត្រូវបង្ហាញនោះ គឺកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងស្តារម៉ាត (Star Mart) កាល់តិច (Caltex) ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះ និងមហាជនបានដឹងច្បាស់ថា អ្នកណាជាឃាតកពិតប្រាកដ៖ «មានករណីផ្សេងទៀត ករណីបាញ់សម្លាប់ប្អូនតារាចម្រៀង ឬបាញ់សម្លាប់លោកឧកញ៉ា អឹង ម៉េងជឺ អីឃើញថា មានបញ្ចេញកាមេរ៉ាជាបន្តបន្ទាប់ ហើយអាជ្ញាធរចាប់ខ្លួនបានតែរឿងលោកបណ្ឌិត កែម ឡី។ ហេតុអីបានជាអាជ្ញាធរមិនបញ្ចេញកាមេរ៉ាសុវត្ថិភាព?»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេស បានដាក់ពាក្យបណ្ដឹងទៅតុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ធ្នូ ដើម្បីជំរុញឲ្យក្រុមហ៊ុន ឆេវរ៉ុន (Chevron) បង្ហាញពីវីដេអូឃ្លីបដែលលោក សម រង្ស៊ី ជឿជាក់ថា ក្រុមហ៊ុននេះបានថតដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងស្តារម៉ាតកាល់តិច ក្បែរស្តុបបូកគោ ដែលជាកន្លែងឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា នោះ។
លោក សម រង្ស៊ី បានសរសេរនៅក្នុងរបាយការណ៍របស់លោក ដាក់ទៅតុលាការអាមេរិកថា អំពើឃាតកម្មលើអ្នកវិភាគសង្គមដ៏មានប្រជាប្រិយភាពនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយពេលលោកវិភាគលើរបាយការណ៍ដ៏ស៊ីជម្រៅទៅលើការស្រាវជ្រាវរបស់អង្គការ គ្លបល វីនេស (Global Witness) ស្ដីពីក្រុមគ្រួសារត្រកូល «ហ៊ុន»។
ទាក់ទងនឹងករណីនេះដែរ គណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណៈកម្មការទី១ នឹងកោះហៅរដ្ឋមន្ត្រីចំនួនពីរមកសួរនាំពីករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។ លោក អេង ឆៃអ៊ាង បញ្ជាក់ថា នៅថ្ងៃទី២១ ធ្នូ នេះ គណៈកម្មការសិទ្ធិមនុស្ស បានដាក់លិខិតកោះហៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកសួរនៅរដ្ឋសភា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ អំពីដំណើរការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា វិញ នឹងត្រូវកោះហៅនៅពេលបន្ទាប់៖ «យុត្តិធម៌ជារឿងសំខាន់ ព្រោះយើងដឹងហើយថា ប្រជាពលរដ្ឋគ្រប់រូប គឺត្រូវតែទទួលបានយុត្តិធម៌គ្រប់រឿងទាំងអស់ មិនមែនតែករណីឃាតកម្មលោកបណ្ឌិត កែម ឡី នោះទេ។ ឃាតកម្មទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែបំពេញតួនាទីឲ្យបានត្រឹមត្រូវ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង នឹងទៅឆ្លើយបំភ្លឺនៅពេលខាងមុខ។
ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី មកទល់ពេលនេះ ក្រុមគ្រួសារលោកមិនទាន់រកមេធាវីនៅឡើយ នៅខណៈប្រពន្ធកូនលោកបណ្ឌិត កែម ឡី បានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីសុវត្ថិភាព និងរង់ចាំទៅប្រទេសទីបីនោះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យអ្នកសារព័ត៌មានដឹងតាមប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃទី២១ ធ្នូ យ៉ាងខ្លីថា សំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការស៊ើបសួរនៅឡើយ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកការពារសិទ្ធិមនុស្ស នៅតែព្រួយបារម្ភអំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅតែកើតមាននៅក្នុងសង្គមកម្ពុជា ព្រោះថា បើគិតចាប់តាំងពីឆ្នាំ១៩៩៣ មក យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ ត្រូវបានគេធ្វើឃាត ដោយសារតែការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិរិះគន់រដ្ឋាភិបាល ឬបរិហារការធ្វើជំនួញខុសច្បាប់របស់អ្នកមានអំណាច។ ជនរងគ្រោះទាំងនោះ រួមមានអ្នកសារព័ត៌មាន សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនដីធ្លី សហជីព កម្មកររោងចក្រ និងករណីចុងក្រោយ គឺអ្នកវិភាគបញ្ហាសង្គម និងនយោបាយ បណ្ឌិត កែម ឡី៕