ប្រជានេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង អះអាងថា ជនជាតិវៀតណាម និងអ្នកមានទ្រព្យធនមួយចំនួននៅក្នុងស្រុកនេះ កំពុងត្រូវប៉ាន់អំពីរបរធ្វើនេសាទខុសច្បាប់ទ្រង់ទ្រាយធំ នៅតំបន់បឹងទន្លេសាប ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយ។ អ្នកស្រុកបញ្ជាក់ថា ការធ្វើនេសាទនេះ នឹងធ្វើឲ្យហិនហោចធនធានមច្ឆជាតិធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់របរធ្វើនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋរាប់ពាន់គ្រួសាររស់នៅតាមដងស្ទឹងសង្កែ និងធ្វើឲ្យពួកគាត់មិនអាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបាន។
ប្រជានេសាទនៅជាប់បឹងទន្លេសាបស្រុកឯកភ្នំ កំពុងព្រួយបារម្ភខ្លាចក្រែងដាច់ពោះស្លាប់ ដោយសារមិនអាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបានដូចពេលមុនៗ។
ពលរដ្ឋម្នាក់រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ លោក អ៊ន អឿន ថ្លែងថា ទូកនេសាទរបស់ជនជាតិវៀតណាម ប្រមាណ ១០គ្រឿងក្នុងមួយថ្ងៃៗ បានប្រើឧបករណ៍នេសាទយ៉ាងកាវ គឺអួនក្រឡាមួយហ៊ុនកន្លះ ដាក់ចូលទៅក្នុងទឹកអូសចាប់ត្រីទាំងតូចធំនៅភូមិក្បាលតោល ជាប់បឹងទន្លេសាបដោយសេរី។ លោកបន្ថែមថា យ៉ាងហោចណាស់ជនជាតិវៀតណាម ចាប់ត្រីក្នុងមួយក្រុមដែលមានគ្នាប្រមាណ ៦នាក់ ដោយប្រើទូកពី ២ទៅ ៣គ្រឿង ចាប់ត្រីបានចន្លោះពី ៥ ទៅ ៧តោនក្នុងមួយថ្ងៃ។ លោកអះអាងថា សមត្ថកិច្ចបានដឹងរឿងនេះដែរ ក៏ប៉ុន្តែហាក់មិនអើពើទប់ស្កាត់ជនជាតិវៀតណាម ធ្វើនេសាទខុសច្បាប់នោះឡើយ៖ «ហើយសមត្ថកិច្ចទៅចាប់មិនដែលបានទេ។ ខ្ញុំមិនដឹងគាត់ទៅចាប់វិធីយ៉ាងណា បានជាមិនដែលបានមនុស្ស។ ខ្ញុំរាយការណ៍ប្រាប់មន្ត្រីជំនាញ គាត់ថាខ្ញុំទៅចាប់ម៉េចបាន បើទូកគាត់សុទ្ធតែធំៗ បើកបុកខ្ញុំស្លាប់!»។
លោក អឿន ឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែររស់នៅជាប់បឹងទន្លេសាបដែលប្រកបរបរធ្វើនេសាទជាលក្ខណៈគ្រួសារ មិនអាចធ្វើនេសាទរកត្រីបានច្រើនដើម្បីរកប្រាក់ចំណូលបាននោះទេ។ មូលហេតុដែលមិនអាចធ្វើនេសាទបាន ព្រោះខ្លាចកាណូតនេសាទធំៗរបស់ជនជាតិវៀតណាម បើកបុកលិចទូកស្លាប់។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកឯកភ្នំ លោក ឡុង សុភឺន មានប្រសាសន៍ថា កន្លងទៅ អាជ្ញាធរស្រុកតែងសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់ព្រៃរនាម បឹងទន្លេសាបជាប្រចាំ។ លោកអះអាងថា បទល្មើសនេសាទកន្លងមកភាគច្រើនជាប្រភេទបរណរ៉ាវ ហើយមានទាំងបទល្មើសទ្រង់ទ្រាយតូច និងធំ ប៉ុន្តែពុំមានជនជាតិវៀតណាម នោះទេ៖ «មិនទាន់ច្បាស់ការយ៉ាងម៉េចទេ ចាំមើលខ្ញុំសួរទៅសមត្ថកិច្ចសិន ព្រោះកន្លងមក ខ្ញុំមានមន្ត្រីដាក់ប្រចាំការនៅទីនោះ ហើយនៅពេលមានបទល្មើសនេសាទ គេនឹងទាក់ទងមកខ្ញុំភ្លាម តែនេះអត់ឃើញមានសោះ»។
ទោះជាយ៉ាងនេះក្ដី តំណាងប្រជានេសាទប្រចាំខេត្តបាត់ដំបង លោក ហ៊ុត ហាន មានប្រសាសន៍ថា ទូកនេសាទខុសច្បាប់របស់ជនជាតិវៀតណាម មានច្រើននៅតំបន់ភូមិក្បាលតោល ហើយបានប៉ះពាល់ដល់របរធ្វើនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋខ្មែររស់នៅតំបន់នោះជាខ្លាំង។ លោកបន្ថែមថា ក្រៅអំពីជនជាតិវៀតណាម ធ្វើនេសាទខុសច្បាប់ហើយ នៅមានអ្នកមានទ្រព្យធនជាច្រើននាក់ទៀត បានប្រើឧបករណ៍បរណរ៉ាវប្រវែងពី ២ ទៅ ៣គីឡូម៉ែត្រ ដាក់ចាប់យកត្រីនៅតំបន់ឡូត៍លេខ២ ក្នុងឃុំកោះជីវាំង ដោយសេរី និងពុំមានអាជ្ញាធរណាទប់ស្កាត់បាននៅឡើយទេ។ លោកអះអាងថា ការធ្វើនេសាទទ្រង់ទ្រាយធំទាំងអស់នេះ មិនយូរឡើយនឹងធ្វើឲ្យហិនហោចត្រីនៅតំបន់បឹងទន្លេសាបជាពុំខាន៖ «បាទ! ការធ្វើនេសាទនេះប៉ះពាល់ធនធានធម្មជាតិធ្ងន់ធ្ងរណាស់ ព្រោះអីពេលទឹកស្រកសម្រុកចុះទៅបឹងទន្លេសាបវិញ ហើយមិនទាន់បានចុះទៅដល់ទន្លេផង យើងចាប់អ៊ីចឹងវាហិនហោចអស់ហើយ។ ហើយឧបករណ៍មួយទៀត យើងកំពុងតែភ័យខ្លាចដែរ គឺឆ្នុកចាប់ត្រី ក៏ឧបករណ៍ខុសច្បាប់ដែរ ហើយមានច្រើនណាស់នៅតំបន់នោះ»។
នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា មានប្រសាសន៍ថា លោកពុំទាន់ទទួលដំណឹងដែលជនជាតិវៀតណាម ធ្វើនេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅតំបន់ភូមិក្បាលតោល នោះនៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី លោកថាសមត្ថកិច្ចខេត្តបាត់ដំបង នឹងប្រជុំដោះស្រាយបញ្ហាការធ្វើនេសាទខុសច្បាប់នៅថ្ងៃទី១២ វិច្ឆិកា ហើយថាក្រោយពីការប្រជុំរួច នឹងចុះទៅពិនិត្យមើលនៅតំបន់បឹងទន្លេសាបបន្តទៀត៖ «បាទ! នៅក្បាលតោល តិចដែរ ព្រោះជាភូមិមួយ ហើយកម្លាំងធំនៅព្រែកទាល់ ប៉ុន្តែមិនអីទេ យើងនឹងប្រមែប្រមូលកម្លាំងចុះទៅបង្ក្រាបដល់ទីកន្លែង»។
មន្ត្រីសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលជុំវិញបឹងទន្លេសាប អ្នកស្រី នូ សារឹម កត់សម្គាល់ថា បទល្មើសនេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង មានសន្ទុះកាន់តែខ្លាំងឡើង ជាពិសេសនៅរដូវទឹកស្រក ដែលសម្បូរត្រីច្រើន។ អ្នកស្រីពន្យល់ថា ប្រសិនបើរដ្ឋាភិបាលមិនទប់ស្កាត់ការធ្វើនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបឲ្យមានប្រសិទ្ធភាពទេ នឹងធ្វើឲ្យហិនហោចត្រីក្នុងពេលឆាប់ៗ។ អ្នកស្រីសង្កត់ធ្ងន់ថា នៅពេលដែលអស់ត្រីពីតំបន់នោះហើយ អ្នកដែលប៉ះពាល់ខ្លាំង គឺប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែជាប់បឹងទន្លេសាប ដែលប្រកបរបរធ្វើនេសាទ មិនអាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបានឡើយ។ អ្នកស្រីបន្ថែមថា នៅពេលគ្មានប្រាក់ចំណូល ជាកត្តាជំរុញឲ្យពួកគាត់ធ្វើចំណាកស្រុក ហើយរស់នៅបែកបាក់ពីគ្រួសារកាន់តែច្រើន៖ «អ៊ីចឹងទាល់តែអាជ្ញាធរ និងមន្ត្រីជំនាញ អនុវត្តច្បាប់ស្ដីពីជលផលឲ្យបានតឹងតែង ដោយមានសហការជាមួយប្រជាពលរដ្ឋនៅតំបន់ចុះបង្ក្រាប ទើបអាចទប់ស្កាត់ និងជួយឲ្យផលត្រីកើនឡើងបាន»។
បច្ចុប្បន្ន ពលរដ្ឋដែលគ្មានដីស្រែចម្ការ គឺរស់នៅតំបន់ព្រៃរនាមជាប់បឹងទន្លេសាប ហើយពឹងផ្អែកទាំងស្រុងទៅលើការប្រកបរបរនេសាទ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ នៅស្រុកឯកភ្នំ មានឃុំចំនួន២ គឺឃុំព្រៃចាស់ និងឃុំកោះជីវាំង និងមានប្រជាពលរដ្ឋ ៣.៨០៧គ្រួសារ៕