Saturday, November 19, 2016

ភ្លៀង​បន្ត​ធ្លាក់​ឡើង​វិញ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ពី​ថ្ងៃ​ទី​១៨-​២៣ ខែ​វិច្ឆិកា

ផ្ទៃ​មេឃ​ពណ៌​ខ្មៅ​ដែល​រក​កល​នឹង​ភ្លៀង កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។  RFA/San Sel

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូន​ដំណឹង​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ឡើង​វិញ​នៅ​ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។

សេចក្ដី​ជូន​ដំណឹង​ពី​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នេះ អោយ​ដឹង​ថា រាជធានី​ភ្នំពេញ ខេត្ត​នៅ​ទំនាប​កណ្ដាល​ចំនួន​៥ និង​ខេត្ត​ជាប់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ឡើង​វិញ។ ខេត្ត​ក្នុង​ទំនាប​កណ្ដាល​ទាំង​នោះ​រួម​មាន ខេត្ត ព្រៃវែង តាកែវ កណ្ដាល និង​កំពង់ស្ពឺ។

សេចក្ដី​ជូន​ដំណឹង​ដដែល​អោយ​ដឹង​ថា ភ្លៀង​ធ្លាក់​នេះ​បណ្ដាល​មក​ពី​ខ្យល់​មូសុង​ឦសាន​កំពុង​គ្រប​ដណ្ដប់​លើ​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល ស្រប​ពេល​ដែល​ឥទ្ធិពល​សម្ពាធ​ទាប​គ្រប​ដណ្ដប់​លើ​ប៉ែក​ខាង​ត្បូង​ប្រទេស៕

ក្រសួង​សុខាភិបាល​កែតម្រូវ​ព័ត៌មាន​រក​ឃើញ​ជំងឺ​ហ្ស៊ីកា​នៅ​កម្ពុជា

មន្ត្រី​ជំនាញ​សុខាភិបាល និង​អាជ្ញាធរ​ក្រុង​កំពង់​ឆ្នាំង ​ផ្សព្វផ្សាយ​អប់រំ​​ស្ដីពី​ជំងឺ​ហ្ស៊ីកា (Zika) ដល់​ពលរដ្ឋ​នៅ​សាលា​បុណ្យ​ភូមិ​ខ្សាម សង្កាត់​ខ្សាម ក្រុង​កំពង់​ឆ្នាំង ខេត្ដ​កំពង់​ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Chin Chetha

ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នេះ ប្រកាស​កែ​តម្រូវ​ភ្លាមៗ នូវ​​​ការ​ប្រកាស​របស់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ដែល​ថា បាន​​រក​​ឃើញ​​​ជំងឺ​​ហ្ស៊ីកា ក្នុង​​ខ្លួន​បុរសវ័យ ៤៤​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កំពង់ចាម នោះ​ថា ​មិន​ត្រឹមត្រូវ​នោះ​ទេ។

គេហទំព័រ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា យោង​តាម​​ការ​ពិសោធ​លើក​ទី​ពីរ តាម​របៀប Molecular Biology Test ចំនួន​ពីរ​ដង ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញ​ថា ​ពុំ​បាន​រក​ឃើញ​វីរុស​ហ្ស៊ីកា​​ទេ។

ការ​ប្រកាស​កែប្រែ​ព័ត៌មាន​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នៅ​ក្រោយ​ពេល​ដែល​ក្រសួង​នេះ​បាន​ផ្សព្វផ្សយ​ថា គេ​បាន​រក​ឃើញ​ជំងឺ​ហ៊្សីកា ដំបូង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៦ ដែល​កើត​ឡើង​លើ​បុរស​អាយុ ៤៤​ឆ្នាំ​ម្នាក់ នៅ​ភូមិ​តាមាង ឃុំ​កោះរកា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

ជំងឺ ហ្ស៊ីកា ជា​ប្រភេទ​ជំងឺ​ឆ្លង​ដែល​បង្ក​ដោយ​ពពួក​វីរុស​ហ្ស៊ីកា ហើយ​ភ្នាក់ងារ​ចម្លង​ជា​ប្រភេទ​សត្វ​មូស​ខ្លា​ដែល​ដូច​គ្នា​ទៅ​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ។ អ្នក​ជំងឺ​ប្រមាណ ៧០ ទៅ ៨០% ពុំ​មាន​ស្ដែង​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ តែ​រោគ​សញ្ញា​អាច​កើត​មាន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​សាច់​ដុំ និង​សន្លាក់​ដៃជើង ស្នាម​ក្រហម​អុច​លើ​ស្បែក ភ្នែក​ឡើង​ក្រហម​ជា​ដើម។

ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ជំងឺ​ហ៊្សីកា​នេះ ធ្វើ​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​ទារក​កើត​មក​មាន​សភាព​ក្បាល​មិន​ប្រក្រតី​ ដែល​ភាគ​ច្រើន​កើត​ឡើង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​កំឡុង​ពេល​ចាប់​ផ្ដើម​មាន​គភ៌​រហូត​ដល់​​គភ៌​មាន​អាយុ ៦​ខែ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា នៅ​​កម្ពុជា មន្រ្តី​ជំនាញ​បាន​រក​ឃើញ​អ្នក​ឆ្លង​​វីរុស​​ហ្ស៊ីកា​នេះ​ចំនួន ៧​ករណី​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៧។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អំពាវនាវ​ឱ្យ​ពលរដ្ឋ​អនុវត្ត​​របៀប​ការពារ​ខ្លួន​​ពី​ជំងឺ​ហ្ស៊ីកា ដែល​ស្រដៀង​នឹង​​ការ​ការពារ​​ពី​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ឈឺ​ក​ដែរ។

រាល់​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ជំងឺ​ហ្ស៊ីកា​នេះ នឹង​ប្រកាស​ឱ្យ​សាធារណជន​ដឹង តាម​រយៈ​គេហទំព័រ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល តាម​អាសយដ្ឋាន www.cdcmoh.gov.kh៕

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​សុំ​ថវិកា​សម្រាប់​គម្រោង​អភិរក្ស​វប្បធម៌

គេហទំព័រ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា។  RFA Screenshot


ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ថវិកា​ផ្ដល់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​រក​ប្រាក់​ចំណេញ​ពី​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ និង​ខ្នាត​តូច​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) សម្រាប់​ឆ្នាំ​២០១៧។ ការ​ទទួល​ពាក្យ​ស្នើ​សុំ​នេះ នឹង​ឈប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​ការ​ស្នើ​ពាក្យ​សុំ​មាន​ក្នុង​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក​តាម​អាសយដ្ឋាន៖ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/

មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ ដោយ​សភា​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណង​ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ដែល​ប្រឈម​នឹង​ការ​បាត់បង់​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។

តាំង​ពី​ឆ្នាំ​២០០១ មក ប្រទេស​កម្ពុជា បាន​ទទួល​អំណោយ​ថវិកា​ចំនួន ១៨​គម្រោង​ពី​មូលនិធិ AFCP មាន​តម្លៃ​ប្រមាណ​ជិត ៣​លាន (២,៩) ដុល្លារ​អាមេរិក។ គម្រោង​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៦ ពី​មូលនិធិ AFCP ដល់​ប្រទេស​កម្ពុជា គឺ​សម្រាប់​ចងក្រង​ឯកសារ​ស្ដីពី​ទីតាំង​មុន​សម័យ​អង្គរ​នៅ​សតវត្ស​ទី​៦ និង​ទី​៧ នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ៕

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ត្រៀម​រុះរើ​លំនៅឋាន​ពលរដ្ឋ​រស់​នៅ​តំបន់​ហាមឃាត់​ក្បាលឆាយ

ប្រជាពលរដ្ឋ​ដែល​សង់​ផ្ទះ និង​មាន​ចំណែក​ដី​នៅ​តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦ ក្នុង​បរិវេណ​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ ស្នើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​បាន​រស់​នៅ​លើ​ដី​សង់​ផ្ទះ​ជាក់ស្ដែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រៀម​កម្លាំង​ចុះ​រុះរើ​ផ្ទះ ឬ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​សង់ផ្ទះ​រស់​នៅ​លើ​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ។ ប៉ុន្តែ​ពលរដ្ឋ​បន្ត​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​រក្សា​លំនៅឋាន​នៅ​លើ​ទីតាំង​ដើម មិន​ផ្លាស់ប្ដូរ​ទៅ​កាន់​ទីតាំង​ផ្សេង​នោះ​ទេ។

​អភិបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​សង់​ផ្ទះ​ពិត​ប្រាកដ ហើយ​បាន​ចូល​ទៅ​រាន​កាប់​ព្រៃ​ខុស​ច្បាប់​រស់​នៅ​តំបន់​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាមឃាត់ រដ្ឋបាល​ខេត្ត​នេះ​នឹង​ផ្ដល់​ដី​សង់​លំនៅឋាន​ទៅ​កាន់​ទីតាំង​ផ្សេង​ជំនួស​ទីតាំង​ចាស់។

ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែ​វិច្ឆិកា បាន​ចុះទៅ​ផ្សព្វផ្សាយ​អំពី​គម្រោង​កំណត់​ព្រំ​ដី​នៅ​តំបន់​ក្បាលឆាយ ជូន​ប្រជាពលរដ្ឋ​មាន​ទីតាំង​នៅ​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ជាប់​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​តំបន់​ក្បាលឆាយ ដើម្បី​រក្សាទុក​សម្រាប់​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ កុំ​ឲ្យ​បាត់បង់។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ដឹក​នាំ​ពិធី​ជួបជុំ​ប្រជាពលរដ្ឋ និង​សំណូមពរ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​នេះ ដោយ​ត្រូវ​រុះរើ​ផ្ទះ ឬ​លំនៅឋាន​ចេញ​ពី​ទីតាំង​ដី​រដ្ឋ​បាន​ហាមឃាត់​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ទុក​ប្រើប្រាស់​រយៈពេល​យូរ​អង្វែង នៅ​ខេត្ត​ព្រះសីហនុ​ កុំ​ឲ្យ​បាត់បង់។

លោក យន្ត មីន មិន​ទាន់​បញ្ជាក់​ច្បាស់​អំពី​ចំណែក​ដី​ដែល​ត្រូវ​ផ្ដល់​ជូន​ពលរដ្ឋ​ដែល​យល់​ព្រម​រុះរើ​លំនៅឋាន​ទៅ​កាន់​ទីតាំង​ផ្សេង​មាន​ទំហំ​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា រដ្ឋបាល​ខេត្ត​នឹង​កំណត់​ឲ្យ​បាន​ច្បាស់​ពេល​មាន​ទិន្នន័យ​ប្រជាពលរដ្ឋ​ច្បាស់លាស់។

​លោក​បញ្ជាក់​ថា ទីតាំង​ថ្មី​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​ចែក​ជូន​ពលរដ្ឋ គឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​សង់​លំនៅឋាន​ចាស់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក យន្ត មីន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​អនុក្រឹត្យ​ថ្មី​លេខ​១១៦ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បើក​ច្រក​ឲ្យ​រដ្ឋបាល​ខេត្ត​អាច​ឈាន​ដល់​បែងចែក​ចំណែក​ដី​ចេញ​ពី​ដី​អនុក្រឹត្យ​លេខ​៧៦ តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ កាត់​ដី​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​ស្របច្បាប់​នៅ​ពេល​នេះ៖ «ការ​ពុះ​ឆ្វៀល ការ​កាត់​កង ការ​ចែក​ក្រុម យើង​នឹង​បន្ត​ធ្វើ​ដោយ​មិន​អាច​ថយ​ក្រោយ​បាន​ទេ។ តំបន់​នេះ​គឺ​ជា​តំបន់​អាយុ​ជីវិត​របស់​ប្រជាជន​ស្ទើរ​តែ​ទាំង​មូល ពីព្រោះ​យើង​ដឹង​ហើយ គឺ​ការ​ប្រើប្រាស់​ទឹក ហើយ​អនាគត​គឺ​ត្រូវ​ការ​កាន់​តែ​ខ្លាំង អ៊ីចឹង​យើង​ទាំង​អស់​គ្នា​ដាច់​ខាត​ត្រូវ​ការពារ​តំបន់​នេះ​ឲ្យ​បាន»។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​មាន​គ្នា​ជាង ៣០០​គ្រួសារ ដែល​មាន​ផ្ទះ និង​មាន​ចំណែក​ដី​នៅ​លើ​ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​តម្រូវ​ឲ្យ​រុះរើ​សំណូម​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​អ្នកស្រ ប៊ុន រ៉ានី ស្នើ​សុំ​អភិវឌ្ឍ និង​សង់​ផ្ទះ​រស់​នៅ​លើ​ដី​ទីតាំង​ចាស់​កំពុង​រស់​នៅ​ដោយ​ស្របច្បាប់។

លើក​ដៃ​សំពះ និង​លើក​បដា​មាន​សរសេរ​ឈ្មោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​នោះ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​នៅ​លើ​ទីតាំង​ផ្ទះ និង​ដី​កំពុង​រស់​នៅ​ជាប់​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ក្បាលឆាយ ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​មាន​អំណាច​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន មាន​បំណង​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទីតាំង​ដី​ធ្លាប់​រស់​នៅ​នេះ ដើម្បី​យក​ដី​ចែក​គ្នា​ជាមួយ​មន្ត្រី​មាន​អំណាច និង​លក់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ជាដើម។

ពលរដ្ឋ​ចោទ​ថា សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ស្រដៀង​គ្នា​នេះ គឺ​ធ្លាប់​កើត​មាន​ជា​បន្តបន្ទាប់​នៅ​មូលដ្ឋាន​​នេះ​កន្លង​មក៖ «សូម​សម្ដេច ហ៊ុន សែន និង​សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន សូម​ជួយ​កូន​ចៅៗ ស្នើ​សុំ​មិន​រុះរើ​ផ្ទះ​ទៅ​កាន់​ទីតាំង​ផ្សេង​នោះ​ទេ គឺ​សុំ​រស់​នៅ​លើ​ទីតាំង​ចាស់​ដដែល ព្រោះ​កូន​ចៅ​គ្មាន​ដី​សង់​ផ្ទះ​នោះ​ទេ»។

ទោះ​ជា​បែប​នេះ​ក្តី លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​សង្កត់​ធ្ងន់​ថា សកម្មភាព​ការងារ​ចុះ​អនុវត្ត​អនុក្រឹត្យ​លេខ ១១៦​ថ្មី របស់​រាជរដ្ឋាភិបាល និង​ការ​កំណត់​ព្រំ​ដី​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ ដាច់​ខាត​រដ្ឋបាល​ខេត្ត​នេះ​នឹង​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​នេះ ហើយ​ព្រម​ទទួល​យក​ចំណែក​ដី​ដែល​អាជ្ញាធរ​ផ្ដល់​ជូន​នៅ​ទីតាំង​ផ្សេង​ជំនួស​ទីតាំង​ចាស់ ព្រោះ​ទី​ទាំង​ចាស់​រដ្ឋបាល​ខេត្ត​នេះ​ត្រូវ​ដក​ហូត និង​ដាំ​ដើមឈើ​ឡើង​វិញ​នៅ​ថ្ងៃ​ខាង​មុខ បើ​ពុំ​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​មាន​វិធានការ​ក្តី​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ដែល​មិន​សហការ​ជាមួយ​អាជ្ញាធរ៖ ៖ «ខ្លះ​ជា​ខ្ទម ខ្លះ​ជា​ផ្ទះ។ អ៊ីចឹង​ទាំង ១៧៤ ហ្នឹង គឺ​ត្រូវ​បាន​យើង​គិតគូរ​រំកិល​ចូល​ក្នុង បើ​ទោះ​បី​ជា​អ្នក​នោះ​ជា​អ្នក​ផ្សេង​ក៏ដោយ បើ​មាន​ផ្ទះ​យើង​សម្បទាន​ឲ្យ។ ការ​ធ្វើ​សម្បទាន​នេះ ពេល​ខ្លះ​មិន​ស្មើ​ភាព​គ្នា​ទេ ពេល​ខ្លះ​អាច​ចំ​លើ​អ្នក​អត់ ពេល​ខ្លះ​ចំ​លើ​អ្នក​ធូរធារ​អី​តិចតួច ធ្វើ​ម៉េច​យើង​មនុស្ស​ច្រើន​គឺ​អ៊ីចឹង​ហើយ»។

យ៉ាង​ណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ និង​អ្នក​មាន​ចំណែក​ដី​នៅ​ម្ដុំ​បរិវេណ​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​រក្សា​សម្រាប់​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ ស្នើ​ឲ្យ​ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចុះ​អនុវត្ត​អនុក្រឹត្យ​ថ្មី​លេខ​៧៨ និង​លេខ​១១៦ ដើម្បី​ឈាន​ដល់​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់​នៅ​ស្រប​ច្បាប់​នោះ ស្នើ​អោយ​មាន​តម្លាភាព និង​យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា។

អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ  ក៏​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​បន្ត​ការងារ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ដោយ​សន្តិវិធី ហើយ​ធ្វើការ​បែង​ចែក​ដី​ជូន​ពលរដ្ឋ​ដែល​មិន​មាន​ដី​សង់​លំនៅឋាន ដែល​កន្លង​មក​បាន​ព្យាយាម​ចូល​ទៅ​កាប់​រាន​ដី និង​សង់​ផ្ទះ​នៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ឲ្យ​មាន​ដី​សម្រាប់​សង់ផ្ទះ និង​មាន​ដី​កសិកម្ម​សម្រាប់​បង្កបង្កើន​ផល​ឲ្យ​បាន​ទាំង​អស់​គ្នា។

អ្នកស្រី ជៀប សុធារី៖ «មូលហេតុ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​ទៅ​កាប់​រាន​ដី​ទាំង​អស់​ហ្នឹង គឺ​ដោយសារ​មាន​ការ​ឃុបឃិត​ពី​មនុស្ស​មួយ​ចំនួន​ដែរ ដែល​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​រស់​នៅ ហើយ​ពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​មិន​បាន​កាប់​រាន​ខ្លួន​ឯង​ទេ គឺ​បាន​ទិញ​តៗ​គ្នា​មក។ រឿង​នេះ​អាជ្ញាធរ​គ្រប់​ជំនាន់​តែងតែ​ការពារ​ដី​ប្រភព​ទឹក​ស្អាត​ហ្នឹង និង​រក​វិធី​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ដើម្បី​ថែរក្សា​តំបន់​នេះ»។

ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​អនុវត្ត​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​លេខ​៧៨ និង​លេខ​១១៦ ឲ្យ​ដាច់​ចេញ​ពី​ដី​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ ដឹកនាំ​ដោយ​លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ ហើយ​បាន​អះអាង​ថា ក្រុម​ការងារ​បាន​អនុវត្ត​ត្រឹមត្រូវ និង​មាន​បច្ចេកទេស​ច្បាស់លាស់។

​លោក​បញ្ជាក់​ថា សកម្មភាព​ប្រើ​គ្រឿងចក្រ​ជី​ប្រឡាយ ហើយ​បាន​កាប់​ដើម​ឈើ​មួយ​ចំនួន​ចេញ​ពី​តំបន់​អនុក្រឹត្យ​លេខ​៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នេះ គឺ​ដើម្បី​ជីក​ប្រឡាយ​សម្រាប់​កំណត់​ព្រំ​ដី ឬ​ញែក​ព្រំ​ដី​ដែល​ពលរដ្ឋ​ធ្លាប់​កាន់កាប់​ឈាន​ដល់​បែងចែក​ជូន​ពលរដ្ឋ និង​កំណត់​ព្រំ​ដី​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​នៅ​ថ្ងៃ​អនាគត៕

អតីត​អ្នក​បុរីកីឡា​បាត់​បង​លំនៅ​ជា​ថ្មី​បន្ទាប់​ពី​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​បុរីកីឡា

ស្ថានភាព​រស់នៅ​របស់​អតីត​អ្នក​បុរីកីឡា នា​ភ្នំបាត ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៣។ Photo: RFA

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បណ្ដេញ​ចេញ​ឱ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំ​បាត ចំនួន ៧​គ្រួសារ ក្នុង​ចំណោម ១៤០​គ្រួសារ ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ទីលំនៅ​ជា​ថ្មី ដោយសារ​ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​របស់​ពួកគេ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

​ពលរដ្ឋ​សហគមន៍​ភ្នំបាត អំពាវនាវ​ឱ្យ​កាកបាទ​ក្រហម សប្បុរសជន ជាពិសេស​រាជរដ្ឋាភិបាល​ចុះ​ជួយ និង​ផ្ដល់​ជម្រក​ថ្មី​ដល់​ពួកគេ។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​អតីត​អ្នក​បុរីកីឡា បាន​បាត់បង់​ផ្ទះសម្បែង​របស់​ខ្លួន​បន្ទាប់​ពី​ផ្ទះ​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ ព្រមទាំង​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) វាយ​កម្ទេច កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២។

​ក្នុង​ហេតុការណ៍​ភ្លើង​ឆាបឆេះ​កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បាន​ធ្វើ​អោយ​ផ្ទះ​ប្រជាពលរដ្ឋ ៧​ខ្នង ត្រូវ​បាន​ខូចខាត​ទាំង​ស្រុង។ គ្រួសារ​រងគ្រោះ​ទាំង ៧​គ្រួសារ​នោះ​រួម​មាន​គ្រួសារ​លោកស្រី ចាន់ ស្រ៊ី លោកស្រី សាន់ ណារ៉ា លោកស្រី ខាន់ ស្រីពៅ លោកស្រី រស់ សុខគា លោកស្រី គុជ ស្រីស លោក ឌី វណ្ណា និង​លោក ឡាយ សំអុល។

តំណាង​ពលរដ្ឋ​សហគមន៍​ភ្នំ​បាត អ្នកស្រី ខៀវ ឡៃ ឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​រងគ្រោះ​ទាំង ៧​គ្រួសារ​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះ​ទីជម្រក ចាន​ឆ្នាំង សម្លៀក​បំពាក់ និង​សម្ភារៈ​សម្រាប់​ប្រកប​របរ​រក​ស៊ី​ជាដើម។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា គ្រួសារ​ទាំង​នោះ​ភាគច្រើន​គឺ​ជា​ស្ត្រី​មេម៉ាយ៖ «សំខាន់​គឺ​គាត់​ត្រូវ​ការ​ជម្រក​របស់​គាត់ ស្បៀង​អាហារ ដើម​ទុន​រក​ស៊ី ព្រោះ​គាត់​បាត់​មុខ​របរ​អស់​ហើយ ហើយ​អ្នក​ដែល​លំបាក​បំផុត គឺ​គ្រួសារ​មួយ​ទៀត​ដែល​គ្រួសារ​របស់​គាត់​ទើប​ស្លាប់​បាន​ពីរ​ខែ»។

​តំណាង​សហគមន៍​ភ្នំបាត អ្នកស្រី ខៀវ ឡៃ ឱ្យ​ដឹង​ទៀត​ថា មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​ដំណឹង​ថា មាន​ការ​ដោះស្រាយ​លើ​បញ្ហា​របស់​ពួកគាត់ ជាពិសេស​គឺ​ផ្ទះសម្បែង​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

​លោក​មេ​ភូមិ​ស្រះពោធិ៍ លោក វង ឆន ឱ្យ​ដឹង​ថា ភ្លើង​ឆាប​ឆេះ​នេះ គឺ​បណ្ដាល​មក​ពី​ភ្លើង​ចង្កៀង​ដែល​ក្មេង​បាន​ដុត​ដើម្បី​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ឪពុក​ដែល​ទើប​នឹង​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

បន្ទាប់​ពី​អគ្គីភ័យ​ឆាបឆេះ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ក៏​មាន​សប្បុរសជន​ជា​ព្រះសង្ឃ ព្រមទាំង​គណៈ​ពង្រឹង​ឃុំ​ផ្សារដែក បាន​យក​អំណោយ និង​ថវិកា​ខ្លះ​ទៅ​ជួយ​ពលរដ្ឋ​រងគ្រោះ ៧​គ្រួសារ​សម្រាប់​ដោះ​ទាល់​ផង​ដែរ។ ​ក្រៅ​ពី​នេះ ក្រុមហ៊ុន​ផានអ៊ីម៉ិច ក៏​បាន​ផ្ដល់​សម្ភារៈ​សម្រាប់​សង់​ទីជម្រក​បណ្ដោះអាសន្ន និង​អង្ករ​ខ្លះ​ដល់​គ្រួសារ​ដែល​កំពុង​រង​គ្រោះ​ផង​ដែរ។

​ទាក់ទង​នឹង​បញ្ហា​នេះ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ថ្លែង​ថា នេះ​ជា​រឿង​គួរ​អោយ​សោកស្ដាយ​បំផុត​ដែល​ពលរដ្ឋ​ដែល​រង​ទុក្ខ​ជាង ៤​ឆ្នាំ​កន្លង​ទៅ​ហើយ​ត្រូវ​មក​រង​ទុក្ខ​ជា​ថ្មី​ម្ដង​ទៀត​ដោយសារ​ការ​បាត់បង់​ផ្ទះសម្បែង។ លោក​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​លំនៅឋាន​ជាតិ​របស់​ក្រសួង​ដែនដី និង​កាកបាទ​ក្រហម​កម្ពុជា ធ្វើ​យ៉ាង​ណា​ជួយ​ដោះស្រាយ​បញ្ហា​លំនៅឋាន និង​ជីវភាព​របស់​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ៖ «គួរ​តែ​ជួយ​សង់​ផ្ទះ​ឱ្យ​ពួកគាត់​ហើយ ព្រោះ​រដ្ឋាភិបាល​មាន​តួនាទី កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ហើយ​ម្យ៉ាង​ទៀត ពលរដ្ឋ​រង​គ្រោះ​ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល»។

លោក សៀ ភារម្យ អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​គួរ​ជជែក​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដើម្បី​រក​ដំណោះស្រាយ​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ខ្វះ​ផ្ទះសម្បែង។

អតីត​អ្នក​បុរីកីឡា ១៤០​គ្រួសារ ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត ត្រង់​ចំណុច​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដើម្បី​យក​ដី​អោយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច បន្ទាប់​ពី​ផ្ទះ​ពួកគាត់​ត្រូវ​ឈូស​ឆាយ​បំផ្លាញ។ ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ផ្ដល់​ដី និង​ផ្ទះ​ដល់ ១១០​គ្រួសារ​ចំណែក​គ្រួសារ​ដែល​រងគ្រោះ គឺ​ស្ថិត​ក្នុង​ចំណោម ៣០​គ្រួសារ​ផ្សេង​ទៀត​ដែល​ទទួល​បាន​ដី និង​ផ្ទះ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល៕

ក្រសួង​កសិកម្ម​ចាត់​វិធានការ​ទប់ស្កាត់​ឈ្មួញ​បន្ទាប​តម្លៃ​កសិផល​

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​ព្រៃមូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ច្រូត​ស្រូវ​សម្រាប់​ដាល់​អំបុក​លក់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chin Chetha


ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្នើ​ទៅ​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត អោយ​តាមដាន និង​ចេញ​វិធានការ​ទប់ស្កាត់​ការ​ប្រមូល​ទិញ​កសិផល​ដោយ​បន្ទាប​តម្លៃ​ពី​សំណាក់​ឈ្មួញ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នឹង​ផលិតផល​កសិកម្ម។ ក្រសួង​កសិកម្ម អះអាង​ថា វិធានការ​នេះ​ដើម្បី​ជួយ​រក្សា​ស្ថិរភាព​ថ្លៃ​កសិផល​ដល់​កសិករ ខណៈ​ដល់​រដូវ​ប្រមូល​ផល។

សេចក្ដី​ជូន​ដំណឹង​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​ទៀត​ថា ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​កសិផល ពិសេស​ថ្លៃ​ស្រូវ​ដែល​កើត​ឡើង​ក្រោយ​ពេល​ប្រមូល​ផល​ដោយសារ​ឈ្មួញ​ប្រមូល​ទិញ​បាន​បន្ទាប​តម្លៃ ធ្វើ​ឲ្យ​មាន​ការ​ត្អូញត្អែរ​ពី​ប្រជា​កសិករ​នោះ ហេតុ​នេះ​ក្រសួង​កសិកម្ម ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ទាំង​អស់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចាត់​វិធាន​ដូចជា៖

-ទប់ស្កាត់​នៅ​ការ​ប្រមូល​ទិញ​ផ្ដាច់មុខ​ពី​សំណាក់​ឈ្មួញ​នៅ​តាម​តំបន់​ដើម្បី​ធ្វើ​ការ​ចរាចរណ៍​ថ្លៃ​ឲ្យ​បាន​សម​ស្រប​តាម​ស្ថានភាព​ថ្លៃ​ជាក់ស្តែង និង​លើក​វិធានការ​ជូន​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​ចូលរួម​ដោះស្រាយ។

-ពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម មូលដ្ឋាន​លើ​ការ​ប្រមូល​ទិញ​កសិផល ពិសេស​ស្រូវ​ដើម្បី​ចរចា​ថ្លៃ​ជាមួយ​ឯកជន។

-ធ្វើ​ការ​ចរចា​ជាមួយ​សមាគម​ម៉ាស៊ីន​កិន​ស្រូវ​ប្រចាំ​ខេត្ត ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ឲ្យ​អស់​លទ្ធភាព​ក្នុង​តម្លៃ​សមស្រប។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ លោក វេង សាខុន រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម ជំរុញ​អោយ​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត​ទាំង​អស់ អនុវត្ត និង​សហការ​គ្នា​តាម​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព។

កសិករ និង​សង្គម​ស៊ីវិល បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​វិបត្តិ​ទីផ្សារ និង​តម្លៃ​ស្រូវ​អាច​នឹង​កើត​មាន​ឡើង​ជា​ថ្មី​ទៀត ហើយ​អាច​ធ្ងន់ធ្ងរ​ជាង​ពេល​មុន​ទៀត ដោយសារ​នៅ​ប្រទេស​កម្ពុជា ដល់​រដូវ​ច្រូត​កាត់​ធំ ចាប់​ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មករា ឆ្នាំ​២០១៧ ខណៈ​ម៉ាស៊ីន​កិន​ស្រូវ​ជា​ច្រើន​កំពុង​ជួប​បញ្ហា​ក្នុង​ការ​លក់​ស្រូវ អង្ករ ដែល​មាន​ស្រាប់។ សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ត្រៀម​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់៕

សហគមន៍​អភិរក្ស​ព្រៃឈើ​ព្រមាន​លុប​ចោល​សហគមន៍​ការពារ​ព្រៃឈើ

ផ្ទះ​របស់​ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal


ព្រៃឈើ​ក្នុង​តំបន់​ការពារ​សហគមន៍​ភូមិ​ឡែ កំពុង​រង​ការ​កាប់​រាន​យក​ដី និង​កាប់​យក​ឈើ​មាន​តម្លៃ​អស់​ស្ទើរ​គ្មាន​សល់​ពី​សំណាក់​សមាជិក​សហគមន៍​ផ្ទាល់​ និង​សហគមន៍​ជិត​ខាង​តំបន់​ព្រៃ​ការពារ​នេះ។

គណៈកម្មការ​អភិរក្ស​ព្រៃ​ការពារ​សម្ដែង​ទុទិដ្ឋិនិយម ខណៈ​ក្រុម​ល្បាត​សហគមន៍​មិន​មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​បាន។ លើស​ពី​នេះ គណៈកម្មការ​សហគមន៍​ចោទ​ទៅ​លើ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ថា មិន​បាន​យក​ចិត្ត​ដាក់​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់​នៅ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​អភិរក្ស​ធនធាន​ធម្មជាតិ សម្ដែង​ការ​សោកស្ដាយ ខណៈ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​របស់​សហគមន៍​កាន់​តែ​វិនាស​បាត់បង់​ឈើ​មាន​តម្លៃ និង​ដី​កាន់​តែ​រួម​តូច​ដោយសារ​ការ​ទន្ទ្រាន​ព្រៃ​យក​ដី និង​កាប់​​យក​ឈើ​មាន​តម្លៃ​រាល់ថ្ងៃ​មិន​អាច​បញ្ឈប់​បាន។

​ចាប់ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក​គណៈកម្មការ​ព្រៃ​ការពារ​សហគមន៍​រាយការណ៍​ថា ដី​ព្រៃ​ជាង ១០​ហិកតារ ត្រូវ​បាន​សមាជិក​សហគមន៍​ភូមិ​សោមគល់ ចូល​កាប់​រាន​យក​ដី​ធ្វើ​ចម្ការ និង​តាំង​លំនៅឋាន ហើយ​ជា​បន្តបន្ទាប់​សមាជិក​សហគមន៍​នេះ​លួច​ចូល​ព្រៃ​កាប់​យក​ឈើ​មាន​តម្លៃ​លក់​ទៅ​ឲ្យ​ឈ្មួញ បើ​ទោះ​បី​ក្រុម​ល្បាត​ខិតខំ​ការពារ និង​រារាំង​យ៉ាង​ណា​ក្តី។

ចាស់​ទុំ​ប្រចាំ​ភូមិ លោក សេវ ហ្លិត អាយុ​ជាង ៤៨​ឆ្នាំ កំពុង​អង្គុយ​បិត​ឫស្សី​ត្បាញ​កាផា បង្ហាញ​ការ​បារម្ភ​ដោយសារ​ព្រៃ​ឈើ​នៅ​តំបន់​សហគមន៍​អភិរក្ស​រង​ការ​បំផ្លាញ​ធ្វើ​ឲ្យ​ប៉ះពាល់​អនុផល​ព្រៃឈើ​ក្នុង​ព្រៃ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល និង​យក​ទៅ​ផលិត​ជា​សម្ភារៈ​ប្រពៃណី​ប្រើប្រាស់​ក្នុង​គ្រួសារ និង​លក់​ទៅ​ទីផ្សារ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ។

​លោក​កត់សំគាល់​ថា ច្រើន​ជំនាន់​មក​ហើយ​ព្រៃឈើ​បាន​ផ្តល់​សារប្រយោជន៍​ដល់​ជនជាតិ​ដើម​ភាគតិច ខណៈ​ដែល​អ្នក​ភូមិ​ចាត់​ទុក​ព្រៃឈើ​ថា ជា​អាយុ​ជីវិត​អ្នក​ភូមិ​ដែល​រស់​មិន​អាច​ខ្វះ​ព្រៃឈើ​បាន។

ទីស្នាក់ការ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ​នៅ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal

កាល​ពី​ឆ្នាំ​២០១២ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បាន​ឈូស​ឆាយ​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ អស់​ជាង ៣០​ហិកតារ ក្រោម​ហេតុផល​ថា តំបន់​ព្រៃ​នោះ​ឋិត​ក្នុង​ផែនទីដី​សម្បទាន​របស់​ខ្លួន។ ក្រសួង​កសិកម្ម​បាន​កាត់​គម្រប​ព្រៃឈើ​នៅ​តំបន់​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ឡែ ជាង ៥០០​ហិកតារ ទុក​ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​ដើម្បី​អ្នក​ភូមិ​អភិរក្ស ថែរក្សា និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​២០១១។

​ប្រធាន​សហគមន៍​ភូមិ​ឡែ លោក សល់ ណក់ កត់សម្គាល់​ដែរ​ថា ព្រៃ​ការពារ​កាន់​តែ​បាត់បង់​មួយ​ថ្ងៃ​បន្តិច បន្ទាប់ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដូច​គ្នា​ទន្ទ្រាន​កាប់​រាន​ព្រៃ​យក​ដី និង​កាប់​ឈើ​លក់​រៀងរាល់​ថ្ងៃ បើ​ទោះ​បី​សហគមន៍​បាន​ប្រជុំ​ណែនាំ និង​ដាក់​វិធានការ​ល្បាត​ការពារ​ក្ដី។

លោក​ថា ក្រុម​សមត្ថកិច្ច​នៅ​មូលដ្ឋាន ជា​ពិសេស​ក្រុម​នគរបាល និង​មន្ត្រី​ព្រៃឈើ​មិន​បាន​សហការ​ល្អ​ជាមួយ​សហគមន៍​ការពារ​ព្រៃ​នោះ​ទេ៖ «ពួក​ឈ្មួញ​ហ្នឹង​ដើរ​ទិញ។ យើង​ក៏​បារម្ភ​ដែរ ព្រោះ​គេ​កាប់​អនាធិបតេយ្យ​អ៊ីចឹង»។

​សហគមន៍​ភូមិ​ឡែ មាន​សមាជិក​ជាង ១៤០​គ្រួសារ បាន​បង្កើត​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង និង​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ តាំង​ពី​ឆ្នាំ​២០១៤។

មេ​ឃុំ​លំជ័រ លោក សេវ ស្វាន ទទួល​ស្គាល់​ថា សមាជិក​សហគមន៍​ភូមិ​ឡែ ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​បាន​ប្រើប្រាស់​ឈើ​ក្នុង​ព្រៃ​ការពារ​ដើម្បី​សង់​លំនៅឋាន​បាន​ល្អ​ប្រសើរ។ ទន្ទឹម​នេះ​ដែរ ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ការពារ​ក៏​រង​ការ​កាប់​ធ្វើ​អាជីវកម្ម​ពី​សមាជិក​សហគមន៍​ខ្លះ​ដែល​មិន​​គោរព​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​សហគមន៍។ លើស​ពី​នេះ​ទៀត ការ​មិន​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ជំនាញ និង​កងកម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ជា​កត្តា​នាំ​ឲ្យ​បទល្មើស​ព្រៃឈើ​តំបន់​ការពារ​រង​ការ​បំផ្លាញ​អស់​ស្ទើរ​គ្មាន​សល់៖ «អ្នក​ទិញ​រាល់​ថ្ងៃ​មាន​អ្នក​ណា​មាន​ប៉ូលិស មាន​ប៉េអឹម ពួក​ហ្នឹង​ណា​បង​ឯង​គិត​កន្លែង​ហ្នឹង»។

​គណៈកម្មការ​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ បាន​រក​ឃើញ​សមាជិក​សហគមន៍​ជាង ២០​នាក់​ មាន​ជាប់​​ពាក់ព័ន្ធ​កាប់​យក​ឈើ​ក្នុង​ព្រៃ​លក់​ទៅ​ឲ្យ​ឈ្មួញ និង​បាន​បញ្ជូន​របាយការណ៍​នេះ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ។

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​បាន​ចូលរួម​សហការ​បង្ក្រាប និង​ចាប់​ឃាត់​វត្ថុតាង​បទល្មើស​ក្នុង​ព្រៃ​សហគមន៍ ក៏ប៉ុន្តែ​អាជ្ញាធរ​អនុវត្ត​គោលការណ៍​អប់រំ​សមាជិក​សហគមន៍​ជា​ដំបូង​មុន​នឹង​អនុវត្ត​វិធានការ​ច្បាប់។

លោក​ថា គណៈកម្មការ​សហគមន៍​ចាស់​ទុំ និង​អាជ្ញាធរ​ភូមិ​ឃុំ​ត្រូវ​ធ្វើ​របាយការណ៍​ជាក់លាក់​មក​អាជ្ញាធរ​ស្រុក​ដើម្បី​ចាត់វិធានការ​ទៅលើ​សមាជិក​សហគមន៍​ណា​ដែល​មិន​ព្រម​បញ្ឈប់​កាប់​រាន​ព្រៃ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម៖ «សមត្ថកិច្ច​ចុះ​សម្របសម្រួល​ហើយ​ប្រហែលជា​បី​លើក​ហើយ តែ​ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​​ស្រុក​នេះ​យើង​បាន​ណែនាំ​ទៅ​ខាង​ឃុំ និង​សហគមន៍​ដើម្បី​ឲ្យ​ឃុំ​បើ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ឃុំ ឲ្យ​មាន​​កំណត់ហេតុ​ឲ្យ​មាន​ការ​ចូលរួម​ពី​ចាស់ទុំ និង​អ្នក​ប្រព្រឹត្ត ព្រោះ​សុទ្ធ​ជា​កូន​ចៅ​គាត់​ក្នុង​ភូមិ​ហ្នឹង»។

គំនរ​ឈើ​នៅ​មុខ​​ផ្ទះ​ក្នុង​​សហគមន៍​ភូមិ​ឡែ ​ស្រុក​អូរយ៉ាដាវ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal

នៅ​តាម​លំនៅឋាន​សហគមន៍​ភូមិ​ឡែ ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​ឃើញ​មាន​គំនរ​ឈើ​ក្រោម​ផ្ទះ ឬ​មុខ​ផ្ទះ ជា​សញ្ញា​បង្ហាញ​ថា ឈើ​នោះ​ត្រូវ​បាន​កាប់​ពី​ព្រៃ​ការពារ។ ដោយ​ឡែក​គំនរ​ឈើ​ថ្មី​ច្រើន​កន្លែង​ក៏​ត្រូវ​បាន​ឈ្មួញ​ទិញ​ឈើ​លាក់​ទុក​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​ផ្ទះ ឬ​​ដាក់​មុខ​ផ្ទះ​អ្នក​ភូមិ​ដើម្បី​ត្រៀម​ដឹក​ជញ្ជូន​ចេញ​នៅ​វេលា​យប់។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត រតនគិរី លោក ឆាយ ធី ថ្លែង​ដែរ​ថា ច្បាប់​​ប្រពៃណី​របស់​សហគមន៍​មិន​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ​បាន​ទេ។ លោក​ថា គណៈកម្មការ​សហគមន៍​ត្រូវ​អនុវត្ត​ច្បាប់​ព្រៃឈើ រួម​មាន​ដាក់ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​ជំនាញ​​ព្រៃឈើ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ខេត្ត ឬ​ប្ដឹង​ទៅ​អយ្យការ​ដើម្បី​ចាត់​វិធានការ​ទៅ​លើ​ជន​ពាក់ព័ន្ធ​កាប់​​រាន​ព្រៃ​ការពារ៖ «ចាត់​វិធានការ​ហ្នឹង​បាន​មាន​ប្រសិទ្ធភាព ព្រោះ​យើង​ឃើញ​ហើយ​ប្រជាពលរដ្ឋ​សហគមន៍​ឥឡូវ​នេះ​មួយ​ចំនួន​ដែល​គាត់​ឃើញ​ថា កាប់​ព្រៃឈើ​លក់​ឲ្យ​ឈ្មួញ​ហើយ​បាន​លុយ​ចំណែក​សហគមន៍​អ្នក​ការពារ​ព្រៃ​ឈើ​ហាមឃាត់​គាត់​មិន​ឈ្នះ​ទេ​នៅ​ក្នុង​ភូមិ​ខ្លួន​ឯង​ក្ដី​នៅ​សហគមន៍​ក្បែរ​ខាង​ក្ដី»។

​ទាក់ទិន​ករណី​នេះ​ដែរ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ដាក់​​វិធានការ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សព្វផ្សាយ និង​អប់រំ​សហគមន៍​ដែល​ប្រព្រឹត្ត​ល្មើស​ជា​ចុង​ក្រោយ ប្រសិន​ពួកគេ​នៅ​តែ​ប្រព្រឹត្ត​ខុស​នឹង​ត្រូវ​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់៖ «នៅ​ក្នុង​ភូមិ​ហ្នឹង​ប្រជាជន​ខ្លះ​ក៏​ចូលរួម​ប្រព្រឹត្ត​បទល្មើស​រក​ស៊ី​ក្នុង​ហ្នឹង ហើយ​អ្នក​ខ្លះ​ក៏​យក​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។ ខ្ញុំ​បាន​រាយការណ៍​ជូន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ហើយ គាត់​ថា ឲ្យ​អប់រំ​ណែនាំ​​បើ​មាន​អ៊ីចឹង​ទៀត​គាត់​ប្រើ​កម្លាំង​ចាត់ការ​ហើយ»។

​កាល​ពី​ខែ​តុលា កន្លង​ទៅ សហគមន៍​ភូមិ​សោមគល់ បាន​លើក​គ្នា​ទាំង​ភូមិ​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី រឹប​អូស​ឈើ​ខុសច្បាប់​ដែល​អ្នក​ភូមិ​កាប់​ពី​ក្នុង​ព្រៃ​ជាង ១០០​កំណាត់​ពង្រាយ​​តាម​ផ្ទះ​ដើម្បី​លក់​ទៅ​ឲ្យ​ឈ្មួញ៕

"អង្ករ​កម្ពុជា​ធ្លាក់​លេខ​មិន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​​ស្រូវ​អង្ករ"

ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។  RFA/Tha Kitya

អង្ករ​កម្ពុជា ជាប់​លេខ​២ ក្នុង​ការ​ប្រកួត​ប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក ឆ្នាំ​២០១៦ ខណៈ​ម្ចាស់​ជយលាភី​លេខ​១ បាន​ទៅ​ម្ចាស់ផ្ទះ គឺ​ប្រទេស​ថៃ។ អ្នក​ជំនាញ​ផ្នែក​ស្រូវ​អង្ករ​កម្ពុជា អះអាង​ថា ចំណាត់ថ្នាក់​នេះ​មិន​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នោះ​ឡើយ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អះអាង​ថា អង្ករ​កម្ពុជា ជាប់​លេខ​២ នេះ​នឹង​មិន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ទេ ព្រោះ​អង្ករ​កម្ពុជា នៅ​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គុណភាព​ពី​សំណាក​ទីផ្សារ​អន្តរជាតិ។

ការ​លើក​ឡើង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​កម្ពុជា បាន​ចូលរួម​ប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ឆ្នាំ​២០១៦ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​១៤ ដែល​បាន​ដាក់​ប្រកួតប្រជែង​នា​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ (The World Rice Conference)  ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក មូល សារិទ្ធី បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ថា អង្ករ​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ការ​ជ្រើសរើស​ចម្រាញ់​យ៉ាង​លំបាក​ហើយ បាន​ទម្លាក់​សំណាក​អង្ករ​ចំនួន ២០ ប្រភេទ​ផ្សេង​ទៀត មក​ពី​ប្រទេស​សរុប​១៤ ដែល​បាន​ដាក់​ប្រកួតប្រជែង។លោក​ឲ្យ​ដឹង​ថា សម្រាប់​កម្ពុជា យក​សំណាក​អង្ករ​ក្រអូប​រំដួល មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា​តាម​រយៈ​ក្រុមហ៊ុន​ចំនួន​១១ មក​ប្រកួត ហើយ​ជា​លទ្ធផល​ចុង​ក្រោយ​អង្ករ​កម្ពុជា ជាប់​លេខ​២ បន្ទាប់​ពី​ថៃ បាន​លេខ​១។

​លោក​ថា ទោះ​ជា​កម្ពុជា មិន​បាន​ជាប់​លេខ​១ ខណៈ​អង្ករ​កម្ពុជា ធ្លាប់​ឈ្នះ​ពាន​អង្ករ​ល្អ​បំផុត ៣​ឆ្នាំ​ជាប់​គ្នា ក៏​មិន​មានន័យ​អង្ករ​កម្ពុជា គុណភាព​ចាញ់​ថៃ នោះ​ទេ។ ហេតុ​នេះ​លទ្ធផល​នេះ មិន​ជះឥទ្ធិពល​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នោះ​ឡើយ៖ «យ៉ាង​ហោច​ណាស់​ក៏​យើង​ជាប់​ក្នុង​លំដាប់​ចុង​ក្រោយ​ដែរ ចង់​និយាយ​ថា ជា​គូ​ប្រកួត​មួយ​ដ៏​ស្វិតស្វាញ»។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រូប​នេះ បញ្ជាក់​ថា ទោះ​ចំណាក់ថា្នក់​នៃ​លទ្ធផល​ប្រកួត​នេះ មិន​ជះឥទ្ធិពល​ដល់​វិស័យ​ស្រូវ​អង្ករ ពិសេស​ដល់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ក៏ដោយ ក៏​សហព័ន្ធ​នឹង​ពង្រឹង​ដល់​ការ​ដាក់​ស្លាក​សញ្ញា​បញ្ជាក់​ពី​គុណភាព​អង្ករ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​បញ្ជា​ទិញ។ ទន្ទឹម​គ្នា​នេះ សហព័ន្ធ​បន្ត​សហការ ព្រមទាំង​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ជួយ​ដល់​ការ​ផលិត​អង្ករ ដែល​មាន​គុណភាព​បច្ចេកទេស​ឲ្យ​មាន​កំណើន​ខ្ពស់៖ «យើង​នៅ​តែ​ជំរុញ​ក្រសួង​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ផលិត​អង្ករ​របស់​យើង​ឲ្យ​កាន់​តែ​មាន​គុណភាព​រក្សា​គុណភាព​អង្ករ​ល្អ​ហ្នឹង​បាន​យូរ ហើយ​យើង​ព្យាយាម​ស្រាវជ្រាវ​បច្ចេកទេស​ថ្មី»។

​ចំណែក​ឯ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរុ រ៉ាយ (AMRU RICE) ដែល​ជា​ក្រុមហ៊ុន​បាន​ចូលរួម​ការ​ប្រកួត​នេះ លោក សុង សារ៉ន លើក​ឡើង​ថា បើ​ពិនិត្យ​មើល​លើ​សណ្ឋាន​ដី ទីតាំង​ភូមិសាស្ត្រ នៃ​ប្រទេស​កម្ពុជា និង​ថៃ គឺ​ប្រហាក់ប្រហែល​គ្នា ដូច​នេះ​គុណភាព​អង្ករ​នៃ​ប្រទេស​ទាំង​ពីរ​មិន​ខុស​គ្នា​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា អាច​រៀន​សូត្រ​បាន​ពី​ប្រទេស​ថៃ ហេតុ​អ្វី​គេ​ជាប់​លេខ​១ ដោយសារ​កម្ពុជា ខ្វះ​ការ​ផ្សព្វផ្សាយ ខ្វះ​ការ​អនុវត្ត​កសិកម្ម​បែប​ទំនើប និង​បង្កើត​ថ្មី​ឲ្យ​មាន​និរន្តរភាព។

លោក​បន្ត​ថា ទោះ​ជា​លទ្ធផល​ប្រកួត​នេះ មិន​ប៉ះពាល់​ខ្លាំង តែ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​គិត​ទៅ​ដល់​ការ​កែលំអ​ពូជ និង​គិត​ទៅ​លើ​ការ​គាំទ្រ​សហគមន៍​សម្រាប់​ត្រៀម​ការ​ប្រកួត​នៅ​ឆ្នាំ​២០១៧ ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា ដែល​ធ្លាប់តែ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ៖ «កម្ពុជា​យើង​បើ​យើង​ចង់​ឈ្នះ សូម​ឲ្យ​មាន​ការ​កែលំអ​រឿង​ពូជ អភិវឌ្ឍន៍​វា​ឲ្យ​បាន​ល្អ តំបន់​ណា​ដែល​ធ្វើ​ប្រភេទ​អង្ករ​ម្លិះ​បាន​ល្អ ហើយ​យើង​អភិរក្ស ខិតខំ​ជួយ​សហគមន៍​កសិកម្ម​ដើម្បី​ពង្រឹង​គុណភាព​ដាំដុះ​របស់​កសិករ​ឲ្យ​ធានា​បាន​គុណភាព​ស្តង់ដារ​ដូចៗ​គ្នា»។

​យ៉ាង​ណា អាស៊ីសេរី​ មិន​អាច​ទាក់ទង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ហ៊ាន វណ្ណហន ដើម្បី​ដឹង​ពី​វិធានការ​បន្ត​របស់​ក្រសួង​កសិកម្ម​ក្រោយ​ចាញ់​ការ​ប្រកួត​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។

កម្ពុជា​ធ្លាប់​ឈ្នះ​ពាន​អង្ករ​ល្អ​បំផុត លើក​​ដំបូង​នៅ​ឆ្នាំ​២០១២ ដែល​គេ​រៀបចំ​ឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ពីរ​ឆ្នាំ​បន្តបន្ទាប់ គឺ​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ហុងកុង និង​ឆ្នាំ​២០១៤ ជា​ពេល​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ។

នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ​នេះ៕

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​៣​នឹង​ជួប​ប្រជុំ​គ្នា​ពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នៅ​ខេត្ត​សៀមរាប

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ស្ដាំ) ក្នុង​ជំនួប​ផ្លូវការ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo AFP


នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ដែល​ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ថា ស៊ី.អិល.វី (CLV) នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២២ និង​ទី​២៣ ខែ​វិច្ឆិកា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា អោយ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ ដោយ​ផ្ដោត​ទៅ​លើ​ការ​រីកចំរើន និង​បញ្ហា​ប្រឈម​ចំពោះ​មុខ។

សេចក្ដី​ប្រកាស​ដដែល​បន្ត​ថា រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) និង​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នឹង​ចូលរួម​កិច្ច​ប្រជុំ​នេះ​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​៩ ហើយ​នៅ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​ភាគី​ទាំង​៣ នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​បន្ថែម​ទៀត លើ​ការ​អភិវឌ្ឍ​តំបន់​ត្រី​កោណ​ដែល​ឋិត​នៅ​ជាប់​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​៣៕

Mango producers struggle to meet Korean standards

Mango producers struggle to meet Korean standards




It has been nearly a year since the government signed a memorandum of understanding with South Korea that aimed to put Cambodian mangoes on the shelves of supermarkets in Seoul, yet local producers say there is little sign of any movement.

According to In Chayvan, president of the Kampong Speu Mango Association, the potentially lucrative trade agreement signed last December has stalled on South Korea’s stringent sanitary and phytosanitary (SPS) regulations, which local producers are unable to comply with.

“Firstly, we are farmers, so we were happy to hear that the government had inked this agreement, but when we later found out about South Korea’s requirements, we lost hope,” he said yesterday.

“South Korea is focused on food safety, which is the main barrier for us as we cannot afford the technology required to kill all the bacteria on our mangoes,” he explained.

According to Chayvan, Cambodia’s top-tiered keo romeat mangoes currently fetch between 1,000 and 2,000 riel per kilo here, but could sell for considerably more if shipped to South Korea. Yet it could be several years before Cambodia has a processing plant that can treat the mangoes with heated water, bringing bacteria counts to within acceptable levels.

Chayvan said Cambodian mango growers would be better off focusing their efforts on securing export contracts for China, and upping shipments to the Thai and Vietnamese markets. He said these countries have less stringent SPS regulations, while Thailand and Vietnam are ready to bend the rules on SPS and certificates of origin when their domestic production is insufficient to meet demand.

Cambodian farmers have cultivated mangoes on nearly 100,000 hectares, with a dry season harvest taking place in March and April, and a smaller rainy season harvest in October and November. Over 9,000 tonnes of mangoes were exported in 2015, the majority shipped to Vietnam.

According to Chayvan, many of the mangoes sent to Vietnam are re-exported to China and other markets.

Ker Monthivuth, director of the plant protection and SPS department at the Ministry of Agriculture, said the ministry was working to fulfil South Korea’s requirements and was currently seeking investment to build a mango treatment facility.

“We hope that exports to South Korea will begin next year as we have met with Korean investors who said they are happy with our mangoes’ quality and taste, and are ready to build a treatment plant that will sterilise the fruit.”

He said once in compliance with Korean SPS requirements, Cambodian keo romeat mangoes could fetch at least 4,000 riel ($1) per kilo from South Korean buyers.

Monthivuth added that the Ministry of Agriculture was currently looking to sign a memorandum of understanding with China to export mangoes to its market.

“Cambodian mangoes have high potential for cultivation as our varieties have high quality and taste compared to those of neighbouring countries,” he said. “We are looking to bring in new technologies and expand export markets for farmers.”

Mong Reththy, chairman of the agro-industrial conglomerate Mong Reththy Group, said his company has already shipped mangoes to Europe this year, and was looking forward to the possibility of exporting them to South Korea.

However, he said, the Koreans take food safety very seriously and this has proven a stumbling block.

“We are always looking to export to South Korea, but the issue is whether or not the government could meet their requirements,” he said.