Friday, February 3, 2017

សង្គម​ស៊ីវិល​និង​មន្ត្រី​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​គ្រោង​ចុះ​ល្បាត​ព្រៃ​នៅ​តាម​ជួរ​ភ្នំក្រវាញ


ឈើ​ប្រណីត​​ដែល​ជនល្មើស​លួច​អារ​លាក់​ទុក​ក្នុង​ព្រៃ​នៅ​ជួរ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។ រូបថត​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ផ្ដល់​ឲ្យ​ដោយ​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ។ រូបថត​ផ្ដល់​ឲ្យ​ដោយ​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្



អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​មន្ត្រី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ គ្រោង​រួម​គ្នា​ចុះ​ល្បាត​ព្រៃ ដើម្បី​បង្ក្រាប​បទល្មើស​រយៈ​ពេល​ពីរ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ត​ទៅ។ គម្រោង​ចុះ​ល្បាត​នេះ ក្រោយ​ពេល​ពលរដ្ឋ​អះអាង​ថា បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រណីត​ប្រមាណ ២០​ម៉ែត្រគូប លើ​ភ្នំក្រវាញ ហើយ​សង្ស័យ​ថា មាន​បទល្មើស​កន្លែង​ផ្សេង​ទៀត។

អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​កម្លាំង​សហការ​ចុះ​ល្បាត​ព្រៃ​ជួរ​ភ្នំក្រវាញ។

ជួរ​ភ្នំក្រវាញ ដែល​លាត​សន្ធឹង​ជាប់​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​កោះកុង ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ និង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។ ក្រុម​ល្បាត​នឹង​ចំណាយ​ពេល​ពីរ​សប្ដាហ៍​ពេញ ដើម្បី​ចូល​ទៅ​កាន់​តំបន់​សំខាន់ៗ នៃ​ទឹកដី​របស់​ខេត្ត​ទាំង​បី ដែល​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន ហើយ​ឈ្មួញ​លួច​បញ្ចេញ​ឈើ​ទៅ​លក់​ក្រៅ​ប្រទេស​ស្ងាត់ៗ។

ប្រធាន​អង្គការ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ លោក ជា ហ៊ាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា អ្នក​ឡើង​រក​ឈើ​ខ្លឹម​បាន​ប្រាប់​ពី​កន្លែង​លាក់​ឈើ​ដល់​លោក​នៅ​តំបន់​អាតៃ នៃ​ជួរ​ភ្នំក្រវាញ​កណ្ដាល។ លោក​បាន​បន្លំ​ខ្លួន​ចូល​ទៅ​ស្រាវជ្រាវ​បទល្មើស​នៅ​ទីតាំង​នោះ និង​ថត​រូប​ឈើ​ប្រណីត​ទាំង​នោះ​ទុក​ជា​ភស្តុតាង​ទៀត​ផង ដើម្បី​បង្ហាញ​ដល់​មន្ត្រី​ជំនាញ​មាន​វិធានការ​នៅ​ពេល​ចុះ​ល្បាត​រួម​គ្នា៖ «ខ្ញុំ​សង្ឃឹម​ថា បើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បង្ក​លក្ខណៈ​ងាយ​ស្រួល ការ​បង្ក្រាប​នឹង​មាន​ភាព​ជោគជ័យ។ ប្រជា​ពលរដ្ឋ​នៅ​ជួរ​ភ្នំក្រវាញ បាន​ផ្ដល់​ព័ត៌មាន​ថា នៅ​តែ​មាន​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ដដែល ដូច្នេះ​ខ្ញុំ​នឹង​ចុះ​ល្បាត​ព្រៃ​នៅ​សប្ដាហ៍​ក្រោយ​នេះ។ សប្ដាហ៍​ទី​១ នៅ​ភូមិសាស្ត្រ​ស្រុក​ឱរ៉ាល់ សប្ដាហ៍​ទី​២ គឺ​នៅ​ភូមិសាស្ត្រ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ លោក សាន់ មរកត ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​សំណើ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។
ចំណែក​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​ពោធិ៍សាត់ លោក អ៊ុន គឿន ដែល​គ្រប់គ្រង​តំបន់​ជួរ​ភ្នំក្រវាញ ដែរ​នោះ​ ​មិន​បាន​បញ្ជាក់​ពី​ស្ថានភាព​បទល្មើស​នៅ​តាម​ជួរ​ភ្នំក្រវាញ​ទេ ប៉ុន្តែ​ថា ក្រុម​ការងារ​លោក​ដែល​មាន​គ្នា ១០​នាក់ បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ប្រចាំ ហើយ​លោក​ថា នឹង​សហការ​កម្លាំង​ជាមួយ​ស្ថាប័ន​ផ្សេងៗ បើ​មាន​សំណើ​មក​មន្ទីរ​បរិស្ថាន ខេត្ត​ពោធិ៍សាត់ ត្រឹមត្រូវ៖ «អូ!  អា​ហ្នឹង​មាន​អី​យើង​បន្ដ​ធ្វើ​ការងារ​រាល់​ថ្ងៃ។ (ជិន ជេដ្ឋា៖ ប៉ុន្តែ​ម៉េច​ដែរ​ស្ថានភាព​បទល្មើស​នៅ​តាម​ជួរ​ភ្នំ​ហ្នឹង?) ឥឡូវ​គ្មាន​អ្វី​តានតឹង​ទេ​បង ព្រោះ​យើង​បាន​ធ្វើ​ការងារ​រាល់​ថ្ងៃ»។

ប្រធាន​អង្គការ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ លោក ជា ហ៊ាន បញ្ជាក់​ថា ប្រតិបត្តិការ​ចុះ​ល្បាត​នៅ​ថ្ងៃ​ខាង​មុខ​នេះ ត្រូវ​ប្រើ​កម្លាំង​ខាង​លោក​បី​នាក់ និង​ស្នើ​សុំ​កម្លាំង​ឧទ្យាន​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ចំនួន ៥​នាក់។ នៅ​ក្នុង​លិខិត​ដែល​លោក​ស្នើ​សុំ​កម្លាំង​សហការ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ ប៉ុន្តែ​លោក​សង្ឃឹម​ថា មន្ទីរ​នឹង​បញ្ជូន​កម្លាំង​ទៅ​សហការ​តាម​ការ​ស្នើ​សុំ​ក្រោយ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា៕

អាជ្ញាធរ​សម្រេច​រក្សា​ព្រះពុទ្ធ​បដិមា​បុរាណ​២​អង្គ​នៅ​វត្ត​​ព្រះ​នាគ​ស្រុក​អង្គស្នួល​ដដែល




អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​សម្រេច​តម្កល់​ព្រះពុទ្ធ​បដិមា​បុរាណ ២​អង្គ នៅ​វត្ត​ព្រះនាគ ដដែល តាម​ការ​ចង់​បាន​របស់​ក្រុម​ពលរដ្ឋ​នៅ​តំបន់​នេះ។ ការ​សម្រេច​បែប​នេះ ធ្វើ​ឡើង​នៅ​ពេល​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​ពលរដ្ឋ និង​មន្ត្រី​សង្ឃ​នៅ​ក្នុង​បរិវេណ​វត្ត​ភូមិ​ឆក់ឈើនាង ឃុំ​ឆក់ឈើនាង ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។

ទោះបី​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​សម្រេច​ផ្ដល់​ជម្រើស​ចំនួន​៣ ដើម្បី​ថែរក្សា​ព្រះពុទ្ធ​បដិមា​បុរាណ ២​អង្គ គឺ​យក​ថ្វាយ​ព្រះមហាក្សត្រ យក​ជូន​នាយករដ្ឋមន្ត្រី និង​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ក្ដី ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ជាង ៣០០​នាក់​ដែល​ចូលរួម​ប្រជុំ បាន​ស្រែក​ស្រុះៗ​គ្នា​ថា ត្រូវ​រក្សា​ព្រះ​ពុទ្ធបដិមា​ទាំង ២​អង្គ​នៅ​ក្នុង​វត្ត​ដដែល៖ «»។

​ព្រះ​គ្រូសូត្រស្ដាំ​វត្ត​ព្រះនាគ ព្រះតេជព្រះគុណ ឡុច យ៉ាន ឲ្យ​អាស៊ីសេរី ដឹង​ថា នៅ​ពេល​នេះ គណៈកម្មការ​វត្ត​កំពុង​រៀបចំ​បង្កើត​គណៈកម្មការ​ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​ការពារ​ព្រះពុទ្ធ​បដិមា។ ព្រះតេជព្រះគុណ​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​យល់​ព្រម​រង់ចាំ​ទទួល​ព្រះ​ពុទ្ធបដិមា ប្រសិន​គណៈកម្មការ​អាចារ្យ​វត្ត និង​ពលរដ្ឋ​អស់​លទ្ធភាព​ថែរក្សា ឬ​ការពារ៖ «»។

​ក្រុម​ពលរដ្ឋ​ដែល​ប្រឆាំង​ទាស់​មិន​ឲ្យ​យក​ព្រះពុទ្ធ​បដិមា​ចេញ​ពី​ទីធ្លា​វត្ត ព្រោះ​យល់​ថា បើ​ទុក​នៅ​ទី​នេះ ពួកគេ​នៅ​តែ​គោរព​បូជា ហើយ​មួយ​វិញ​ទៀត ព្រោះ​មិន​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​ថែរក្សា​ក្រុម​មន្ត្រី៖ «»។

​ពលរដ្ឋ​រស់​នៅ​ភូមិ​ឈូកធំ ឃុំ​ឆក់ឈើនាង ស្រុក​អង្គស្នួល អ្នកស្រី ហៀង រីម និយាយ​ថា មូលហេតុ​ដែល​លោកស្រី​ទាមទារ​ឲ្យ​រក្ស​ព្រះពុទ្ធ​បដិមា​នៅ​ក្នុង​វត្ត​ដដែល ព្រោះ​លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត អាច​មក​គោរព​បូជា​ព្រះពុទ្ធ​រូប​បាន​រាល់​ថ្ងៃ៖ «»។
​ពុទ្ធបដិមា​ទាំង​ពីរ​អង្គ​នេះ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា មាន​អាយុកាល​ជាង ១០០​ឆ្នាំ​ហើយ រី​ឯ​ទម្ងន់​វិញ អង្គ​តូច​ទម្ងន់​ជិត ៨១ (៨០,៨០) គីឡូក្រាម ហើយ​អង្គ​ធំ​មាន​ទម្ងន់​ជាង ៨៥ (៨៥,២០) គីឡូក្រាម ដែល​គេ​ជឿ​ថា កសាង​ឡើង​ពី​លោហធាតុ​លង្ហិន សំរឹទ្ធ និង​មាស។

កិច្ច​ប្រជុំ​រក​ដំណោះស្រាយ​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដើម្បី​រក្សា​ព្រះ​ពុទ្ធបដិមា​ទាំង ២​អង្គ ធ្វើ​ឡើង​ពីរ​ដំណាក់កាល។ ដំបូង​ឡើយ​ក្រុម​មន្ត្រី​ចម្រុះ រួម​មាន តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តំណាង​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​កណ្ដាល និង​មន្ត្រី​សង្ឃ​ជជែក​គ្នា​រក​ដំណោះស្រាយ​រួម​ឃើញ​រួច​ហើយ ទើប​តំណាង​របស់​ក្រុម​នេះ គឺ​ព្រះ​អនុគណ​ស្រុក​អង្គស្នួល ព្រះតេជព្រះគុណ ហឹម ចាន់ថា ផ្តល់​ដំណឹង​ទៅ​ក្រុម​ពលរដ្ឋ។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​មិន​យល់​ស្រប​ទទួល​យក​គំនិត​អ្នក​ពាក់ព័ន្ធ​ដែល​ចង់​រក្សា​ព្រះពុទ្ធ​បដិមា​នៅ​កន្លែង​ផ្សេង​ពី​វត្ត។

ព្រះ​អនុគណ​ស្រុក​អង្គស្នួល ព្រះតេជព្រះគុណ ហឹម ចាន់ថា បង្ហាញ​ព្រះទ័យ​ព្រួយ​បារម្ភ​ចំពោះ​សន្តិសុខ​របស់​ព្រះសង្ឃ និង​ព្រះ​ពុទ្ធបដិមា ព្រោះ​កន្លង​មក វត្តមាន​តម្លៃ​ចំនួន​បី​វត្ត​នៅ​ក្នុង​តំបន់​នេះ ត្រូវ​ជន​ខិលខូច​លួច​យក​ចេញ​ពី​វត្ត៖ «»។

ព្រះ​គ្រូសូត្រស្ដាំ​វត្ត​ព្រះនាគ ព្រះតេជព្រះគុណ ឡុច យ៉ាន បន្ត​ទៀត​ថា វត្ត​ត្រូវ​សាងសង់​ទីតាំង​ថ្មី ដើម្បី​តម្កល់​ព្រះពុទ្ធ​បដិមា​មាន​សុវត្ថិភាព​ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣​ម៉ឺន​ដុល្លារ។

ក្រុម​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ ឲ្យ​ដឹង​ថា ព្រះពុទ្ធ​បដិមា​បុរាណ​ទាំង​ពីរ​អង្គ បាន​រក្សា​ទុក​នៅ​វត្ត​ព្រះនាគ ក្នុង​ខេត្ត​កណ្ដាល ជាង ៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ដឹង​ថា ព្រះ​បដិមា​នេះ​ជា​វត្ថុ​បុរាណ និង​មាន​តម្លៃ​នោះ​ទេ ព្រោះ​អតីត​ព្រះចៅ​អធិការ​វត្ត បាន​រក្សាទុក​នៅ​កុដិ​​របស់​ព្រះអង្គ​យ៉ាង​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​ក្រោយ​ពី​ព្រះអង្គ​សុគត​បាន​ប្រមាណ​មួយ​ឆ្នាំ ទើប​មាន​ការ​បែក​ធ្លាយ​ថា ព្រះពុទ្ធ​បដិមា​បុរាណ ២​អង្គ​នេះ មាន​តម្លៃ​ខ្ពស់​កប់​ពពក៕

February 3, 2017 ពលរដ្ឋ​នៅ​ឃុំ​ល្វេ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​រឿង​សំរាម​នៅ​តាម​មាត់​ទន្លេ




ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​ទន្លេតូច ក្នុង​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម មិន​ពេញ​ចិត្ត​ចំពោះ​បរិស្ថាន​ក្បែរ​ទីប្រជុំជន​ផ្សារ​ព្រែកសណ្តែក។ ពលរដ្ឋ​មិន​ពេញ​ចិត្ត​ដោយសារ​នៅ​តាម​មាត់​ទន្លេ​តូច​ក្បែរ​ផ្សារ​នេះ ម្ខាង​នៃ​ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង មាន​សំរាម​ជា​ច្រើន​ត្រូវ​បាន​គេ​យក​មក​បោះចោល ហើយ​ហូរ​ចូល​ទឹក​ទន្លេ​ថែម​ទៀត​ផង។ អភិបាល​ស្រុក​ស៊ីធរកណ្តាល បញ្ជាក់​ថា អាជ្ញាធរ​ធ្លាប់​ចាត់​វិធានការ​លើ​ករណី​នេះ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​លោក​ថា នឹង​រៀបចំ​តំបន់​នោះ​ឱ្យ​ប្រសើរ​ក្នុង​ពេល​ឆាប់ៗ​នេះ។

​បើទោះបី​ជា​មាន​ស្លាក​សញ្ញា​ដែល​សរសេ​ថា ហាម​ចោល​សំរាម​ក៏ដោយ ប៉ុន្តែ​សំរាម ពិសេស​ពពួក​ថង់​ប្លាស្ទិច គឺ​ព័ទ្ធ​ជុំវិញ​ស្លាក​សញ្ញា​នោះ​តែម្តង។ សំរាម​មិន​ត្រឹមតែ​ព័ទ្ធ​បង្គោល​ស្លាក​សញ្ញា​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ហូរហែ​តាំង​ពី​មាត់​ច្រាំង រហូត​ដល់​មាត់​ទឹក​ទន្លេ​តែម្តង។ ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេតូច គឺ​នៅ​ខាង​ឃុំ​ល្វេ ស្រុក​កោះសូទិន មិន​ពេញ​ចិត្ត​ចំពោះ​បញ្ហា​នេះ ត្បិត​មាន​ពលរដ្ឋ​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ទន្លេ​នោះ​ដែរ ពិសេស​សម្រាប់​សត្វពាហនៈ​របស់​ពួកគាត់។ សំរាម​ទាំង​នោះ​មាន​ច្រើន គឺ​ស្ថិត​នៅ​ត្រើយម្ខាង​ក្នុង​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង ព្រោះ​ជាទី​ប្រជុំជន​ផ្សារ​ព្រែកសណ្តែក។

​ពលរដ្ឋ​នៅ​ឃុំ​ល្វេ មួយ​រូប លោក បូ រី មាន​ប្រសាសន៍​ថា សំរាម​ទាំង​នោះ​ភាគ​ច្រើន​ពលរដ្ឋ​អ្នក​លក់​ដូរ​នៅ​ផ្សារ​សណ្តែក ជា​អ្នក​យក​មក​ចោល។ លោក​យល់​ថា ត្បិតតែ​ពលរដ្ឋ​ខ្លះ​មាន​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់​ក៏ដោយ ប៉ុន្តែ​ការ​បោះ​ចោល​សំរាម​ចូល​ទន្លេ​បែប​នេះ គឺ​ជា​រឿង​មិន​ល្អ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ឬ​សុខភាព មនុស្ស សត្វ ជាដើម៖ «យក​មក​បោះចោល​អ៊ីចឹង​វា​គោក​ទន្លេ គោក​អី​អស់​ហើយ។ អា​ហ្នឹង​មក​ពី​ផ្សារ​ហ្នឹង​គេ​មិន​ដោះស្រាយ»។

សំរាម​ជា​ច្រើន​បាន​រសាត់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​តូច​ធ្វើឱ្យ​ទឹក​កខ្វក់ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ចុះ​ស្ពាន​សមាគមន៍ ឬ​ស្ពាន​បណ្តោះអាសន្ន ដែល​ភ្ជាប់​ពី​ឃុំ​ល្វេ ស្រុក​កោះសូទិន មក​កាន់​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្តាល នោះ ក្លិន​ស្អុយ​បាន​ភាយ​ចេញ​ពី​សំរាម។ យូរៗ​ម្តង ពលរដ្ឋ​នៅ​ឃុំ​ល្វេ បាន​យក​សត្វ​គោក្របី​មក​លាង​ទឹក​ទន្លេ​តូច​ថែម​ទៀត។
ពលរដ្ឋ​មួយ​រូប​ទៀត លោក ឡុង វណ្ណដា បញ្ជាក់​ថា បញ្ហា​សំរាម​នេះ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​វិធានការ​ដោះស្រាយ​ឡើយ។ លោក​ថា ប្រសិន​រាជរដ្ឋាភិបាល ឬ​អង្គការ​ជា​ដៃគូ​ជួយ​ដោះស្រាយ ទើប​អាច​មាន​ប្រសិទ្ធភាព​ជាង។

​ពលរដ្ឋ និង​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ព្រែកសណ្តែក​ខ្លះ បាន​បដិសេធ​ថា ពួកគេ​មិន​បាន​ចោល​សំរាម​ទី​នោះ​ទេ ហើយ​បាន​ទំលាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​លើ​អ្នក​លក់​ដូរ​តូច​តាច ឬ​អ្នក​លក់​ដូរ​បន្លែ​ផ្លែឈើ​ទៅ​វិញ។

អភិបាល​ស្រុក​ស៊ីធរកណ្តាល លោក មុនី បណ្ឌិត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ថា កន្លង​មក​អាជ្ញាធរ​តែង​ចាត់​វិធានការ​លើ​ករណី​នេះ​ជា​ច្រើន​លើក​ច្រើន​សា ដោយ​មាន​ទាំង​នាំ​សិស្ស​សាលា​វិទ្យាល័យ​មក​សំអាត​ទៀត​ផង។ បន្ថែម​ពី​នេះ អាជ្ញាធរ​ក៏​បាន​អប់រំ​ណែនាំ​ពលរដ្ឋ និង​អាជីវករ​នៅ​ផ្សារ​ព្រែកសណ្តែក មិន​ឱ្យ​បោះចោល​សំរាម​ទៅ​មាត់​ទន្លេ​តូច​នោះ​ឡើយ ប៉ុន្តែ​អាច​ដោយសារ​ទម្លាប់​របស់​ពលរដ្ឋ ទើប​បញ្ហា​នេះ​នៅ​តែ​កើត​ឡើង។

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​បាន​រៀបចំ​គម្រោង​ច្បាស់លាស់​ហើយ គឺ​កែប្រែ និង​រៀបចំ​ផ្សារ​ព្រែកសណ្តែក ឱ្យ​បាន​ប្រសើរ​ឡើង ព្រម​ទាំង​ចាត់​វិធានការ​លើ​បញ្ហា​សំរាម និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ៖ «ព្រោះ​រឿង​នេះ​មិន​មែន​ជា​រឿង​តែ​អាជ្ញាធរ​មួយ​ទេ គឺ​ជា​រឿង​ទាំង​អស់​គ្នា។ រឿង​សំរាម​នេះ គឺ​ផ្តើម​ចេញ​ទាំង​អស់​គ្នា បើ​ផ្តើម​ចេញ​តែ​ពី​អាជ្ញាធរ​មួយ​ក៏​ធ្វើ​ការងារ​ហ្នឹង​មិ​នបាន​ល្អ​ទេ គឺ​ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​សមាសភាគី ពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ហ្នុង​តែម្តង»។

ករណី​បោះចោល​សំរាម និង​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ គឺ​រង​ការ​រិះគន់​ពី​ពលរដ្ឋ​នៅ​ឃុំ​ល្វេ ភាគ​ច្រើន ហើយ​ពួកគាត់​ក៏​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ថែម​ទៀត។ ជំទប់​ទី​១ ឃុំ​ល្វេ មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស លោក ឈន់ ឈឿន មាន​ប្រសាសន៍​ថា កន្លង​មក​ពលរដ្ឋ​ពិត​ជា​ធ្លាប់​ស្នើ​ឱ្យ​ចាត់​វិធានការ​លើ​ករណី​នេះ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធិភាព​ទេ។ លោក​បន្ត​ថា ត្បិតតែ​ពលរដ្ឋ​មិន​បាន​ប្រើប្រាស់​ទឹក​ទន្លេ​ដោយផ្ទាល់​ក៏ដោយ ប៉ុន្តែ​ទឹក​ស្អាត​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់ គឺ​គេ​បូម​ទឹក​ពី​ទន្លេ​ដើម្បី​យក​ទៅ​ចម្រុះ​ដូច​គ្នា​ដែរ៖ «សំណូម​ប្រជាពលរដ្ឋ​ក្រុមប្រឹក្សា​ឃុំ​យើង​ក៏​បាន​លើក​ដែរ ស្តីពី​បរិស្ថាន ពីព្រោះ​ទី​មួយ​ទឹក​អី វា​ត្រូវ​ការ​ប្រើ​ទឹក​ហ្នឹង​ដែរ»។

ជំទប់​ឃុំ​រូប​នេះ​យល់​ថា ការ​ចោល​សំរាម និង​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេតូច គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​មច្ឆាជាតិ​ក្នុង​ទឹក​ទៀត​ផង៕