សិស្សនៅតាមវិទ្យាល័យមួយចំនួននៅភ្នំពេញ អះអាងថា ពួកគេត្រូវចំណាយលុយប្រហែល ៥០ ទៅ ៦០ដុល្លារក្នុងមួយខែ ដើម្បីរៀនគួរក្រៅម៉ោង។ ពួកគេលើកឡើងថា ការរៀនគួរបន្ថែមជាឱកាសទទួលបានការពន្យល់ក្បោះក្បាយពីគ្រូ ជាងម៉ោងរៀនរដ្ឋ។ តែបញ្ហានេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា គឺជាកត្តាធ្វើឲ្យមានភាពអយុត្តិធម៌ជុំវិញបញ្ហាទទួលបានការអប់រំរវាងកូនអ្នកមាន និងកូនអ្នកក្រ។
សិស្សនៅតាមវិទ្យាល័យមួយចំនួននៅភ្នំពេញ អះអាងថា ការចំណាយលុយដើម្បីរៀនគួរក្រៅម៉ោងបន្ថែម ពុំមែនជាការបង្ខិតបង្ខំពីគ្រូបង្រៀនទេ ប៉ុន្តែពួកគេអាចនឹងត្រូវរើសអើង ឬពុំត្រូវបានគ្រូយកចិត្តទុកដាក់ ប្រសិនបើពួកគេមិនព្រមចំណាយប្រាក់ទៅរៀនបន្ថែម។
សិស្សវិទ្យាល័យច្បារអំពៅ សុំមិនបញ្ចេញឈ្មោះម្នាក់ ប្រាប់អាស៊ីសេរីថា ក្នុងមួយខែ លុយដែលត្រូវចំណាយលើការរៀនគួរក្រៅម៉ោង និងមិនគិតអំពីការចាយវាយផ្សេងៗ ដូចជាត្រូវចាក់សាំងម៉ូតូជាដើម គឺអស់ប្រហែល ៦០ ទៅ ៧០ដុល្លារ។ យុវជនដដែលបន្តថា មុខវិជ្ជាដែលត្រូវរៀនគួរក្រៅម៉ោង គឺមានដូចជា ជីវវិទ្យា គីមីវិទ្យា គណិតវិទ្យា និងភាសាខ្មែរជាដើម។ សិស្សម្នាក់នេះអះអាងថា ការរៀនគួរក្រៅម៉ោង មិនមានការបង្ខិតបង្ខំពីគ្រូឡើយ និងជាការកើតឡើងពីការស្ម័គ្រចិត្តរបស់សិស្ស ប៉ុន្តែធ្លាប់មានករណីខ្លះ រូបគេត្រូវបានគ្រូប្រចាំថ្នាក់ដាក់កិច្ចការសាលាឲ្យធ្វើមិនសមហេតុផល និងរហូតគ្រូបណ្ដេញចេញពីថ្នាក់ក៏មាន ដោយសាររូបគេពុំបានរៀនគួរក្រៅម៉ោងជាមួយគ្រូរបស់ខ្លួន ហើយទៅរៀនជាមួយគ្រូផ្សេងទៀត៖ «ជួនកាលគាត់ដេញយើងចេញពីថ្នាក់ទៀត ដោយសារយើងអត់រៀនគួរជាមួយគាត់ ហើយសិស្សបានរៀនគួរជាមួយគាត់វិញ គេដឹងមេរៀនមុន»។
កំពុងអង្គុយរង់ចាំទទួលកូនស្រីចេញពីវិទ្យាល័យច្បារអំពៅ ហើយឆ្លៀតផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ដោយមិនចង់ប្រាប់ឈ្មោះ បុរសម្នាក់នេះរៀបរាប់ថា កូនស្រីរបស់លោកចាប់តាំងពីរៀននៅវិទ្យាល័យមក គឺក្នុងមួយថ្ងៃត្រូវចំណាយប្រាក់អស់ជិត ២ម៉ឺនរៀល ព្រោះកូនអះអាងថា ប្រាក់ទាំងនោះ ភាគច្រើនត្រូវចំណាយលើរៀនគួរក្រៅម៉ោង និងសល់តិចតួចសម្រាប់ទិញនំចំណីបរិភោគពេលចេញលេង៖ «ចំណាយអស់ច្រើនដែរ ជួនកាល ២ម៉ឺន ជួនជាង ១ម៉ឺន ដើម្បីឲ្យកូនយកទៅបង់ថ្លៃសាលា ថ្លៃរៀនគួរ»។
បុរសម្នាក់នេះបញ្ជាក់ថា រាល់ថ្ងៃខិតខំរកប្រាក់ទាំងលំបាក ដើម្បីផ្គត់ផ្គង់ការសិក្សាកូន ហើយជួនកាលស្ទើរមិនគ្រប់គ្រាន់ផង តែដើម្បីអនាគតកូនស្រី លោកត្រូវតែពុះពារបន្តទៅទៀត។
មិនខុសគ្នានេះ សិស្សខ្លះនៅក្នុងសាលាព្រែកឯង ខណ្ឌច្បារអំពៅ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ហើយសិស្សខ្លះទៀតអះអាងថា ក្នុងមួយមុខវិជ្ជានៃការរៀនគួរក្រៅម៉ោងរយៈពេលមួយខែ ត្រូវចំណាយឲ្យគ្រូប្រហែល ៣ម៉ឺនរៀល ហើយបើករណីខ្លះ សិស្សដែលមិនបានរៀនគួរក្រៅម៉ោង គឺសិស្សនោះមិនអាចទទួលបានចំណេះដឹងគ្រប់ជ្រុងជ្រោយដូចសិស្សបានរៀនគួរក្រៅម៉ោងឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយកវិទ្យាល័យព្រែកឯង លោក ប៉ាង វិសុទ្ធ អះអាងថា សាលារបស់លោកពិតជាមានការបើករៀនគួរក្រៅម៉ោងមែន តែករណីនេះគឺទាល់តែមានការឯកភាពគ្នារវាងគ្រូជាមួយ សិស្ស និងអាណាព្យាបាលសិស្ស។ លោកនាយកសាលារូបនេះបញ្ជាក់ថា បើសិនជាមានករណីបង្ខំសិស្សឲ្យរៀនគួរក្រៅម៉ោងបន្ថែម ឬក៏មានករណីមិនប្រក្រតីផ្សេងទៀត ដូចជាសិស្សមិនបានរៀនគួរ ហើយត្រូវគ្រូបង្ខំឲ្យធ្វើកិច្ចការមិនស្មើភាពគ្នាជាមួយសិស្សរៀនគួរ លោកនឹងកោះប្រជុំភ្លាម៖ «អ៊ីចឹងជានិច្ចកាល ខ្ញុំតែងផ្សព្វផ្សាយប្រាប់គ្រូមិនឲ្យបង្ខំកូនសិស្សរៀនគួរទេ តែបើសិនសិស្សណារៀនខ្សោយ និងមានលទ្ធភាព គួរតែគ្រូបង្រៀនបាន»។
ទោះជាបែបណាក្ដី សិស្សវិទ្យាល័យទួលទំពូង ឈ្មោះ ស៊ូ សំរិទ្ធកោដិ ដែលត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំក្រោយ អះអាងថា រូបគេគាំទ្រឲ្យមានការរៀនគួរក្រៅម៉ោងបន្ថែម បើទោះជាត្រូវចំណាយលុយអស់ប្រហែល ៥០ដុល្លារក្នុងមួយខែក្ដី។ សិស្សម្នាក់នេះបញ្ជាក់ថា ការសិក្សាក្រៅម៉ោងបន្ថែម ធ្វើឲ្យរូបគេទទួលបានចំណេះដឹងនូវមេរៀនខ្លះដែលមិនទាន់យល់ច្បាស់ក្នុងម៉ោងរដ្ឋ៖ «ត្រូវតែមានការរៀនគួរ ព្រោះមុខវិជ្ជាខ្លះដែលលំបាក ដូចជាគណិតវិទ្យា គីមីវិទ្យា និងរូបវិទ្យា ជាដើម ត្រូវតែមានការរៀនគួរ»។
ជុំវិញបញ្ហានេះ អាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ដើម្បីសុំការបកស្រាយបានទេនៅថ្ងៃទី៣ ធ្នូ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ការចំណាយរបស់សិស្សប្រហែល ៦០ដុល្លារក្នុងមួយខែលើការរៀនគួរក្រៅម៉ោង គឺជាភាពអយុត្តិធម៌រវាងកូនអ្នកក្រ និងអ្នកមាន ហើយក៏ជាកត្តាធ្វើឲ្យកូនសិស្សក្រីក្រ អាចបោះបង់ការសិក្សាចោលផងដែរ។ លើសពីនេះ វាក៏អាចជាមូលហេតុធ្វើឲ្យអាណាព្យាបាលសិស្ស ជំរុញឲ្យកូនរបស់ខ្លួនឈប់ពីសាលារៀនរដ្ឋ រួចហើយទៅសិក្សានៅសាលាឯកជនវិញ៖ «អត់ប៉ះពាល់អ្នកមានទេ ព្រោះអ្នកមានគេអាចឲ្យកូនគេទៅរៀននៅសាលាឯកជនបាន។ តែបើសិស្សរៀនពូកែ តែគ្មានលទ្ធភាពរៀនគួរ ពួកគេនឹងប៉ះពាល់ដោយសារគ្រូមិនបានបង្រៀនក្បោះក្បាយក្នុងម៉ោងរដ្ឋ ហើយបង្រៀនពន្យល់ក្បោះក្បាយក្នុងម៉ោងរៀនគួរ»។
លោក សន ជ័យ គាំទ្រឲ្យការរៀនគួរ គួរតែក្លាយជាជម្រើស និងមិនមែនជាការចាប់បង្ខំសិស្សឲ្យរៀននោះទេ។ ម្យ៉ាងវិញទៀត ការរៀនគួរក្រៅម៉ោង គួរតែអនុញ្ញាតឲ្យសិស្សដែលកត់សម្គាល់ជារឿយៗថា មិនសូវវ័យឆ្លាត និងរៀនខ្សោយជាងគេនៅក្នុងថ្នាក់រៀន ហើយត្រូវទទួលបានការពន្យល់បន្ថែមទៀតពីគ្រូ។ លោកអះអាងថា បញ្ហាគ្រូបង្រៀនក្រៅម៉ោងដើម្បីទទួលលុយកាក់ពីសិស្ស អាចជាមូលហេតុដោយសារគ្រូមានប្រាក់ខែមិនគ្រប់ផងដែរ ស្របពេលនៅជនបទក៏កើតមានបញ្ហាដូចគ្នា ដូច្នោះលោកអំពាវនាវថ្នាក់គ្រប់គ្រងសាលាទាំងអស់ គួរតែតាមដានរឿងនេះឲ្យដិតដល់ ដើម្បីជៀសវាងកុំឲ្យមានការបង្ខំសិស្សរៀនគួរក្រៅម៉ោង ជាថ្នូរទទួលលុយកាក់ច្រើនពីសិស្ស៕