សាច់ញាតិបណ្ឌិត កែម ឡី គ្រោងដង្ហែញត្តិដាក់ទៅស្ថាប័នមួយចំនួនដើម្បីទាមទារយុត្តិធម៌
គិតមកដល់ពេលនេះ ក្រោយពីឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺមានរយៈពេលជិត ៤ខែមកហើយ។ ក្រុមគ្រួសាររបស់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ ប្នឹងដង្ហែញត្តិទៅស្ថាប័នរដ្ឋមួយចំនួន ដើម្បីទាមទាររកយុត្តិធម៌ក្នុងពេលខាងមុខនេះ។ បច្ចុប្បន្ន សំណុំរឿងនៃបទឧក្រិដ្ឋនេះ កំពុងស្ថិតនៅក្នុងដៃតុលាការក្រុងភ្នំពេញនៅឡើយ។
ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី អះអាងថា ដោយសាររង់ចាំយុត្តិធម៌ដែលប្រើពេលដ៏យូរបែបនេះ ក្រុមគ្រួសារ និងសាច់ញាតិត្រូវបង្ខំចិត្តកៀរគរអ្នកដែលគាំទ្រនូវអំពើល្អរបស់លោកបណ្ឌិត កែម ឡី នឹងដាក់ញត្តិទៅក្រសួងយុត្តិធម៌ និងស្ថាប័នមួយចំនួនទៀត ដើម្បីទាមទារឲ្យតុលាការក្រុងភ្នំពេញ បញ្ចេញខ្សែអាត់វីដេអូជាសាធារណៈក្នុងពេលឆាប់ៗនេះ។
លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី ព្រមានថា ពេលនេះក្រុមគ្រួសារលោកពុំអាចអត់ទ្រាំរង់ចាំយុត្តិធម៌ ដែលកប់បាត់អស់ពេលជាច្រើនខែមកហើយនេះបានតទៅទៀតឡើយ។ លោកបន្តថា ពេលនេះក្រុមដែលជិតស្និទ្ធនឹងលោកបណ្ឌិត កែម ឡី កំពុងរៀបចំពាក្យបណ្ដឹង ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីបណ្ដាស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា រួមទាំងតុលាការក្រុងភ្នំពេញផង។
លោកបន្តថា ញត្តិដែលគ្រោងនឹងហែដោយមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងពីគ្រប់និន្នាការនយោបាយនេះ គឺក្នុងបំណងជំរុញឲ្យតុលាការក្រុងភ្នំពេញ បង្ហាញរូបភាពឃាតកដែលមាននៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់ហាងស្ដារម៉ាត (Star Mart)។ លោកបន្តថា «ខ្ញុំរៀបចំតាំងពីថ្ងៃទី២៧ និងថ្ងៃទី២៨ មក។ ប៉ុន្តែយើងសុំឲ្យលោកបណ្ឌិតៗសរសេរ ហើយជួយពិនិត្យថាត្រូវធ្វើម៉េចសុំហើយ យើងនឹងកំណត់ថ្ងៃដង្ហែ។ ទីមួយយើងគ្រោងដង្ហែទៅតុលាការ បន្ទាប់មកយើងអាចទៅក្រសួងយុត្តិធម៌ និងស្ថានទូត»។
លោក កែម រិទ្ធិសិទ្ធ ឲ្យដឹងថា ញត្តិដែលគ្រោងនឹងហែនេះបានព្រាងរួចហើយ នៅរង់ចាំតែកំណត់ថ្ងៃបើកយុទ្ធនាការប៉ុណ្ណោះ។ គិតចាប់ពីថ្ងៃឃាតកបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា គឺមានរយៈពេល ៣ខែ និង ២៧ថ្ងៃមកហើយ។ ថ្វីបើឃាតកម្មនេះបានអូសបន្លាយជាយូរខែណាស់មកហើយ ក៏សំណុំរឿងនៃបទឧក្រិដ្ឋនេះ នៅតែកប់បាត់ស្រមោលនៅឡើយ។
ជុំវិញអំពើឃាតកម្មនេះ គណបក្សប្រឆាំងបញ្ជាក់ជំហរថា នឹងកោះហៅលោក ស ខេង ដើម្បីបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងនៃបទឧក្រិដ្ឋនេះ។ គម្រោងកោះហៅដែលមិនទាន់បានកំណត់ពេលនេះ ត្រូវបានមន្ត្រីនាំពាក្យគណបក្សប្រឆាំង ឲ្យដឹងកាលពីថ្ងៃទី១ វិច្ឆិកា ថា គណបក្សនេះនឹងចូលរួមប្រជុំសភាលើការពិភាក្សាស្ដីពីច្បាប់ថវិកាជាតិឆ្នាំ២០១៧។ ការចូលរួមប្រជុំសភាពេញអង្គលើកនេះ ត្រូវបានលោក យឹម សុវណ្ណ បញ្ជាក់ថា គឺដើម្បីពិនិត្យ និងឃ្លាំមើលលើការអនុវត្តច្បាប់រដ្ឋសភា ជាពិសេសឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវឆ្លើយបំភ្លឺចំពោះការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។ លោកបន្តថា «គណៈកម្មការទី១ ដែលជាគណៈកម្មការសិទ្ធិមនុស្ស នឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកសួរនាំអំពីការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី គឺនឹងចាប់ផ្ដើមសួរនាំក្នុងពេលឆាប់ៗនេះ»។
អ្នកតាមដានសង្គម និងនយោបាយ ចាត់ទុកថា អាជ្ញាធរ និងរដ្ឋាភិបាលទំនងពុំមានចេតនាក្នុងការស៊ើបអង្កេតបញ្ហានេះទេ។ មានសំណុំរឿងជាច្រើនដែលពុំទាក់ទងទៅនឹងឃាតកម្មអ្នកវិភាគសង្គម ឬបក្សប្រឆាំង សង្គមស៊ីវិល និងក្រុមអ្នកការពារសិទ្ធិមនុស្សជាដើម សំណុំរឿងនោះគឺតែងរួចផុតពីការចោទប្រកាន់ ឬបើចោទប្រកាន់ដែរ តែគេអាចសម្រាលស្ថានទម្ងន់ទោសទៅវិញ ជាដើម។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា រដ្ឋាភិបាលហាក់ព្យាយាមធ្វើឲ្យអំពើឃាតកម្មប្រឆាំងលោកបណ្ឌិត កែម ឡី ត្រូវកប់បាត់ពីការតាមដានរបស់មហាជន។ លោកបន្តថា «យើងមើលឃើញការស៊ើបអង្កេតឃាតកម្មលើលោក កែម ឡី មកដល់ឥឡូវនេះ រដ្ឋាភិបាលហាក់រក្សាស្ថានភាពឲ្យនៅត្រជាក់ដូចករណីមុនៗដែរ ហើយឲ្យពលរដ្ឋខ្មែរបំភ្លេចចោល។ ប៉ុន្តែក្នុងករណីនេះ ខ្ញុំមើលទៅសន្ទុះពលរដ្ឋមើលទៅមិនព្រមឲ្យត្រជាក់ទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក ទី រិន បញ្ជាក់ថា សំណុំរឿងនេះ លោក សេង លាង ដែលជាចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធីស៊ើបអង្កេតនៅឡើយ ដោយពុំទាន់បានកំណត់ពេលជំនុំជម្រះទេ។
យ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី យល់ឃើញថា ឃាតកម្មនេះ គឺពុំមែនមានតែឃាតកឈ្មោះ ជួប សម្លាប់ ម្នាក់ទេដែលជាអ្នកប្រព្រឹត្តិ។ អំពើបាញ់ប្រហារនេះ អាចនៅមានអ្នកសមគំនិត និងអ្នកបញ្ជានៅពីក្រោយខ្នងជាច្រើនទៀត៕