Saturday, December 17, 2016

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​យល់​ព្រម​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ភ្នំ​ដោះ​ក្រមុំ


គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដែល​អាជ្ញាធរ​កាត់​ទុក​សម្រាប់​សាងសង់​វិទ្យាស្ថាន​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេង​កាត ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal



សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ក្រុង និង​ស្រុក​ចំនួន​៥ នៅ​ខេត្ត​មណ្ឌលគិរី រួម​ទាំង​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ ដើម្បី​អភិរក្ស​ភ្នំ​នេះ​ទុក​ជា​តំបន់​បូជនីយដ្ឋាន​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច និង​ជា​សម្បត្តិ​វប្បធម៌​នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស។

លក្ខខណ្ឌ​ទាំង ៦​ចំណុច ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​សហគមន៍ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ភាគី​ពាក់ព័ន្ធ​រួម​មាន​ដី​តំបន់​ដោះ​ក្រមុំ ត្រូវ​សុំ​ចុះ​បញ្ជី​ជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ និង​ជា​ទុក​ជា​តំបន់​បូជនីយដ្ឋាន​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច។ ការ​ធ្វើ​ផ្លូវ និង​របង​ហ៊ុមព័ទ្ធ​បរិវេណ​តំបន់​បូជនីយដ្ឋាន។ រាល់​ការ​អភិវឌ្ឍ​នានា នៅ​តំបន់​នេះ​ត្រូវ​មាន​ការ​ចូល​រួម​សម្រេច​ពី​សហគមន៍។ រៀបចំ​បង្កើត​គណៈកម្មការ​សហគមន៍​ថ្មី​ឡើង​វិញ និង​បើក​ទីស្នាក់ការ​សហគមន៍​ព្នង ខេត្ត​មណ្ឌលគិរី។

តំណាង​សហគមន៍​ព្នង​ប្រចាំ​ស្រុក និង​ក្រុង​សរុប​៥ នៅ​​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា សហគមន៍​យល់​ព្រម​កាត់​ចេញ​ដី​ប្រមាណ ៨០​អារ ប្រគល់​ទៅ​ឲ្យ​មន្ទីរ​ចំនួន​៤ ប្រើប្រាស់​ជា​កម្មសិទ្ធិ​រដ្ឋ​ចំណែក​អាជ្ញាធរ​បាន​សម្រេច​កាត់​ចេញ​ដី​ដែល​ប្រជាពលរដ្ឋ ១១​គ្រួសារ​ និង​ដី​មួយ​ផ្នែក​របស់​មន្ត្រី​ប៉ូលិស​ដែល​បាន​ធ្វើ​របង​ចូល​បរិវេណ​ដី​ភ្នំ​ដាក់​បញ្ជូន​ជា​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ​វិញ។

លោក​ថា ការ​ព្រមព្រៀង​គ្នា​នេះ​តំណាង​សហគមន៍​បី​នាក់ បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្នុង​កិច្ច​ប្រជុំ​​សម្របសម្រួល​នៅ​សាលា​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ៖ «អ្វី​ដែល​យើង​បាន​ជជែក យើង​ត្រូវ​បញ្ចប់​បញ្ហា​ទាំង​អស់​ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​ចាប់​ដៃ​ជាមួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រសើរ»។

ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំង​នៅ​កណ្ដាល​ក្រុង​សែនមនោរម្យ ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ខេត្ត​មណ្ឌលគិរី។ កាល​ពី​ឆ្នាំ​២០០៤ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​ចាត់​ទុក​តំបន់​ភ្នំ​នេះ​ជា​មជ្ឈមណ្ឌល​​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​មាន​ទំហំ​ដី​ជាង ១០២​ហិកតារ។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី លោក ស្រី ទូច បញ្ជាក់​ដែរ​ថា ក្រសួង​វប្បធម៌ និង​ធ្វើ​របាយការណ៍​ស្ដីពី​កិច្ច​ព្រមព្រៀង​ជាមួយ​សហគមន៍​នេះ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​សុំ​ការ​សម្រេច​មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ។ លោក​បន្ត​ថា ភ្នំ​ដោះ​ក្រមុំ នឹង​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ជា​សារមន្ទីរ​ជាតិ​ពន្ធុ​វិទ្យា​ដើម្បី​រក្សា​នូវ​ស្នាដៃ​សិល្បៈ​សិប្បកម្ម និង​វត្ថុ​បូរាណ​របស់​ជនជាតិ​ដើម​ភាគ​តិច​រួម​ទាំង​កសាង​ផ្ទះ​ស្នាក់​នៅ​គំរូ ជនជាតិ​ដើម​ភាគ​តិច​បង្ហាញ​ពី​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច៖ «លទ្ធផល​ដែល​បាន​ឯកភាព​គ្នា​ដាក់​ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​ស្នើ​សុំ​កាត់​ដី​ទៅ​នាយករដ្ឋមន្ត្រី ពីព្រោះ​អា​ហ្នឹង​ទាក់ទង ស.ជ.ណ។ បើ​សិន​នាយករដ្ឋមន្ត្រី​គាត់​ឯកភាព​ទៅ​លើ​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​បាន​លទ្ធផល ហើយ​បាន​យើង​ចុះ​វាស់វែង​ឡើង​វិញ»។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នានា នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ បន្ទាប់​ពី​សហគមន៍​កាល​ពី​ខែ​សីហា នាំ​គ្នា​តវ៉ា​ទៅ​នឹង​ការ​ឈូស​ឆាយ​ដី​តំបន់​ភ្នំ​ដើម្បី​រៀបចំ​គម្រោង​សាងសង់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ស្រាវជ្រាវ​រ៉ែ និង​ថាមពល និង​ប្រេងកាត​លើក​ដំបូង​នៅ​ក្នុង​ខេត្ត​ដាច់​​ស្រយាល​មួយ​នេះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា សាទរ​ចំពោះ​កិច្ច​​ព្រមព្រៀង​រវាង​សហគមន៍ និង​អាជ្ញាធរ​ថា ជា​កិច្ច​សហការ​ល្អ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​តំបន់​ភ្នំ​នេះ។ លោក​កត់សំគាល់​ថា ភ្នំ​ដោះ​ក្រមុំ ដោះ​ក្រមុំ​ក្រៅ​ពី​ជា​តំបន់​បូជនីយកិច្ច​របស់​ជន​ជាតិ​ដើម​ភាគតិច​ភ្នំ​នេះ ក៏​ជា​តំបន់​ទេសចរណ៍​មាន​ប្រជាប្រិយភាព​ហេតុ​នេះ​សហគមន៍ និង​មន្ទីរ​វប្បធម៌​ត្រូវ​រួម​គ្នា​រៀបចំ​តំបន់​នេះ​ឡើង​វិញ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត៖ «ដែល​គាត់​ថា ទុក​ដី​ភ្នំ​ដោះក្រមុំ ទុក​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ជា​ទី​សក្ការៈ​បូជា​ដែល​ហៅ​ថា សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍​មិន​យក​ទៅ​លក់​ដូរ​មិន​យក​ទៅ​ជា​កម្មសិទ្ធិ​ឯកជន យើង​គាំទ្រ​ចំពោះ​ការ​ដក​ហូត​ដី​មក​ទុក​វិញ»។

តួលេខ​ប៉ាន់​ប្រមាណ​របស់​សហគមន៍​បច្ចុប្បន្ន​ផ្ទៃដី​ភ្នំ​ដោះ​ក្រមុំ នៅ​សល់​ជាង ៧០​ហិកតារ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ អង្គភាព​ទឹក​ស្អាត មន្ទីរ​មុខ​ងារ​សាធារណៈ មន្ទីរ​រ៉ែ និង​ថាមពល រួម​ទាំង​ស្ថានីយ​ទូរទស្សន៍​ឯកជន​បាយ័ន ចូល​ទៅ​តាំង​លំនៅ និង​បោះ​ទីតាំង​នៅ​ទី​នោះ៕

ក្រុម​គ្រូពេទ្យ​ចុះ​ពិនិត្យ​វះកាត់​ជំងឺ​ភ្នែក​និង​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ឥត​គិត​ថ្លៃ


គ្រូពេទ្យ​ជំនាញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សហការ​ជាមួយ​គ្រូពេទ្យ​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea


រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រកាស​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ ឲ្យ​មក​ទទួល​យក​សេវា​ពិនិត្យ ព្យាបាល វះកាត់ ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ និង​ជំងឺ​ទូទៅ​ដទៃ​ទៀត​ពី​គ្រូពេទ្យ​វេជ្ជសាស្ត្រ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​ម៉ាឡេស៊ី នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាន់​ពេល​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ។ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មាន​អ្នក​ជំងឺ​ភ្នែក​រាប់​រយ​នាក់ បាន​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល និង​វះកាត់​នៅ​ថ្ងៃ​ដំបូង​នេះ។

​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក​វេជ្ជបណ្ឌិត សេង ណុង មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​មក​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ ដុះ​កន្ទុយថ្លែន ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ពិនិត្យ​រោគ​ស្ត្រី ពិនិត្យ​អេកូសាស្ត្រ និង​ចែក​វ៉ែនតា​ជូន​ប្រជាពលរដ្ឋ មិន​គិត​លុយ​នា​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។ កម្មវិធី​នេះ​មាន​រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ។

​លោក​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​ទទួល​ពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក​ជូន​ពលរដ្ឋ​ដោយ​គ្រូពេទ្យ​ប្រមុខ​ដឹក​នាំ និង​គ្រូពេទ្យ​មក​ពី​ប្រទេស​ម៉ាឡេស៊ី អាច​មាន​ចំនួន​ពលរដ្ឋ​មក​ទទួល​សេវា​នេះ ចន្លោះ​ពី ១៥០ ទៅ ២០០​នាក់ មក​ទទួល​សេវា​នេះ។ ក្នុង​នោះ​វះកាត់​ជំងឺ​ភ្នែក​អាច​មាន​ចំនួន ៥០​នាក់។

លោក​វេជ្ជបណ្ឌិត សេង ណុង ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ​ដែល​មាន​ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ និង​ជំងឺ​ទូទៅ ត្រូវ​រួសរាន់​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បាន​ទាន់​ពេល​វេលា៖ «ឃើញ​មាន​ប្រជាជន​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ មាន​ចំនួន​ច្រើន និង​បង្ហាញ​ទឹក​មុខ​សប្បាយ​រីករាយ​គ្រប់ៗ​គ្នា។ ខាង​ក្រុម​គ្រូពេទ្យ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ហ្នឹង គេ​វះកាត់​ជំងឺ​ភ្នែក​មាន​ម៉ាស៊ីន​ចំនួន​២ ហើយ​បាន​ធ្វើ​ការ​វះកាត់​ម្តង​អ្នក​ជំងឺ​ចូល ២​នាក់ និង​មាន​ការ​វះកាត់​លឿន។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ទាំង​អ្នក​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជិត​ខាង សូម​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ឲ្យ​បាន​គ្រប់​គ្នា។ ជាង​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ បើ​ពលរដ្ឋ​ណា​មាន​បញ្ហា​ជំងឺ​ទូទៅ ត្រូវ​រួសរាន់​មក​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រមុខ​ដឹកនាំ ជួយ​ពិនិត្យ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ ដើម្បី​កុំ​ជំងឺ​ហ្នឹង​ធ្ងន់ធ្ងរ។ ដូច្នេះ​ត្រូវ​រូតរះ​មក​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា»។

​ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​ធ្នូ នា​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គេ​ឃើញ​សកម្មភាព​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រូពេទ្យ​ពី​ប្រទេស​ម៉ាឡេស៊ី និង​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​មមាញឹក​ក្នុង​ការងារ​ទទួល​ពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​រាប់​រយ​នាក់ ដោយ​បង្ហាញ​ទឹក​មុខ​រួសរាយ​រាក់ទាក់។ បញ្ហា​នេះ​ដែរ ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក ពី​គ្រូពេទ្យ​ជំនាញ​របស់​ប្រមុខ​ដឹក​នាំ​មិន​គិត​ថ្លៃ បាន​បង្ហាញ​អារម្មណ៍​រីករាយ​គ្រប់ៗ​គ្នា។ ជាង​នេះ អ្នក​ជំងឺ​ទាំង​នោះ​ក៏​បាន​ស្នើ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ទាំង​នេះ​ឲ្យ​បន្ត​សកម្មភាព​ចុះ​ពិនិត្យ​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ ដូច​គ្នា​នេះ​ឲ្យ​បាន​ញឹកញាប់ យ៉ាង​ហោច​ឲ្យ​បាន ១​ខែ​ម្ដង ឬ ៣​ខែ​ម្ដង។

តាម​កម្មវិធី ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក្រុម​គ្រូពេទ្យ​ជំនាញ​ត្រូវ​ពិនិត្យ​វះកាត់​ជំងឺ​ភ្នែក​ឡើង​បាយ និង​ដុះ​កន្ទុយថ្លែន​ចំនួន ១៥០​នាក់។ ក្នុង​នោះ ពិនិត្យ​ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ពិនិត្យ​រោគ​ស្ត្រី ពិនិត្យ​អេកូសាស្ត្រ​ប្រមាណ​ជាង ១.២០០​នាក់ និង​ចែក​វ៉ែនតា​ជូន​ពលរដ្ឋ​ចំនួន ៣០០​នាក់៕

កម្មករ​ប្រមាណ​៥០​នាក់​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ទាមទារ​ដោះលែង​តៃកុង​ឡាន​២​នាក់


កម្មករ​រោងចក្រ​ឈរ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តៃកុង​ឡាន ២​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha



កម្មករ កម្មការិនី​រោងចក្រ​នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០​នាក់ បាន​អម​ដំណើរ​តៃកុង​ឡាន​របស់​ខ្លួន​ពីរ​នាក់ ដើម្បី​ចូល​បំភ្លឺ​ករណី​ប្រើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត។ កម្មករ​ដែល​មក​ពី​រោងចក្រ​ខេន ស្ពត (Can Sport) និង​រោងចក្រ​ជិន យី (Chin Yi) បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ដឹង​ថា តៃកុង​ឡាន​ត្រូវ​ឃាត់​ខ្លួន។

តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កម្មករ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា ពួកគេ​អាច​នឹង​ត្រឡប់​មក​តុលាការ ឬ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​ម្ដង​ទៀត ដើម្បី​ចង់​ដឹង​ពី​ចំណាត់​ការ​របស់​សមត្ថកិច្ច​មក​លើ​តៃកុង​ឡាន​របស់​ខ្លួន។ កម្មករ​ថា តៃកុង​ឡាន​ជា​ជន​រងគ្រោះ​ត្រូវ​គ្រួសារ​ជនជាតិ​ចាម​បង្ក​រឿង​មុន ហើយ​វាយ​ដំ បែរ​ជា​សមត្ថកិច្ច​ឃាត់​ខ្លួន​ទៅ​វិញ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​រោងចក្រ​ជា​ច្រើន​ទៀត​ដែល​ឈរ​នៅ​ក្បែរ​របង​តុលាការ កញ្ញា មាស ភានី មាន​ប្រសាសន៍​ថា រូប​នាង និង​មិត្ត​រួម​ការងារ​ដទៃ​ទៀត​មិន​ត្រូវ​ជា​សាច់​ឈាម​អ្វី​នឹង​តៃកុង​ឡាន​នោះ​ទេ ប៉ុន្តែ​ពួកគេ​អាណិត​តៃកុង​ឡាន​ដែល​ត្រូវ​គ្រួសារ​ជនជាតិ​ចាម ប្ដឹង​ចោទ​ប្រកាន់ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ព្យាយាម​ចាប់​ខ្លួន​គាត់​កំពុង​បើក​ឡាន​ដឹក​កម្មករ​រយៈ​ពេល​ច្រើន​ថ្ងៃ​ហើយ៖ «គាត់​ជា​ជន​ស្លូត​ត្រង់ ត្រូវ​ជនជាតិ​ចាម មួលបង្កាច់​ធ្វើ​បាប​គាត់! អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​បំភ្លឺ​ក្នុង​រឿង​ក្ដី​នេះ។ ទាំង​បី​នាក់​បង​ប្អូន ត្រូវ​គេ​វាយ​ឡើង​កប់​ទឹក ចង់​សម្លាប់​គាត់​ចោល ឈ្លោះ​គ្នា​ពីរ​បី​ម៉ាត់​ក៏​ខាង​កូន​ចាម ទាញ​កាំបិត ទាញ​ដំបង ដេញ​កាប់ ដេញ​វាយ​ពួកគាត់ ហើយ​ពួកគាត់​រត់​ប្រតាយប្រតប់​គ្នា​ធ្លាក់​ចូល​ទឹក។ ខ្ញុំ​ឃើញ​កូន​ចាម​កាប់​ពូរិទ្ធ មួយ​កាំបិត​ពី​ក្រោយ បន្ទាប់​មក​ខាង​កម្មករ​ចាម​ហ្នឹង វាយ​បង​ប្រុស​គាត់​មួយ​ដំបង​ពី​លើ​ទៀត គាត់​យក​ដៃ​រង​ត្រូវ​ដៃ។ បន្ទាប់​មក​ឃើញ​កូន​ចាម ពីរ​នាក់​ទៀត ទាញ​កាំបិត ទៅ​កាប់​គ្រូ​លន់ ក្នុង​ទឹក ប្រតាយប្រតប់​គ្នា​ក្នុង​ទឹក ពេល​គ្រូ​លន់​ហើប​មក គឺ​រយះ​ក្បាល ហើយ​ពូ​រិទ្ធ ខាង​ខ្នង​គាត់​មាន​ស្នាម​កាំបិត​កាប់»។

តៃកុង​ឡាន​ដែល​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​ប្រើ​ហិង្សា​លើ​គ្រួសារ​ជនជាតិ​ចាម គឺ​ទី​មួយ​ឈ្មោះ ផុន សារិទ្ធ និង​ទី​ពីរ​ឈ្មោះ ផុន សារឿន ដែល​អ្នក​ទាំង​ពីរ​បង​ប្អូន​រស់​នៅ​ភូមិ​ដកស្និត ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច។ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​តំណាង​អយ្យការ​ប្រគល់​អ្នក​ទាំង​ពីរ​ទៅ​មន្ត្រី​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​សាកសួរ​ចម្លើយ ដើម្បី​កសាង​សំណុំ​រឿង។

អ្នក​នាំ​ពាក្យ​អយ្យការ និង​ជា​ព្រះរាជអាជ្ញា​រង​ខេត្ត​កំពង់ឆ្នាំង លោក ឡុង ស៊ីថា បញ្ជាក់​ថា តុលាការ​រង់ចាំ​ទទួល​របាយការណ៍​ពី​ស្នងការដ្ឋាន និង​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​លើ​ករណី​នេះ ដើម្បី​ចាត់ការ​បន្ត។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក លី អូស្មាន់ ដែល​ជា​តំណាង​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។ ប៉ុន្តែ​សមត្ថកិច្ច​ខ្លះ​បង្ហើប​ថា ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នោះ មាន​សមាជិក​គ្រួសារ​ជនជាតិ​ចាម បី​នាក់​រង​របួស​ធ្ងន់ ដោយ​ពីរ​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក និង​ម្នាក់​ទៀត​ទៅ​ព្យាបាល​នៅ​វៀតណាម មិន​ទាន់​ចេញ​នៅ​ឡើយ។

សមត្ថកិច្ច​ស្រុក​កំពង់ត្រឡាច និង​គ្រួសារ​ខ្មែរ​ដែល​ពេល​នេះ ក្លាយ​ជា​ជនសង្ស័យ​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ដែល​កើត​ឡើង​គឺ​ដោយសារ​គំនុំ​រឿង​រក​ស៊ី​រត់​ឡាន​ដឹក​កម្មករ​រោងចក្រ និង​បង្កើត​កំពង់​ចម្លង​ក្បែរ​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ។ សមាជិក​គ្រួសារ​ខ្មែរ​ថា កន្លង​ទៅ​សមាជិក​គ្រួសារ​ជនជាតិ​ចាម ធ្លាប់​ប្រើ​កាំភ្លើង​ខ្លី​បាញ់​លើ​គ្រួសារ​ខ្មែរ ប៉ុន្តែ​បាញ់​មិន​ត្រូវ ហើយ​ករណី​នេះ​បាន​ប្ដឹង​ទៅ​តុលាការ ប៉ុន្តែ​មិន​ឃើញ​ចាត់ការ៕