|
នាយរងប៉ុស្តិ៍អន្តោប្រវេសន៍លោក ឈាន ពិសិដ្ឋ ដែលត្រូវគេអះអាងថាបានធ្វើពុតជាដួលសន្លប់នៅមុខឡានលោក ម៉ង់ ពុទ្ធិ។ រូបថត ហ្វេសប៊ុក |
បន្ទាយមានជ័យៈ នៅទីបំផុតសាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចធ្វើការចោទប្រកាន់ និងបញ្ជូនប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ម៉ង់ ពុទ្ធិ ដែលក៏ជាសកម្មជនគណបក្សសង្គ្រោះជាតិផងនោះទៅឃុំខ្លួននៅពន្ធនាគារក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបើទោះពីជាមានវីដេអូឃ្លីប និងសាក្សីឃើញផ្ទាល់ភ្នែកអះអាងថា មន្ត្រីប៉ូលិសម្នាក់ដែលជាជនរងគ្រោះបានធ្វើពុតជាដួលសន្លប់នៅពីមុខឡានរបស់សកម្មជនដែលតែងតែសកម្មក្នុងការចេញមុខជួយការពារកម្មករអូសរទេះ និងអ្នករត់ម៉ូតូឌុបដែលតែងទទួលរងការរំលោភបំពាននៅក្រុងប៉ោយប៉ែតក៏ដោយ។
មិនអាចទំនាក់ទំនងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីសុំបញ្ជាក់ពីព័ត៌មាននេះបានទេកាលពីម្សិលមិញ។
ប៉ុន្តែ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាលោក ម៉ង់ ពុទ្ធិ ត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលកាលពីព្រឹកថ្ងៃសៅរ៍មានអ្នករត់ម៉ូតូឌុបប្រមាណ ១០០ នាក់បាននាំគ្នាតវ៉ាទាមទារឲ្យតុលាការដោះលែងសកម្មជនរូបនេះ។
លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលសមាគមអាដហុកបានឲ្យដឹងថាលោក ម៉ង ពុទ្ធិ ត្រូវបានបញ្ចូនទៅកាន់ពន្ធនាគារក្រោយពីការចោទប្រកាន់ថាបានបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យប៉ូលិសម្នាក់ដួលសន្លប់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះអ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានបង្ហោះ និងចែកចាយវិដេអូដែលបង្ហាញពីប៉ូលិសដែលធ្វើពុធជាដួលសន្លប់ដោយខ្លួនឯងនៅពីមុខរថយន្តដែលបើកក្នុងល្បឿនយឺតៗហើយគេមើលពុំឃើញរថយន្តបើកបំបុកប៉ូលិសរូបនោះឡើយ។
អ្នកបើករថយន្ត និងនៅក្នុងរថយន្តនោះគឺលោក ម៉ង់ ពុទ្ធិ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក៏ជាអនុប្រធានគណបក្សសង្គ្រោះជាតិនៅក្រុងប៉ោយប៉ែតដែលតែងតែមានភាពសកម្មយ៉ាងខ្លាំងក្នុងការចេញមុខជួយតវ៉ារកយុត្តិធម៌ដល់កម្មករអូសរទេះ និងពលករចំណាកស្រុកដែលតែងតែទទួលរងការរំលោភបំពានពីសមត្ថកិច្ចនៅច្រកទ្វាព្រំដែនប៉ោយប៉ែត និងក៏ធ្លាប់មានជម្លោះជាមួយប៉ូលិសដែលធ្វើពុតជាសន្លប់នោះផងដែរ។
ប៉ូលិសដែលត្រូវគេអះអាងថា បានធ្វើពុតដួលសន្លប់នោះគឺលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋនាយរងប៉ុស្តិ៍អន្តោប្រវេសន៍នៅច្រកព្រំដែន ប៉ោយប៉ែត។
ប៉ុន្តែបើតាមតាមរបាយការណ៍ពីប៉ូលិសមូលដ្ឋានបានឲ្យដឹងថាកាលពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០១៦ វេលាម៉ោង ១០ និង ៣០ នាទីព្រឹកកម្លាំងរបស់ប៉ុស្តិ៍ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅមុខទីស្នាក់ការច្រកអន្តរជាតិប៉ោយប៉ែត និងបានឃាត់ម៉ូតូឌុបមួយគ្រឿងម៉ាក C-125 ពណ៌ខ្មៅដែលបង្កភាពរញ៉េរញ៉ៃ និងមិនស្តាប់ការណែនាំពីសមត្ថកិច្ច។
ខណៈពេលកំពុងតែធ្វើការណែនាំអប់រំអ្នករត់ម៉ូតូឌុបរូបនោះក៏លេចមុខលោក ម៉ង់ ពុទ្ធិ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជិះរថយន្ត Lexus RX-300 ពណ៌ស្ករមកចតនៅលើស្ពានមិត្តភាពកម្ពុជា-ថៃហើយលោកបានដើរទៅទីស្នាក់ការ និងដឹកនាំគ្នីគ្នាមកដល់ទីស្នាក់ការច្រកអន្តរជាតិប៉ោយប៉ែតស្រែកទាមទារយកម៉ូតូដែលឃាត់មកវិញ។ ខណៈពេលដែលលោក ម៉ង់ ពុទ្ធិ មកបង្កចលាចលហើយចតរថយន្តចោលនៅលើស្ពាន។
នៅពេលនោះសមត្ថកិច្ចក៏ហៅឲ្យលោក ពុទ្ធិ យករថយន្តចេញចៀសវាងការកកស្ទះចរាចរណ៍នៅលើស្ពានព្រោះទីនេះមិនអាចចតរថយន្តបានទេ។
របាយការណ៍បានឲ្យដឹងទៀតថា នៅពេលនោះលោក ឌិន ពុទ្ធី ហាក់មានកំហឹងក៏ដើរសំដៅទៅរថយន្តហើយបើកចេញក៏ជ្រុលទៅប៉ះសមត្ថកិច្ចម្នាក់បណ្តាលឲ្យសន្លប់បាត់ស្មារតីទៅ។ ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសុខវិសាលក្រុងប៉ោយប៉ែត។
តែដោយការអះអាងពីមន្ទីរពេទ្យថា ជនរងគ្រោះមានសភាពធ្ងន់ធ្ងរក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យនៅប្រទេសថៃ។
យ៉ាងណាក្តីលោក ចៅ វាសនា ចៅសង្កាត់រងក្រុងប៉ោយប៉ែតបានគូសបញ្ជាក់ថាលោក ម៉ង់ ពុទ្ធិ មិនបានបើករថយន្តបុកលោក ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះទេ។ លោកនិយាយថា៖ «មានទាំងវីដេអូមានទាំងសាក្សីគាត់មិនបានបើកឡានបុកបណ្តាលឲ្យលោកប៉ូលិសដួលសន្លប់បណ្តាលឲ្យរបួសធ្ងន់ធ្ងរដូចការចោទប្រកាន់នោះទេ»។
បើតាមលិខិតបញ្ជាក់ចេញដោយគ្លិនិក សុខវិសាល នៅក្រុងប៉ោយប៉ែតដែលត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើនអធិប្បាយថាមើលមិនយល់នោះបានរៀបរាប់ថាឈ្មោះ ឈាន ពិសិដ្ឋ ត្រូវបានសង្រ្គោះបឋមដោយសារគ្រោះថ្នាក់ចរាចរណ៍។
នៅពេលទាក់ទងតាមទូរស័ព្ទសុំការបំភ្លឺ កាលពីម្សិលមិញ អ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យនេះបានបដិសេធធ្វើការបកស្រាយដោយជំរុញឲ្យទៅសួរខាងមន្ទីរពេទ្យនៅក្នុងប្រទេសថៃ ដែល ភ្នំពេញ ប៉ុស្តិ៍ ពុំមានប្រភពអាចទាក់ទង។
លោក សេម មករា អនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថាគ្មានហេតុផលណាដែលលោកប៉ូលិសឈាន ពិសិដ្ឋ ធ្វើពុតជាដួលសន្លប់នៅមុខមនុស្សជាច្រើននោះទេ។
«បើខ្ញុំនិយាយថាគាត់ពិតជារងគ្រោះមែនគឺថាខ្ញុំកាន់ជើងប៉ូលិសតែសូមពិចារណាទាំងអស់គ្នាកង់រថយន្តបើកប៉ះទង្គិចជើងគាត់បណ្តាលឲ្យដួលសន្លប់។ បុកមិនខ្លាំងទេតែងំត្រង់ដួលដូចមនុស្សចាស់អ៊ីចឹងបើកាលណាឈរដោយគ្មានការប្រុងប្រយ័ត្ននៅពេលដួលក្នុងបន្ទប់ទឹក គឺសន្លប់ និងរងគ្រោះអ៊ីចឹង»។
ប៉ុន្តែលោក ញ៉ែម នាង អាយុ ២៩ ឆ្នាំ ដែលអះអាងថាខ្លួនក៏ស្ថិតនៅក្នុងហេតុការណ៍នោះដែរកាលពីព្រឹកថ្ងៃទី ២២ ខែធ្នូនោះបាននិយាយថានៅថ្ងៃកើតហេតុប៉ូលិសបានចាប់ម៉ូតូរបស់អ្នករត់ម៉ូតូឌុបម្នាក់ទើបលោក ម៉ង់ ពុទ្ធិ ប្រធានសមាគម IDEA បានចេញមុខទៅជួយដោះស្រាយ។ «ខ្ញុំនៅកន្លែងកើតហេតុហ្នឹងខ្ញុំឃើញច្បាស់រថយន្តមិនបានបើកបុកលោកប៉ូលិសនោះទេ។ សួរថាបើមនុស្សសន្លប់ហេតុអីអាចនៅកាន់អាយកូម និងទូរស័ព្ទបានអ៊ីចឹង!»។
តំណាងរាស្ត្របក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកថាដើម្បីចាប់ខ្លួន និងបំបាក់ស្មារតីលោក ម៉ង់ ពុទ្ធី ម្ចាស់រថយន្ត និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅប៉ោយប៉ែត ប៉ូលិស ព្រំដែនមួយរូបបានប្រើល្បិចយៀកណាមបង្រៀនដែលគេឲ្យឈ្មោះហៅថា «បង្កើតករណីបង្ក្រាបករណីដើម្បីស្នាដៃ»៕